៧៤. តើការស្មោះត្រង់ចំពោះអ្នកដទៃគឺជាការធ្វើជាមនុស្សល្អឬ?
នៅឆ្នាំ ២០១២ ពេលដែលខ្ញុំធ្វើជាអ្នកដឹកនាំពួកជំនុំ ចឹង ស៊ីន បានអូសទាញ និងបំភាន់បងប្អូនប្រុសស្រីមួយចំនួន ដើម្បីគាត់អាចដណ្ដើមតំណែងជាអ្នកដឹកនាំ ដោយវិនិច្ឆ័យខ្ញុំថាជាអ្នកដឹកនាំក្លែងក្លាយ ហើយអំពាវនាវឱ្យដកខ្ញុំចេញ ដែលបណ្ដាលឱ្យមានភាពច្របូកច្របល់នៅក្នុងពួកជំនុំ។ នៅពេលនោះ វ៉ាង ឆិន បានកត់សម្គាល់ឃើញនូវអ្វីដែលកំពុងកើតឡើង ហើយបានរាយការណ៍ប្រាប់ខ្ញុំភ្លាមៗ ហើយពួកយើងក៏បានប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ដើម្បីមើលធ្លុះ និងវែកញែកអំពីលក្ខណៈនៃទង្វើរបស់ ចឹង ស៊ីន។ បងប្អូនប្រុសស្រីបានមើលធ្លុះ ចឹង ស៊ីន ហើយទីបំផុត ភាពច្របូកច្របល់នៅក្នុងពួកជំនុំក៏បានស្ងប់ទៅវិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំមានចិត្តដឹងគុណដល់ វ៉ាង ឆិន។ បើគ្មានជំនួយរបស់គាត់ក្នុងការបញ្ចប់ភាពច្របូកច្របល់នេះទេ ខ្ញុំពិតជាអាចនឹងត្រូវគេគាបសង្កត់ និងធ្វើបាប ត្រូវបានគេដកចេញពីតួនាទី និងបាត់បង់ភារកិច្ចរបស់ខ្ញុំជាមិនខាន។ នៅឆ្នាំ ២០១៩ ខ្ញុំនិងភរិយាត្រូវបានប៉ូលិសតាមចាប់ខ្លួន ហើយមិនអាចប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីបានឡើយ ដោយបាត់បង់ទំនាក់ទំនងជាមួយពួកជំនុំ។ រហូតដល់ឆ្នាំ ២០២១ ទើបបងប្អូនប្រុសស្រីបានទាក់ទងមកខ្ញុំ ហើយបានផ្ទេរខ្ញុំទៅកាន់ពួកជំនុំមួយផ្សេងទៀត។ អ្នកដឹកនាំពួកជំនុំដែលបានមកទទួលពួកយើងនៅពេលនោះ គឺគ្មាននរណាក្រៅពី វ៉ាង ឆិន ឡើយ ហើយគាត់បានរៀបចំឱ្យពួកយើងចូលរួមការជួបជុំ និងចាប់ផ្ដើមបំពេញភារកិច្ចរបស់យើង។ ការដឹងគុណរបស់ខ្ញុំចំពោះគាត់កាន់តែជ្រាលជ្រៅថែមទៀត ហើយខ្ញុំមានអារម្មណ៍ថា គាត់មានគុណចំពោះខ្ញុំ។ ខ្ញុំបានចាត់ទុកគាត់ដូចជាសមាជិកគ្រួសារ ដោយគិតក្នុងចិត្តថា «ខ្ញុំមិនដឹងថា ខ្ញុំអាចអរគុណគាត់ចំពោះរឿងនេះដោយរបៀបណាទេ។ ខ្ញុំត្រូវតែសងគុណគាត់ឱ្យបានត្រឹមត្រូវ នៅពេលដែលខ្ញុំមានឱកាស»។
ក្រោយមក ខ្ញុំត្រូវបានគេរើសតាំងជាអ្នកដឹកនាំពួកជំនុំ ហើយត្រូវបានដាក់ឱ្យសហការជាមួយ វ៉ាង ឆិន និង ឆិន ម៉ូ។ មួយរយៈក្រោយមក ខ្ញុំបានកត់សម្គាល់ឃើញថា វ៉ាង ឆិន តែងតែវិភាគលើមនុស្ស និងរឿងរ៉ាវហួសហេតុ ហើយចូលចិត្តបង្កបញ្ហា។ គាត់បានទាស់ទែងជាមួយ ឆិន ម៉ូ ហើយមិនដែលឆ្លុះបញ្ចាំង ឬព្យាយាមស្គាល់ខ្លួនឯងឡើយ ហើយគាត់ថែមទាំងបានផ្សព្វផ្សាយពីការរើសអើង និងការមិនពេញចិត្តរបស់គាត់ចំពោះ ឆិន ម៉ូ នៅក្នុងពេលជួបជុំ ទៀតផង ដែលបណ្ដាលឱ្យបងប្អូនប្រុសស្រីជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនោះ ដោយចូលដៃជាមួយគាត់ និងវិនិច្ឆ័យ ឆិន ម៉ូ។ លើសពីនេះទៅទៀត គាត់មិនដែលអនុវត្តសេចក្ដីពិតឡើយ ដោយតែងតែប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដោយផ្អែកលើទស្សនៈវិជ្ជាសម្រាប់ការរស់នៅ។ នៅពេលដែលបងប្អូនប្រុសស្រីជួបការលំបាកនៅក្នុងភារកិច្ចរបស់ពួកគេ គាត់មិនបានប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះទេ តែបែរជាគិតគូរដល់សាច់ឈាមរបស់ពួកគេជានិច្ច ហើយប្រាប់ពួកគេកុំឱ្យតឹងរ៉ឹងចំពោះខ្លួនឯងពេក ដែលបណ្ដាលឱ្យពួកគេបណ្ដែតបណ្ដោយ និងសម្របតាមភាពទន់ខ្សោយរបស់ខ្លួន។ ខ្ញុំក៏បានកត់សម្គាល់ឃើញដែរថា វ៉ាង ឆិន កម្រនឹងសួរនាំ ឬពិនិត្យមើលការងារណាស់ ហើយគាត់មិនបានដោះស្រាយបញ្ហាឡើយ នៅពេលដែលគាត់បានរកឃើញវា។ ប្រសិនបើអ្នកជឿថ្មីមិនអាចមកចូលរួមការជួបជុំបាន គាត់មិនបានយកចិត្តទុកដាក់ឡើយ។ គាត់មិនបានរៀបចំអ្នកធ្វើការខាងផ្សាយដំណឹងល្អឱ្យបានត្រឹមត្រូវទេ ហើយដើម្បីទប់ទល់ជាមួយអ្នកដឹកនាំថ្នាក់លើ គាត់បានប្រើល្បិចកល និងកុហកអ្នកដែលនៅពីលើគាត់ ខណៈពេលដែលលាក់បាំងរឿងរ៉ាវពីអ្នកដែលនៅខាងក្រោមគាត់។ នៅពេលដែលបងប្អូនប្រុសស្រីចង្អុលបង្ហាញពីបញ្ហារបស់គាត់ គាត់មិនព្រមទទួលយកឡើយ ដោយបង្កើតលេសផ្សេងៗ និងព្យាយាមដោះសារការពារខ្លួន។ គាត់ថែមទាំងបានបញ្ចេញភាពអវិជ្ជមាននៅក្នុងចំណោមបងប្អូនប្រុសស្រីទៀតផង ដោយនិយាយថា គាត់បានរងទុក្ខជាច្រើននៅក្នុងភារកិច្ចរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយមិនទទួលបានអ្វីសោះ ហើយថា វាប្រហែលជាប្រសើរជាងក្នុងការមិនជឿលើព្រះជាម្ចាស់ ហើយងាកទៅរកការសោយសុខនឹងជីវិតសាច់ឈាមក្នុងលោកីយ៍វិញ។ នៅពេលនោះ អ្នកជឿថ្មីមួយចំនួនមិនអាចមើលធ្លុះគាត់ ហើយត្រូវបានបំភាន់ ដោយលែងចង់បំពេញភារកិច្ចរបស់ពួកគេតទៅទៀត។ ក្នុងអំឡុងពេលនោះ វ៉ាង ឆិន