តើពួកយើងជាគ្រីស្ទបរិស័ទ គួរតែអនុវត្តបែបណា នៅពេលដែលមានជំងឺ?

29-10-2021

ឃ្លា «ស្រវេស្រវារកពេទ្យនៅពេលអ្នកឈឺ» ឆ្លុះបញ្ចាំងដោយផ្ទាល់ អំពីអារម្មណ៍ខ្វល់ខ្វាយ គ្មានទីពឹង និងអារម្មណ៍ភិតភ័យរបស់មនុស្សនៅពេលដែលពួកគេមានជំងឺ។ ក្នុងនាមជាគ្រីស្ទបរិស័ទ ទោះបីជាពួកយើងដឹងថា គ្រប់យ៉ាងត្រូវបានព្រះជាម្ចាស់បង្កើត ថាព្រះជាម្ចាស់ប្រទានឱ្យពួកយើងនូវដង្ហើម ហើយថាព្រះជាម្ចាស់ត្រួតត្រា និងរៀបចំជីវិត ព្រមទាំងសេចក្ដីស្លាប់របស់មនុស្សក៏ដោយ ក៏ពួកយើងនៅតែអាចវង្វេងមិនដឹងធ្វើអ្វីដែរ នៅពេលដែលជួបប្រទះដោយជំងឺ។ មនុស្សជាច្រើនភាន់ច្រឡអំពីបញ្ហានេះ៖ «តើអ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលដែលជំងឺកើតឡើងចំពោះពួកយើង? តើពួកយើងគួរតែមានបទពិសោធននឹងវាបែបណា ឱ្យស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់?» ថ្ងៃនេះ ខ្ញុំនឹងនិយាយបន្តិច អំពីការយល់ឃើញផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងបញ្ហានេះ ហើយចែកចាយជាមួយអ្នកនូវគោលការណ៍បីយ៉ាង នៃការអនុវត្តអំពីរបៀបដោះស្រាយនឹងជំងឺ ដោយសង្ឃឹមថា វានឹងជួយអ្នកទាំងអស់គ្នាបានខ្លះ។

តើពួកយើងជាគ្រីស្ទបរិស័ទ គួរតែអនុវត្តបែបណា នៅពេលដែលមានជំងឺ?

