ហេតុអ្វីខ្ញុំតែងតែប្រយ័ត្នប្រយែងជ្រុលហួសហេតុនៅក្នុងភារកិច្ចខ្ញុំ?

11-07-2023

នាខែមីនា ឆ្នាំ២០២១ ខ្ញុំធ្វើជាអ្នកឌីស្សាញក្រាហ្វិកនៅពួកជំនុំ។ ព្រោះតែខ្ញុំក្រអឺតក្រទមក្នុងភារកិច្ច និងមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ ខ្ញុំបានរាំងស្ទះដល់ការងារ រួចក៏ត្រូវគេបណ្ដេញចេញ។ ពីរខែក្រោយមក អ្នកមើលខុសត្រូវបានរៀបចំឱ្យខ្ញុំបន្តផលិតរូបភាពដដែល។ ខ្ញុំរំភើបចិត្តណាស់ តែពេលនោះ ក៏មិនសូវស្រួលក្នុងចិត្តដែរ។ ក្រោយពេលត្រលប់ទៅវិញ បើនិស្ស័យក្រអឺតក្រទមខ្ញុំនៅបង្អាក់ដល់ការងារទៀត តើគេនឹងមិនបើកសម្ដែង និងផាត់ខ្ញុំចោលទៅហើយទេ? បើកើតឡើងបែបនេះមែន តើខ្ញុំមិនត្រូវចប់ទេឬអី? ដូច្នេះ ខ្ញុំប្រាប់ខ្លួនឯងថា៖ «ពេលត្រឡប់ទៅវិញ ខ្ញុំត្រូវប្រយ័ត្នប្រយែងចំពោះគ្រប់រឿងដែលខ្ញុំធ្វើ។ ខ្ញុំមិនអាចធ្វើអ្វីតាមនិស្ស័យក្រអឺតក្រទមខ្ញុំទៀតឡើយ»។

ពេលខ្ញុំចាប់ផ្ដើមធ្វើការដំបូង បងប្អូនស្រីៗបានឃើញថា ខ្ញុំមានបទពិសោធខាងក្រាហ្វិក ហើយតែងមករកខ្ញុំ ពេលពួកគេមានបញ្ហា ហើយខ្ញុំព្យាយាមផ្ដល់ដំណោះស្រាយអស់ពីសមត្ថភាពខ្ញុំ។ តែពេលខ្ញុំនិយាយច្រើនពេក ភ្លាមនោះ ខ្ញុំគិតថា៖ «និយាយច្រើនពេក តើខ្ញុំកំពុងអួតសម្ញែង មែនទេ? ចុះបើខ្ញុំនិយាយអ្វីខុស? ម្ដងនោះ បងស្រីម្នាក់ប្រាប់ខ្ញុំថា កាលខ្ញុំនៅធ្វើជាមេក្រុម ខ្ញុំបានអាងលើបទពិសោធដ៏ច្រើនរបស់ខ្ញុំ ហើយតែងណែនាំការងារដល់គេ ដោយផ្អែកលើបទពិសោធរបស់ខ្ញុំ ជាជាងផ្អែកលើការស្វែងរកគោលការណ៍។ ហេតុនេះ រូបភាពខ្លះត្រូវផ្ញើចុះឡើង ដើម្បីកែឡើងវិញ ធ្វើឱ្យយឺតការងារ។ លើកនេះ បើខ្ញុំនាំប្អូនស្រីដើរខុស រួចបង្អាក់ការងារទៀត ពេលអ្នកមើលខុសត្រូវដឹង តើគាត់នឹងបណ្ដេញខ្ញុំចេញដែរទេ? មិនបានទេ។ ខ្ញុំមិនត្រូវនិយាយច្រើនឡើយ ដើម្បីកុំឱ្យនិយាយខុស ហើយត្រូវទទួលខុសត្រូវ»។ ម្ដងនោះ យើងកំពុងពិភាក្សាគ្នាអំពីគោលគំនិតឌីស្សាញរូបភាពមួយ។ បន្ទាប់ពីពិនិត្យមើលរួច ខ្ញុំយល់ថា គោលគំនិតតាក់តែងនោះ មិនសមហេតុផលទេ។ តែខ្ញុំអល់អែក រួចគិតថា៖ «បើគំនិតតាក់តែងមានបញ្ហា មុខជាមានរឿងធំ ហើយរូបភាពទាំងមូលនឹងត្រូវរចនា និងកែឡើងវិញមិនខាន។ តើខ្ញុំគួរនិយាយដែរទេ? បើខ្ញុំមិននិយាយ រួចបញ្ហាកើតឡើង ពេលក្រោយ រូបភាពនឹងត្រូវធ្វើឡើងវិញមិនខាន។ តែយើងបានពិភាក្សារូបភាពនេះពីរថ្ងៃហើយ។ បើឥឡូវខ្ញុំថារូបមានបញ្ហា តើបងប្អូនស្រីៗនឹងគិតបែបណាចំពោះខ្ញុំ? តើគេនឹងថា ខ្ញុំកំពុងទាញការចាប់អារម្មណ៍ និងបង្កបញ្ហាដែរទេ? ចុះបើគំនិតខ្ញុំមិនត្រឹមត្រូវវិញ? តើវានឹងមិនធ្វើឱ្យការងារយឺតយ៉ាវទេឬអី? បើអ្នកមើលខុសត្រូវដឹង តើគាត់នឹងនិយាយថា ខ្ញុំមិនបានប្រែចិត្តទេឬ?» ពេលនោះ ខ្ញុំស្ទាក់ស្ទើរ មិនហ៊ាននិយាយអ្វីទេ។ ពីរបីថ្ងៃក្រោយមក យើងបានបញ្ចប់ការឌីស្សាញគម្រោងសំណើគំនូរ តែពេលអ្នកមើលការឃើញរូបនោះ គាត់ថា គំនិតមានបញ្ហា ត្រូវរចនាឡើងវិញ។ ពេលឃើញលទ្ធផលបែបនេះ ខ្ញុំធ្លាក់ថ្លើមក្ដុក ហើយខ្ញុំគិតថា៖ «ពេលនោះ បើខ្ញុំលើកឡើងពីបញ្ហានេះ គ្រប់គ្នាអាចប្រកបគ្នា និងដោះស្រាយវារួចបាត់ ហើយយើងមិនបាច់ខ្ជះខ្ជាយពេលឡើយ»។ ខ្ញុំស្ដាយក្រោយជាខ្លាំង តែពេលនោះ ខ្ញុំគិតថា៖ «ខ្ញុំក៏មិនច្បាស់មួយរយភាគរយថា គំនិតខ្ញុំកាលនោះត្រូវដែរ ប្រហែល ខ្ញុំមិននិយាយ ក៏មិនខុសអីណាស់ណាដែរ?» អ៊ីចឹង ខ្ញុំក៏អត់និយាយ។ ខ្ញុំមិនបានគិត ឬឆ្លុះបញ្ចាំងពីបញ្ហានេះទេ ចេះតែទុកវាចោលមិនអើពើ។

ក្រោយមក គ្រប់ពេលដែលក្រុមពិភាក្សាគ្នាពីបញ្ហា និងសុំឱ្យពួកយើងបញ្ចេញទស្សនៈ ខ្ញុំហាក់ប្រយ័ត្នប្រយែងខ្លាំងបំផុត ហើយខ្លាចថា ខ្ញុំមានទស្សនៈខុសពីគេ រួចគេនឹងយល់ច្រឡំថា ខ្ញុំក្រអឺតក្រទម និងមិនព្រមទទួលយកគំនិតរបស់គេ។ ដូច្នេះ គ្រប់ពេលដែលខ្ញុំលើកសំណើណាមួយ ខ្ញុំតែងបន្ថែមថា៖ «នេះត្រឹមជាទស្សនៈខ្ញុំផ្ទាល់ប៉ុណ្ណោះ ខ្ញុំអាចយល់ខុស។ បងប្អូនគួរពិនិត្យដោយខ្លួនឯង»។ ជួនកាល បងប្អូនស្រីៗផ្តល់យោបល់លើរូបភាពខ្ញុំរចនា ហើយខ្ញុំដឹងច្បាស់ថា យោបល់ខ្លះមិនស្របតាមគោលការណ៍ទេ។ តែខ្ញុំបារម្ភ បើខ្ញុំមិនទទួលយោបល់គេ គេថា ខ្ញុំក្រអឺតក្រទម ប្រកាន់ទស្សនៈផ្ទាល់ខ្លួន។ ដូច្នេះ ខ្ញុំក៏ទទួលយកសំណើពួកគេទាំងអល់អែក ដោយគិតថា បើមានកំហុស មិនមែនខ្ញុំជាអ្នកទទួលខុសត្រូវនោះទេ។ ជាលទ្ធផល បន្ទាប់ពីធ្វើការកែប្រែរួច សំណើខ្លះពិតជាមិនសមស្របមែន ហើយរូបភាពត្រូវធ្វើឡើងវិញ ដែលធ្វើឱ្យការងារមានភាពយឺតយ៉ាវ។ ស្ថានភាពគឺបែបនេះ។ ដូច្នេះ រាល់ថ្ងៃ ខ្ញុំបំពេញភារកិច្ច ទាំងរួញរា ហើយមានអារម្មណ៍នឿយហត់ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។ តែដើម្បីឱ្យអ្នកមើលការ និងបងប្អូនឃើញថា ខ្ញុំបានកែប្រែ ខ្ញុំនៅតែគិតថា ខ្ញុំគួរតែប្រយ័ត្ន ល្អជាង។ ដូច្នេះ ក្រោយមក ខ្ញុំតែងបំពេញភារកិច្ចបែបនេះ។ តែរូបភាពក្រាហ្វិករបស់ក្រុម តែងមានបញ្ហា ហើយយើងត្រូវកែម្ដងហើយម្ដងទៀត។ ប្រសិទ្ធភាពការងារយើងបានធ្លាក់ចុះជាខ្លាំង រហូតចុងក្រោយ ទើបដួងចិត្តដ៏ស្ពឹកស្រពន់របស់ខ្ញុំ ដឹងថា ខ្ញុំប្រហែលជាមានសភាពមិនត្រឹមត្រូវ ហើយខ្ញុំត្រូវឆ្លុះបញ្ចាំងពីខ្លួនឯង។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ទូលសុំឱ្យទ្រង់បំភ្លឺខ្ញុំ ដើម្បីឱ្យខ្ញុំអាចយល់ពីបញ្ហារបស់ខ្ញុំផ្ទាល់។

