ការលះបង់ទ្រព្យសម្បត្តិ៖ ដំណើរជីវិតផ្ទាល់ខ្លួន

25-06-2026

ដោយ ចាង តាវ ប្រទេសចិន

ខ្ញុំកើតនៅក្នុងគ្រួសារកសិករមួយនៅជនបទ។ កាលខ្ញុំនៅតូច គ្រួសារយើងក្រណាស់ សូម្បីតែរកហូបឱ្យបានគ្រប់គ្រាន់ក៏លំបាកដែរ ហើយគ្រប់គ្នាសុទ្ធតែមើលងាយពួកយើង។ ខ្ញុំនឹកគិតក្នុងចិត្តថា «ពេលខ្ញុំធំឡើង ខ្ញុំនឹងរកលុយឱ្យបានច្រើន ហើយធ្វើឱ្យជីវិតគ្រួសារខ្ញុំកាន់តែធូរស្រាល ពេលនោះគេនឹងលែងមើលងាយ ឬចំអកឱ្យពួកយើងទៀតហើយ»។ មិនយូរប៉ុន្មាន ម្ដាយខ្ញុំធ្លាក់ខ្លួនឈឺ ហើយយើងត្រូវចំណាយប្រាក់សន្សំទាំងអស់ដែលមាន។ មិត្តភក្តិ និងសាច់ញាតិបារម្ភថា ពួកយើងនឹងទៅពឹងពាក់រឿងលុយកាក់ ដូច្នេះហើយ ពួកគេរកលេសគេចវេះពីយើង។ ពេលដែលយើងទាល់ច្រកទៅហើយនោះ មីងខ្ញុំបានផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវដល់ពួកយើង។ ម្ដាយខ្ញុំបានជាសះស្បើយយ៉ាងអស្ចារ្យ បន្ទាប់ពីបានស្វែងរកឃើញព្រះអម្ចាស់ ហើយជំនឿរបស់ខ្ញុំក៏ចាប់ផ្ដើមតាំងពីពេលនោះមកដែរ។

ដើម្បីរកលុយឱ្យបានកាន់តែច្រើន និងសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង នៅអាយុ ១៣ ឆ្នាំ ខ្ញុំចាប់ផ្ដើមលក់ឈើគូស បារី និងគ្រាប់ឈូករ័ត្ននៅផ្សារ នៅអាយុ ១៥ ឆ្នាំ ខ្ញុំចាប់ផ្ដើមដើរលក់តាមស្តង់តូចៗគ្រប់កន្លែង ហើយនៅអាយុ ១៨ ឆ្នាំ ខ្ញុំចាប់ផ្ដើមសាកល្បងរកស៊ីខាងជំនួញឈើ។ ប៉ុន្តែ ដោយសារខ្ញុំមិនមានដើមទុនគ្រប់គ្រាន់ បងប្រុសខ្ញុំបាននាំខ្ញុំទៅផ្ទះមិត្តរួមថ្នាក់របស់គាត់នៅឯទីរួមស្រុក ដើម្បីខ្ចីលុយ។ ខ្ញុំបានឃើញគ្រួសារដ៏មានទ្រព្យមួយនេះ ដែលមានសម្ភារៈប្រើប្រាស់សព្វគ្រប់ ហូបឪឡឹក និងបើកម៉ាស៊ីនត្រជាក់នៅរដូវក្ដៅ ធ្វើឱ្យខ្ញុំច្រណែនពួកគេខ្លាំងមែនទែន។ ចំណែកឯផ្ទះយើងវិញ សូម្បីតែកង្ហារអគ្គិសនីមួយក៏គ្មានផង។ ទោះក្ដៅយ៉ាងណាក៏ដោយ យើងអាចប្រើត្រឹមកង្ហារដៃប៉ុណ្ណោះ ហើយពេលស្រេកទឹក មានតែផឹកទឹកអណ្ដូងប៉ុណ្ណោះ។ ពេលនោះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគ្រួសារយើងទាំងពីរខុសគ្នាខ្លាំងម្ល៉េះ។ អ្នកមានរស់នៅបានយ៉ាងស្រួល តើពេលណាទើបខ្ញុំអាចរស់នៅដូចពួកគេទៅ? ចាប់ពីពេលនោះមក បំណងប្រាថ្នាចង់ឈានទៅដល់ជីវិតដ៏ខ្ពង់ខ្ពស់មួយ កាន់តែពុះកញ្ជ្រោលឡើង។ ប៉ុន្តែ ខ្ញុំនៅតែមិនអាចរកលុយបានច្រើនពីការរកស៊ីរបស់ខ្ញុំដដែល។ បន្ទាប់ពីរៀបការរួច ខ្ញុំ និងប្រពន្ធបានទៅស៊ីឈ្នួលនៅស្រុកគេ ហើយខ្ញុំបានធាក់រ៉ឺម៉ក ដើម្បីរកប្រាក់ចំណូលបន្ថែម។ ប៉ុន្តែ ប៉ុន្មានឆ្នាំកន្លងផុតទៅ លុយដែលយើងរកបាន នៅតែស្ទើរតែមិនល្មមចិញ្ចឹមក្រពះដដែល។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០០០ ខ្ញុំបានឃើញអ្នកស្រុកភូមិពីរបីនាក់រកលុយបានយ៉ាងច្រើន ធ្វើជាតំណាងលក់ខោអាវ ហើយខ្ញុំក៏ចង់ចូលរួមរកស៊ីអ៊ីចឹងដែរ។ ទីបំផុត ខ្ញុំបានខិតខំតស៊ូរហូតក្លាយជាតំណាងចែកចាយផ្ដាច់មុខប្រចាំខេត្ត។ ដំបូងឡើយ មិនមានអតិថិជនណាចូលមកបញ្ជាទិញឥវ៉ាន់នោះទេ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមដើរគោះទ្វារតាមផ្ទះ ដើម្បីណែនាំផលិតផលរបស់ខ្ញុំ។ ដើម្បីឱ្យការរកស៊ីដើរទៅមុខ ខ្ញុំរ៉ាប់រងការងារគ្រប់យ៉ាងដោយខ្លួនឯង៖ តាំងពីការទិញទំនិញចូល ចេញវិក្កយបត្រឱ្យអតិថិជន វេចខ្ចប់ និងផ្ញើឥវ៉ាន់ជាដើម។ ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើការជិត ១៦ ម៉ោងឯណោះ។ ជារឿយៗ ខ្ញុំរវល់ពេករហូតសូម្បីតែបាយ ក៏មិនបានហូបផង។ ប៉ុន្តែ បន្ទាប់ពីប្រឹងប្រែងធ្វើការបានប៉ុន្មានឆ្នាំ ទីបំផុត ខ្ញុំក៏ចាប់ផ្ដើមរកប្រាក់បានខ្លះ។ ខ្ញុំទិញបានឡានមួយ និងផ្ទះមួយកន្លែង ហើយមិត្តភក្ដិ និងបងប្អូនសាច់ញាតិ សុទ្ធតែគោរព និងកោតសរសើរចំពោះសមត្ថភាពរបស់ខ្ញុំ។ ទៅដល់ទីណា ក៏មានគេរាក់ទាក់ស្វាគមន៍ខ្ញុំដែរ។ ពេលខ្ញុំទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំចិន មនុស្សម្នាគ្រប់ទិសទីសម្លឹងមកខ្ញុំដោយក្ដីកោតសរសើរ ហើយទៅដល់ទីណាក៏ដោយ គេហៅខ្ញុំថា «ថៅកែធំ»។ ការកោតសរសើរទាំងអស់នេះ ពិតជាធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ការរងទុក្ខកន្លងមកពិតជាមានតម្លៃ។ ប៉ុន្តែ ដោយសារតែខ្ញុំរវល់ខួបប្រាំងខួបវស្សា ខ្ញុំហូបចុកមិនបានទៀងទាត់ទាល់តែសោះ រហូតធ្លាក់ខ្លួនមានជំងឺក្រពះធ្ងន់ធ្ងរ ដែលធ្វើឱ្យខ្ញុំឈឺចុកចាប់យ៉ាងខ្លាំង រាល់ពេលដែលខ្ញុំហូបអាហារម្ដងៗ។ ដោយសារតែខ្ញុំធ្វើការហួសកម្លាំងក្នុងរយៈពេលយូរ ឆ្អឹងកងចង្កេះរបស់ខ្ញុំមួយកន្លែងក៏ចាប់ផ្ដើមខូចទ្រង់ទ្រាយ ហើយជួនកាល ដៃរបស់ខ្ញុំទៅជាស្ពឹក ឬក៏រមួលក្រពើ ប៉ុន្តែ ដើម្បីពង្រីកការរកស៊ី និងរកលុយឱ្យបានកាន់តែច្រើន ខ្ញុំមិនខ្វល់ពីបញ្ហាសុខភាពឡើយ ហើយនៅតែបន្តខំរកស៊ីទៀត។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា រាងកាយខ្ញុំពិតជាទ្រាំលែងបានទៀតហើយ ប៉ុន្តែ ពេលខ្ញុំឃើញតួលេខលក់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្រុមហ៊ុនមានប្រាក់ចំណេញសុទ្ធជាងមួយលានយ័នក្នុងមួយឆ្នាំ ខ្ញុំក៏ភ្លេចពីស្ថានភាពជំងឺរបស់ខ្លួន ហើយបន្តធ្វើការទៅមុខទៀត។ ឆ្នាំមួយ សាខារបស់យើងជាប់ចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេសសម្រាប់ការលក់ ហើយយើងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាង ៣០០,០០០ យ័នឯណោះ។ ភ្នាក់ងារផ្សេងទៀតសុទ្ធតែសម្លឹងមកខ្ញុំដោយក្ដីច្រណែន។ បន្ទាប់មក ក្រុមហ៊ុនបានដាក់គោលដៅលក់កាន់តែខ្ពស់ជាងមុនដល់ខ្ញុំ ហើយតម្រូវឱ្យខ្ញុំខំប្រឹងដណ្ដើមយកចំណាត់ថ្នាក់លេខ ១ ឱ្យបាន។ នេះក៏ជាគោលដៅដែលខ្ញុំតែងតែចង់សម្រេចឱ្យបានដូចគ្នា ព្រោះប្រសិនបើលទ្ធផលការងាររបស់ខ្ញុំកាន់តែល្អ ខ្ញុំនឹងរកប្រាក់បានកាន់តែច្រើន ហើយប្រាក់រង្វាន់ក៏កាន់តែច្រើនដែរ។ ខ្ញុំនឹងទទួលបានការកោតសរសើរពីអ្នកដទៃ មិនថាខ្ញុំទៅដល់ទីណានោះទេ ហើយកេរ្តិ៍ឈ្មោះរបស់ខ្ញុំក៏នឹងកាន់តែល្បីល្បាញថែមទៀត។ ប៉ុន្តែ ស្របពេលដែលខ្ញុំកំពុងមានមោទនភាពចំពោះខ្លួនឯង ហើយខំប្រឹងដណ្ដើមយកចំណាត់ថ្នាក់លេខ ១ នោះ សុខភាពរបស់ខ្ញុំក៏កាន់តែទ្រុឌទ្រោមទៅៗ។ ជំងឺក្រពះរបស់ខ្ញុំចេះតែរើឡើងវិញជារឿយៗ ឯចង្កេះក៏ឧស្សាហ៍ឈឺ ហើយខ្ញុំមិនអាចឈរបានយូរនោះទេ។ ខ្ញុំបានទៅមន្ទីរពេទ្យដើម្បីពិនិត្យជំងឺ ហើយគ្រូពេទ្យប្រាប់ថា ខ្ញុំត្រូវហូបបាយឱ្យបានទៀងពេល ទើបជំងឺក្រពះអាចជាសះស្បើយបន្តិចម្ដងៗ។ គាត់ក៏បាននិយាយទៀតថា៖ «ឆ្អឹងកងចង្កេះរបស់អ្នកខូចទ្រង់ទ្រាយហើយ។ អ្នកត្រូវតែសម្រាក និងមិនត្រូវធ្វើការធ្ងន់ពេកទេ។ ប្រសិនបើអ្នកមិនសហការក្នុងការព្យាបាលទេ វាអាចនឹងសង្កត់លើសរសៃប្រសាទ ហើយបណ្ដាលឱ្យពិការបាន»។ ខ្ញុំនឹកគិតថា៖ «ខ្ញុំរវល់ការងារដល់ថ្នាក់ប៉ុណ្ណឹង តើឱ្យខ្ញុំរកពេលឯណាទៅថែរក្សាខ្លួនឯងនោះ?» ខ្ញុំបានខាំមាត់សង្កត់ចិត្តទ្រាំនឹងការឈឺចាប់ ហើយបន្តបំពេញការងាររកស៊ីជាមួយអតិថិជនដដែល។ ភ្ញាក់ពីដេកភ្លាម រឿងដំបូងដែលខ្ញុំគិតគឺ ធ្វើយ៉ាងណាទើបរកលុយបាន ហើយបន្ទាប់ពីរវល់ពេញមួយថ្ងៃ ខ្ញុំហត់ខ្លាំងពេក រហូតដល់ឧស្សាហ៍ដាក់ក្បាលដល់ខ្នើយគឺលក់តែម្ដង។ ប្រពន្ធខ្ញុំឧស្សាហ៍និយាយថា ខ្ញុំស្រឡាញ់លុយជាងជីវិតទៅទៀត។ នៅពេលថ្ងៃ ខ្ញុំរវល់នឹងការងារខ្លាំងពេក រហូតដល់ភ្លេចគិតពីជំងឺរបស់ខ្លួន ប៉ុន្តែ ពេលយប់ឡើង ពេលខ្ញុំទម្រេតខ្លួនលើគ្រែទាំងគេងមិនលក់ បម្រះចុះបម្រះឡើងដោយសារតែការឈឺចុកចាប់ ខ្ញុំក៏នឹកគិតថា៖ «ខ្ញុំរកលុយបានខ្លះ ខ្ញុំរស់នៅបានស្រួលជាងមុន ហើយមានគេកោតសរសើរទៀត ប៉ុន្តែ ខ្ញុំបែរជាមានជំងឺពេញខ្លួនទៅហើយ ទាំងដែលខ្ញុំអាយុមិនទាន់ដល់ 40 ឆ្នាំផង។ មិនដឹងថា ពេលចាស់ទៅ ខ្ញុំនឹងធ្លាក់ខ្លួនដល់កម្រិតណាទេ»។ ទាំងជំងឺធ្វើទុក្ខ ទាំងសម្ពាធផ្លូវចិត្ត បូករួមទាំងការបោកបញ្ឆោត និងការវាយប្រជែងគ្នាក្នុងអាជីពរបស់ខ្ញុំផងនោះ ជារឿយៗ បាននាំមកនូវការឈឺចាប់ និងការហត់នឿយយ៉ាងខ្លាំង រហូតស្ទើរតែទ្រាំលែងបាន។ ហេតុអ្វីបានជាទ្រព្យសម្បត្តិរបស់ខ្ញុំ មិនធ្វើឱ្យខ្ញុំមានក្ដីសុខអ៊ីចឹង? ខ្ញុំរកភាពស្ងប់សុខក្នុងចិត្តមិនឃើញទាល់តែសោះ ហើយក៏គ្មានអ្វីដែលខ្ញុំអាចពឹងផ្អែកបានពិតប្រាកដដែរ។ តើអាចទេដែលថា ខ្ញុំត្រូវរស់នៅក្នុងជីវិតដ៏ទទេរស្អាត និងឈឺចាប់ ដោយសារតែរត់តាមលុយ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈបែបនេះ? តើនេះជាជីវិតដែលខ្ញុំធ្លាប់ចង់បានមែនទេ?

ស្របពេលដែលខ្ញុំកំពុងឈឺចាប់ និងវង្វេងវង្វាន់នេះឯង នៅឆ្នាំ២០០៩ បងប្អូនប្រុសស្រីបានផ្សាយដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ និងប្រពន្ធខ្ញុំ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការចូលរួមជីវិតពួកជំនុំ ខ្ញុំបានយល់ថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ដើម្បីសម្ដែងចេញនូវសេចក្ដីពិត ព្រមទាំងធ្វើកិច្ចការនៃការជំនុំជម្រះ និងបន្សុទ្ធមនុស្ស ហើយមានតែអ្នកដែលទទួលយកការជំនុំជម្រះរបស់ទ្រង់ និងត្រូវបានបន្សុទ្ធប៉ុណ្ណោះ ទើបអាចឱ្យព្រះជាម្ចាស់ដឹកនាំទៅកាន់គោលដៅដ៏ល្អមួយបាន។ ខ្ញុំ និងប្រពន្ធខ្ញុំបានប្រាកដក្នុងចិត្តយ៉ាងឆាប់រហ័សអំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយស្រេកឃ្លានជារៀងរាល់ថ្ងៃ ដោយត្រេកអរនឹងការស្រោចស្រព និងការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ទ្រង់។ ចិត្តរបស់ខ្ញុំពោរពេញទៅដោយភាពស្ងប់សុខ និងអំណរ។ ពេលនោះ ខ្ញុំក៏ឆ្ងល់ថា៖ «ពីមុន អ្វីដែលខ្ញុំចង់បានគឺត្រឹមតែក្លាយជាអ្នកមាន និងមានជីវិតរស់នៅដ៏មានក្ដីសុខប៉ុណ្ណោះ ប៉ុន្តែ ក្រោយពេលខ្ញុំរកលុយបានច្រើនហើយ ហេតុអ្វីបានជាខ្ញុំគ្មានក្ដីសុខសោះ បែរជាមានអារម្មណ៍ទទេស្អាតក្នុងចិត្ត និងឈឺចាប់ទៅវិញអ៊ីចឹង?» ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយវគ្គរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានបកស្រាយចម្ងល់របស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងចិត្តរបស់អ្នក មានរឿងរ៉ាវអាថ៌កំបាំងដ៏ធំដែលអ្នកមិនធ្លាប់ដឹងសោះ ដ្បិតអ្នកកំពុងរស់នៅក្នុងពិភពមួយដែលគ្មានពន្លឺ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានមេកំណាចចាប់យកទៅ។ ភ្នែករបស់អ្នកស្រអាប់ដោយសារភាពងងឹត ហើយអ្នកមើលមិនឃើញព្រះអាទិត្យនៅលើមេឃ ឬផ្កាយភ្លឺព្រិចៗនៅពេលយប់ឡើយ។ ត្រចៀករបស់អ្នកត្រូវបិទជិត ដោយពាក្យកុហកបោកប្រាស់ ហើយអ្នកស្តាប់មិនឮព្រះសូរសៀងរបស់ព្រះយេហូវ៉ា ដែលលាន់ឮដូចផ្គរលាន់ និងមិនឮសំឡេងទឹកហូរជាច្រើនមកពីបល្ល័ង្កទ្រង់ទេ។ អ្នកបានបាត់បង់អ្វីគ្រប់យ៉ាងដែលជារបស់អ្នកស្របច្បាប់ អ្វីគ្រប់យ៉ាងដែលព្រះដ៏មានគ្រប់ចេស្ដាបានប្រទានមកឱ្យអ្នក។ អ្នកបានចូលមកក្នុងសមុទ្រទុក្ខដែលគ្មានទីបញ្ចប់ ដោយគ្មានកម្លាំងអាចសង្គ្រោះអ្នកបាន គ្មានសង្ឃឹមថានឹងអាចរួចជីវិតបានឡើយ ហើយអ្វីទាំងអស់ដែលអ្នកធ្វើនោះ គឺការតស៊ូ និងការរត់ទៅរត់មកប៉ុណ្ណោះ...