ខ. ស្ដីពីរបៀបអនុវត្តតាមសេចក្តីពិត របៀបយល់ដឹងពីសេចក្តីពិត និងរបៀបចូលទៅក្នុងតថភាព
៣៤៤. ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ។ ការដែលអ្នកបានចូលទៅក្នុងយុគសម័យថ្មីនេះ គឺអាស្រ័យលើថា តើអ្នកបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬថាតើព្រះបន្ទូលរបស់ទ្រង់ បានក្លាយជាតថភាពជីវិតរបស់អ្នកហើយឬនៅ។ មនុស្សគ្រប់គ្នាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ដូច្នេះនៅចុងបញ្ចប់ មនុស្សទាំងអស់នឹងរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយព្រះបន្ទូលរបស់ទ្រង់នឹងបំភ្លឺ ហើយបកស្រាយដល់មនុស្សម្នាក់ៗចេញពីខាងក្នុងចិត្ត។ ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនចាប់អារម្មណ៍លើព្រះបន្ទូលរបស់ទ្រង់ទេ នោះវាបង្ហាញឱ្យឃើញថា អ្នកមានសភាពខុសហើយ។ ប្រសិនបើអ្នកមិនអាចចូលក្នុងយុគសម័យនៃព្រះបន្ទូលបានទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកបានចូលក្នុងយុគសម័យនេះ នោះទ្រង់នឹងធ្វើកិច្ចការរបស់ទ្រង់។ នៅដើមយុគសម័យនៃព្រះបន្ទូលតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? ព្រះជាម្ចាស់នឹងសម្រេចកិច្ចការដូចខាងក្រោមនៅក្នុងយុគសម័យនេះ និងនៅក្នុងចំណោមអ្នករាល់គ្នា៖ មនុស្សគ្រប់គ្នានឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេនឹងយកសេចក្តីពិតទៅអនុវត្ត ហើយគេនឹងស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ មនុស្សទាំងអស់នឹងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះមូលដ្ឋាន និងជាការពិតរបស់គេ ហើយគេនឹងមានដួងចិត្តដែលគោរពកោតខ្លាចព្រះជាម្ចាស់។ ហើយតាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនឹងកាន់អំណាចជាព្រះមហាក្សត្ររួមជាមួយព្រះជាម្ចាស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់ត្រូវសម្រេច។ តើអ្នកអាចរស់នៅដោយគ្មានការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅបាន សូម្បីតែមួយថ្ងៃ ឬពីរថ្ងៃ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើពេលវេលាមិនអំណោយផលសម្រាប់ការអាន ពួកគេនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំនួសវិញ។ នេះជាអារម្មណ៍ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស ហើយវាក៏ជារបៀបមួយដែលទ្រង់ចាប់ផ្ដើមធ្វើចលនានៅក្នុងពួកគេផងដែរ។ ទ្រង់គ្រប់គ្រងមនុស្សតាមរយៈព្រះបន្ទូល ដើម្បីឱ្យពួកគេអាចចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខកខានមិនបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍អាប់អួរ ស្រេកទឹក និងមិនអាចឈរបាន នេះបង្ហាញឱ្យឃើញថា អ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ និងបង្ហាញទៀតថា ទ្រង់មិនបានបែរចេញពីអ្នកឡើយ។ ដូច្នេះ អ្នកជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងចរន្តនេះហើយ។ យ៉ាងណាមិញ ក្រោយពេលមួយ ឬពីរថ្ងៃ ដោយមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានអារម្មណ៍ឃ្លានស្រេកទឹក ឬទទួលការប៉ះពាល់អ្វីទេ នោះវាបង្ហាញឱ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានបែរចេញពីអ្នកហើយ។ ការនេះមានន័យថា វាមានបញ្ហាអ្វីមួយជាមួយសភាពនៅខាងក្នុងរបស់អ្នកហើយ។ អ្នកមិនបានចូលក្នុងយុគសម័យនៃព្រះបន្ទូល ហើយអ្នកជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើនផ្សេងទៀតដែលបានបរាជ័យ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីគ្រប់គ្រងលើមនុស្ស។ អ្នកមានអារម្មណ៍ល្អ ប្រសិនបើអ្នកហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកនឹងគ្មានផ្លូវដើរឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្លាយជាអាហាររបស់មនុស្ស និងជាកម្លាំងជំរុញចិត្តពួកគេ។ ព្រះគម្ពីរចែងថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ» (ម៉ាថាយ ៤:៤)។ សព្វថ្ងៃនេះ ព្រះជាម្ចាស់នឹងបង្ហើយកិច្ចការនេះ ហើយទ្រង់នឹងសម្រេចការពិតនេះនៅក្នុងអ្នករាល់គ្នា។ តើមនុស្សកាលពីអតីតកាលអាចរស់នៅបានជាច្រើនថ្ងៃយ៉ាងដូចម្ដេច ដោយមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅតែអាចបរិភោគ និងធ្វើការបានធម្មតា ប៉ុន្តែនេះមិនមែនជាករណីនៅសព្វថ្ងៃនេះទេ? នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាចម្បង ដើម្បីគ្រប់គ្រងមនុស្សទាំងអស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សត្រូវទទួលការជំនុំជម្រះ និងការប្រោសឱ្យគ្រប់លក្ខណ៍ បន្ទាប់មក ពួកគេបានចូលទៅក្នុងនគរព្រះនាពេលចុងបញ្ចប់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចប្រទានជីវិតដល់មនុស្ស ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ ដែលអាចប្រទានដល់មនុស្សនូវពន្លឺ និងផ្លូវសម្រាប់ការអនុវត្ត ជាពិសេសនៅក្នុងយុគសម័យនៃនគរព្រះ។ ដរាបណាអ្នកមិនបែរចេញពីការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយហូបនិងផឹកព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ នោះព្រះជាម្ចាស់នឹងអាចប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។
(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៤៥. សេចក្តីពិតដែលមនុស្សត្រូវមាន គឺមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាជាសេចក្តីពិតដែលមានសារៈសំខាន់ និងមានប្រយោជន៍បំផុតដល់មនុស្សជាតិ។ វាជាម្ហូបអាហារដែលរាងការយរបស់អ្នកត្រូវការ ជាអាហារដែលជួយឱ្យមនុស្សស្តារភាពជាមនុស្សរបស់ខ្លួនឡើងវិញ។ វាគឺជាសេចក្តីពិតដែលមនុស្សគួរតែមាន។ កាលណាអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះជីវិតរបស់អ្នករាល់គ្នានឹងកាន់តែមានផ្លែផ្កា។ នៅពេលដែលអ្នករាល់គ្នាធំដឹងក្តី អ្នកនឹងឃើញរឿងរ៉ាវនៃពិភពខាងវិញ្ញាណកាន់តែច្បាស់ ហើយកាន់តែមានកម្លាំងដើម្បីយកឈ្នះសាតាំង។ នៅពេលអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះសេចក្តីពិតជាច្រើនដែលអ្នករាល់គ្នាមិនយល់ នឹងត្រូវបើកបង្ហាញយ៉ាងច្បាស់។ មនុស្សភាគច្រើនពេញចិត្ត ដោយគ្រាន់តែយល់ន័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយផ្តោតទៅលើការយកគោលលទ្ធិមកដាក់ក្នុងខ្លួន ជាជាងការពង្រឹងបទពិសោធរបស់ខ្លួនដោយការអនុវត្ត។ តើនោះ មិនមែនជាវិធីរបស់ពួកផារិស៊ីទេឬអី? ដូច្នេះ តើឃ្លា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាជីវិត» គឺជាការពិតសម្រាប់ពួកគេយ៉ាងដូចម្តេច? ជីវិតរបស់បុគ្គលម្នាក់មិនអាចរីកចម្រើនដោយត្រឹមតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ លុះត្រាតែពួកគេយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកជឿថា ការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺគ្រប់គ្រាន់សម្រាប់ជីវិត និងកេរ្ត៍ឈ្មោះ នោះការយល់របស់អ្នកគឺខូចការហើយ។ ការយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ កើតឡើងនៅពេលអ្នកអនុវត្តសេចក្តីពិត ហើយអ្នកត្រូវតែយល់ថា «មានតែការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។» សព្វថ្ងៃនេះ បន្ទាប់ពីអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគ្រាន់តែអាចនិយាយថា អ្នកស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែអ្នកពុំអាចនិយាយថា អ្នកយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ មានអ្នកខ្លះនិយាយថា វិធីតែមួយដើម្បីអនុវត្តសេចក្តីពិត គឺយល់សេចក្តីពិតជាមុនសិន ប៉ុន្តែសម្តីនេះគ្រាន់តែត្រូវមួយផ្នែកប៉ុណ្ណោះ វាពិតជាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ មុនពេលដែលអ្នកមានចំណេះដឹងអំពីសេចក្តីពិត គឺអ្នកមិនទាន់មានបទពិសោធអំពីសេចក្តីពិតនោះទេ។ ការមានអារម្មណ៍ថា អ្នកយល់ពីអ្វីមួយដែលអ្នកបានឮនៅក្នុងសេចក្តីអធិប្បាយព្រះបន្ទូល មិនមែនជាការយល់ដ៏ពិតនោះទេ វាគ្រាន់តែជាការទទួលបានន័យត្រង់នៃសេចក្តីពិតប៉ុណ្ណោះ វាមិនដូចជាការយល់អត្ថន័យពិតនៃពាក្យទាំងនោះទេ។ បើគ្រាន់តែមានចំណេះដឹងអំពីសេចក្តីពិតសើរៗ មិនមែនមានន័យថា អ្នកពិតជាយល់ដឹងសេចក្តីពិតនោះទេ។ អត្ថន័យពិតប្រាកដនៃសេចក្តីពិត បានមកពីការមានបទពិសោធជាមួយវា។ ដូច្នេះហើយ មានតែពេលដែលអ្នកមានបទពិសោធជាមួយសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ពីសេចក្តីពិត ហើយពេលនោះអ្នកនឹងអាចចាប់យល់បាននូវចំណុចដែលលាក់បាំងរបស់វា។ ការពង្រឹងបទពិសោធរបស់អ្នក គឺជាវិធីតែមួយគត់ដែលអាចចាប់យកអត្ថន័យ និងយល់ពីសារៈសំខាន់នៃសេចក្តីពិតបាន។ ដូច្នេះហើយ ជាមួយនឹងសេចក្តីពិត អ្នកអាចទៅទីណាក៏បាន ប៉ុន្តែបើអ្នកគ្មានសេចក្តីពិតនោះទេ មិនបាច់ព្យាយាមអូសទាញអ្នកកាន់សាសនានោះទ សូម្បីតែសមាជិកគ្រួសាររបស់អ្នកក៏គេមិនជឿដែរ។ គ្មានសេចក្តីពិត អ្នកប្រៀបបានទៅនឹងគ្រាប់ព្រិលដែលកំពុងធ្លាក់ ប៉ុន្តែបើមានសេចក្តីពិត អ្នកអាចមានសេចក្តីអំណរ និងសេរីភាព ហើយក៏គ្មាននរណាអាចវាយប្រហារអ្នកបានដែរ។ មិនថាទ្រឹស្តីខ្លាំងប៉ុនណានោះទេ វាមិនអាចយកឈ្នះសេចក្តីពិតបានឡើយ។ ដោយសារសេចក្តីពិត ពិភពលោកនេះអាចរង្គោះរង្គើ ហើយភ្នំ និងសមុទ្រអាចផ្លាស់ទីបាន ខណៈពេលដែលគ្មានសេចក្តីពិតអាចធ្វើឱ្យជញ្ជាំងដ៏រឹងមាំរបស់ក្រុង ត្រូវបានដង្កូវស៊ីក្លាយជាកម្ទេចថ្មប៉ុណ្ណោះ។ នេះជាការពិតដ៏ជាក់ស្តែង។
