ការរៀនសូត្របានពីការសហការ

22-01-2026

ដោយ លូ ឈីមិង ប្រទេសចិន

ខ្ញុំបំពេញភារកិច្ចថតចម្រៀងទំនុកតម្កើងនៅពួកជំនុំ ហើយគុណភាពនៃបទចម្រៀងទំនុកតម្កើងដែលបានថតគឺល្អគ្រាន់បើ។ ជាទូទៅ បងប្អូនប្រុសស្រីបានសរសើរការងាររបស់ខ្ញុំ។ ជាងដប់ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ខ្ញុំបានកត់សម្គាល់ឃើញថា បទចម្រៀងទំនុកតម្កើងជាច្រើនដែលពួកគេបានស្ដាប់គឺខ្ញុំជាអ្នកថត ដែលធ្វើឱ្យខ្ញុំមានមោទនភាពចំពោះខ្លួនឯង។ ក្រោយមក ពួកជំនុំបានរៀបចំឱ្យបងប្រុស លី មិង ធ្វើការជាមួយខ្ញុំ។ គាត់ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការថតបទចម្រៀងទំនុកតម្កើង ហើយក៏ចេះជំនាញខ្លះៗដែរ។ ពេលចាប់ផ្ដើមដំបូង ខ្ញុំមានចិត្តក្លៀវក្លាក្នុងការធ្វើការជាមួយ លី មិង ហើយពួកយើងចុះសម្រុងនឹងគ្នាបានល្អណាស់។ ខ្ញុំបានព្យាយាមបង្រៀនគាត់នូវបច្ចេកទេសថតដែលខ្ញុំចេះ។ បន្ទាប់ពី លី មិង បានរៀនបច្ចេកទេសថតថ្មីៗមួយចំនួនរួចមក គាត់បានផ្ដល់យោបល់ថា ការប្រើប្រាស់វិធីសាស្ត្រថ្មីៗទាំងនេះនឹងផ្តល់លទ្ធផលល្អប្រសើរជាង ហើយអ្នកដឹកនាំពួកជំនុំក៏បានយល់ព្រមឱ្យគាត់សាកល្បងដែរ។ ខ្ញុំបានគិតថា៖ «ខ្ញុំបានបំពេញភារកិច្ចថតចម្រៀងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំក៏យល់ដឹងខ្លះៗដែរអំពីបច្ចេកទេសដែលអ្នកកំពុងនិយាយនេះ។ សូម្បីតែខ្ញុំក៏យល់ថា បច្ចេកទេសថ្មីៗនេះមានបញ្ហាប្រឈមខ្លាំងដែរ អ្នកទើបតែមកទីនេះបានប៉ុន្មានថ្ងៃសោះ ហើយចង់ប្រើបច្ចេកទេសថ្មីដើម្បីថតឬ? តើអ្នកមិនក្រអឺតក្រទមពេកទេឬ? ម្យ៉ាងទៀត បច្ចេកទេសថ្មីៗទាំងនេះវាស្មុគស្មាញ ហើយមិនមែនជាអ្វីដែលអាចចេះស្ទាត់បានក្នុងពេលឆាប់ៗនោះទេ។ ខ្ញុំគិតថា អ្នកកំពុងតែខាតពេលឥតប្រយោជន៍ហើយ»។ ខ្ញុំមិនបានយកចិត្តទុកដាក់នឹងរឿងនេះខ្លាំងនោះទេ។ បន្ទាប់ពី លី មិង បានខំប្រឹងរាវរកវិធីសាស្ត្រថ្មីៗអស់រយៈពេលជាច្រើនថ្ងៃ លទ្ធផលថតដំបូងៗមិនសូវល្អនោះទេ ហើយបងប្អូនប្រុសស្រីក៏មានអារម្មណ៍ថា លទ្ធផលមិនបានល្អដែរ។ ពេលនោះ ខ្ញុំក៏គិតថា បច្ចេកទេសថ្មីៗទាំងនេះមិនមានប្រសិទ្ធភាពទេ ហើយខ្ញុំក៏បន្តប្រើប្រាស់វិធីសាស្ត្រចាស់ៗដើម្បីថតដដែល។

បន្ទាប់ពីមួយរយៈពេលមក អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ ចម្រៀងទំនុកតម្កើងដែល លី មិង បានថតដោយប្រើបច្ចេកទេសថ្មីៗបានល្អប្រសើរឡើងច្រើន។ ការនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា កំពុងជួបនឹងស្ថានការណ៍ធ្ងន់ធ្ងរ ហើយខ្ញុំបានគិតក្នុងចិត្តថា៖ «វិធីសាស្រ្តថតរបស់ លី មិង ពិតជាមានគុណសម្បត្តិរបស់វាមែន។ ទោះបីជាពេលដំបូងវាមានការពិបាកខ្លះក៏ដោយ ក៏វាផ្ដល់លទ្ធផលល្អប្រសើរជាងក្នុងការថតចម្រៀងទំនុកតម្កើង ហើយបងប្អូនប្រុសស្រីភាគច្រើនក៏ពេញចិត្តដែរ។ លើសពីនេះទៅទៀត ជំនាញរបស់ លី មិង ក្នុងផ្នែកនេះ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រសិនបើគាត់ហ្វឹកហាត់មួយរយៈ ហើយចេះស្ទាត់នូវបច្ចេកទេសទាំងនេះ តើមនុស្សគ្រប់គ្នានឹងមិនចាប់ផ្ដើមកោតសរសើរ ហើយចាប់អារម្មណ៍តែលើគាត់ទេឬ? ពេលនោះ ខ្ញុំនឹងលែងមានឋានៈនៅក្នុងចិត្តរបស់មនុស្សទៀតហើយ ហើយខ្ញុំក៏នឹងមិនអាចធ្វើឱ្យគេចាប់អារម្មណ៍នឹងខ្ញុំទៀតដែរ! ក្រៅពីនេះ តើបងប្អូនប្រុសស្រីនឹងមិននិយាយថា ខ្ញុំបានថតចម្រៀងទំនុកតម្កើងតាមរបៀបដដែលៗអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយគ្មានការរីកចម្រើនអ្វីសោះ ខណៈដែល លី មិង នៅទីនេះមិនដល់ពីរខែផង ក៏បានច្នៃប្រឌិតថ្មី ផ្ដល់លទ្ធផលល្អជាងខ្ញុំទៅទៀត? ពួកគេនឹងគិតថា លី មិង