៩៧. លាហើយ ថ្ងៃខែដែលដេញតាមលុយកាក់
ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រមួយ ដែលឪពុកម្ដាយដ៏ស្លូតត្រង់ និងស្មោះត្រង់របស់ខ្ញុំ បានចិញ្ចឹមគ្រួសារយើងតាមរយៈការធ្វើស្រែចម្ការ។ កាលពីក្មេង ខ្ញុំបានឃើញអ្នកមាននៅក្នុងភូមិ ហូបឆ្ងាញ់ ស្លៀកពាក់ល្អៗ និងទទួលបានការកោតសរសើរ និងការគាំទ្រពីអ្នកដទៃ។ ខ្ញុំច្រណែនពួកគេ ហើយជឿថា មានលុយ គឺមានអ្វីៗទាំងអស់។ សូម្បីតែនៅក្នុងសុបិន ក៏ខ្ញុំប្រាថ្នាចង់រកលុយឲ្យបានច្រើនដែរ។ ខ្ញុំបានលួចតាំងចិត្តយ៉ាងមុតមាំក្នុងចិត្តថា ទៅថ្ងៃមុខ ខ្ញុំត្រូវតែក្លាយជាអ្នកមាន និងរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់។
ក្រោយពេលរៀបការរួច ដើម្បីសម្រេចក្ដីសុបិនរបស់ខ្ញុំឲ្យបានឆាប់រហ័ស ខ្ញុំបានផ្លាស់ទៅរស់នៅទីក្រុងតែម្នាក់ឯង ដើម្បីធ្វើការជាជាងរៀបឥដ្ឋ។ ទោះបីជាធ្វើការថែមម៉ោងអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ប្រាក់សន្សំរបស់ខ្ញុំនៅតែមានតិចតួចស្ដួចស្ដើងដដែល។ ខ្ញុំចាប់ផ្ដើមពិចារណានៅក្នុងចិត្តថា ការប្រឹងប្រែងធ្វើការយ៉ាងលំបាកអស់មួយជីវិតបែបនេះ មិនអាចបំពេញក្ដីសុបិនរបស់ខ្ញុំបានឡើយ។ ក្រោយពីបានពិចារណាយ៉ាងល្អិតល្អន់ ខ្ញុំក៏សម្រេចចិត្តធ្វើជាមេការម៉ៅការសំណង់ ហើយចាប់ផ្ដើមអាជីវកម្មសំណង់ផ្ទាល់ខ្លួន។ ខ្ញុំបានខ្ចីលុយពីសាច់ញាតិ និងមិត្តភក្តិ ទិញដីមួយកន្លែងនៅក្នុងទីប្រជុំជន ហើយសាងសង់អគារមួយ។ ដើម្បីទទួលបានគម្រោងម៉ៅការ និងរកលុយឲ្យបានឆាប់រហ័ស ខ្ញុំបានប្រើប្រាស់ខ្សែរយៈ និងការជូនអំណោយ ដើម្បីទទួលបានគម្រោងមួយពីក្រុមហ៊ុនសំណង់។ ដើម្បីធានាថាការងារនេះធ្វើបានល្អ ជារៀងរាល់ថ្ងៃ ខ្ញុំបានចាប់ផ្ដើមត្រួតពិនិត្យការដ្ឋានសំណង់តាំងពីព្រលឹម ជារឿយៗតែងតែខកខានអាហារពេលព្រឹក ហើយចុះត្រួតពិនិត្យការងារ បន្ទាប់ពីកម្មករធ្វើការរួចរាល់នៅពេលល្ងាច។ រាល់ការងារណាដែលមានគុណភាពមិនដល់ស្ដង់ដារ ត្រូវវាយកម្ទេចចោល ហើយសាងសង់ឡើងវិញដោយថែមម៉ោង។ ទីបំផុត ខ្ញុំទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំក្រុមហ៊ុន និងទទួលបានគម្រោងរងជាបន្តបន្ទាប់។ រយៈពេលពីរឆ្នាំក្រោយមក ខ្ញុំរកលុយបានមួយចំនួន សងបំណុលគេរួចរាល់ និងបានជួសជុលផ្ទះរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង មិនអាចពិពណ៌នាបានឡើយ។ ក្នុងអំឡុងពេលចូលឆ្នាំចិន សាច់ញាតិ និងមិត្តភក្តិបានមកលេងផ្ទះខ្ញុំ ដើម្បីអបអរសាទរ។ អ្នកខ្លះបានញញឹម ហើយនិយាយមកកាន់ខ្ញុំថា «ថៅកែ យើងមកជូនពរឆ្នាំថ្មីថៅកែ! ជូនពរឲ្យថៅកែកាន់តែទទួលបានជោគជ័យ និងរកស៊ីមានបាន!» អ្នកផ្សេងទៀតបានចាប់ដៃខ្ញុំ ហើយនិយាយថា «ពួកយើងរំពឹងលើថៅកែហើយ ដើម្បីរកលុយ!» នៅពេលនោះ ខ្ញុំពេញចិត្តនឹងអារម្មណ៍ដែលបានក្លាយជាចំណុចកណ្ដាលនៃចំណាប់អារម្មណ៍ និងមានការកោតសរសើរជុំទិស។ ខ្ញុំគិតក្នុងចិត្តថា «មានលុយ គឺពិតជាល្អមែន។ ពេលមានលុយ គេកោតសរសើរ និងគោរពយើង ហើយយើងអាចរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់បាន»។ ការគិតបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ត្រេកអរយ៉ាងខ្លាំង។ ដើម្បីរកលុយឲ្យបានកាន់តែច្រើន ខ្ញុំបានទទួលយកគម្រោងសាងសង់ជាច្រើនថែមទៀត ហើយធ្វើការដោយមិនចេះនឿយហត់តាំងពីព្រលឹមទល់ព្រលប់ជារៀងរាល់ថ្ងៃ។ យូរៗទៅ ខ្ញុំចាប់ផ្ដើមគេងមិនលក់នៅពេលយប់ ដោយបារម្ភថា កម្មករអាចនឹងធ្លាក់ពីរន្ទា បង្កជាគ្រោះថ្នាក់ ដែលបណ្ដាលឲ្យខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខ្ញុំមានអារម្មណ៍តានតឹងជារៀងរាល់ថ្ងៃ ហើយតែងតែមានអាការៈក្ដៅខ្លួន ផ្ដាសាយ និងវិលមុខ។ ទោះបីជាខ្ញុំមានកម្ពស់ 1 ម៉ែត្រ 73 សង់ទីម៉ែត្រក៏ដោយ តែទម្ងន់របស់ខ្ញុំមានត្រឹមតែ 54 គីឡូក្រាមប៉ុណ្ណោះ រហូតដល់និយាយស្ដីមិនសូវមានកម្លាំង ហើយមានអារម្មណ៍ងងុយគេង សូម្បីតែពេលកំពុងឈរក៏ដោយ។ ខ្ញុំពិតជាចង់សម្រាកខ្លាំងណាស់។ ប៉ុន្តែ ប្រសិនបើខ្ញុំមិនទទួលគម្រោងសាងសង់ទេ ខ្ញុំនឹងមិនអាចរកលុយ ឬទទួលបានការកោតសរសើរពីអ្នកដទៃឡើយ។ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីខំប្រមូលកម្លាំងចិត្ត និងបន្តធ្វើការទៀតនោះទេ។ ពេលដែលខ្ញុំរកលុយបានកាន់តែច្រើនឡើងៗ ខ្ញុំមានអារម្មណ៍ថា ការរងទុក្ខ និងភាពនឿយហត់ទាំងអស់របស់ខ្ញុំ គឺពិតជាមានតម្លៃ។ ស្របពេលដែលអាជីវកម្មសំណង់របស់ខ្ញុំកំពុងតែរីកចម្រើន ប្រពន្ធរបស់ខ្ញុំកំពុងធ្វើការនៅលើរន្ទាជាន់ទីបី កំពុងរៀបជញ្ជាំង ពេលនោះនាងក៏បានធ្វើឲ្យរលំបន្ទះក្ដារដោយអចេតនា ហើយធ្លាក់មកជាន់ទីមួយ ធ្វើឲ្យនាងសន្លប់បាត់ស្មារតីភ្លាមៗ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយទទួលបានការព្យាបាលសង្គ្រោះបន្ទាន់ជាងមួយម៉ោង ទើបអាការៈរបស់នាងមានភាពនឹងនរ ហើយដឹងខ្លួនឡើងវិញ។ ចំណាយពេលជាងមួយខែ ទើបនាងបានជាសះស្បើយល្មមអាចចេញពីមន្ទីរពេទ្យបាន។