(ដកស្រង់ពី «នៅពេលដែលអ្នកយល់ដឹងអំពីសេចក្ដីពិត អ្នកគួរយកវាមកអនុវត្ត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៤៦. ព្រះជាម្ចាស់មិនតម្រូវឱ្យមនុស្សមានសមត្ថភាពនិយាយអំពីភាពជាក់ស្ដែងនោះទេ នោះជាការងាយស្រួលពេកហើយ មែនឬទេ? ដូចនេះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលពីច្រកចូលទៅកាន់ជីវិត? ហេតុអ្វីបានជាព្រះអង្គមានបន្ទូលអំពីការបំផ្លាស់បំប្រែ? ប្រសិនបើមនុស្សគ្រាន់តែអាចមានសមត្ថភាពនិយាយពីការពិតដោយឥតបានការ នោះតើគេអាចទទួលបានការបំផ្លាស់បំប្រែផ្នែកនិស្ស័យរបស់ខ្លួនដែរឬទេ? ទាហានដ៏ល្អនៅក្នុងនគរព្រះ មិនមែនត្រូវបានបង្វឹកបង្វឺនឱ្យធ្វើជាក្រុមមនុស្សដែលអាចត្រឹមតែនិយាយពីការពិត ឬក៏អួតអាងប៉ុណ្ណោះទេ តែពួកគេបានទទួលការបង្វឹកបង្វឺនឱ្យចេះរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាឱ្យគ្មានបញ្ហាកើតឡើង បើទោះបីជាពួកគេប្រឈមនឹងភាពបរាជ័យក្ដី និងដើម្បីរស់នៅឱ្យបានខ្ជាប់ខ្ជួនស្របតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ហើយមិនត្រូវវិលត្រលប់ទៅរកលោកីយ៍វិញឡើយ។ នេះជាការពិតដែលព្រះជាម្ចាស់មានព្រះបន្ទូល នេះជាតម្រូវការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ យ៉ាងណាក្ដី ចូរកុំចាត់ទុកការពិតដែលព្រះជាម្ចាស់មានបន្ទូលថាជារឿងធម្មតាឱ្យសោះ។ សេចក្ដីបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធមិនស្មើនឹងការមានការពិតឡើយ។ នេះមិនមែនជាភាពខ្ពង់ខ្ពស់របស់មនុស្សទេ វាជាព្រះគុណរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនបានចូលរួមអ្វីទាល់តែសោះ។ បុគ្គលម្នាក់ៗត្រូវតែស៊ូទ្រាំនឹងការរងទុក្ខរបស់ពេត្រុស ហើយលើសពីនេះទៅទៀតនោះ គឺមាននូវសិរីល្អរបស់ពេត្រុស ដែលពួកគេរស់នៅ ក្រោយពីបានទទួលនូវកិច្ចការរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបអាចហៅថាជាការពិត។ ចូរកុំគិតថាអ្នកមានការពិត ដោយគ្រាន់តែអ្នកអាចនិយាយពីការភាពជាក់ស្ដែងបានឱ្យសោះ នោះគ្រាន់តែជាការដោះសាប៉ុណ្ណោះ។ គំនិតបែបនេះមិនសមស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយគ្មានសារៈសំខាន់ពិតប្រាកដផង។ នៅថ្ងៃខាងមុខ មិនត្រូវពោលពាក្យបែបនេះឡើយ ចូរឈប់ប្រើពាក្យសម្ដីបែបនេះ! អស់អ្នកណាដែលមានការយល់ដឹងខុសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែជាអ្នកមិនជឿ។ ពួកគេមិនមានចំណេះដឹងពិតប្រាកដទេ ក៏ខ្វះភាពខ្ពង់ខ្ពស់ពិតប្រាកដដែរ គឺពួកគេជាមនុស្សល្ងង់ខ្លៅដែលខ្វះនូវការពិត។ ម្យ៉ាងទៀត អស់អ្នកណាដែលរស់នៅក្រៅខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអ្នកមិនជឿ។ អស់អ្នកដែលមនុស្សចាត់ទុកថាជាអ្នកមិនជឿ គឺជាពួកសត្វសាហាវនៅចំពោះព្រះភ័ក្ររបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលព្រះជាម្ចាស់ចាត់ទុកថាជាពួកអ្នកមិនជឿ គឺជាមនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ខ្លួន។ ដូចនេះ អាចនិយាយបានថា អស់អ្នកណាដែលមិនមានការពិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលមិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺជាអ្នកមិនជឿ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺ ដើម្បីឱ្យគ្រប់គ្នារស់នៅក្នុងការពិតតាមព្រះបន្ទូលរបស់ទ្រង់ មិនមែនឱ្យគ្រប់គ្នាបានត្រឹមតែនិយាយអំពីការពិតនោះទេ ប៉ុន្ដែលើសពីនេះទៅទៀត គឺដើម្បីជួយឱ្យគ្រប់គ្នាអាចរស់នៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «មានតែការយកសេចក្ដីពិតទៅអនុវត្ដប៉ុណ្ណោះ ទើបមានភាពជាក់ស្ដែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៤៧. ការយល់ដឹងដ៏ពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនជារឿងសាមញ្ញនោះទេ។ សូមកុំគិតបែបនេះឡើយ៖ «ខ្ញុំអាចបកស្រាយអត្ថន័យដើមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ហើយមនុស្សគ្រប់គ្នានិយាយថា ការបកស្រាយរបស់ខ្ញុំគឺល្អ ហើយសរសើរខ្ញុំ ដូចនេះវាមានន័យថាខ្ញុំយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ វាមិនដូចគ្នានឹងការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកបានទទួលពន្លឺខ្លះៗពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយអ្នកបានយល់ពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើអ្នកអាចបង្ហាញពីចេតនានៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ និងផលដែលវានឹងទទួលបាននៅទីបំផុត ពោលគឺ ប្រសិនបើនៅពេលដែលអ្នកមានការយល់ដឹងច្បាស់អំពីរឿងទាំងអស់នេះ អ្នកអាចត្រូវបានគេចាត់ទុកថាមានកម្រិតនៃការយល់ខ្លះៗអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ ការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនងាយស្រួលទេ។ គ្រាន់តែអ្នកអាចពន្យល់បាននូវអត្ថន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមានន័យថាអ្នកយល់ពីព្រះបន្ទូលនោះទេ។ មិនថាអ្នកអាចពន្យល់អត្ថន័យត្រង់បានច្រើនប៉ុនណាទេ ការពន្យល់របស់អ្នកនៅតែមានមូលដ្ឋានលើការស្រមើស្រមៃរបស់មនុស្ស និងរបៀបគិតបែបមនុស្សដដែលហ្នឹង។ វាគ្មានប្រយោជន៍ទេ! តើអ្នកអាចយល់ពីព្រះបន្ទូលព្រះជាម្ចាស់យ៉ាងដូចម្តេច? គន្លឹះគឺត្រូវស្វែងរកសេចក្ដីពិតចេញពីព្រះបន្ទូលទាំងនោះ។ មានតែវិធីនេះទេ ទើបអ្នកអាចយល់យ៉ាងពិតប្រាកដអំពីព្រះបន្ទូលព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនដែលមានបន្ទូលចេញនូវពាក្យឥតខ្លឹមសារឡើយ។ ប្រយោគនីមួយៗដែលទ្រង់ថ្លែង សុទ្ធតែមានព័ត៌មានលម្អិត ដែលនឹងត្រូវបើកសម្ដែងបន្ថែមទៀតនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយឃ្លាទាំងនោះអាចនឹងត្រូវបានបង្ហាញខុសៗពីគ្នា។ មនុស្សមិនអាចយល់ពីរបៀបដែលព្រះជាម្ចាស់បង្ហាញពីសេចក្ដីពិតនោះទេ។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់មានអត្ថន័យជា្រលជ្រៅណាស់ ហើយគំនិតរបស់មនុស្សមិនងាយនឹងយល់នោះឡើយ។ មនុស្សអាចរកឃើញអត្ថន័យទាំងស្រុងបែបត្រួសៗអំពីគ្រប់ទិដ្ឋភាពនៃសេចក្ដីពិតបាន លុះត្រាតែគេខំប្រឹងរក។ ព័ត៌មានលម្អិតដែលនៅសេសសល់ គឺត្រូវបំពេញសម្រាប់ពួកគេ ក្នុងអំឡុងពេលបទពិសោធជាបន្តបន្ទាប់របស់ពួកគេ តាមរយៈការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មួយផែ្នកគឺជាការពិចារណា និងការឈ្វេងយល់ពីព្រះបន្ទូលព្រះជាម្ចាស់ និងស្វែងរកមាតិកាជាក់លាក់ តាមរយៈការអានព្រះបន្ទូលទាំងនោះ។ មួយផ្នែកទៀត គឺត្រូវយល់ដឹងពីអត្ថន័យនៃព្រះបន្ទូលព្រះជាម្ចាស់ តាមរយៈការដកពិសោធន៍ព្រះបន្ទូល និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈការរីកចម្រើនឥតឈប់ឈរនៅក្នុងផ្នែកទាំងពីរនេះ អ្នកអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកបកស្រាយព្រះបន្ទូលនោះតាមន័យត្រង់ ជាអត្ថបទ ឬពីការគិត និងការស្រមើស្រមៃរបស់អ្នកផ្ទាល់ នោះទោះបីជាអ្នកពន្យល់វាយ៉ាងក្បោះក្បាយ និងច្បាស់លាស់ក៏ដោយ អ្នកនៅតែមិនយល់សេចក្តីពិតដដែល ហើយវានៅតែផ្អែកលើការគិត និងការស្រមើស្រមៃរបស់មនុស្សទាំងស្រុង។ វាមិនបានទទួលពីការបំភ្លឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សមានការទទួលខុសត្រូវចំពោះការបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ហើយពួកគេថែមទាំងអាចបកស្រាយព្រះបន្ទូលព្រះជាម្ចាស់ខុសបរិបទទៀតផង ដោយធ្វើឱ្យពួកគេងាយនឹងយល់ច្រឡំ និងវិនិច្ឆ័យព្រះជាម្ចាស់ ហើយនេះគឺជាបញ្ហា។ ហេតុដូចនេះ ការទទួលបានសេចក្តីពិត ជាចម្បងកើតឡើងតាមរយៈការយល់ដឹងពីព្រះបន្ទូលព្រះជាម្ចាស់ និងត្រូវបានបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដែលអាចយល់ និងពន្យល់អត្ថន័យត្រង់នៃព្រះបន្ទូលព្រះជាម្ចាស់ មិនមែនមានន័យថា អ្នកបានទទួលសេចក្តីពិតនោះទេ។ ប្រសិនបើការយល់ដឹងអំពីអត្ថន័យត្រង់នៃព្រះបន្ទូលព្រះជាម្ចាស់មានន័យថា អ្នកបានយល់ពីសេចក្តីពិត នោះអ្នកគ្រាន់តែមានការអប់រំ និងចំណេះដឹងតិចតួចប៉ុណ្ណោះ ដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវការការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធ? តើកិច្ចការរបស់ព្រះជាម្ចាស់ជាអ្វីដែលចិត្តមនុស្សអាចយល់បានមែនទេ? ដូច្នេះ ការយល់ដឹងពីសេចក្តីពិតគឺមិនផ្អែកលើសញ្ញាណ ឬការស្រមើស្រមៃរបស់មនុស្សឡើយ។ អ្នកត្រូវការការបំភ្លឺ ការស្រាយបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមានបទពិសោធន៍ និងចំណេះដឹងពិតប្រាកដ។ នេះគឺជាដំណើរការនៃការយល់ដឹង និងការទទួលបានសេចក្តីពិត ហើយវាក៏ជាលក្ខខណ្ឌចាំបាច់ផងដែរ។
(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៣៤៨. ប្រសិនបើអ្នកបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើន ប៉ុន្តែអ្នកគ្រាន់តែយល់ន័យត្រង់តាមអត្ថបទ ហើយខ្វះចំណេះដឹងខាងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈបទពិសោធជាក់ស្តែងរបស់អ្នក នោះអ្នកនឹងមិនដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកគិតដូច្នោះមែន នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាជីវិតនោះទេ គ្រាន់តែជាន័យពាក្យដែលគ្មានជីវិតប៉ុណ្ណោះ។ ហើយប្រសិនបើអ្នករស់នៅ ដោយប្រព្រឹត្តតាមន័យពាក្យដែលគ្មានជីវិត នោះអ្នកមិនអាចចាប់យកចំណុចសំខាន់នៃព្រះបន្ទូល និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មានតែនៅពេលដែលអ្នកជួបប្រទះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងបទពិសោធជាក់ស្តែងប៉ុណ្ណោះ ទើបន័យខាងវិញ្ញាណនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកបង្ហាញឱ្យអ្នកឃើញ ហើយមានតែតាមរយៈបទពិសោធប៉ុណ្ណោះ ទើបអ្នកអាចចាប់យកន័យខាងវិញ្ញានៃសេចក្តីពិតជាច្រើន និងអាចបើកអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនយកព្រះបន្ទូលមកអនុវត្ត មិនថាព្រះបន្ទូលទ្រង់ច្បាស់ប៉ុនណានោះទេ អ្វីទាំងអស់ដែលអ្នកចាប់បាន គឺជាគោលលទ្ធិ និងពាក្យដែលទទេសូន្យ ដែលបានក្លាយជាបញ្ញាត្តិសាសនាសម្រាប់អ្នករួចទៅហើយ។ តើពួកផារិស៊ី មិនធ្វើបែបនេះទេឬអី? ប្រសិនបើអ្នករាល់គ្នាអនុវត្ត និងមានបទពិសោធជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវានឹងមានប្រយោជន៍សម្រាប់អ្នករាល់គ្នា។ ប្រសិនបើអ្នកមិនអនុវត្តនោះទេ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានអ្វីលើសពីរឿងព្រេងនៃឋានសួគ៌ជាន់ទីបីនោះទេ។ តាមពិតទៅ ដំណើរការនៃការជឿលើព្រះជាម្ចាស់ គឺជាដំណើរការដែលអ្នករាល់គ្នាមានបទពិសោធជាមួយព្រះបន្ទូលរបស់ទ្រង់ និងការទទួលបានព្រះបន្ទូលទ្រង់នោះទេ។ និយាយឱ្យស្រួលស្តាប់ទៅ ការជឿលើព្រះជាម្ចាស់ គឺជាការមានចំណេះដឹង និងការយល់ព្រះបន្ទូលរបស់ទ្រង់ ហើយមានបទពិសោធ និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាតថភាពនៅពីក្រោយជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ហើយសង្ឃឹមទទួលបានជីវិតអស់កល្ប ដោយពុំបានស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិតនោះទេ អ្នកគឺជាមនុស្សល្ងីល្ងើហើយ។ វាមិនខុសពីទៅចូលរួមពិធីជប់លៀង ហើយគ្រាន់តែសម្លឹង និងទន្ទេញមុខម្ហូបដែលឆ្ងាញ់ៗ ដោយពុំបានភ្លក្សរសជាតិនោះទេ វាប្រាកដជាដូចជាការមិនបានហូប ឬផឹកអ្វីនៅទីនោះសោះ។ តើមនុស្សប្រភេទនេះ មិនល្ងីល្ងើទេឬអី?
