ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)

ចំណុចទីប្រាំបី៖ ត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរករបៀបដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ (ផ្នែកទីពីរ)

លើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំបីនៃទំនួលខុសត្រូវ របស់អ្នកដឹកនាំ និងអ្នកធ្វើការគឺ៖ «ត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរករបៀបដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ»។ ទោះបីជាចំណុចទីប្រាំបីមានតែមួយឃ្លាក៏ដោយ ហើយជាមូលដ្ឋាន វាគ្រាន់តែតម្រូវរឿងតែមួយប៉ុណ្ណោះពីអ្នកដឹកនាំ និងអ្នកធ្វើការទាក់ទងនឹងទំនួលខុសត្រូវរបស់ពួកគេ ដែលជារឿងសាមញ្ញបំផុត ប៉ុន្តែយើងបានចំណាយពេលប្រជុំជួបជុំគ្នាមួយលើក ដើម្បីប្រកបគ្នាអំពីប្រធានបទនេះ។ កាលពីលើកមុន តើយើងបានប្រកបគ្នាយ៉ាងច្បាស់អំពីទិដ្ឋភាពអ្វីខ្លះនៃប្រធានបទនេះ? តើវាពាក់ព័ន្ធនឹងទំនួលខុសត្រូវចម្បងអ្វីខ្លះរបស់អ្នកដឹកនាំ និងអ្នកធ្វើការ? (គឺថា ពួកគេគួរតែជួបជុំគ្នា និងប្រកបគ្នា នៅពេលដែលពួកគេជួបប្រទះការភាន់ច្រឡំ និងការលំបាកនានា ហើយត្រូវស្វែងរកដំណោះស្រាយ និងរាយការណ៍ទៅខាងលើឱ្យបានឆាប់ ប្រសិនបើពួកគេមិនអាចទទួលបានភាពច្បាស់លាស់លើបញ្ហាទាំងនោះតាមរយៈការប្រកបគ្នាទេនោះ)។ ទំនួលខុសត្រូវចម្បងរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលចំណុចនេះពាក់ព័ន្ធ គឺការចូលរួមក្នុងការងារ និងការចូលប្រឡូកក្នុងកិច្ចការជាក់ស្ដែងពិតប្រាកដផ្សេងៗ ដើម្បីឱ្យគេអាចរកឃើញបញ្ហានានាដែលជួបប្រទះនៅក្នុងការងារ ហើយដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលា។ ប្រសិនបើបានសាកល្បងវិធីសាស្ត្រផ្សេងៗហើយ ប៉ុន្តែបញ្ហានៅតែមិនអាចដោះស្រាយបានទាំងស្រុង ហើយវានៅតែមាន និងក្លាយជាការភាន់ច្រឡំ និងការលំបាក នោះអ្នកដឹកនាំ និងអ្នកធ្វើការមិនគួរទុកឱ្យការភាន់ច្រឡំ និងការលំបាកទាំងនោះគរទុក ឬទុកវាចោលមួយឡែក ហើយមិនអើពើនឹងវានោះទេ ផ្ទុយទៅវិញ ត្រូវតែរកវិធីដោះស្រាយវាឱ្យបានឆាប់។ ជាការពិត វិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាទាំងនោះ គឺត្រូវស្វែងរក និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ក៏ដូចជាជាមួយអ្នកដឹកនាំ និងអ្នកធ្វើការនៅតាមថ្នាក់ផ្សេងៗគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ប្រសិនបើបញ្ហាមិនអាចដោះស្រាយបានទេ នោះអ្នកដឹកនាំ និងអ្នកធ្វើការមិនគួរព្យាយាមធ្វើរឿងធំឱ្យក្លាយជារឿងតូច ហើយធ្វើរឿងតូចឱ្យក្លាយជាគ្មានរឿង ឬគ្រាន់តែទុកវាចោលមួយឡែក ហើយមិនអើពើនឹងវានោះឡើយ ផ្ទុយទៅវិញ ត្រូវតែរាយការណ៍ទៅខាងលើឱ្យបានឆាប់ និងស្វែងរកដំណោះស្រាយពីខាងលើ ដើម្បីឱ្យបញ្ហាទាំងនោះអាចដោះស្រាយបាន។ តាមរបៀបនេះ ការងារនឹងដំណើរការទៅយ៉ាងរលូន ដោយគ្មានការលំបាក និងគ្មានឧបសគ្គឡើយ។

អ្នកដឹកនាំ និងអ្នកធ្វើការ គួរតែរាយការណ៍ និងដោះស្រាយការភាន់ច្រឡំ និងការលំបាកដែលជួបប្រទះនៅក្នុងការងារឱ្យបានឆាប់

I. និយមន័យនៃពាក្យថា «ឱ្យបានឆាប់»

ចំណុចទីប្រាំបីនៃភារកិច្ចទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ បានលើកឡើងអំពីការរាយការណ៍ឱ្យបានឆាប់នូវការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ នេះពិតជាសំខាន់ណាស់។ ប្រសិនបើរកឃើញបញ្ហានៅថ្ងៃនេះ តែបែរជាពន្យារពេលដោះស្រាយបញ្ហានោះរហូតដល់ប្រាំបី ឬដប់ថ្ងៃ ឬសូម្បីតែប្រាំមួយខែ ឬមួយឆ្នាំ ទើបដោះស្រាយ តើនេះអាចហៅថា «ឱ្យបានឆាប់» បានដែរឬទេ? (ទេ មិនអាចទេ)។ ចុះតើ «ឱ្យបានឆាប់» មានន័យដូចម្ដេច? (គឺមានន័យថា ដោះស្រាយបញ្ហាភ្លាមៗ មួយរំពេច និងនៅពេលនេះតែម្ដង)។ តើនេះមិនតឹងរ៉ឹងបន្តិចទេឬ? ប្រសិនបើយើងប្រើពាក្យពេចន៍ទាក់ទងនឹងពេលវេលាដើម្បីពន្យល់ ការដោះស្រាយបញ្ហាភ្លាមៗ មួយរំពេច និងឥឡូវ នេះ គឺជាអត្ថន័យនៃពាក្យ «ឱ្យបានឆាប់» ប៉ុន្តែបើមើលទៅលើន័យត្រង់នៃពាក្យទាំងនេះ គឺមិនងាយស្រួលទេសម្រាប់មនុស្សក្នុងការសម្រេចបាន ហើយវាមិនប្រាកដនិយមឡើយ។ ដូច្នេះ តើយើងគួរកំណត់និយមន័យពាក្យ «ឱ្យបានឆាប់» យ៉ាងដូចម្ដេច ទើបត្រឹមត្រូវ? ប្រសិនបើបញ្ហានោះមិនមែនជាបញ្ហាធំដុំទេ ប៉ុន្តែវានៅតែបង្កជាឧបសគ្គដល់ការងារ ហើយប្រសិនបើវាអាចដោះស្រាយបានក្នុងរយៈពេលពីរបីម៉ោង នោះវាគួរតែត្រូវបានដោះស្រាយក្នុងរយៈពេលពីរបីម៉ោង តើនេះអាចចាត់ទុកថា ឱ្យបានឆាប់បានដែរឬទេ? (បាន)។ ឧបមាថា បញ្ហានោះស្មុគស្មាញ និងលំបាកបន្តិច ហើយវាអាចដោះស្រាយបានក្នុងរយៈពេលពីរ ឬបីថ្ងៃ ប៉ុន្តែមនុស្សខិតខំស្វែងរកសេចក្ដីពិត ស្វែងរកព័ត៌មានបន្ថែម និងខ្នះខ្នែងដោះស្រាយវាឱ្យបានក្នុងរយៈពេលមួយថ្ងៃ តើនេះមិនមានផលប្រយោជន៍ជាងចំពោះការងារទេឬអី? ឧបមាថា មានបញ្ហាមួយដែលមិនអាចត្រូវបានមើលធ្លុះនៅពេលឥឡូវនេះ ហើយវាទាមទារឱ្យមានការស៊ើបអង្កេត និងស្រាវជ្រាវ ដែលត្រូវចំណាយពេលខ្លះ។ បញ្ហាជាក់លាក់នេះ នឹងត្រូវចំណាយពេលយ៉ាងយូរបំផុតបីថ្ងៃដើម្បីដោះស្រាយ។ ប្រសិនបើចំណាយពេលលើសពីបីថ្ងៃ នោះនឹងមានការសង្ស័យថា ការដោះស្រាយបញ្ហានោះត្រូវបានពន្យារពេលដោយចេតនា ហើយវាមានន័យថា ពេលវេលាកំពុងត្រូវបានខ្ជះខ្ជាយហើយ។ ដូច្នេះ បញ្ហានោះគួរតែត្រូវបានរាយការណ៍ ស្វែងរកដំណោះស្រាយ និងដោះស្រាយក្នុងរយៈពេលបីថ្ងៃ។ នេះហើយគឺជាអត្ថន័យនៃពាក្យ «ឱ្យបានឆាប់»។ ប្រសិនបើការដោះស្រាយបញ្ហានោះ ទាមទារឱ្យមានការប្រាស្រ័យទាក់ទង និងការស៊ើបអង្កេតពីមួយថ្នាក់ទៅមួយថ្នាក់ ព្រមទាំងការប្រមូលព័ត៌មានពីមួយថ្នាក់ទៅមួយថ្នាក់ជាដើម ប្រសិនបើដំណើរការផ្សេងៗមានភាពស្មុគស្មាញខ្លាំង នោះវាក៏មិនគួរអូសបន្លាយរហូតដល់មួយខែដែរ។ ឧបមាថា បញ្ហានោះអាចដោះស្រាយបានក្នុងរយៈពេលមួយសប្ដាហ៍ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការប្រញាប់ប្រញាល់ ធ្វើការឱ្យកាន់តែលឿន ហើយជ្រើសរើស និងប្រើប្រាស់មនុស្សសមស្របពីរបីនាក់ នោះនៅក្នុងស្ថានភាពនេះ ពាក្យ «ឱ្យបានឆាប់» មានន័យថា ការកំណត់ការដោះស្រាយបញ្ហានោះត្រឹមមួយសប្ដាហ៍។ ការចំណាយពេលលើសពីមួយសប្ដាហ៍ដើម្បីដោះស្រាយបញ្ហា គឺមិនសមស្របទេ នោះមិនមែនឱ្យបានឆាប់ឡើយ។ នេះគឺជាដែនកំណត់ពេលវេលាសម្រាប់ដោះស្រាយរឿងរ៉ាវដែលស្មុគស្មាញបែបនេះ។ តើកម្រិតពេលវេលានេះផ្អែកលើអ្វី? វាត្រូវបានកំណត់ដោយផ្អែកលើទំហំនៃរឿងរ៉ាវនោះ និងកម្រិតនៃការលំបាករបស់វា។ ទោះជាយ៉ាងណាក៏ដោយ ចំពោះរឿងភាគច្រើន ដូចជាបញ្ហាដែលទាក់ទងនឹងជំនាញការងារផ្នែកវិជ្ជាជីវៈ ឬបញ្ហានៃគោលការណ៍ដែលមនុស្សមិនច្បាស់លាស់អំពីវា គឺអាចដោះស្រាយបានដោយនិយាយតែពីរបីឃ្លាប៉ុណ្ណោះ តើការដោះស្រាយបញ្ហាទាំងនេះគួរកំណត់រយៈពេលប៉ុន្មាន ទើបអាចចាត់ទុកថា « ឱ្យបានឆាប់»? ប្រសិនបើយើងកំណត់និយមន័យពាក្យ «ឱ្យបានឆាប់» ដោយផ្អែកលើទំហំនៃរឿងរ៉ាវ និងកម្រិតនៃការលំបាករបស់វា នោះរឿងរ៉ាវ ភាគច្រើនអាចដោះស្រាយបានក្នុងរយៈពេលតិចជាងកន្លះថ្ងៃ ដោយមានមួយចំនួនតូចប៉ុណ្ណោះដែលត្រូវការពេលយ៉ាងយូរបំផុតប្រហែលមួយសប្ដាហ៍ដើម្បីដោះស្រាយ ប្រសិនបើមានបញ្ហាថ្មីកើតឡើង នោះជារឿងមួយផ្សេងទៀត។ ហេតុដូច្នេះហើយ ប្រសិនបើយើងកំណត់និយមន័យពាក្យ «ឱ្យបានឆាប់» ថាជាភ្លាមៗ មួយរំពេច និងឥឡូវនេះ នោះវាហាក់ដូចជាការទាមទារដ៏តឹងរ៉ឹងចំពោះមនុស្ស បើវិនិច្ឆ័យតាមន័យត្រង់នៃពាក្យទាំងនេះ ប៉ុន្តែបើមើលទៅលើដែនកំណត់ពេលវេលាវិញ រឿងរ៉ាវ ភាគច្រើនអាចដោះស្រាយបានក្នុងរយៈពេលកន្លះថ្ងៃ ឬយ៉ាងយូរបំផុតមួយថ្ងៃ ប្រសិនបើមនុស្សរាយការណ៍ឱ្យបានឆាប់ និងស្វែងរករបៀបដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលា។ តើនេះអាចចាត់ទុកថាពិបាកទេ បើគិតពីពេលវេលា? (ទេ)។ ហើយដោយសារវាមិនពិបាកទេបើគិតពីពេលវេលា នោះវាគួរតែជាសេចក្ដីតម្រូវដ៏ងាយស្រួលមួយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការបំពេញ គឺការរាយការណ៍ឱ្យបានឆាប់ និងស្វែងរករបៀបដោះស្រាយការភាន់ច្រឡំ និងការលំបាកដែលជួបប្រទះនៅក្នុងការងារឱ្យបានទាន់ពេលវេលា ហើយការភាន់ច្រឡំ និងការលំបាកទាំងនេះ មិនគួរមានបន្តមានវត្តមានជានិច្ច និងមិនត្រូវបានដោះស្រាយនោះទេ ហើយកាន់តែមិនគួរទុកឱ្យគរទុកឡើងនៅក្នុងការងារក្នុងរយៈពេលយូរឡើយ។ ឥឡូវនេះ អ្នកទាំងអស់គ្នារាល់គ្នាគួរតែដឹងអំពីគំនិតពេលវេលានៃពាក្យ «ឱ្យបានឆាប់» ហើយ នេះគឺជាបញ្ហានៃរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវកំណត់កម្រិតពេលវេលា នៅពេលដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ។ សរុបសេចក្ដីមក និយមន័យដ៏ត្រឹមត្រូវបំផុតនៃពាក្យ «ឱ្យបានឆាប់» គឺត្រូវធ្វើសកម្មភាពឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ពោលគឺ ប្រសិនបើបញ្ហាមួយអាចត្រូវបានរាយការណ៍ ស្វែងរកដំណោះស្រាយ និងដោះស្រាយបានក្នុងរយៈពេលកន្លះថ្ងៃ នោះវាគួរតែធ្វើបែបដូច្នេះ ហើយប្រសិនបើវាអាចដោះស្រាយបានក្នុងរយៈពេលមួយថ្ងៃ នោះវាគួរតែធ្វើបែបដូច្នេះ ហើយត្រូវខិតខំមិនបង្កឱ្យមានការយឺតយ៉ាវ និងមិនអនុញ្ញាតឱ្យការងាររងផលប៉ះពាល់ឡើយ។ នេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ នៅពេលជួបប្រទះ និងរកឃើញបញ្ហានៅក្នុងការងារ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រកបគ្នា និងដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់។ ប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហាបានទេ នោះពួកគេគួរតែរាយការណ៍ និងស្វែងរករបៀបដោះស្រាយពីខាងលើឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ជាជាងទុកវាចោលមួយឡែក មិនអើពើនឹងវា និងមិនចាត់ទុកវាជារឿងធ្ងន់ធ្ងរ។ នៅពេលបញ្ហាកើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការគួរតែដោះស្រាយវាឱ្យបានឆាប់ ជាជាងបង្អែបង្អង់ រង់ចាំ ឬពឹងផ្អែកលើអ្នកដទៃឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរមានការសម្ដែងចេញទាំងនេះទេ។

II. ផលវិបាកនៃការមិនដោះស្រាយបញ្ហាឱ្យបានឆាប់

គោលការណ៍ចម្បងសម្រាប់ដោះស្រាយបញ្ហា គឺត្រូវធ្វើឱ្យបានឆាប់។ ហេតុអ្វីបានជាត្រូវធ្វើឱ្យបានឆាប់ទាន់ពេលវេលា? ប្រសិនបើមានបញ្ហាជាច្រើនកើតឡើង ហើយមិនអាចដោះស្រាយឱ្យបានឆាប់ទេនោះ ម្យ៉ាង មនុស្សនឹងជាប់គាំងនៅក្នុងសភាពភាន់ច្រឡំ ហើយមិនដឹងថាត្រូវធ្វើដូចម្ដេចឡើយ ហើយម្យ៉ាងទៀត ប្រសិនបើមនុស្សបន្តធ្វើទៅមុខដោយផ្អែកលើរបៀបខុស ហើយនៅពេលក្រោយ ត្រូវធ្វើការងារដែលពួកគេបានធ្វើនោះសារជាថ្មី និងកែតម្រូវវា តើនឹងមានផលវិបាកអ្វីខ្លះទៅ? កម្លាំងពលកម្ម ធនធានហិរញ្ញវត្ថុ និង ធនធានសម្ភារៈមួយចំនួនធំ នឹងត្រូវបានខ្ជះខ្ជាយ និងប្រើប្រាស់អស់ នេះគឺជាការខាតបង់។ ប្រសិនបើបញ្ហាកើតឡើងនៅក្នុងការងារ ហើយអ្នកដឹកនាំ និងអ្នកធ្វើការងងឹតងងល់ ហើយមិនអាចរកឃើញ និងដោះស្រាយបញ្ហាទាំងនេះឱ្យបានឆាប់ទេ នោះមនុស្សជាច្រើននឹងបន្តធ្វើការដោយផ្អែកលើរបៀបខុស។ នៅពេលដែលមនុស្សរកឃើញបញ្ហាទាំងនេះ ហើយចង់ដោះស្រាយ និងកែតម្រូវវា បញ្ហាទាំងនេះបានបង្កជាការខាតបង់ដល់ការងារពួកជំនុំរួចទៅហើយ។ តើកម្លាំងពលកម្ម ធនធានហិរញ្ញវត្ថុ និងធនធានសម្ភារៈទាំងអស់នោះ មិនត្រូវបានខ្ជះខ្ជាយទេឬអី? តើមានទំនាក់ទំនងរវាងការបង្កឱ្យមានការខាតបង់បែបនេះ និងការដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនបានដោះស្រាយបញ្ហាឱ្យបានឆាប់ដែរឬទេ? (មាន)។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការអាចតាមដាន ត្រួតពិនិត្យ ពិនិត្យមើល និងផ្តល់ការណែនាំសម្រាប់ការងារ នោះពួកគេប្រាកដជាអាចរកឃើញ និងដោះស្រាយបញ្ហាបានឆាប់។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការធ្វើការឱ្យតែរួចពីដៃ ហើយពួកគេមិនតាមដាន ត្រួតពិនិត្យ ពិនិត្យមើល និងផ្តល់ការណែនាំសម្រាប់ការងារទេ ប្រសិនបើពួកគេអសកម្មខ្លាំងនៅក្នុងទិដ្ឋភាពនេះ ហើយពួកគេរង់ចាំរហូតដល់មានបញ្ហាច្រើនពេក ដែលបញ្ហាទាំងនោះទៅជាធ្ងន់ធ្ងរដោះស្រាយលែងចេញ ទើបពួកគេនឹកឃើញចង់ដោះស្រាយ ទើបពួកគេនឹកឃើញរាយការណ៍ទៅខាងលើ និងស្វែងរកដំណោះស្រាយពីខាងលើ តើអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះបានបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយឬនៅ? (នៅទេ)។ នេះគឺជាការធ្វេសប្រហែសនឹងទំនួលខុសត្រូវយ៉ាងធ្ងន់ធ្ងរ។ អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះមិនត្រឹមតែមិនបានដោះស្រាយបញ្ហាប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ពួកគេបានបង្កឱ្យមានការខាតបង់ដល់កម្លាំងពលកម្ម និង ធនធានសម្ភារៈរបស់ដំណាក់ព្រះជាម្ចាស់ ក៏ដូចជាបង្កើតជាឧបសគ្គយ៉ាងធំសម្បើមដល់ការងារពួកជំនុំផងដែរ។ ដោយសារតែការធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ការមិនយកចិត្តទុកដាក់ ភាពស្ពឹកស្រពន់ និងភាពងងឹតល្ងង់របស់ពួកគេ និងដោយសារតែពួកគេមិនអាចរកឃើញ និងដោះស្រាយបញ្ហាជាច្រើនដែលកើតឡើងនៅក្នុងការងារឱ្យបានឆាប់ ហើយមិនអាចសូម្បីតែរាយការណ៍បញ្ហាទៅខាងលើ និងស្វែងរកដំណោះស្រាយពីខាងលើឱ្យបានឆាប់ផងនោះ កិច្ចការជាច្រើនត្រូវធ្វើសារជាថ្មី ហើយបន្ទាប់ពីធ្វើសារជាថ្មីរួចហើយ បញ្ហាកាន់តែច្រើនក៏កើតឡើង ដោយសារតែអសមត្ថភាពក្នុងការរកឃើញគោលការណ៍។ នៅពេលរឿងរ៉ាវចេះតែបន្តទៅមុខបែបនេះ កាលបរិច្ឆេទបញ្ចប់ការងារក៏ត្រូវពន្យារពេលយ៉ាងយូរ ហើយការងារដែលគួរតែចំណាយពេលមួយខែ បែរជាចំណាយពេលបីខែដើម្បីបញ្ចប់ ហើយការងារដែលគួរតែចំណាយពេលបីខែ បែរជាចំណាយពេលប្រាំបី ឬប្រាំបួនខែដើម្បីបញ្ចប់ទៅវិញ នេះគឺទាក់ទងដោយផ្ទាល់ទៅនឹងការដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនធ្វើការងារជាក់ស្ដែង។ ដោយសារតែអ្នកដឹកនាំ និងអ្នកធ្វើការមិនទទួលខុសត្រូវចំពោះការងាររបស់ខ្លួន ពោលគឺពួកគេមិនអាចរកឃើញ និងកែតម្រូវបញ្ហាឱ្យបានឆាប់នៅពេលដែលវាកើតឡើង នោះកិច្ចការផ្សេងៗនៅតែបន្តមិនទទួលបានលទ្ធផល និងស្ថិតក្នុងសភាពជាប់គាំង។ ហើយតើនរណាជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះបញ្ហានេះ? (គឺអ្នកដឹកនាំ និងអ្នកធ្វើការ)។ ដូច្នេះ វាពិតជាសំខាន់ណាស់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការធ្វើការងារជាក់ស្ដែង ហើយវាក៏សំខាន់ណាស់ដែរសម្រាប់ពួកគេក្នុងការរកឃើញបញ្ហា ខណៈពេលដែលពួកគេធ្វើការងារជាក់ស្ដែង។ ជួនកាល អ្នកដឹកនាំ និងអ្នកធ្វើការនឹងរកឃើញបញ្ហា ប៉ុន្តែមិនដឹងពីរបៀបដោះស្រាយវាទេ តែទោះជាយ៉ាងណាក៏ដោយ បើសិនពួកគេអាចរាយការណ៍ទៅខាងលើ និងស្វែងរកដំណោះស្រាយពីខាងលើ ដើម្បីដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់ នោះរឹតតែសំខាន់ទៅទៀត។ អ្នកដឹកនាំ និងអ្នកធ្វើការជាច្រើនគិតថា «យើងមានរបៀបធ្វើការផ្ទាល់ខ្លួនរបស់យើង។ ខាងលើគ្រាន់តែត្រូវប្រាប់យើងអំពីគោលការណ៍ប៉ុណ្ណោះ ហើយយើងនឹងធ្វើការងារជាក់ស្ដែងពិតប្រាកដដែលនៅសល់ដោយខ្លួនឯង។ ប្រសិនបើយើងជួបប្រទះការលំបាកណាមួយ យើងគ្រាន់តែប្រកបគ្នា និងអធិស្ឋានជាមួយគ្នានៅខាងក្រោម គឺគ្រប់គ្រាន់ហើយ»។ ចំពោះប្រសិទ្ធភាពនៃការដោះស្រាយបញ្ហា ឬថាតើដំណោះស្រាយរបស់ពួកគេហ្មត់ចត់ ឬមានប្រសិទ្ធភាពដែរឬអត់នោះ ពួកគេសុទ្ធតែមិនខ្វល់ ឬសួរនាំអំពីរឿងទាំងនេះទាល់តែសោះ។ នេះគឺជាប្រភេទនៃឥរិយាបថមិនទទួលខុសត្រូវដែលពួកគេមាននៅពេលពួកគេធ្វើការ ហើយនៅទីបំផុត នេះមានន័យថា កិច្ចការទាំងអស់នៅក្នុងពួកជំនុំមិនអាចដំណើរការទៅមុខដោយរលូនបានឡើយ ហើយមានបញ្ហាធ្ងន់ធ្ងរដែលមិនត្រូវបានដោះស្រាយទៀតផង។ នេះគឺជាផលវិបាកដែលបណ្តាលមកពីគុណសម្បត្តិរបស់អ្នកដឹកនាំ និងអ្នកធ្វើការអន់ពេក ឬមួយមកពីពួកគេមិនទទួលខុសត្រូវ និងមិនធ្វើការងារជាក់ស្ដែង។

ការវែកញែកអំពីប្រភេទអ្នកដឹកនាំក្លែងក្លាយមួយចំនួន ផ្អែកតាមទំនួលខុសត្រូវទីប្រាំបី

I. អ្នកដឹកនាំក្លែងក្លាយដែលធ្វើពុតថាខ្លួនស៊ប់ខាងវិញ្ញាណ

លើកមុន យើងបានប្រកបគ្នាអំពីអ្វីទៅជាការភាន់ច្រឡំ និងការលំបាក ហើយបានកំណត់និយមន័យបញ្ហាមួយចំនួនដែលត្រូវតែរាយការណ៍ឱ្យបានឆាប់ និងស្វែងរកដំណោះស្រាយឱ្យបានឆាប់។ ជាមូលដ្ឋាន បញ្ហាមានពីរប្រភេទធំៗ។ ប្រភេទទីមួយ គឺជាបញ្ហានៅក្នុងការងារដែលមនុស្សមិនច្បាស់លាស់ ឬមិនអាចមើលធ្លុះ។ នៅពេលជួបប្រទះបញ្ហាទាំងនេះ មនុស្សពិបាកនឹងចាប់យល់គោលការណ៍ណាស់។ ទោះបីជាពួកគេអាចយល់ពីគោលការណ៍តាមរយៈគោលលទ្ធិក៏ដោយ ក៏ពួកគេមិនដឹងពីរបៀបអនុវត្ត ឬប្រើប្រាស់គោលការណ៍ទាំងនោះដែរ។ បញ្ហាទាំងនេះទាក់ទងនឹងការភាន់ច្រឡំ។ ប្រភេទមួយទៀត គឺជាការលំបាក និងបញ្ហាពិតប្រាកដដែលមនុស្សមិនដឹងពីរបៀបដោះស្រាយ។ ប្រភេទនេះមានភាពធ្ងន់ធ្ងរជាងបន្តិចបើធៀបនឹងការភាន់ច្រឡំ ហើយវាជាបញ្ហាដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែរាយការណ៍ និងស្វែងរកដំណោះស្រាយផងដែរ។ លើកមុន យើងបានប្រកបគ្នាជាចម្បងថា វាជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការរាយការណ៍ និងស្វែងរករបៀបដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងការងារ ហើយយើងបានប្រកបគ្នាពីទស្សនៈវិជ្ជមានអំពីអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើ និងយកចិត្តទុកដាក់។ ថ្ងៃនេះ យើងនឹងវែកញែកថាតើអ្នកដឹកនាំក្លែងក្លាយមានការសម្ដែងចេញអ្វីខ្លះទាក់ទងនឹងចំណុចទីប្រាំបី ហើយថាតើពួកគេធ្វើការងារដែលអ្នកដឹកនាំគួរធ្វើ និងបំពេញទំនួលខុសត្រូវដែលអ្នកដឹកនាំគួរបំពេញដែរឬទេ។ នៅពេលនិយាយដល់ការដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងការងារ អ្នកដឹកនាំក្លែងក្លាយច្បាស់ជាគ្មានសមត្ថភាពក្នុងរឿងនេះទេ ពួកគេមិនអាចធ្វើការងារផ្នែកនេះទេ ហើយពួកគេក៏មិនអាចបំពេញទំនួលខុសត្រូវនេះដែរ។ មានអ្នកដឹកនាំក្លែងក្លាយមួយប្រភេទដែលមានសញ្ញាណមួយនៅពេលធ្វើការ ដោយគិតថា «ខ្ញុំមិនប្រកាន់យកទម្រង់ការទាំងនោះទេនៅពេលខ្ញុំធ្វើការ ហើយខ្ញុំក៏មិនយកចិត្តទុកដាក់លើអ្វីដែលដូចជាចំណេះដឹង ការរៀនសូត្រជំនាញ ឬ=ប្រព័ន្ធជំនឿអ្វីដែរ។ ខ្ញុំគ្រាន់តែធានាឱ្យបានថា ខ្ញុំប្រកបសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់នៅក្នុងការជួបជុំ នោះគឺគ្រប់គ្រាន់ហើយ។ រៀងរាល់សប្ដាហ៍ ខ្ញុំដឹកនាំការជួបជុំសម្រាប់ក្រុមតូចៗចំនួនពីរលើក រៀងរាល់ពីរសប្ដាហ៍ម្ដង ខ្ញុំដឹកនាំការជួបជុំមួយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយរៀងរាល់ខែ ខ្ញុំដឹកនាំការជួបជុំធំមួយសម្រាប់បងប្អូនប្រុសស្រីទាំងអស់។ ឱ្យតែខ្ញុំរៀបចំការជួបជុំគ្រប់ប្រភេទទាំងនេះឱ្យបានល្អ គឺគ្រប់គ្រាន់ហើយ»។ នេះគឺជាមូលដ្ឋាន និងវិធីសាស្ត្ររបស់ពួកគេក្នុងការធ្វើការ។ អ្នកដឹកនាំ និងអ្នកធ្វើការប្រភេទនេះ គ្រាន់តែបន្តហ្វឹកហាត់ក្នុងការទេសនាសារព្រះ ហើយពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពាក់ខ្លួនឯងដោយពាក្យពេចន៍ និងគោលលទ្ធិ ពួកគេរៀបចំគ្រោង ខ្លឹមសារ ឧទាហរណ៍ និងសេចក្ដីពិតដើម្បីប្រកបគ្នាសម្រាប់ការជួបជុំនីមួយៗ ហើយពួកគេក៏រៀបចំផែនការមួយចំនួនដើម្បីដោះស្រាយស្ថានភាព និងបញ្ហារបស់មនុស្សមួយចំនួនផងដែរ។ ពួកគេគិតថា ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ ពួកគេគ្រាន់តែត្រូវទេសនាឱ្យបានល្អប៉ុណ្ណោះ នោះពួកគេបានបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ ពួកគេគិតថា ពួកគេមិនចាំបាច់ខ្វល់ខ្វាយពីរឿងផ្សេងទៀតទេ ដូចជាថាតើរបៀបផ្សាយដំណឹងល្អសមរម្យឬអត់ ឬថាតើត្រូវចាត់ចែងបុគ្គលិកពួកជំនុំបែបណា ឬថាតើបុគ្គលិកដែលបំពេញការងារជំនាញផ្សេងៗមានសមត្ថភាព និងស្របតាមស្ដង់ដារដែរឬទេ ពួកគេជឿថា គ្រាន់តែទុកឱ្យអ្នកមើលការខុសត្រូវចាត់ចែងរឿងទាំងនេះ គឺគ្រប់គ្រាន់ហើយ។ ដូច្នេះ មិនថាអ្នកដឹកនាំប្រភេទនេះទៅទីណាទេ ពួកគេផ្ដោតតែលើការជួបជុំ និងការទេសនាសារព្រះប៉ុណ្ណោះ ហើយមិនថាការជួបជុំគ្នាប្រភេទណាដែលកំពុងធ្វើឡើងនោះទេ ពួកគេតែងតែទេសនាសារព្រះជានិច្ច។ ពីខាងក្រៅ ពួកគេដឹកនាំមនុស្សក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្នុងការរៀនច្រៀងទំនុកបរិសុទ្ធ ហើយយូរៗម្ដង ពួកគេនិយាយអំពីការងារ។ មនុស្សប្រភេទនេះដឹងអំពីបញ្ហាដែលជាញឹកញាប់ត្រូវបានលើកមកប្រកបគ្នា ដូចជាថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណាដែលគួរប្រើដើម្បីបៀបធៀបនឹងបញ្ហាដែលមនុស្សប្រភេទផ្សេងៗជួបប្រទះ ក៏ដូចជាមូលហេតុដែលមនុស្សមានអារម្មណ៍ទន់ខ្សោយ និងស្ថានភាពអ្វីខ្លះដែលបានកើតឡើងចំពោះពួកគេ ហើយសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណាដែលគួរលើកមកប្រកបគ្នាដើម្បីដោះស្រាយរឿងទាំងនេះ។ សរុបមក សារព្រះនិងការប្រកបគ្នារបស់ពួកគេទាក់ទងនឹងទិដ្ឋភាពជាច្រើននៃសេចក្ដីពិត និងការអនុវត្ត ខ្លះទាក់ទងនឹងការលួសកាត់ ខ្លះទាក់ទងនឹងការល្បងល និងការបន្សុទ្ធ ខ្លះទាក់ទងនឹងការអានអធិស្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្លះទាក់ទងនឹងរបៀបឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ជាដើម ពួកគេអាចប្រកបគ្នាបានខ្លះៗអំពីទិដ្ឋភាពផ្សេងៗនៃសេចក្ដីពិត។ នៅពេលពួកគេជួបជាមួយអ្នកជឿថ្មី ពួកគេទេសនាសារព្រះសម្រាប់អ្នកជឿថ្មី ហើយនៅពេលពួកគេជួបជាមួយមនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ពួកគេអាចទេសនាសារព្រះខ្លះៗអំពីការចូលទៅក្នុងជីវិត។ ប៉ុន្តែនៅពេលនិយាយដល់ការងារដែលពាក់ព័ន្ធនឹងជំនាញផ្នែកវិជ្ជាជីវៈណាមួយ ពួកគេមិនដែលសួរនាំអំពីការងារនោះ ឬសិក្សារឿងដែលទាក់ទងនឹងវាឡើយ ហើយពួកគេកាន់តែមិនតាមដាន ចូលរួម ឬចូលជ្រៅទៅក្នុងកិច្ចការណាមួយដើម្បីដោះស្រាយបញ្ហាទៀតផង។ នៅក្នុងភ្នែករបស់ពួកគេ ដោយការទេសនាសារព្រះ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការរៀនទំនុកបរិសុទ្ធ គឺពួកគេកំពុងធ្វើការងារហើយ ហើយទាំងនេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ក្រៅពីនេះ ការងារផ្សេងទៀតទាំងអស់គឺមិនសំខាន់ទេ វាជារឿងរបស់អ្នកដទៃ ហើយវាមិនពាក់ព័ន្ធនឹងពួកគេឡើយ ហើយឱ្យតែពួកគេអាចទេសនាសារព្រះបានល្អ ពួកគេអាចសម្ងំសុខបានហើយ។ តើ «សម្ងំសុខ» មានន័យដូចម្ដេច? វាមានន័យថា ការបញ្ចប់ការជួបជុំ គឺស្មើនឹងការបញ្ចប់ការងាររបស់ពួកគេ ហើយនៅពេលដល់ម៉ោងសម្រាក ពួកគេក៏សម្រាក។ មិនថាមានបញ្ហាអ្វីកើតឡើងនៅក្នុងការងារពួកជំនុំទេ ពួកគេមិនអើពើនឹងវាឡើយ ហើយនៅពេលមនុស្សស្វែងរកពួកគេដើម្បីដោះស្រាយបញ្ហា គឺពិបាករកពួកគេណាស់។ មិនថាការងាររវល់យ៉ាងណាក៏ដោយ ពួកគេត្រូវតែដេកថ្ងៃ ហើយពួកគេបណ្ដោយខ្លួនឱ្យស្រណុកសុខស្រួល ខណៈដែលអ្នកដទៃអាចទ្រាំទ្រនឹងការរងទុក្ខ និងលះបង់។ ពួកគេគិតថា «ខ្ញុំបានទេសនាចប់ហើយ ការជួបជុំបានបញ្ចប់ហើយ ហើយខ្ញុំបាននិយាយអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវនិយាយទៅកាន់អ្នករាល់គ្នាហើយ។ តើអ្នកចង់ឱ្យខ្ញុំនិយាយអ្វីទៀត? ការងាររបស់ខ្ញុំបានចប់ហើយ។ អ្វីដែលនៅសល់ គឺជាការងាររបស់អ្នករាល់គ្នា។ ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដូច្នេះគ្រាន់តែធ្វើតាមគោលការណ៍ទៅ។ ចំពោះបញ្ហាណាមួយដែលកើតឡើង នោះជារឿងរបស់អ្នករាល់គ្នា ហើយវាមិនពាក់ព័ន្ធនឹងខ្ញុំទេ។ អ្នករាល់គ្នាគួរតែទៅចំពោះព្រះជាម្ចាស់ដោយខ្លួនឯង ហើយអធិស្ឋាន ជួបជុំ និងប្រកបគ្នាដើម្បីដោះស្រាយបញ្ហា។ កុំមករកខ្ញុំអី»។ នៅពេលការជួបជុំបញ្ចប់ ពួកគេមិនដែលបើកឱកាសឱ្យនរណាម្នាក់សួរសំណួរឡើយ ពួកគេមិនដែលចង់ដោះស្រាយបញ្ហាឡើយ ហើយពួកគេកាន់តែមិនអាចរកឃើញបញ្ហាទៀតផង។ ក្រោយពេលជួបជុំ ពួកគេចាត់ទុកថាការងាររបស់ពួកគេបានចប់សព្វគ្រប់ហើយ ហើយពួកគេដេក ហូប និងកម្សាន្តតាមពេលវេលាទៀងទាត់។ តើពួកគេមិនមែនជាអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើការងារពិតប្រាកដសោះទេឬ? (មែនហើយ។)

មានករណីខ្លះដែលអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់បានកាន់តំណែងអស់រយៈពេលប្រាំមួយខែហើយ ហើយក្រៅពីអ្នកដែលស្និទ្ធស្នាលនឹងគេ ដែលអាចជួបគេបានញឹកញាប់ នោះបងប្អូនប្រុសស្រីភាគច្រើនមិនអាចជួបមុខគេបានឡើយ។ ពួកគេគ្រាន់តែឮអ្នកដឹកនាំនោះទេសនាសារព្រះតាមអ៊ីនធឺណិតជាញឹកញាប់ ប៉ុន្តែនៅពេលមានបញ្ហា អ្នកដឹកនាំ ឬអ្នកធ្វើការនោះមិនដោះស្រាយឡើយ។ បងប្អូនប្រុសស្រីខ្លះជួបការលំបាកនៅក្នុងភារកិច្ចរបស់ខ្លួន ដែលពួកគេមិនដឹងពីរបៀបដោះស្រាយ ហើយពួកគេខ្វល់ចិត្តយ៉ាងខ្លាំងរហូតដល់ថ្នាក់មិនអាចអង្គុយនៅស្ងៀមបាន ហើយនៅពេលពួកគេទៅស្វែងរកអ្នកដឹកនាំរបស់ខ្លួន ពួកគេរកមិនឃើញសោះ។ តើអ្នកដឹកនាំបែបនេះអាចធ្វើការបានល្អដែរឬទេ? បងប្អូនប្រុសស្រីមិនដឹងសោះថា អ្នកដឹកនាំរបស់ពួកគេរវល់នឹងរឿងអ្វីរាល់ថ្ងៃ មានបញ្ហា និងការលំបាកជាច្រើនដែលគរទុក ហើយពួកគេមិនដឹងថាពេលណាទើបអ្នកដឹកនាំរបស់ពួកគេនឹងមកដោះស្រាយបញ្ហាទាំងនោះឡើយ។ មនុស្សគ្រប់គ្នាទន្ទឹងរង់ចាំយ៉ាងអន្ទះសាឱ្យអ្នកដឹកនាំមកជួយ ប៉ុន្តែទោះបីជាពួកគេរង់ចាំយូរប៉ុនណាក៏ដោយ ក៏អ្នកដឹកនាំមិនដែលលេចមុខមកដែរ។ អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះពូកែគេចខ្លួនណាស់ ហើយពួកគេពូកែខាងលាក់ខ្លួនទៀតផង! ពួកគេទេសនាសារព្រះបានល្អណាស់ ហើយបន្ទាប់ពីទេសនាសារព្រះរួច ពួកគេតែងខ្លួនយ៉ាងស្អាតបាត និងមិនធ្វើការអ្វីឡើយ ដោយសម្ងំលាក់ខ្លួននៅកន្លែងណាមួយដែលពួកគេអាចបណ្ដោយខ្លួនឱ្យស្រណុកសុខស្រួលបាន។ ទោះបីជាយ៉ាងនេះក្ដី ពួកគេនៅតែគិតថា ពួកគេកំពុងធ្វើការបានយ៉ាងល្អ និងត្រឹមត្រូវ។ ពួកគេគិតថា ពួកគេមិនបានខ្ជិលច្រអូសទេ ថាពួកគេបានទេសនាសារព្រះ និងដឹកនាំការជួបជុំរួចហើយ បាននិយាយអ្វីគ្រប់យ៉ាងដែលពួកគេត្រូវនិយាយ និងបានពន្យល់អ្វីគ្រប់យ៉ាងដែលពួកគេត្រូវពន្យល់ហើយ។ ពួកគេមិនដែលមានចិត្តចង់ចូលជ្រៅទៅក្នុងចំណោមបងប្អូនប្រុសស្រីដើម្បីតាមដាន និងចូលរួមក្នុងការងារ ជួយពួកគេដោយការត្រួតពិនិត្យ និងជួយពួកគេចាត់ចែង និងដោះស្រាយបញ្ហាឱ្យបានឆាប់ឡើយ។ ប្រសិនបើពួកគេជួបប្រទះបញ្ហាដែលពួកគេមិនអាចដោះស្រាយបាន ពួកគេក៏មិនដឹងថាត្រូវរាយការណ៍ទៅខាងលើ និងស្វែងរកដំណោះស្រាយពីខាងលើដែរ។ ពួកគេក៏មិនរិះគិតនៅក្នុងចិត្តដែរថា «តើបងប្អូនប្រុសស្រីអាចរក្សាគោលការណ៍បានដែរឬទេ បន្ទាប់ពីបានស្ដាប់ការប្រកបគ្នាអំពីគោលការណ៍ទាំងនោះរួច? ហើយនៅពេលដែលពួកគេជួបប្រទះការលំបាក និងការភាន់ច្រឡំនៅក្នុងការងារម្ដងទៀត តើពួកគេនឹងអាចប្រកាន់ខ្ជាប់សេចក្ដីពិត និងចាត់ចែងរឿងរ៉ាវស្របតាមគោលការណ៍បានដែរឬទេ? លើសពីនេះទៅទៀត តើនរណាកំពុងដើរតួនាទីវិជ្ជមាននៅក្នុងការងារ? ហើយតើមនុស្សណាខ្លះកំពុងដើរតួនាទីអវិជ្ជមាន? ហើយតើមានមនុស្សណាដែលបង្កការបង្អាក់ និងការរំខាន ឬមនុស្សណាដែលបំផ្លិចបំផ្លាញ ឬមនុស្សដែលមិនដឹងខ្យល់ដែលតែងតែបញ្ចេញគំនិតអាក្រក់ដែរឬទេ? តើការងារមានដំណើរការយ៉ាងដូចម្ដេចហើយក្នុងពេលថ្មីៗនេះ?» ពួកគេសុទ្ធតែមិនខ្វល់ខ្វាយ ឬសួរនាំអំពីបញ្ហាបែបនេះឡើយ។ មនុស្សបែបនេះ មើលពីខាងក្រៅហាក់ដូចជាកំពុងធ្វើការ ពួកគេទេសនាសារព្រះ ដឹកនាំការជួបជុំ រៀបចំសេចក្តីព្រាងសារព្រះ និងគ្រោង ហើយថែមទាំងសរសេររបាយការណ៍ការងារទៀតផង។ អ្នកដឹកនាំខ្លះក៏សរសេរសារព្រះអំពីបទពិសោធជីវិតរបស់ពួកគេជាញឹកញាប់ដែរ ពួកគេសម្ងំនៅក្នុងបន្ទប់ និងសរសេររយៈពេលបី ឬប្រាំថ្ងៃជាប់ៗគ្នា ហើយថែមទាំងត្រូវការឱ្យគេចាក់ទឹក និងយកបាយទៅឱ្យពួកគេជាពិសេសទៀតផង ហើយគ្មាននរណាម្នាក់ទៀតអាចជួបពួកគេបានឡើយ។ ប្រសិនបើអ្នកនិយាយថា ពួកគេមិនកំពុងធ្វើការងារពិតប្រាកដទេ នោះពួកគេមានអារម្មណ៍ថា ពួកគេរងអយុត្តិធម៌ ដោយនិយាយថា៖ «តើខ្ញុំមិនបានធ្វើការងារពិតប្រាកដត្រង់ណា? ខ្ញុំរស់នៅជាមួយបងប្អូនប្រុសស្រី ហើយខ្ញុំតែងតែដឹកនាំការជួបជុំគ្នា និងទេសនាសារព្រះជានិច្ច។ ខ្ញុំទេសនាសារព្រះរហូតដល់មាត់ស្ងួតអស់ ហើយជួនកាលខ្ញុំថែមទាំងនៅយប់ជ្រៅទៀតផង»។ មើលពីខាងក្រៅ ពួកគេហាក់ដូចជារវល់ខ្លាំងណាស់ និងមិនទំនេរឡើយ ពួកគេទេសនាសារព្រះច្រើន ហើយចំណាយកម្លាំងយ៉ាងច្រើនលើការនិយាយ និងការសរសេរ ពួកគេបញ្ជូនសារ និងសំបុត្រជាប្រចាំ និងផ្សាយគោលការណ៍ដែលតម្រូវដោយខាងលើ ហើយពួកគេក៏ប្រកបគ្នា និងសង្កត់ធ្ងន់លើខ្លឹមសារយ៉ាងយកចិត្តទុកដាក់ និងដោយអត់ធ្មត់នៅក្នុងអំឡុងពេលជួបជុំផងដែរ ពួកគេពិតជានិយាយច្រើនមែន ប៉ុន្តែពួកគេមិនដែលចូលរួមក្នុងការងារជាក់លាក់ទេ ពួកគេមិនដែលតាមដានការងារទេ ហើយពួកគេមិនដែលប្រឈមមុខនឹងបញ្ហាណាមួយជាមួយបងប្អូនប្រុសស្រីឡើយ។ ប្រសិនបើអ្នកសួរពួកគេថា តើការងារនេះ ឬការងារនោះមានដំណើរការយ៉ាងដូចម្ដេចហើយ ឬលទ្ធផលនៃការងារនោះយ៉ាងម៉េចដែរ នោះពួកគេមិនដឹងទេ ហើយត្រូវទៅសួរគេសិន។ ប្រសិនបើអ្នកសួរពួកគេថា តើបញ្ហាកាលពីលើកមុនត្រូវបានដោះស្រាយហើយឬនៅ ពួកគេនិយាយថា ពួកគេបានដឹកនាំការជួបជុំ និងបានប្រកបគ្នាអំពីគោលការណ៍រួចហើយ។ ឧបមាថា បន្ទាប់មកអ្នកសួរពួកគេថា «តើបងប្អូនប្រុសស្រីពិតជាយល់ដែរឬទេ បន្ទាប់ពីអ្នកបានប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតរួច? តើនៅតែអាចទៅរួចទេដែលពួកគេនឹងដើរផ្លូវខុស? ក្នុងចំណោមពួកគេ តើនរណាមានការយល់ដឹងល្អជាងគេអំពីគោលការណ៍ តើនរណាជំនាញជាងគេខាងផ្នែកវិជ្ជាជីវៈ ហើយតើនរណាមានគុណសម្បត្តិល្អជាងគេ និងមានតម្លៃក្នុងការបណ្ដុះបណ្ដាល?» ពួកគេមិនដឹងចម្លើយចំពោះសំណួរទាំងនេះសោះឡើយ ពួកគេមិនដឹងអ្វីសោះអំពីរឿងទាំងអស់នេះ។ នៅពេលណាដែលអ្នកសួរពួកគេអំពីស្ថានភាពការងារ ពួកគេនិយាយថា «ខ្ញុំបានប្រកបគ្នាអំពីគោលការណ៍រួចហើយ ខ្ញុំទើបតែដឹកនាំការជួបជុំរួច ហើយខ្ញុំទើបតែបានលួសកាត់ពួកគេ។ ពួកគេបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ពួកគេ ហើយពួកគេមានឆន្ទៈក្នុងការធ្វើការងារនេះឱ្យបានល្អ»។ ប៉ុន្តែនៅពេលនិយាយដល់ថាតើការងារបន្តបន្ទាប់មានដំណើរការយ៉ាងដូចម្ដេចនោះ ពួកគេមិនដឹងអ្វីសោះ។ តើពួកគេអាចចាត់ទុកថាជាអ្នកដឹកនាំ និងអ្នកធ្វើការដែលស្របតាមស្ដង់ដាដែរឬទេ? (ទេ)។ របៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការប្រភេទនេះធ្វើការ គឺគ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទេសនាពាក្យពេចន៍ និងគោលលទ្ធិខ្លះៗទៅកាន់មនុស្សប៉ុណ្ណោះ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាពិតប្រាកដឡើយ ហើយពួកគេរឹតតែខ្លាចក្នុងការរាយការណ៍បញ្ហាទៅខាងលើ និងស្វែងរកដំណោះស្រាយពីខាងលើទៅទៀត ពួកគេខ្លាចណាស់ក្រែងខាងលើដឹងពីស្ថានភាពជាក់ស្តែងរបស់ពួកគេ។ តើទង្វើបែបនេះមានលក្ខណៈបែបណា? តើពួកគេជាមនុស្សប្រភេទណា បើគិតពីសារជាតិរបស់ពួកគេ? បើនិយាយឱ្យចំទៅ មនុស្សបែបនេះគឺជាពួកផារិស៊ីពេញលក្ខណៈ។ ការសម្ដែងចេញរបស់ពួកផារិស៊ីមានដូចតទៅ៖ ពួកគេមានទង្វើថ្លៃថ្នូរនៅខាងក្រៅ ពួកគេនិយាយ និងប្រព្រឹត្តក្នុងរបៀបដ៏ខ្ពង់ខ្ពស់ ពួកគេផ្អែកពាក្យសម្ដី និងទង្វើទាំងអស់របស់ពួកគេលើព្រះគម្ពីរ ហើយនៅពេលពួកគេជួប និងនិយាយជាមួយមនុស្ស ពួកគេសូត្រពាក្យពីព្រះគម្ពីរ ហើយពួកគេអាចចាំឃ្លាជាច្រើនក្នុងព្រះគម្ពីរ។ អ្នកដឹកនាំក្លែងក្លាយគឺដូចគ្នាបេះបិទនឹងពួកផារិស៊ីដែរ មើលពីខាងក្រៅ អ្នកមិនអាចរកកំហុសពួកគេឃើញទេ ហើយពួកគេមើលទៅហាក់ដូចជាខាងវិញ្ញាណខ្លាំងណាស់។ អ្នកមិនអាចរកឃើញបញ្ហាណាមួយនៅក្នុងពួកគេឡើយ តាមរយៈពាក្យសម្ដី ទង្វើ និងអាកប្បកិរិយាខាងក្រៅរបស់ពួកគេ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហាជាច្រើនដែលមាននៅក្នុងការងារពួកជំនុំបានឡើយ។ ចុះតើពាក្យ «ខាងវិញ្ញាណ» នេះមានន័យដូចម្ដេចទៅ? បើនិយាយឱ្យម៉ត់ចត់ទៅ ពាក្យនេះគឺការធ្វើពុតថាខ្លួនស៊ប់ខាងវិញ្ញាណ។ មនុស្សដែលធ្វើពុតថាខ្លួនស៊ប់ខាងវិញ្ញាណបែបនេះ ធ្វើខ្លួនឱ្យរវល់ខ្លាំងណាស់រាល់ថ្ងៃ ដោយចេញចូលក្រុមធំ និងក្រុមតូច ហើយទេសនាព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅគ្រប់ទីកន្លែងដែលពួកគេទៅ។ មើលពីខាងក្រៅ ពួកគេហាក់ដូចជាស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាងនរណាៗទាំងអស់ ហាក់ដូចជាពួកគេខិតខំប្រឹងប្រែងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាងនរណាៗទាំងអស់ ហាក់ដូចជាពួកគេយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាងនរណាៗទាំងអស់ ហើយពួកគេអាចប្រាប់ពីលេខទំព័រនៃអត្ថបទព្រះបន្ទូលសំខាន់ៗណាមួយរបស់ព្រះជាម្ចាស់បានដោយមិនបាច់គិត។ ប្រសិនបើនរណាម្នាក់ជួបប្រទះបញ្ហា ពួកគេប្រាប់អ្នកនោះពីលេខទំព័រនៃអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ ហើយប្រាប់ឱ្យពួកគេទៅអាន។ មើលពីខាងក្រៅ ពួកគេហាក់ដូចជាយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាខ្នាតតម្រាក្នុងគ្រប់កិច្ចការ ហាក់ដូចជាធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលមានរឿងកើតឡើងចំពោះពួកគេ ហើយហាក់ដូចជាគ្មានបញ្ហាអ្វីសោះចំពោះពួកគេ។ ប៉ុន្តែនៅពេលអ្នកពិនិត្យមើលឱ្យបានដិតដល់នូវការងារដែលពួកគេធ្វើ តើពួកគេអាចរកឃើញ និងដោះស្រាយបញ្ហាបានដែរឬទេ ខណៈពេលដែលពួកគេកំពុងទេសនាពាក្យពេចន៍ និងគោលលទ្ធិទាំងនេះ? ប្រសិនបើ តាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត ពួកគេរកឃើញបញ្ហាមួយដែលមិនធ្លាប់បានរកឃើញពីមុននៅក្នុងការងារ ហើយដោះស្រាយបញ្ហាដែលអ្នកដទៃមិនអាចដោះស្រាយបាន នោះនេះបង្ហាញថា ពួកគេយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតបានច្បាស់លាស់។ មនុស្សដែលធ្វើពុតថាខ្លួនស៊ប់ខាងវិញ្ញាណគឺផ្ទុយស្រឡះពីនេះ។ ពួកគេទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងស្ទាត់ជំនាញ និងទេសនាព្រះបន្ទូលនៅគ្រប់ទីកន្លែង ហើយគំនិត និងចិត្តរបស់ពួកគេពោរពេញទៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ មិនថាមានបញ្ហាធំ ឬបញ្ហាតូចកើតឡើងនៅក្នុងការងារនោះទេ ពួកគេមិនអាចមើលឃើញ ឬរកឃើញឡើយ។ នៅពេលបញ្ចប់ការជួបជុំ អ្វីដែលពួកគេខ្លាចបំផុត គឺមាននរណាម្នាក់លើកឡើងពីបញ្ហាពិតប្រាកដ ហើយស្នើសុំឱ្យពួកគេដោះស្រាយ ហើយនោះជាមូលហេតុដែលពួកគេចាកចេញភ្លាមៗនៅពេលការជួបជុំបញ្ចប់ ដោយគិតថា «ប្រសិនបើនរណាម្នាក់សួរខ្ញុំនូវសំណួរមួយ ហើយខ្ញុំមិនអាចឆ្លើយបាន នោះវានឹងគួរឱ្យឆ្គង និងអាម៉ាស់មុខណាស់!» នេះគឺជាកម្ពស់ពិតប្រាកដ និងសភាពពិតរបស់ពួកគេ។