បានរំខានដល់ជីវិតពួកជំនុំជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់បងប្អូនប្រុសស្រីទាំងអស់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ នៅពេលនោះ អ្នកដឹកនាំថ្នាក់លើបានដឹងថា វ៉ាង ឆិន គឺជាអ្នកដឹកនាំក្លែងក្លាយម្នាក់ ដែលមិនធ្វើការងារពិតប្រាកដ ហើយបានត្រៀមខ្លួនដកហូតតំណែងគាត់។ ប៉ុន្តែតាមរយៈការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយ វ៉ាង ឆិន ខ្ញុំបានដឹងថា គាត់មិនត្រឹមតែជាអ្នកដឹកនាំក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាអ្នកមិនជឿទៀតផង។ បញ្ហារបស់គាត់គឺធ្ងន់ធ្ងរ ហើយគាត់ចាំបាច់ត្រូវតែត្រូវបានដកហូតតំណែង និងបោសសម្អាតជាបន្ទាន់ បើមិនដូច្នោះទេ គាត់នឹងបន្តរំខានដល់ជីវិតពួកជំនុំទៀត។ ខ្ញុំបានគិតចង់រាយការណ៍អំពីអាកប្បកិរិយាដែលមិនជឿរបស់គាត់ទៅកាន់អ្នកដឹកនាំថ្នាក់លើ។ ប៉ុន្តែបន្ទាប់មក ការចងចាំអំពី វ៉ាង ឆិន ដែលបានជួយខ្ញុំឱ្យធ្វើឱ្យភាពច្របូកច្របល់ក្នុងពួកជំនុំស្ងប់ទៅវិញ និងបានរៀបចំភារកិច្ចឱ្យខ្ញុំ ក៏បានផុសឡើងក្នុងគំនិតរបស់ខ្ញុំ ធ្វើឱ្យខ្ញុំស្ទាក់ស្ទើរក្នុងចិត្ត ដោយគិតថា «ប្រសិនបើខ្ញុំរាយការណ៍ពីបញ្ហារបស់គាត់ តើគាត់នឹងចោទប្រកាន់ខ្ញុំថាគ្មានមនសិការ និងរមិលគុណដែរឬទេ?» ការគិតដល់រឿងនេះ ធ្វើឱ្យចិត្តរបស់ខ្ញុំមិនអាចរកសេចក្ដីស្ងប់បានឡើយអស់រយៈពេលជាយូរ។ ប្រសិនបើគាត់ពិតជាត្រូវបានបោសសម្អាតមែននោះ វាមានន័យថាជាទីបញ្ចប់នៃផ្លូវជំនឿរបស់គាត់ហើយ ហើយគាត់ច្បាស់ជាចងគំនុំនឹងខ្ញុំមិនខាន! ខ្ញុំពិតជាមានចិត្តរារែកយ៉ាងខ្លាំង ហើយខ្ញុំមិនដាច់ចិត្តសរសេររបាយការណ៍នោះទេ។ ខ្ញុំបានគិតថា «ប្រហែលជាខ្ញុំគួរតែជួយគាត់ម្ដងទៀតទេដឹង? ប្រសិនបើគាត់អាចផ្លាស់ប្ដូរបានខ្លះ ហើយឈប់បង្កការបង្អាក់ និងការរំខាន ប្រហែលជាគាត់នឹងមិនចាំបាច់ត្រូវបានបោសសម្អាតទេមើលទៅ?» ដោយសារតែគំនិតទាំងនេះ ខ្ញុំបានចៀសវាងការរាយការណ៍ពីបញ្ហារបស់ វ៉ាង ឆិន។ នៅពេលដែលខ្ញុំបានជួប វ៉ាង ឆិន ម្ដងទៀត ខ្ញុំបានប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយគាត់ ដោយជំរុញឱ្យគាត់ឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯងឱ្យបានច្រើនជាងមុន នៅពេលដែលមានរឿងរ៉ាវកើតឡើងចំពោះគាត់។ ប៉ុន្តែទោះបីជាខ្ញុំប្រកបយ៉ាងណាក៏ដោយ ក៏គាត់មិនបានយកចិត្តទុកដាក់ដែរ ហើយនៅតែបន្តរំខានដល់ពួកជំនុំដូចកាលពីមុនដដែល ដោយរារាំងបងប្អូនប្រុសស្រីមិនឱ្យមានជីវិតពួកជំនុំជាប្រក្រតី និងប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់ពួកគេ។ ខ្ញុំមានអារម្មណ៍មិនល្អ និងបន្ទោសខ្លួនឯង ដោយគិតថា «ម៉េចក៏ខ្ញុំវង្វេងវង្វាន់ម្ល៉េះ? ហេតុអ្វីបានជាខ្ញុំមិនអាចឈរនៅខាងព្រះជាម្ចាស់ និងការពារកិច្ចការរបស់ពួកជំនុំ?» នៅពេលនោះហើយ ដែលខ្ញុំបានចាប់ផ្ដើមស្វែងរកសេចក្ដីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង។
ថ្ងៃមួយ ខ្ញុំបានប្រទះឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «តើអ្វីកំណត់លក្ខណៈមនោសញ្ចេតនា? ច្បាស់ណាស់ មិនមែនជាអ្វីមួយដែលវិជ្ជមានទេ។ មនោសញ្ចេតនាត្រូវបានកំណត់លក្ខណៈដោយការផ្ដោតលើទំនាក់ទំនងខាងសាច់ឈាម និងការបំពេញចិត្តតាមចំណូលចិត្តនៃសាច់ឈាម។ ការនិយមចូលចិត្ត ការការពារទង្វើខុស ការស្រឡាញ់លើសលប់ ការទំយើ និងការបណ្តោយតាមចិត្តសុទ្ធតែស្ថិតក្រោមមនោសញ្ចេតនាទាំងអស់។ មនុស្សមួយចំនួនឱ្យតម្លៃយ៉ាងខ្លាំងលើមនោសញ្ចេតនា ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេទេ ពួកគេធ្វើសកម្មភាពដោយផ្អែកលើមនោសញ្ចេតនារបស់ខ្លួន។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងយ៉ាងច្បាស់ថារឿងនេះខុស ប៉ុន្តែពួកគេនៅតែមិនអាចមិនលម្អៀងឡើយ កុំថាឡើយដល់ទៅធ្វើសកម្មភាពស្របទៅតាមគោលការណ៍នោះ។ នៅពេលដែលមនុស្សត្រូវបានរឹតត្បិតដោយមនោសញ្ចេតនាជានិច្ច តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? នេះពិតជាពិបាកខ្លាំងណាស់! ភាពអសមត្ថភាពរបស់មនុស្សជាច្រើនក្នុងការអនុវត្តសេចក្ដីពិត គឺបណ្ដាលមកពីមនោសញ្ចេតនា ពួកគេចាត់ទុកមនោសញ្ចេតនាថាសំខាន់ជាពិសេស ហើយពួកគេដាក់វាមុនគេ។ តើពួកគេជាមនុស្សដែលស្រឡាញ់សេចក្ដីពិតដែរឬទេ? ច្បាស់ណាស់ថាមិនមែនទេ។ តើអ្វីទៅជាសារជាតិនៃមនោសញ្ចេតនា? គឺការដាក់មនោសញ្ចេតនាខាងសាច់ឈាមជាចម្បង ហើយទុកគោលការណ៍សេចក្ដីពិតមួយឡែក។ ការបង្ហាញឱ្យឃើញនៃមនោសញ្ចេតនា អាចត្រូវបានពិពណ៌នាដោយប្រើពាក្យ និងឃ្លាជាច្រើន៖ ការនិយមចូលចិត្ត ការការពារអ្នកដទៃដោយគ្មានគោលការណ៍ ការថែរក្សានូវទំនាក់ទំនងខាងសាច់ឈាម និងការខ្វះយុត្តិធម៌។ ទាំងនេះហើយគឺជាមនោសញ្ចេតនា» («តើអ្វីទៅជាតថភាពនៃសេចក្ដីពិត?