៦៥. ការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពិតជាបានបំផ្លាញជីវិតខ្ញុំយ៉ាងខ្លាំង
កាលខ្ញុំនៅក្មេងនៅឡើយ បងប្អូនជីដូនមួយរបស់ខ្ញុំចំនួនពីរនាក់ទទួលបានភាពជោគជ័យតាំងពីវ័យក្មេង ហើយមានទាំងឡាន និងផ្ទះទៀតផង។ រាល់ពេលពិធីបុណ្យចូលឆ្នាំថ្មី នៅពេលពួកយើងទៅលេងសាច់ញាតិ គេតែងតែសរសើរបងប្អូនជីដូនមួយរបស់ខ្ញុំ ហើយមើលទៅពួកគេដោយក្ដីកោតសរសើរមិនដាច់។ រូបភាពដ៏អស្ចារ្យរបស់បងប្អូនជីដូនមួយខ្ញុំ បានដក់ជាប់ក្នុងចិត្តខ្ញុំយ៉ាងជ្រៅ។ នៅពេលនោះ គ្រួសារខ្ញុំក្រីក្រជាងគេនៅក្នុងចំណោមសាច់ញាតិ ហើយគេមើលងាយពួកយើង។ ដូច្នេះ ខ្ញុំច្រណែនបងប្អូនជីដូនមួយខ្ញុំ ដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃបាន មិនថាពួកគេទៅទីណាក៏ដោយ។ ខ្ញុំមានអារម្មណ៍ថា នេះហើយជាការរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ និងតម្លៃ។ ខ្ញុំបានលួចតាំងចិត្តចំពោះខ្លួនឯងថា «នៅថ្ងៃអនាគត ខ្ញុំច្បាស់ជាធ្វើឱ្យខ្លួនឯងលេចធ្លោ និងសម្រេចសមិទ្ធផលអ្វីមួយ ហើយខ្ញុំនឹងធ្វើឱ្យសាច់ញាតិ និងមិត្តភក្តិកោតសរសើរខ្ញុំមិនខាន»។
នៅអាយុ 16 ឆ្នាំ ខ្ញុំដែលនៅក្មេងខ្ចីនៅឡើយ បានចាប់ផ្ដើមចេញទៅធ្វើការ ដោយមានក្ដីសុបិននៅក្នុងចិត្ត។ ខ្ញុំបានឆ្លងកាត់បទពិសោធដ៏លំបាកស្វែងរកការងារធ្វើតែម្នាក់ឯង នៅក្នុងទីក្រុងក្វាងចូវដែលខ្ញុំមិនធ្លាប់ស្គាល់ ហើយខ្ញុំថែមទាំងត្រូវដេកនៅក្បែរថ្នាលផ្កា ក្បែរស្ថានីយរថភ្លើងទៀតផង ព្រោះខ្ញុំគ្មានលុយសោះ។ ក្ដីស្រមៃរបស់ខ្ញុំស្រស់ស្អាតណាស់ ប៉ុន្តែការពិតគឺឃោរឃៅ ហើយទោះបីជាខ្ញុំប្រឹងធ្វើការខ្លាំងប៉ុនណាក៏ដោយ ក៏ខ្ញុំមិនដែលរកលុយបានច្រើនដែរ។ នៅពេលនោះ ម្តាយរបស់ខ្ញុំបានផ្សាយដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ ហើយខ្ញុំបានចូលរួមការជួបជុំមួយរយៈដែរ ប៉ុន្តែដោយសារខ្ញុំចង់រកលុយ និងរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់ ខ្ញុំក៏បន្តទៅកន្លែងផ្សេងទៀតដើម្បីធ្វើការ។ ក្នុងឆ្នាំ 2014 ខ្ញុំបានចូលធ្វើការជាបុគ្គលិកផ្នែកលក់ នៅក្នុងក្រុមហ៊ុនដែលមានសាខាច្រើន និងល្បីឈ្មោះមួយ។ ដោយគិតក្នុងចិត្តថា «បុគ្គលល្បីៗ និងអ្នកមានជាច្រើន សុទ្ធតែចាប់ផ្ដើមពីការលក់។ ការលក់មិនត្រឹមតែបណ្ដុះបណ្ដាលមនុស្សប៉ុណ្ណោះទេ តែថែមទាំងបង្កើនជំនាញរកស៊ីទៀតផង»។ ដោយគិតបែបនេះ ខ្ញុំក៏ដាក់ចិត្តដាក់កាយធ្វើការយ៉ាងស្វាហាប់។ ដើម្បីទទួលបានលទ្ធផល ខ្ញុំតែងតែធ្វើដំណើរឆ្លងកាត់ខេត្ត និងក្រុងនានាដើម្បីចុះបេសកកម្ម ដោយធ្វើការទាំងយប់ទាំងថ្ងៃ ហើយកម្របានហូបបាយទៀងពេល ឬដេកពួនបានត្រឹមត្រូវណាស់។ ជាអ្នកពុលឡានស្រាប់ ខ្ញុំមានអារម្មណ៍វិលមុខ និងអស់កម្លាំងពីការធ្វើដំណើររាល់ថ្ងៃ។ នៅរដូវក្ដៅ ពេលខ្ញុំរកឥវ៉ាន់នៅក្នុងឡានដឹកទំនិញ ខ្ញុំបែកញើសជោកខ្លួន ហើយខោខ្ញុំរឹបជាប់ជើង ហាក់ដូចជាទើបតែបោកហើយអ៊ីចឹង។ រដូវរងាមួយនោះ កញ្ចក់ឡានខាងមុខរបស់ខ្ញុំបានបែក ហើយខ្ញុំបានបើកបរជាងមួយរយគីឡូម៉ែត្រ ក្រោមខ្យល់ និងព្រិលដ៏ត្រជាក់។ ក្រោយពេលចុះពីឡាន ខ្ញុំត្រជាក់ស្ពឹក រហូតដល់ដើរមិនចង់រួច។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា «អ្នកដែលទ្រាំលំបាក ទើបអាចជិះឡានទំនើបបាន» ហើយការលំបាកដែលខ្ញុំកំពុងស៊ូទ្រាំនៅថ្ងៃនេះ ត្រួសត្រាយផ្លូវសម្រាប់ភាពជោគជ័យនៅថ្ងៃស្អែក។ ខ្ញុំមានបំណងសម្រេចក្ដីសុបិនរបស់ខ្ញុំ តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្ញុំផ្ទាល់។ នៅក្នុងក្រុមហ៊ុន ខ្ញុំបានប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រងម៉ាកយីហោជាច្រើន ហើយខ្ញុំមានចិត្តច្រណែននឹងអ្នកទាំងនោះ ដែលស្លៀកពាក់បានយ៉ាងសមសួនឥតខ្ចោះដូចអភិជន។ ដោយសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាចក្លាយជាអ្នកគ្រប់គ្រងម៉ាកយីហោដែរ ហើយទទួលបានការកោតសរសើរ និងការលើកតម្កើងពីអ្នកដទៃ។
រយៈពេលពីរឆ្នាំបានកន្លងផុតទៅមួយប៉ប្រិចភ្នែក ហើយទីបំផុត ខ្ញុំត្រូវបានគេដំឡើងតំណែងជាអ្នកគ្រប់គ្រងម៉ាកយីហោ។ បន្ទាប់ពីនោះ ខ្ញុំបានជាប់ឈ្មោះជាជើងឯកផ្នែកលក់ប្រចាំនាយកដ្ឋានជាច្រើនដង ហើយត្រូវបានចាត់ថ្នាក់ជាអ្នកគ្រប់គ្រងម៉ាកយីហោដ៏ឆ្នើម។ មិត្តរួមការងារបានសម្លឹងមកខ្ញុំដោយក្ដីច្រណែន ហើយនិយាយថា៖ «ម៉ាកយីហោនេះមិនអាចដំណើរការបានទេ បើគ្មានឯង»។ ប្រធានរោងចក្រក៏តែងតែនាំខ្ញុំទៅចូលរួមការជួបជុំ និងតែងតែយកកាដូមកឱ្យខ្ញុំផងដែរ។ ចិត្តចង់បានមុខមាត់របស់ខ្ញុំត្រូវបានបំពេញ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថា សមត្ថភាពការងាររបស់ខ្ញុំខ្លាំង ហើយខ្ញុំដើរដោយភាពជឿជាក់។ ដោយសារមហិច្ឆតារបស់ខ្ញុំជំរុញ តំណែងជាអ្នកគ្រប់គ្រងម៉ាកយីហោ លែងគ្រប់គ្រាន់សម្រាប់ខ្ញុំទៀតហើយ ហើយខ្ញុំចង់ឡើងមួយកម្រិតទៀត ដើម្បីឱ្យសាច់ញាតិដែលមានទ្រព្យ និងអំណាចរបស់ខ្ញុំឃើញថា ខ្ញុំគ្រាន់បើជាងពួកគេ។ ដោយសារតែការចុះបំពេញការងារ និងការជួបជុំញឹកញាប់ ខ្ញុំមានអារម្មណ៍ថា អស់កម្លាំង និងហត់នឿយខ្លាំងរាល់ថ្ងៃ ហើយទោះបីជាគេងច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចប៉ះប៉ូវឱ្យគ្រាន់ដែរ។ ជំងឺសើស្បែករបស់ខ្ញុំចាប់ផ្ដើមធ្វើទុក្ខ ហើយខ្ញុំពឹងផ្អែកតែលើថ្នាំលាប ដើម្បីឱ្យធូរស្រាលមួយគ្រាៗប៉ុណ្ណោះ។ ខ្ញុំក៏បានគិតគូររឿងទៅផ្ទះ ដើម្បីមើលថែសុខភាពដែរ ប៉ុន្តែពេលខ្ញុំគិតដល់ចំណុចត្រង់ថា ខ្ញុំបានខិតខំប្រឹងប្រែងខ្លាំងប៉ុនណា ដើម្បីសម្រេចបានអ្វីដែលខ្ញុំមាន ខ្ញុំដឹងថា ពេលដែលខ្ញុំឈប់សម្រាកដើម្បីត្រឡប់ទៅវិញ ម៉ាកយីហោដែលខ្ញុំទទួលខុសត្រូវ នឹងត្រូវគេយកទៅធ្វើជំនួស ហើយពេលនោះ ខ្ញុំនឹងបាត់បង់តំណែងជាអ្នកគ្រប់គ្រង ហើយភាពរុងរឿង និងការកោតសរសើរទាំងអស់នឹងរលាយបាត់អស់។ ខ្ញុំសម្រេចចិត្តថា ខ្ញុំមិនអាចបោះបង់ងាយៗទេ ហើយមិនថាជួបរឿងរ៉ាវលំបាកលំបិនយ៉ាងណាទេ ខ្ញុំត្រូវតែស៊ូទ្រាំ។
ក្រោយមក អ្នកគ្រប់គ្រងប្រចាំខេត្តមកពីរោងចក្រគុយទាវមួយបានទូរសព្ទមកខ្ញុំ ដោយចង់ប្រគល់ការងារផ្នែកលក់គុយទាវសម្រាប់ទីក្រុងចំនួនពីរឱ្យមកខ្ញុំ។ ខ្ញុំបានគិតក្នុងចិត្តថា «បើខ្ញុំធ្វើបានល្អ ខ្ញុំអាចនឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំខេត្តនៅថ្ងៃអនាគត។ ដើម្បីលេចធ្លោ ខ្ញុំត្រូវតែហ៊ានទទួលយកការប្រឈមនៃតំណែងដែលខ្ពស់ជាងនេះ»។ ដូច្នេះ ខ្ញុំបានលាឈប់ពីការងារដែលខ្ញុំធ្វើអស់ជាច្រើនឆ្នាំ ហើយទៅធ្វើជាអ្នកគ្រប់គ្រងប្រចាំទីក្រុងនៃរោងចក្រគុយទាវនោះវិញ។ នៅពេលអ្នកភូមិបានឮថា ខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងប្រចាំទីក្រុង ពួកគេបាននិយាយមកកាន់ខ្ញុំដោយក្ដីច្រណែនថា៖ ពេលដែលអ្នកមានជំហររឹងមាំហើយ សូមជួយយកកូនខ្ញុំទៅធ្វើការជាមួយផង។ ឮបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ ហើយចិត្តចង់បានមុខមាត់របស់ខ្ញុំត្រូវបានបំពេញ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាចក្លាយជាអ្នកគ្រប់គ្រងប្រចាំខេត្ត ដែលពេលនោះ មិនថាខ្ញុំទៅទីណាទេ អ្នកដទៃនឹងហៅខ្ញុំថាជាបុគ្គលឆ្នើម ហើយសាច់ញាតិរបស់ខ្ញុំ ប្រាកដជាមើលមកខ្ញុំដោយការកោតសរសើរមិនខាន។ គំនិតទាំងនេះពិតជាធ្វើឱ្យខ្ញុំរំភើបចិត្តណាស់។ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ ក៏បានកើតឡើងយ៉ាងគំហុក។ នៅដើមឆ្នាំ ២០២១ ការលក់សរុបរបស់រោងចក្របានធ្លាក់ចុះយ៉ាងខ្លាំង ហើយខ្ញុំមើលទៅគុយទាវមួយឡូត៍ហើយមួយឡូត៍ទៀត ដែលជិតផុតកំណត់ ដោយក្ដីបារម្ភ។ បូករួមទាំងការចុះបេសកកម្ម ការនៅយប់ជ្រៅ និងការហូបបាយមិនទៀងពេល បានធ្វើឱ្យក្រពះពោះវៀនខ្ញុំដំណើរការមិនប្រក្រតី និងរាករុសរាល់ថ្ងៃ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺជំងឺរលាកស្បែករ៉ាំរ៉ៃរបស់ខ្ញុំកាន់តែដុនដាបទៅៗជាលំដាប់។ ហើយស្បែករបស់ខ្ញុំរមាស់ទ្រាំមិនបានឡើយ។ ស្បែកក្បាលខ្ញុំគ្របដណ្ដប់ដោយក្រមរក្រាស់ៗ ហើយក្រហាយដូចគេដុត ដែលធ្វើឱ្យស្បែករឹង រហូតដល់សូម្បីតែព្រិចភ្នែកក៏ពិបាកដែរ។ ខ្ញុំបានទៅព្យាបាលនៅកន្លែងជាច្រើន ប៉ុន្តែគ្មានថ្នាំ និងថ្នាំចាក់ណាមួយមានប្រសិទ្ធភាពសោះ។ ជំងឺនេះបានញាំញីខ្ញុំ រហូតដល់ខ្ញុំអស់កម្លាំងទាំងកាយទាំងចិត្តជាខ្លាំង។ ប៉ុន្តែទុក្ខព្រួយ ការឈឺចាប់ និងភាពទន់ខ្សោយទាំងនេះ ជារឿងដែលខ្ញុំមិនអាចប្រាប់អ្នកដទៃបានទេ ព្រោះខ្ញុំខ្លាចពួកគេសើចចំអក ឬមើលងាយខ្ញុំ។ ពេលខ្ញុំទ្រាំមិនបាន ខ្ញុំតែងតែទូរសព្ទទៅម៉ាក់ខ្ញុំ ដើម្បីរំសាយទុក្ខ ហើយរាល់ដង ម្តាយរបស់ខ្ញុំតែងនិយាយថា៖ «ឈប់ធ្វើការ ហើយត្រឡប់មកវិញមកកូន!» ប៉ុន្តែខ្ញុំខំធ្វើការខ្លាំងណាស់ទម្រាំបានតំណែងនេះ តើឱ្យខ្ញុំបោះបង់វាចោលទាំងអស់យ៉ាងដូចម្ដេចទៅ? ខ្ញុំមិនដាច់ចិត្តធ្វើបែបនោះទេ។ ក្នុងចិត្តរបស់ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំ ហើយខ្ញុំក៏បាននឹកឃើញដល់សុភាសិតមួយឃ្លាថា៖ «ជីវិតគឺដូចជាសត្វស្រមោច ប៉ុន្តែយើងគប្បីមានមហិច្ឆតាដូចជាសត្វហង្ស ហើយទោះបីជាជីវិតស្ដើងដូចក្រដាស ក៏យើងត្រូវមានស្មារតីអង់អាចមិនចុះចាញ់ឡើយ»។ ខ្ញុំបានគិតថា «ដោយសារតែខ្ញុំចង់លេចធ្លោ និងសម្រេចបាននូវសមិទ្ធផលធំធេង ពិតណាស់ ទុក្ខលំបាកគឺជារឿងដែលមិនអាចជៀសផុតឡើយ»។ ដូច្នេះ ខ្ញុំបានទ្រាំរហូតដល់ខែមិថុនា ប៉ុន្តែលទ្ធផលការងារនៅរោងចក្រនៅតែមិនប្រសើរឡើងសោះ។ មិនយូរប៉ុន្មាន ជំងឺរលាកស្បែករ៉ាំរ៉ៃរបស់ខ្ញុំនៅតែបន្តធ្ងន់ធ្ងរទៅៗ ហើយវាបានរាលដាលពេញមុខខ្ញុំតែម្ដង។ ខ្ញុំពាក់ម៉ាស់នៅពេលចុះតាមហាង និងរៀបចំកម្មវិធី ហើយបុគ្គលិកបានគេចវេះពីខ្ញុំ ពេលពួកគេឃើញខ្ញុំ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង ដោយគិតថា៖ «ខ្ញុំបានតស៊ូព្យាយាមយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ និងទ្រាំទ្រនឹងសម្ពាធដ៏ធំធេង ប៉ុន្តែលទ្ធផលដែលទទួលបាន បែរជាបែបនេះទៅវិញ»។ តើការតស៊ូរបស់ខ្ញុំ ពិតជាមានតម្លៃសក្ដិសមនឹងអ្វីដែលខ្ញុំទទួលបានមែនដែរឬទេ? ពីរបីថ្ងៃក្រោយមក មិត្តរួមការងារម្នាក់បានទូរសព្ទមកប្រាប់ខ្ញុំថា មេដឹកនាំរបស់យើងកើតជំងឺមហារីក ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បន្ទាប់ពីដាក់ទូរសព្ទចុះ ខ្ញុំនៅតែមិនអាចធ្វើចិត្តឱ្យស្ងប់បានឡើយអស់រយៈពេលយ៉ាងយូរ។ ខ្ញុំបានឈរនៅពីមុខកញ្ចក់ សម្លឹងមើលផ្ទៃមុខដែលពោរពេញទៅដោយស្នាមអុជក្រហម ហើយខ្ញុំក៏បានធ្លាក់ទៅក្នុងអន្លង់នៃគំនិតយ៉ាងជ្រាលជ្រៅ។ «អ្នកគ្រប់គ្រងប្រចាំខេត្តទើបតែមានអាយុ 40 ឆ្នាំជាងប៉ុណ្ណោះ ហេតុអ្វីបានជាមានរឿងគំរាមកំហែងដល់អាយុជីវិតកើតឡើងភ្លាមៗបែបនេះ? គាត់រកលុយបានច្រើន និងមានភាពរុងរឿងជារបស់ខ្លួន ប៉ុន្តែទោះបីជាគាត់រកលុយបានច្រើនប៉ុនណា ឬល្បីល្បាញកម្រិតណាក៏ដោយ ក៏មិនអាចទិញសុខភាពរបស់គាត់ត្រឡប់មកវិញបានដែរ។ ខ្ញុំទើបតែស្ថិតក្នុងវ័យ 30 ឆ្នាំជាងប៉ុណ្ណោះ ហើយរាងកាយខ្ញុំពោរពេញដោយបញ្ហាសុខភាពជាច្រើនទៅហើយ។ ប្រសិនបើខ្ញុំនៅតែបន្តបែបនេះទៀត តើខ្ញុំនឹងមានវាសនាដូចគាត់ដែរឬទេ? ប្រសិនបើខ្ញុំយកសុខភាពទៅប្រថុយ ដើម្បីប្តូរយកលទ្ធផលបែបនេះ តើលុយកាក់ និងមុខមាត់មានន័យអ្វីទៅ?» ប៉ុន្មានថ្ងៃបន្ទាប់មកទៀត ខ្ញុំមានអារម្មណ៍ច្របូកច្របល់ និងអស់សង្ឃឹមយ៉ាងខ្លាំង ហាក់ដូចជាខ្ញុំមិនអាចបន្តដំណើរទៅមុខក្នុងជីវិតបានទៀតទេ។ ក្រោមសម្ពាធទាំងពីរ ទាំងការឈឺចាប់ផ្លូវកាយ និងភាពតានតឹងផ្លូវចិត្ត ខ្ញុំបានលាឈប់ពីការងាររបស់ខ្ញុំ ហើយខ្ញុំបានសម្រេចចិត្តទៅផ្ទះដើម្បីព្យាបាលជំងឺ ទាំងចិត្តដ៏សែនក្រៀមក្រំ។
ក្រោយត្រឡប់ទៅដល់ផ្ទះវិញ ខ្ញុំចំណាយពេលរាល់ថ្ងៃទាំងមុខក្រញូវ និងពិបាកចិត្ត ដោយគិតថា៖ «ក្រោយតស៊ូអស់ជាច្រើនឆ្នាំមកនេះ ហាក់ដូចជាខ្ញុំត្រឡប់មកចំណុចចាប់ផ្ដើមវិញអ៊ីចឹង។ ខ្ញុំបានបាត់បង់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ទាំងអស់ ហើយចុងក្រោយសល់ត្រឹមតែរាងកាយដែលពោរពេញដោយជំងឺ។ តើខ្ញុំអាចបន្តទៅមុខយ៉ាងដូចម្ដេច?» ម្តាយរបស់ខ្ញុំឃើញខ្ញុំមិនសប្បាយចិត្ត ក៏បានផ្ដល់ការណែនាំខ្លះៗដល់ខ្ញុំ ដោយប្រកបគ្នាថា យើងមិនអាចគ្រប់គ្រងវាសនារបស់យើងបានទេ ហើយគ្រប់យ៉ាងត្រូវបានព្រះជាម្ចាស់ចែងទុកមកហើយ។ បន្ទាប់មក គាត់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះៗឱ្យខ្ញុំស្ដាប់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើមនុស្សជ្រើសរើសមុខរបរអ្វី របៀបដែលពួកគេរកស៊ីចិញ្ចឹមជីវិត ថាតើជម្រើសដែលពួកគេធ្វើគឺល្អ ឬអាក្រក់ តើមនុស្សមានជម្រើសក្នុងរឿងទាំងនេះដែរឬទេ? តើរឿងទាំងនោះផ្អែកលើបំណងប្រាថ្នា និងការសម្រេចចិត្តរបស់មនុស្សឬ? មនុស្សភាគច្រើនប្រាថ្នាចង់ធ្វើការតិច ហើយទទួលបានប្រាក់ចំណូលច្រើន មិនចង់ពុះពារហាលថ្ងៃហាលភ្លៀង ចង់ស្លៀកពាក់សមរម្យ ចង់លេចធ្លោនៅគ្រប់ទីកន្លែងដែលពួកគេទៅ ចង់ក្លាយជាអ្នកឈរនៅលំដាប់កំពូល និងនាំកិត្តិយសដល់ដូនតារបស់ពួកគេ។ មនុស្សមានបំណងប្រាថ្នាដ៏ 'ល្អឥតខ្ចោះ' បែបនេះ ប៉ុន្តែនៅពេលដែលពួកគេបោះជំហានដំបូងនៅលើផ្លូវនៃជីវិត ពួកគេក៏ចាប់ផ្ដើមមើលឃើញបន្តិចម្ដងៗថា ជោគវាសនារបស់មនុស្សមិនល្អឥតខ្ចោះខ្លាំងដល់កម្រិតណា ហើយពិតជាដឹងខ្លួនជាលើកដំបូងថា ទោះបីជាមនុស្សម្នាក់អាចរៀបចំផែនការយ៉ាងក្លាហានសម្រាប់អនាគតរបស់ខ្លួន និងមានក្ដីស្រមៃគ្រប់បែបយ៉ាងតាមតែចិត្តចង់ក៏ដោយ ក៏គ្មាននរណាម្នាក់មានសមត្ថភាព ឬអំណាចដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនបានឡើយ ហើយក៏គ្មានសមត្ថភាពគ្រប់គ្រងអនាគតរបស់ខ្លួនបានដែរ។ វាតែងតែមានគម្លាតរវាងក្ដីស្រមៃរបស់មនុស្សម្នាក់ និងតថភាពជាក់ស្ដែងដែលពួកគេកំពុងប្រឈមមុខជានិច្ច រឿងរ៉ាវមិនអាចកើតឡើងដូចដែលមនុស្សម្នាក់ស្រមៃបានជាដាច់ខាត ហើយនៅពេលប្រឈមមុខនឹងតថភាពជាក់ស្ដែងបែបនេះ មនុស្សមិនអាចស្វែងរកឃើញការបំពេញចិត្ត ឬភាពស្កប់ស្កល់បានឡើយ។ មានមនុស្សមួយចំនួនថែមទាំងព្យាយាមម្ដងហើយម្ដងទៀត ក្នុងការរកវិធីសាស្រ្តគ្រប់បែបយ៉ាង និងស្វែងរកគ្រប់ច្រកល្ហកដែលអាចធ្វើទៅបាន ហើយខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាប្រយោជន៍ដល់ការរស់នៅ និងអនាគតរបស់ពួកគេ និងដើម្បីផ្លាស់ប្ដូរជោគវាសនារបស់ខ្លួន។ ប៉ុន្តែនៅទីបំផុត ទោះបីជាពួកគេអាចសម្រេចក្ដីស្រមៃ និងបំណងប្រាថ្នារបស់ពួកគេ តាមរយៈការខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាករបស់ខ្លួនក៏ដោយ ក៏ពួកគេមិនអាចផ្លាស់ប្ដូរវាសនារបស់ខ្លួនបានឡើយ ហើយមិនថាពួកគេតស៊ូយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចដើរហួសពីវាសនារបស់ពួកគេបានដែរ។ ដោយមិនគិតពីភាពខុសគ្នានៃសមត្ថភាព និងភាពឆ្លាតវៃរបស់ពួកគេ ហើយថាតើពួកគេមានការតាំងចិត្តឬអត់នោះទេ មនុស្សទាំងអស់សុទ្ធតែស្មើគ្នានៅចំពោះមុខវាសនា ដែលនៅទីនោះ ពួកគេមិនត្រូវបានបែងចែករវាងអ្នកធំ និងអ្នកតូច អ្នកខ្ពស់ និងអ្នកទាប អ្នកខ្ពង់ខ្ពស់ និងអ្នកទាបថោកឡើយ។ តើមនុស្សម្នាក់ប្រកបមុខរបរអ្វី ធ្វើអ្វីដើម្បីចិញ្ចឹមជីវិត និងមានទ្រព្យសម្បត្តិប៉ុនណានៅក្នុងជីវិត គឺមិនអាស្រ័យលើឪពុកម្ដាយ ទេពកោសល្យ ឬការខិតខំប្រឹងប្រែង និងមហិច្ឆិតារបស់ពួកគេនោះទេ គឺវាអាស្រ័យលើការកំណត់ទុកជាមុនរបស់ព្រះអាទិករ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាត្រឹមត្រូវណាស់។ មនុស្សគ្រប់គ្នាចង់រស់នៅក្នុងជីវិតដ៏ល្អប្រសើរ ហើយកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចរឿងនេះ ប៉ុន្តែចុងក្រោយ វាសនារបស់មនុស្សមិនមែនជាអ្វីដែលពួកគេអាចសម្រេចបានឡើយ។ ខ្ញុំបានគិតដល់បងប្អូនជីដូនមួយរបស់ខ្ញុំ។ ពួកគេមិនបានប្រឹងប្រែងធ្វើការប៉ុន្មានទេ ប៉ុន្តែពួកគេអាចក្លាយជាអ្នកដឹកនាំ នៅក្នុងវិស័យណាក៏ដោយដែលពួកគេធ្វើ និងទទួលបានផលប្រយោជន៍ល្អៗ។ ខ្ញុំបានតស៊ូជាងដប់ឆ្នាំ ដើម្បីទទួលបានជោគជ័យដូចពួកគេដែរ ប៉ុន្តែអ្វីដែលខ្ញុំទទួលបាន គឺរាងកាយដែលពោរពេញដោយជំងឺ ហើយលុយដែលខ្ញុំរកបាន ត្រូវយកទៅចំណាយលើថ្លៃពេទ្យអស់រលីង។ បន្ទាប់មក ខ្ញុំនឹកឃើញដល់បុគ្គលិកចាស់ម្នាក់។ លទ្ធផលផ្នែកលក់របស់គាត់មិនសូវល្អទេ ប៉ុន្តែគាត់ទទួលបានផ្ទះជាងដប់ល្វែង ជាសំណងនៃការរុះរើ។ វាធ្វើឱ្យខ្ញុំយល់ឃើញថា អ្វីដែលនឹងត្រូវមានបាន គង់តែមានបានមិនខាន ហើយមិនថាយើងប្រឹងធ្វើការខ្លាំងប៉ុនណាទេ បើវាសនាមិនកំណត់ថាជារបស់យើង វានឹងឥតប្រយោជន៍ទាំងអស់។ វាសនារបស់មនុស្សមិនមែនស្ថិតនៅក្នុងដៃរបស់គេទេ ហើយការខិតខំប្រឹងប្រែងខ្លាំងប៉ុនណាក៏មិនអាចផ្លាស់ប្ដូរវាបានដែរ។ ក្រោយមក បងប្អូនប្រុសស្រីបានដឹងដំណឹងអំពីស្ថានភាពរបស់ខ្ញុំ ហើយបានប្រកបគ្នាជាមួយខ្ញុំ ដោយនិយាយថា ជំងឺនេះក៏ត្រូវបានព្រះជាម្ចាស់អនុញ្ញាតដែរ ហើយថា បើគ្មានការរងទុក្ខនេះទេ ខ្ញុំប្រហែលជាមិនបានត្រឡប់មកឯព្រះវិញឡើយ។ ខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់។ ខ្ញុំចាំបានថា ខ្ញុំធ្លាប់ជឿព្រះជាម្ចាស់ពីមុនមក ប៉ុន្តែបានបោះបង់ចោលពាក់កណ្ដាលទី ដើម្បីដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ ប្រសិនបើខ្ញុំមិនឈឺទេ ខ្ញុំប្រហែលជានៅតែរសាត់អណ្តែត និងវង្វេងនៅក្នុងពិភពលោកនេះមិនខាន។ ក្រោយរយៈពេលជាច្រើនឆ្នាំមកនេះ ព្រះជាម្ចាស់នៅតែមិនបោះបង់ខ្ញុំចោល ហើយតាមរយៈជំងឺនេះ ទ្រង់បាននាំខ្ញុំត្រឡប់មកក្នុងផ្ទះរបស់ទ្រង់វិញ ដើម្បីបន្តជឿលើទ្រង់។ ជំងឺនេះពិតជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំមែន ហើយខ្ញុំពិតជាដឹងគុណព្រះជាម្ចាស់ណាស់។ បន្ទាប់ពីនោះមក ខ្ញុំបានចូលរួមការជួបជុំគ្នាយ៉ាងសកម្ម ហើយហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។
នៅក្នុងការជួបជុំមួយ បងស្រីម្នាក់បានអានអត្ថបទព្រះបន្ទូលព្រះជាម្ចាស់ចំនួនពីរ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «មនុស្សគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីរីករាយនឹងឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជីវិត។ ពួកគេគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីស្វែងរកការសប្បាយ និងដើម្បីបណ្ដោយខ្លួនក្នុងការសប្បាយខាងសាច់ឈាមតាមអំពើចិត្ត។ ដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែលពួកគេប្រាថ្នានេះ មនុស្សបានប្រគល់រូបកាយ ដួងចិត្ត និងអ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅឱ្យសាតាំង ដោយរីករាយ និងដោយមិនដឹងខ្លួន។ ពួកគេធ្វើដូច្នេះដោយប្រគល់ទាំងអស់គ្មានសល់អ្វីឡើយ ដោយគ្មានការសង្ស័យសូម្បីតែបន្ដិច ហើយមិនដែលដឹងថាត្រូវទាមទារយកមកវិញនូវអ្វីៗទាំងអស់ដែលពួកគេធ្លាប់មាននោះទេ។ តើមនុស្សអាចរក្សាការគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ នៅពេលដែលពួកគេបានចុះចូលនឹងសាតាំង ហើយបានស្មោះត្រង់ចំពោះវាបែបនោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលទាំងស្រុងទៅក្នុងទីភក់នេះ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់ជាប់ផុងក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលយុត្តិធម៌ ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែការល្បួងនៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ វាធំខ្លាំងពេកសម្រាប់មនុស្ស ហើយទាំងនេះគឺជាអ្វីៗដែលមនុស្សអាចដេញតាមដោយគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់ពួកគេ ហើយរហូតដល់អស់កល្បជានិច្ចទៀតផង។ តើនេះមិនមែនជាស្ថានភាពជាក់ស្ដែងទេឬ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់សាតាំង។ ឥឡូវនេះ ក្រឡេកមើលសកម្មភាពរបស់សាតាំង តើបំណងដ៏ពិសពុលរបស់វា មិនគួរឱ្យស្អប់បំផុតទេឬ? ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលធ្លុះបំណងដ៏ពិសពុលរបស់សាតាំង ព្រោះអ្នករាល់គ្នាគិតថា បើគ្មានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ជីវិតនឹងគ្មានខ្លឹមសារ ហើយមនុស្សនឹងលែងអាចមើលឃើញផ្លូវទៅមុខទៀតហើយ មិនអាចមើលឃើញគោលដៅរបស់ពួកគេទៀតទេ ហើយអនាគតរបស់ពួកគេនឹងក្លាយទៅជាងងឹត ស្រអាប់ និងអាប់អួរ។ ប៉ុន្តែ បន្តិចម្ដងៗ ថ្ងៃណាមួយ អ្នករាល់គ្នានឹងទទួលស្គាល់ទាំងអស់គ្នាថា កេរ្តិ៍ឈ្មោះ និងលាភសក្ការៈគឺជាខ្នោះដ៏ធំ ដែលសាតាំងដាក់លើមនុស្ស នៅពេលថ្ងៃនោះមកដល់ អ្នកនឹងប្រឆាំងនឹងការគ្រប់គ្រងរបស់សាតាំងទាំងស្រុង ហើយប្រឆាំងទាំងស្រុងនឹងខ្នោះដែលសាតាំងបាននាំមកកាន់អ្នក។ នៅពេលដែលអ្នកចង់ដោះលែងខ្លួនអ្នកពីរឿងទាំងអស់នេះដែលសាតាំងបានបណ្តុះនៅក្នុងអ្នក ពេលនោះ អ្នកនឹងកាត់ផ្ដាច់ពីសាតាំងយ៉ាងដាច់ស្រេច ហើយអ្នកនឹងស្អប់យ៉ាងពិតប្រាកដចំពោះអ្វីៗទាំងអស់ដែលសាតាំងបាននាំមកឱ្យអ្នក។ មានតែពេលនោះទេដែលអ្នកនឹងមានសេចក្ដីស្រឡាញ់ពិតប្រាកដ និងសេចក្ដីស្រេកឃ្លានចំពោះព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំរំភើបចិត្តយ៉ាងខ្លាំង។ ហាក់ដូចជាខ្ញុំទើបតែភ្ញាក់ពីសុបិនអ៊ីចឹង។ ខ្ញុំបានដឹងថា កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដែលខ្ញុំបានដេញតាមតាំងពីក្មេង គឺជាអន្ទាក់ដែលសាតាំងបានដាក់។ ខ្ញុំធ្លាប់បានគិតថា ការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជារឿងត្រឹមត្រូវ ហើយថាការរស់នៅមិនមែនគ្រាន់តែពេញចិត្តនឹងការឆ្អែតក្រពះនោះទេ ប៉ុន្តែត្រូវដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈផងដែរ ហើយថា មានតែការរស់នៅបែបនេះទេ ទើបអាចរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ និងតម្លៃ។ ឥឡូវនេះ ខ្ញុំបានយល់ហើយថា ការដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ប្រៀបដូចជាសត្វមេអំបៅហើរចូលភ្លើងអ៊ីចឹង មើលទៅហាក់ដូចជាអ្វីគ្រប់យ៉ាងភ្លឺស្វាង ប៉ុន្តែពេលដែលលោតចូលទៅពិតមែន អ្នកអាចនឹងបាត់បង់ជីវិត។ ពេលក្រឡេកមើលក្រោយវិញ ខ្ញុំដឹងថា ខ្ញុំបានទទួលយកទស្សនៈផ្សេងៗរបស់សាតាំងតាំងពីក្មេងមក ដូចជា «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ» និង «មនុស្សប្រឹងឡើងទៅលើ ទឹកហូរចុះទៅក្រោម» «កូនប្រុសត្រូវមានបំណងប្រាថ្នាទៅគ្រប់ទិសទី» ជាដើម។ ដោយរងឥទ្ធិពលពីទស្សនៈទាំងនេះ ខ្ញុំបានកំណត់ឧត្តមគតិ និងសេចក្ដីប្រាថ្នាដ៏ខ្ពង់ខ្ពស់សម្រាប់ខ្លួនឯងតាំងពីតូច ហើយចាប់ផ្ដើមធ្វើដំណើរទៅកន្លែងផ្សេងៗតាំងពីវ័យជំទង់ ដើម្បីស្វែងរកឱកាសសម្រេចក្ដីសុបិនរបស់ខ្ញុំ។ ទោះបីជាបរាជ័យជាច្រើនដងក៏ដោយ ក៏ខ្ញុំមិនដែលបោះបង់ដែរ។ ជាពិសេសនៅពេលដែលខ្ញុំបានឮពាក្យស្លោកដ៏ពេញនិយមមួយថា៖ «ជីវិតគឺដូចជាសត្វស្រមោច ប៉ុន្តែយើងគប្បីមានមហិច្ឆតាដូចជាសត្វហង្ស ហើយទោះបីជាជីវិតស្ដើងដូចក្រដាស ក៏យើងត្រូវមានស្មារតីអង់អាចមិនចុះចាញ់ឡើយ»។ ខ្ញុំបានសម្រេចចិត្តថា នឹងកសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង ក្លាយជាបុគ្គលល្បីល្បាញ និងទទួលបានការកោតសរសើរពីមនុស្ស។ កាលបើក្រឡេកមើលទៅក្រោយវិញ ខ្ញុំពិតជាត្រូវបានញាំញីយ៉ាងខ្លាំងដោយសារជំងឺ ហើយមានតែការប្រើប្រាស់ថ្នាំប៉ុណ្ណោះ ទើបអាចឱ្យខ្ញុំបន្តរស់រានមានជីវិតបាន។ ប៉ុន្តែដើម្បីទទួលបានការកោតសរសើរដែលខ្ញុំចង់បាន ខ្ញុំបានជម្នះការលំបាកជាច្រើន ហើយក្រោយពីខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ ទីបំផុតខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងម៉ាកយីហោ និងទទួលបានការកោតសរសើរពីអ្នកដទៃ។ ប៉ុន្តែ ខ្ញុំនៅតែមិនទាន់ពេញចិត្តទេ។ ដើម្បីក្លាយជាអ្នកគ្រប់គ្រងប្រចាំខេត្ត និងធ្វើឱ្យសាច់ញាតិមើលមកខ្ញុំខុសពីមុន ខ្ញុំបានលាឈប់ពីការងារដែលខ្ញុំធ្វើអស់ជាច្រើនឆ្នាំ ដើម្បីទៅធ្វើជាអ្នកគ្រប់គ្រងប្រចាំទីក្រុងវិញ។ នៅពេលការលក់ធ្លាក់ចុះ ខ្ញុំបានគិតរកដំណោះស្រាយគ្រប់បែបយ៉ាង ដោយប្រឈមមុខនឹងសម្ពាធ និងការឈឺចាប់នៃជំងឺរាល់ថ្ងៃ ខណៈពេលកំពុងស្រាវជ្រាវយុទ្ធសាស្ត្រទីផ្សារ។ ខ្ញុំមានអារម្មណ៍អស់កម្លាំង និងហត់នឿយ ប៉ុន្តែទាល់តែរាងកាយខ្ញុំទ្រាំលែងបានទាំងស្រុង ទើបខ្ញុំឈប់ពីការងារមួយរយៈ។ ខ្ញុំបានលះបង់ខ្លួនឯងទាំងស្រុង និងបំផ្លាញសុខភាពខ្លួនឯង ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈយ៉ាងត្រដរ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺមានតែការរងទុក្ខប៉ុណ្ណោះ។ ការដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពិតជាបានធ្វើបាបខ្ញុំមែន! ទោះបីជាខ្ញុំដឹងថា ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការសង្គ្រោះមនុស្សក៏ដោយ ក៏ខ្ញុំត្រូវបានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដឹកមុខ ដូចឆ្កែជាប់ច្រវាក់ ហើយគ្មានបំណងចង់មកចំពោះព្រះជាម្ចាស់ឡើយ។ ខ្ញុំបានចំណាយពេលជាងមួយទសវត្សរ៍ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយខ្ញុំកាន់តែឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់។ ប្រសិនបើមិនមែនដោយសារជំងឺនេះទេ ខ្ញុំនឹងបន្តដេញតាមការនេះទៀត ហើយចុងក្រោយ វានឹងនាំឱ្យខ្ញុំវិនាសមិនខាន។ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលជួយឱ្យខ្ញុំមើលឃើញច្បាស់ពីការរងទុក្ខ ដែលកើតចេញពីការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយខ្ញុំបានស្ម័គ្រចិត្តលះបង់របស់ទាំងនេះចេញពីចិត្ត និងចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរទៀត ហើយចិត្តរបស់ខ្ញុំកាន់តែភ្លឺស្វាងឡើង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដោយសារតែអធិបតេយ្យភាព និងការកំណត់ទុកជាមុនរបស់ព្រះអាទិករ ព្រលឹងដ៏ឯកោមួយដែលចាប់ផ្ដើមដោយគ្មានអ្វីទាល់តែសោះ ទទួលបានឪពុកម្ដាយ និងគ្រួសារ ទទួលបានឱកាសដើម្បីក្លាយជាសមាជិកនៃពូជមនុស្ស និងឱកាសដើម្បីដកបទពិសោធជីវិតមនុស្ស និងធ្វើដំណើរឆ្លងកាត់ពិភពមនុស្ស