ចូរគិតមើលថាតើអ្នកដឹកនាំ និងអ្នកធ្វើការណាខ្លះនៅជុំវិញអ្នករាល់គ្នា ដែលពូកែខាងប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ហើយអាចចុះសម្រុងជាមួយបងប្អូនប្រុសស្រី និងចាប់ផ្ដើមធ្វើការជាមួយពួកគេនៅពេលបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះអាចបំពេញទំនួលខុសត្រូវរបស់ពួកគេបានហើយ។ ចូរគិតមើលថាតើអ្នកដឹកនាំ និងអ្នកធ្វើការណាខ្លះនៅជុំវិញអ្នកដែលពូកែខាងរកឃើញ និងដោះស្រាយបញ្ហា ហើយផ្ដោតសំខាន់បំផុតលើការធ្វើការងារពិតប្រាកដ និងទទួលបានលទ្ធផលច្រើនបំផុតនៅក្នុងការងាររបស់ពួកគេ នោះអ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះគឺជាមនុស្សស្មោះត្រង់ ដែលមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់។ ផ្ទុយទៅវិញ ប្រសិនបើអ្នកដឹកនាំម្នាក់ពូកែខាងទេសនាពាក្យពេចន៍ និងគោលលទ្ធិ ហើយទេសនាក្នុងរបៀបសមហេតុផល និងមានលំដាប់លំដោយ មានចំណុចស្នូល និងខ្លឹមសារ ហើយមានរចនាសម្ព័ន្ធច្បាស់លាស់ ហើយមនុស្សមានចិត្តពេញចិត្តយ៉ាងខ្លាំងចំពោះសារព្រះរបស់ពួកគេ ប៉ុន្តែពួកគេតែងតែគេចវេះពីបងប្អូនប្រុសស្រី តែងតែខ្លាចបងប្អូនប្រុសស្រីសួរសំណួរ ហើយខ្លាចក្នុងការដោះស្រាយ និងចាត់ចែងបញ្ហារួមគ្នាជាមួយបងប្អូនប្រុសស្រី នោះអ្នកដឹកនាំនោះធ្វើពុតថាខ្លួនស៊ប់ខាងវិញ្ញាណ ហើយពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ។ តើអ្នកដឹកនាំ និងអ្នកមើលការខុសត្រូវនៅជុំវិញអ្នករាល់គ្នា ជាមនុស្សប្រភេទណា? ជាធម្មតា ក្រៅពីចូលរួមការជួបជុំ និងទេសនាសារព្រះ តើពួកគេតាមដាន និងចូលរួមក្នុងការងារដែរឬទេ តើពួកគេអាចរកឃើញ និងដោះស្រាយបញ្ហានៅក្នុងការងារជាញឹកញាប់ដែរឬទេ ឬមួយពួកគេគ្រាន់តែបាត់ខ្លួន បន្ទាប់ពីបង្ហាញខ្លួននៅក្នុងការជួបជុំ? អ្នកដឹកនាំក្លែងក្លាយដែលធ្វើពុតថាខ្លួនស៊ប់ខាងវិញ្ញាណតែងតែខ្លាចគ្មានអ្វីទេសនា និងខ្លាចគ្មានអ្វីនិយាយនៅពេលពួកគេជួបបងប្អូនប្រុសស្រី ដូច្នេះ ពួកគេហ្វឹកហាត់ទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបទេសនាសារព្រះនៅក្នុងបន្ទប់របស់ពួកគេ។ ពួកគេជឿថា ការទេសនាសារព្រះគឺជារឿងដែលអាចរៀនបាន និងជារឿងដែលអាចសម្រេចបានតាមរយៈការទន្ទេញ ដូចជាការស្វែងរកចំណេះដឹង ឬការចូលរៀនសាកលវិទ្យាល័យដែរ ហើយថាពួកគេត្រូវតែមានស្មារតីនៃការខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងស្វិតស្វាញ និងមិនខ្លាចនឿយហត់។ តើការយល់ឃើញដែលអ្នកដឹកនាំក្លែងក្លាយទាំងនេះមាន មិនមែនជាការយល់ឃើញដ៏វៀចវេរទេឬ? (មែនហើយ។) មនុស្សបែបនេះតាំងខ្លួនជាធំដើម្បីទេសនាអំពីគោលលទ្ធិ និងខ្វល់ខ្វាយពីរឿងកំប៉ិកកំប៉ុកមួយចំនួនឡើយ ហើយបន្ទាប់មក ពួកគេគិតថាពួកគេកំពុងធ្វើការងារដឹកនាំហើយ។ ពួកគេមិនដែលទៅកន្លែងធ្វើការដើម្បីដឹកនាំការងារ ឬដោះស្រាយបញ្ហាឡើយ ផ្ទុយទៅវិញ ពួកគេតែងតែអង្គុយនៅក្នុងបន្ទប់របស់ខ្លួន «សម្ងំលាក់ខ្លួនដើម្បីផ្តោតលើការបំពាក់បំប៉នខ្លួនឯង» ដោយបំពាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យខ្លួនឯង តើនេះចាំបាច់ដែរឬទេ? តើនៅក្នុងកាលៈទេសៈណាខ្លះ ដែលអ្នកដឹកនាំ និងអ្នកធ្វើការអាចទុកការងារពួកជំនុំ និងបងប្អូនប្រុសស្រីមួយឡែកសិន ហើយទៅបំពាក់សេចក្ដីពិតឱ្យខ្លួនឯង? នៅពេលការងារមិនរវល់ ហើយបញ្ហាទាំងអស់ដែលគួរដោះស្រាយត្រូវបានដោះស្រាយរួចរាល់ ហើយចំណុចដែលត្រូវយកចិត្តទុកដាក់ និងគោលការណ៍ទាំងអស់ដែលគួរពន្យល់ត្រូវបានពន្យល់រួចរាល់ ហើយបងប្អូនប្រុសស្រីគ្មានសំណួរ ឬការលំបាកអ្វីទេ ហើយគ្មាននរណាម្នាក់បង្កការបង្អាក់ និងការរំខានឡើយ ហើយការងារអាចដំណើរការទៅយ៉ាងរលូន និងគ្មានឧបសគ្គទៀតទេ នោះទើបអ្នកដឹកនាំ និងអ្នកធ្វើការអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពាក់សេចក្ដីពិតឱ្យខ្លួនឯងបាន មានតែបែបនេះទេ ទើបជាការធ្វើការងារពិតប្រាកដ។ អ្នកដឹកនាំក្លែងក្លាយមិនធ្វើការបែបនេះទេ ពួកគេតែងតែផ្ដោតលើការចេញមុខចេញមាត់ ហើយពួកគេគ្រាន់តែធ្វើការងារដែលគេមើលឃើញច្បាស់ៗ ដើម្បីសម្ញែងខ្លួនប៉ុណ្ណោះ។ ប្រសិនបើពួកគេអាចរកឃើញពន្លឺថ្មីណាមួយនៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់សារព្រះ ពួកគេមានអារម្មណ៍ថាពួកគេទទួលបានអ្វីមួយ ថាពួកគេមានតថភាពនៃសេចក្ដីពិត ហើយបន្ទាប់មក ពួកគេប្រញាប់ប្រញាល់រកឱកាសដើម្បីទេសនាប្រាប់អ្នកដទៃ។ ពួកគេទេសនាគោលលទ្ធិយ៉ាងមានលំដាប់លំដោយ សមហេតុផល និងមានរបៀបរៀបរយល្អ មានចំណុចស្នូល និងខ្លឹមសារ ហើយក្នុងរបៀបមួយដែលមានអំណាច និងស៊ីជម្រៅជាងសុន្ទរកថារបស់បុគ្គលល្បីល្បាញ ឬបាឋកថាខាងសិក្សាធិការទៅទៀត ហើយពួកគេមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ។ ប៉ុន្តែពួកគេរិះគិតជាមួយខ្លួនឯងថា «តើខ្ញុំនឹងទេសនាអ្វីនៅពេលក្រោយ បន្ទាប់ពីខ្ញុំបញ្ចប់សារព្រះនេះ? ខ្ញុំគ្មានអ្វីផ្សេងទៀតទេ។» ដូច្នេះ ពួកគេក៏ប្រញាប់ប្រញាល់ទៅ «សម្ងំលាក់ខ្លួនដើម្បីបំពាក់បំប៉នខ្លួនឯង» ម្ដងទៀត ដើម្បីស្វែងរកគោលលទ្ធិដ៏ស៊ីជម្រៅ។ គេមិនដែលឃើញពួកគេនៅកន្លែងធ្វើការងារពួកជំនុំឡើយ ហើយនៅពេលដែលមនុស្សមានការលំបាក និងកំពុងរង់ចាំឱ្យពួកគេដោះស្រាយ គឺរកអ្នកដឹកនាំក្លែងក្លាយទាំងនេះមិនឃើញសោះ។ តើអ្នកដឹកនាំក្លែងក្លាយមិនមានអារម្មណ៍ថាខ្លួនឯងខ្វះទំនុកចិត្ត និងមិនស្រួលចិត្តទេឬ? ពួកគេមិនអាចដោះស្រាយបញ្ហាពិតប្រាកដបានទេ ប៉ុន្តែពួកគេនៅតែចង់ទេសនាសារព្រះដ៏ខ្ពង់ខ្ពស់ដើម្បីសម្ញែងខ្លួនដដែល។ មនុស្សទាំងនេះគឺជាមនុស្សមុខក្រាស់ឥតខ្មាស។

អ្នកដឹកនាំក្លែងក្លាយទាំងអស់អាចអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិ ពួកគេសុទ្ធតែមនុស្សក្លែងក្លាយខាងវិញ្ញាណ ពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងអ្វីបានឡើយ ហើយពួកគេមិនយល់ពីសេចក្ដីពិតទេ ទោះបីជាបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ អាចនិយាយបានថា ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ ពួកគេគិតថា ការធ្វើជាអ្នកដឹកនាំពួកជំនុំ មានន័យថា ពួកគេគ្រាន់តែត្រូវទេសនាពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ស្រែកពាក្យស្លោកខ្លះៗ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្តិចបន្តួច ហើយបន្ទាប់មកមនុស្សនឹងយល់ពីសេចក្ដីពិតហើយ។ ពួកគេមិនដឹងថាការធ្វើកិច្ចការមានន័យដូចម្ដេចឡើយ ពួកគេមិនដឹងថាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការគឺជាអ្វីឱ្យប្រាកដនោះទេ ហើយពួកគេមិនដឹងថា ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់ជ្រើសរើសនរណាម្នាក់ឱ្យធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ឬថាតើការធ្វើបែបនេះមានបំណងដោះស្រាយបញ្ហាអ្វីឱ្យប្រាកដនោះទេ។ ដូច្នេះ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាយ៉ាងណាថា អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែតាមដានកិច្ចការ ពិនិត្យកិច្ចការ និងមើលការខុសត្រូវលើកិច្ចការ ហើយពួកគេត្រូវតែរកឱ្យឃើញ និងដោះស្រាយបញ្ហានៅក្នុងកិច្ចការឱ្យបានទាន់ពេលវេលា និងអ្វីៗផ្សេងទៀតយ៉ាងណាក៏ដោយ ក៏ពួកគេស្ដាប់មិនចូល ហើយពួកគេក៏មិនយល់ដែរ។ ពួកគេមិនអាចឈានដល់ ឬសម្រេចបានតាមសេចក្ដីតម្រូវដែលដំណាក់របស់ព្រះជាម្ចាស់មានចំពោះអ្នកដឹកនាំ និងអ្នកធ្វើការឡើយ ហើយពួកគេមិនអាចយល់ពីបញ្ហាដែលទាក់ទងនឹងជំនាញវិជ្ជាជីវៈដែលពាក់ព័ន្ធនឹងការបំពេញភារកិច្ច ក៏ដូចជាបញ្ហានៃគោលការណ៍សម្រាប់ការជ្រើសរើសអ្នកមើលការខុសត្រូវ និងអ្វីៗផ្សេងទៀតបានដែរ ហើយទោះបីជាពួកគេដឹងអំពីបញ្ហាទាំងនេះក៏ដោយ ក៏ពួកគេនៅតែមិនអាចដោះស្រាយបានដដែល។ ហេតុដូច្នេះហើយ នៅក្រោមការដឹកនាំរបស់អ្នកដឹកនាំក្លែងក្លាយបែបនេះ បញ្ហាគ្រប់ប្រភេទដែលកើតឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំ មិនអាចត្រូវបានដោះស្រាយឡើយ។ មិនត្រឹមតែបញ្ហាដែលទាក់ទងនឹងជំនាញវិជ្ជាជីវៈដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជួបប្រទះនៅពេលបំពេញភារកិច្ចរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែការលំបាកនៅក្នុងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ក៏មិនត្រូវបានដោះស្រាយអស់រយៈពេលយ៉ាងយូរដែរ ហើយនៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការ ឬអ្នកមើលការខុសត្រូវ លើកិច្ចការផ្សេងៗមួយចំនួនមិនអាចធ្វើកិច្ចការជាក់ស្ដែងបាន ពួកគេមិនត្រូវបានបណ្ដេញចេញជាបន្ទាន់ ឬការចាត់តាំងភារកិច្ចរបស់ពួកគេមិនត្រូវបានកែសម្រួលជាបន្ទាន់ ជាដើម។ បញ្ហាទាំងនេះមិនត្រូវបានដោះស្រាយទាន់ពេលវេលាឱ្យបានឆាប់ឡើយ ហើយជាលទ្ធផល ប្រសិទ្ធភាពនៃកិច្ចការផ្សេងៗនៅក្នុងពួកជំនុំចេះតែថយចុះជាបន្តបន្ទាប់ ហើយប្រសិទ្ធផលនៃកិច្ចការកាន់តែអន់ទៅៗ។ បើនិយាយអំពីបុគ្គលិកវិញ អ្នកដែលមានអំណោយទានខ្លះៗ និងពូកែខាងនិយាយស្ដី បានក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការ ចំណែកឯអ្នកដែលស្រឡាញ់សេចក្ដីពិត ដែលអាចខិតខំធ្វើការយ៉ាងលំបាក និងធ្វើការមិនចេះនឿយហត់ដោយមិនរអ៊ូរទាំ មិនត្រូវបានដំឡើងតំណែង និងបណ្ដុះបណ្ដាលឡើយ ហើយត្រូវបានគេចាត់ទុក ដូចជាអ្នកស៊ីឈ្នួល រីឯបុគ្គលិកបច្ចេកទេសផ្សេងៗដែលមានចំណុចខ្លាំងមួយចំនួន ក៏មិនត្រូវបានប្រើប្រាស់ឱ្យសមរម្យដែរ។ ម្យ៉ាងទៀត មនុស្សមួយចំនួនដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ មិនទទួលបានការផ្គត់ផ្គង់ជីវិតទេ ដូច្នេះហើយ ពួកគេក៏ធ្លាក់ទៅក្នុងភាពអវិជ្ជមាន និងភាពទន់ខ្សោយ។ លើសពីនេះទៅទៀត មិនថាពួកទទឹងនឹងព្រះគ្រីស្ទអាក្រក់ និងមនុស្សអាក្រក់ប្រព្រឹត្តិច្រើនប៉ុនណាក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយធ្វើដូចជាមើលមិនឃើញដែរ។ ប្រសិនបើមាននរណាម្នាក់លាតត្រដាងមនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទម្នាក់ អ្នកដឹកនាំក្លែងក្លាយថែមទាំងប្រាប់ពួកគេថា ពួកគេគួរតែប្រព្រឹត្តចំពោះបុគ្គលម្នាក់នោះដោយសេចក្ដីស្រឡាញ់ និងផ្ដល់ឱកាសឱ្យគេប្រែចិត្តទៀតផង។ ដោយការធ្វើបែបនេះ ពួកគេអនុញ្ញាតឱ្យមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទធ្វើអំពើអាក្រក់ និងបង្កការរំខាននៅក្នុងពួកជំនុំ ហើយ នេះនាំឱ្យមានយឺតយ៉ាវក្នុងការបោសសម្អាតចេញ ឬបណ្ដេញមនុស្សអាក្រក់ ពួកមិនជឿ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះចេញ ហើយពួកគេអាចបន្តធ្វើអាក្រក់នៅក្នុងពួកជំនុំ និងរំខានដល់កិច្ចការរបស់ពួកជំនុំដដែល។ អ្នកដឹកនាំក្លែងក្លាយមិនមានសមត្ថភាពចាត់ចែង និងដោះស្រាយបញ្ហាទាំងនេះឡើយ ពួកគេមិនមានសមត្ថភាពប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ ឬរៀបចំកិច្ចការតាមរបៀបសមហេតុផលឡើយ ផ្ទុយទៅវិញ ពួកគេប្រព្រឹត្តដោយមិនប្រយ័ត្នប្រយែងនិងធ្វើតែកិច្ចការដែលគ្មានប្រយោជន៍មួយចំនួនប៉ុណ្ណោះ ដែលបណ្ដាលឱ្យពួកគេធ្វើឱ្យកិច្ចការរបស់ពួកជំនុំរញ៉េរញ៉ៃ និងជ្រួលច្របល់។ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណា ឬមិនថាវាសង្កត់ធ្ងន់យ៉ាងណាអំពីគោលការណ៍ដែលគួរតែប្រកាន់ខ្ជាប់នៅពេលអនុវត្តកិច្ចការរបស់ពួកជំនុំ ដូចជាការដាក់កំហិតលើអ្នកដែលគួរតែត្រូវបានដាក់កំហិត និងការបោសសម្អាតចេញនូវអ្នកដែលគួរតែត្រូវបានបោសសម្អាតចេញពីចំណោមអ្នកប្រព្រឹត្តអាក្រក់ និងអ្នកមិនជឿប្រភេទផ្សេងៗ ហើយការដំឡើងតំណែង និងការបណ្ដុះបណ្ដាលមនុស្សដែលមានគុណសម្បត្តិល្អ និងមានសមត្ថភាពក្នុងការយល់ដឹង និងមនុស្សដែលអាចដេញតាមសេចក្ដីពិត ដែលគួរតែត្រូវបានដំឡើងតំណែង និងបណ្ដុះបណ្ដាល ទោះបីជារឿងទាំងនេះត្រូវបានប្រកបគ្នាជាច្រើនលើករាប់មិនអស់ក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយមិនយល់ ឬមិនយល់ដឹងឡើយ ហើយគ្រាន់តែបន្តប្រកាន់ខ្ជាប់នូវទស្សនៈក្លែងក្លាយខាងវិញ្ញាណ និងវិធីសាស្រ្ត « ស្រឡាញ់» របស់ពួកគេប៉ុណ្ណោះ។ អ្នកដឹកនាំក្លែងក្លាយជឿថា នៅក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់ និងដោយអត់ធ្មត់របស់ពួកគេ មនុស្សគ្រប់ប្រភេទបំពេញតួនាទីរៀងៗខ្លួនតាមរបៀបដែលមានសណ្ដាប់ធ្នាប់ ដោយគ្មានភាពជ្រួលច្របល់ ហើយមនុស្សគ្រប់គ្នាមានសេចក្ដីជំនឿច្រើនណាស់ មានឆន្ទៈក្នុងការបំពេញភារកិច្ចរបស់ខ្លួន មិនខ្លាចជាប់គុក និងមិនខ្លាចប្រឈមមុខនឹងគ្រោះថ្នាក់ ហើយមនុស្សម្នាក់ៗមានការប្ដេជ្ញាចិត្តក្នុងការទ្រាំទ្រនឹងការរងទុក្ខ និងមិនចង់ធ្វើជាយូដាសឡើយ។ ពួកគេជឿថា ការដែលមានបរិយាកាសល្អនៅក្នុងជីវិតពួកជំនុំ មានន័យថាពួកគេបានធ្វើកិច្ចការបានល្អហើយ។ មិនថាមានករណីដែលមនុស្សអាក្រក់បង្កការរំខាន ឬអ្នកមិនជឿផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គង និង ទស្សនៈខុសឆ្គងកើតឡើងនៅក្នុងពួកជំនុំយ៉ាងណាក៏ដោយ ក៏ពួកគេមិនចាត់ទុកថារឿងទាំងនេះជាបញ្ហាដែរ ហើយពួកគេមានអារម្មណ៍ថា មិនចាំបាច់ដោះស្រាយរឿងទាំងនេះឡើយ។ ចំពោះបុគ្គលដែលពួកគេបានប្រគល់កិច្ចការឱ្យ ដែលប្រព្រឹត្តឆេវឆាវតាមឆន្ទៈរបស់ខ្លួន និងរំខានដល់ការងារផ្សាយដំណឹងល្អវិញ អ្នកដឹកនាំក្លែងក្លាយកាន់តែមើលមិនឃើញទៅទៀត។ ពួកគេនិយាយថា «ខ្ញុំបានពន្យល់អំពីគោលការណ៍ការងារដែលខ្ញុំគួរតែពន្យល់រួចហើយ ហើយខ្ញុំបានប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើម្ដងហើយម្ដងទៀត។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង វាមិនពាក់ព័ន្ធនឹងខ្ញុំឡើយ»។ ប៉ុន្តែ ពួកគេមិនដឹងថាតើបុគ្គលនោះជាមនុស្សដែលត្រឹមត្រូវឬអត់នោះទេ ពួកគេមិនខ្វល់ខ្វាយពីរឿងនោះឡើយ ហើយពួកគេក៏មិនដឹងថាអ្វីដែលពួកគេបាននិយាយនៅពេលដែលពួកគេកំពុងពន្យល់ និងប្រាប់បុគ្គលនោះពីអ្វីដែលត្រូវធ្វើ អាចសម្រេចបានលទ្ធផលវិជ្ជមានឬអត់ ឬថាតើវានឹងនាំមកនូវផលវិបាកអ្វីខ្លះនោះដែរ។ រាល់ពេលដែលអ្នកដឹកនាំក្លែងក្លាយដឹកនាំការជួបជុំ ពួកគេនិយាយពាក្យពេចន៍ និងគោលលទ្ធិមិនចេះចប់មិនចេះហើយ ប៉ុន្តែលទ្ធផលគឺថា ពួកគេមិនអាចដោះស្រាយបញ្ហាណាមួយបានទេ។ ប៉ុន្តែ ពួកគេនៅតែជឿថា ពួកគេកំពុងធ្វើកិច្ចការដ៏អស្ចារ្យ ពួកគេនៅតែមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯង និងគិតថាខ្លួនឯងអស្ចារ្យណាស់។ តាមពិតទៅ ពាក្យពេចន៍ និងគោលលទ្ធិដែលពួកគេនិយាយ អាចគ្រាន់តែបោកបញ្ឆោតមនុស្សវង្វេងវង្វាន់ មនុស្សល្ងង់ និងមនុស្សភ្លីភ្លើ ដែលមិនយល់ដឹង និងមានគុណសម្បត្តិអន់តែប៉ុណ្ណោះ។ បន្ទាប់ពីមនុស្សទាំងនេះបានឮពាក្យទាំងនេះហើយ ពួកគេកាន់តែភាន់ច្រឡំ ហើយជឿថាអ្វីដែលអ្នកដឹកនាំក្លែងក្លាយបាននិយាយគឺត្រឹមត្រូវណាស់ គឺថាគ្មានអ្វីដែលពួកគេបាននិយាយខុសនោះទេ។ អ្នកដឹកនាំក្លែងក្លាយអាចគ្រាន់តែបំពេញចិត្តមនុស្សដែលត្រូវបានធ្វើឱ្យភាន់ច្រឡំទាំងនេះប៉ុណ្ណោះ ហើយពួកគេគ្មានសមត្ថភាពជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាជាក់ស្ដែងនោះទេ។ ជាការពិតណាស់ អ្នកដឹកនាំក្លែងក្លាយកាន់តែគ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងជំនាញវិជ្ជាជីវៈ និងចំណេះដឹងទៅទៀត គឺពួកគេគ្មានសមត្ថភាពទាល់តែសោះនៅពេលនិយាយដល់រឿងទាំងនេះ។ ឧទាហរណ៍ ដូចជាការងារខាងអត្ថបទរបស់ដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាការងារដែលធ្វើឱ្យអ្នកដឹកនាំក្លែងក្លាយឈឺក្បាលបំផុត។ ពួកគេមិនអាចកំណត់ឱ្យច្បាស់ថា តើអ្នកណាខ្លះមានការយល់ដឹងខាងវិញ្ញាណ មានគុណសម្បត្តិល្អ និងស័ក្តិសមក្នុងការធ្វើការងារខាងអត្ថបទឱ្យប្រាកដនោះទេ ហើយពួកគេចាត់ទុកនរណាដែលពាក់វ៉ែនតា និងមានកម្រិតវប្បធម៌ខ្ពស់ថាជាអ្នកមានគុណសម្បត្តិល្អ និងមានការយល់ដឹងខាងវិញ្ញាណ ដូច្នេះហើយពួកគេក៏រៀបចំឱ្យមនុស្សទាំងនោះធ្វើការងារនោះ ដោយប្រាប់ពួកគេថា «អ្នករាល់គ្នាសុទ្ធតែមានទេពកោសល្យក្នុងការធ្វើការងារខាងអត្ថបទ។ ខ្ញុំមិនយល់ពីការងារនេះទេ ដូច្នេះការងារនេះពឹងផ្អែកលើអ្នករាល់គ្នាទាំងស្រុងហើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនតម្រូវអ្វីផ្សេងពីអ្នករាល់គ្នាទេ គឺគ្រាន់តែឱ្យអ្នករាល់គ្នាប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួន កុំលាក់ទុក ហើយចូលរួមចែករំលែកអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាបានរៀនសូត្រមក។ អ្នករាល់គ្នាត្រូវចេះដឹងគុណ និងអរព្រះគុណព្រះជាម្ចាស់សម្រាប់ការលើកតម្ដើងអ្នករាល់គ្នា»។ បន្ទាប់ពីអ្នកដឹកនាំក្លែងក្លាយនិយាយពាក្យមួយចំនួនដែលមិនមានប្រសិទ្ធផល និងរាក់កំផែលរួចហើយ ពួកគេមានអារម្មណ៍ថាកិច្ចការត្រូវបានរៀបចំរួចរាល់ហើយ និងថា ពួកគេបានធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវធ្វើហើយ។ ពួកគេមិនដឹងថាតើមនុស្សដែលពួកគេបានរៀបចំឱ្យធ្វើកិច្ចការនេះស័ក្តិសមឬអត់នោះទេ ហើយពួកគេក៏មិនដឹងថា តើមនុស្សទាំងនេះមានចំណុចខ្វះខាតអ្វីខ្លះទាក់ទងនឹងចំណេះដឹងវិជ្ជាជីវៈ ឬថាតើពួកគេគួរតែបំពេញបន្ថែមចំណុចទាំងនោះដោយរបៀបណានោះដែរ។ ពួកគេមិនដឹងថាត្រូវមើលមនុស្ស និងវែកញែកមនុស្សទេ ពួកគេមិនយល់ពីបញ្ហាវិជ្ជាជីវៈ ហើយពួកគេក៏មិនយល់ពីចំណេះដឹងដែលទាក់ទងនឹងការសរសេរដែរ គឺពួកគេល្ងង់ខ្លៅទាំងស្រុងចំពោះរឿងទាំងនេះ។ ពួកគេនិយាយថា ពួកគេមិនយល់ ឬមិនស្គាល់អំពីរឿងទាំងនេះទេ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា «តើអ្នករាល់គ្នាមិនគ្រាន់តែមានការអប់រំ និងចំណេះដឹងច្រើនជាងខ្ញុំបន្តិចទេឬ? ទោះបីជាខ្ញុំមិនអាចណែនាំអ្នករាល់គ្នានៅក្នុងកិច្ចការនេះបានក៏ដោយ ក៏ខ្ញុំមានភាពខាងវិញ្ញាណជាងអ្នករាល់គ្នា ខ្ញុំពូកែទេសនាសេចក្តីអធិប្បាយជាងអ្នករាល់គ្នា ហើយខ្ញុំយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្បាស់ជាងអ្នករាល់គ្នាដែរ។ ខ្ញុំគឺជាអ្នកដឹកនាំអ្នករាល់គ្នា ខ្ញុំគឺជាថ្នាក់លើរបស់អ្នករាល់គ្នា។ ខ្ញុំត្រូវតែគ្រប់គ្រងអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវតែធ្វើតាមអ្វីដែលខ្ញុំនិយាយ»។ អ្នកដឹកនាំក្លែងក្លាយចាត់ទុកខ្លួនឯងខ្ពស់លើសគេ ប៉ុន្តែពួកគេមិនអាចផ្ដល់យោបល់ដែលមានតម្លៃណាមួយទាក់ទងនឹងកិច្ចការប្រភេទណាមួយដែលពាក់ព័ន្ធនឹងជំនាញវិជ្ជាជីវៈបានឡើយ ហើយពួកគេក៏មិនអាចផ្ដល់ការណែនាំណាមួយបានដែរ។ យ៉ាងច្រើនបំផុត ពួកគេអាចរៀបចំមនុស្សបានល្អ ប៉ុន្តែពួកគេមិនអាចធ្វើកិច្ចការបន្តបន្ទាប់ណាមួយបានឡើយ។ ពួកគេមិនព្យាយាមទទួលចំណេះដឹងវិជ្ជាជីវៈបន្ថែមទេ ហើយពួកគេមិនតាមដានកិច្ចការឡើយ។ អ្នកដឹកនាំក្លែងក្លាយទាំងអស់សុទ្ធតែជាមនុស្សក្លែងក្លាយខាងវិញ្ញាណ អ្វីៗទាំងអស់ដែលពួកគេអាចធ្វើបានគឺគ្រាន់តែអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ហើយបន្ទាប់មកពួកគេគិតថាពួកគេយល់ពីសេចក្ដីពិត និងសម្ញែងនៅចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឥតឈប់។ នៅរាល់ការជួបជុំ ពួកគេអធិប្បាយអស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែលទ្ធផលគឺថា ពួកគេមិនអាចដោះស្រាយបញ្ហាអ្វីបានទាល់តែសោះ។ នៅពេលនិយាយដល់បញ្ហាដែលទាក់ទងនឹងចំណេះដឹងវិជ្ជាជីវៈនៅក្នុងភារកិច្ចរបស់មនុស្ស ពួកគេច្បាស់ណាស់ថាជាអ្នកមិនជំនាញ ប៉ុន្តែពួកគេធ្វើពុតជាជាអ្នក ខាងវិញ្ញាណ ដោយចង្អុលបង្ហាញលើកិច្ចការរបស់អ្នកជំនាញ តើធ្វើបែបនេះ ពួកគេអាចធ្វើកិច្ចការបានល្អដោយរបៀបណាទៅ? ការដែលអ្នកដឹកនាំក្លែងក្លាយមិនព្យាយាមរៀនចំណេះដឹងវិជ្ជាជីវៈ និងមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបាន គឺធ្វើឱ្យមនុស្សខ្ពើមរអើមរួចទៅហើយ ហើយលើសពីនេះទៅទៀត ពួកគេជាមនុស្សក្លែងក្លាយខាងវិញ្ញាណ និងបង្អួតពាក្យពេចន៍ខាងវិញ្ញាណរបស់ពួកគេ ដែលនេះពិតជាគ្មានវិចារណញ្ញាណខ្លាំងណាស់! នេះមិនខុសគ្នាពីពួកផារិស៊ីឡើយ។ ចំណុចដែលពួកផារិស៊ីខ្វះវិចារណញ្ញាណបំផុតនោះគឺថា ព្រះជាម្ចាស់ស្អប់ខ្ពើមពួកគេ ប៉ុន្តែពួកគេមិនដឹងខ្លួនទាល់តែសោះ ហើយនៅតែចាត់ទុកខ្លួនឯងថាល្អគ្រាន់បើ និងស៊ប់ខាងវិញ្ញាណខ្លាំងណាស់។ អ្នកដឹកនាំក្លែងក្លាយខ្វះការស្គាល់ខ្លួនឯងដល់យ៉ាងនេះ ពួកគេច្បាស់ណាស់ថាមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានឡើយ ប៉ុន្តែពួកគេធ្វើពុតជាស៊ប់ខាងវិញ្ញាណ ពួកគេក្លាយជាពួកផារិស៊ីដែលលាក់ពុត។ ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ ហើយជម្រុះចោលយ៉ាងពិតប្រាកដ។

