៨២. ទារុណកម្មនៃបន្ទប់សួរចម្លើយ
ក្នុងឆ្នាំ ២០១២ អំឡុងពេលអធិប្បាយដំណឹងល្អ នោះខ្ញុំត្រូវបានចាប់ខ្លួនដោយបក្សកុម្មុយនីស្ដចិន។ នៅល្ងាចថ្ងៃទី ១៣ ខែកញ្ញា ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ ហើយដូចដែលខ្ញុំធ្លាប់បានធ្វើអ៊ីចឹង គឺខ្ញុំបានចតម៉ូតូអគ្គិសនីរបស់ខ្ញុំនៅខាងក្រៅ ហើយចុចកណ្ដឹង។ ជារឿងគួរឱ្យភ្ញាក់ផ្អើលចំពោះខ្ញុំ ពេលដែលខ្ញុំបើកទ្វារ ស្រាប់តែមានបុរសមាឌធំបួននាក់បានសង្គ្រប់លើខ្ញុំដូចសត្វចចកអ៊ីចឹង។ ពួកគេបានផ្អោបដៃខ្ញុំទៅក្រោយខ្នង ហើយដាក់ខ្នោះខ្ញុំ ក្រោយមករុញខ្ញុំទៅលើកៅអី និងធ្វើមិនឱ្យខ្ញុំរើខ្លួនរួចនៅទីនោះ។ ភ្លាមៗនោះ ប៉ូលិសពីរបីនាក់បានចាប់ផ្ដើមឆែកឆេរក្នុងកាបូបរស់ខ្ញុំ។ ប្រឈមមុខនឹងការបង្ហាញកម្លាំងដ៏សាហាវ និងភ្លាមៗដូចនេះ ខ្ញុំស្រឡាំងកាំងដោយភាពភ័យខ្លាច និងមានអារម្មណ៍ដូចកូនចៀមតូចដ៏គួរឱ្យអាណិតដែលត្រូវបានចចកដ៏សាហាវចាប់ ដោយគ្មានកម្លាំងដើម្បីតតាំងឡើយ។ ក្រោយមក ពួកគេបាននាំខ្ញុំចេញ ហើយបានដាក់ខ្ញុំនៅគូទក្រោយនៃរថយន្តពណ៌ខ្មៅ។ នៅក្នុងរថយន្ដ មេប៉ូលិសមើលទៅដូចជាបុរសតូចដ៏គួរឱ្យអាណិតម្នាក់ ដែលវក់នឹងភាពជោគជ័យរបស់ខ្លួន បានបែរមកញញឹមដាក់ខ្ញុំយ៉ាងមានឧបាយកល ដោយនិយាយថា «ហ៎ាស! តើនាងដឹងពីវិធីដែលពួកយើងចាប់នាងទេ?» ដោយខ្លាចខ្ញុំអាចព្យាយាមរត់ នោះប៉ូលិសពីរនាក់បានចាប់ខ្ញុំទាំងសងខាង ហាក់ដូចជាខ្ញុំជាឧក្រិដ្ឋជនដ៏គ្រោះថ្នាក់អ៊ីចឹង។ ខ្ញុំមានអារម្មណ៍ខឹងផង និងភ័យខ្លាចផង ហើយខ្ញុំមិនអាចទាយបានទេថា ប៉ូលិសនឹងធ្វើទារុណកម្មខ្ញុំបែបណា។ ខ្ញុំភ័យខ្លាចជាខ្លាំង រហូតដល់ខ្ញុំមិនអាចអត់ទ្រាំនឹងការធ្វើទារុណកម្មរបស់ពួកគេ និងក្លាយជាយូដាស ព្រមទាំងក្បត់ព្រះជាម្ចាស់។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ដរាបណាអ្នកអធិស្ឋាន និងទូលអង្វរនៅចំពោះខ្ញុំឱ្យបានញឹកញាប់ នោះខ្ញុំនឹងប្រទានគ្រប់ទាំងសេចក្តីជំនឿលើអ្នករាល់គ្នា។ អស់អ្នកដែលកាន់អំណាចប្រហែលមើលទៅគួរឱ្យកាចសាហាវពីខាងក្រៅ ប៉ុន្តែចូរកុំខ្លាចឡើយ ដ្បិតនេះគឺដោយសារតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចតួចប៉ុណ្ណោះ។ ដរាបណាសេចក្តីជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះវានឹងគ្មានអ្វីមួយពិបាកពេកនោះឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានផ្ដល់សេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ ហើយបន្តិចម្ដងៗ ព្រះបន្ទូលនោះបានជួយឱ្យខ្ញុំស្ងប់ស្ងាត់។ ខ្ញុំបានគិតថា «មែនហើយ»។ «មិនថាប៉ូលិសអាក្រក់នោះសាហាវ និងឃោរឃៅបែបណាឡើយ ពួកគេគ្រាន់តែជាកូនអុកនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេស្ថិតនៅក្នុងការចាត់ចែងរបស់ព្រះជាម្ចាស់។ ដរាបណាខ្ញុំអធិស្ឋាន ហើយហៅរកព្រះជាម្ចាស់ដោយចិត្តដ៏ពិត នោះព្រះជាម្ចាស់នឹងគង់នៅជាមួយខ្ញុំ ហើយគ្មានអ្វីត្រូវព្រួយបារម្ភឡើយ។ បើប៉ូលិសអាក្រក់នេះធ្វើទារុណកម្ម និងវាយខ្ញុំយ៉ាងឃោរឃៅ នោះរឿងនោះគ្រាន់តែព្រះជាម្ចាស់សព្វព្រះហឫទ័យសាកល្បងសេចក្ដីជំនឿរបស់ខ្ញុំប៉ុណ្ណោះ។ មិនថាពួកគេអាចធ្វើទារុណកម្មសាច់ឈាមរបស់ខ្ញុំបែបណាឡើយ ពួកគេមិនអាចបញ្ឈប់ចិត្តរបស់ខ្ញុំពីការសម្លឹងទៅរកព្រះជាម្ចាស់ និងហៅរកព្រះជាម្ចាស់ឡើយ។ ទោះបីជាពួកគេសម្លាប់សាច់ឈាមរបស់ខ្ញុំក៏ដោយ ក៏ពួកគេមិនអាចសម្លាប់ព្រលឹងរបស់ខ្ញុំបានដែរ ដោយសារគ្រប់យ៉ាងរបស់ខ្ញុំគឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់»។ នៅពេលដែលខ្ញុំបានគិតដល់ចំណុចនេះ ខ្ញុំលែងភ័យខ្លាចសាតាំង ដែលជាអារក្សទៀតហើយ ហើយខ្ញុំបានតាំងចិត្តដើម្បីឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំបានស្រែកនៅក្នុងចិត្តថា «ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! នៅថ្ងៃនេះ មិនថាអ្វីដែលពួកគេធ្វើចំពោះទូលបង្គំឡើយ ទូលបង្គំសុខចិត្តប្រឈមនឹងវាទាំងអស់។ ទោះបីជាសាច់ឈាមរបស់ទូលបង្គំទន់ខ្សោយក៏ដោយ ក៏ទូលបង្គំចង់រស់នៅដោយពឹងផ្អែកលើទ្រង់ ហើយមិនផ្ដល់ឱកាសសូម្បីតែម្ដងដល់សាតាំង ដើម្បីបំពាបំពានទូលបង្គំឡើយ។ សូមទ្រង់ការពារទូលបង្គំ កុំឱ្យទូលបង្គំក្បត់ទ្រង់ ហើយកុំឱ្យទូលបង្គំក្លាយជាយូដាសដ៏អាម៉ាស់»។ ខណៈពេលដែលពួកយើងកំពុងបើកបរតាមផ្លូវ នោះខ្ញុំបន្តច្រៀងនៅក្នុងចិត្តនូវទំនុកសរសើរមួយរបស់ក្រុមជំនុំ៖ «តាមរយៈផែនការ និងអធិបតេយ្យភាពដ៏បរិសុទ្ធរបស់ទ្រង់ ខ្ញុំប្រឈមមុខនឹងការល្បងល ដែលមានគោលដៅចំពោះខ្ញុំ។ ធ្វើម្ដេចខ្ញុំអាចបោះបង់ ឬព្យាយាមលាក់ពួនបាន? អ្វីជាទីមួយនោះគឺសិរីល្អរបស់ព្រះជាម្ចាស់។ ក្នុងពេលលំបាក ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំខ្ញុំ ហើយសេចក្ដីជំនឿរបស់ខ្ញុំត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍។ ខ្ញុំលះបង់ទាំងស្រុង និងទាំងអស់ លះបង់ចំពោះព្រះជាម្ចាស់ដោយគ្មានខ្លាចសេចក្ដីស្លាប់ឡើយ។ បំណងព្រះហឫទ័យរបស់ទ្រង់តែងតែលើសអ្វីៗទាំងអស់» («ខ្ញុំគ្រាន់តែទូលសុំឱ្យព្រះជាម្ចាស់សព្វព្រះទ័យប៉ុណ្ណោះ» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខណៈពេលដែលខ្ញុំច្រៀងយ៉ាងស្ងៀមស្ងាត់ នោះខ្ញុំពេញដោយកម្លាំង ហើយខ្ញុំបានតាំងចិត្តដើម្បីពឹងពាក់លើព្រះជាម្ចាស់ ដើម្បីឈរធ្វើបន្ទាល់ និងបំបាក់មុខសាតាំង។