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានការភ្ញាក់រលឹក។ ក្នុងអំឡុងពេលនេះ ខ្ញុំបានរស់នៅក្នុងមនោសញ្ចេតនារបស់ខ្ញុំ ហើយធ្វើសកម្មភាពដោយគ្មានគោលការណ៍។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា វ៉ាង ឆិន មិនត្រឹមតែជាអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើការងារពិតប្រាកដប៉ុណ្ណោះទេ ថែមទាំងជាអ្នកមិនជឿទៀតផង។ ខ្ញុំគួរតែបានលាតត្រដាងអំពីអាកប្បកិរិយារបស់គាត់ទៅកាន់អ្នកដឹកនាំថ្នាក់លើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែគិតអំពីគុណដែលគាត់មានចំពោះខ្ញុំ និងខ្វល់ខ្វាយអំពីអ្វីដែលហៅថាមិត្តភាពរបស់យើង ដូច្នេះហើយ ខ្ញុំមិនបានរាយការណ៍ពីបញ្ហារបស់គាត់ឡើយ ដោយបណ្ដោយឱ្យគាត់បន្តធ្វើអាក្រក់នៅក្នុងពួកជំនុំ និងរំខានដល់ជីវិតពួកជំនុំ។ ខ្ញុំបានប្រព្រឹត្តដោយផ្អែកលើមនោសញ្ចេតនា ដោយការពារ និងបិទបាំងឱ្យគាត់។ ដោយចង់រក្សាទុកអ្នកមិនជឿនៅក្នុងពួកជំនុំ ខ្ញុំកំពុងតែឃុបឃិតជាមួយសាតាំង ហើយក្លាយជាអ្នកសមគំនិតរបស់វា។ ខ្ញុំពិតជាកំពុងធ្វើអាក្រក់មែន! នាគដ៏ធំមានសម្បុរក្រហម ចាប់ខ្លួន ធ្វើទុក្ខបុកម្នេញ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយនៅទីនេះ ខ្ញុំបែរជាការពារអ្នកមិនជឿនៅក្នុងពួកជំនុំទៅវិញ ដោយធ្វើនូវអ្វីដែលនាគដ៏ធំមានសម្បុរក្រហមចង់ធ្វើ តែធ្វើមិនបាន។ តើនេះមិនមែនជាការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងដើរផ្ទុយនឹងទ្រង់ទេឬ? ខ្ញុំកំពុងតែដើរតួជាខែលការពាររបស់សាតាំង! តាមរយៈអ្វីដែលការពិតបានបើកឱ្យឃើញ ទីបំផុតខ្ញុំបានឃើញ ថាខ្ញុំកំពុងរស់នៅដោយផ្អែកលើមនោសញ្ចេតនាយ៉ាងដូចម្ដេច ដោយមិនអាចបែងចែកខុសត្រូវ ឬល្អនិងអាក្រក់បានឡើយ គ្មានស្មារតីយុត្តិធម៌សោះ ហើយបណ្ដោយឱ្យអ្នកមិនជឿម្នាក់រំខានដល់ជីវិតពួកជំនុំ។ ខ្ញុំបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងពេកហើយ! ខ្ញុំបានចងចាំថា ព្រះជាម្ចាស់បានមានព្រះបន្ទូលថា៖ «មនោសញ្ចេតនាគឺជាសត្រូវរបស់ទ្រង់» («ការបញ្ចេញឱ្យឃើញអាថ៌កំបាំងអំពី 'ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល'» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍វិប្បដិសារី និងស្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំង ហើយខ្ញុំបានសម្រេចចិត្តរាយការណ៍ពីបញ្ហារបស់ វ៉ាង ឆិន ទៅកាន់អ្នកដឹកនាំថ្នាក់លើ។
ពីរបីថ្ងៃក្រោយមក នៅពេលដែលអ្នកដឹកនាំថ្នាក់លើបានមកដកហូតតំណែង វ៉ាង ឆិន ចេញ ខ្ញុំបានរាយការណ៍ពីស្ថានភាពរបស់គាត់។ បន្ទាប់ពីការផ្ទៀងផ្ទាត់ ពួកគេបានរកឃើញថា វ៉ាង ឆិន ពិតជាអ្នកមិនជឿមែន ហើយពួកគេបានឱ្យខ្ញុំសរសេរអំពីអាកប្បកិរិយារបស់គាត់ ដើម្បីជួយចងក្រងឯកសារសម្រាប់បោសសម្អាតគាត់។ នៅពេលដែលខ្ញុំបានគិតដល់ វ៉ាង ឆិន ត្រូវបានគេបោសសម្អាត ខ្ញុំមិនអាចទប់អារម្មណ៍មិនឱ្យនឹកឃើញរាល់ពេលដែលគាត់បានជួយខ្ញុំកាលពីអតីតកាលឡើយ ហើយខ្ញុំបានគិតថា «គាត់មានគុណចំពោះខ្ញុំ ហើយឥឡូវនេះ ខ្ញុំហៀបនឹងសរសេរការវាយតម្លៃដើម្បីឱ្យគេបោសសម្អាតគាត់។ ប្រសិនបើគាត់ឮអំពីរឿងនេះ តើគាត់នឹងចោទប្រកាន់ខ្ញុំថា យកអំពើអាក្រក់ទៅសងគុណ និងគ្មានមនសិការដែរឬទេ? តើខ្ញុំនឹងប្រឈមមុខជាមួយគាត់ដោយរបៀបណានៅពេលក្រោយ?» ប៉ុន្តែនៅពេលដែលខ្ញុំបានគិតដល់ការបង្ហាញចេញរបស់គាត់ថាជាអ្នកមិនជឿ ការដឹងក្នុងមនសិការរបស់ខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយសរសេរអំពីអាកប្បកិរិយារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចយកឈ្នះឧបសគ្គក្នុងចិត្តនេះបានទេ ហើយមានអារម្មណ៍ថាខ្ញុំស្ថិតក្នុងស្ថានភាពពិបាកសម្រេចចិត្ត។ ខ្ញុំកាន់តែគិតអំពីវា ខ្ញុំកាន់តែឈឺចាប់ ហើយខ្ញុំមានអារម្មណ៍ងងឹត និងធ្លាក់ទឹកចិត្តនៅខាងក្នុង។ ដូច្នេះហើយ បន្ទាប់ពីពន្យារពេលអស់ជាង ១០ ថ្ងៃ ខ្ញុំនៅតែមិនទាន់បានសរសេរអំពីអាកប្បកិរិយារបស់ វ៉ាង ឆិន នៅឡើយទេ។ ក្នុងអំឡុងពេលនេះ ខ្ញុំបានឈឺធ្មេញយ៉ាងខ្លាំង ហើយជួនកាលវាឈឺខ្លាំងរហូតដល់ខ្ញុំចាប់ផ្តើមបែកញើស។ ខ្ញុំមិនហ៊ានបរិភោគអ្វីទេ ហើយដេកក៏មិនលក់ដែរ។ ខ្ញុំបានដឹងថា នេះអាចជាការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ វ៉ាង ឆិន គឺជា អ្នកមិនជឿ ហើយទូលបង្គំគួរតែសរសេរអំពីអាកប្បកិរិយារបស់គាត់ និងបោសសម្អាតគាត់ស្របទៅតាមគោលការណ៍។ ប៉ុន្តែនៅពេលដែលទូលបង្គំគិតដល់គុណដែលគាត់មានចំពោះទូលបង្គំ ទូលបង្គំមិនចង់សរសេរទេ។ ចិត្តរបស់ទូលបង្គំរឹងទទឹងពេកហើយ បះបោរពេកហើយ! ព្រះជាម្ចាស់អើយ ទូលបង្គំចង់ត្រឡប់មកឯទ្រង់វិញ។ សូមបំភ្លឺទូលបង្គំ និងដឹកនាំទូលបង្គំឱ្យស្គាល់ខ្លួនឯង ដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍ និងការពារផលប្រយោជន៍របស់ពួកជំនុំ»។