ក្រោយមក បងស្រីរបស់ខ្ញុំបានដឹងថា ប្រពន្ធរបស់ខ្ញុំចេញពីមន្ទីរពេទ្យ គាត់ក៏បានមកសួរសុខទុក្ខពួកយើង។ គាត់បានផ្សាយអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយដល់ពួកយើង។ ខ្ញុំចាំបានថា នៅពេលនោះ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដោយព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលកើតមានមនុស្សជាលើកដំបូងមក ព្រះជាម្ចាស់តែងតែបំពេញកិច្ចការរបស់ទ្រង់បែបនេះជានិច្ច ដោយគ្រប់គ្រងលើចក្រវាលទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់របស់សព្វសារពើ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្សកំពុងទទួលបានការចិញ្ចឹមបីបាច់ស្ងាត់ៗ និងមិនដឹងខ្លួន ដោយភាពផ្អែមល្ហែម ទឹកភ្លៀង និងទឹកសន្សើមពីព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ទាំងមិនដឹងខ្លួន មនុស្សរស់នៅក្រោមការចាត់ចែងនៃព្រះហស្ដរបស់ព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស ស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយគ្រប់យ៉ាងនៃជីវិតរបស់ពួកគេ ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿលើរឿងទាំងអស់នេះឬអត់នោះទេ របស់សព្វសារពើទាំងអស់ មិនថាមានជីវិត ឬគ្មានជីវិតទេ នឹងផ្លាស់ប្ដូរ ប្រែប្រួល ផ្លាស់ថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើតាមរបៀបនេះឯង» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា វាសនារបស់មនុស្សគ្រប់រូប គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ពេលដែលប្រពន្ធរបស់ខ្ញុំបានធ្លាក់ពីជាន់ទីបី ហើយនៅរស់រានមានជីវិត វាមិនមែនដោយសារតែនាងមានសំណាងនោះទេ ប៉ុន្តែគឺដោយសារតែការថែរក្សារបស់ព្រះជាម្ចាស់។ ខ្ញុំបានគិតអំពីគ្រោះថ្នាក់ដែលបានកើតឡើងនៅតាមការដ្ឋានសំណង់របស់មេការដទៃទៀត។ កម្មករខ្លះបានធ្លាក់ពីរន្ទាជាន់ទីបី ហើយមិនអាចជួយសង្គ្រោះបានឡើយ ទោះបីជាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក៏ដោយ។ អ្នកខ្លះទៀតបានធ្លាក់ពីរន្ទាជាន់ទីពីរ ឬជាន់ទីមួយ ហើយក៏បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ តើទាំងអស់នេះមិនមែនជាសក្ខីភាពបញ្ជាក់ពីអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលទេឬអី ដែលថា៖ «គ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន»? ថ្ងៃនេះ ការណ៍ដែលបងស្រីរបស់ខ្ញុំផ្សាយដំណឹងល្អដល់ពួកយើង ក៏ជាការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ដែរ។ តាមរយៈការប្រកបរបស់គាត់ ខ្ញុំបានដឹងថា មនុស្ស និងរបស់សព្វសារពើ ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបំពេញកិច្ចការបីដំណាក់កាល ដើម្បីសង្គ្រោះមនុស្សជាតិ ដោយដឹកនាំ និងផ្គត់ផ្គង់ដល់មនុស្សជាតិរហូតមកដល់សព្វថ្ងៃនេះ។ កិច្ចការនៅគ្រាចុងក្រោយនេះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ ហើយវាគឺជាឱកាសដ៏កម្រមួយសម្រាប់មនុស្សក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ យើងអាចមានវាសនាដ៏ល្អមួយបាន លុះត្រាតែជឿ និងថ្វាយបង្គំព្រះជាម្ចាស់នៅចំពោះព្រះអង្គប៉ុណ្ណោះ។ ខ្ញុំ និងប្រពន្ធរបស់ខ្ញុំបានទទួលយកដោយក្ដីរីករាយនូវដំណឹងល្អរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយពួកយើងបានចូលរួមការជួបជុំយ៉ាងសកម្មចាប់តាំងពីពេលនោះមក។ ក្នុងអំឡុងពេលជួបជុំ បងប្អូនប្រុសស្រីបានប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំក៏បានយល់អំពីសេចក្ដីពិតមួយចំនួន ដែលធ្វើឲ្យចិត្តរបស់ខ្ញុំមានអារម្មណ៍កក់ក្ដៅ និងសុខសាន្តជាពិសេស ដោយរំសាយភាពតានតឹងដែលខ្ញុំធ្លាប់មានពីមុនមក។
ក្រោយមក អ្នកដឹកនាំបានឃើញថាខ្ញុំចូលរួមការជួបជុំយ៉ាងសកម្ម ហើយចង់រៀបចំឲ្យខ្ញុំធ្វើជាប្រធានក្រុម ដើម្បីស្រោចស្រពដល់អ្នកជឿថ្មីបីនាក់។ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរបន្តិច ពីព្រោះពេលថ្ងៃ ខ្ញុំត្រូវមើលការខុសត្រូវការដ្ឋានសំណង់ ហើយត្រូវកត់ត្រាការងារ និងធ្វើបញ្ជីស្នាមនៅពេលយប់។ តើខ្ញុំមានពេលឯណា ដើម្បីទៅស្រោចស្រពអ្នកជឿថ្មី? ខ្ញុំមិនចង់បំពេញភារកិច្ចនេះទេ។ ទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងបន្តិចថា៖ ពេលដែលខ្ញុំទើបតែជឿព្រះជាម្ចាស់ដំបូង ហើយរវល់នឹងការងារសំណង់ បងប្អូនប្រុសស្រីបានឃើញថាខ្ញុំគ្មានពេលចូលរួមការជួបជុំនៅពេលថ្ងៃ ដូច្នេះ ពួកគេបានមកស្រោចស្រព និងគាំទ្រខ្ញុំនៅពេលល្ងាច ដោយជួយឲ្យខ្ញុំយល់ពីសេចក្ដីពិតតាមរយៈការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ដោយសារតែមានអ្នកជឿថ្មីកាន់តែច្រើននៅក្នុងពួកជំនុំ ហើយខ្វះអ្នកស្រោចស្រព ខ្ញុំគួរតែរួមចំណែករបស់ខ្ញុំ។ គិតដល់ចំណុចនេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ សូមឲ្យព្រះអង្គណែនាំ និងបំភ្លឺខ្ញុំ ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចរបស់ខ្លួន ជាអ្វីដែលមនុស្សគួរធ្វើ ហើយប្រសិនបើគេមិនបំពេញភារកិច្ចរបស់គេទេ នោះគឺការបះបោររបស់ពួកគេ។ គឺតាមរយៈដំណើរការនៃការបំពេញភារកិច្ចរបស់គេនេះហើយដែលមនុស្សបានបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយតាមដំណើរនេះហើយ ដែលមនុស្សបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។ តាមរបៀបនេះ កាលណាដែលអ្នកបំពេញភារកិច្ចរបស់អ្នកកាន់តែច្រើន នោះអ្នកនឹងអាចទទួលបានសេចក្ដីពិតកាន់តែច្រើន ហើយការសម្ដែងចេញរបស់អ្នកក៏កាន់តែជាក់ស្ដែងជាងមុនដែរ» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឲ្យខ្ញុំយល់ថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ការបំពេញភារកិច្ចរបស់យើង គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ពីព្រោះជីវិតរបស់យើងបានមកពីព្រះជាម្ចាស់ ហើយអ្វីៗទាំងអស់ដែលយើងកំពុងអាស្រ័យផល គឺព្រះអង្គជាអ្នកប្រទានឲ្យ។ ការបំពេញភារកិច្ចរបស់យើង គឺជាទំនួលខុសត្រូវ និងកាតព្វកិច្ចដែលមិនអាចគេចវេះបានសម្រាប់យើងម្នាក់ៗ។ ប្រសិនបើខ្ញុំមិនទទួលយកភារកិច្ចនេះទេ ខ្ញុំពិតជាគ្មានមនសិការមែនហើយ។ លើសពីនេះទៅទៀត ការស្រោចស្រពអ្នកជឿថ្មី គ្រាន់តែធ្វើឡើងនៅពេលល្ងាចពីរដងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ដូច្នេះ វាមិនរំខានខ្លាំងដល់ការគ្រប់គ្រងការងារសំណង់របស់ខ្ញុំឡើយ។ ពេលដឹងបែបនេះ ខ្ញុំក៏យល់ព្រមទទួលយកភារកិច្ចនេះ។ ជួនកាល ពេលដែលខ្ញុំមិនអាចដោះស្រាយសភាព ឬសញ្ញាណរបស់អ្នកជឿថ្មីបាន ខ្ញុំបានអធិស្ឋាន និងស្វែងរកពីព្រះជាម្ចាស់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏បានយល់អំពីសេចក្ដីពិតមួយចំនួនដោយមិនដឹងខ្លួន។ សភាព និងសញ្ញាណរបស់អ្នកជឿថ្មីត្រូវបានដោះស្រាយ ហើយការយល់ដឹងរបស់ខ្ញុំអំពីសេចក្ដីពិតនៃនិមិត្តកាន់តែច្បាស់លាស់ ដូច្នេះ ខ្ញុំក៏កាន់តែសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា តាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំអាចទទួលបានការបំភ្លឺ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ អាចយល់ពីសេចក្ដីពិតកាន់តែច្រើន និងទទួលបានអារម្មណ៍សុខសាន្ត និងធូរស្រាលនៅក្នុងចិត្ត។
ក្រោយមកទៀត ពេលដែលបងប្អូនប្រុសស្រីបានឃើញពីការដេញតាមយ៉ាងក្លៀវក្លារបស់ខ្ញុំ ពួកគេបានបោះឆ្នោតជ្រើសរើសខ្ញុំឲ្យបម្រើជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយដឹងថា ការដែលខ្ញុំទទួលបានភារកិច្ចនេះ គឺជាការសម្ដែងចេញនូវក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ខ្ញុំចង់ចាត់ទុកវាជាទីមានតម្លៃ និងបំពេញភារកិច្ចនេះឲ្យបានល្អ។ ទោះជាយ៉ាងណា ខ្ញុំមានក្ដីបារម្ភមួយចំនួននៅក្នុងចិត្តថា៖ ក្រោយពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង អាជីវកម្មសំណង់របស់ខ្ញុំមានការរីកចម្រើនយ៉ាងខ្លាំង ហើយប្រាក់ចំណេញរបស់វានឹងបន្តកើនឡើងជាក់ជាមិនខាន។ ប្រសិនបើខ្ញុំទទួលយកភារកិច្ចជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អ ខ្ញុំច្បាស់ជាមិនអាចផ្ដោតអារម្មណ៍មើលការខុសត្រូវអាជីវកម្មសំណង់បានដិតដល់ដូចមុនឡើយ ដែលបណ្ដាលឲ្យចំណូលរបស់ខ្ញុំថយចុះយ៉ាងខ្លាំង។ ខ្ញុំបានស្ថិតក្នុងស្ថានភាពពិបាកសម្រេចចិត្តយ៉ាងខ្លាំង។ បន្ទាប់មក ខ្ញុំនឹកឃើញថា កិច្ចការនៅគ្រាចុងក្រោយ គឺជាកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ។ ប្រសិនបើខ្ញុំគិតតែពីការរកលុយ ហើយកន្ដើយនឹងភារកិច្ចរបស់ខ្ញុំ តើខ្ញុំអាចទទួលបានសេចក្ដីពិតយ៉ាងដូចម្ដេចទៅ? ដូច្នេះ ខ្ញុំបានអធិស្ឋានទូលព្រះអង្គ សូមឲ្យទ្រង់ដឹកនាំខ្ញុំក្នុងការស្វែងរកសេចក្ដីពិត និងការដោះស្រាយការលំបាករបស់ខ្ញុំ។ ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់៖ «សព្វថ្ងៃនេះ អ្វីដែលអ្នករាល់គ្នាតម្រូវឱ្យសម្រេច មិនមែនជាការទាមទារបន្ថែមឡើយ ប៉ុន្តែវាជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សទាំងអស់គួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់អ្នករាល់គ្នា ឬធ្វើវាឱ្យបានល្អផង តើអ្នកមិនមែនកំពុងតែនាំបញ្ហាដាក់ខ្លួនទេឬអី? តើអ្នកមិនមែនកំពុងស្វែងរកសេចក្ដីស្លាប់ទេឬអី? តើអ្នកអាចនៅតែរំពឹងចង់មានអនាគត និងសេចក្ដីសង្ឃឹមដោយរបៀបណាទៅ? កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ហើយការសហការរបស់មនុស្ស ត្រូវបានផ្ដល់ជូនសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រោយពេលដែលព្រះជាម្ចាស់បានធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើរួចហើយ មនុស្សតម្រូវឱ្យធ្វើការអនុវត្តរបស់ខ្លួនឱ្យអស់ពីសមត្ថភាព និងសហការជាមួយព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សគួរតែខិតខំប្រែងឱ្យអស់លទ្ធភាព គួរតែថ្វាយនូវភក្ដីភាពរបស់ខ្លួន ហើយមិនគួរអណ្ដែតអណ្ដូងនៅក្នុងសញ្ញាណជាច្រើន ឬអង្គុយនៅស្ងៀមរង់ចាំសេចក្តីស្លាប់នោះឡើយ។ ព្រះជាម្ចាស់អាចលះបង់អង្គទ្រង់សម្រាប់មនុស្សបាន ចុះហេតុអ្វីបានជាមនុស្សមិនអាចថ្វាយភក្តីភាពរបស់គេដល់ព្រះជាម្ចាស់វិញបាន? ព្រះជាម្ចាស់មានព្រះហឬទ័យស្មោះស្ម័គ្រតែមួយចំពោះមនុស្ស ចុះហេតុអ្វីបានជាមនុស្សមិនអាចផ្ដល់ការសហការសូម្បីតែបន្ដិច? ព្រះជាម្ចាស់ធ្វើការសម្រាប់មនុស្សជាតិ ហេតុអ្វីបានជាមនុស្សមិនអាចបំពេញភារកិច្ចខ្លះរបស់គេសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់? កិច្ចការរបស់ព្រះជាម្ចាស់មកដល់កម្រិតនេះ ប៉ុន្តែអ្នករាល់គ្នានៅតែអង្គុយមើល មិនព្រមធ្វើសកម្មភាព ហើយអ្នកនៅតែស្ដាប់ តែមិនព្រមធ្វើចលនាទៅវិញ។ តើមនុស្សបែបនេះមិនមែនជាកម្មវត្ថុនៃសេចក្ដីវិនាសទេឬអី? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់មនុស្សរួចហើយ ដូច្នេះ ហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃនេះគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត? សម្រាប់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់គឺជាអាទិភាពទីមួយរបស់ទ្រង់ ហើយកិច្ចការគ្រប់គ្រងរបស់ទ្រង់ ពិតជាសំខាន់បំផុត។ សម្រាប់មនុស្សវិញ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គឺជាអាទិភាពទីមួយរបស់គេ។ នេះហើយជាចំណុចដែលអ្នករាល់គ្នាគួរតែយល់» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ដើម្បីប្រោសលោះមនុស្សជាតិ ជាដំបូង ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយត្រូវបានគេឆ្កាងសម្រាប់មនុស្សជាតិ ដើម្បីលើកទោសបាបឲ្យមនុស្ស។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ដើម្បីសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ដែលចាំបាច់សម្រាប់ការសង្គ្រោះមនុស្សជាតិឲ្យបានពេញលេញ ដោយប្រកបអំពីសេចក្ដីពិតទាំងនេះយ៉ាងច្បាស់លាស់ និងល្អិតល្អន់ ដើម្បីជួយឲ្យពួកយើងអាចយល់ពីសេចក្ដីពិតកាន់តែច្បាស់ ទទួលបានសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ពួកយើង។ ចុះហេតុអ្វីបានជាខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់? ខ្ញុំមិនបានគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយដោយបារម្ភថា ការទទួលយកភារកិច្ចនេះនឹងប៉ះពាល់ដល់ចំណូលរបស់ខ្ញុំ ខ្ញុំក៏ចង់បដិសេធ។ អ្វីដែលខ្ញុំគិត គឺរបៀបរកលុយ ហើយខ្ញុំមិនខ្វល់ពីភារកិច្ចរបស់ខ្ញុំឡើយ ហេតុដូចនេះ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមមែន! ពេលដែលបងប្អូនប្រុសស្រីបានជ្រើសរើសខ្ញុំឲ្យបម្រើជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អ វាគឺជាភារកិច្ចដែលបានពីព្រះជាម្ចាស់ ជាទំនួលខុសត្រូវ និងកាតព្វកិច្ច ហើយខ្ញុំគួរតែទទួលយក និងចុះចូល។ ប្រសិនបើខ្ញុំបដិសេធ ខ្ញុំមិនស័ក្ដិសមហៅថាមនុស្សទេ ហើយខ្ញុំនឹងបាត់បង់ឱកាសក្នុងការទទួលបានសេចក្ដីពិត ហើយទីបំផុតនឹងត្រូវជម្រុះចោលជាក់ជាមិនខាន។ ទោះបីជាខ្ញុំមិនអាចលះបង់ភ្លាមៗនូវការជាប់ជំពាក់នឹងទ្រព្យសម្បត្តិ ក៏ខ្ញុំស្ម័គ្រចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលយកភារកិច្ចនេះ ដោយខិតខំអស់ពីសមត្ថភាពដើម្បីបំពេញវាឲ្យបានល្អ។
ដំបូងឡើយ ខ្ញុំអាចឆ្លៀតពេលចូលរួមការជួបជុំបាន ដោយហ្វឹកហាត់ក្នុងការផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ជាមួយបងប្អូនប្រុសស្រី។ ប៉ុន្តែ ពេលដែលខ្ញុំទទួលគម្រោងសាងសង់កាន់តែច្រើន ខ្ញុំក៏ឃើញថាខ្លួនឯងបានបោះបង់ពេលវេលាសម្រាប់ភារកិច្ច និងការជួបជុំរបស់ខ្ញុំទៅវិញ។ មានពេលមួយ ម្ចាស់ដីម្នាក់បានស្នើសុំឲ្យខ្ញុំសាងសង់អគារកម្ពស់បីជាន់ចំនួនបួនខ្នង ព្រមទាំងគម្រោងរងមួយចំនួនទៀត។ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរ៖ គម្រោងនេះធំណាស់ ហើយខ្ញុំនៅមានគម្រោងមួយទៀតដែលមិនទាន់រួចរាល់ ដែលខ្ញុំត្រូវបារម្ភពីការមើលការខុសត្រូវ។ ការយល់ព្រមទទួលគម្រោងថ្មីនេះ នឹងធ្វើឲ្យខ្ញុំកាន់តែខ្វះពេលវេលាសម្រាប់ភារកិច្ច និងការជួបជុំ។ ខ្ញុំបានព្យាយាមចរចាជាមួយម្ចាស់ដី ដើម្បីពន្យារពេលថ្ងៃចាប់ផ្ដើមការងារ ប៉ុន្តែគាត់មិនយល់ព្រមឡើយ។ ខ្ញុំមានអារម្មណ៍តានតឹង ពីព្រោះការមិនអាចចាប់ផ្ដើមការងារទាន់ពេល នឹងធ្វើឲ្យកិច្ចសន្យាដែលបានចុះហត្ថលេខារួច ក្លាយជាមោឃៈ។ ខ្ញុំមិនត្រឹមតែមិនអាចរកលុយបានប៉ុណ្ណោះទេ តែខ្ញុំថែមទាំងត្រូវសងសំណងខូចខាតគេទៀត ហើយកេរ្តិ៍ឈ្មោះរបស់ខ្ញុំនឹងត្រូវខូចខាត។ តើនរណានឹងទុកចិត្តប្រគល់គម្រោងទៅថ្ងៃមុខឲ្យខ្ញុំ ប្រសិនបើខ្ញុំមិនអាចសម្រេចតាមការសន្យារបស់ខ្ញុំបាននោះ? តើខ្ញុំនៅតែអាចរកលុយបានទេ បើគ្មានគម្រោងនោះ? ដោយសារតែក្ដីបារម្ភទាំងនេះ ទីបំផុត ខ្ញុំក៏បានយល់ព្រមតាមការទាមទាររបស់ម្ចាស់ដី ហើយក៏ចាប់ផ្ដើមរវល់នឹងការងារសំណង់ថ្មីនេះទៅ។ ជួនកាល ពេលដែលមានបញ្ហាច្រើននៅឯការដ្ឋានសំណង់ ខ្ញុំគ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រួសៗនៅពេលព្រឹក មុនពេលចេញទៅក្រៅប៉ុណ្ណោះ។ នេះមិនត្រឹមតែរំខានដល់ជីវិតខាងវិញ្ញាណជាប្រក្រតីរបស់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យខ្ញុំគ្មានពេល ដើម្បីតាមដានកិច្ចការផ្សាយដំណឹងល្អទៀតផង។ ក្នុងអំឡុងពេលនោះ ដោយឃើញថាកិច្ចការផ្សាយដំណឹងល្អគ្មានលទ្ធផលសោះ ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងបន្តិចដែរ។ ក្នុងចិត្ត ខ្ញុំបានលួចតាំងចិត្តយ៉ាងមុតមាំថា៖ ទោះបីជាទៅថ្ងៃមុខ ការងារសំណង់រវល់យ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងចូលរួមការជួបជុំ និងរក្សាការបំពេញភារកិច្ចរបស់ខ្ញុំដែរ។