១. ការយល់ពីប្រភពនៃជំងឺ និងមិនត្រូវរអ៊ូរទាំដាក់ព្រះជាម្ចាស់ឡើយ

នៅពេលពួកយើងមានជំងឺ គ្រប់គ្នានឹងមានទស្សនៈផ្ទាល់ខ្លួនអំពីវា ហើយបងប្អូនប្រុសស្រីមួយចំនួននឹងរអ៊ូរទាំអំពីជំងឺរបស់ពួកគេ ដោយនិយាយដូច្នេះ៖ «ម៉េចបានជាខ្ញុំមានជំងឺនេះនៅពេលខ្ញុំជឿលើព្រះជាម្ចាស់?» និង «ហេតុអ្វីបានជាព្រះជាម្ចាស់មិនមើលថែ និងការពារខ្ញុំ?» ក៏មានបងប្អូនប្រុសស្រីដែលនឹងគិតថា ពួកគេមានជំងឺដោយសារតែពួកគេធ្វើឱ្យព្រះជាម្ចាស់មិនសប្បាយព្រះហឫទ័យ តាមវិធីមួយចំនួន ហើយព្រះជាម្ចាស់មិនសប្បាយព្រះទ័យនឹងពួកគេ ដូច្នេះហើយពួកគេអស់សង្ឃឹម និងបោះបង់ ហើយពួកគេយល់ច្រឡំ និងស្ដីបន្ទោសព្រះជាម្ចាស់នៅក្នុងសភាពអវិជ្ជមានរបស់ពួកគេ...។ ទាំងនេះជាការសម្ដែងចេញនូវសភាពដែលពួកយើងអាចមាន នៅពេលដែលពួកយើងមានជំងឺ ហើយពួកវាទាំងអស់នោះបង្កឡើងដោយសារតែពួកយើងមិនយល់នូវប្រភពនៃជំងឺ។ តាមពិត មិនថាពួកយើងមានជំងឺប្រភេទណាឡើយ ពួកយើងមិនគួរស្ដីបន្ទោសព្រះជាម្ចាស់ ឬយល់ច្រឡំព្រះជាម្ចាស់ឡើយ ពីព្រោះជំងឺមកពីសាតាំង ពីព្រោះជំងឺកើតឡើងបន្ទាប់ពីពួកយើងត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «តើអ្វីជាប្រភពនៃការរងទុក្ខពេញមួយជីវិត ចាប់ពីការកើត ចាស់ ឈឺ ស្លាប់ ដែលមនុស្សអត់ទ្រាំ? តើអ្វីដែលបណ្ដាលឱ្យមនុស្សមានអ្វីៗទាំងនេះ? មនុស្សមិនមានពួកវាទេ នៅពេលដែលពួកគេត្រូវបានបង្កើតដំបូង មិនអ៊ីចឹងឬ? ដូច្នោះ តើអ្វីៗទាំងនេះមកពីណា? ពួកវាកើតឡើងបន្ទាប់ពីមនុស្សត្រូវបានសាតាំងល្បួង ហើយសាច់ឈាមរបស់ពួកគេកាន់តែអន់ថយទៅៗ។ ការឈឺចាប់នៃសាច់ឈាមរបស់មនុស្ស សេចក្ដីទុក្ខព្រួយរបស់វា និងភាពឥតខ្លឹមសាររបស់វា ក៏ដូចជាកិច្ចការដ៏អាក្រក់បំផុតរបស់ពិភពមនុស្ស កើតឡើងដោយសារតែសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយប៉ុណ្ណោះ។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ នោះវាចាប់ផ្ដើមធ្វើទារុណកម្មពួកគេ។ ជាលទ្ធផល ពួកគេកាន់តែអន់ថយទៅៗ។ ជំងឺរបស់មនុស្សកាន់តែស្រួចស្រាល់ ហើយការរងទុក្ខរបស់ពួកវាកាន់តែធ្ងន់ធ្ងរទៅៗ។ មនុស្សបានដឹងពីភាពឥតខ្លឹមសារ និងសោកនាដកម្មនៃពិភពរបស់មនុស្សកាន់តែច្រើន ក៏ដូចជាភាពគ្មានសមត្ថភាពក្នុងការបន្តរស់នៅទីនោះ ហើយពួកគេកាន់តែអស់សង្ឃឹមចំពោះលោកិយ។ ដូច្នេះហើយការរងទុក្ខនេះ ត្រូវបានសាតាំងនាំមកឱ្យមនុស្ស» («ភាពសំខាន់នៃការស្គាល់រសជាតិទុក្ខវេទនាខាងលោកីយ៍របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ដូចដែលពួកយើងទាំងអស់គ្នាដឹង មុនពេលត្រូវបានសាតាំងធ្វើឱ្យពុករលួយ អ័ដាម និងអេវ៉ា បានយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេបានរស់នៅក្នុងសួនច្បារអេដែន ក្រោមការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ ហើយពួកគេគ្មានព្រួយបារម្ភអ្វីសោះ។ ពួកគេមិនស្គាល់ជំងឺ ឬសេចក្ដីស្លាប់ឡើយ កុំថាឡើយការពិបាកចិត្ត ឬការព្រួយបារម្ភនោះ។ ក្រោយមក អ័ដាម និងអេវ៉ាត្រូវបានសាតាំងបោកបញ្ឆោតឱ្យទទួលទានផ្លែឈើដឹងខុសត្រូវ ដែលព្រះជាម្ចាស់បានហាមពួកគេមិនឱ្យទទួលទាន ដូច្នេះហើយ ពួកគេបានក្បត់ព្រះជាម្ចាស់ ពួកគេបានបាត់បង់ការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ ហើយពួកគេបានធ្លាក់ក្រោមការគ្រប់គ្រងរបស់សាតាំង។ ដូច្នេះហើយ ជំងឺ ការព្រួយបារម្ភ ភាពទទេស្អាត សេចក្ដីស្លាប់ ។ល។ បានធ្លាក់មកលើមនុស្សជាតិ។ អស់ជាច្រើនពាន់ឆ្នាំ សាតាំងបានប្រើប្រាស់ជំនឿខុសឆ្គងរបស់មនុស្សអស្ចារ្យ និងមនុស្សល្បីល្បាញ ដើម្បីបោកបញ្ឆោត និងធ្វើឱ្យមនុស្សពុករលួយ ឧទារហរណ៍ លទ្ធិប្រឆាំងព្រះ សម្ភារៈនិយម និងបដិវត្តន៍និយម ព្រមទាំងពាក្យស្លោករបស់សាតាំងនានា អំពីទស្សនៈវិជ្ជា និងហេតុផល ព្រមទាំងជំនឿខុសឆ្គងដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មនុស្សនឹងធ្វើគ្រប់យ៉ាងដើម្បីមានភាពមានបាន» «មិនដែលមានព្រះសង្គ្រោះណាទេ» «ជោគវាសនារបស់មនុស្សម្នាក់ ស្ថិតនៅក្នុងដៃរបស់គេ» «លុយអាចបង្វិលពិភពលោកបាន» និង «គ្មានលទ្ធផលណាមួយដែលបានមកដោយភាពងាយស្រួលឡើយ»។ សាតាំងតែងតែបំពាក់បំប៉នពួកយើងដោយអ្វីៗបែបសាតាំងទាំងនេះ តាមរយៈបណ្ដាញនានាដូចជាសាលារៀន ការអប់រំឪពុកម្ដាយរបស់ពួកយើង និងការផ្សព្វផ្សាយតាមរយៈមជ្ឈដ្ឋានសង្គម។ នៅពេលដែលពួកយើងបានទទួលយកជំនឿខុសឆ្គង និងទស្សនៈវិជ្ជាព្រមទាំងពាក្យស្លោកទាំងនេះ នោះពួកយើងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ពួកយើងលែងជឿថា គឺព្រះជាម្ចាស់ដែលផ្គត់ផ្គង់និងធ្វើឱ្យពួកយើងមានស្ថិរភាព ហើយពួកយើងលែងជឿថា ព្រះជាម្ចាស់ត្រួតត្រាវាសនារបស់ពួកយើងម្នាក់ៗទៀតហើយ។ ផ្ទុយទៅវិញ ពួកយើងពឹងផ្អែកលើជំនឿខុសឆ្គង ទស្សនៈវិជ្ជា និងពាក្យស្លោកនានារបស់សាតាំងក្នុងការរស់នៅ ហើយពួកយើងលើកតម្កើងលុយ ជាប់ជំពាក់នឹងភាពឥតប្រយោជន៍ ពួកយើងព្រមទាំងតាមរកកេរ្ដិ៍ឈ្មោះ លាភសំណាង និងឋានៈ។ ដើម្បីទទួលបាន​ការរីករាយផ្នែកសម្ភារៈកាន់តែខ្ពស់ នោះពួកយើងលះបង់គំនិតទាំងអស់របស់ពួកយើង ពួកយើងរិះគិត ពួកយើងរូតរះ និងខិតខំធ្វើការយ៉ាងខ្លាំង ហើយពួកយើងបង់ថ្លៃគ្រប់យ៉ាង។ នៅពេលដែលពួកយើងខិតខំធ្វើការ ប៉ុន្តែបំណងចិត្តក្នុងការទទួលបានលុយ កេរ្ដិ៍ឈ្មោះ លាភសំណាង និងឋានៈមិនត្រូវបានបំពេញទេ នោះពួកយើងអាចខ្វល់ខ្វាយ ខឹងសម្បារ និងក្ដៅក្រហាយ ហើយថែមទាំងអាចស្រងាកចិត្តខ្លាំងនឹងជីវិតទៀតផង។ អារម្មណ៍រងសម្ពាធ និងការឈឺចាប់នៅក្នុងជីវិតរយៈពេលយូរ មិនត្រឹមតែអាចធ្វើឱ្យពួកយើងហត់នឿយទាំងរាងកាយនិងចិត្តគំនិត ព្រមទាំងបណ្ដាលឱ្យពួកយើងជួបប្រទះនូវការរងទុក្ខដ៏ខ្លាំងប៉ុណ្ណោះទេ ថែមទាំងអាចបណ្ដាលឱ្យរាងកាយរបស់ពួកយើងជួបប្រទះស្ថានភាពផ្សេងគ្នាគ្រប់ប្រភេទ ដូចជា វិលមុខនិងតឹងទ្រូង អស់កម្លាំងល្ហិតល្ហៃ ហើយក្នុងករណីធ្ងន់ធ្ងរ ពួកយើងអាចមានជំងឺដូចជា ការបាក់ទឹកចិត្ត ឡើងឈាម និងជំងឺបេះដូងទៀតផង។ ដើម្បីបានចូលរៀនក្នុងសាលាល្អ និងលេចធ្លោរ សិស្សមួយចំនួនដាក់ខ្លួនទាំងស្រុងក្នុងការសិក្សា និងខិតខំសិក្សាជាខ្លាំង ដូច្នេះហើយ នៅក្មេងសោះ ពួកគេមានជំងឺរោយកញ្ចឹងក និងអស់កម្លាំងល្ហិតល្ហៃ។ នៅពេលដែលពួកគេប្រឡងចូលសាកលវិទ្យាល័យមិនជាប់ សិស្សមួយចំនួនមិនអាចទទួលយកបានទេ ហើយពួកគេមានអារម្មណ៍បាក់ទឹកចិត្តជារៀងរាល់ថ្ងៃ និងមានជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ។ ដើម្បីរកលុយបានកាន់តែច្រើន ក៏មានមនុស្សជាច្រើនផងដែរ ដែលធ្វើការហួសពីសមត្ថភាពនៃរាងកាយខ្លួនឯង ដោយរងទុក្ខ និងមានបញ្ហានៅខ្នង ជើង កញ្ចឹងក និងស្មា ព្រមទាំងក្រពះ និងបេះដូងរបស់ពួកគេ ហើយថែមទាំងអាចស្លាប់ដោយហេវហត់អស់កម្លាំងទៀតផង។ ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ហើយចេញពីពួកវា ពួកយើងអាចឃើញថា ជំងឺគឺជាលទ្ធផលនៃសេចក្ដីពុករលួយ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសាតាំង ហើយវាជាលទ្ធផលដែលបង្កដោយការបដិសេធរបស់ពួកយើងចំពោះព្រះជាម្ចាស់ ការគេចវេះ និងការក្បត់របស់ពួកយើងចំពោះព្រះជាម្ចាស់ និងការតាមរករបស់ពួកយើងនូវទ្រព្យសម្បត្តិ កេរ្ដិ៍ឈ្មោះ លាភសំណាង និងឋានៈ ដោយពឹងផ្អែកលើការខិតខំផ្ទាល់ខ្លួន។ ដូច្នេះហើយ នៅពេលដែលពួកយើងមានជំងឺ ពួកយើងគួរតែមានហេតុផល និងមានវិធីដ៏ត្រឹមត្រូវចំពោះវា ហើយពួកយើងមិនគួរស្ដីបន្ទោស ឬយល់ច្រឡំនឹងព្រះជាម្ចាស់ឡើយ។