តើអ្វីទៅជា ចរិតលក្ខណៈចម្បងរបស់អ្នកដឹកនាំក្លែងក្លាយ ដែល ក្លែងខ្លួនពួកគេជាអ្នកស៊ប់ខាងវិញ្ញាណ? គឺពួកគេពូកែទេសនាសេចក្តីអធីប្បាយ។ «សេចក្តីអធិប្បាយ» ទាំងនេះមិនមែនជាសេចក្តីអធិប្បាយពិតឡើយ។ វាមិនមែនជា សេចក្តីអធិប្បាយដែលប្រកបគ្នាអំពីសេចក្ដីពិតទេ ហើយក៏មិនមែនជា សេចក្តីអធិប្បាយដែលមានតថភាពនៃសេចក្ដីពិតដែរ។ ផ្ទុយទៅវិញ វា ជាសេចក្តីអធិប្បាយនៃពាក្យពេចន៍និងគោលលទ្ធិ វាជាសេចក្តីអធិប្បាយខាងវិញ្ញាណក្លែងក្លាយ និងជា សេចក្តីអធិប្បាយរបស់ពួកផារិស៊ី។ អ្នកដឹកនាំក្លែងក្លាយពូកែខាងខិតខំប្រឹងប្រែងលើពាក្យពេចន៍ និងឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេយកចិត្តទុកដាក់ជាពិសេសលើការទេសនាពាក្យពេចន៍ និងគោលលទ្ធិ ប៉ុន្តែពួកគេមិនដែលស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយមិនដែលរិះគិតថាតើពួកគេគួរតែចូលទៅក្នុងតថភាពនៃសេចក្ដីពិតដោយរបៀបណានោះទេ។ ពួកគេពេញចិត្តនឹងការគ្រាន់តែអាចទេសនាពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ នៅពេលដែលពួកគេបានទេសនាគោលលទ្ធិយ៉ាងច្បាស់លាស់ និងសមទំនងហើយ ពួកគេគិតថាវាល្អគ្រប់គ្រាន់ហើយ ហើយថាពួកគេមានតថភាពនៃសេចក្ដីពិត ថាពួកគេអាចឈរនៅចំពោះមុខអ្នកដទៃ ហើយធ្វើឫកជាអ្នកមានអំណាច និង ស្តីប្រដៅមនុស្សពីឋានៈដ៏ខ្ពង់ខ្ពស់របស់ពួកគេ។ មើលពីសំបកក្រៅ អ្វីដែលពួកគេនិយាយនិងធ្វើ ហាក់ដូចជាទាក់ទងនឹងសេចក្ដីពិត ពួកគេហាក់ដូចជាមិនបង្កការបង្អាក់ឬការរំខានឡើយ ហើយពួកគេក៏ហាក់ដូចជាមិនគាំទ្រពាក្យសម្ដីខុសឆ្គង ឬញុះញង់ឱ្យមានការអនុវត្តខុសឆ្គងដែរ។ ប៉ុន្តែ មានបញ្ហាមួយ គឺថាពួកគេមិនអាចរ៉ាប់រងកិច្ចការជាក់ស្ដែងណាមួយ ឬបំពេញទំនួលខុសត្រូវរបស់ពួកគេសូម្បីតែបន្តិចឡើយ ដែលចុងក្រោយនាំឱ្យពួកគេមិនអាចរកឃើញបញ្ហាណាមួយនៅក្នុងកិច្ចការបាន។ របៀបដែលពួកគេធ្វើការ គឺដូចជាមនុស្សខ្វាក់រាវរកផ្លូវដើរអីចឹង៖ ពួកគេតែងតែធ្វើតាមអារម្មណ៍និងការស្រមើស្រមៃរបស់ពួកគេ ដើម្បីអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ចំពោះបញ្ហានានា ដោយមិនអាចមើលឃើញសារជាតិនៃបញ្ហាបានច្បាស់លាស់ទាល់តែសោះ ប៉ុន្តែពួកគេនៅតែនិយាយមិនសមហេតុផលអំពីបញ្ហាទាំងនោះដដែល ពោលគឺពួកគេមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានទាល់តែសោះ។ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយម្នាក់ពិតជាបានយល់ពីសេចក្ដីពិតមែន ពួកគេនឹងអាចរកឃើញបញ្ហា និងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះដោយឯកឯង។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយច្បាស់ណាស់ថាមិនយល់ពីសេចក្ដីពិតឡើយ ផ្ទុយទៅវិញពួកគេធ្វើពុត ជា ស៊ប់ខាងវិញ្ញាណ ដោយគិតថាខ្លួនឯងមានសមត្ថភាពធ្វើកិច្ចការរបស់ពួកជំនុំ ដោយហ៊ានសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ខ្លួនដោយគ្មានភាព អៀនខ្មាស។ តើនេះមិន គួរឱ្យស្អប់ខ្ពើម ទេឬ? ពួកគេគិតថាពួកគេមានជំនាញពិត ពោលគឺពួកគេគិតថាពួកគេចេះទេសនា។ ប៉ុន្តែ ពួកគេគ្រាន់តែមិនអាចធ្វើកិច្ចការជាក់ស្ដែងប៉ុណ្ណោះ។ ពាក្យពេចន៍ និងគោលលទ្ធិដែលអ្នកដឹកនាំក្លែងក្លាយចេះ និងទេសនា មិនអាចជួយឱ្យពួកគេបំពេញ កិច្ចការរបស់ខ្លួនបានល្អឡើយ ហើយក៏មិនអាចជួយឱ្យពួកគេរកឃើញបញ្ហានៅក្នុងកិច្ចការបានដែរ និងកាន់តែមិនអាចជួយឱ្យពួកគេដោះស្រាយរាល់បញ្ហាដែលពួកគេជួបប្រទះទៀត។ បន្ទាប់ពីធ្វើការបានមួយរយៈ ពួកគេមិនអាចនិយាយអំពីទីបន្ទាល់តាមរយៈ បទពិសោធណាមួយបានឡើយ។ តើអ្នកដឹកនាំ ឬអ្នកធ្វើការបែបនេះស្របតាមស្ដង់ដា ដែរឬទេ? វាច្បាស់ណាស់ថាពួកគេមិនស្របតាមស្ដង់ដា ឡើយ។ ហើយតើគួរចាត់ការអ្នកដឹកនាំក្លែងក្លាយដែលមិនស្របតាមស្ដង់ដា យ៉ាងដូចម្តេច? មិនត្រឹមតែត្រូវដកហូតតំណែង និងជម្រុះពួកគេចោលប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើពួកគេមិនប្រែចិត្តទេ នោះពួកគេមិនអាចត្រូវបានជ្រើសរើសឱ្យ បម្រើជាអ្នកដឹកនាំ ឬអ្នកធ្វើការម្ដងទៀតឡើយ នៅពេលដែលមានការបោះឆ្នោត។ ប្រសិនបើនរណាម្នាក់បោះឆ្នោតឱ្យអ្នកដឹកនាំក្លែងក្លាយ ឬអ្នកធ្វើការក្លែងក្លាយដែលត្រូវបានជម្រុះចោល នោះពួកគេកំពុងរំខាន និងបំផ្លាញកិច្ចការរបស់ពួកជំនុំដោយចេតនា ហើយវាបង្ហាញថាអ្នកបោះឆ្នោតនោះគឺជាអ្នកថ្វាយបង្គំ និង អ្នកដើរតាមអ្នកដឹកនាំក្លែងក្លាយនោះ ហើយមិនមែនជាអ្នកដែលជឿលើព្រះជាម្ចាស់ដោយ ពិតប្រាកដឡើយ។ តើអ្នករាល់គ្នាធ្លាប់បោះឆ្នោតឱ្យអ្នកដឹកនាំក្លែងក្លាយដែលជា មនុស្សក្លែងក្លាយ ខាងវិញ្ញាណ ដែរឬទេ? (យើងធ្លាប់។) ខ្ញុំ ឧបមាថាអ្នករាល់គ្នាធ្លាប់បានបោះឆ្នោតឱ្យពួកគេ ច្រើននាក់ដែរ។ អ្នកគិតថា អ្នកណាដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើន និងបានស្ដាប់ សេចក្តីអធិប្បាយច្រើន អ្នកដែលមានបទពិសោធច្រើនក្នុងការទេសនា និងការធ្វើកិច្ចការ អ្នកដែលអាចទេសនាបានរាប់ម៉ោងក្នុងពេលតែមួយ គឺប្រាកដជាមានសមត្ថភាពបំពេញ កិច្ចការមិនខាន។ បន្ទាប់មក ក្រោយពីអ្នកបានបោះឆ្នោតឱ្យពួកគេធ្វើជាអ្នកដឹកនាំ អ្នករកឃើញបញ្ហាដ៏ធ្ងន់ធ្ងរមួយគឺ៖ បងប្អូនប្រុសស្រីមិន អាចឃើញពួកគេសោះ ហើយពួកគេក៏មិនអាច រកឃើញអ្នកដឹកនាំទាំងនោះ ដែរ នៅពេល មានបញ្ហា។ គ្មាននរណាម្នាក់ដឹងថាពួកគេកំពុងពួននៅឯណាទេ ហើយពួកគេពួននៅកន្លែងណាមួយ និងមិនអនុញ្ញាតឱ្យនរណាម្នាក់រំខានពួកគេឡើយ។ នោះគឺជាបញ្ហាមួយ។ ពួកគេតែងតែលេង បិទពួន នៅគ្រាសំខាន់ៗនៅក្នុងកិច្ចការ ហើយបងប្អូនប្រុសស្រីមិនដែលរកពួកគេឃើញឡើយ នៅពេលដែលត្រូវការពួកគេដើម្បីដោះស្រាយបញ្ហា ពោលតើពួកគេមិនមែនកំពុងតែ ធ្វេសប្រហែសនឹងភារកិច្ច ត្រឹមត្រូវរបស់ខ្លួនទេឬ? ហេតុអ្វីបានជាមនុស្សមួយចំនួនមិនហ៊ានប្រឈមមុខនឹងបងប្អូនប្រុសស្រី នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ? ហេតុអ្វីបានជា រកពួកគេមិនឃើញសោះ? តើពួកគេកំពុងរវល់នឹងអ្វីឱ្យប្រាកដ? ហេតុអ្វីបានជាពួកគេមិនដោះស្រាយបញ្ហាជាក់ស្ដែង? មិនថាពួកគេកំពុងរវល់នឹងអ្វីក៏ដោយ ចំពោះរឿងនេះ អ្នកអាចប្រាកដថា៖ ប្រសិនបើពួកគេមិនធ្វើកិច្ចការជាក់ស្ដែងអស់មួយរយៈ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ ហើយពួកគេគួរតែត្រូវបានដកហូតតំណែង ឱ្យបានលឿន ហើយគួរតែបោះឆ្នោតជ្រើសរើសអ្នកផ្សេង។ តើអ្នករាល់គ្នានឹងបោះឆ្នោតឱ្យអ្នកដឹកនាំក្លែងក្លាយប្រភេទនេះទៀតទេ នៅពេលអនាគត? (អត់ទេ)។ ហេតុអ្វីបានជាមិនបោះឆ្នោតឱ្យ? តើអ្នករាល់គ្នាគិតថា ការជ្រើសរើសមនុស្សខ្វាក់ធ្វើជាអ្នកណែនាំ របស់អ្នក មានផលវិបាកអ្វីខ្លះ? បុគ្គលនោះខ្វាក់ខ្លួនឯងទៅហើយ ដូច្នេះតើពួកគេអាច ណែនាំអ្នកដទៃទៅកាន់ផ្លូវដ៏ត្រឹមត្រូវបានដែរឬទេ? គឺដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ ចែងថា៖ «បើអ្នកខ្វាក់ដឹកនាំអ្នកខ្វាក់ នោះអ្នកទាំងពីរគង់តែធ្លាក់រណ្ដៅមិនខាន» (ម៉ាថាយ ១៥:១៤)។ មនុស្សខ្វាក់ដើរដោយគ្មានទិសដៅ ឬគោលដៅឡើយ តើពួកគេអាចណែ នាំអ្នកដទៃបានដោយរបៀបណា? ប្រសិនបើនរណាម្នាក់ជ្រើសរើសមនុស្សខ្វាក់ធ្វើជាអ្នកណែនាំ របស់ខ្លួន នោះពួកគេកាន់តែខ្វាក់ជាង ទៅទៀត។ មានពាក្យពោលមួយឃ្លា ក្នុងចំណោម អ្នកមិនជឿថា៖ «សួរផ្លូវមនុស្សខ្វាក់»។ ការបោះឆ្នោតឱ្យអ្នកដឹកនាំក្លែងក្លាយ ឱ្យបម្រើជាអ្នកដឹកនាំពួកជំនុំ គឺដូចជាការសួរផ្លូវមនុស្សខ្វាក់អីចឹង។ វាជារឿងគួរឱ្យអស់សំណើចមួយ មែនទេ? អស់អ្នក ដែលបោះឆ្នោតឱ្យអ្នកដឹកនាំក្លែងក្លាយ សុទ្ធតែជាមនុស្សខ្វាក់ជ្រើសរើសមនុស្សខ្វាក់ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេយល់ សេចក្ដីពិតឡើយ។

នៅពេលដែលមនុស្សមួយចំនួនជ្រើសរើសមនុស្សក្លែងក្លាយ ខាងវិញ្ញាណ ម្នាក់ធ្វើជាអ្នកដឹកនាំ ពួកគេមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដោយគិតថា៖ «ឥឡូវនេះ យើងមានអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ហើយ។ អ្នកដឹកនាំរបស់យើងពូកែទេសនាសេចក្តីអធិប្បាយណាស់។ គាត់ទេសនាតាមរបៀបដែល សមទំនង និងមានរចនាសម្ព័ន្ធច្បាស់លាស់ ហើយ សេចក្តីអធិប្បាយរបស់ ពួកគេសមហេតុសមផលណាស់»។ មនុស្សមួយចំនួនដែលខ្វះការញែកដឹង រំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក ពួកគេមានចិត្តជាប់ជំពាក់យ៉ាងខ្លាំងចំពោះអ្នកដឹកនាំរូបនេះ ហើយពួកគេមិនទាំងចង់ទៅបំពេញភារកិច្ចរបស់ខ្លួនផង។ ពួកគេយល់រឿងរ៉ាវច្បាស់លាស់ណាស់ នៅពេលដែលពួកគេស្ដាប់ការប្រកបគ្នា ប៉ុន្តែនៅពេលដែលពួកគេរកឃើញបញ្ហាក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ពួកគេមិនដឹងថាត្រូវដោះស្រាយដោយរបៀបណាឡើយ ហើយពួកគេមានអារម្មណ៍ងឿងឆ្ងល់ ដោយគិតថា៖ «ខ្ញុំហាក់ដូចជាយល់គ្រប់យ៉ាង នៅពេលដែលខ្ញុំស្ដាប់អ្នកដឹកនាំប្រកបគ្នា ចុះហេតុដូចម្ដេច បានជាខ្ញុំមិនអាចដោះស្រាយការលំបាកនានាដែលខ្ញុំជួបប្រទះនៅក្នុង កិច្ចការរបស់ខ្ញុំទៅវិញ?» តើបញ្ហានៅត្រង់ណា? អ្វីគ្រប់យ៉ាងដែលអ្នកដឹកនាំក្លែងក្លាយប្រភេទនេះទេសនា គឺជាពាក្យពេចន៍ និងគោលលទ្ធិ ឃ្លាទទេសូន្យ ពាក្យស្លោក និងពាក្យឥតន័យ។ អ្វីដែលពួកគេទេសនា មិនដោះស្រាយបញ្ហាជាក់ស្ដែងរបស់អ្នកឡើយ គឺពួកគេបានបោកបញ្ឆោតអ្នក។ ពួកគេ ផ្តល់ឱ្យអ្នក នូវការបំភាន់ ដោយនិយាយពាក្យស្លោកប៉ុន្មានឃ្លា ដើម្បីធ្វើឱ្យអ្នក ជឿ ទាំងខុសថាបញ្ហាត្រូវបានដោះស្រាយហើយ នៅពេលដែលតាមពិតទៅ ពួកគេមិនកំពុងប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតទាក់ទងនឹងបញ្ហារបស់អ្នកឡើយ។ តើបញ្ហាអាចត្រូវបានដោះស្រាយ ដោយរបៀបណា បើប្រកបគ្នាតាមរបៀបនេះ? គោលលទ្ធិដែលពួកគេទេសនា គ្មានអ្វីពាក់ព័ន្ធនឹងបញ្ហាជាក់ស្ដែងឡើយ ពួកគេគ្រាន់តែគេចវេះពីសារជាតិនៃបញ្ហាទាំងអស់ ហើយនិយាយអំពីទ្រឹស្ដី ទទេសូន្យប៉ុណ្ណោះ។ ពួកគេទេសនាតែពាក្យពេចន៍ និងគោលលទ្ធិ និងទ្រឹស្ដីខាងវិញ្ញាណប៉ុណ្ណោះ។ ពួកគេមិនដឹងសោះថា តថភាពនៃសេចក្ដីពិតគឺជាអ្វីឡើយ ហើយនៅពេលដែលបញ្ហាកើតឡើង ពួកគេទៅជា ទាល់គំនិត។ សេចក្តីអធិប្បាយ ដែលពួកគេទេសនាមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានឡើយ វាគ្រាន់តែជា ទ្រឹស្ដីមួយប្រភេទ ជាចំណេះដឹង និងគោលលទ្ធិមួយប្រភេទប៉ុណ្ណោះ។ អ្នកដឹកនាំក្លែងក្លាយប្រភេទនេះ ទេសនាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ហាក់ដូចជា របស់ទាំងនោះជាប្រភេទនៃពាក្យពេចន៍ និងគោលលទ្ធិ និងពាក្យស្លោកអីចឹង។ ពួកគេគេចវេះពីបញ្ហាជាក់ស្ដែងទាំងអស់ ហើយទេសនាតែពាក្យដែលអសារឥតការ និងមិនអាចយកទៅអនុវត្តបានប៉ុណ្ណោះ។ ហើយតើនឹងមានអ្វីកើតឡើងនៅទីបំផុត? មិនថាពួកគេទេសនាយូរប៉ុនណាក៏ដោយ យ៉ាងច្រើនបំផុត សេចក្តីអធិប្បាយរបស់ពួកគេនឹងមានឥទ្ធិពលត្រឹមតែលើកទឹកចិត្ត និងដាស់តឿនមនុស្ស ធ្វើឱ្យមនុស្សមានចិត្តក្លៀវក្លា បន្តិច និងផ្ដល់កម្លាំងចិត្តឱ្យពួកគេមួយឆាវប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហាអ្វីផ្សេងទៀតបានឡើយ។ សេចក្ដីពិតមិនដាច់ចេញពីតថភាព ឡើយ ប៉ុន្តែផ្ទុយទៅវិញ វាផ្សារភ្ជាប់ទៅនឹងតថភាព និងផ្សារភ្ជាប់ទៅនឹងបញ្ហាគ្រប់ប្រភេទដែលមានពិតប្រាកដ។ ដូច្នេះ តើឥឡូវនេះ អ្នក នឹងអាចញែកដឹង អ្នកដឹកនាំក្លែងក្លាយដែល ជាមនុស្សក្លែងក្លាយ ខាងវិញ្ញាណ បានដែរឬទេ នៅពេលដែលអ្នករាល់គ្នាជួបពួកគេនៅពេលក្រោយ? ប្រសិនបើមិនអាចទេ នោះនៅពេលដែលអ្នករាល់គ្នាចង់បោះឆ្នោតឱ្យនរណាម្នាក់ធ្វើជាអ្នកដឹកនាំ ចូរឱ្យពួកគេដោះស្រាយបញ្ហាមួយចំនួនសិន។ ប្រសិនបើពួកគេដោះស្រាយបញ្ហាទាំងនោះស្របទៅតាមគោលការណ៍ ហើយប្រសិនបើពួកគេសម្រេចបានលទ្ធផលល្អគួរសម និងដោះស្រាយបញ្ហាដោយប្រើតថភាពនៃសេចក្ដីពិត នោះអ្នករាល់គ្នាអាចបោះឆ្នោតឱ្យពួកគេបាន។ ប្រសិនបើពួកគេគេចវេះ និងមិននិយាយអំពីសារជាតិនៃបញ្ហា និងស្ថានភាពជាក់ស្ដែង ហើយអ្វីទាំងអស់ដែលពួកគេអាចធ្វើបានគឺគ្រាន់តែទេសនាគោលលទ្ធិទទេសូន្យ ស្រែកពាក្យស្លោក និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ នោះអ្នកមិនអាចបោះឆ្នោតឱ្យបុគ្គលនោះបានឡើយ។ ហេតុអ្វីបានជាអ្នកមិនអាចបោះឆ្នោតឱ្យបុគ្គលនោះ? (ពីព្រោះពួកគេមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបាន។) ហើយតើមនុស្សប្រភេទណាដែលមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបាន? គឺមនុស្សដែលអាចគ្រាន់តែទេសនាពាក្យពេចន៍ និងគោលលទ្ធិ ពោលគឺពួកគេ ជាពួកផារិស៊ីដែលលាក់ពុត និង ជាមនុស្សក្លែងក្លាយ ខាងវិញ្ញាណ។ ពួកគេមិនមានគុណសម្បត្តិដែលចាំបាច់ដើម្បីយល់ពីសេចក្ដីពិតឡើយ ពួកគេគ្មានសមត្ថភាពដោះស្រាយបញ្ហាទេ ពួកគេមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយដូច្នេះប្រសិនបើអ្នកជ្រើសរើសពួកគេឱ្យធ្វើជាអ្នកដឹកនាំ នោះពួកគេច្បាស់ជាក្លាយជាអ្នកដឹកនាំក្លែងក្លាយមិនខាន។ ពួកគេមិនមានសមត្ថភាពបំពេញ កិច្ចការរបស់អ្នកដឹកនាំ ឬបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំឡើយ។ ដូច្នេះ តើអ្នកមិនកំពុងតែធ្វើបាបពួកគេទេឬ ប្រសិនបើអ្នកបោះឆ្នោតឱ្យពួកគេនោះ? មនុស្សមួយចំនួននិយាយថា៖ «តើបែបនោះធ្វើបាបពួកគេយ៉ាងដូចម្ដេចទៅ? យើងមានបំណងល្អទេ ដែលបោះឆ្នោតឱ្យពួកគេ។ ពួកគេមានគុណសម្បត្តិខ្លះដែរ ហើយប្រសិនបើយើងបោះឆ្នោតឱ្យពួកគេ នោះ តើយើងនឹងមិនមានមនុស្សដែលអាចទទួលខុសត្រូវលើកិច្ចការទេឬ?» ជាការពិតណាស់ វាជារឿងល្អដែលមានមនុស្សទទួលខុសត្រូវ ប៉ុន្តែមនុស្សប្រភេទនេះមិនអាចទទួលខុសត្រូវបានឡើយ។ អ្វីទាំងអស់ដែលពួកគេអាចធ្វើបានគឺគ្រាន់តែនិយាយអំពីទ្រឹស្ដីទទេសូន្យ ពួកគេមិនគិតគូរពីស្ថានភាពជាក់ស្ដែងឡើយ ហើយពួកគេមិនអាចជួយអ្វីបានទេ នៅពេលនិយាយដល់ការដោះស្រាយបញ្ហា ដូច្នេះតាមរយៈការបោះឆ្នោតឱ្យពួកគេ តើអ្នកមិនមែនកំពុងផ្ដល់ឱកាសឱ្យពួកគេធ្វើអាក្រក់ទេឬ? តើអ្នកមិនមែនកំពុងបង្ខំឱ្យពួកគេដើរលើផ្លូវរបស់អ្នកដឹកនាំក្លែងក្លាយទេឬ? ហេតុដូច្នេះហើយ អ្នកមិនត្រូវជ្រើសរើសមនុស្សបែបនេះឱ្យធ្វើជាអ្នកដឹកនាំឡើយ។

តើអ្នករាល់គ្នាអាចចេះបែងចែកបានទេថា នរណានៅក្នុងចំណោមមនុស្សដែលនៅជុំវិញអ្នករាល់គ្នា ដែលអ្នករាល់គ្នាឧស្សាហ៍ទាក់ទង និងស្គាល់ច្បាស់ គឺជាមនុស្សដែលចេះតែនិយាយអំពីគោលលទ្ធិបែបអសារឥតការ ហើយមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបាននោះ? តើនរណាដែលតែងតែអធិប្បាយអំពីទ្រឹស្ដីខ្ពង់ខ្ពស់ និងស្នើផែនការថ្មីៗ និងប្លែកៗដែលគ្មាននរណាម្នាក់ធ្លាប់ឮពីមុនមក ប៉ុន្តែបែរជាវង្វេង និងនិយាយមិនចេញ នៅពេលដែលគេសួរពីរបៀបយកទៅអនុវត្ត និងចាត់ចែងធ្វើផែនការប្រតិបត្តិការជាក់លាក់ និងលម្អិតជាក់ស្តែងនោះ? អ្វីដែលពួកគេនិយាយ គឺអសារឥតការ និងមិនប្រាកដនិយមទាល់តែសោះ មិនទាក់ទង ឬមិនស្របនឹងស្ថានភាពពិត បរិយាកាសជាក់ស្តែង អ្វីដែលមនុស្សអាចសម្រេចបានជាក់ស្តែង កម្ពស់របស់មនុស្ស និងកម្រិតជំនាញវិជ្ជាជីវៈរបស់ពួកគេឡើយ។ លើសពីនេះទៅទៀត អ្វីដែលពួកគេនិយាយ គឺមិនស្របតាមសេចក្ដីតម្រូវរបស់គេហដ្ឋានរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគ្រាន់តែនិយាយរឿងមិនសមហេតុសមផល ពួកគេកំពុងតែបណ្ដោយខ្លួនតាមការស្រមើស្រមៃ ហើយពួកគេគ្រាន់តែនិយាយតាមចិត្តចង់ នូវអ្វីដែលពួកគេនឹកឃើញភ្លាមៗប៉ុណ្ណោះ។ ពួកគេគិតថា ពួកគេមិនចាំបាច់ទទួលខុសត្រូវចំពោះអ្វីដែលពួកគេនិយាយនោះទេ សូម្បីតែនៅពេលដែលពួកគេអួតអាង និងអួតក្ដែងៗក៏ដោយ។ ដោយមានអាកប្បកិរិយាបែបនេះ ពួកគេបញ្ចេញទស្សនៈ និងលើកឡើងពីគំនិតរបស់ពួកគេ តើពួកគេមិនមែនជាមនុស្សក្លែងធ្វើជាមានវិញ្ញាណទេឬអី? (មែនហើយ។) មនុស្សខ្លះជឿថា គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះការអួតអាង ការអួតក្ដែងៗ ឬគំនិតដែលស្តាប់ទៅខ្ពង់ខ្ពស់នោះទេ ហើយពួកគេអាចបង្ហាញថាពួកគេមានសមត្ថភាពកម្រិតណា។ ពួកគេគិតថា ប្រសិនបើពួកគេធ្វើអ្វីមួយខុស នោះពួកគេមិនចាំបាច់ទទួលខុសត្រូវចំពោះរឿងនោះទេ ហើយប្រសិនបើពួកគេធ្វើអ្វីមួយត្រូវ នោះមនុស្សគ្រប់គ្នានឹងឱ្យតម្លៃពួកគេខ្ពស់ ដូច្នេះហើយពួកគេនិយាយអ្វីដែលពួកគេចង់និយាយ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងហាក់ដូចជាងាយស្រួលណាស់។ ពួកគេមានគំនិតច្រើន ប៉ុន្តែគ្មានគំនិតណាមួយដែលមានផែនការអនុវត្តជាក់លាក់ និងអាចអនុវត្តបានត្រឹមត្រូវនោះទេ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះទស្សនៈណាមួយដែលពួកគេលើកឡើងនោះទេ ទោះបីជាវាត្រឹមត្រូវ ឬវៀចវេរក៏ដោយ។ ថ្ងៃនេះពួកគេនិយាយបែបនេះ ហើយថ្ងៃស្អែកនិយាយបែបនោះ ហើយទោះបីជាទស្សនៈ ទ្រឹស្ដី និងមូលដ្ឋានដែលពួកគេនិយាយ សុទ្ធតែខ្ពង់ខ្ពស់ក៏ដោយ ក៏វាសុទ្ធតែអសារឥតការ និងមិនជាក់ស្តែងដែរ។ ជួនកាល ពួកគេនិយាយអំពីផែនការដែលមិនអសារឥតការ ឬមិនវៀចវេរ ប៉ុន្តែនៅពេលដែលគេសួរថា តើផែនការនោះត្រូវអនុវត្តជាក់លាក់ដោយរបៀបណា ពួកគេមិនអាចនិយាយបានទេ។ នៅពេលស្រែកពាក្យស្លោក និយាយពាក្យខ្ពង់ខ្ពស់ និងបញ្ចេញទស្សនៈ ពួកគេមានចិត្តក្លៀវក្លា និងសកម្មខ្លាំងណាស់។ ប៉ុន្តែនៅពេលនិយាយដល់ការធ្វើការងារជាក់លាក់ និងអនុវត្តផែនការជាក់លាក់ ពួកគេបាត់ខ្លួនគ្មានដាន ពួកគេពួនសម្ងំ ហើយពួកគេគ្មានទស្សនៈអ្វីទៀតទេ។ តើមនុស្សបែបនេះអាចធ្វើជាអ្នកដឹកនាំបានទេ? (ទេ។) ដូច្នេះ តើនឹងមានផលវិបាកអ្វីខ្លះ ប្រសិនបើមនុស្សបែបនេះក្លាយជាអ្នកដឹកនាំ? តើពួកគេនឹងមិនធ្វើឱ្យខូចប្រយោជន៍ទាំងខ្លួនឯង និងអ្នកដទៃទេឬអី? ពួកគេនឹងបង្កឱ្យមានការយឺតយ៉ាវដល់ការងាររបស់ពួកជំនុំ ហើយលើសពីនេះទៅទៀត ពួកគេនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ខ្លួនឯង។ គោលលទ្ធិដែលពួកគេអធិប្បាយ គឺគ្រាន់តែជារឿងដែលមានកម្រិតមួយចំនួនប៉ុណ្ណោះ ហើយនៅពេលដែលពួកគេអធិប្បាយចប់ ពួកគេគ្មានអ្វីផ្សេងទៀតត្រូវនិយាយឡើយ ដូច្នេះពួកគេនឹងត្រូវពួនសម្ងំ និង «បិទទ្វារសម្ងំដើម្បីផ្ដោតលើការបណ្ដុះបណ្ដាលខ្លួនឯង» ជានិច្ច។ តើការនេះនឹងមិនធ្វើឱ្យមានការលំបាកសម្រាប់ពួកគេទេឬអី? គ្រាន់តែពួកគេក្លាយជាអ្នកដឹកនាំភ្លាម ពួកគេនឹងមានអារម្មណ៍ហាក់ដូចជាមានភ្នំដ៏ធំបីសង្កត់លើក្បាលរបស់ពួកគេអ៊ីចឹង ពួកគេនឹងមានអារម្មណ៍ថាហត់នឿយជារៀងរាល់ថ្ងៃ ហើយពួកគេនឹងមានអារម្មណ៍ថាមានសម្ពាធយ៉ាងខ្លាំង តើមានប្រយោជន៍អ្វីដែលពួកគេត្រូវរងទុក្ខបែបនេះ? ពួកគេគ្មានគុណសម្បត្តិដើម្បីធ្វើជាអ្នកដឹកនាំទេ ហើយនៅពេលដែលពួកគេជួបប្រទះបញ្ហា ពួកគេគ្រាន់តែអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ស្របតាមការស្រមើស្រមៃរបស់ពួកគេប៉ុណ្ណោះ ហើយមិនអាចដោះស្រាយបញ្ហាជាក់ស្តែងបានឡើយ មនុស្សបែបនេះមិនអាចធ្វើជាអ្នកដឹកនាំបានទេ។ ពួកគេមិនមានសមត្ថភាពធ្វើការងារជាក់ស្តែងទេ ដូច្នេះពួកគេនឹងក្លាយជាអ្នកដឹកនាំក្លែងក្លាយ ហើយពួកគេនឹងនៅតែគិតថាខ្លួនឯងអស្ចារ្យដដែល ទោះបីជាពួកគេបង្កឱ្យមានការយឺតយ៉ាវដល់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីក៏ដោយ។ ប្រសិនបើអ្នករាល់គ្នាអាចរកឃើញ និងចាប់បាននូវគុណសម្បត្តិ និងចរិតលក្ខណៈរបស់មនុស្សក្លែងធ្វើជាមានវិញ្ញាណទាំងនេះ តើអ្នករាល់គ្នានៅតែបោះឆ្នោតឱ្យពួកគេធ្វើជាអ្នកដឹកនាំទៀតឬទេ? ប្រសិនបើអ្នកខ្លួនឯងគឺជាមនុស្សប្រភេទនេះ ហើយមាននរណាម្នាក់ចង់បោះឆ្នោតឱ្យអ្នក តើអ្នកនឹងធ្វើដូចម្តេច? (ខ្ញុំនឹងមានការស្គាល់ខ្លួនឯងខ្លះ ហើយប្រកាសថា ខ្ញុំមិនស័ក្តិសមធ្វើជាអ្នកដឹកនាំទេ។) ហើយប្រសិនបើ បន្ទាប់ពីអ្នកបានប្រកាសបែបនេះហើយ មនុស្សគ្រប់គ្នានៅតែគិតថាអ្នកល្អ ហើយទទូចចង់បោះឆ្នោតឱ្យអ្នក តើអ្នកគួរធ្វើដូចម្តេច? ចូរនិយាយទៅកាន់ពួកគេថា៖ «ខ្ញុំមិនអាចធ្វើការងារដឹកនាំបានទេ ខ្ញុំមិនអាចរ៉ាប់រងការងារនោះបានឡើយ។ មើលពីខាងក្រៅ ខ្ញុំហាក់ដូចជាមានគុណសម្បត្តិខ្លះ ហើយជួនកាលខ្ញុំមានគំនិតល្អៗខ្លះ និងផ្ដល់ពន្លឺបន្តិចបន្តួច ប៉ុន្តែភាគច្រើន ខ្ញុំគ្រាន់តែអធិប្បាយអំពីពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ។ «ខ្ញុំពិតជាមិនអាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានទេ។ ខ្ញុំមិនប្រសើរជាងអ្នករាល់គ្នាទេ។ ទោះបីជាអ្នករាល់គ្នាធ្វើអ្វីក៏ដោយ សូមកុំបោះឆ្នោតឱ្យខ្ញុំអី។ ទោះបីជាខ្ញុំទទួលបានសន្លឹកឆ្នោតច្រើនជាងគេក៏ដោយ ក៏ខ្ញុំនៅតែមិនអាចធ្វើជាអ្នកដឹកនាំបានដែរ។ ខ្ញុំមិនអាចទៅធ្វើបាបនរណាម្នាក់ឡើយ! ខ្ញុំធ្លាប់បម្រើការជាអ្នកដឹកនាំពីមុនមក ហើយរាល់ពេល ខ្ញុំតែងតែបរាជ័យ និងត្រូវបានបណ្ដេញចេញ។ រាល់ពេលដែលខ្ញុំត្រូវបានបណ្ដេញចេញ គឺដោយសារតែគុណសម្បត្តិរបស់ខ្ញុំអន់ ខ្ញុំខ្វះសមត្ថភាពការងារ និងមិនអាចធ្វើការងារជាក់ស្តែងបាន។ អ្វីដែលខ្ញុំអាចធ្វើបាន គឺគ្រាន់តែអធិប្បាយអំពីពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយក្រៅពីនោះ ខ្ញុំមិនអាចបំពេញបានល្អ ឬបំពេញការទទួលខុសត្រូវសូម្បីតែមួយ ដែលអ្នកដឹកនាំគួរតែបំពេញនោះទេ។ ខ្ញុំគឺជាអ្នកដឹកនាំក្លែងក្លាយ»។ នេះគឺជាការមានការស្គាល់ខ្លួនឯង មិនមែនគ្រាន់តែនិយាយពាក្យពីរបីម៉ាត់ថា មិនស័ក្តិសមធ្វើជាអ្នកដឹកនាំ ហើយបញ្ចប់ត្រឹមហ្នឹងនោះទេ។ មនុស្សខ្លះគិតថា «ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងក្រុមនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយយ៉ាងណាក៏ដោយ ខ្ញុំគួរតែត្រូវបានចាត់ទុកថាជាអ្នកធ្វើការចាស់វស្សាម្នាក់ដែរ។ ទោះបីជាខ្ញុំមិនដែលបានកសាងស្នាដៃក៏ដោយ ក៏ខ្ញុំបានខិតខំធ្វើការដែរ ដូច្នេះហេតុអ្វីបានជាគ្មាននរណាម្នាក់រកឃើញចំណុចខ្លាំងរបស់ខ្ញុំសោះអ៊ីចឹង? ខ្ញុំក៏ជាមនុស្សដែលអាចធ្វើជាអ្នកដឹកនាំបានដែរ។ ខ្ញុំតែងតែនឹកឃើញគំនិត យោបល់ និងសំណើដែលមានតម្លៃ និងមានប្រយោជន៍ជាក់ស្តែង។ មិនថាអ្នកដឹកនាំយកគំនិតទាំងនោះទៅប្រើឬអត់នោះទេ យ៉ាងណាក៏ដោយ ខ្ញុំគឺជាមនុស្សម្នាក់ដែលមានជំហរ មានគំនិត និងមានទស្សនៈ។ ហេតុអ្វីបានជាគ្មាននរណាម្នាក់បោះឆ្នោតឱ្យខ្ញុំ?» ប្រសិនបើនេះជារបៀបដែលអ្នកគិត នោះអ្នកអាចថ្លឹងថ្លែងខ្លួនឯងបែបនេះថា៖ តើគំនិត យោបល់ និងសំណើដែលអ្នកមានទាំងនោះ គ្រាន់តែជាពាក្យសម្ដី ឬតើវាពិតជាមានប្រយោជន៍ជាក់ស្តែងមែនឬទេ? តើអ្នកអាចរកឃើញ និងដោះស្រាយការលំបាកគ្រប់បែបយ៉ាងដែលជួបប្រទះនៅក្នុងការងារបានដែរឬទេ? តើគំនិត និងយោបល់របស់អ្នកអាចយកទៅប្រើការបានដែរឬទេ? តើអ្នកអាចរ៉ាប់រងការងារបានដែរឬទេ? ប្រសិនបើគំនិត និងទស្សនៈរបស់អ្នកនៅត្រឹមកម្រិតពាក្យពេចន៍ និងគោលលទ្ធិ ប្រសិនបើវាមិនមានប្រយោជន៍ជាក់ស្តែងទាល់តែសោះ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ប្រសិនបើវាមិនស្របតាមគោលការណ៍ការងាររបស់គេហដ្ឋានរបស់ព្រះជាម្ចាស់ទាល់តែសោះ តើគុណសម្បត្តិរបស់អ្នកពិតជាយ៉ាងម៉េចទៅ? នៅពេលដែលអ្នកត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំ តើអ្នកអាចបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានដែរឬទេ? តើអ្នកចង់ធ្វើជាអ្នកដឹកនាំដោយសារតែមហិច្ឆតា ឬដោយសារតែមានបន្ទុក? ប្រសិនបើអ្នកពិតជាមានសមត្ថភាពការងារ និងសមត្ថភាពដោះស្រាយបញ្ហាមែន ហើយនៅពេលដែលអ្នកឃើញអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនបំពេញការងារអន់ខ្លាំង ហើយមិនអាចដោះស្រាយបញ្ហាអ្វីបានសោះ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ខ្វល់ខ្វាយ ហើយអ្នកផ្ដល់យោបល់ដល់ពួកគេ ប៉ុន្តែពួកគេមិនស្តាប់ ហើយពួកគេមិនអាចដោះស្រាយបញ្ហាបាន ប៉ុន្តែពួកគេមិនរាយការណ៍ទៅខាងលើ ហើយអ្នកមានអារម្មណ៍បារម្ភ និងខ្វល់ខ្វាយចំពោះការងាររបស់គេហដ្ឋានរបស់ព្រះជាម្ចាស់ ហើយអ្នកមានអារម្មណ៍ពិបាកចិត្តទ្រាំមិនបាន នៅពេលដែលអ្នកឃើញអ្នកដឹកនាំក្លែងក្លាយបង្កឱ្យមានការយឺតយ៉ាវដល់ការងាររបស់ពួកជំនុំ នេះបង្ហាញថាអ្នកមានបន្ទុកហើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ទទួលបានការទទួលស្គាល់ពីមនុស្សគ្រប់គ្នា ចង់ស្វែងរកអ្នកស្ដាប់កាន់តែច្រើន និងចង់ឱ្យមនុស្សកាន់តែច្រើនស្ដាប់អ្នកអធិប្បាយ និងនិយាយអួតក្ដែងៗ ដោយគ្រាន់តែអ្នកមានគំនិតខ្លះៗ ហើយប្រសិនបើអ្នកចង់លេចធ្លោជាងគេ នោះនេះមិនមែនជាបន្ទុកទេ នេះគឺជាមហិច្ឆតា។ មនុស្សដែលមានមហិច្ឆតា អាចគ្រាន់តែអធិប្បាយអំពីពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយគំនិតណាមួយដែលពួកគេមាន ក៏គ្រាន់តែជាពាក្យពេចន៍ និងគោលលទ្ធិដ៏អសារឥតការដែរ។ នៅពេលដែលមនុស្សបែបនេះក្លាយជាអ្នកដឹកនាំ ពួកគេមុខជានឹងក្លាយជាអ្នកដឹកនាំក្លែងក្លាយ ហើយប្រសិនបើពួកគេជាមនុស្សអាក្រក់ នោះពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើគំនិតរបស់អ្នកនៅត្រឹមកម្រិតពាក្យសម្ដីអសារឥតការ នោះនៅពេលដែលអ្នកក្លាយជាអ្នកដឹកនាំ អ្នកមុខជានឹងដូចគ្នាទៅនឹងអ្នកដឹកនាំក្លែងក្លាយដែលក្លែងធ្វើជាមានវិញ្ញាណគ្រប់រូបដែរ។ អ្នកនឹងទៅ «បិទទ្វារសម្ងំដើម្បីផ្ដោតលើការបណ្ដុះបណ្ដាលខ្លួនឯង» ជានិច្ច បើមិនដូច្នេះទេ អ្នកនឹងមានអារម្មណ៍ថាមានវិបត្តិ ហើយនឹងគ្មានអ្វីត្រូវអធិប្បាយឡើយ។ ប្រសិនបើអ្នកដូចគ្នាទៅនឹងពួកគេ ហើយនៅពេលដែលអ្នកកំពុងអធិប្បាយពីលើក្បាលគេ អ្នកមិនអាចរកឃើញបញ្ហាណាមួយដែលមាននៅក្នុងការងារ ហើយក៏មិនអាចដោះស្រាយបញ្ហាណាមួយបានដែរ នោះអ្នកមុខជានឹងក្លាយជាអ្នកដឹកនាំក្លែងក្លាយហើយ។ ហើយតើមានអ្វីកើតឡើងចំពោះអ្នកដឹកនាំក្លែងក្លាយនៅទីបំផុត? ពួកគេត្រូវបានបណ្ដេញចេញពីតំណែង ដោយសារតែពួកគេមិនអាចធ្វើការងារជាក់ស្តែងបាន ពួកគេមុខជានឹងដើរលើផ្លូវនេះ។