នៅការជួបជុំមួយ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ រួចបានយល់ពីសភាពខ្លួនឯងខ្លះ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ នៅពេលមានបញ្ហាកើតឡើងពេលអ្នកបំពេញភារកិច្ចរបស់ខ្លួន អ្នកទំនងជាអាចនឹងមិនអើពើនឹងបញ្ហាទាំងនោះ ហើយថែមទាំងអាចរកលេស និងការដោះសា ដើម្បីគេចវេះពីការទទួលខុសត្រូវទៀតផង។ មានបញ្ហាខ្លះដែលអ្នកមានសមត្ថភាពអាចដោះស្រាយបាន ប៉ុន្តែអ្នកមិនដោះស្រាយទេ ហើយមានបញ្ហាដែលអ្នកមិនអាចដោះស្រាយបាន តែអ្នកមិនបានរាយការណ៍ទៅថ្នាក់លើទេ ហាក់ដូចជាបញ្ហានោះមិនពាក់ព័ន្ធនឹងអ្នកដូច្នោះដែរ។ តើនេះមិនមែនជាការធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់អ្នកទេឬអី? តើការបំពេញកិច្ចការរបស់ក្រុមជំនុំតាមរបៀបនេះ ជាការធ្វើរឿងឆ្លាតវៃ ឬជាការធ្វើរឿងល្ងង់ខ្លៅ? (ល្ងង់ខ្លៅ។) តើមេដឹកនាំ និងអ្នកធ្វើការបែបនេះ មិនមែនជាសត្វពស់ទេឬអី? តើពួកគេមិនមែនខ្វះស្មារតីទទួលខុសត្រូវទេឬអី? នៅពេលដែលពួកគេមិនអើពើនឹងបញ្ហានៅចំពោះមុខ តើនេះមិនបង្ហាញថាពួកគេជាមនុស្សគ្មានចិត្ត និងបោកបញ្ឆោតទេឬអី? មនុស្សបោកបញ្ឆោត គឺជាមនុស្សល្ងង់ខ្លៅបំផុតក្នុងចំណោមមនុស្សទាំងអស់។ អ្នកត្រូវតែធ្វើជាមនុស្សស្មោះត្រង់ អ្នកត្រូវតែមានស្មារតីទទួលខុសត្រូវពេលជួបបញ្ហា ហើយអ្នកត្រូវតែរកវិធីស្វែងរកសេចក្តីពិតមកដោះស្រាយបញ្ហា។ កុំធ្វើជាមនុស្សបោកបញ្ឆោត។ ប្រសិនបើអ្នកគេចវេះពីការទទួលខុសត្រូវ ហើយបដិសេធមិនទទួលខុសត្រូវពេលមានបញ្ហាកើតឡើង សូម្បីតែអ្នកមិនជឿ ក៏នឹងថ្កោលទោសអ្នកដែរ។ តើអ្នកស្រមៃថាដំណាក់របស់ព្រះជាម្ចាស់នឹងមិនថ្កោលទោសអ្នកឬ? រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធឥរិយាបថបែបនេះ។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សស្មោះត្រង់ តែស្អប់មនុស្សបោកបញ្ឆោត និងវៀចវេរ។ ប្រសិនបើអ្នកជាមនុស្សបោកបញ្ឆោត ហើយព្យាយាមលេងល្បិច តើព្រះជាម្ចាស់មិនស្អប់អ្នកទេឬអី? តើដំណាក់របស់ព្រះជាម្ចាស់នឹងបណ្ដោយឱ្យអ្នករួចខ្លួនដែរឬទេ? មិនយូរមិនឆាប់ទេ អ្នកនឹងត្រូវទទួលខុសត្រូវមិនខាន។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ ហើយស្អប់មនុស្សបោកបញ្ឆោត។ អ្នករាល់គ្នាគួរយល់ពីចំណុចនេះឱ្យបានច្បាស់ ហើយគួរឈប់យល់ច្រឡំ និងឈប់ធ្វើរឿងល្ងង់ខ្លៅទៀត។ ភាពល្ងង់ខ្លៅមួយគ្រា គឺអាចទទួលយកបាន ប៉ុន្តែការបដិសេធមិនទទួលយកសេចក្តីពិតទាល់តែសោះនោះ គឺជាភាពចចេសរឹងរូសតែប៉ុណ្ណោះ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ បន្ទូលព្រះបើកសម្ដែងថា អ្នកណាដែលគ្មានការទទួលខុសត្រូវក្នុងការងារ ហើយចង់គេចវេះពីការទទួលខុសត្រូវ ពេលមានបញ្ហាកើតឡើង អ្នកនោះជាមនុស្សវៀចវេរបំផុត។ ពេលសញ្ជឹងគិតពីបន្ទូលព្រះ ខ្ញុំឃើញថា ខ្ញុំក៏មានសភាពបែបនេះដែរ។ ខ្ញុំគ្មានការទទួលខុសត្រូវ និងមិនស្មោះត្រង់ក្នុងភារកិច្ចខ្ញុំឡើយ ហើយគ្រប់ពេលមានបញ្ហាពាក់ព័ន្ធនឹងការទទួលខុសត្រូវ ឬអនាគត និងទិសដៅចុងក្រោយរបស់ខ្ញុំ ខ្ញុំតែងរួញរា និងប្រើមធ្យោបាយវៀចវេរជានិច្ច។ ពេលឃើញបញ្ហា ខ្ញុំមិននិយាយអ្វី ដោះសា ឬនិយាយអ្វីមិនច្បាស់លាស់។ បន្ទាប់ពីត្រលប់ទៅធ្វើការផ្នែកក្រាហ្វិកវិញ ខ្ញុំខ្លាចក្រែងបងប្អូនប្រុសស្រីនិយាយថា ខ្ញុំនៅមិនទាន់ផ្លាស់ប្ដូរនិស្ស័យក្រអឺតក្រទមចេញ។ ខ្ញុំខ្លាចនិស្ស័យក្រអឺតក្រទមខ្ញុំបង្អាក់ដល់ការងារម្ដងទៀត ហើយត្រូវគេបណ្ដេញចេញ។ ដូច្នេះ ខ្ញុំប្រយ័ត្នសម្ដីនិងទង្វើខ្ញុំខ្លាំងណាស់ ហើយខ្ញុំតែងធ្វើពុតជានិច្ច។ ពេលបងប្អូនស្រីៗសួរខ្ញុំ ខ្ញុំខ្លាចនិយាយខុស ហើយត្រូវទទួលខុសត្រូវ ដូច្នេះ ខ្ញុំជ្រើសរើសប្រើលេសដើម្បីដោះខ្លួនពីពួកគាត់។ គ្រប់ពេលដែលក្រុមពិភាក្សាគ្នាអំពីបញ្ហា រួចមានគំនិតផ្សេងៗគ្នា ភាគច្រើន ខ្ញុំនៅស្ងៀម និងចាក់ខ្សែប៉ុណ្ណោះ។ ខ្ញុំមើលឃើញច្បាស់ថា មានបញ្ហា តែព្រោះខ្លាចគេថា ខ្ញុំក្រអឺតក្រទម និងព្យាយាមឱ្យគេចាប់អារម្មណ៍លើខ្លួន ខ្ញុំសុខចិត្តឱ្យមានបញ្ហា ត្រូវធ្វើការងារឡើងវិញ ក៏មិនព្រមបញ្ចេញយោបល់ដែរ។ ខ្ញុំថែមទាំងគ្មានចិត្តក្លាហានពិភាក្សាការងារជាមួយគ្រប់គ្នាទៀតផង។ ខ្ញុំពិតជាអាត្មានិយមមែន។ ពេលបងប្អូនស្រីៗលើកសំណើអំពីរូបភាពដែលខ្ញុំធ្វើ ខ្ញុំដឹងថា យោបល់ខ្លះមិនស្របតាមគោលការណ៍ តែខ្ញុំខ្លាចគេថា ខ្ញុំក្រអឺតក្រទម ក៏ធ្វើពុតជាយល់ស្រប ហើយចេះតែធ្វើតាមទៅ។ ឱ្យតែខ្ញុំមិនទទួលខុសត្រូវ ទោះមានកំហុស និងត្រូវកែការងារឡើងវិញ ក៏ខ្ញុំមិនខ្វល់។ គ្រប់យ៉ាងដែលខ្ញុំធ្វើ ខ្ញុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ និងខ្លាចក្នុងការទទួលខុសត្រូវ។ ខ្ញុំពិតជាបោកបញ្ឆោតមែន! ព្រះទតមើលដួងចិត្តរបស់មនុស្ស ហើយព្រោះតែខ្ញុំអាត្មានិយម បោកបញ្ឆោត និងគ្មានការទទួលខុសត្រូវក្នុងភារកិច្ច ធ្វើម្ដេចខ្ញុំអាចទទួលបានការបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធទៅ? ដូច្នេះហើយបានជាខ្ញុំបំពេញភារកិច្ចមិនសូវមានប្រសិទ្ធភាព។ នោះជាការបើកសម្ដែងរបស់ព្រះចំពោះខ្ញុំ។