។ ចាប់តាំងពីពេលនោះមក អ្នកត្រូវមេកំណាចធ្វើឱ្យរងទុក្ខវេទនា ដោយឃ្លាតឆ្ងាយពីព្រះពររបស់ព្រះដ៏មានគ្រប់ចេស្ដា នៅឆ្ងាយពីការទំនុកបម្រុងរបស់ព្រះដ៏មានគ្រប់ចេស្ដា ដោយដើរនៅលើផ្លូវដែលគ្មានថ្ងៃត្រឡប់ក្រោយ។ ... អ្នកមិនដឹងថា អ្នកមកដល់ពីពេលណា ហេតុអ្វីក៏អ្នកចាប់កំណើត ឬហេតុអ្វីក៏អ្នកស្លាប់នោះទេ។ អ្នកសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដាថាជាបុគ្គលចម្លែក។ អ្នកពុំបានដឹងអំពីដើមកំណើតរបស់ទ្រង់ឡើយ ហើយអ្នកកាន់តែមិនដឹងថា ទ្រង់បានធ្វើអ្វីខ្លះសម្រាប់អ្នកនោះទេ។ អ្វីគ្រប់យ៉ាងដែលមកអំពីទ្រង់ បានក្លាយជាសេចក្តីសម្អប់ចំពោះអ្នក។ អ្នកមិនបានត្រេកអរនឹងសេចក្ដីទាំងនេះឡើយ ហើយក៏មិនបានដឹងអំពីតម្លៃរបស់វាដែរ។ អ្នករួមដំណើរជាមួយមេកំណាច ចាប់តាំងពីថ្ងៃដែលអ្នកបានទទួលការទំនុកបម្រុងអំពីព្រះដ៏មានគ្រប់ចេស្ដា។ អ្នកបានឆ្លងកាត់ភាពស្មុគស្មាញ និងព្យុះជីវិតរាប់សិបពាន់ឆ្នាំមកហើយជាមួយនឹងមេកំណាច ហើយអ្នកឈរនៅខាងវា ដើម្បីទាស់នឹងព្រះជាម្ចាស់ដែលជាប្រភពនៃជីវិតរបស់អ្នក។ អ្នកមិនដឹងអំពីការប្រែចិត្តទាល់តែសោះ ហើយអ្នកក៏រឹតតែមិនដឹងទៀតថា អ្នកបានខិតមកជិតសេចក្តីវិនាសហើយ។ អ្នកភ្លេចហើយថាមេកំណាចបានបោកប្រាស់ និងធ្វើឱ្យអ្នករងទុក្ខវេទនា អ្នកភ្លេចចំណុចចាប់ផ្ដើមរបស់ខ្លួនហើយ។ ហេតុនេះហើយ ទើបមេកំណាចបោកប្រាស់អ្នកនៅគ្រប់ជំហាន តាំងពីដើមរហូតដល់ពេលនេះ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានធ្វើឱ្យស្ពឹកស្រពន់ និងពុកផុយ។ អ្នកឈប់រអ៊ូរទាំនឹងទុក្ខលំបាកនៃពិភពមនុស្សទៀតហើយ អ្នកលែងជឿហើយថា ពិភពលោកនេះគ្មានយុត្តិធម៌។ អ្នករឹតតែលែងខ្វល់ថា ព្រះដ៏មានគ្រប់ចេស្ដា ពិតជាមានវត្តមានមែន។ នេះគឺដោយសារ អ្នកចាត់ទុកមេកំណាចជាឪពុកដ៏ពិតរបស់អ្នក តាំងពីយូរយារណាស់មកហើយ ហើយក៏មិនអាចឃ្លាតចេញឆ្ងាយពីវាបានដែរ។ នេះហើយគឺជាអាថ៌កំបាំងនៅក្នុងចិត្តរបស់អ្នក» («ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីឫសគល់នៃការរងទុក្ខរបស់មនុស្សក្នុងជីវិត៖ នោះគឺការបំភាន់ និងការធ្វើឱ្យពុករលួយពីសំណាក់សាតាំង។ មនុស្សត្រូវបានបង្កើតដោយព្រះជាម្ចាស់ ហើយធ្លាប់រស់នៅក្រោមការថែរក្សា និងការការពាររបស់ទ្រង់។ ប៉ុន្តែ ដោយសារតែការបំភាន់ និងការធ្វើឱ្យពុករលួយរបស់សាតាំង មនុស្សបានក្បត់ ហើយងាកចេញពីព្រះជាម្ចាស់ លែងដឹងថា អ្វីទៅជាតម្លៃ និងអត្ថន័យពិតនៃជីវិត ហើយក៏បណ្ដោយខ្លួនហូរតាមនិន្នាការអាក្រក់របស់សាតាំង ដូចជាការដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងការសប្បាយខាងលោកីយ៍ ព្រមទាំងរស់នៅក្រោមការធ្វើបាបរបស់សាតាំង។ ខ្ញុំក៏ទទួលរងឥទ្ធិពលពីនិន្នាការអាក្រក់របស់សាតាំងដែរ។ ខ្ញុំគ្រាន់តែចង់ក្លាយជាអ្នកមាន និងរស់នៅយ៉ាងថ្កុំថ្កើង ហើយដើម្បីតែដេញតាមរកលុយឱ្យបានកាន់តែច្រើន ខ្ញុំបានបណ្ដែតបណ្ដោយសុខភាពរាងកាយរបស់ខ្លួនឯងទាំងស្រុង។ សូម្បីតែពេលជំងឺធ្វើទុក្ខឱ្យខ្ញុំឈឺចាប់ស្ទើរតែទ្រាំលែងបាន ក៏ខ្ញុំនៅតែមិនដាច់ចិត្តបោះបង់រាល់ឱកាសរកលុយចោលដែរ។ ខ្ញុំត្រូវរស់នៅក្នុងជីវិតដ៏ឈឺចាប់បែបនេះ គឺដោយសារតែល្បិចកល និងការធ្វើបាបរបស់សាតាំងសោះ! ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ ដើម្បីសម្ដែងចេញនូវសេចក្ដីពិត ដើម្បីជួយសង្គ្រោះមនុស្សឱ្យរួចផុតពីឥទ្ធិពលរបស់សាតាំង ដើម្បីឱ្យមនុស្សអាចគេចផុតពីការធ្វើឱ្យពុករលួយ និងការធ្វើបាបរបស់សាតាំង ព្រមទាំងដឹកនាំមនុស្សទៅកាន់គោលដៅដ៏ល្អមួយ។ ដោយសារតែសេចក្ដីសង្គ្រោះ និងក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះខ្ញុំ ខ្ញុំពិតជាមានសំណាងណាស់ដែលបានស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ និងបានឮព្រះសូរសៀងរបស់ព្រះអាទិករ។ បន្ទាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមបន្ធូរបន្ថយរឿងរកស៊ីបន្តិចម្ដងៗ ហើយចំណាយពេលច្រើនជាងមុន ដើម្បីចូលរួមការជួបជុំគ្នា និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្តិចម្ដងៗ ខ្ញុំក៏ចាប់ផ្ដើមយល់ពីសេចក្ដីពិតមួយចំនួន។ ការដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញនូវសេចក្ដីពិតនៅគ្រាចុងក្រោយ និងធ្វើកិច្ចការនៃការជំនុំជម្រះ គឺជាដំណាក់កាលចុងក្រោយនៃផែនការគ្រប់គ្រង ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ហើយអ្នកដែលមិនទទួលយកការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ព្រមទាំងមិនត្រូវបានបន្សុទ្ធទេនោះ ពួកគេនឹងត្រូវវិនាសនៅក្នុងភយន្តរាយដ៏ធំសម្បើម ហើយទីបំផុតនឹងត្រូវទទួលទោសមិនខាន។ ប៉ុន្តែ មានមនុស្សជាច្រើននៅជុំវិញខ្ញុំ ដែលមិនទាន់បានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងមិនទាន់បានស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់នៅឡើយទេ។ រឿងនេះពិតជាធ្វើឱ្យខ្ញុំខ្វល់ខ្វាយក្នុងចិត្តយ៉ាងខ្លាំង។ ម្យ៉ាងទៀត ពេលខ្ញុំឃើញអ្នកដទៃចេញទៅផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ខណៈដែលខ្ញុំនៅតែជាប់ជំពាក់វាក់វិននឹងរឿងក្រុមហ៊ុន ហើយមិនបានបំពេញភារកិច្ចរបស់ខ្លួនសោះនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យណាស់ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើបែបណាឡើយ។ ដូច្នេះ ខ្ញុំក៏នាំយកគំនិត និងបញ្ហានានារបស់ខ្ញុំ មកទូលថ្វាយចំពោះព្រះជាម្ចាស់ក្នុងការអធិដ្ឋាន ដោយទូលសូមឱ្យទ្រង់ដឹកនាំខ្ញុំ ឱ្យឆ្លងផុតស្ថានភាពមួយនេះ។

បន្ទាប់ពីអធិដ្ឋានរួច ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្នកដឹងពីអម្រែកនៅលើស្មារបស់អ្នក ពីបញ្ជាបេសកកម្មរបស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកនឹងបំពេញតួនាទីបានត្រឹមត្រូវជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើគួរពន្យល់ដូចម្តេចអំពីម្ចាស់នៃរបស់សព្វសារពើ? តើនោះពិតជាម្ចាស់នៃគ្រប់សត្វមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការរីកចម្រើនទៅមុខនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាអ្នកគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកធ្ងន់ណាស់មែនទេ? ពួកគេទុរគត គួរឱ្យអាណិត ភ្នែកខ្វាក់ និងវង្វេងផ្លូវផង ទាំងកំពុងទ្រហោយំនៅទីងងឹត។ តើផ្លូវនៅឯណា? ពួកគេស្រេកឃ្លានចង់ឃើញពន្លឺ ដូចជាទេពច្យុតដែលធ្លាក់ចុះមកភ្លាមៗ និងបំបាត់កម្លាំងនៃភាពងងឹត ដែលបានជិះជាន់មនុស្សអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ពួកគេសង្ឃឹម