មានមនុស្សជាច្រើនដែលតែងតែមានអារម្មណ៍មិនសុខចិត្ត និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពនៅក្នុងចិត្ត ហើយរាល់ពេលដែលដល់ពេលជ្រើសរើសអ្នកដឹកនាំ ឬអ្នកមើលការខុសត្រូវ ពួកគេតែងតែចង់ឱ្យគេជ្រើសរើសខ្លួនឯងជានិច្ច។ មនុស្សខ្លះគិតថា ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំបំផុត ពួកគេបានស៊ូទ្រាំនឹងការលំបាកច្រើនបំផុត ពួកគេបានបំពេញភារកិច្ចរបស់ពួកគេយូរជាងគេបំផុត និងមានភាពស្មោះត្រង់បំផុត ហើយមានសិទ្ធិគ្រប់គ្រាន់បំផុតដើម្បីធ្វើជាអ្នកដឹកនាំ ដូច្នេះហើយពួកគេចង់ឱ្យអ្នកដទៃជ្រើសរើសពួកគេ។ តើអ្នកនឹងអាចធ្វើអ្វីបាន ប្រសិនបើអ្នកដទៃជ្រើសរើសអ្នក? តើអ្នកនឹងអាចចៀសវាងពីការទទួលបានងារជាអ្នកដឹកនាំក្លែងក្លាយបានដែរឬទេ? តើអ្នកនឹងអាចបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានដែរឬទេ? ទាំងនេះសុទ្ធតែជាបញ្ហាជាក់ស្តែង ប៉ុន្តែគ្មាននរណាម្នាក់ពិចារណាអំពីរឿងបែបនេះទេ។ ក្នុងចំណោមមនុស្សទាំងនេះ អ្នកខ្លះមានគុណសម្បត្តិគ្រប់គ្រាន់។ ពួកគេអាចស្វែងរកសេចក្ដីពិត នៅពេលដែលមានបញ្ហានៅក្នុងភារកិច្ចរបស់ពួកគេ ហើយនៅពេលដែលពួកគេយល់ពីសេចក្ដីពិត និងអាចដោះស្រាយបញ្ហាស្របតាមគោលការណ៍ ពួកគេអាចស្របតាមស្ដង់ដារ។ ឱ្យតែមនុស្សទាំងនេះយល់ពីសេចក្ដីពិត ស្រឡាញ់សេចក្ដីពិត និងអាចដេញតាមសេចក្ដីពិត ហើយបន្ថែមលើនេះ មានភាពជាមនុស្សល្អបង្គួរ នោះពួកគេនឹងគ្មានបញ្ហាក្នុងការក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការដែលស្របតាមស្ដង់ដារឡើយ វានឹងមិនពិបាកខ្លាំងសម្រាប់ពួកគេទេ។ មនុស្សខ្លះតែងតែត្អូញត្អែរថា ការងារដែលពួកគេកំពុងធ្វើគឺពិបាក ពួកគេមិនសុខចិត្តខិតខំប្រឹងប្រែង ឬបង់ថ្លៃនៅពេលនិយាយដល់សេចក្ដីពិត ហើយពួកគេរអ៊ូរទាំនៅពេលដែលពួកគេត្រូវបានលួសកាត់។ តើមនុស្សបែបនេះអាចធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការដែលស្របតាមស្ដង់ដារបានដែរឬទេ? ចេតនា និងអាកប្បកិរិយារបស់ពួកគេគឺខុសតែម្ដង ពួកគេមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទេ ហើយមិនថាព្រះជាម្ចាស់តម្រូវអ្វីពីពួកគេទេ ពួកគេនៅតែរក្សាអាកប្បកិរិយាអវិជ្ជមានដដែល។ មនុស្សបែបនេះមិនសមនឹងធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការទេ។ ពួកគេគ្មានបន្ទុកនៅក្នុងចិត្តឡើយ ហើយមិនថាការរៀបចំការងាររបស់គេហដ្ឋានរបស់ព្រះជាម្ចាស់ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ឬងាយយល់យ៉ាងណាក៏ដោយ ពួកគេនៅតែមិនសុខចិត្តខិតខំធ្វើការ ដើម្បីធ្វើការងារឱ្យបានល្អដែរ។ តាមពិតទៅ វាមិនពិបាកទេក្នុងការធ្វើការងារឱ្យបានល្អ។ ហេតុអ្វីបានជាវាមិនពិបាក? ទីមួយ គេហដ្ឋានរបស់ព្រះជាម្ចាស់មានការរៀបចំការងារជាក់លាក់សម្រាប់ការងារទាំងអស់របស់ពួកជំនុំ ហើយខាងលើបានដាក់ចេញនូវបទប្បញ្ញត្តិជាក់លាក់សម្រាប់ការងារនោះ ដូច្នេះអ្នករាល់គ្នាមិនត្រូវបានតម្រូវឱ្យមានគំនិតច្នៃប្រឌិតនៅក្នុងផ្នែកការងារណាមួយ ឬបញ្ចប់វាដោយឯករាជ្យឡើយ។ ខាងលើបានផ្ដល់ឱ្យអ្នករាល់គ្នានូវវិសាលភាព និងទិសដៅ ហើយបានផ្ដល់ឱ្យអ្នករាល់គ្នានូវគោលការណ៍ និងបានផ្ដល់ឱ្យអ្នករាល់គ្នានូវស្ដង់ដារអប្បបរមា ក្នុងការធ្វើការងាររបស់អ្នករាល់គ្នា អ្នកមិនមែនកំពុងតែធ្វើការដោយគ្មានគោលដៅ ឬខ្វះទិសដៅណាមួយឡើយ។ ទីពីរ ចំពោះផ្នែកការងារណាមួយ មិនថាអ្នកមើលការខុសត្រូវជានរណា ហើយមិនថាការងារនោះផ្ដោតសំខាន់នៅបរទេស ឬក្នុងស្រុកទេ អ្វីដែលសំខាន់បំផុតនោះគឺថា បងប្អូនថ្នាក់លើកំពុងតែតាមដាន ណែនាំ មើលការខុសត្រូវ ត្រួតពិនិត្យ និងអនុវត្តការត្រួតពិនិត្យលើការងារនោះដោយផ្ទាល់ ហើយតែងតែសាកសួរព័ត៌មានជានិច្ច។ តើសកម្មភាពទាំងនេះមានលក្ខណៈជាក់លាក់កម្រិតណា? បងប្អូនថ្នាក់លើចូលរួម និងតាមដានដោយផ្ទាល់លើគ្រប់អត្ថបទរឿង គ្រប់ភាពយន្ត គ្រប់កម្មវិធី គ្រប់ទំនុកបរិសុទ្ធ និងអ្វីៗផ្សេងទៀត។ ខ្ញុំក៏ចូលរួមនៅក្នុងការងារខ្លះដែរ ដោយផ្ដល់ឱ្យអ្នករាល់គ្នានូវទិសដៅ និងក្របខ័ណ្ឌទូទៅ។ ទីបី ចំពោះទិដ្ឋភាពណាមួយនៃការងារដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត ខាងលើក៏តែងតែប្រកបប្រាប់អ្នករាល់គ្នាអំពីគោលការណ៍សេចក្ដីពិត និងណែនាំការងាររបស់អ្នករាល់គ្នាដែរ ខាងលើក៏លួសកាត់អ្នក ត្រួតពិនិត្យសម្រាប់អ្នករាល់គ្នា ហើយនៅពេលណាក៏ដោយ ខាងលើនឹងកែតម្រូវសេចក្ដីវៀចវេររបស់អ្នករាល់គ្នា។ ទីបួន ទាក់ទងនឹងការងារបុគ្គលិក និងរដ្ឋបាលសំខាន់ៗ ខាងលើជួយអ្នករាល់គ្នាដោយផ្ទាល់ ដោយការអនុវត្តការត្រួតពិនិត្យ និងការធ្វើសេចក្ដីសម្រេចចិត្ត។ ការពិតគឺថា មិនថាអ្នករាល់គ្នាធ្វើការងារអ្វីទេ អ្នករាល់គ្នាមិនបញ្ចប់វាដោយឯករាជ្យឡើយ ការងារទាំងអស់ត្រូវបានរៀបចំ ដឹកនាំ ចង្អុលបង្ហាញ និងត្រួតពិនិត្យដោយខាងលើ។ ដូច្នេះ តើអ្នករាល់គ្នាធ្វើអ្វីខ្លះ? អ្នករាល់គ្នាគ្រាន់តែសោយសុខនឹងអ្វីៗដែលត្រៀមរួចជាស្រេច អ្នករាល់គ្នាពិតជាមានពរណាស់! អ្នកមិនចាំបាច់បារម្ភអំពីអ្វីទាំងអស់ អ្នកគ្រាន់តែត្រូវចាប់ផ្ដើមធ្វើការដោយប្រើដៃ និងជើងរបស់អ្នកប៉ុណ្ណោះ។ នេះគឺជាការងារដែលធ្លាក់មកលើអ្នករាល់គ្នា។ តើអ្នករាល់គ្នាធ្លាប់បង់ថ្លៃបន្ថែមដែរឬទេ? (ទេ។) ខាងលើបានធ្វើការងារសំខាន់ៗ និងធំៗទាំងអស់នេះរួចហើយ ហេតុដូច្នេះហើយ ការងារដែលអ្នករាល់គ្នាធ្វើ គឺសុទ្ធតែងាយស្រួលណាស់ ហើយគ្មានការលំបាកធំដុំអ្វីទាល់តែសោះ។ ក្រោមកាលៈទេសៈបែបនេះ ប្រសិនបើមនុស្សនៅតែមិនធ្វើការងាររបស់ពួកគេឱ្យបានល្អ នោះគឺជារឿងដែលមិនអាចលើកលែងឱ្យបានឡើយ ហើយវាបង្ហាញថា ពួកគេគ្រាន់តែមិនបានដាក់ចិត្ត និងខិតខំប្រឹងប្រែងក្នុងការងាររបស់ពួកគេ ឬបំពេញការទទួលខុសត្រូវរបស់ពួកគេប៉ុណ្ណោះ។ មនុស្សខ្លះនិយាយថា៖ «តើមាននរណាដែលគ្មានកំហុសសោះនៅពេលធ្វើការងារនោះ? តើមនុស្សមិនត្រូវបានអនុញ្ញាតឱ្យមានបញ្ហាបន្តិចបន្តួចទេឬអី?» អ្នករាល់គ្នាមិនត្រូវបានតម្រូវឱ្យទទួលបានពិន្ទុពេញលេញនៅក្នុងការងាររបស់អ្នករាល់គ្នាទេ អ្នករាល់គ្នាគ្រាន់តែត្រូវបានតម្រូវឱ្យធ្វើឱ្យជាប់ប៉ុណ្ណោះ ហើយបន្ទាប់មក អ្នកនឹងត្រូវបានចាត់ទុកថាបានបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយ។ តើការនេះទាមទារខ្លាំងពេកទេ? (ទេ។) វាងាយស្រួលទេក្នុងការទទួលបានពិន្ទុជាប់ ដោយផ្អែកលើការចង្អុលបង្ហាញ និងការត្រួតពិនិត្យរបស់ខាងលើ វាគ្រាន់តែអាស្រ័យលើថាតើមនុស្សដេញតាមសេចក្ដីពិតដោយស្មោះត្រង់ឬអត់ប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនខិតខំប្រឹងប្រែងទាល់តែសោះនៅពេលនិយាយដល់សេចក្ដីពិត ហើយតែងតែចង់ធ្វើឱ្យតែរួចពីដៃ ហើយប្រសិនបើពួកគេពេញចិត្តនឹងគ្រាន់តែធ្វើការងារឱ្យតែរួចៗពីដៃ មិនធ្វើអ្វីអាក្រក់ មិនបង្កឱ្យមានការរំខាន ឬការបង្អាក់ណាមួយ ហើយមិនមានអ្វីរំខានដល់មនសិការរបស់ពួកគេ នោះពួកគេមិនអាចទទួលបានពិន្ទុជាប់ឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើនមានអាកប្បកិរិយាបែបនេះនៅពេលធ្វើការ ពួកគេធ្វើការងារបន្តិចបន្តួច ប៉ុន្តែពួកគេមិនចង់ឱ្យខ្លួនឯងហត់នឿយទេ ពួកគេពេញចិត្តនឹងភាពមធ្យម ហើយចំពោះលទ្ធផលនៃការងាររបស់ពួកគេវិញ ពួកគេគិតថា នោះជារឿងរបស់ព្រះជាម្ចាស់ ហើយថាវាមិនពាក់ព័ន្ធនឹងពួកគេឡើយ។ តើអាកប្បកិរិយានេះអាចទទួលយកបានទេ? ប្រសិនបើអ្នកមានអាកប្បកិរិយាបែបនេះ នោះការងារដែលអ្នកអាចធ្វើបានគឺមានកម្រិតណាស់ ហើយអ្នកមិនបានខិតខំអស់ពីសមត្ថភាពឡើយ ដែលបង្ហាញថា អ្នកមិនមានសមត្ថភាពធ្វើការងារជាក់ស្តែង ឬថាអ្នកមិនធ្វើការងារជាក់ស្តែង ដូច្នេះអ្នកគួរតែត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ នេះគឺសមរម្យទាំងស្រុង ហើយវាមិនអយុត្តិធម៌ទេ។ មនុស្សខ្លះតែងតែនិយាយថា «សេចក្ដីតម្រូវរបស់ព្រះអង្គចំពោះពួកយើងខ្ពស់ពេកហើយ។ បើយើងមិនធ្វើការងារនេះ យើងជាអ្នកដឹកនាំក្លែងក្លាយ បើយើងមិនបំពេញតាមសេចក្ដីតម្រូវនោះ យើងក៏ជាអ្នកដឹកនាំក្លែងក្លាយដែរ។ តើព្រះអង្គចាត់ទុកពួកយើងជាអ្វី? ពួកយើងមិនមែនជាមនុស្សយន្តទេ ពួកយើងមិនមែនគ្រប់លក្ខណ៍ទេ។ ពួកយើងគ្រាន់តែជាមនុស្សធម្មតា ជាមនុស្សលោក។ ព្រះអង្គប្រាប់ឱ្យពួកយើងធ្វើជាមនុស្សធម្មតា ជាមនុស្សសាមញ្ញ ចុះហេតុអ្វីបានជាព្រះអង្គមានសេចក្ដីតម្រូវខ្ពស់ចំពោះពួកយើងក្នុងនាមជាអ្នកដឹកនាំម្ល៉េះ?» តាមពិតទៅ សេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នករាល់គ្នាមិនខ្ពស់ទេ។ ខ្ញុំគ្រាន់តែសុំឱ្យអ្នកបំពេញការទទួលខុសត្រូវដែលមនុស្សគួរតែបំពេញប៉ុណ្ណោះ។ នេះគឺជាអ្វីដែលអ្នកគួរតែធ្វើ និងត្រូវតែធ្វើ ហើយវាជាអ្វីដែលអ្នកអាចសម្រេចបានក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ។ ប៉ុន្តែ ប្រសិនបើអ្នកមិនខិតខំប្រឹងប្រែងដើម្បីឈោងចាប់សេចក្ដីពិត ហើយតែងតែខ្លាចរងទុក្ខលំបាក និងតែងតែជាប់ជំពាក់នឹងសេចក្ដីសុខស្រួល នោះមិនថាអ្នកមានហេតុផល ឬលេសអ្វីក៏ដោយ អ្នកមុខជានឹងក្លាយជាអ្នកដឹកនាំក្លែងក្លាយហើយ។ វាប្រៀបដូចជាអ្វីៗដែលមនុស្សដែលមានភាពជាមនុស្សធម្មតាគួរតែសម្រេចបាន និងអ្វីដែលមនុស្សពេញវ័យគួរតែចាត់ចែងដោយខ្លួនឯង ដូចជាតើមនុស្សពេញវ័យគួរក្រោកពីគេងនៅម៉ោងប៉ុន្មាននៅពេលព្រឹក គួរញ៉ាំបាយប៉ុន្មានពេល និងគួរធ្វើការប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ហើយពេលណាដែលពួកគេគួរតែបោកគក់សម្លៀកបំពាក់កខ្វក់របស់ពួកគេជាដើម អ្នកត្រូវតែចាត់ចែងរឿងទាំងនេះដោយខ្លួនឯង ហើយមិនចាំបាច់ឱ្យអ្នកសួរនរណាម្នាក់ផ្សេងទៀតអំពីរឿងទាំងនេះទេ។ ប្រសិនបើអ្នកសួរអ្នកដទៃអំពីគ្រប់រឿង ហើយមិនយល់អ្វីសោះ តើនេះមិនមែនមានន័យថា អ្នកមានខួរក្បាលមិនគ្រប់ទឹក ហើយថាអ្នកជាមនុស្សល្ងីល្ងើទេឬអី? តើវាមិនមែនមានន័យថា អ្នកមិនចេះមើលថែខ្លួនឯងទេឬអី? តើមនុស្សបែបនេះអាចធ្វើជាអ្នកដឹកនាំបានទេ? តើពួកគេមិនមែនជាអ្នកដឹកនាំក្លែងក្លាយទេឬអី? មនុស្សបែបនេះគួរតែត្រូវបានបណ្ដេញចេញ។ មនុស្សបែបនេះនៅតែចង់តោងជាប់នឹងឋានៈរបស់ខ្លួន ហើយមិនព្រមចុះចេញពីតំណែងទៀត ហើយពួកគេនៅតែចង់ធ្វើជាអ្នកដឹកនាំដដែល! បន្ទាប់ពីអ្នកដឹកនាំក្លែងក្លាយខ្លះត្រូវបានបណ្ដេញចេញ ពួកគេមានអារម្មណ៍ថាពួកគេរងអយុត្តិធម៌ ហើយយំមិនឈប់។ ពួកគេយំរហូតដល់ភ្នែកទាំងពីរហើម។ ហេតុអ្វីបានជាពួកគេយំ? ពួកគេមិនដឹងថាខ្លួនឯងជាស្អីផង។ នៅពេលដែលខ្ញុំនិយាយថា សេចក្ដីតម្រូវរបស់ខ្ញុំចំពោះមនុស្សមិនខ្ពស់ អ្វីដែលខ្ញុំចង់មានន័យនោះគឺថា អ្វីដែលតម្រូវឱ្យអ្នកធ្វើ គឺជាអ្វីដែលអ្នកអាចសម្រេចបាន ផ្លូវត្រូវបានត្រួសត្រាយរួចហើយសម្រាប់អ្នក ហើយវិសាលភាពត្រូវបានកំណត់រួចហើយ ហើយសេចក្ដីសម្រេចចិត្តត្រូវបានធ្វើរួចហើយ អ្នកគ្រាន់តែត្រូវធ្វើវាប៉ុណ្ណោះ។ វាប្រៀបដូចជាការញ៉ាំបាយអ៊ីចឹង៖ អង្ករ បន្លែ គ្រឿងទេសគ្រប់ប្រភេទ ឆ្នាំង និងចង្ក្រាន ត្រូវបានរៀបចំរួចរាល់សម្រាប់អ្នក ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរៀនពីរបៀបធ្វើម្ហូបប៉ុណ្ណោះ នេះគឺជាអ្វីដែលមនុស្សពេញវ័យត្រូវធ្វើ និងត្រូវសម្រេចឱ្យបាន។ ប្រសិនបើអ្នកមិនអាចសម្រេចការនេះបានទេ នោះអ្នកគឺជាមនុស្សល្ងីល្ងើ ហើយអ្នកមិនអាចរាប់បញ្ចូលក្នុងកម្រិតបញ្ញារបស់មនុស្សពេញវ័យធម្មតាបានទេ។ អ្នកដឹកនាំមួយចំនួនមិនមានសមត្ថភាពធ្វើការងារជាក់ស្តែងនេះទេ ដូច្នេះពួកគេត្រូវតែត្រូវបានបណ្ដេញចេញ។ ដូច្នេះ តើយើងអាចកំណត់និយមន័យ និងកំណត់ថាតើនរណាម្នាក់មានសមត្ថភាពធ្វើការងារបែបនេះដោយរបៀបណា? ប្រសិនបើអ្នកមានបញ្ញា និងគុណសម្បត្តិជាមនុស្សពេញវ័យ ហើយអ្នកមានសតិសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវដែលមនុស្សពេញវ័យគួរតែមាន នោះអ្នកគួរតែអាចធ្វើការងារបែបនេះបាន។ ប្រសិនបើអ្នកមិនអាច ឬអ្នកមិនធ្វើវាទេ នោះអ្នកគឺជាអ្នកដឹកនាំក្លែងក្លាយ។ នោះហើយជារបៀបកំណត់រឿងនេះ ហើយការកំណត់តាមរបៀបនេះ គឺត្រឹមត្រូវ។ នេះមិនមែនជាការកាត់ទោស ឬការវិនិច្ឆ័យលើមនុស្សទេ ដូច្នេះតើវាតឹងរ៉ឹងហួសហេតុពេកដែរឬទេ? ការពិតត្រូវបានបង្ហាញនៅទីនេះហើយ ហើយការនេះមិនតឹងរ៉ឹងទាល់តែសោះ។

II. អ្នកដឹកនាំក្លែងក្លាយដែលមានគុណសម្បត្តិអន់

អម្បាញ់មិញនេះ យើងបានប្រកបគ្នារួចហើយអំពីការបង្ហាញចេញដែលអ្នកដឹកនាំក្លែងក្លាយមួយប្រភេទមាន ទាក់ទងនឹងការរាយការណ៍ និងការស្វែងរកផ្លូវដោះស្រាយចំពោះសេចក្ដីងឿងឆ្ងល់ និងការលំបាកដែលជួបប្រទះនៅក្នុងការងារបានទាន់ពេលវេលា ព្រមទាំងមូលហេតុដែលមនុស្សប្រភេទនេះមិនអាចបំពេញទំនួលខុសត្រូវជាអ្នកដឹកនាំ និងអ្នកធ្វើការបាន។ មនុស្សប្រភេទនេះគឺជាមនុស្សក្លែងក្លាយខាងវិញ្ញាណ។ ដោយសារតែពួកគេមិនអាចរកឃើញសេចក្ដីងឿងឆ្ងល់ និងការលំបាកនៅក្នុងការងារ ទើបពួកគេមិនអាចបំពេញទំនួលខុសត្រូវនេះបានឡើយ។ នេះគឺជាមនុស្សមួយប្រភេទ។ នៅមានមនុស្សមួយប្រភេទទៀត៖ ពួកគេគឺដូចគ្នាទៅនឹងមនុស្សក្លែងក្លាយខាងវិញ្ញាណទាំងនោះដែរ គឺពួកគេក៏មិនអាចរកឃើញបញ្ហាដែលមាននៅក្នុងការងារដែរ ហើយហេតុនេះហើយបានជាពួកគេមិនអាចរាយការណ៍អំពីបញ្ហាទាំងនោះទៅខាងលើ និងស្វែងរកដំណោះស្រាយពីខាងលើបានទាន់ពេលវេលាដែរ។ មនុស្សប្រភេទនេះក៏រវល់នឹងការងារដែរ ពួកគេរវល់ពេញមួយថ្ងៃដោយមិនទំនេរដៃឡើយ។ ពួកគេរវល់នឹងការផ្តល់សេចក្តីអធិប្បាយ រវល់នឹងការទៅសួរសុខទុក្ខបងប្អូនប្រុសស្រីនៅកន្លែងផ្សេងៗ រវល់នឹងការចាត់ចែងការងារ ហើយថែមទាំងរវល់នឹងការទិញសម្ភារៈគ្រប់ប្រភេទសម្រាប់កិច្ចការរបស់ពួកជំនុំទៀតផង។ ប្រសិនបើមាននរណាម្នាក់ឈឺ ពួកគេជួយរកគ្រូពេទ្យឱ្យ។ ប្រសិនបើមាននរណាម្នាក់មានការលំបាកនៅផ្ទះ ពួកគេជួយដោយការចាត់ចែងជំនួយសង្គ្រោះ។ ប្រសិនបើមាននរណាម្នាក់ស្ថិតក្នុងសភាពមិនល្អ ពួកគេផ្តួចផ្ដើមគំនិតជួយគាំទ្រ និងជួយដោះស្រាយបញ្ហារបស់អ្នកទាំងនោះយ៉ាងសកម្ម។ សរុបសេចក្ដីមក ពួកគេតែងតែរវល់នឹងកិច្ចការទូទៅមួយចំនួន។ ពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការជាក់ស្ដែងរបស់ពួកជំនុំ កិច្ចការផ្សាយដំណឹងល្អ និងបញ្ហានានានៅក្នុងជីវិតពួកជំនុំឡើយ។ ជារៀងរាល់ថ្ងៃ ពួកគេធ្វើឱ្យខ្លួនឯងនឿយហត់នឹងការរត់ចុះរត់ឡើង ហើយពួកគេរវល់តែនឹងការចាត់ចែង និងដោះស្រាយកិច្ចការរបស់ពួកជំនុំ និងរឿងផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រី។ ពួកគេគិតថា ក្នុងនាមជាអ្នកដឹកនាំ ពួកគេគួរតែបំពេញកិច្ចការទាំងនេះ ប៉ុន្តែពួកគេមិនដែលដឹងថា តើកិច្ចការសំខាន់របស់អ្នកដឹកនាំគឺជាអ្វីឡើយ ហើយទោះបីជាពួកគេខិតខំធ្វើការយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែរកមិនឃើញបញ្ហាជាក់ស្ដែង និងបញ្ហាសំខាន់ៗដែលមាននៅក្នុងពួកជំនុំដែរ។ ហេតុនេះហើយ នៅពេលដែលមានការរំខាន និងការរារាំងកើតឡើងនៅក្នុងជីវិតពួកជំនុំ ហើយនៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជួបប្រទះការលំបាកក្នុងការចូលទៅក្នុងជីវិត អ្នកដឹកនាំទាំងនេះមិនអាចដោះស្រាយរឿងទាំងនេះបានទាន់ពេលវេលាឡើយ។ ទោះបីជាពួកគេរវល់នឹងការធ្វើការ និងមិនទំនេរដៃសោះជារៀងរាល់ថ្ងៃក៏ដោយ តើពួកគេអាចសម្រេចបានអ្វីខ្លះទៅ តាមរយៈការរវល់ដល់កម្រិតនេះ? មានបញ្ហាជាច្រើននៅក្នុងកិច្ចការរបស់ពួកជំនុំ ប៉ុន្តែពួកគេមិនអាចរកឃើញបញ្ហាទាំងនោះឡើយ។ មើលពីខាងក្រៅ ពួកគេហាក់ដូចជាឧស្សាហ៍ព្យាយាម មានមនសិការនិងមិនទំនេរដៃឡើយ ប៉ុន្តែបញ្ហានៅក្នុងការងារចេះតែកើតឡើងបន្តបន្ទាប់គ្នា ហើយពួកគេរវល់តែនឹងការជួសជុលចន្លោះប្រហោង រវល់តែនឹងការដោះស្រាយ «បញ្ហាស្មុគស្មាញ និងលំបាក» គ្រប់បែបយ៉ាង និងដោះស្រាយជាមួយមនុស្សអាក្រក់គ្រប់ប្រភេទ ព្រមទាំងមនុស្សដែលបង្កការរំខាន និងការបង្អាក់ ដែលលេចឡើងនៅក្នុងពួកជំនុំ។ ពួកគេធ្វើឱ្យខ្លួនឯងរវល់នឹងកិច្ចការបែបនេះ ប៉ុន្តែពួកគេមិនអាចសម្គាល់ សូម្បីតែបញ្ហាដែលជាមូលដ្ឋានបំផុតបានឡើយ។ ពួកគេមិនអាចសម្គាល់ឱ្យបានច្បាស់ឡើយថា អ្វីទៅជាភាពជាមនុស្សល្អ និងអ្វីទៅជាភាពជាមនុស្សអាក្រក់ អ្វីទៅជាគុណសម្បត្តិល្អ និងអ្វីទៅជាគុណសម្បត្តិអន់ អ្វីទៅជាការមានទេពកោសល្យ និងចំណេះដឹងពិតប្រាកដ និងអ្វីទៅជាការមានអំណោយទាន។ ពួកគេក៏មិនអាចមើលធ្លុះដែរថា តើមនុស្សប្រភេទណាដែលដំណាក់ព្រះជាម្ចាស់បណ្ដុះបណ្ដាល និងមនុស្សប្រភេទណាដែលដំណាក់ព្រះជាម្ចាស់ជម្រុះចោល មនុស្សណាដែលដេញតាមសេចក្ដីពិត និងមនុស្សណាដែលមិនដេញតាម មនុស្សណាដែលសុខចិត្តបំពេញភារកិច្ចរបស់ខ្លួន និងមនុស្សណាដែលមិនបំពេញភារកិច្ចរបស់ខ្លួន មនុស្សណាដែលអាចត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ និងមនុស្សណាដែលជាអ្នកធ្វើការដោយកម្លាំង ជាដើម។ ពួកគេចាត់ទុកអស់អ្នកដែលចេះតែនិយាយអួត និងនិយាយទ្រឹស្ដីឥតប្រយោជន៍ ប៉ុន្តែមិនអាចធ្វើការងារជាក់ស្ដែងបាន ថាជាមុខសញ្ញាសំខាន់សម្រាប់ការបណ្ដុះបណ្ដាល ហើយពួកគេចាត់ចែងឱ្យអ្នកទាំងនោះបំពេញការងារ និងផ្ទុកផ្ដាក់ការងារសំខាន់ៗដល់អ្នកទាំងនោះ ផ្ទុយទៅវិញ ពួកគេពន្យារពេលក្នុងការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលដល់អស់អ្នកដែលមានការយល់ដឹងដ៏បរិសុទ្ធ មានគុណសម្បត្តិ និងសមត្ថភាពយល់ពីសេចក្ដីពិត ដោយគ្រាន់តែអ្នកទាំងនោះមិនទាន់បានជឿលើព្រះជាម្ចាស់យូរ ឬបានបញ្ចេញឱ្យឃើញនិស្ស័យក្រអឺតក្រទមប៉ុណ្ណោះ។ បញ្ហាបែបនេះ ជារឿយៗកើតឡើងនៅក្នុងពួកជំនុំ ហើយរឿងនេះមានផលប៉ះពាល់ដល់វឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំ។ ទាំងនេះគឺជាបញ្ហាពិតប្រាកដ ប៉ុន្តែអ្នកដឹកនាំប្រភេទនេះមិនអាចមើលឃើញ ឬរកឃើញបញ្ហាទាំងនេះឡើយ ហើយថែមទាំងមិនដឹងខ្លួនទាល់តែសោះអំពីបញ្ហាទាំងនេះទៀតផង។ នៅពេលដែលមនុស្សអាក្រក់បង្កការរំខាន និងការបង្អាក់ ពួកគេផ្ដល់ឱកាសឱ្យអ្នកទាំងនោះទទួលការពិនិត្យអង្កេត និងឆ្លុះបញ្ចាំងពីខ្លួនឯង ផ្ទុយទៅវិញ នៅពេលដែលអ្នកដទៃដែលមិនមែនជាមនុស្សអាក្រក់ ធ្វើខុសតិចតួចម្ដងម្កាល ដោយសារតែពួកគេនៅក្មេង និងមិនចេះដឹង ហើយធ្វើសកម្មភាពដោយគ្មានគោលការណ៍ ដែលកំហុសទាំងនោះមិនមែនជាបញ្ហានៃគោលការណ៍នោះទេ ពោលអ្នកដឹកនាំប្រភេទនេះបែរជាចាត់ទុកកំហុសទាំងនេះថាជាអំពើបាបដែលមិនអាចអត់ទោសឱ្យបាន ហើយបណ្ដេញអ្នកទាំងនោះឱ្យទៅផ្ទះវិញ។ អ្នកដឹកនាំក្លែងក្លាយប្រភេទនេះរវល់នឹងការងារជារៀងរាល់ថ្ងៃ ហើយមើលពីខាងក្រៅទៅ ពួកគេហាក់ដូចជាបញ្ចេញកម្លាំងខ្លាំង និងចំណាយពេលវេលារបស់ពួកគេច្រើនណាស់ ប៉ុន្តែទោះបីជាពួកគេធ្វើការយ៉ាងណាក៏ដោយ ក៏គ្មាននរណាម្នាក់ទទួលបានការផ្គត់ផ្គង់ជីវិតពិតប្រាកដពីការងារនោះឡើយ។ មិនថារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានបញ្ហា និងការលំបាកអ្វីនោះទេ អ្នកដឹកនាំក្លែងក្លាយប្រភេទនេះមិនអាចដោះស្រាយបញ្ហាទាំងនោះដោយការប្រកបគ្នាអំពីសេចក្ដីពិតបានឡើយ ហើយអ្វីៗដែលពួកគេអាចធ្វើបាន គឺគ្រាន់តែដាស់តឿនពួកគេដោយចិត្តស្រឡាញ់ និងផ្សាយពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីលើកទឹកចិត្តរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ហេតុនេះហើយ នៅក្រោមការដឹកនាំរបស់មនុស្សបែបនេះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនទទួលបានការផ្គត់ផ្គង់ជីវិតឡើយ ពួកគេគ្រាន់តែជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនដោយផ្អែកលើភាពក្លៀវក្លាប៉ុណ្ណោះ ហើយមិនមានការចូលទៅក្នុងជីវិតឡើយ។ តើពួកគេអាចបន្តបែបនេះបានយូរប៉ុនណាទៅ? ជាលទ្ធផល មនុស្សមួយចំនួនជារឿយៗមានភាពអវិជ្ជមាន និងទន់ខ្សោយ ហើយតែងតែទន្ទឹងរង់ចាំថ្ងៃរបស់ព្រះជាម្ចាស់មកដល់ ហើយ ចក្ខុវិស័យកាន់តែប្រែជាមិនច្បាស់លាស់សម្រាប់ពួកគេ ហើយនៅពេលដែលពួកគេជួបប្រទះបញ្ហា ពួកគេចាប់ផ្ដើមមានសញ្ញាណ និងការយល់ច្រឡំអំពីព្រះជាម្ចាស់ ហើយអ្នកខ្លះថែមទាំងចាប់ផ្ដើមសង្ស័យលើព្រះជាម្ចាស់ និងប្រយ័ត្នប្រយែងចំពោះព្រះអង្គទៀតផង។ នៅពេលប្រឈមមុខនឹងបញ្ហាទាំងនេះ អ្នកដឹកនាំក្លែងក្លាយពិតជាមិនអាចដោះស្រាយបានទាល់តែសោះ ហើយអ្វីៗដែលពួកគេធ្វើគឺគ្រាន់តែគេចវេះពីបញ្ហាទាំងនោះប៉ុណ្ណោះ។ ពួកគេមិនដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអធិស្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បីស្វែងរកសេចក្ដីពិត និងដោះស្រាយបញ្ហាឡើយ គឺពួកគេមិនដែលបំពេញកិច្ចការនេះទេ។ ជារៀងរាល់ថ្ងៃ ពួកគេគ្រាន់តែធ្វើឱ្យខ្លួនឯងរវល់នឹងកិច្ចការទូទៅមួយចំនួន និងរឿងរ៉ាវខាងក្រៅខ្លះៗ ដែលជារឿងរ៉ាវដែលគ្មានពាក់ព័ន្ធអ្វីទាល់តែសោះនឹងការចូលទៅក្នុងជីវិត ឬសេចក្ដីពិត។ ពួកគេគិតថា ឱ្យតែពួកគេរវល់នឹងការធ្វើការ នោះមានន័យថាពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន និងបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ ហើយថាពួកគេមិនអាចជាអ្នកដឹកនាំក្លែងក្លាយឡើយ។ តាមពិតទៅ ការដែលពួកគេធ្វើឱ្យខ្លួនឯងរវល់នឹងកិច្ចការទូទៅទាំងនេះ មិនបានជួយបងប្អូនប្រុសស្រីឱ្យមានការរីកចម្រើននៅក្នុងជីវិតទាល់តែសោះ កុំថាឡើយអាចឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាននោះ។ ប្រាប់ខ្ញុំមកមើល៍ តើគុណសម្បត្តិរបស់អ្នកដឹកនាំក្លែងក្លាយប្រភេទនេះមិនមានបញ្ហាទេឬអី? ពួកគេមិនអាចមើលធ្លុះអ្វីមួយទាល់តែសោះ ហើយពួកគេគិតថា ឱ្យតែពួកគេរវល់នឹងការធ្វើការ នោះបញ្ហាទាំងអស់នឹងរលាយបាត់ទៅ ហើយត្រូវបានដោះស្រាយដោយប្រយោល។ តើមនុស្សទាំងនេះមិនល្ងីល្ងើខ្លាំងពេកទេឬ? តើគុណសម្បត្តិរបស់ពួកគេមិនអន់ខ្លាំងពេកទេឬ? ពួកគេមិនអាចមើលធ្លុះអ្វីមួយទាល់តែសោះ ពួកគេមិនអាចធ្វើការងារជាក់ស្តែងណាមួយបានឡើយ ហើយនេះធ្វើឱ្យពួកគេក្លាយជាអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយយ៉ាងពិតប្រាកដ។ នេះគឺជារឿងដែលងាយស្រួលសម្គាល់បំផុត។

អ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយមានវត្តមាននៅក្នុងពួកជំនុំគ្រប់ទីកន្លែងសព្វថ្ងៃនេះ។ ពួកគេគ្រាន់តែពឹងផ្អែកលើភាពក្លៀវក្លា របស់ខ្លួនក្នុងការធ្វើការ ហើយមិនមានការយល់ដឹងអំពីសេចក្ដីពិតទាល់តែសោះ។ ពួកគេមិនដឹងថា តើកិច្ចការរបស់អ្នកដឹកនាំ ឬអ្នកធ្វើការគឺជាអ្វីឡើយ ហើយពួកគេក៏មិនមានសមត្ថភាពក្នុងការប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាដែរ គឺពួកគេគ្រាន់តែចំណាយពេលពេញមួយថ្ងៃធ្វើឱ្យខ្លួនឯងរវល់នឹងកិច្ចការទូទៅមួយចំនួនដោយងងឹតងងល់ប៉ុណ្ណោះ។ ឧទាហរណ៍ ឧបមាថាពួកជំនុំត្រូវការទិញសម្ភារៈមួយ។ នេះមិនមែនជាកិច្ចការធំដុំនោះទេ គឺគ្រាន់តែត្រូវចាត់ចែងនរណាម្នាក់ដែលមានចំណេះដឹងក្នុងផ្នែកដែលពាក់ព័ន្ធនោះឱ្យទៅទិញវា គឺបានហើយ។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយខ្លាចចំណាយប្រាក់ច្រើនពេក ដូច្នេះហើយ ពួកគេក៏ចាត់ចែងឱ្យនរណាម្នាក់ទៅមើលកន្លែងជាច្រើន ដើម្បីទិញរបស់ដែលថោកបំផុត។ លទ្ធផលនៃរឿងនេះគឺថា ពួកគេបានទិញផលិតផលថោកមួយ ដែលខូចបន្ទាប់ពីប្រើបានតែពីរបីថ្ងៃប៉ុណ្ណោះ ហើយពួកគេត្រូវទៅទិញមួយទៀត។ ពួកគេមិនត្រឹមតែមិនបានសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាចំណាយប្រាក់កាន់តែច្រើនទៅវិញ។ តើនេះជារបៀបចាត់ចែងកិច្ចការដែលមានគោលការណ៍ដែរឬទេ? មិនចាំបាច់ទិញម៉ាកល្បីៗនោះទេ នៅពេលទិញរបស់របរ ប៉ុន្តែអ្វីដែលសមរម្យត្រូវធ្វើ គឺយ៉ាងហោចណាស់ ត្រូវទិញរបស់ដែលមានគុណភាពសមរម្យ និងអាចប្រើប្រាស់បាន។ អ្នកដឹកនាំក្លែងក្លាយខ្វល់ខ្វាយច្រើនណាស់អំពីកិច្ចការទូទៅ ហើយរឿងនេះមិនមានអ្វីខុសនោះទេ។ ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការសំខាន់ៗរបស់ដំណាក់ព្រះជាម្ចាស់ឡើយ ហើយនេះគឺជាកំហុសដ៏ធំមួយ គឺពួកគេមិនបានបំពេញកិច្ចការសំខាន់ៗឡើយ។ ផ្នែកកិច្ចការ ដូចជាកិច្ចការផ្សាយដំណឹងល្អ កិច្ចការផលិតភាពយន្ត កិច្ចការខាងអត្ថបទ កិច្ចការវីដេអូទីបន្ទាល់តាមរយៈបទពិសោធ និងកិច្ចការនៃការធ្វើការកែសម្រួលដល់បុគ្គលិកដែលជាអ្នកដឹកនាំ និងអ្នកធ្វើការ សុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនគិតថាកិច្ចការទាំងនេះសំខាន់នោះទេ ហើយពួកគេទុកផ្នែកកិច្ចការទាំងនេះមួយឡែក និងមិនអើពើនឹងកិច្ចការទាំងនេះឡើយ។ ពួកគេមានគុណសម្បត្តិមិនគ្រប់គ្រាន់ និងមិនដឹងពីរបៀបធ្វើការ ប៉ុន្តែពួកគេក៏មិនព្យាយាមរៀនសូត្រដែរ ផ្ទុយទៅវិញ ពួកគេគិតថា «ឱ្យតែមាននរណាម្នាក់ទទួលខុសត្រូវលើកិច្ចការនេះ គឺបានហើយ។ ប្រាកដណាស់ គេមិនត្រូវការខ្ញុំទៀតទេមែនទេ? ខ្ញុំចាត់ចែងកិច្ចការសំខាន់ៗ។ រឿងទាំងនេះគ្រាន់តែជារឿងតូចតាចដែលខ្ញុំមិនចាំបាច់ខ្វល់នោះទេ។ នៅពេលដែលខ្ញុំបានប្រាប់ពួកគេអំពីគោលការណ៍រួចហើយ នោះកិច្ចការរបស់ខ្ញុំចប់រួចរាល់ហើយ»។ អ្នកដឹកនាំក្លែងក្លាយមើលពីខាងក្រៅហាក់ដូចជារវល់ខ្លាំងណាស់ ប៉ុន្តែនៅពេលដែលអ្នកពិនិត្យមើលរឿងដែលពួកគេរវល់ធ្វើនោះ គ្មានរឿងណាមួយជាកិច្ចការសំខាន់របស់ពួកជំនុំឡើយ គ្មានរឿងណាមួយជាកិច្ចការដែលផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្សឡើយ ហើយគ្មានរឿងណាមួយជាកិច្ចការដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយបញ្ហាឡើយ។ រឿងដែលពួកគេធ្វើឱ្យខ្លួនឯងរវល់នោះ គ្មានតម្លៃអ្វីទាល់តែសោះ ហើយអ្នកដឹកនាំក្លែងក្លាយទាំងនេះគ្រាន់តែធ្វើឱ្យខ្លួនឯងរវល់ដោយងងឹតងងល់ប៉ុណ្ណោះ។ ពួកគេមិនដឹងថា តើអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើកិច្ចការអ្វី ដើម្បីស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ ពួកគេគ្រាន់តែពឹងផ្អែកលើភាពក្លៀវក្លារបស់ខ្លួន ដើម្បីធ្វើឱ្យខ្លួនឯងរវល់នឹងកិច្ចការមួយចំនួនដែលពួកគេចូលចិត្តធ្វើប៉ុណ្ណោះ។​ពួកគេសាកសួរយ៉ាងលម្អិតអំពីរឿង​តូចតាចដែល​មិនពាក់ព័ន្ធ​នឹងកិច្ចការរបស់ពួកជំនុំ ដូចជាថាតើបងប្អូនប្រុសស្រីស្លៀកពាក់អ្វី ពួកគេមាន​​ម៉ូដសក់អ្វី របៀបដែលពួកគេទាក់ទងជាមួយអ្នកដទៃ និងរបៀបដែលពួកគេនិយាយ និងប្រព្រឹត្ត។ ពួកគេគិតថា នេះគឺជាការដែលពួកគេមានភាពរួសរាយរាក់ទាក់ និងងាយស្រួលទាក់ទង ហើយថាការដោះស្រាយបញ្ហានៅក្នុងជីវិតជាក់ស្ដែងរបស់មនុស្ស គឺជាអ្វីដែលអ្នកដឹកនាំគួរធ្វើ ជាអ្វីដែលភាពជាមនុស្សធម្មតាគួរមាន។ ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការសំខាន់ៗ ដូចជាកិច្ចការផ្សាយដំណឹងល្អ កិច្ចការផលិតភាពយន្ត កិច្ចការទំនុកបរិសុទ្ធ កិច្ចការខាងអត្ថបទ កិច្ចការរដ្ឋបាល កិច្ចការនៃការស្រោចស្រពអ្នកជឿថ្មី កិច្ចការនៃការបង្កើតពួកជំនុំ កិច្ចការនៃការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលមនុស្ស ជាដើម។ ពួកគេមិនចូលរួមនៅក្នុងកិច្ចការណាមួយក្នុងចំណោមកិច្ចការទាំងនេះឡើយ ហើយពួកគេមិនតាមដានកិច្ចការទាំងនេះឡើយ ហាក់បីដូចជាកិច្ចការនេះគ្មានពាក់ព័ន្ធអ្វីនឹងពួកគេសោះ។ អ្នកដឹកនាំក្លែងក្លាយទាំងនេះមិនដោះស្រាយបញ្ហាជាច្រើនដែលកំពុងតែគរ នៅក្នុងពួកជំនុំឡើយ ពួកគេមិនដកហូតតំណែងអ្នកដឹកនាំក្លែងក្លាយដែលពួកគេគួរដកហូតតំណែងឡើយ ពួកគេមិនដាក់កំហិត ឬចាត់ចែងមនុស្សអាក្រក់ដែលប្រព្រឹត្តអំពើអាក្រក់ និងធ្វើអ្វីតាមតែចិត្តដែលធ្វើរឿងអាក្រក់ឡើយ ហើយពួកគេមិនប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហានៃមនុស្សមួយចំនួនដែលធ្វើការឱ្យតែរួចពីដៃ ធូររលុង និងគ្មានវិន័យ ហើយធ្វើការយឺតយ៉ាវនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ តើនេះជាបញ្ហាអ្វី? ពួកគេមិនស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងទាំងនេះឡើយ តើពួកគេជាមនុស្សដែលធ្វើកិច្ចការជាក់ស្តែងដែរឬ? កិច្ចការមិនសំខាន់ និងមិនពាក់ព័ន្ធដែលពួកគេបំពេញនោះ មានអារម្មណ៍ថាសំខាន់ និងចាំបាច់សម្រាប់ពួកគេនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេធ្វើឱ្យខ្លួនឯងរវល់នឹងរឿងគ្មានតម្លៃទាំងនោះពេញមួយថ្ងៃ ដោយជឿថាពួកគេកំពុងបំពេញទំនួលខុសត្រូវរបស់ខ្លួន និងមានភាពស្មោះត្រង់ ប៉ុន្តែពួកគេមិនធ្វើកិច្ចការសំខាន់ សូម្បីតែមួយមុខ ដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេឡើយ តើមនុស្សបែបនេះមិនមែនជាអ្នកដឹកនាំក្លែងក្លាយទេឬអី? ពួកគេគឺស្មើនឹងប្រធានការិយាល័យសង្កាត់នៅក្នុងសង្គម ពួកគេគ្រាន់តែជាអ្នករវល់តែរឿងកំប៉ិកកំប៉ុកនៅក្នុងសង្កាត់ប៉ុណ្ណោះ អីចឹងតើពួកគេនៅតែជាអ្នកដឹកនាំ និងអ្នកធ្វើការរបស់ដំណាក់ព្រះជាម្ចាស់ទៀតឬ? ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយយ៉ាងពិតប្រាកដ។ តើមនុស្សប្រភេទនេះត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយដោយសារមូលហេតុអ្វី? (ដោយសារតែគុណសម្បត្តិរបស់ពួកគេអន់ពេក ពួកគេមិនអាចធ្វើកិច្ចការជាក់ស្តែងបានឡើយ ហើយអ្វីៗដែលពួកគេអាចធ្វើបាន គឺគ្រាន់តែចាត់ចែងរឿងកំប៉ិកកំប៉ុកមួយចំនួនប៉ុណ្ណោះ។) នេះគឺជាមូលហេតុជាក់លាក់។ គុណសម្បត្តិរបស់មនុស្សទាំងនេះអន់ពេក។ មិនថាពួកគេស្ដាប់សេចក្តីអធិប្បាយច្រើនប៉ុនណា មិនថាពួកគេអានការរៀបចំការងារច្រើនប៉ុនណា មិនថាពួកគេបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់ព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំ ឬមិនថាពួកគេធ្វើជាអ្នកដឹកនាំអស់រយៈពេលប៉ុន្មានឆ្នាំនោះទេ ពួកគេមិនដែលដឹងថាពួកគេកំពុងធ្វើអ្វីឡើយ មិនដឹងថាអ្វីដែលពួកគេកំពុងធ្វើនោះត្រូវ ឬខុសឡើយ ឬមិនដឹងថាពួកគេ​កំពុងបំពេញទំនួលខុសត្រូវ​ដែលពួកគេ​គួរ​តែ​បំពេញ​ដែរឬទេ។ និយមន័យរបស់ពួកគេចំពោះស្លាក និងងារជាអ្នកដឹកនាំ និងអ្នកធ្វើការ គឺថាឱ្យតែពួកគេរវល់ គឺបានហើយ។ ដូចសត្វលាបង្វិលត្បាល់កិនអីចឹង ពួកគេចេះតែទាញរហូតទាល់តែពួកគេលែងអាច កម្រើកបានទៀត ហើយពួកគេចាត់ទុកថានេះគឺជាការបំពេញ ទំនួលខុសត្រូវរបស់ខ្លួន។ មិនថាពួកគេទាញទៅទិសដៅណានោះទេ ហើយមិនថាកម្លាំងដែលពួកគេបញ្ចេញក្នុងការទាញនោះត្រឹមត្រូវ ឬអត់នោះទេ ចំពោះពួកគេ ពួកគេកំពុងបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ មានបញ្ហាជាច្រើនដែលពួកគេមិនអាចមើលធ្លុះ ហើយពួកគេមិនព្យាយាមដោះស្រាយបញ្ហាទាំងនោះ ឬរាយការណ៍អំពីបញ្ហាទាំងនោះទៅខាងលើ និងស្វែងរកដំណោះស្រាយពីខាងលើឡើយ។ មិនថាពួកគេធ្វើការអស់រយៈពេលប៉ុន្មានឆ្នាំ ឬមិនថាពួកគេទាក់ទងជាមួយមនុស្សអស់រយៈពេលប៉ុន្មានឆ្នាំនោះទេ ពួកគេមិនទាំងដឹងផងថា តើការបង្ហាញចេញរបស់មនុស្សម្នាក់ គឺជាការបង្ហាញចេញរបស់អ្នកជឿ​ថ្មីម្នាក់ដែលមានមូលដ្ឋានគ្រឹះ​រាក់កំផែលនៅក្នុងជំនឿរបស់ខ្លួន និងមិនយល់ពីសេចក្ដីពិត ឬជាការបង្ហាញចេញរបស់អ្នកមិនជឿឡើយ ហើយពួកគេក៏មិនដឹងថាពួកគេគួរតែសម្គាល់ ឬកំណត់លក្ខណៈអ្នកទាំងនោះដោយរបៀបណាដែរ។ នៅពេលដែលមានមនុស្សពីរនាក់ដែលសុទ្ធតែស្ថិតក្នុងសភាពអវិជ្ជមាន ពួកគេមិនដឹងថាអ្នកណាមានតម្លៃគួរឱ្យបណ្ដុះបណ្ដាល និងអ្នកណាមិនមានតម្លៃនោះទេ នៅពេលដែលមនុស្សពីរនាក់ធ្វើការបែបឱ្យតែរួចពីដៃនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពួកគេមិនអាចប្រាប់បានថាអ្នកណាជាអ្នក​ដេញតាម​​សេចក្ដីពិត និងអ្នកណាជាអ្នកធ្វើការដោយកម្លាំងឡើយ អ្នកណាមានសមត្ថភាពក្នុងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងអ្នកណាគ្មានតថភាពនៃសេចក្ដីពិតឡើយ។ ពួកគេមិនដឹងថាមនុស្សណាដែលមានសក្ដានុពលនឹងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំឡើយ ទោះបីជាពួកគេបានទាក់ទងជាមួយមនុស្សទាំងនេះអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។ មិនថាពួកគេចូលរួមនៅក្នុងកិច្ចការដែលគ្មានន័យច្រើនប៉ុនណា ឬមិនថាពួកគេបំពេញការងារដែលគ្មានប្រយោជន៍ច្រើនប៉ុនណា ឬមិនថាមានបញ្ហាច្រើនប៉ុនណានៅជុំវិញពួកគេនោះទេ ពួកគេមិនដឹងខ្លួនអំពីរឿងទាំងនោះឡើយ ហើយពួកគេមិនដឹងថាទាំងនេះគឺជាបញ្ហានោះទេ។ ដោយសារតែមនុស្សបែបនេះមានគុណសម្បត្តិអន់ មានគំនិតល្ងីល្ងើ និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ទើបវាពិបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការបំពេញទំនួលខុសត្រូវជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ ក្រៅពីអាចធ្វើកិច្ចការទូទៅធម្មតាមួយចំនួន អ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះមិនមានសមត្ថភាពក្នុងការធ្វើអ្វីដែលពាក់ព័ន្ធនឹងកិច្ចការសំខាន់របស់ពួកជំនុំឡើយ ហើយពួកគេមិនអាចមើលឃើញ ឬដោះស្រាយបញ្ហាជាក់ស្តែង ណាមួយនៅក្នុងការងារបានឡើយ។ តើអ្នកដឹកនាំប្រភេទនេះដែលមានគុណសម្បត្តិបែបនេះ អាចមានតម្លៃគួរឱ្យបណ្ដុះបណ្ដាលដែរឬទេ? ពួកគេមិនទាំងដឹងថាអ្វីទៅជាសេចក្តីងឿងឆ្ងល់ ឬការលំបាកផង ហើយពួកគេកាន់តែមិនអាចដោះស្រាយរឿងទាំងនោះស្របតាមគោលការណ៍ទៅទៀត។ ទោះបីជាបញ្ហាដែលត្រូវបានជួបប្រទះនៅក្នុងកិច្ចការរបស់ពួកជំនុំគឺជាបញ្ហាដែលកើតមានជាញឹកញាប់ក៏ដោយ ក៏ពួកគេនៅតែមិនអាចសង្ខេប និងចាត់ថ្នាក់បញ្ហាទាំងនោះបានដែរ ហើយពួកគេក៏មិនដឹងពីរបៀបប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះដែរ ពោលគឺអ្នកដឹកនាំក្លែងក្លាយប្រភេទនេះសុទ្ធតែមិនអាចចាត់ចែង ឬដោះស្រាយបញ្ហាទាំងនេះដែលតែងតែកើតឡើងនៅក្នុងពួកជំនុំបានឡើយ។ បញ្ហាធំបំផុតរបស់ពួកគេគឺមិនមែនថាពួកគេមិនសុខចិត្តលះបង់ ឬថាពួកគេខ្លាចរវល់ និងខ្លាចនឿយហត់នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារតែពួកគេមានគុណសម្បត្តិអន់ មានគំនិតមិនច្បាស់លាស់ ហើយពួកគេមិនអាចធ្វើកិច្ចការសំខាន់ៗ និងកិច្ចការជាក់ស្តែងរបស់ពួកជំនុំបាន។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែធ្វើកិច្ចការទូទៅមួយចំនួន ឬចូលចិត្តខ្វល់ខ្វាយពីរឿងមិនពាក់ព័ន្ធមួយចំនួន ហើយបន្ទាប់មក ពួកគេចង់ដើរតួ ជាអ្នកដឹកនាំ និងអ្នកធ្វើការ តើពួកគេមិនមែនជាមនុស្សល្ងីល្ងើដែលមានមហិច្ឆតា និងបំណងប្រាថ្នាធំពេកទេឬអី? អ្នកដឹកនាំដែលមានគុណសម្បត្តិអន់ សុទ្ធតែគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការស្នូលរបស់ពួកជំនុំ ដែលជាកិច្ចការដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត ឬកិច្ចការជំនាញដែលស្មុគស្មាញ ដូចជាកិច្ចការផ្សាយដំណឹងល្អ កិច្ចការនៃការស្រោចស្រពអ្នកជឿថ្មីនៅក្នុងពួកជំនុំ កិច្ចការផលិតភាពយន្ត កិច្ចការខាងអត្ថបទ និងកិច្ចការបុគ្គលិកដែលពាក់ព័ន្ធនឹងអ្នកដឹកនាំ និងអ្នកធ្វើការនៅកម្រិតផ្សេងៗ។ ហេតុអ្វីបានជាពួកគេគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការនេះ? គឺដោយសារតែគុណសម្បត្តិរបស់ពួកគេអន់ពេក ហើយពួកគេមិនអាចក្ដាប់បាននូវគោលការណ៍ឡើយ ពួកគេសុទ្ធតែមិនអាចធ្វើកិច្ចការទាំងអស់នេះបាន ហើយគ្មានសមត្ថភាពក្នុងការរៀនពីរបៀបធ្វើកិច្ចការនេះឡើយ។ ឧទាហរណ៍ ឧបមាថាអ្នកដឹកនាំបែបនេះត្រូវបានប្រគល់មនុស្សប្រាំនាក់ឱ្យ ហើយត្រូវបានស្នើសុំឱ្យបែងចែកការងារដល់មនុស្សប្រាំនាក់នេះ ដោយផ្អែកលើកម្រិតវប្បធម៌ គុណសម្បត្តិ និងចំណុចខ្លាំង ព្រមទាំងចរិតលក្ខណៈរបស់ពួកគេ។ តើនេះជាកិច្ចការងាយស្រួលធ្វើដែរឬទេ? តើរឿងនេះមានពាក់ព័ន្ធអ្វីនឹងគុណសម្បត្តិរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? (មាន។) អ្នកដឹកនាំ និងអ្នកធ្វើការដែលមានគុណសម្បត្តិមធ្យម នឹងបែងចែកការងារបានត្រឹមត្រូវគួរសម បន្ទាប់ពីចំណាយពេលខ្លះក្នុងការសង្កេត ទាក់ទងនិងស្វែងយល់ពីមនុស្សទាំងប្រាំនាក់នោះ។ អ្នកដឹកនាំ និងអ្នកធ្វើការដែលមានគុណសម្បត្តិអន់ នឹងគិតថាមនុស្សប្រាំនាក់គឺច្រើនពេកហើយ នៅពេលដែលមានមនុស្សច្រើនពេក ពួកគេចាប់ផ្ដើមច្របូកច្របល់ ហើយមិនដឹងពីរបៀបបែងចែកការងារដល់អ្នកទាំងនោះឡើយ ហើយទោះបីជាពួកគេបែងចែកការងារដល់អ្នកទាំងនោះក៏ដោយ ក៏ពួកគេនឹងមិនដឹងនៅក្នុងចិត្តរបស់ខ្លួនដែរថា តើពួកគេកំពុងធ្វើរឿងនោះតាមរបៀបសមរម្យឬអត់។ នេះគឺនៅក្នុងទិដ្ឋភាពផ្នែកបុគ្គលិក។ ចំពោះការចាត់ចែងរឿងរ៉ាវវិញ ឧទាហរណ៍ ប្រសិនបើពួកគេត្រូវការចាត់ចែង និងដោះស្រាយរឿងពីរឬបីក្នុងពេលដំណាលគ្នា ពួកគេនឹងមិនដឹងពីរបៀបវិនិច្ឆ័យ និង​សម្គាល់ ទំនាក់ទំនងរវាងរឿងទាំងនេះឡើយ ហើយពួកគេក៏មិនអាចថ្លឹងថ្លែងបានដែរថា តើបញ្ហាមួយណាដែលពួកគេគួរដោះស្រាយមុន និងបញ្ហាមួយណាដែលអាចដោះស្រាយនៅពេលក្រោយ ដោយមិនបង្កឱ្យមានការយឺតយ៉ាវ។ ពោលគឺ ពួកគេមិនចេះថ្លឹងថ្លែងពីគុណប្រយោជន៍ និងគុណវិបត្តិឡើយ ពួកគេមិនចេះ រៀបចំអាទិភាពកិច្ចការតាមលំដាប់នៃភាពសំខាន់ និងភាពបន្ទាន់ឡើយ ហើយពួកគេមិនចេះដោះស្រាយបញ្ហាឡើយ។ ប៉ុន្តែ ដោយសារតែពួកគេជាអ្នកដឹកនាំ និងអ្នកធ្វើការ ទោះបីជាពួកគេមិនយល់ពីរឿងអ្វីមួយក៏ដោយ ក៏ពួកគេត្រូវតែធ្វើពុតជាយល់ដែរ ទោះបីជាពួកគេមិនយល់ច្បាស់ពីរឿងអ្វីមួយក៏ដោយ ក៏ពួកគេត្រូវតែធ្វើពុតជាយល់ច្បាស់ដែរ ហើយគ្មានអ្វីដែលពួកគេអាចធ្វើបានឡើយ ក្រៅពីខំប្រឹងទ្រាំ និងផ្សាយគោលលទ្ធិខ្លះៗដើម្បីឱ្យតែរួចពីដៃ ហើយនិយាយពាក្យដែលស្តាប់ទៅពីរោះៗពីរបីម៉ាត់ និងបញ្ចប់រឿងយ៉ាងប្រញាប់។ ពួកគេដឹងច្បាស់ណាស់ថា តើអ្វីដែលពួកគេនិយាយនោះត្រឹមត្រូវឬអត់ ថាតើវាស្របតាមគោលការណ៍ឬអត់ ថាតើវាអាចដោះស្រាយបញ្ហាបានឬអត់ ប៉ុន្តែពួកគេគ្រាន់តែចង់ឱ្យតែរួចពីដៃប៉ុណ្ណោះ។ ពួកគេដឹងច្បាស់ណាស់ថា ពួកគេនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ តាមរយៈអ្វីដែលពួកគេកំពុងធ្វើ ប៉ុន្តែពួកគេនៅតែមិនរាយការណ៍អំពីបញ្ហាទាំងនោះទៅខាងលើដដែល ដូច្នេះហើយ ពួកគេចុងក្រោយក៏បង្កឱ្យមានការយឺតយ៉ាវដល់ការងារ ហើយត្រូវបានដកហូតតំណែង។ ប្រាប់ខ្ញុំមកមើល៍ តើមនុស្សទាំងនេះមិនមែនជាមនុស្សល្ងីល្ងើទេឬអី? នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនរាយការណ៍អំពីបញ្ហា ពួកគេរ៉ាយរ៉ាប់អំពីព្រឹត្តិការណ៍ចាស់ៗ និងមិនសំខាន់ទាំងអស់ដែលបានកន្លងផុតទៅ រហូតមកដល់បច្ចុប្បន្ន ហើយបន្ទាប់ពីពួកគេបាននិយាយរឿងជាច្រើនរួចហើយ អ្នកនៅតែត្រូវជួយពួកគេវិភាគ និងវិនិច្ឆ័យថាមានបញ្ហាអ្វីខ្លះ។ ពួកគេមិនទាំងយល់ពីរបៀបលើកឡើងអំពីបញ្ហាផង ហើយពួកគេអាចនិយាយរាប់ម៉ោង ដោយមិនពន្យល់ឱ្យបានច្បាស់ថា តើចំណុចសំខាន់ និងសារជាតិនៃបញ្ហាគឺជាអ្វីឡើយ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គ្រាន់តែទាក់ទងនឹងរឿងរ៉ាវស្រាលៗ ប៉ុណ្ណោះ ហើយសុទ្ធតែជារឿងឥតន័យទាំងអស់! តើនេះមិនដោយសារតែ គុណសម្បត្តិរបស់ពួកគេអន់ពេក ហើយពួកគេមិនវៃឆ្លាតទេឬអី? តើមនុស្សដែលមានគុណសម្បត្តិសុខចិត្តស្ដាប់រឿងទាំងនេះដែរឬទេ? មនុស្សដែលពួកគេកំពុងនិយាយជាមួយគ្រាន់តែចង់ដឹងថា តើស្ថានភាពបច្ចុប្បន្ន និងការបង្ហាញចេញរបស់មនុស្សដែលពួកគេកំពុងរាយការណ៍នោះគឺជាអ្វី ហើយតើសភាពដែលពួកគេច្របូកច្របល់ និងមិនអាចដោះស្រាយបានគឺជាអ្វី។ ប៉ុន្តែ មនុស្សទាំងនេះតែងតែនិយាយអំពីកិច្ចការដែលបុគ្គលនោះបានធ្វើកាលពីអតីតកាល ហើយពួកគេមិននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់បុគ្គលនោះ ឬនិយាយពីសេចក្តីងឿងឆ្ងល់ និងបញ្ហាដែលពួកគេខ្លួនឯងមានឡើយ។ ពួកគេនិយាយរឿងជាច្រើន ហើយគ្មាននរណាម្នាក់អាចប្រាប់បានឱ្យប្រាកដថា តើពួកគេកំពុងនិយាយអំពីអ្វីឡើយ។ ទោះបីជាពួកគេចង់សួរសំណួរក៏ដោយ ក៏ពួកគេមិនដឹងថាត្រូវចាប់ផ្ដើមពីត្រង់ណាដែរ ពួកគេមិនដឹងពីរបៀបសម្តែងចេញតាមរបៀបដែលអាចមានប្រសិទ្ធភាព និងអនុញ្ញាតឱ្យមនុស្សយល់ពីពួកគេឡើយ គឺពួកគេមិនទាំងមាន​សមត្ថភាពក្នុងការរៀបចំភាសារបស់ខ្លួនផង។ តើនេះមិនមែនជាការបង្ហាញចេញនៃការមានគុណសម្បត្តិ​អន់ខ្លាំងទេឬអី? អ្នកដឹកនាំក្លែងក្លាយ​មួយចំនួនមានគុណសម្បត្តិអន់ ហើយនៅពេលដែលពួកគេរាយការណ៍អំពីបញ្ហាមួយ ពួកគេនិយាយរឿងឥតន័យ និងស្ដាប់មិនយល់ជាច្រើន ហើយបន្ទាប់មក ពួកគេគិតថា «ខ្ញុំបានផ្ដល់ព័ត៌មានយ៉ាងច្រើនដល់អ្នកហើយ មែនទេ? ខ្ញុំថែមទាំងបានប្រាប់អ្នកគ្រប់យ៉ាងអំពីអតីតកាល និងបច្ចុប្បន្ននៃបញ្ហានេះទៀតផង ដូច្នេះ តើអ្នកមិនអាចប្រាប់បានទេឬនៅពេលនេះថាខ្ញុំចង់សួរសំណួរអ្វី?» មិនថាអ្នកសួរពួកគេអ្វី ឬអ្នកណែនាំពួកគេយ៉ាងណានោះទេ ពួកគេមិនដឹងថាត្រូវនិយាយអ្វីឡើយ ហើយមិនអាចនិយាយចំណុចគន្លឹះនៃបញ្ហានោះបានឡើយ។ មិនមែនថាពួកគេខ្វះពាក្យពេចន៍ដើម្បីសម្តែងចេញនូវគំនិតរបស់ខ្លួន ឬថាពួកគេមានកម្រិតវប្បធម៌ទាបនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារតែគុណសម្បត្តិរបស់ពួកគេអន់ ហើយពួកគេគ្មានគំនិត ដូច្នេះហើយ ពួកគេមិនដឹងពីរបៀបសម្តែងចេញនូវរឿងទាំងនេះឡើយ ចិត្តគំនិតរបស់ពួកគេច្រឡំបល់ ហើយពួកគេមិនអាចពន្យល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីឱ្យអ្នកដទៃអាចយល់ពីពួកគេបានឡើយ។ ពួកគេមានស្មារតីទទួល បន្ទុកខ្លះៗ ហើយនៅពេលពេលវេលាកន្លងទៅ ពួកគេចាប់ផ្ដើមមានការយល់ដឹងខ្លះៗអំពីបញ្ហាមួយចំនួន ប៉ុន្តែពួកគេមិនដឹងពីរបៀបសម្តែងចេញនូវបញ្ហាទាំងនោះឡើយ ពួកគេមិនអាចយល់ច្បាស់ថាតើសារជាតិនៃបញ្ហាទាំងនោះគឺជាអ្វីឡើយ កុំថាឡើយអាចសង្ខេបបញ្ហាទាំងនោះបាននោះ។ តើមនុស្សដែលមានគុណសម្បត្តិអន់ដល់កម្រិតនេះ អាច​ធ្វើការបាន​ដែរ​ឬ​ទេ? តើពួកគេអាចបំពេញទំនួលខុសត្រូវជាអ្នកដឹកនាំ និងអ្នកធ្វើការ​បានដែរឬទេ? ទេ ពួកគេមិនអាចទេ។ ទោះបីជាអ្នកផ្ដល់ពេលវេលា និងឱកាសដល់ពួកគេ ហើយអនុញ្ញាតឱ្យពួកគេរាយការណ៍ និងរៀបរាប់អំពីបញ្ហាក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដែរ ដូច្នេះ តើអ្នកនៅតែអាចសន្ទនាជាមួយមនុស្សបែបនេះបានដែរឬទេ? តើពួកគេនៅតែអាចត្រូវបានប្រើប្រាស់បានដែរឬទេ? (ទេ)។ ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានប្រើប្រាស់បាន? ពួកគេមិនទាំងអាចនិយាយឱ្យបានច្បាស់លាស់ផង ហើយពួកគេមិនទាំងមានសភាវគតិអប្បបរមាបំផុតរបស់មនុស្សក្នុងការប្រើប្រាស់ភាសាដើម្បីសម្តែងចេញគំនិត យោបល់ និងឥរិយាបថរបស់ខ្លួនផង ដូច្នេះ តើពួកគេអាចធ្វើការអ្វីបានទៅ? ទោះបីជាពួកគេអាចមានចំណុចខ្លាំងខ្លះ មានភាពក្លៀវក្លាពិតប្រាកដ មានស្មារតីទទួលខុសត្រូវបន្តិចបន្តួច និងមានចិត្តត្រឹមត្រូវគួរសមក៏ដោយ ក៏គុណសម្បត្តិរបស់ពួកគេអន់ពេកដែរ ពួកគេមិនអាចរៀនអ្វីបានឡើយ មិនថាអ្នកបង្រៀនពួកគេយ៉ាងណាក៏ដោយ ហើយទោះបីជាអ្នកបង្រៀនពួកគេពីរបៀបនិយាយក៏ដោយ ក៏ពួកគេមិនអាចចាប់បានសោះ ដូច្នេះហើយ អ្នកនឹងប្រែជាមួម៉ៅ និងខឹងសម្បា។ នៅពេលដែលពួកគេនិយាយ ពួកគេនិយាយរញ៉េរញ៉ៃ ដែលធ្វើឱ្យអ្នកច្របូកច្របល់ ពួកគេមិនអាចនិយាយអ្វីឱ្យបានច្បាស់លាស់ឡើយ ហើយអ្វីដែលពួកគេនិយាយ គឺគ្រាន់តែជារឿងឥតន័យសុទ្ធសាធ។ រឿងដែលគួរឱ្យអាណិតបំផុតអំពីពួកគេ គឺថាពួកគេស្ដាប់ភាសាមនុស្សមិនយល់ ប៉ុន្តែពួកគេនៅតែបន្តធ្វើសកម្មភាពដោយងងឹតងងល់ដដែល ពួកគេនៅតែគិតថាពួកគេមានសមត្ថភាព ហើយពួកគេនៅតែរឹងទទឹង នៅពេលដែលអ្នកលួសកាត់ពួកគេ។ តើពួកគេអាចធ្វើការងារដឹកនាំបានល្អដោយរបៀបណាទៅ? នៅពេលដែលគុណសម្បត្តិរបស់អ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់អន់ខ្លាំង រហូតដល់ថ្នាក់ពួកគេមិនមានសមត្ថភាពក្នុងការសម្តែងចេញពីខ្លួនឯងជាភាសា តើពួកគេនៅតែអាចមានសមត្ថភាពក្នុងការងារដែរឬទេ? (ទេ។) ហើយតើការមិនមានសមត្ថភាពក្នុងការងាររបស់ពួកគេមានន័យដូចម្តេច? វាមានន័យថា ពួកគេគ្មានសមត្ថភាពក្នុងការរកឃើញការលំបាក និងបញ្ហាដែលជួបប្រទះនៅក្នុងការងារបានទាន់ពេលវេលាឡើយ ហើយជាការពិតណាស់ វាមានន័យថា មិនថាមានបញ្ហាអ្វីកើតឡើងនៅក្នុងការងារនោះទេ ពួកគេមិនអាចដោះស្រាយបញ្ហាទាំងនោះបានទាន់ពេលវេលាឡើយ ហើយពួកគេក៏មិនអាចរាយការណ៍អំពីបញ្ហាទាំងនោះទៅខាងលើ និងស្វែងរកដំណោះស្រាយពីខាងលើបានទាន់ពេលវេលាដែរ រឿងនេះពិបាកខ្លាំងពេកសម្រាប់ពួកគេ ហើយពួកគេគ្មានសមត្ថភាពក្នុងការធ្វើវាឡើយ។ ចំពោះមនុស្សបែបនេះដែលមានគុណសម្បត្តិអន់ កិច្ចការនេះគឺពិបាកខ្លាំងណាស់សម្រាប់ពួកគេ វាប្រៀបដូចជាបង្ខំត្រីឱ្យរស់នៅលើគោកឬបង្ខំជ្រូកឱ្យឡើងដើមឈើអីចឹង ការធ្វើកិច្ចការនេះគឺពិបាកខ្លាំងណាស់សម្រាប់ពួកគេ។