ពេលនោះ ខ្ញុំបាននឹកចាំពីអត្ថបទមួយចេញពីបន្ទូលព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើមនុស្សស្រឡាញ់សេចក្ដីពិត នោះពួកគេនឹងមានកម្លាំងក្នុងការស្វែងរកសេចក្ដីពិត ហើយអាចប្រឹងប្រែងអនុវត្តសេចក្ដីពិតបានមិនខាន។ ពួកគេអាចលះបង់អ្វីដែលគួរលះបង់ និងដោះលែងអ្វីដែលគួរដោះលែង។ ជាពិសេស អ្វីដែលទាក់ទងនឹងកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់អ្នក គួរតែលះបង់ចោល។ ប្រសិនបើអ្នកមិនលះបង់របស់ទាំងនេះចោលទេ នោះមានន័យថា អ្នកមិនស្រឡាញ់សេចក្តីពិតទេ ហើយគ្មានកម្លាំងដើម្បីដេញតាមសេចក្តីពិតឡើយ។ ពេលមានរឿងកើតឡើងចំពោះអ្នក អ្នកត្រូវតែស្វែងរកសេចក្តីពិត។ នៅពេលដែលអ្នកត្រូវការអនុវត្តសេចក្តីពិត ប្រសិនបើអ្នកតែងតែមានចិត្តអាត្មានិយម ហើយមិនអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួនបាន នោះអ្នកមុខជាមិនអាចអនុវត្តសេចក្តីពិតបានឡើយ។ ប្រសិនបើអ្នកមិនដែលស្វែងរក ឬអនុវត្តសេចក្តីពិតទោះក្នុងកាលៈទេសៈណាក៏ដោយ នោះអ្នកមិនមែនជាមនុស្សដែលស្រឡាញ់សេចក្តីពិតនោះទេ។ ទោះបីជាអ្នកបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំមកហើយក៏ដោយ ក៏អ្នកនឹងមិនអាចទទួលបានសេចក្តីពិតដែរ។ មនុស្សមួយចំនួនតែងតែស្វែងរកកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងប្រយោជន៍ផ្ទាល់ខ្លួន។ មិនថាក្រុមជំនុំរៀបចំកិច្ចការអ្វីសម្រាប់ពួកគេទេ ពួកគេតែងមានការប្រុងប្រយ័ត្ន និងគិតជាប់ជានិច្ចថា 'តើកិច្ចការនេះនឹងមានប្រយោជន៍ដល់ខ្លួនខ្ញុំទេ? ប្រសិនបើមាន ខ្ញុំនឹងធ្វើវា ប្រសិនបើគ្មានទេ ដូច្នេះ ខ្ញុំនឹងមិនធ្វើឡើយ'។ មនុស្សបែបនេះ មិនអនុវត្តសេចក្តីពិតនោះទេ។ ដូច្នេះ តើពួកគេអាចបំពេញភារកិច្ចខ្លួនបានល្អដែរឬទេ? ពួកគេប្រាកដជាមិនអាចហើយ។ ទោះបីជាអ្នកមិនធ្វើអំពើអាក្រក់ក៏ដោយ ក៏អ្នកនៅតែមិនមែនជាបុគ្គលដែលអនុវត្តសេចក្តីពិតដដែល។ ប្រសិនបើអ្នកមិនស្វែងរកសេចក្តីពិត មិនស្រឡាញ់អ្វីដែលវិជ្ជមាន ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកទេ អ្នកខ្វល់ត្រឹមតែកេរ្តិ៍ឈ្មោះ ឋានៈ និងប្រយោជន៍ផ្ទាល់ខ្លួន និងអ្វីដែលល្អសម្រាប់អ្នកប៉ុណ្ណោះ ដូច្នេះ អ្នកត្រឹមជាមនុស្សដែលត្រូវប្រយោជន៍ផ្ទាល់ខ្លួនដឹកមុខ ហើយជាមនុស្សអាត្មានិយម និងថោកទាបប៉ុណ្ណោះ។ មនុស្សបែបនេះ ជឿព្រះដើម្បីទទួលបានអ្វីៗដែលល្អ ឬមានប្រយោជន៍សម្រាប់ខ្លួនពួកគេប៉ុណ្ណោះ មិនមែនដើម្បីទទួលបានសេចក្តីពិត ឬសេចក្តីសង្រ្គោះពីព្រះជាម្ចាស់ឡើយ។ ដូច្នេះ មនុស្សប្រភេទនេះ គឺជាអ្នកមិនជឿ។ មនុស្សដែលជឿព្រះពិតប្រាកដ គឺជាមនុស្សដែលអាចស្វែងរក និងអនុវត្តសេចក្តីពិតបាន ដោយក្នុងចិត្តពួកគេទទួលស្គាល់ថា ព្រះគ្រីស្ទគឺជាសេចក្តីពិត ម្ល៉ោះហើយ ពួកគប្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជឿលើព្រះជាម្ចាស់ តាមសេចក្ដីដែលទ្រង់បង្គាប់មក។ ប្រសិនបើអ្នកចង់អនុវត្តសេចក្តីពិតពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ប៉ុន្តែអ្នកគិតពីកេរ្តិ៍ឈ្មោះ ឋានៈ និងមុខមាត់ផ្ទាល់ខ្លួនរបស់អ្នក នោះការអនុវត្តសេចក្ដីពិត នឹងពិបាកមិនខាន។ នៅក្នុងស្ថានភាពបែបនេះ តាមរយៈការអធិដ្ឋាន ការស្វែងរក និងការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯង អស់អ្នកណាដែលស្រឡាញ់សេចក្តីពិត មុខជាអាចលះបង់អ្វីដែលជាប្រយោជន៍ផ្ទាល់ខ្លួន ឬអ្វីដែលល្អសម្រាប់ពួកគេបាន និងអាចអនុវត្តសេចក្តីពិត ព្រមទាំងស្តាប់បង្គាប់ព្រះជាម្ចាស់បានជាក់ជាមិនខាន។ មនុស្សបែបនេះ គឺជាមនុស្សដែលជឿលើព្រះជាម្ចាស់ ហើយពិតជាស្រឡាញ់សេចក្តីពិតយ៉ាងប្រាកដមែន។ ពេលមនុស្សតែងតែគិតពីប្រយោជន៍ផ្ទាល់ខ្លួន ពេលពួកគេតែងតែព្យាយាមការពារមុខមាត់ និងអំនួតរបស់ខ្លួន ពេលពួកគេបង្ហាញពីនិស្ស័យពុករលួយ តែមិនបានស្វែងរកសេចក្តីពិតមកដោះស្រាយ តើនឹងមានផលវិបាកអ្វីខ្លះកើតឡើង? អ្វីដែលជាផលវិបាកនោះគឺ ពួកគេគ្មានច្រកចូលទៅក្នុងជីវិត ពួកគេខ្វះបទពិសោធ និងទីបន្ទាល់ពិត។ ហើយតើរឿងនេះគ្រោះថ្នាក់ណាស់ មែនទេ? ប្រសិនបើអ្នកមិនដែលអនុវត្តសេចក្តីពិតទេ ប្រសិនបើអ្នកខ្វះបទពិសោធ និងទីបន្ទាល់ណាមួយនោះ ដូច្នេះក្នុងពេលណាមួយ អ្នកនឹងត្រូវលាតត្រដាង និងផាត់ចោលមិនខាន។ តើមនុស្សដែលគ្មានបទពិសោធ និងគ្មានទីបន្ទាល់ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានប្រយោជន៍អ្វី? ពួកគេមុខជាបំពេញភារកិច្ចណាមួយមិនបានល្អនោះទេ។ ពួកគេមិនអាចធ្វើកិច្ចការអ្វីបានត្រឹមត្រូវឡើយ។ ពួកគេមិនខុសអ្វីពីសំរាមនោះទេ មែនទេ? ក្រោយពីបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប្រសិនបើនរណាមិនដែលអនុវត្តសេចក្តីពិតទេ នោះគេគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមិនជឿហើយ គេគឺជាមនុស្សអាក្រក់។ ប្រសិនបើអ្នកមិនដែលអនុវត្តសេចក្តីពិតទេ ប្រសិនបើអំពើរំលងរបស់អ្នកកាន់តែច្រើនឡើងៗ នោះទីបញ្ចប់របស់អ្នក នឹងត្រូវកំណត់ទុក។ ចំពោះរឿងនេះ គេមើលឃើញយ៉ាងច្បាស់ថា រាល់អំពើរំលងរបស់អ្នក ផ្លូវដែលអ្នកដើរខុស និងការដែលអ្នកមិនព្រមប្រែចិត្ត អ្វីទាំងអស់នេះ គឺសុទ្ធតែរាប់បញ្ចូលជាអំពើអាក្រក់ទាំងអស់។ ដូច្នេះហើយ ទីបញ្ចប់របស់អ្នក គឺអ្នកនឹងត្រូវធ្លាក់នរក អ្នកនឹងត្រូវទទួលទោសមិនខាន» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានបន្ទូលព្រះរួច ខ្ញុំបានរំជួលចិត្តជាខ្លាំង។ ពីមុន ខ្ញុំយល់ថា ការមិនបញ្ចេញទស្សនៈ និងការគ្រាន់តែចាក់ខ្សែ មិនមែនជារឿងធំដុំទេ។ តែក្រោយពេលអានបន្ទូលព្រះរួច ខ្ញុំយល់ថា ការគិតតែពីខ្លួនឯង និងការតែងមានបំណងអាត្មានិយម ពេលជួបបញ្ហា តែងការពារខ្លួន ពេលមានទំនាស់ប្រយោជន៍រវាងអ្នក និងពួកជំនុំ និងការសុខចិត្តឱ្យការងារមានបញ្ហា ក៏មិនព្រមអនុវត្តតាមសេចក្តីពិត គឺជារឿងអាក្រក់ណាស់! ខ្ញុំបានគិតពីពេលវេលា និងកម្លាំងដែលបានចំណាយលើរូបភាពនីមួយៗ ចាប់ពីការឌីស្សាញ ដល់ការគូររូប ខ្ញុំឃើញមានបញ្ហា តែមិននិយាយ សុខចិត្តកែការងារឡើងវិញ ធ្វើឱ្យយឺតការងារ។ តើនេះមិនមែនបង្អាក់ការងារទេ? ទង្វើអាក្រក់របស់ខ្ញុំគរដូចភ្នំ បើខ្ញុំមិនប្រែចិត្តទេ ខ្ញុំនឹងត្រូវវិនាសមិនខាន។ ពេលខ្ញុំបានយល់ ខ្ញុំពិតជាខ្លាចខ្លាំងណាស់ ហើយដឹងថា ពេលជួបបញ្ហា សំខាន់គឺត្រូវលះបង់ខ្លួន និងអនុវត្តសេចក្តីពិត!