ជួនកាល ពួកយើងអាចមានជំងឺដោយសារ ដើម្បីបំពេញបំណងចិត្តខាងរាងកាយរបស់ពួកយើង ពួកយើងបានរំលោភបំពានច្បាប់វិន័យរបស់ជីវិត ដែលព្រះជាម្ចាស់កំណត់សម្រាប់មនុស្ស។

ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើនៅលើស្ថានសួគ៌ និងផែនដី ហើយទ្រង់បានបង្កើតមនុស្សជាតិ។ ព្រះជាម្ចាស់ក៏បានដាក់ចេញនូវក្រឹត្យវិន័យ និងច្បាប់វិន័យរបស់ជីវិត សម្រាប់មនុស្សជាតិ និងរបស់សព្វសារពើផងដែរ។ ឧទាហរណ៍ ព្រះជាម្ចាស់បានចេញបទបញ្ជាសម្រាប់មនុស្សជាតិថា ពួកយើងគួរតែទទួលទានអាហារបីពេលក្នុងមួយថ្ងៃ ធ្វើការនៅពេលថ្ងៃ និងសម្រាកនៅពេលយប់ ហើយទទួលទានអាហារដែលព្រះជាម្ចាស់ផ្គត់ផ្គង់សម្រាប់ពួកយើង ស្របនឹងរដូវកាល ។ល។ មានតែការដើរតាមច្បាប់វិន័យរបស់ជីវិតដែលព្រះជាម្ចាស់បានដាក់ចេញសម្រាប់មនុស្ស តាមរយៈការរីករាយនឹងនំប៉័ងប្រចាំថ្ងៃដែលព្រះជាម្ចាស់ប្រទានឱ្យពួកយើង និងតាមរយៈការរស់នៅលើផែនដីតាមវិធីដ៏មានសណ្ដាប់ធ្នាប់ប៉ុណ្ណោះ ទើបពួកយើងអាចចៀសវាងជំងឺមួយចំនួនបាន ដូច្នេះហើយ ពួកយើងនឹងមានរាងកាយមាំមួនជាធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយគ្មានទីកន្លែងសម្រាប់ព្រះជាម្ចាស់ឡើយនៅក្នុងចិត្តរបស់ពួកយើង។ ដើម្បីបំពេញបំណងចិត្តផ្នែករាងកាយរបស់ពួកយើង ស្ទើរតែគ្រប់ពេល ពួកយើងរំលោភបំពានច្បាប់វិន័យរបស់ជីវិត ដែលព្រះជាម្ចាស់បានដាក់ចេញសម្រាប់មនុស្ស ហើយពួកយើងមិនរស់នៅក្នុងជីវិតដ៏មានសណ្ដាប់ធ្នាប់ឡើយ ហើយនេះបណ្ដាលឱ្យរាងកាយរបស់ពួកយើងត្រូវបានញាំញីដោយជំងឺគ្រប់ប្រភេទ។ ឧទាហរណ៍ មនុស្សមួយចំនួនតែងតែលេងហ្គេមនៅលើទូរស័ព្ទរបស់ពួកគេ ឬពួកគេទៅក្រៅដើម្បីលេងសប្បាយរហូតដល់ទៀបភ្លឺ ឬពេញមួយយប់ទៀតផង ហើយជីវិត និងលំនាំមិនប្រក្រតីនៃការងារ និងការសម្រាករបស់ពួកគេ បណ្ដាលឱ្យពួកគេមានដំណើរខុសប្រក្រតីរបស់ក្រពេញ ភាពល្ហិតល្ហៃ ការបំផ្លាញថ្លើម ។ល។ ដែលរយៈពេលយូរទៅ អាចនាំទៅរកបញ្ហាខាងរាងកាយនានា។ មនុស្សមួយចំនួនចង់បានការបំពេញចិត្តផ្នែករាងកាយ ហើយដើម្បីបំពេញបំណងរបស់ពួកគេ ពួកគេតែងតែធ្វើរឿងដូចជា ហូបនិងផឹកយ៉ាងច្រើនតាមចំណង់ ពួកគេទទួលទានអាហារដែលមិនតាមរដូវកាលឬអាហារឆៅ ឬអាហារត្រជាក់ឬមានខ្លាញ់ ហើយពួកគេថែមទាំងទទួលទានអាហារសម្រន់រយៈពេលយូរទៀតផង ដែលក្រោយមក នាំឱ្យខ្វះសារធាតុចិញ្ចឹម និងប្រព័ន្ធភាពស៊ាំមានការធ្លាក់ចុះ ហើយពួកគេមានជំងឺរលាកពោះវៀន បញ្ហាក្រពះ ព្រមទាំងជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលទៀតផង។ អ្នកខ្លះមានជំងឺឡើងឈាម ទឹកនោមផ្អែម ខ្លាញ់កកក្នុងឈាម និងថែមទាំងជំងឺមហារីកជាដើម។ ឧទាហរណ៍ទាំងនេះ គឺសុទ្ធតែជាផលផ្លែដ៏ល្វីង នៃការរំលោភបំពានច្បាប់វិន័យរបស់ជីវិត ដែលព្រះជាម្ចាស់បានដាក់ចេញសម្រាប់ពួកយើង។ ដូច្នេះហើយ ពួកយើងគួរតែដើរតាមច្បាប់វិន័យរបស់ជីវិត ដែលបានដាក់ចេញដោយព្រះជាម្ចាស់ ហើយស្របតាមកាលៈទេសៈផ្ទាល់ខ្លួន ធ្វើការកែសម្រួលដ៏សមស្របចំពោះលំនាំនៃកិច្ចការ និងការសម្រាករបស់ពួកយើង ដើម្បីឱ្យពួកយើងធ្វើកិច្ចការនៅពេលថ្ងៃ និងគេងនៅពេលសមស្របនៅពេលយប់ ហើយពួកយើងគួរតែបន្តហាត់ប្រាណ និងចេញទៅរកខ្យល់អាកាសឱ្យបានកាន់តែច្រើន។ ពាក់ព័ន្ធនឹងអាហារ ពួកយើងមិនគួរផ្ដោតលើរសជាតិឡើយ តែត្រូវផ្ដោតលើសារជាតិចិញ្ចឹម។ ការរស់នៅក្នុងជីវិតដ៏មានសណ្ដាប់ធ្នាប់ និងទៀងទាត់ប្រភេទនេះ អាចកាត់បន្ថយនូវការកើតឡើងភ្លាមៗនៃជំងឺក្នុងកម្រិតជាក់លាក់មួយ។

២. ចូរមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ហើយពិនិត្យសេចក្ដីពុករលួយ និងអំពើរំលងរបស់អ្នក ព្រមទាំងសារភាព និងប្រែចិត្តយ៉ាងពិតប្រាកដទៅព្រះជាម្ចាស់