(ដកស្រង់ពី «នៅពេលដែលអ្នកយល់ដឹងអំពីសេចក្ដីពិត អ្នកគួរយកវាមកអនុវត្ត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៤៩. ការទាមទារដែលព្រះចង់បានពីមនុស្សគឺ មិនមែនសុទ្ធតែខ្ពស់ទាំងអស់នោះទេ។ ដរាបណាមនុស្សអនុវត្តដោយឧស្សាហ៍ព្យាយាម និងស្មោះត្រង់ នោះពួកគេនឹងទទួលបាន «និទ្ទេសជាប់»។ ការនិយាយសេចក្តីពិត ការទទួលបានការយល់ដឹង ចំណេះដឹង និងការឈ្វេងយល់ពីសេចក្តីពិត គឺមានភាពស្មុគស្មាញជាងការអនុវត្តសេចក្តីពិត។ ដំបូង ចូរអនុវត្តឱ្យបានច្រើនតាមតែអ្នកយល់ និងអនុវត្តនូវអ្វីដែលអ្នកបានយល់។ ធ្វើបែបនេះ បន្ដិចម្ដងៗ អ្នកនឹងអាចទទួលបានចំណេះដឹងដ៏ពិត និងការឈ្វេងយល់ពីសេចក្តីពិត។ ទាំងនេះគឺជាជំហាន និងមធ្យោបាយដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ ប្រសិនបើអ្នកមិនអនុវត្តការស្ដាប់បង្គាប់បែបនេះទេ នោះអ្នកនឹងមិនសម្រេចបានអ្វីឡើយ។ ប្រសិនបើអ្នកតែងតែធ្វើតាមចិត្តរបស់អ្នក ហើយមិនអនុវត្តការស្ដាប់បង្គាប់ទេ តើព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកដែរឬទេ? តើព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមអ្វីដែលអ្នកចង់បានឬ? ឬក៏ទ្រង់ធ្វើការស្របតាមអ្វីដែលអ្នកខ្វះ និងដោយឈរលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់? ប្រសិនបើអ្នកមិនទាន់ច្បាស់អំពីចំណុចនេះទេ អ្នកនឹងមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ។ ហេតុអ្វីបានជាមនុស្សភាគច្រើន ព្យាយាមអានព្រះបន្ទូលរបស់ព្រះយ៉ាងច្រើន ប៉ុន្តែបន្ទាប់ពីនោះមក ពួកគេមានតែចំណេះដឹង ហើយមិនអាចនិយាយអ្វីអំពីផ្លូវពិតបាន? តើអ្នកគិតថា មានចំណេះដឹង ស្មើនឹងមានសេចក្តីពិតឬទេ? តើនោះមិនមែនជាទស្សនៈយល់ច្រឡំទេឬ? អ្នកអាចនិយាយអំពីចំណេះដឹងបានច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ប៉ុន្តែគ្មានពាក្យសម្តីណាមួយដែលមានផ្លូវពិតនោះទេ។ តើអ្នកមិនមែនកំពុងតែព្យាយាមពង្វក់មនុស្ស ដោយវិធីនេះមែនទេ? តើអ្នកមិនមែនកំពុងតែអួតអាង ដោយគ្មានមូលដ្ឋានច្បាស់លាស់មែនទេ? ទង្វើបែបនេះ មានគ្រោះថ្នាក់ចំពោះអ្នកដទៃ! ទ្រឹស្តីកាន់តែខ្ពស់ ហើយកាន់តែគ្មានការពិត នោះការយកមនុស្សចូលក្នុងតថភាព កាន់តែមិនអាចទៅរួច ទ្រឹស្តីកាន់តែខ្ពស់ នោះវានឹងធ្វើឱ្យអ្នកកាន់តែប្រឆាំង ហើយទាស់ទទឹងនឹងព្រះ។ ចូរកុំការពារទ្រឹស្ដីខាងវិញ្ញាណជ្រុលពេក វាគ្មានប្រយោជន៍ឡើយ! អ្នកខ្លះបាននិយាយអំពីទ្រឹស្ដីខាងវិញ្ញាណជាច្រើនទសវត្សរ៍ ហើយពួកគេបានក្លាយជាគ្រូធំខាងវិញ្ញាណ ប៉ុន្តែនៅទីបំផុត ពួកគេនៅតែបរាជ័យក្នុងការចូលទៅក្នុងតថភាពនៃសេចក្តីពិតដដែល។ ដោយសារតែពួកគេមិនបានអនុវត្ត ឬដកពិសោធន៍នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេគ្មានគោលការណ៍ ឬផ្លូវអនុវត្ត។ មនុស្សបែបនេះគឺជាមនុស្សដែលគ្មានតថភាពនៃសេចក្តីពិត ដូច្នេះ តើពួកគេអាចនាំអ្នកដទៃឱ្យដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ពួកគេមានតែនាំមនុស្សឱ្យវង្វេងប៉ុណ្ណោះ។ តើការនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងទេឬ? យ៉ាងហោចណាស់ អ្នកត្រូវតែអាចដោះស្រាយបញ្ហាពិតៗដែលនៅចំពោះមុខដែរ។ គឺថាអ្នកត្រូវតែអាចអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងយកសេចក្តីពិតទៅអនុវត្ត។ មានតែបែបនេះទេ ទើបជាការស្ដាប់បង្គាប់ព្រះជាម្ចាស់។ មានតែពេលដែលអ្នកបានចូលទៅក្នុងជីវិតទេ ទើបអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើការថ្វាយព្រះជាម្ចាស់ ហើយមានតែពេលដែលអ្នកលះបង់សម្រាប់ព្រះជាម្ចាស់ដោយស្មោះទេ ទើបព្រះជាម្ចាស់អាចទទួលយកអ្នក។ ចូរកុំតែងតែធ្វើសេចក្តីប្រកាសធំៗ ហើយនិយាយពីទ្រឹស្ដីបែបលេងពាក្យនោះឡើយ។ វាមិនពិតទេ។ ការថ្លែងទ្រឹស្ដីខាងវិញ្ញាណក្នុងន័យជ្រៅ ដើម្បីធ្វើឱ្យមនុស្សកោតសរសើរអ្នក មិនមែនជាការធ្វើបន្ទាល់ពីព្រះជាម្ចាស់ឡើយ តែវាជាការសម្ញែងពីខ្លួនឯងវិញទេ។ ពិតណាស់ វាគ្មានប្រយោជន៍អ្វីចំពោះមនុស្ស មិនបានស្អាងពួកគេ ហើយអាចងាយស្រួលនាំពួកគេទៅថ្វាយបង្គំទ្រឹស្ដីខាងវិញ្ញាណ និងមិនផ្ដោតលើការអនុវត្តសេចក្តីពិតទេ តើនេះមិនមែននាំមនុស្សឱ្យវង្វេងទេឬ? ការបន្តធ្វើបែបនេះនឹងបង្កើតឱ្យមានទ្រឹស្តី និងច្បាប់គ្មានន័យជាច្រើនដែលនឹងរារាំង និងដាក់អន្ទាក់មនុស្ស។ វាពិតជាគួរឱ្យអាម៉ាស់ណាស់។ ដូច្នេះ ចូរនិយាយកាន់តែច្រើននូវអ្វីដែលជាការពិត និយាយកាន់តែច្រើនអំពីបញ្ហាដែលមានពិតប្រាកដ ចូរចំណាយពេលកាន់តែច្រើនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាពិតៗ។ នេះជាអ្វីដែលសំខាន់បំផុត។ កុំពន្យារពេលក្នុងការរៀនសូត្រអនុវត្តសេចក្តីពិតឡើយ៖ ការនេះជាផ្លូវចូលទៅក្នុងភាពជាក់ស្ដែង។ ចូរកុំយកបទពិសោធ និងចំណេះដឹងរបស់អ្នកដទៃមកធ្វើជាទ្រព្យសម្បត្តិឯកជនផ្ទាល់ខ្លួនរបស់អ្នក ហើយរក្សាទុកដើម្បីឱ្យអ្នកដទៃកោតសរសើរនោះឡើយ។ អ្នកត្រូវតែមានច្រកចូលទៅក្នុងជីវិតជារបស់អ្នកផ្ទាល់។ មានតែតាមរយៈការអនុវត្តសេចក្តីពិត និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ ទើបអ្នកនឹងមានច្រកចូលទៅក្នុងជីវិត។ ការនេះគួរតែក្លាយជាអ្វីដែលមនុស្សគ្រប់រូបអនុវត្ត និងផ្តោតលើ។
(ដកស្រង់ពី «ចូរយកចិត្តទុកដាក់បន្ថែមលើតថភាព» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៥០. តើការយល់ដឹងរបស់អ្នកអំពីសេចក្តីពិត ត្រូវបានបញ្ចូលគ្នាជាមួយសភាពរបស់អ្នកឬ? នៅក្នុងជីវិតពិត ជាដំបូង អ្នកត្រូវតែគិតថាតើមានសេចក្តីពិតណាខ្លះដែលទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុដែលអ្នកបានជួបប្រទះ ដោយសារតែនៅក្នុងចំណោមសេចក្តីពិតទាំងនេះហើយ ដែលអ្នកអាចរកឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងផ្សារភ្ជាប់អ្វីដែលអ្នកបានជួបជាមួយនឹងបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នកមិនដឹងអំពីទិដ្ឋភាពនៃសេចក្តីពិតណាខ្លះដែលទាក់ទងនឹងរឿងរ៉ាវដែលអ្នកបានជួបផង ប៉ុន្តែ ផ្ទុយទៅវិញ បែរជាចូលទៅដោយផ្ទាល់ ដើម្បីស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នេះគឺជាវិធីសាស្ត្រដ៏ងងឹតងងល់មួយដែលមិននាំឱ្យទទួលបានលទ្ធផលឡើយ។ ប្រសិនបើអ្នកចង់ស្វែងរកសេចក្តីពិត និងចង់យល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាដំបូង អ្នកត្រូវតែមើលទៅកាន់ប្រភេទនៃរឿងរ៉ាវដែលបានកើតឡើងចំពោះអ្នក ថាតើមានទិដ្ឋភាពនៃសេចក្តីពិតណាខ្លះដែលវាពាក់ព័ន្ធជាមួយ ហើយស្វែងរកសេចក្តីពិតជាក់លាក់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលទាក់ទងនឹងអ្វីដែលអ្នកបានមានបទពិសោធនោះ។ បន្ទាប់មក អ្នកស្វែងរកមាគ៌ាអនុវត្តដែលត្រឹមត្រូវសម្រាប់អ្នកនៅក្នុងសេចក្តីពិតនោះ ព្រោះថាបើធ្វើបែបនេះ អ្នកអាចទទួលបានការយល់ដឹងដោយប្រយោលអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការស្វែងរក និងការអនុវត្តតាមសេចក្តីពិត មិនមែនជាការអនុវត្តតាមគោលលទ្ធិ ឬការធ្វើតាមរូបមន្តនោះឡើយ។ សេចក្តីពិតមិនមែនជាការធ្វើតាមរូបមន្តទេ ហើយវាក៏មិនមែនជាក្រឹត្យវិន័យដែរ។ វាមិនមែនជាអ្វីមួយដែលស្លាប់ឡើយ ប៉ុន្តែ វាជាជីវិត វាជាអ្វីមួយដែលមានជីវិត ហើយវាជាក្បួនច្បាប់មួយដែលមនុស្សត្រូវដើរតាមនៅក្នុងជីវិត និងជាក្បួនច្បាប់ដែលមនុស្សត្រូវមាននៅក្នុងជីវិត។ នេះជាអ្វីមួយដែលអ្នកត្រូវតែយល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈបទពិសោធន៍របស់អ្នក។ មិនថាអ្នកបានមកដល់ដំណាក់កាលណានៅក្នុងបទពិសោធរបស់អ្នកឡើយ គឺអ្នកមិនអាចដាច់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្តីពិតបានឡើយ ហើយអ្វីដែលអ្នកយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលអ្នកដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នោះ គឺត្រូវបានស្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដូច្នេះ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសេចក្តីពិត។ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាសេចក្តីពិតដោយផ្ទាល់។ សេចក្តីពិតជាការសម្ដែងចេញដ៏ពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាធ្វើឱ្យកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពរឹងមាំច្បាស់លាស់ ហើយវាបង្កើតចេញជាប្រយោគដ៏ច្បាស់មួយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាប្រាប់អ្នកកាន់តែចំៗអំពីអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ អ្វីដែលទ្រង់មិនសព្វព្រះទ័យ អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកធ្វើ និងអ្វីដែលទ្រង់មិនចង់ឱ្យអ្នកធ្វើ មនុស្សណាខ្លះដែលទ្រង់ស្អប់ ហើយមនុស្សណាខ្លះដែលទ្រង់សព្វព្រះទ័យ។ នៅពីក្រោយសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មនុស្សអាចមើលឃើញពីភាពរីករាយ ព្រះពិរោធ ទុក្ខព្រួយ និងសេចក្តីសុខរបស់ទ្រង់ ព្រមទាំងសារជាតិរបស់ទ្រង់ដែរ ដ្បិតនេះគឺជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។ ក្រៅពីការដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ចេញពីព្រះបន្ទូលរបស់ទ្រង់ អ្វីដែលសំខាន់បំផុតនោះ គឺជាតម្រូវការដើម្បីទទួលបានការយល់ដឹងនេះ តាមរយៈបទពិសោធជាក់ស្ដែង។ ប្រសិនបើមនុស្សម្នាក់នៅដាច់ចេញពីជីវិតពិត ដើម្បីស្គាល់ព្រះជាម្ចាស់ នោះពួកគេនឹងមិនអាចសម្រេចបានឡើយ។ ទោះបីមានមនុស្សដែលអាចទទួលបានការយល់ដឹងខ្លះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ការយល់ដឹងរបស់ពួកគេនៅមានកម្រិតត្រឹមជាទ្រឹស្ដី និងពាក្យពេចន៍ប៉ុណ្ណោះ ហើយវានៅតែមានភាពខុសគ្នាជាមួយលក្ខណៈដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៣៥១. ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។ នៅពេលអ្នកមិនអនុវត្តនូវសេចក្ដីពិត អ្នកមានអារម្មណ៍ថា បំណងរបស់អ្នកទាំងអស់គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកនឹងឃើញថា នៅក្នុងខ្លួនអ្នកមានបំណងមិនត្រឹមត្រូវជាច្រើន។ ដូច្នេះ នៅពេលព្រះជាម្ចាស់ប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ ទ្រង់ធ្វើឱ្យពួកគេដឹងថា មានសញ្ញាណជាច្រើននៅក្នុងខ្លួនពួកគេដែលរារាំងពួកគេមិនឱ្យស្គាល់ព្រះជាម្ចាស់។ នៅពេលអ្នកដឹងថា បំណងរបស់អ្នកសុទ្ធតែខុស ហើយប្រសិនបើអ្នកអាចឈប់អនុវត្តតាមសញ្ញាណ និងបំណងរបស់អ្នក ហើយអាចធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវជំហររបស់អ្នកទោះមានរឿងអ្វីកើតឡើងចំពោះអ្នកក៏ដោយ នេះទើបបញ្ជាក់ថា អ្នកបានបះបោរទាស់នឹងសាច់ឈាម។ នៅពេលអ្នកបះបោរទាស់នឹងសាច់ឈាម នោះនឹងមានការតយុទ្ធនៅក្នុងខ្លួនអ្នកដោយចៀសមិនរួចឡើយ។ សាតាំងនឹងព្យាយាមធ្វើឱ្យមនុស្សធ្វើតាមវា វានឹងព្យាយាមធ្វើឱ្យពួកគេធ្វើតាមសញ្ញាណខាងសាច់ឈាម ហើយប្រកាន់យកផលប្រយោជន៍ខាងសាច់ឈាម ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបំភ្លឺ ហើយពន្យល់មនុស្សពីខាងក្នុង ហើយនៅពេលនេះ វាអាស្រ័យលើអ្នក ថាតើអ្នកធ្វើតាមព្រះជាម្ចាស់ ឬធ្វើតាមសាតាំង។ ព្រះជាម្ចាស់សុំឱ្យមនុស្សអនុវត្តនូវសេចក្ដីពិតជាចម្បង ដើម្បីដោះស្រាយជាមួយរឿងរ៉ាវនានានៅក្នុងខ្លួនពួកគេ ដើម្បីដោះស្រាយជាមួយគំនិត និងសញ្ញាណរបស់ពួកគេ ដែលមិនស្របទៅតាម ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្តមនុស្ស ហើយបំភ្លឺ និងពន្យល់ពួកគេ។ ដូច្នេះការតយុទ្ធនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង៖ នៅរាល់ពេលដែលមនុស្សអនុវត្តនូវសេចក្តីពិត ឬអនុវត្តនូវសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ វាមានការតយុទ្ធយ៉ាងខ្លាំងក្លាមួយ ហើយទោះបីជាគ្រប់យ៉ាងអាចមើលទៅហាក់ដូចជាល្អជាមួយសាច់ឈាមរបស់ពួកគេក៏ដោយ ក៏តាមពិតទៅនៅក្នុងជម្រៅចិត្តរបស់ពួកគេ នឹងមានការតយុទ្ធស្លាប់រស់មួយកើតមានជាដរាប ហើយមានតែក្រោយពេលការតយុទ្ធដ៏ខ្លាំងក្លានេះចប់ និងក្រោយពេលលទ្ធផលដ៏ច្រើនមហិមាចេញមកប៉ុណ្ណោះ ទើបអាចកំណត់ការឈ្នះចាញ់បាន។ គេមិនដឹងថាតើត្រូវសើច ឬយំនោះទេ។ ព្រោះបំណងជាច្រើននៅក្នុងខ្លួនមនុស្សគឺសុទ្ធតែខុសឆ្គង ឬដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ភាគច្រើនមានលក្ខណៈផ្ទុយពីសញ្ញាណរបស់ពួកគេ នៅពេលមនុស្សអនុវត្តនូវសេចក្តីពិត ការតយុទ្ធដ៏មហិមាមួយបានកើតឡើងនៅពីក្រោយឆាក។ ដោយបានអនុវត្តនូវសេចក្ដីពិតនេះ នៅពីក្រោយឆាក មនុស្សនឹងស្រក់ទឹកភ្នែកសោកសៅយ៉ាងច្រើនរាប់មិនអស់ មុនពេលដែលពួកគេរៀបចំចិត្តរបស់ខ្លួនដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅទីបំផុត។ ដោយសារតែការតយុទ្ធនេះ មនុស្សត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការបន្សុទ្ធ ហើយនេះគឺជាការរងទុក្ខពិតប្រាកដ។ នៅពេលការតយុទ្ធនេះកើតមានមកលើអ្នក ហើយប្រសិនបើអ្នកពិតជាអាចឈរនៅខាងព្រះជាម្ចាស់មែន នោះអ្នកនឹងអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ខណៈពេលកំពុងអនុវត្តនូវសេចក្តីពិត វាចៀសមិនរួចទេថា គេនឹងរងទុក្ខនៅខាងក្នុង ហើយប្រសិនបើនៅពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត អ្វីគ្រប់យ៉ាងនៅក្នុងខ្លួនមនុស្សសុទ្ធតែត្រឹមត្រូវមែន នោះពួកគេនឹងមិនត្រូវការព្រះជាម្ចាស់ប្រោសឱ្យពួកគេគ្រប់លក្ខណ៍នោះទេ ឯការតយុទ្ធនឹងមិនមានឡើយ ហើយពួកគេនឹងមិនរងទុក្ខដែរ។ ដោយសារតែមានរឿងរ៉ាវជាច្រើននៅក្នុងខ្លួនមនុស្សដែលមិនសមស្របនឹងឱ្យព្រះជាម្ចាស់ប្រើការ ហើយដោយសារតែមាននិស្ស័យបះបោរយ៉ាងច្រើនរបស់សាច់ឈាមបែបនេះ ទើបមនុស្សត្រូវរៀនមេរៀនអំពីការបះបោរទាស់នឹងសាច់ឈាមឱ្យបានកាន់តែជ្រៅជ្រះ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ហៅថា ការរងទុក្ខ ដែលទ្រង់បានមានបន្ទូលប្រាប់មនុស្សឱ្យទទួលរងជាមួយទ្រង់។ ពេលអ្នកជួបការលំបាក សូមប្រញាប់អធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱ ព្រះអង្គអើយ! ទូលបង្គំចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំចង់ស៊ូទ្រាំនឹងការលំបាកចុងក្រោយ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយមិនខ្វល់ថាទូលបង្គំជួបប្រទះឧបសគ្គខ្លាំងយ៉ាងណានោះទេ ទូលបង្គំនៅតែបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច។ ទោះបីជាទូលបង្គំត្រូវលះបង់ជីវិតរបស់ទូលបង្គំទាំងស្រុងក្ដី ក៏កូននៅតែត្រូវបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច!» ដោយមានការតាំងចិត្តបែបនេះ នៅពេលអ្នកអធិស្ឋានដូច្នេះ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក។ រាល់ពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត រាល់ពេលដែលពួកគេទទួលរងនូវការបន្សុទ្ធ រាល់ពេលដែលពួកគេត្រូវបានល្បងល ហើយរាល់ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ពួកគេ មនុស្សត្រូវតែស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ ទាំងអស់នេះគឺជាការសាកល្បងសម្រាប់មនុស្ស ដូច្នេះហើយបានជាមានការតយុទ្ធនៅក្នុងខ្លួនពួកគេទាំងអស់គ្នា។ នេះគឺជាតម្លៃជាក់ស្តែងដែលពួកគេត្រូវបង់។ ការអានព្រះបន្ទូលឱ្យបានច្រើន និងការរវល់ខ្លាំងច្រើនគឺជាចំណែកមួយនៃតម្លៃនោះ។ វាជាអ្វីដែលមនុស្សគួរតែធ្វើ វាជាករណីយកិច្ចរបស់ពួកគេ និងជាការទទួលខុសត្រូវដែលពួកគេគួរតែបំពេញ ប៉ុន្តែមនុស្សត្រូវតែទុកចោលនូវអ្វីៗនៅក្នុងខ្លួនពួកគេដែលចាំបាច់ត្រូវទុកចោល។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះទោះជាអ្នករងទុក្ខវេទនាខាងក្រៅខ្លាំងយ៉ាងណាក៏ដោយ ទោះជាអ្នករវល់ខ្លាំងយ៉ាងណាក៏ដោយ ទាំងអស់នោះនឹងគ្មានប្រយោជន៍អ្វីឡើយ! និយាយឱ្យចំទៅគឺថា មានតែការផ្លាស់ប្ដូរនៅក្នុងខ្លួនអ្នកតែប៉ុណ្ណោះទើបអាចកំណត់ ថាតើការលំបាកខាងក្រៅរបស់អ្នកមានតម្លៃឬអត់។ នៅពេលនិស្ស័យខាងក្នុងរបស់អ្នកបានផ្លាស់ប្តូររួចហើយ ហើយអ្នកបានអនុវត្តនូវសេចក្តីពិត នោះការរងទុក្ខខាងក្រៅរបស់អ្នកទាំងអស់នឹងទទួលបានការអនុម័តពីព្រះជាម្ចាស់ តែប្រសិនបើនិស្ស័យខាងក្នុងរបស់អ្នកគ្មានការផ្លាស់ប្តូរទេ នោះទោះបីជាអ្នកស៊ូទ្រាំនឹងការរងទុក្ខយ៉ាងណា ឬទោះជាអ្នករវល់ខ្លាំងនៅខាងក្រៅយ៉ាងណាក៏ដោយ ក៏នឹងគ្មានការអនុម័តពីព្រះជាម្ចាស់ឡើយ ហើយការលំបាកដែលគ្មានការបញ្ជាក់ពីព្រះជាម្ចាស់គឺឥតប្រយោជន៍នោះទេ។ ដូច្នេះ មិនថាតម្លៃដែលអ្នកបានបង់ត្រូវបានព្រះជាម្ចាស់អនុម័ត ឬអត់ គឺវាត្រូវបានកំណត់ដោយថាតើមានការផ្លាស់ប្ដូរនៅក្នុងខ្លួនអ្នក ឬអត់ និងដោយថាតើអ្នកអនុវត្តនូវសេចក្ដីពិត ហើយបះបោរទាស់នឹងបំណង និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឬអត់ ដើម្បីបំពេញបានតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ស្គាល់ព្រះជាម្ចាស់ និងមានភក្ដីភាពចំពោះព្រះជាម្ចាស់។ មិនថាអ្នករវល់ខ្លាំងយ៉ាងណានោះទេ ប្រសិនបើអ្នកមិនដែលចេះធ្វើការបះបោរទាស់នឹងបំណងផ្ទាល់ខ្លួនរបស់អ្នកទេ ប៉ុន្តែចេះតែធ្វើការស្វះស្វែងរកសកម្មភាព និងជំនឿមុតមាំខាងក្រៅ ហើយមិនដែលយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នកទេ នោះការលំបាករបស់អ្នកនឹងគ្មានប្រយោជន៍អ្វីឡើយ។
(ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៥២. ដើម្បីឱ្យច្បាស់លាស់ ការដើរតាមមាគ៌ារបស់ពេត្រុសនៅក្នុងសេចក្ដីជំនឿរបស់បុគ្គលម្នាក់ មានន័យថាដើរលើមាគ៌ានៃការដេញតាមសេចក្ដីពិត ដែលមានន័យថាមាគ៌ានៃការស្គាល់ខ្លួនឯងពិតប្រាកដ និងការផ្លាស់ប្ដូរនិស្ស័យរបស់បុគ្គលម្នាក់។ មានតែតាមរយៈការដើរតាមមាគ៌ារបស់ពេត្រុសប៉ុណ្ណោះ ដែលបុគ្គលម្នាក់ស្ថិតនៅលើមាគ៌ានៃការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ បុគ្គលម្នាក់ត្រូវតែមានភាពច្បាស់លាស់ អំពីរបៀបដើរតាមមាគ៌ារបស់ពេត្រុស ក៏ដូចជាយកវាទៅអនុវត្ត។ ជាដំបូង បុគ្គលម្នាក់ត្រូវតែទុកទៅម្ខាងនូវចេតនាផ្ទាល់ខ្លួន ការដេញតាមមិនត្រឹមត្រូវ និងសូម្បីតែគ្រួសារ ព្រមទាំងអ្វីៗទាំងអស់ខាងសាច់ឈាមរបស់គេ។ បុគ្គលម្នាក់ត្រូវតែមានភក្ដីភាពស្មោះអស់ពីចិត្ត។ គឺអាចនិយាយបានថា គេត្រូវមានភក្ដីភាពទាំងស្រុងចំពោះព្រះបន្ទូលព្រះជាម្ចាស់ ផ្ដោតលើការហូប និងការផឹកព្រះបន្ទូលព្រះជាម្ចាស់ ផ្ចង់អារម្មណ៍លើការស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់អ្វីៗទាំងអស់។ នេះគឺជាវិធីសាស្ដ្រគ្រឹះ និងសំខាន់បំផុតនៃការអនុវត្ត។ នេះគឺជាអ្វីដែលពេត្រុសបានធ្វើក្រោយពេលមើលឃើញព្រះយេស៊ូវ ហើយមានតែតាមរយៈការអនុវត្តតាមវិធីនេះប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចសម្រេចបានលទ្ធផលដ៏ល្អបំផុត។ ការមានភក្ដីភាពស្មោះអស់ពីចិត្តចំពោះព្រះបន្ទូលព្រះជាម្ចាស់ ជាចម្បងទាក់ទងនឹងការស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ផ្ដោតលើការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការយល់ដឹង ព្រមទាំងការទទួលបានសេចក្ដីពិតជាច្រើនទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអានព្រះបន្ទូលព្រះជាម្ចាស់ ពេត្រុសមិនបានផ្ដោតលើការយល់ដឹងពីគោលលទ្ធិនោះទេ ហើយគាត់រឺតតែមិនបានផ្ដោតលើការទទួលបានចំណេះដឹងផ្នែកទេវសាស្ដ្រទៅទៀត។ ផ្ទុយទៅវិញ គាត់បានផ្ចង់អារម្មណ៍ទៅលើការយល់ដឹងពីសេចក្ដីពិត និងការស្វែងយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ក៏ដូចជាការសម្រេចឱ្យបាននូវការយល់ដឹងអំពីនិស្ស័យ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ពេត្រុសក៏បានព្យាយាមស្វែងយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សតាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ក៏ដូចជាស្វែងយល់ពីធម្មជាតិ សារជាតិ និងចំណុចខ្វះខាតជាក់ស្ដែងរបស់មនុស្ស ដែលជាហេតុនាំទៅរកភាពងាយស្រួលក្នុងការបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ផងដែរ។ ពេត្រុសមានការអនុវត្តត្រឹមត្រូវជាច្រើនដែលប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះជាម្ចាស់។ នេះជាអ្វីដែលស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់បំផុត ហើយវាគឺជាវិធីដ៏ល្អបំផុតដែលបុគ្គលម្នាក់អាចសហការបាន ខណៈពេលកំពុងមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលឆ្លងកាត់ការល្បងលរាប់រយ ដែលព្រះជាម្ចាស់បញ្ជូនមក ពេត្រុសបានពិនិត្យមើលខ្លួនឯងយ៉ាងតឹងរ៉ឹងធៀបនឹងព្រះបន្ទូលអំពី ការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងការបើកសម្តែងរបស់មនុស្ស និងព្រះបន្ទូលគ្រប់ម៉ាត់នៃការទាមទាររបស់ទ្រង់ចំពោះមនុស្ស ហើយបានព្យាយាមយល់យ៉ាងត្រឹមត្រូវនូវអត្ថន័យនៃព្រះបន្ទូលទាំងនោះ។ គាត់បានព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីសញ្ជឹងគិត និងទន្ទេញព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ ហើយគាត់សម្រេចបានលទ្ធផលយ៉ាងល្អ។ តាមរយៈការអនុវត្តបែបនេះ គាត់អាចមានការយល់ដឹងអំពីខ្លួនឯងចេញពីព្រះបន្ទូលព្រះជាម្ចាស់ ហើយគាត់មិនត្រឹមតែបានយល់ពីសភាពពុករលួយផ្សេងៗ និងចំណុចខ្វះខាតរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានយល់ពីសារជាតិ និងធម្មជាតិរបស់មនុស្សផងដែរ។ នេះហើយជាអត្ថន័យនៃការយល់ដឹងពីខ្លួនឯងពិតប្រាកដ។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ពេត្រុសមិនត្រឹមតែបានស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានឃើញពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះកិច្ចការរបស់ទ្រង់ និងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិផងដែរ។ តាមរយៈព្រះបន្ទូលទាំងនេះ គាត់ក៏បានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។ គាត់បានស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ គាត់បានស្គាល់ និងយល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពគួរឱ្យស្រលាញ់របស់ព្រះជាម្ចាស់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្សដែរ។ ទោះបីជាកាលនោះ ព្រះជាម្ចាស់មិនបានមានបន្ទូលច្រើនដូចដែលទ្រង់មានបន្ទូលនៅសព្វថ្ងៃនេះក៏ដោយ ក៏លទ្ធផលនៅក្នុងទិដ្ឋភាពទាំងនេះបានសម្រេចនៅក្នុងពេតុ្រសដែរ។ នេះគឺជារឿងមួយដ៏កម្រ និងមានតម្លៃ។ ពេត្រុសបានឆ្លងកាត់ការល្បងលរាប់រយជំពូក ប៉ុន្ដែគាត់មិនបានរងទុក្ខដោយឥតប្រយោជន៍នោះទេ។ គាត់មិនត្រឹមតែបានយល់ពីខ្លួនឯងចេញពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានស្គាល់ព្រះជាម្ចាស់ដែរ។ បន្ថែមលើនេះទៀត គាត់បានយកចិត្តទុកដាក់ជាពិសេសលើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ មិនថាក្នុងទិដ្ឋភាពបែបណានោះទេ ឱ្យតែមនុស្សគួរផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដើម្បីឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺពេត្រុសបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងទិដ្ឋភាពទាំងនេះ និងសម្រេចបាននូវភាពច្បាស់លាស់ពេញលេញ។ ការនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះច្រកចូលទៅក្នុងជីវិតរបស់គាត់។ មិនថាព្រះជាម្ចាស់មានបន្ទូលអ្វីឡើយ ដរាបណាព្រះបន្ទូលទាំងនោះអាចក្លាយជាជីវិត និងជាសេចក្ដីពិត នោះពេត្រុសអាចឆ្លាក់វានៅក្នុងដួងចិត្ដរបស់គាត់ ដើម្បីសញ្ជឹងគិត និងសរសើរពីព្រះបន្ទូលទាំងនោះជារឿយៗ។ ដោយបានស្ដាប់ឮព្រះបន្ទូលព្រះយេស៊ូវរួច គាត់អាចយកព្រះបន្ទូលទាំងនោះចូលទៅក្នុងដួងចិត្ត ដែលបង្ហាញថា គាត់បានផ្ដោតជាពិសេសទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់ពិតជាសម្រេចបានលទ្ធផលនៅទីបញ្ចប់។ មានន័យថា គាត់អាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តដោយសេរី អនុវត្តសេចក្ដីពិតយ៉ាងត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើសកម្មភាពស្របតាមចេតនារបស់ព្រះជាម្ចាស់ និងលះបង់ចោលគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់គាត់។ តាមរបៀបនេះ ពេត្រុសបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការបម្រើរបស់ពេត្រុសបានស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ជាចម្បងដោយសារតែគាត់បានធ្វើកិច្ចការនេះ។
(ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៣៥៣. បើអ្នកអាចថ្វាយដួងចិត្ត រូបកាយ និងសេចក្ដីស្រឡាញ់ដ៏ពិតទាំងស្រុងរបស់អ្នកដល់ព្រះជាម្ចាស់ ដោយដាក់វានៅចំពោះព្រះអង្គ ស្ដាប់បង្គាប់ទ្រង់ទាំងស្រុង ហើយពិចារណាជានិច្ចអំពីបំណងព្រះហឫទ័យរបស់ទ្រង់ ពោលគឺមិនមែនសម្រាប់សាច់ឈាម មិនមែនសម្រាប់គ្រួសារ និងមិនមែនសម្រាប់សេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែសម្រាប់ផលប្រយោជន៍នៃក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ដោយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាគោលការណ៍ និងមូលដ្ឋានគ្រឹះនៅក្នុងអ្វីៗគ្រប់យ៉ាង នោះតាមរយៈការធ្វើបែបនេះ ចេតនា និងទស្សនៈរបស់អ្នកនឹងស្ថិតនៅកន្លែងដែលត្រឹមត្រូវ ហើយបន្ទាប់មក អ្នកនឹងក្លាយជាមនុស្សម្នាក់នៅចំពោះព្រះជាម្ចាស់ ដែលទទួលបានការសរសើររបស់ទ្រង់មិនខាន។ មនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ គឺជាអស់អ្នកដែលថ្វាយទាំងអស់ដល់ទ្រង់ ហើយពួកគេគឺជាមនុស្សដែលអាចមានស្វាមីភក្តិចំពោះទ្រង់តែមួយប៉ុណ្ណោះ។ អស់អ្នកដែលព្រះជាម្ចាស់ស្អប់ខ្ពើម គឺជាអ្នកដែលថ្វាយចិត្តពាក់កណ្ដាលដល់ទ្រង់ និងជាអ្នកដែលបះបោរប្រឆាំងនឹងទ្រង់។ ព្រះអង្គស្អប់អស់អ្នកដែលជឿលើទ្រង់ ហើយតែងតែចង់រីករាយនឹងទ្រង់ តែមិនអាចលះបង់ខ្លួនទាំងស្រុងសម្រាប់ជាប្រយោជន៍របស់ទ្រង់។ ព្រះអង្គស្អប់អស់អ្នកដែលនិយាយថា ពួកគេស្រឡាញ់ទ្រង់ តែបែរជាបះបោរប្រឆាំងនឹងទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ ព្រះអង្គស្អប់អស់អ្នកដែលប្រើពាក្យពេចន៍វោហារសព្ទពីរោះ ដើម្បីបោកបញ្ឆោតគេ។ អស់អ្នកដែលមិនមានស្វាមីភក្ដិយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ ឬដែលមិនបានចុះចូលយ៉ាងពិតប្រាកដចំពោះទ្រង់ គឺជាមនុស្សទុយ៌ស ហើយមានធម្មជាតិក្អេងក្អាងហួសហេតុ។ អស់អ្នកដែលមិនអាចចុះចូលយ៉ាងពិតប្រាកដនៅចំពោះព្រះដ៏ជាក់ស្ដែងដែលសាមញ្ញ គឺកាន់តែជាមនុស្សក្អេងក្អាង ហើយជាពិសេស ពួកគេជាកូនចៅរបស់មហាទេវតា។ មនុស្សដែលលះបង់ខ្លួនយ៉ាងពិតប្រាកដសម្រាប់ព្រះជាម្ចាស់ ប្រគល់ខ្លួនរបស់ពួកគេទាំងស្រុងដល់ទ្រង់ និងដាក់ខ្លួនទាំងស្រុងនៅចំពោះទ្រង់។ ពួកគេអាចចុះចូលចំពោះគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ហើយអាចអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់។ ពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានយកព្រះបន្ទូលទាំងនោះធ្វើជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយពួកគេអាចស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត ដើម្បីរកមើលថាតើមានផ្នែកណាខ្លះដែលពួកគេត្រូវអនុវត្តតាម។ មនុស្សបែបនេះហើយគឺជាអ្នកដែលរស់នៅយ៉ាងពិតប្រាកដនៅចំពោះព្រះជាម្ចាស់នោះ។ ប្រសិនបើអ្នកអនុវត្តបែបនេះ នោះវានឹងមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នក ហើយតាមរយៈការហូប និងការផឹកពីព្រះបន្ទូលរបស់ទ្រង់ អ្នកអាចបំពេញតម្រូវការខាងក្នុង និងសេចក្ដីខ្វះចន្លោះរបស់អ្នក ដើម្បីបំផ្លាស់បំប្រែនិស្ស័យជីវិតរបស់អ្នកបាន នោះការនេះនឹងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យមិនខាន។ បើអ្នកប្រព្រឹត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយបើអ្នកមិនចម្អែតតាមសាច់ឈាម តែបែរមកបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ នោះដោយធ្វើបែបនេះ អ្នកនឹងបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ទ្រង់មិនខាន។ ការចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មានន័យថា អ្នកអាចបំពេញភារកិច្ចរបស់អ្នក និងបំពេញសេចក្ដីតម្រូវនៃកិច្ចការរបស់ព្រះជាម្ចាស់បាន។ មានតែប្រភេទនៃសកម្មភាពជាក់ស្ដែងទាំងនេះទេ ទើបអាចត្រូវបានហៅថាជាការចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ទ្រង់។ បើអ្នកអាចចូលទៅក្នុងការពិតនេះបាន នោះអ្នកនឹងមានសេចក្តីពិតហើយ។ នេះហើយជាទីចាប់ផ្ដើមនៃការចូលទៅក្នុងការពិត។ ដំបូង អ្នកត្រូវតែទទួលការបណ្ដុះបណ្ដាលនេះ ហើយមានតែបែបនេះទេ ទើបអ្នកនឹងអាចចូលទៅកាន់ការពិតបានកាន់តែស៊ីជម្រៅ។
(ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៥៤. ព្រះជាម្ចាស់ គឺជាព្រះដ៏ជាក់ស្ដែង មានន័យថា៖ គ្រប់កិច្ចការរបស់ទ្រង់ គឺជាក់ស្ដែង គ្រប់ទាំងព្រះបន្ទូលដែលទ្រង់ថ្លែងមក សុទ្ធតែក់ស្ដែង ហើយគ្រប់ទាំងសេចក្តីពិតដែលទ្រង់សម្តែងចេញ គឺជាក់ស្ដែង។ គ្រប់យ៉ាងដែលមិនមែនជាព្រះបន្ទូលរបស់ទ្រង់ គឺគ្មានខ្លឹមសារ គ្មានវត្តមានពិត និងមានកំហុសឆ្គង។ សព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំផ្លូវមនុស្សចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សត្រូវព្យាយាមទទួលបានសិទ្ធិចូលទៅក្នុងការពិត នោះពួកគេត្រូវស្វែងរកការពិត និងស្គាល់ការពិតជាមុនសិន បន្ទាប់ពីនោះ ពួកគេត្រូវឆ្លងកាត់ការពិត និងរស់នៅតាមការពិត។ នៅពេលមនុស្សស្គាល់ការពិតកាន់តែច្រើនហើយ នោះពួកគេអាចដឹងថា តើពាក្យសម្តីរបស់អ្នកដទៃពិត ឬអត់ បានកាន់តែច្រើន ហើយនៅពេលមនុស្សស្គាល់ការពិតកាន់តែច្រើន នោះពួកគេនឹងមានសញ្ញាណកាន់តែតិច។ នៅពេលមនុស្សឆ្លងកាត់ការពិតកាន់តែច្រើន នោះពួកគេនឹងស្គាល់ពីទង្វើរបស់ព្រះនៃការពិតកាន់តែច្រើន ហើយវាកាន់តែងាយស្រួលដើម្បីឱ្យពួកគេផ្តាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់ខ្លួន ដែលជានិស្ស័យបែបសាតាំង។ កាលណាមនុស្សមានការពិតកាន់តែច្រើន នោះពួកគេនឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ហើយពួកគេកាន់តែស្អប់ខ្ពើមសាច់ឈាម និងស្រឡាញ់សេចក្តីពិតកាន់តែខ្លាំង។ នៅពេលពួកគេមានការពិតកាន់តែច្រើន នោះពួកគេនឹងកាន់តែខិតជិតខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់។ មនុស្សដែលព្រះជាម្ចាស់ទទួលយកគឺជាមនុស្សដែលមានការពិត ស្គាល់ការពិត និងជាមនុស្សដែលបានស្គាល់ពីទង្វើពិតរបស់ព្រះជាម្ចាស់ តាមរយៈបទពិសោធឆ្លងកាត់ការពិត។ នៅពេលអ្នកសហការជាមួយព្រះជាម្ចាស់តាមការអនុវត្តជាក់ស្ដែង និងលត់ដំខ្លួនឯងកាន់តែច្រើន នោះអ្នកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើន អ្នកនឹងទទួលបានការពិតកាន់តែច្រើន ហើយអ្នកនឹងត្រូវព្រះជាម្ចាស់បំភ្លឺគំនិតកាន់តែច្រើន ដែលហេតុនេះហើយ ការយល់ដឹងរបស់អ្នកអំពីទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ ប្រសិនបើអ្នកអាចរស់នៅក្នុងពន្លឺបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធបាន នោះមាគ៌ាបច្ចុប្បន្នទៅកាន់ការអនុវត្តភាពជាក់ស្ដែងនឹងកាន់តែច្បាស់ចំពោះអ្នក ហើយអ្នកនឹងកាន់តែអាចផ្តាច់ខ្លួនឯង ចេញពីសញ្ញាណសាសនា និងទម្លាប់ពីអតីតកាល។ ថ្ងៃនេះ ការពិតគឺជាផ្តោតអារម្មណ៍៖ បានន័យថា នៅពេលមនុស្សមានការពិតកាន់តែច្រើន នោះការយល់ដឹងពីសេចក្តីពិតរបស់ពួកគេនឹងកាន់តែច្បាស់ ហើយការយល់ដឹងរបស់ពួកគេពីបំណងរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ ការពិតអាចយកឈ្នះលើគ្រប់ន័យពាក្យ និងគោលលទ្ធិនានា វាអាចយកឈ្នះលើគ្រប់ទ្រឹស្តី និងជំនាញ ហើយនៅពេលមនុស្សផ្តោតអារម្មណ៍លើការពិតកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំង ហើយនិងស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់កាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកតែងតែផ្តោតអារម្មណ៍លើការពិតជានិច្ច នោះទស្សនៈវិជ្ជាសម្រាប់ការរស់នៅ សញ្ញាណសាសនា និងចរិតពីកំណើតរបស់អ្នកនឹងត្រូវបានជម្រុះចោលដោយឯកឯង ដោយសារការធ្វើតាមកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សដែលមិនព្យាយាមទទួលយកការពិត ហើយគ្មានការយល់ដឹងពីការពិត ទំនងជាព្យាយាមទទួលយកអ្វីដែលហួសវិស័យធម្មជាតិ ហើយងាយនឹងចាញ់បញ្ជោតគេ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានមធ្យោបាយនឹងធ្វើការក្នុងមនុស្សជំពូកនេះនោះទេ ដែលហេតុនេះហើយ ពួកគេមានអារម្មណ៍ទទេសូន្យ ហើយជីវិតរបស់ពួកគេគ្មានន័យនោះទេ។