ក្រោយមក ខ្ញុំអានអត្ថបទមួយចេញពីបន្ទូលព្រះថា៖ «ប្រសិនបើអ្នកនិយាយថា៖ 'ពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សមានះនិងរឹងរូស។ ខ្ញុំខ្លាចខ្លួនឯងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដែរ ហើយខ្ញុំមិនចង់ដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះទេ។ ដូច្នេះ ខ្ញុំនឹងរង់ចាំរហូតដល់មនុស្សគ្រប់គ្នាបញ្ចេញយោបល់របស់ខ្លួនរួចសិន ទើបខ្ញុំនឹងនិយាយសរុបយោបល់នោះឱ្យខ្លី ដោយស្វែងរកវិធីដើម្បីបង្កើតជាសេចក្តីសន្និដ្ឋានមួយដែលជាផ្លូវកណ្តាល'។ តើបែបនេះត្រូវទេ? (អត់ទេ។) ហេតុអ្វីបានជាមិនត្រូវ? ប្រសិនបើលទ្ធផលមិនស្របតាមគោលការណ៍នៃសេចក្តីពិតទេ ទោះជាអ្នកធ្វើរឿងនេះក៏ដោយ តើវាមានប្រសិទ្ធភាពដែរទេ? តើព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យដែរទេ? ប្រសិនបើគ្មានប្រសិទ្ធភាព ហើយព្រះជាម្ចាស់មិនសព្វព្រះហឫទ័យទេនោះ ដូច្នេះបញ្ហានេះនឹងធ្ងន់ធ្ងរមិនខាន។ ប្រសិនបើអ្នកមិនធ្វើអ្វីៗតាមគោលការណ៍នៃសេចក្តីពិតទេ មានការធ្វេសប្រហែល គ្មានទំនួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន ហើយធ្វើអ្វីៗតាមទស្សនវិជ្ជារបស់សាតាំង ដូច្នេះអ្នកកំពុងមានចិត្តមិនស្មោះនឹងព្រះជាម្ចាស់ និងកំពុងបោកបញ្ឆោតព្រះជាម្ចាស់ហើយ! ដើម្បីចៀសវាងកុំឱ្យមនុស្សសង្ស័យ និងចាត់ទុកអ្នកជាពួកទទឹងនឹងព្រះគ្រីស្ទ អ្នកមិនទាំងអាចបំពេញទំនួលខុសត្រូវដែលអ្នកត្រូវបំពេញនោះបានផង។ អ្នកប្រើទស្សនវិជ្ជាបែបសាតាំងអំពី 'ការស្វែងរកផ្លូវកណ្តាល'។ ហេតុដូច្នេះហើយ អ្នកបានធ្វើបាបរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងបានធ្វើឱ្យប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។ តើនេះមិនមែនគ្មានគោលការណ៍ទេឬអី? តើនេះមិនមែនអាត្មានិយម និងថោកទាបទេឬអី? អ្នកគឺជាអ្នកដឹកនាំ និងជាអ្នកធ្វើការ អ្នកត្រូវតែមានគោលការណ៍ក្នុងកិច្ចការដែលអ្នកធ្វើ។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ត្រូវតែមានប្រសិទ្ធភាព និងមានប្រសិទ្ធផល។ ត្រូវធ្វើអ្វីដែលមានប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ ហើយត្រូវធ្វើអ្វីដែលស្របតាមគោលការណ៍នៃសេចក្ដីពិត» («ចំណុចទីប្រាំមួយ៖ ពួកគេប្រព្រឹត្តតាមរបៀបវៀចវេរ ពួកគេធ្វើតាមអំពើចិត្ត និងផ្ដាច់ការ ពួកគេមិនដែលប្រកបគ្នាជាមួយអ្នកដទៃ ហើយពួកគេបង្ខំឱ្យអ្នកដទៃស្ដាប់បង្គាប់ពួកគេ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់បានថា ទ្រង់មិនចង់ឱ្យយើងអកម្ម និងប្រយ័ត្នខ្លាំង ព្រោះតែខ្លាចគេលាតត្រដាង និងផាត់ចោលនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ចង់ឱ្យយើងទទួលខុសត្រូវក្នុងភារកិច្ច និងស្វែងរកគោលការណ៍នៃសេចក្តីពិតនៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ បែបនេះផ្ដល់ប្រយោជន៍ដល់កិច្ចការពួកជំនុំ និងជាវិធីតែមួយគត់ ដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្លួន។ ចំពោះខ្ញុំ ពេលខ្ញុំត្រលប់ទៅធ្វើការជាអ្នកឌីស្សាញវិញ ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងបំពេញភារកិច្ចខ្ញុំឱ្យបានល្អ តែដល់ពេលត្រូវទទួលខុសត្រូវ ខ្ញុំបែរជាប្រយ័ត្នខ្លាំងទៅវិញ។ ដើម្បីកុំឱ្យគេហៅខ្ញុំថាក្រអឺតក្រទម និងមានអំនួតខ្លាំង ខ្ញុំមិននិយាយអ្វីឡើយ ពេលឃើញបញ្ហា ហើយខ្ញុំថែមទាំងមិនបំពេញការទទួលខុសត្រូវរបស់ខ្ញុំទៀតផង ដោយការនេះនាំមកនូវការខាតបង់ដល់កិច្ចការពួកជំនុំ។ តើខ្ញុំមិនព្យាយាមបោកប្រាស់ និងបោកបញ្ឆោតព្រះទេឬអី? ខ្ញុំក៏យល់ដែរថា ពេលមានបញ្ហាកើតឡើង វាជារឿងធម្មតាទេដែលមានទស្សនៈខុសគ្នា និងយល់ទៀតថា ឱ្យតែខ្ញុំមានបំណងគិតគូរពីប្រយោជន៍នៃកិច្ចការពួកជំនុំ ស្វែងរកសេចក្តីពិត និងបំពេញភារកិច្ចខ្ញុំស្របតាមគោលការណ៍ ពេលនោះ ខ្ញុំគួរតែបញ្ចេញទស្សនៈរបស់ខ្ញុំសម្រាប់ការពិភាក្សា។ នេះជាការបំពេញភារកិច្ចដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវ មិនទាញការចាប់អារម្មណ៍ ឬបង្អាក់ការងារឡើយ។ ទោះបើខ្ញុំធ្វើខុស ព្រោះតែនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំក៏ដោយ ឱ្យតែខ្ញុំក្លាហានទទួលស្គាល់កំហុស ទទួលយកការប្រកបគ្នា និងការកែតម្រូវរបស់អ្នកដទៃ រួចផ្លាស់ប្ដូរ នោះពួកជំនុំនឹងមិនបញ្ឈប់ ឬបណ្ដេញខ្ញុំចេញពីការងារ ផ្អែកលើសេចក្តីពុករលួយដែលខ្ញុំបង្ហាញចេញម្ដងម្កាលនេះឡើយ។ ក្រោយពីបានយល់រឿងទាំងនេះ ពេលបំពេញភារកិច្ច បើខ្ញុំឃើញមានអ្វីមួយដែលបំពានគោលការណ៍ ខ្ញុំនឹងយកវាមកពិភាក្សាជាមួយគ្រប់គ្នាមិនខាន។ ដោយអនុវត្តបែបនេះ ភាពភ្លាំងភ្លាត់ក្នុងការងារមានកាន់តែតិចៗ។ ម្ដងនោះ យើងបានពិភាក្សាគ្នាអំពីគោលគំនិតឌីស្សាញរូបភាពមួយ ហើយខ្ញុំរកឃើញថា ប្រភពសម្ភារៈ និងប្រធានបទ មិនស៊ីគ្នាទេ ហើយប្រធានបទ ក៏មិនសូវច្បាស់ដែរ។ ខ្ញុំគិតថា៖ «វាអាចជាបញ្ហាធ្ងន់ធ្ងរ បើអ៊ីចឹងមែន សំណើរចនារូបភាពទាំងមូល យកជាការមិនបានទេ»។ ខ្ញុំបានអល់អែកជាខ្លាំង៖ «បើខ្ញុំនិយាយខុស តើបងប្អូនស្រីៗនឹងគិតបែបណាចំពោះខ្ញុំ? កុំខ្វល់អី។ ខ្ញុំនៅមិនចង់ប្រថុយឡើយ»។ តែខ្ញុំក៏បារម្ភដែរថា៖ «បើមានបញ្ហាពាក់ព័ន្ធនឹងគោលការណ៍មែន យើងនឹងត្រូវចាយពេលកែវាឡើងវិញមិនខាន។ តើនោះមិនធ្វើឱ្យការងារយឺតយ៉ាវទេឬអី?» ពេលគិតបែបនេះ ខ្ញុំក៏បញ្ចេញទស្សនៈរបស់ខ្ញុំ។ ក្រោយពិភាក្សាគ្នាបានខ្លះ បងប្អូនស្រីៗក៏យល់ស្របតាមទស្សនៈរបស់ខ្ញុំ។ ពេលនោះ យើងបានផ្ញើសំណើទៅអ្នកមើលខុសត្រូវអំពីការកែរូបភាព។ ក្រោយឃើញយោបល់យើង អ្នកមើលការថា គំនិតដើមជារួមអំពីការរចនា នៅប្រើការបាន ហើយគ្រាន់តែកែប្រភពសម្ភារៈបន្តិចទៅបានហើយ។ ពេលឮបែបនេះ ចង្វាក់បេះដូងខ្ញុំចាប់ផ្ដើមលោតថា៖ «តិចលោទស្សនៈខ្ញុំខុសទៀតទេដឹង? តើអ្នកមើលខុសត្រូវនឹងគិតបែបណាដែរចំពោះខ្ញុំ? តើគាត់នឹងថា ទោះបីក្រោយពេលត្រូវបណ្ដេញចេញ ខ្ញុំនៅតែក្រអឺតក្រទម និងរាប់ខ្លួនឯងថាសុចរិត ហើយមិនផ្លាស់ប្រែដដែលឬ?» ខ្ញុំអធិស្ឋានស្ងាត់ៗទៅព្រះថា៖ ខ្ញុំម្ចាស់ព្រមប្រឈមនឹងបញ្ហារបស់ខ្ញុំដោយស្មោះ។ ដូច្នេះ ខ្ញុំបានផ្ដួចផ្ដើមនិយាយទៅអ្នកមើលខុសត្រូវ និងនិយាយពីគំនិតរបស់ខ្ញុំ និងស្វែងរកគោលការណ៍អំពីបញ្ហាទាំងនេះ។ អ្នកមើលខុសត្រូវបានផ្ដល់ការប្រកបគ្នាលម្អិតដល់ពួកយើង។ ក្រោយស្ដាប់រួច ដួងចិត្តខ្ញុំបានភ្លឺស្វាង ហើយខ្ញុំបានយល់ពីការភ្លាំងភ្លាត់របស់ខ្ញុំ។ ខ្ញុំឃើញថា អ្នកមើលខុសត្រូវមិនបានដោះស្រាយជាមួយខ្ញុំទេ។ ផ្ទុយទៅវិញ គាត់បានប្រកបគ្នាជាមួយយើងដោយអំណត់។ ខ្ញុំពិបាកចិត្តបន្ដិចដែរថា៖ ខ្ញុំតែងការពារខ្លួនជាមួយបងប្អូនប្រុសស្រី និងប្រយ័ត្នប្រយែងចំពោះដំណាក់ព្រះ ដោយខ្លាចត្រូវគេបណ្ដេញចេញ និងផាត់ចោល ព្រោះតែបើកសម្ដែងពីសេចក្តីពុករលួយ តែតាមពិត ដំណាក់ព្រះប្រព្រឹត្តចំពោះមនុស្សផ្អែកលើគោលការណ៍នៃសេចក្ដីពិត មិនដោះស្រាយ ឬបណ្ដេញមនុស្សចេញភ្លាម ពេលគេធ្វើខុសទេ។ បើអ្នកមានការភ្លាំងភ្លាត់ក្នុងការងារ ព្រោះតែមិនយល់ពីគោលការណ៍ ហើយក្រោយពេលប្រកបគ្នា អ្នកអាចទទួលស្គាល់ និងកែប្រែកំហុសអ្នកបាន នោះអ្នកនឹងមិនត្រូវបណ្ដេញចេញ ឬផាត់ចោលឡើយ។ បើអ្នកក្រអឺតក្រទម និងរាប់ខ្លួនឯងថាសុចរិត ទទូចយកទស្សនៈរបស់ខ្លួន ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់អ្នក មិនស្វែងរកគោលការណ៍នៃសេចក្តីពិត និងធ្វើឱ្យខូចដល់ការងារ ពេលនោះ ទើបអ្នកនឹងត្រូវគេលួសកាត់ និងដោះស្រាយ។ ហើយបើស្ថានភាពធ្ងន់ធ្ងរ អ្នកនឹងត្រូវបណ្ដេញចេញ ឬផាត់ចោលមិនខាន។ ខ្ញុំគិតឡើងវិញអំពីពេលដែលគេបានបណ្ដេញខ្ញុំចេញ។ ខ្ញុំអាងថា ធ្លាប់ធ្វើការខាងក្រាហ្វិកយូរ មានបទពិសោធច្រើន។ ពេលពិភាក្សាបញ្ហាជាមួយអ្នកដទៃ ខ្ញុំក្រអឺតក្រទម និងមានះប្រកាន់យកទស្សនៈរបស់ខ្ញុំ។ ខ្ញុំមិនទទួលយក ក៏មិនស្វែងរកទស្សនៈផ្សេងដែរ។ ហេតុនេះ រូបភាពខ្លះត្រូវផ្ញើចុះឡើង ដើម្បីកែ ឬត្រូវលុបចោល។ តែពេលប្រឈមជាមួយបរាជ័យ និងត្រូវគេលាតត្រដាង ខ្ញុំមិនបានស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំតែងយល់ច្រឡំ និងប្រយ័ត្នប្រយែងជានិច្ច។ ខ្ញុំមិនបានបំពេញភារកិច្ច ឬដេញតាមសេចក្តីពិតឡើយ! ក្រោយមក ខ្ញុំក៏គិតផងដែរអំពី របៀបដែលខ្ញុំគួរដោះស្រាយការប្រយ័ត្នខ្លាំង ការយល់ច្រឡំ និងការប្រុងប្រយ័ត្នរបស់ខ្ញុំ។ ខ្ញុំបានអានបន្ទូលព្រះ។ «មនុស្សខ្លះធ្វើតាមឆន្ទៈផ្ទាល់ខ្លួន នៅពេលដែលពួកគេធ្វើកិច្ចការ។ ពួកគេបំពានលើគោលការណ៍ ហើយបន្ទាប់ពីត្រូវបានលួសកាត់ និងដោះស្រាយរួច ពួកគេទទួលស្គាល់ត្រឹមពាក្យសម្ដីថា ពួកគេក្រអឺតក្រទម និងថាពួកគេបានបង្កើតកំហុសដោយព្រោះតែពួកគេមិនមានសេចក្ដីពិតប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងដួងចិត្តរបស់ពួកគេ ពួកគេនៅតែត្អូញត្អែរដដែលថា 'គ្មាននរណាដែលហ៊ានអើតក្បាលចេញមកនិយាយនោះទេ គឺមានតែខ្ញុំប៉ុណ្ណោះ ហើយនៅទីបំផុត នៅពេលមានបញ្ហាកើតឡើង ពួកគេទម្លាក់ការទទួលខុសត្រូវទាំងអស់មកលើខ្ញុំ។ បែបនេះ តើខ្ញុំមិនល្ងង់ខ្លៅទេឬអី? លើកក្រោយ ខ្ញុំមិនអាចធ្វើរឿងដដែលៗ ដោយប្រថុយអើតក្បាលនិយាយរឿងបែបនេះទៀតទេ។ ដែកគោលណាដែលលៀនក្បាលចេញមកក្រៅ រមែងត្រូវញញួរដំពន្លិចទៅវិញមិនខាន!' តើអ្នកគិតយ៉ាងណាចំពោះឥរិយាបថនេះ? តើវាជាឥរិយាបថនៃការប្រែចិត្តឬទេ? (ទេ។) តើវាជាឥរិយាបថបែបណា? តើពួកគេមិនមែនក្រឡេចក្រឡុច និងបោកបញ្ឆោតទេឬអី? នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេគិតថា៖ 'លើកនេះ ខ្ញុំសំណាងណាស់ ដែលមិនធ្លាក់ក្នុងមហន្តរាយ។ និយាយទៅ ការជួបគ្រោះនេះ ជាបទពិសោធន៍មួយហើយ។ ខ្ញុំត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងជាងមុនទៀតនៅពេលអនាគត'។ ពួកគេមិនស្វែងរកសេចក្ដីពិតទេ ដោយពួកគេប្រើភាពមិនសូវសំខាន់ និងគ្រោងការបោកបញ្ឆោតរបស់ពួកគេ ដើម្បីចាត់ចែង និងដោះស្រាយបញ្ហា។ តើពួកគេអាចទទួលបានសេចក្ដីពិតតាមរបៀបនេះទេ? ពួកគេមិនអាចទេ ដោយសារពួកគេមិនទាន់បានប្រែចិត្ត។ រឿងដំបូងដែលត្រូវធ្វើនៅពេលប្រែចិត្ត គឺត្រូវដឹងអំពីអ្វីដែលអ្នកបានធ្វើខុស៖ ត្រូវដឹងថា អ្នកបានធ្វើខុសនៅត្រង់ណា ដឹងពីសារជាតិនៃបញ្ហា ហើយនិស្ស័យពុករលួយដែលអ្នកបានបើកឱ្យដឹង អ្នកត្រូវឆ្លុះបញ្ចាំងមើលរឿងទាំងនេះ ហើយទទួលយកសេចក្តីពិត បន្ទាប់មក អនុវត្តតាមសេចក្តីពិតនោះ។ មានតែបែបនេះទេ ទើបជាឥរិយាបថនៃការប្រែចិត្ត។ ម៉្យាងវិញទៀត ប្រសិនបើអ្នកចេះតែគិតពីវិធីវៀចវេរ នោះអ្នកកាន់តែក្រឡេចក្រឡុចជាងមុន បច្ចេកទេសរបស់អ្នកកាន់តែវ័យឆ្លាត និងលាក់លៀម ហើយអ្នកមានវិធីសាស្រ្តច្រើនក្នុងការដោះស្រាយរឿងផ្សេងៗ ពេលនោះ បញ្ហាពិតជាមិនសាមញ្ញដូចជាការគ្រាន់តែបោកបញ្ឆោតនោះឡើយ។ អ្នកកំពុងប្រើមធ្យោបាយដែលមិនស្មោះត្រង់ ហើយអ្នកមានអាថ៌កំបាំង ដែលអ្នកមិនអាចបង្ហាញចេញមកបាន។ នេះជាការអាក្រក់ហើយ។ អ្នកមិនត្រឹមតែមិនបានប្រែចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នករឹតតែក្រឡេចក្រឡុច និងបោកបញ្ឆោតខ្លាំងឡើង។ ព្រះជាម្ចាស់ទតឃើញថា អ្នកជាមនុស្សរឹងចចេស និងអាក្រក់ខ្លាំងហួសប្រមាណ ជាមនុស្សដែលទទួលស្គាល់ត្រឹមសម្បកក្រៅថា ខ្លួនបានធ្វើខុស ហើយទទួលយកនូវការដោះស្រាយ និងការលួសកាត់ ប៉ុន្ដែតាមការពិត អ្នកគ្មានអាកប្បកិរិយានៃការប្រែចិត្តសូម្បីតែបន្ដិចណាឡើយ។ ហេតុអ្វីបានជាយើងនិយាយបែបនេះ? ព្រោះថាក្នុងពេលដែលព្រឹត្តិការណ៍នេះកំពុងកើតឡើង ឬដោយសារលទ្ធផលកើតចេញពីព្រឹត្តិការណ៍នេះ អ្នកមិនបានស្វែងរកសេចក្តីពិតទាល់តែសោះ អ្នកមិនបានឆ្លុះបញ្ចាំង ហើយព្យាយាមស្គាល់ខ្លួនឯងទេ ក៏មិនបានអនុវត្តសេចក្ដីពិតដែរ។ អាកប្បកិរិយារបស់អ្នក គឺជាអាកប្បកិរិយាមួយដែលប្រើប្រាស់ទស្សនវិជ្ជា តក្កៈវិជ្ជា