ថ្ងៃមួយ ស្របពេលដែលខ្ញុំរៀបចំខ្លួនដើម្បីចូលរួមការជួបជុំ ទូរស័ព្ទរបស់ខ្ញុំក៏បានរោទ៍ឡើងភ្លាមៗ ខណៈខ្ញុំនៅតាមផ្លូវ។ ការដ្ឋានសំណង់មានបញ្ហា ដែលតម្រូវឲ្យខ្ញុំទៅដោះស្រាយភ្លាមៗ។ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរ៖ លើកនេះ ដើមឡើយខ្ញុំចង់ជួបជុំ និងប្រកបគ្នាអំពីកិច្ចការផ្សាយដំណឹងល្អ ប៉ុន្តែឥឡូវនេះ បញ្ហានេះបែរជាកើតឡើងទៅវិញ។ ប្រសិនបើខ្ញុំទៅដោះស្រាយបញ្ហានៅការដ្ឋាន ខ្ញុំនឹងមិនអាចចូលរួមការជួបជុំបានទេ តើនេះមិនមែនជាការបោកបញ្ឆោតព្រះជាម្ចាស់ទេឬអី? ប៉ុន្តែ ចុះបើខ្ញុំមិនទៅ ហើយម្ចាស់ដីដាក់ពាក្យប្ដឹងវិញនោះ? វានឹងអាចបំផ្លាញកេរ្តិ៍ឈ្មោះ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្ញុំ។ ប្រសិនបើនៅតែបន្តបែបនេះ តើខ្ញុំអាចមើលការខុសត្រូវគម្រោងសំណង់របស់ខ្ញុំយ៉ាងដូចម្ដេចទៅ? ខ្ញុំក៏សម្រេចចិត្តផ្ដល់អាទិភាពលើការដោះស្រាយបញ្ហាសំណង់មុន ហើយសន្យានឹងខ្លួនឯងថា នឹងឆ្លៀតពេលសម្រាប់ការជួបជុំ និងភារកិច្ចរបស់ខ្ញុំនៅពេលក្រោយ។ ដូច្នេះ ខ្ញុំក៏បានទៅការដ្ឋានសំណង់។ ពេលត្រឡប់មកផ្ទះវិញនៅពេលល្ងាច ដោយត្រិះរិះពិចារណាអំពីអ្វីដែលបានកើតឡើងពេញមួយថ្ងៃនេះ ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯង។ ខ្ញុំបានគ្រោងទុកថានឹងចូលរួមការជួបជុំ ប៉ុន្តែបែរជាបណ្ដោយឲ្យក្ដីបារម្ភអំពីហិរញ្ញវត្ថុមករំខានដល់ការបំពេញភារកិច្ចរបស់ខ្ញុំទៅវិញ។ ក្នុងអំឡុងពេលនេះ ការផ្ដោតអារម្មណ៍របស់ខ្ញុំលើការងារសំណង់ បានរារាំងដល់វឌ្ឍនភាពនៃកិច្ចការផ្សាយដំណឹងល្អ ហើយខ្ញុំបានដឹងថា ខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំមិនបានល្អឡើយ។ ទោះជាយ៉ាង ប្រសិនបើខ្ញុំត្រូវទុកគម្រោងសំណង់មួយឡែក ហើយឈប់រកលុយនោះ តើខ្ញុំអាចរស់នៅក្នុងជីវិតដ៏ស្ដុកស្ដម្ភ និងទទួលបានការគោរពយ៉ាងដូចម្ដេចទៅ? ដោយមានអារម្មណ៍រារែកក្នុងចិត្ត ខ្ញុំបានមកចំពោះព្រះជាម្ចាស់ ហើយអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ចិត្តរបស់ទូលបង្គំកំពុងតានតឹង។ ទូលបង្គំដឹងថា ការជឿលើព្រះអង្គ និងការបំពេញភារកិច្ចរបស់ទូលបង្គំ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ប៉ុន្តែទូលបង្គំមានអារម្មណ៍ថាពិបាកនឹងលះបង់លុយកាក់ចោលណាស់។ សូមព្រះអង្គណែនាំទូលបង្គំ ឱ្យធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវផង»។ បន្ទាប់ពីអធិស្ឋានរួច ចិត្តរបស់ខ្ញុំក៏បានស្ងប់បន្តិចម្ដងៗ។ នៅក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូល 1 វគ្គរបស់ព្រះជាម្ចាស់៖ «ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ចំណែកឯអ្នកដែលនៅចន្លោះកណ្ដាល ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាមានភាពស្មោះត្រង់ចំពោះ នោះអ្នករាល់គ្នានឹងជ្រើសរើសក្នុងរបៀបនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬដែលរេរារវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខដុម និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! ... ព្រះលោហិតបេះដូងដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ បែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការទទួលយកទាំងគ្មានជម្រើសរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានលាតត្រដាងទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា?» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អ្វីដែលព្រះជាម្ចាស់បានលាតត្រដាង គឺជាសភាពរបស់ខ្ញុំតែម្ដង។ តើខ្ញុំមិនមែនជាមនុស្សដែលដៃម្ខាងចាប់យកលុយកាក់ ហើយដៃម្ខាងទៀតចាប់យកសេចក្ដីពិតទេឬអី? ខ្ញុំបានប្រកាសពីការស្ម័គ្រចិត្តរបស់ខ្ញុំក្នុងការបំពេញភារកិច្ច ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយខ្ញុំបានតាំងចិត្តបះបោរទាស់នឹងសាច់ឈាម និងបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ។ ប៉ុន្តែ ពេលដែលភារកិច្ចរបស់ខ្ញុំផ្ទុយនឹងផលប្រយោជន៍ហិរញ្ញវត្ថុ ខ្ញុំមិនអាចទប់ទល់នឹងការល្បួងនៃលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈបានឡើយ។ ខ្ញុំឃើញថាខ្លួនឯងបានធ្វើតាមបំណងប្រាថ្នារបស់ខ្លួន និងជ្រើសរើសយកលុយកាក់ដោយមិនអាចទប់ចិត្តបាន។ ខ្ញុំដឹងថា ការទទួលយកគម្រោងសំណង់ដ៏ធំមួយនេះ តម្រូវឲ្យមានពេលវេលា និងកម្លាំងកាយចិត្តកាន់តែច្រើន ដែលធ្វើឲ្យខ្ញុំគ្មានពេលបំពេញភារកិច្ចរបស់ខ្ញុំឡើយ។ ប៉ុន្តែ ខ្ញុំនៅតែជ្រើសរើសទទួលយកវាយ៉ាងរឹងរូស ដើម្បីរកលុយឲ្យបានកាន់តែច្រើន និងទទួលបានការកោតសរសើរពីអ្នកដទៃ ទោះបីជាខ្ញុំដឹងថាវាខុសក៏ដោយ។ ចិត្តរបស់ខ្ញុំបានផ្ដោតលើការរកលុយ ហើយខ្ញុំបានកន្ដើយក្នុងការតាមដានកិច្ចការផ្សាយដំណឹងល្អជាងមួយខែ ដែលបណ្ដាលឱ្យកិច្ចការផ្សាយដំណឹងល្អមានភាពជាប់គាំង។ ខ្ញុំបានប្រព្រឹត្តចំពោះភារកិច្ចដែលព្រះជាម្ចាស់ប្រទានឲ្យបែបនេះ ដែលពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ជំពាក់ក្នុងចិត្តចំពោះព្រះជាម្ចាស់យ៉ាងខ្លាំង។
បន្ទាប់មក ខ្ញុំបានត្រិះរិះពិចារណា ថាហេតុអ្វីបានជាខ្ញុំមិនអាចលះបង់លុយកាក់ចោលបាន ទោះបីជាខ្ញុំដឹងច្បាស់ថា ការបំពេញភារកិច្ចរបស់ខ្ញុំនឹងនាំឲ្យទទួលបានសេចក្ដីពិតក៏ដោយ។ ក្រោយមក នៅក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលពីរវគ្គរបស់ព្រះជាម្ចាស់៖ «សាតាំងប្រើវិធីសាស្ត្រដ៏ស្រទន់មួយ ជាវិធីសាស្ត្រដែលស្របតាមសញ្ញាណរបស់មនុស្សយ៉ាងខ្លាំង ហើយដែលមិនមានលក្ខណៈខ្លាំងក្លានោះទេ ដើម្បីឱ្យមនុស្ស ទទួលយកមធ្យោបាយ និងច្បាប់នៃការរស់រានរបស់វា បង្កើតគោលដៅ និងទិសដៅជីវិត ហើយមានសេចក្ដីប្រាថ្នាក្នុងជីវិត ដោយមិនដឹងខ្លួន។ ទោះបីជាការពណ៌នារបស់មនុស្សអំពីសេចក្ដីប្រាថ្នានៃជីវិតរបស់ពួកគេ ស្ដាប់ទៅអស្ចារ្យយ៉ាងណាក៏ដោយ ក៏សេចក្ដីប្រាថ្នាទាំងនេះតែងតែនៅវិលវល់ជុំវិញកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែរ។ អ្វីគ្រប់យ៉ាងដែលមហាបុរស ឬបុគ្គលល្បីល្បាញណាម្នាក់ ឬតាមពិតទៅ នរណាក៏ដោយ ដេញតាមពេញមួយជីវិតរបស់ពួកគេ គឺទាក់ទងតែនឹងពាក្យពីរម៉ាត់នេះប៉ុណ្ណោះ គឺ 'កេរ្តិ៍ឈ្មោះ' និង 'លាភសក្ការៈ'។ មនុស្សគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីរីករាយនឹងឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជីវិត។ ពួកគេគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីស្វែងរកការសប្បាយ និងដើម្បីបណ្ដោយខ្លួនក្នុងការសប្បាយខាងសាច់ឈាមតាមអំពើចិត្ត។ ដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែលពួកគេប្រាថ្នានេះ មនុស្សបានប្រគល់រូបកាយ ដួងចិត្ត និងអ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅឱ្យសាតាំង ដោយរីករាយ និងដោយមិនដឹងខ្លួន។ ពួកគេធ្វើដូច្នេះដោយប្រគល់ទាំងអស់គ្មានសល់អ្វីឡើយ ដោយគ្មានការសង្ស័យសូម្បីតែបន្ដិច ហើយមិនដែលដឹងថាត្រូវទាមទារយកមកវិញនូវអ្វីៗទាំងអស់ដែលពួកគេធ្លាប់មាននោះទេ។ តើមនុស្សអាចរក្សាការគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ នៅពេលដែលពួកគេបានចុះចូលនឹងសាតាំង ហើយបានស្មោះត្រង់ចំពោះវាបែបនោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលទាំងស្រុងទៅក្នុងទីភក់នេះ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់ជាប់ផុងក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលយុត្តិធម៌ ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែការល្បួងនៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ វាធំខ្លាំងពេកសម្រាប់មនុស្ស ហើយទាំងនេះគឺជាអ្វីៗដែលមនុស្សអាចដេញតាមដោយគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់ពួកគេ ហើយរហូតដល់អស់កល្បជានិច្ចទៀតផង។ តើនេះមិនមែនជាស្ថានភាពជាក់ស្ដែងទេឬ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ដោយត្រិះរិះពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏បានយល់ថា គោលបំណងរបស់សាតាំងក្នុងការទាក់ទាញមនុស្សឱ្យដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ គឺដើម្បីធ្វើឲ្យពួកគេពុករលួយ និងគ្រប់គ្រងពួកគេ ដោយដឹកនាំចិត្តរបស់ពួកគេឲ្យកាន់តែឆ្ងាយពីព្រះជាម្ចាស់ ហើយទីបំផុតធ្វើឱ្យពួកគេធ្លាក់ក្នុងអន្ទាក់របស់សាតាំង ដែលមិនអាចដកខ្លួនរួចឡើយ។ ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើការដោយមិនចេះនឿយហត់តាំងពីព្រលឹមទល់ព្រលប់លើគម្រោងសំណង់ ដើម្បីរកលុយ។ នេះកើតចេញពីឥទ្ធិពលនៃភាពពិសពុលរបស់សាតាំងតាំងពីកុមារភាពរបស់ខ្ញុំមកម៉្លេះ ដូចជា «លុយអាចបង្វិលពិភពលោកបាន» និង «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ»។ ខ្ញុំជឿថា មានលុយ គឺមានអ្វីៗទាំងអស់ រួមទាំងការកោតសរសើរពីអ្នកដទៃ និងការរស់នៅដ៏ខ្ពង់ខ្ពស់។ ពេលដែលគម្រោងសំណង់របស់ខ្ញុំកាន់តែធំទៅៗ ហើយខ្ញុំត្រូវបានសរសើរយ៉ាងខ្លាំងពីសំណាក់សាច់ញាតិ និងមិត្តភក្តិ ខ្ញុំកាន់តែជឿជាក់ថា ទ្រព្យសម្បត្តិអាចធ្វើឲ្យមនុស្សទទួលបានការកោតសរសើរ។ ខ្ញុំបានចាត់ទុកការដេញតាមលុយកាក់ ជាគោលដៅជីវិតរបស់ខ្ញុំ ដោយពុះពារធ្វើការធ្ងន់ដោយមិនចេះនឿយហត់សម្រាប់វាជារៀងរាល់ថ្ងៃ រស់នៅក្នុងក្ដីបារម្ភ និងភាពភ័យខ្លាចជានិច្ច តែងតែបារម្ភអំពីគ្រោះថ្នាក់ដែលអាចកើតមាននៅការដ្ឋាន និងផលវិបាកដែលខ្ញុំប្រហែលជាត្រូវទទួលរង។ មើលពីសំបកក្រៅ ហាក់ដូចជាខ្ញុំរកលុយបាន និងទទួលបានកេរ្តិ៍ឈ្មោះ ដោយទទួលបានភាពរុងរឿង និងការកោតសរសើរ ប៉ុន្តែនៅខាងក្នុង ខ្ញុំមានអារម្មណ៍តានតឹង។ រាងកាយរបស់ខ្ញុំរងទុក្ខវេទនា ហើយប្រពន្ធរបស់ខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយ។ ប៉ុន្តែ ទោះបីជាមានបទពិសោធន៍ទាំងនេះក៏ដោយ ក៏ខ្ញុំនៅតែមិនអាចលះបង់ចោលការដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់ខ្ញុំបានឡើយ។ បន្ទាប់ពីចូលមកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ខ្ញុំគួរតែដេញតាមសេចក្ដីពិតនៅក្នុងជំនឿរបស់ខ្ញុំ។ ទោះជាយ៉ាងណា ខ្ញុំមិនអាចមើលធ្លុះល្បិចកលរបស់សាតាំងឡើយ ហើយឃើញថាខ្លួនឯងកំពុងខិតខំប្រឹងប្រែងដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដោយមិនអាចទប់ចិត្តបាន។ ក្នុងនាមជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អនៅក្នុងពួកជំនុំ វាគឺជាភារកិច្ចរបស់ខ្ញុំក្នុងការបំពេញការងារផ្សាយដំណឹងល្អឲ្យបានល្អ។ ប៉ុន្តែ ដើម្បីរកលុយឲ្យបានកាន់តែច្រើន ខ្ញុំបានកន្ដើយក្នុងការតាមដានកិច្ចការផ្សាយដំណឹងល្អរយៈពេលមួយខែ ដោយទុកភារកិច្ចរបស់ខ្ញុំមួយឡែក។ ធម្មជាតិនៃអាកប្បកិរិយានេះ គឺស្មើនឹងការបោកបញ្ឆោត និងក្បត់ព្រះជាម្ចាស់។ ខ្ញុំរវល់ដកឃ្លាមិនរួចនឹងការមើលការខុសត្រូវគម្រោងសំណង់ជារៀងរាល់ថ្ងៃ ដោយកន្ដើយនឹងការអានព្រះបន្ទូល និងការអធិស្ឋាន ព្រមទាំងការជួបជុំ ដែលបណ្ដាលឲ្យចិត្តរបស់ខ្ញុំរសាត់កាន់តែឆ្ងាយពីព្រះជាម្ចាស់ ហើយជីវិតរបស់ខ្ញុំត្រូវរងការខាតបង់។ ប្រសិនបើខ្ញុំនៅតែបន្តបែបនេះ ទីបំផុត ខ្ញុំនឹងបាត់បង់ឱកាសក្នុងការបំពេញភារកិច្ច និងទទួលបានសេចក្ដីសង្គ្រោះជាក់ជាមិនខាន។ ទីបំផុត ខ្ញុំបានដឹងថា ការដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ មិនមែនជាផ្លូវល្អឡើយ វាគឺជាមធ្យោបាយដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយ និងធ្វើបាបមនុស្ស ជាឧបករណ៍នៃការចងរឹត។ ប្រសិនបើខ្ញុំនៅតែដេញតាមបែបនេះបន្តទៀត ទីបំផុត ខ្ញុំនឹងត្រូវសាតាំងលេងសើច ធ្វើបាប និងលេបត្របាក់ជាក់ជាមិនខាន។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលមួយវគ្គទៀតរបស់ព្រះជាម្ចាស់៖ «អ្វីដែលអ្នករាល់គ្នាត្រូវការ មិនមែនជាសេចក្តីពិត និងជីវិតនោះទេ ហើយក៏មិនមែនជាគោលការណ៍នៃការប្រព្រឹត្តខ្លួនដែរ ក៏រឹតតែមិនមែនជាកិច្ចការដ៏ផ្ចិតផ្ចង់របស់ខ្ញុំទៅទៀត។ ផ្ទុយទៅវិញ អ្វីដែលអ្នករាល់គ្នាត្រូវការ គឺជារបស់សាច់ឈាមគ្រប់យ៉ាងដែលអ្នករាល់គ្នាមាន ដូចជា ទ្រព្យសម្បត្តិ ឋានៈ គ្រួសារ អាពាហ៍ពិពាហ៍ ជាដើម។ អ្នករាល់គ្នាមិនអើពើទាល់តែសោះចំពោះព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ ដូច្នេះខ្ញុំអាចសរុបសេចក្តីជំនឿរបស់អ្នករាល់គ្នា ដោយពាក្យមួយម៉ាត់ថា៖ 'បង្គ្រប់កិច្ច'។ អ្នករាល់គ្នាហ៊ានលះបង់គ្រប់យ៉ាង ដើម្បីសម្រេចរឿងណាដែលអ្នករាល់គ្នាស្មោះត្រង់ដាច់ខាត ប៉ុន្តែខ្ញុំបានឃើញថា ចំពោះរឿងដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់វិញ អ្នករាល់គ្នាមិនធ្វើដូច្នេះឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគ្រាន់តែស្មោះត្រង់ និងយកចិត្តទុកដាក់ត្រឹមតែមួយកម្រិតប៉ុណ្ណោះ។ ហេតុនេះហើយបានជាខ្ញុំថា អស់អ្នកដែលខ្វះដួងចិត្តស្មោះត្រង់បំផុត សុទ្ធតែជាអ្នកដែលបរាជ័យក្នុងការជឿលើព្រះជាម្ចាស់។ ចូរគិតឱ្យបានល្អិតល្អន់ទៅមើល តើមានអ្នកបរាជ័យច្រើនទេ ក្នុងចំណោមអ្នករាល់គ្នា?» («អំពីគោលដៅចុងក្រោយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ក្នុងនាមជាមនុស្សធម្មតា និងជាមនុស្សដែលខិតខំស្រឡាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះ និងក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់បំផុត ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅដើម្បីព្រះជាម្ចាស់ និងរស់នៅដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះដូចជិវិតរបស់អ្នកឡើយ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឲ្យខ្ញុំយល់ថា ការជឿលើព្រះជាម្ចាស់ តម្រូវឲ្យយើងដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់យើង។ តាមរយៈការបំពេញភារកិច្ច និងការយល់ពីសេចក្ដីពិត យើងអាចបោះបង់ចោលនិស្ស័យពុករលួយរបស់យើងបន្តិចម្ដងៗ ហើយឈានទៅទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ខ្ញុំនឹកឃើញដល់អ្វីដែលព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនមានទេ អ្នកនោះមិនអាចក្លាយជាសិស្សរបស់ខ្ញុំបានឡើយ» (លូកា ១៤:៣៣)។ នៅក្នុងយុគសម័យនៃព្រះគុណ ពេត្រុសមិនបានដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ ឬលាភសក្ការៈឡើយ។ ពេលដែលព្រះអម្ចាស់យេស៊ូវបានត្រាស់ហៅគាត់ គាត់អាចលះបង់ការនេសាទរបស់គាត់ ហើយដើរតាមព្រះអម្ចាស់បាន។ ការដេញតាមរបស់គាត់គឺសម្រាប់តែសេចក្ដីពិត ការបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត និងការស្គាល់ខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបោះបង់ចោលនិស្ស័យពុករលួយរបស់គាត់ប៉ុណ្ណោះ។ ទីបំផុត គាត់បានធ្វើបន្ទាល់ដ៏ស្រស់បំព្រង និងគួរឲ្យស្ញប់ស្ញែងថ្វាយព្រះជាម្ចាស់ ដោយត្រូវបានព្រះអង្គធ្វើឲ្យគ្រប់លក្ខណ៍ និងរស់នៅក្នុងជីវិតដ៏មានន័យ។ ដោយត្រិះរិះពិចារណាអំពីបទពិសោធន៍របស់ពេត្រុស ខ្ញុំបានដឹងថា វាពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់ពួកយើងក្នុងការដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់យើង។ ឥឡូវនេះ ដោយសារតែភយន្តរាយដ៏ធំសម្បើមបានធ្លាក់ចុះមកហើយ ប្រសិនបើខ្ញុំនៅតែបន្តជាប់ជំពាក់នឹងការដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយមិនដេញតាមសេចក្ដីពិត ឬបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អទេនោះ វានឹងហួសពេលជាក់ជាមិនខាន។ ទីបំផុត ខ្ញុំនឹងធ្លាក់ទៅក្នុងភយន្តរាយដ៏ធំសម្បើម ដោយយំសោក និងសង្កៀតធ្មេញប៉ុណ្ណោះ។ ខ្ញុំត្រូវតែយកគំរូតាមពេត្រុស ហើយដេញតាមសេចក្ដីពិត។ ខ្ញុំមិនអាចផ្ដល់អាទិភាពលើការរកលុយជាងការបំពេញភារកិច្ចរបស់ខ្ញុំបានឡើយ។ ដើម្បីអាចចូលរួមការជួបជុំជាទៀងទាត់ និងបំពេញភារកិច្ចរបស់ខ្ញុំបាន ខ្ញុំបានពិភាក្សាជាមួយប្រពន្ធរបស់ខ្ញុំអំពីគំនិតក្នុងការលក់ឧបករណ៍សំណង់ទាំងអស់របស់យើងទៅឲ្យអ្នកផ្សេង ហើយធ្វើការងារស៊ីឈ្នួលទូទៅ ដើម្បីចិញ្ចឹមជីវិត។ ដំបូងឡើយ ប្រពន្ធរបស់ខ្ញុំមិនយល់ព្រមទេ ដូច្នេះ ខ្ញុំក៏បានចែករំលែកប្រាប់នាងពីការយល់ដឹង និងគំនិតរបស់ខ្ញុំក្នុងអំឡុងពេលនេះ ហើយនាងក៏លែងជំទាស់ទៀត។ ក្រោយមក ខ្ញុំបានលក់ឧបករណ៍ទាំងអស់នោះ ហើយដាក់ចិត្តដាក់កាយពេញម៉ោងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំទទួលបានបទពិសោធន៍នៃ កិច្ចការ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការសហការរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រី ហើយខ្ញុំមានអារម្មណ៍ថាមានសេរីភាព និងធូរស្រាលក្នុងចិត្ត។ រាល់ពេលដែលខ្ញុំបញ្ចេញឲ្យឃើញសេចក្ដីពុករលួយរបស់ខ្ញុំ ខ្ញុំបានស្វែងរកសេចក្ដីពិត ដោយត្រិះរិះពិចារណា និងព្យាយាមស្វែងយល់ពីចេតនារបស់ខ្ញុំ ព្រមទាំងធម្មជាតិ និងផលវិបាកនៃទង្វើរបស់ខ្ញុំ។ ពេលដែលខ្ញុំអាចបះបោរទាស់នឹងខ្លួនឯង ហើយអនុវត្តតាមគោលការណ៍សេចក្ដីពិតបាន ខ្ញុំមានអារម្មណ៍អំណរ ព្រមទាំងភាពសុខសាន្ត និងភាពធូរស្រាលនៅក្នុងចិត្ត។ តាមរយៈបទពិសោធន៍នេះ ខ្ញុំទទួលបានការយល់ដឹងយ៉ាងជាក់ស្ដែង អំពីសារៈសំខាន់នៃការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្ញុំ។
មួយរយៈក្រោយមក ខណៈពេលដែលខ្ញុំកំពុងធ្វើការងារស៊ីឈ្នួល ថៅកែរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា៖ «ខ្ញុំដឹងថាឯងមានសមត្ថភាពក្នុងការមើលការខុសត្រូវគម្រោងសំណង់។ នៅទីនេះមានការងារច្រើន ហើយទទួលបានប្រាក់ចំណេញច្រើនណាស់។ តោះយើងចុះហ៊ុនគ្នា ចែកគ្នាម្នាក់ពាក់កណ្ដាល។ ពួកយើងម្នាក់ៗប្រាកដជារកបានរាប់សែនយាន់មិនខានឡើយ»។ បន្ទាប់ពីបានឮពាក្យសម្ដីរបស់ថៅកែខ្ញុំរួច ខ្ញុំមានអារម្មណ៍រង្គើចិត្តបន្តិច ហើយគិតថា៖ «នេះគឺជាឱកាសដ៏កម្រក្នុងការរកលុយបានច្រើន។ ប្រសិនបើខ្ញុំធ្វើបែបនេះពីរបីឆ្នាំ ខ្ញុំអាចនឹងរកបានរាប់លានមិនខាន។ ជីវិតនឹងកាន់តែប្រសើរជាងមុនបន្តិច។ តើខ្ញុំគួរតែយល់ព្រមតាមសំណើរបស់ថៅកែខ្ញុំឬទេ?» ប៉ុន្តែបន្ទាប់មក ខ្ញុំក៏មានគំនិតមួយទៀតថា៖ «ប្រសិនបើខ្ញុំទៅមើលការខុសត្រូវគម្រោងដើម្បីតែលុយ តើខ្ញុំនឹងអាចចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំបានយ៉ាងដូចម្ដេចទៅ? ខ្ញុំនឹងបាត់បង់ឱកាសក្នុងការទទួលបានសេចក្ដីពិត និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាល្បិចកលរបស់សាតាំងទេឬអី? សាតាំងកំពុងតែព្យាយាមទាក់ទាញខ្ញុំដោយប្រើលុយកាក់ម្ដងទៀតហើយ ប៉ុន្តែខ្ញុំមិនអាចចាញ់បោកវាឡើយ»។ ដូច្នេះ ខ្ញុំក៏បានបដិសេធថៅកែរបស់ខ្ញុំ។ ដោយឃើញអាកប្បកិរិយាដ៏ម៉ឺងម៉ាត់របស់ខ្ញុំ ថៅកែក៏បានចាកចេញទៅទាំងខកចិត្ត។
តាមរយៈបទពិសោធន៍ទាំងនេះ ខ្ញុំបានដឹងពីគ្រោះថ្នាក់ និងផលវិបាកនៃការដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានមើលធ្លុះពីរបៀបដែលសាតាំងប្រើប្រាស់លុយកាក់ ដើម្បីល្បួង និងធ្វើឲ្យមនុស្សពុករលួយ។ ខ្ញុំក៏បានយល់ដែរថា ព្រះជាម្ចាស់ចង់ឲ្យពួកយើងដេញតាមសេចក្ដីពិត ដើម្បីរំដោះពួកយើងពីការធ្វើបាបរបស់សាតាំង និងអនុញ្ញាតឲ្យពួកយើងទទួលបានសេចក្ដីពិត ព្រមទាំងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ នេះជារឿងដែលមានអត្ថន័យ និងមានតម្លៃបំផុត។ ឥឡូវនេះ ខ្ញុំអាចទុកការងារ និងលុយកាក់មួយឡែកសិន ហើយដាក់ចិត្តដាក់កាយទាំងស្រុងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំបានហើយ។ គឺតាមរយៈការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលធ្វើឱ្យខ្ញុំទទួលបានការយល់ដឹង និងការផ្លាស់ប្រែទាំងនេះ។ អរព្រះគុណព្រះជាម្ចាស់!