និងប្រាថ្នាយ៉ាងអន្ទះសាចង់ឃើញពន្លឺនោះទាំងថ្ងៃទាំងយប់ តើមានអ្នកណាអាចដឹង រឿងនេះទាំងស្រុងដែរឬទេ? សូម្បីនៅថ្ងៃដែលពន្លឺចាំងជះផុតក៏ដោយ ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត គ្មានក្ដីសង្ឃឹមទទួលបានការដោះលែងដែរ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ដែលមិនធ្លាប់បានសម្រាកឡើយ ខ្សែចំណងដ៏គ្មានមេត្តា និងប្រវត្តិសាស្ត្រដែលកកដូចថ្នាំង បានចងស្ទះពួកគេឱ្យជាប់នៅក្នុងសភាពនេះជាយូរមកហើយ។ តើមាននរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេដែរទេ? តើមាននរណាធ្លាប់បានមើលឃើញសភាពវេទនារបស់ពួកគេដែរទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងមានក្ដីសោកសង្រេងប៉ុនណាទេ? តើទ្រង់អាចទ្រាំមើលមនុស្សដែលគ្មានទោសពៃរ៍ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ ឱ្យរងការឈឺចាប់ខ្លាំងបែបនេះយ៉ាងដូចម្តេចទៅ? តាមពិតទៅ មនុស្សបានក្លាយជាជនរងគ្រោះដែលត្រូវគេបំពុល។ ហើយទោះបីជាមនុស្សអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងថា មនុស្សជាតិត្រូវអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកភ្លេចខ្លួនហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តទាំងអស់នេះទេឬ? តើអ្នកគ្មានបំណងលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងចំពោះព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សជាតិ ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬអី? តើអ្នកយល់យ៉ាងណាឱ្យប្រាកដអំពីការដែលព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះ? តើអ្នកពិតជាមានការតាំងចិត្ត និងសេចក្ដីជំនឿ ដើម្បីរស់ក្នុងជីវិតដ៏មានន័យជាមនុស្សដែលគោរព និងបម្រើព្រះជាម្ចាស់មែនទេ?» («តើអ្នកគួរប្រព្រឹត្តិចំពោះបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំអាចយល់ពីព្រះរាជបំណងបន្ទាន់របស់ទ្រង់។ កិច្ចការនៃការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ ជិតនឹងបញ្ចប់ទៅហើយ ប៉ុន្តែ នៅមានមនុស្សជាច្រើនណាស់ដែលមិនទាន់បានឮព្រះសូរសៀង ឬស្វាគមន៍ការលេចមករបស់ទ្រង់ ហើយពួកគេនៅតែបន្តរងទុក្ខក្នុងសេចក្ដីងងឹតនៅឡើយ ជាពិសេស គឺបងប្អូនដែលបានជឿលើព្រះអម្ចាស់អស់ជាច្រើនឆ្នាំមកហើយ។ ពួកគេសង្ឃឹមចំពោះការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ដើម្បីសង្គ្រោះពួកគេឱ្យរួចពីសេចក្ដីងងឹត។ ប៉ុន្តែ ដោយសារតែត្រូវពួកគ្រូគង្វាល និងពួកចាស់ទុំបំភាន់ និងបោកបញ្ឆោត ពួកគេមិនទាន់បានស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់នៅឡើយទេ ហើយកំពុងត្រូវការនរណាម្នាក់យ៉ាងខ្លាំង ដើម្បីធ្វើបន្ទាល់អំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ដល់ពួកគេ និងដឹកនាំពួកគេមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ខ្ញុំត្រូវតែមានវិចារណញ្ញាណ និងមនសិការ ខ្ញុំត្រូវតែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ទ្រង់ ហើយខ្ញុំត្រូវតែនាំមនុស្សឱ្យបានកាន់តែច្រើនមកចំពោះទ្រង់ ដើម្បីទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់។ នេះគឺជាបុព្វហេតុដ៏យុត្តិធម៌បំផុត ហើយជាភារកិច្ច និងកាតព្វកិច្ចដ៏មុតមាំរបស់ខ្ញុំ។ ពេលប្រឈមមុខនឹងបំណងព្រះហឫទ័យ និងការតម្រូវរបស់ព្រះជាម្ចាស់ ខ្ញុំដឹងថា ប្រសិនបើខ្ញុំនៅតែព្រងើយកន្តើយ ហើយមិនអាចតបស្នងក្ដីស្រឡាញ់របស់ទ្រង់បានទេនោះ ខ្ញុំពិតជាគ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ ហើយខ្ញុំក៏មិនស័ក្ដិសមរស់ជាមនុស្សដែរ! ខ្ញុំបានដឹងពីទំហំនៃទំនួលខុសត្រូវរបស់ខ្ញុំ ហើយចង់ចេញទៅផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់ខ្លួនជាបន្ទាន់។ ដូច្នេះ ខ្ញុំក៏បាននិយាយជាមួយប្រពន្ធខ្ញុំអំពីរឿងផ្ទេរកម្មសិទ្ធិក្រុមហ៊ុន ដើម្បីឱ្យខ្ញុំមានពេល និងថាមពលគ្រប់គ្រាន់ក្នុងការដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួន។ គាត់បាននិយាយមកខ្ញុំថា៖ «ប៉ុន្មានឆ្នាំមកនេះ យើងទទួលបានព្រះគុណ និងព្រះពរយ៉ាងច្រើនពីព្រះជាម្ចាស់ យើងគួរតែខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ប្រសិនបើយើងមិនព្រមក្រោកឈរឡើង ហើយធ្វើកិច្ចការជាមួយព្រះជាម្ចាស់ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ទ្រង់តាមរយៈការបំពេញភារកិច្ចទេនោះ នោះយើងពិតជាធ្វើឱ្យទ្រង់ខកព្រះហឫទ័យខ្លាំងណាស់ ហើយមនសិការរបស់យើងក៏នឹងមិនអាចស្ងប់សុខដែរ!» ដោយបានឮប្រពន្ធខ្ញុំនិយាយបែបនេះ វាបានធ្វើឱ្យការសម្រេចចិត្តផ្ទេរក្រុមហ៊ុនរបស់ខ្ញុំកាន់តែមុតមាំឡើង។ ប៉ុន្តែ ពេលខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញ ហើយឃើញកម្មករកំពុងរវល់វេចខ្ចប់ និងដឹកជញ្ជូនឥវ៉ាន់ ខ្ញុំស្រាប់តែមានអារម្មណ៍ស្ដាយស្រណោះក្រុមហ៊ុន ដែលខ្ញុំខំកសាងឡើងដោយផ្ទាល់ដៃមួយនេះ។ វាមិនងាយស្រួលទេ ទម្រាំនឹងខំប្រឹងរហូតបានដល់ចំណុចនេះ និងទទួលបានទ្រព្យសម្បត្តិទាំងអស់នេះ ដូចនេះ ខ្ញុំក៏មិនដាច់ចិត្តប្រគល់វាទាំងអស់ឱ្យគេទាល់តែសោះ។ ខ្ញុំនឹកឃើញដល់កាលដែលខ្ញុំធាក់រ៉ឺម៉ក និងធ្វើការប្រើកម្លាំងបាយអស់ជាច្រើនឆ្នាំ ដោយត្រូវគេប្រើដូចគោដូចក្របី។ ហើយគិតថា ក្រោយពីខំប្រឹងពុះពារអស់ជាច្រើនឆ្នាំមក ទីបំផុត ខ្ញុំក៏មានក្រុមហ៊ុនផ្ទាល់ខ្លួន មានអតិថិជនច្រើន និងមានចំណូលថេរមួយសម្រាប់ខ្លួនឯង។ ប្រសិនបើខ្ញុំពិតជាលះបង់ក្រុមហ៊ុននេះមែន តើខ្ញុំមិនបាត់បង់ប្រភពចំណូលទាំងអស់របស់ខ្ញុំទៅហើយទេ? តើខ្ញុំនឹងត្រូវត្រឡប់ទៅរស់នៅក្នុងជីវិតដ៏លំបាកវេទនាដូចពីមុនវិញឬ? អ្នកដទៃមិនត្រឹមតែលែងកោតសរសើរខ្ញុំទេ ប៉ុន្តែពួកគេនឹងងាកមកមើលងាយខ្ញុំថែមទៀតផង។ ប៉ុន្តែ ប្រសិនបើខ្ញុំចំណាយពេលរាល់ថ្ងៃរវល់តែរឿងរកស៊ី និងរកលុយ ខ្ញុំនឹងគ្មានពេលបំពេញភារកិច្ចរបស់ខ្លួនទេ ហើយខ្ញុំក៏មិនអាចធ្វើឱ្យចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់បានដែរ។ តើឱ្យខ្ញុំទទួលបានសេចក្ដីពិតដូចម្តេចបាន ប្រសិនបើខ្ញុំមានជំនឿបែបនេះនោះ? ដូច្នេះ ខ្ញុំក៏នឹកឃើញដំណោះស្រាយមួយ។ ខ្ញុំនឹងម៉ៅការក្រុមហ៊ុននេះឱ្យអ្នកគ្រប់គ្រងពីរនាក់ ដើម្បីចាត់ចែងផ្នែករដ្ឋបាល និងការគ្រប់គ្រង ដូច្នេះ សិទ្ធិជាតំណាងចែកចាយរបស់ក្រុមហ៊ុននៅតែជារបស់ខ្ញុំ។ ធ្វើបែបនេះ បន្ទាប់ពីដកចំណែកភាគលាភគ្រប់គ្រងរបស់ពួកគេចេញ ខ្ញុំនៅតែអាចទទួលបានលុយ ១.