នៅពេលដែលពួកគេបាននាំយកខ្ញុំទៅដល់បន្ទប់សួរចម្លើយ នោះខ្ញុំមានការភ្ញាក់ផ្អើលដោយឃើញថា បងស្រីម្នាក់ដែលបំពេញភារកិច្ចនៅក្នុងក្រុមជំនុំដូចខ្ញុំ និងអ្នកដឹកនាំក្រុមជំនុំម្នាក់ក៏នៅទីនោះដែរ។ ពួកគេទាំងអស់ក៏ត្រូវបានចាប់ខ្លួនផងដែរ! មន្រ្តីប៉ូលិសម្នាក់បានឃើញខ្ញុំសម្លឹងមើលបងប្អូនស្រីៗរបស់ខ្ញុំ ហើយគាត់សម្លក់ខ្ញុំ និងស្ដីបន្ទោសខ្ញុំ ដោយនិយាយថា «តើនាងសម្លឹងមើលអ្វី? ទៅទីនោះទៅ!» ដើម្បីបញ្ឈប់ពួកយើងមិនឱ្យនិយាយរកគ្នា ប៉ូលិសបានចាក់សោរពួកយើងក្នុងបន្ទប់សួរចម្លើយផ្សេងគ្នា។ ពួកគេឆែកឆេរខ្ញុំទាំងកំរោល ដោះខ្សែក្រវ៉ាត់ខ្ញុំ និងស្ទាបខ្ញុំគ្រប់កន្លែង។ វាមានអារម្មណ៍ដូចជាការមើលងាយដែលមិនសមអ៊ីចឹង ហើយខ្ញុំបានឃើញថា កូនចៅអារក្សរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនទាំងនេះ ពិតជាថោកទាប គួរឱ្យស្អប់ និងអាក្រក់បែបណា! ខ្ញុំមានអារម្មណ៍ខឹង ប៉ុន្តែខ្ញុំត្រូវតែទប់កំហឹងរបស់ខ្ញុំ ដោយសារតែគ្មានកន្លែងសម្រាប់ហេតុផលឡើយ នៅក្នុងរូងរបស់បិសាច។ បន្ទាប់ពីពួកគេបានរឹបអូសយកម៉ូតូអគ្គិសនីដែលជាកម្មសិទ្ធិរបស់ក្រុមជំនុំ និងលុយជាង ៦០០ យ័ន ដែលមាននៅក្នុងខ្លួនខ្ញុំរួចមក ពួកគេបានចាប់ផ្ដើមសួរចម្លើយខ្ញុំ។ «នាងឈ្មោះអ្វី? តើតួនាទីរបស់នាងនៅក្នុងក្រុមជំនុំជាអ្វី? នរណាជាអ្នកដឹកនាំរបស់នាង? ពេលនេះពួកគេនៅឯណា?» ខ្ញុំមិនបានឆ្លើយទេ ដូច្នេះប៉ូលិសស្រែកគំហកដាក់ខ្ញុំថា «តើនាងគិតថា បើនាងមិនឆ្លើយ ពួកយើងរកមិនឃើញឬ? នាងមិនដឹងថាពួកយើងអាចធ្វើបានទេ! នាងគួរតែដឹងថា ពួកយើងក៏បានចាប់ខ្លួនអ្នកដឹកនាំជាន់ខ្ពស់របស់នាងផងដែរ!» ក្រោយមក ពួកគេចាប់ផ្ដើមរៀបរាប់ឈ្មោះពីរបីឈ្មោះ ហើយសួរថា ខ្ញុំស្គាល់នរណាម្នាក់ឬអត់ ហើយពួកគេបានបន្តសួរចម្លើយខ្ញុំ។ «តើលុយរបស់ក្រុមជំនុំរបស់នាងរក្សាទុកនៅឯណា? ប្រាប់យើងមក!» ខ្ញុំបានច្រានចោលគ្រប់យ៉ាងដែលពួកគេបាននិយាយ ដោយនិយាយថា «ខ្ញុំមិនស្គាល់នរណាម្នាក់ឡើយ! ខ្ញុំមិនដឹងអ្វីឡើយ!» នៅពេលដែលពួកគេឃើញថា ការសួរចម្លើយជុំទីមួយរបស់ពួកគេបរាជ័យ នោះពួកគេបានសម្រេចចិត្តប្រើស្នៀតយកឈ្នះរបស់ពួកគេ ហើយពួកគេបានប្ដូរវេនគ្នាសួរចម្លើយ និងធ្វើទារុណកម្មខ្ញុំ ក្នុងគោលបំណងយកឈ្នះខ្ញុំ។ ដោយសារតែនៅថ្ងៃទីមួយ ប៉ូលិសមិនបានទទួលព័ត៌មានដែលពួកគេចង់បានពីខ្ញុំទេ នោះពួកគេអាម៉ាស់ដោយកំហឹង ហើយមេក្នុងចំណោមពួកគេបាននិយាយយ៉ាងសាហាវថា «ខ្ញុំនឹងមិនចុះញ៉មចំពោះការរឹងរូសរបស់នាងឡើយ។ ធ្វើទារុណកម្មនាងទៅ!» ប៉ូលិសបានទាញដៃជាប់ខ្នោះរបស់ខ្ញុំ ដែលនៅពីក្រោយខ្នងនៅឡើយ ហើយដាក់ព្យួរទៅលើតុ ក្រោយមកពួកគេបង្ខំឱ្យខ្ញុំអង្គុយចោងហោង។ ពួកគេសម្លឹងមកខ្ញុំយ៉ាងឃោរឃៅ និងបានគាបសង្កត់ខ្ញុំដោយសំណួរ «តើអ្នកដឹកនាំរបស់នាងនៅឯណា? តើលុយទាំងអស់របស់ក្រុមជំនុំនៅឯណា?» ពួកគេច្រាសច្រាលចង់ឱ្យខ្ញុំទម្លាយចេញ ក្រោមសម្ពាធនៃការធ្វើទារុណកម្មនោះ ហើយចុះចាញ់ចំពោះពួកគេ។ បន្ទាប់ពីប៉ូលិសអាក្រក់បានបន្តទារុណកម្មនេះអស់រយៈពេលកន្លះម៉ោង នោះជើងរបស់ខ្ញុំចាប់ផ្ដើមឈឺ និងញ័រ។ បេះដូងរបស់ខ្ញុំលោតញាប់ ហើយដៃរបស់ខ្ញុំក៏ឈឺខ្លាំងដែរ។ ខ្ញុំស្ថិតក្នុងដែនកំណត់នៃការអត់ទ្រាំរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំមិនអាចស្ថិតនៅបានយូរតទៅទៀតឡើយ ដូច្នេះហើយខ្ញុំបានស្រែកក្នុងចិត្តថា៖ ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! សូមទ្រង់សង្គ្រោះទូលបង្គំផង។ ទូលបង្គំមិនអាចទ្រាំបានតទៅទៀតទេ។ ទូលបង្គំមិនចង់ក្បត់ទ្រង់ដូចជាយូដាសឡើយ។ សូមប្រទានកម្លាំងដល់ទូលបង្គំផង»។ ស្រាប់តែពេលនោះ ខ្ញុំបាននឹកឃើញព្រះបន្ទូលទាំងនេះ៖ «នៅពីក្រោយគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនឯង ឯងរាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ។ ... នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឲ្យអ្នកធ្វើនូវបន្ទាល់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដាស់ខ្ញុំ និងឱ្យខ្ញុំដឹងថា សាតាំងកំពុងតែធ្វើទារុណកម្មខ្ញុំតាមវិធីនេះ ដើម្បីធ្វើឱ្យខ្ញុំក្បត់ព្រះជាម្ចាស់ និងបោះបង់ការតាមរកសេចក្ដីពិត។ នេះគឺជាសង្គ្រាមដែលកំពុងត្រូវបានបង្កនៅក្នុងពិភពខាងវិញ្ញាណ៖ វាជាសាតាំងដែលកំពុងព្យាយាមល្បួងខ្ញុំ ហើយវាក៏ជាវិធីរបស់ព្រះជាម្ចាស់ ក្នុងការល្បងលខ្ញុំដែរ។ នេះគឺជាពេលតែមួយដែលព្រះជាម្ចាស់ត្រូវការខ្ញុំ ដើម្បីធ្វើបន្ទាល់។ ព្រះជាម្ចាស់មានការរំពឹងទុកចំពោះខ្ញុំ ដូច្នេះហើយទេវតាជាច្រើនកំពុងតែមើលមកខ្ញុំនៅពេលនេះ ដូចជាសាតាំងដែលជាអារក្សដែរ ទាំងអស់គ្នាសុទ្ធតែទន្ទឹងរង់ចាំឱ្យខ្ញុំប្រកាសជំហររបស់ខ្ញុំ។ ខ្ញុំគ្រាន់តែមិនអាចបោះបង់ចោល និងសម្រាកដោយងាយៗប៉ុណ្ណោះ ហើយខ្ញុំមិនចុះចាញ់ចំពោះសាតាំងឡើយ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែអនុញ្ញាតឱ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តតាមរយៈខ្ញុំ ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តាមរយៈគោលការណ៍ដែលមិនអាចផ្លាស់ប្ដូរបាន នេះគឺជាភារកិច្ចដែលខ្ញុំគួរតែបំពេញក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក នេះគឺជាការត្រាស់ហៅរបស់ខ្ញុំ។ នៅក្នុងពេលដ៏សំខាន់នេះ អាកប្បកិរិយារបស់ខ្ញុំ និងឥរិយាបថរបស់ខ្ញុំ គឺត្រូវមានឥទ្ធិពលដោយផ្ទាល់លើសមត្ថភាពរបស់ខ្ញុំ ដើម្បីធ្វើបន្ទាល់ដ៏មានជ័យជម្នះថ្វាយព្រះជាម្ចាស់ ហើយជាងនេះទៅទៀត គឺមានឥទ្ធិពលដោយផ្ទាល់លើសមត្ថភាពរបស់ខ្ញុំក្នុងការក្លាយជាទីបន្ទាល់ចំពោះជ័យជម្នះរបស់ព្រះជាម្ចាស់លើសាតាំង និងការទទួលបានសិរីល្អរបស់ទ្រង់។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចបង្កឱ្យព្រះជាម្ចាស់ទុក្ខព្រួយ ឬធ្វើឱ្យទ្រង់ខកព្រះហឫទ័យឡើយ ហើយខ្ញុំមិនអាចអនុញ្ញាតឱ្យល្បិចកលដ៏បោកបញ្ឆោតរបស់សាតាំងដែលធ្វើឱ្យខ្ញុំរងទុក្ខ ទទួលបានជោគជ័យឡើយ។ ដោយការគិតពីគំនិតទាំងនេះ នោះកម្លាំងបានកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំភ្លាមៗ ហើយខ្ញុំបាននិយាយយ៉ាងធ្លោយមាត់ថា «អ្នកអាចវាយខ្ញុំដល់ស្លាប់បាន ប៉ុន្តែខ្ញុំនៅតែមិនដឹងអ្វីឡើយ!» ស្រាប់តែពេលនោះ មន្ត្រីប៉ូលិសជានារីម្នាក់បានចូលមកក្នុងបន្ទប់។ គាត់បានឃើញខ្ញុំ ហើយនិយាយថា «លឿនឡើង ដាក់នាងចុះទៅ។ តើពួកលោកកំពុងព្យាយាមធ្វើអ្វី សម្លាប់នាងមែនទេ? បើមានរឿងអ្វីមួយកើតឡើងចំពោះនាង គឺពួកលោកជាអ្នកទទួលខុសត្រូវ!» ខ្ញុំបានដឹងនៅក្នុងចិត្តរបស់ខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាបានស្ដាប់ឮការអធិស្ឋានរបស់ខ្ញុំ ហើយបានការពារឱ្យខ្ញុំមានសុវត្ថិភាពពីគ្រោះថ្នាក់ នៅក្នុងពេលគ្រោះថ្នាក់នេះ។ នៅពេលដែលប៉ូលិសអាក្រក់បានដាក់ខ្ញុំចុះ នោះខ្ញុំដួលទៅនឹងកម្រាលអិដ្ឋភ្លាមៗ។ ខ្ញុំមិនអាចឈរបានទេ ហើយដៃ និងជើងរបស់ខ្ញុំស្ពឹកលែងដឹងអី្វអស់ហើយ។ ខ្ញុំគ្មានកម្លាំងដើម្បីដកដង្ហើមទេ ហើយមិនអាចមានអារម្មណ៍ដឹងពីដៃជើងទាំងបួនរបស់ខ្ញុំទាល់តែសោះ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់បន្ទាប់ពីនោះ ហើយទឹកភ្នែកបានស្រក់ឥតឈប់។ ខ្ញុំបានគិតថា៖ «តើខ្ញុំនឹងត្រូវបញ្ចប់ដោយពិការឬ?» ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសអាក្រក់នៅតែមិនដោះលែងខ្ញុំដដែល។ ដោយមានម្នាក់នៅទាំងសងខាងខ្ញុំ នោះពួកគេបានកាន់ដៃខ្ញុំ ហើយអូសខ្ញុំទៅកាន់កៅអីដូចជាសាកសពអ៊ីចឹង ហើយបានរុញខ្ញុំទៅលើកៅអីនោះ។ ប៉ូលិសម្នាក់បាននិយាយយ៉ាងកំណាចថា «បើនាងមិននិយាយ នោះព្យួរនាងឡើងនឹងខ្សែពួរទៅ!» ភ្លាមៗនោះ ប៉ូលិសអាក្រក់ដទៃទៀតបានយកខ្សែនីឡុងតូចមួយ ហើយប្រើប្រាស់វាដើម្បីចងខ្ញុំព្យួរទៅនឹងបំពង់កំដៅ។ ភ្លាមៗនោះដៃរបស់ខ្ញុំត្រូវបានទាញត្រង់ ហើយមិនយូរប៉ុន្មានខ្នង និងស្មារបស់ខ្ញុំចាប់ផ្ដើមឈឺ។ ប៉ូលីសអាក្រក់បានបន្តសួរចម្លើយខ្ញុំ ដោយសួរថា «តើនាងនឹងប្រាប់ពួកយើងពីអ្វីដែលពួកយើងចង់ដឹងទេ?» ខ្ញុំនៅតែមិនឆ្លើយដដែល។ ពួកគេខឹងយ៉ាងខ្លាំង រហូតដល់ពួកគេជះទឹកមួយកែវដាក់មុខខ្ញុំ ដោយនិយាយថា គឺដើម្បីដាស់ខ្ញុំឱ្យភ្ញាក់។ មកដល់ពេលនេះ ខ្ញុំត្រូវបានគេធ្វើទារុណកម្មមកដល់ចំណុចដែលខ្ញុំគ្មាននៅសល់កម្លាំងកំហែងបន្តិចឡើយ ហើយភ្នែករបស់ខ្ញុំហត់នឿយខ្លាំងណាស់ ដែលខ្ញុំមិនអាចបើកបានទៀតផង។ ដោយឃើញថាខ្ញុំនៅស្ងៀម នោះប៉ូលិសអាក្រក់ម្នាក់បានយកដៃមកបង្ខំបើកភ្នែកខ្ញុំយ៉ាងកំណាច និងយ៉ាងអាម៉ាស់ ដើម្បីសើចចំអកឱ្យខ្ញុំ។ ក្នុងរយៈពេលពីរបីម៉ោងនៃការសួរចម្លើយ និងទារុណកម្ម ប៉ូលិសអាក្រក់បានធ្វើតាមល្បិចកលនីមួយៗនៅក្នុងសៀវភៅរបស់ពួកគេ ប៉ុន្តែការប៉ុនប៉ុងរបស់ពួកគេ ដើម្បីធ្វើឱ្យខ្ញុំនិយាយគឺសុទ្ធតែបរាជ័យ។