មនុស្សខ្លះនិយាយថា «ខ្ញុំអាណិតមនុស្សទាំងនោះណាស់។ ពួកគេរវល់វិលមុខក្នុងការចាត់ចែងកិច្ចការគ្រប់ប្រភេទ ប៉ុន្តែចុងក្រោយ ពួកគេត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ ដោយសារតែគុណសម្បត្តិរបស់ពួកគេអន់។ ដូច្នេះ តើនេះមានន័យថា ការរងទុក្ខដែលពួកគេបានស៊ូទ្រាំសុទ្ធតែឥតប្រយោជន៍មែនទេ? តើនេះមិនមែនជាការប្រព្រឹត្តចំពោះមនុស្សដោយអយុត្តិធម៌ទេឬអី?» ការដកហូតតំណែងអ្នកដឹកនាំក្លែងក្លាយ មានន័យថាជាការទទួលខុសត្រូវចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងចំពោះកិច្ចការរបស់ពួកជំនុំ ដូច្នេះ តើវាអាចជាការប្រព្រឹត្តចំពោះមនុស្ស ដោយអយុត្តិធម៌ដោយរបៀបណា? ប្រសិនបើអ្នកនៅតែទទូចចង់​ឱ្យ​អ្នក​ដឹកនាំ​ក្លែងក្លាយបន្តតួនាទីរបស់ខ្លួនជាអ្នកដឹកនាំ តើនេះមិនមែនជា​ការ​ធ្វើ​ឱ្យ​ខូច​ខាតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬអី? តើអ្នកចង់​មាន​ន័យ​ថា ការធ្វើឱ្យខូចខាតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនមែន​ជាការប្រព្រឹត្តចំពោះមនុស្សដោយអយុត្តិធម៌ទេឬអី? ដោយការដកហូតតំណែងអ្នកដឹកនាំក្លែងក្លាយ ដំណាក់ព្រះជាម្ចាស់មិនមែនកំពុងថ្កោលទោសអ្នកដឹកនាំក្លែងក្លាយនោះទេ ហើយក៏មិនមែនកំពុងបញ្ជូនអ្នកដឹកនាំក្លែងក្លាយនោះឱ្យចុះទៅនរកដែរ ប៉ុន្តែផ្ទុយទៅវិញ គឺកំពុងផ្ដល់ឱកាសឱ្យបុគ្គលនោះទទួលបានសេចក្ដីសង្គ្រោះ។ តើពួកគេអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ ប្រសិនបើពួកគេនៅតែបន្តធ្វើជាអ្នកដឹកនាំក្លែងក្លាយ? តើលទ្ធផលចុងក្រោយរបស់ពួកគេនឹងទៅជាយ៉ាងណា? ហេតុអ្វីបានជាអ្នកមិនពិចារណាបញ្ហានេះតាមរបៀបនេះ? លើសពីនេះទៅទៀត តើគោលបំណងនៃការជឿលើព្រះជាម្ចាស់គឺជាអ្វី? ប្រាកដណាស់ ការធ្វើជាអ្នកដឹកនាំមិនមែនជាផ្លូវតែមួយគត់ដើម្បីទៅមុខនោះទេ មែនទេ? តើគ្មានភារកិច្ចផ្សេងទៀតដែលត្រូវធ្វើទេឬអី ប្រសិនបើមនុស្សម្នាក់មិនមែនជាអ្នកដឹកនាំ? តើគ្មានផ្លូវសម្រាប់រស់រានមានជីវិតទេឬអី សម្រាប់អស់អ្នកដែលមិនមែនជាអ្នកដឹកនាំ និងមានគុណសម្បត្តិអន់? (ទេ មិនមែនដូច្នោះទេ។) ដូច្នេះ តើផ្លូវនៃការអនុវត្តគឺជាអ្វី? អ្វីដែលយើងកំពុងវែកញែកនៅពេលនេះគឺជាការបង្ហាញចេញ និងបញ្ហាដែលមាននៅក្នុងអ្នកដឹកនាំក្លែងក្លាយប្រភេទនេះដែលមានគុណសម្បត្តិអន់ យើងមិនមែនកំពុងថ្កោលទោស ឬដាក់បណ្ដាសាពួកគេនោះទេ យើងគ្រាន់តែវែកញែកពួកគេប៉ុណ្ណោះ។ គោលបំណងនៃការវែកញែកពួកគេ គឺដើម្បីឱ្យមនុស្សប្រភេទនេះស្គាល់ និងតម្រង់ខ្លួនឯងឱ្យបានត្រឹមត្រូវ ស្គាល់មាឌរបស់ខ្លួន និងយល់ឱ្យបានត្រឹមត្រូវថា អ្វីទៅជាអ្នកដឹកនាំ និងអ្នកធ្វើការ អ្វីទៅជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើ ហើយបន្ទាប់មក យកចំណុចទាំងនេះមកប្រៀបធៀបនឹងខ្លួនឯង ដើម្បីមើលថាតើពួកគេស័ក្ដិសមនឹងធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការដែរឬទេ។ ប្រសិនបើគុណសម្បត្តិរបស់អ្នកពិតជាអន់ខ្លាំងមែន អន់រហូតដល់ថ្នាក់អ្នកមិនមានសមត្ថភាពក្នុងការសម្តែងចេញពីខ្លួនឯងជាភាសា ឬមិនមានសមត្ថភាពក្នុងការសម្តែងចេញនូវគំនិត និងទស្សនៈរបស់ខ្លួន ឬមិនមានសមត្ថភាពក្នុងការរកឃើញបញ្ហា នោះអ្នកមិនស័ក្ដិសមនឹងធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ អ្នកមិនមានសមត្ថភាពក្នុងការបំពេញភារកិច្ចជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ ហើយអ្នកគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការរបស់អ្នកដឹកនាំ ឬអ្នកធ្វើការឡើយ។ ហើយដោយសារតែអ្នកមានគុណសម្បត្តិអន់ អ្នកត្រូវតែមានការស្គាល់ខ្លួនឯងបែបនេះ។ មនុស្សខ្លះនិយាយថា «គុណសម្បត្តិរបស់ខ្ញុំអន់ ចុះយ៉ាងម៉េច? ខ្ញុំមានភាពជាមនុស្សល្អ ដូច្នេះ ខ្ញុំគួរតែធ្វើជាអ្នកដឹកនាំ»។ តើនេះជាគោលការណ៍ដែរឬទេ? អ្នកផ្សេងទៀតនិយាយថា «ក្រៅពីមានភាពជាមនុស្សល្អ ខ្ញុំក៏សុខចិត្តស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់ដែរ ខ្ញុំចេះផ្សាយសេចក្តីអធិប្បាយ ខ្ញុំមានមូលដ្ឋានគ្រឹះនៅក្នុងជំនឿរបស់ខ្ញុំ ហើយខ្ញុំធ្លាប់ជាប់គុកដោយសារជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ តើរឿងទាំងនេះមិនរាប់បញ្ចូលជាដើមទុនសម្រាប់ខ្ញុំក្នុងការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការទេឬអី?» តើវាជាសេចក្ដីពិតដែរឬទេ ដែលថាមនុស្សម្នាក់ត្រូវតែមានដើមទុនដើម្បីធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ? (ទេ។) អ្វីដែលយើងកំពុងពិភាក្សានៅពេលនេះ គឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយនៅក្នុងប្រធានបទនេះ យើងកំពុងនិយាយអំពីបញ្ហានៃគុណសម្បត្តិ។ ប្រសិនបើគុណសម្បត្តិរបស់អ្នកអន់ ហើយអ្នកមិនអាចបំពេញទំនួលខុសត្រូវទាំងនេះបាន នោះការស្គាល់ខ្លួនឯងដែលអ្នកគួរមានគឺ៖ «ខ្ញុំគ្មានគុណសម្បត្តិនេះទេ ហើយខ្ញុំមិនអាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានឡើយ។ មិនថាខ្ញុំមានដើមទុនអ្វីក៏ដោយ ក៏វាមិនមានប្រយោជន៍ដែរ»។ អ្នកនិយាយថា អ្នកមានភាពជាមនុស្សល្អ ថាអ្នកជាមនុស្សដែលអាចទុកចិត្តបាន ថាអ្នកមានការប្ដេជ្ញាចិត្តក្នុងការស៊ូទ្រាំនឹងការរងទុក្ខ ហើយថាអ្នកសុខចិត្តលះបង់ តើដំណាក់ព្រះជាម្ចាស់បានប្រព្រឹត្តចំពោះអ្នកដោយអយុត្តិធម៌ហើយឬ? ដំណាក់ព្រះជាម្ចាស់ប្រើប្រាស់មនុស្សតាមរបៀបមួយ ដែលដាក់មនុស្សគ្រប់គ្នាឱ្យប្រើប្រាស់សមត្ថភាពរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដោយតម្រូវតួនាទីឱ្យសមស្របនឹងមនុស្សម្នាក់ៗ ហើយធ្វើដូច្នេះតាមរបៀបដែលត្រឹមត្រូវបំផុត។ ប្រសិនបើអ្នកមានភាពជាមនុស្សល្អ ប៉ុន្តែគុណសម្បត្តិរបស់អ្នកអន់ នោះអ្នកគួរតែបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អអស់ពីចិត្ត និងអស់ពីកម្លាំងរបស់អ្នក វាមិនមែនថាអ្នកត្រូវតែធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ទើបត្រូវបានព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ ទោះបីជាអ្នកសុខចិត្តនឿយហត់ក៏ដោយ ប៉ុន្តែអ្នកមិនអាចនឿយហត់តាមរបៀបដែលអ្នកដឹកនាំត្រូវតែធ្វើឡើយ ហើយអ្នកមិនមានគុណសម្បត្តិដែលអ្នកគួរមានដើម្បីធ្វើជាអ្នកដឹកនាំ ហើយអ្នកមានគុណសម្បត្តិមិនគ្រប់គ្រាន់ ដូច្នេះ តើអ្នកអាចធ្វើអ្វីបាន? កុំបង្ខំខ្លួនឯង ឬធ្វើឱ្យខ្លួនឯងពិបាកអី ប្រសិនបើអ្នកអាចលីសែងបាន២៥ គីឡូក្រាម ចូរលីសែង២៥គីឡូក្រាមចុះ។ កុំព្យាយាមសម្ញែង ដោយការបង្ខំខ្លួនឯងឱ្យធ្វើលើសពីដែនកំណត់របស់អ្នក ដោយនិយាយថា «២៥គីឡូក្រាមមិនគ្រប់គ្រាន់ទេ។ ខ្ញុំចង់លីសែងឱ្យបានច្រើនជាងនេះ។ ខ្ញុំចង់លីសែង៥០គីឡូក្រាម។ ខ្ញុំសុខចិត្តធ្វើវា ទោះបីជាខ្ញុំត្រូវស្លាប់ដោយសារការអស់កម្លាំងក៏ដោយ!» អ្នកមិនមានសមត្ថភាពក្នុងការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ ប៉ុន្តែប្រសិនបើអ្នកនៅតែបន្តបង្ខំខ្លួនឯងឱ្យធ្វើលើសពីដែនកំណត់របស់ខ្លួនដើម្បីសម្ញែង ទោះបីជាអ្នកនឹងមិនអស់កម្លាំងក៏ដោយ ក៏អ្នកនឹងបង្កឱ្យមានការយឺតយ៉ាវដល់កិច្ចការរបស់ពួកជំនុំ អ្នកនឹងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព និងប្រសិទ្ធភាពនៃការងារ ហើយអ្នកនឹងពន្យារពេលដល់ការរីកចម្រើននៅក្នុងជីវិតរបស់មនុស្សជាច្រើន គឺនេះមិនមែនជាទំនួលខុសត្រូវដែលអ្នកអាចរ៉ាប់រងបានឡើយ។ ដោយសារតែអ្នកមានគុណសម្បត្តិមិនគ្រប់គ្រាន់ ប្រសិនបើអ្នកមានការស្គាល់ខ្លួនឯង អ្នកគួរតែស្ម័គ្រចិត្តលាលែងពីតំណែង ហើយស្នើជ្រើសរើសឱ្យនរណាម្នាក់ដែលមានគុណសម្បត្តិល្អ ដែលស្រឡាញ់សេចក្ដីពិត និងដែលមានទំនួលខុសត្រូវជាងអ្នក ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការវិញ។ នេះគឺជាអ្វីដែលសមហេតុផលត្រូវធ្វើ ហើយមានតែការធ្វើបែបនេះទេ ទើបអ្នកនឹងជាមនុស្សដែលមានភាពជាមនុស្ស និងវិចារណញ្ញាណពិតប្រាកដ ហើយជាមនុស្សដែលយល់ និងអនុវត្តសេចក្ដីពិតយ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកលាលែងពីតំណែងរបស់អ្នក ដោយសារតែអ្នកគ្មានសមត្ថភាពក្នុងការធ្វើការងារដឹកនាំ ហើយបន្ទាប់មក អ្នកជ្រើសរើសភារកិច្ចដែលស័ក្ដិសមនឹងអ្នក ហើយថ្វាយភាពស្មោះត្រង់របស់អ្នកដើម្បីឱ្យអ្នកអាចត្រូវបានព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះអ្នកគឺជាមនុស្សឆ្លាតវៃជាពិសេស។ អ្នកតែងតែគិតថា «ទោះបីជាខ្ញុំមានគុណសម្បត្តិអន់ក៏ដោយ ក៏ខ្ញុំមានភាពជាមនុស្សល្អ ខ្ញុំសុខចិត្តនឿយហត់ខ្លួនឯង ស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់ ខ្ញុំមានការប្ដេជ្ញាចិត្ត ខ្ញុំមានភាពធន់ជាងអ្នកទាំងអស់គ្នា នៅក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើ ហើយខ្ញុំមានចិត្តទូលាយ និងមិនខ្លាចការលួសកាត់ ឬការល្បងលឡើយ។ ទោះបីជាគុណសម្បត្តិរបស់ខ្ញុំអន់បន្តិចក៏ដោយ ក៏ខ្ញុំនៅតែអាចធ្វើជាអ្នកដឹកនាំបានដែរ»។ ការមានគុណសម្បត្តិអន់មិនមែនជាបញ្ហានោះទេ។ នេះមិនមែនមានន័យថាជាការថ្កោលទោសអ្នកនោះទេ គឺគ្រាន់តែមានន័យថាជាការចាត់ថ្នាក់អ្នក និងដើម្បីឱ្យអ្នកយល់ច្បាស់ឱ្យប្រាកដថា តើអ្នកអាចធ្វើអ្វីបាន ហើយតើភារកិច្ចប្រភេទណាដែលស័ក្ដិសមនឹងអ្នក។ ប៉ុន្តែ បញ្ហាបច្ចុប្បន្នគឺថា គុណសម្បត្តិរបស់អ្នកអន់ ហើយអ្នកមិនមានសមត្ថភាពក្នុងការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ។ ទោះបីជាអ្នកត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការក៏ដោយ ក៏អ្នកមិនអាចធ្វើការងារនេះបានល្អដែរ ហើយអ្វីដែលអ្នកអាចធ្វើបាន គឺគ្រាន់តែធ្វើឱ្យខូចការប៉ុណ្ណោះ។ ប្រសិនបើអ្នកមានភាពជាមនុស្សល្អ ប្រសិនបើអ្នកមានមនសិការ និងវិចារណញ្ញាណ ហើយអ្នកសុខចិត្តនឿយហត់ខ្លួនឯង និងលះបង់ នោះនឹងមានការងារដែលស័ក្ដិសមនឹងអ្នក ហើយមានភារកិច្ចដែលអ្នកគួរធ្វើ ហើយ ដំណាក់ព្រះជាម្ចាស់នឹងធ្វើការរៀបចំសមហេតុផលសម្រាប់អ្នក។ ការមិនអនុញ្ញាតឱ្យអ្នកធ្វើជាអ្នកដឹកនាំគឺផ្អែកលើបទប្បញ្ញត្តិ និងគោលការណ៍របស់ដំណាក់ព្រះជាម្ចាស់។ ប៉ុន្តែ ដំណាក់ព្រះជាម្ចាស់ច្បាស់ណាស់នឹងមិនបដិសេធសិទ្ធិរបស់អ្នកក្នុងការបំពេញភារកិច្ច ឬសិទ្ធិរបស់អ្នកក្នុងការជឿ និងដើរតាមព្រះជាម្ចាស់ ដោយសារតែអ្នកមានគុណសម្បត្តិអន់ឡើយ។ តើនេះមិនសមរម្យទេឬអី? (បាទ/ចាស សមរម្យ។) តើចាំបាច់ទេដែលយើងត្រូវប្រកបគ្នាអំពីរឿងនេះឱ្យបានលម្អិតជាងនេះ? មនុស្សមួយចំនួនដែលមានគុណសម្បត្តិអន់ឮដូច្នេះហើយ ក៏គិតពិចារណាថា «កុំប្រកបគ្នាអំពីរឿងនេះទៀតអី។ ខ្ញុំមានអារម្មណ៍ខ្មាសគេណាស់។ ខ្ញុំដឹងថាខ្ញុំមានគុណសម្បត្តិអន់ ហើយខ្ញុំនឹងមិនធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការរបស់ពួកជំនុំទៀតទេ។ ខ្ញុំនឹងគ្រាន់តែធ្វើជាមេក្រុម ឬអ្នកមើលការខុសត្រូវ ឬធ្វើការងារកំប៉ិកកំប៉ុក ធ្វើម្ហូប ឬសម្អាត។ អ្វីក៏បានដែរ។ ខ្ញុំនឹងស៊ូទ្រាំនឹងការលំបាកនៃតំណែងរបស់ខ្ញុំដោយមិនត្អូញត្អែរ ចុះចូលនឹងការរៀបចំរបស់ដំណាក់ព្រះជាម្ចាស់ និងចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់។ ការដែលខ្ញុំមានគុណសម្បត្តិអន់គឺដោយព្រះគុណរបស់ព្រះជាម្ចាស់ និងព្រះរាជបំណងល្អរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងរឿងនេះ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺត្រឹមត្រូវ»។ ប្រសិនបើអ្នកអាចមើលឃើញរឿងរ៉ាវតាមរបៀបនេះ នោះគឺល្អហើយ ហើយវាមានន័យថា អ្នកមានការស្គាល់ខ្លួនឯងខ្លះៗ។ ខ្ញុំនឹងមិនប្រកបគ្នាអំពីបញ្ហានេះវែងឆ្ងាយទៀតទេ។ សរុបសេចក្ដីមក ចំពោះមនុស្សទាំងនេះដែលមានគុណសម្បត្តិអន់ យើងគ្រាន់តែវែកញែកបញ្ហា និងសម្ដែងឱ្យយល់សេចក្ដីពិតនៃការពិត ដើម្បីឱ្យមនុស្សកាន់តែច្រើនមានឥរិយាបថ និងទស្សនៈត្រឹមត្រូវចំពោះមនុស្សទាំងនេះ ហើយដើម្បីឱ្យមនុស្សទាំងនេះមានឥរិយាបថ និងទស្សនៈត្រឹមត្រូវចំពោះបញ្ហានៃគុណសម្បត្តិអន់របស់ខ្លួន ហើយបន្ទាប់មក អាចតម្រង់ខ្លួនឯងបានត្រឹមត្រូវ ស្វែងរកតំណែង និងភារកិច្ចដែលស័ក្ដិសមនឹងខ្លួន ដោយអនុញ្ញាតឱ្យការតស៊ូរបស់ខ្លួនក្នុងការលះបង់ និងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការស៊ូទ្រាំនឹងការរងទុក្ខ ត្រូវបានដាក់ឱ្យប្រើប្រាស់ និងបញ្ចេញសមត្ថភាពយ៉ាងសមហេតុផល។ រឿងនេះមិនប៉ះពាល់ដល់ការដែលអ្នកយល់ពីសេចក្ដីពិត និងអនុវត្តសេចក្ដីពិតឡើយ ហើយក៏មិនប៉ះពាល់ដល់មុខមាត់របស់អ្នកនៅក្នុងដំណាក់ ព្រះជាម្ចាស់ដែរ។

III. អ្នកដឹកនាំក្លែងក្លាយ ដែលខ្ជិលច្រអូស និងសម្ងំយកសុខ​

អម្បាញ់មិញនេះ យើងបានប្រកបគ្នារួចហើយអំពីអ្នកដឹកនាំក្លែងក្លាយពីរប្រភេទ។ នៅមានអ្នកដឹកនាំក្លែងក្លាយមួយប្រភេទទៀត ដែលយើងជារឿយៗនិយាយដល់ នៅពេលប្រកបគ្នាអំពីប្រធានបទ «ទំនួលខុសត្រូវរបស់អ្នកដឹកនាំនិងអ្នកធ្វើការ»។ មនុស្សប្រភេទនេះមានគុណសម្បត្តិខ្លះដែរ ពួកគេមិនមែនមិនឆ្លាតវាងវៃទេ នៅក្នុងការងាររបស់ពួកគេ ពួកគេមានរបៀប និងវិធីសាស្ត្រ ហើយមានផែនការសម្រាប់ដោះស្រាយបញ្ហា ហើយនៅពេលដែលគេប្រគល់ការងារមួយឱ្យពួកគេ ពួកគេអាចអនុវត្តវាបានប្រហាក់ប្រហែលនឹងស្តង់ដាដែលបានរំពឹងទុក។ ពួកគេអាចរកឃើញរាល់បញ្ហាណាមួយដែលកើតឡើងនៅក្នុងការងារ ហើយក៏អាចដោះស្រាយបញ្ហាខ្លះបានដែរ។ នៅពេលដែលពួកគេឮអំពីបញ្ហាដែលមនុស្សមួយចំនួនបានរាយការណ៍ ឬពួកគេសង្កេតឃើញអាកប្បកិរិយា ការបង្ហាញចេញ ពាក្យសម្ដី និងទង្វើរបស់មនុស្សមួយចំនួន ពួកគេមានប្រតិកម្មនៅក្នុងចិត្ត ហើយពួកគេមានទស្សនៈ និង ឥរិយាបថផ្ទាល់ខ្លួន។ ជាការពិតណាស់ ប្រសិនបើមនុស្សទាំងនេះដេញតាមសេចក្ដីពិត និងមានស្មារតីទទួលបន្ទុក នោះបញ្ហាទាំងអស់នេះអាចត្រូវបានដោះស្រាយបានហើយ។ ប៉ុន្តែ បញ្ហាបែរជាមិនត្រូវបានដោះស្រាយដោយនឹកស្មានមិនដល់ទៅវិញនៅក្នុងការងារដែលស្ថិតក្រោមទំនួលខុសត្រូវរបស់ប្រភេទមនុស្សដែលយើងកំពុងប្រកបគ្នានៅថ្ងៃនេះ។ តើមកពីហេតុអ្វី? គឺដោយសារតែមនុស្សទាំងនេះមិនធ្វើកិច្ចការជាក់ស្ដែង។ ពួកគេចូលចិត្តភាពស្រណុកសុខស្រួល ហើយស្អប់ការធ្វើការធ្ងន់ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃនៅសម្បកក្រៅប៉ុណ្ណោះ ពួកគេចូលចិត្តនៅទំនេរ និងសោយសុខផលប្រយោជន៍នៃឋានៈ ពួកគេចូលចិត្តបញ្ជាគេ ហើយពួកគេគ្រាន់តែកម្រើកមាត់បន្តិច និងផ្ដល់យោបល់ខ្លះៗ រួចចាត់ទុកថាការងាររបស់ពួកគេបានបញ្ចប់។ ពួកគេមិនយកចិត្តទុកដាក់លើកិច្ចការជាក់ស្ដែងណាមួយរបស់ពួកជំនុំ ឬកិច្ចការសំខាន់ដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេឡើយ ពោលគឺ ពួកគេគ្មានស្មារតីទទួលបន្ទុកនេះទេ ហើយទោះបីជាដំណាក់របស់ព្រះជាម្ចាស់បានសង្កត់ធ្ងន់លើរឿងទាំងនេះម្ដងហើយម្ដងទៀតក៏ដោយ ក៏ពួកគេនៅតែមិនយកចិត្តទុកដាក់ដដែល។ ឧទាហរណ៍ ពួកគេមិនចង់លូកដៃ ឬសាកសួរអំពីការងារផលិតភាពយន្ត ឬការងារខាងអត្ថបទរបស់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនចង់ពិនិត្យមើលថាតើការងារប្រភេទនេះកំពុងមានដំណើរការយ៉ាងណា និងពួកគេសម្រេច បានលទ្ធផលអ្វីខ្លះនោះដែរ។ ពួកគេគ្រាន់តែសាកសួរដោយប្រយោលៗ ហើយនៅពេលដែលពួកគេដឹងថាមនុស្សកំពុងរវល់នឹងការងារនេះ និងកំពុងធ្វើការងារនេះ ពួកគេក៏លែងខ្វល់ខ្វាយពីវាទៀត។ សូម្បីតែពេលដែលពួកគេដឹងយ៉ាងច្បាស់ថាមានបញ្ហានៅក្នុងការងារ ក៏ពួកគេនៅតែមិនចង់ប្រកបគ្នា និងដោះស្រាយបញ្ហាទាំងនោះដែរ ហើយពួកគេក៏មិនសាកសួរ ឬពិនិត្យមើលថាតើមនុស្សកំពុងបំពេញភារកិច្ចរបស់ពួកគេយ៉ាងណានោះទេ។ ហេតុអ្វីបានជាពួកគេមិនសាកសួរ ឬពិនិត្យមើលរឿងទាំងនេះ? ពួកគេគិតថា ប្រសិនបើពួកគេពិនិត្យមើលរឿងទាំងនោះ នោះនឹងមានបញ្ហាជាច្រើនរង់ចាំឱ្យពួកគេដោះស្រាយ ហើយនោះនឹងធ្វើឱ្យមានការខ្វល់ខ្វាយខ្លាំងពេក។ ជីវិតនឹងនឿយហត់ខ្លាំងណាស់ ប្រសិនបើពួកគេត្រូវតែដោះស្រាយបញ្ហាជានិច្ចនោះ! ប្រសិនបើពួកគេខ្វល់ខ្វាយច្រើនពេក នោះពួកគេនឹងហូបបាយមិនឆ្ងាញ់ ហើយពួកគេនឹងដេកមិនលក់ សាច់ឈាមរបស់ពួកគេនឹងមានអារម្មណ៍ថាអស់កម្លាំង ហើយបន្ទាប់មកជីវិតនឹងក្លាយជាទុក្ខវេទនា។ នោះហើយជាមូលហេតុដែលនៅពេលពួកគេឃើញបញ្ហាមួយ ពួកគេគេចវេះ និងមិនអើពើនឹងវា ប្រសិនបើពួកគេអាចធ្វើបាន។ តើមនុស្សប្រភេទនេះមានបញ្ហាអ្វី? (ពួកគេខ្ជិលច្រអូសពេក។) ចូរប្រាប់ខ្ញុំមក តើអ្នកណាដែលមានបញ្ហាធ្ងន់ធ្ងរ៖ មនុស្សខ្ជិល ឬមនុស្សដែលមានគុណសម្បត្តិខ្សោយ? (មនុស្សខ្ជិល។) ហេតុអ្វីបានជាមនុស្សខ្ជិលមានបញ្ហាធ្ងន់ធ្ងរ? (មនុស្សដែលមានគុណសម្បត្តិខ្សោយមិនអាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានទេ ប៉ុន្តែពួកគេអាចមានប្រសិទ្ធភាពខ្លះ នៅពេលដែលពួកគេបំពេញភារកិច្ចដែលស្ថិតក្នុងសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែមនុស្សដែលខ្ជិលមិនអាចធ្វើអ្វីបានឡើយ ទោះបីជាពួកគេមានគុណសម្បត្តិក៏ដោយ ក៏វាមិនមានផលអ្វីដែរ។) មនុស្សខ្ជិលមិនអាចធ្វើអ្វីបានឡើយ។ សរុបសេចក្ដីមក ពួកគេគឺជាមនុស្សឥតប្រយោជន៍ ពួកគេគឺជាជនពិការថ្នាក់ទីពីរ។ ទោះបីជាគុណសម្បត្តិរបស់មនុស្សខ្ជិលល្អយ៉ាងណាក៏ដោយ ក៏វាមិនលើសពីជារបស់តាំងលម្អដែរ ទោះបីជាពួកគេមានគុណសម្បត្តិល្អក៏ដោយ ក៏វាមិនមានប្រយោជន៍អ្វីដែរ។ ពួកគេខ្ជិលពេក ពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើ ប៉ុន្តែពួកគេមិនធ្វើវាទេ ហើយទោះបីជាពួកគេដឹងថាអ្វីមួយជាបញ្ហាក៏ដោយ ក៏ពួកគេមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាដែរ ហើយទោះបីជាពួកគេដឹងថាពួកគេគួររងទុក្ខលំបាកអ្វីខ្លះ ដើម្បីឱ្យការងារមានប្រសិទ្ធភាពក៏ដោយ ក៏ពួកគេមិនសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខដ៏មានតម្លៃទាំងនេះដែរ ដូច្នេះពួកគេមិនអាចទទួលបានសេចក្ដីពិតណាមួយឡើយ ហើយពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានទេ។ ពួកគេមិនចង់ស៊ូទ្រាំនឹងការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំនោះទេ ពោលគឺពួកគេគ្រាន់តែដឹងពីវិធីសម្ងំយកសុខ សោយសុខនឹងពេលវេលាសប្បាយរីករាយ និងការលំហែ ហើយសោយសុខនឹងជីវិតដ៏សេរីនិងធូរស្រាលប៉ុណ្ណោះ។ តើពួកគេមិនមែនជាមនុស្សឥតប្រយោជន៍ទេឬ? មនុស្សដែលមិនអាចស៊ូទ្រាំនឹងការរងទុក្ខ មិនសមនឹងរស់នៅឡើយ។ អស់អ្នកដែលតែងតែចង់រស់នៅក្នុងជីវិតជាបញ្ញើក្អែក គឺជាមនុស្សដែលគ្មានមនសិការ ឬវិចារណញ្ញាណឡើយ ពួកគេគឺជាសត្វតិរច្ឆាន ហើយមនុស្សបែបនេះមិនស័ក្តិសមសូម្បីតែនឹងធ្វើការ។ ដោយសារតែពួកគេមិនអាចស៊ូទ្រាំនឹងការរងទុក្ខ សូម្បីតែនៅពេលដែលពួកគេធ្វើការ ក៏ពួកគេមិនអាចធ្វើវាឱ្យបានល្អដែរ ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្ដីពិត នោះរឹតតែគ្មានសង្ឃឹមទៅទៀត។ មនុស្សដែលមិនអាចរងទុក្ខ និងមិនស្រឡាញ់សេចក្ដីពិតគឺជាមនុស្សឥតប្រយោជន៍ ពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូម្បីតែនឹងធ្វើនូវការធ្វើការដោយកម្លាំង។ ពួកគេគឺជាសត្វតិរច្ឆានដែលគ្មានភាពជាមនុស្សសូម្បីតែបន្តិច។ មនុស្សបែបនេះត្រូវតែជម្រុះចោល មានតែការណ៍នេះទេទើបស្របទៅតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។

