អារម្ភកថា

ទោះបីមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែ មានមនុស្សតិចណាស់ដែលយល់អំពីអត្ថន័យនៃសេចក្តីជំនឿលើព្រះជាម្ចាស់ និងអ្វីដែលពួកគេត្រូវធ្វើ ដើម្បីឲ្យស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយនៅតែមិនដឹងអំពីកិច្ចការរបស់ទ្រង់ បើទោះបីជាពួកគេធ្លាប់ដឹងធ្លាប់ឮអំពីពាក្យថា «ព្រះជាម្ចាស់» និង «កិច្ចការរបស់ព្រះជាម្ចាស់» ក៏ដោយ។ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ប្រាកដជាមានជំនឿបែបច្របូកច្របល់អំពីទ្រង់ជាមិនខាន។ មនុស្សមិនមានជំនឿហ្មត់ចត់លើព្រះជាម្ចាស់ឡើយ ហើយនេះដោយសារតែការមានជំនឿលើព្រះជាម្ចាស់ដូចជារឿងចម្លែកពេក ឬជារឿងដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។ នេះជាហេតុផលដែលនាំឲ្យពួកគេមិនអាចបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់បាន។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីកិច្ចការរបស់ទ្រង់ នោះពួកគេមិនសក្ដិសមនឹងឲ្យព្រះជាម្ចាស់ប្រើនោះឡើយ បើដូច្នេះ ពួកគេនៅតែមិនអាចបំពេញតាមព្រះហឫទ័យរបស់ទ្រង់ដដែល។ «ជំនឿជឿលើព្រះជាម្ចាស់» គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់។ លើសពីនេះទៅទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយដែលពាក់ព័ន្ធនឹងជំនឿសាសនាដ៏ខ្លាំង។ សេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតីលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ កម្ចាត់ចោលនិស្ស័យពុករល័យរបស់គេ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបហៅថាជា «សេចក្ដីជំនឿលើព្រះជាម្ចាស់»។ ប៉ុន្តែ ជារឿយៗ មនុស្សមើលឃើញការមានជំនឿលើព្រះជាម្ចាស់ ជារឿងដ៏សាមញ្ញ និងឥតបានការ។ មនុស្សដែលជឿលើព្រះជាម្ចាស់តាមរបៀបនេះបានបាត់បង់នូវអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ហើយទោះបីពួកគេអាចបន្តជឿរហូតដល់ទីចុងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងមិនដែលទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ ដោយសារតែពួកគេដើរតាមផ្លូវខុស។ សព្វថ្ងៃនេះ នៅតែមានមនុស្សដែលជឿលើព្រះជាម្ចាស់ ស្របតាមន័យពាក្យ និងគោលលទ្ធិប្រហោងក្នុងទៀត។ ពួកគេមិនដឹងថា ពួកគេខ្វះនូវខ្លឹមនៃសេចក្ដីជំនឿជឿលើព្រះជាម្ចាស់ ហើយពួកគេមិនអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ។ ពួកគេនៅតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់ប្រទានព្រះពរនៃសុខសុវត្ថិភាព និងព្រះគុណដ៏គ្រប់គ្រាន់ទៀត។ ឥឡូវនេះ ចូរយើងឈប់បន្តិចសិន ធ្វើចិត្តឲ្យស្ងប់ ហើយសួរខ្លួនឯងថា៖ តើវាអាចទេថា ការជឿលើព្រះជាម្ចាស់ តាមពិតទៅជាកិច្ចការដ៏ងាយស្រួលបំផុតនៅលើផែនដី? តើវាអាចទេថា ការជឿលើព្រះជាម្ចាស់ គ្មានន័យអ្វីសោះ ក្រៅពីការទទួលយកព្រះគុណឲ្យបានច្រើនពីព្រះជាម្ចាស់? តើមនុស្សដែលជឿលើព្រះជាម្ចាស់ ទាំងមិនស្គាល់ទ្រង់ ឬមិនជឿលើទ្រង់ ប៉ុន្តែ បែរជាប្រឆាំងនឹងទ្រង់ ពិតជាអាចធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យឬ?

យើងមិនអាចនិយាយអំពីព្រះជាម្ចាស់ និងមនុស្សនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមនុស្សមិនអាចវាស់ស្ទង់ និងយល់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ និងមានបន្ទូលដោយផ្ទាល់នៅក្នុងពិភពលោករបស់មនុស្សទេ នោះមនុស្សនឹងមិនអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលបានដាក់ជីវិតរបស់គេទាំងស្រុងចំពោះព្រះជាម្ចាស់ ក៏នឹងមិនអាចទទួលបានការយល់ព្រមពីទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់មិនចាប់ផ្ដើមធ្វើការទេ ទោះបីមនុស្សធ្វើការបានល្អយ៉ាងណា ក៏វានៅតែគ្មានតម្លៃអ្វីសោះឡើយ ព្រោះថាព្រះតម្រិះរបស់ព្រះជាម្ចាស់នឹងតែងតែខ្ពង់ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តែងតែលើសហួសពីការយល់ដឹងរបស់មនុស្សជានិច្ច។ ហេតុនេះហើយបានជាខ្ញុំនិយាយថា អស់អ្នកដែលអះអាងថា «ខ្លួនយល់ទាំងស្រុង» អំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ តាមពិតទៅ ជាមនុស្សល្ងីល្ងើវិញទេ។ ពួកគេទាំងអស់គ្នាសុទ្ធតែជាមនុស្សដែលគិតតែពីខ្លួនអ្នក និងល្ងង់ខ្លៅ។ មនុស្សមិនគួរកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មួយវិញទៀត មនុស្សមិនអាចកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សគ្មានតម្លៃដូចជាសត្វស្រមោចដែរ។ តើមនុស្សអាចវាស់ស្ទង់អំពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកដែលចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចថា «ព្រះជាម្ចាស់មិនធ្វើការបែបនេះ ឬបែបនោះ» ឬ «ព្រះជាម្ចាស់មានលក្ខណៈបែបនេះ ឬបែបនោះ» តើពួកគេមិនកំពុងនិយាយទាំងអួតក្អេងក្អាងទេឬអី? យើងទាំងអស់គ្នាគួរតែដឹងថា មនុស្សដែលរស់នៅខាងសាច់ឈាមបែបនេះ ត្រូវបានអារក្សសាតាំងធ្វើឲ្យខូចអាក្រក់រួចទៅហើយ។ និស្ស័យដើមរបស់មនុស្សជាតិគឺប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សជាតិមិនអាចមានឋានៈស្មើនឹងព្រះជាម្ចាស់ឡើយ ហើយមនុស្សជាតិក៏គ្មានថ្ងៃសង្ឃឹមចង់ផ្ដល់ដំបូន្មានដល់កិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់ដឹកនាំមនុស្ស នោះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់។ វាជារឿងសក្ដិសមដែលមនុស្សគួរតែចុះចូលធ្វើតាម ដោយមិនចាំបាច់ហាមាត់និយាយអំពីទស្សនៈបែបនេះ ឬបែបនោះឡើយ ដ្បិតមនុស្សគ្មានអ្វីក្រៅពីជាធូលីដីឡើយ។ ដោយសារនេះជាចេតនារបស់យើងក្នុងការស្វែងរកព្រះជាម្ចាស់ ដូច្នេះ យើងមិនគួរដាក់សញ្ញាណរបស់យើងពីលើកិច្ចការរបស់ទ្រង់ ដើម្បីឲ្យព្រះជាម្ចាស់យកទៅពិចារណាឡើយ ហើយជាងនេះទៅទៀត យើងមិនគួរប្រើនិស្ស័យពុករលួយរបស់យើងទាំងអស់ មកប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ តើការធ្វើបែបនេះមិនធ្វើឲ្យយើងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើមនុស្សបែបនេះអាចជឿលើព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ដោយសារតែយើងជឿថា មានព្រះជាម្ចាស់ ហើយដោយសារតែយើងចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងចង់ឃើញទ្រង់ ដូច្នេះ យើងគួរតែស្វែងរកផ្លូវនៃសេចក្តីពិត និងស្វែងរកផ្លូវ ដើម្បីជានាជាមួយទ្រង់វិញ។ យើងមិនគួរប្រឆាំងនឹងទ្រង់ ដោយចិត្តរឹងចចេសឡើយ។ តើទង្វើបែបនេះអាចនាំឲ្យមានផលល្អអ្វីទៅ?