និងវិធីសាស្ត្ររបស់សាតាំង ដើម្បីដោះស្រាយបញ្ហា។ តាមពិត អ្នកកំពុងតែគេចវេះពីបញ្ហា កំពុងវេចខ្ចប់បញ្ហាដាក់ក្នុងស្រោមកាដូមួយយ៉ាងស្អាត ដើម្បីកុំឱ្យអ្នកដទៃឃើញដានបញ្ហានោះ ដោយមិនចង់ឱ្យបែកការណ៍។ ចុងក្រោយ អ្នកយល់ថា ខ្លួនអ្នកជាមនុស្សឆ្លាតខ្លាំងណាស់។ ទាំងនេះជាអ្វីដែលព្រះជាម្ចាស់ទតឃើញជាជាងការឆ្លុះបញ្ចាំង ការលន់តួ និងការប្រែចិត្តពីអំពើបាបរបស់អ្នកនៅចំពោះមុខបញ្ហាដែលបានកើតឡើងចំពោះអ្នក ហើយបន្ទាប់មកបន្តស្វែងរកសេចក្ដីពិត ហើយអនុវត្តទៅតាមសេចក្ដីពិត។ ឥរិយាបថរបស់អ្នកមិនមែនជាការស្វែងរកសេចក្ដីពិត ឬអនុវត្តនូវសេចក្តីពិតនោះទេ ហើយក៏មិនមែនជាការចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែវាជាការប្រើបច្ចេកទេស និងវិធីសាស្ត្ររបស់សាតាំងដើម្បីដោះស្រាយបញ្ហារបស់អុ្នក។ អ្នកផ្តល់នូវចំណាប់អារម្មណ៍មិនពិតទៅកាន់អ្នកដទៃ ហើយរឹងទទឹងនឹងការសម្ដែងឱ្យយល់របស់ព្រះជាម្ចាស់ ហើយអ្នកកំពុងការពារខ្លួន និងប្រឈមមុខទាក់ទងនឹងកាលៈទេសៈដែលព្រះជាម្ចាស់បានចាត់ចែងសម្រាប់អ្នក។ ដួងចិត្តរបស់អ្នកកាន់តែបិទជាងមុន និងកាន់តែបែកចេញពីព្រះជាម្ចាស់។ បែបនេះ តើអាចមានលទ្ធផលល្អណាមួយចេញពីទង្វើនេះដែរឬទេ? តើអ្នកនៅតែអាចរស់នៅក្នុងពន្លឺ ដោយទទួលបានភាពសុខសាន្ត និងសេចក្ដីអំណរដែរឬទេ? អ្នកមិនអាចទេ។ ប្រសិនបើអ្នកគេចចេញពីសេចក្តីពិត ហើយគេចចេញពីព្រះជាម្ចាស់ នោះអ្នកមុខជាត្រូវធ្លាក់ក្នុងភាពងងឹត ទាំងទួញយំ និងសង្កៀតធ្មេញរបស់អ្នកជាក់ជាមិនខាន។ តើសភាពបែបនេះកើតមានជាទូទៅចំពោះមនុស្សដែរឬទេ? (កើតមាន។) មនុស្សខ្លះតែងដាស់តឿនខ្លួនឯងថា៖ 'លើកនេះ គេបានដោះស្រាយជាមួយខ្ញុំ។ លើកក្រោយ ខ្ញុំត្រូវតែវៃឆ្លាត និងប្រុងប្រយ័ត្នជាងមុន។ ភាពឆ្លាតវៃ គឺជាគ្រឹះនៃជីវិត ហើយមនុស្សដែលមិនឆ្លាតគឺជាមនុស្សល្ងីល្ងើ'។ ប្រសិនបើអ្នកតែងតែណែនាំ និងដាស់តឿនខ្លួនឯងដូច្នេះ តើអ្នកនឹងទៅឯណាកើត? តើអ្នកនឹងអាចទទួលបានសេចក្ដីពិតទេ? ប្រសិនបើបញ្ហាកើតឡើងដល់អ្នក អ្នកត្រូវតែស្វែងរក និងយល់ពីទិដ្ឋភាពនៃសេចក្ដីពិត ហើយទទួលបាននូវទិដ្ឋភាពនៃសេចក្ដីពិតនោះ។ តើអ្នកអាចសម្រេចបានអ្វីខ្លះ ពីការយល់ដឹងនូវសេចក្ដីពិត? នៅពេលដែលអ្នកយល់ពីទិដ្ឋភាពមួយនៃសេចក្តីពិត អ្នកយល់ពីទិដ្ឋភាពមួយនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកយល់ពីមូលហេតុដែលព្រះជាម្ចាស់បានធ្វើបែបនេះចំពោះអ្នក យល់ពីមូលហេតុដែលទ្រង់ដាក់សេចក្ដីតម្រូវមកកាន់អ្នកបែបនេះ យល់ពីមូលហេតុដែលទ្រង់ចាត់ចែងឲ្យមានកាលៈទេសៈកើតឡើង ដើម្បីវាយផ្ចាល និងប្រៀនប្រដៅអ្នកដូច្នេះ យល់ពីមូលហេតុដែលព្រះជាម្ចាស់ប្រើរឿងនេះ ដើម្បីលួសកាត់ និងដោះស្រាយជាមួយអ្នក និងយល់ពីមូលហេតុដែលអ្នកដួលចុះ បរាជ័យ និងត្រូវបានលាតត្រដាងនៅក្នុងបញ្ហានេះ។ ប្រសិនបើអ្នកយល់អំពីរឿងរ៉ាវទាំងនេះ នោះអ្នកនឹងអាចស្វែងរកឃើញសេចក្ដីពិត ហើយនឹងទទួលបានជីវិត។ ប្រសិនបើអ្នកមិនយល់ពីរឿងទាំងនេះ និងមិនទទួលយកសេចក្ដីទាំងនេះទេ ប៉ុន្តែនៅតែប្រឆាំង និងរឹងទទឹងចំពោះការពិតទាំងនេះទៀត ដោយប្រើបច្ចេកទេសផ្ទាល់ខ្លួនរបស់អ្នក ដើម្បីក្លែងបន្លំខ្លួន និងដោយប្រឈមមុខនឹងអ្នកដទៃ និងព្រះជាម្ចាស់ដោយភាពមិនស្មោះ នោះអ្នកនឹងមិនអាចទទួលបានសេចក្ដីពិតជារៀងរហូត» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះស្រាយសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះចែងច្បាស់ណាស់។ ផ្លូវដ៏ល្អបំផុត ដើម្បីដោះស្រាយការយល់ច្រឡំ និងការប្រយ័ត្នប្រយែង គឺត្រូវព្យាយាមយល់ពីសេចក្តីពិតនៅគ្រប់កិច្ចការដែលពាក់ព័ន្ធ។ ពេលប្រឈមជាមួយបរាជ័យ និងឧបសគ្គ បើអ្នកមិនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់អ្នកទេ តែបែរជាគិតពីវិធីបោកបញ្ឆោត និងដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកចិត្តចង្អៀត និងវិធីវៀចវេររបស់អ្នក នោះមិនត្រឹមជាការបោកបញ្ឆោតប៉ុណ្ណោះទេ តែក៏ជានិស្ស័យអាក្រក់ផងដែរ។ មនុស្សបែបនេះនឹងមិនដែលទទួលសេចក្តីពិតឡើយ។ ខ្ញុំចាំបានថា ពេលគេបណ្ដេញខ្ញុំចេញ អ្នកដឹកនាំបានលាតត្រដាងពីភាពក្រអឺតក្រទម ការរាប់ខ្លួនឯងថាសុចរិតរបស់ខ្ញុំ និងការដែលខ្ញុំមិនព្រមស្ដាប់យោបល់គេ។ ពេលនោះ ខ្ញុំទទួលស្គាល់ និងទទួលយកវា តែក្រោយមក ខ្ញុំមិនបានស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំទេ។ លើកនេះ ពេលខ្ញុំត្រលប់មកធ្វើការផ្នែកក្រាហ្វិកម្ដងទៀត ខ្ញុំខ្លាចគេបណ្ដេញ ផាត់ខ្ញុំចេញ ព្រោះខ្ញុំបង្អាក់កិច្ចការពួកជំនុំ ដោយក្រអឺតក្រទមទៀត ដូច្នេះ ខ្ញុំជ្រើសយកទស្សនវិជ្ជាបែបសាតាំង ដូចជា «ការពារខ្លួន ព្យាយាមយករួចខ្លួនពីការស្ដីបន្ទោស»។ និង «ការពារប្រសើរជាងព្យាបាល» ដើម្បីការពារខ្លួនខ្ញុំ។ ខ្ញុំកម្របញ្ចេញទស្សនៈ ឬផ្ដល់យោបល់អ្វីផ្សេងណាស់ ហើយគ្រប់ពេលមានរឿងកើតឡើង ខ្ញុំមិនដែលនិយាយមុនគេទេ។ ខ្ញុំកាន់តែបោកបញ្ឆោតជាងមុន។ ខ្ញុំឃើញសំណើរចនាមានបញ្ហា តែខ្ញុំមិននិយាយទេ។ ខ្ញុំដឹងថា យោបល់បងស្រីមួយចំនួន មិនស្របតាមគោលការណ៍ទេ តែខ្ញុំនៅស្ងៀម។ ពីសម្បកក្រៅ ខ្ញុំហាក់ស្ដាប់បង្គាប់ណាស់ តែខ្ញុំមិនបានប្រែចិត្តពិតទេ។ ខ្ញុំគ្រាន់តែធ្វើពុតថា ខ្ញុំអាចចុះចូល ថាខ្ញុំបានផ្លាស់ប្ដូរប៉ុណ្ណោះ។ តើខ្ញុំមិនកំពុងបោកបញ្ឆោតបងប្អូនប្រុសស្រី ក៏ដូចជាព្រះទេឬអី? ពេលនោះ ទើបខ្ញុំឃើញថា ខ្ញុំមិនត្រឹមតែមិនប្រែចិត្ត ក្រោយពេលត្រូវបណ្ដេញចេញប៉ុណ្ណោះទេ តែថែមទាំងបន្តលេងល្បិច និងបោកបញ្ឆោតឥតឈប់ ដោយគិតពីវិធីការពារខ្លួន និងគ្របបាំងនិស្ស័យពុករលួយរបស់ខ្ញុំផងដែរ។ ខ្ញុំកាន់តែវៀចវេរខ្លាំងជាងមុនថែមទៀត។ និស្ស័យខ្ញុំពិតជាអាក្រក់មែន! ខ្ញុំយល់ថា ខ្ញុំឆ្លាត និងចង់ប្រើកលល្បិចបែបមនុស្ស ដើម្បីកុំឱ្យបើកសម្ដែងសេចក្តីពុករលួយរបស់ខ្ញុំ។ តែតាមរយៈបទពិសោធ ខ្ញុំចាប់ផ្ដើមឃើញថា