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «តើការមានជំងឺគួរតែត្រូវបានដកពិសោធន៍យ៉ាងដូចម្ដេច? អ្នកគួរតែចូលទៅចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន និងព្យាយាមស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពិនិត្យមើលថាមានអ្វីខ្លះទៅដែលអ្នកបានធ្វើខុស ឬមាននិស្ស័យពុករលួយអ្វីខ្លះដែលមាននៅខាងក្នុងអ្នក ដែលអ្នកមិនអាចដោះស្រាយបាន។ អ្នកមិនអាចដោះស្រាយនិស្ស័យពុករលួយរបស់អ្នក ដោយគ្មានការឈឺចាប់នោះឡើយ។ មនុស្សត្រូវតែរងនូវការឈឺចាប់។ មានតែបែបនេះទេ ទើបពួកគេនឹងឈប់ខិលខូច ហើយរស់នៅចំពោះព្រះជាម្ចាស់គ្រប់ពេលវេលា។ ពេលដែលប្រឈមជាមួយទុក្ខវេទនា មនុស្សនឹងតែងតែអធិស្ឋាន។ វានឹងគ្មានការគិតអំពីអាហារ សម្លៀកបំពាក់ ឬការសប្បាយឡើយ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេនឹងអធិស្ឋាន ហើយពិនិត្យមើលថាតើពួកគេបានធ្វើអ្វីមួយខុសក្នុងអំឡុងពេលនេះឬអត់។ ភាគច្រើន ពេលដែលមនុស្សត្រូវបានឡោមព័ទ្ធដោយជំងឺធ្ងន់ធ្ងរ ឬជំងឺខុសប្រក្រតីមួយចំនួន ហើយវាធ្វើឱ្យពួកគេឈឺចាប់យ៉ាងខ្លាំង ជំងឺទាំងនេះមិនកើតឡើងដោយចៃដន្យឡើយ។ មិនថាអ្នកមានជំងឺ ឬមានសុខភាពល្អឡើយ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តែងតែស្ថិតនៅពីក្រោយវាជានិច្ច។ ... នៅពេលមានជំងឺ ឬការឈឺចាប់ តើអ្នកអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ដែរឬទេ? តើព្រះវិញ្ញាណបរិសុទ្ធគ្រាន់តែបំភ្លឺ និងស្រាយបំភ្លឺអ្នកឬ? នេះមិនមែនជាផ្លូវតែមួយគត់ដែលទ្រង់ធ្វើការនោះឡើយ។ តើព្រះជាម្ចាស់ល្បងលមនុស្សដោយរបៀបណា? តើវាមិនមែនតាមរយៈការធ្វើឱ្យពួកគេរងការឈឺចាប់ទេឬ? ទីណាដែលមានការល្បងល ទីនោះមាននូវការឈឺចាប់ តើមនុស្សអាចរងទុក្ខដោយគ្មានការល្បងលម្ដេចកើតទៅ? តើមនុស្សអាចផ្លាស់ប្ដូរដោយគ្មានការរងទុក្ខយ៉ាងដូចម្ដេច? នៅពេលដែលការល្បងលអមជាមួយនឹងការឈឺចាប់ នេះគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពេលខ្លះ ព្រះជាម្ចាស់ប្រទាននូវការឈឺចាប់ដល់មនុស្ស បើមិនដូច្នោះទេ ពួកគេនឹងមិនដឹងថាមេឃខ្ពស់ប៉ុនណា ឬដីជ្រៅប៉ុនណាឡើយ ហើយពួកគេនឹងក្លាយជាព្រហើនមិនខាន។ នៅក្នុងករណីខ្លះ ការពឹងអាងលើការប្រកបគ្នាអំពីសេចក្តីពិតតែម្យ៉ាងនឹងមិនជួយដោះស្រាយបញ្ហាបានឡើយ។ មនុស្សមួយចំនួនលើកឡើងប្រាប់អ្នកអំពីបញ្ហារបស់អ្នក ហើយអ្នកផ្ទាល់ក៏ដឹងអំពីវាផងដែរ ប៉ុន្តែអ្នកមិនអាចផ្លាស់ប្ដូរវាបាន។ មិនថាអ្នកពឹងអាងលើអំណាចឆន្ទៈរបស់អ្នក ដើម្បីអនុវត្តនូវការទប់ចិត្តខ្លួនឯង រហូតដល់ទះកំផ្លៀងខ្លួនឯង និងខោកក្បាលខ្លួនឯងទៀតក៏ដោយ ក៏វានៅតែមិនអាចដោះស្រាយបញ្ហាបានដែរ ដ្បិតធម្មជាតិរបស់អ្នកនៅតែមានខាងក្នុងអ្នកដដែល។ រឿងនេះនៅតែមានជីវិត ប្រៀបដូចជាគំនិតដ៏រស់របស់មនុស្ស ហើយវាអាចលេចឡើងនៅគ្រប់ពេលវេលា។ ដូច្នេះតើអ្នកអាចធ្វើអ្វីបានខ្លះទៅ បើវាមិនអាចត្រូវបានដោះស្រាយបែបនេះ? មនុស្សត្រូវតែបានបន្សុទ្ធដោយជំងឺជាក់លាក់ខ្លះ ហើយពេលដែលពួកគេជួបប្រទះ មានអ្នកខ្លះដែលមិនអាចទ្រាំទ្រនឹងទារុណកម្មបាន ពួកគេចាប់ផ្ដើមអធិស្ឋាន និងស្វែងរក។ មុនពេលអ្នកមានជំងឺ អ្នកជាមនុស្សខិលខូច និងព្រហើន ប៉ុន្តែជំងឺធ្វើឱ្យអ្នកមានឥរិយាបថល្អឡើងវិញ។ តើអ្នកអាចនៅតែព្រហើនដដែលឬទេ? នៅពេលដែលគ្រប់ពាក្យសម្ដីរបស់អ្នកខ្សោយល្វើយ តើអ្នកអាចនៅតែបង្រៀនមនុស្សបានដែរឬទេ? តើអ្នកអាចនៅតែក្រអឺតក្រទមដែរឬទេ? ក្នុងពេលនោះ អ្នកគ្មានសុំអ្វីឡើយ ក្រៅពីសុំឱ្យលែងមានការឈឺចាប់តទៅទៀត ហើយអ្នកក៏លែងគិតអំពីអ្វីដែលត្រូវបរិភោគ អ្វីដែលត្រូវស្លៀកពាក់ និងអ្វីដែលត្រូវរីករាយនោះដែរ។ អ្នករាល់គ្នាភាគច្រើនមិនទាន់មានបទពិសោធន៍នូវអារម្មណ៍បែបនេះនៅឡើយទេ។ នៅពេលដែលអ្នករាល់គ្នាជួបប្រទះផ្ទាល់ នោះអ្នកនឹងយល់មិនខាន» («ចូរមើលអ្វីគ្រប់យ៉ាងចេញពីភ្នែកនៃសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញពួកយើងនូវផ្លូវនៃការអនុវត្ត ពាក់ព័ន្ធនឹងរបៀបដែលពួកយើងគួរតែមានបទពិសោធអំពីជំងឺ។ ទោះបីជាជំងឺមួយចំនួន បង្កឡើងដោយច្បាប់ធម្មជាតិក៏ដោយ ក៏មានជំងឺដទៃទៀតដែលមិនកើតឡើងដោយឥតហេតុផលឡើយ ហើយបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ ស្ថិតនៅពីក្រោយជំងឺទាំងនេះ ដោយសារព្រះជាម្ចាស់រៀបចំពួកវា ដើម្បីឱ្យសេចក្ដីពុករលួយ និងការបះបោររបស់ពួកយើងអាចត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរ។ ដោយសារតែពួកយើងត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយពួកយើងពេញដោយនិស្ស័យសាតាំងដូចជា ក្រអឺតក្រទមនិងអួតអាង វៀចវេរនិងបោកញ្ឆោត អាក្រក់ និងសាហាវ នោះពួកយើងតែងតែមិនអាចបញ្ឈប់ខ្លួនពីការប្រព្រឹត្តអំពើបាប និងតតាំងនឹងព្រះជាម្ចាស់ឡើយ។ ឧទាហរណ៍ ខណៈពេលដែលពួកយើងធ្វើកិច្ចការ និងផ្សព្វផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ នោះពួកយើងតែងតែអួតអាង ហើយពួកយើងសម្ញែងខ្លួន ពាក់ព័ន្ធនឹងថាពួកយើងបានរងទុក្ខបែបណា ពួកយើងបានទៅដល់ណា ហើយពួកយើងបានធ្វើកិច្ចការច្រើនប៉ុនណា ដែលបណ្ដាលឱ្យបងប្អូនប្រុសស្រីស្រឡាញ់ និងសម្លឹងមកពួកយើង ហើយពួកគេគ្មានទីកន្លែងសម្រាប់ព្រះជាម្ចាស់ឡើយ នៅក្នុងចិត្តរបស់ពួកគេ។ ជួនកាល ដើម្បីរក្សាកិត្យានុភាព និងឋានៈរបស់ពួកយើង ពួកយើងមិនអាចធ្វើអ្វីបានក្រៅពីនិយាយកុហក និងបោកបញ្ឆោតមនុស្សឡើយ ហើយពួកយើងតែងតែនិយាយផ្សេងនៅចំពោះមុខមនុស្ស និងនិយាយផ្សឹងនៅក្រោយខ្នងពួកគេ។ ជួនកាល នៅពេលដែលពួកយើងឃើញថា អ្នករួមការងាររបស់ពួកយើងពូកែអធិប្បាយព្រះបន្ទូលជាងពួកយើង ហើយបងប្អូនប្រុសស្រីទាំងអស់សុទ្ធតែចង់ស្ដាប់ពួកគេ នោះពួកយើងអាចមានអារម្មណ៍ច្រណែន និងតូចចិត្ត ហើយពួកយើងមិនចង់ឱ្យមាននរណាម្នាក់ដែលប្រសើរជាង ឬខ្លាំងជាងពួកយើងឡើយ រហូតដល់ពួកយើងវិនិច្ឆ័យ បន្តុះបង្អាប់ និងបដិសេធពួកគេទៀតផង។ ជួនកាល ចិត្តរបស់ពួកយើងត្រូវបានទាក់ទាញដោយនិន្នាការអាក្រក់ ហើយពួកយើងតោងជាប់នឹងលុយ និងរីករាយនឹងសម្ភារៈ ពួកយើងគេចវេះពីព្រះជាម្ចាស់ ព្រមទាំងមិនតាមរកសេចក្ដីពិត។ ទាំងនេះជាឧទាហរណ៍មួយចំនួន។ ទោះបីជាពួកយើងដឹងថា ពួកយើងមិនគួរធ្វើសកម្មភាពបែបនោះក៏ដោយ ក៏ពួកយើងមិនអាចធ្វើអ្វីបានក្រៅពីធ្វើរឿងដដែលៗម្ដងហើយម្ដងទៀតឡើយ នៅពេលដែលអ្វីមួយកើតឡើង។ ដើម្បីសង្គ្រោះពួកយើងពីអំពើបាប និងដើម្បីឱ្យពួកយើងមិនត្រូវបានពង្វក់ និងមិនត្រូវបានបង្កគ្រោះថ្នាក់ក្រោមការត្រួតត្រារបស់សាតាំង នោះព្រះជាម្ចាស់ប្រើប្រាស់ជំងឺ ដើម្បីធ្វើឱ្យពួកយើងឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយធ្វើឱ្យពួកយើងវិលត្រឡប់ទៅរកទ្រង់។ ដូចមានចែងនៅក្នុងព្រះគម្ពីរថា៖ «ដ្បិតព្រះអម្ចាស់វាយផ្ចាលអ្នកណាដែលទ្រង់ស្រឡាញ់» (ហេព្រើរ ១២:៦)។ ដូច្នេះហើយ នៅពេលដែលពួកយើងមានជំងឺ ពួកយើងគួរតែចូលមកចំពោះព្រះជាម្ចាស់ អធិស្ឋាននិងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឆ្លុះបញ្ចាំងលើទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់ និងឆ្លុះបញ្ចាំងថា ពួកយើងបានធ្វើអ្វីមួយដែលប្រឆាំងនឹងបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឬអត់។ នៅក្នុងមាគ៌ានៃការអធិស្ឋាន ការស្វែងរក និងការឆ្លុះបញ្ចាំងរបស់ពួកយើង ព្រះជាម្ចាស់នឹងបំភ្លឺ និងដឹកនាំពួកយើង ដើម្បីឱ្យពួកយើងអាចឃើញយ៉ាងច្បាស់នូវសេចក្ដីពុករលួយ និងការបះបោររបស់ពួកយើង ខណៈពេលដែលនៅពេលដដែលនោះ ពួកយើងយល់ពីសេចក្ដីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ចិត្តរបស់ពួកយើងមិនអាចធ្វើអ្វីបានក្រៅពីគោរពទ្រង់ឡើយ ពួកយើងស្អប់និស្ស័យពុករលួយរបស់ពួកយើងកាន់តែច្រើនជាងមុនទៀតផង ដូច្នេះហើយ ពួកយើងអាចតាំងចិត្តយ៉ាងល្អក្នុងការតាមរកសេចក្ដីពិត បែ្រចិត្ត និងផ្លាស់ប្ដូរ។ ចេញពីនេះ ពួកយើងអាចឃើញថា នៅពេលជំងឺកើតឡើង គឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនៅក្នុងជំងឺ មានបំណងព្រះហឫទ័យដ៏ស្មោះរបស់ទ្រង់ក្នុងការសង្គ្រោះពួកយើង។