៦ លានយ័នក្នុងមួយឆ្នាំដដែរ។ ពេលនោះ ខ្ញុំនឹងមានចំណូលថេរផង និងមានពេលបំពេញភារកិច្ចរបស់ខ្លួនផង។ តើនេះមិនមែនព្រួញមួយបាញ់បានសត្វពីរទេឬ? ប៉ុន្តែក្រោយមក ខ្ញុំបារម្ភខ្លាចពួកគេស៊ុមគ្រលុំគ្នាដើម្បីប្រឆាំងនឹងខ្ញុំ។ ពេលនោះ ខ្ញុំមិនត្រឹមតែគ្មានចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបាត់បង់ដើមទុនរបស់ក្រុមហ៊ុនទៀតផង។ តើនេះមិនមែនជាការយកអំបិលទៅប្រឡាក់លើដំបៅទេឬ? គិតដល់ចំណុចនេះ ខ្ញុំនៅតែមិនអាចសម្រេចចិត្តបានដដែល។ ដូច្នេះ ខ្ញុំក៏នាំយកបញ្ហាផ្ទេរក្រុមហ៊ុននេះ មកទូលថ្វាយចំពោះព្រះជាម្ចាស់ក្នុងការអធិដ្ឋានថា៖ «ព្រះជាម្ចាស់អើយ! ទូលបង្គំចង់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ទ្រង់ ប៉ុន្តែ ទូលបង្គំខ្លាចធ្លាក់ខ្លួនក្រ ប្រសិនបើទូលបង្គំប្រគល់ក្រុមហ៊ុននេះទៅឱ្យគេ។ ទូលបង្គំកំពុងដើរទៅមុខក៏ទើស ថយក្រោយក៏ទើស មិនដឹងថាត្រូវធ្វើយ៉ាងណាទេ។ សូមទ្រង់មេត្តាដឹកនាំទូលបង្គំ ឱ្យរកឃើញផ្លូវនៃការអនុវត្តផង»។

បន្ទាប់ពីនេះមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ចំណែកឯអ្នកដែលនៅចន្លោះកណ្ដាល ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាមានភាពស្មោះត្រង់ចំពោះ នោះអ្នករាល់គ្នានឹងជ្រើសរើសក្នុងរបៀបនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬដែលរេរារវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខដុម និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! រវាងគ្រួសារដែលចុះសម្រុងគ្នា និងគ្រួសារដែលបែកបាក់ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ ហើយអ្នករាល់គ្នាបានជ្រើសរើសដូច្នេះដោយគ្មានការស្ទាក់ស្ទើរឡើយ។ រវាងទ្រព្យសម្បត្តិ និងភារកិច្ច អ្នករាល់គ្នាបានជ្រើសរើសយកទីមួយម្ដងទៀត ថែមទាំងគ្មានឆន្ទៈក្នុងការត្រឡប់ក្រោយទៀតផង។ រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ។ នៅពេលជ្រើសរើសរវាងកូនៗ ភរិយា និងស្វាមីរបស់អ្នករាល់គ្នា ឬខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងសញ្ញាណ និងសេចក្ដីពិត អ្នករាល់គ្នានៅតែជ្រើសរើសយកទីមួយដដែល។ ពេលប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាងរបស់អ្នករាល់គ្នា ខ្ញុំអស់ជំនឿលើអ្នករាល់គ្នាតែម្ដង ខ្ញុំពិតជាហួសព្រះទ័យណាស់។ ដួងចិត្តរបស់អ្នករាល់គ្នាមិនអាចបន្ទន់បានដោយនឹកស្មានមិនដល់។ ព្រះលោហិតបេះដូងដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ បែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការទទួលយកទាំងគ្មានជម្រើសរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានលាតត្រដាងទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយដដែលមែនទេ? តើអ្នករាល់គ្នានៅតែតបស្នងមកខ្ញុំនូវការខកព្រះទ័យ និងឈឺចាប់សោកសៅបន្តទៀតទេ? តើចិត្តរបស់អ្នករាល់គ្នានៅតែមានភាពកក់ក្ដៅត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះឬ? តើអ្នករាល់គ្នានៅតែមិនដឹងថាគួរធ្វើអ្វីដើម្បីលួងលោមព្រះហឫទ័យរបស់យើងទេឬ? នៅខណៈនេះ តើអ្នករាល់គ្នាជ្រើសរើសយកអ្វី? តើអ្នករាល់គ្នានឹងចុះចូលនឹងពាក្យរបស់ខ្ញុំ ឬធុញទ្រាន់នឹងពាក្យទាំងអស់នេះ?» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងនៅទល់ព្រះភក្រ្តព្រះជាម្ចាស់ ហើយទ្រង់កំពុងសួរខ្ញុំយ៉ាងម៉ឺងម៉ាត់ថាតើខ្ញុំនឹងជ្រើសរើសយកទ្រព្យសម្បត្តិ ឬក៏សេចក្ដីពិត។ ព្រះជាម្ចាស់មានសេចក្ដីសង្ឃឹមចំពោះចម្លើយរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំបែរជាជ្រើសរើសយកទ្រព្យសម្បត្តិទៅវិញ។ ពេលគិតដល់ចំណុចនេះ ខ្ញុំមានអារម្មណ៍ថា មានកំហុស និងជំពាក់គុណទ្រង់យ៉ាងខ្លាំង។ ខ្ញុំនឹកគិតដល់បងប្អូនប្រុសស្រីរបស់ខ្ញុំជាច្រើននាក់។ ពេលយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកគេអាចលះបង់គ្រប់យ៉ាងដើម្បីដើរតាមព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ខ្លួន និងផ្សាយដំណឹងល្អអំពីនគរព្រះ។ ប៉ុន្តែ ជំនឿរបស់ខ្ញុំមានត្រឹមតែការចូលរួមជួបជុំគ្នា និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិនបានបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតឡើយ។ តើខ្ញុំមានមនសិការ និងវិចារណញ្ញាណត្រង់ណាទៅ! ខ្ញុំមិនចង់ពន្យារពេលបំពេញភារកិច្ចរបស់ខ្ញុំទេ ប៉ុន្តែ ខ្ញុំក៏មិនចង់លះបង់លុយកាក់ដែរ។ ខ្ញុំពិតជាដូចអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងមែន៖ «អ្នកដែលនៅចន្លោះកណ្ដាល ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត»។ ខ្ញុំគ្រាន់តែស្វែងរកដើម្បីបរិភោគនំប៉័ងឱ្យឆ្អែតប៉ុណ្ណោះ ដូចនេះហើយ ទើបខ្ញុំមិនអាចទទួលបានសេចក្ដីពិតសោះ។ ទីបំផុត ខ្ញុំនឹងត្រូវព្រះជាម្ចាស់ជម្រុះចោលជាមិនខាន។ ខ្ញុំនឹកឃើញដល់ប្រពន្ធរបស់ឡុត ដែលបានរត់គេចចេញពីទីក្រុងសូដុម។ គាត់បានប្រែក្លាយទៅជាបង្គោលអំបិល ដោយសារតែគាត់មិនដាច់ចិត្តលះបង់ទ្រព្យសម្បត្តិ ហើយបានងាកបែរមើលទៅក្រោយ បានក្លាយជានិមិត្តរូបនៃភាពអាម៉ាស់។ តើខ្ញុំមានចំណុចណាខុសពីគាត់ទៅ? ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «អ្នកណាដែលដាក់ដៃរបស់ខ្លួនកាន់នង្គ័ល ហើយក្រឡេកមើលក្រោយ គឺមិនសក្ដិសមសម្រាប់នគរព្រះឡើយ» (លូកា ៩:៦២)។ ព្រះជាម្ចាស់បានប្រទានកម្មសិទ្ធិរាប់មិនអស់ដល់ខ្ញុំ ហើយឱ្យខ្ញុំមានហូប និងមានស្លៀកពាក់គ្រប់គ្រាន់ ប៉ុន្តែ ខ្ញុំនៅតែលោភលន់ចង់បានទ្រព្យសម្បត្តិ និងមិនបានបំពេញភារកិច្ចរបស់ខ្លួនសោះ។ ខ្ញុំពិតជាប្រៀបដូចជាពស់ចង់លេបដំរីអ៊ីចឹង មិនចេះស្កប់ស្កល់ទាល់តែសោះ! ខ្ញុំសុខចិត្តតស៊ូ និងបូជាជីវិតដើម្បីទ្រព្យសម្បត្តិ ប៉ុន្តែបែរជាមិនព្រមលះបង់អ្វីសោះដើម្បីសេចក្ដីពិត។ ខ្ញុំពិតជាមិនស័ក្ដិសមនឹងចូលទៅក្នុងនគរព្រះទាល់តែសោះ! ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយវគ្គទៀតរបស់ព្រះជាម្ចាស់៖ «បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ថ្ងៃរបស់ខ្ញុំនឹងមិនត្រូវពន្យារឡើយ។ ពេលវេលាជាជីវិត ហើយការយកពេលវេលាមកវិញ គឺជាការសង្រ្គោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! ប្រសិនបើអ្នករាល់គ្នាធ្លាក់នៅក្នុងការប្រលងចូលរៀននៅមហាវិទ្យាល័យ អ្នកអាចរៀននិងប្រលងម្ដងហើយម្ដងទៀតបាន។ ក៏ប៉ុន្តែ ថ្ងៃរបស់ខ្ញុំនឹងលែងពន្យារពេលតទៅទៀតហើយ។ ចូរចាំ! ចូរចាំទុកចុះ! ទាំងនេះគឺជាសម្ដីដាស់តឿនដោយសុទ្ធចិត្តរបស់ខ្ញុំ។ ទីបញ្ចប់នៃពិភពលោក ត្រូវបានលាតត្រដាងនៅនឹងមុខអ្នករាល់គ្នាហើយ ហើយគ្រោះមហន្តរាយដ៏ធំនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ តើមួយណាសំខាន់ជាង៖ ជីវិតរបស់អ្នករាល់គ្នា ឬក៏ដំណេករបស់អ្នករាល់គ្នា ម្ហូបអាហារ ភេសជ្ជៈ និងការស្លៀកពាក់របស់អ្នករាល់គ្នា? ពេលវេលាដែលអ្នករាល់គ្នាត្រូវថ្លឹងថ្លែងអំពីការទាំងនេះបានមកដល់ហើយ! ឈប់ឆ្ងល់ទៀតហើយ! តើអ្នករាល់គ្នាភ័យខ្លាចនឹងរឿងទាំងអស់នេះខ្លាំងណាស់មែនទេ?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយម៉ាត់ៗ បានចាក់ដោតដល់ក្រអៅបេះដូងរបស់ខ្ញុំ ហើយរំលឹកខ្ញុំឱ្យមើលឃើញច្បាស់ថាតើជីវិត ឬទ្រព្យសម្បត្តិដែលសំខាន់ជាង។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ។ នេះគឺជាឱកាសដ៏ល្អ ដើម្បីឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្លួន ទទួលបានសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ ប្រសិនបើខ្ញុំរំលងឱកាសនេះ ខ្ញុំច្បាស់ជាស្ដាយក្រោយអស់មួយជីវិតមិនខាន។ ពេលភយន្តរាយដ៏ធំសម្បើមមកដល់ តើកម្មសិទ្ធិទាំងអស់នេះមានប្រយោជន៍អ្វីទៅ? តើខ្ញុំមិនគង់តែស្លាប់ដដែលទេឬ? បន្ទាប់មក ខ្ញុំក៏នាំយកបញ្ហាផ្ទេរក្រុមហ៊ុននេះ មកទូលថ្វាយចំពោះព្រះជាម្ចាស់ក្នុងការអធិដ្ឋានម្ដងទៀត ហើយក៏ប្ដេជ្ញាចិត្តផ្ទេរក្រុមហ៊ុននេះ។

ឪពុកក្មេកខ្ញុំបានខឹងសម្បាយ៉ាងខ្លាំង ពេលគាត់ដឹងថាខ្ញុំចង់ផ្ទេរក្រុមហ៊ុន។ គាត់បានសម្លក់ខ្ញុំ ហើយនិយាយថា៖ «ឯងសុខចិត្តប្រគល់ក្រុមហ៊ុនដែលឯងខំប្រឹងសាងឡើងដោយលំបាកនេះ ទៅឱ្យអ្នកដទៃទទេៗអ៊ីចឹងឬ? ក្រុមហ៊ុននេះមានប្រាក់ចំណេញសុទ្ធជាង ២ លានយ័នឯណោះក្នុងមួយឆ្នាំ ពុកមិនបណ្ដោយឱ្យឯងប្រគល់វាឱ្យគេទទេៗទេ!» ដោយបានឮគាត់និយាយបែបនេះ ធ្វើឱ្យចិត្តខ្ញុំរារែកយ៉ាងខ្លាំង។ ការរកស៊ីឆ្នាំនេះគឺល្អប្រសើរលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត ហើយក៏មិនដឹងថាទៅថ្ងៃមុខ វានឹងកាក់កបដល់កម្រិតណាដែរ។ ប្រសិនបើខ្ញុំផ្ទេរការរកស៊ីទាំងបែបនេះ ហើយពួកយើងត្រូវចាយទាល់តែអស់លុយរលីងនោះ តើមានមិត្តភក្ដិ និងបងប្អូនសាច់ញាតិណា ដែលនៅតែគោរពយើងទៀត? ខ្ញុំក៏កំពុងពិចារណាផ្ទេរការរកស៊ីតែមួយផ្នែក ខណៈបន្តកាន់កាប់ភាគហ៊ុនខ្លះ ដើម្បីឱ្យពួកយើងនៅតែទទួលបានប្រាក់ចំណូលពីភាគលាភជារៀងរាល់ឆ្នាំ។ ខ្ញុំបានប្រាប់គំនិតនេះទៅប្រពន្ធខ្ញុំ ហើយគាត់ក៏និយាយមកខ្ញុំថា៖ «អូនថា បងគួរតែបោះបង់វាចោលទាំងអស់ទៅ ដើម្បីកុំឱ្យចិត្តបងនៅជាប់ជំពាក់នឹងរឿងភាគហ៊ុននេះទៀត។ ពេលនោះ បងទើបមានកម្លាំងក្នុងការស្វែងរកសេចក្ដីពិត ហើយការបំពេញភារកិច្ចរបស់បងក៏មិនរាំងស្ទះដែរ។ ពេលភយន្តរាយដ៏ធំសម្បើមមកដល់ ទោះមានលុយច្រើនប៉ុនណាក៏មិនអាចសង្គ្រោះយើងបានដែរ។ បងត្រូវតែគិតរឿងនេះឱ្យច្បាស់!» គាត់បន្តទៀតថា «អ្វីដែលសំខាន់បំផុតសម្រាប់ពួកយើងនៅពេលនេះ គឺត្រូវចំណាយពេលឱ្យបានច្រើនក្នុងការស្វែងរកសេចក្ដីពិត។ ការទទួលបានសេចក្ដីពិត និងការធ្វើអំពើល្អ គឺសំខាន់ជាងទ្រព្យសម្បត្តិខាងសម្ភារៈទៅទៀត!» កូនៗរបស់ខ្ញុំក៏បានគាំទ្រគំនិតនេះដែរ ហើយប្រាប់ថា ខ្ញុំគួរតែផ្ទេរក្រុមហ៊ុននេះទាំងស្រុងតែម្ដង។ ខ្ញុំចេះតែគិតត្រឡប់ចុះត្រឡប់ឡើងអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំក៏នាំយកបញ្ហានេះមកទូលថ្វាយចំពោះព្រះជាម្ចាស់ក្នុងការអធិដ្ឋានថា៖ «ព្រះជាម្ចាស់អើយ! តាមទ្រឹស្ដី ទូលបង្គំដឹងហើយថា ជីវិតរបស់មនុស្សម្នាក់ក្រ ឬមាន គឺស្ថិតក្រោមការគ្រប់គ្រង និងការសម្រេចរបស់ទ្រង់ ប៉ុន្តែ ពេលត្រូវលះបង់ទ្រព្យសម្បត្តិជាក់ស្ដែង ទូលបង្គំពិតជាពិបាកធ្វើចិត្តខ្លាំងណាស់។ សូមទ្រង់មេត្តាប្រទានជំនឿដល់ទូលបង្គំ ដើម្បីអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវផង»។