មានសមត្ថភាពជាង! ហើយពួកគេប្រាកដជានឹងមើលងាយខ្ញុំ? តើកេរ្តិ៍ឈ្មោះរបស់ខ្ញុំនឹងទៅជាយ៉ាងណាទៅ? ខ្ញុំបានបំពេញភារកិច្ចថតចម្រៀងទំនុកតម្កើងនេះអស់រយៈពេលជាច្រើនឆ្នាំហើយ ខ្ញុំមិនអាចឱ្យ លី មិង ល្អលើសខ្ញុំលឿនខ្លាំងបែបនេះបានទេ។ ខ្ញុំមិនអាចទទួលយកការនេះបានទេ។ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំមិនអាចឱ្យគាត់លេចធ្លោជាងខ្ញុំបានឡើយ»។ ដើម្បីចៀសវាងការចាញ់ លី មិង ខ្ញុំក៏ចាប់ផ្ដើមក្រោកពីព្រលឹម ហើយនៅដល់យប់ជ្រៅ ដើម្បីសិក្សាបច្ចេកទេសពីមុនៗ។ នៅពេលដែលការថតមានភាពប្រសើរឡើង ហើយទទួលបានការពេញចិត្តពីបងប្អូនប្រុសស្រីភាគច្រើន ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្ត ដោយគិតថា៖ «លើកនេះ ខ្ញុំបានបង្ហាញឱ្យបងប្អូនប្រុសស្រីឃើញថា ខ្ញុំនៅតែពូកែជាងអ្នក អ្នកមិនទាន់ពូកែគ្រប់គ្រាន់ទេ ដូច្នេះចុះចាញ់ទៅ»។ ប៉ុន្តែក្រោយមក ខ្ញុំបានឃើញថា លី មិង នៅតែបន្តសិក្សាស្រាវជ្រាវបច្ចេកទេសថ្មីៗ ដែលធ្វើឱ្យខ្ញុំកាន់តែបារម្ភខ្លាំង។ ខ្ញុំក៏គិតខ្វល់ថា ប្រសិនបើគាត់ជោគជ័យ គាត់នឹងជំនួសខ្ញុំ ដូច្នេះ ខ្ញុំបានគិតថា៖ «ខ្ញុំសង្ឃឹមថាអ្នកមិនរីកចម្រើនទេ ហើយបើការស្រាវជ្រាវរបស់អ្នកបរាជ័យ នោះកាន់តែប្រសើរទៅទៀត! បែបនេះ ខ្ញុំអាចរក្សាជំហររបស់ខ្ញុំបាន ហើយនឹងមិនត្រូវបានគេមើលងាយទៀតទេ»។ ខ្ញុំតែងតែបារម្ភជានិច្ចអំពីការដែល លី មិងនឹងត្រូវជំនួសខ្ញុំ ដូច្នេះ ក្នុងចិត្តខ្ញុំ ខ្ញុំចាប់ផ្ដើមឃ្លាតឆ្ងាយពីគាត់ ហើយមានអគតិចំពោះគាត់ ដោយកាន់តែមិនពេញចិត្តនឹងគាត់ឡើងៗ។ ហើយអាកប្បកិរិយារបស់ខ្ញុំចំពោះគាត់ក៏កាន់តែព្រងើយកន្តើយ។ ពេលខ្លះ ពេលឃើញ លី មិង និយាយយ៉ាងក្លៀវក្លា និងរីករាយអំពីបច្ចេកទេសថ្មីៗរបស់គាត់ វានឹងធ្វើឱ្យ ខ្ញុំគិតទាំងខឹងថា៖ «ឥឡូវ អ្នកកំពុងតែលេចធ្លោទៀតហើយ!» ក្រោយមក ពេលខ្ញុំឃើញថា លី មិង ត្រូវការជំនួយក្នុងការស្រាវជ្រាវបច្ចេកទេសថ្មីៗរបស់គាត់ ខ្ញុំមិនចង់ពាក់ព័ន្ធឡើយ ដោយសង្ឃឹមយ៉ាងខ្លាំងថាគាត់នឹងបរាជ័យ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងបន្តិចដែរ ដោយគិតថា៖ «ខ្ញុំមិនបានសហការជាមួយគាត់ទាល់តែសោះ តើនេះមិនមែនជាការឈរមើលគាត់ប្រឹងប្រែងតែម្នាក់ឯងទេឬ?» ប៉ុន្តែសតិសម្បជញ្ញៈបន្តិចបន្តួចនេះ ត្រូវបាននិស្ស័យពុករលួយរបស់ខ្ញុំគាបសង្កត់ភ្លាមៗ។ នៅទីបំផុត ដើម្បីឱ្យ លី មិង បោះបង់ការស្រាវជ្រាវបច្ចេកទេសថ្មីៗរបស់គាត់ ខ្ញុំបានចាប់ផ្ដើមរកលេស ដោយនិយាយដោយចេតនាថា៖ «ការងារថតចម្រៀងទំនុកតម្កើងឥឡូវនេះកាន់តែបន្ទាន់ហើយ ហើយការស្រាវជ្រាវបច្ចេកទេសថ្មីៗរបស់អ្នកកំពុងប្រើពេលយូរពេកហើយ។ ប្រហែលជាអ្នកគួរតែឈប់សិនទៅ»។ ទោះជាយ៉ាងណា គាត់មិនបានរងឥទ្ធិពលពីសម្ដីខ្ញុំទេ ហើយបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់គាត់ដដែល។

ថ្ងៃមួយ លី មិង បានបញ្ចេញនិស្ស័យក្រអឺតក្រទម ហើយទទូចចង់ធ្វើតាមតែគំនិតខ្លួនឯង រហូតដល់ត្រូវបានលួសកាត់។ ខ្ញុំលួចត្រេកអរក្នុងចិត្ត ដោយគិតថា៖ «ឃើញទេ នេះហើយជាលទ្ធផលនៃការសម្ញែងខ្លួន! អ្នកទើបតែនៅទីនេះបានប៉ុន្មានថ្ងៃសោះ ហើយគ្រាន់តែចេះបន្តិចបន្តួច អ្នកគិតថាអ្នកអាចមកទីនេះដើម្បីបង្ហាញមុខបង្ហាញមាត់ បង្ហាញថាអ្នកពូកែអស្ចារ្យណាស់អ៊ីចឹង។ ឥឡូវ ពេលដែលអ្នកត្រូវបានលួសកាត់ អ្នកប្រាកដជានឹងរាងចាលហើយ!» ក្នុងអំឡុងពេលនោះ ខ្ញុំកាន់តែមិនពេញចិត្តនឹង លី មិង ឡើងៗ។ ពេលពួកយើងធ្វើការជាមួយគ្នាក្នុងភារកិច្ច ពួកយើងស្ទើរតែមិននិយាយរកគ្នាទេ ហើយបើនិយាយ ក៏និយាយតែពេលចាំបាច់ប៉ុណ្ណោះ។ មានគម្លាតផ្លូវចិត្តដ៏ធំមួយរវាងពួកយើង។ ខ្ញុំដឹងថា ខ្ញុំកំពុងតែជាប់ជំពាក់ក្នុងការស្វែងរកកិត្តិនាម និងឋានៈ ប៉ុន្តែខ្ញុំមិនអាចបោះបង់វាចោលបានទេ។ ភាពច្របូកច្របល់ក្នុងអារម្មណ៍ដែលខ្ញុំបានជួបប្រទះនៅពេលនោះ គឺពិបាកនឹងពណ៌នាណាស់ រាល់ថ្ងៃ ខ្ញុំមានអារម្មណ៍អស់កម្លាំង វិញ្ញាណខ្ញុំមិនសុខ ហើយខ្ញុំនឿយហត់ខ្លាំង។ ដោយសារតែពួកយើងខ្វះការសហការចុះសម្រុងគ្នា លទ្ធផលនៃចម្រៀងទំនុកតម្កើងដែលពួកយើងបានថតគឺមិនបានល្អទេ ដែលវាបានប៉ះពាល់ដល់ការរីកចម្រើននៃការងាររបស់ពួកយើងផងដែរ។ ការប្រឈមមុខនឹងលទ្ធផលទាំងនេះ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ឈឺចាប់ជាខ្លាំង ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាទាល់ច្រក ហើយមិនដឹងថាត្រូវប្ដូរស្ថានភាពនេះយ៉ាងណាទេ។ ក្នុងអំឡុងពេលនោះ មានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គដែលចិត្តខ្ញុំតែងតែនឹកឃើញ៖ «ប្រសិននៅក្នុងជីវិត អ្នកមិនទទួលរងនូវទុក្ខលំបាកដើម្បីសេចក្តីពិត ឬស្វែងរក និងទទួលបានសេចក្តីពិតនេះ តើអ្នកអាចថាមកពីអ្នកចង់មានវិប្បដិសារី ពេលដែលអ្នកជិតស្លាប់មែនទេ? ប្រសិនបើដូច្នេះមែន ហេតុអ្វីត្រូវជឿព្រះជាម្ចាស់? ... តើអ្នកអាចទទួលបានផលអ្វីខ្លះ តាមរយៈការរស់នៅដើម្បីប្រយោជន៍សាច់ឈាម និងការខំប្រឹងលំបាក ដើម្បីរិះរកឱ្យបានចំណេញ និងកិត្តិនាមនោះ?» (ដកស្រង់ពី «អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានរំពឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្តងហើយម្តងទៀត ហើយបានគិតថា៖ «ពិតមែនហើយ ហេតុអ្វីបានជាខ្ញុំជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ? តើគ្រាន់តែដើម្បីប្រកួតប្រជែងដណ្តើមយកកិត្តិនាម និងផលប្រយោជន៍ជាមួយបងប្រុសរបស់ខ្ញុំទេឬ? តើទីបំផុតខ្ញុំអាចទទួលបានអ្វីខ្លះពីការជឿលើព្រះជាម្ចាស់តាមរបៀបនេះ? ក្នុងអំឡុងពេលនេះ ខ្ញុំបានប្រកួតប្រជែងដណ្តើមយកកិត្តិនាម និងផលប្រយោជន៍ជាមួយបងប្រុសរបស់ខ្ញុំ រហូតធ្លាក់ទៅក្នុងសេចក្តីងងឹត និងបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាលទ្ធផលនាំឱ្យមានការឈឺចាប់ និងទារុណកម្ម។ នេះគឺជាការស្អប់ខ្ពើម និងការស្អប់របស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ តើការបំពេញភារកិច្ចរបស់ខ្ញុំតាមរបៀបនេះមានន័យដូចម្តេចទៅ?» ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានរស់នៅក្នុងការស្វែងរកកិត្តិនាម និងផលប្រយោជន៍ ហើយវាពិតជាឈឺចាប់ខ្លាំងណាស់។ សូមទ្រង់ដឹកនាំទូលបង្គំឱ្យចេញផុតពីសភាពនេះផង ដើម្បីឱ្យទូលបង្គំអាចធ្វើការចុះសម្រុងជាមួយបងប្រុសរបស់ទូលបង្គំ ដោយមានចិត្តគំនិតតែមួយ ដើម្បីបំពេញភារកិច្ចរបស់ពួកយើងឱ្យបានល្អ»។

ក្រោយមក ខ្ញុំបានប្រទះឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នា បានត្រដែតឡើងទៅដល់កំពូលនៃហ្វូងមនុស្ស។ អ្នកបានឡើងទៅជាបុព្វបុរសនៃពួកមហាជន។ អ្នករាល់គ្នាពិតជាធ្វើតាមតែអំពើចិត្តខ្លាំងណាស់ ហើយអ្នកជ្រួលច្របល់ក្នុងចំណោមពពួកសត្វដង្កូវទាំងអស់នោះដោយស្វែងរកកន្លែងសុខស្រួល និងព្យាយាមលេបត្របាក់ពពួកដង្កូវដែលតូចជាងខ្លួនអ្នក។ នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា គឺពោរពេញដោយចិត្តព្យាបាទ និងទុច្ចរិត ដែលលើសជាងខ្មោចដែលបានលិចនៅបាតសមុទ្រទៅទៀត។ អ្នករស់នៅក្រោមបាតគំនរលាមក ដោយរុកគួនពួកដង្កូវតាំងពីកំពូលទៅបាតក្រោម រហូតដល់ពួកវាគ្មានសេចក្ដីស្ងប់សុខ ដោយតយុទ្ធនឹងគ្នាទៅវិញទៅមកអស់មួយរយៈ រួចក៏ស្ងប់ទៅវិញ។ អ្នកមិនស្គាល់កន្លែងរបស់អ្នកឡើយ ប៉ុន្តែអ្នកនៅតែច្បាំងជាមួយគ្នាទៅវិញទៅមក នៅក្នុងគំនរលាមកនោះដដែល។ តើអ្នកអាចទទួលបានអ្វីខ្លះពីការខំពុះពារនេះ? ប្រសិនបើអ្នករាល់គ្នាមានចិត្តដែលកោតខ្លាចដ៏ពិតប្រាកដចំពោះខ្ញុំមែន តើអ្នកអាចច្បាំងជាមួយគ្នាទៅវិញទៅមកនៅពីក្រោយខ្នងរបស់ខ្ញុំបានដោយរបៀបណា? មិនថាអ្នកមានឋានៈខ្ពស់យ៉ាងណានោះទេ តើអ្នកមិនមែននៅតែជាកូនដង្កូវស្អុយគគ្រក់នៅក្នុងគំនរលាមកទេឬអី? តើអ្នកនឹងអាចដុះស្លាប និងក្លាយជាសត្វព្រាបនៅលើមេឃបានដែរឬទេ?» (ដកស្រង់ពី «នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ខ្ញុំក៏បានយល់ដឹងខ្លះៗអំពីខ្លួនឯង។ កាលពីមុន ខ្ញុំជឿថា ខ្ញុំបានបំពេញភារកិច្ចថតចម្រៀងទំនុកតម្កើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យខ្ញុំមានសមត្ថភាពពិសេស និងមានលក្ខណៈប្លែកពីគេ។ ខ្ញុំបានគិតខ្ពស់ពីខ្លួនឯង ដោយជឿថា ជំនាញ និងសមត្ថភាពដ៏តិចតួចរបស់ខ្ញុំ ស័ក្តិសមនឹងឱ្យអ្នកដទៃកោតសរសើរ ហើយខ្ញុំតែងតែពេញចិត្តនឹងខ្លួនឯង និងឱ្យតម្លៃខ្លួនឯងខ្ពស់ជានិច្ច។ នៅពេលដែល លី មិង បានចាប់ផ្តើមធ្វើការជាមួយខ្ញុំ ដំបូងឡើយ ខ្ញុំមិនបានឱ្យតម្លៃគាត់ខ្ពស់នោះទេ។ ប៉ុន្តែនៅពេលដែលគាត់មានការរីកចម្រើនខ្លះជាមួយនឹងបច្ចេកទេសថ្មីៗ ហើយបងប្អូនប្រុសស្រីក៏ពេញចិត្ត ខ្ញុំក៏ចាប់ផ្តើមបារម្ភថា គាត់អាចនឹងល្អលើសខ្ញុំនាពេលអនាគត។ ដើម្បីរក្សាឋានៈរបស់ខ្ញុំនៅក្នុងចិត្តរបស់បងប្អូនប្រុសស្រី ខ្ញុំក៏ចាប់ផ្តើមចាត់ទុក លី មិង ជាគូប្រជែង ហើយលួចប្រកួតប្រជែងជាមួយគាត់។ ទោះបីជាដឹងថា បច្ចេកទេសថតចាស់ៗដែលខ្ញុំកំពុងប្រើ មានសក្តានុពលមានកម្រិតសម្រាប់ការកែលម្អក៏ដោយ ខ្ញុំនៅតែមិនព្រមដាក់ខ្លួនចុះ ហើយរៀនសូត្របច្ចេកទេសថ្មីៗនោះទេ។ ក្រោយមក នៅពេលដែលខ្ញុំបានឃើញថា លី មិង កាន់តែមានភាពស្ទាត់ជំនាញជាមួយនឹងបច្ចេកទេសថ្មីៗ ហើយបងប្អូនប្រុសស្រីមួយចំនួនក៏ពេញចិត្តនឹងការប្រើប្រាស់បច្ចេកទេសទាំងនោះដែរ ខ្ញុំក៏មានអារម្មណ៍ថាត្រូវបានគំរាមកំហែងថា ខ្ញុំអាចនឹងត្រូវបានគេជំនួស ហើយក៏ចាប់ផ្តើមមើលគាត់ក្នុងផ្លូវមិនល្អគ្រប់បែបយ៉ាង ដោយសង្ឃឹមយ៉ាងខ្លាំងថា គាត់នឹងបរាជ័យក្នុងការស្រាវជ្រាវរបស់គាត់។ នៅពេលដែលគាត់ត្រូវបានលួសកាត់ ខ្ញុំក៏លួចត្រេកអរនឹងសំណាងអាក្រក់របស់គាត់។ ម្យ៉ាងទៀត នៅពេលណាដែលគាត់ជួបការលំបាក ខ្ញុំមិនបានស្ម័គ្រចិត្តជួយគាត់ទេ ហើយថែមទាំងបានព្យាយាមទប់ស្កាត់ភាពវិជ្ជមានរបស់គាត់ចំពោះការស្រាវជ្រាវរបស់គាត់ ដោយនិយាយពាក្យផ្លែផ្កាទៀតផង ដោយសង្ឃឹមថា គាត់នឹងបោះបង់ចោល ដែលការណ៍នេះនឹងធានាបាននូវមុខតំណែងរបស់ខ្ញុំ។ ខ្ញុំបានផ្តោតតែលើការប្រកួតប្រជែងដណ្តើមយកកិត្តិនាម និងផលប្រយោជន៍ ដោយបារម្ភតែពីការរក្សាឋានៈរបស់ខ្ញុំ និងមិនចង់ឱ្យគេមកជំនួស។ តាមពិតទៅ ទោះបីជាមនុស្សម្នាក់មានទេពកោសល្យពិសេសប៉ុណ្ណា ឬសមត្ថភាពរបស់ពួកគេអស្ចារ្យប៉ុណ្ណាក៏ដោយ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែជាភាវៈដែលព្រះបានបង្កើតដ៏តូចមួយប៉ុណ្ណោះ ដែលគ្មានអ្វីត្រូវអួតអាង ឬក្រអឺតក្រទមនោះទេ។ ទោះបីជាមានតែជំនាញតិចតួចប៉ុណ្ណឹង ខ្ញុំក៏នៅតែមានអំណួត ដោយគិតថាខ្លួនខុសប្លែកពីអ្នកដទៃ ហើយតែងតែស្វែងរកតំណែងនៅក្នុងចិត្តរបស់មនុស្ស ដើម្បីរីករាយនឹងការកោតសរសើររបស់ពួកគេ។ ខ្ញុំពិតជាក្រអឺតក្រទម និងគ្មានហេតុផលដល់កម្រិតណាទៅ!