ខ្ញុំធ្លាប់បានឮបងស្រីម្នាក់និយាយអំពីបទពិសោធរបស់គាត់ ពាក់ព័ន្ធនឹងរឿងនេះ។ ថ្ងៃមួយ បងស្រីនោះកើតផ្ដាសាយ។ គាត់ទៅជាគ្រុនដែលមានកម្ដៅ ៣៩ អង្សារ ហើយស្ថានភាពរបស់គាត់មិនធូរស្បើយឡើយ ទោះបីជាបន្ទាប់ពីគាត់បានចាក់ថ្នាំ និងលេបថ្នាំហើយក៏ដោយ។ គាត់ឆ្ងល់ថា៖ «ផ្ដាសាយរបស់ខ្ញុំមិនធូរស្បើយសោះ ដូច្នេះ តើដោយសារតែខ្ញុំបានធ្វើអ្វីមួយផ្ទុយនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬ?» បងស្រីនោះបានទៅចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់ ហើយគាត់បានឆ្លុះបញ្ចាំងលើស្ថានភាពរបស់គាត់កាលពីពីរបីថ្ងៃមុន។ គាត់បានគិតថា ចាប់តាំងពីគាត់បំពេញតួនាទីជាអ្នកដឹកនាំក្រុមជំនុំ គាត់អាចអធិប្បាយព្រះបន្ទូល និងបំពេញកិច្ចការមួយចំនួន ហើយគាត់អាចដោះស្រាយការលំបាក និងបញ្ហាមួយចំនួនរបស់បងប្អូនប្រុសស្រី ដូច្នេះហើយ គាត់មានអារម្មណ៍ដូចគាត់ពូកែខាងការតាមរកសេចក្ដីពិត ប្រសើរជាងអ្នកដទៃអ៊ីចឹង ហើយគាត់តែងតែមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងជាមួយខ្លួនឯង និងសរសើរខ្លួនឯងយ៉ាងខ្លាំង។ នៅពេលដែលអ្នករួមការងារលើកឡើងពីគុណវិបត្តិមួយចំនួននៅក្នុងកិច្ចការរបស់គាត់ ទោះបីជាគាត់ហាក់ដូចជាទទួលយករឿងនេះនៅខាងក្រៅក៏ដោយ ក៏ចិត្តរបស់គាត់មិនបានទទួលយកវាឡើយ ហើយជួនកាល គាត់ព្យាយាមទាញហេតុផលអំពីសកម្មភាពរបស់គាត់ ទៅកាន់អ្នករួមការងាររបស់គាត់ទៀតផង។ នៅពេលដែលអ្នករួមការងាររបស់គាត់ផ្ដល់យោបល់ដ៏សមរម្យមួយចំនួន អំពីកិច្ចការក្រុមជំនុំ គាត់មិនស្វែងរក ឬពិចារណាឱ្យឃើញថា ការផ្ដល់យោបល់របស់អ្នករួមការងារគាត់ស្របនឹងសេចក្ដីពិតឬអត់ឡើយ ប៉ុន្តែផ្ទុយទៅវិញ គាត់ប្រកាន់ខ្ជាប់នឹងទស្សនៈខ្លួនឯង ហើយបដិសេធទស្សនៈ និងការយល់ឃើញរបស់អ្នករួមការងារគាត់។ ការនេះបាននាំឱ្យគាត់មិនអាចធ្វើកិច្ចការយ៉ាងមានសុខដុមរមនាជាមួយអ្នករួមការងាររបស់គាត់ឡើយ ហើយវាបង្កការរំខានដល់កិច្ចការរបស់ក្រុមជំនុំ។ បន្ទាប់ពីគាត់បានឆ្លុះបញ្ចាំងខ្លួនឯង នោះបងស្រីនោះបានដឹងថា គាត់ក្រអឺតក្រទម និងអួតអាងណាស់ ថាគាត់មិនបានទទួលយក ឬចុះចូលចំពោះសេចក្ដីពិតឡើយ ថាគាត់មិនមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងថា ជីវិតរបស់គាត់មិនត្រឹមតែត្រូវបានបំផ្លាញឡើយ ប៉ុន្តែថា គាត់ក៏កំពុងតែពន្យារកិច្ចការរបស់ក្រុមជំនុំផងដែរ។ គាត់ពេញដោយការស្ដាយក្រោយ និងបានដឹងថា គាត់ជាមនុស្សម្នាក់ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយបើមិនមែនដោយសារការចង្អុលបង្ហាញរបស់ព្រះជាម្ចាស់ទេ នោះគាត់នឹងមិនអាចបំពេញភារកិច្ចរបស់គាត់បានឡើយ។ ការដែលគាត់អាចបំពេញកិច្ចការបន្តិចបន្តួច និងអាចដោះស្រាយការលំបាក និងបញ្ហាមួយចំនួនរបស់បងប្អូនប្រុសស្រី គឺអាស្រ័យទាំងស្រុងលើកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែគាត់ថែមទាំងប៉ុនប៉ងលួចសីរីល្អរបស់ព្រះជាម្ចាស់ទៀតផង។ គាត់បានដឹងថា គាត់គ្មានមនសិការ និងហេតុផលទាល់តែសោះ ហើយមានអារម្មណ៍អាម៉ាស់ និងស្ដាយក្រោយជាខ្លាំង។ ស្របពេលជាមួយគ្នានោះ បងស្រីនោះក៏បានយល់ថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺដើម្បីឱ្យគាត់អាចតាមរកសេចក្ដីពិត នៅក្នុងមាគ៌ានៃការបំពេញភារកិច្ចរបស់គាត់ ដើម្បីឱ្យធ្វើការយ៉ាងសុខដុមរមនាជាមួយនឹងបងប្អូនប្រុសស្រី ដើម្បីនាំយកចំណុចខ្លាំងឱ្យអ្នកដទៃ ដ្បិតគ្រប់គ្នារៀនពីចំណុចខ្លាំងរបស់អ្នកដទៃ ហើយជាមួយគ្នា ដើម្បីបំពេញកិច្ចការដែលព្រះជាម្ចាស់បានដាក់បញ្ជាបេសកកម្មឱ្យពួកគេធ្វើ ដ្បិតមានតែវិធីនោះប៉ុណ្ណោះ ទើបកិច្ចការរបស់ក្រុមជំនុំអាចត្រូវបានបំពេញកាន់តែប្រសើរ។ បន្ទាប់ពីគាត់បានយល់បែបនេះ នោះគាត់ប្រញាប់ប្រែចិត្ត និងលួនតួបាបចំពោះព្រះជាម្ចាស់។ ក្រោយមក គាត់បានអនុវត្តធ្វើជាបុគ្គលស្មោះត្រង់ស្របនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបើកចិត្តជាខ្លាំងជាមួយបងប្អូនប្រុសស្រីរបស់គាត់ អំពីសេចក្ដីពុករលួយផ្ទាល់ខ្លួន។ បន្ទាប់ពីនោះមក នៅពេលដែលគាត់បានបំពេញកិច្ចការរបស់ក្រុមជំនុំ និងនៅពេលដែលគាត់ដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីគាត់យ៉ាងជោគជ័យ នោះគាត់បានថ្វាយការអរព្រះគុណ និងការសរសើរទៅព្រះជាម្ចាស់ ហើយទទួលស្គាល់ថា សិរីល្អគឺជារបស់ព្រះជាម្ចាស់។ នៅពេលដែលធ្វើកិច្ចការជាមួយអ្នករួមការងាររបស់គាត់ ដរាបណាការផ្ដល់យោបល់របស់អ្នករួមការងារស្របនឹងសេចក្ដីពិត ហើយមានផលប្រយោជន៍ដល់កិច្ចការរបស់ក្រុមជំនុំ នោះគាត់តែងតែទទួលយកវា។ នៅពេលដែលបងស្រីនោះចាប់ផ្ដើមអនុវត្តតាមវិធីនេះ នោះសភាពរបស់គាត់ត្រូវបានកែតម្រូវ ហើយជំងឺរបស់គាត់បានធូរស្រាលដោយគាត់មិនដឹងខ្លួន។ បន្ទាប់ពីបទពិសោធនេះ បងស្រីនោះបានយល់ថា ជំងឺមានផលប្រយោជន៍ណាស់ចំពោះគាត់ ដ្បិតវាពិតជាសេចក្ដីស្រឡាញ់ដ៏ពិត និងការការពាររបស់ព្រះជាម្ចាស់សម្រាប់គាត់។ អំឡុងពេលបទពិសោធរបស់គាត់ គាត់បានទទួលចំណេះដឹងមួយចំនួនអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ គាត់កោតសរសើរថា ព្រះជាម្ចាស់គង់នៅជិតពួកយើង ដោយធ្វើការយ៉ាងជាក់ស្ដែងដើម្បីសង្គ្រោះពួកយើងពីសេចក្ដីពុករលួយ។ គាត់ក៏បានយល់ដែរថា នៅពេលដែលជំងឺកើតឡើងចំពោះពួកយើង តាមរយៈការអធិស្ឋានទៅព្រះជាម្ចាស់ និងរៀនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងតាមរយៈការឆ្លុះបញ្ចាំង និងការស្គាល់ខ្លួនឯង នោះពួកយើងអាចទទួលបានមេរៀនជាច្រើនពីវា គឺជំងឺពិតជាឱកាសដ៏ល្អមួយសម្រាប់ពួកយើង ក្នុងការចូលទៅក្នុងសេចក្ដីពិត។