ថ្ងៃមួយ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «រៀងរាល់ថ្ងៃ អ្នកត្រិះរិះថា ត្រូវធ្វើបែបណាដើម្បីទទួលបានអ្វីមួយពីខ្ញុំ។ រៀងរាល់ថ្ងៃ អ្នករាប់ចំនួនទ្រព្យសម្បត្តិ និងចំនួនរបស់ទ្រព្យដែលអ្នកបានទទួលពីខ្ញុំ។ រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំឱ្យព្រះពរធ្លាក់មករកអ្នករាល់គ្នាទៀត ដើម្បីឱ្យអ្នករាល់គ្នាអាចត្រេកអរសប្បាយនឹងរបស់ទ្រព្យគួរជាទីត្រេកអរសប្បាយ ដែលមានចំនួនកាន់តែច្រើន និងមានក្បួនខ្នាតកាន់តែខ្ពស់ជាងមុន។ នៅគ្រប់ពេលទាំងអស់ នៅក្នុងគំនិតរបស់អ្នកពុំមានរូបខ្ញុំឡើយ ក៏មិនមានសេចក្តីពិតដែលមកអំពីខ្ញុំដែរ តែផ្ទុយទៅវិញ គំនិតរបស់អ្នក មានតែប្តី ឬប្រពន្ធកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា និងគ្រឿងបរិភោគ ព្រមទាំងសម្លៀកបំពាក់របស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នកគិតថា តើត្រូវធ្វើដូចម្តេច ទើបអ្នកអាចទទួលបានភាពរីករាយកាន់តែច្រើន និងកាន់តែខ្លាំងជាងនេះ។ ប៉ុន្តែ បើទោះបីជាពេលដែលអ្នកបានចម្អែតក្រពះរបស់អ្នករាល់គ្នារហូតដល់ផ្ទុះពោះក្តី តើអ្នកនៅតែមិនមែនជាសាកសពទេឬអី? សូម្បីតែពេលដែលអ្នកតុបតែងខ្លួនឯងពីខាងក្រៅដោយសម្លៀកបំពាក់ស្អាតៗបែបនេះក្ដី តើអ្នករាល់គ្នាមិនមែនជាសាកសពចេះដើរ ដែលគ្មានជីវិតទេឬអី? អ្នករាល់គ្នា ខំធ្វើការនឿយហត់ព្រោះតែក្រពះ រហូតដល់សក់ក្បាលប្រែទៅជាស្កូវ តែគ្មាននរណាលះបង់សក់មួយសរសៃដើម្បីកិច្ចការរបស់ខ្ញុំទេ។ អ្នករាល់គ្នាកំពុងទៅមុខឥតឈប់ឈរ ដោយប្រើកម្លាំងកាយ និងញាំញីខួរក្បាល ដើម្បីជាប្រយោជន៍ដល់ខាងសាច់ឈាមរបស់អ្នកផ្ទាល់ និងសម្រាប់កូនប្រុសស្រីរបស់អ្នក ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា បង្ហាញការព្រួយបារម្ភ ឬក្តីកង្វល់អំពីបំណងហឫទ័យរបស់ខ្ញុំឡើយ។ តើនៅមានអ្វីខ្លះទៀតដែលអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានពីខ្ញុំ?» («មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងចំៗពីសភាពរបស់ខ្ញុំតែម្ដង។ ពេលត្រូវសម្រេចចិត្តរវាងទ្រព្យសម្បត្តិ និងភារកិច្ច ខ្ញុំតែងតែរារែកជានិច្ច។ ខ្ញុំតែងតែចង់បំពេញតម្រូវការហូបចុក និងស្លៀកពាក់របស់ខ្ញុំ និងធានាថាជីវិតខ្ញុំលែងមានក្ដីខ្វល់ខ្វាយរឿងសម្ភារៈសិន ទើបខ្ញុំសុខចិត្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ ខ្ញុំបានឃើញថា ជំនឿរបស់ខ្ញុំមានលាយឡំនូវចេតនាផ្ទាល់ខ្លួនច្រើនពេក ហើយខ្ញុំមិនបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះត្រង់នោះទេ។ ព្រះជាម្ចាស់ធ្វើកិច្ចការដោយអស់ពីព្រះហឫទ័យដើម្បីសង្គ្រោះមនុស្សជាតិ សូម្បីតែលះបង់ព្រះជន្មទ្រង់សម្រាប់ពួកយើង។ ប៉ុន្តែ ខ្ញុំមិនដែលថ្វាយដួងចិត្តទាំងស្រុងចំពោះព្រះជាម្ចាស់ទេ។ ខ្ញុំមិនដែលយល់ ឬយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ទាល់តែសោះ។ សម្រាប់ខ្ញុំ ទ្រព្យសម្បត្តិគឺសំខាន់ជាងអ្វីៗទាំងអស់។ ខ្ញុំទើបតែឃើញថា ខ្ញុំពិតជាអាត្មានិយមខ្លាំងណាស់! ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «តើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ ទោះបីជាខ្ញុំរកលុយបានច្រើនប៉ុនណា ត្រេកត្រអាលនឹងទ្រព្យសម្បត្តិសម្ភារៈ ឬទទួលបានការកោតសរសើរប៉ុនណាក៏ដោយ ប្រសិនបើខ្ញុំមិនទទួលបានសេចក្ដីពិត ឬផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្លួនទេ តើរបស់ទាំងអស់នេះមានន័យអ្វីទៅ? តើទីបំផុត ខ្ញុំមិនគង់តែវិនាសដដែលទេឬ? ទោះមានលុយច្រើនប៉ុនណា ក៏មិនអាចសង្គ្រោះជីវិតរបស់ខ្ញុំ ឬទិញឱកាសដើម្បីទទួលបានសេចក្ដីសង្គ្រោះបានឡើយ។ ខ្ញុំនឹកឃើញដល់សហគ្រិនដ៏ល្បីល្បាញលើពិភពលោកម្នាក់ ដែលមានទ្រព្យសម្បត្តិនៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក។ ហើយក្រុមហ៊ុនរបស់គាត់រកលុយឱ្យគាត់កាន់តែមានឡើងជារៀងរាល់វិនាទី។ គាត់មានទ្រព្យសម្បត្តិមហាសាល ដើរលេងជុំវិញពិភពលោក និងត្រេកត្រអាលនឹងការសប្បាយខាងសម្ភារៈ ប៉ុន្តែ ទោះបីជាគាត់មានទ្រព្យសម្បត្តិ ឬរបស់របរច្រើនប៉ុនណាក៏ដោយ ក៏គាត់នៅតែមានអារម្មណ៍ថាសូន្យឈឹងក្នុងចិត្តដដែល។ គាត់រកមិនឃើញតម្លៃ ឬអត្ថន័យពិតក្នុងជីវិតទាល់តែសោះ ដូច្នេះ គាត់ក៏បានលោតទឹកសមុទ្រសម្លាប់ខ្លួនទៅ។ កាលណាមនុស្សកាន់តែដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេកាន់តែមានអារម្មណ៍ខ្វាយខ្វល់ និងសូន្យឈឹងខាងវិញ្ញាណ ហើយទីបំផុត វានឹងបំផ្លាញមនុស្សម្នាក់មិនខាន! ខ្ញុំនឹកឃើញពីរបៀបដែលខ្ញុំធ្លាប់ធ្វើការមិនឈប់ឈរពេញមួយថ្ងៃដូចម៉ាស៊ីន ដើម្បីតែលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រហូតជាលទ្ធផល ធ្វើឱ្យខ្ញុំធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំហូបមិនបាន គេងមិនលក់ស្រួលបួលឡើយ ហើយខ្ញុំត្រូវរស់នៅទាំងឈឺចាប់រហូត។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយាងមកធ្វើកិច្ចការដើម្បីសង្គ្រោះមនុស្ស ប៉ុន្តែ ខ្ញុំបែរជាបារម្ភខ្លាចធ្លាក់ខ្លួនក្រ និងត្រូវគេមើលងាយទៅវិញ។ ខ្ញុំពិតជាមិនដាច់ចិត្តលះបង់លុយរបស់ខ្ញុំសោះ។ ទោះបីជាខ្ញុំរកលុយបានច្រើនប៉ុនណាក៏ដោយ ប្រសិនបើទីបំផុត ខ្ញុំត្រូវបាត់បង់សេចក្ដីពិត និងឱកាសទទួលបានសេចក្ដីសង្គ្រោះនោះ តើលុយច្រើនប៉ុណ្ណឹងមានន័យអ្វីទៅ? នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ។ ព្រះជាម្ចាស់សង្ឃឹមថា នឹងមានមនុស្សកាន់តែច្រើនចេញមុខមកផ្សាយដំណឹងល្អរបស់ទ្រង់ ដើម្បីឱ្យអ្នកដែលស្រេកឃ្លានចង់ឃើញការលេចមករបស់ទ្រង់ បានឮព្រះសូរសៀងទ្រង់ ហើយត្រឡប់មកចំពោះទ្រង់ដែលជាព្រះអាទិករវិញ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់សង្ឃឹមថា យើងនឹងត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរ តាមរយៈការឆ្លងកាត់បទពិសោធន៍នៃព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ក្នុងពេលបំពេញភារកិច្ចរបស់យើង ហើយទីបំផុត ទ្រង់នឹងសង្គ្រោះពួកយើង។ ប៉ុន្តែ ខ្ញុំមិនបានយល់ពីព្រះហឫទ័យដ៏ប្រញាប់ប្រញាល់របស់ព្រះជាម្ចាស់ទេ ហើយនៅឱបក្រសោបលុយរបស់ខ្ញុំជាប់។ ខ្ញុំពិតជាល្ងង់ខ្លៅ និងងងឹតងងុលមែន! អ្វីដែលខ្ញុំគួរធ្វើ គឺបោះបង់គ្រប់យ៉ាងចោល រួចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងដេញតាមសេចក្ដីពិត។ នេះទើបជារឿងដែលសំខាន់ពិតប្រាកដ។ ក្រោយមក ខ្ញុំមិនខ្វល់ពីការប្រឆាំងយ៉ាងដាច់អហង្ការរបស់ឪពុកក្មេកខ្ញុំឡើយ ហើយក៏បានផ្ទេរក្រុមហ៊ុនរបស់ខ្ញុំ។