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី។ អ្នកប្រហែលជាមិនទទួលយកពាក្យទាំងនេះឡើយ ហើយពាក្យទាំងនេះក៏ប្រហែលជាចម្លែកសម្រាប់អ្នកផងដែរ ប៉ុន្តែ ខ្ញុំសូមដាស់តឿនថា អ្នកមិនត្រូវបង្ហាញសារជាតិដើមរបស់អ្នកឡើយ ព្រោះថាមានតែអស់អ្នកដែលពិតជាស្រេកឃ្លាន និងចង់បានសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចទទួលបានសេចក្តីពិត ហើយមានតែអស់អ្នកដែលពិតជាប្ដូរផ្ដាច់ចំពោះទ្រង់ប៉ុណ្ណោះ ទើបអាចទទួលបានការបំភ្លឺ និងការដឹកនាំពីទ្រង់។ លទ្ធផលទទួលបានតាមរយៈការស្វែងរកសេចក្តីពិត ដោយចិត្តស្ងប់សុខ មិនមែនដោយការឈ្លោះប្រកែក និងការទាស់ទែងនោះឡើយ។ នៅពេលដែលខ្ញុំមានបន្ទូលថា «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី» ខ្ញុំកំពុងតែសំដៅលើកិច្ចការនៃការយាងត្រឡប់មកជាសាច់ឈាមរបស់ព្រះជាម្ចាស់។ ប្រហែលពាក្យទាំងនេះមិនធ្វើឲ្យអ្នកខ្វល់ចិត្តឡើយ​។ ប្រហែលអ្នកស្អប់ខ្ពើមពាក្យទាំងនេះ ឬមួយក៏វាធ្វើឲ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាក្នុងករណីណាមួយឡើយ ខ្ញុំសង្ឃឹមថា អស់អ្នកណាដែលពិតជាចង់ឲ្យព្រះជាម្ចាស់លេចមក គឺអាចទទួលយកការពិតនេះ ហើយពិចារណាយ៉ាងល្អិតល្អន់អំពីពាក្យទាំងនេះ ជាជាងឆាប់ធ្វើសេចក្តីសន្និដ្ឋាន។ នេះហើយជាអ្វីដែលមនុស្សមានប្រាជ្ញាគួរតែធ្វើ។

វាមិនពិបាកឡើយក្នុងការសួរនាំរកចម្លើយ ប៉ុន្តែ វាតម្រូវឲ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះសិន៖ ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឬយ៉ាងណា ដូច្នេះ គេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះមិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីម្នាក់ៗដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលពេញដោយសោកនាដកម្មនេះឡើយ។ អ្នកមិនត្រូវក្លាយជាពួកផារីស៊ីសម័យទំនើប ហើយដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្ដងទៀតឡើយ។ អ្នកគួរតែពិចារណាយ៉ាងយកចិត្តទុកដាក់អំពីរបៀបស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែមានគំនិតជ្រះថ្លាទាក់ទងនឹងរបៀបក្លាយជាមនុស្សម្នាក់ដែលចុះចូលចំពោះសេចក្តីពិតវិញ។ នេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពក។ យើងគួរតែញីភ្នែកខាងវិញ្ញាណរបស់យើង ដើម្បីឲ្យមើលឃើញច្បាស់ ហើយមិនផុងជ្រៅនៅក្នុងពាក្យនិយាយបំផ្លើសបែបរវើរវាយ។ យើងគួរតែគិតអំពីកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ និងមើលទៅកាន់ទិដ្ឋភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់វិញ។ កុំបណ្ដោយខ្លួនឲ្យអណ្ដែតអណ្ដូង ឬវង្វេងនៅក្នុងការរវើរវាយឡើយ ប៉ុន្តែ ចូរទន្ទឹងរង់ចាំជានិច្ចនូវថ្ងៃដែលព្រះអម្ចាស់ព្រះយេស៊ូវយាងនៅលើពពក ចុះមកភ្លាមៗក្នុងចំណោមអ្នករាល់គ្នា ហើយនាំយកអ្នករាល់គ្នាដែលមិនធ្លាប់ស្គាល់ ឬធ្លាប់ឃើញទ្រង់ និងអស់អ្នកដែលមិនដឹងពីរបៀបធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ ការគិតអំពីកិច្ចការជាក់ស្ដែង គឺជារឿងដែលប្រសើរជាង!