៣. អំឡុងពេលការរងទុក្ខនៃជំងឺ ចូរមានសេចក្ដីជំនឿ និងឈរធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់

មានភាសិតពីរដែលចែងថា «នៅពេលដែលឪពុកម្ដាយឈឺរយៈពេលយូរ នោះសូម្បីតែកូនដ៏កតញ្ញូក៏ចាកចេញចោលពួកគេដែរ» និង «ពេលវាលាបើកសម្ដែងពីចិត្តរបស់មនុស្ស។» នៅពេលដែលពួកយើងគ្រាន់តែមានជំងឺ នោះពួកយើងនៅតែមានសេចក្ដីជំនឿក្នុងការឆ្លងកាត់វា។ ពួកយើងអាចអធិស្ឋានទៅព្រះជាម្ចាស់ ហើយពិនិត្យមើលបញ្ហាខ្លួនឯង ហើយពួកយើងអាចផ្ដោតលើការកែតម្រូវសភាពខុសឆ្គងរបស់ពួកយើង។ ប៉ុន្តែនៅពេលដែលជំងឺរបស់ពួកយើងបន្ត និងមិនធូរស្រាល នោះពួកយើងប្រហែលជាចាប់ផ្ដើមធ្វើការទាមទារដ៏មិនសមហេតុផលពីព្រះជាម្ចាស់ ហើយថែមទាំងអាចស្ដីបន្ទោស និងយល់ច្រឡំចំពោះព្រះជាម្ចាស់ទៀតផង។ ដូច្នេះ ធ្វើដូចម្ដេចទើបពួកយើងមានបទពិសោធអំពីស្ថានភាពដូច្នេះ? តើអ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធន៍របស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឲ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ ហើយបានមានព្រះបន្ទូលទៅកាន់គាត់។ នោះគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ។ ព្រះជាម្ចាស់នឹងប្រទានដល់អ្នក នូវអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបាន។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ហើយអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងមិនអាចឃើញនូវព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលអ្នកមានសេចក្ដីជំនឿថាអ្នកនឹងឃើញសកម្មភាពរបស់ទ្រង់នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ពេលនោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកពីក្នុងជម្រៅចិត្ត។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងមានបទពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេចបាន? ដូច្នេះ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿ ហើយអ្នកមិនមានការមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ មានតែនៅពេលអ្នកមានសេចក្ដីជំនឿពិតលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងធ្វើឲ្យអ្នកយល់ជាក់ តាមរយៈបទពិសោធន៍របស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញសកម្មភាពរបស់ទ្រង់។ រឿងទាំងនេះ ត្រូវបានសម្រេចគ្រប់ទាំងអស់ តាមរយៈសេចក្ដីជំនឿ។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធ នោះសេចក្ដីជំនឿមិនអាចរីកលូតលាស់បានទេ។ តើពាក្យថា «សេចក្ដីជំនឿ» សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ។ មនុស្សត្រូវការនូវសេចក្តីជំនឿ ក្នុងអំឡុងពេលមានការលំបាក និងការបន្សុទ្ធ ហើយសេចក្ដីជំនឿ គឺជាអ្វីមួយដែលត្រូវនៅជាប់តាមដោយការបន្សុទ្ធ។ ការបន្សុទ្ធ និងសេចក្ដីជំនឿ មិនអាចដាច់ចេញពីគ្នាបានឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូនៅក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណា អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ កាលពីមុន នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នកនឹងសោយរាជ្យជាស្តេច អ្នកបានស្រឡាញ់ទ្រង់ ហើយនៅពេលដែលទ្រង់បង្ហាញអង្គទ្រង់ផ្ទាល់ចំពោះអ្នកដោយចំហ អ្នកបានស្វែងរកទ្រង់។ ប៉ុន្ដែឥឡូវនេះ ព្រះជាម្ចាស់បានលាក់បាំងអ្នកមិនឲ្យមើលឃើញទ្រង់បាន ហើយបញ្ហាបានកើតមានដល់អ្នក តើពេលនោះអ្នកនឹងបាត់បង់នូវសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ឬទេ? ដូច្នេះអ្នកត្រូវតែស្វែងរកជីវិត ហើយព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា។ នេះហៅថាសេចក្ដីជំនឿដ៏ពិតប្រាកដ ហើយនេះជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិត និងស្រស់ស្អាតបំផុត» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងយល់ថា អំឡុងពេលនៃដំណើរការដែលព្រះជាម្ចាស់សង្គ្រោះពួកយើង ព្រះជាម្ចាស់នឹងរៀបចំស្ថានភាពគ្រប់ប្រភេទ ដើម្បីធ្វើឱ្យជំនឿរបស់ពួកយើងលើទ្រង់ និងសេចក្ដីស្រឡាញ់សម្រាប់ទ្រង់គ្រប់លក្ខណ៍។ ជំងឺគឺជាវិធីមួយ ដែលព្រះជាម្ចាស់សាកល្បងពួកយើង ហើយខណៈពេលដែលពួកយើងមានបទពិសោធអំពីវា នោះពួកយើងត្រូវតែរក្សាសេចក្ដីជំនឿរបស់ពួកយើងលើព្រះជាម្ចាស់។ មិនថាជំងឺរបស់ពួកយើងធូរស្រាលឬអត់ឡើយ ពួកយើងមិនត្រូវធ្វើការទាមទារដោយគ្មានហេតុផលពីព្រះជាម្ចាស់ឡើយ ប៉ុន្តែពួកយើងគួរតែបន្តឈរនៅទីកន្លែងរបស់ភាវៈដែលត្រូវបានបង្កើត ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយឈរធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។

