ការរីកចម្រើន តាមរយៈបរាជ័យ និងឧបសគ្គ
ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយនៅខែធ្នូ ឆ្នាំ២០២០។ ពីរបីខែក្រោយមក គេបានជ្រើសរើសខ្ញុំធ្វើជាអ្នកដឹកនាំពួកជំនុំ។ នៅពួកជំនុំ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយក៏មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយដែរ។ ខ្ញុំបានដាក់ចិត្តដាក់កាយធ្វើយ៉ាងក្លៀវក្លា។ មួយរយៈក្រោយមក ខ្ញុំចាប់ផ្ដើមយល់ដឹងពីកិច្ចការពួកជំនុំបានច្រើនបន្តិច តែខ្ញុំនៅជួបបញ្ហាជាច្រើនដដែល។ អ្នកជឿថ្មីជាច្រើនមិនបានចូលរួមការជួបជុំជាទៀងទាត់ទេ។ អ្នកខ្លះរងឥទ្ធិពលពីពាក្យចចាមអារ៉ាមតាមអនឡាញ អ្នកខ្លះទៀតមិនទាន់យល់ពីសេចក្តីពិតនៃនិមិត្ត ហើយពួកគេមិនបានដោះស្រាយសញ្ញាណសាសនា ហើយអ្នកផ្សេងទៀតមិនអាចចូលរួមការជួបជុំជាទៀងទាត់ ព្រោះតែពួកគេរវល់ធ្វើការខ្លាំងពេក។ ដោយប្រឈមនឹងបញ្ហាទាំងនេះ ខ្ញុំខំប្រកបគ្នាពីព្រះទ័យព្រះជាមួយពួកគេ ដើម្បីជួយពួកគេឱ្យយកឈ្នះការលំបាករបស់ពួកគេ តែបញ្ហារបស់ពួកគេនៅតែមិនត្រូវបានដោះស្រាយដដែល។ ខ្ញុំមួរម៉ៅខ្លាំងណាស់។ ខ្ញុំចេះតែសួរខ្លួនឯងថា ហេតុអ្វីក៏ការខិតខំរបស់ខ្ញុំទាំងប៉ុន្មាននៅមិនបានផ្លែផ្កាបែបនេះ? ហេតុអ្វីក៏ព្រះមិនប្រទានពរដល់ពួកជំនុំយើង? បងប្អូនប្រុសស្រីមានបញ្ហាជាច្រើន ហើយការប្រកបគ្នាជាច្រើនរបស់ខ្ញុំជាមួយពួកគេនៅមិនបានផលទៀត។ តើខ្ញុំមិនស័ក្ដិសមធ្វើជាអ្នកដឹកនាំទេឬ? ខ្ញុំបានបន្ទោសខ្លួនឯងថា៖ ខ្ញុំជាដើមចមនៃបញ្ហាគ្រប់យ៉ាង។ បើខ្ញុំទទួលខុសត្រូវ ដោយលាឈប់ រួចអ្នកផ្សេងអាចបម្រើជាអ្នកដឹកនាំ នោះការងារនឹងកាន់តែជោគជ័យមិនខាន។ ខ្ញុំចាប់ផ្ដើមបាក់ទឹកចិត្ត និងអកម្មក្នុងភារកិច្ច ដោយរង់ចាំឱ្យគេដកខ្ញុំចេញប៉ុណ្ណោះ។ ខ្ញុំថែមទាំងគិតថា៖ ព្រះកំពុងរៀបចំការលំបាកទាំងនេះ ដើម្បីលាតត្រដាងខ្ញុំ ឱ្យខ្ញុំបរាជ័យ ហើយទ្រង់ប្រហែលជាបោះបង់ខ្ញុំហើយ។ គំនិតនេះធ្វើឱ្យខ្ញុំភ័យណាស់។ តើព្រះបានបោះបង់ខ្ញុំហើយឬ? ខ្ញុំបានអធិស្ឋានស្វែងរក តែខ្ញុំនៅមិនទាន់យល់ពីព្រះទ័យព្រះដដែល។ គំនិតដែលយល់ថា ព្រះបានបោះបង់ខ្ញុំ ចេះតែផុសឡើងពីមួយពេលទៅមួយពេល។ ខ្ញុំធ្លាក់ទឹកចិត្ត នឿយហត់ និងចុះខ្សោយជានិច្ច។ ខ្ញុំខ្លាចណាស់ និងយល់ថា ខ្ញុំលែងមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទៀតហើយ។
ពេលនោះ ពួកជំនុំខ្វះប្រធានក្រុមមួយចំនួន ដូច្នេះ អ្នកគ្រប់គ្រងបានណែនាំអ្នកជឿថ្មីខ្លះ។ ខ្ញុំបានតែងតាំងពួកគេដោយផ្ទាល់ ដោយមិនបានមើលច្រើនឡើយ។ ដំបូង គ្រប់គ្នានិយាយថា ពួកគេចង់កាន់ភារកិច្ចមួយ តែពេលពួកគេចាប់ផ្ដើមភារកិច្ចជាផ្លូវការ ម្នាក់ថា ខ្លួនជាប់រវល់នឹងធ្វើការ ដូច្នេះ គាត់មិនអាចបំពេញភារកិច្ចបានទេ ហើយម្នាក់ទៀតចូលរួមការជួបជុំយឺត ព្រោះតែបញ្ហាគ្រួសារ ក៏មិនអាចបំពេញភារកិច្ចបានដែរ។ នៅទីបំផុត ខ្ញុំសម្រេចថា ពីពេលនេះទៅ ពួកគេមិនសមនឹងបណ្ដុះបណ្ដាលឱ្យក្លាយជាប្រធានក្រុមឡើយ។ ខ្ញុំខំដោះស្រាយការលំបាកទាំងប៉ុន្មានដែលខ្ញុំជួបក្នុងការងារដែរ តែមួយរយៈក្រោយមក មិនទទួលបានលទ្ធផលទេ។ ពេលនោះ ខ្ញុំពិតជាមិនអាចទ្រាំនឹងបរាជ័យទាំងនោះបានឡើយ។ ខ្ញុំប្រែជាអវិជ្ជមាន ហើយថែមទាំងខ្លាចក្នុងការប្រឈមនឹងការមកដល់នៃថ្ងៃថ្មីនីមួយៗទៀតផង។ ខ្ញុំមិនចង់ធ្វើកិច្ចការពួកជំនុំទៀតឡើយ ព្រោះខ្ញុំខំធ្វើការណាស់ តែមិនសម្រេចបានអ្វីសោះ។ ខ្ញុំគិតថា ខ្ញុំកំពុងជួបស្ថានភាពនេះ ព្រោះតែព្រះចង់លាតត្រដាងខ្ញុំថាអសមត្ថភាព តែខ្ញុំមិនចង់បណ្ដោយខ្លួនឱ្យលិចលង់ទៅក្នុងសភាពនោះទេ។ ខ្ញុំមិនចង់ឱ្យគេលាតត្រដាង និងផាត់ខ្ញុំចោល ព្រោះតែខ្ញុំមិនទទួលបានលទ្ធផលក្នុងភារកិច្ចទេ។