មនុស្សមួយចំនួនទទួលខុសត្រូវលើការងារកសិដ្ឋាន ហើយពួកគេមានភាពឧស្សាហ៍ព្យាយាមជាពិសេស។ ពួកគេមានផែនការក្នុងចិត្ត ហើយពួកគេដឹងថាត្រូវធ្វើការងារអ្វីខ្លះនៅរដូវនីមួយៗ។ នៅពេលដល់ពេលត្រូវភ្ជួររាស់ដី ពួកគេចុះទៅមើលដីមួយកន្លែងៗ។ ពួកគេផ្ទៀងផ្ទាត់អ្វីដែលពួកគេបានគ្រោងទុកថានឹងដាំនៅលើដីមួយកន្លែងៗជាមួយនឹងសភាពជាក់ស្ដែងនៃដីនោះ ហើយមើលថាតើផែនការរបស់ពួកគេសមស្របឬអត់ និងថាតើវាស្របតាមស្ថានភាពជាក់ស្ដែងដែរឬទេ។ លើសពីនេះទៅទៀត ពួកគេមើលថាតើដីនៅឆ្នាំនេះសើម ឬស្ងួតកម្រិតណា ត្រូវការជីអ្វីខ្លះ និងស័ក្តិសមនឹងដាំអ្វី។ នៅពេលដែលពួកគេបានពិនិត្យមើល និងក្ដាប់បានរឿងទាំងនេះហើយ ពួកគេសួរភ្លាមៗថាតើ កូនដំណាំត្រូវបានបណ្តុះហើយឬនៅ និងបណ្ដុះបានប៉ុន្មានហើយ បន្ទាប់មកពួកគេទៅមើលនៅរោងបណ្តុះ ដើម្បីពិនិត្យមើលថាតើអ្នកបណ្ដុះកូនដំណាំនោះអាចពឹងផ្អែកបានដែរឬទេ ឬថាតើពួកគេនឹងធ្វើឱ្យខូចកូនដំណាំនោះឬអត់។ ប្រសិនបើមនុស្សម្នាក់មិនគ្រប់គ្រាន់ដើម្បីធ្វើការងារនេះទេ ពួកគេចាត់តាំងមនុស្សម្នាក់ទៀតឱ្យសហការជាមួយ ហើយអ្នកទាំងពីរមើលខុសត្រូវគ្នាទៅវិញទៅមក។ តើមនុស្សខ្ជិលនឹងធ្វើបែបនេះដែរឬទេ? ទេ ពួកគេនឹងមិនធ្វើឡើយ។ ប្រសិនបើគ្មាននរណាម្នាក់មើលខុសត្រូវ និងបន្តជំរុញពួកគេទេ ពួកគេដាច់ខាតនឹងមិនចុះទៅកន្លែងផ្ទាល់ឡើយ។ ប្រសិនបើ ដំណាក់របស់ព្រះជាម្ចាស់មិនសួរអំពីដំណើរការនៃការងារណាមួយទេ នោះពួកគេដាច់ខាតនឹងមិនផ្ដើមគំនិតចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃការងារនោះឡើយ។ ចំពោះមនុស្សដែលមានគុណសម្បត្តិខ្សោយ មិនថាពួកគេកំពុងធ្វើអ្វីនោះទេ ពួកគេតែងតែធ្វើដោយផ្ទាល់ ប៉ុន្តែពួកគេគ្មានសមត្ថភាពបែងចែកថាអ្វីជាការងារបន្ទាន់ និងសំខាន់ ហើយអ្វីដែលមិនបន្ទាន់និងសំខាន់នោះទេ ហើយពួកគេគ្រាន់តែធ្វើទាំងងងឹតងងល់។ ចំណែកឯមនុស្សខ្ជិលទាំងនេះវិញគឺពួកគេឆ្លាតគ្រាន់បើ ហើយមិនថាពួកគេកំពុងធ្វើអ្វីនោះទេ ពួកគេគ្រាន់តែចូលចិត្តកម្រើកមាត់ និងបញ្ជាឱ្យអ្នកដទៃធ្វើការប៉ុណ្ណោះ។ ពួកគេមិនដែលធ្វើអ្វីដោយផ្ទាល់ឡើយ ហើយពួកគេក៏មិនអាចធ្វើកិច្ចការជាក់ស្ដែងបានដែរ។ ពួកគេគិតថា៖ «ខ្ញុំគ្រាន់តែហៅទូរសព្ទ ឬផ្ញើសារសួរនាំខ្លះៗទៅ នោះការងាររបស់ខ្ញុំចប់ហើយ បញ្ហាក៏ត្រូវបានដោះស្រាយ។ នេះជួយខ្ញុំជៀសវាងបញ្ហាបានច្រើនណាស់! មើលចុះថាគុណសម្បត្តិជាអ្នកដឹកនាំរបស់ខ្ញុំយ៉ាងម៉េចដែរ។ ខ្ញុំអាចបញ្ចប់ការងារដោយគ្រាន់តែនិយាយពីរបីម៉ាត់ប៉ុណ្ណោះ តើនេះមិនមែនជាការដែលខ្ញុំកំពុងបំពេញទំនួលខុសត្រូវរបស់ខ្ញុំដែរទេឬអី? ខ្ញុំមិនបានធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់ខ្ញុំទេ។ ប្រសិនបើខាងលើសួរខ្ញុំអំពីរឿងទាំងនេះ ខ្ញុំអាចឆ្លើយតបទៅវិញបានយ៉ាងរលូន និងផ្ដល់ការពន្យល់យ៉ាងច្បាស់លាស់។ តើមានប្រយោជន៍អ្វីដែលត្រូវចុះទៅមើលកន្លែងធ្វើការ ហើយពិនិត្យមើលនោះ? ខ្ញុំមុខជាត្រូវទ្រាំទ្រនឹងការលំបាក និងការរងទុក្ខ ហើយស្បែករបស់ខ្ញុំមុខជាប្រែជាខ្មៅដោយសារត្រូវកម្ដៅថ្ងៃ។ មិនចាំបាច់ធ្វើតាមបែបបទនោះទេ។ ប្រសិនបើខ្ញុំអាចជួយខ្លួនឯងជៀសវាងបញ្ហាបានខ្លះ នោះខ្ញុំនឹងធ្វើតាមហ្នឹងហើយ។ មិនចាំបាច់ធ្វើឱ្យ ពិបាកដល់ខ្លួនឯងទេ»។ តើពួកគេមិន «ឆ្លាត» គ្រាន់បើទេឬ? នៅពេលដែលមនុស្សប្រភេទនេះធ្វើការ ពួកគេ ស្ទាត់ជំនាញជាពិសេសខាងធ្វើការគ្រាន់តែបង្ហើយកិច្ចដើម្បីសម្រេចគោលដៅរបស់ខ្លួននិងរកផ្លូវកាត់ ហើយពួកគេមានរបៀប និងវិធីសាស្ត្ររបស់ពួកគេ។ ពួកគេមិនធ្វើអ្វីដោយខ្លួនឯងទេ ហើយពួកគេក៏មិនចូលរួមក្នុងរឿងអ្វីដែរ។ ពួកគេគ្រាន់តែហៅទូរសព្ទសួរនាំ ដោយធ្វើតាមរបៀបរបប ហើយគ្រាន់តែដាក់ទូរសព្ទចុះភ្លាម ពួកគេក៏ទៅដេក ឬទៅម៉ាស្សា ហើយចាប់ផ្ដើម សម្ងំក្នុងសាច់ឈាម។ មនុស្សប្រភេទនេះពិតជាចេះ«ធ្វើការ» ណាស់ ពួកគេពិតជាចេះរកឱកាសនៅទំនេរ ហើយពួកគេពិតជាចេះធ្វើតាមរបៀបរបប និងបោកបញ្ឆោតមនុស្សមែន! តើការដែលពួកគេមានគុណសម្បត្តិបន្តិចបន្តួចនោះ មានប្រយោជន៍អ្វី? ពួកគេគឺដូចជាមន្ត្រីនៅក្នុងប្រទេសនៃបក្សកុម្មុយនីស្តដែរ ដែលគ្រាន់តែផឹកតែ និងអានកាសែតបន្ទាប់ពីពួកគេទៅដល់កន្លែងធ្វើការ ហើយចាប់ផ្ដើមគិតអំពីអ្វីដែលពួកគេនឹងហូប និងកន្លែងដែលពួកគេនឹងទៅកម្សាន្ត សូម្បីតែមុនពេលចប់ម៉ោងធ្វើការសម្រាប់ថ្ងៃនោះទៅទៀត ពោលគឺជីវិតពិតជាល្អណាស់សម្រាប់ពួកគេ។ នេះគឺជាគោលការណ៍ដែលអ្នកដឹកនាំក្លែងក្លាយប្រភេទនេះប្រកាន់ខ្ជាប់នៅក្នុងការងាររបស់ពួកគេដែរ ពួកគេមិនរងទុក្ខលំបាកអ្វីទេ ពួកគេមិនស៊ូទ្រាំនឹងការនឿយហត់អ្វីឡើយ ប៉ុន្តែពួកគេនៅតែធ្វើខ្លួនជាមន្ត្រី និងសោយសុខផលប្រយោជន៍នៃឋានៈ ហើយបងប្អូនប្រុសស្រីភាគច្រើនមិនអាចមើលឃើញថា នេះគឺជាបញ្ហានោះទេ។ នេះជារបៀបដែលអ្នកដឹកនាំក្លែងក្លាយប្រភេទនេះធ្វើការ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងទេ ហើយពួកគេមិនចុះទៅកន្លែងផ្ទាល់ដើម្បីតាមដាន និងពិនិត្យមើលការងារឡើយ ដូច្នេះតើពួកគេអាចរកឃើញបញ្ហានៅក្នុងការងារបានដែរឬទេ? (ទេ)។ អ្នកដឹកនាំក្លែងក្លាយដែលក្លែងថាស៊ប់ខាងវិញ្ញាណ និងអ្នកដឹកនាំក្លែងក្លាយដែលមានគុណសម្បត្តិខ្សោយ គឺជាមនុស្សខ្វាក់ទាំងដែលមានភ្នែកភ្លឺ ហើយពួកគេមិនអាចមើលឃើញបញ្ហាឡើយ ចុះចំណែកឯមនុស្សឥតប្រយោជន៍ប្រភេទនេះវិញ? ពួកគេនិយាយថា៖ «ខ្ញុំមិនចូលរួមក្នុងកិច្ចការជាក់ស្ដែង ហើយខ្ញុំមិនចុះទៅកន្លែងផ្ទាល់ដើម្បីចូលរួមគ្នាជាមួយមនុស្សដែលកំពុងធ្វើការនៅទីនោះទេ ដូច្នេះប្រសិនបើមានបញ្ហាកើតឡើង អ្នកមិនអាចនិយាយថាខ្ញុំខ្វាក់ទាំងដែលមានភ្នែកភ្លឺបានឡើយ។ ខ្ញុំមិនបាននៅកន្លែងផ្ទាល់ ហើយខ្ញុំមិនបានឃើញបញ្ហាទេ ដូច្នេះតើវាពាក់ព័ន្ធអ្វីនឹងខ្ញុំ ប្រសិនបើមានបញ្ហាកើតឡើង? អ្នកគួរតែទៅរកអ្នកពាក់ព័ន្ធចុះ»។ តើអ្នកទាំងនេះពិតជាមានកលល្បិចមែនទេ? ពួកគេគិតថា អ្វីៗដែលពួកគេត្រូវធ្វើគឺគ្រាន់តែចេញបញ្ជា និងចាត់ចែងមនុស្សឱ្យបានត្រឹមត្រូវ នោះគឺចប់ហើយ ហើយបន្ទាប់មកទំនួលខុសត្រូវរបស់ពួកគេត្រូវបានបំពេញចប់សព្វគ្រប់ ហើយពួកគេអាចសោយសុខនឹងពេលវេលាលំហែនិង កម្សាន្តរបស់ពួកគេដោយមិនចេះខ្មាសបានហើយ។ មិនថាមានបញ្ហាអ្វីនៅខាងក្រោមទេ ពួកគេមិនសាកសួរឡើយ ហើយពួកគេគ្រាន់តែប្រញាប់ប្រញាល់ទៅដោះស្រាយបញ្ហា ប្រសិនបើមាននរណាម្នាក់រាយការណ៍ទៅខាងលើប៉ុណ្ណោះ។ ជា រៀងរាល់ថ្ងៃ អ្វីៗពួកគេផ្ដោតលើគឺការសោយសុខផល ប្រយោជន៍នៃឋានៈការដើរលំហែគ្រប់ទីកន្លែងការធ្វើពុតជាពិនិត្យមើលការងារ ប៉ុន្តែ តាមពិត ពួកគេមិនដែលទៅកន្លែងដែលមានបញ្ហាពិតប្រាកដឡើយ ហើយ ពួកគេមិនដែលពិនិត្យមើលការងារសំខាន់ៗទេ តើនេះមិនគ្រាន់តែដូចមន្ត្រីបក្សកុម្មុយនីស្តដែលធ្វើការតែសម្បកក្រៅនិងធ្វើការងារយក មុខយកមាត់ទេឬអី? ពួកគេធ្វើការសន្យាយ៉ាងល្អថានឹងធ្វើការងារដែលបានប្រគល់ឱ្យពួកគេ ប៉ុន្តែពួកគេមិនតាមដានឬមើលខុសត្រូវលើវាទេ ហើយទោះបីជាពួកគេចុះទៅកន្លែងផ្ទាល់ក៏ដោយ ក៏ពួកគេគ្រាន់តែធ្វើតាមបែបបទប៉ុណ្ណោះ។ ពួកគេដាច់ខាតនឹងមិនធ្វើការងារដោយខ្លួនឯង ឬដោះស្រាយបញ្ហាដោយខ្លួនឯងឡើយ។ ពួកគេគិតថា៖ «មិនចាំបាច់ឱ្យខ្ញុំរងទុក្ខ និងលះបង់ដើម្បីធ្វើរឿងទាំងនេះទេ។ មានមនុស្សនៅទីនោះធ្វើវា គឺគ្រប់គ្រាន់ហើយ។ យ៉ាងណាក៏ខ្ញុំមិនបានប្រាក់ខែដែរ ដូច្នេះខ្ញុំគ្រាន់តែធ្វើឱ្យតែរួចពីដៃទៅគឺបានហើយ»។ តើពួកគេអាចធ្វើការងាររបស់ពួកគេបានល្អដែរឬទេ នៅពេលដែលពួកគេមានផ្នត់គំនិតបែបនេះ? ពួកគេមាន ផែនការកេងបន្លំបន្តិចបន្តួចនៅក្នុងចិត្ត ដោយគិតថា៖ «ស៊ីបាយប៉ុន្មាន ធ្វើការប៉ុណ្ណឹង ហើយខ្ញុំនឹងធ្វើឱ្យតែបង្គ្រប់កិច្ចមួយថ្ងៃៗ»។ ប៉ុន្តែ ពួកគេមិនដែលធ្វើការងារជាក់លាក់ទេ ហើយគេមិនដែលឃើញពួកគេនៅកន្លែងផ្ទាល់ឡើយ។ ចុះតើពួកគេនៅឯណា? ពួកគេកំពុងសោយសុខនៅកន្លែងដ៏ស្រស់ស្អាត និងមានសុវត្ថិភាព ដែលពួកគេអាចហូបឆ្ងាញ់ ផឹកឆ្ងាញ់ និងដេកស្រួល ពួកគេរស់នៅដូចជាព្រះអង្គម្ចាស់ ងូតទឹកទៀងពេល ម៉ាស្សាទៀងពេល និងផ្លាស់ប្ដូរសម្លៀកបំពាក់ទៀងពេល ហើយពួកគេមិនស៊ូទ្រាំនឹងការរងទុក្ខសោះឡើយ។ ពួកគេមិនដែលឆ្លុះបញ្ចាំងថា តើពួកគេអាចធ្វើកិច្ចការជាក់ស្ដែងអ្វីខ្លះ តើពួកគេអាចដោះស្រាយបញ្ហាជាក់ស្ដែងអ្វីខ្លះ តើពួកគេបានរួមចំណែកអ្វីខ្លះដល់កិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយថាតើពួកគេមានលក្ខណៈសម្បត្តិអ្វីដើម្បីសោយសុខនឹងរបស់ល្អៗទាំងអស់នេះឡើយ ពួកគេមិនដែលគិតអំពីរឿងនេះទេ។ តើមនុស្សទាំងនេះជាស្អីឱ្យប្រាកដ? មនុស្សថោកទាបទាំងនេះគ្មានការស្គាល់ខ្លួនឯងទេ ពួកគេជាពួកដែលមិនចេះខ្មាស ហើយពួកគេមិនសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំឡើយ។

អ្នកដឹកនាំក្លែងក្លាយទាំងអស់មិនដែលធ្វើកិច្ចការជាក់ស្ដែងឡើយ។ ពួកគេធ្វើដូចជាតួនាទីដឹកនាំរបស់ខ្លួនគឺជាតំណែងមន្ត្រីដែលសោយសុខផលប្រយោជន៍នៃឋានៈ ហើយពួកគេចាត់ទុកភារកិច្ចដែលពួកគេគួរតែបំពេញ និងការងារដែលពួកគេគួរតែធ្វើក្នុងនាមជាអ្នកដឹកនាំ ថាជាបន្ទុក ជារឿងរំខាន។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេពោរពេញទៅដោយការទាស់ទទឹងចំពោះការងាររបស់ពួកជំនុំ៖ នៅពេលដែលគេឱ្យពួកគេមើលការខុសត្រូវលើការងារ និងស្វែងយល់ថាតើមានបញ្ហាអ្វីខ្លះនៅក្នុងនោះ ដែលត្រូវការការតាមដាន និងដោះស្រាយ ពួកគេមិនពេញចិត្តទាល់តែសោះ។ នេះគឺជាការងារដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើ នេះគឺជាការងាររបស់ពួកគេ។ ប្រសិនបើអ្នកមិនធ្វើវា ហើយអ្នកមិនសុខចិត្តធ្វើវាទេ ដូច្នេះហេតុអ្វីបានជាអ្នកនៅតែចង់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការទៀត? តើអ្នកបំពេញភារកិច្ចរបស់អ្នកដើម្បីគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ ឬដើម្បីធ្វើជាមន្ត្រី និងសោយសុខផលប្រយោជន៍នៃឋានៈ? ប្រសិនបើអ្នកគ្រាន់តែក្លាយជាអ្នកដឹកនាំ ដើម្បីឱ្យអ្នកអាចកាន់តំណែងជាមន្ត្រីណាមួយនោះ តើនេះមិនមែនជារឿងដែលឥតអៀនខ្មាសបន្តិចទេឬ? មនុស្សប្រភេទនេះមានចរិតលក្ខណៈទាបបំផុត គ្មានសេចក្ដីថ្លៃថ្នូរ និងគ្មានការខ្មាសអៀន។ ប្រសិនបើអ្នកចង់សោយសុខខាងសាច់ឈាម អ្នកគួរតែប្រញាប់ត្រឡប់ទៅក្នុងពិភពលោកវិញទៅ ហើយប្រជែងគ្នា ដណ្ដើមយកដោយកម្លាំង និងឆក់យក តាមដែលអ្នកអាចធ្វើបានចុះ ហើយគ្មាននរណាម្នាក់នឹងជ្រៀតជ្រែកឡើយ។ ដំណាក់របស់ព្រះជាម្ចាស់គឺជាកន្លែងសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បំពេញភារកិច្ចរបស់ខ្លួន និងថ្វាយបង្គំទ្រង់។ វាគឺជាកន្លែងសម្រាប់មនុស្សដេញតាមសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះ។ វាមិនមែនជាកន្លែងសម្រាប់នរណាម្នាក់សម្ងំសុខក្នុងសាច់ឈាមឡើយ ហើយរឹតតែមិនមែនជាកន្លែងដែលអនុញ្ញាតឱ្យមនុស្សរស់នៅដូចជាព្រះអង្គម្ចាស់នោះដែរ។ អ្នកដឹកនាំក្លែងក្លាយមិនចេះខ្មាសឡើយ ពួកគេមុខក្រាស់ ហើយពួកគេគ្មានវិចារណញ្ញាណ។ មិនថាការងារជាក់លាក់អ្វីដែលត្រូវបានចាត់តាំងឱ្យពួកគេនោះទេ ពួកគេមិនយកចិត្តទុកដាក់ឡើយ ហើយពួកគេទុកវាចោលដោយមិនអើពើ។ ទោះបីជាពួកគេឆ្លើយតបជាពាក្យពេចន៍បានល្អយ៉ាងណាក៏ដោយ ក៏ពួកគេមិនធ្វើអ្វីជាក់ស្តែងដែរ។ តើនេះមិនមែនជាការខ្វះសីលធម៌ទេឬ? ពួកគេមិនត្រឹមតែមិនធ្វើកិច្ចការជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងចង់ក្ដោបក្ដាប់អំណាចតែឯងទៀតផង គឺក្ដោបក្ដាប់អំណាចលើហិរញ្ញវត្ថុ បុគ្គលិក និងកិច្ចការផ្សេងៗទៀតទាំងអស់នៅក្នុងដៃរបស់ខ្លួន ហើយឱ្យមនុស្សរាយការណ៍ជូនពួកគេជារៀងរាល់ថ្ងៃ។ ពួកគេពិតជាឧស្សាហ៍ព្យាយាមណាស់ចំពោះរឿងទាំងនេះ។ នៅពេលដល់ពេលដែលពួកគេត្រូវរាយការណ៍អំពីការងារទៅខាងលើ ពួកគេចាត់ទុកលទ្ធផលនៃការងារទាំងអស់ដែលបងប្អូនប្រុសស្រីបានធ្វើថាជារបស់ខ្លួនដើម្បីឱ្យខាងលើយល់ច្រឡំថា ពួកគេបានធ្វើការងារដ៏អស្ចារ្យ ទាំងដែលតាមពិតទៅ វាត្រូវបានធ្វើឡើងដោយអ្នកដទៃទាំងអស់សោះ។ តើមានមនុស្សប៉ុន្មាននាក់ដែលទទួលបានតាមរយៈការផ្សាយដំណឹងល្អ តើមនុស្សណាខ្លះត្រូវបានដំឡើងតួនាទី និងកំពុងត្រូវបានបណ្ដុះបណ្ដាល តើមនុស្សណាខ្លះត្រូវបានដកហូតតំណែងពីតួនាទីរបស់ពួកគេ តើមនុស្សណាខ្លះត្រូវបានបោសសម្អាតចេញ និងអ្វីៗផ្សេងទៀត គ្មានកិច្ចការជាក់លាក់ណាមួយត្រូវបានធ្វើឡើងដោយពួកគេឡើយ ប៉ុន្តែពួកគេបែរជាហ៊ានរាយការណ៍អំពីរឿងទាំងនេះទៅវិញ។ តើមនុស្សទាំងនេះមិនមែនមុខក្រាស់ទេឬ? តើពួកគេមិនមែនកំពុងតែធ្វើការបោកបញ្ឆោតទេឬ? មនុស្សបែបនេះពិតជាបោកបញ្ឆោត និងមានល្បិចកលណាស់! ពួកគេគិតថាខ្លួនឯងឆ្លាត ពោលគឺ​ នេះពិតជាករណីដែលពួកគេធ្លាក់ក្នុងអន្ទាក់នៃល្បិចដ៏ឆ្លាតរបស់ខ្លួនទៅវិញ ហើយនៅទីបំផុត ពួកគេធ្វើឱ្យខ្លួនឯងត្រូវបានបើកសម្ដែង និងជម្រុះចោល។ មិនថាមនុស្សមួយចំនួនធ្វើការងារអ្វី ឬបំពេញភារកិច្ចអ្វីនោះទេ ពួកគេមិនមានសមត្ថភាពក្នុងរឿងនោះឡើយ ពួកគេមិនអាចរ៉ាប់រងវាបានទេ ហើយពួកគេគ្មានសមត្ថភាពបំពេញកាតព្វកិច្ច ឬទំនួលខុសត្រូវណាមួយដែលមនុស្សម្នាក់គួរតែបំពេញឡើយ។ តើពួកគេមិនមែនជាសំរាមទេឬ? តើពួកគេនៅតែសមនឹងត្រូវបានហៅថាមនុស្សដែរឬទេ? លើកលែងតែមនុស្សភ្លីភ្លើ មនុស្សដែលគ្មានសមត្ថភាពខាងសតិបញ្ញា និងអ្នកដែលពិការរាងកាយ តើមាននរណាម្នាក់ដែលនៅរស់ ដែលមិនគួរធ្វើភារកិច្ចរបស់ខ្លួន និងបំពេញការទទួលខុសត្រូវរបស់ខ្លួនដែរឬទេ? ប៉ុន្តែមនុស្សប្រភេទនេះតែងតែក្រឡេចក្រឡុច និងខ្ជិលច្រអូស ហើយមិនចង់បំពេញទំនួលខុសត្រូវរបស់ខ្លួនឡើយ នេះមានន័យថា ពួកគេមិនចង់ធ្វើជាមនុស្សត្រឹមត្រូវទេ។ ព្រះជាម្ចាស់បានផ្ដល់ឱកាសឱ្យពួកគេធ្វើជាមនុស្ស ហើយទ្រង់បានប្រទានគុណសម្បត្តិ និងអំណោយទានដល់ពួកគេ ប៉ុន្តែពួកគេមិនអាចប្រើប្រាស់របស់ទាំងនេះក្នុងការបំពេញភារកិច្ចរបស់ខ្លួនបានទេ។ ពួកគេមិនធ្វើអ្វីសោះ ប៉ុន្តែចង់សោយសុខនឹងការសប្បាយគ្រប់ពេលវេលា។ តើមនុស្សបែបនេះសមនឹងត្រូវបានហៅថាមនុស្សដែរឬទេ? មិនថាការងារអ្វីត្រូវបានប្រគល់ឱ្យពួកគេនោះទេ មិនថាវាសំខាន់ ឬសាមញ្ញ ពិបាក ឬងាយស្រួលក៏ដោយ ក៏ពួកគេតែងតែធ្វើឱ្យតែបង្គ្រប់កិច្ច ក្រឡេចក្រឡុច និងខ្ជិលច្រអូសជានិច្ច។ នៅពេលមានបញ្ហាកើតឡើង ពួកគេព្យាយាមរុញទំនួលខុសត្រូវទៅឱ្យអ្នកដទៃ មិនទទួលខុសត្រូវអ្វីឡើយ ហើយពួកគេចង់បន្តរស់នៅក្នុងជីវិតជាបញ្ញើក្អែក។ តើពួកគេមិនមែនជាសំរាមដែលគ្មានប្រយោជន៍ទេឬ? នៅក្នុងសង្គម តើមាននរណាដែលមិនចាំបាច់ពឹងផ្អែកលើខ្លួនឯងដើម្បីចិញ្ចឹមជីវិត? នៅពេលដែលមនុស្សម្នាក់ក្លាយជាមនុស្សពេញវ័យ ពួកគេត្រូវតែចិញ្ចឹមខ្លួនឯង។ ឪពុកម្ដាយរបស់ពួកគេបានបំពេញទំនួលខុសត្រូវរបស់ពួកគាត់ហើយ។ ទោះបីជាឪពុកម្ដាយរបស់ពួកគេសុខចិត្តចិញ្ចឹមពួកគេក៏ដោយ ក៏ពួកគេនឹងមិនមានអារម្មណ៍ស្រួលចិត្តចំពោះរឿងនោះដែរ។ ពួកគេគួរតែអាចដឹងថា ឪពុកម្ដាយរបស់ពួកគេបានបញ្ចប់បេសកកម្មនៃការចិញ្ចឹមបីបាច់ពួកគេហើយ ហើយថាពួកគេគឺជាមនុស្សពេញវ័យដែលមានកាយសម្បទារឹងមាំ និងគួរតែអាចរស់នៅដោយឯករាជ្យបាន។ តើនេះមិនមែនជាវិចារណញ្ញាណអប្បបរមា ដែលមនុស្សពេញវ័យគួរតែមានទេឬ? ប្រសិនបើនរណាម្នាក់ពិតជាមានវិចារណញ្ញាណមែន ពួកគេមិនអាចបន្តរស់នៅពឹងផ្អែកលើឪពុកម្ដាយរបស់ពួកគេបានឡើយ ពួកគេនឹងខ្លាចអ្នកដទៃសើចចំអក ខ្លាចបាត់បង់មុខមាត់។ ដូច្នេះ តើអ្នកដែលស្រឡាញ់ភាពស្រណុកសុខស្រួល និងស្អប់ការងារ មានវិចារណញ្ញាណដែរឬទេ? (ទេ)។ ពួកគេតែងតែចង់បានអ្វីមួយដោយមិនបាច់ធ្វើអ្វីសោះ ពួកគេមិនចង់បំពេញទំនួលខុសត្រូវណាមួយឡើយ ដោយចង់ឱ្យអាហារធ្លាក់ពីលើមេឃចូលមកក្នុងមាត់របស់ពួកគេតែម្ដង ពួកគេតែងតែចង់បានអាហារបីពេលក្នុងមួយថ្ងៃ មាននរណាម្នាក់ចាំបម្រើពួកគេ និងសោយសុខនឹងអាហារ និងភេសជ្ជៈឆ្ងាញ់ៗ ដោយមិនបាច់ធ្វើការសូម្បីតែបន្តិច។ តើនេះមិនមែនជាផ្នត់គំនិតរបស់បញ្ញើក្អែកទេឬ? ហើយតើមនុស្សដែលជាបញ្ញើក្អែកមានមនសិការ និងវិចារណញ្ញាណដែរឬទេ? តើពួកគេមានសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរដែរឬទេ? ប្រាកដជាគ្មានទេ។ ពួកគេសុទ្ធតែជាពួកមនុស្សឥតប្រយោជន៍ដែលស៊ីបាយទទេ សុទ្ធតែជាសត្វតិរច្ឆានដែលគ្មានមនសិការ ឬវិចារណញ្ញាណ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេសមនឹងបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។

ឧបមាថាពួកជំនុំរៀបចំការងារមួយឱ្យអ្នក ហើយអ្នកនិយាយថា៖ «មិនថាការងារនោះជាការងារដែលអនុញ្ញាតឱ្យខ្ញុំទទួលបានការចាប់អារម្មណ៍ឬអត់នោះទេ ដោយសារវាត្រូវបានប្រគល់ឱ្យខ្ញុំ ខ្ញុំនឹងធ្វើវាឱ្យបានល្អ និងរ៉ាប់រងទំនួលខុសត្រូវនេះ។ ប្រសិនបើខ្ញុំត្រូវបានរៀបចំឱ្យធ្វើការងារទទួលភ្ញៀវ ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាឱ្យបានល្អ ខ្ញុំនឹងមើលថែបងប្អូនប្រុសស្រីឱ្យបានល្អ និងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា។ ប្រសិនបើខ្ញុំត្រូវបានរៀបចំឱ្យផ្សាយដំណឹងល្អ ខ្ញុំនឹងបំពាក់បំប៉នខ្លួនឯង ជាមួយនឹងសេចក្ដីពិត និងផ្សាយដំណឹងល្អឱ្យបានល្អដោយក្ដីស្រឡាញ់ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ប្រសិនបើខ្ញុំត្រូវបានរៀបចំឱ្យរៀនភាសាបរទេសមួយ ខ្ញុំនឹងសិក្សាវាដោយអស់ពីចិត្ត និងខិតខំប្រឹងប្រែងលើវា ហើយព្យាយាមចេះវាឱ្យបានស្ទាត់ជំនាញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក្នុងរយៈពេលមួយឬពីរឆ្នាំ ដើម្បីឱ្យខ្ញុំអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ដល់ជនបរទេស។ ប្រសិនបើគេឱ្យខ្ញុំសរសេរអត្ថបទទីបន្ទាល់ ខ្ញុំនឹងហ្វឹកហាត់ខ្លួនឯងដោយយកចិត្តទុកដាក់ដើម្បីធ្វើដូច្នេះ មើលរឿងរ៉ាវស្របតាមគោលការណ៍សេចក្ដីពិត និងរៀនអំពីភាសា។ ទោះបីជាខ្ញុំប្រហែលជាមិនអាចសរសេរអត្ថបទដោយប្រើពាក្យពេចន៍ពិរោះៗក៏ដោយ យ៉ាងហោចណាស់ខ្ញុំនឹងអាចប្រាស្រ័យទាក់ទងទីបន្ទាល់តាមរយៈបទពិសោធរបស់ខ្ញុំបានយ៉ាងច្បាស់លាស់ អាចប្រកបគ្នាអំពីសេចក្ដីពិតឱ្យគេយល់បាន និងធ្វើទីបន្ទាល់យ៉ាងពិតប្រាកដថ្វាយព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សទទួលបានការកសាង និងទទួលបានអត្ថប្រយោជន៍ដោយការអានអត្ថបទរបស់ខ្ញុំ។ មិនថាពួកជំនុំចាត់តាំងការងារអ្វីឱ្យខ្ញុំទេ ខ្ញុំនឹងទទួលយកវាដោយអស់ពីចិត្ត និងកម្លាំងកាយរបស់ខ្ញុំ។ ប្រសិនបើមានអ្វីមួយដែលខ្ញុំមិនយល់ ឬមានបញ្ហាកើតឡើង ខ្ញុំនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត ដោះស្រាយបញ្ហាស្របតាមគោលការណ៍សេចក្ដីពិត និងធ្វើការងារនោះឱ្យបានល្អ។ មិនថាភារកិច្ចរបស់ខ្ញុំជាអ្វីទេ ខ្ញុំនឹងប្រើប្រាស់អ្វីៗគ្រប់យ៉ាងដែលខ្ញុំមានដើម្បីធ្វើវាឱ្យបានល្អ និងបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ចំពោះអ្វីដែលខ្ញុំអាចសម្រេចបាន ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីរ៉ាប់រងទំនួលខុសត្រូវដែលខ្ញុំគួរតែទទួល ហើយយ៉ាងហោចណាស់ ខ្ញុំនឹងមិនប្រឆាំងនឹងមនសិការ និងវិចារណញ្ញាណរបស់ខ្ញុំ ឬធ្វើឱ្យតែបង្គ្រប់កិច្ច ឬក្រឡេចក្រឡុច និងខ្ជិលច្រអូស ឬសោយសុខនឹងផលផ្លែនៃការងាររបស់អ្នកដទៃឡើយ។ គ្មានអ្វីដែលខ្ញុំធ្វើនឹងទាបជាងស្តង់ដានៃមនសិការឡើយ»។ នេះគឺជាស្តង់ដាអប្បបរមាសម្រាប់ការប្រព្រឹត្តខ្លួន ហើយអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនេះ អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមនុស្សដែលមានមនសិការ និងវិចារណញ្ញាណ។ យ៉ាងហោចណាស់ អ្នកត្រូវតែមានមនសិការច្បាស់លាស់ក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយយ៉ាងហោចណាស់ អ្នកត្រូវតែសមនឹងអាហារបីពេលរបស់អ្នកក្នុងមួយថ្ងៃ និងមិនមែនជាអ្នកស៊ីបាយទទេ។ នេះហៅថាមានស្មារតីទទួលខុសត្រូវ។ មិនថាគុណសម្បត្តិរបស់អ្នកខ្ពស់ ឬទាប ហើយមិនថាអ្នកយល់អំពីសេចក្ដីពិតឬអត់នោះទេ យ៉ាងណាក៏ដោយ អ្នកត្រូវតែមានឥរិយាបថនេះ៖ «ដោយសារការងារនេះត្រូវបានប្រគល់ឱ្យខ្ញុំធ្វើ ខ្ញុំត្រូវតែយកចិត្តទុកដាក់ចំពោះវា ខ្ញុំត្រូវតែចាត់ទុកវាជារឿងសំខាន់របស់ខ្ញុំ ហើយខ្ញុំត្រូវតែប្រើអស់ពីចិត្ត និងកម្លាំងកាយរបស់ខ្ញុំដើម្បីធ្វើវាឱ្យបានល្អ។ ចំពោះថាតើខ្ញុំអាចធ្វើវាបានល្អឥតខ្ចោះឬអត់នោះ ខ្ញុំមិនហ៊ានធានាទេ ប៉ុន្តែឥរិយាបថរបស់ខ្ញុំគឺថា ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីអនុវត្តវាឱ្យបានល្អ ហើយខ្ញុំប្រាកដជានឹងមិនធ្វើឱ្យតែបង្គ្រប់កិច្ចចំពោះវាឡើយ។ ប្រសិនបើមានបញ្ហាកើតឡើងនៅក្នុងការងារ ខ្ញុំគួរតែទទួលខុសត្រូវនៅពេលនោះ ហើយធានាថាខ្ញុំទាញយកមេរៀនពីវា និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ»។ នេះគឺជាឥរិយាបថដ៏ត្រឹមត្រូវ។ តើអ្នករាល់គ្នាមានឥរិយាបថបែបនេះដែរឬទេ? មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនចាំបាច់ធ្វើការងារដែលបានចាត់តាំងឱ្យខ្ញុំឱ្យបានល្អនោះទេ។ ខ្ញុំនឹងធ្វើតាមអ្វីដែលខ្ញុំអាចធ្វើបាន ហើយលទ្ធផលចុងក្រោយយ៉ាងណាក៏យ៉ាងហ្នឹងចុះ។ ខ្ញុំមិនចាំបាច់ធ្វើឱ្យខ្លួនឯងនឿយហត់ខ្លាំងពេក ឬខ្វល់ខ្វាយខ្លាំងពេក ប្រសិនបើខ្ញុំធ្វើអ្វីមួយខុសនោះទេ ហើយខ្ញុំមិនចាំបាច់ ទទួលភាពតានតឹងខ្លាំងពេកនោះដែរ។ តើមានប្រយោជន៍អ្វីដែលធ្វើឱ្យខ្លួនឯងនឿយហត់ដល់ម្លឹង? យ៉ាងណាមិញ ខ្ញុំនឹងតែងតែធ្វើការ ហើយខ្ញុំមិនមែននៅស៊ីបាយទទេនោះទេ»។ ឥរិយាបថបែបនេះចំពោះភារកិច្ចរបស់ខ្លួនគឺជាការគ្មានទំនួលខុសត្រូវ។ «បើខ្ញុំចង់ធ្វើការ ខ្ញុំនឹងធ្វើការខ្លះ។ ខ្ញុំនឹងធ្វើតាមអ្វីដែលខ្ញុំអាចធ្វើបាន ហើយលទ្ធផលចុងក្រោយយ៉ាងណាក៏យ៉ាងហ្នឹងចុះ។ មិនចាំបាច់យកចិត្តទុកដាក់ខ្លាំងពេកទេ»។ មនុស្សបែបនេះមិនមានឥរិយាបថទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនទេ ហើយពួកគេខ្វះស្មារតីទទួលខុសត្រូវ។ តើអ្នករាល់គ្នាជាមនុស្សប្រភេទណា? ប្រសិនបើអ្នករាល់គ្នាជាមនុស្សប្រភេទទីមួយ នោះអ្នករាល់គ្នាគឺជាមនុស្សដែលមានវិចារណញ្ញាណ និងភាពជាមនុស្ស។ ប្រសិនបើអ្នករាល់គ្នាជាមនុស្សប្រភេទទីពីរ នោះអ្នករាល់គ្នាមិនខុសពីប្រភេទអ្នកដឹកនាំក្លែងក្លាយដែលខ្ញុំទើបតែបានវែកញែកនោះទេ។ អ្នករាល់គ្នាគ្រាន់តែទុកពេលវេលាចោលឥតប្រយោជន៍ប៉ុណ្ណោះ។ «ខ្ញុំនឹងគេចចេញពីការនឿយហត់ និងការលំបាក ហើយគ្រាន់តែសោយសុខខ្លួនឯងឱ្យបានច្រើនជាងនេះ។ ទោះបីជាថ្ងៃណាមួយខ្ញុំត្រូវបានដកហូតតំណែងក៏ដោយ ក៏ខ្ញុំនឹងមិនខាតបង់អ្វីដែរ។ យ៉ាងហោចណាស់ ខ្ញុំនឹងបានសោយសុខផលប្រយោជន៍នៃឋានៈបានពីរបីថ្ងៃដែរ វានឹងមិនមែនជាការខាតបង់សម្រាប់ខ្ញុំទេ។ ប្រសិនបើខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំ នោះជារបៀបដែលខ្ញុំនឹងធ្វើ»។ តើអ្នកគិតយ៉ាងណាចំពោះផ្នត់គំនិតរបស់មនុស្សប្រភេទនេះ? មនុស្សបែបនេះគឺជាអ្នកមិនជឿ ដែលមិនដេញតាមសេចក្ដីពិតសូម្បីតែបន្តិច។ ប្រសិនបើអ្នកពិតជាមានស្មារតីទទួលខុសត្រូវមែន នោះវាបង្ហាញថាអ្នកមានមនសិការ និងវិចារណញ្ញាណ។ មិនថាការងារធំ ឬតូច មិនថានរណាជាអ្នកចាត់តាំងការងារនោះឱ្យអ្នក មិនថាដំណាក់របស់ព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់អ្នក ឬអ្នកដឹកនាំ ឬអ្នកធ្វើការរបស់ពួកជំនុំចាត់តាំងឱ្យអ្នកក៏ដោយ ឥរិយាបថរបស់អ្នកគួរតែ៖ «ដោយសារភារកិច្ចនេះត្រូវបានចាត់តាំងឱ្យខ្ញុំ នោះគឺជាការលើកតម្កើង និងព្រះគុណរបស់ព្រះជាម្ចាស់។ ខ្ញុំគួរតែធ្វើវាឱ្យបានល្អស្របតាមគោលការណ៍សេចក្ដីពិត។ ទោះបីជាមានគុណសម្បត្តិមធ្យមក៏ដោយ ក៏ខ្ញុំសុខចិត្តទទួលយកទំនួលខុសត្រូវនេះ ហើយខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាឱ្យបានល្អ។ ប្រសិនបើខ្ញុំធ្វើមិនបានល្អ ខ្ញុំគួរតែទទួលខុសត្រូវចំពោះវា ហើយប្រសិនបើខ្ញុំធ្វើបានល្អ នេះមិនមែនជាកិត្តិយសសម្រាប់ខ្ញុំទេ។ នេះគឺជាអ្វីដែលខ្ញុំគួរតែធ្វើ»។ ហេតុអ្វីបានជាខ្ញុំនិយាយថា របៀបដែលមនុស្សម្នាក់ប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្លួនគឺជាបញ្ហានៃគោលការណ៍? ប្រសិនបើអ្នកពិតជាមានស្មារតីទទួលខុសត្រូវ និងជាមនុស្សដែលមានទំនួលខុសត្រូវមែន នោះអ្នកនឹងអាចរ៉ាប់រងការងាររបស់ពួកជំនុំ និងបំពេញភារកិច្ចដែលអ្នកត្រូវបំពេញបាន។ ប្រសិនបើអ្នកចាត់ទុកភារកិច្ចរបស់អ្នកជារឿងស្រាល នោះទស្សនៈរបស់អ្នកលើការជឿព្រះជាម្ចាស់គឺមិនត្រឹមត្រូវទេ ហើយ ឥរិយាបថរបស់អ្នកចំពោះព្រះជាម្ចាស់ និងភារកិច្ចរបស់អ្នកគឺមានបញ្ហា។ ទស្សនៈរបស់អ្នកលើការបំពេញភារកិច្ចរបស់អ្នកគឺធ្វើវាដោយបង្គ្រប់កិច្ច និងគ្រាន់តែធ្វើឱ្យតែធ្វើឱ្យរួចពីដៃ ហើយមិនថាវាជាអ្វីដែលអ្នកសុខចិត្តធ្វើឬអត់ អ្វីដែលអ្នកពូកែឬអត់នោះទេ អ្នកតែងតែប្រព្រឹត្តចំពោះវាជាមួយឥរិយាបថដែលគ្រាន់តែធ្វើឱ្យរួចពីដៃ ដូច្នេះអ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការទេ ហើយអ្នកមិនសមនឹងធ្វើការងាររបស់ពួកជំនុំឡើយ។ លើសពីនេះទៅទៀត បើនិយាយឱ្យចំៗទៅ មនុស្សដូចជាអ្នកគឺជាមនុស្សឥតប្រយោជន៍ ដែលត្រូវបានកំណត់ថានឹងមិនសម្រេចបានអ្វីទាំងអស់ ហើយគ្រាន់តែជាមនុស្សដែលគ្មានប្រយោជន៍ប៉ុណ្ណោះ។ តើមនុស្សប្រភេទណាដែលគ្មានប្រយោជន៍? គឺមនុស្សបង្គ្រប់កិច្ច មនុស្សដែលទុកពេលវេលាចោលឥតប្រយោជន៍។ មនុស្សប្រភេទនេះមិនទទួលខុសត្រូវក្នុងរឿងអ្វីដែលពួកគេធ្វើឡើយ ហើយពួកគេក៏មិនយកចិត្តទុកដាក់ដែរ ពួកគេធ្វើឱ្យអ្វីៗទាំងអស់រញ៉េរញ៉ៃ។ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យសម្ដីរបស់អ្នកទេ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ។ ពួកគេគិតថា៖ «ខ្ញុំនឹងធ្វើឱ្យតែរួចពីដៃបែបនេះ ប្រសិនបើខ្ញុំចង់។ អ្នកចង់និយាយអីក៏និយាយទៅ! យ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំមានអាហារហូប នោះគឺល្អគ្រប់គ្រាន់ហើយ។ យ៉ាងហោចណាស់ ខ្ញុំមិនចាំបាច់ធ្វើជាអ្នកសុំទានទេ។ ប្រសិនបើខ្ញុំគ្មានអ្វីហូបនៅថ្ងៃណាមួយ ខ្ញុំនឹងគិតអំពីរឿងនោះនៅពេលក្រោយ។ មេឃតែងតែទុកផ្លូវឱ្យមនុស្សដើរជានិច្ច។ អ្នកនិយាយថាខ្ញុំគ្មានមនសិការ ឬវិចារណញ្ញាណ ហើយថាខ្ញុំជាមនុស្សបង្គ្រប់កិច្ច ចុះយ៉ាងម៉េច? ខ្ញុំមិនបានបំពានច្បាប់ទេ។ យ៉ាងច្រើនបំផុត ខ្ញុំគ្រាន់តែខ្វះចរិតលក្ខណៈបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែនោះមិនមែនជាការខាតបង់ចំពោះខ្ញុំទេ។ ដរាបណាខ្ញុំមានអាហារហូប គឺមិនអីទេ»។ តើអ្នកគិតយ៉ាងណាចំពោះទស្សនៈនេះ? ខ្ញុំប្រាប់អ្នកថា មនុស្សបង្គ្រប់កិច្ចបែបនេះដែលទុកពេលវេលាចោលឥតប្រយោជន៍សុទ្ធតែត្រូវបានកំណត់ថានឹងត្រូវបានជម្រុះចោល ហើយគ្មានផ្លូវដែលពួកគេអាចសម្រេចបានសេចក្ដីសង្គ្រោះឡើយ។ អស់អ្នកដែលបានជឿព្រះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនដែលទទួលយកសេចក្ដីពិតណាមួយ ហើយគ្មានទីបន្ទាល់តាមរយៈបទពិសោធនឹងត្រូវបានជម្រុះចោល។ គ្មាននរណាម្នាក់នឹងនៅសេសសល់ឡើយ។ ពួកសំរាម និងមនុស្សឥតប្រយោជន៍សុទ្ធតែជាអ្នកស៊ីបាយទទេ ហើយពួកគេត្រូវបានកំណត់ថានឹងត្រូវបានជម្រុះចោល។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការគ្រាន់តែជាអ្នកស៊ីបាយទទេ នោះពួកគេរឹតតែត្រូវដកហូតតំណែង និងជម្រុះចោល។ មនុស្សបង្គ្រប់កិច្ចបែបនេះនៅតែចង់ធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការទៀត ពួកគេមិនស័ក្តិសមទេ! ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ប៉ុន្តែពួកគេចង់ធ្វើជាអ្នកដឹកនាំ។ ពួកគេពិតជាមិនចេះខ្មាសមែន!