ព្រលឹងនោះក៏ទទួលបានឱកាសដើម្បីដកបទពិសោធអធិបតេយ្យភាពរបស់ព្រះអាទិករ ដើម្បីស្គាល់ពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអាទិករ ហើយលើសពីនេះទៅទៀត គឺឱកាសដើម្បីស្គាល់ និងត្រឡប់មកចុះចូលនឹងសិទ្ធិអំណាចរបស់ព្រះអាទិករ។ ប៉ុន្តែមនុស្សភាគច្រើនមិនបានចាប់យកឱកាសដ៏កម្រ និងដ៏ខ្លីនេះឱ្យបានពិតប្រាកដឡើយ។ មនុស្សចំណាយកម្លាំងពេញមួយជីវិតដើម្បីប្រយុទ្ធប្រឆាំងនឹងវាសនា ហើយចំណាយពេលពេញមួយជីវិតរបស់ខ្លួនរវល់ខ្វែងដៃខ្វែងជើង ព្យាយាមផ្គត់ផ្គង់គ្រួសាររបស់ពួកគេ និងរត់ចុះរត់ឡើងដើម្បីតែកិត្យានុភាព និងផលចំណេញ។ អ្វីដែលមនុស្សឱ្យតម្លៃ គឺសេចក្ដីស្រឡាញ់ក្នុងគ្រួសារ លុយកាក់ ហើយកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយពួកគេចាត់ទុករឿងទាំងនេះជារបស់ដែលមានតម្លៃបំផុតនៅក្នុងជីវិត។ មនុស្សគ្រប់គ្នាត្អូញត្អែរអំពីការមានវាសនាអាក្រក់ ប៉ុន្តែពួកគេនៅតែមិនអើពើនឹងបញ្ហាដែលមនុស្សគួរតែយល់ និងស្វែងយល់បំផុតដដែលគឺ៖ ហេតុអ្វីបានជាមនុស្សរស់នៅ តើមនុស្សគួររស់នៅដោយរបៀបណា ហើយតើគុណតម្លៃ និងអត្ថន័យនៃជីវិតមនុស្សគឺជាអ្វី។ ពួកគេចំណាយពេលពេញមួយជីវិតរបស់ខ្លួន ទោះបីជាវាមានរយៈពេលយូរប៉ុនណាក៏ដោយ គឺគ្រាន់តែរត់ចុះរត់ឡើងដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈប៉ុណ្ណោះ រហូតដល់យុវវ័យរបស់ពួកគេកន្លងផុតទៅ ហើយពួកគេក្លាយជាស្កូវ និងមានស្នាមជ្រួញ រហូតដល់ពួកគេដឹងថា កេរ្តិ៍ឈ្មោះ និងលាភសក្ការៈមិនអាចបញ្ឈប់ពួកគេពីភាពចាស់ជរាបានទេ ថាលុយកាក់មិនអាចបំពេញភាពទទេសូន្យនៅក្នុងដួងចិត្តរបស់ពួកគេបានឡើយ ហើយរហូតដល់ពួកគេយល់ថា គ្មាននរណាម្នាក់អាចគេចផុតពីច្បាប់នៃការកើត ចាស់ ឈឺ និងស្លាប់បាននោះទេ ហើយថាគ្មាននរណាម្នាក់អាចគេចវេះពីការរៀបចំនៃវាសនាបានឡើយ។ មានតែពេលដែលពួកគេត្រូវប្រឈមមុខនឹងដំណាក់កាលចុងក្រោយនៃជីវិតប៉ុណ្ណោះ ទើបពួកគេពិតជាចាប់យល់ថា ទោះបីជាមនុស្សម្នាក់មានទ្រព្យសម្បត្តិមហាសាល ទោះបីជាមនុស្សម្នាក់មានឋានៈខ្ពង់ខ្ពស់ និងបុណ្យស័ក្តិធំដុំក៏ដោយ ក៏នៅតែមិនអាចគេចផុតពីសេចក្ដីស្លាប់ដែរ ហើយត្រូវតែត្រឡប់ទៅកាន់ទីតាំងដើមរបស់ពួកគេវិញដដែល៖ គឺព្រលឹងដ៏ឯកោមួយ ដែលគ្មានអ្វីសោះជាកម្មសិទ្ធិរបស់ខ្លួន» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «មនុស្សចំណាយពេលពេញមួយជីវិតរបស់ពួកគេដេញតាមលុយកាក់ ហើយកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេចាត់ទុករឿងទាំងនេះជាខ្សែជីវិត ជាមធ្យោបាយទ្រទ្រង់តែមួយគត់សម្រាប់ពួកគេ ហាក់ដូចជាការមានរបស់ទាំងនេះ មានន័យថាពួកគេអាចរស់នៅបន្ត និងគេចផុតពីសេចក្ដីស្លាប់អ៊ីចឹង។ ប៉ុន្តែ មានតែពេលដែលពួកគេជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា លុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ នៅឆ្ងាយពីពួកគេប៉ុនណា ហើយនៅចំពោះមុខសេចក្ដីស្លាប់ តើពួកគេទន់ខ្សោយ និងគ្មានអំណាចប៉ុនណា តើពួកគេងាយរងគ្រោះប៉ុនណា ហើយតើពួកគេឯកោ និងគ្មានទីពឹងប៉ុនណា ដោយគ្មានកន្លែងពឹងពាក់ឡើយ។ ពួកគេទទួលស្គាល់ថា លុយកាក់ ឬកេរ្តិ៍ឈ្មោះ និងលាភសក្ការៈមិនអាចដោះដូរនឹងជីវិតបានឡើយ មិនថាគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុនណា មិនថាឋានៈរបស់ពួកគេខ្ពង់ខ្ពស់យ៉ាងណា ទាំងអស់គ្នាគឺក្រីក្រ និងតូចទាបយ៉ាងស្មើៗគ្នានៅចំពោះសេចក្តីស្លាប់។ ពួកគេទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន កេរ្តិ៍ឈ្មោះ និងលាភសក្ការៈមិនអាចឱ្យមនុស្សម្នាក់គេចពីសេចក្តីស្លាប់បានទេ ហើយទឹកប្រាក់ និងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងស្រេកឃ្លានចង់បន្តរស់នៅកាន់តែខ្លាំង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងខ្លាចការមកដល់នៃសេចក្តីស្លាប់កាន់តែខ្លាំង។ មានតែមកដល់ចំណុចនេះទេ ទើបពួកគេដឹងខ្លួនដោយពិតប្រាកដថា ជីវិតរបស់គេមិនមែនជាកម្មសិទ្ធិរបស់គេ និងមិនមែនសម្រាប់ឱ្យពួកគេត្រួតត្រា ហើយទទួលស្គាល់ថា គេគ្មានអំណាចអ្វីនឹងសម្រេចថាតើគេត្រូវមានជីវិតរស់នៅ ឬស្លាប់នោះឡើយ វាគឺហួសពីដែនត្រួតត្រារបស់នរណាម្នាក់ហើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលនៃការប្រកបរបស់ព្រះជាម្ចាស់ គឺច្បាស់លាស់ណាស់។ លុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ មិនអាចទិញជីវិតរបស់មនុស្សបានទេ ហើយក៏មិនអាចជួយឱ្យរួចផុតពីសេចក្ដីស្លាប់បានដែរ ហើយចុងក្រោយ ការដេញតាមរបស់ទាំងនេះគឺទទេស្អាត។ ខ្ញុំធ្លាប់គិតថា ការមានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ អាចផ្ដល់តម្លៃដល់ជីវិតខ្ញុំ ដែលថារបស់ទាំងនេះមានន័យ ដូច្នេះហើយ ខ្ញុំតែងតែចាត់ទុកការឈានមុខគេ ជាឧត្តមគតិរបស់ខ្ញុំ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំរងទុក្ខខ្លាំងណាស់ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ មើលទៅហាក់ដូចជាខ្ញុំរកលុយកាក់បាន ស្លៀកពាក់ខោអាវស្អាតៗ និងទទួលបានការកោតសរសើរពីអ្នកដទៃ ប៉ុន្តែទាល់តែពេលខ្ញុំឈឺ ទើបខ្ញុំដឹងថា លុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងការសរសើររបស់អ្នកដទៃ មិនអាចជួយបន្ថយការរងទុក្ខរបស់ខ្ញុំបានឡើយ ហើយទាំងនោះក៏មិនអាចធ្វើឱ្យសុខភាពខ្ញុំល្អឡើងវិញបានដែរ។ ខ្ញុំនឹកឃើញដល់អ្នកគ្រប់គ្រងប្រចាំខេត្តដែលមានអាយុ 40 ឆ្នាំជាង ដែលកើតជំងឺមហារីក និងប្រធានក្រុមហ៊ុនដែលបានស្លាប់ដោយសារជំងឺ។ ពួកគេមានទាំងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ប៉ុន្តែពេលស្លាប់ទៅ ពួកគេមិនអាចយករបស់ទាំងនេះទៅជាមួយបានឡើយ។ ទោះបីជាខំប្រឹងត្រដររកលុយបានច្រើនសន្ធឹកសន្ធាប់ក៏ដោយ ក៏ពួកគេស្លាប់ទៅដោយដៃទទេដែរ។ អ៊ីចឹងតើការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈមានអត្ថន័យអ្វីទៅ? វាដូចទៅនឹងព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «តើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ ខ្ញុំធ្លាប់តែរត់ខ្វែងដៃខ្វែងជើង ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយកាន់តែឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់ ក្រោមការល្បួងនៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ ខ្ញុំបានស៊ូទ្រាំនឹងការរងទុក្ខ និងការលំបាកជាច្រើន ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយផ្លូវដែលខ្ញុំដើរពោរពេញដោយភាពឈឺចាប់ និងទុក្ខសោក។ ប៉ុន្តែសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ បានមកដល់ខ្ញុំម្ដងទៀត ហើយទោះបីជាខ្ញុំបះបោរប្រឆាំងនឹងព្រះជាច្រើនឆ្នាំក៏ដោយ ក៏ទ្រង់នៅតែមិនបោះបង់ខ្ញុំចោលដែរ និងអនុញ្ញាតឱ្យខ្ញុំត្រឡប់មកក្នុងផ្ទះរបស់ទ្រង់វិញ។ គ្រាន់តែគិតដល់រឿងនេះ ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក ហើយអារម្មណ៍ជំពាក់គុណព្រះជាម្ចាស់ បានជោរជន់ពេញបេះដូងខ្ញុំ។ ខ្ញុំបានគិតថា ចាប់ពីពេលនោះទៅ ខ្ញុំត្រូវតែជឿលើព្រះឱ្យបានត្រឹមត្រូវ និងតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់។
ក្រោយមក ខ្ញុំបានបំពេញភារកិច្ចនៅក្នុងពួកជំនុំ។ ពេលមួយនោះ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ភាវៈដែលព្រះបានបង្កើត រស់នៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ហើយពួកគេទទួលយកអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ និងអ្វីគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ ដូចនេះ ពួកគេគួរតែបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួន។ ការណ៍នេះគឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ និងត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់។ តាមរយៈចំណុចនេះ គេអាចឃើញថា ការដែលមនុស្សបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត គឺមានភាពយុត្តិធម៌ ស្រស់ស្អាត និងថ្លៃថ្នូរជាងអ្វីផ្សេងទៀតដែលគេបានធ្វើ ក្នុងពេលដែលពួកគេរស់នៅក្នុងពិភពមនុស្សទៅទៀត។ ក្នុងចំណោមមនុស្សជាតិ គ្មានអ្វីដែលមានន័យ និងមានតម្លៃជាងនេះទៀតឡើយ ហើយក៏គ្មានអ្វីដែលនាំមកនូវអត្ថន័យ និងតម្លៃចំពោះជីវិតរបស់មនុស្សដែលព្រះបានបង្កើត ខ្លាំងជាងការបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតមកនោះដែរ។ ... ដោយផ្អែកលើការដែលភាវៈដែលព្រះបានបង្កើតបំពេញភារកិច្ចរបស់ពួកគេ ព្រះអាទិករបានធ្វើកិច្ចការកាន់តែធំធេងជាងនេះទៅទៀតក្នុងចំណោមមនុស្សជាតិ ទ្រង់បានអនុវត្តកិច្ចការមួយជំហានទៀតទៅលើមនុស្ស។ ហើយតើកិច្ចការនោះជាអ្វី? ទ្រង់ផ្គត់ផ្គង់សេចក្ដីពិតដល់មនុស្សជាតិ ដោយអនុញ្ញាតឱ្យពួកគេទទួលបានសេចក្ដីពិតពីព្រះជាម្ចាស់ ខណៈពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ហើយតាមរយៈនោះ ពួកគេអាចបោះចោលនិស្ស័យពុករលួយរបស់ខ្លួន និងត្រូវបានជម្រះ មកបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឈានជើងចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃជីវិត ហើយនៅទីបំផុត អាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទទួលបានសេចក្ដីសង្រ្គោះដ៏ពេញលេញ និងលែងរងការធ្វើបាបពីសាតាំងទៀតហើយ។ នេះគឺជាលទ្ធផលចុងក្រោយដែលព្រះជាម្ចាស់មានព្រះរាជបំណងចង់សម្រេចបាន តាមរយៈការឱ្យមនុស្សជាតិបំពេញភារកិច្ច។ ហេតុនេះ ក្នុងអំឡុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក ព្រះជាម្ចាស់មិនគ្រាន់តែឱ្យអ្នកមើលឃើញរឿងមួយច្បាស់ និងយល់ពីសេចក្ដីពិតតិចតួចនោះទេ ហើយព្រះអង្គក៏មិនគ្រាន់តែអនុញ្ញាតឱ្យអ្នកទទួលបានព្រះគុណ និងព្រះពរដែលអ្នកបានទទួលតាមរយៈការបំពេញភារកិច្ចរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើតនោះដែរ។ តែផ្ទុយទៅវិញ ព្រះអង្គអនុញ្ញាតឱ្យអ្នកត្រូវបានជម្រះ និងបានសង្គ្រោះ ហើយចុងក្រោយ ក៏បានមករស់នៅក្នុងពន្លឺនៃព្រះភក្ត្ររបស់ព្រះអាទិករផង» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីប្រាំពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំយល់ថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្លួន ហើយថានេះគឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់មនុស្ស។ មានតែការបំពេញភារកិច្ចប៉ុណ្ណោះ ទើបខ្ញុំមានឱកាសទទួលបានសេចក្ដីពិត និងជីវិត បោះបង់និស្ស័យពុករលួយរបស់ខ្ញុំ ត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរ ហើយចុងក្រោយទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជារឿងសំខាន់ និងមានតម្លៃបំផុតនៅក្នុងជីវិត។ ចាប់ពីពេលនោះមក ខ្ញុំបានហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ ហើយចិត្តរបស់ខ្ញុំពោរពេញដោយសេចក្ដីសុខសាន្ត និងអំណរ។ នៅក្នុងអំឡុងពេលបំពេញភារកិច្ច ពេលណាដែលខ្ញុំបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។ រឿងទាំងនេះសុទ្ធតែជាផលផ្លែនៃការបំពេញភារកិច្ចរបស់ខ្ញុំ។ មួយរយៈក្រោយមក សុខភាពរបស់ខ្ញុំក៏បានប្រសើរឡើងដែរ។
នៅក្នុងឆ្នាំ 2022 ក្រោយពិធីបុណ្យចូលឆ្នាំថ្មី បងប្អូនជីដូនមួយរបស់ខ្ញុំបានទូរសព្ទមកខ្ញុំ ហើយនិយាយថា អ្នកគ្រប់គ្រងក្រុមហ៊ុនចាស់របស់ខ្ញុំត្រូវបានគេផ្លាស់ប្ដូរចេញ ហើយអនុប្រធានចង់ឱ្យខ្ញុំត្រឡប់ទៅធ្វើជាអ្នកគ្រប់គ្រងវិញ។ ពេលបានឮបងប្អូនជីដូនមួយនិយាយបែបនេះ ខ្ញុំគិតថា «ខ្ញុំបានខំធ្វើការនៅក្នុងក្រុមហ៊ុននេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រសិនបើខ្ញុំមិនត្រឡប់ទៅវិញទេ ទំនាក់ទំនងទាំងអស់របស់ខ្ញុំនឹងត្រូវបាត់បង់។ ម្យ៉ាងទៀត ម៉ាកយីហោនេះស្ថិតនៅក្នុងវិស័យដែលមានសក្ដានុពលខ្លាំង សម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ហើយវាជាតំណែងអ្នកគ្រប់គ្រង។ មិនត្រឹមតែនាំមកនូវមុខមាត់ដល់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទាក់ទងជាមួយថ្នាក់ដឹកនាំកម្រិតកណ្ដាល និងកម្រិតខ្ពស់ ដែលនាំមកនូវកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដល់ខ្ញុំទៀតផង។ នេះជាតំណែងដែលមនុស្សជាច្រើនច្រណែនចង់បាន ហើយប្រសិនបើខ្ញុំមិនទទួលយកវាទេ ខ្ញុំប្រហែលជាគ្មានឱកាសបែបនេះទៀតទេ។ ប៉ុន្តែការងារនេះរវល់ខ្លាំងណាស់ ហើយខ្ញុំនឹងគ្មានពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចឡើយ»។ បន្ទាប់មក ខ្ញុំនឹកឃើញដល់ការឈឺចាប់ដែលនាំមកឱ្យខ្ញុំពីមុន ដោយសារការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយខ្ញុំមិនចង់ត្រឡប់ទៅក្នុងលោកីយ៍ និងបន្តត្រូវបានសាតាំងធ្វើបាបទៀតទេ។ ដូច្នេះ ខ្ញុំបានបដិសេធតំណែងនោះ។ បងប្អូនជីដូនមួយរបស់ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចេះតែរំឭកខ្ញុំថា ឱកាសបែបនេះកម្រមានណាស់ ហើយគាត់ប្រាប់ឱ្យខ្ញុំគិតឱ្យបានល្អិតល្អន់ ហើយឆ្លើយតបនៅថ្ងៃស្អែក។ នៅពេលនោះ ខ្ញុំបានគិតថា៖ «ខ្ញុំបានចាកចេញពីក្រុមហ៊ុនជាងមួយឆ្នាំហើយ ចុះហេតុអ្វីបានជាសុខៗគេចង់ឱ្យខ្ញុំធ្វើជាអ្នកគ្រប់គ្រងវិញ បន្ទាប់ពីខ្ញុំទើបតែចាប់ផ្ដើមបំពេញភារកិច្ចបែបនេះ?» ខ្ញុំបានដឹងយ៉ាងច្បាស់ថា នេះគឺជាការល្បួងរបស់សាតាំង ហើយខ្ញុំនឹកឃើញដល់អ្វីដែលព្រះជាម្ចាស់មានបន្ទូលថា៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់។ សូមយកករណីដែលយ៉ូបត្រូវបានល្បងលមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងបានភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងចំពោះយ៉ូប គឺជាអំពើរបស់មនុស្ស និងការរំខានរបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើលើអ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ ពោលគឺនៅពីក្រោយ គឺជាចម្បាំងមួយ» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ មើលពីសម្បកក្រៅ គឺបងប្អូនជីដូនមួយខ្ញុំបបួលខ្ញុំឱ្យត្រឡប់ទៅធ្វើជាអ្នកគ្រប់គ្រងវិញ ប៉ុន្តែតាមពិតទៅ នេះគឺជាល្បិចកលរបស់សាតាំង។ សាតាំងកំពុងព្យាយាមប្រើវិធីនេះ ដើម្បីទាញខ្ញុំឱ្យត្រឡប់ទៅដើរលើផ្លូវនៃការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈវិញ។ នៅពេលនោះ ខ្ញុំកំពុងបំពេញភារកិច្ចស្រោចស្រពអ្នកដទៃ ហើយមានអ្នកថ្មីមួយចំនួនដែលត្រូវការការស្រោចស្រព និងជួយគាំទ្រ។ ខ្ញុំមិនអាចបោះបង់ភារកិច្ច ដោយសារតែការងារនោះទេ។ ឥឡូវនេះ កិច្ចការរបស់ព្រះជាម្ចាស់ជិតបញ្ចប់ហើយ ហើយនេះគឺជាឱកាសមានតែម្តងក្នុងមួយជីវិតសម្រាប់ខ្ញុំ ដែលអាចជឿព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំត្រូវតែចំណាយពេលវេលាលើការបំពេញភារកិច្ចរបស់ខ្ញុំ និងដេញតាមសេចក្ដីពិត។ នេះមានតម្លៃជាងការធ្វើជាអ្នកគ្រប់គ្រងទៅទៀត។ ថ្ងៃបន្ទាប់ ខ្ញុំបានបដិសេធការផ្តល់ជូនរបស់បងប្អូនជីដូនមួយខ្ញុំ ហើយមានអារម្មណ៍ធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង។ ទោះបីជាពេលនេះ ខ្ញុំមិនមែនជាអ្នកគ្រប់គ្រង ហើយជីវិតរបស់ខ្ញុំក៏មិនមែនឆើតឆាយដូចកាលពីមុនក៏ដោយ ក៏ជីវិតរបស់ខ្ញុំមានស្ថិរភាព។ ខ្ញុំមានបាយហូប មានខោអាវស្លៀកពាក់ ហើយខ្ញុំអាចរស់នៅបានយ៉ាងសមរម្យ។ ខ្ញុំតាំងចិត្តចំណាយពេលរាល់ថ្ងៃរបស់ខ្ញុំ បំពេញភារកិច្ច និងដេញតាមសេចក្ដីពិតយ៉ាងម៉ឺងម៉ាត់ ដើម្បីធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។