ដោយឃើញថា ពួកគេមិនអាចទទួលបានអ្វីមួយចេញពីខ្ញុំដោយការសួរចម្លើយខ្ញុំ នោះប៉ូលិសអាក្រក់បានសម្រេចចិត្តប្រើប្រាស់ល្បិចអាក្រក់មួយ៖ ពួកគេឱ្យមនុស្សម្នាក់មកពីទីក្រុង ដែលហៅខ្លួនឯងថាជា «អ្នកជំនាញខាងសួរចម្លើយ» ចូលមកដោះស្រាយជាមួយខ្ញុំ។ ពួកគេបានយកខ្ញុំទៅកាន់បន្ទប់មួយទៀត ហើយបានបញ្ជាឱ្យខ្ញុំអង្គុយលើកៅអីដែក បន្ទាប់មកពួកគេដាក់ច្រវាក់កជើងខ្ញុំយ៉ាងណែនជាប់នឹងជើងកៅអី ហើយដៃរបស់ខ្ញុំជាប់នឹងដៃកៅអី។ មួយសន្ទុះក្រោយមក បុរសសង្ហារពាក់វ៉ែនតាម្នាក់បានចូលមក ដោយមានវ៉ាលី។ គាត់បានញញឹមដាក់ខ្ញុំយ៉ាងពព្រាយ ហើយដោយធ្វើពុតជាមនុស្សល្អ គាត់បានដោះច្រវាក់ដែលជាប់នឹងដៃ និងកជើងរបស់ខ្ញុំចេញពីកៅអី ហើយអនុញ្ញាតឱ្យខ្ញុំអង្គុយនៅលើគ្រែនៅជ្រុងម្ខាងនៃបន្ទប់។ បន្តិចក្រោយមក គាត់បានចាក់ទឹកមួយកែវ រួចគាត់ឱ្យទឹកខ្ញុំដោយភាពផ្អែមល្ហែម។ គាត់ចូលមករកខ្ញុំ ហើយបាននិយាយដោយភាពរាក់ទាក់ដ៏លាក់ពុតថា «ហេតុអ្វីបានជារងទុក្ខបែបនេះ? នាងបានរងទុក្ខច្រើនណាស់ ប៉ុន្តែតាមពិត វាមិនមែនជារឿងធំដុំទេ។ ប្រាប់ពួកយើងអំពីអ្វីដែលពួកយើងចង់ដឹងទៅ នោះគ្រប់យ៉ាងនឹងគ្មានបញ្ហាឡើយ»។ ប្រឈមមុខនឹងស្ថានភាពថ្មីនេះ ខ្ញុំមិនដឹងថាគួរធ្វើអ្វីឡើយ ដូច្នេះខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្ត ហើយអំពាវនាវឱ្យទ្រង់បំភ្លឺខ្ញុំ និងដឹកនាំខ្ញុំ។ ស្រាប់តែពេលនោះ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «អ្នករាល់គ្នាត្រូវតែភ្ញាក់ស្មារតី និងរង់ចាំគ្រប់ពេលវេលា ហើយអ្នកត្រូវតែអធិដ្ឋាននៅចំពោះមុខខ្ញុំឲ្យបានច្រើនបន្ថែមទៀត។ អ្នកត្រូវតែស្គាល់គម្រោងការផ្សេងៗ និងល្បិចកលរបស់សាតាំង ស្គាល់វិញ្ញាណ ស្គាល់មនុស្ស និងអាចស្គាល់គ្រប់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវគ្រប់យ៉ាង» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំនូវមាគ៌ានៃការអនុវត្ត និងបានជួយខ្ញុំឱ្យដឹងថា អារក្សនឹងតែងតែជាអារក្ស ហើយថាអារក្សមិនអាចផ្លាស់ប្ដូរសារជាតិនៃការស្អប់ព្រះជាម្ចាស់ រឹងទទឹងនឹងព្រះជាម្ចាស់បែបអារក្សបានទេ។ មិនថាពួកគេប្រើប្រាស់វិធីសាស្ត្ររឹង ឬទន់ក៏ដោយ ក៏គោលដៅរបស់ពួកគេតែងតែដើម្បីធ្វើឱ្យខ្ញុំក្បត់ព្រះជាម្ចាស់ និងបោះបង់ផ្លូវពិត។ អរព្រះគុណចំពោះការព្រមាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានសុភវិនិច្ឆ័យមួយចំនួននៃល្បិចកលបោកបញ្ឆោតរបស់សាតាំង គំនិតរបស់ខ្ញុំច្បាស់លាស់ ហើយខ្ញុំអាចឈរយ៉ាងរឹងមាំបាន។ ក្រោយមក អ្នកសួរចម្លើយបាននិយាយមកកាន់ខ្ញុំថា «រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនហាមមនុស្សមិនឱ្យជឿលើព្រះជាម្ចាស់ទេ។ បើនាងបន្តជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា នោះគ្រួសាររបស់នាងទាំងមូលនឹងជាប់ពាក់ព័ន្ធ ហើយវានឹងប៉ះពាល់ដល់អនាគត ក្ដីសង្ឃឹមការងារ និងក្ដីសង្ឃឹមសេវាកម្មស៊ីវិលរបស់ក្មេងៗនៅក្នុងគ្រួសាររបស់នាង។ យកល្អនាងគួរតែគិតយ៉ាងប្រុងប្រយ័ត្ន»។ បន្ទាប់ពីគាត់បាននិយាយបែបនេះ សង្រ្គាមបានចាប់ផ្ដើមកើតឡើងនៅក្នុងខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាត្រូវបានរំខានទ្វេដង។ គ្រាន់តែខ្ញុំមានអារម្មណ៍វង្វេង ភ្លាមៗនោះខ្ញុំបានគិតឃើញបទពិសោធន៍របស់ពេត្រុស នៅពេលដែលគាត់បានឈរធ្វើបន្ទាល់យ៉ាងជោគជ័យនៅចំពោះសាតាំង។ ពេត្រុសតែងតែព្យាយាមយល់ពីព្រះជាម្ចាស់តាមរយៈល្បិចកលបោកបញ្ឆោតនីមួយៗ ដែលសាតាំងបោះដាក់គាត់។ ដូច្នេះហើយនៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំបានសម្លឹងទៅរកព្រះជាម្ចាស់ និងថ្វាយគ្រប់យ៉ាងទៅទ្រង់ ហើយខ្ញុំបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានចូលមកក្នុងគំនិតរបស់ខ្ញុំដោយមិនដឹងខ្លួន៖ «ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សលោក ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សលោកទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចលួងលោមចិត្តមនុស្សលោកបានហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សលោកទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សលោក មិនអាចកាត់ផ្ដាច់ចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងវប្បធម៌របស់មនុស្សលោក មិនអាចកែប្រែឲ្យខុសពីគម្រោងការណ៍របស់ព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ កើតឡើងស្របទៅតាមគ្រោងការណ៍របស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍មួយបាន ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រង់គ្រងដំណើរជីវិតរបស់មនុស្សនេះ» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំពេញខ្ញុំដោយពន្លឺ។ ខ្ញុំបានគិតថា «មែនហើយ!» «ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយវាសនារបស់ពួកយើងក្នុងនាមជាមនុស្សជាតិ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ សាតាំង អារក្សគឺជាពួកតែមួយដែលបំពានព្រះជាម្ចាស់។ បើពួកគេមិនអាចផ្លាស់ប្ដូរវាសនាខ្លួន ដែលត្រូវបានដាក់ទោសទៅក្នុងនរកផង