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាសមួយវគ្គទៀត៖ «មនុស្សដ៏សាហាវឃោរឃៅអើយ! ល្បិចកលទុច្ចរិត និងការរៀបចំគ្រោងការណ៍អាក្រក់ ការឆក់យក និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅថ្ងៃអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ?» (ដកស្រង់ពី «មនុស្សអាក្រក់នឹងត្រូវទទួលទោសជាមិនខាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ទម្លុះចិត្តខ្ញុំដូចជាដាវដ៏មុត។ នៅក្នុងព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ខ្ញុំបានឃើញថា ដើម្បីការពារឋានៈរបស់ខ្ញុំ ខ្ញុំបានព្រងើយកន្តើយនឹងផលប្រយោជន៍របស់ពួកជំនុំ បានគាបសង្កត់ និងផាត់ លី មិង ចេញ ហើយបានប្រើឧបាយកល និងការប្រកួតប្រជែងដើម្បីកិត្តិនាម និងផលប្រយោជន៍ ដោយគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តខ្ញុំទាល់តែសោះ។ ពេលរំឭកដល់ពេលដែល លី មិង ទើបតែមកដល់ ខ្ញុំនៅតែអាចជួយគាត់ដោយក្តីស្រឡាញ់ និងចុះសម្រុងជាមួយគាត់បាន។ ប៉ុន្តែក្រោយមក ដោយបានឃើញគាត់ធ្វើការលើបច្ចេកទេសថ្មីៗ ខ្ញុំក៏ខ្លាចថាគាត់នឹងល្អលើសខ្ញុំ ហើយថាខ្ញុំនឹងបាត់បង់ឋានៈដែលខ្ញុំទទួលបាននៅក្នុងចិត្តរបស់បងប្អូនប្រុសស្រីអស់ជាច្រើនឆ្នាំមកនេះ។ ការនេះបានធ្វើឱ្យខ្ញុំអាក់អន់ចិត្ត និងផាត់គាត់ចេញ ដោយសង្ឃឹមយ៉ាងខ្លាំងថាគាត់នឹងបរាជ័យក្នុងការស្រាវជ្រាវរបស់គាត់។ ខ្ញុំក៏បានចៀសវាងមិននិយាយជាមួយគាត់ដែរ ថែមទាំងព្យាយាមគ្រប់មធ្យោបាយដើម្បីដាក់ឧបសគ្គដល់គាត់ និងបង្ក្រាបក្តីក្លៀវក្លាររបស់គាត់។ ធម្មជាតិរបស់ខ្ញុំពិតជាព្យាបាទខ្លាំង! ការថតចម្រៀងទំនុកតម្កើងជួយលើកស្ទួយជីវិតរបស់បងប្អូនប្រុសស្រីយ៉ាងខ្លាំង ហើយវាមានសារៈសំខាន់សម្រាប់ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ បច្ចេកទេសថតចាស់ៗដែលខ្ញុំបានប្រើប្រាស់គឺហួសសម័យទៅហើយ ហើយការប្រើប្រាស់បច្ចេកទេសថ្មីៗអាចផ្តល់លទ្ធផលល្អប្រសើរជាងក្នុងការថតចម្រៀងទំនុកតម្កើង ដែលនឹងជាប្រយោជន៍ដល់ការងារផ្សាយដំណឹងល្អ។ ដោយសារខ្ញុំមិនបានរកឃើញដំណោះស្រាយល្អប្រសើរជាងនេះ ខ្ញុំគួរតែបានសហការចុះសម្រុងជាមួយ លី មិង ក្នុងការស្រាវជ្រាវបច្ចេកទេសថ្មីៗជាមួយគ្នាដោយចិត្តគំនិតតែមួយ។ ទោះជាយ៉ាងណា ខ្ញុំមិនបានគិតគូរពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ ហើយថែមទាំងបានបំផ្លាញការងារដ៏សំខាន់បែបនេះទៀតផង ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ។ ការនេះបង្ហាញថា ខ្ញុំគ្មានភាពជាមនុស្សសូម្បីតែបន្តិច និងគ្មានសតិសម្បជញ្ញៈ ឬវិចារណញាណសូម្បីតែបន្តិចឡើយ ខ្ញុំពិតជាអាត្មានិយមណាស់! ដោយសារតែការប្រកួតប្រជែង និងការប្រើល្បិចកលប្រឆាំងនឹង លី មិង ឥតឈប់ឈរ ខ្ញុំបានរំខានដល់ការងារថតចម្រៀងទំនុកតម្កើង ដោយភាពងងឹតងងល់នៃការដេញតាមកិត្តិនាម ផលប្រយោជន៍ និងឋានៈ ហើយបានធ្វើរឿងរ៉ាវដែលប្រឆាំងនឹងព្រះជាម្ចាស់។ ខ្ញុំបានប្រែក្លាយកន្លែងដែលខ្ញុំបំពេញភារកិច្ចទៅជាសមរភូមិ ហើយភារកិច្ចរបស់ខ្ញុំទៅជាឧបករណ៍ដើម្បីធានាបាននូវឋានៈ និងការចិញ្ចឹមជីវិតរបស់ខ្ញុំ។ ការនេះពិតជាគួរឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមខ្លាំងណាស់! ខ្ញុំបានគិតដល់ប៉ុល ដែលបានប្រកួតប្រជែងដើម្បីកិត្តិនាម និងផលប្រយោជន៍ផងដែរ។ នៅពេលដែលព្រះជាម្ចាស់បានប្រគល់ឱ្យពេត្រុសទទួលខុសត្រូវក្នុងការឃ្វាលពួកជំនុំ ហើយបងប្អូនប្រុសស្រីពិតជាគោរព និងគាំទ្រពេត្រុស ប៉ុលក៏មានចិត្តច្រណែន ដោយចេតនាបង្អាប់ពេត្រុស និងធ្វើបន្ទាល់អំពីខ្លួនឯង។ ប៉ុលទទួលបានការថ្វាយបង្គំ និងការកោតសរសើរពីមនុស្ស បំពេញបំណងប្រាថ្នារបស់គាត់ដើម្បីកិត្តិនាម និងឋានៈ ប៉ុន្តែគាត់ស្ថិតនៅលើផ្លូវខុស ហើយនាំមនុស្សឱ្យតាមគាត់ទៅវិញ ហើយនៅទីបំផុតត្រូវបានជម្រុះចោល និងដាក់ទោសដោយព្រះជាម្ចាស់។ ទស្សនៈរបស់ខ្ញុំលើការដេញតាម និងផ្លូវដែលខ្ញុំកំពុងដើរ គឺដូចគ្នានឹងប៉ុលដែរ ហើយប្រសិនបើខ្ញុំបន្តបែបនេះដោយមិនប្រែចិត្ត ខ្ញុំក៏នឹងប្រឈមមុខនឹងការដាក់ទោសដូចគ្នាដែរ! ប្រសិនបើខ្ញុំនៅតែប្រកាន់ខ្ជាប់នឹងកេរ្តិ៍ឈ្មោះ និងឋានៈយ៉ាងតឹងរ៉ឹង នោះពិតជាល្ងង់ខ្លៅ និងគួរឱ្យអាណិតណាស់!