បន្ទាប់ពីអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនត្រូវបានដកហូតតំណែងពីតួនាទីរបស់ពួកគេ ពួកគេនិយាយថា៖ «ពិតជាល្អណាស់ដែលមិនបាច់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ ខ្ញុំមិនចាំបាច់ខ្វល់ខ្វាយខ្លាំងពេក ឬធ្វើឱ្យខ្លួនឯងមានបញ្ហាច្រើនពេកនោះទេ។ ពិតជាអស្ចារ្យណាស់ដែលបានធ្វើជាបងប្អូនប្រុសស្រីសាមញ្ញ។ ហេតុអ្វីបានជាខ្ញុំគួរធ្វើឱ្យខ្លួនឯងមានបញ្ហាជាមួយនឹងរឿងនោះ? ខ្ញុំមិនមែនមានគុណសម្បត្តិគ្រាន់តែដើម្បីឱ្យខ្ញុំអាចធ្វើឱ្យខ្លួនឯងនឿយហត់នោះទេ»។ មាននរណាម្នាក់ទៀតនិយាយទៅកាន់ពួកគេថា៖ «តើអ្នកនឹងធ្វើអ្វី ព្រោះអីអ្នកមិនមែនជាអ្នកដឹកនាំ ឬអ្នកធ្វើការទៀតទេ?» ពួកគេឆ្លើយថា៖ «ខ្ញុំធ្វើអ្វីក៏បានដែរ ឱ្យតែវាមិននឿយហត់ពេក ហើយមិនប្រើកម្លាំងច្រើន គឺអ្វីមួយដែលពាក់ព័ន្ធនឹងការដើរមើលចុះឡើង ឬអង្គុយនិយាយគ្នា ឬមើលកុំព្យូទ័រ ហើយមិនតម្រូវឱ្យធ្វើការច្រើនម៉ោង ឬរងទុក្ខខាងសាច់ឈាម គឺមិនអីទេ»។ តើនេះជាសម្ដីប្រភេទណា? ប្រសិនបើអ្នករាល់គ្នារកឃើញថា អ្នកដឹកនាំ ឬអ្នកធ្វើការដែលអ្នកបានជ្រើសរើសគឺជាអារបស់ប្រភេទនេះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅក្នុងចិត្ត? តើអ្នកនឹងមិនមានអារម្មណ៍ស្ដាយក្រោយខ្លាំងទេឬ? (មែនហើយ​ មាន)។ ដូច្នេះ តើអ្នកនឹងមានគំនិតយ៉ាងណាចំពោះរឿងនេះ? អ្នកនឹងនិយាយថា៖ «កាលពីដើម ខ្ញុំឃើញថាអ្នកមានគុណសម្បត្តិបន្តិចបន្តួច ហើយខ្ញុំចង់ដំឡើងតួនាទី និងបណ្ដុះបណ្ដាលអ្នក ហើយផ្ដល់ឱកាសឱ្យអ្នក ដើម្បីឱ្យអ្នកអាចយល់អំពីសេចក្ដីពិតបន្ថែមទៀត។ ខ្ញុំមិនដែលនឹកស្មានថា អ្នកមិនមែនជាស្អីសោះឡើយ។ ខ្ញុំ ស្ដាយក្រោយដែលខ្ញុំចាត់ទុកអ្នកជាមនុស្សកាលពីពេលនោះ។ ខ្ញុំមិនដែលនឹកស្មានថា អ្នកមិនមែនជាមនុស្សសោះ។ អ្នកថែមទាំងទាបជាងជ្រូក ឬឆ្កែទៅទៀត អ្នកគឺជាសំរាម។ អ្នកមិនសមនឹងពាក់ស្បែកមនុស្សនេះទេ ហើយអ្នកមិនសមធ្វើជាមនុស្សឡើយ!» តើពាក្យទាំងនេះស្ដាប់ទៅមិនពិរោះមែនទេ? (មិនមែនទេ)។ វាមិនមែនស្ដាប់ទៅមិនពិរោះសម្រាប់អ្នករាល់គ្នាទេ ប៉ុន្តែតើវាមិនស្ដាប់ទៅមិនពិរោះខ្លាំងទេឬ សម្រាប់សំរាមប្រភេទនេះ? (មែនហើយ)។ តើសំរាមបែបនេះមានបេះដូងដែរឬទេ? (គ្មានទេ)។ ដូច្នេះ តើពួកគេអាចដឹងថាតើនរណាម្នាក់កំពុងនិយាយល្អ ឬអាក្រក់អំពីពួកគេដែរឬទេ? នៅពេលដែលមនុស្សគ្មានបេះដូងជួបប្រទះរឿងអ្វីមួយ ពួកគេនឹងមិនផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេដែលទុកពេលវេលារបស់ពួកគេចោលឡើយ។ ពួកគេគិតថា វាមិនអីទេ ឱ្យតែពួកគេខ្លួនឯងទទួលបានផលប្រយោជន៍ និងផលចំណេញ ហើយមានអារម្មណ៍ស្រួល។ ដូច្នេះ មិនថានរណាម្នាក់និយាយអ្វីក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ។ ពាក្យស្លោកល្បីល្បាញរបស់ពួកគេគឺ៖ «មិនថាអ្នកនិយាយអ្វី មិនថាអ្នកមើលមកខ្ញុំ ឬវាយតម្លៃខ្ញុំយ៉ាងណា ឬអ្នកចាត់ថ្នាក់ ឬចាត់ចែងខ្ញុំយ៉ាងណានោះទេ ខ្ញុំមិនខ្វល់ឡើយ!» តើមនុស្សទាំងនេះមិនមែនគ្រាន់តែជាសំរាមទេឬ? មិនថាអ្នកនិយាយអ្វីទេ ពួកគេគ្មានអារម្មណ៍ដឹងអ្វីឡើយ ហើយពួកគេមិនយកចិត្តទុកដាក់ចំពោះវាទេ។ ហេតុអ្វីបានជាពួកគេមិនយកចិត្តទុកដាក់? ពួកគេគ្រាន់តែជាមនុស្សទំនេរឥតប្រយោជន៍ ហើយពួកគេគ្មានបេះដូងទេ។ មនុស្សដែលគ្មានបេះដូង គ្មានសេចក្ដីថ្លៃថ្នូរ ឬសេចក្ដីសុចរិតឡើយ ពួកគេមិនខ្វល់ពីអ្វីដែលអ្នកនិយាយទេ ហើយមិនថាអ្នកនិយាយយ៉ាងធ្ងន់ធ្ងរដាក់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តដែរ។ មានតែអ្នកដែលមានសេចក្ដីថ្លៃថ្នូរ សេចក្ដីសុចរិត និងវិចារណញ្ញាណប៉ុណ្ណោះ ទើបឈឺចាប់ និងមានអារម្មណ៍ថាចិត្តរបស់ពួកគេត្រូវបានចាក់ទម្លុះ នៅពេលដែលពួកគេឮពាក្យបែបនេះ។ ពួកគេនឹងនិយាយថា៖ «នោះគឺជាការប្រព្រឹត្តខ្លួនដ៏ទាបថោក វាធ្វើឱ្យមនុស្សមើលងាយខ្ញុំ ហើយខ្ញុំបានបាត់បង់សេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ដូច្នេះខ្ញុំនឹងមិនប្រព្រឹត្តបែបនោះទៀតទេ។ ខ្ញុំចង់យកសេចក្ដីថ្លៃថ្នូររបស់ខ្ញុំមកវិញ និងមិនធ្វើឱ្យមនុស្សមើលងាយខ្ញុំឡើយ។ ខ្ញុំនឹងខិតខំយកកិត្តិយសរបស់ខ្ញុំមកវិញ ហើយខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ និងបំពេញព្រះហឫទ័យព្រះជាម្ចាស់»។ ពួកគេមានអារម្មណ៍ដឹង នៅពេលនិយាយដល់ពាក្យសម្ដីដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ពួកគេ និងចាក់ចំកន្លែងឈឺចាប់ កន្លែងខ្សោយរបស់ពួកគេ ទាំងនេះគឺជាមនុស្សដែលមានបេះដូង។ នៅពេលដែលអ្នកដែលមានអារម្មណ៍ដឹង និងមានសេចក្ដីថ្លៃថ្នូរ ឮ ការថ្លែងដែលត្រឹមត្រូវ និងឃើញរបស់វិជ្ជមាន ហើយបែងចែករវាងអ្វីដែលត្រូវ និងអ្វីដែលខុស ពួកគេមានការប្ដេជ្ញាចិត្តក្នុងការផ្លាស់ប្ដូរ ដោយសារពួកគេមានសេចក្ដីថ្លៃថ្នូរ ហើយពួកគេមិនចង់ឱ្យអ្នកដទៃមើលងាយពួកគេឡើយ។ មនុស្សទំនេរឥតប្រយោជន៍និងមនុស្សឥតបានការទាំងនោះគ្មានសេចក្ដីថ្លៃថ្នូរទេ ដូច្នេះមិនថាអ្នកនិយាយអ្វីទៅកាន់ពួកគេ មិនថាការថ្លែង របស់អ្នកត្រឹមត្រូវ ឬច្បាស់លាស់ ឬស្របតាមសេចក្ដីពិតកម្រិតណា ឬ ការថ្លែងរបស់អ្នកជារបស់វិជ្ជមានកម្រិតណានោះទេ វាមិនមានឥទ្ធិពលលើមនុស្សទាំងនេះឡើយ ហើយនឹងមិនធ្វើឱ្យពួកគេរំជួលចិត្តសូម្បីតែបន្តិច។ មនុស្សដែលគ្មានសេចក្ដីថ្លៃថ្នូរ គ្មានអារម្មណ៍ដឹងទាល់តែសោះចំពោះរបស់វិជ្ជមានណាមួយ លទ្ធផលណាមួយ ឬការលាតត្រដាងណាមួយ ហើយពួកគេក៏គ្មានឥរិយាបថត្រឹមត្រូវចំពោះផ្លូវជីវិតបែបណាដែលត្រូវជ្រើសរើសដែរ។ នោះហើយជាមូលហេតុដែលមិនថាអ្នកនិយាយអ្វីទៅកាន់ពួកគេ មិនថាអ្នកលាតត្រដាង ឬកំណត់លក្ខណៈពួកគេយ៉ាងណានោះទេ ពួកគេបដិសេធដាច់ខាតមិនទទួលយកឡើយ ហើយពួកគេមិនខ្វល់ទេ។ ដូច្នេះ តើមានប្រយោជន៍អ្វីក្នុងការផ្សាយសេចក្ដីពិត និងសេចក្តីអធិប្បាយដល់មនុស្សបែបនេះ? តើមានប្រយោជន៍អ្វីក្នុងការលួសកាត់ពួកគេ? តើមានប្រយោជន៍អ្វីក្នុងការជំនុំជម្រះ និងវាយផ្ចាលពួកគេ? គ្មានទេ! មនុស្សបែបនេះគ្រាន់តែជាមនុស្សឥតបានការប៉ុណ្ណោះ។ ពួកគេ បណ្ដែតបណ្ដោយពេលវេលាចោល ហើយពួកគេស្ថិតក្នុងប្រភេទសត្វតិរច្ឆាន បើនិយាយឱ្យចំទៅ ពួកគេមិនមែនជាមនុស្សទេ។ ពួកគេមិនសមនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើបញ្ញើក្អែកគ្មានប្រយោជន៍ទាំងនេះ ក្លាយជាអ្នកដឹកនាំពួកជំនុំ តើពួកគេអាចរកឃើញបញ្ហាដែលមាននៅក្នុងពួកជំនុំបានដែរឬទេ? តើពួកគេអាចដោះស្រាយបញ្ហាបានដែរឬទេ? ប្រាកដជាមិនបានទេ។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់លើកឡើងពីបញ្ហាមួយ តើពួកគេអាចដោះស្រាយវាបានដែរឬទេ? ពួកគេក៏ប្រាកដជាមិនអាចដោះស្រាយវាបានដែរ។ ពួកគេគ្មានសមត្ថភាពដោះស្រាយបញ្ហាណាមួយឡើយ ដូច្នេះតើពួកគេអាចធ្វើការងារដឹកនាំបានដោយរបៀបណា? នោះគឺជារឿងដែលមិនអាចគិតដល់! ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ មនុស្សត្រូវតែយ៉ាងហោចណាស់អាចដោះស្រាយបញ្ហាដែលមាននៅក្នុងការងាររបស់ពួកជំនុំ និងបញ្ហាដែលមានចំពោះការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើពួកគេហ្វឹកហាត់ បានមួយរយៈ ហើយមានបទពិសោធខ្លះ ហើយពួកគេក៏អាចប្រកបគ្នាអំពីសេចក្ដីពិតខ្លះៗ និងនិយាយអំពីទីបន្ទាល់តាមរយៈបទពិសោធខ្លះៗដែរ នោះពួកគេអាចក្លាយជាមានសមត្ថភាពបន្តិចម្ដងៗនៅក្នុងការងារដឹកនាំ។ ប្រសិនបើពួកគេគ្មានសមត្ថភាពរកឃើញ ឬដោះស្រាយបញ្ហាណាមួយទេ នោះគ្មានផ្លូវដែលពួកគេអាចធ្វើការងារដឹកនាំបានឡើយ ដូច្នេះពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ ហើយពួកគេគួរតែត្រូវបានដកហូតតំណែង ហើយអ្នកដឹកនាំថ្មីៗគួរតែត្រូវបានជ្រើសរើស។

អ្នកដែលបម្រើជាអ្នកដឹកនាំ យ៉ាងហោចណាស់ត្រូវយល់សេចក្ដីពិតតិចតួច និងមានបទពិសោធជាក់ស្ដែងខ្លះដែរ។ ប្រសិនបើពួកគេគ្មានបទពិសោធសោះ នោះពួកគេច្បាស់ជាមិនយល់សេចក្ដីពិតអ្វីឡើយ។ មនុស្សមួយចំនួនដែលបម្រើជាអ្នកដឹកនាំពូកែផ្សាយ ពាក្យពេចន៍ និងគោលលទ្ធិ ហើយពួកគេអាចទទួលបានការគាំទ្រ និងការសរសើរពីមនុស្សភាគច្រើន។ ទោះបីជាមើលពីខាងក្រៅ អ្នកដឹកនាំក្លែងក្លាយអាចឆ្លើយតបនឹងសំណួរបានក៏ដោយ ប៉ុន្តែពួកគេមិនអាចប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត​បានឡើយ។ អ្វីៗដែលពួកគេផ្សាយសុទ្ធតែជាទ្រឹស្ដីទទេ ហើយគ្មានអ្វីជាក់ស្ដែងសោះឡើយ។ នៅពេលមនុស្សស្ដាប់ឮការផ្សាយរបស់ពួកគេ មនុស្សមានអារម្មណ៍ថា វាស្របតាម ចំណង់ចំណូលចិត្តរបស់ខ្លួន ហើយអ្នកដែលគ្មានសមត្ថភាពសម្គាល់គឺពេញចិត្តនឹងការអធិប្បាយនោះណាស់។ ប៉ុន្តែ បន្ទាប់ពីនោះមក ពួកគេនៅតែគ្មានផ្លូវនៃការអនុវត្តដដែល ហើយមិនអាចរកឃើញគោលការណ៍នៃការអនុវត្តបានឡើយ។ ដូច្នេះ តើនេះអាចត្រូវបានចាត់ទុកថាបានដោះស្រាយបញ្ហាដែរឬ? តើនេះមិនមែនជាការធ្វើឱ្យតែរួចពីដៃទេឬអី? តើការព្យាយាម ដោះស្រាយបញ្ហាតាមរបៀបនេះ អាចត្រូវបានចាត់ទុកថាជាការធ្វើកិច្ចការជាក់ស្ដែងបានដែរឬ? អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែងទេ ប៉ុន្តែពួកគេចេះធ្វើឫកជាមន្ត្រី។ តើអ្វីជារឿងដំបូងដែលពួកគេធ្វើ នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ? គឺការទិញទឹកចិត្តមនុស្ស។ ពួកគេប្រើវិធីសាស្ត្រ «មនុស្សថ្មីនឹងការងារត្រូវស្តែងឱ្យឃើញពីភាពក្លៀវក្លារបស់ខ្លួន»៖ ដំបូង ពួកគេធ្វើរឿងមួយចំនួនដើម្បីយកចិត្តមនុស្ស និងចាត់ចែងរឿងមួយចំនួនដែលធ្វើឱ្យសុខមាលភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នាប្រសើរឡើង។ ដំបូង ពួកគេព្យាយាមបង្កើតចំណាប់អារម្មណ៍ល្អលើមនុស្ស ដើម្បីបង្ហាញអ្នករាល់គ្នាថា ពួកគេយល់ចិត្តមនុស្សម្នា ដើម្បីឱ្យមនុស្សគ្រប់គ្នាសរសើរពួកគេ និងនិយាយថា៖ «អ្នកដឹកនាំរូបនេះប្រព្រឹត្តចំពោះយើងដូចជាឪពុកម្ដាយអីចឹង!» បន្ទាប់មក ពួកគេក៏កាន់កាប់តំណែងជាផ្លូវការ។ ពួកគេមានអារម្មណ៍ថា ពួកគេមានការគាំទ្រពីមនុស្សជាច្រើន ហើយថា តំណែងរបស់ពួកគេមានភាពរឹងមាំហើយ ពេលនោះពួកគេក៏ចាប់ផ្ដើមសោយសុខនឹងផលប្រយោជន៍នៃឋានៈ ហាក់ដូចជាវាជារបស់ដែលពួកគេសមនឹងទទួលបានអីចឹង។ បាវចនារបស់ពួកគេមានដូចជា៖ «ជីវិតគឺសំខាន់នៅត្រង់ការហូបចុកឆ្ងាញ់ និងការស្លៀកពាក់ស្អាតបាត» «ជីវិតគឺខ្លីណាស់ ដូច្នេះចូររីករាយតាមដែលអ្នកអាចធ្វើបានចុះ» និង «ស្រាថ្ងៃនេះផឹកថ្ងៃនេះចុះ ទុក្ខថ្ងៃស្អែកសឹមគិតនៅថ្ងៃស្អែក»។ មួយថ្ងៃៗ ពួកគេសោយសុខ ពួកគេសប្បាយតាមដែលពួកគេអាចធ្វើបាន ហើយពួកគេមិនដែលគិតពីអនាគតឡើយ កុំថាឡើយគិតដល់ទំនួលខុសត្រូវដែលអ្នកដឹកនាំគួរបំពេញ និងភារកិច្ចដែលពួកគេគួរធ្វើនោះ។ ពួកគេផ្សាយពាក្យពេចន៍ និងគោលលទ្ធិបន្តិចបន្តួច ហើយធ្វើកិច្ចការបន្តិចបន្តួច ដើម្បីតែល្អមើលតាមទម្លាប់ប៉ុណ្ណោះ គឺពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ។ ពួកគេមិនកំពុងជីកកកាយបញ្ហាជាក់ស្តែងនៅក្នុងពួកជំនុំ ហើយដោះស្រាយបញ្ហាទាំងនោះឱ្យបានទាំងស្រុងឡើយ ដូច្នេះតើមានប្រយោជន៍អ្វីទៅក្នុងការដែលពួកគេធ្វើកិច្ចការសើៗបែបនេះ? តើនេះមិនមែនជាការបោកបញ្ឆោតទេឬអី? តើ កិច្ចការសំខាន់ៗអាចត្រូវបានផ្ទុកផ្តាក់ឱ្យអ្នកដឹកនាំក្លែងក្លាយបែបនេះបានដែរឬ? តើពួកគេស្របតាមគោលការណ៍ និងលក្ខខណ្ឌរបស់ដំណាក់ព្រះជាម្ចាស់ក្នុងការជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? (អត់ទេ។) មនុស្សទាំងនេះពុំមានមនសិការ ឬវិចារណញ្ញាណឡើយ ពួកគេគ្មានស្មារតីទទួលខុសត្រូវសោះ ហើយពួកគេនៅតែប្រាថ្នាចង់កាន់តំណែងផ្លូវការណាមួយដើម្បីធ្វើជាអ្នកដឹកនាំនៅក្នុងពួកជំនុំទៀត។ ហេតុអ្វីពួកគេមិនចេះអៀនខ្មាសបែបនេះ? ចំពោះមនុស្សមួយចំនួនដែលមានស្មារតីទទួលខុសត្រូវ ប្រសិនបើពួកគេមានគុណសម្បត្តិអន់ ពួកគេមិនអាចធ្វើជាអ្នកដឹកនាំបានទេ នេះមិនចាំបាច់និយាយដល់មនុស្សគ្មានបានការ ដែលគ្មានស្មារតីទទួលខុសត្រូវសោះនោះផង ពួកគេកាន់តែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកដឹកនាំទៅទៀត។ តើអ្នកដឹកនាំក្លែងក្លាយដែលល្មោភស៊ី និងខ្ជិលច្រអូសបែបនេះ ខ្ជិលកម្រិតណាទៅ? សូម្បីតែពេលពួកគេរកឃើញបញ្ហា ហើយពួកគេដឹងថាវាជាបញ្ហាក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់ និងមិនខ្វល់ពីវាដែរ។ ពួកគេពិតជាគ្មានទំនួលខុសត្រូវសោះ! ទោះបីជាពួកគេពូកែនិយាយ និងហាក់ដូចជាមានគុណសម្បត្តិបន្តិចបន្តួចក៏ដោយ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងកិច្ចការរបស់ពួកជំនុំបានឡើយ ដែលនាំឱ្យកិច្ចការនោះជាប់គាំង។ បញ្ហាចេះតែបន្តកើនឡើង ប៉ុន្តែអ្នកដឹកនាំទាំងនេះមិនខ្វល់ពីបញ្ហាទាំងនោះទេ ហើយទទូចចង់ធ្វើកិច្ចការសើៗមួយចំនួនតូចតាមទម្លាប់ប៉ុណ្ណោះ។ ហើយតើលទ្ធផលចុងក្រោយគឺជាអ្វី? តើពួកគេមិនធ្វើឱ្យកិច្ចការរបស់ពួកជំនុំរញ៉េរញ៉ៃ និងខូចអស់ទេឬអី? តើពួកគេមិនបង្កឱ្យមានភាពវឹកវរ និងការខ្វះ សាមគ្គីនៅក្នុងពួកជំនុំទេឬអី? នេះគឺជាលទ្ធផលដែលមិនអាចជៀសរួចឡើយ។ នៅក្នុងស្ថានភាពនេះ តើអ្នកដឹកនាំក្លែងក្លាយនឹងធ្វើរបាយការណ៍ទៅខាងលើដែរឬទេ? ច្បាស់ណាស់ថា អត់ទេ។ ប្រសិនបើមាននរណាម្នាក់នៅក្នុងពួកជំនុំ ចង់រាយការណ៍ពីបញ្ហារបស់អ្នកដឹកនាំក្លែងក្លាយទៅខាងលើ តើពួកគេនឹងយល់ព្រមចំពោះរឿងនេះដែរឬ? ពួកគេច្បាស់ជានឹងគាបសង្កត់ និងរារាំងបុគ្គលនោះមិនខាន ពួកគេនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់រាយការណ៍បញ្ហាទៅខាងលើឡើយ ហើយពួកគេនឹងរឹតត្បិត គាបសង្កត់ និងធ្វើឱ្យនរណាម្នាក់ដែលធ្វើបែបនោះនៅឯកោទៀតផង។ ចូរប្រាប់ខ្ញុំមកមើល៍ តើអ្នកដឹកនាំក្លែងក្លាយទាំងនេះ មិនគួរឱ្យស្អប់ខ្ពើមខ្លាំងទេឬអី? ទោះបីជាពួកគេបានធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំខ្លាំងកម្រិតណាក៏ដោយ ក៏ពួកគេនឹងនៅតែមិនអនុញ្ញាតឱ្យខាងលើដឹងអំពីរឿងនេះដែរ កុំថាឡើយដោះស្រាយវា។ អ្វីៗដែលពួកគេខ្វល់ គឺការសម្ងំសុខនឹងផលប្រយោជន៍នៃឋានៈរបស់ខ្លួន និងការការពារភាពចង់បានមុខមាត់ និងអំនួតរបស់ខ្លួនប៉ុណ្ណោះ មនុស្សបែបនេះពិតជាគួរឱ្យស្អប់ខ្ពើម និងឥតខ្មាសបំផុត! តើពួកគេមិនមែនសុទ្ធតែគ្មានមនសិការ និងគ្មានភាពជាមនុស្សទេឬអី? នៅពេលដែលខាងលើសាកសួរអំពីកិច្ចការ ពួកគេនិយាយដោយមិនស្ទាក់ស្ទើរថា គ្មានបញ្ហាអ្វីទេ ដោយនិយាយបន្លប់ និងនិយាយដោះសាដាក់ខាងលើ ក្នុងការធ្វើបែបនេះ តើពួកគេមិនមែនកំពុងបោកបញ្ឆោតខាងលើ និងលាក់បាំងរឿងពីអ្នកនៅក្រោមទេឬអី? បញ្ហានៅក្នុងកិច្ចការរបស់ពួកជំនុំចេះតែបន្តកើនឡើង ហើយអ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯងបានឡើយ ប៉ុន្តែពួកគេក៏មិនរាយការណ៍បញ្ហាទាំងនេះទៅខាងលើដែរ។ នៅក្នុងកាលៈទេសៈនេះ ពួកគេធ្វើដូចជាគ្មានរឿងខុសឆ្គងអ្វីកើតឡើងសោះ។ ពួកគេសម្ងំសុខនឹងភាពស្រណុកសុខស្រួលដដែល ពួកគេអង្គុយលេងមិនធ្វើអ្វីសោះពេញមួយថ្ងៃ និងចំណាយពេលមួយថ្ងៃៗដោយឥតប្រយោជន៍ ហើយពួកគេមិនខ្វល់ខ្វាយអ្វីទាល់តែសោះ។ ហើយនៅពេលដែលបញ្ហាត្រូវបានលាតត្រដាង ហើយខាងលើស៊ើបអង្កេតពីរឿងនេះ ពួកគេនៅតែនិយាយថា៖ «ខ្ញុំបានចាត់ចែងឱ្យមនុស្សធ្វើកិច្ចការនេះហើយ។ ខ្ញុំបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំហើយ។ ប្រសិនបើកិច្ចការនោះធ្វើមិនបានល្អ នោះវាគឺស្ថិតលើអ្នកដទៃទេ។ តើវាពាក់ព័ន្ធអ្វីនឹងខ្ញុំ?» ជាមួយនឹងពាក្យសម្ដីពីរបីម៉ាត់នេះ ពួកគេរំដោះខ្លួនពីទំនួលខុសត្រូវទាំងស្រុង។ វាហាក់ដូចជាពួកគេគ្មានទំនួលខុសត្រូវចំពោះរឿងនេះទាល់តែសោះ។ មិនត្រឹមតែពួកគេមិនឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុណ្ណោះទេ ពួកគេថែមទាំងមានអារម្មណ៍ថាខ្លួនមានហេតុផលត្រឹមត្រូវ និងស្ងប់ចិត្តទៀតផង ដោយនិយាយថា៖ «យ៉ាងណាក៏ដោយ ខ្ញុំមិនបាននៅទំនេរឥតការធ្វើនៅក្នុងភារកិច្ចរបស់ខ្ញុំទេ ខ្ញុំមិនមែនជាអ្នកដេកស៊ីឡើយ។ ប្រសិនបើខាងលើមិនដកហូតតំណែងខ្ញុំទេ នោះខ្ញុំនឹងបន្តបម្រើជាអ្នកដឹកនាំទៀត។ ប្រសិនបើខ្ញុំដាក់ពាក្យលាលែងពីតំណែង តើខ្ញុំមិនមែនកំពុងក្បត់ព្រះជាម្ចាស់ទេឬអី? តើខ្ញុំមិនមែនកំពុងបង្ហាញការគ្មានភាពស្មោះត្រង់ចំពោះភារកិច្ចរបស់ខ្ញុំទេឬអី?» ប្រសិនបើអ្នកលួសកាត់ពួកគេ ពួកគេនឹងអាចរកហេតុផលជាច្រើនដើម្បីតវ៉ានឹងអ្នក។ ពួកគេនឹងមិននិយាយថា ពួកគេទទួលខុសត្រូវចំពោះរឿងនេះទេ ពួកគេនឹងមិននិយាយថា ទំនួលខុសត្រូវរបស់ពួកគេគឺជាអ្វីឡើយ ហើយពួកគេនឹងមិនឆ្លុះបញ្ចាំងថាតើអ្វីទៅជាធម្មជាតិនៃការដែលពួកគេមិនដោះស្រាយបញ្ហា និងមិនធ្វើកិច្ចការជាក់ស្ដែងនោះទេ។ តើមនុស្សបែបនេះមិនគួរឱ្យស្អប់ខ្លាំងទេឬអី? ពួកគេធ្វើឱ្យកិច្ចការរបស់ពួកជំនុំជាប់គាំង និងធ្វើឱ្យខូចខាតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អស់រយៈពេលយ៉ាងយូរដោយគ្មានវិប្បដិសារីសូម្បីបន្តិចនៅក្នុងចិត្តរបស់ពួកគេ តើពួកគេនៅតែជាមនុស្សទៀតឬ? តើពួកគេនៅតែមានមនសិការឬវិចារណញ្ញាណសូម្បីបន្តិចដែរឬទេ? មនុស្សខ្លះនិយាយថា៖ «មនុស្សបែបនេះមិនគួរត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំឡើយ»។ វាគឺបែបនេះតាមទ្រឹស្ដី ប៉ុន្តែតាមពិតទៅ ពិតជាមានមនុស្សបែបនេះមួយចំនួននៅក្នុងចំណោមអ្នកដឹកនាំ និងអ្នកធ្វើការដែលត្រូវបានបោះឆ្នោតជ្រើសរើសមែន នេះគឺជាការពិត។ រឿងនេះសុទ្ធតែកើតឡើង ក៏ព្រោះតែរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ខ្វះសមត្ថភាពសម្គាល់ ហើយវាក៏ដោយសារតែមនុស្សភាគច្រើនចូលចិត្តមនុស្សផ្គាប់ចិត្តគេ ហើយជាលទ្ធផល ក៏បោះឆ្នោតជ្រើសរើសអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយមួយចំនួន។ ដូច្នេះ មុនពេលការបោះឆ្នោតជ្រើសរើសរបស់ពួកជំនុំ គោលការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការ ត្រូវតែយកមកប្រកបគ្នាឱ្យបានច្រើន ដូចគ្នានឹងគោលការណ៍សម្រាប់ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយដែរ នេះនឹងធានាថា មនុស្សកាន់តែច្រើនបោះឆ្នោតស្របតាមគោលការណ៍។ មានតែការធ្វើបែបនេះទេ ទើបលទ្ធផលល្អអាចកើតចេញពីការបោះឆ្នោតជ្រើសរើសរបស់ ពួកជំនុំបាន។

ចូរប្រាប់ខ្ញុំមកមើល៍ តើអ្នកទំនេរឥតការធ្វើដែលគួរឱ្យស្អប់ខ្ពើម និងឥតខ្មាសបែបនេះ អាចធ្វើកិច្ចការរបស់ពួកជំនុំបានល្អ ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? តើពួកគេអាចដោះស្រាយបញ្ហាដែលមាននៅក្នុងពួកជំនុំ ឬការលំបាកដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជួបប្រទះបានដែរឬទេ? (ទេ) ដូច្នេះ តើអ្នករាល់គ្នាគួរធ្វើដូចម្តេច នៅពេលដែលអ្នករាល់គ្នាជួបប្រទះនឹងអ្នកដឹកនាំក្លែងក្លាយបែបនេះ? ឧបមាថា មាននរណាម្នាក់និយាយថា៖ «គុណសម្បត្តិរបស់យើងអន់ ហើយយើងខ្វះសមត្ថភាពសម្គាល់ ដូច្នេះគ្មានអ្វីដែលយើងអាចធ្វើបានឡើយ ប្រសិនបើយើងជួបប្រទះនឹងអ្នកដឹកនាំក្លែងក្លាយ»។ តើនេះត្រឹមត្រូវដែរឬ? ច្បាស់ណាស់ថា មិនមែនមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំសុទ្ធតែមានគុណសម្បត្តិអន់ និងគ្មានសមត្ថភាពសម្គាល់នោះទេ មែនទេ? យ៉ាងហោចណាស់ត្រូវតែមានមនុស្សមួយចំនួនដែលយល់សេចក្ដីពិតក្នុងកម្រិតណាមួយ។ ដូច្នេះ ប្រសិនបើនរណាម្នាក់រកឃើញអ្នកដឹកនាំក្លែងក្លាយ ដែលមិនអាចធ្វើកិច្ចការជាក់ស្ដែង ឬដោះស្រាយបញ្ហាណាមួយបាន នោះពួកគេគួរតែប្រកបគ្នាជាមួយអ្នកដែលយល់សេចក្ដីពិត ហើយស្នើឱ្យពួកគេប្រើសមត្ថភាពសម្គាល់របស់ពួកគេ និងធ្វើការវិនិច្ឆ័យមួយ។ តើនេះសមស្របដែរឬទេ? (មែនហើយ សមស្រប)។ ហេតុអ្វីបានជាវាសមស្រប? តើនឹងមានផលវិបាកអ្វីខ្លះ ប្រសិនបើអ្នកដឹកនាំពួកជំនុំមិនអាចធ្វើកិច្ចការជាក់ស្ដែងបាន? តើនរណានឹងក្លាយជាជនរងគ្រោះ? តើជនរងគ្រោះមិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំទេឬអី? ប្រសិនបើអ្នកដឹកនាំក្លែងក្លាយគ្រប់គ្រងពួកជំនុំអស់រយៈពេលបី ឬប្រាំឆ្នាំ ដូច្នេះតើការយល់ដឹងអំពីសេចក្ដីពិត និងការចូលទៅក្នុងតថភាពរបស់មនុស្សប៉ុន្មាននាក់នឹងរងផលប៉ះពាល់? តើការទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់របស់មនុស្សប៉ុន្មាននាក់នឹងត្រូវពន្យារពេល? ផលវិបាកទាំងនេះ មិនហ៊ានទាំងគិតដល់ផង។ ដូច្នេះ នៅពេលដែលរកឃើញថា អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែង និងគ្មានសមត្ថភាពដោះស្រាយបញ្ហាណាមួយ នេះគឺជារឿងធំសម្រាប់រាស្ដ្ររើសតាំងគ្រប់រូបរបស់ព្រះជាម្ចាស់ ហើយពួកគេគួរតែលាតត្រដាង និងរាយការណ៍ពីអ្នកដឹកនាំក្លែងក្លាយនោះឱ្យទាន់ពេលវេលា ដើម្បីជៀសវាងការបង្កឱ្យមានការយឺតយ៉ាវដល់កិច្ចការ។ អ្នកដែលត្រូវបានធ្វើឱ្យខូចខាតដោយសារអ្នកដឹកនាំពួកជំនុំដែលមិនធ្វើកិច្ចការជាក់ស្ដែងគឺរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើគ្មានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ណាម្នាក់លាតត្រដាង ឬរាយការណ៍ពីពួកគេទេ ហើយពួកគេសុទ្ធតែមិនអើពើនឹងធ្វើរឿងនេះ នោះគ្មានសង្ឃឹមសម្រាប់ពួកជំនុំនោះឡើយ។ ឧបមាថា នៅក្នុងចិត្តរបស់អ្នករាល់គ្នា អ្នកតែងតែមានគំនិតមិនទទួលខុសត្រូវថា៖ «យ៉ាងណាក៏ដោយ អ្នកគឺជាអ្នកដឹកនាំ។ អ្នកមិនអាចធ្វើកិច្ចការជាក់ស្ដែង ហើយអ្នកមិនរាយការណ៍បញ្ហាទៅខាងលើទៀត ប្រសិនបើរឿងនេះធ្វើឱ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវ នោះខាងលើនឹងឱ្យអ្នកទទួលខុសត្រូវ។ តើវាពាក់ព័ន្ធអ្វីនឹងយើង? តើមានប្រយោជន៍អ្វីដែលយើងត្រូវខ្វល់នោះ? យើងមិនមែនជាអ្នកទទួលបន្ទុកទេ។ ទំនួលខុសត្រូវនេះគឺស្ថិតនៅលើអ្នក»។ ប្រសិនបើអ្នកតែងតែមានសញ្ញាណបែបនេះនៅក្នុងចិត្ត តើការណ៍នេះនឹងមិនធ្វើឱ្យរឿងរ៉ាវយឺតយ៉ាវទេឬអី? តើការណ៍នេះនឹងមិនប៉ះពាល់ដល់អ្នករាល់គ្នាក្នុងការដេញតាមសេចក្ដីពិត ការចូលទៅក្នុងតថភាព និងការទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ទេឬអី? ប្រសិនបើគ្មាននរណាម្នាក់នៅក្នុងពួកជំនុំទទួលខុសត្រូវទេ នោះពិបាកនឹងនិយាយណាស់ថា តើពួកជំនុំនេះអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងទទួលបានព្រះពររបស់ព្រះជាម្ចាស់បានដែរឬទេ ហើយកាន់តែពិបាកនិយាយទៀតថា តើនឹងមានមនុស្សប៉ុន្មាននាក់ទទួលបានសេចក្ដីសង្គ្រោះនៅក្នុងពួកជំនុំនេះ។ ប្រសិនបើមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំនេះគិតបែបនេះ និងប្រកាន់យកទស្សនៈនេះ នោះគ្មានសង្ឃឹមទាល់តែសោះសម្រាប់ពួកជំនុំនេះ។ តើក្រុមផលិតភាពយន្តមិនមានបញ្ហានេះទេឬនៅពេលឥឡូវនេះ? អ្នកដឹកនាំរបស់អ្នករាល់គ្នាខ្លះមិនចាត់ចែងបញ្ហា ឬរាយការណ៍បញ្ហាឡើយ ពោលពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ។ តើអ្នករាល់គ្នាអាចមើលឃើញរឿងនេះទេ? អ្នកដឹកនាំទាំងនេះមិនដោះស្រាយបញ្ហាសម្រាប់អ្នករាល់គ្នាទេ តើអ្នករាល់គ្នាមិនបានរកឃើញថា នេះគឺជាបញ្ហាទេឬអី? តើអ្នករាល់គ្នាពិតជាមានអារម្មណ៍សប្បាយចិត្តចំពោះរឿងនេះមែនឬ? «អ្នកដឹកនាំរបស់យើងមិនរាយការណ៍បញ្ហានេះទេ ហើយបញ្ហានេះមិនអាចដោះស្រាយបានឡើយ ដូច្នេះនេះគឺជាពេលល្អសម្រាប់យើងក្នុងការសម្រាក។ ល្អណាស់! ម្យ៉ាងទៀត ថ្មីៗនេះ ខាងលើមិនបានសួរនាំអំពីរឿងនេះដោយផ្ទាល់ទេ ដូច្នេះមិនចាំបាច់ឱ្យយើងរាយការណ៍បញ្ហានេះដែរ។ ហេតុអ្វីបានជាយើងមិនព្យាយាមរកពេលលំហែបន្តិច សម្រាប់ខ្លួនឯងទៅ? តើយើងចាំបាច់ត្រូវថតភាពយន្តឱ្យលឿនម្ល៉េះ និងថតឱ្យទាន់ពេលធ្វើអ្វី? វឌ្ឍនភាពដែលយើងកំពុងធ្វើគឺល្អហើយ! ចុះបើយើងថតមិនទាន់ចប់ តើវាយ៉ាងម៉េច? តើយើងនឹងត្រូវបានថ្កោលទោសចំពោះរឿងនេះឬ?» តើនេះជាឥរិយាបថរបស់អ្នករាល់គ្នាឬ? តើអ្នករាល់គ្នាគិតថា មិនមានកាលវិភាគតឹងរ៉ឹងសម្រាប់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ទេដូច្នេះអ្នកអាចអូសបន្លាយពេលដោយគ្មានពេលកំណត់ ហើយឱ្យតែខាងលើមិនសួរនាំ ឬស៊ើបអង្កេតរឿងនេះទេ នោះមិនចាំបាច់ឱ្យអ្នករាល់គ្នាព្រួយបារម្ភ ឬមានអារម្មណ៍ថាមានសម្ពាធអ្វីឡើយ ហើយអ្នកគ្រាន់តែអាចដោះស្រាយបញ្ហាណាដែលអ្នកអាចធ្វើបាន និងទុកចោលបញ្ហាណាដែលអ្នកមិនអាចធ្វើបាន មែនទេ? តើនេះជាទស្សនៈរបស់អ្នករាល់គ្នាឬទេ? (ទេ) ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនរាយការណ៍បញ្ហា នៅពេលដែលអ្នករាល់គ្នាមានបញ្ហា? តើដោយសារតែអ្នកដឹកនាំក្លែងក្លាយទាំងនេះ គ្រប់គ្រងលើអ្នករាល់គ្នា ឬដោយសារតែពួកគេបានដាក់ថ្នាំមន្តអាគមបំភាន់ស្មារតី​ឱ្យ​អ្នករាល់គ្នា ដែលបណ្ដាលឱ្យអ្នករាល់គ្នាក្លាយជាវង្វេងស្មារតី និងមិនអាចនិយាយបានឬ? តើបញ្ហានៅត្រង់ណា? នៅពេលមានបញ្ហាកើតឡើង តើអ្នករាល់គ្នាដឹងអំពីបញ្ហាទាំងនោះទេ? ប្រសិនបើអ្នកនិយាយថា អ្នកមិនដឹងអំពីបញ្ហាទាំងនោះទេ នោះអ្នកកំពុងកុហកហើយ ប្រសិនបើអ្នកដឹងអំពីបញ្ហាទាំងនោះ ប៉ុន្តែមិនរាយការណ៍ទេ នោះអ្នកកំពុងធ្វេសប្រហែស និងបោះបង់ចោលខុសត្រូវរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ហើយអ្នកគ្មានភាពស្មោះត្រង់ចំពោះភារកិច្ចរបស់អ្នកទាល់តែសោះ។ សូម្បីតែពេលអ្នកធ្វើការនៅក្នុងលោកីយ៍ដើម្បីរកលុយ ក៏អ្នកនៅតែត្រូវធ្វើឱ្យស័ក្តិសមនឹងប្រាក់ឈ្នួលដ៏តិចតួចរបស់អ្នកដែរ។ ចុះទម្រាំសព្វថ្ងៃនេះ អ្នកកំពុងហូបបាយរបស់ដំណាក់ព្រះជាម្ចាស់ អ្នកកំពុងដេញតាមសេចក្ដីសង្គ្រោះ ខណៈពេលកំពុងបំពេញភារកិច្ចរបស់អ្នក ហើយតាមរយៈការធ្វើបែបនេះ អ្នកកំពុងត្រួសត្រាយផ្លូវ និងរៀបចំសម្រាប់គោលដៅផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមិនមែនកំពុងធ្វើបែបនេះដើម្បីដំណាក់ព្រះជាម្ចាស់ ឬដើម្បីបុគ្គលណាម្នាក់ឡើយ ហើយកាន់តែមិនមែនធ្វើដើម្បីខ្ញុំដែរ គឺអ្នកកំពុងធ្វើដើម្បីខ្លួនឯង។ និយាយឱ្យពីរោះស្ដាប់ មនុស្សកំពុងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ប៉ុន្តែនិយាយឱ្យចំទៅ ពួកគេកំពុងធ្វើបែបនេះដើម្បីខ្លួនឯងដើម្បីទទួលបានព្រះពរ និងដើម្បីមានគោលដៅល្អ។ អ្នកត្រូវយល់រឿងនេះឱ្យបានច្បាស់ កុំធ្វើជាមនុស្សល្ងីល្ងើឡើយ។ អ្នកមិនមែនកំពុងបំពេញភារកិច្ចរបស់អ្នកដើម្បីអ្នកដទៃ ឬដើម្បីឪពុកម្ដាយរបស់អ្នកឡើយ ហើយអ្នកមិនមែនកំពុងធ្វើបែបនេះ ដើម្បីនាំយកសិរីល្អមកឱ្យដូនតា ឬកិត្តិយសដល់ត្រកូលរបស់អ្នកដែរ គឺអ្នកកំពុងធ្វើដើម្បីខ្លួនឯង។ ព្រះជាម្ចាស់បានបង្កើតអ្នកមក ហើយតាំងពីទ្រង់បានបង្កើតពិភពលោកមក ទ្រង់បានកំណត់ទុកថា អ្នកនឹងកើតមកនៅក្នុងគ្រាចុងក្រោយ។ ទ្រង់បាននាំអ្នកមកកាន់ដំណាក់របស់ទ្រង់ ទ្រង់បានឱ្យអ្នកស្ដាប់ឮសូរសៀងរបស់ទ្រង់ ទ្រង់បានឱ្យអ្នកហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ និងទទួលបានការផ្គត់ផ្គង់ជីវិត ហើយទ្រង់បានផ្ដល់ឱកាសដល់អ្នក ដើម្បីឱ្យអ្នកអាចបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់ព្រះជាម្ចាស់។ នេះគឺជាឱកាសដ៏ល្អបំផុតរបស់អ្នក ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ហើយវាក៏ជាឱកាសតែមួយគត់របស់អ្នកដែរ។ ប្រសិនបើក្នុងពេលដែលអ្នកកំពុងបំពេញភារកិច្ច អ្នកបំផ្លាញឱកាសនេះ នោះមិនថាអ្នកទទួលការដាក់ទោស ឬយំសោក និងសង្កៀតធ្មេញ នៅពេលដែលអ្នកធ្លាក់ទៅក្នុងភយន្តរាយនៅទីបំផុតនោះទេ វានឹង សុទ្ធតែជាទង្វើរបស់អ្នក ហើយអ្នកនឹងសមតែ ទទួលវាហើយ! វានឹងជាកំហុសរបស់អ្នកផ្ទាល់។ មិនចាំបាច់ឱ្យអ្នកដទៃមករ៉ាប់រងទំនួលខុសត្រូវរបស់អ្នកទេ ហើយក៏មិនចាំបាច់ឱ្យអ្នកទៅរ៉ាប់រងទំនួលខុសត្រូវរបស់អ្នកដទៃដែរ។ មានតែអ្នកទេដែលអាចទទួលខុសត្រូវចំពោះផ្លូវដែលអ្នកដើរ និងអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើនៅថ្ងៃនេះ ហើយមានតែអ្នកទេដែលអាចទទួលផលវិបាកចុងក្រោយ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺធ្វើឱ្យអ្នករាល់គ្នាបានយល់នូវអ្វីៗដែលខ្ញុំគួរនិយាយ និងប្រាប់អ្នករាល់គ្នា ហើយត្រួសត្រាយផ្លូវសម្រាប់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចដើរលើផ្លូវនៃសេចក្ដីសង្គ្រោះ។ ខ្ញុំបានពន្យល់អ្វីៗគ្រប់យ៉ាងយ៉ាងច្បាស់លាស់ហើយ ដូច្នេះ របៀបដែលអ្នកបន្តប្រព្រឹត្តដោយជាក់លាក់ គឺអាស្រ័យលើអ្នករាល់គ្នា។ ខ្ញុំមិនខ្វល់ពីរឿងរបស់អ្នករាល់គ្នាទេ ខ្ញុំគ្រាន់តែបំពេញកិច្ចការដែលជាចំណែករបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំមិនធ្វើកិច្ចការអ្វីលើសពីនេះឡើយ។ តើវាមិនមែនជាការពិតទេឬ ដែលថាអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ដើម្បីជាប្រយោជន៍ដល់គោលដៅផ្ទាល់ខ្លួនរបស់អ្នកនោះ? ប្រសិនបើអ្នកនិយាយថា៖ «មានបញ្ហាច្រើនណាស់ ប៉ុន្តែអ្នកដឹកនាំរបស់ខ្ញុំមិនរាយការណ៍បញ្ហាទាំងនោះទេ ដូច្នេះខ្ញុំក៏មិនរាយការណ៍ដែរ» នោះតើវាមិនមែនជាភាពល្ងង់ខ្លៅទេឬអី? តើវាមិនមែនជាការមានគំនិតកេងចំណេញទេឬអី? តើអ្វីជាទំនួលខុសត្រូវរបស់អ្នក នៅពេលដែលអ្នកឃើញមានបញ្ហា? ទំនួលខុសត្រូវរបស់អ្នកគឺត្រូវហៅមនុស្សគ្រប់គ្នាមកជុំគ្នា ហើយធ្វើចិត្តឱ្យស្ងប់ ដើម្បីស្វែងរក និងប្រកបគ្នាអំពីបញ្ហានោះ ដើម្បីមើលថាបញ្ហានោះកើតឡើងនៅផ្នែកណា និងដើម្បីស្វែងរកឫសគល់នៃបញ្ហានោះ។ ប្រសិនបើបន្ទាប់ពីមានការពិភាក្សាគ្នារួចហើយ ឫសគល់នៃបញ្ហាក៏ត្រូវបានរកឃើញ ប៉ុន្តែអ្នករាល់គ្នាមិនអាចដោះស្រាយបញ្ហានោះដោយខ្លួនឯងបាន នោះអ្នករាល់គ្នាគួរតែរាយការណ៍ទៅខាងលើជាបន្ទាន់។ តើនរណាគួររាយការណ៍? អ្នកគួរតែចេញមុខ ហើយនិយាយថា៖ «ខ្ញុំនឹងរាយការណ៍។ ប្រសិនបើមិនបានផលទេ នោះយើងអាចជ្រើសរើសតំណាងពីរបីនាក់ ហើយរាយការណ៍ជាមួយគ្នា»។ មនុស្សខ្លះនិយាយថា៖ «តើយើងមិនមានអ្នកដឹកនាំទេឬអី?» អ្នកឆ្លើយតបថា៖ «គាត់មិនមែនជាអ្នកដឹកនាំទេ! គាត់មិនបានបំពេញទំនួលខុសត្រូវជាមនុស្សទាល់តែសោះ។ គាត់គ្រាន់តែជាសត្វតិរច្ឆានក្នុងស្បែកមនុស្សប៉ុណ្ណោះ ហើយគាត់គួរតែត្រូវបានទាត់ចោល និងដកហូតតំណែង! គាត់នឹងមិនរាយការណ៍បញ្ហាទេ ដូច្នេះយើងគួរតែរាយការណ៍ដោយខ្លួនឯង នេះគឺជាការទទួលខុសត្រូវរបស់យើង។ ទាល់តែយើងបានបំពេញការទទួលខុសត្រូវរបស់យើង ទើបព្រះជាម្ចាស់ចាត់ទុកយើងជាមនុស្ស។ ប្រសិនបើយើងដឹងច្បាស់ថា ទំនួលខុសត្រូវរបស់យើងគឺជាអ្វី ប៉ុន្តែយើងមិនបំពេញវាទេ នោះយើងមិនសមនឹងធ្វើជាមនុស្សឡើយ ហើយគ្មានផ្លូវដែលព្រះជាម្ចាស់នឹងចាត់ទុកយើងជាមនុស្សឡើយ»។ ប្រសិនបើព្រះជាម្ចាស់មិនចាត់ទុកអ្នកជាមនុស្សទេ តើនេះមានន័យថា ទ្រង់ចាត់ទុកអ្នកជាអ្វី? វាមានន័យថា ទ្រង់ចាត់ទុកអ្នកជាសត្វជ្រូក ឬជាសត្វឆ្កែ។ ហើយតើព្រះជាម្ចាស់នៅតែសង្គ្រោះអ្នកទៀតទេ? គ្មានផ្លូវទេ។ ដូច្នេះ ប្រសិនបើអ្នកចុងក្រោយមិនទទួលបានគោលដៅល្អទេ តើមិនមែនអ្នកបានយកមកដាក់លើខ្លួនឯងទេឬអី? ហើយតើមិនមែនអ្នកបានបំពេញភារកិច្ចរបស់អ្នកដោយឥតប្រយោជន៍ទេឬអី? វាអាស្រ័យលើអ្នកក្នុងការជ្រើសរើសផ្លូវរបស់អ្នក ហើយវាក៏អាស្រ័យលើអ្នកក្នុងការដើរលើផ្លូវនោះដែរ។ មិនថាអ្នកជ្រើសរើសផ្លូវមួយណា ឬផលវិបាកចុងក្រោយជាអ្វីនោះទេ គឺអ្នកខ្លួនឯងហើយដែលទទួលខុសត្រូវ គ្មាននរណាម្នាក់នឹងទទួលខុសត្រូវចំពោះផ្លូវដែលអ្នកដើរ និងផលវិបាកដែលកើតឡើងនោះឡើយ។