តើពួកគេអាចត្រួតត្រាវាសនារបស់មនុស្សម្ដេចកើត? វាសនារបស់មនុស្សត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ ហើយការងារអ្វីដែលកូនៗរបស់ខ្ញុំអាចធ្វើនៅពេលអនាគត ព្រមទាំងសេចក្ដីសង្ឃឹមរបស់ពួកគេបែបណា គឺអាស្រ័យលើព្រះជាម្ចាស់។ សាតាំងគ្មានការត្រួតត្រាលើអ្វីៗទាំងនេះឡើយ»។ ដោយគិតអំពីរឿងនេះ នោះខ្ញុំអាចឃើញកាន់តែច្បាស់ថា សាតាំង និងអារក្សគួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់បែបណា។ ដូច្នេះដើម្បីបង្ខំខ្ញុំឱ្យបដិសេធព្រះជាម្ចាស់ និងមិនទទួលស្គាល់ព្រះជាម្ចាស់ នោះវាកំពុងតែប្រើប្រាស់វិធីសាស្ត្រដ៏ថោកទាប និងមានល្បិចកល ដែលជាល្បែងគំនិតទាំងនេះ ដើម្បីទាក់ទាញខ្ញុំឱ្យធ្លាក់ទៅក្នុងការបោកបញ្ឆោត។ បើមិនមែនដោយសារតែការបំភ្លឺ និងការដឹកនាំទាន់ពេលវេលារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ នោះខ្ញុំត្រូវបានសាតាំងបោះ និងចាប់ជាចំណាប់ខ្មាំងទៅហើយ។ ពេលនេះ ដោយសារខ្ញុំបានដឹងថា សាតាំងអាក្រក់ និងគួរឱ្យស្អប់បែបណា នោះភាពជឿជាក់របស់ខ្ញុំក្នុងការមិនចុះចាញ់ចំពោះល្បិចកលបោកបញ្ឆោតរបស់វា ត្រូវបានពង្រឹង។ នៅទីបញ្ចប់ ប៉ូលិសអាក្រក់វង្វេង ហើយមិនដឹងធ្វើអ្វីទៀតឡើយ ដូច្នេះហើយគាត់ក៏បានចាកចេញទៅទាំងអស់កម្លាំងចិត្ត។
នៅថ្ងៃទីបី មេកងប៉ូលិសឧក្រិដ្ឋកម្ម បានឃើញថា ពួកគេមិនទទួលបានព័ត៌មានចេញពីខ្ញុំ ហើយខឹង ដោយរអ៊ូរទាំអំពីកូនចៅរបស់គាត់ដែលគ្មានសមត្ថភាព។ គាត់បានមករកខ្ញុំ ហើយជាមួយនឹងស្នាមញញឹមដែលខំប្រឹងធ្វើពុត នោះគាត់បាននិយាយយ៉ាងរិះគន់ថា «ហេតុអ្វីបានជានាងនៅមិនទាន់ជម្រះនៅឡើយ? តើនាងគិតថានាងជានរណា លុយ ហ៊ូឡាន? នាងគិតថា ពួកយើងបានធ្វើរឿងអាក្រក់របស់ពួកយើងអស់ហើយ ដូច្នេះនាងមិនខ្លាច ហ៎ាស? ម៉េចបានជាព្រះដ៏មានគ្រប់ព្រះចេស្ដារបស់នាងមិនមក ហើយសង្គ្រោះនាង?» ខណៈពេលដែលគាត់បាននិយាយ គាត់បានធ្វើឱ្យខ្ញុំភ័យខ្លាច ដោយការគ្រវីដំបងឆក់តូចមួយនៅពីមុខភ្នែកខ្ញុំ ដែលឮសូរប្រឹបៗ និងមានពន្លឺពណ៌ខៀវ ក្រោយមកគាត់បានចង្អុលទៅដំបងឆក់ដ៏ធំដែលកំពុងបញ្ចូលភ្លើង ហើយគំរាមខ្ញុំដោយនិយាយថា «តើនាងឃើញទេ? ដំបងតូចនេះនឹងអស់ភ្លើងហើយ។ បន្តិចទៀត ខ្ញុំនឹងប្រើដំបងធំដែលទើបតែបញ្ចូលភ្លើងពេញនោះ ដើម្បីឆក់នាង ហើយពេលនោះពួកយើងនឹងមើល ថានាងនិយាយឬអត់! ខ្ញុំដឹងថា ក្រោយមកនាងនឹងចាប់ផ្ដើមនិយាយ!» ខ្ញុំសម្លឹងមើលដំបងធំ ហើយខ្ញុំគ្មានអ្វីក្រៅពីចាប់ផ្ដើមភ័យខ្លាចឡើយ៖ « ប៉ូលិសអាក្រក់នេះសាហាវ និងគួរឱ្យខ្លាចណាស់។ តើទីបំផុត គាត់នឹងសម្លាប់ខ្ញុំឬ? តើខ្ញុំនឹងអាចអត់ទ្រាំនឹងការធ្វើទារុណកម្មនេះទេ? តើខ្ញុំនឹងត្រូវបានឆក់ឱ្យស្លាប់ឬ? នៅពេលនោះ ភាពទន់ខ្សោយ ភាពកំសាក និងការឈឺចាប់ ព្រមទាំងភាពគ្មានទីពឹងដែលខ្ញុំមានអារម្មណ៍ទាំងអស់ សុទ្ធតែជន់លិចគំនិតរបស់ខ្ញុំ។ ខ្ញុំប្រញាប់ស្រែករកព្រះជាម្ចាស់៖ «ឱ! ព្រះជាម្ចាស់អើយ! សូមការពារទូលបង្គំ និងប្រទានសេចក្ដីជំនឿ ព្រមទាំងកម្លាំងដល់ទូលបង្គំផង»។ បន្ទាប់មក ទំនុកសរសើរពីរបីឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចូលមកក្នុងគំនិតរបស់ខ្ញុំ៖ «សេចក្ដីជំនឿប្រៀបបាននឹងស្ពានដ៏វែងមួយ៖ អ្នកណាដែលជាប់ស្អិតនឹងជីវិតយ៉ាងឥតបានការ នឹងមានការលំបាកក្នុងការឆ្លងកាត់វា ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាខ្លួន អាចឆ្លងកាត់ មានជំហររឹងមាំ និងមិនមានការព្រួយបារម្ភឡើយ។ ប្រសិនបើមនុស្សមានគំនិតភ័យខ្លាច និងកំសាក គឺដោយសារតែសាតាំងបានបំភាន់ពួកគេ ដោយខ្លាចថាពួកយើងនឹងឆ្លងស្ពាននៃសេចក្ដីជំនឿចូលទៅក្នុងព្រះជាម្ចាស់» («ទីចាប់ផ្ដើមនៃជំងឺគឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ព្រះបន្ទូលទាំងនេះរបស់ព្រះអម្ចាស់យេស៊ូវ ក៏បានចូលមកក្នុងគំនិតរបស់ខ្ញុំដែរ៖ «ហើយមិនត្រូវភ័យខ្លាចំពោះអ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ៖ តែត្រូវកោតខ្លាចទ្រង់ដែលអាចបំផ្លាញទាំងព្រលឹង និងរូបកាយរបស់អ្នកនៅក្នុងស្ថាននរកវិញ» (ម៉ាថាយ ១០:២៨)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបណ្ដាលឱ្យខ្ញុំស្រក់ទឹកភ្នែក ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ កម្លាំងនៅក្នុងចិត្តរបស់ខ្ញុំគឺដូចភ្លើងកំពុងឆេះអ៊ីចឹង។ ខ្ញុំបានគិតថា «ទោះបីជាខ្ញុំស្លាប់នៅថ្ងៃនេះក៏ដោយ» «តើខ្លាចបានប្រយោជន៍អ្វី? វាគឺជារឿងដ៏មានសិរីល្អក្នុងការស្លាប់ដើម្បីព្រះជាម្ចាស់ ហើយខ្ញុំនឹងលះបង់គ្រប់យ៉ាង ដើម្បីតយុទ្ធជាមួយសាតាំងរហូតដល់ស្លាប់!» ស្រាប់តែពេលនោះ ទំនុកសរសើរពីរបីឃ្លាទៀតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចូលមកក្នុងចិត្តគំនិតរបស់ខ្ញុំ៖ «តាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូវមានព្រះទ័យក្រៀមក្រំជាខ្លាំង ដូចជាកាំបិតកំពុងចាក់ចូលទៅក្នុងព្រះទ័យរបស់ទ្រង់ តែទ្រង់មិនមានបំណងងាកបែរពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែបន្តិច។ តែងតែមានកម្លាំងដ៏មានអានុភាពដែលបង្ខំឲ្យទ្រង់ឆ្ពោះទៅកន្លែងដែលទ្រង់នឹងត្រូវគេឆ្កាង។ នៅទីបំផុត ទ្រង់ត្រូវបានគេដំដែកគោលជាប់នឹងឈើឆ្កាង ហើយត្រឡប់ដូចជាសាច់ឈាមដ៏មានបាបដែលបំពេញកិច្ចការនៃការប្រោសលោះរបស់មនុស្ស។ ទ្រង់បានផ្ដាច់ច្រវាក់នៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង។ នៅចំពោះទ្រង់សេចក្តីស្លាប់ ស្ថាននរក និងស្ថានឃុំព្រលឹង បានបាត់បង់អំណាចរបស់វា ហើយត្រូវបានទ្រង់យកឈ្នះរួចទៅហើយ» («ចូរយកតម្រាប់តាមព្រះអម្ចាស់យេស៊ូវ» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំបានច្រៀងហើយច្រៀងទៀតនៅក្នុងចិត្តរបស់ខ្ញុំ ហើយទឹកភ្នែកស្រក់ចុះពីថ្ពាល់របស់ខ្ញុំឥតឈប់ឈរ។ រូបភាពនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទត្រូវបានគេឆ្កាង បានសម្ដែងនៅខាងមុខភ្នែករបស់ខ្ញុំ៖ ព្រះអម្ចាស់យេស៊ូវ ត្រូវបានគេចំអក ជេរប្រមាថ និងបង្កាច់បង្ខូចដោយពួកផារិស៊ី ពេជ្ឈឃាតបានវាយទ្រង់នឹងរំពាត់ចុងសំណ រហូតដល់ទ្រង់ពេញដោយស្នាមមុត និងរបួស រហូតដល់ទីបញ្ចប់ ទ្រង់ត្រូវបានគេដំដែកគោលយ៉ាងឃោរឃៅទៅលើឈើឆ្កាង តែទ្រង់មិនដែលបញ្ចេញព្រះសូរសៀងឡើយ។ គ្រប់យ៉ាងដែលព្រះអម្ចាស់យេស៊ូវបានឆ្លងកាត់ គឺត្រូវបានរងទុក្ខដើម្បីជាប្រយោជន៍នៃក្ដីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិ ហើយសេចក្ដីស្រឡាញ់នេះបានយកឈ្នេះសេចក្ដីស្រឡាញ់ សម្រាប់ជីវិតរបស់ទ្រង់ផ្ទាល់។ នៅពេលនោះ ចិត្តរបស់ខ្ញុំត្រូវបានជំរុញ និងរំជួលដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយខ្ញុំពេញដោយកម្លាំង និងសេចក្ដីជំនឿយ៉ាងធំធេង។ ខ្ញុំគ្មានអារម្មណ៍ភ័យខ្លាចអ្វីឡើយ ហើយខ្ញុំមានអារម្មណ៍ដូចជា ការស្លាប់ដើម្បីព្រះជាម្ចាស់នឹងក្លាយជាសិរីល្អអ៊ីចឹង ខណៈដែលការក្លាយជាយូដាស នឹងក្លាយជាភាពអាម៉ាស់ដ៏ធំ។ គួរឱ្យភ្ញាក់ផ្អើលចំពោះខ្ញុំ នៅពេលដែលខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទោះបីជាត្រូវបង់ថ្លៃជីវិតក៏ដោយ នោះប៉ូលិសអាក្រក់បានរត់ចូលមកក្នុងបន្ទប់ ដោយនិយាយថា «មានបញ្ហានៅកន្លែងចំណុចប្រសព្វនៅទីក្រុងហើយ ពួកយើងត្រូវតែប្រមូលកម្លាំងប៉ូលិសដើម្បីបង្ក្រាបវា ហើយរក្សាសណ្ដាប់ធ្នាប់សាធារណៈ! » ប៉ូលិសអាក្រក់បានប្រញាប់ចាកចេញទៅ។ នៅពេលដែលគាត់ត្រឡប់មកវិញ វាយប់ជ្រៅហើយ ហើយពួកគេគ្មានកម្លាំងដើម្បីសួរចម្លើយខ្ញុំតទៅទៀតឡើយ។ ពួកគេបាននិយាយយ៉ាងកាចសាហាវមកកាន់ខ្ញុំថា «ដោយសារតែនាងមិននិយាយ នោះពួកយើងនឹងបញ្ជូននាងទៅកាន់មន្ទីរឃុំឃាំង!» នៅព្រឹកថ្ងៃទីបួន ប៉ូលិសអាក្រក់បានថតរូបខ្ញុំ ហើយព្យួរស្លាកបួនជ្រុងយ៉ាងធំនៅករបស់ខ្ញុំ ដោយយកជក់សរសេរឈ្មោះខ្ញុំនៅលើស្លាកនោះ។ ខ្ញុំប្រៀបដូចជាជនឧក្រិដ្ឋដែលត្រូវបានថ្កោលទោសអ៊ីចឹង ដែលត្រូវបានប៉ូលិសសើចចំអក និងបញ្ចើចបញ្ចើ។ ខ្ញុំមានអារម្មណ៍ដូចខ្ញុំត្រូវទទួលការប្រមាថដ៏ធំធេងអ៊ីចឹង ហើយខ្ញុំមានអារម្មណ៍ទន់ខ្សោយខ្លាំងណាស់នៅខាងក្នុង។ ខ្ញុំបានដឹងថា សភាពគំនិតរបស់ខ្ញុំមិនត្រឹមត្រូវទេ ដូច្នេះហើយខ្ញុំប្រញាប់ហៅរកព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្តថា៖ «ឱ! ព្រះជាម្ចាស់អើយ! សូមការពារចិត្តទូលបង្គំ និងធ្វើឱ្យទូលបង្គំអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងមិនធ្លាក់ជាចំណីនៃល្បិចកលបោកបញ្ឆោតរបស់សាតាំង»។ បន្ទាប់ពីអធិស្ឋានរួច ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនបានលេចមកក្នុងចិត្តគំនិតរបស់ខ្ញុំ៖ «អ្នកគឺជាភាវៈដែលត្រូវបានបង្កើតមក ដូច្នេះ អ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ បើអ្នកមិនថ្វាយបង្គំព្រះជាម្ចាស់ តែបែរជារស់នៅក្នុងសាច់ឈាមដ៏ស្មោកគ្រោករបស់អ្នកវិញ តើអ្នកមិនមែនជាសត្វតិរច្ឆាននៅក្នុងរូបប្រាណជាមនុស្សទេឬ? ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ ... អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឲ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?» («ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំយល់ថា ការអាចតាមរកសេចក្ដីពិតក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក និងការរស់នៅដើម្បីថ្វាយបង្គំព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ គឺជាជីវិតដ៏មានតម្លៃ និងមានន័យ។ នៅថ្ងៃនេះ ការអាចត្រូវបានចាប់ខ្លួន និងឃុំខ្លួនដោយសារជំនឿលើព្រះជាម្ចាស់ ការត្រូវរងទុក្ខនូវរាល់ការប្រមាថ និងការឈឺចាប់ទាំងអស់ និងការអាចចែករំលែកទុក្ខវេទនារបស់ព្រះគ្រីស្ទ មិនមែនជារឿងដែលអាម៉ាស់ឡើយ ប៉ុន្តែជារឿងដែលប្រកបដោយសិរីល្អ។ សាតាំងមិនថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាធ្វើអ្វីគ្រប់យ៉ាងដែលវាអាចធ្វើបាន ដើម្បីរំខាន និងរារាំងកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលគួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់បំផុត។ ដោយគិតអំពីគំនិតទាំងនេះ ខ្ញុំពេញដោយកម្លាំង និងអំណរ។ ប៉ូលិសអាក្រក់បានឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់ខ្ញុំ ហើយបានសម្លឹងខ្ញុំដោយភាពស្រឡាំងកាំង ហើយបាននិយាយថា «តើនាងសប្បាយចិត្តរឿងអី?» ខ្ញុំបានតបយ៉ាងសមហេតុផល និងយ៉ាងខ្លាំងថា «វាជារឿងសមហេតុផលក្នុងការជឿលើព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់។ ការធ្វើបែបនោះ ពិតជាគ្មានអ្វីខុសឡើយ។ ម៉េចបានជាខ្ញុំមិនសប្បាយចិត្តទៅកើត?» ដោយឮពាក្យទាំងនេះ ពួកគេមិនបាននិយាយអ្វីឡើយ។ នៅក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំអាចពឹងពាក់លើព្រះជាម្ចាស់ម្ដងទៀត ដើម្បីយកឈ្នះសាតាំង។
ក្រោយមកខ្ញុំត្រូវបាននាំយកទៅដាក់នៅមន្ទីរឃុំឃាំង។ គ្រប់យ៉ាងនៅកន្លែងនោះកាន់តែអាប់អួរ និងគួរឱ្យខ្លាច ហើយខ្ញុំមានអារម្មណ៍ដូចខ្ញុំចុះមកក្នុងនរកអ៊ីចឹង។ រាល់ពេលហូបអាហារម្ដងៗ ខ្ញុំទទួលបាននំប៉័ងចំហុយពណ៌ខ្មៅតូចមួយដុំ និងទឹកស៊ុបថ្លាមួយចានដែលមានស្លឹកស្ពៃតឿពីរបីទងអណ្ដែតនៅខាងលើ។ ជារៀងរាល់ថ្ងៃ ខ្ញុំឃ្លានខ្លាំងណាស់ ក្រពះរបស់ខ្ញុំស្រែករកអាហារ។ ទោះបីជាបែបនេះក៏ដោយ ក៏ខ្ញុំនៅតែត្រូវធ្វើកិច្ចការដូចជាសត្វផ្ទុកទំនិញអ៊ីចឹង ហើយបើខ្ញុំមិនបំពេញឱ្យគ្រប់តាមចំនួនកំណត់ទេ នោះខ្ញុំនឹងត្រូវបានវាយ ឬឈរយាមជាការដាក់ទោស។ ដោយសារតែប៉ូលិសអាក្រក់បានធ្វើទារុណកម្មខ្ញុំយ៉ាងឃោរឃៅអស់រយៈពេលពីរបីថ្ងៃ នោះខ្ញុំមានស្នាមជាំ និងរបួសរួចហើយ ចាប់ពីក្បាលដល់ចុងជើង ហើយសូម្បីតែដើរក៏ពិបាកដែរ ប៉ុន្តែមន្ត្រីកែប្រែនៅតែបង្ខំខ្ញុំឱ្យលើកលួសទង់ដែងដ៏ធ្ងន់ៗដដែល។ ដោយសារតែធ្វើកិច្ចការធ្ងន់ នោះខ្នងដែលមានរបួសរបស់ខ្ញុំបានឈឺចាប់ទ្រាំមិនបាន ហើយគ្រប់យ៉ាងដែលខ្ញុំអាចធ្វើនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ គឺលូនទៅកាន់គ្រែរបស់ខ្ញុំ។ ក្រៅពីនេះ មន្ត្រីកែប្រែអាក្រក់ បានឱ្យខ្ញុំឈរយាមនៅពេលយប់ ហើយការណ៍នេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍អស់កម្លាំងខ្លាំងណាស់។ នៅយប់មួយ ខណៈដែលខ្ញុំកំពុងបំពេញភារកិច្ចយាម នោះខ្ញុំបានឆ្លៀតឱកាសដែលមន្ត្រីកែប្រែមិននៅ ហើយក្រាបចុះយ៉ាងលាក់លៀម ដោយសង្ឃឹមថាបានសម្រាក។ ទោះបីជាយ៉ាងណាក៏ដោយ ជារឿងដែលមិននឹកស្មាន ដែលមន្ត្រីកែប្រែអាក្រក់នោះបានឃើញខ្ញុំនៅតាមកញ្ចក់ទូរទស្សន៍នៅក្នុងបន្ទប់កាំម៉េរ៉ាសុវត្ថិភាព ហើយប្រញាប់រត់មករកខ្ញុំ ដោយស្រែកបង្គាប់ថា «នរណាប្រាប់ឱ្យនាងអង្គុយចុះ?» អ្នកជាប់គុកម្នាក់បានខ្សឹបប្រាប់ខ្ញុំថា «ប្រញាប់សុំទោសគាត់ទៅ បើមិនដូច្នោះទេ គាត់នឹងឱ្យនាងដេកនៅគ្រែឈើហើយ» ការនិយាយនេះ គឺគាត់សំដៅលើការធ្វើទារុណកម្មនៅកន្លែងដែលទូទ្វារឈើត្រូវបានគេយកធ្វើបន្ទប់របស់អ្នកទោស ជើងរបស់អ្នកទោសត្រូវបានដាក់ច្រវាក់ជាប់នឹងវា ហើយកដៃរបស់ពួកគេត្រូវបានចងនឹងទូនោះ។ ក្រោយមកអ្នកទោសត្រូវបានចង់ភ្ជាប់នឹងទូនោះ ហើយពួកគេមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ទីរយៈពេលពីរសប្ដាហ៍។ ដោយឮបែបនេះ ខ្ញុំពេញដោយកំហឹងផង និងការស្អប់ផង ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំមិនអាចបង្ហាញការរឹងទទឹងបន្តិចឡើយ។ គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺលេបកំហឹងរបស់ខ្ញុំទុក។ ខ្ញុំបានរកឃើញថា ការធ្វើបាប និងការធ្វើទារុណកម្មបែបនេះពិបាកទ្រាំណាស់។ នៅយប់នោះ ខ្ញុំបានដេកនៅលើគ្រែដ៏ត្រជាក់របស់ខ្ញុំ ដោយយំដាក់ភាពអយុត្តិធម៌ទាំងអស់ ចិត្តរបស់ខ្ញុំពេញដោយការរអ៊ូរទាំ និងការទាមទារចំពោះព្រះជាម្ចាស់ ដោយគិតថា៖ «តើបញ្ហានេះពេលណាចប់ទៅ? គ្រាន់តែមួយថ្ងៃនៅក្នុងទីកន្លែងនរកនេះ គឺមួយថ្ងៃច្រើនដងពេកហើយ»។ ក្រោយមក ខ្ញុំបានគិតឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកយល់អំពីខ្លឹមសារសំខាន់នៃជីវិតមនុស្ស និងបានជ្រើសរើសផ្លូវត្រឹមត្រូវនៃជីវិតមនុស្ស ហើយប្រសិនបើទៅអនាគត អ្នកចុះចូលនឹងការរៀបចំរបស់ទ្រង់ដោយគ្មានការរអ៊ូរទាំ ឬចុះចូលនឹងជម្រើសណាមួយ មិនថាព្រះជាម្ចាស់ប្រព្រឹត្តដាក់អ្នកដោយបែបណានោះទេ ហើយប្រសិនបើអ្នកមិនបានធ្វើការទាមទារណាមួយពីព្រះជាម្ចាស់ទេ ក្នុងលក្ខណៈបែបនេះ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានតម្លៃ» («របៀបដែលអ្នកគប្បីដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំអាម៉ាស់ចំពោះខ្លួនឯង។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំតែងតែបាននិយាយថា ខ្ញុំនឹងស្វះស្វែងស្ដាប់បង្គាប់ព្រះជាម្ចាស់ដូចពេត្រុស មិនថាការឈឺចាប់ និងការលំបាកធំធេងបែបណាឡើយ ហើយថាខ្ញុំនឹងមិនសម្រេចចិត្ត ឬទាមទារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលការធ្វើទុក្ខបុកម្នេញ និងការលំបាកបានកើតឡើងចំពោះខ្ញុំ ហើយខ្ញុំត្រូវតែរងទុក្ខ និងបង់ថ្លៃ នោះខ្ញុំបានព្យាយាមគិតអំពីច្រកចេញទៅវិញ។ ខ្ញុំគ្មានការស្ដាប់បង្គាប់ទាល់តែសោះ! មានតែដូច្នោះទេ ទើបទីបំផុត ខ្ញុំបានយល់ពីបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យសេចក្ដីទុក្ខនេះកើតឡើងចំពោះខ្ញុំ ដើម្បីលត់ដំការតាំងចិត្តរបស់ខ្ញុំក្នុងការអត់ទ្រាំនឹងការរងទុក្ខ និងដើម្បីអនុញ្ញាតឱ្យខ្ញុំរៀនពីវិធីដើម្បីស្ដាប់បង្គាប់នៅក្នុងការរងទុក្ខរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈសម្បត្តិក្នុងការទទួលបានសេចក្ដីសន្យារបស់ទ្រង់។ គ្រប់យ៉ាងដែលព្រះជាម្ចាស់កំពុងធ្វើចំពោះខ្ញុំ គឺត្រូវបានធ្វើដោយកើតចេញពីសេចក្ដីស្រឡាញ់ ហើយវាត្រូវបានធ្វើដើម្បីសង្គ្រោះខ្ញុំ។ បន្ទាប់មក ចិត្តរបស់ខ្ញុំមានសេរីភាព ហើយខ្ញុំលែងមានអារម្មណ៍ខុសឆ្គង ឬឈឺចាប់ទៀតហើយ។ គ្រប់យ៉ាងដែលខ្ញុំចង់បាន គឺដើម្បីចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ដើម្បីឈរធ្វើបន្ទាល់ និងបំបាក់មុខសាតាំង។
មួយខែក្រោយមក ខ្ញុំត្រូវបានដោះលែង។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពិតជាបានចាត់ទុកខ្ញុំជាអ្នកមានទោសពីបទ «រំខានដល់ការអនុវត្តច្បាប់ និងចូលរួមក្នុងអង្គការ ស៊ី ចៀវ» ដើម្បីរឹតត្បិតសេរីភាពផ្ទាល់ខ្លួនរបស់ខ្ញុំ។ អស់រយៈពេលមួយឆ្នាំ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីក្រុង ឬខេត្តរបស់ខ្ញុំឡើយ ហើយខ្ញុំត្រូវតែធ្វើតាមបញ្ជារបស់ ហើយឆ្លើយតបនឹងប៉ូលិសជានិច្ចនៅពេលដែលពួកគេចង់បានពីខ្ញុំ។ មានតែបន្ទាប់ពីខ្ញុំបានត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ ទើបខ្ញុំរកឃើញថា របស់របរទាំងអស់ដែលខ្ញុំបានរក្សាទុកនៅផ្ទះ ត្រូវបានប៉ូលិសឆក់ប្លន់ និងយកទៅ។ ក្រៅពីនេះ ប៉ូលិសអាក្រក់បានរុះរើផ្ទះខ្ញុំដូចជាចោរព្រៃអ៊ីចឹង ហើយបានគំរាមគ្រួសាររបស់ខ្ញុំ ដោយនិយាយថា គ្រួសារខ្ញុំត្រូវតែប្រគល់លុយ ២៥.០០០ យ័ន មុនពេលដែលពួកគេដោះលែងខ្ញុំ។ ម្ដាយក្មេករបស់ខ្ញុំមិនអាចអត់ទ្រាំនឹងកាភ័យខ្លាចនៃរឿងទាំងអស់នេះបាន ហើយគាត់បានគាំងបេះដូង និងបានធូរស្រាលបន្ទាប់ពីត្រូវបានព្យាបាលនៅមន្ទីរពេទ្យប៉ុណ្ណោះ ដោយត្រូវចំណាយ ២.០០០ យ័ន។ នៅទីបញ្ចប់ គ្រួសាររបស់ខ្ញុំត្រូវបង្ខំចិត្តសុំខ្ចីលុយពីគ្រប់គ្នាដែលពួកគេស្គាល់ ដូច្នេះពួកគេអាចផ្សែផ្សំលុយបាន ៣.០០០ យ័ន យកទៅឱ្យប៉ូលិស ហើយមានតែពេលនោះទេ ទើបខ្ញុំត្រូវបានដោះលែង។ ដោយសារតែទារុណកម្មដ៏សាហាវដែលប៉ូលិសអាក្រក់បានធ្វើចំពោះខ្ញុំ នោះរាងកាយរបស់ខ្ញុំនៅតែរងទុក្ខដោយផលប៉ះពាល់ដែលតាមមកដ៏ធ្ងន់ធ្ងរ៖ ដៃ និងជើងរបស់ខ្ញុំតែងតែហើម ហើយឈឺចាប់ដោយសារតែការសង្កត់អំឡុងពេលជាប់ពន្ធនាគារ។ ខ្ញុំថែមទាំងមិនអាចលើកបន្លែទម្ងន់ពីរគីឡូកន្លះ ឬបោកសម្លៀកបំពាក់របស់ខ្ញុំទៀតផង ហើយខ្ញុំបាត់បង់សមត្ថភាពធ្វើការទាំងស្រុង។
បទពិសោធន៍នៃការត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញនោះ បានផ្ដល់នូវការយល់ឃើញដ៏ច្បាស់អំពីបក្សកុម្មុយនីស្ដ អំពីមុខមាត់បែបអារក្ស និងអាក្រក់របស់វា ដែលស្អប់សេចក្ដីពិត និងស្អប់ព្រះជាម្ចាស់។ វាបានដាស់ការស្អប់ខ្ពើមរបស់ខ្ញុំចំពោះសាតាំង និងចំពោះបក្សកុម្មុយនីស្ដចិនដ៏កំណាច និងបែបអារក្ស ដែលធ្វើផ្ទុយទាំងស្រុងទៅនឹងស្ថានសួគ៌។ ខ្ញុំក៏មានបទពិសោធន៍ផ្ទាល់ខ្លួនដ៏ពិតប្រាកដថា កិច្ចការរបស់ព្រះជាម្ចាស់ប្រកបដោយប្រាជ្ញាញាណ និងជាក់ស្ដែងបែបណាដែរ។ ការត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញដោយបក្សកុម្មុយនីស្ដបានអភិវឌ្ឍសុភវិនិច្ឆ័យរបស់ខ្ញុំ។ វាក៏បានលត់ដំការតាំងចិត្តរបស់ខ្ញុំ និងធ្វើឱ្យសេចក្ដីជំនឿរបស់ខ្ញុំគ្រប់លក្ខណ៍ផងដែរ ដោយអនុញ្ញាតឱ្យខ្ញុំរៀនពីវិធីដើម្បីសម្លឹងរក និងពឹងពាក់លើព្រះជាម្ចាស់។ ខ្ញុំក៏បានភ្លក់នូវព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ដោយឃើញថាព្រះចេស្ដា និងសិទ្ធិអំណាចនោះអាចជាប្រភពនៃជំនួយដែលតែងតែនៅជិតពួកយើង។ ខ្ញុំបានឃើញថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលស្រឡាញ់មនុស្ស ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចសង្គ្រោះមនុស្សបាន។ ខ្ញុំកាន់តែទៅជិតព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំប្រមូលផលទាំងអស់នៃរង្វាន់ទាំងនេះពីការឆ្លងកាត់ការលំបាក និងការល្បងល។ ខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់!