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «តាំងពីដើមដំបូងដែលកិច្ចការរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមនៅទូទាំងសាកលលោកមក ព្រះអង្គបានតម្រូវទុកមនុស្សជាច្រើនជាមុនរួចស្រេចដើម្បីបម្រើទ្រង់ ដោយរាប់ទាំងមនុស្សមកពីគ្រប់ដំណើរជីវិតផង។ គោលបំណងរបស់ទ្រង់ គឺដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់នៅលើផែនដី បានសម្រេចទៅយ៉ាងរលូន។ នេះគឺជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការរើសតាំងមនុស្សឱ្យបម្រើទ្រង់។ មនុស្សគ្រប់រូបដែលបម្រើព្រះជាម្ចាស់ ត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ គឺកិច្ចការរបស់ទ្រង់នេះហើយ ដែលធ្វើឱ្យមនុស្សមើលឃើញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ព្រមទាំងគោលការណ៍នៃកិច្ចការរបស់ទ្រង់នៅលើផែនដីបានកាន់តែច្បាស់» (ដកស្រង់ពី «ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ព្រះជាម្ចាស់ជ្រើសរើសមនុស្សមកពីគ្រប់ស្រទាប់វណ្ណៈដើម្បីផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ទ្រង់ ហើយអំណោយទាន និងទេពកោសល្យរបស់មនុស្សគឺមកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់តែងតាំងមនុស្សឱ្យបំពេញភារកិច្ចជាក់លាក់ ហើយផ្តល់ទេពកោសល្យដែលត្រូវគ្នាដល់ពួកគេ ដើម្បីឱ្យពួកគេអាចប្រើជំនាញឯកទេសរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ពួកគេ ដែលជាប្រយោជន៍ដល់ការងារនៃដំណាក់របស់ព្រះជាម្ចាស់។ លី មិង មានទេពកោសល្យក្នុងការស្រាវជ្រាវបច្ចេកទេសថ្មីៗ ខណៈដែលខ្ញុំមានបទពិសោធន៍ផ្នែកបច្ចេកទេសខ្លះ។ វាគឺជាអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ដែលយើងអាចបំពេញភារកិច្ចជាមួយគ្នាបាន ហើយទ្រង់ចង់ឱ្យពួកយើងបំពេញបន្ថែមចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាទៅវិញទៅមក និងសហការចុះសម្រុងគ្នាដើម្បីបំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយទទួលស្គាល់ការនេះ ខ្ញុំលែងចង់រស់នៅក្នុងនិស្ស័យពុករលួយរបស់ខ្ញុំទៀតហើយ។ នៅពេលដែលជំនាញរបស់ លី មិង បានកែលម្អ ខ្ញុំបានសង្កេតឃើញថា លទ្ធផលនៃការប្រើបច្ចេកទេសថ្មីៗក្នុងការថតគឺកាន់តែប្រសើរឡើងៗ ហើយខ្ញុំបានទទួលស្គាល់ថា ការប្រើវិធីសាស្រ្តថ្មីៗទាំងនេះគឺមានប្រយោជន៍ប្រសើរជាង សម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំសុខចិត្តដាក់ភាពឆ្មើងឆ្មៃរបស់ខ្ញុំចុះ ហើយរៀនសូត្រពី លី មិង។ ទោះជាយ៉ាងណា ខ្ញុំក៏បានគិតដែរថា៖ «ខ្ញុំបានបំពេញភារកិច្ចនេះអស់ជាច្រើនឆ្នាំមកហើយ ហើយបងប្អូនប្រុសស្រីក៏ឱ្យតម្លៃខ្ញុំខ្ពស់ដែរ។ ប៉ុន្តែ លី មិង ដែលទើបតែមកដល់ មានការរីកចម្រើនយ៉ាងខ្លាំងផ្នែកបច្ចេកទេស។ ប្រសិនបើឥឡូវនេះ ខ្ញុំបន្ទាបខ្លួនរៀនសូត្រពីគាត់ តើបងប្អូនប្រុសស្រីនឹងគិតពីខ្ញុំយ៉ាងដូចម្ដេចទៅ? វាពិតជាគួរឱ្យខ្មាសអៀនណាស់!» គំនិតនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ឆ្គាំឆ្គងយ៉ាងខ្លាំង ហើយខ្ញុំយល់ថាវាពិបាកក្នុងការបោះបង់ចោលអំនួតរបស់ខ្ញុំ ដោយដឹងថា ខ្ញុំជាប់ជំពាក់នឹងឋានៈរបស់ខ្ញុំខ្លាំងពេក។ ពេលរំពឹងគិតពីរបៀបដែលព្រះគ្រីស្ទបានយាងមកផែនដីដោយបន្ទាបខ្លួន និងលាក់កំបាំង ហើយមិនដែលលើកតម្កើងព្រះអង្គទ្រង់ដោយសារឋានៈរបស់ទ្រង់ ឬសម្ញែងព្រះអង្គទ្រង់ឡើយ។ ខ្ញុំដឹងថា ជំនាញ និងសមិទ្ធផលដ៏តូចតាចរបស់ខ្ញុំបានធ្វើឱ្យខ្ញុំមានមោទនភាពខ្លាំងពេក ដោយស្វែងរកការកោតសរសើរពីអ្នកដទៃ។ ខ្ញុំគ្មានការស្គាល់ខ្លួនឯង ហើយក្រអឺតក្រទមខ្លាំងពេក។ ជំនាញ និងទេពកោសល្យដែលខ្ញុំមាន គឺព្រះជាម្ចាស់បានប្រទានឱ្យ ហើយគ្មានអ្វីដែលខ្ញុំត្រូវអួតអាងនោះទេ។ ប្រសិនបើខ្ញុំមិនព្រមដាក់ខ្លួនចុះ ហើយរៀនសូត្រពីបងប្រុសទេ ខ្ញុំក៏នឹងមិនមានការរីកចម្រើនផ្នែកបច្ចេកទេសដែរ។ ដូច្នេះ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំសុខចិត្តដាក់មោទនភាព និងឋានៈរបស់ទូលបង្គំចុះ ដើម្បីរៀនសូត្រពី លី មិង។ សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចបើកចិត្ត និងសហការចុះសម្រុងជាមួយបងប្រុស»។

ថ្ងៃមួយ មានតែខ្ញុំ និង លី មិង នៅក្នុងបន្ទប់ថតសំឡេង ហើយខ្ញុំបានចាប់ផ្ដើមចែករំលែកពីស្ថានភាពរបស់ខ្ញុំជាមួយគាត់ដោយបើកចំហ។ ខ្ញុំបាននិយាយអំពីរបៀបដែលខ្ញុំបានប្រកួតប្រជែងជាមួយគាត់ដើម្បីកិត្តិនាម និងផលប្រយោជន៍។ លី មិង ក៏បានចែករំលែកពីស្ថានភាពរបស់គាត់ជាមួយខ្ញុំដែរ។ បន្ទាប់ពីពួកយើងបាននិយាយគ្នា រនាំងនៅក្នុងចិត្តរបស់ខ្ញុំក៏រលាយបាត់ទៅ ហើយខ្ញុំមានអារម្មណ៍ធូរស្បើយច្រើន ហាក់ដូចជាជញ្ជាំងដែលនៅចន្លោះពួកយើងបានរលំរលាយទៅហើយ។ ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គដែរ ដែលបានផ្ដល់ការណែនាំជាក់ស្តែងខ្លះដល់ខ្ញុំអំពីរបៀបសហការចុះសម្រុងគ្នាក្នុងការបំពេញភារកិច្ចរបស់ពួកយើងនាពេលអនាគត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មិនថាអ្នកជាប្អូនប្រុសឬបងប្រុស ជាប្អូនស្រីឬបងស្រី នោះទេ អ្នកដឹងពីមុខងារដែលអ្នកគួរតែបំពេញហើយ។ អស់អ្នកដែលនៅក្នុងភាពជាយុវវ័យ មិនក្រអឺតក្រទមឡើយ។ អ្នកដែលមានវ័យចំណាស់ជាង មិនមានភាពអវិជ្ជមាន ហើយក៏មិនដកថយដែរ។ លើសពីនេះទៅទៀត ពួកគេអាចប្រើប្រាស់ចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់ពួកគេ ហើយពួកគេអាចបម្រើគ្នាទៅវិញទៅមកដោយគ្មានការរើសអើង។ ស្ពាននៃមិត្តភាពត្រូវបានកសាងឡើងរវាងបងប្អូនប្រុសស្រីទាំងចាស់ ទាំងក្មេង ហើយដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អ្នករាល់គ្នាអាចស្វែងយល់ពីគ្នាទៅវិញទៅមកបានគាប់ប្រសើរជាងមុន។ ប្អូនប្រុសនិងប្អូនស្រីមិនមើលងាយបងប្រុសនិងបងស្រី ហើយបងប្រុសនិងបងស្រីក៏មិនតាំងខ្លួនថាប្រសើរជាងគេដែរ៖ តើនេះមិនមែនភាពជាការសហការដ៏សុខដុមរមនាទេឬ? ប្រសិនបើអ្នករាល់គ្នាមានការប្តេជ្ញាចិត្តបែបនេះ នោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រាកដជាបានសម្រេច នៅក្នុងជំនាន់របស់អ្នករាល់គ្នាមិនខាន» (ដកស្រង់ពី «អំពីមនុស្សរាល់គ្នាដែលបំពេញមុខងាររបស់ពួកគេ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នករាល់គ្នាត្រូវតែសម្រេចឱ្យបាននូវការសហការគ្នាដោយចុះសម្រុងគ្នាសម្រាប់គោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ សម្រាប់ជាប្រយោជន៍ដល់ក្រុមជំនុំ និងដើម្បីលើកទឹកចិត្តដល់បងប្អូនប្រុសស្រីអ្នកបន្តទៀត។ អ្នកគប្បីសហការគ្នាទៅវិញទៅមក ម្នាក់ៗត្រូវជួយកែតម្រូវគ្នា និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារដែលល្អប្រសើរ ដើម្បីបង្ហាញនូវការគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអត្ថន័យនៃការសហការដ៏ពិតប្រាកដ ហើយមានតែអ្នកដែលចូលរួមក្នុងការសហការនេះប៉ុណ្ណោះដែលនឹងទទួលបានការចូលទៅក្នុងដ៏ពិតប្រាកដ» (ដកស្រង់ពី «ចូរបម្រើឱ្យដូចជាពួកសាសន៍អ៊ីស្រាអែលបានបម្រើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺចង់ឱ្យអ្នកដែលមានវ័យចាស់មិនរាប់ខ្លួនឯងជាសុចរិត ឬប្រកាន់ខ្ជាប់នឹងរបស់ដែលហួសសម័យ ហើយចង់ឱ្យអ្នកមានវ័យក្មេងមិនក្រអឺតក្រទម។ ពួកគេគួរតែធ្វើការជាមួយគ្នាដោយចុះសម្រុង ដើម្បីបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ។ ទោះបីជាខ្ញុំបានបំពេញភារកិច្ចនេះអស់រយៈពេលយូរមកហើយក៏ដោយ ខ្ញុំមិនបានរីកចម្រើនច្រើនទេក្នុងបច្ចេកវិទ្យាថតសំឡេង។ លី មិង មានចំណាប់អារម្មណ៍ក្នុងការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ហើយក៏សម្រេចបានសមិទ្ធផលខ្លះៗហើយដែរ។ គាត់មានជំនាញដែលខ្ញុំខ្វះខាត ដូច្នេះ ការសហការជាមួយគាត់អាចបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ខ្ញុំ និងជាប្រយោជន៍ដល់ភារកិច្ចរបស់ពួកយើង។ ខ្ញុំត្រូវតែដាក់ខ្លួនចុះ ហើយរៀនសូត្របច្ចេកទេសថ្មីៗពីគាត់ ដោយធ្វើការរួមគ្នាដើម្បីបំពេញភារកិច្ចរបស់ពួកយើងឱ្យបានល្អ។ បន្ទាប់ពីនោះមក ខ្ញុំបានរៀនសូត្រ និងស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗជាមួយ លី មិង។ ជាមួយនឹងការដឹកនាំរបស់ព្រះជាម្ចាស់ ការគិតរបស់ពួកយើងកាន់តែច្បាស់លាស់នៅពេលដែលពួកយើងសិក្សាពីជំនាញផ្សេងៗ ហើយបញ្ហាខ្លះដែលពីមុនពិបាកដោះស្រាយ ក៏ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។

តាមរយៈបទពិសោធន៍ក្នុងអំឡុងពេលនេះ ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ការរស់នៅដើម្បីកិត្តិនាម និងឋានៈគឺពិតជាឈឺចាប់ខ្លាំងណាស់ ដែលនាំឱ្យមានសេចក្តីងងឹតនៅក្នុងចិត្តខ្ញុំ និងការរងទុក្ខដែលមិនអាចពិពណ៌នាបាន ដោយគ្មានផ្លូវចេញ។ ខ្ញុំបានឃើញថា ខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រៅប៉ុណ្ណា ខ្ញុំបានឃើញថាខ្ញុំមានបំណងប្រាថ្នាយ៉ាងខ្លាំងចំពោះឋានៈ ហើយខ្ញុំក៏បានដឹងដែរថាខ្ញុំក្រអឺតក្រទមខ្លាំងពេក។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏បានឆ្លងកាត់បទពិសោធន៍ថា និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិត និងបរិសុទ្ធ ហើយមិនអាចប្រមាថបានឡើយ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «ខ្ញុំលេចមកក្នុងនគរដ៏បរិសុទ្ធ ហើយលាក់បំពួនអង្គខ្ញុំពីទឹកដីដ៏ស្មោកគ្រោក» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលដែលខ្ញុំរស់នៅក្នុងនិស្ស័យពុករលួយនៃការតស៊ូដើម្បីកិត្តិនាម និងផលប្រយោជន៍ ព្រះជាម្ចាស់បានស្អប់ខ្ពើមខ្ញុំ ហើយលាក់ព្រះអង្គទ្រង់ពីខ្ញុំ ហើយខ្ញុំបានរស់នៅក្នុងសេចក្តីងងឹត ដោយរងទុក្ខយ៉ាងខ្លាំងនៅក្នុងព្រលឹងរបស់ខ្ញុំ។ ទោះជាយ៉ាងណា នៅពេលដែលខ្ញុំទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសុខចិត្តដាក់មោទនភាព និងឋានៈរបស់ខ្ញុំចុះ ដើម្បីសហការជាមួយ លី មិង ខ្ញុំបានឃើញកិច្ចការ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននាំឱ្យខ្ញុំមានការរំដោះ និងសេរីភាព។ ហើយខ្ញុំមានអារម្មណ៍ចេញពីដួងចិត្តថា ការអនុវត្តសេចក្តីពិត និងការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការជំនួសសេចក្ដីច្រណែនដោយចិត្តសប្បុរស

កាលពីប៉ុន្មានឆ្នាំមុន បងស្រី សៅជី ត្រូវបានបញ្ជូនទៅក្រុមជំនុំរបស់ពួកយើងដើម្បីជួយខ្ញុំក្នុងភារកិច្ចរបស់ថ្នាក់ដឹកនាំ។ កន្លងមក ខ្ញុំបានដឹងថា...

វិញ្ញាណខ្ញុំបានរួច

ដោយ មីពុ (អេស្ប៉ាញ) «នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ...