ឃ. ស្ដីពីព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់គ្រប់យ៉ាង
៥៨៣. ផ្លូវនៃជីវិត មិនមែនជាអ្វីដែលមនុស្សណាក៏អាចមានបានឡើយ ហើយក៏មិនមែនជាអ្វីដែលមនុស្សគ្រប់រូបអាចទទួលបានយ៉ាងងាយស្រួលនោះដែរ។ នេះគឺដោយសារតែជីវិតអាចបានមកតែពីព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ពោលគឺមានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលមានសារជាតិជីវិត ហើយមានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលមានផ្លូវនៃជីវិត។ ហេតុនេះហើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាប្រភពនៃជីវិត និងជាប្រភពទឹករស់នៃជីវិតដែលហូរឥតឈប់ឈរ។ ចាប់តាំងពីការបង្កើតលោកីយ៍មក ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនដែលនាំមកនូវភាពរស់រវើកនៃជីវិត ទ្រង់បានបំពេញកិច្ចការជាច្រើនដែលនាំជីវិតមកឱ្យមនុស្សលោក ហើយទ្រង់បានលះបង់យ៉ាងធំធេងដើម្បីឱ្យមនុស្សលោកទទួលបានជីវិត។ ការនេះគឺដោយសារតែព្រះអង្គផ្ទាល់គឺជាជីវិតអស់កល្បជានិច្ច ហើយព្រះអង្គផ្ទាល់គឺជាផ្លូវដែលធ្វើឱ្យមនុស្សអាចមានជីវិតរស់ឡើងវិញបាន។ ព្រះជាម្ចាស់ពុំដែលបាត់វត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់គង់នៅកណ្ដាលចំណោមមនុស្សជាតិគ្រប់ពេលវេលា។ ព្រះអង្គគឺជាកម្លាំងរុញច្រានដល់ការរស់នៅរបស់មនុស្ស ជាឫសគល់នៃការរស់រានមានជីវិតរបស់មនុស្ស និងជាធនធានដ៏សំបូរបែបសម្រាប់ការរស់រានរបស់មនុស្សបន្ទាប់ពីកើតមក។ ព្រះអង្គធ្វើឱ្យមនុស្សរស់ឡើងវិញ និងធ្វើឱ្យពួកគេអាចរស់នៅយ៉ាងរឹងមាំនៅក្នុងតួនាទីរៀងៗខ្លួនរបស់ពួកគេ។ ដោយពឹងផ្អែកលើព្រះចេស្ដារបស់ទ្រង់ និងកម្លាំងជីវិតដែលមិនចេះរលត់របស់ទ្រង់ មនុស្សជាតិបានរស់រានពីមួយជំនាន់ទៅមួយជំនាន់ ក្នុងពេលដែលព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ បានគាំទ្រជាប់ជានិច្ចនៅកណ្ដាលចំណោមមនុស្សជាតិ ហើយព្រះជាម្ចាស់បានធ្វើការលះបង់ដែលគ្មានមនុស្សធម្មតាណាម្នាក់ធ្លាប់លះបង់ឡើយ។ កម្លាំងជីវិតរបស់ព្រះជាម្ចាស់ អាចឈ្នះលើគ្រប់ទាំងអំណាច ហើយលើសពីនេះទៅទៀត គឺលើសលប់ហួសពីគ្រប់ទាំងអំណាចទាំងអស់។ ជីវិតរបស់ទ្រង់គឺស្ថិតស្ថេរជាអមតៈ ព្រះចេស្ដារបស់ទ្រង់គឺអស្ចារ្យលើសពីធម្មតា ហើយកម្លាំងជីវិតរបស់ទ្រង់ មិនអាចត្រូវបង្ក្រាបបានដោយភាវៈដែលទ្រង់បង្កើតមក ឬកម្លាំងខ្មាំងសត្រូវណាមួយឡើយ។ មិនថាពេលណា ឬនៅទីណានោះទេ កម្លាំងជីវិតរបស់ព្រះជាម្ចាស់តែងតែមានវត្តមាន និងចាំងពន្លឺយ៉ាងរុងរឿងជានិច្ច។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅដូចដើមជារៀងរហូត។ អ្វីៗសព្វសារពើអាចនឹងរលាយបាត់ទៅ ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់នឹងនៅតែមានវត្តមានដដែល នេះគឺដោយសារតែព្រះជាម្ចាស់គឺជាប្រភពនៃការរស់រានមានជីវិតរបស់អ្វីៗសព្វសារពើ និងជាឫសគល់ដែលអ្វីៗសព្វសារពើពឹងផ្អែកដើម្បីរស់រានមានជីវិត។ ជីវិតរបស់មនុស្ស កើតមកពីព្រះជាម្ចាស់ វត្តមានផ្ទៃមេឃ កើតមកពីព្រះជាម្ចាស់ វត្តមានផែនដី ក៏កើតចេញមកពីព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ដែរ។ គ្មានសភាវៈមានជីវិតណា អាចខ្ពស់ស្មើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានសភាវៈណា មានអនុភាពអាចគេចផុតពីដែនគ្រប់គ្រងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ តាមវិធីនេះ បើទោះបីជាពួកគេជានរណាក៏ដោយ ក៏ពួកគេគ្រប់គ្នាត្រូវតែចុះចាញ់ក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវតែរស់នៅក្រោមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្តរបស់ទ្រង់ដែរ។
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥៨៤. ចាប់តាំងពីព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើមក ពួកវាបាននិងកំពុងធ្វើការ និងបន្តរីកលូតលាស់ទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ និងដោយផ្អែកលើក្រឹត្យវិន័យដែលទ្រង់បានដាក់ចេញ។ នៅក្រោមការទតមើលរបស់ទ្រង់ នៅក្រោមការត្រួតត្រារបស់ទ្រង់ មនុស្សជាតិបានរស់រាន ហើយគ្រប់របស់សព្វសារពើបានរីកចម្រើនទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ពុំមានអ្វីដែលអាចផ្លាស់ប្តូរ ឬបំផ្លាញក្រឹត្យវិន័យទាំងនេះបានទេ។ គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់ ទើបភាវៈគ្រប់យ៉ាងអាចបង្កើនចំនួនបាន ហើយដោយសារតែការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់ ទើបភាវៈគ្រប់យ៉ាងអាចរស់រានបាន។ មានន័យថា នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ភាវៈគ្រប់យ៉ាងមានអត្ថិភាព ចម្រើនលូតលាស់ បាត់បង់ ហើយកើតឡើងវិញទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ នៅពេលដែលនិទាឃរដូវឈានចូលមកដល់ នោះភ្លៀងរលឹមស្រិចៗក៏នាំយកអារម្មណ៍នៃរដូវដ៏ស្រស់ស្រាយមក និងធ្វើឱ្យផែនដីមានសំណើម។ ដីចាប់ផ្តើមរលាយ ហើយស្មៅលាស់ឡើងចេញពីដី និងចាប់ផ្តើមចេញពន្លក ខណៈពេលដែលដើមឈើទាំងឡាយប្រែជាពណ៌បៃតងបន្តិចម្តងៗ។ វត្ថុមានជីវិតទាំងអស់នេះ នាំយកជីវិតដ៏ស្រស់ត្រកាលមកកាន់ផែនដី។ នេះគឺជាអ្វីដែលកើតឡើង នៅពេលដែលភាវៈទាំងអស់មានអត្ថិភាព និងចម្រើនលូតលាស់។ សត្វគ្រប់ប្រភេទចេញពីរូងរបស់ពួកវា ដើម្បីទទួលយកអារម្មណ៍កក់ក្តៅនៃនិទាឃរដូវ ហើយចាប់ផ្តើមឆ្នាំថ្មី។ ភាវៈទាំងអស់សំដិលខ្លួននៅក្នុងកម្តៅថ្ងៃក្នុងអំឡុងពេលរដូវក្តៅ ហើយរីករាយនឹងភាពកក់ក្តៅដែលរដូវក្ដៅនាំមក។ ពួកវារីកធំធាត់យ៉ាងឆាប់រហ័ស។ ដើមឈើ ស្មៅ និងរុក្ខជាតិគ្រប់ប្រភេទ កំពុងតែលូតលាស់យ៉ាងឆាប់រហ័ស រហូតដល់ចុងក្រោយ ពួកវាចេញផ្កា និងផ្លែ។ ភាវៈទាំងអស់មានភាពមមាញឹកក្នុងអំឡុងពេលរដូវក្តៅ រួមទាំងមនុស្សដែរ។ នៅរដូវស្លឹកឈើជ្រុះ ភ្លៀងនាំយកភាពត្រជាក់នៃរដូវស្លឹកឈើជ្រុះមក ហើយភាវៈមានជីវិតគ្រប់ប្រភេទចាប់ផ្តើមមានអារម្មណ៍ដឹងពីការមកដល់នៃរដូវប្រមូលផល។ ភាវៈទាំងអស់បង្កើតផលផ្លែ ហើយមនុស្សចាប់ផ្តើមប្រមូលផលនៃផលផ្លែជាច្រើនប្រភេទទាំងនេះ ដើម្បីត្រៀមអាហារសម្រាប់រដូវរងារ។ នៅក្នុងរដូវរងារ ភាវៈទាំងអស់ចាប់ផ្តើមចូលទៅរស់នៅដោយភាពស្ងប់ស្ងាត់ និងសម្រាកជាបន្តបន្ទាប់ ហើយមនុស្សក៏សម្រាកក្នុងអំឡុងរដូវនេះដែរ។ ពីរដូវមួយទៅរដូវមួយ ការផ្លាស់ប្តូរពីរដូវផ្ការីកទៅរដូវក្តៅ ទៅរដូវស្លឹកឈើជ្រុះ ទៅរដូវរងារ គឺការផ្លាស់ប្តូរទាំងនេះកើតឡើងដោយផ្អែកលើក្រឹត្យវិន័យដែលព្រះជាម្ចាស់បានបង្កើត។ ទ្រង់ដឹកនាំរបស់សព្វសារពើ ហើយមនុស្សជាតិកំពុងតែប្រើប្រាស់ក្រឹត្យវិន័យទាំងនេះ។ ទ្រង់បានបង្កើតមាគ៌ាជីវិតដែលឆើតឆាយ និងសម្បូរណ៍បែបសម្រាប់មនុស្សជាតិ ដោយរៀបចំបរិស្ថានមួយសម្រាប់ការរស់រាន ដែលមានរដូវ និងសីតុណ្ហភាពផ្សេងៗគ្នា។ ដូច្នេះ នៅក្នុងបរិស្ថានសម្រាប់ការរស់រានដ៏មានសណ្តាប់ធ្នាប់ប្រភេទនេះ មនុស្សអាចរស់រាន និងបង្កើតកូនចៅច្រើនឡើងទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ មនុស្សមិនអាចផ្លាស់ប្តូរក្រឹត្យវិន័យទាំងនេះបានទេ ហើយគ្មានមនុស្សណាម្នាក់ ឬភាវៈណាមួយអាចល្មើសនឹងក្រឹត្យវិន័យទាំងនេះបានឡើយ។ ទោះបីជាការផ្លាស់ប្តូរបានកើតឡើងរាប់មិនអស់ក៏ដោយ ដូចជាសមុទ្របានក្លាយជាវាល ខណៈដែលវាលបានក្លាយជាសមុទ្រ ក៏ក្រឹត្យវិន័យទាំងនេះនៅតែបន្តមានអត្ថិភាពដដែល។ ក្រឹត្យវិន័យទាំងនេះមានអត្ថិភាព ដោយសារតែព្រះជាម្ចាស់មានអត្ថិភាព ហើយដោយសារតែការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់។ តាមរយៈបរិស្ថានដ៏ធំទូលាយ និងមានសណ្តាប់ធ្នាប់ប្រភេទនេះ ជីវិតរបស់មនុស្សក៏ដំណើរការទៅនៅក្នុងក្រឹត្យវិន័យ និងច្បាប់វិន័យទាំងនេះ។ នៅក្រោមក្រឹត្យវិន័យទាំងនេះ មនុស្សពីមួយជំនាន់ទៅមួយជំនាន់ត្រូវបានចិញ្ចឹមបីបាច់ ហើយមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ក៏បានរស់រានក្រោមក្រឹត្យវិន័យទាំងនេះដែរ។ មនុស្សបានរីករាយនឹងបរិស្ថានសម្រាប់ការរស់រានដ៏មានសណ្តាប់ធ្នាប់នេះ ក៏ដូចជារបស់សព្វសារពើជាច្រើន ដែលព្រះជាម្ចាស់បានបង្កើតពីមួយជំនាន់ទៅមួយជំនាន់មួយដែរ។ ទោះបីជាមនុស្សមានអារម្មណ៏ថា ច្បាប់ប្រភេទនេះមានពីធម្មជាតិ ហើយមើលស្រាលមិនអើពើនឹងច្បាប់ទាំងនេះក៏ដោយ ហើយទោះបីជាពួកគេមិនមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងចាត់ចែងច្បាប់ទាំងនេះ ថាព្រះជាម្ចាស់កំពុងតែត្រួតត្រាលើច្បាប់ទាំងនេះក៏ដោយ មិនថាបែបណានោះទេ ព្រះជាម្ចាស់តែងតែពាក់ព័ន្ធនឹងកិច្ចការដែលឥតផ្លាស់ប្តូរនេះជាប់ជានិច្ច។ បំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងកិច្ចការដែលឥតផ្លាស់ប្តូរនេះ គឺការរស់រានរបស់មនុស្សជាតិ ហេតុដូចនេះទើបមនុស្សជាតិអាចរស់នៅបាន។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៥៨៥. ព្រះជាម្ចាស់ចេញច្បាប់ដែលគ្រប់គ្រងការប្រព្រឹត្តទៅនៃរបស់សព្វសារពើ ទ្រង់ចេញច្បាប់ដែលគ្រប់គ្រងការរស់រាននៃរបស់សព្វសារពើ ទ្រង់គ្រប់គ្រងរបស់សព្វសារពើ ហើយកំណត់ឱ្យពួកវាពង្រឹងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីកុំឱ្យពួកវាវិនាស ឬបាត់បង់ទៅ។ មានតែដូច្នេះទេ ទើបមនុស្សជាតិអាចរស់នៅបាន មានតែដូច្នេះទេ ទើបពួកគេអាចរស់នៅក្រោមការណែនាំរបស់ព្រះជាម្ចាស់នៅក្នុងមជ្ឈដ្ឋានបែបនេះ។ ព្រះជាម្ចាស់គឺជាម្ចាស់នៃច្បាប់នៃការប្រព្រឹត្តទៅទាំងនេះ ហើយគ្មាននរណាម្នាក់អាចបង្អាក់ ឬអាចផ្លាស់ប្ដូរច្បាប់ទាំងនេះបានទេ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលជ្រាបដឹងអំពីច្បាប់ទាំងនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលគ្រប់គ្រងលើពួកវា។ ពេលណាដែលដើមឈើនឹងដុះពន្លក ពេលណាដែលវានឹងភ្លៀង ទឹក និងសារធាតុចិញ្ចឹមប៉ុន្មានដែលផែនដីនឹងផ្ដល់ឱ្យដើមឈើ រដូវណាដែលស្លឹកឈើនឹងជ្រុះ រដូវណាដែលដើមឈើនឹងមានផ្លែ សារធាតុចិញ្ចឹមប៉ុន្មានដែលពន្លឺព្រះអាទិត្យនឹងផ្ដល់ឱ្យដើមឈើ អ្វីដែលដើមឈើដកដង្ហើមបញ្ចេញក្រោយពេលទទួលការចិញ្ចឹមពីពន្លឺព្រះអាទិត្យ អ្វីៗទាំងអស់នេះសុទ្ធតែត្រូវបានកំណត់ជាមុនដោយព្រះជាម្ចាស់នៅពេលដែលព្រះអង្គបង្កើតរបស់សព្វសារពើ ពោលគឺជាច្បាប់ដែលគ្មានអ្នកណាអាចបំពានបានឡើយ។ អ្វីៗដែលព្រះជាម្ចាស់បានបង្កើត មិនថាមានជីវិត ឬគ្មានជីវិតនៅក្នុងកែវភ្នែករបស់មនុស្ស សុទ្ធតែស្ថិតនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ទ្រង់ ជាកន្លែងដែលទ្រង់គ្រប់គ្រងពួកវា និងសោយរាជ្យលើពួកវា។ គ្មាននរណាអាចផ្លាស់ប្ដូរ ឬបំពានច្បាប់ទាំងនេះបានឡើយ។ និយាយឱ្យចំគឺថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានកំណត់ទុកជាមុនថា បើគ្មានផែនដីទេ ដើមឈើមិនអាចចាក់ឫស ដុះពន្លក និងលូតលាស់បានឡើយ ហើយថា បើផែនដីគ្មានដើមឈើទេ នោះវានឹងស្ងួតហែង ព្រមទាំងថា ដើមឈើគួរតែក្លាយជាផ្ទះរបស់បក្សាបក្សី និងជាកន្លែងដែលពួកវាអាចជ្រកគេចពីខ្យល់បាន។ តើដើមឈើអាចរស់នៅដោយគ្មានផែនដីបានទេ? ច្បាស់ជាមិនអាចបានហើយ។ តើវាអាចរស់នៅដោយគ្មានព្រះអាទិត្យ និងងទឹកភ្លៀងបានទេ? វាក៏មិនអាចដែរ។ អ្វីៗទាំងអស់នេះគឺសុទ្ធតែសម្រាប់មនុស្សជាតិ សម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សទទួលខ្យល់បរិសុទ្ធពីដើមឈើ ហើយមនុស្សរស់នៅលើផែនដី ដែលត្រូវបានការពារដោយដើមឈើ។ មនុស្សមិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យ ឬភាវរស់ផ្សេងៗបានទេ។ ទោះបីជាទំនាក់ទំនងទាំងនេះស្មុគស្មាញក៏ដោយ ក៏អ្នកត្រូវតែចាំថា ព្រះជាម្ចាស់បានបង្កើតច្បាប់ដែលគ្រប់គ្រង់លើរបស់សព្វសារពើដើម្បីឱ្យពួកវាអាចពង្រឹងគ្នាទៅវិញទៅមក ពឹងផ្អែកគ្នាទៅវិញទៅមក និងមានអត្ថិភាពជាមួយគ្នា។ អាចនិយាយម្យ៉ាងទៀតបានថា រាល់ភាវៈនីមួយៗដែលទ្រង់បានបង្កើតគឺសុទ្ធតែមានតម្លៃ និងមានសារៈសំខាន់។ បើព្រះជាម្ចាស់បានបង្កើតអ្វីមួយដែលគ្មានសារៈសំខាន់ នោះព្រះជាម្ចាស់នឹងធ្វើឱ្យវាបាត់បង់ទៅវិញ។ នេះជាវិធីសាស្ត្រមួយដែលព្រះជាម្ចាស់ប្រើដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៥៨៦. នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានប្រើវិធីសាស្ត្រ និងមធ្យោបាយគ្រប់ប្រភេទដើម្បីធ្វើឱ្យពួកវាមានតុល្យភាព ដើម្បីធ្វើឱ្យស្ថានភាពភ្នំ និងបឹងបួ រុក្ខជាតិ និងសត្វ បក្សាបក្សី និងសត្វល្អិតគ្រប់ប្រភេទមានតុល្យភាព។ គោលដៅរបស់ទ្រង់គឺអនុញ្ញាតឱ្យភាវៈមានជីវិតគ្រប់ប្រភេទទាំងអស់រស់នៅ និងបង្កើនចំនួននៅក្រោមក្រឹត្យវិន័យដែលទ្រង់បានបង្កើត។ គ្មានវត្ថុណាមួយដែលទ្រង់បានបង្កើតមក អាចចេញក្រៅពីក្រឹត្យវិន័យទាំងនេះបានទេ ហើយក្រឹត្យវិន័យទាំងនេះក៏មិនអាចត្រូវបានបំពានដែរ។ មានតែនៅក្នុងបរិស្ថានជាមូលដ្ឋានប្រភេទនេះប៉ុណ្ណោះ ទើបមនុស្សអាចរស់រាន និងបង្កើនចំនួនដោយសុវត្ថិភាពពីជំនាន់មួយទៅជំនាន់មួយ។ ប្រសិនបើសត្វមានជីវិតណាមួយលើសពីចំនួន និងទំហំដែលព្រះជាម្ចាស់បានបង្កើត ឬប្រសិនបើវាលើសពីអត្រាកំណើន ភាពញឹកញាប់នៃការបន្តពូជ ឬក៏លើសពីចំនួនដែលទ្រង់បានកំណត់ នោះបរិស្ថានរបស់មនុស្សជាតិសម្រាប់ការរស់រាន នឹងទទួលរងនូវការបំផ្លាញក្នុងកម្រិតផ្សេងៗគ្នា។ ហើយស្របពេលជាមួយគ្នានេះ ការរស់រានរបស់មនុស្សជាតិនឹងត្រូវបានគំរាមកំហែង។ ប្រសិនបើសត្វមានជីវិតមួយប្រភេទ មានចំនួនច្រើនពេក វានឹងប្លន់អាហារពីមនុស្ស វានឹងបំផ្លាញប្រភពទឹករបស់មនុស្ស ហើយវានឹងបំផ្លាញទឹកដីកំណើតរបស់ពួកគេ។ តាមរយៈវិធីនោះ ការបន្តពូជរបស់មនុស្សជាតិ ឬសភាពនៃការរស់រាននឹងទទួលរងឥទ្ធិពលភ្លាមៗ។ ... ប្រសិនបើត្រឹមតែវត្ថុមានជីវិតមួយប្រភេទ ឬច្រើនប្រភេទកើនហួសពីចំនួនសមស្របរបស់ពួកវា នោះខ្យល់ សីតុណ្ហភាព សំណើម និងសូម្បីតែសមាសធាតុផ្សំនៃខ្យល់នៅក្នុងទីតាំងសម្រាប់ការរស់រានរបស់មនុស្សជាតិនឹងត្រូវបំពុល និងបំផ្លាញនៅក្នុងកម្រិតផ្សេងៗ។ ស្ថិតក្រោមស្ថានភាពបែបនេះ ការរស់រាន និងជោគវាសនារបស់មនុស្សនឹងទទួលរងនូវការគំរាមកំហែង ដែលបង្កឡើងដោយកត្តាធម្មជាតិទាំងនេះ។ ដូច្នេះ ប្រសិនបើតុល្យភាពទាំងនេះត្រូវបាត់បង់ នោះខ្យល់ដែលមនុស្សដកដង្ហើមនឹងត្រូវខូច ទឹកដែលពួកគេផឹកនឹងកខ្វក់ ហើយសីតុណ្ហភាពដែលពួកគេត្រូវការក៏នឹងផ្លាស់ប្តូរដែរ ហើយនឹងត្រូវរងផលប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នា។ ប្រសិនបើរឿងនោះកើតឡើង នោះបរិស្ថានសម្រាប់ការរស់រានដែលជាកម្មសិទ្ធកេរ្ត៍តំណែលរបស់មនុស្សជាតិ នឹងទទួលរងផលប៉ះពាល់ និងជួបបញ្ហាប្រឈមជាច្រើន។ នៅក្នុងសេនារីយោដែលបរិស្ថានសម្រាប់ការរស់រានជាមូលដ្ឋានរបស់មនុស្សត្រូវបានបំផ្លាញប្រភេទនេះ តើជោគវាសនា និងក្តីរំពឹងរបស់មនុស្សជាតិនឹងទៅជាយ៉ាងណា? នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ! ដោយសារតែព្រះជាម្ចាស់ជ្រាបពីហេតុផលនៃអត្ថិភាពរបស់វត្ថុនីមួយៗដែលទ្រង់បានបង្កើតមក គឺដើម្បីផលប្រយោជន៍របស់មនុស្សជាតិ ទ្រង់ជ្រាបពីតួនាទីរបស់វត្ថុគ្រប់ប្រភេទដែលទ្រង់បានបង្កើត ទ្រង់ជ្រាបពីផលប៉ះពាល់ដែលវត្ថុនីមួយៗមានចំពោះមនុស្សជាតិ និងកម្រិតនៃផលប្រយោជន៍ដែលវាផ្តល់សម្រាប់មនុស្សជាតិ ហើយដោយសារតែនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានផែនការមួយសម្រាប់វត្ថុទាំងអស់នេះ ហើយទ្រង់គ្រប់គ្រងទិដ្ឋភាពនីមួយៗនៃរបស់សព្វសារពើដែលទ្រង់បានបង្កើត ដូច្នេះហើយទើបកិច្ចការនីមួយៗដែលទ្រង់ធ្វើ គឺមានសារៈសំខាន់ ហើយចាំបាច់សម្រាប់មនុស្សជាតិខ្លាំងណាស់។ ដូច្នេះ ចាប់ពីពេលនេះតទៅ នៅពេលដែលអ្នកសង្កេតពិនិត្យទៅលើបាតុភូតអេកូឡូស៊ីនៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក ឬសង្កេតពិនិត្យច្បាប់ធម្មជាតិមួយចំនួនដែលកំពុងប្រើប្រាស់នៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក នោះអ្នកនឹងលែងឆ្ងល់ពីភាពចាំបាច់នៃវត្ថុនីមួយៗដែលព្រះជាម្ចាស់បង្កើតតទៅទៀតហើយ។ អ្នកនឹងលែងប្រើប្រាស់ពាក្យសម្តីដែលមិនដឹងអី ដើម្បីធ្វើការកាត់សេចក្តីដោយរំលោភបំពានទៅលើការរៀបចំរបស់សព្វសារពើរបស់ព្រះជាម្ចាស់ និងវិធីនៃការផ្គត់ផ្គង់នានារបស់ទ្រង់សម្រាប់មនុស្សតទៅទៀតហើយ ហើយអ្នកក៏នឹងលែងសន្និដ្នានដោយរំលោភបំពានទៅលើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ សម្រាប់របស់សព្វសារពើដែលទ្រង់បានបង្កើតមកតទៅទៀតដែរ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៥៨៧. ប្រសិនបើរបស់សព្វសារពើនៃការបង្កើតបាត់បង់បទបញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកវា នោះពួកវានឹងលែងមានវត្តមានតទៅទៀតហើយ។ ប្រសិនបើបទបញ្ញត្តិនៃរបស់សព្វសារពើបាត់បង់ នោះភាវៈមានជីវិតនៅក្នុងចំណោមរបស់សព្វសារពើនឹងមិនអាចបន្តទៅមុខតទៅទៀតទេ។ មនុស្សក៏នឹងបាត់បង់បរិស្ថានរបស់ពួកគេ ដែលពួកគេពឹងផ្អែកសម្រាប់ការរស់រានដែរ។ ប្រសិនបើមនុស្សបាត់បង់បរិស្ថានទាំងអស់នោះ នោះពួកគេនឹងមិនអាចបន្តទៅមុខតទៅទៀត ដូចដែលពួកគេកំពុងធ្វើ ដើម្បីចម្រើនលូតលាស់ និងបង្កើតកូនចៅពីជំនាន់មួយទៅជំនាន់មួយបានតទៅទៀតនោះទេ។ មូលហេតុដែលមនុស្សបានរស់រានរហូតមកដល់ពេលនេះ គឺដោយសារតែព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់ពួកគេ ដោយរបស់សព្វសារពើនៃការបង្កើត ដើម្បីចិញ្ចឹមបីបាច់ពួកគេ ដើម្បីចិញ្ចឹមបីបាច់មនុស្សជាតិតាមវិធីខុសៗគ្នា។ គឺដោយសារតែព្រះជាម្ចាស់ចិញ្ចឹមបីបាច់មនុស្សជាតិតាមវិធីផ្សេងៗគ្នាប៉ុណ្ណោះ ទើបមនុស្សជាតិបានរស់រានរហូតមកដល់ពេលនេះ គឺពេលបច្ចុប្បន្ន។ ជាមួយនឹងបរិសា្ថនសម្រាប់ការរស់រានដែលមិនប្រែប្រួលមួយ ដែលផ្តល់ផលអនុគ្រោះ និងដែលច្បាប់ធម្មជាតិមានសណ្តាប់ធ្នាប់ល្អ នោះមនុស្សគ្រប់ប្រភេទខុសៗគ្នាទាំងអស់នៅលើផែនដី ជាតិសាសន៍ខុសៗគ្នាទាំងអស់ អាចរស់នៅក្នុងតំបន់ដែលបានកំណត់ដោយផ្ទាល់ខ្លួនរបស់ពួកគេ។ គ្មាននរណាម្នាក់អាចទៅហួសពីតំបន់ទាំងនេះ ឬក៏ទៅហួសពីព្រំដែនដែលនៅចន្លោះពួកគេនោះទេ ពីព្រោះព្រះជាម្ចាស់ជាអ្នកដែលបានគូសព្រំដែនទាំងនោះ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៥៨៨. ពិភពខាងវិញ្ញាណ គឺជាទីកន្លែងដ៏សំខាន់មួយ ជាកន្លែងមួយដែលខុសពីពិភពរូបធាតុ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាសំខាន់? យើងនឹងពិភាក្សាចំណុចនេះដោយលម្អិត។ វត្តមាននៃពិភពខាងវិញ្ញាណ គឺជាប់ទាក់ទងយ៉ាងស្អិតរមួតទៅនឹងពិភពរូបធាតុរបស់មនុស្សជាតិ។ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងវដ្ដនៃការកើត និងការស្លាប់របស់មនុស្សនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ នេះគឺជាតួនាទីរបស់ពិភពនេះ ហើយនេះគឺជាមូលហេតុមួយដែលវត្តមាននៃពិភពនេះមានសារៈសំខាន់នោះ។ ដោយសារតែពិភពនេះ គឺជាកន្លែងមួយដែលមិនអាចដឹងបានតាមរយៈវិញ្ញាណទាំងប្រាំ នោះគ្មាននរណាម្នាក់ អាចវិនិច្ឆ័យឱ្យត្រឹមត្រូវថាតើពិភពខាងវិញ្ញាណមាន ឬគ្មាននោះទេ។ កម្លាំងឌីណាមិចរបស់ពិភពនេះ ជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងវត្តមានរបស់មនុស្ស ហេតុនេះហើយ លំដាប់លំដោយនៃជីវិតរបស់មនុស្សជាតិ ក៏ទទួលរងឥទ្ធិពលយ៉ាងច្រើនពីពិភពខាងវិញ្ញាណនេះផងដែរ។ តើរឿងនេះជាប់ពាក់ព័ន្ធទៅនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរឬទេ? ជាប់ពាក់ព័ន្ធ។ នៅពេលដែលខ្ញុំនិយាយបែបនេះ អ្នករាល់គ្នាយល់ពីមូលហេតុដែលខ្ញុំកំពុងពិភាក្សាអំពីប្រធានបទនេះហើយ៖ គឺដោយសារតែវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងពិភពដែលមនុស្សមើលមិនឃើញនេះ រាល់បទបញ្ជា បញ្ញត្តិ និងប្រព័ន្ធរដ្ឋបាលនៃស្ថានសួគ៌ គឺខ្ពស់ជាងច្បាប់ និងប្រព័ន្ធរបស់ប្រទេសណាមួយនៅខាងពិភពរូបធាតុនេះទៅទៀត ហើយគ្មានភាវៈមានជីវិតណានៅក្នុងពិភពនេះ ហ៊ានល្មើស ឬបំពានច្បាប់និងប្រព័ន្ធនោះឡើយ។ តើរឿងនេះទាក់ទងនឹងអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរឬទេ? នៅក្នុងពិភពខាងវិញ្ញាណ មានបញ្ញត្តិរដ្ឋបាលច្បាស់លាស់ មានបទបញ្ជាស្ថានសួគ៌ច្បាស់លាស់ និងមានលក្ខន្តិកៈច្បាស់លាស់។ មន្ត្រីកម្រិតខុសៗគ្នា និងមន្ត្រីនៅតាមផ្នែកផ្សេងៗគ្នា គោរពតាមតួនាទីរបស់ខ្លួន និងប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយយ៉ាងម៉ឺងម៉ាត់ ដោយសារពួកគេដឹងថា ការរំលោភបំពានបទបញ្ជារបស់ស្ថានសួគ៌នឹងមានផលបែបណា។ ពួកគេដឹងយ៉ាងច្បាស់ថាព្រះជាម្ចាស់ដាក់ទោសមនុស្សអាក្រក់បែបណា និងប្រទានរង្វាន់ដល់មនុស្សល្អបែបណា និងដឹងពីរបៀបដែលទ្រង់គ្រប់គ្រង និងត្រួតត្រាលើរបស់សព្វសារពើ។ ជាងនេះទៅទៀត ពួកគេមើលឃើញយ៉ាងច្បាស់ពីរបៀបដែលទ្រង់អនុវត្តបទបញ្ជា និងលក្ខន្តិកៈស្ថានសួគ៌របស់ទ្រង់។ តើចំណុចទាំងនេះខុសគ្នាពីពិភពរូបធាតុដែលមនុស្សជាតិរស់នៅដែរឬទេ? ពិតជាមានភាពខុសគ្នាយ៉ាងខ្លាំង។ ពិភពខាងវិញ្ញាណ គឺជាពិភពមួយដែលមានលក្ខណៈខុសគ្នាស្រឡះពីពិភពរូបធាតុ។ ដោយសារតែមានបទបញ្ជា និងលក្ខន្តិកៈរបស់ស្ថានសួគ៌ ដូច្នេះ វាទាក់ទងនឹងអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ក៏ដូចជាទាក់ទងទៅនឹងនិស្ស័យរបស់ទ្រង់ កម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ផងដែរ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ( ១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៥៨៩. ទ្រង់បានបង្កើតបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធនៃស្ថានសួគ៌នៅក្នុងពិភពខាងវិញ្ញាណ ហើយនៅពេលដែលបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធទាំងនោះត្រូវបានប្រកាសហើយ ភាវៈដែលកាន់តំណែងជាមន្ត្រីក្នុងពិភពខាងវិញ្ញាណនោះ ត្រូវអនុវត្តតាមបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធនោះយ៉ាងតឹងរឹងបំផុត ដូចដែលព្រះជាម្ចាស់បានកំណត់ ហើយគ្មាននរណាម្នាក់ហ៊ានបំពានឡើយ។ ដូច្នេះហើយ នៅក្នុងវដ្តនៃការកើត និងការស្លាប់របស់មនុស្សជាតិនៅក្នុងពិភពមនុស្ស មិនថានរណាម្នាក់យកកំណើតសាជាថ្មីជាសត្វ ឬជាមនុស្សនោះទេ គឺមានច្បាប់សម្រាប់កំណើតទាំងពីរប្រភេទនេះ។ ដោយសារច្បាប់ទាំងនេះមកពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ហ៊ានបំពានច្បាប់ទាំងនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចល្មើសច្បាស់ទាំងនេះបានដែរ។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងដោយសារតែមានច្បាប់បែបនេះហើយ ទើបពិភពរូបធាតុដែលមនុស្សមើលឃើញ មានលក្ខណៈទៀងទាត់ និងមានសណ្តាប់ធ្នាប់។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នេះឯង ទើបមនុស្សអាចរស់នៅ យ៉ាងស្ងប់សុខជាមួយនឹងពិភពផ្សេងមួយទៀតដែលពួកគេមើលមិនឃើញទាល់តែសោះ និងអាចរស់នៅក្នុងភាពសុខដុមរមនាជាមួយពិភពនោះបាន។ ទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បាននោះទេ។ បន្ទាប់ពីជីវិតខាងសាច់ឈាមរបស់មនុស្សម្នាក់ស្លាប់ទៅ ព្រលឹងរបស់គេនៅតែមានជីវិត ដូច្នេះ តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើព្រលឹងនោះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់? ព្រលឹងនោះមុខជាដើរត្រាច់ចរគ្រប់ទីកន្លែង ទន្ទ្រានគ្រប់ទីកន្លែង និងអាចបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិតនៅក្នុងពិភពរបស់មនុស្សទៀតផង។ គ្រោះថ្នាក់បែបនោះមិនត្រឹមតែអាចកើតមានចំពោះមនុស្សជាតិនោះទេ តែក៏អាចកើតមានចំពោះរុក្ខជាតិ និងសត្វថែមទៀតផង។ ទោះយ៉ាងណា អ្នកដែលទទួលរងគ្រោះមុនគេ គឺមនុស្សមិនខាន។ ប្រសិនបើព្រលឹងទាំងនោះ គ្មានការគ្រប់គ្រងទេ ហើយបើរឿងនេះកើតឡើងមែន វាមុខជាបង្កគ្រោះថ្នាក់ដល់មនុស្សជាប្រាកដ ហើយមុខជាធ្វើរឿងអាក្រក់ៗជាក់ជាមិនខាន។ ដូច្នេះ ព្រលឹងនេះក៏នឹងត្រូវដោះស្រាយនៅក្នុងពិភពខាងវិញ្ញាណឱ្យបានសមស្របផងដែរ៖ បើករណីធ្ងន់ធ្ងរ មិនយូរទេព្រលឹងនោះនឹងលែងមានវត្តមានតទៅទៀត ហើយនឹងត្រូវបំផ្លាញចោល។ ប្រសិនបើអាច ព្រលឹងនោះនឹងត្រូវដាក់នៅកន្លែងណាមួយ ហើយក្រោយមកក៏ចាប់កំណើតសាជាថ្មី។ មានន័យថា ការគ្រប់គ្រងវិញ្ញាណនានារបស់ពិភពខាងវិញ្ញាណ គឺមានបញ្ជា និងត្រូវអនុវត្តស្របទៅតាមជំហាន និងច្បាប់នានា។ គឺដោយសារមានការគ្រប់គ្រងបែបនេះហើយ ទើបពិភពរូបធាតុរបស់មនុស្សមិនបានធ្លាក់ក្នុងភាពវឹកវរ ហើយមនុស្សនៃពិភពរូបធាតុមានចិត្តគំនិតធម្មតា មានហេតុផលធម្មតា និងមានជីវិតខាងសាច់ឈាមមានរបៀបរៀបរយល្អ។ ក្រោយពីមនុស្សជាតិមានជីវិតធម្មតាបែបនេះហើយ ទើបអ្នកដែលរស់ខាងសាច់ឈាម នឹងអាចបន្តរីកចម្រើន និងបង្កើតកូនចៅរាប់ជំនាន់ទៀតបាន។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ( ១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៥៩០. សេចក្តីស្លាប់របស់ភាវៈមានជីវិត ដែលជាទីបញ្ចប់នៃជីវិតខាងរូបកាយ បញ្ជាក់ឱ្យឃើញថា ភាវៈមានជីវិតបានឆ្លងកាត់ពីពិភពរូបធាតុទៅកាន់ពិភពខាងវិញ្ញាណហើយ ចំណែកឯការកើតនៃជីវិតខាងរូបកាយថ្មីមួយ បញ្ជាក់ឱ្យឃើញថា ភាវៈមានជីវិតបានចេញមកពីពិភពខាងវិញ្ញាណចូលទៅក្នុងពិភពខាងរូបធាតុវិញហើយ និងចាប់ផ្តើមទទួលយកនិងបំពេញតួនាទីរៀងៗខ្លួន។ មិនថាជាការចាកចេញ ឬការមកដល់នៃភាវៈណាមួយនោះទេ រឿងទាំងពីរនេះ មិនអាចកាត់ផ្តាច់ពីកិច្ចការនៃពិភពខាងវិញ្ញាណបានឡើយ។ ទម្រាំដល់ពេលដែលមនុស្សម្នាក់ចូលមកដល់ក្នុងពិភពរូបធាតុនេះ ព្រះជាម្ចាស់បានរៀបចំ និងធ្វើការកំណត់យ៉ាងសមស្របនៅក្នុងពិភពខាងវិញ្ញាណរួចជាស្រេចទៅហើយ ថាតើគ្រួសារមួយណាដែលមនុស្សនោះនឹងត្រូវទៅកើតជាមួយ យុគសម័យមួយណាដែលបុគ្គលនោះនឹងមកដល់ ម៉ោងប៉ុន្មានដែលពួកគេនឹងមកដល់ និងតួនាទីអ្វីដែលពួកគេនឹងត្រូវបំពេញ។ ដោយហេតុនេះហើយ ជីវិតរបស់បុគ្គលម្នាក់នេះទាំងមូល ទាំងអ្វីដែលពួកគេត្រូវធ្វើ និងផ្លូវដែលពួកគេត្រូវដើរ នឹងត្រូវកើតមានទៅតាមការរៀបចំនៅក្នុងពិភពខាងវិញ្ញាណ ដោយគ្មានភាពខុសគ្នាសូម្បីតែបន្តិច។ ជាងនេះទៅទៀត ពេលវេលាដែលជីវិតខាងរូបកាយត្រូវរលត់ទៅវិញ ព្រមទាំងលក្ខណៈនិងទីកន្លែងដែលជីវិតនោះត្រូវបញ្ចប់ គឺពិភពខាងវិញ្ញាណអាចដឹងបានយ៉ាងច្បាស់។ ព្រះជាម្ចាស់ត្រួតត្រាពិភពរូបធាតុ ហើយទ្រង់ក៏ត្រួតត្រាពិភពខាងវិញ្ញាណផងដែរ។ ទ្រង់នឹងមិនពន្យារវដ្ដនៃការកើត និងការស្លាប់ជាធម្មតានៃព្រលឹងណាមួយឡើយ ហើយទ្រង់ក៏នឹងមិនបង្កើតកំហុសណាមួយនៅក្នុងការរៀបចំវដ្តនោះដែរ។ មន្ត្រីកាន់តំណែងផ្លូវការម្នាក់ៗនៃពិភពខាងវិញ្ញាណ អនុវត្តកិច្ចការរបស់ពួកគេរៀងៗខ្លួន និងធ្វើកិច្ចការណាដែលពួកគេគួរធ្វើ ស្របតាមការណែនាំ និងបញ្ញត្តិរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅក្នុងពិភពមនុស្សជាតិ បាតុភូតរូបធាតុនីមួយៗដែលមនុស្សមើលឃើញ គឺមានលំដាប់លំដោយ ហើយគ្មានភាពរញ៉េរញ៉ៃនោះទេ។ អ្វីទាំងអស់នេះគឺដោយសារការគ្រប់គ្រងមានសណ្តាប់ធ្នាប់ល្អរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ និងសិទ្ធិអំណាចរបស់ទ្រង់ដែលគ្រប់គ្រងលើរបស់សព្វសារពើ។ ការត្រួតត្រារបស់ទ្រង់ រួមបញ្ចូលទាំងពិភពរូបធាតុដែលមនុស្សរស់នៅ ក៏ដូចជាពិភពខាងវិញ្ញាណដែលមនុស្សមើលមិនឃើញផងដែរ។ ដូច្នេះហើយ ប្រសិនបើមនុស្សមានបំណងចង់មានជីវិតដ៏ល្អប្រសើរ ហើយសង្ឃឹមរស់នៅក្នុងបរិស្ថានល្អមួយ បន្ថែមពីលើពិភពរូបធាតុដែលពួកគេអាចមើលឃើញអ្វីៗទាំងអស់ដែលបានប្រទានមកដល់ពួកគេ នោះព្រះក៏ត្រូវប្រទានពិភពខាងវិញ្ញាណទៅឱ្យពួកគេផងដែរ ជាពិភពមួយគ្មាននរណាម្នាក់អាចមើលឃើញ ជាពិភពមួយដែលគ្រប់គ្រងភាវៈមានជីវិតគ្រប់យ៉ាងជំនួសឱ្យមនុស្សជាតិ និងជាពិភពដែលមានសណ្តាប់ធ្នាប់ល្អ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ( ១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៥៩១. ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលកើតមានមនុស្សជាលើកដំបូងមក ព្រះជាម្ចាស់តែងតែបំពេញកិច្ចការរបស់ទ្រង់បែបនេះជានិច្ច ដោយគ្រប់គ្រងលើចក្រវាលទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់របស់សព្វសារពើ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្សកំពុងទទួលបានការចិញ្ចឹមបីបាច់ស្ងាត់ៗ និងមិនដឹងខ្លួន ដោយភាពផ្អែមល្ហែម ទឹកភ្លៀង និងទឹកសន្សើមពីព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ទាំងមិនដឹងខ្លួន មនុស្សរស់នៅក្រោមការចាត់ចែងនៃព្រះហស្ដរបស់ព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស ស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយគ្រប់យ៉ាងនៃជីវិតរបស់ពួកគេ ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿលើរឿងទាំងអស់នេះឬអត់នោះទេ របស់សព្វសារពើទាំងអស់ មិនថាមានជីវិត ឬគ្មានជីវិតទេ នឹងផ្លាស់ប្ដូរ ប្រែប្រួល ផ្លាស់ថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើតាមរបៀបនេះឯង។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥៩២. ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឱ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក មនុស្សក៏ចាប់ផ្ដើមមានឪពុកម្ដាយ និងសាច់ញាតិ ហើយក៏លែងឯកាទៀត។ ចាប់តាំងពីពេលដែលមនុស្សបានសម្លឹងមើលពិភពលោកខាងសម្ភារៈនេះជាលើកដំបូង គឺគេត្រូវបានកំណត់ឱ្យរស់នៅក្នុងការចាត់តាំងរបស់ទ្រង់ទៅហើយ។ ខ្យល់ដង្ហើមជីវិតដែលចេញមកពីព្រះជាម្ចាស់ ទ្រទ្រង់សភាវមានជីវិតទាំងឡាយឱ្យលូតលាស់រហូតដល់ពេញវ័យ។ ក្នុងអំឡុងពេលនៃដំណើរការនេះ គ្មាននរណាម្នាក់មានអារម្មណ៍ថាមនុស្សធំធាត់ឡើងក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញពួកគេជឿថា មនុស្សធំធាត់ឡើងក្រោមការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រលាញ់របស់ឪពុកម្ដាយខ្លួន ហើយជឿថាសភាវគតិនៃជីវិតរបស់គេ គឺជាអ្វីដែលជម្រុញដល់ការធំធាត់របស់ពួកគេ។ នេះគឺដោយសារតែមនុស្សមិនស្គាល់អ្នកដែលបានផ្ដល់ជីវិតរបស់ខ្លួនមក ឬមិនដឹងថាជីវិតរបស់ខ្លួនបានមកពីណា ពោលគឺមិនដឹងពីរបៀបដែលសភាវគតិនៃជីវិតបង្កើតការអស្ចារ្យ។ គេដឹងត្រឹមតែថា ចំណីអាហារគឺជាមូលដ្ឋានដែលធ្វើឱ្យជីវិតរបស់គេបន្ដរស់នៅតទៅទៀត និងថាភាពតស៊ូគឺជាប្រភពនៃការរស់នៅរបស់គេ ព្រមទាំងថាជំនឿនៅក្នុងគំនិតរបស់គេ គឺជាដើមទុនដែលការរស់នៅរបស់គេត្រូវពឹងផ្អែកលើ។ មនុស្សភ្លេចទាំងស្រុងនូវព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាគេមិនខ្វល់ពីជីវិតដែលព្រះជាម្ចាស់បានប្រទានដល់គេ...។ គ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ទាំងយប់ទាំងថ្ងៃ យកខ្លួនគេមកថ្វាយបង្គំទ្រង់ឡើយ។ ព្រះជាម្ចាស់បន្ដដោះស្រាយជាមួយមនុស្ស ដូចដែលទ្រង់បានគ្រោងទុក ទោះបីជាទ្រង់មិនបានរំពឹងទុកអ្វីពីគេក៏ដោយ។ ទ្រង់ធ្វើដូច្នេះ ព្រោះសង្ឃឹមថា ថ្ងៃណាមួយមនុស្សនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ហើយចាប់ផ្ដើមទទួលស្គាល់ភ្លាមៗនូវគុណតម្លៃ និងអត្ថន័យនៃជីវិត និងតម្លៃដែលព្រះជាម្ចាស់បានបង់សម្រាប់អ្វីៗទាំងអស់ដែលទ្រង់បានប្រទានដល់គេ ព្រមទាំងភាពអន្ទះសាដែលព្រះជាម្ចាស់រង់ចាំឱ្យមនុស្សវិលត្រលប់មករកទ្រង់វិញ។ ...
មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ បានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។ អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។ ទាំងអស់នេះគឺជាដំណើរជីវិតដែលរៀបចំដោយព្រះជាម្ចាស់សម្រាប់សត្វលោកមានជីវិតនីមួយៗ។ ប៉ុន្តែ ដំណើរ និងវដ្ដទាំងនេះ គឺជាការពិតជាក់ស្ដែងដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សមើលឃើញថា៖ ជីវិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺបន្តឥតដាច់ ហើយមិនត្រូវបានកម្រិតដោយរូបកាយភាព ពេលវេលា ឬលំហឡើយ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងជាភស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីទ្រង់។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតរបស់មនុស្សកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលកើតមកពីព្រះជាម្ចាស់ ដោយចៀសមិនរួចដែរ មិនថាពួកគេជឿ ឬបដិសេធពីអត្ថិភាពរបស់ទ្រង់ឡើយ។ ប្រសិនបើថ្ងៃណាមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យភ្លាមៗ ហើយចង់យកមកវិញនូវអ្វីៗសព្វសារពើដែលមាននៅក្នុងពិភពលោក និងដកយកជីវិតដែលទ្រង់បានប្រទានមកនោះ នោះអ្វីៗទាំងអស់នឹងលែងមានទៀតហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មរបស់ទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើ ទាំងរបស់ដែលមានជីវិត និងគ្មានជីវិត ដោយធ្វើឱ្យអ្វីៗទាំងអស់មានសណ្ដាប់ធ្នាប់ល្អ តាមរយៈព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាការពិតមួយដែលគ្មាននរណាម្នាក់អាចគិតឃើញដល់ ឬយល់ដឹងបានឡើយ។ ការពិតដ៏មិនអាចយល់ដឹងបានទាំងនេះគឺជាការស្ដែងចេញ និងជាទីបន្ទាល់នៃថាមពលជីវិតរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ខ្ញុំនឹងប្រាប់អាថ៌កំបាំងមួយដល់អ្នក៖ ភាពអស្ចារ្យនៃជីវិតរបស់ព្រះជាម្ចាស់ និងថាមពលនៃព្រះជន្មរបស់ទ្រង់ គឺគ្មានភាវៈដែលត្រូវបានបង្កើតណាមួយអាចវាស់ស្ទង់បានឡើយ។ ពេលនេះគឺបែបនេះ កាលពីអតីតកាលក៏បែបនេះ ហើយទៅអនាគតក៏នឹងនៅតែបែបនេះដែរ។ អាថ៌កំបាំងទីពីរដែលខ្ញុំនឹងប្រាប់គឺ៖ ប្រភពនៃជីវិតសម្រាប់គ្រប់ភាវៈទាំងអស់ គឺមកពីព្រះជាម្ចាស់ បើទោះបីជាពួកវាអាចមានភាពខុសគ្នានៃទម្រង់ជីវិត ឬរចនាសម្ព័ន្ធយ៉ាងណាក៏ដោយ ហើយមិនថាអ្នកជាភាវៈមានជីវិតប្រភេទណានោះទេ គឺគ្មានភាវៈណាមួយអាចងាកចេញពីគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកនោះឡើយ។ ទោះក្នុងករណីណាក៏ដោយ អ្វីទាំងអស់ដែលខ្ញុំប្រាថ្នា គឺឱ្យមនុស្សយល់អំពីចំណុចនេះថា៖ ប្រសិនបើគ្មានការបីបាច់ ការថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបាននូវអ្វីៗសព្វសារពើដែលខ្លួនត្រូវទទួលបានឡើយ ទោះបីជាគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ឬតស៊ូយ៉ាងពិបាកយ៉ាងណាក៏ដោយ។ ប្រសិនបើគ្មានការផ្គត់ផ្គង់ជីវិតមកពីព្រះជាម្ចាស់ទេ នោះមនុស្សនឹងបាត់បង់គុណតម្លៃនៃការរស់នៅ និងអត្ថន័យនៃជីវិត។ តើព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សដែលខ្ជះខ្ជាយតម្លៃជីវិតជាអសារឥតការ អាចរស់នៅដោយមិនខ្វល់បែបនេះដូចម្ដេចបាន? ដូចខ្ញុំបាននិយាយរួចហើយថា សូមកុំភ្លេចឱ្យសោះថា ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតរបស់អ្នក។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥៩៣. ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ និងគ្រប់គ្រងលើរបស់សព្វសារពើ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាងដែលមាន ហើយទ្រង់ទំនុកបម្រុងដល់អ្វីៗគ្រប់យ៉ាងដែលមាន។ នេះគឺជាឋានៈរបស់ព្រះជាម្ចាស់ ហើយជាអត្តសញ្ញាណរបស់ទ្រង់។ ចំពោះរបស់សព្វសារពើ និងអ្វីៗគ្រប់យ៉ាងដែលមាន អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ និងអ្នកត្រួតត្រាលើរបស់សព្វសារពើដែលបានបង្កើតមក។ នេះគឺជាអត្តសញ្ញាណដែលព្រះជាម្ចាស់មាន ហើយទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងចំណោមរបស់សព្វសារពើ។ គ្មានរបស់ណាមួយដែលព្រះជាម្ចាស់បានបង្កើតមក (មិនថាស្ថិតក្នុងចំណោមមនុស្សជាតិ ឬក្នុងពិភពខាងវិញ្ញាណទេ) អាចប្រើមធ្យោបាយ ឬលេសដោះសាណាមួយដើម្បីត្រាប់តាម ឬជំនួសអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ ដ្បិតមានព្រះតែមួយអង្គគត់នៅក្នុងចំណោមរបស់សព្វសារពើ ដែលមានអត្តសញ្ញាណ ព្រះចេស្ដា សិទ្ធិអំណាច និងសមត្ថភាពក្នុងការត្រួតត្រាលើរបស់សព្វសារពើដែលបានបង្កើតមក នោះគឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ទ្រង់គង់នៅ និងផ្លាស់ទីក្នុងចំណោមរបស់សព្វសារពើ។ ទ្រង់អាចឈរនៅទីខ្ពស់បំផុតពីលើរបស់សព្វសារពើ។ ទ្រង់អាចបន្ទាបព្រះកាយទ្រង់ផ្ទាល់ធ្វើជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនៅខាងសាច់ឈាម មកជួបមុខមនុស្សផ្ទាល់ និងចែករំលែកសុខទុក្ខជាមួយពួកគេ ហើយក្នុងពេលជាមួយគ្នានោះដែរ ទ្រង់បញ្ជាគ្រប់យ៉ាងដែលមាន ដោយសម្រចវាសនានៃរបស់គ្រប់យ៉ាងដែលមាន និងសម្រេចទិសដៅដែលពួកគេត្រូវទៅ។ ជាងនេះទៅទៀត ទ្រង់ដឹកនាំវាសនារបស់មនុស្សជាតិទាំងអស់ ហើយតម្រង់ទិសដៅរបស់ពួកគេ។ ភាវៈមានជីវិតទាំងអស់ថ្វាយបង្គំ ស្ដាប់បង្គាប់ និងស្គាល់ព្រះជាម្ចាស់ដែលមានលក្ខណៈបែបនេះ។ ដូច្នេះ មិនថាអ្នកស្ថិតនៅក្នុងក្រុមឬប្រភេទមនុស្សជាតិបែបណាទេ ការជឿលើព្រះជាម្ចាស់ ការដើរតាមព្រះជាម្ចាស់ ការគោរពព្រះជាម្ចាស់ ការទទួលយកការត្រួតត្រារបស់ទ្រង់ និងការទទួលយកការរៀបចំវាសនារបស់អ្នកពីទ្រង់ គឺជាជម្រើសតែមួយគត់ ជាជម្រើសដ៏ចាំបាច់ សម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ភាវៈមានជីវិតទាំងអស់។ នៅក្នុងភាពដែលមានតែមួយគត់របស់ព្រះជាម្ចាស់ មនុស្សមើលឃើញថា សិទ្ធិអំណាចរបស់ទ្រង់ និស្ស័យដ៏សុចរិតរបស់ទ្រង់ សារជាតិរបស់ទ្រង់ និងមធ្យោបាយនានាដែលទ្រង់ទំនុកបម្រុងដល់របស់សព្វសារពើ គឺសុទ្ធតែមានលក្ខណៈវិសេសឯក។ ភាពដែលមានតែមួយគត់នេះ កំណត់ពីអត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយក៏កំណត់ឋានៈរបស់ទ្រង់ផងដែរ។ ដូច្នេះហើយ ក្នុងចំណោមសត្វលោកទាំងអស់ ប្រសិនបើភាវៈមានជីវិតណាមួយនៅក្នុងពិភពខាងវិញ្ញាណ ឬនៅក្នុងចំណោមមនុស្សជាតិ ចង់ឈរធ្វើជាតំណាងរបស់ព្រះជាម្ចាស់ នោះមិនអាចសម្រេចជោគជ័យបានឡើយ ហើយការប៉ុនប៉ងចង់ត្រាប់តាមព្រះជាម្ចាស់ ក៏មិនអាចទៅរួចដែរ។ នេះជាការពិត។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ( ១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៥៩៤. កិច្ចការចុងក្រោយរបស់ខ្ញុំ គឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំទិសដៅរបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឱ្យមនុស្សទាំងអស់អាចទទួលស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្សក៏មិនមែនធម្មជាតិទេដែលបានបង្កើតមនុស្សជាតិដែរ។ គឺជាខ្ញុំទេដែលចិញ្ចឹមបីបាច់រាល់ភាវៈរស់ទាំងអស់ដែលត្រូវបានបង្កើតមក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខវេទនាដែលបង្កដោយគ្រោះមហន្តរាយជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងជ្រោះស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានតែមនុស្សតិចតួចអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឱ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញ គឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់ខ្លួនឯងផ្ទាល់។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឱ្យល្អ ក្នុងព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។
(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)