និស្ស័យពុករលួយរបស់មនុស្ស មិនអាចយកឈ្នះដោយកម្លាំងមនុស្សទេ ហើយក៏មិនអាចដោះស្រាយដោយអាងទស្សនវិជ្ជាបែបសាតាំង និងការសម្ដែងបិទបាំងដែរ។ មានតែតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះ និងតាមរយៈការលួសកាត់ និងការដោះស្រាយប៉ុណ្ណោះ ទើបមនុស្សអាចផ្លាស់ប្ដូរបានខ្លះ។ ព្រះអនុញ្ញាតឱ្យយើងបើកសម្ដែងពីសេចក្តីពុករលួយរបស់យើង ហើយទ្រង់ជ្រាបថា យើងនឹងបរាជ័យក្នុងភារកិច្ច តែទ្រង់មិនចង់ឱ្យយើងបិទបាំង ឬគ្របបាំង ពេលមានបញ្ហាឡើយ។ ផ្ទុយទៅវិញ ទ្រង់ចង់ឱ្យយើងធ្វើសាមញ្ញ និងបើកចំហ ហើយប្រឈមនឹងបរាជ័យដោយត្រឹមត្រូវ ប្រែចិត្ត និងផ្លាស់ប្ដូរពិតប្រាកដ។ ក្រោយពេលដឹងពីព្រះទ័យព្រះរួច ខ្ញុំលែងអកម្ម ឬយល់ច្រឡំទៀតហើយ ហើយសុខចិត្តអនុវត្តសេចក្តីពិត និងប្រែចិត្តចំពោះព្រះ។ ក្រោយមក ខ្ញុំអានអត្ថបទមួយចេញពីបន្ទូលព្រះ ហើយចាប់ផ្ដើមយល់ពីផ្លូវអនុវត្តន៍។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដូច្នេះ តើអ្នកដោះស្រាយការធ្វើតាមអំពើចិត្តនិងតក់ក្រហល់របស់អ្នកដោយបែបណា? ឧបមាថា មានអ្វីមួយកើតឡើងចំពោះអ្នក ហើយអ្នកមានគំនិត និងផែនការផ្ទាល់ខ្លួន មុនពេលសម្រេចថាត្រូវធ្វើអ្វីមួយ អ្នកត្រូវតែស្វែងរកសេចក្ដីពិត ហើយយ៉ាងហោច អ្នកគួរតែប្រកបជាមួយមនុស្សគ្រប់គ្នា អំពីអ្វីដែលអ្នកគិត និងជឿពីរឿងនេះ ដោយសុំឱ្យអ្នកគ្រប់គ្នាប្រាប់អ្នកថាតើគំនិត និងផែនការរបស់អ្នកត្រឹមត្រូវ និងស្របតាមសេចក្ដីពិតឬអត់ ដោយសុំឱ្យបងប្អូនត្រួតពិនិត្យចុងក្រោយ។ នេះជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការដោះស្រាយការធ្វើអ្វីតាមអំពើចិត្ត និងតក់ក្រហល់។ ដំបូង អ្នកអាចបង្ហាញពីទស្សនៈរបស់អ្នក និងស្វែងរកសេចក្ដីពិត។ នេះគឺជាជំហានដំបូងនៃការអនុវត្ត ដើម្បីដោះស្រាយបញ្ហានៃការធ្វើតាមអំពើចិត្ត និងភាពតក់ក្រហល់។ ជំហានទីពីរ កើតមានពេលអ្នកដទៃលើកពីទស្សនៈផ្សេងគ្នា។ តើការអនុវត្តបែបណាដែលអ្នកអាចប្រតិបត្តបានដើម្បីកុំឱ្យធ្វើតាមអំពើចិត្តនិងតក់ក្រហល់? ដំបូង អ្នកត្រូវមានអាកប្បកិរិយាបន្ទាបខ្លួន ដោយទុកអ្វីដែលជឿថាត្រូវនោះមួយឡែកសិន និងឱ្យគ្រប់គ្នាប្រកបគ្នា។ ទោះបីអ្នកជឿថា ផ្លូវអ្នកត្រូវក៏ដោយ ក៏អ្នកមិនគួរចចេសដើរផ្លូវនោះដែរ។ នោះទើបជាជំហានចម្រើនទៅមុខ។ វាបង្ហាញពីអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិត អាកប្បកិរិយាបដិសេធខ្លួនឯង និងគាប់ព្រះទ័យព្រះជាម្ចាស់។ នៅពេលអ្នកមានអាកប្បកិរិយាបែបនេះ នៅក្នុងពេលដូចគ្នានោះដែរ អ្នកមិនអនុវត្តទៅតាមគំនិតរបស់ខ្លួនទេ អ្នកគួរតែអធិស្ឋាន ស្វែងរកសេចក្ដីពិតពីព្រះជាម្ចាស់ បន្ទាប់មក ត្រូវស្វែងរកមូលដ្ឋានគ្រឹះក្នុងបន្ទូលព្រះជាម្ចាស់ ដោយកំណត់ពីរបៀបប្រព្រឹត្តខ្លួនផ្អែកតាមបន្ទូលរបស់ព្រះជាម្ចាស់។ នេះជាការអនុវត្តដ៏ត្រឹមត្រូវ និងសមស្របបំផុត» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានបន្ទូលព្រះរួច ខ្ញុំយល់បានថា ក្នុងពេលពិភាក្សាគ្នា កាលណាអ្នកមានគំនិត និងយោបល់ អ្នកត្រូវមានដួងចិត្តដែលស្វែងរក។ ការបញ្ចេញទស្សនៈ មិនមែនជាការបង្ខំឱ្យគេយល់ស្របតាមអ្នកទេ។ ផ្ទុយទៅវិញ វាជាការលើកឡើងពីទស្សនៈ ដើម្បីឱ្យគ្រប់គ្នាយកមកពិភាក្សាគ្នា រួចស្វែងរកគោលការណ៍នៃសេចក្តីពិតជាមួយគ្នា។ នេះជាវិធីសាស្ត្រតែមួយគត់ដែលសមហេតុផល។ នេះជាឥរិយាបថមួយដែលការពារដល់កិច្ចការពួកជំនុំ។ បើអ្នកធ្វើការ ផ្អែកលើនិស្ស័យក្រអឺតក្រទមរបស់អ្នក អ្នកងាយនឹងធ្វើតាមចិត្ត និងបង្ខំគេឱ្យស្ដាប់តាមអ្នក ដោយគ្មានការកោតខ្លាចចំពោះព្រះ ឬការស្ដាប់បង្គាប់ចំពោះទ្រង់ឡើយ។ ក្រោយមក ពេលពិភាក្សាពីគោលគំនិតជាមួយបងប្អូនប្រុសស្រី ខ្ញុំតែងប្រកបគ្នាតាមត្រង់អំពីទស្សនៈ និងគំនិតខ្ញុំ ទោះបីខ្ញុំយល់ថា គំនិតខ្ញុំត្រូវក៏ដោយ ក៏ខ្ញុំមិនប្រកាន់ខ្ជាប់ទាំងងងឹតងងុលដែរ។ កាលណាខ្ញុំទទួលបានសំណើផ្សេង ខ្ញុំនឹងអធិស្ឋាន និងស្វែងរក។ ខ្ញុំទទួលយកដោយបន្ទាបខ្លួន ពេលនរណាម្នាក់និយាយអ្វីមួយដែលស្របតាមគោលការណ៍។ តែបើវាមិនស្របទេ ខ្ញុំនឹងប្រកាន់ជំហរខ្ញុំ ហើយប្រកបគ្នា និងពិភាក្សាជាមួយពួកគេ។ នេះជាវិធីតែមួយគត់ ដើម្បីបំពេញភារកិច្ចស្របតាមព្រះទ័យព្រះ។

ខ្ញុំបានបន្តអានថែមទៀតអំពីបន្ទូលព្រះ ដែលបានបញ្ជាក់កាន់តែច្បាស់អំពីរបៀបដោះស្រាយការបោកបញ្ឆោត និងការប្រយ័ត្នប្រយែង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង» («វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «តើមនុស្សស្មោះត្រង់បង្ហាញចេញនូវលក្ខណៈអ្វីខ្លះ? ទីមួយ គឺគ្មានការសង្ស័យអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះហើយគឺជាការបង្ហាញពីលក្ខណៈរបស់មនុស្សស្មោះត្រង់។ ដូចគ្នានេះដែរ ការស្វែងរក និងការអនុវត្តសេចក្តីពិតនៅគ្រប់បញ្ហាទាំងអស់ ក៏ជាចំណុចដ៏សំខាន់ដែលបង្ហាញពីលក្ខណៈរបស់មនុស្សស្មោះត្រង់ដែរ នេះជាចំណុចចាំបាច់បំផុត។ អ្នកនិយាយថា អ្នកជាមនុស្សស្មោះត្រង់ ប៉ុន្តែអ្នកតែងតែមិនអើពើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតែងធ្វើអ្វីតាមតែចិត្តចង់។ តើនេះជាការបង្ហាញពីលក្ខណៈរបស់មនុស្សស្មោះត្រង់ដែរឬទេ? អ្នកនិយាយថា 'ទោះបីជាខ្ញុំមានគុណសម្បត្តិមិនល្អក៏ដោយ ក៏ខ្ញុំមានចិត្តស្មោះត្រង់ដែរ'។ ប៉ុន្តែនៅពេលដែលភារកិច្ចធ្លាក់មកលើខ្លួនអ្នក អ្នកខ្លាចត្រូវរងទុក្ខ ខ្លាចត្រូវទទួលខុសត្រូវ ប្រសិនបើអ្នកបំពេញភារកិច្ចនោះមិនបានល្អ ដូច្នេះ អ្នករកលេសដោះសាដើម្បីគេចវេះពីភារកិច្ចនោះ ឬស្នើឱ្យអ្នកផ្សេងបំពេញភារកិច្ចនោះវិញ។ តើមនុស្សស្មោះត្រង់បង្ហាញលក្ខណៈបែបនេះទេ? ច្បាស់ណាស់ គឺអត់នោះទេ។ ដូច្នេះ តើមនុស្សស្មោះត្រង់គួរប្រព្រឹត្តបែបណា? ពួកគេគួរតែចុះចូលតាមការរៀបចំរបស់ព្រះជាម្ចាស់ មានភក្ដីភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងស្វះស្វែងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ចំណុចនេះបង្ហាញឱ្យឃើញតាមវិធីជាច្រើន។ ចំណុចមួយ គឺទទួលយកភារកិច្ចរបស់អ្នកដោយចិត្តស្មោះ មិនគិតពីប្រយោជន៍ខាងសាច់ឈាម មិនស្ទាក់ស្ទើរចំពោះភារកិច្ច មិនមានផែនការអាក្រក់ដើម្បីប្រយោជន៍ខ្លួន។ លក្ខណៈនេះហើយ គឺជាការបង្ហាញឱ្យឃើញពីភាពស្មោះត្រង់។ ចំណុចមួយទៀត គឺការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ឱ្យអស់ពីចិត្ត និងអស់ពីកម្លាំងរបស់អ្នក ធ្វើអ្វីៗឱ្យបានត្រឹមត្រូវ ហើយដាក់ចិត្ត និងក្ដីស្រឡាញ់របស់អ្នកទៅក្នុងភារកិច្ចនោះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ទាំងអស់នេះ គឺជាការបង្ហាញពីលក្ខណៈដែលមនុស្សស្មោះត្រង់គួរតែមាន ពេលបំពេញភារកិច្ចរបស់ខ្លួន។ ប្រសិនបើអ្នកមិនធ្វើអ្វីដែលអ្នកដឹង និងយល់ទេ ហើយប្រសិនបើអ្នកខំប្រឹងត្រឹមតែ ៥០ ឬ ៦០ ភាគរយ នោះអ្នកមិនខំប្រឹងឱ្យអស់ពីចិត្ត និងអស់ពីកម្លាំងរបស់អ្នកនោះទេ អ្នកមានចិត្តវៀចវេរ និងរកវិធីខ្ជិលច្រអូសនឹងការងារហើយ។ តើមនុស្សដែលបំពេញភារកិច្ចតាមរបៀបនេះ ជាមនុស្សស្មោះត្រង់ដែរឬទេ? ដាច់ខាត គឺមិនមែននោះទេ។ ព្រះជាម្ចាស់មិនប្រើមនុស្សវៀចវេរ និងបោកបញ្ឆោតបែបនេះឡើយ។ ត្រូវតែផាត់ពួកគេចោល។ ព្រះជាម្ចាស់ទ្រង់ប្រើតែមនុស្សស្មោះត្រង់ឱ្យបំពេញភារកិច្ចប៉ុណ្ណោះ។ នេះមានន័យថា សូម្បីតែអ្នកស៊ីឈ្នួលដែលស្មោះស្ម័គ្រ ក៏ត្រូវតែស្មោះត្រង់ដែរ។ មនុស្សដែលធ្វេសប្រហែស និងបំពេញកិច្ចការឱ្យតែរួចពីដៃ មនុស្សដែលតែងតែវៀចវេរ និងរកវិធីខ្ជិលច្រអូសនឹងការងារ សុទ្ធតែជាមនុស្សបោកបញ្ឆោតទាំងអស់ ពួកគេសុទ្ធតែជាអារក្ស ក្នុងចំណោមពួកគេនោះ គ្មាននរណាម្នាក់ជឿលើព្រះជាម្ចាស់ពិតប្រាកដនោះទេ ហើយពួកគេទាំងអស់នោះ នឹងត្រូវផាត់ចោល» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលគិតដល់បន្ទូលព្រះ ខ្ញុំដឹងថា និស្ស័យរបស់ព្រះ គឺបរិសុទ្ធ និងសុចរិត។ ព្រះស្រឡាញ់មនុស្សស្មោះត្រង់។ មនុស្សស្មោះត្រង់មានចិត្តស្មោះចំពោះព្រះ ពួកគេមិនការពារខ្លួន ឬសង្ស័យអ្នកដទៃ និងព្រះឡើយ ហើយពួកគេអាចទទួលយកការពិនិត្យពិច័យរបស់ព្រះនៅក្នុងគ្រប់កិច្ចការ។ ពួកគេមិនក្រឡេចក្រឡុច ឬបោកបញ្ឆោតក្នុងភារកិច្ចខ្លួនទេ ហើយពួកគេមិនសំចៃកម្លាំងក្នុងការធ្វើអ្វីដែលគេគួរធ្វើឡើយ។ សូម្បីពេលដែលពួកគេត្រូវទទួលខុសត្រូវក្ដី ក៏ពួកគេអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ប្រកាន់យកគោលការណ៍ និងបំពេញភារកិច្ចខ្លួនឱ្យបានល្អ ដើម្បីផ្គាប់ព្រះទ័យព្រះដែរ។ មានតែមនុស្សដែលបំពេញភារកិច្ចខ្លួនបែបនេះទេ ទើបអាចទទួលបានការយល់ព្រមពីព្រះបាន ហើយមានតែមនុស្សប្រភេទនេះប៉ុណ្ណោះ ទើបជាមនុស្សវៃឆ្លាតពិត! តែដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំបន្តនៅស្ងៀម ពេលឃើញមានបញ្ហា ដែលបានបង្អាក់ដល់ការងារ។ ទោះបីមើលទៅខ្ញុំដូចជាមិនត្រូវទទួលខុសត្រូវដោយផ្ទាល់ក្ដី តែតាមពិត នោះជាលទ្ធផលចេញពីការដែលខ្ញុំមិនអនុវត្តសេចក្តីពិតដែរ។ ខ្ញុំក៏មិនយល់គោលការណ៍ជាច្រើននៃសេចក្តីពិត ហើយមើលឃើញតែជ្រុងមួយនៃបញ្ហាប៉ុណ្ណោះ ដូច្នេះ ការភ្លាំងភ្លាត់នៅក្នុងសំណើខ្ញុំ គឺជារឿងចៀសមិនផុតឡើយ។ តែមនុស្សស្មោះត្រង់រកផ្លូវដោះស្រាយសេចក្តីពុករលួយ និងភាពខ្វះចន្លោះរបស់ខ្លួនយ៉ាងត្រឹមត្រូវ ទទួលយកសេចក្តីពិត ក៏ដូចជាការប្រកបគ្នា និងការកែតម្រូវរបស់អ្នកដទៃ ហើយអាចបូកសរុបការភ្លាំងភ្លាត់របស់ខ្លួន និងយល់ពីគោលការណ៍សំខាន់ៗ។ បើកំហុសរបស់ពួកគេពិតជាបង្អាក់ដល់ការងារមែន ពួកគេអាចទទួលយក និងផ្លាស់ប្រែដោយក្លាហាន។ បន្ទាប់ពីដឹងចំណុចទាំងនេះរួច ដួងចិត្តខ្ញុំបានភ្លឺស្វាងបន្តិច ហើយខ្ញុំយល់កាន់តែច្បាស់ពីគោលការណ៍ដែលខ្ញុំគួរអនុវត្តនៅក្នុងភារកិច្ចខ្ញុំ។

ក្រោយមក ពេលខ្ញុំពិភាក្សាពីបញ្ហាជាមួយបងប្អូនស្រីៗម្ដងទៀត ខ្ញុំនឹងអធិស្ឋានទៅព្រះ កែសម្រួលបំណងខ្ញុំ និងអនុវត្តតាមគោលការណ៍នៃសេចក្តីពិត។ ម្ដងនោះ ខ្ញុំកំពុងពិភាក្សាពីគោលគំនិតឌីស្សាញរូបភាពមួយជាមួយបងស្រីបីនាក់ ហើយពួកគេទាំងបីនិយាយថា ការឌីស្សាញមិនអាចធ្វើបានទេ តែខ្ញុំមានទស្សនៈមួយផ្ទុយស្រឡះ។ ខ្ញុំគិតថា៖ «ពួកគេទាំងបីមានទស្សនៈដូចគ្នា។ បើខ្ញុំបញ្ចេញទស្សនៈខុសពីគេ តើពួកគេនឹងថា ខ្ញុំក្រអឺតក្រទមដែរទេ? ឬខ្ញុំគួរតែប្រកាន់ជំហររបស់ខ្ញុំ?» តែរូបភាពនោះ គឺជាគោលគំនិតមួយថ្មី ហើយប្រធានបទក៏ច្បាស់លាស់ដែរ។ យោងតាមគោលការណ៍ យើងអាចធ្វើបាន។ បើខ្ញុំចេះតែស្របតាមទស្សនៈរបស់គេគ្រប់គ្នា តើយើងនឹងមិនត្រូវបោះចោលសំណើឌីស្សាញល្អមួយទៅហើយ? ខ្ញុំបានគិតពីរបៀបដែលមនុស្សស្មោះត្រង់បំពេញភារកិច្ចរបស់ខ្លួនយ៉ាងហ្មត់ចត់ និងប្រកាន់ខ្ជាប់តាមគោលការណ៍។ ដូច្នេះ ខ្ញុំប្រាប់ពួកគេអំពីទស្សនៈរបស់ខ្ញុំ និងគោលការណ៍ដែលពាក់ព័ន្ធ។ តាមរយៈការពិភាក្សា គ្រប់គ្នាយល់ស្របថា អ្វីដែលខ្ញុំនិយាយ គឺស្របតាមគោលការណ៍ជាង។ ពេលឃើញបែបនេះ ខ្ញុំដឹងគុណយ៉ាងពិតប្រាកដចំពោះការណែនាំរបស់ព្រះ ហើយការដោះស្រាយការងារ ដោយធ្វើតាមគោលការណ៍បែបនេះ ធ្វើឱ្យខ្ញុំស្ងប់ចិត្តជាខ្លាំង។

ដូច្នេះ ឥឡូវ បន្តិចម្ដងៗ ខ្ញុំមានសេរីភាពពីភាពប្រយ័ត្ន និងការប្រុងប្រយ័ត្នខ្លាំងពេក។ ខ្ញុំអាចពិភាក្សារាល់ទស្សនៈដែលខ្ញុំមានជាមួយគ្រប់គ្នា ហើយខ្ញុំបំពេញភារកិច្ច ដោយមានដួងចិត្តកាន់តែបរិសុទ្ធ និងបើកចំហ។ ខ្ញុំបំពេញភារកិច្ចកាន់តែមានប្រសិទ្ធភាព។ ខ្ញុំអាចមានចំណេះដឹង និងសមត្ថភាពផ្លាស់ប្រែបែបនេះ គឺព្រោះតែការណែនាំចេញពីបន្ទូលព្រះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

លែងធ្វើជាមនុស្សអួតតទៅទៀត

ខ្ញុំចាំបានថា កាលពីឆ្នាំ ២០១៨ នៅក្នុងក្រុមជំនុំ ខ្ញុំមានភារកិច្ចផ្សាយដំណឹងល្អ ហើយក្រោយមកខ្ញុំត្រូវបានចាត់ឱ្យទទួលខុសត្រូវលើការងារនោះ។...