ម្ដងនោះនៅក្នុងការថ្វាយបង្គំ ខ្ញុំបានឃើញ «គោលការណ៍នៃការទទួលខុសត្រូវ និងការលាឈប់»៖ «អ្នកដឹកនាំ ឬអ្នកធ្វើការក្លែងក្លាយណាដែលមិនទទួលយកសេចក្តីពិត ដែលមិនអាចធ្វើកិច្ចការជាក់ស្ដែង និងអ្នកដែលគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធក្នុងពេលមួយរយៈ ត្រូវតែទទួលខុសត្រូវ និងលាឈប់» (គោលការណ៍ ១៧០ ចំណុច នៃការអនុវត្តសេចក្ដីពិត)។ ការអានអត្ថបទនេះ ធ្វើឱ្យខ្ញុំកាន់តែមានអារម្មណ៍អវិជ្ជមាន។ តើខ្ញុំគួរធ្វើបែបណាទៅ? ខ្ញុំមិនបានដោះស្រាយបញ្ហាណាមួយរបស់ពួកជំនុំទេ ដូច្នេះ ខ្ញុំជាអ្នកដឹកនាំក្លែងក្លាយហើយ។ តើខ្ញុំគួរទទួលខុសត្រូវ និងលាឈប់ ដើម្បីឱ្យអ្នកមានសមត្ថភាពធ្វើជាអ្នកដឹកនាំឬទេ? ខ្ញុំបានធ្វើកិច្ចការពួកជំនុំបីខែហើយ តែខ្ញុំនៅមិនទាន់ដោះស្រាយបញ្ហាដែលកើតមានក្នុងពួកជំនុំបានទៀត។ ហើយក្នុងស្ថានភាពនោះ ខ្ញុំនៅមិនទាន់យល់ពីព្រះទ័យព្រះ និងមានវឌ្ឍនភាពនៅឡើយទេ។ ខ្ញុំថែមទាំងយល់ច្រឡំចំពោះព្រះទៀតផង។ ខ្ញុំបារម្ភថា អ្នកដទៃនឹងគិតថា ខ្ញុំអវិជ្ជមានខ្លាំងពេក ហើយខ្ញុំខ្លាចថា ពួកគេនឹងបន្ទោសខ្ញុំដែលគិតចង់លាឈប់។
ក្នុងការជួបជុំមួយ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយនេះ៖ «អ្នកជាមនុស្សធម្មតា។ អ្នកត្រូវតែឆ្លងកាត់បរាជ័យជាច្រើន ឆ្លងកាត់អំឡុងពេលនៃភាពច្របូកច្របល់ជាច្រើន ឆ្លងកាត់ការវិនិច្ឆ័យខុសឆ្គងជាច្រើន និងការដើរផ្លូវខុសជាច្រើន។ ការនេះអាចលាតត្រដាងទាំងស្រុងពីនិស្ស័យពុករលួយរបស់អ្នក ពីចំណុចខ្សោយ និងចំណុចខ្វះខាតរបស់អ្នក ពីភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់អ្នក ដែលញ៉ាំងឱ្យអ្នកពិនិត្យមើលឡើងវិញ និងស្គាល់ខ្លួនឯង ព្រមទាំងដើម្បីមានចំណេះដឹងអំពីសព្វានុភាព និងព្រះប្រាជ្ញាញាណពេញលេញរបស់ព្រះជាម្ចាស់ ដែលជានិស្ស័យរបស់ទ្រង់។ អ្នកនឹងទទួលបានចំណុចវិជ្ជមានពីទ្រង់ ហើយចាប់ផ្ដើមយល់ដឹងពីសេចក្តីពិត និងចូលទៅក្នុងតថភាព។ នៅក្នុងបទពិសោធរបស់អ្នក នឹងមានរឿងជាច្រើនដែលមិនស្របតាមការចង់បានរបស់អ្នក រួចធ្វើឱ្យអ្នកមានអារម្មណ៍ថាគ្មានអំណាច។ ជាមួយរឿងទាំងនេះ អ្នកត្រូវតែស្វែងរក និងរង់ចាំ។ អ្នកត្រូវតែទទួលចម្លើយពីព្រះជាម្ចាស់ចំពោះរឿងនីមួយៗ ហើយតាមរយៈព្រះបន្ទូលរបស់ទ្រង់ អ្នកត្រូវយល់ពីសារជាតិពិតនៃរឿងនីមួយៗ និងសារជាតិនៃប្រភេទមនុស្សម្នាក់ៗ។ មនុស្សសាមញ្ញធម្មតាប្រព្រឹត្តបែបនេះឯង» (ដកស្រង់ពី «ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះមានព្រះប្រាជ្ញាញាណណាស់។ ខ្ញុំទទួលបានការយល់ដឹងថ្មីអំពីរបៀបដែលព្រះធ្វើការ។ ខ្ញុំឃើញថា គ្រប់គ្នាត្រូវតែឆ្លងកាត់បរាជ័យ និងឧបសគ្គខ្លះនៅក្នុងភារកិច្ចរបស់ខ្លួន ហើយព្រះមានព្រះទ័យចង់ឱ្យខ្ញុំស្វែងរកសេចក្តីពិត តាមរយៈរឿងទាំងអស់នេះ ដើម្បីដោះស្រាយសេចក្តីពុករលួយខ្ញុំ។ ខ្ញុំបានជួបការលំបាកខ្លះក្នុងភារកិច្ច និងជួបបរាជ័យខ្លះ តែខ្ញុំមិនបានស្វែងរកសេចក្ដីពិត ឬព្រះទ័យព្រះទេ។ ខ្ញុំតែងតែគិតពីការលាឈប់ប៉ុណ្ណោះ ព្រោះខ្ញុំយល់ថា ខ្ញុំមិនទទួលបានជោគជ័យក្នុងភារកិច្ច ឬបានធ្វើអ្វីដែលអ្នកដឹកនាំគួរធ្វើនោះទេ។ ខ្ញុំថែមទាំងមិនហ៊ានប្រាប់អ្នកដទៃអំពីសភាពជាក់ស្ដែងរបស់ខ្ញុំទៀតផង។ ខ្ញុំពិតជាល្ងីល្ងើមែន។ ខ្ញុំមិនយល់ពីព្រះទ័យព្រះ ឬយល់ពីមូលហេតុដែលព្រះអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងចំពោះខ្ញុំទេ។ តាមរយៈបន្ទូលព្រះ ខ្ញុំឃើញថា ខ្ញុំត្រឹមជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ ដូច្នេះ វាធម្មតាទេដែលខ្ញុំត្រូវជួបការលំបាក និងបរាជ័យខ្លះនៅក្នុងភារកិច្ចខ្ញុំ។ វាមានព្រះទ័យព្រះនៅក្នុងនោះ។ ដូច្នេះ ខ្ញុំបានបើកចិត្តប្រាប់បងប្អូនប្រុសស្រីអំពីសភាពបច្ចុប្បន្នរបស់ខ្ញុំ និងសុំឱ្យពួកគេជួយខ្ញុំ។ ខ្ញុំក៏ប្រាប់ពួកគេដែរថា ខ្ញុំបានគិតចង់ទទួលខុសត្រូវ ដោយលាឈប់។ ពួកគេមិនបានមើលងាយខ្ញុំទេ តែបែរជាជួយ និងលើកទឹកចិត្តខ្ញុំ ហើយប្រកបគ្នាពីបន្ទូលព្រះទៅវិញ។ ខ្ញុំពិតជារំភើបណាស់។
ពួកគេបានអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាខ្លះឱ្យខ្ញុំស្ដាប់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅក្នុងពេលកំពុងដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ មិនថាអ្នកបានបរាជ័យ ដួលចុះ ត្រូវបានលួសកាត់ ត្រូវបានដោះស្រាយជាមួយ ឬត្រូវបានលាតត្រដាងប៉ុន្មានដងនោះទេ ទាំងអស់នេះមិនមែនជារឿងអាក្រក់ឡើយ។ មិនថាអ្នកត្រូវបានលួសកាត់ ឬដោះស្រាយដោយរបៀបណា ឬមិនថាដោយអ្នកដឹកនាំ អ្នកធ្វើការ ឬបងប្អូនប្រុសស្រីនោះទេ ទាំងអស់នេះសុទ្ធតែជារឿងល្អ។ អ្នកត្រូវតែចងចាំចំណុចនេះ៖ មិនថាអ្នករងទុក្ខលំបាកច្រើនបែបណា តាមពិត អ្នកកំពុងតែទទួលបានប្រយោជន៍ទៅវិញទេ។ អ្នកដែលមានបទពិសោធន៍ អាចបញ្ជាក់ពីការនេះបាន។ មិនថានោះជាការទទួលនូវការលួសកាត់ ការដោះស្រាយ ឬការលាតត្រដាងនោះទេ គឺតែងជារឿងល្អជានិច្ច។ វាមិនមែនជាការថ្កោលទោសនោះទេ តែជាសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ហើយក៏ជាឱកាសល្អបំផុតមួយសម្រាប់ឱ្យអ្នកបានស្គាល់ខ្លួនឯងផងដែរ។ វាអាចផ្លាស់ប្ដូរបទពិសោធជីវិតរបស់អ្នកទៅកាន់កម្រិតមួយថ្មី។ បើគ្មានកិច្ចការទាំងនេះទេ នោះអ្នកនឹងគ្មានឱកាស គ្មានលក្ខខណ្ឌ ក៏គ្មានបរិបទណា ដើម្បីបានសម្រេចនូវការយល់ដឹងអំពីការពិតនៃសេចក្តីពុករលួយរបស់អ្នកដែរ។ ប្រសិនបើអ្នកយល់ដឹងយ៉ាងពិតប្រាកដអំពីសេចក្តីពិត និងអាចរកឃើញសេចក្តីពុករលួយដែលកប់ទុកនៅក្នុងជម្រៅដួងចិត្តរបស់អ្នក បើអ្នកអាចបែងចែកអ្វីៗទាំងនោះបានច្បាស់លាស់ នោះវាជាការល្អហើយ ដ្បិតវាបានដោះស្រាយបញ្ហាធំមួយនៃច្រកចូលទៅក្នុងជីវិត ហើយក៏ជាប្រយោជន៍ដ៏ធំចំពោះការផ្លាស់ប្ដូរនិស្ស័យផងដែរ។ ការអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដគឺជាឱកាសដ៏ល្អបំផុតមួយសម្រាប់អ្នក ដើម្បីប៉ះប៉ូវផ្លូវរបស់អ្នក និងក្លាយជាមនុស្សថ្មីម្នាក់ ហើយក៏ជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបានជីវិតថ្មីដែរ។ នៅពេលដែលអ្នកស្គាល់ខ្លួនឯងយ៉ាងប្រាកដ នោះអ្នកនឹងអាចមើលឃើញថា នៅពេលដែលសេចក្តីពិតក្លាយជាជីវិតរបស់អ្នក នោះវាជារឿងប្រពៃមួយ ព្រោះអ្នកនឹងស្រេកឃ្លានសេចក្តីពិត អនុវត្តសេចក្តីពិត និងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ នេះគឺជារឿងដ៏អស្ចារ្យណាស់! បើអ្នកអាចចាប់យកឱកាសនេះ និងឆ្លុះបញ្ចាំងយ៉ាងអស់ពីចិត្តចំពោះខ្លួនឯង ហើយទទួលបានចំណេះដឹងយ៉ាងពិតប្រាកដអំពីខ្លួនឯង នៅគ្រប់ពេលដែលអ្នកបរាជ័យ ឬជំពប់ដួល នោះនៅក្នុងចំណោមភាពអវិជ្ជមាន និងសេចក្ដីកម្សោយនោះ អ្នកនឹងអាចក្រោកឈរឡើងវិញមិនខាន។ នៅពេលដែលអ្នកបានឆ្លងផុតច្រកទ្វារនេះ នោះអ្នកនឹងអាចបោះជំហានដ៏ធំទៅមុខ ហើយចូលទៅក្នុងតថភាពនៃសេចក្តីពិតមិនខាន» (ដកស្រង់ពី «ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺជាការសង្គ្រោះដល់អស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត ជាការសង្គ្រោះនៃផ្នែកណាមួយរបស់ពួកគេដែលមានបំណង និងការតាំងចិត្ត និងនៃផ្នែកណាមួយដែលជាការចង់បានរបស់ពួកគេចំពោះសេចក្ដីពិត និងសេចក្ដីសុចរិតនៅក្នុងចិត្តរបស់ពួកគេ។ ការតាំងចិត្តរបស់មនុស្សម្នាក់ គឺជាផ្នែកនៃការតាំងចិត្តនៅក្នុងដួងចិត្តរបស់ពួកគេ ដែលចង់បានសេចក្ដីសុចរិត សេចក្ដីល្អ និងសេចក្ដីពិត ហើយប្រកបដោយមនសិការ។ ព្រះជាម្ចាស់សង្គ្រោះផ្នែកនេះរបស់មនុស្ស ហើយតាមរយៈការណ៍នេះ ទ្រង់ផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយរបស់ពួកគេ ដើម្បីឱ្យពួកគេអាចយល់ និងទទួលបានសេចក្ដីពិត ដើម្បីឱ្យសេចក្ដីពុករលួយរបស់ពួកគេអាចត្រូវបានសម្អាត ហើយនិស្ស័យជីវិតរបស់ពួកគេអាចត្រូវបានផ្លាស់ប្ដូរ។ ប្រសិនបើអ្នកមិនមានអ្វីៗទាំងនេះនៅជាមួយអ្នកទេ នោះអ្នកមិនអាចត្រូវបានសង្គ្រោះឡើយ។ ... ហេតុអ្វីបានជាគេនិយាយថា ពេត្រុសគឺជាផលផ្លែមួយប្រភេទ? នោះដោយសារតែមានអ្វីដែលមានតម្លៃនៅក្នុងគាត់ អ្វីដែលស័ក្ដិសមនឹងប្រោសឱ្យបានគ្រប់លក្ខណ៍។ គាត់បានស្វែងរកសេចក្តីពិតនៅក្នុងគ្រប់កិច្ចការ គាត់បានតាំងចិត្ត និងមានបំណងដ៏រឺងមាំ។ គាត់មានហេតុផល គាត់មានបំណងទ្រាំទ្រការលំបាក ហើយគាត់ស្រឡាញ់សេចក្ដីពិតនៅក្នុងចិត្តរបស់គាត់។ គាត់មិនបានបោះបង់នូវអ្វីដែលបានកើតឡើង ហើយគាត់អាចរៀនសូត្រមេរៀនចេញពីរឿងគ្រប់យ៉ាង។ ទាំងអស់នេះគឺជាចំណុចខ្លាំង។ ប្រសិនបើអ្នកគ្មានចំណុចខ្លាំងទាំងនេះទេ នោះមានន័យថា អ្នកមានបញ្ហាហើយ។ អ្នកនឹងមិនងាយទទួលបានសេចក្តីពិត និងបានសង្រ្គោះឡើយ។ ប្រសិនបើអ្នកមិនចេះដកពិសោធន៍ ឬគ្មានពិសោធន៍ទេ នោះអ្នកនឹងមិនអាចដោះស្រាយការលំបាករបស់អ្នកដទៃបានឡើយ។ ដោយសារតែអ្នកមិនអាចអនុវត្ត និងដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ហើយមិនដឹងថាត្រូវធ្វើបែបណា នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ហើយប្រែជាពិបាកចិត្ត សម្រក់ទឹកភ្នែក នៅពេលអ្នកជួបបញ្ហា ប្រែជាអវិជ្ជមាន និងគេចវេះ នៅពេលអ្នករងបរាជ័យតូចតាចមួយចំនួន ហើយជានិច្ចជាកាល ចេះតែមិនអាចឆ្លើយតបតាមវិធីដែលត្រឹមត្រូវបាន ដោយសារតែរឿងទាំងអស់នេះហើយ ទើបអ្នកមិនអាចចូលទៅក្នុងជីវិតបាន» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយបានអានអត្ថបទនេះរួច បងស្រីម្នាក់បានប្រកបគ្នាជាមួយខ្ញុំថា៖ «មិនថាយើងជួបឧបសគ្គ និងបរាជ័យបែបណាទេ យើងគួរតែអធិស្ឋាន និងស្វែងរកព្រះទ័យព្រះ មិនត្រូវបោះបង់សេចក្តីពិត និងភារកិច្ចយើងឡើយ។ ការបោះបង់ភារកិច្ចរបស់ខ្លួន មិនមែនជាផ្លូវដោះស្រាយបញ្ហានោះទេ។ មានតែតាមរយៈការលំបាក និងបញ្ហាដែលយើងជួបក្នុងភារកិច្ចទេ ទើបអាចដោះស្រាយសេចក្តីពុករលួយ និងចំណុចខ្វះខាតរបស់យើង ហើយយើងអាចស្គាល់ខ្លួនឯងពិតប្រាកដ។ បើគ្មានបទពិសោធទាំងនោះទេ យើងគ្មានផ្លូវអាចមើលឃើញសេចក្តីពុករលួយរបស់យើង និងអ្វីដែលយើងខ្វះខាតឡើយ។ ពេលនោះ តើយើងអាចផ្លាស់ប្ដូរម្ដេចកើតទៅ? ដូច្នេះ ការជួបបរាជ័យ និងការជំពប់ដួល មិនមែនជារឿងអាក្រក់ទេ។ នោះជាពេលដែលយើងគួរស្វែងរកសេចក្តីពិត និងរៀនមេរៀន។ យើងមិនអាចយល់ច្រឡំចំពោះព្រះឡើយ។ បើយើងគ្រាន់តែលាឈប់ បោះបង់ភារកិច្ច ពេលយើងជួបការលំបាក តើយើងអាចដកពិសោធន៍កិច្ចការរបស់ព្រះ និងដេញតាមសេចក្តីសង្រ្គោះម្ដេចកើតទៅ? តើយើងនឹងមានទីបន្ទាល់អ្វីខ្លះ? ព្រះមិនសុំពីយើងច្រើនទេ។ បើយើងមានដំណោះស្រាយ ពេលយើងជួបបញ្ហា និងការលំបាក ហើយអធិស្ឋានដោយស្មោះ និងស្វែងរកសេចក្តីពិត ពេលនោះ ព្រះនឹងណែនាំ និងជួយយើងមិនខាន»។ ដោយបានឮការប្រកបគ្នារបស់បងស្រីម្នាក់នេះ ពិតជាបំភ្លឺចិត្តខ្ញុំខ្លាំងណាស់។ ខ្ញុំដឹងថា ការជួបបរាជ័យ និងការជំពប់ដួល គឺជាក្ដីស្រឡាញ់របស់ព្រះ ហើយវាជាឱកាសល្អសម្រាប់ខ្ញុំ ដើម្បីស្វែងរកសេចក្តីពិត និងរៀនមេរៀន។ ខ្ញុំគិតពីរបៀបដែលពេត្រុសជួបការលំបាក ការបន្សុទ្ធ ឧបសគ្គ និងបរាជ័យជាច្រើនក្នុងជីវិតគាត់។ ពេលខ្លះ ទោះបីគាត់មានភាពកម្សោយខាងរាងកាយក៏ដោយ ក៏គាត់មិនបានបាត់បង់ជំនឿលើព្រះដែរ។ គាត់បន្តដេញតាមសេចក្តីពិត និងស្វែងរកព្រះទ័យព្រះ ប៉ះប៉ូវអ្វីដែលគាត់ខ្វះខាត។ ទីបំផុត គាត់បានយល់ពីសេចក្តីពិត និងស្គាល់ព្រះ ហើយសម្រេចបានការចុះចូល និងក្ដីស្រឡាញ់ចំពោះព្រះ។ ខ្ញុំគួរតែរឹងមាំ និងតាំងចិត្តដូចពេត្រុស ដោយចូលមកអធិស្ឋាននៅចំពោះព្រះ និងស្វែងរកព្រះទ័យព្រះ ពេលខ្ញុំជួបឧបសគ្គ និងបរាជ័យ ដោយឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំខ្វះខាត ជាជាងយល់ច្រឡំ និងស្ដីបន្ទោសព្រះ។
នៅក្នុងការថ្វាយបង្គំរបស់ខ្ញុំម្ដងនោះ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលជួយឱ្យខ្ញុំយល់ពីព្រះទ័យព្រះបានខ្លះដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សត្រូវតែរៀនយកចិត្តទុកដាក់លើព្រះបន្ទូលព្រះជាម្ចាស់ និងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ពួកគេមិនត្រូវយល់ច្រឡំចំពោះព្រះជាម្ចាស់ឡើយ។ តាមពិត ក្នុងករណីជាច្រើន ការខ្វល់ខ្វាយរបស់មនុស្សចេញមកពីផលប្រយោជន៍របស់ពួកគេផ្ទាល់។ ជាទូទៅ វាជាអារម្មណ៍ខ្លាចថា ពួកគេនឹងគ្មានលទ្ធផល។ ពួកគេតែងតែគិតក្នុងចិត្តថា៖ 'ចុះបើព្រះជាម្ចាស់លាតត្រដាងខ្ញុំ ផាត់ខ្ញុំចោល និងបដិសេធខ្ញុំទៅ?' នេះជាការយល់ច្រឡំរបស់អ្នកចំពោះព្រះជាម្ចាស់។ ទាំងនេះគ្រាន់តែជាគំនិតរបស់អ្នកប៉ុណ្ណោះ។ អ្នកត្រូវតែឈ្វេងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការដែលទ្រង់លាតត្រដាងមនុស្ស គឺមិនមែនធ្វើឡើង ដើម្បីផាត់ពួកគេចោលទេ។ មនុស្សត្រូវបានលាតត្រដាង ដើម្បីបង្ហាញពីចំណុចខ្វះខាត កំហុស និងសារជាតិនៃធម្មជាតិរបស់ពួកគេ ធ្វើឱ្យពួកគេស្គាល់ខ្លួនឯង ហើយមានសមត្ថភាពប្រែចិត្តដ៏ពិត ដូច្នេះ ការលាតត្រដាងមនុស្ស គឺដើម្បីជួយជីវិតរបស់ពួកគេឱ្យរីកចម្រើនឡើង។ បើគ្មានការយល់ដឹងដ៏បរិសុទ្ធទេ មនុស្សមុខជាយល់ច្រឡំព្រះជាម្ចាស់ ហើយប្រែជាអវិជ្ជមាននិងទន់ខ្សោយមិនខាន។ ពួកគេថែមទាំងអាចធ្លាក់ក្នុងភាពអស់សង្ឃឹមទៀតផង។ តាមពិតទៅ ការដែលព្រះជាម្ចាស់លាតត្រដាង មិនប្រាកដជាមានន័យថា មនុស្សនឹងត្រូវផាត់ចោលនោះទេ។ ការនេះគឺដើម្បីជួយឱ្យអ្នកដឹងពីសេចក្តីពុករលួយរបស់អ្នកផ្ទាល់ ហើយធ្វើឱ្យអ្នកប្រែចិត្ត។ ជួនកាល ព្រោះតែមនុស្សបះបោរ និងមិនស្វែងរកសេចក្តីពិត ដើម្បីរកដំណោះស្រាយ នៅពេលពួកគេមានសេចក្តីពុករលួយយ៉ាងច្រើនហូរហៀរ ព្រះជាម្ចាស់ត្រូវតែធ្វើការប្រៀនប្រដៅ។ ដូច្នេះហើយពេលខ្លះ ព្រះអង្គលាតត្រដាងមនុស្ស ដោយបង្ហាញពីភាពស្មោកគ្រោក និងភាពគួរឱ្យអាណិតរបស់ពួកគេ ដើម្បីជួយឱ្យពួកគេស្គាល់ខ្លួនឯង ដែលការនេះជួយឱ្យជីវិតរបស់ពួកគេរីកចម្រើនឡើង។ ការលាតត្រដាងមនុស្សមានលទ្ធផលចំនួនពីរផ្សេងគ្នា៖ សម្រាប់មនុស្សអាក្រក់ ការលាតត្រដាងមានន័យថា ពួកគេត្រូវបានផាត់ចោល។ សម្រាប់អស់អ្នកដែលអាចទទួលយកសេចក្តីពិតបាន នេះជាការក្រើនរំឭក និងការព្រមាន។ ការនេះធ្វើឱ្យពួកគេឆ្លុះបញ្ចាំងពីខ្លួនឯង មើលឃើញពីសភាពពិតរបស់ខ្លួន ហើយលែងរឹងចចេស និងធ្វេសប្រហែសតទៅទៀត ព្រោះថាការបន្តធ្វើបែបនេះ នឹងមានគ្រោះថ្នាក់។ ការលាតត្រដាងមនុស្សបែបនេះ គឺជាការក្រើនរំឭកពួកគេ ដូច្នេះ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន ពួកគេមិនច្របូកច្របល់ និងធ្វេសប្រហែស មិនជិនណាយ មិនស្កប់ចិត្តជាមួយប្រសិទ្ធភាពតិចតួច ដោយយល់ថា ពួកគេបានបំពេញភារកិច្ចរបស់ខ្លួនតាមបទដ្ឋានដែលអាចទទួលយកបាន តែតាមពិត បើវាស់វែងតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ពួកគេនៅឆ្ងាយណាស់ពីសេចក្តីតម្រូវរបស់ទ្រង់ ប៉ុន្តែពួកគេនៅតែឥតខ្វល់ ហើយគិតថា ពួកគេគ្មានបញ្ហានោះឡើយ។ នៅក្នុងកាលៈទេសៈបែបនេះ ព្រះជាម្ចាស់នឹងប្រៀនប្រដៅ ដាស់តឿន និងក្រើនរំឭកមនុស្ស។ ពេលខ្លះ ព្រះជាម្ចាស់លាតត្រដាងពីភាពស្មោកគ្រោករបស់ពួកគេ ដែលការនេះធ្វើជាការក្រើនរំឭកយ៉ាងច្បាស់។ ពេលនោះ អ្នកគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង៖ ការបំពេញភារកិច្ចរបស់អ្នកបែបនេះ គឺមិនគ្រប់គ្រាន់ទេ វាបង្កប់នូវការបះបោរ វាមានភាពអវិជ្ជមានច្រើនពេក វាជាការធ្វើការឱ្យតែរួចពីដៃតែម្ដង ហើយប្រសិនបើអ្នកមិនប្រែចិត្តទេ អ្នកនឹងត្រូវទទួលទោសមិនខាន។ នៅពេលដែលព្រះជាម្ចាស់ប្រៀនប្រដៅ និងលាតត្រដាងអ្នក ការនេះមិនប្រាកដជាមានន័យថា អ្នកនឹងត្រូវផាត់ចោលនោះឡើយ។ អ្នកគួរតែដោះស្រាយរឿងនេះឱ្យបានត្រឹមត្រូវ។ ទោះបីជាអ្នកត្រូវបានផាត់ចោលក៏ដោយ ក៏អ្នកគួរតែទទួលយក និងចុះចូល ហើយត្រូវប្រញាប់ឆ្លុះបញ្ចាំង និងប្រែចិត្តដែរ» (ដកស្រង់ពី «មានតែតាមរយៈការអនុវត្តសេចក្តីពិត និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សអាចសម្រចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះបង្ហាញឱ្យខ្ញុំឃើញថា គោលបំណងរបស់ទ្រង់ក្នុងការលាតត្រដាងមនុស្ស គឺមិនមែនផាត់ពួកគេចោលទេ តែដើម្បីឱ្យពួកគេដឹងពីសេចក្តីពុករលួយ និងចំណុចខ្វះខាតរបស់ខ្លួន ដូច្នេះ ពួកគេអាចដេញតាមសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់ខ្លួន និងរីកចម្រើនកាន់តែលឿនក្នុងជីវិត។ ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង។ ពេលជួបការលំបាក និងបញ្ហានានា ខ្ញុំមិនបានសញ្ជឹងគិត និងស្វែងរកព្រះទ័យព្រះ ឬឆ្លុះបញ្ចាំងពីខ្លួនឯងដោយស្មោះ ដើម្បីរៀនពីបញ្ហារបស់ខ្លួនទេ។ ខ្ញុំគ្រាន់តែគិតថា ព្រះកំពុងប្រើស្ថានភាពទាំងនេះ ដើម្បីលាតត្រដាង និងផាត់ខ្ញុំចោលប៉ុណ្ណោះ ខ្ញុំមិនសមធ្វើជាអ្នកដឹកនាំឡើយ ហើយខ្ញុំគួរតែលាឈប់។ ខ្ញុំបានយល់ច្រឡំចំពោះព្រះ។ ក្រោយមក ខ្ញុំបានដឹងថា បញ្ហាជាច្រើនក្នុងការងារដែល មិនត្រូវបានដោះស្រាយនោះ ជាចម្បង ព្រោះតែខ្ញុំមិនដាក់ចិត្តបំពេញភារកិច្ច។ ខ្ញុំតែងតែយល់ថា ខ្ញុំមានកិច្ចការជាច្រើនដែលត្រូវធ្វើ តែខ្ញុំមិនមានទិសដៅ ឬគោលដៅ ពេលខ្ញុំធ្វើការឡើយ។ ខ្ញុំគ្រាន់តែធ្វើតាមអ្វីៗដែលចូលក្នុងគំនិត ដោយគ្មានសម្រេចបានលទ្ធផលឡើយ។ មនុស្សខ្លះបានជឿលើពាក្យចចាមអារ៉ាម ហើយខ្ញុំមិនបានស្វែងរកទិដ្ឋភាពនៃសេចក្តីពិតដែលខ្ញុំគួរប្រកបគ្នា ដើម្បីដោះស្រាយសញ្ញាណពួកគេ ជួយឱ្យពួកគេអាចឈ្វេងយល់ពីពាក្យចចាមអារ៉ាមទាំងនោះ និងឈររឹងមាំលើផ្លូវពិតទេ។ ហើយក្នុងការបណ្ដុះបណ្ដាលមនុស្ស ខ្ញុំមិនបានស្វែងរកគោលការណ៍ ឬមានការយល់ដឹងច្បាស់អំពីកាលៈទេសៈជាក់ស្ដែងរបស់ពួកគេទេ តែខ្ញុំគ្រាន់តែធ្វើទាំងងងឹតងងល់ប៉ុណ្ណោះ។ ជាលទ្ធផល ខ្ញុំមិនបានសម្រេចអ្វីនៅក្នុងទិដ្ឋភាពនោះឡើយ។ នៅក្នុងការស្រោចស្រពអ្នកជឿថ្មី ខ្ញុំមិនបានគិតទុកជាមុនអំពីទិដ្ឋភាពនៃសេចក្តីពិតអ្វីដែលខ្ញុំអាចប្រកបគ្នា ដើម្បីដោះស្រាយបញ្ហារបស់ពួកគេទេ ដូច្នេះ ខ្ញុំក៏មិនទទួលបានលទ្ធផលជាក់ស្ដែងដែរ។ ទោះបីពីសម្បកក្រៅ ខ្ញុំហាក់ខំប្រឹងធ្វើការក៏ដោយ ក៏ខ្ញុំមិនបានយកចិត្តទុកដាក់ និងមិនបូកសរុបបញ្ហាក្នុងការងារឱ្យបានទាន់ពេលដែរ ដែលនាំឱ្យខ្ញុំមិនសម្រេចបានអ្វីឡើយ។ ហើយខ្ញុំមិនត្រឹមតែមិនឆ្លុះបញ្ចាំង និងមិនយល់ពីខ្លួនឯងប៉ុណ្ណោះទេ តែខ្ញុំក៏មិនបានស្វែងរកសេចក្តីពិតដែលខ្ញុំគួរចូលទៅក្នុងដែរ។ ការឆ្លើយតបដំបូងរបស់ខ្ញុំ គឺដាក់ការទទួលខុសត្រូវទៅលើព្រះ ដោយស្មានថា ទ្រង់មានបំណងចង់លាតត្រដាងខ្ញុំ ធ្វើឱ្យខ្ញុំអាម៉ាស់មុខ។ ខ្ញុំតែងតែរអ៊ូ និងមិនចង់ជួបបរាជ័យ និងឧបសគ្គទេ តែគ្រាន់តែចង់បានស្រួល ចង់ឱ្យគ្រប់យ៉ាងទៅយ៉ាងរលូនប៉ុណ្ណោះ។ សូម្បីតែការលំបាកដ៏តូចបំផុត ក៏ខ្ញុំបានយល់ច្រឡំ និងបន្ទោសព្រះដែរ។ តើខ្ញុំអាចដកពិសោធន៍កិច្ចការរបស់ព្រះ និងបំពេញភារកិច្ចខ្ញុំឱ្យបានល្អម្ដេចកើតទៅ? ខ្ញុំពិតជាគ្មានហេតុផលមែន។ ភាវៈដែលព្រះបង្កើតមក មិនគួរប្រព្រឹត្តបែបនេះទេ។ ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំង រួចអធិស្ឋានទៅព្រះថា៖ «ព្រះជាម្ចាស់អើយ ទ្រង់បានរៀបចំស្ថានភាពនេះឡើង ដើម្បីបណ្ដុះបណ្ដាលខ្ញុំ ឱ្យខ្ញុំរីកចម្រើនក្នុងជីវិត តែខ្ញុំម្ចាស់មិនយល់ពីព្រះទ័យទ្រង់។ ខ្ញុំម្ចាស់យល់ច្រឡំចំពោះទ្រង់។ ខ្ញុំម្ចាស់ពិតជាបះបោរមែន។ សូមជួយណែនាំខ្ញុំម្ចាស់ឱ្យយល់ពីនិស្ស័យពុករលួយរបស់ខ្ញុំម្ចាស់ផង»។ ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានជួយខ្ញុំឱ្យយល់ពីខ្លួនឯង។ ព្រះជាម្ចាស់មានបន្ទូលថា៖ «យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើង នឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឱ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះ មិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលត់ក្រាប ហើយថាអ្នកដែលមិនមានជំនាញបែបនេះ នឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឱ្យអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយពីយើង និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ» (ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចំពោះការបើកសម្ដែងនៃបន្ទូលព្រះនេះ ធ្វើឱ្យខ្ញុំអាម៉ាស់ណាស់។ ខ្ញុំបានសង្ស័យព្រះ និងយល់ច្រឡំចំពោះទ្រង់ ពេលខ្ញុំជួបបរាជ័យ និងឧបសគ្គនានា ដោយគិតថា ទ្រង់មិនបានយកព្រះទ័យទុកដាក់ចំពោះមនុស្សទេ។ ខ្ញុំគិតថា ពេលព្រះចង់ប្រើនរណាម្នាក់ ទ្រង់នឹងឱ្យគេទទួលព្រះគុណទ្រង់ បើមិនដូច្នោះទេ ទ្រង់នឹងផាត់គេចេញ បោះបង់ និងមិនអើពើចំពោះគេឡើយ។ ខ្ញុំមិនទុកចិត្ត និងសង្ស័យព្រះ ផ្អែកតាមចិត្តសាស្ត្ររបស់មនុស្សទុច្ចរិត។ ខ្ញុំពិតជាវៀចវេរមែន! ខ្ញុំមិនបានជឿព្រះយូរទេ ខ្ញុំយល់សេចក្តីពិតតិចតួច ហើយខ្ញុំមានកំហុសឆ្គងជាច្រើន តែបងប្អុនប្រុសស្រីនៅតែជ្រើសរើសខ្ញុំធ្វើជាអ្នកដឹកនាំ ដោយផ្ដល់ឱ្យខ្ញុំមានឱកាសអនុវត្ត ដើម្បីឱ្យខ្ញុំអាចរៀនសេចក្តីពិតកាន់តែឆាប់ និងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ ទោះបីជាការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងភារកិច្ច ពេលខ្លះមិនសម្រេចបានកិច្ចការជាច្រើនក៏ដោយ ក៏ពួកជំនុំមិនបានបណ្ដេញខ្ញុំចេញដែរ។ អ្នកផ្សេងទៀតនៅតែជួយលើកទឹកចិត្តខ្ញុំ ព្រមទាំងប្រកបគ្នាជាមួយខ្ញុំអំពីបន្ទូលព្រះ ជួយណែនាំខ្ញុំឱ្យយល់ពីព្រះទ័យព្រះ និងដឹងពីសេចក្តីពុករលួយ និងចំណុចខ្វះខាតរបស់ខ្ញុំដែរ។ គ្រប់យ៉ាងដែលព្រះកំពុងធ្វើសម្រាប់ខ្ញុំ គឺជាការបណ្ដុះបណ្ដាល និងសង្រ្គោះខ្ញុំដោយពិតប្រាកដ។ ព្រះអង្គសប្បុរស និងគួរឱ្យស្រឡាញ់ណាស់! តែខ្ញុំបានប្រឆាំងទាស់នឹងព្រះ សង្ស័យចំពោះទ្រង់។ តើនេះជាការមានជំនឿពិតលើព្រះម្ដេចកើតទៅ? សាតាំងបានបំពុលខ្ញុំយ៉ាងខ្លាំង ខ្ញុំតែងតែធ្វើតាមការកុហករបស់សាតាំង ដូចជា «កុំទុកចិត្តអ្នកណាឡើយ ព្រោះថាសូម្បីតែស្រមោលឯងក៏នឹងចាកចោលឯងក្នុងពេលងងឹតដែរ» និង «ឯងមិនអាចព្យាបាទគេទេ តែអ្នកត្រូវការពារខ្លួនជានិច្ច»។ ខ្ញុំបានការពារខ្លួនទល់នឹងមនុស្សគ្រប់រូប សូម្បីតែជាមួយព្រះ។ ការនេះបង្ហាញឱ្យខ្ញុំឃើញថា និស្ស័យវៀចវេររបស់ខ្ញុំ ពិតជាធ្ងន់ធ្ងរណាស់ ហើយវាជាប្រភពទាំងស្រុងដែលនាំឱ្យខ្ញុំសង្ស័យ និងយល់ច្រឡំចំពោះព្រះ។ ដោយប្រឈមនឹងការលំបាក ខ្ញុំបានសង្ស័យ និងយល់ច្រឡំចំពោះព្រះ តែព្រះនៅតែជួយណែនាំខ្ញុំឱ្យយល់ពីសេចក្តីពិត ជួយឱ្យខ្ញុំឃើញពីបញ្ហារបស់ខ្ញុំដដែល។ ខ្ញុំអាចដឹងពីសេចក្តីស្រឡាញ់របស់ព្រះ និងសេចក្តីសង្រ្គោះដ៏ពិតរបស់ទ្រង់សម្រាប់ខ្ញុំ។ ខ្ញុំបានអធិស្ឋាននៅចំពោះព្រះ និងត្រៀមខ្លួនប្រែចិត្តចំពោះទ្រង់ ហើយឈប់រស់នៅតាមនិស្ស័យវៀចវេររបស់ខ្ញុំ ឈប់សង្ស័យ និងយល់ច្រឡំចំពោះព្រះតទៅទៀត។
ក្រោយមក ខ្ញុំបានអានអត្ថបទនេះចេញពីបន្ទូលព្រះ៖ «ឥឡូវនេះ ទោះបីអ្នកអាចបំពេញភារកិច្ចរបស់អ្នកដោយស្ម័គ្រចិត្ត ហើយអាចធ្វើការពលី និងលះបង់ខ្លួនដោយស្មោះក៏ដោយ ប្រសិនបើអ្នកនៅតែមានការយល់ច្រឡំ ការស្មាន ការសង្ស័យ ឬការឈឺចាប់ចំពោះព្រះជាម្ចាស់ ឬសូម្បីតែការបះបោរ និងការទាស់ទទឹងនឹងទ្រង់ ឬប្រសិនបើអ្នកប្រើវិធីសាស្ត្រ និងបច្ចេកទេសផ្សេងៗ ដើម្បីទាស់ទទឹងនឹងទ្រង់ និងបដិសេធអធិបតេយ្យភាពរបស់ទ្រង់មកលើអ្នក ពោលគឺ ប្រសិនបើអ្នកមិនដោះស្រាយបញ្ហាទាំងនេះទេ នោះវានឹងពិបាកឱ្យសេចក្តីពិតធ្វើជាម្ចាស់នៃរូបអ្នក ហើយជីវិតអ្នកនឹងនឿយហត់មិនខាន។ ជារឿយៗ មនុស្សជួបការលំបាក និងរងទុក្ខក្នុងសភាពអវិជ្ជមានទាំងនេះ ធ្វើដូចពួកគេលិចលង់នៅក្នុងភក់ជ្រាំ តែងតែរស់នៅក្នុងចំណោមការពិត និងក្លែងក្លាយ ត្រូវ និងខុសអ៊ីចឹង។ តើពួកគេអាចឈ្វេងយល់ និងយល់ដឹងពីសេចក្តីពិតបានដោយរបៀបណា? ដើម្បីស្វែងរកសេចក្តីពិត ជាដំបូង គេត្រូវតែចុះចូលជាមុនសិន។ ក្រោយមក បន្ទាប់ពីមានបទពិសោធបានមួយរយៈ គេនឹងអាចទទួលបានការបំភ្លឺខ្លះ ហើយក្នុងពេលណាមួយ គេនឹងងាយយល់ពីសេចក្តីពិត។ ប្រសិនបើគេតែងតែព្យាយាមវែកញែកនូវអ្វីដែលត្រូវ និងអ្វីដែលខុស ហើយជាប់ជំពាក់នឹងអ្វីដែលត្រូវ និងអ្វីដែលខុស នោះពួកគេគ្មានផ្លូវឈ្វេងយល់ ឬយល់ដឹងពីសេចក្តីពិតឡើយ។ ចុះបើគេមិនអាចយល់ពីសេចក្តីពិត តើវានឹងបង្កើតបានអ្វីទៅ? ការមិនយល់ពីសេចក្តីពិត បង្កើតបានជាសញ្ញាណ និងការយល់ច្រឡំអំពីព្រះជាម្ចាស់ ដោយមានការយល់ច្រឡំនេះ វាងាយនឹងធ្វើឱ្យមានអារម្មណ៍ឈឺចាប់។ កាលណាមានអារម្មណ៍ឈឺចាប់ ពួកគេប្រែជាប្រឆាំង។ ការប្រឆាំងចំពោះព្រះជាម្ចាស់ គឺជាការទាស់ទទឹងនឹងទ្រង់ និងជាអំពើរំលងយ៉ាងធ្ងន់ធ្ងរ។ ហើយអំពើរំលងជាច្រើន ប្រែក្លាយជាសេចក្តីអាក្រក់ជាច្រើន ហើយពេលនោះ ជាលទ្ធផល គេគួរតែត្រូវបានដាក់ទោស។ នេះហើយជាបញ្ហាដែលកើតចេញពីការមិនយល់សេចក្តីពិតគ្រប់ពេលនោះ» (ដកស្រង់ពី «មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះស្រាយសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយបានអានអត្ថបទនេះ ធ្វើឱ្យខ្ញុំខ្លាចអំពីអ្វីដែលបានកើតឡើង។ បើខ្ញុំបន្តរស់នៅក្នុងសភាពអវិជ្ជមាន មិនស្វែងរកសេចក្តីពិត មិនបើកចំហប្រាប់បងប្អូនប្រុសស្រីទេ ខ្ញុំនឹងបន្តរស់នៅតាមនិស្ស័យវៀចវេរ ដោយយល់ច្រឡំចំពោះព្រះមិនខាន។ ពេលនោះ ខ្ញុំងាយនឹងស្ដីបន្ទោសព្រះ និងទាស់ទទឹងនឹងទ្រង់ រួចបង្កើតជាអំពើរំលង។ ខ្ញុំអាចថែមទាំងធ្វើអាក្រក់ និងប្រឆាំងនឹងព្រះទៀតផង។ ពិតជាគ្រោះថ្នាក់ណាស់! ក្នុងពេលនោះ ខ្ញុំបានយល់ច្រឡំ និងសង្ស័យព្រះ សភាពអវិជ្ជមានរបស់ខ្ញុំ បានគ្រប់គ្រងខ្ញុំ។ ខ្ញុំតែងតែបារម្ភពីការត្រូវគេលាតត្រដាង និងផាត់ចោល។ ខ្ញុំគ្មានសេរីភាពសោះឡើយ។ ខ្ញុំពិតជានឿយហត់ខ្លាំងណាស់។ នៅក្នុងភារកិច្ច ខ្ញុំគ្រាន់តែខំធ្វើការ និងបញ្ចប់កិច្ចការប៉ុណ្ណោះ។ ពេលមានបញ្ហាកើតឡើង ខ្ញុំមិនអាចធ្វើអ្វីក្រៅពីយល់ច្រឡំចំពោះព្រះ និងចង់លាឈប់ប៉ុណ្ណោះ។ ព្រោះតែបន្ទូលព្រះបានណែនាំខ្ញុំ ទើបខ្ញុំបើកចិត្តប្រាប់អ្នកដទៃ ស្វែងរកសេចក្តីពិត និងរៀនពីនិស្ស័យពុករលួយរបស់ខ្ញុំ។ បើមិនដូច្នោះទេ ខ្ញុំនឹងបន្តយល់ច្រឡំចំពោះព្រះ ហើយសម្រេចចិត្តបោះបង់ចោលភារកិច្ចខ្ញុំមិនខាន។ ផលវិបាកនៃទង្វើនេះ ពិតជាគួរឱ្យខ្លាចណាស់។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយទៀត ដែលផ្ដល់ឱ្យខ្ញុំនូវផ្លូវអនុវត្តន៍ ពេលខ្ញុំជួបបញ្ហានៅក្នុងកិច្ចការពួកជំនុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ទាក់ទងនឹងបញ្ហាដែលកើតឡើងនៅក្នុងពួកជំនុំ ចូរកុំមានការពិបាកចិត្តខ្លាំងពេកឡើយ។ នៅក្នុងដំណើរនៃការកសាងពួកជំនុំ កំហុសតែងតែកើតមានដោយចៀសមិនផុតទេ ប៉ុន្តែចូរកុំតក់ស្លុតឡើយនៅពេលដែលអ្នកជួបជាមួយបញ្ហានោះ។ ផ្ទុយទៅវិញ ចូរនឹងធឹង និងរក្សាចិត្តស្ងប់។ តើខ្ញុំមិនបានប្រាប់អ្នករាល់គ្នារួចហើយទេឬអី? ចូរចូលមកចំពោះខ្ញុំ និងអធិស្ឋានឱ្យបានញឹកញាប់ នោះខ្ញុំនឹងបង្ហាញអ្នកច្បាស់ៗអំពីបំណងព្រះហឫទ័យរបស់ខ្ញុំមិនខាន» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈបន្ទូលព្រះ ខ្ញុំរៀនបានថា ការជួបបញ្ហាផ្សេងៗនៅក្នុងកិច្ចការពួកជំនុំ គឺជារឿងចៀសមិនផុតឡើយ។ វាជារឿងធម្មតាទេ ហើយព្រះអនុញ្ញាតឱ្យរឿងនេះកើតឡើង។ ពេលយើងជួបការលំបាក ឱ្យតែយើងអធិស្ឋាន និងពឹងអាងលើព្រះដោយចិត្តស្មោះ នោះទ្រង់នឹងណែនាំយើងទៅមុខមិនខាន។ អ្នកជឿថ្មីខ្លះដែលទើបតែទទួលយកកិច្ចការរបស់ព្រះនៃគ្រាចុងក្រោយ មិនយល់ទាំងស្រុងអំពីសេចក្តីពិតនៃនិមិត្តទេ ហើយនៅតែជឿតាមពាក្យចចាមអារ៉ាមដដែល។ ខ្ញុំត្រូវតែពឹងអាងលើព្រះថែមទៀត និងប្រើបន្ទូលទ្រង់ ដើម្បីលាតត្រដាងពីកលល្បិចរបស់សាតាំង និងជួយឱ្យអ្នកជឿថ្មីចាក់ឫសនៅលើផ្លូវពិត។ បន្ទាប់ពីយល់ពីព្រះទ័យព្រះ រួចត្រលប់ទៅធ្វើកិច្ចការពួកជំនុំវិញ ខ្ញុំបានសង្ខេបកំហុស និងបញ្ហាដែលកើតមានក្នុងការងារមុនរបស់យើង រួចបំពាក់បំប៉នខ្លួនដោយសេចក្តីពិតដែលទាក់ទងនឹងបញ្ហា ដែលពួកអ្នកជឿថ្មីកំពុងតែជួប ក្រោយមក ជួយដោះស្រាយពួកគេ តាមរយៈការប្រកបគ្នា។ ចំពោះការបណ្ដុះបណ្ដាលមនុស្សវិញ ដំបូង ខ្ញុំស្វែងរកគោលការណ៍ និងអធិស្ឋានដោយចេញពីចិត្ត ក្រោយមក នៅក្នុងការជួបជុំ ខ្ញុំសង្កេតមើលថានរណាដែលស័ក្ដិសមទទួលការបណ្ដុះបណ្ដាលដោយស្របតាមគោលការណ៍។ ការជ្រើសរើសមនុស្សបែបនេះ មានលក្ខណៈជាក់លាក់ជាង។ ពេលខ្លះ ខ្ញុំនៅតែជួបបរាជ័យ និងការលំបាកក្នុងភារកិច្ចដដែល តែឥឡូវ ខ្ញុំមើលទៅកាន់បញ្ហាទាំងនេះចេញពីទស្សនៈខុសពីមុន។ ខ្ញុំសួរខ្លួនឯងថា៖ តើព្រះចង់ឱ្យខ្ញុំរៀនមេរៀនអ្វីខ្លះចេញពីស្ថានភាពនេះ? ខ្ញុំត្រូវតែអធិស្ឋាន អានបន្ទូលព្រះ និងស្វែងរកផ្លូវអនុវត្តន៍ ហើយខ្ញុំបានរៀនពីរបៀបសុំជំនួយពីបងប្អូនប្រុសស្រីផ្សេងទៀត។ អ្នកផ្សេងទៀតលើកឡើងពីបញ្ហានៅក្នុងភារកិច្ចខ្ញុំ ហើយខ្ញុំអាចមើលឃើញកំហុស និងចំណុចខ្វះខាតរបស់ខ្ញុំ។ ខ្ញុំលែងជឿថា ព្រះកំពុងព្យាយាមធ្វើឱ្យខ្ញុំអាម៉ាស់មុខទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំយល់ថា វាជាឱកាសមួយ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង ស្គាល់ខ្លួនឯង និងដេញតាមការរីកចម្រើនក្នុងជីវិត។ ម្ដងនោះ បងស្រីម្នាក់ប្រាប់ខ្ញុំថា៖ «បងឃើញថា ប្អូនចេះអត់ធ្មត់ជាងមុន ពេលស្រោចស្រពអ្នកជឿថ្មី ហើយពេលប្អូនជួបបញ្ហា ប្អូនចេះស្វែងរកព្រះទ័យព្រះច្រើនជាងមុន»។ ពេលឮបែបនេះ ធ្វើឱ្យខ្ញុំរំភើបចិត្តណាស់។ ទោះបីវាគ្រាន់តែជាការផ្លាស់ប្ដូរតូចមួយរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមានបទពិសោធពិតជាក់ស្ដែងដែរថា ព្រះពិតជាមានសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះសម្រាប់មនុស្សពិតប្រាកដមែន។ ព្រះតែងតែជួយណែនាំខ្ញុំ ដឹកនាំខ្ញុំជានិច្ច។ ទ្រង់គង់នៅក្បែរខ្ញុំ។ ខ្ញុំតាំងចិត្តកាន់តែខ្លាំងក្នុងការបំពេញភារកិច្ច និងផ្គាប់ព្រះទ័យព្រះ។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?