ប្រសិនបើ ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ អ្នករាល់គ្នាព្រងើយកន្តើយនឹងបញ្ហាដែលកើតឡើងនៅក្នុងការបំពេញភារកិច្ច ហើយអ្នកថែមទាំងស្វែងរកលេស និងការដោះសា ផ្សេងៗដើម្បីគេចវេះពីទំនួលខុសត្រូវ ហើយអ្នកមិនដោះស្រាយបញ្ហាមួយចំនួនដែលអ្នកមានសមត្ថភាពដោះស្រាយ ហើយអ្នកមិនរាយការណ៍បញ្ហាដែលអ្នកគ្មានសមត្ថភាពដោះស្រាយទៅខាងលើ ដោយធ្វើហាក់ដូចជាបញ្ហាទាំងនោះមិនពាក់ព័ន្ធនឹងអ្នក តើនេះមិនមែនជាការបោះបង់ចោលទំនួលខុសត្រូវទេឬអី? តើការប្រព្រឹត្តចំពោះកិច្ចការរបស់ពួកជំនុំតាមរបៀបនេះជាការធ្វើរឿងឆ្លាតវៃ ឬជាការធ្វើរឿងល្ងង់ខ្លៅ? (វាជាការធ្វើរឿងល្ងង់ខ្លៅ)។ តើអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ មិនមែនជាមនុស្សក្រឡេចក្រឡុចទេឬអី? តើពួកគេមិនមែនសុទ្ធតែគ្មានស្មារតីទទួលខុសត្រូវសោះទេឬអី? នៅពេលដែលពួកគេជួបប្រទះបញ្ហា ពួកគេព្រងើយកន្តើយនឹងបញ្ហាទាំងនោះ តើពួកគេមិនមែនជាមនុស្សគ្មានគំនិតទេឬអី? តើពួកគេមិនមែនជាមនុស្សមានល្បិចទេឬអី? មនុស្សមានល្បិច គឺជាមនុស្សល្ងង់ខ្លៅបំផុត។ អ្នកត្រូវតែជាមនុស្សស្មោះត្រង់ អ្នកត្រូវតែមានស្មារតីទទួលខុសត្រូវ នៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហា ហើយអ្នកត្រូវតែព្យាយាមគ្រប់មធ្យោបាយ និងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ។ អ្នកដាច់ខាតមិនត្រូវធ្វើជាមនុស្សមានល្បិចឡើយ។ ប្រសិនបើអ្នកខ្វល់តែពីការគេចវេះពីទំនួលខុសត្រូវ និង លាងដៃចេញនៅពេលមានបញ្ហាកើតឡើង នោះសូម្បីតែនៅក្នុងចំណោមអ្នកគ្មានជំនឿ ក៏អ្នកមុខជាត្រូវបានថ្កោលទោសចំពោះអាកប្បកិរិយានេះដែរ ចុះទម្រាំនៅក្នុងដំណាក់ព្រះជាម្ចាស់ទៀត! អាកប្បកិរិយានេះច្បាស់ជានឹងត្រូវបានថ្កោលទោស និងដាក់បណ្ដាសាដោយព្រះជាម្ចាស់ ហើយវាត្រូវបាន ស្អប់ខ្ពើម និងបដិសេធដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សស្មោះត្រង់ ហើយទ្រង់ស្អប់ខ្ពើមមនុស្សបោកបញ្ឆោត និងក្រឡេចក្រឡុច។ ប្រសិនបើអ្នកជាមនុស្សមានល្បិច និងប្រព្រឹត្តតាមរបៀបក្រឡេចក្រឡុច តើព្រះជាម្ចាស់នឹងមិនស្អប់ខ្ពើមអ្នកទេឬអី? តើដំណាក់ព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នកងាយៗឬ? មិនយូរមិនឆាប់ អ្នកនឹងត្រូវបានទាមទារឱ្យទទួលខុសត្រូវ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សស្មោះត្រង់ និងមិនសព្វព្រះហឫទ័យនឹងមនុស្សមានល្បិចឡើយ។ មនុស្សគ្រប់គ្នាគួរយល់រឿងនេះឱ្យបានច្បាស់ ហើយឈប់វង្វេង និងឈប់ធ្វើរឿងល្ងង់ខ្លៅទៀតទៅ។ ភាពល្ងង់ខ្លៅមួយគ្រា គឺអាចលើកលែងឱ្យបាន ប៉ុន្តែប្រសិនបើបុគ្គលណាម្នាក់មិនទទួលយកសេចក្ដីពិតទាល់តែសោះ នោះពួកគេរឹងរូសពេកហើយ។ មនុស្សស្មោះត្រង់អាចទទួលខុសត្រូវ។ ពួកគេមិនគិតពីការចំណេញ ឬខាតបង់ផ្ទាល់ខ្លួនឡើយ ពួកគេគ្រាន់តែការពារកិច្ចការ និងផលប្រយោជន៍របស់ដំណាក់ ព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេមានចិត្តល្អ និងស្មោះត្រង់ ដែលប្រៀបដូចជាចានដែលមានទឹកថ្លា ដែលគេអាចមើលឃើញដល់បាតបានត្រឹមក្រឡេកមួយខ្វិច។ ក៏មានតម្លាភាពចំពោះទង្វើ​របស់ពួកគេ​​ដែរ។ មនុស្សបោកបញ្ឆោត តែងតែប្រព្រឹត្តតាមរបៀបក្រឡេចក្រឡុច តែងតែធ្វើពុត បិទបាំង និងលាក់បាំងរឿងរ៉ាវ ហើយរុំខ្លួនឯងយ៉ាងជិតឈឹងដោយមិនគួរឱ្យជឿ។ គ្មាននរណាម្នាក់អាចមើលធ្លុះមនុស្សប្រភេទនេះឡើយ។ មនុស្សមិនអាចមើលធ្លុះគំនិតខាងក្នុងរបស់អ្នកបានទេ ប៉ុន្តែព្រះជាម្ចាស់អាចពិនិត្យពិច័យអ្វីៗនៅក្នុងជម្រៅចិត្តរបស់អ្នកបាន។ នៅពេលដែលព្រះជាម្ចាស់ទតឃើញថា អ្នកមិនមែនជាមនុស្សស្មោះត្រង់ ថាអ្នកជាអា​ក្រឡេចក្រឡុច ថាអ្នកមិនដែលទទួលយកសេចក្ដីពិត តែងតែប្រើល្បិចបោកបញ្ឆោតប្រឆាំងនឹងទ្រង់ ហើយមិនដែលប្រគល់ចិត្តរបស់អ្នកថ្វាយទ្រង់ នោះទ្រង់មិនសព្វព្រះហឫទ័យអ្នកទេ ហើយទ្រង់ស្អប់ខ្ពើម និងបោះបង់អ្នកចោល។ តើអ្នកទាំងអស់ដែលរីកចម្រើននៅក្នុងចំណោមអ្នកគ្មានជំនឿ និងអ្នកដែលមាត់រអិល និងគិតរហ័ស ជាមនុស្សប្រភេទណា? តើរឿងនេះច្បាស់ចំពោះអ្នករាល់គ្នាដែរឬទេ? តើអ្វីជាសារជាតិរបស់ពួកគេ? អាចនិយាយបានថា ពួកគេសុទ្ធតែជាមនុស្សមិនអាចស្មានដឹងចិត្តបានខ្លាំងបំផុត ពួកគេសុទ្ធតែបោកបញ្ឆោត និងមានល្បិចបំផុត ពួកគេគឺជាអារក្ស និងសាតាំងសុទ្ធសាធ។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបែបនេះបានដែរឬទេ? ព្រះជាម្ចាស់ស្អប់ខ្ពើមពួកអារក្សបំផុត គឺមនុស្សដែលបោកបញ្ឆោត និងមានល្បិច ហើយទ្រង់ប្រាកដជានឹងមិនសង្គ្រោះមនុស្សបែបនេះឡើយ។ អ្នករាល់គ្នាដាច់ខាតមិនត្រូវធ្វើជាមនុស្សប្រភេទនេះឡើយ។ អ្នកដែលតែងតែចេះអង្កេត និងមានស្មារតីប្រុងប្រយ័ត្ននៅពេលនិយាយ អ្នកដែលជំនាញផ្គាប់ផ្គុន និងក្រឡេចក្រឡុច ហើយសម្តែងសមទៅ តាមកាលៈទេសៈនៅពេលដោះស្រាយបញ្ហា ខ្ញុំប្រាប់អ្នកចុះ ព្រះជាម្ចាស់ស្អប់ខ្ពើមមនុស្សបែបនេះបំផុត មនុស្សបែបនេះគឺហួសពីការសង្គ្រោះហើយ។ ចំពោះអ្នកទាំងអស់ដែលស្ថិតក្នុងជំពូកមនុស្សបោកបញ្ឆោត និងមានល្បិច មិនថាពាក្យសម្ដីរបស់ពួកគេស្ដាប់ទៅពីរោះយ៉ាងណានោះទេ សុទ្ធតែជាពាក្យសម្ដីបោកបញ្ឆោត និងជាពាក្យសម្ដីបែប អារក្សទាំងអស់។ ពាក្យសម្ដីរបស់ពួកគេកាន់តែស្ដាប់ទៅពីរោះ មនុស្សទាំងនេះកាន់តែជាអារក្ស និងសាតាំង។ នេះគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់ស្អប់ខ្ពើមបំផុត។ នេះគឺត្រឹមត្រូវណាស់។ តើអ្នករាល់គ្នានិយាយយ៉ាងដូចម្តេច៖ តើមនុស្សបោកបញ្ឆោត មនុស្សដែលឧស្សាហ៍និយាយកុហក និងមនុស្សមាត់រអិល អាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើពួកគេអាចទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ដាច់ខាតគឺមិនអាចទេ។ តើឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលបោកបញ្ឆោត និងមានល្បិច គឺជាអ្វី? ទ្រង់ស្អប់ខ្ពើម និងបដិសេធពួកគេ ទ្រង់ទុកពួកគេមួយឡែក និងមិនអើពើនឹងពួកគេឡើយ ទ្រង់ចាត់ទុកពួកគេថាជាអំបូរតែមួយដូចគ្នានឹងសត្វធាតុ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះគ្រាន់តែពាក់ស្បែកមនុស្សប៉ុណ្ណោះ ហើយតាមសារជាតិ ពួកគេគឺជាអារក្ស និងសាតាំង ពួកគេគឺជាសាកសពចេះដើរ ហើយព្រះជាម្ចាស់ដាច់ខាតនឹងមិនសង្គ្រោះពួកគេឡើយ។ ដូច្នេះ តើមនុស្សទាំងនេះស្ថិតក្នុងសភាពបែបណានៅពេលឥឡូវនេះ? មានសេចក្ដីងងឹតនៅក្នុងចិត្តរបស់ពួកគេ ពួកគេខ្វះសេចក្ដីជំនឿពិត ហើយមិនថារឿងអ្វីកើតឡើងចំពោះពួកគេទេ ពួកគេមិនដែលទទួលបានការបំភ្លឺ ឬការស្រាយបំភ្លឺឡើយ។ នៅពេលប្រឈមមុខនឹងភយន្តរាយ និងទុក្ខវេទនា ពួកគេអធិដ្ឋានទៅព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនគង់នៅជាមួយពួកគេទេ ហើយពួកគេគ្មានអ្វីដែលពួកគេពិតជាអាចពឹងអាស្រ័យបាន នៅក្នុងចិត្តរបស់ពួកគេឡើយ។ ដើម្បីទទួលបានព្រះពរ ពួកគេព្យាយាមសម្តែងឱ្យបានល្អ ប៉ុន្តែពួកគេមិនអាចទប់ចិត្តបានឡើយ ពីព្រោះពួកគេគ្មានមនសិការ និងវិចារណញ្ញាណ។ ពួកគេមិនអាចធ្វើជាមនុស្សល្អបានឡើយ ទោះបីជាពួកគេចង់ធ្វើក៏ដោយ សូម្បីតែពួកគេចង់ឈប់ធ្វើរឿងអាក្រក់ ក៏ពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានដែរ វានឹងមិនបានផលឡើយ។ តើពួកគេនឹងអាចស្គាល់ខ្លួនឯងបានដែរឬទេ បន្ទាប់ពីពួកគេត្រូវបានបណ្ដេញចេញ និងជម្រុះចោល? ទោះបីជាពួកគេនឹងដឹងថា ពួកគេសមនឹងទទួលរឿងនេះក៏ដោយ ក៏ពួកគេនឹងមិនទទួលសារភាពទៅកាន់នរណាម្នាក់ឡើយ ហើយទោះបីជាពួកគេមើលទៅហាក់ដូចជាអាចបំពេញភារកិច្ចបានបន្តិចបន្តួចក៏ដោយ ក៏ពួកគេនៅតែប្រព្រឹត្តតាមរបៀបក្រឡេចក្រឡុចដដែល ហើយកិច្ចការរបស់ពួកគេនឹងមិនបង្កើតជាលទ្ធផលច្បាស់លាស់អ្វីឡើយ។ ដូច្នេះ តើអ្នករាល់គ្នានិយាយយ៉ាងដូចម្តេច៖ តើមនុស្សទាំងនេះពិតជាអាចប្រែចិត្ត​​ដែរ​ឬទេ? ដាច់ខាតគឺមិនអាចទេ។ នេះគឺដោយសារតែពួកគេមិនមានមនសិការ ឬវិចារណញ្ញាណ ហើយពួកគេមិនស្រឡាញ់សេចក្ដីពិត។ ព្រះជាម្ចាស់មិនសង្គ្រោះមនុស្សដែលមានល្បិច និងអាក្រក់បែបនេះឡើយ។ តើមានសង្ឃឹមអ្វីក្នុងការជឿលើព្រះជាម្ចាស់សម្រាប់មនុស្សបែបនេះ? ជំនឿរបស់ពួកគេគឺគ្មានអត្ថន័យរួចទៅហើយ ហើយពួកគេច្បាស់ជាមិនទទួលបានអ្វីសោះពីជំនឿនោះ។ ប្រសិនបើ ពេញមួយរយៈពេលនៃការជឿរបស់ខ្លួនលើព្រះជាម្ចាស់ មនុស្សមិនដេញតាមសេចក្ដីពិតទេ នោះមិនថាពួកគេជឿអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏វានឹងគ្មានផលអ្វីដែរ សូម្បីតែពួកគេជឿរហូតដល់ទីបញ្ចប់ ក៏ពួកគេនឹងមិនទទួលបានអ្វីដែរ។ ដើម្បីទទួលបានព្រះជាម្ចាស់ មនុស្សត្រូវតែទទួលបានសេចក្ដីពិត។ ទាល់តែពួកគេយល់សេចក្ដីពិត អនុវត្តសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត ទើបពួកគេទទួលបានសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយទាល់តែពេលនោះទេ ទើបពួកគេទទួលបានការទទួលស្គាល់ និងព្រះពររបស់ព្រះជាម្ចាស់ ហើយមានតែបែបនេះទេ ទើបហៅថាទទួលបានព្រះជាម្ចាស់។ ប្រសិនបើមនុស្សចង់ទទួលបានសេចក្ដីពិត នោះជំហានដំបូងដែលពួកគេគួរធ្វើ គឺរៀនបំពេញទំនួលខុសត្រូវរបស់ខ្លួន ពោលគឺ ពួកគេគួរបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ នេះគឺជារឿងមូលដ្ឋានបំផុត។ មនុស្សដាច់ខាតមិនត្រូវរៀនតាមអ្នកដឹកនាំក្លែងក្លាយឡើយ ដែលគ្រាន់តែផ្សាយពាក្យពេចន៍ និងគោលលទ្ធិ ហើយមិនធ្វើកិច្ចការជាក់ស្ដែង មិនទទួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើ ធ្វើអ្វីៗគ្រប់យ៉ាងឱ្យតែរួចពីដៃ ហើយចុងក្រោយត្រូវបានជម្រុះចោល។ ការបំពេញភារកិច្ចរបស់ខ្លួន មិនមែនជារឿងតូចតាចទេ មនុស្សត្រូវបានបើកសម្ដែងខ្លាំងបំផុតនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្ស ដោយផ្អែកលើការប្រព្រឹត្តជាប់លាប់របស់ពួកគេ ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ។ តើវាមានន័យយ៉ាងណា នៅពេលដែលនរណាម្នាក់មិនបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ? វាមានន័យថា ពួកគេមិនទទួលយកសេចក្ដីពិត ឬពិតជាប្រែចិត្ត ឡើយ ហើយត្រូវបានជម្រុះចោលដោយព្រះជាម្ចាស់។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយត្រូវបានដកហូតតំណែង តើរឿងនេះតំណាងឱ្យអ្វី? នេះគឺជា ឥរិយាបថរបស់ដំណាក់ព្រះជាម្ចាស់ចំពោះមនុស្សបែបនេះ ហើយជាការពិតណាស់ វាក៏តំណាងឱ្យឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្សបែបនេះផងដែរ។ ដូច្នេះ តើឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្សគ្មានប្រយោជន៍ដូចជាមនុស្សទាំងនេះគឺជាអ្វី? ទ្រង់ស្អប់ខ្ពើម និងបដិសេធពួកគេ ថ្កោលទោសពួកគេ និងជម្រុះពួកគេចោល។ ដូច្នេះ តើអ្នករាល់គ្នានៅតែចង់សោយសុខនឹងផលប្រយោជន៍នៃឋានៈ និងធ្វើជាអ្នកដឹកនាំក្លែងក្លាយទៀតឬ?

បន្ទាប់ពីមនុស្សមកជឿលើព្រះជាម្ចាស់ តើអ្វីជារឿងដែលឈឺចាប់ និងពិបាកចិត្តបំផុតដែលអាចកើតឡើងចំពោះពួកគេ? រឿងធំបំផុតនោះគឺគ្មានអ្វីក្រៅពីការដឹងថា ពួកគេត្រូវបានជម្រះចេញ ឬបណ្ដេញចេញ ហើយថាពួកគេត្រូវបានបើកសម្ដែង និងជម្រុះចោលដោយព្រះជាម្ចាស់ឡើយ ពោលនេះជារឿងដែលឈឺចាប់ និងសោកសៅបំផុត ហើយគ្មាននរណាម្នាក់ចង់ឱ្យរឿងនេះកើតឡើងចំពោះខ្លួនឡើយ បន្ទាប់ពីពួកគេមកជឿលើព្រះជាម្ចាស់។ ដូច្នេះ តើមនុស្សអាចជៀសវាងកុំឱ្យរឿងនេះកើតឡើងចំពោះខ្លួនដោយរបៀបណា? យ៉ាងហោចណាស់ ពួកគេត្រូវតែប្រព្រឹត្តស្របតាមមនសិការរបស់ខ្លួន ពោលគឺ ដំបូងពួកគេត្រូវតែរៀនពីរបៀបបំពេញទំនួលខុសត្រូវរបស់ខ្លួន ពួកគេដាច់ខាតមិនត្រូវធ្វើឱ្យតែរួចពីដៃឡើយ ហើយពួកគេមិនត្រូវបង្អែបង្អង់នូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេឡើយ។ ដោយសារអ្នកគឺជាមនុស្សម្នាក់ ដូច្នេះអ្នកគួរតែសញ្ជឹងគិតពីទំនួលខុសត្រូវរបស់មនុស្សម្នាក់ដែរ។ ទំនួលខុសត្រូវដែលអ្នកគ្មានជំនឿឱ្យតម្លៃខ្ពស់បំផុត ដូចជា ភាពកតញ្ញូ ការទំនុកបម្រុងឪពុកម្តាយ និងការបង្កើតកេរ្តិ៍ឈ្មោះសម្រាប់គ្រួសារជាដើម មិនចាំបាច់លើកមកនិយាយនោះទេ។ ទាំងអស់នេះគឺសុទ្ធតែឥតអសារ និងគ្មានន័យពិតប្រាកដនោះទេ។ តើ មនុស្សម្នាក់គួរបំពេញទំនួលខុសត្រូវកម្រិតអប្បបរមាបំផុតអ្វីខ្លះ? អ្វីដែលជាក់ស្តែងបំផុត គឺរបៀបដែលអ្នកបំពេញភារកិច្ចឱ្យបានល្អនៅពេលឥឡូវនេះ។ ការដែលពេញចិត្តត្រឹមតែការធ្វើឱ្យរួចតែពីដៃ មិនមែនជាការបំពេញទំនួលខុសត្រូវរបស់អ្នកឡើយ ហើយការនិយាយត្រឹមតែពាក្យពេចន៍ និងគោលលទ្ធិ ក៏មិនមែនជាការបំពេញទំនួលខុសត្រូវរបស់អ្នកដែរ។ មានតែការអនុវត្តសេចក្តីពិត និងការធ្វើអ្វីៗស្របទៅតាមគោលការណ៍ប៉ុណ្ណោះ ទើបជាការបំពេញទំនួលខុសត្រូវរបស់អ្នក។ មានតែនៅពេលដែលការអនុវត្តសេចក្តីពិតរបស់អ្នកមានប្រសិទ្ធភាព និងមានប្រយោជន៍ដល់មនុស្សប៉ុណ្ណោះ ទើបអ្នកពិតជាបានបំពេញទំនួលខុសត្រូវរបស់អ្នក។ មិនថាអ្នកកំពុងបំពេញភារកិច្ចអ្វីនោះទេ មានតែពេលដែលអ្នកខ្ជាប់ខ្ជួនក្នុងការប្រព្រឹត្តស្របតាមគោលការណ៍សេចក្តីពិតក្នុងគ្រប់កិច្ចការប៉ុណ្ណោះ ទើបអ្នកពិតជាបានបំពេញទំនួលខុសត្រូវរបស់អ្នកយ៉ាងពិតប្រាកដ។ ការធ្វើឱ្យរួចតែពីដៃ ស្របតាមរបៀបបែបមនុស្សនៃការធ្វើកិច្ចការ គឺជាការធ្វើបែបបង្គ្រប់កិច្ច មានតែការប្រកាន់ខ្ជាប់តាមគោលការណ៍សេចក្តីពិតប៉ុណ្ណោះ ទើបជាការបំពេញភារកិច្ច និងបំពេញទំនួលខុសត្រូវរបស់អ្នកបានត្រឹមត្រូវ។ ហើយនៅពេលដែលអ្នកបំពេញទំនួលខុសត្រូវរបស់អ្នក តើនេះមិនមែនជាការបង្ហាញនូវភាពស្មោះត្រង់ទេឬអី? នេះគឺជាការបង្ហាញនូវ ការបំពេញភារកិច្ចរបស់អ្នកដោយស្មោះត្រង់។ ទាល់តែអ្នកមានស្មារតីទទួលខុសត្រូវនេះ ការតាំងចិត្ត និងបំណងប្រាថ្នានេះ ហើយមានការបង្ហាញនូវភាពស្មោះត្រង់នេះចំពោះភារកិច្ចរបស់អ្នក នោះព្រះជាម្ចាស់នឹងទតមើលមកអ្នកដោយការពេញព្រះហឫទ័យ និងទទួលស្គាល់អ្នក។ ប្រសិនបើអ្នកគ្មានសូម្បីតែស្មារតីទទួលខុសត្រូវនេះផង នោះព្រះជាម្ចាស់នឹងចាត់ទុកអ្នកជាមនុស្សទំនេរឥតការធ្វើ មនុស្សល្ងីល្ងើពកថ្ងាស ហើយនឹងស្អប់ខ្ពើមអ្នកមិនខាន។ តាមទស្សនៈបែបមនុស្ស វាមានន័យថា មិនគោរពអ្នក មិនចាត់ទុកអ្នកជាសំខាន់ និងមើលងាយអ្នក។ វាប្រៀបដូចជា នៅពេលដែលអ្នកទាក់ទងជាមួយនរណាម្នាក់មួយរយៈ ហើយអ្នកឃើញពួកគេនិយាយអំពីរឿងដែលរវើរវាយ និងមិនជាក់ស្ដែង ហើយនិយាយប៉ប៉ាច់ប៉ប៉ោចអំពីរឿងដែលមិនប្រាកដប្រជា ហើយអ្នកកត់សម្គាល់ឃើញថា ពួកគេចូលចិត្តអួតអាង និងនិយាយអួតជ្រុល ហើយថាពួកគេមិនអាចទុកចិត្តបាន តើអ្នកនឹងគោរពពួកគេដែរឬទេ? តើអ្នកហ៊ានប្រគល់កិច្ចការណាមួយឱ្យពួកគេដែរឬទេ? ប្រហែលជាពួកគេនឹងពន្យារពេលកិច្ចការដែលអ្នកប្រគល់ឱ្យពួកគេ ដោយសារហេតុផលនេះ ឬហេតុផលនោះ ដូច្នេះ អ្នកនឹងមិនហ៊ានប្រគល់អ្វីទៅឱ្យមនុស្សបែបនោះឡើយ។ អ្នកនឹងស្អប់ខ្ពើមពួកគេចេញពីបាតចិត្តរបស់អ្នក ហើយអ្នកនឹងសោកស្ដាយដែលធ្លាប់បានទាក់ទងជាមួយពួកគេ។ អ្នកនឹងមានអារម្មណ៍ថាសំណាងហើយ ដែលអ្នកមិនបានប្រគល់អ្វីឱ្យពួកគេ ហើយអ្នកនឹងគិតថា ប្រសិនបើអ្នកបានប្រគល់ឱ្យពួកគេមែន នោះអ្នកមុខជាសោកស្ដាយអស់មួយជីវិតមិនខាន។ ឧបមាថា អ្នកទាក់ទងជាមួយនរណាម្នាក់ ហើយតាមរយៈការសន្ទនា និងការទាក់ទងជាមួយពួកគេ អ្នកឃើញថា មិនត្រឹមតែពួកគេមានភាពជាមនុស្សល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានស្មារតីទទួលខុសត្រូវទៀតផង ហើយនៅពេលដែលអ្នកប្រគល់កិច្ចការឱ្យពួកគេ សូម្បីតែអ្នកគ្រាន់តែនិយាយអ្វីមួយធម្មតាៗទៅកាន់ពួកគេក៏ដោយ ក៏ពួកគេចងចាំទុកក្នុងចិត្តដែរ ហើយពួកគេគិតរកវិធីចាត់ចែងកិច្ចការនោះឱ្យបានល្អដើម្បីបំពេញចិត្តអ្នក ហើយប្រសិនបើពួកគេមិនបានចាត់ចែងកិច្ចការដែលអ្នកបានប្រគល់ឱ្យពួកគេបានល្អទេនោះ ពួកគេមានអារម្មណ៍ខ្មាសអៀនក្នុងការជួបអ្នកនៅពេលក្រោយ នេះគឺជាមនុស្សដែលមានស្មារតីទទួលខុសត្រូវ។ ឱ្យតែគេប្រាប់អ្វីមួយ ឬចាត់តាំងអ្វីមួយឱ្យពួកគេ មិនថាដោយអ្នកដឹកនាំ អ្នកធ្វើការ ឬខាងលើនោះទេ មនុស្សដែលមានស្មារតីទទួលខុសត្រូវនឹងតែងតែគិតថា៖ «ដោយសារតែពួកគេឱ្យតម្លៃខ្ញុខ្ពស់បែបនេះ ខ្ញុំត្រូវតែចាត់ចែងរឿងនេះឱ្យបានល្អ និងមិនធ្វើឱ្យពួកគេខកចិត្តឡើយ»។ តើអ្នកនឹងមិនមានអារម្មណ៍ស្ងប់ចិត្តទេឬអី ក្នុងការប្រគល់កិច្ចការទៅឱ្យមនុស្សបែបនេះ ដែលមានមនសិការ និងវិចារណញ្ញាណនោះ? មនុស្សដែលអ្នកអាចប្រគល់កិច្ចការឱ្យបាន ច្បាស់ជាមនុស្សដែលអ្នកពេញចិត្ត និងទុកចិត្តមិនខាន។ ជាពិសេស ប្រសិនបើពួកគេបានចាត់ចែងកិច្ចការជាច្រើនឱ្យអ្នក ហើយបានអនុវត្តកិច្ចការទាំងនោះយ៉ាងយកចិត្តទុកដាក់បំផុត និងបានបំពេញតាមតម្រូវការរបស់អ្នកទាំងស្រុង នោះអ្នកនឹងគិតថា ពួកគេគឺជាមនុស្សគួរឱ្យទុកចិត្ត។ នៅក្នុងចិត្តរបស់អ្នក អ្នកនឹងកោតសរសើរ និងឱ្យតម្លៃពួកគេខ្ពស់។ មនុស្សសុខចិត្តទាក់ទងជាមួយមនុស្សប្រភេទនេះ ចុះទម្រាំព្រះជាម្ចាស់ទៀត។ តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់នឹងសុខព្រះហឫទ័យផ្ទុកផ្តាក់ កិច្ចការរបស់ពួកជំនុំ និងភារកិច្ចដែលមនុស្សមានកាតព្វកិច្ចត្រូវធ្វើ ទៅឱ្យមនុស្សដែលមិនគួរឱ្យទុកចិត្តដែរឬទេ? (ទេ ទ្រង់នឹងមិនធ្វើបែបនោះឡើយ)។ នៅពេលដែលព្រះជាម្ចាស់ប្រគល់កិច្ចការរបស់ពួកជំនុំមួយផ្នែកទៅឱ្យនរណាម្នាក់ តើព្រះជាម្ចាស់រំពឹងទុកអ្វីពីពួកគេ? ទីមួយ ព្រះជាម្ចាស់សង្ឃឹមថា ពួកគេឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវ ថាពួកគេចាត់ទុកកិច្ចការមួយផ្នែកនេះជារឿងធំមួយ ហើយចាត់ចែងវាឱ្យសមស្របតាមនោះ និងធ្វើវាឱ្យបានល្អ។ ទីពីរ ព្រះជាម្ចាស់សង្ឃឹមថា ពួកគេគឺជាមនុស្សដែលស័ក្តិសមនឹងការទុកចិត្ត ដែលមិនថាពេលវេលាកន្លងផុតទៅយូរប៉ុនណា ហើយមិនថាស្ថានភាពផ្លាស់ប្ដូរយ៉ាងណានោះទេ ស្មារតីទទួលខុសត្រូវរបស់ពួកគេមិនប្រែប្រួលឡើយ ហើយសេចក្ដីសុចរិតរបស់ពួកគេអាចស៊ូនឹងការល្បងលបាន។ ប្រសិនបើពួកគេជាមនុស្សគួរឱ្យទុកចិត្ត នោះព្រះជាម្ចាស់នឹងទុកព្រះហឫទ័យ ហើយទ្រង់នឹងលែងមើលការខុសត្រូវ ឬតាមដានរឿងនេះទៀតហើយ។ នេះគឺដោយសារតែ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទ្រង់ទុកព្រះហឫទ័យលើពួកគេ ហើយពួកគេប្រាកដជានឹងបំពេញកិច្ចការដែលត្រូវបានប្រគល់ឱ្យពួកគឱ្យបានសម្រេចដោយគ្មានបញ្ហាអ្វីកើតឡើងឡើយ។ នៅពេលដែលព្រះជាម្ចាស់ផ្ទុកផ្តាក់កិច្ចការទៅ ឱ្យនរណាម្នាក់ តើនេះមិនមែនជាអ្វីដែលទ្រង់សង្ឃឹមចង់បានទេឬ អី? (មែនហើយ ជាអ្វីដែលទ្រង់សង្ឃឹមចង់បាន)។ ដូច្នេះ នៅពេលដែលអ្នកយល់ពីព្រះរាជបំណង របស់ព្រះជាម្ចាស់ហើយ នោះអ្នកគួរតែដឹងនៅក្នុងចិត្តរបស់អ្នកថា ត្រូវប្រព្រឹត្តបែបណាដើម្បីបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានការពេញព្រះហឫទ័យនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ និងទទួលបានការទុកព្រះហឫទ័យពីព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចមើលឃើញយ៉ាងច្បាស់នូវការបង្ហាញ និងអាកប្បកិរិយារបស់ខ្លួនឯង ព្រមទាំងឥរិយាបថដែលអ្នកប្រព្រឹត្តចំពោះភារកិច្ចរបស់អ្នក ប្រសិនបើអ្នកមានការស្គាល់ខ្លួនឯង ហើយអ្នកដឹងថាអ្នកជាអ្វី នោះតើវាមិនមែនជារឿងគ្មានហេតុផលសម្រាប់អ្នកទេឬអី ក្នុងការទាមទារឱ្យព្រះជាម្ចាស់ពេញព្រះហឫទ័យនឹងអ្នក ផ្ដល់ព្រះគុណដល់អ្នក ឬផ្តល់ការប្រព្រឹត្តពិសេសដល់អ្នកនោះ? (មែនហើយ វាគ្មានហេតុផលទេ)។ សូម្បីតែអ្នកក៏ ឱ្យតម្លៃខ្លួនឯងទាបដែរ សូម្បីតែអ្នកក៏មើលងាយខ្លួនឯងដែរ ប៉ុន្តែអ្នកបែរជាទាមទារឱ្យព្រះជាម្ចាស់ពេញព្រះហឫទ័យនឹងអ្នកទៅវិញ ពោលរឿងនេះមិនសមហេតុផលសោះឡើយ។ ហេតុនេះ ប្រសិនបើអ្នកចង់ឱ្យព្រះជាម្ចាស់ពេញព្រះហឫទ័យនឹងអ្នក យ៉ាងហោចណាស់ អ្នកគួរតែធ្វើខ្លួនឯង គួរឱ្យទុកចិត្តនៅក្នុងភ្នែករបស់អ្នកដទៃ។ ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃទុកចិត្តអ្នក ពេញចិត្តនឹងអ្នក និងឱ្យតម្លៃ​អ្នកខ្ពស់ នោះយ៉ាងហោចណាស់ អ្នកត្រូវតែមានភាពថ្លៃថ្នូរ មានស្មារតីទទួលខុសត្រូវ រក្សាពាក្យសម្ដី និងគួរឱ្យទុកចិត្ត។ លើសពីនេះ អ្នកត្រូវតែប្រែជាឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងស្មោះត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកនឹងបានបំពេញជាសំខាន់តាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះអ្នក។ ពេលនោះ នឹងមានសង្ឃឹមថា អ្នកនឹងទទួលបានការទទួលស្គាល់ពីព្រះជាម្ចាស់ហើយ មែនទេ? (មែនហើយ)។ តើរឿងនេះពិបាកសម្រេចបានដែរឬទេ? (ទេ)។ សូម្បីតែមនុស្សក៏ចង់រកមនុស្សដែលអាចពឹងពាក់បាន ដើម្បីចាត់ចែងកិច្ចការ និងទាក់ទងជាមួយដែរ ដូច្នេះ តើវាហួសហេតុដែរឬទេ ដែលព្រះជាម្ចាស់ទាមទារឱ្យមនុស្សបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងដែលទ្រង់មានសេចក្ដីតម្រូវដ៏តូចមួយនេះចំពោះពួកគេនោះ? (ទេ វាមិនហួសហេតុទេ)។ វាមិនហួសហេតុទាល់តែសោះ។ នេះមិនមែនជាការធ្វើឱ្យពិបាកដល់មនុស្សទេ ផ្ទុយទៅវិញ វាជារឿងត្រឹមត្រូវណាស់។ គ្រាន់តែថាមនុស្សមិនមានចិត្តចង់ធ្វើបែបនេះ ពួកគេមិនពិចារណាពីព្រះតម្រិះរបស់ព្រះជាម្ចាស់ ឬយល់ពីបំណងព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ។ អ្វីៗដែលពួកគេអាចធ្វើបាន គឺចេះតែទាមទារពីព្រះជាម្ចាស់ឥតឈប់ ដោយនិយាយថា៖ «ព្រះអង្គត្រូវតែប្រទានពរដល់ទូលបង្គំ! ព្រះអង្គត្រូវតែផ្ដល់ព្រះគុណដល់ទូលបង្គំ! ព្រះអង្គត្រូវតែដឹកនាំទូលបង្គំ!» ដូច្នេះ តើអ្វីទៅដែលអ្នកកំពុងធ្វើ? តើអ្នកពិតជាអាចបំពេញភារកិច្ចរបស់អ្នកស្របតាមមនសិការ និងវិចារណញ្ញាណរបស់អ្នកបានដែរឬទេ? តើអ្នកពិតជាអាចឧស្សាហ៍ព្យាយាម មានទំនួលខុសត្រូវ និងស្មោះត្រង់បានដែរឬទេ? នេះគឺជាលក្ខខណ្ឌអប្បបរមាដែលអ្នកត្រូវបំពេញ ដើម្បីឱ្យព្រះជាម្ចាស់ទតមកអ្នកដោយពេញព្រះហឫទ័យ។ តើនេះមិនមែនជាទិសដៅដែលមនុស្សគួរធ្វើការ ប្រឹងប្រែងទៅរកទេឬអី? ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែខិតខំទៅរកសេចក្ដីពិត និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នេះគឺជាទិសដៅដែលមនុស្សគួរធ្វើការប្រឹងប្រែងទៅរក។ មនុស្សត្រូវតែធ្វើការប្រឹងប្រែងក្នុងទិសដៅដ៏ត្រឹមត្រូវ។ តាមរបៀបនោះ ការស្វែងរករបស់ពួកគេដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ នឹងលែងអសារឥតការទៀតហើយ។

តើនៅក្នុងចិត្តរបស់ពួកគេ អ្នកដឹកនាំក្លែងក្លាយមានមនោគតិណាមួយនៃការបំពេញព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ នៅក្នុងជំនឿរបស់ពួកគេលើទ្រង់? តើពួកគេមានឥរិយាបថណាមួយដែរឬទេ? ច្បាស់ណាស់ថា គ្មានទេ។ ពួកគេគ្រាន់តែមានឥរិយាបថ រស់នៅឱ្យតែបានៗនៅក្នុងលោកីយ៍ ហើយពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមរបៀបដូចគ្នានេះ គឺក្នុងរបៀបដែលមិនគោរព និងមើលងាយដោយមិនគួរឱ្យជឿឡើយ។ ឥរិយាបថប្រភេទបែបនេះ នាំភាពអាម៉ាស់ និងប្រមាថដល់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ ហើយព្រះជាម្ចាស់ស្អប់ខ្ពើមវា។ ព្រះជាម្ចាស់បានប្រទានដល់ពួកគេនូវជីវិត និងអ្វីៗគ្រប់យ៉ាងដែលមនុស្សមាន ប៉ុន្តែឥរិយាបថរបស់ពួកគេចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ ចំពោះការរៀបចំ ដែលព្រះជាម្ចាស់ធ្វើសម្រាប់ជីវិតរបស់ពួកគេ ចំពោះការផ្ទុកផ្តាក់ និងកិច្ចការរបស់ព្រះជាម្ចាស់ និងចំពោះភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ គឺជាឥរិយាបថ មើលស្រាល និងមើលងាយ។ តើ «ការមើលងាយ» មានន័យដូចម្តេច? វាមានន័យថា ចង់រស់នៅឱ្យតែបានៗមួយថ្ងៃៗ និងមិនចាត់ទុកអ្វីជារឿងសំខាន់ឡើយ។ ព្រះជាម្ចាស់ស្អប់ខ្ពើមឥរិយាបថនេះរបស់ពួកគេយ៉ាងខ្លាំងបំផុត ហើយនោះហើយជាមូលហេតុដែលទ្រង់ដាច់ខាតនឹងមិនសង្គ្រោះមនុស្សបែបនេះឡើយ។ តើអ្វីទៅដែលអ្នករាល់គ្នាគួរយល់នៅត្រង់នេះ? គឺថា អ្នកមិនត្រូវធ្វើជាមនុស្សបែបនេះឡើយ។ មិនថាអ្នកជាអ្នកដឹកនាំ ឬអត់នោះទេ ឬថាតើអ្នកមានមហិច្ឆិតា និងបំណងប្រាថ្នាចង់ក្លាយជាអ្នកដឹកនាំ ឬអត់នោះទេ ដំបូងអ្នកត្រូវរៀនពីរបៀបប្រព្រឹត្តខ្លួន ហើយដាច់ខាតមិនត្រូវធ្វើជាមនុស្សទំនេរឥតការធ្វើ មនុស្សចំណាយពេលអត់ប្រយោជន៍ ឬមនុស្សថោកទាបឡើយ។ នៅក្នុងការប្រព្រឹត្តរបស់អ្នក អ្នកត្រូវតែមានឥរិយាបថត្រឹមត្រូវ មានភាពថ្លៃថ្នូរ និងមានស្មារតីទទួលខុសត្រូវ ពោលនេះគឺជាលក្ខខណ្ឌអប្បបរមា។ ទាល់តែនៅលើមូលដ្ឋានគ្រឹះនេះ ទើបមនុស្សអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងបំពេញការផ្ទុកផ្តាក់របស់ទ្រង់ឱ្យបានសម្រេច។ ប្រសិនបើអ្នកគ្មានសូម្បីតែមូលដ្ឋានគ្រឹះបន្តិចបន្តួចនេះផង នោះគ្មានអ្វីត្រូវនិយាយឡើយ។

ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៧)

បន្ទាប់៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