ឧទាហរណ៍ ដូចដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ យ៉ូបបានដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ហើយគាត់កោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីអំពើអាក្រក់។ ព្រះជាម្ចាស់កោតសរសើរសេចក្ដីជំនឿរបស់យ៉ូប ហើយហៅយ៉ូបថាជាបុរសគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ សាតាំងមិនជឿជាក់ឡើយ ហើយវាចង់ឱ្យយ៉ូបបដិសេធ និងក្បត់ព្រះជាម្ចាស់ ដូច្នេះហើយ វាបានល្បួងយ៉ូបជាច្រើនលើក ហើយបណ្ដាលឱ្យរាងកាយរបស់គាត់កើតចេញបូសដ៏ឈឺចាប់ តាំងពីក្បាលរហូតដល់ចុងជើងរបស់គាត់។ ទោះបីជាយ៉ូបមានការឈឺចាប់ជាខ្លាំងក៏ដោយ ក៏គាត់មិនដែលស្ដីបន្ទោសព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ គាត់បាននិយាយរឿងដ៏សមហេតុផលដូចជា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:១០) និងបានឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់គាត់ចំពោះព្រះជាម្ចាស់។ ខណៈពេលដែលគាត់បានឆ្លងកាត់ការល្បងលនេះ យ៉ូបអាចចៀសវាងពីការនិយាយបាប ដោយសារនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ គាត់បានកោតសរសើរពីក្នុងចិត្តនូវរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត ភាពដ៏មានគ្រប់ព្រះចេស្ដា និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ក៏ដូចជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ គាត់បានដឹងយ៉ាងច្បាស់ថា គាត់គ្រាន់តែជាភាវៈដែលត្រូវបានបង្កើតប៉ុណ្ណោះ ដែលគួរតែចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់ខាងរាងកាយ បានបណ្ដាលឱ្យគាត់រងទុក្ខនូវទារុណកម្មដ៏មិនគួរឱ្យជឿក៏ដោយ ក៏គាត់តែងតែកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ គាត់អាចទទួលយក និងស្ដាប់បង្គាប់ចេញពីដួងចិត្តរបស់គាត់ នូវអ្វីដែលកំពុងកើតឡើងចំពោះគាត់ គាត់មិនត្រូវបានរារាំងដោយជំងឺរបស់គាត់ឡើយ ហើយនៅទីបញ្ចប់ សាតាំងរត់ភៀសខ្លួនទាំងអាម៉ាស់។ ដូច្នេះហើយ ព្រះជាម្ចាស់បានកោតសរសើរយ៉ូប ហើយបានលេចមកចំពោះគាត់នៅក្នុងខ្យល់ ព្រមទាំងមានបន្ទូលទៅគាត់។ សេចក្ដីជំនឿរបស់យ៉ូបលើព្រះជាម្ចាស់ត្រូវបានបន្សុទ្ធតាមរយៈការល្បងលបែបនេះ។ គាត់បានផ្ដល់តម្លៃ និងរីករាយនឹងការល្បងលបែបនេះ ហើយចិត្តរបស់គាត់ពេញដោយសន្តិភាព និងអំណរ។ ពួកយើងអាចឃើញចេញពីការល្បងលរបស់យ៉ូបថា ជំងឺមួយចំនួន គឺជាការសាកល្បងរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារតែពួកយើងមាននិស្ស័យពុករលួយ នោះពួកវាអាចត្រូវបាននិយាយថា ជាសេចក្ដីល្បួងរបស់សាតាំងផងដែរ។ សាតាំងចង់ប្រើប្រាស់ជំងឺដើម្បីបំផ្លាញសេចក្ដីជំនឿរបស់ពួកយើងលើព្រះជាម្ចាស់ ដើម្បីធ្វើឱ្យពួកយើងស្ដីបន្ទោសព្រះជាម្ចាស់ ក្បត់ព្រះជាម្ចាស់ និងចាកចេញពីព្រះជាម្ចាស់។ ប៉ុន្តែព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ត្រូវបានប្រើប្រាស់ ផ្អែកលើកលល្បិចដ៏បោកបញ្ឆោតរបស់សាតាំង ហើយតាមរយៈជំងឺ ព្រះជាម្ចាស់ធ្វើឱ្យសេចក្ដីជំនឿរបស់ពួកយើលើទ្រង់គ្រប់លក្ខណ៍។ ពួកយើងជឿថា វាសនារបស់ពួកយើងស្ថិតក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយថា ព្រះជាម្ចាស់សម្រេចពីពេលវេលាដែលពួកយើងកើត ពេលវេលាដែលពួកយើងស្លាប់ និងជំងឺដែលពួកយើងនឹងមាន ហើយការជ្រើសរើសដើម្បីទុកចិត្តលើព្រះជាម្ចាស់គ្រប់យ៉ាង និងចុះចូលចំពោះការចាត់ចែងរបស់ទ្រង់ គឺជាជម្រើសដ៏ល្អបំផុតដែលពួកយើងអាចធ្វើ។ តាមវិធីនេះ ពួកយើងអាចចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ពួកយើងលែងមានឧបសគ្គដោយសារជំងឺទៀតហើយ ហើយពួកយើងអាចបន្តឈរនៅទីកន្លែងរបស់ភាវៈដែលត្រូវបានបង្កើត ដើម្បីថ្វាយបង្គំព្រះជាម្ចាស់។ ពួកយើងអាចទៅកាន់តែជិតព្រះជាម្ចាស់តាមដែលពួកយើងគួរ ហើយតាមរកសេចក្ដីពិតឱ្យបានល្អតាមដែលពួកយើងគួរ។ ពួកយើងអាចប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើត ហើយពួកយើងអាចប្រឈមមុខនឹងវាយ៉ាងស្ងប់ស្ងាត់ មិនថាព្រះជាម្ចាស់យកជំងឺរបស់ពួកយើងចេញ ឬអត់ឡើយ។ ទោះបីជាពួកយើងមានជំងឺពេញមួយជីវិតរបស់ពួកយើងក៏ដោយ ក៏ពួកយើងមិនរអ៊ូរទាំឡើយ។ នេះជាទីបន្ទាល់ដែលពួកយើងគួរធ្វើនៅចំពោះព្រះជាម្ចាស់ ហើយតាមរយៈការអនុវត្តតាមវិធីនេះ ចិត្តរបស់ពួកយើងនឹងមានអារម្មណ៍ធូរស្រាល និងមានសន្តិភាព។

ទីបញ្ចប់ ពួកយើងត្រូវតែកត់ចំណាំថា ខណៈពេលដែលពួកយើងត្រួតពិនិត្យខ្លួនឯង និងមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ នៅពេលដែលពួកយើងមានជំងឺ នោះពួកយើងអាចជ្រើសរើស ដើម្បីស្វែងរកជំនួយផ្នែកវេជ្ជសាស្ដ្រ ឬឆ្លងកាត់វាដោយការពឹងផ្អែកលើសេចក្ដីជំនឿរបស់ពួកយើង គឺគ្មានច្បាប់វិន័យអំពីរឿងនេះឡើយ។ អ្វីដែលសំខាន់បំផុតគឺថា ពួកយើងអាចទទួលបានសេចក្ដីពិតពីវា និងថា ជីវិតរបស់ពួកយើងឃើញមានការរីកចម្រើនមួយចំនួន និងទទួលបានលទ្ធផលមួយចំនួន។

បងប្អូនប្រុសស្រីអើយ ការរស់នៅក្នុងលោកីយ៍នេះ ពួកយើងនឹងជួបប្រទះអ្វីៗដែលពួកយើងមិនដែលបានរំពឹងទុកជារៀងរាល់ថ្ងៃ ដូចជា ទារុណកម្មនៃជំងឺ ចំណុចខ្វះខាតនៃជីវិត ការបៀតបៀនរបស់គ្រួសារពួកយើង និងការនិយាយអាក្រក់របស់មនុស្សក្នុងលោកីយ ។ល។ ក្នុងនាមជាគ្រីស្ទបរិស័ទ របៀបដែលពួកយើងគួរតែស្វែងរក និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទទួលមេរៀនដើម្បីទទួលបានសេចក្ដីពិតក្នុងគ្រប់មជ្ឈដ្ឋានដែលមិនសក្ដិសមនឹងសញ្ញាណរបស់ពួកយើង គឺជាអ្វីមួយដែលពួកយើងគួរតែស្វែងរក និងចូលទៅក្នុង។ ខ្ញុំសង្ឃឹមថា គោលការណ៍ទាំងបីនៃការអនុវត្តដែលត្រូវបានធ្វើការប្រកបគ្នាខាងលើ អាចមានប្រយោជន៍សម្រាប់អ្នក។ សូមអរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ចន្ទគ្រាសដែលមានព្រះចន្ទពេញវង់ពណ៍ក្រហម នឹងលេចមកនៅក្នុងឆ្នាំ២០២២

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...

របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង...

អាថ៌កំបាំងនៅពីក្រោយគម្ពីរម៉ាថាយ ២៤:៣៦៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ»

បាតុភូតចន្ទក្រហមទាំងបួនបានលេចឡើង ហើយគ្រោះមហន្តរាយដូចជារញ្ជួយដី គ្រោះទុរភិក្ស និងជំងឺរាតត្បាតកំពុងតែកើនឡើងយ៉ាងច្រើន។...