១៤. ការការពារឋានៈ គឺពិតជាគួរឱ្យខ្មាស់អៀនជាទីបំផុត

ដោយ ហ្វ្រែងឃ្លីន ប្រទេសអេស្ប៉ាញ

នៅខែឧសភា ឆ្នាំ ២០២៣ ខ្ញុំទទួលខុសត្រូវលើការងារផ្សាយដំណឹងល្អរបស់ពួកជំនុំមួយចំនួន។ ពេលឃើញថា បងប្អូនប្រុសស្រីមួយចំនួនដែលខ្ញុំធ្វើការជាមួយ ត្រូវបានដកហូតតំណែងជាបន្តបន្ទាប់ ដោយសារមូលហេតុផ្សេងៗ ដូចជាមិនបានធ្វើការងារពិតប្រាកដជាដើម។ ខ្ញុំក៏មានគំនិតមួយក្នុងចិត្តដោយមិនដឹងខ្លួនថា៖ «ខ្ញុំមិនអាចត្រូវបានដកហូតតំណែង ដោយសារតែមិនបានធ្វើការងារពិតប្រាកដនោះទេ។ បើខ្ញុំត្រូវបានដកហូតតំណែង តើបងប្អូនប្រុសស្រីនឹងគិតយ៉ាងណាចំពោះខ្ញុំ? ខ្ញុំត្រូវតែតាមដាន និងស្វែងយល់ពីការងាររបស់បងប្អូនប្រុសស្រីឲ្យបានច្រើនជាងនេះ។ ទាល់តែគ្រប់គ្នាឃើញថា ខ្ញុំអាចដោះស្រាយបញ្ហាជាក់ស្ដែង ក្នុងពេលបំពេញភារកិច្ច ទើបពួកគេសរសើរខ្ញុំ ធ្វើបែបនេះ ខ្ញុំក៏អាចរក្សាឋានៈខ្ញុំបានដែរ»។ ក្រោយមក មិនថាបងប្អូនប្រុសស្រីណាសួរនាំពីបញ្ហាអ្វីទេ ខ្ញុំនឹងដោះស្រាយវាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដោយខ្លាចថា បើខ្ញុំមិនធ្វើកិច្ចការភ្លាមៗទេ នោះគេនឹងវាយតម្លៃខ្ញុំមិនល្អ ហើយចុងក្រោយ ខ្ញុំនឹងត្រូវបានដកហូតតំណែងជាមិនខាន។ ម្ដងនោះ ប្រធានក្រុមផ្សាយដំណឹងល្អម្នាក់បានសួរខ្ញុំពីរបៀបធ្វើបន្ទាល់ ដើម្បីទទួលបានលទ្ធផលល្អ។ ដើម្បីឲ្យបងស្រីនោះយល់ឃើញល្អចំពោះខ្ញុំ ខ្ញុំក៏ប្រាប់គាត់ភ្លាមៗពីទស្សនៈរបស់ខ្ញុំ។ ពេលគាត់ឮហើយ គាត់ពេញចិត្តណាស់ ហើយខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបាននិយាយរឿងជាច្រើន ហើយខ្ញុំមិនច្បាស់ទេថា តើបងស្រីនោះបានក្ដាប់បាន ឬថានឹងមានសេចក្ដីវៀចវេរកើតឡើងក្នុងការអនុវត្តឬអត់ទេ មួយរយៈក្រោយមក ខ្ញុំគួរតែសួរគាត់ម្ដងទៀត ហើយតាមដានរឿងហ្នឹង ហើយផ្ដល់ផ្លូវអនុវត្តជាក់លាក់បន្ថែមទៀត ដោយផ្សារភ្ជាប់នឹងបញ្ហាជាក់ស្ដែង។ តែពេលនោះ ខ្ញុំមិនសូវចាត់ទុកវាជារឿងសំខាន់ទេ។ ខ្ញុំគិតថា ដោយសារខ្ញុំនិយាយប្រាប់គាត់ច្រើនណាស់ទៅហើយ គាត់ប្រហែលជាមានចំណាប់អារម្មណ៍ល្អលើខ្ញុំហើយ។ ខ្ញុំមិនបានគិតគូរថា គាត់នឹងអនុវត្តយ៉ាងណានៅពេលក្រោយឡើយ។ ក្រោយមក មិនថាក្រុមណាដែលមានលទ្ធផលដំណឹងល្អមិនល្អទេ ខ្ញុំប្រញាប់ទាក់ទងទៅប្រធានក្រុម ដើម្បីស្វែងយល់ពីស្ថានភាព និងប្រកបគ្នាដោះស្រាយបញ្ហានោះ ដើម្បីឲ្យបងប្អូនប្រុសស្រីឃើញថា ខ្ញុំបានដោះស្រាយបញ្ហាភ្លាមៗ និងអាចធ្វើការងារពិតប្រាកដ។ តែក្រោយមក ខ្ញុំមិនសូវខ្វល់ថាតើប្រធានក្រុមបានអនុវត្តត្រឹមត្រូវឬអត់ ឬថាតើបញ្ហាជាក់ស្ដែងត្រូវបានដោះស្រាយពិតមែនឬអត់នោះទេ។ ជួនកាល នៅក្នុងការជួបជុំ ឬពេលពិភាក្សាការងារ ខ្ញុំតែងលើកឡើងដោយចេតនា ឬដោយអចេតនា អំពីបញ្ហាដែលខ្ញុំបានរកឃើញក្នុងពេលតាមដានការងារ ដើម្បីឲ្យបងប្អូនប្រុសស្រីឃើញថា ខ្ញុំមិនមែនជាអ្នកធ្វើការតែលើក្រដាសទេ ហើយថាខ្ញុំអាចចូលទៅក្នុងពួកជំនុំយ៉ាងស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហា។ ពីរអាទិត្យក្រោយមក ខ្ញុំបានពិនិត្យមើលការងារផ្សាយដំណឹងល្អរបស់ពួកជំនុំមួយចំនួន។ ខ្ញុំឃើញថា លទ្ធផលមិនបានប្រសើរឡើងសោះ ដូច្នេះ ខ្ញុំក៏សួរប្រធានក្រុមអំពីស្ថានភាពនោះ។ ខ្ញុំបានរកឃើញថា ប្រធានក្រុមទាំងនោះកំពុងជួបការលំបាកមួយចំនួន។ នៅក្នុងពួកជំនុំខ្លះ មានមនុស្សជាច្រើនបានមកស្វែងយល់ តែភាគច្រើនមិនស្របតាមគោលការណ៍នៃការផ្សាយដំណឹងល្អទេ។ ចុងក្រោយ មិនសូវមានមនុស្សចូលរួមក្នុងពួកជំនុំពិតប្រាកដទេ។ ពេលឃើញស្ថានភាពបែបនេះ ខ្ញុំស្រឡាំងកាំង «ខ្ញុំជាអ្នកតាមដានការងារផ្សាយដំណឹងល្អនៅក្នុងពួកជំនុំទាំងនេះតើ។ ឥឡូវនេះ បញ្ហាជាច្រើនបានកើតឡើង តើបងប្អូនប្រុសស្រីដែលខ្ញុំធ្វើការជាមួយ នឹងគិតយ៉ាងណាចំពោះខ្ញុំ? តើពួកគេនឹងនិយាយថា ខ្ញុំខ្វះសមត្ថភាពការងារដែរឬទេ?» ពេលខ្ញុំគិតដល់ចំណុចនេះ ខ្ញុំមានអារម្មណ៍អស់សង្ឃឹមបន្ដិចនៅក្នុងចិត្ត។ ខ្ញុំដឹងថា មូលហេតុដែលការងារមិនទទួលបានលទ្ធផល គឺដោយសារតែមានបញ្ហានឹងរបៀបដែលខ្ញុំបំពេញភារកិច្ច។ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះជាម្ចាស់ ដោយអង្វរឲ្យព្រះជាម្ចាស់បំភ្លឺ និងដឹកនាំខ្ញុំក្នុងការរៀនមេរៀនមួយនេះ។

ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើគេគួរតែវិនិច្ឆ័យដោយរបៀបណាថាតើអ្នកដឹកនាំម្នាក់កំពុងតែបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ឬថាតើគេ ជាអ្នកដឹកនាំក្លែងក្លាយ? នៅកម្រិតមូលដ្ឋានបំផុត គេត្រូវពិនិត្យមើលថាតើម្នាក់នោះមានសមត្ថភាពធ្វើកិច្ចការពិតប្រាកដឬអត់ ត្រូវមើលថាតើគេមានគុណសម្បត្តិនេះឬអត់។ ក្រោយមក គេគួរតែពិនិត្យមើលថាតើគេមានបន្ទុកក្នុងការបំពេញកិច្ចការនេះឱ្យបានល្អឬអត់។ សូមបំភ្លេចចោលសម្ដីដ៏ផ្អែមពីរោះរបស់ពួកគេ បំភ្លេចចោលគោលលទ្ធិដែលពួកគេហាក់មានការយល់ដឹងច្រើន ហើយមិនថាពួកគេមានទេពកោសល្យ និងអំណោយទានច្រើនប៉ុនណា នៅពេលដោះស្រាយបញ្ហាខាងក្រៅទេ សូមបំភ្លេចចោលចុះ ដ្បិតរឿងទាំងនេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់បំផុតគឺថា គេអាចអនុវត្តតាមចំណុចជាមូលដ្ឋានបំផុតនៃកិច្ចការពួកជំនុំបានត្រឹមត្រូវឬអត់ ថាតើគេអាចដោះស្រាយបញ្ហា ដោយប្រើសេចក្តីពិត និងថាតើគេអាចដឹកនាំមនុស្សចូលទៅក្នុងតថភាពសេចក្តីពិតបានឬអត់។ នេះគឺជាកិច្ចការជាមូលដ្ឋាន និងសំខាន់បំផុត។ ប្រសិនបើគេគ្មានសមត្ថភាពធ្វើតាមចំណុចនៃកិច្ចការពិតប្រាកដទាំងនេះទេ នោះមិនថាគេមានគុណសម្បត្តិល្អប៉ុនណា គេមានទេពកោសល្យពូកែយ៉ាងណា ឬអាចស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ជាច្រើនយ៉ាងណាក៏ដោយ ក៏គេនៅតែជាអ្នកដឹកនាំក្លែងក្លាយដដែលហ្នឹង។ ... មិនថាអ្នកមានទេពកោសល្យប៉ុនណា មិនថាអ្នកមានគុណសម្បត្តិ និងមានការអប់រំកម្រិតណា មិនថាអ្នកអាចប្រកាសពាក្យស្លោកបានច្រើនយ៉ាងណា ឬមិនថាអ្នកយល់ពីពាក្យពេចន៍ និងគោលលទ្ធិបានច្រើនបែបណាឡើយ ទោះបីជាអ្នករវល់ ឬនឿយហត់បែបណាក្នុងមួយថ្ងៃ ឬទោះបីអ្នកធ្វើដំណើរបានឆ្ងាយយ៉ាងណា ទោះបីជាអ្នកបានទៅសួរសុខទុក្ខពួកជំនុំបានច្រើនកន្លែង ឬអ្នកបានប្រថុយប្រថាន និងស៊ូទ្រាំរងទុក្ខបានច្រើនបែបណានោះទេ ពោលគឺរឿងទាំងអស់នេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់នោះគឺថាតើអ្នកកំពុងបំពេញកិច្ចការរបស់អ្នកដោយផ្អែកលើការរៀបចំចាត់ចែងកិច្ចការឬក៏អត់ ថាតើអ្នកកំពុងអនុវត្តតាមការរៀបចំចាត់ចែងទាំងនោះបានត្រឹមត្រូវឬក៏អត់។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់អ្នក ថាតើអ្នកកំពុងចូលរួមក្នុងកិច្ចការជាក់លាក់នីមួយៗដែលអ្នកទទួលខុសត្រូវឬអត់ និងថាតើមានបញ្ហាជាក់លាក់ប៉ុន្មានដែលអ្នកបានដោះស្រាយយ៉ាងពិតប្រាកដ។ ថាតើមានមនុស្សប៉ុន្មាននាក់បានយល់ពីគោលការណ៍សេចក្ដីពិត ដោយសារតែការដឹកនាំ និងការណែនាំរបស់អ្នក ហើយថាតើកិច្ចការរបស់ពួកជំនុំបានរីកចម្រើន និងអភិវឌ្ឍបានខ្លាំងកម្រិតណា អ្វីដែលសំខាន់នោះគឺថាតើអ្នកសម្រេចបានលទ្ធផលទាំងនេះឬក៏អត់។ ទោះបីជាអ្នកជាប់ពាក់ព័ន្ធនឹងកិច្ចការជាក់លាក់អ្វីក៏ដោយ អ្វីដែលសំខាន់គឺថាតើអ្នកកំពុងតាមដាន និងដឹកនាំកិច្ចការជាប់ជាប្រចាំឬក៏អត់ ជាជាងធ្វើឫកធំ អស្ចារ្យ និងចាំតែចេញបញ្ជានោះ។ ក្រៅពីនេះ អ្វីដែលសំខាន់ផងដែរនោះគឺថាតើអ្នកមានការចូលទៅក្នុងជីវិតដែរឬអត់ ក្នុងពេលដែលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ថាតើអ្នកអាចដោះស្រាយបញ្ហាស្របតាមគោលការណ៍បានដែរឬអត់ ថាតើអ្នកមានទីបន្ទាល់នៃការអនុវត្តសេចក្ដីពិតដែរឬអត់ ហើយថាតើអ្នកអាចចាត់ចែង និងដោះស្រាយបញ្ហាជាក់ស្ដែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រឈមមុខបានដែរឬអត់។ ចំណុចទាំងនេះ និងចំណុចស្រដៀងគ្នាផ្សេងទៀត សុទ្ធតែជាលក្ខណៈវិនិច្ឆ័យដើម្បីវាយតម្លៃថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់បានបំពេញទំនួលខុសត្រូវរបស់ខ្លួនឬក៏អត់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការ ពិតជាមានបន្ទុក និងអាចស៊ូទ្រាំនឹងការរងទុក្ខបានខ្លាំងជាងនេះបន្តិច អនុវត្តការប្រកបសេចក្ដីពិតឱ្យបានច្រើនជាងនេះ និងបង្ហាញភក្ដីភាពឱ្យបានច្រើនជាងនេះបន្តិច ដោយប្រកបឱ្យបានច្បាស់លាស់អំពីគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត ដើម្បីឱ្យអ្នកធ្វើការខាងផ្សាយដំណឹងល្អទាំងនោះអាចប្រកបសេចក្ដីពិត ដើម្បីដោះស្រាយសញ្ញាណ និងមន្ទិលសង្ស័យរបស់មនុស្សបាន នោះលទ្ធផលនៃការផ្សាយដំណឹងល្អនឹងកាន់តែល្អឡើងជាមិនខាន។ ដូច្នេះ មនុស្សកាន់តែច្រើនដែលកំពុងស្វែងយល់ផ្លូវពិត នឹងអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់បានលឿនជាងមុន និងត្រឡប់មកចំពោះព្រះជាម្ចាស់ ដើម្បីទទួលសេចក្ដីសង្គ្រោះរបស់ទ្រង់បានឆាប់ជាងមុន។ កិច្ចការរបស់ពួកជំនុំត្រូវរាំងស្ទះ ដោយព្រោះតែអ្នកដឹកនាំក្លែងក្លាយធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរក្នុងទំនួលខុសត្រូវរបស់ខ្លួន មិនធ្វើកិច្ចការជាក់ស្ដែង ឬតាមដាន និងមើលការខុសត្រូវលើកិច្ចការ ហើយមិនអាចប្រកបសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបាន។ ជាការពិតណាស់ នេះក៏ដោយសារតែអ្នកដឹកនាំក្លែងក្លាយទាំងនេះ សោយសុខនឹងផលប្រយោជន៍នៃឋានៈ មិនដេញតាមសេចក្ដីពិតទាល់តែសោះ ហើយមិនសុខចិត្តតាមដាន មិនព្រមមើលការខុសត្រូវ ឬមិនព្រមចង្អុលបង្ហាញកិច្ចការនៃការផ្សាយដំណឹងល្អឡើយ ដែលជាលទ្ធផលធ្វើឱ្យកិច្ចការមានដំណើរការយឺត ហើយសេចក្ដីវៀចវេរដែលបង្កឡើងដោយមនុស្ស ភាពមិនសមហេតុផល និងទង្វើខុសឆ្គងតាមតែអំពើចិត្តជាច្រើន មិនត្រូវបានកែតម្រូវ ឬដោះស្រាយឱ្យបានទាន់ពេល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រសិទ្ធភាពនៃការផ្សាយដំណឹងល្អ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ក្នុងការវាយតម្លៃថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ស្របតាមស្ដង់ដារឬអត់ អ្នកមិនអាចមើលត្រឹមតែថាតើពួកគេរងទុក្ខប៉ុនណា ឬបង់ថ្លៃប៉ុនណានៅសំបកក្រៅនោះទេ អ្នកត្រូវមើលលទ្ធផលដែលពួកគេសម្រេចបានក្នុងការងារ ថាតើពួកគេបានធ្វើការងារជាក់ស្ដែងកម្រិតណា ស្របតាមតម្រូវការ និងគោលការណ៍នៃព្រះដំណាក់របស់ព្រះ ហើយថាតើពួកគេដើរតួនាទីកម្រិតណាក្នុងការជំរុញការងារឲ្យទៅមុខ។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់សកម្ម និងរវល់ខ្លាំងក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅសំបកក្រៅ តែមិនធ្វើការស្របតាមគោលការណ៍ ដោយទុកបញ្ហាជាក់ស្ដែងជាច្រើនចោលមិនដោះស្រាយ ហើយធ្វើតែការងារដែលធ្វើឲ្យពួកគេមើលទៅល្អ ពួកគេកំពុងប្រើរូបភាពមមាញឹក ដើម្បីលម្អខ្លួនឯង។ អ្នកដឹកនាំប្រភេទនេះគឺជាអ្នកដឹកនាំក្លែងក្លាយ។ ដោយប្រៀបធៀបខ្លួនឯងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញថា ទោះបីជាខ្ញុំបានតាមដានការងារផ្សាយដំណឹងល្អនៅសំបកក្រៅក៏ដោយ ខ្ញុំគ្រាន់តែបំពេញភារកិច្ចបែបបង្គ្រប់កិច្ចប៉ុណ្ណោះ ខ្ញុំមិនបានស្វែងរកថាត្រូវធ្វើអ្វី ដើម្បីទទួលបានលទ្ធផលទេ។ ដូចជាពេលដែលប្រធានក្រុមផ្សាយដំណឹងល្អបានសួរខ្ញុំពីរបៀបធ្វើបន្ទាល់ ដើម្បីទទួលបានលទ្ធផលល្អអ៊ីចឹង។ ទោះបីជាខ្ញុំបានប្រាប់គាត់អំពីផ្លូវអនុវត្តខ្លះក៏ដោយ តែខ្ញុំមិនបានតាមដាន និងដោះស្រាយបញ្ហាជាក់ស្ដែងទេ ដូចជាថាតើគាត់ពិតជាបានក្ដាប់បានឬអត់ ហើយថាតើនឹងមានសេចក្ដីវៀចវេរកើតឡើងឬអត់ នៅក្នុងដំណើរការនៃការសហការរបស់គាត់។ ខ្ញុំគ្រាន់តែពេញចិត្តដែលខ្ញុំបានប្រកបជាមួយគាត់ ហើយមិនបានស្វែងរកលទ្ធផលពិតប្រាកដឡើយ។ ខ្ញុំបានតាមដានការងារផ្សាយដំណឹងល្អរបស់ពួកជំនុំខ្លះ ពេលដែលមានបញ្ហាកើតឡើង តែខ្ញុំមិនបានគិតដល់បញ្ហាថាតើប្រធានក្រុមបានក្ដាប់បានពីគោលការណ៍ និងកំពុងអនុវត្តការងារបានត្រឹមត្រូវឬអត់នោះទេ ហើយខ្ញុំក៏មិនបានតាមដាន ឬមើលការខុសត្រូវដែរ។ ជាលទ្ធផល ការងារមិនទទួលបានលទ្ធផលពិតប្រាកដឡើយ ហើយមានចំណុចខ្វះខាតគ្រប់បែបយ៉ាង។ ខ្ញុំធ្វើការតែសំបកក្រៅប៉ុណ្ណោះ ដោយមិនស្វែងរកឱ្យបានល្អិតល្អន់។ មើលពីក្រៅ ខ្ញុំបានធ្វើការងារច្រើនណាស់ តែខ្ញុំមិនទទួលបានលទ្ធផលសោះ។ ទាល់តែពេលនេះ ទើបខ្ញុំដឹងថា នេះជារបៀបដែលអ្នកដឹកនាំក្លែងក្លាយធ្វើការ ហើយវាពិតជាគ្មានទំនួលខុសត្រូវសោះ។ ខ្ញុំមានវិប្បដិសារីនៅក្នុងចិត្ត ហើយចង់កែប្រែស្ថានការណ៍ឲ្យបានត្រឹមត្រូវ និងឈប់ប្រព្រឹត្តដោយពឹងអាងលើនិស្ស័យពុករលួយទៀត។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន មានស្ថានភាពខ្លះបានកើតឡើងចំពោះខ្ញុំ ដែលបើកសម្ដែងខ្ញុំម្ដងទៀត។

មិនយូរប៉ុន្មានក្រោយមក ពួកជំនុំមានភារកិច្ចការងារផ្សាយដំណឹងល្អបន្ទាន់មួយ ដែលពួកយើងត្រូវធ្វើ។ ខ្ញុំ និងបងប្អូនប្រុសស្រីដែលខ្ញុំធ្វើការជាមួយ បានអនុវត្តវានៅគ្រប់ពួកជំនុំយ៉ាងសស្រាក់សស្រាំ និងបន្ទាន់។ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនោះ ចៃដន្យអីអ្នកដឹកនាំថ្នាក់លើបានពិនិត្យមើលការងារដែលខ្ញុំទទួលខុសត្រូវ ហើយបានរកឃើញសេចក្ដីវៀចវេរខ្លះ។ ពួកគេក៏បានចង្អុលបង្ហាញថា ខ្ញុំមិនបានធ្វើការឲ្យបានល្អិតល្អន់ទេ។ ទោះបីជាពួកជំនុំនីមួយៗមានអ្នកធ្វើការខាងផ្សាយដំណឹងល្អច្រើនក៏ដោយ អ្នកធ្វើការខាងផ្សាយដំណឹងល្អភាគច្រើនមិនសូវច្បាស់អំពីសេចក្តីពិត នៅក្នុងទិដ្ឋភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយមានចំណុចខ្វះខាតជាច្រើនក្នុងការផ្សាយដំណឹងល្អ។ លើសពីនេះទៅទៀត ខ្ញុំមិនបានបណ្ដុះបណ្ដាលអ្នកធ្វើការខាងផ្សាយដំណឹងល្អឲ្យបានទាន់ពេលវេលាទេ។ ពេលខ្ញុំឮអ្នកដឹកនាំចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំ មុខខ្ញុំឡើងក្តៅងំ។ អ្នកដឹកនាំបានឲ្យខ្ញុំឆ្លៀតពេលស្វែងយល់ពីស្ថានភាពរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អនៅក្នុងពួកជំនុំនីមួយៗ និងបញ្ហាដែលមាននៅក្នុងការផ្សាយដំណឹងល្អ ហើយដាក់របាយការណ៍ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានគិតក្នុងចិត្តថា៖ «តើអ្នកដឹកនាំនឹងគិតយ៉ាងណាចំពោះខ្ញុំ ក្រោយពីបានរកឃើញបញ្ហាច្រើនយ៉ាងនេះ? តើពួកគេនឹងគិតថា ខ្ញុំមិនស័ក្ដិសមជាអ្នកមើលការខុសត្រូវ ហើយដកហូតតំណែងខ្ញុំឬ? បើខ្ញុំត្រូវបានដកហូតតំណែង តើបងប្អូនប្រុសស្រីនឹងគិតយ៉ាងណាចំពោះខ្ញុំ? ទេ ខ្ញុំមិនអាចឲ្យគេឃើញថា ខ្ញុំមិនបានធ្វើការងារពិតប្រាកដនោះឡើយ។ ឥឡូវនេះ ខ្ញុំត្រូវតែអនុវត្តការងារដែលអ្នកដឹកនាំបានណែនាំឲ្យធ្វើជាបន្ទាន់។ មានតែធ្វើបែបនេះទេ ទើបអាចឲ្យពួកគេឃើញថា ទោះបីជាមានសេចក្ដីវៀចវេរក្នុងការងារខ្ញុំពីមុនមកក៏ដោយ ក៏ខ្ញុំអាចកែប្រែស្ថានការណ៍យ៉ាងសកម្មបានដែរ។ មានតែតាមរបៀបនេះទេ ទើបខ្ញុំអាចស្តារចំណាប់អារម្មណ៍ល្អ ដែលអ្នកដឹកនាំមានចំពោះខ្ញុំឡើងវិញបាន»។ ក្រោយមក ខ្ញុំមានអារម្មណ៍ដូចឆ្មាលើដំបូលស័ង្កសីក្ដៅ ចង់តែសម្រេចកិច្ចការដែលអ្នកដឹកនាំបានឲ្យធ្វើ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ តាមពិតទៅ ខ្ញុំក៏ដឹងខ្លួននៅក្នុងចិត្តដែរ ថាគ្រប់គ្នាសុទ្ធតែមានការងារបន្ទាន់ផ្សេងទៀតនៅក្នុងដៃ ដែលត្រូវអនុវត្ត ហើយថា ខ្ញុំគួរតែឆ្លៀតពេលដែលភារកិច្ចមិនសូវមមាញឹក ដូចជាពេលសម្រាកថ្ងៃត្រង់ ឬពេលល្ងាច ដើម្បីស្វែងយល់ពីស្ថានភាពរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អ។ ធ្វើបែបនេះ ខ្ញុំនឹងមិនរំខានដល់ដំណើរការនៃការបំពេញភារកិច្ចរបស់គ្រប់គ្នាឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីស្វែងយល់ និងរាយការណ៍ជូនអ្នកដឹកនាំឲ្យបានឆាប់បំផុត ខ្ញុំបានកំណត់ថា គ្រប់គ្នាត្រូវតែបញ្ចប់ការប្រមូលទិន្នន័យអំពីស្ថានភាព និងបញ្ហារបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អ ក្នុងរយៈពេលកន្លះថ្ងៃ។ ពេលខ្ញុំនិយាយចប់ ពួកគេទាំងអស់គ្នាមានអារម្មណ៍ទាល់តម្រិះយ៉ាងខ្លាំង។ ខ្លះនិយាយថា ពួកគេមានការជួបជុំនៅថ្ងៃនោះ ហើយខ្លះទៀតនិយាយថា ពួកគេគ្មានពេលទេ ព្រោះពួកគេត្រូវទៅផ្សាយដំណឹងល្អដែរ។ ដោយគ្មានជម្រើសផ្សេង ខ្ញុំក៏ពន្យារពេលឲ្យពួកគេ តែខ្ញុំចេះតែតឿនពួកគេរហូតក្នុងអំឡុងពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់រួចរាល់ដដែល នៅព្រឹកថ្ងៃបន្ទាប់។ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងចិត្ត។ ខ្ញុំខ្លាចថា បើធ្វើវាយឺតពេក អ្នកដឹកនាំថ្នាក់លើនឹងគិតថា ខ្ញុំយឺតយ៉ាវក្នុងការងារ ដូច្នេះ ខ្ញុំចេះតែតឿនបងប្អូនប្រុសស្រី ដោយមិនខ្វល់ពីស្ថានភាពជាក់ស្ដែងរបស់ពួកគេឡើយ។ លុះដល់ថ្ងៃទីបី ទិន្នន័យត្រូវបានប្រមូលចប់សព្វគ្រប់ ទើបខ្ញុំដកដង្ហើមធូរទ្រូង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានព្យាយាមដោះស្រាយបញ្ហាក្នុងការងារផ្សាយដំណឹងល្អ ដែលគ្រប់គ្នាបានរកឃើញនោះឲ្យបានហ្មត់ចត់ឡើយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ខ្ញុំបានធ្វើការងារដែលអ្នកដឹកនាំថ្នាក់លើបានចាត់ចែង យ៉ាងប្រញាប់ប្រញាល់បំផុត ប៉ុន្តែនៅពេលធ្វើវា ខ្ញុំមិនដែលពិចារណាថា តើបញ្ហាជាក់ស្ដែងដែលអ្នកដឹកនាំថ្នាក់លើបានលើកឡើងនោះ ជាអ្វីឲ្យប្រាកដទេ ឬថាត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានលទ្ធផលនោះឡើយ។ ខ្ញុំគ្រាន់តែធ្វើការងារសំបកក្រៅខ្លះៗទាក់ទងនឹងទិន្នន័យប៉ុណ្ណោះ។ ខ្ញុំចេះតែតឿនបងប្អូនប្រុសស្រី ដើម្បីឲ្យខ្ញុំអាចបញ្ចប់កិច្ចការរបស់ខ្ញុំឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ កត្តានេះបានធ្វើឲ្យអ្នកផ្សេងទៀតស្លន់ស្លោក្នុងការងាររបស់គេ ហើយមិនអាចធ្វើចិត្តឲ្យស្ងប់បានដែរ។ បងប្អូនប្រុសស្រីមួយចំនួនមានអារម្មណ៍តានតឹងយ៉ាងខ្លាំង។ ពួកគេខ្លះមិនបានអនុវត្តការងារឲ្យបានត្រឹមត្រូវទេ ដោយសារពេលវេលាកៀកពេក។ ដោយមានអារម្មណ៍ថា គុណសម្បត្តិរបស់គេមិនសមនឹងការងារ សភាពរបស់ពួកគេក៏រងផលប៉ះពាល់។ ខ្លះខ្លាចថា ពួកគេនឹងត្រូវគេផ្លាស់ប្ដូរភារកិច្ច ដោយសារតែមិនអាចធ្វើការងារបានល្អ ហើយក៏រស់នៅក្នុងសភាពអវិជ្ជមាន។ គ្រាន់តែមកពីខ្ញុំបានដើរផ្លូវខុស ខ្ញុំបានបណ្ដាលឲ្យបងប្អូនប្រុសស្រីប្រព្រឹត្តដោយគ្មានគោលការណ៍ និងមិនខ្វល់ពីអ្វីដែលសំខាន់មុនក្រោយ។ ការនេះបានប៉ះពាល់ដល់ដំណើរការនៃការអនុវត្តការងារផ្សេងទៀត។ ដោយប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ទើបខ្ញុំចាប់ផ្ដើមស្វែងរកសេចក្តីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង។

ក្នុងពេលស្វែងរក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយអត្ថបទ៖ «ពួកទទឹងនឹងព្រះគ្រីស្ទរស់នៅរាល់ថ្ងៃដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ពួកគេរស់នៅគ្រាន់តែដើម្បីសោយសុខនឹងផលប្រយោជន៍នៃឋានៈប៉ុណ្ណោះ នេះគឺជាអ្វីទាំងអស់ដែលពួកគេគិត។ ទោះបីជាពេលខ្លះពួកគេរងទុក្ខលំបាកបន្តិចបន្តួច ឬធ្វើការលះបង់តូចតាចខ្លះក៏ដោយ នេះក៏ដើម្បីទទួលបានឋានៈ និងកេរ្តិ៍ឈ្មោះដែរ។ ... នរណាក៏ដោយដែលជាអាទទឹងនឹងព្រះគ្រីស្ទ នឹងមិនលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះត្រង់ឡើយ ការបំពេញភារកិច្ចរបស់ពួកគេនឹងគ្រាន់តែធ្វើជាទម្រង់ការ និងបង្គ្រប់កិច្ចប៉ុណ្ណោះ។ ពួកគេនឹងមិនធ្វើកិច្ចការជាក់ស្ដែងឡើយ ទោះបីជាពួកគេជាពួកអ្នកដឹកនាំ ឬពួកអ្នកធ្វើការក៏ដោយ ហើយពួកគេនឹងគ្រាន់តែនិយាយ និងប្រព្រឹត្តដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈប៉ុណ្ណោះ ដោយមិនការពារកិច្ចការរបស់ពួកជំនុំទាល់តែសោះ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះពេញមួយថ្ងៃ? ពួកគេធ្វើខ្លួនរវល់តែនឹងការសម្ដែង និងការអួតសម្ញែងប៉ុណ្ណោះ។ ពួកគេធ្វើតែរឿងដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេរវល់នឹងការបំភាន់អ្នកដទៃ អូសទាញមនុស្ស ហើយនៅពេលដែលពួកគេបានប្រមូលកម្លាំងរបស់ពួកគេហើយ ពួកគេនឹងបន្តទៅគ្រប់គ្រងពួកជំនុំកាន់តែច្រើន។ ពួកគេគ្រាន់តែប៉ងចង់សោយរាជ្យជាស្ដេច និងប្រែក្លាយពួកជំនុំឱ្យទៅជានគរឯករាជ្យរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេគ្រាន់តែប៉ងចង់ធ្វើជាអ្នកដឹកនាំខ្ពង់ខ្ពស់ មានសិទ្ធិអំណាចផ្ដាច់មុខទាំងស្រុង ដើម្បីគ្រប់គ្រងពួកជំនុំកាន់តែច្រើនប៉ុណ្ណោះ។ ពួកគេមិនខ្វល់ខ្វាយសូម្បីតែបន្តិចអំពីរឿងអ្វីផ្សេងទៀតឡើយ។ ពួកគេមិនខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំ ឬការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេរឹតតែមិនខ្វល់ថាតើព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានប្រតិបត្តិឬអត់នោះទេ។ ពួកគេខ្វល់ខ្វាយតែពីពេលណាដែលពួកគេអាចក្ដោបក្ដាប់អំណាចផ្ដាច់មុខ គ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងឈរស្មើមុខស្មើមាត់ជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ។ មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទពិតជាធំធេងណាស់! មិនថាពួកទទឹងនឹងព្រះគ្រីស្ទមើលទៅហាក់ដូចជាខិតខំធ្វើការយ៉ាងណាក៏ដោយ ក៏ពួកគេគ្រាន់តែរវល់នឹងរឿងផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើអ្វីដែលពួកគេចូលចិត្តធ្វើ និងរវល់នឹងរឿងដែលទាក់ទងនឹងកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនទាំងគិតអំពីទំនួលខុសត្រូវរបស់ខ្លួន ឬភារកិច្ចដែលពួកគេគួរតែបំពេញផង ហើយពួកគេមិនធ្វើអ្វីដែលត្រឹមត្រូវទាល់តែសោះ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាប្រភេទបែបហ្នឹងឯង ពួកគេគឺជាពួកអារក្ស និងពួកសាតាំង ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់បើកសម្ដែងថា ក្នុងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទគិតតែពីឋានៈ ហើយធ្វើការដើម្បីតែឋានៈប៉ុណ្ណោះ។ ពួកគេរវល់តែនឹងរឿងដែលទាក់ទងនឹងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ព្រមទាំងឋានៈផ្ទាល់ខ្លួន ដោយមិនធ្វើអ្វីដែលជាការទទួលខុសត្រូវរបស់ខ្លួនសោះ។ ខ្ញុំដឹងថា របៀបដែលខ្ញុំធ្វើ គឺដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ។ អ្នកដឹកនាំថ្នាក់លើបានរកឃើញសេចក្ដីវៀចវេរក្នុងការងាររបស់ខ្ញុំ ហើយខ្ញុំមិនចង់ឲ្យពួកគេមើលងាយខ្ញុំទេ។ ដូច្នេះ នៅក្នុងការងារដែលអ្នកដឹកនាំបានចាត់ឲ្យធ្វើ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីអួតបង្ហាញខ្លួន ហើយចង់បញ្ចប់វាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំចង់ឲ្យអ្នកដឹកនាំឃើញថា ខ្ញុំធ្វើការមានប្រសិទ្ធភាព ដាច់ណាត់ និងលឿនដូចរន្ទះ ដើម្បីឲ្យខ្ញុំអាចទទួលបានការយល់ឃើញល្អពីពួកគេ។ ដើម្បីសម្រេចគោលដៅនេះ ខ្ញុំចេះតែធ្វើការងារសំបកក្រៅ ដោយឲ្យបងប្អូនប្រុសស្រីប្រមូលទិន្នន័យអំពីអ្នកធ្វើការខាងផ្សាយដំណឹងល្អ និងសង្ខេបបញ្ហានានាក្នុងការងារផ្សាយដំណឹងល្អជាដើម។ តែខ្ញុំមិនបានខិតខំពិចារណាពីរបៀបដោះស្រាយបញ្ហា ឬសេចក្ដីវៀចវេរដែលកើតមានក្នុងការងារផ្សាយដំណឹងល្អឡើយ។ ជាហេតុធ្វើឲ្យបញ្ហាខ្លះមិនត្រូវបានដោះស្រាយពិតប្រាកដ ហើយការអនុវត្តការងារផ្សេងទៀតត្រូវបានពន្យារពេល។ ដើម្បីការពារមុខមាត់ និងឋានៈផ្ទាល់ខ្លួន ខ្ញុំមិនបានខ្វល់ពីការលំបាកជាក់ស្ដែងរបស់បងប្អូនប្រុសស្រីទេ ហើយចេះតែជំរុញពួកគេឲ្យធ្វើការកាន់តែលឿន។ ជាហេតុធ្វើឲ្យបងប្អូនប្រុសស្រីខ្លះមានអារម្មណ៍តានតឹងយ៉ាងខ្លាំង ហើយខ្លះថែមទាំងមានអារម្មណ៍ថា គុណសម្បត្តិរបស់គេមិនសមនឹងការងារ ហើយរស់នៅក្នុងសភាពអវិជ្ជមាន ដែលធ្វើឲ្យការងារយឺតយ៉ាវ។ ពេលខ្ញុំឆ្លុះបញ្ចាំងពីរឿងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចជាខ្លាំង។ ខ្ញុំកំពុងតែប្រព្រឹត្តអំពើអាក្រក់តើ! ដូច្នេះ ខ្ញុំក៏ប្រញាប់កែប្រែសភាពរបស់ខ្ញុំ។ ក្នុងពេលជាមួយគ្នា ខ្ញុំបានរៀបចំការងារឡើងវិញ ហើយធ្វើផែនការលម្អិតសម្រាប់ការងារដែលសំខាន់ជាង និងតម្រូវឲ្យដោះស្រាយជាបន្ទាន់។ ចំពោះការងារដែលមិនសូវបន្ទាន់ ខ្ញុំទុកវារង់ចាំដោះស្រាយនៅពេលទំនេរ។ នៅក្នុងការជួបជុំ ខ្ញុំក៏បានបើកចំហប្រាប់បងប្អូនប្រុសស្រី អំពីនិស្ស័យពុករលួយដែលខ្ញុំបានបញ្ចេញក្នុងអំឡុងពេលនេះ ដើម្បីឲ្យបងប្អូនប្រុសស្រីអាចកែប្រែសភាពរបស់ពួកគេ ហើយដាក់ចិត្តដាក់កាយយ៉ាងសកម្មទៅក្នុងភារកិច្ចរបស់ខ្លួន។ ក្រោយមក ការងារក៏ចាប់ផ្ដើមចូលគន្លងវិញបន្ដិចម្ដងៗ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរអត្ថបទទៀត៖ «ពួកទទឹងនឹងព្រះគ្រីស្ទគឺជាប្រភេទដែលមានល្បិចកល មែនទេ? ចំពោះអ្វីទាំងអស់ដែលពួកគេធ្វើ ពួកគេរៀបល្បិច និងគិតគូរថ្លឹងថ្លែងប្រាំបី ឬដប់ដង ឬសូម្បីតែច្រើនជាងនេះទៅទៀត។ ខួរក្បាលពួកគេពោរពេញទៅដោយការគិតធ្វើយ៉ាងម៉េចឱ្យខ្លួនមានជំហរស្ថិតស្ថេរក្នុងបណ្តាជន ធ្វើម៉េចមានកេរ្តិ៍ឈ្មោះល្អ និងមានកិត្យានុភាពខ្ពង់ខ្ពស់ ធ្វើម៉េចអែបអបខាងលើ ធ្វើម៉េចឱ្យបងប្អូនប្រុសស្រីគាំទ្រ ស្រឡាញ់ និងគោរពពួកគេ ហើយពួកគេធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបានលទ្ធផលទាំងនេះ។ តើពួកគេកំពុងដើរលើផ្លូវអ្វីទៅ? សម្រាប់ពួកគេ ប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ប្រយោជន៍នៃក្រុមជំនុំ និងកិច្ចការនៃដំណាក់ព្រះជាម្ចាស់ មិនមែនជាការពិចារណាចម្បងរបស់ពួកគេនោះទេ រឹតតែមិនមែនជាកិច្ចការដែលពួកគេខ្វល់ខ្វាយទៅទៀត។ តើពួកគេគិតយ៉ាងណាដែរ? 'រឿងទាំងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ។ មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់ មនុស្សត្រូវរស់នៅដើម្បីខ្លួនឯង និងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន។ នោះគឺជាគោលដៅដ៏ខ្ពស់បំផុត។ ប្រសិនបើនរណាម្នាក់មិនដឹងថា គេគួរតែរស់នៅដើម្បីខ្លួនឯង និងការពារខ្លួនទេ នោះគេជាមនុស្សល្ងីល្ងើ។ ប្រសិនបើគេសុំឱ្យខ្ញុំអនុវត្តតាមគោលការណ៍សេចក្ដីពិត ហើយចុះចូលចំពោះព្រះជាម្ចាស់ និងការរៀបចំនៃដំណាក់របស់ទ្រង់ នោះវាអាស្រ័យលើថាតើវានឹងមានផលប្រយោជន៍ឬអត់សម្រាប់ខ្ញុំ ហើយថាតើនឹងមានអត្ថប្រយោជន៍ឬអត់ក្នុងការធ្វើបែបនេះ។ ប្រសិនបើការមិនចុះចូលចំពោះការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ នាំមកនូវឱកាសដែលគេអាចនឹងបោសសម្អាតខ្ញុំចេញ ហើយបាត់បង់ឱកាសដើម្បីទទួលបានព្រះពរ នោះខ្ញុំនឹងចុះចូល'។ ដូច្នេះ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទតែងតែជ្រើសរើសធ្វើការសម្របសម្រួលមួយចំនួន។ អ្នកអាចនិយាយបានថា ដើម្បីជាប្រយោជន៍ដល់ឋានៈ ពួកទទឹងនឹងព្រះគ្រីស្ទអាចស៊ូទ្រាំនឹងការរងទុក្ខគ្រប់យ៉ាង ហើយដើម្បីមានកេរ្តិ៍ឈ្មោះល្អ ពួកគេអាចលះបង់គ្រប់យ៉ាង។ ពាក្យចាស់ពោលថា 'មនុស្សអស្ចារ្យដឹងថាពេលណាគួរចុះញ៉ម និងពេលណាមិនគួរចុះញ៉ម' នេះជាការពិតចំពោះពួកគេ។ តើនេះជាតក្កវិជ្ជារបស់សាតាំងមែនទេ? នេះជាទស្សនវិជ្ជារបស់សាតាំងនៃការរស់នៅក្នុងលោកីយ៍ ហើយវាក៏ជាគោលការណ៍នៃការរស់រានមានជីវិតរបស់សាតាំងផងដែរ។ គោលការណ៍នេះគួរឱ្យស្អប់ខ្ពើមមែនទែន!» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «អស់អ្នកដែលត្រូវបានជម្រុះចោល មិនដែលដើរលើផ្លូវនៃការដេញតាម និងការអនុវត្តសេចក្ដីពិតឡើយ។ ពួកគេតែងតែងាកចេញពីផ្លូវនេះ ហើយគ្រាន់តែធ្វើអ្វីដែលពួកគេចង់ធ្វើ ដោយធ្វើសកម្មភាពស្របតាមមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ ការពារឋានៈ កេរ្តិ៍ឈ្មោះ និងអំនួតផ្ទាល់ខ្លួនរបស់ពួកគេ និងបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺវិលវល់តែនឹងរឿងទាំងនេះ។ ទោះបីជាពួកគេក៏បានលះបង់ ចំណាយពេលវេលា និងកម្លាំងកាយចិត្ត ហើយរវល់តាំងពីព្រលឹមទល់ព្រលប់ក៏ដោយ តើលទ្ធផលចុងក្រោយរបស់ពួកគេគឺជាអ្វី? ដោយសារតែរឿងដែលពួកគេបានធ្វើ ត្រូវបានកំណត់លក្ខណៈថាជាអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ លទ្ធផលគឺថាពួកគេត្រូវបានជម្រុះចោល។ តើពួកគេនៅតែមានឱកាសនៃការត្រូវបានសង្គ្រោះដែរឬទេ? (មិនមានទេ។) នេះគឺជាផលវិបាកដ៏ធ្ងន់ធ្ងរក្រៃលែង! វាប្រៀបដូចជានៅពេលដែលមនុស្សមានជំងឺដែរ៖ ជំងឺស្រាលដែលមិនត្រូវបានព្យាបាលទាន់ពេលវេលា អាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ឬថែមទាំងក្លាយជាជំងឺដែលមិនអាចព្យាបាលជាសះស្បើយទៀតផង។ ឧទាហរណ៍៖ ប្រសិនបើមនុស្សម្នាក់មានជំងឺផ្ដាសាយ និងក្អក ពួកគេនឹងឆាប់ជាសះស្បើយ ប្រសិនបើពួកគេទទួលបានការព្យាបាលតាមធម្មតា។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនគិតថាពួកគេមានសុខភាពមាំមួន ដូច្នេះពួកគេមិនយកចិត្តទុកដាក់នឹងវាឡើយ ហើយចេះតែពន្យារពេលការព្យាបាល។ ជាលទ្ធផល វាប្រែទៅជាជំងឺរលាកសួត។ ទោះបីជាពួកគេក្អករាល់ថ្ងៃក៏ដោយ ក៏ពួកគេមិនខ្វល់ពីរឿងនេះដែរ។ ទាល់តែពេលដែលវាឈានដល់ចំណុចដែលការក្អកក្លាយជាមិនអាចគ្រប់គ្រងបាន ហើយពួកគេក្អកធ្លាក់ឈាម ទើបពួកគេទៅមន្ទីរពេទ្យដើម្បីពិនិត្យ ដែលនៅទីនោះ ពួកគេដឹងថាពួកគេបានកើតជំងឺរបេង។ អ្នកដទៃណែនាំពួកគេឱ្យទទួលការព្យាបាលជាបន្ទាន់ ប៉ុន្តែពួកគេនៅតែគិតថាពួកគេនៅក្មេង និងមានកម្លាំងរឹងមាំ ហើយមិនស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវឡើយ។ នៅទីបំផុត នៅពេលដែលពួកគេលែងអាចដើរបាន ពួកគេទៅមន្ទីរពេទ្យដើម្បីពិនិត្យ ហើយដឹងថាពួកគេមានជំងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅហើយ។ នៅពេលដែលមនុស្សមិនដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ វាក៏អាចនាំមកនូវផលវិបាកដែលមិនអាចព្យាបាលបានផងដែរ។ ការមាននិស្ស័យពុករលួយមិនមែនជារឿងដែលគួរឱ្យខ្លាចនោះទេ ប៉ុន្តែមនុស្សត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាឱ្យបានទាន់ពេលវេលា មានតែតាមរបៀបនេះទេ ទើបនិស្ស័យពុករលួយអាចត្រូវបានបន្សុទ្ធបន្តិចម្ដងៗ។ ប្រសិនបើមនុស្សមិនផ្ដោតលើការដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេទេ នោះវានឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយមនុស្សបែបនេះអាចនឹងប្រមាថព្រះជាម្ចាស់ និងទាស់ទទឹងនឹងទ្រង់ ហើយត្រូវបានទ្រង់ស្អប់ខ្ពើមនិងបដិសេធ ព្រមទាំងជម្រុះចោលផងដែរ» («មានតែតាមរយៈការអនុវត្តសេចក្តីពិត និងការចុះចូលនឹងព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សអាចសម្រចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់បើកសម្ដែងថា ពួកទទឹងនឹងព្រះគ្រីស្ទគិតពីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈផ្ទាល់ខ្លួន នៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេសុខចិត្តទ្រាំទ្រនឹងទុក្ខលំបាកគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ ពេលខ្ញុំគិតអំពីជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ខ្ញុំបានបង្ហាញអាកប្បកិរិយាស្រដៀងគ្នានេះជាច្រើន។ ឧទាហរណ៍ ក្នុងអំឡុងពេលការជួបជុំ និងការប្រកបគ្នា ខ្ញុំខិតខំពិចារណាយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យខ្ញុំអាចប្រកបពីពន្លឺខ្លះៗ ហើយទទួលបានការឱ្យតម្លៃពីអ្នកដទៃ។ ជួនកាល ខ្ញុំបានបញ្ចេញកម្លាំង និងធ្វើការងារខ្លះ តែនេះគឺដើម្បីឲ្យគេឃើញថា ខ្ញុំមិនខ្ជិល និងមានភាពជាមនុស្សល្អប៉ុណ្ណោះ។ ពេលខ្ញុំបំពេញភារកិច្ច ខ្ញុំផ្ដោតតែលើរូបភាពនៃរបៀបដែលខ្ញុំធ្វើប៉ុណ្ណោះ ហើយកម្រនឹងខិតខំលើគោលការណ៍ណាស់។ ខ្ញុំឃើញថា នៅពីក្រោយគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺបំណងប្រាថ្នាការពារមុខមាត់ និងឋានៈផ្ទាល់ខ្លួន។ ការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តខ្ញុំរួចទៅហើយ។ បើខ្ញុំមិនកែប្រែទេ ខ្ញុំប្រាកដជាបង្អាក់ និងរំខានការងាររបស់ពួកជំនុំ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ខ្ញុំមិនខាន។ ខ្ញុំគិតអំពីពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះ ដែលត្រូវបានបណ្ដេញចេញ។ ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ពួកគេផ្សាយដំណឹងល្អដោយមិនធ្វើតាមគោលការណ៍ ហើយរាយការណ៍ចំនួនមិនត្រឹមត្រូវ និងប្រើល្បិចកល។ ការនេះបានបង្អាក់ និងរំខានការងាររបស់ព្រះដំណាក់របស់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ។ ចុងក្រោយ ពួកគេត្រូវបានព្រះជាម្ចាស់ជម្រុះចោល ដោយសារតែការធ្វើអាក្រក់គ្រប់បែបយ៉ាង។ ក្រឡេកមើលទៅអំឡុងពេលនោះវិញ ខ្ញុំផ្ដោតតែលើការធ្វើអ្វីៗនៅចំពោះមុខអ្នកដទៃ និងធ្វើការងារខ្លះដែលធ្វើឲ្យខ្ញុំមើលទៅល្អប៉ុណ្ណោះ។ ខ្ញុំមិនខ្វល់ពីការងារសំខាន់ ឬចាំបាច់ទាល់តែសោះ។ ជាហេតុធ្វើឱ្យកិច្ចការផ្សាយដំណឹងល្អ នៅក្នុងរង្វង់ភារកិច្ចរបស់ខ្ញុំ គ្មានវឌ្ឍនភាពសោះ ហើយនៅទ្រឹងរហូត។ វាមិនស្របតាមស្ដង់ដារដែលព្រះដំណាក់របស់ព្រះជាម្ចាស់តម្រូវឡើយ។ តើនេះមិនមែនជាការរារាំងវឌ្ឍនភាពនៃការងារផ្សាយដំណឹងល្អទេឬ? បើខ្ញុំនៅតែបន្តដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ដោយមិនប្រែចិត្តទេ នោះមិនថាខ្ញុំរងទុក្ខប៉ុនណា ឬបង់ថ្លៃប៉ុនណាទេ ព្រះជាម្ចាស់នឹងមិនចងចាំខ្ញុំឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងត្រូវបានកំណត់លក្ខណៈថាអាក្រក់ ដោយសារតែគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ហើយត្រូវបានជម្រុះចោល! ទាល់តែពេលនេះ ទើបខ្ញុំដឹងថា ការចេះតែដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ គឺគ្រោះថ្នាក់ខ្លាំងណាស់។ ខ្ញុំក៏ចង់ប្រញាប់កែប្រែទស្សនៈមិនត្រឹមត្រូវដែលនៅពីក្រោយការដេញតាមរបស់ខ្ញុំ ហើយបំពេញភារកិច្ចយ៉ាងជាក់ស្ដែងដែរ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចំពោះរាល់ការរៀបចំចាត់ចែងកិច្ចការដែលចេញដោយដំណាក់របស់ព្រះជាម្ចាស់ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយអនុវត្តយ៉ាងម៉ឺងម៉ាត់។ អ្នកគួរតែប្រើប្រាស់ការរៀបចំចាត់ចែងកិច្ចការឱ្យបានញឹកញាប់ ដើម្បីប្រៀបធៀប និងត្រួតពិនិត្យរាល់កិច្ចការទាំងអស់ដែលអ្នកបានធ្វើ។ អ្នកក៏គួរតែពិនិត្យពិច័យ និងឆ្លុះបញ្ចាំងអំពីកិច្ចការណាខ្លះដែលអ្នកធ្វើមិនបានល្អ ឬអនុវត្តមិនបានត្រឹមត្រូវក្នុងអំឡុងពេលនេះផងដែរ។ ចំពោះកិច្ចការណាមួយដែលបានចាត់តាំង និងតម្រូវដោយការរៀបចំចាត់ចែងកិច្ចការ ដែលមិនត្រូវបានអើពើ អ្នកគួរតែបំពេញបន្ថែម និងសាកសួរអំពីវាជាបន្ទាន់។ ... ដូច្នេះហើយ មិនថាអ្នកជាអ្នកដឹកនាំតំបន់ អ្នកដឹកនាំស្រុក អ្នកដឹកនាំពួកជំនុំ ឬប្រធានក្រុម ឬអ្នកមើលការខុសត្រូវណាមួយនោះទេ នៅពេលដែលអ្នកបានដឹងពីវិសាលភាពនៃការទទួលខុសត្រូវរបស់អ្នកហើយ អ្នកត្រូវតែពិនិត្យពិច័យឱ្យបានញឹកញាប់ ថាតើអ្នកកំពុងធ្វើកិច្ចការជាក់ស្ដែងដែរឬទេ ថាតើអ្នកបានបំពេញការទទួលខុសត្រូវដែលគួរតែត្រូវបានបំពេញដោយអ្នកដឹកនាំ ឬអ្នកធ្វើការដែរឬទេ ព្រមទាំងកិច្ចការណាខ្លះក្នុងចំណោមកិច្ចការជាច្រើនដែលបានប្រគល់ឱ្យអ្នក ដែលអ្នកមិនបានធ្វើ កិច្ចការណាដែលអ្នកមិនចង់ធ្វើ កិច្ចការណាដែលបង្កើតបានលទ្ធផលមិនល្អ និងកិច្ចការណាដែលអ្នកមិនបានយល់ច្បាស់ពីគោលការណ៍របស់វា។ ទាំងនេះគឺជាអ្វីៗទាំងអស់ដែលអ្នកគួរតែពិនិត្យពិច័យឱ្យបានញឹកញាប់។ ក្នុងពេលជាមួយគ្នានេះ អ្នកត្រូវតែរៀនប្រកបគ្នា និងសួរសំណួរទៅកាន់អ្នកដទៃ ហើយត្រូវតែរៀនពីរបៀបកំណត់ឱ្យឃើញ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅក្នុងការរៀបចំចាត់ចែងកិច្ចការនូវផែនការ គោលការណ៍ និងមាគ៌ាសម្រាប់ការអនុវត្ត។ ចំពោះការរៀបចំចាត់ចែងកិច្ចការណាមួយ មិនថាវាទាក់ទងនឹងរដ្ឋបាល បុគ្គលិក ឬជីវិតពួកជំនុំ ឬក៏កិច្ចការជំនាញប្រភេទណាមួយនោះទេ ប្រសិនបើវាពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ នោះវាគឺជាការទទួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ ហើយស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវទទួលខុសត្រូវ ពោលគឺទាំងនេះជាកិច្ចការដែលអ្នកគួរតែយកចិត្តទុកដាក់។ តាមធម្មតា អាទិភាពគួរតែត្រូវបានកំណត់ដោយផ្អែកលើស្ថានភាព។ មិនត្រូវឱ្យកិច្ចការណាមួយយឺតយ៉ាវឡើយ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចង្អុលបង្ហាញពីផ្លូវអនុវត្តដល់ខ្ញុំ។ ការអនុវត្តការងារណាមួយ មិនមែនគ្រាន់តែជាការធ្វើបែបសំបកក្រៅប៉ុណ្ណោះទេ៖ អ្នកត្រូវពិនិត្យមើលជានិច្ច ថាតើអ្នកកំពុងធ្វើការងារជាក់ស្ដែងឬអត់ ហើយថាតើការងារអ្វីខ្លះដែលធ្វើមិនទាន់បានល្អ។ មិនថាជាការងារអ្វីទេ អ្នកត្រូវចូលទៅក្នុងស្ថានភាពជាក់ស្ដែងយ៉ាងស៊ីជម្រៅ ហើយមិនត្រូវធ្វើការងារដែលធ្វើឲ្យអ្នកមើលទៅល្អ ដើម្បីដេញតាមរូបភាពខាងក្រៅ និងធ្វើឲ្យគេឱ្យតម្លៃអ្នកឡើយ។ ការងារប្រភេទនេះមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានទាល់តែសោះ។ ក្រោយមក គ្រប់ពេលដែលខ្ញុំរកឃើញថា លទ្ធផលនៃការងារផ្សាយដំណឹងល្អមិនល្អ ខ្ញុំនឹងស្វែងយល់ឲ្យបានជាក់លាក់ ថាតើមូលហេតុនៃលទ្ធផលមិនល្អនោះជាអ្វី ហើយស្វែងយល់ពីសភាព និងការលំបាករបស់បងប្អូនប្រុសស្រី របៀបដែលពួកគេតាមដានការងារផ្សាយដំណឹងល្អ និងអ្វីៗផ្សេងទៀត។ ពេលខ្ញុំពិនិត្យមើលការងារយ៉ាងលម្អិត ខ្ញុំបានរកឃើញបញ្ហា និងសេចក្ដីវៀចវេរដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ពួកជំនុំខ្លះមានអ្នកធ្វើការខាងផ្សាយដំណឹងល្អតិចពេក ប្រធានក្រុមផ្សាយដំណឹងល្អខ្លះ មិនចេះតាមដានការងារ ហើយអ្នកធ្វើការខាងផ្សាយដំណឹងល្អខ្លះមិនយល់ពីសេចក្តីពិត។ ពួកគេមិនអាចប្រកបឲ្យបានច្បាស់លាស់ អំពីសេចក្តីពិតជាច្រើនដែលទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ ជាហេតុធ្វើឲ្យអ្នកស្វែងយល់មួយចំនួនដែលជឿលើព្រះពិតប្រាកដ លែងចង់បន្តការស្វែងយល់របស់ពួកគេ ដោយសារតែសញ្ញាណរបស់ពួកគេមិនត្រូវបានដោះស្រាយ។ ខ្ញុំ និងបងប្អូនប្រុសស្រីដែលខ្ញុំធ្វើការជាមួយ បានប្រកបគ្នាទាក់ទងនឹងបញ្ហាទាំងនេះ ដើម្បីកែតម្រូវ។ យើងបានតាមដានយ៉ាងលម្អិតលើការងាររបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អ ហើយចង្អុលបង្ហាញបញ្ហាដែលមាននៅក្នុងការធ្វើបន្ទាល់របស់ពួកគេ ដោយផ្ដល់ការណែនាំ និងការប្រកបដល់ពួកគេ។ ក្រោយពេលសហការគ្នាបានមួយរយៈ អ្នកស្វែងយល់ខ្លះក៏ព្រមបន្តការស្វែងយល់របស់គេ ហើយចុងក្រោយក៏ទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ពេលនោះ ទើបខ្ញុំមានការយល់ដឹងយ៉ាងជ្រាលជ្រៅថា ទាល់តែមានការយល់ដឹងពិតប្រាកដ និងចូលទៅយ៉ាងស៊ីជម្រៅក្នុងលម្អិតតាមរយៈការងាររបស់យើង ទើបយើងអាចរកឃើញ និងដោះស្រាយបញ្ហាបាន ហើយទាល់តែពេលនោះ ទើបចិត្តខ្ញុំមានអារម្មណ៍ធូរស្រាល និងស្ងប់សុខ។

ម្ដងនោះ ខ្ញុំបានតាមដានការងារផ្សាយដំណឹងល្អរបស់ពួកជំនុំមួយ។ ខ្ញុំឃើញថា ការងារផ្សាយដំណឹងល្អមិនទទួលបានលទ្ធផល ហើយបងប្អូនប្រុសស្រីភាគច្រើនមានភាពអវិជ្ជមានបន្ដិចបន្តួច។ ដូច្នេះ ខ្ញុំបានធ្វើការជួបជុំមួយ ដើម្បីដោះស្រាយសភាពរបស់បងប្អូនប្រុសស្រី។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានប្រកប និងដោះស្រាយបញ្ហាដែលមាននៅក្នុងការផ្សាយដំណឹងល្អ។ មួយរយៈក្រោយមក ការងារផ្សាយដំណឹងល្អមានភាពប្រសើរឡើងខ្លះ។ ខ្ញុំសប្បាយចិត្តណាស់ ហើយគិតថា៖ «បងប្អូនប្រុសស្រីប្រាកដជាគោរពខ្ញុំមិនខាន។ ខ្ញុំគ្រាន់តែឲ្យប្រធានក្រុមតាមដាននៅពេលក្រោយទៅបានហើយ»។ ពេលខ្ញុំគិតបែបនេះ ខ្ញុំដឹងថា កាលពីមុន ខ្ញុំបានធ្វើតែការងារដែលធ្វើឲ្យខ្លួនឯងមើលទៅល្អប៉ុណ្ណោះ ហើយបញ្ហាជាច្រើនមិនត្រូវបានដោះស្រាយជាក់ស្ដែងទេ។ លើកនេះ ខ្ញុំមិនអាចពេញចិត្តត្រឹមតែការដោះស្រាយសភាពរបស់បងប្អូនប្រុសស្រី ហើយទុកចោលបែបហ្នឹងបានទេ។ ខ្ញុំត្រូវគិតថា តើមានភារកិច្ចអ្វីខ្លះដែលនៅតែមិនទាន់បានបំពេញត្រឹមត្រូវ។ ពេលខ្ញុំទៅស្វែងយល់ពីអ្វីដែលកំពុងកើតឡើងជាក់ស្ដែង ខ្ញុំបានរកឃើញថា មិនមានអ្នកធ្វើការខាងផ្សាយដំណឹងល្អគ្រប់គ្រាន់ទេនៅក្នុងពួកជំនុំនេះ ហើយអ្នកធ្វើការខាងផ្សាយដំណឹងល្អខ្លះមានវឌ្ឍនភាពយឺតណាស់ តែប្រធានក្រុមមិនព្រមជួយ និងគាំទ្រពួកគេឡើយ។ ពួកគេក៏មិនដឹងពីរបៀបដោះស្រាយសេចក្ដីវៀចវេរ ដែលកើតឡើងក្នុងការងារផ្សាយដំណឹងល្អដែរ។ ជាលទ្ធផល ការងារផ្សាយដំណឹងល្អមិនទទួលបានលទ្ធផលច្បាស់លាស់សោះ អស់រយៈពេលជាច្រើនខែជាប់ៗគ្នា។ ក្រោយមក ខ្ញុំបានពិភាក្សាពីរបៀបដោះស្រាយបញ្ហាទាំងនេះជាមួយប្រធានក្រុម ហើយបានជ្រើសរើសអ្នកធ្វើការខាងផ្សាយដំណឹងល្អពីរបីនាក់។ ខ្ញុំបានបង្រៀនប្រធានក្រុមពីរបៀបតាមដាន និងរៀបចំការងារ ហើយដោះស្រាយបញ្ហា និងការលំបាករបស់ពួកគេ។ មួយរយៈក្រោយមក លទ្ធផលនៃការផ្សាយដំណឹងល្អឃើញថាមានភាពប្រសើរឡើងថែមទៀត។ ពេលឃើញលទ្ធផលនេះ ខ្ញុំសប្បាយចិត្តណាស់ តែមានអារម្មណ៍បន្ទោសខ្លួនឯងខ្លះដែរ។ ដោយសារកាលពីមុន ខ្ញុំបានធ្វើការងារច្រើនពេកដើម្បីធ្វើឲ្យខ្លួនឯងមើលទៅល្អ ទើបការងារផ្សាយដំណឹងល្អមិនមានវឌ្ឍនភាព។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ ដែលប្រើប្រាស់ស្ថានភាពនេះ ដើម្បីអនុញ្ញាតឲ្យខ្ញុំយល់ពីខ្លួនឯងបានប្រសើរជាងមុនបន្ដិច ហើយរៀនពីរបៀបធ្វើការងារជាក់ស្ដែង។

បន្ទាប់៖ ២១. អ្វីដែលនៅពីក្រោយការខកខានមិនបានមើលការខុសត្រូវ ឬតាមដានរបស់ខ្ញុំ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