(ដកស្រង់ពី «វិធីស្គាល់ការពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៥៥. អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាអ្នកដែលស្រឡាញ់សេចក្ដីពិត ហើយកាលណាអ្នកដែលស្រឡាញ់សេចក្តីពិត យកសេចក្តីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេមានសេចក្តីពិតកាន់តែច្រើន។ កាលណាពួកគេយកសេចក្តីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់កាន់តែច្រើន។ ហើយកាលណាពួកគេយកសេចក្ដីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេក៏ទទួលបានព្រះពរពីព្រះជាម្ចាស់កាន់តែច្រើនដែរ។ ប្រសិនបើអ្នកអនុវត្តបែបនេះបានរហូត នោះសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះអ្នក នឹងជួយឱ្យអ្នកមើលឃើញបន្តិចម្ដងៗ ដូចជា ពេត្រុសចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់៖ លោកបាននិយាយថា ព្រះជាម្ចាស់មិនត្រឹមតែមានប្រាជ្ញាញាណ បង្កើតនូវផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើនោះទេ តែលើសពីនេះទៀត ទ្រង់ក៏មានប្រាជ្ញាញាណ ក្នុងការអនុវត្តកិច្ចការជាក់ស្តែង ក្នុងមនុស្សផងដែរ។ ពេត្រុសបាននិយាយថា ទ្រង់មិនត្រឹមតែស័ក្ដិសមឱ្យមនុស្សស្រឡាញ់ ដោយព្រោះការដែលព្រះអង្គបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើនោះទេ តែលើសពីនេះ គឺដោយព្រោះភាពវាងវៃក្នុងការបង្កើតមនុស្សលោក សង្គ្រោះមនុស្សលោក និងប្រោសឱ្យ មនុស្សលោកបានគ្រប់លក្ខណ៍ និងដើម្បីបន្សល់ទុកសេចក្ដីស្រឡាញ់ឱ្យពួកគេ។ ពេត្រុសបាននិយាយទៀតថា នៅក្នុងព្រះអង្គមានលក្ខណៈជាច្រើនដែលស័ក្ដិសមឱ្យ មនុស្សស្រឡាញ់។ ពេត្រុសទូលទៅព្រះយេស៊ូវថា «តើការបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ គឺជាហេតុផលតែមួយដែលធ្វើឱ្យទ្រង់ស័ក្ដិសមនឹងទទួលសេចក្ដីស្រឡាញ់ពីមនុស្សលោកមែនទេ? នៅក្នុងព្រះអង្គមានលក្ខណៈច្រើនទៀតដែលគួរឱ្យស្រឡាញ់។ ព្រះអង្គធ្វើការ និងមានចលនាក្នុងជីវិតជាក់ស្ដែង ព្រះវិញ្ញាណរបស់ទ្រង់ពាល់ទូលបង្គំពីខាងក្នុង ទ្រង់លត់ដំទូលបង្គំ ទ្រង់ទិតៀនទូលបង្គំ សេចក្ដីទាំងអស់នេះ រឹតតែសមឱ្យទ្រង់ទទួលនូវសេចក្ដីស្រឡាញ់ពីមនុស្សលោកថែមទៀតផង»។ ប្រសិនបើអ្នកចង់ឃើញ និងស្គាល់សេចក្ដីស្រឡាញ់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្រាវជ្រាវ និងស្វែងរកក្នុងជីវិតជាក់ស្ដែង ហើយត្រូវព្រមលះបង់សាច់ឈាមរបស់ខ្លួនដោយឡែក។ អ្នកត្រូវតែធ្វើការតាំងចិត្តបែបនេះ។ អ្នកត្រូវធ្វើជាមនុស្សម្នាក់ដែលមានការតាំងចិត្ត ជាមនុស្សដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ដោយមិនខ្ជិលច្រអូស ឬលោភនឹងការអាស្រ័យផលនៃសាច់ឈាម ក៏មិនរស់ដើម្បីសាច់ឈាម តែរស់ដើម្បីព្រះជាម្ចាស់។ ក៏មានពេលខ្លះ អ្នកក៏មិនបានផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ មូលហេតុមកពីអ្នកមិនយល់ព្រះហឫទ័យទ្រង់ ដូច្នេះពេលក្រោយ អ្នកត្រូវផ្គាប់ព្រះហឫទ័យទ្រង់ឱ្យបាន មិនត្រូវផ្គាប់សាច់ឈាម ឡើយ ទោះបីជាត្រូវខំប្រឹងប្រែងជាងមុនក៏ដោយ។ កាលណាអ្នកមានបទពិសោធដូច្នេះហើយ អ្នកនឹងបានស្គាល់ ព្រះជាម្ចាស់។ អ្នកត្រូវតែមើលឃើញថា ព្រះជាម្ចាស់អាចបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ឃើញថា ទ្រង់បានយកកំណើតជាសាច់ឈាម ដើម្បីឱ្យមនុស្សអាចនឹងមើលឃើញទ្រង់ ហើយមានចំណងទាក់ទងជាមួយទ្រង់យ៉ាងពិតប្រាកដ។ អ្នកនឹងមើលឃើញថា ទ្រង់អាចដើរក្នុងចំណោមមនុស្សលោក ហើយឃើញថា ព្រះវិញ្ញាណរបស់ទ្រង់អាចប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ នៅក្នុងជីវិតជាក់ស្ដែង ដោយអនុញាតិឱ្យពួកគេមើលឃើញនូវលក្ខណៈគួរឱ្យស្រឡាញ់របស់ទ្រង់ និងស្គាល់ការលត់ដំ ការវាយផ្ចាល និងស្គាល់ព្រះពររបស់ព្រះអង្គ។ ប្រសិនបើអ្នកមានបទពិសោធបែបនេះរហូត នោះអ្នកនឹងមិនអាចដាច់ចេញពីព្រះជាម្ចាស់ក្នុងជីវិតជាក់ស្ដែងបានឡើយ ហើយប្រសិនបើថ្ងៃមួយសម្ពន្ធភាពរបស់អ្នកជាមួយនឹងព្រះជាម្ចាស់លែងប្រក្រតី នោះអ្នកនឹងអាចរងនូវការស្ដីបន្ទោស និងមានវិប្បដិសារី។ នៅពេលដែលអ្នកមានសម្ពន្ធភាពប្រក្រតីមួយ ជាមួយព្រះជាម្ចាស់ នោះអ្នកនឹងមិនចង់ទៅឆ្ងាយពីព្រះជាម្ចាស់ទេ ហើយប្រសិនបើថ្ងៃមួយព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងទៅឆ្ងាយពីអ្នក នោះអ្នកនឹងភ័យខ្លាច រួចនិយាយថា អ្នកស៊ូស្លាប់ ប្រសើរជាងឱ្យព្រះជាម្ចាស់ចេញឆ្ងាយពីអ្នក។ កាលណាអ្នកមាន អារម្មណ៍បែបនេះ នោះអ្នកគិតថា អ្នកមិនអាចចាកចេញឆ្ងាយពីព្រះជាម្ចាស់ឡើយ អ្នកនឹងមានមូលដ្ឋានគ្រឹះមួយ ហើយអ្នកនឹងត្រេកអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដ តាមវិធីនេះ។
(ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៥៦. កំហុសដ៏ធំបំផុតរបស់មនុស្សនៅក្នុងសេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែមែនទែនទៅ ព្រះជាម្ចាស់គ្មានវត្តមានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេទេ។ ពិតណាស់ មនុស្សទាំងអស់ជឿថាមានព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនមានចំណែកនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឡើយ។ មាត់មនុស្សលើកសេចក្តីអធិស្ថានជាច្រើនទៅកាន់ព្រះជាម្ចាស់ ប៉ុន្តែក្នុងចិត្តគេ មានព្រះជាម្ចាស់តិចតួចណាស់ ហេតុនេះ ទើបព្រះជាម្ចាស់បានល្បងលគេម្តងហើយម្តងទៀត។ នេះដោយសារពួកគេមានចិត្តមិនស្អាត ទើបព្រះជាម្ចាស់មិនមានជម្រើសផ្សេងក្រៅពីល្បងលគេ ដើម្បីឱ្យពួកគេខ្មាស ហើយដឹងខ្លួនតាមរយៈការល្បងលទាំងអស់នេះ។ ពុំនោះទេ មនុស្សលោកនឹងក្លាយទៅជាកូនចៅរបស់ពួកមហាទេវតា ហើយរឹតតែអាក្រក់ឡើងៗ។ នៅក្នុងដំណើរវិវឌ្ឍនៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ មនុស្សម្នាក់ៗលះបង់ចេតនា និងគោលបំណងផ្ទាល់ខ្លួនរបស់គេ ក្រោមការសម្អាតដោយឥតឈប់ឈររបស់ព្រះជាម្ចាស់។ ពុំនោះទេ ព្រះជាម្ចាស់គ្មានវិធីណាមកប្រើមនុស្សណាម្នាក់ ក៏គ្មានវិធីណាមកអនុវត្តកិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងពួកគេដែរ។ ដំបូងព្រះជាម្ចាស់សម្អាតមនុស្សជាមុនសិន ហើយតាមដំណើរការនេះ អ្នកទាំងនោះអាចស្គាល់ខ្លួនឯង រួចព្រះជាម្ចាស់ក៏អាចបំផ្លាស់បំប្រែពួកគេបាន។ បន្ទាប់មក ទើបព្រះជាម្ចាស់ដាក់ព្រះជន្មទ្រង់ឱ្យគង់ក្នុងពួកគេ ទាល់តែបែបនេះ ទើបពួកគេប្រែចិត្តទាំងស្រុងចំពោះព្រះជាម្ចាស់។ ដូច្នេះហើយ ទើបខ្ញុំនិយាយថា ការជឿព្រះជាម្ចាស់ មិនមែនងាយស្រួលដូចគេនិយាយនោះឡើយ។ ប្រសិនបើអ្នកមានតែចំណេះដឹងមួយមុខ ប៉ុន្តែគ្មានព្រះបន្ទូលរបស់ទ្រង់ជាជីវិត ដូចដែលព្រះជាម្ចាស់ទតឃើញ ហើយប្រសិនបើចំណេះរបស់អ្នក