បន្ទាប់មក ខ្ញុំតែងតែឆ្លុះបញ្ចាំងជានិច្ច ដោយគិតថា «តើមានអ្វីដែលរារាំងខ្ញុំមិនឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ និងការពារផលប្រយោជន៍របស់ពួកជំនុំ?» នៅក្នុងការជួបជុំមួយ ខ្ញុំបានរកឃើញចម្លើយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងជម្រៅចិត្តរបស់មនុស្ស នៅតែមានសញ្ញាណ និងការស្រមៃជាច្រើន គំនិត និងទស្សនៈផ្សេងៗ ព្រមទាំងជាតិពុលនៃវប្បធម៌ប្រពៃណី និងរឿងជាច្រើនដែលប្រទូសរ៉ាយនឹងព្រះជាម្ចាស់។ រឿងទាំងនេះត្រូវបានលាក់នៅក្នុងពួកគេ ដែលមិនទាន់ត្រូវបានជីកកកាយនៅឡើយ។ រឿងទាំងនេះគឺជាប្រភពនៃការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ពួកគេ ហើយពួកវាមកពីខាងក្នុងសារជាតិធម្មជាតិរបស់មនុស្ស។ នោះហើយជាមូលហេតុដែលនៅពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយដែលមិនស្របទៅតាមសញ្ញាណរបស់អ្នក អ្នកនឹងមានអារម្មណ៍ទាស់ទទឹង និងប្រព្រឹត្តដោយការប្រឆាំង។ អ្នកនឹងមិនយល់ថា ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះឡើយ ហើយទោះបីជាអ្នកដឹងថាមានសេចក្ដីពិតនៅក្នុងគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ហើយអ្នកចង់ចុះចូលក៏ដោយ ក៏អ្នកនឹងឃើញថាខ្លួនឯងមិនអាចធ្វើបែបនោះបានដែរ។ ហេតុអ្វីបានជាអ្នកមិនអាចចុះចូល? តើអ្វីទៅជាហេតុផលសម្រាប់ការទាស់ទទឹង និងការប្រឆាំងរបស់អ្នក? គឺដោយសារតែមានរឿងជាច្រើននៅក្នុងគំនិត និងទស្សនៈរបស់មនុស្ស ដែលប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ដែលប្រទូសរ៉ាយនឹងគោលការណ៍ដែលព្រះជាម្ចាស់ប្រព្រឹត្តតាម និងប្រទូសរ៉ាយនឹងសារជាតិរបស់ទ្រង់។ រឿងទាំងនេះពិបាកនឹងឱ្យមនុស្សទទួលបានចំណេះដឹងអំពីវាណាស់» («មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ខ្ញុំនិយាយរឿងទាំងអស់នេះដើម្បីឱ្យមនុស្សដឹងថា ឫសគល់ និងសារជាតិនៃធម្មជាតិបះបោររបស់មនុស្ស គឺកើតចេញជាចម្បងពីគំនិត និងទស្សនៈរបស់មនុស្ស ដែលត្រូវបានបង្កើតឡើងដោយការអប់រំដែលពួកគេទទួលបានពីគ្រួសារ និងសង្គម ព្រមទាំងពីវប្បធម៌ប្រពៃណី។ បន្ទាប់ពីរឿងទាំងនេះត្រូវបានដាំយ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្សបន្តិចម្ដងៗ តាមរយៈទំនៀមទម្លាប់គ្រួសារ ឬឥទ្ធិពលនៃសង្គម និងការអប់រំសិក្សា នោះមនុស្សចាប់ផ្ដើមរស់នៅតាមរឿងទាំងនេះ។ ពួកគេនឹងចាប់ផ្ដើមជឿដោយមិនដឹងខ្លួនថា វប្បធម៌ប្រពៃណីនេះគឺត្រឹមត្រូវ មិនអាចនិន្ទាបាន និងមិនអាចត្រូវបានរិះគន់ឡើយ ហើយថាមានតែការធ្វើសកម្មភាពស្របតាមការទាមទាររបស់វប្បធម៌ប្រពៃណីប៉ុណ្ណោះ ទើបពួកគេអាចក្លាយជាមនុស្សពិតប្រាកដបាន។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ ពួកគេនឹងមានអារម្មណ៍ថាពួកគេគ្មានមនសិការ ផ្ទុយនឹងភាពជាមនុស្ស និងគ្មានភាពជាមនុស្សសោះឡើយ ហើយពួកគេនឹងមិនអាចទទួលយកវាបានឡើយ។ តើគំនិត និងទស្សនៈរបស់មនុស្សទាំងនេះមិនត្រូវបានឃ្លាតឆ្ងាយពីសេចក្ដីពិតទេឬអី? រឿងនៅក្នុងគំនិត និងទស្សនៈរបស់មនុស្ស និងគោលដៅដែលមនុស្សដេញតាម សុទ្ធតែតម្រង់ទៅរកពិភពលោក តម្រង់ទៅរកសាតាំង។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់ឱ្យមនុស្សដេញតាមសេចក្ដីពិតត្រូវបានតម្រង់ទៅរកព្រះជាម្ចាស់ តម្រង់ទៅរកពន្លឺ។ ទាំងនេះគឺជាទិសដៅពីរផ្សេងគ្នា គោលដៅពីរផ្សេងគ្នា។ ចូរធ្វើសកម្មភាពស្របទៅតាមគោលដៅដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស នោះភាពជាមនុស្សរបស់អ្នកនឹងកាន់តែមានលក្ខណៈធម្មតា អ្នកនឹងកាន់តែមានលក្ខណៈជាមនុស្ស ហើយអ្នកនឹងកាន់តែចូលទៅជិតព្រះជាម្ចាស់។ ប្រសិនបើអ្នកធ្វើសកម្មភាពស្របទៅតាមគំនិត និងទស្សនៈរបស់វប្បធម៌ប្រពៃណី នោះអ្នកនឹងបាត់បង់មនសិការ និងវិចារណញាណរបស់អ្នកកាន់តែច្រើនឡើង ក្លាយជាមនុស្សកាន់តែមិនពិត និងកាន់តែក្លែងក្លាយ ដើរតាមនិន្នាការរបស់ពិភពលោកកាន់តែខ្លាំង ហើយក្លាយជាផ្នែកមួយនៃកម្លាំងនៃសេចក្ដីអាក្រក់។ ពេលនោះ អ្នកនឹងរស់នៅក្នុងភាពងងឹតទាំងស្រុង នៅក្រោមអំណាចរបស់សាតាំង។ អ្នកនឹងបំពានសេចក្ដីពិតទាំងស្រុង និងក្បត់ព្រះជាម្ចាស់» («មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានធ្វើឱ្យខ្ញុំភ្លឺស្វាង។ ខ្ញុំបានដឹងថា ខ្ញុំបានធ្វើសម្មភាពដោយផ្អែកលើមនោសញ្ចេតនា ហើយមិនចង់កត់ត្រាអាកប្បកិរិយារបស់ វ៉ាង ឆិន ព្រោះខ្លាចថាគាត់នឹងត្រូវបានគេបោសសម្អាត ដោយសារតែខ្ញុំត្រូវបានចងភ្ជាប់ និងរឹតបន្តឹងដោយគំនិត និងទស្សនៈដែលសាតាំងបានបញ្ចូលក្នុងខ្ញុំ ដូចជា «មនុស្សត្រូវតែចេះស្មោះត្រង់» «មនុស្សមិនត្រូវគ្មានមនោសញ្ចេតនា និងរមិលគុណឡើយ» «ទទួលគុណគេត្រូវតបស្នងសងគុណគេវិញ» និងអ្វីៗផ្សេងទៀត។ ដោយស្ថិតនៅក្រោមការគ្រប់គ្រងនៃគំនិត និងទស្សនៈទាំងនេះ ខ្ញុំតែងតែដាក់គុណរបស់មនុស្សជាចម្បង រហូតដល់មើលឃើញថាវាសំខាន់ជាងការអនុវត្តសេចក្ដីពិត និងផលប្រយោជន៍របស់ពួកជំនុំទៅទៀត។ នៅពេលដែលខ្ញុំគិតចង់រាយការណ៍អំពីការបង្ហាញចេញរបស់ វ៉ាង ឆិន ថាជាអ្នកមិនជឿម្នាក់ ខ្ញុំមិនអាចទប់ចិត្តមិនឱ្យនឹកឃើញពីរបៀបដែលគាត់បានជួយខ្ញុំកាលពីអតីតកាលឡើយ ដោយគិតថា ការរាយការណ៍អំពីអាកប្បកិរិយារបស់គាត់ គឺជាទង្វើគ្មានបេះដូង និងរមិលគុណ ហើយថាខ្ញុំនឹងត្រូវបានស្អប់ខ្ពើមដោយអ្នកដទៃ។ ដោយត្រូវបានរឹតបន្តឹងដោយគំនិត និងទស្សនៈទាំងនេះ ខ្ញុំមិនដែលអាចអនុវត្តសេចក្ដីពិត ឬឈរលើគោលការណ៍បានឡើយ។ សូម្បីតែពេលដែលអ្នកដឹកនាំបានឱ្យខ្ញុំសរសេរអំពីអាកប្បកិរិយារបស់ វ៉ាង ឆិន ក៏ដោយ ខ្ញុំបានស្ទាក់ស្ទើរដោយសារតែគុណស្រ័យដែលគាត់មានចំពោះខ្ញុំ ដោយបណ្ដោយឱ្យគាត់បន្តធ្វើអាក្រក់ និងរំខានដល់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំ។ ពួកជំនុំគឺជាកន្លែងសម្រាប់បងប្អូនប្រុសស្រីបំពេញភារកិច្ច និងស្វែងរកសេចក្ដីពិត។ មានតែការបោសសម្អាតអ្នកមិនជឿចេញពីពួកជំនុំជាបន្ទាន់ប៉ុណ្ណោះ ទើបជីវិតពួកជំនុំរបស់បងប្អូនប្រុសស្រីអាចត្រូវបានការពារ។ ការសរសេរអំពីការបង្ហាញចេញរបស់ វ៉ាង ឆិន ថាជាអ្នកមិនជឿ គឺជាការអនុវត្តសេចក្ដីពិត និងជារឿងវិជ្ជមាន ប៉ុន្តែខ្ញុំបែរជាយល់ថាវាជាការក្បត់ និងគ្មានមនសិការទៅវិញ។ ខ្ញុំពិតជាមិនអាចបែងចែកល្អនិងអាក្រក់ ឬយល់ថាអ្វីគួរស្រឡាញ់ និងអ្វីគួរស្អប់ឡើយ ហើយខ្ញុំគ្មានគោលការណ៍ ឬជំហរទាល់តែសោះ។ ប្រសិនបើខ្ញុំបានរាយការណ៍ពីបញ្ហារបស់ វ៉ាង ឆិន ជាបន្ទាន់ គាត់ប្រហែលជាត្រូវបានបោសសម្អាតចេញពីពួកជំនុំលឿនជាងនេះ ប៉ុន្តែដោយសារតែខ្ញុំមិនបានអនុវត្តសេចក្ដីពិត ហើយបានការពារគាត់ វាបានបណ្ដាលឱ្យគាត់បន្តបង្អាក់ និងរំខានដល់ពួកជំនុំ ដែលនាំឱ្យមានការខាតបង់ដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី ហើយថែមទាំងពន្យារពេលកិច្ចការរបស់ពួកជំនុំទៀតផង។ ក្នុងនាមជាអ្នកដឹកនាំ មិនត្រឹមតែខ្ញុំបានបរាជ័យក្នុងការគិតគូរដល់ជីវិតរបស់បងប្អូនប្រុសស្រី ឬការពារផលប្រយោជន៍របស់ពួកជំនុំប៉ុណ្ណោះទេ ថែមទាំងខ្ញុំបានបិទបាំងឱ្យ វ៉ាង ឆិន ដោយផ្អែកលើមនោសញ្ចេតនាទៀតផង ដោយបង្ហាញភាពស្មោះត្រង់ និងមនសិការចំពោះអ្នកមិនជឿ។ ខ្ញុំកំពុងតែស៊ីបាយបោកឆ្នាំង និងផ្តល់ជំនួយដល់អ្នកក្រៅ ដោយដើរតួជាអ្នកបម្រើសាតាំង។ ពីមុន ខ្ញុំបានរស់នៅតាមគំនិត និងទស្សនៈដែលសាតាំងបានបញ្ចូលក្នុងខ្ញុំ ដោយគិតថា ការប្រព្រឹត្តខ្លួនតាមរបៀបនេះ គឺជាភាពថ្លៃថ្នូរ និងស្មោះត្រង់។ ទើបតែពេលនេះទេ ដែលខ្ញុំបានដឹងថា គំនិត និងទស្សនៈទាំងនេះគឺផ្ទុយនឹងព្រះជាម្ចាស់។ ពួកវាបានរារាំងខ្ញុំមិនឱ្យអនុវត្តសេចក្ដីពិត ដោយធ្វើឱ្យខ្ញុំបាត់បង់មនសិការ និងញាណ ហើយដកហូតភាពជាមនុស្សរបស់ខ្ញុំ។ ការរស់នៅតាមគំនិត និងទស្សនៈទាំងនេះ ខ្ញុំអាចធ្វើបានត្រឹមតែអំពើអាក្រក់ ប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់ ស្អប់ខ្ពើមនិងបដិសេធ និងជម្រុះខ្ញុំចោលប៉ុណ្ណោះ។ ប្រសិនបើមិនមែនដោយសារការប្រៀនប្រដៅទាន់ពេលវេលារបស់ព្រះជាម្ចាស់ ដោយឱ្យខ្ញុំធ្លាក់ខ្លួនឈឺទេនោះ ខ្ញុំនឹងមិនបានគិតចង់ឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ ខ្ញុំមិនអាចបន្តបះបោរទៀតទេ ខ្ញុំត្រូវតែប្រញាប់ត្រឡប់ទៅរកព្រះជាម្ចាស់វិញ។
ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត ដែលបានជួយខ្ញុំផ្លាស់ប្ដូរទស្សនៈដ៏ខុសឆ្គងរបស់ខ្ញុំបានខ្លះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ជួនកាល ព្រះជាម្ចាស់នឹងប្រើប្រាស់ការបម្រើរបស់សាតាំងដើម្បីជួយមនុស្ស ប៉ុន្តែក្នុងករណីបែបនេះ យើងត្រូវតែប្រាកដថានឹងអរព្រះគុណព្រះជាម្ចាស់ ហើយមិនត្រូវតបស្នងចំពោះគុណស្រ័យដល់សាតាំងឡើយ នេះគឺជាបញ្ហានៃគោលការណ៍។ នៅពេលដែលអ្នកជួបប្រទះការល្បួងក្នុងទម្រង់ជាមនុស្សអាក្រក់ដែលមានគុណស្រ័យចំពោះអ្នក អ្នកត្រូវតែមានភាពច្បាស់លាស់នៅក្នុងចិត្តជាមុនសិនថា តើចេតនា និងបំណងជំរុញចិត្តរបស់ពួកគេជាអ្វីក្នុងការជួយអ្នក និងផ្ដល់ផលប្រយោជន៍ដល់អ្នក ហើយថាតើពួកគេមនុស្សល្អ ឬជាមនុស្សអាក្រក់ឱ្យប្រាកដ។ ទោះបីជាគំនិតនៃការតបស្នងចំពោះគុណស្រ័យមិនខុសក៏ដោយ ក៏អ្នកគួរតែមានគោលការណ៍ និងព្រំដែនសម្រាប់របៀបដែលអ្នកអនុវត្តវាដែរ។ វាក៏អាស្រ័យលើថាតើអ្នកមានគុណរបស់អ្នកជាមនុស្សប្រភេទណា ហើយថាតើការតបស្នងចំពោះគុណស្រ័យរបស់អ្នកចំពោះពួកគេនឹងនាំមកនូវលទ្ធផលអ្វីខ្លះ។ អ្នកត្រូវតែដោះស្រាយស្ថានភាពបែបនេះតាមរបៀបបត់បែន។ ប្រសិនបើព្រះជាម្ចាស់ចង់សង្គ្រោះអ្នក មិនថាទ្រង់ប្រើប្រាស់ការបម្រើរបស់អ្នកណាក៏ដោយដើម្បីសម្រេចកិច្ចការនេះ អ្នកគួរតែអរព្រះគុណព្រះជាម្ចាស់ជាមុនសិន ហើយទទួលយកវាពីព្រះជាម្ចាស់។ អ្នកមិនគួរតម្រង់ការដឹងគុណរបស់អ្នកទៅរកតែមនុស្សនោះទេ កុំថាឡើយដល់ទៅលះបង់ពេញមួយជីវិតរបស់អ្នកទៅឱ្យនរណាម្នាក់ដើម្បីជាការដឹងគុណនោះ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរ។ រឿងដ៏សំខាន់គឺថា ចិត្តរបស់អ្នកដឹងគុណចំពោះព្រះជាម្ចាស់ ហើយអ្នកទទួលយកវាពីទ្រង់» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ទីបំផុតខ្ញុំបានយល់ ថាខ្ញុំតែងតែមើលឃើញជំនួយរបស់ វ៉ាង ឆិន ថាជាគុណរបស់មនុស្ស។ ខ្ញុំមិនបានទទួលយកការនេះមកពីព្រះជាម្ចាស់ មិនបានទទួលស្គាល់អធិបតេយ្យភាពរបស់ទ្រង់ ឬគិតអំពីរបៀបតបស្នងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំពិតជាវង្វេងវង្វាន់ខ្លាំងណាស់! ក្នុងអំឡុងពេលមានភាពច្របូកច្របល់នៅក្នុងពួកជំនុំ វ៉ាង ឆិន បានជួយខ្ញុំធ្វើឱ្យស្ថានការណ៍ស្ងប់ទៅវិញ ហើយក្រោយមកបានរៀបចំភារកិច្ចសមរម្យមួយសម្រាប់ខ្ញុំ។ នេះគឺជាភារកិច្ច និងការទទួលខុសត្រូវដែលគាត់គប្បីបំពេញ វាមិនមែនជាគុណអ្វីទេ។ លើសពីនេះទៅទៀត អ្វីៗទាំងអស់នេះត្រូវបានចាត់ចែង និងរៀបចំឡើងដោយព្រះជាម្ចាស់។ ខ្ញុំគួរតែបានទទួលយកការនេះមកពីព្រះជាម្ចាស់ អរព្រះគុណទ្រង់ និងតបស្នងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំបែរជាចាត់ទុកព្រះហឫទ័យស្រឡាញ់ និងការការពាររបស់ព្រះជាម្ចាស់ចំពោះមនុស្ស ថាជាគុណរបស់មនុស្សទៅវិញ។ ខ្ញុំពិតជាងងឹតងងុលមែន។ ដោយដឹងពីចំណុចនេះ ខ្ញុំមានអារម្មណ៍វិប្បដិសារីយ៉ាងខ្លាំង ហើយខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយសុខចិត្តប្រែចិត្ត និងអនុវត្តសេចក្ដីពិតដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់។
ក្រោយមក ខ្ញុំបានរកឃើញគោលការណ៍នៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានយល់ថា តើអ្វីទៅជាមនុស្សដែលមានភាពជាមនុស្សល្អពិតប្រាកដ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីមានភាពជាមនុស្សល្អ ត្រូវតែមានបទដ្ឋានមួយ។ វាមិនពាក់ព័ន្ធនឹងការដើរផ្លូវកណ្ដាល ដោយមិនប្រកាន់ខ្ជាប់តាមគោលការណ៍ ការខំប្រឹងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ការផ្គាប់ផ្គុនចិត្តគេនៅគ្រប់ទីកន្លែងដែលអ្នកទៅ ការប៉ិនប្រសប់ក្នុងការផ្គាប់ចិត្តមនុស្សគ្រប់គ្នាដែលអ្នកជួប និងការធ្វើឱ្យមនុស្សគ្រប់គ្នានិយាយល្អពីអ្នក។ នេះមិនមែនជាបទដ្ឋានឡើយ។ ដូច្នេះ តើអ្វីទៅជាបទដ្ឋាន? បទដ្ឋាននោះគឺ ការអាចចុះចូលចំពោះព្រះជាម្ចាស់ និងសេចក្តីពិតបាន គឺការមានគោលការណ៍ក្នុងរបៀបដែលមនុស្សប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្លួន និងគ្រប់ប្រភេទបុគ្គល ព្រឹត្តិការណ៍ និងរបស់ទាំងអស់ ហើយនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពោលគឺត្រូវមានការទទួលខុសត្រូវ មិនមានល្បិចកល ឬខ្ជិលច្រអូស ដោយអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងមិនមានគ្រោងការណ៍សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ការបង្ហាញឱ្យឃើញបែបនេះគឺច្បាស់ក្រឡែតសម្រាប់ឱ្យមនុស្សគ្រប់គ្នាមើលឃើញ នោះមនុស្សគ្រប់គ្នាក៏យល់ច្បាស់នៅក្នុងដួងចិត្តអំពីចំណុចនេះដែរ។ ជាងនេះទៅទៀត ព្រះជាម្ចាស់ពិនិត្យពិច័យដួងចិត្តរបស់មនុស្ស និងជ្រាបពីស្ថានភាពពិតរបស់ពួកគេម្នាក់ៗគ្រប់គ្នា។ មិនថាពួកគេជានរណានោះទេ គ្មាននរណាអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សមួយចំនួនតែងតែអួតអាងជានិច្ចថា ពួកគេមានភាពជាមនុស្សល្អ ពោលគឺពួកគេមិនដែលនិយាយអាក្រក់ពីអ្នកដទៃ មិនដែលធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ ហើយក៏មិនដែលលោភលន់ចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃដែរ ថែមទាំងសុខចិត្តខាតបង់ជាជាងកេងចំណេញពីអ្នកដទៃនៅពេលមានទំនាស់ផលប្រយោជន៍ទៀតផង។ ហើយមនុស្សគ្រប់គ្នាគិតថា ពួកគេជាមនុស្សល្អ។ ប៉ុន្តែ នៅពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេមានល្បិចកល និងក្រឡេចក្រឡុច តែងតែរិះរកតែផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច។ ពួកគេមិនដែលគិតគូរពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ មិនដែលចាត់ទុកភាពបន្ទាន់របស់ព្រះជាម្ចាស់ជារឿងបន្ទាន់របស់ខ្លួន ឬគិតពីអ្វីដែលព្រះជាម្ចាស់ព្រះតម្រិះ ហើយក៏មិនដែលព្រមលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបំពេញភារកិច្ចរបស់ពួកគេដែរ។ ពួកគេមិនដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ សូម្បីតែពេលដែលពួកគេឃើញមនុស្សអាក្រក់កំពុងធ្វើអំពើអាក្រក់ក៏ដោយ ក៏ពួកគេមិនលាតត្រដាងពួកគេដែរ។ ពួកគេគ្មានគោលការណ៍អ្វីទាំងអស់។ តើនេះជាភាពជាមនុស្សបែបណាទៅ? នេះមិនមែនភាពជាមនុស្សល្អឡើយ។ ចូរកុំយកចិត្តទុកដាក់នឹងអ្វីដែលមនុស្សបែបនេះនិយាយឡើយ។ អ្នកត្រូវតែមើលថាពួកគេរស់នៅតាមអ្វី ពួកគេបើកសម្ដែងពីអ្វី ហើយពួកគេមានអាកប្បកិរិយាបែបណា នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ ក៏ដូចជាមើលពីសភាពខាងក្នុងរបស់ពួកគេ និងអ្វីដែលពួកគេស្រឡាញ់ផងដែរ។ ប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់ពួកគេ ធំជាងភក្ដីភាពរបស់ពួកគេចំពោះព្រះជាម្ចាស់ ប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេ ធំជាងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់ពួកគេ ធំជាងការយកចិត្តទុកដាក់ដែលពួកគេមានចំពោះព្រះជាម្ចាស់ ដូច្នេះ តើមនុស្សបែបនេះមានភាពជាមនុស្សដែរឬទេ? ពួកគេមិនមែនជាមនុស្សដែលមានភាពជាមនុស្សឡើយ។ អ្នកដទៃនិងព្រះជាម្ចាស់អាចទតឃើញនិងមើលឃើញពីឥរិយាបថរបស់ពួកគេបាន។ មនុស្សបែបនេះពិបាកទទួលបានសេចក្ដីពិតណាស់» («តាមរយៈការប្រគល់ដួងចិត្តរបស់ខ្លួនថ្វាយទៅព្រះជាម្ចាស់ នោះគេអាចទទួលបានសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពីមុន ខ្ញុំតែងតែគិតថា អ្នកដែលចេះតបស្នងសងគុណ និងឱ្យតម្លៃលើភាពស្មោះត្រង់ គឺជាមនុស្សដែលមានភាពជាមនុស្សល្អ។ ទើបតែក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបខ្ញុំដឹងថា ទស្សនៈរបស់ខ្ញុំលើរឿងរ៉ាវគឺ មិនសមហេតុផលខ្លាំងណាស់។ មនុស្សដែលមានភាពជាមនុស្សល្អពិតប្រាកដ គឺជាអ្នកដែលយល់ពីបំណងព្រះហឫទ័យ និងកង្វល់របស់ព្រះជាម្ចាស់។ មានចិត្តស្មោះត្រង់ ជាមនុស្សទៀងត្រង់ ស្រឡាញ់រឿងវិជ្ជមាន មាន ស្មារតីយុត្តិធម៌ និងអាចប្រកាន់ខ្ជាប់គោលការណ៍សេចក្ដីពិត ហើយយល់ថាអ្វីគួរស្រឡាញ់ និងអ្វីគួរស្អប់។ ចំណែកឯខ្ញុំវិញ ក្នុងបំណងចង់រក្សារូបភាពល្អរបស់ខ្ញុំជាមនុស្សស្មោះត្រង់ក្នុងភ្នែកអ្នកដទៃ ខ្ញុំមិនស្ទាក់ស្ទើរនឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ពួកជំនុំទេ។ ខ្ញុំសុខចិត្តមើល វ៉ាង ឆិន រំខានជីវិតពួកជំនុំ និងរារាំងការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី ជាជាងឱ្យគេបោសសម្អាតគាត់ចេញ។ តើខ្ញុំអាចហៅថាជាមនុស្សមានភាពជាមនុស្សល្អបានដោយរបៀបណា? ខ្ញុំគ្រាន់តែជាមនុស្សគ្មានភាពជាមនុស្ស ជាមនុស្សអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម។ ដោយបានដឹងបែបនេះ ខ្ញុំលែងគិតថាខ្ញុំមានភាពជាមនុស្សល្អទៀតហើយ។ បន្ទាប់មក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត ហើយទទួលបានផ្លូវនៃការអនុវត្តខ្លះៗ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវឱ្យមនុស្សប្រព្រឹត្តចំពោះអ្នកដទៃដោយផ្អែកលើគោលការណ៍អ្វី? ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់៖ នេះគឺជាគោលការណ៍ដែលមនុស្សគួរតែប្រកាន់ខ្ជាប់។ ព្រះជាម្ចាស់ស្រឡាញ់ចំពោះអស់អ្នកណាដែលដេញតាមសេចក្ដីពិត និងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទាំងនេះគឺជាមនុស្សដែលយើងគួរតែស្រឡាញ់ដែរ។ អស់អ្នកណាដែលមិនអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកណាដែលស្អប់ និងបះបោរទាស់នឹងព្រះជាម្ចាស់ មនុស្សទាំងនេះត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម ហើយយើងក៏គួរតែស្អប់ខ្ពើមពួកគេដែរ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស» («មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីព្រះរាជបំណងរបស់ទ្រង់។ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ និងស្អប់អ្វីដែលទ្រង់ស្អប់ ឱ្យមនុស្សឈរនៅខាងទ្រង់ពេលមានរឿងកើតឡើង និងប្រកាន់ខ្ជាប់គោលការណ៍សេចក្ដីពិត។ ចំពោះបងប្អូនប្រុសស្រីដែលជឿលើព្រះជាម្ចាស់ដោយស្មោះ និងស្វែងរកសេចក្ដីពិត ពេលឃើញបញ្ហាក្នុងភារកិច្ចរបស់ពួកគេ គួរតែប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ និងគាំទ្រពួកគេដោយក្ដីស្រឡាញ់ និងអនុវត្តការលួសកាត់ពួកគេនៅពេលចាំបាច់។ ចំពោះមនុស្សអាក្រក់ អ្នកមិនជឿ និងពួកទទឹងនឹងព្រះគ្រីស្ទ គួរតែអនុវត្តការលាតត្រដាង និងរាយការណ៍ពីពួកគេ គេចចេញ និងបដិសេធពួកគេ។ មានតែការអនុវត្តបែបនេះទេ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ឥឡូវនេះ វ៉ាង ឆិន ត្រូវបានបើកសម្ដែងថាជាអ្នកមិនជឿ និងជាពួកប្រភេទរបស់សាតាំង ការទុកគាត់ក្នុងពួកជំនុំ មានតែរំខានដល់កិច្ចការពួកជំនុំប៉ុណ្ណោះ។ ខ្ញុំមិនអាចប្រព្រឹត្តដោយផ្អែកលើមនោសញ្ចេតនាទៀតទេ ខ្ញុំត្រូវតែសរសេរអាកប្បកិរិយាមិនជឿ របស់គាត់ជាលាយលក្ខណ៍អក្សរ និងបោសសម្អាតគាត់ចេញពីពួកជំនុំឱ្យបានឆាប់តាមដែលអាចធ្វើបាន។ បន្ទាប់មក ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ទ្រង់បានផ្តល់គុណបំណាច់ដល់ទូលបង្គំ ហើយផ្តល់ឱកាសឱ្យទូលបង្គំធ្វើជាអ្នកដឹកនាំ តែទូលបង្គំមិនបានការពារផលប្រយោជន៍របស់ពួកជំនុំសោះឡើយ។ ទូលបង្គំសុខចិត្តប្រែចិត្តចំពោះទ្រង់ ដើម្បីអនុវត្តសេចក្ដីពិត និងការពារកិច្ចការរបស់ពួកជំនុំ»។ ក្រោយអធិស្ឋានរួច ខ្ញុំបានសរសេរអាកប្បកិរិយារបស់ វ៉ាង ឆិន ទុក។ តាមរយៈការស៊ើបអង្កេត អ្នកដឹកនាំថ្នាក់លើ បានរកឃើញថា វ៉ាង ឆិន ពិតជាអ្នកមិនជឿមែន ហើយបានបោសសម្អាតគាត់ចេញពីពួកជំនុំ។ ឃើញលទ្ធផលនេះ ចិត្តខ្ញុំមានសេចក្ដីសុខសាន្ត និងសប្បាយរីករាយ ព្រោះទីបំផុតខ្ញុំអាចអនុវត្តសេចក្ដីពិត និងគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ក្រោយមក ពេលអ្នកដឹកនាំថ្នាក់លើវិភាគមូលហេតុនៃលទ្ធផលការងារមិនល្អរបស់យើង ខ្ញុំត្រូវបានរំលឹកម្ដងទៀតអំពីរាល់ពេលដែលខ្ញុំមិនបានការពារកិច្ចការរបស់ពួកជំនុំ។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ការប្រព្រឹត្តដោយផ្អែកលើមនោសញ្ចេតនា និងបណ្ដោយឱ្យអ្នកមិនជឿបន្តនៅក្នុងពួកជំនុំ បង្កការរំខានដល់ជីវិតពួកជំនុំ គឺជាអំពើរំលងចំពោះព្រះជាម្ចាស់ និងជាស្នាមប្រឡាក់។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ខ្ញុំបានបរាជ័យសូម្បីតែបំពេញភារកិច្ច និងការទទួលខុសត្រូវផ្ទាល់ខ្លួន។ គិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ថាមានកំហុស និងបន្ទោសខ្លួនឯង ដោយគិតថាខ្ញុំមិនសក្តិសមធ្វើជាអ្នកដឹកនាំពួកជំនុំទេ ដូច្នេះ ខ្ញុំបានប្រាប់អ្នកដឹកនាំថ្នាក់លើថា ខ្ញុំនឹងលាលែងពីតំណែង។ ក្រោយឮដូច្នេះ អ្នកដឹកនាំថ្នាក់លើបានប្រកបជាមួយខ្ញុំថា៖ «ព្រះជាម្ចាស់ជំនុំជម្រះ និងបើកសម្ដែងមនុស្ស ដើម្បីសម្អាតនិស្ស័យសាតាំងនៅក្នុងពួកគេដែលប្រឆាំងនឹងព្រះ ដើម្បីឱ្យពួកគេមានការប្រែចិត្តពិតប្រាកដ។ នេះគឺជាចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ កុំយល់ច្រឡំចំពោះទ្រង់ឡើយ»។ ខ្ញុំពិតជាដឹងគុណព្រះជាម្ចាស់ណាស់។ ពេលដែលខ្ញុំរឹងទទឹង និងបះបោរ ព្រះជាម្ចាស់បានប្រៀនប្រដៅខ្ញុំតាមរយៈជំងឺ ដើម្បីឱ្យខ្ញុំអាចឆ្លុះបញ្ចាំងពីខ្លួនឯង ហើយឥឡូវនេះ គ្រាន់តែខ្ញុំបង្ហាញបំណងចង់ប្រែចិត្តខ្លះ ព្រះជាម្ចាស់បានបង្ហាញសេចក្ដីមេត្តាករុណាចំពោះខ្ញុំ ដោយផ្តល់ឱកាសឱ្យខ្ញុំបន្តបំពេញភារកិច្ច។ ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ។
តាមរយៈបទពិសោធន៍នេះ ខ្ញុំបានឃើញថា ទស្សនៈជាច្រើនរបស់ខ្ញុំលើរឿងរ៉ាវ មិនស្របតាមសេចក្ដីពិតទេ ហើយថាខ្ញុំពិតជាត្រូវការការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ជាចាំបាច់។ ក្នុងអំឡុងពេលបទពិសោធន៍ទៅថ្ងៃមុខ ខ្ញុំចង់អនុវត្តសេចក្ដីពិតឱ្យបានច្រើនជាងមុន ស្វែងរកការធ្វើជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ និងបំពេញភារកិច្ចឱ្យបានល្អ។