អ្នកប្រហែលជាបើកសៀវភៅនេះសម្រាប់គោលបំណងនៃការសិក្សាស្រាវជ្រាវ ឬក្នុងចេតនាចង់ទទួលយក។ មិនថាអ្នកមានចិត្តគំនិតបែបណានោះឡើយ ខ្ញុំសង្ឃឹមថា អ្នកនឹងអានវាដល់ចប់ ហើយនឹងមិនឆាប់ទុកសៀវភៅនេះចោលឡើយ។ ប្រហែលជា ក្រោយពេលអានពាក្យទាំងនេះហើយ ចិត្តគំនិតរបស់អ្នកនឹងផ្លាស់ប្ដូរ ប៉ុន្តែ ការនេះអាស្រ័យលើការជំរុញចិត្ត និងកម្រិតនៃការយល់ដឹងរបស់អ្នកផងដែរ។ យ៉ាងណាមិញ មានរឿងមួយដែលអ្នកគួរតែដឹងគឺ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឲ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្សក៏មិនអាចធ្វើឲ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅ​ហើយ​។ តើព្រះបន្ទូលនៃព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឲ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្សនូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឲ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ ពេលពិចារណាអំពីគ្រប់ទាំងសេចក្តីរួចហើយ គេអាចធ្វើការបូកសរុបបានថា ព្រះជាម្ចាស់ជាព្រះជាម្ចាស់ ហើយមនុស្សជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ជាការស្រាយបំភ្លឺដ៏សាមញ្ញ ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។ ទោះបីជាយ៉ាងណា អ្នកមិនគួរច្របល់បញ្ចូលគ្នានូវអ្វីដែលត្រូវ និងអ្វីដែលខុស ឬយកខ្ពស់ជាទាប ឬយករាក់ទៅជាជ្រៅ​ឡើយ​។ យ៉ាងណាក៏ដោយ អ្នកមិនគួរបដិសេធនូវអ្វីដែលអ្នកដឹងថាជាសេចក្តីពិតឡើយ។ មនុស្សគ្រប់គ្នាដែលជឿថាមានព្រះជាម្ចាស់ គួរតែសួរនាំរកបញ្ហា ដោយចេញពីទស្សនៈដ៏ត្រឹមត្រូវ ហើយទទួលយកកិច្ចការថ្មី និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់ ដោយចេញពីទស្សនៈជាមនុស្សដែលទ្រង់បានបង្កើតមក បើមិនដូច្នោះទេ ពួកគេនឹងត្រូវព្រះជាម្ចាស់លុបបំបាត់ចោលជាមិនខាន។

ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។ កិច្ចការរបស់ទ្រង់មិនត្រូវបានអនុវត្តដាច់ដោយឡែកឡើយ ប៉ុន្តែ ត្រូវបានសង់ពីលើកិច្ចការរបស់ព្រះយេហូវ៉ា។ វាជាកិច្ចការសម្រាប់យុគសម័យថ្មីដែលព្រះជាម្ចាស់បានធ្វើ ក្រោយពេលទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ដូចគ្នាផងដែរ ក្រោយកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យថ្មី ព្រោះថា ការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍទៅមុខជានិច្ច។ ពេលដែលយុគសម័យចាស់កន្លងផុតទៅ វានឹងត្រូវជំនួស ដោយយុគសម័យមួយថ្មី ហើយពេលដែលកិច្ចការចាស់ត្រូវបានបញ្ចប់ វានឹងមានកិច្ចការថ្មីដែលត្រូវបន្តការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែ វាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គ្រប់ពេលដែលព្រះជាម្ចាស់ផ្ដួចផ្ដើមដំណាក់កាលថ្មីនៃកិច្ចការ គឺត្រូវតែមានទីចាប់ផ្ដើមថ្មីជានិច្ច ហើយវាត្រូវតែនាំមកនូវយុគសម័យថ្មីផងដែរ។ ហើយវាក៏មាននូវការផ្លាស់ប្ដូរស្របគ្នានៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ នៅក្នុងឥរិយាបថនៃការធ្វើការរបស់ទ្រង់ នៅក្នុងទីតាំងនៃកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះនាមរបស់ទ្រង់ផងដែរ។ នេះហើយជាហេតុផលដែលមនុស្សមានការពិបាកក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មី។ ប៉ុន្តែ មិនថាមនុស្សប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការរបស់ទ្រង់ និងដឹកនាំមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខជានិច្ច។ ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងនគរនៃព្រះ ហើយលើសពីនេះ គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះ មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់ នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចដកចោលនិស្ស័យខូចអាក្រក់របស់គេបានឡើយ ដូច្នេះ ពួកគេគ្មានថ្ងៃនឹងស្គាល់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែ មិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឲ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឲ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះ នៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថា បំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ ចុងបញ្ចប់ បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍យ៉ាងអស្ចារ្យអំពីព្រះចេស្ដារបស់ទ្រង់។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធ ឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចស្ដាប់បង្គាប់តាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថា ខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរ ដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនូវនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់ តាមរយៈការមានបន្ទូល ការអនុញ្ញាតឲ្យអស់អ្នកដែលទទួលយកការកាត់ទោស និងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះអំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ)។ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះ ព្រះជាម្ចាស់ប្រើមធ្យោបាយមួយ ដែលទ្រង់អាចសម្ដែងពីនិស្ស័យខាងក្នុងរបស់ទ្រង់ ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។ នៅពេលដែលមនុស្សបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះរួចហើយ នោះគេនឹងដឹងអំពីអត្ថន័យដ៏ពិតនៃប្រសាសន៍របស់យ៉ូហាន នៅពេលដែលគាត់មានប្រសាសន៍អំពីបុត្រមនុស្សនៅក្នុងចំណោមជើងចង្កៀងថា៖ «ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» នៅពេលនោះ អ្នកនឹងដឹងយ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបានថា សាច់ឈាមសាមញ្ញដែលបានមានបន្ទូលយ៉ាងច្រើននេះ គឺជាព្រះដែលយកកំណើតជាមនុស្សលើកទីពីរ។ លើសពីនេះទៅទៀត អ្នកនឹងយល់យ៉ាងពិតប្រាកដថា អ្នកពិតជាមានពរណាស់ និងមានអារម្មណ៍ថា អ្នកជាមនុស្សមានសំណាងបំផុតនៅក្នុងលោក។ តើអ្នកមិនព្រមទទួលយកព្រះពរនេះទេឬអី?

ផ្នែកទីមួយនៃសៀវភៅនេះគឺស្ដីពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង។» ព្រះបន្ទូលទាំងនេះតំណាងឲ្យអន្តរកាលពីទីបញ្ចប់នៃយុគសម័យនៃព្រះគុណ ទៅកាន់ទីចាប់ផ្ដើមនៃយុគសម័យនគរព្រះ ហើយព្រះបន្ទូលទាំងនេះគឺជាការធ្វើបន្ទាល់ជាសាធារណៈរបស់ព្រះវិញ្ញាណបរិសុទ្ធអំពីកូនមនុស្សទៅកាន់ពួកជំនុំ។ ព្រះបន្ទូលទាំងនេះក៏ជាសេចក្តីសម្រេចព្រះបន្ទូលនៅក្នុងកណ្ឌគម្ពីរវិវរណៈដែលចែងថា៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ។» ផងដែរ។ ព្រះបន្ទូលទាំងនេះតំណាងឲ្យដំណាក់កាលដំបូងនៃកិច្ចការដែលព្រះជាម្ចាស់បានចាប់ផ្ដើមនៅក្នុងយុគសម័យនៃនគរព្រះ។ ផ្នែកទីពីរនៃសៀវភៅនេះផ្សំឡើងដោយព្រះបន្ទូលដែលត្រូវបានកូនមនុស្សថ្លែងឡើងដោយផ្ទាល់ ក្រោយពេលទ្រង់បានបើកសម្ដែងអង្គទ្រង់ជាផ្លូវការ។ សៀវភៅនេះ រួមបញ្ចូលនូវព្រះសូរសៀង និងព្រះបន្ទូលជាច្រើនប្រភេទ ដូចជា សេចក្តីទំនាយ ការបើកសម្ដែងសេចក្តីលាក់កំបាំង និងផ្លូវនៃជីវិត ខ្លឹមសារដ៏សម្បូរបែប រួមមានការទស្សន៍ទាយសម្រាប់នគរព្រះនាពេលអនាគត ការបើកសម្ដែងសេចក្តីលាក់កំបាំងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ការវិភាគអំពីនិស្ស័យរបស់មនុស្ស សេចក្តីដាស់តឿន និងសេចក្តីព្រមាន ការជំនុំជម្រះដ៏ប្រិតប្រៀន ព្រះបន្ទូលដ៏កំសាន្តចិត្ត កិច្ចពិភាក្សាអំពីជីវិត សុន្ទរកថាអំពីការចូល ជាដើម។ ជារួមមក អ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់ ក៏ដូចជានិស្ស័យរបស់ព្រះជាម្ចាស់ សុទ្ធតែត្រូវបានបើកបង្ហាញចេញនៅក្នុងកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់។ ពិតប្រាកដណាស់ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន គឺដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ តាមរយៈការកាត់ទោស និងការជំនុំជម្រះជាចម្បង។ ដោយសង់ពីលើមូលដ្ឋានគ្រឹះនេះ ទ្រង់នាំមនុស្សឲ្យស្គាល់សេចក្តីពិតថែមទៀត ហើយបង្ហាញឲ្យគេដឹងអំពីផ្លូវនៃការអនុវត្តជាច្រើនទៀត ក្នុងគោលបំណងដើម្បីសម្រេចកម្មវត្ថុរបស់ទ្រង់នៃការយកឈ្នះមនុស្ស និងការសង្រ្គោះគេពីនិស្ស័យពុករលួយរបស់គេ។ នេះជាអ្វីដែលស្ថិតនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ។ តើឯងចង់ចូលទៅក្នុងយុគសម័យថ្មីដែរឬទេ? តើឯងចង់ដកចោលនិស្ស័យពុករលួយរបស់ឯងដែរឬទេ? តើឯងចង់ទទួលបានសេចក្តីពិតកាន់តែខ្ពស់ដែរឬទេ? តើឯងចង់ឃើញព្រះភ័ក្ត្រដ៏ពិតនៃបុត្រមនុស្សដែរឬទេ? តើឯងចង់ធ្វើឲ្យជីវិតនេះមានតម្លៃដែរឬទេ? តើឯងចង់ឲ្យព្រះជាម្ចាស់ធ្វើឲ្យឯងបានគ្រប់លក្ខណ៍ដែរឬទេ? ដូច្នេះ តើឯងនឹងត្រូវស្វាគមន៍ទទួលការយាងមករបស់ព្រះយេស៊ូវដោយរបៀបណាទៅ?

ខាង​ដើម៖ ឧបសម្ព័ន្ធ៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់

បន្ទាប់៖ សេចក្តីផ្ដើម

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