មានកម្រិតទៅតាមសមត្ថភាពរបស់អ្នក ប៉ុន្តែមិនអាចអនុវត្តនូវសេចក្តីពិត ឬរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន នេះសបញ្ជាក់ថា អ្នកមិនទាន់មានចិត្តស្រឡាញ់ព្រះជាម្ចាស់នៅឡើយទេ ហើយបង្ហាញថា ចិត្តរបស់អ្នកមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់តាមរយៈការទទួលជឿលើទ្រង់៖ នេះគឺជាគោលដៅចុងក្រោយ ហើយជាគោលដៅដែលមនុស្សស្វះស្វែងរក។ អ្នកត្រូវខិតខំរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះបន្ទូលនោះបង្កើតផលផ្លែនៅក្នុងការអនុវត្តរបស់អ្នក។ ប្រសិនបើអ្នកមានតែចំណេះដឹងខាងគោលលទ្ធិ នោះសេចក្តីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ក៏ពុំមានប្រយោជន៍អ្វីដែរ។ លុះត្រាតែអ្នកអនុវត្ត ហើយរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបសេចក្តីជំនឿរបស់អ្នកត្រូវបានរាប់ថាបានពេញខ្នាត និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅលើវិថីនេះ មានមនុស្សជាច្រើនអាចនិយាយពីចំណេះដឹងបានយ៉ាងច្រើន ប៉ុន្តែពេលដែលសេចក្តីស្លាប់មកដល់ គេស្រក់ទឹកភ្នែក ហើយស្អប់ខ្លួនឯងដែលខ្ជះខ្ជាយជីវិត និងរស់យ៉ាងយូរដោយឥតប្រយោជន៍។ ពួកគេគ្រាន់តែយល់ពីគោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តសេចក្តីពិត ឬធ្វើជាទីបន្ទាល់ពីព្រះជាម្ចាស់បានឡើយ ផ្ទុយទៅវិញ គេរវល់ទៅនេះទៅនោះ ដូចសត្វឃ្មុំ ហើយនៅពេលសេចក្តីស្លាប់ជិតមកដល់ ទីបំផុតទើបពួកគេយល់ថា ពួកគេខ្វះទីបន្ទាល់ពិតប្រាកដ ដោយពួកគេមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ តើរឿងនេះមិនយឺតពេលទៅហើយទេឬ? ហេតុអ្វីក៏អ្នកមិនឆក់ឱកាស ហើយដេញតាមសេចក្តីពិតដែលអ្នកស្រឡាញ់? ហេតុអ្វីក៏រង់ចាំដល់ថ្ងៃស្អែក? ប្រសិននៅក្នុងជីវិត អ្នកមិនទទួលរងនូវទុក្ខលំបាកដើម្បីសេចក្តីពិត ឬស្វែងរក និងទទួលបានសេចក្តីពិតនេះ តើអ្នកអាចថាមកពីអ្នកចង់មានវិប្បដិសារី ពេលដែលអ្នកជិតស្លាប់មែនទេ? ប្រសិនបើដូច្នេះមែន ហេតុអ្វីត្រូវជឿព្រះជាម្ចាស់? តាមការពិត មានកត្តាជាច្រើន ដែលមនុស្សអាចយកសេចក្ដីពិតមកអនុវត្ត និងអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន ប្រសិនបើគេព្យាយាមតែបន្តិចបន្តួច។ តែដោយសារចិត្តរបស់ពួកគេត្រូវវិញ្ញាណអាក្រក់សណ្ឋិត រហូតពួកគេមិនអាចធ្វើអ្វីសម្រាប់ប្រយោជន៍ដល់ព្រះជាម្ចាស់បាន ហើយគេរវល់ជានិច្ចចំពោះរឿងសាច់ឈាម ដោយនៅទីបញ្ចប់ មិនបានសម្រេចអ្វីសោះឡើយ។ ដូច្នេះហើយ មនុស្សតែងទទួលរងនូវបញ្ហា និងការលំបាកជាច្រើន។ តើទាំងនេះមិនមែនជាការធ្វើទុក្ខរបស់សាតាំងទេឬអី? តើនេះមិនមែនជាភាពពុករលួយនៃនិស្ស័យសាច់ឈាមទេឬអី? អ្នកមិនត្រូវបន្លំព្រះជាម្ចាស់ ដោយបបូរមាត់បោកបញ្ឆោតរបស់អ្នកនោះទេ? ប៉ុន្តែ អ្នកត្រូវមានសកម្មភាពជាក់ស្តែង។ ចូរកុំបញ្ឆោតខ្លួនឯងឱ្យសោះ តើមានប្រយោជន៍អ្វី? តើអ្នកអាចទទួលបានផលអ្វីខ្លះ តាមរយៈការរស់នៅដើម្បីប្រយោជន៍សាច់ឈាម និងការខំប្រឹងលំបាក ដើម្បីរិះរកឱ្យបាននូវប្រាក់ចំណេញ និងកិត្តិនាមនោះ?
(ដកស្រង់ពី «អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៥៧. មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ គឺជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ មនុស្សដែលពិតជាអាចឈររឹងមាំក្នុងការធ្វើបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ ក៏ជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយអាចឈរយ៉ាងពិតប្រាកដនៅខាងសេចក្តីពិតបានដែរ។ មនុស្សដែលចូលចិត្តប្រើកលល្បិច និងភាពអយុត្តិធម៌ ពួកគេទាំងអស់នោះខ្វះនូវសេចក្ដីពិត ហើយពួកគេទាំងអស់នាំនូវភាពអាម៉ាស់ទៅកាន់ព្រះជាម្ចាស់។ អ្នកដែលបង្កជម្លោះនៅក្នុងក្រុមជំនុំ គឺជាកញ្ជះរបស់សាតាំង ពួកគេជាតំណាងរបស់សាតាំង។ មនុស្សបែបនេះគឺរប៉ិលរប៉ូចណាស់។ អស់អ្នកដែលគ្មានយោបល់ ហើយមិនអាចឈរនៅខាងសេចក្ដីពិត អ្នកទាំងអស់នោះមានបំណងអាក្រក់ ហើយធ្វើឱ្យខូចដល់សេចក្ដីពិត។ លើសពីនេះទៅទៀត ពួកគេគឺជាអ្នកតំណាងពីបុរាណរបស់សាតាំង។ ពួកគេគឺលើសហួសពីការប្រោសលោះ ហើយនឹងត្រូវផាត់ចោលដោយធម្មជាតិ។ គ្រួសាររបស់ព្រះជាម្ចាស់ មិនអនុញ្ញាតឱ្យអស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នៅសល់នោះឡើយ ហើយក៏មិនអនុញ្ញាតឱ្យនៅតែសល់ អស់អ្នកដែលជាអ្នកដែលមានចិត្តចង់រុះរើពួកជំនុំនោះដែរ។ ទោះយ៉ាងណា ពេលនេះមិនមែនជាពេលវេលាដើម្បីធ្វើកិច្ចការបណ្តេញចេញនោះទេ។ មនុស្សបែបនេះនឹងត្រូវបានលាតត្រដាង និងផាត់ចោលនៅទីបំផុត។ គ្មានកិច្ចការដែលគ្មានប្រយោជន៍ទៀត ដែលត្រូវលះបង់សម្រាប់មនុស្សទាំងនេះទេ។ អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង មិនអាចឈរនៅខាងសេចក្តីពិតបានឡើយ រីឯអស់អ្នកដែលស្វែងរកនូវសេចក្តីពិត គឺអាចឈរនៅខាងសេចក្ដីពិតបាន។ មនុស្សដែលមិនអនុវត្តនូវសេចក្តីពិត គឺមិនសមនឹងស្តាប់ឮផ្លូវនៃសេចក្តីពិត និងមិនសក្តិសមក្នុងការធ្វើបន្ទាល់ពីសេចក្តីពិតឡើយ។ សេចក្ដីពិតគឺមិនមែនសម្រាប់ត្រចៀករបស់ពួកគេទេ។ ផ្ទុយទៅវិញ វាត្រូវត្រឡប់ឆ្ពោះទៅឯអ្នកដែលអនុវត្តនូវសេចក្ដីពិត។ មុនពេលចុងបញ្ចប់របស់មនុស្សគ្រប់រូបត្រូវបានបើកសម្ដែង អស់អ្នកដែលយាយីដល់ពួកជំនុំ ហើយរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវទុកចោលជាមុនសិនសម្រាប់ពេលឥឡូវនេះ ដើម្បីដោះស្រាយនៅពេលក្រោយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ មនុស្សទាំងនេះនឹងត្រូវបានលាតត្រដាង ហើយបន្ទាប់មកពួកគេនឹងត្រូវផាត់ចោល។ សម្រាប់ពេលបច្ចុប្បន្ននេះ ខណៈពេលដែលសេចក្ដីពិតកំពុងត្រូវបានប្រទានឱ្យ សេចក្ដីពិតនឹងត្រូវគេមិនអើពើ។ នៅពេលដែលសេចក្តីពិតទាំងមូលត្រូវបានបើកសម្ដែងដល់មនុស្ស មនុស្សទាំងនោះនឹងត្រូវផាត់ចោល។ នោះគឺជាពេលវេលាដែលមនុស្សទាំងអស់នឹងត្រូវបានចាត់ថ្នាក់តាមប្រភេទរបស់ពួកគេ។ ឧបាយកលតូចតាចរបស់អ្នកដែលមិនមានយោបល់ នឹងនាំទៅដល់ការបំផ្លាញពួកគេ ដោយដៃរបស់មនុស្សអាក្រក់ ហើយពួកគេនឹងត្រូវល្បួងដោយការទាំងនោះ ដោយមិនវិលត្រឡប់មកវិញឡើយ។ ហើយការប្រព្រឹត្តបែបនេះ គឺជាអ្វីដែលពួកគេសមនឹងទទួល ព្រោះពួកគេមិនស្រឡាញ់សេចក្តីពិត ព្រោះពួកគេមិនអាចឈរនៅខាងនៃសេចក្តីពិតបាន ពីព្រោះពួកគេដើរតាមមនុស្សអាក្រក់ ហើយឈរនៅខាងមនុស្សអាក្រក់ ហើយដោយសារតែពួកគេឃុបឃិតជាមួយមនុស្សអាក្រក់ និងប្រឆាំងព្រះជាម្ចាស់។ ពួកគេដឹងយ៉ាងច្បាស់ថាអ្វីដែលមនុស្សអាក្រក់បញ្ចេញគឺជាអំពើអាក្រក់ ប៉ុន្តែពួកគេមានចិត្តរឹងរូស ហើយបែរខ្នងដាក់សេចក្ដីពិតដើម្បីដើរតាមពួកគេវិញ។ តើមនុស្សទាំងនេះដែលមិនអនុវត្តនូវសេចក្តីពិត ប៉ុន្តែជាអ្នកដែលបំផ្លាញ និងគួរឱ្យស្អប់ខ្ពើម មិនមែនសុទ្ធតែប្រព្រឹត្តអំពើអាក្រក់ទេឬអី? ទោះបីមានអ្នកខ្លះក្នុងចំណោមពួកគេដែលធ្វើខ្លួនគេថាជាស្តេច និងជាអ្នកដទៃទៀតដែលដើរតាមពួកគេក៏ដោយ តើធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ មិនដូចគ្នាទាំងអស់ទេឬ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនជួយសង្រ្គោះពួកគេនោះ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនសុចរិត? តើវាមិនមែនជាអំពើអាក្រក់របស់ពួកគេដែលកំពុងតែបំផ្លាញពួកគេទេឬ? តើវាមិនមែនជាការបះបោររបស់ពួកគេដែលកំពុងទាញពួកគេធ្លាក់ចូលក្នុងនរកទេឬ? នៅទីបំផុតមនុស្សដែលអនុវត្តនូវសេចក្តីពិត នឹងត្រូវបានសង្គ្រោះ និងធ្វើឱ្យបានគ្រប់លក្ខណ៍ ដោយសារតែសេចក្ដីពិត។ នៅទីបំផុត អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នឹងនាំសេចក្តីអន្តរាយដល់ខ្លួនគេដោយសារតែសេចក្តីពិត។ ទាំងនេះគឺជាការបញ្ចប់ដែលរង់ចាំអ្នកដែលអនុវត្តនូវសេចក្តីពិត និងអ្នកដែលមិនអនុវត្តនូវសេចក្ដីពិត។
(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)