ចាប់តាំងពីពេលនោះមក ខ្ញុំលែងខ្វល់ខ្វាយពីការគ្រប់គ្រងក្រុមហ៊ុនទៀតហើយ។ បន្ទុក និងសម្ពាធអស់ជាច្រើនឆ្នាំ ស្រាប់តែរលាយបាត់អស់ ការរស់នៅរបស់ខ្ញុំក៏ចាប់ផ្ដើមមានរបៀបរៀបរយ ហើយបន្តិចម្តងៗ ជំងឺផ្សេងៗដែលធ្លាប់តែញាំញីខ្ញុំ ក៏បានជាសះស្បើយយ៉ាងអស្ចារ្យ។ នេះពិតជាព្រះគុណរបស់ព្រះជាម្ចាស់មែន! ខ្ញុំបានចូលរួមក្នុងជួរអ្នកធ្វើការខាងផ្សាយដំណឹងល្អ ហើយខ្ញុំបានសហការគ្នាយ៉ាងចុះសម្រុងជាមួយអ្នកដទៃ ក្នុងការផ្សាយ និងធ្វើបន្ទាល់ពីដំណឹងល្អអំពីនគរព្រះ។ ខ្ញុំមានអារម្មណ៍ថា ជីវិតរស់នៅបែបនេះពិតជាស្កប់ស្កល់ខ្លាំងណាស់។ នៅក្នុងបទពិសោធន៍ក្រោយៗមក តាមរយៈការជំនុំជម្រះ និងការលាតត្រដាងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញយ៉ាងច្បាស់ពីឫសគល់ដែលធ្វើឱ្យខ្ញុំមិនអាចលះបង់ទ្រព្យសម្បត្តិបាន នៅក្នុងជំនឿរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «'លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន' គឺជាទស្សនវិជ្ជារបស់សាតាំង។ វារីករាលដាលយ៉ាងខ្លាំងនៅក្នុងចំណោមមនុស្ស និងក្នុងគ្រប់សង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះមិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានពិសោធជាមួយជីវិតជាក់ស្ដែង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះមិនមែនជាដំណើរការនៃការធ្វើឱ្យមនុស្សពុករលួយរបស់សាតាំងទេឬអី? ... សាតាំងប្រើលុយដើម្បីអន្ទងចិត្តមនុស្ស និងធ្វើឱ្យពួកគេទាំងអស់ពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ និងសម្ភារៈ។ ហើយការថ្វាយបង្គំលុយនេះ សម្ដែងចេញតាមរយៈឥរិយាបថរបស់មនុស្សយ៉ាងដូចម្តេច? តើអ្នករាល់គ្នាមិនគិតថា នៅក្នុងពិភពលោកនេះ អ្នកមិនអាចរស់បានឡើយ បើគ្មានលុយ ហើយថាអ្នកមិនអាចរស់នៅបានសូម្បីតែមួយថ្ងៃ បើគ្មានវាទេឬអី? ចំនួនលុយដែលមនុស្សមាន កំណត់ថាតើឋានៈរបស់ពួកគេខ្ពស់កម្រិតណា និងថាតើពួកគេថ្លៃថ្នូរកម្រិតណា។ អ្នកក្រមិនមានអារម្មណ៍ថាពួកគេអាចងើបមុខមាត់បានឡើយ ចំណែកឯអ្នកមានវិញ មានឋានៈខ្ពស់ ងើបមុខមាត់ ហើយអាចនិយាយដោយសំឡេងខ្លាំងៗ និងរស់នៅដោយភាពក្រអឺតក្រទម និងតាមអំពើចិត្ត។ តើពាក្យភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬអី ដែលមនុស្សជាច្រើនសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីលុយនោះ? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់សេចក្តីថ្លៃថ្នូរ និងភាពសុចរិតរបស់ខ្លួនដោយសារតែដេញតាមលុយកាក់កាន់តែច្រើនទេឬអី? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី? គ្រាន់តែប្រើប្រាស់វិធីសាស្ត្រនេះ និងពាក្យភាសិតនេះ សាតាំងបានធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះ។ តើបំណងចិត្តរបស់សាតាំង មិនមែនពិសពុលទេឬអី? តើនេះមិនមែនជាកលល្បិចព្យាបាទទេឬអី? ... ដូច្នេះ នៅពេលដែលអ្នកត្រូវសាតាំងបំភាន់ និងធ្វើឱ្យពុករលួយ តើអ្នកអាចមានអារម្មណ៍ដឹងបានដែរឬទេ? អ្នកមិនអាចដឹងបានទេ។ ប្រសិនបើអ្នកមិនអាចមើលឃើញសាតាំងឈរនៅខាងមុខអ្នក ឬមិនអាចមានអារម្មណ៍ដឹងថា សាតាំងកំពុងធ្វើរឿងនៅពីក្រោយខ្នងអ្នក តើអ្នកអាចនឹងមើលឃើញពីសេចក្ដីទុច្ចរិតរបស់សាតាំងបានដែរឬទេ? តើអ្នកអាចដឹងថាសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយដោយរបៀបណាបានទេ? សាតាំងធ្វើឱ្យមនុស្សពុករលួយគ្រប់ពេល និងគ្រប់ទីកន្លែង។ សាតាំងធ្វើឱ្យមនុស្សមិនអាចការពារខ្លួនទល់នឹងសេចក្តីពុករលួយនេះបាន ហើយធ្វើឱ្យមនុស្សគ្មានអ្នកជួយ មិនអាចប្រឆាំងទាស់នឹងវាបាន។ សាតាំងធ្វើឱ្យអ្នកទទួលយកគំនិតនិងទស្សនៈរបស់វា ព្រមទាំងសេចក្ដីទុច្ចរិតដែលកើតចេញពីវានៅក្នុងស្ថានភាពដែលអ្នកមិនដឹងខ្លួន និងនៅពេលដែលអ្នកមិនដឹងថាមានអ្វីកំពុងកើតឡើងមកលើអ្នក។ មនុស្សទទួលយករឿងទាំងនេះដោយគ្មានប្រកែកអ្វីឡើយ។ ពួកគេប្រកាន់យក និងឱ្យតម្លៃលើរឿងទាំងនេះដូចជាកំណប់ទ្រព្យ ហើយពួកគេបណ្ដោយឱ្យរឿងទាំងនេះគ្រប់គ្រងពួកគេ និងលេងសើចជាមួយពួកគេ។ នេះហើយជារបៀបដែលមនុស្សរស់នៅក្រោមអំណាចរបស់សាតាំង និងស្តាប់បង្គាប់សាតាំងទាំងមិនដឹងខ្លួននោះ ហើយការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ កាន់តែខ្លាំងឡើងៗ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសង្គមបច្ចុប្បន្ន និងសភាពពិតប្រាកដរបស់ខ្ញុំ។ តាំងពីក្មេងមក ភាពពិសពុលបែបសាតាំងដូចជា «លុយអាចបង្វិលពិភពលោកបាន» «អ្នកមានលុយ ខ្ពង់ខ្ពស់ជាងអ្នកអត់លុយ» និង «លុយមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ តែបើគ្មានលុយវិញ អ្នកមិនអាចធ្វើអ្វីបានឡើយ» បានជះឥទ្ធិពលមកលើខ្ញុំដោយមិនដឹងខ្លួន និងធ្វើឱ្យខ្ញុំឱ្យតម្លៃលុយសំខាន់ជាងអ្វីៗទាំងអស់។ របស់ទាំងនេះធ្វើឱ្យខ្ញុំគិតថា ការមានលុយគឺមានគ្រប់យ៉ាង ថា ប្រសិនបើមានលុយ ខ្ញុំអាចរស់នៅយ៉ាងស្រណុកសុខស្រួល និងអាចងើបមុខងើបមាត់បាន ថា ទៅដល់ទីណាក៏មានគេគាំទ្រ គោរព និងសរសើរ ហើយថា នេះទើបជាការរស់នៅដែលមានសេចក្ដីថ្លៃថ្នូរ និងមានតម្លៃ។ ខ្ញុំគិតថា ប្រសិនបើគ្មានលុយទេ គេនឹងមិនគោរព និងជិះជាន់យើងមិនខាន ដូច្នេះ ខ្ញុំក៏ចាត់ទុកការរត់តាមរកលុយជាគោលដៅតែមួយគត់របស់ខ្ញុំ។ ដំបូងឡើយ ខ្ញុំខំប្រឹងរិះរកគ្រប់មធ្យោបាយដើម្បីរកលុយ និងទាក់ទាញអតិថិជន ដោយប្រើពាក្យបញ្ចោរ និងសម្ដីផ្អែមល្ហែមបោកប្រាស់គេ រត់ខ្វែងដៃខ្វែងជើងសឹងតែគ្មានពេលសម្រាក។ សូម្បីតែពេលដែលខ្ញុំហត់ នឿយល្វើយ ឬដល់ថ្នាក់ធ្លាក់ខ្លួនឈឺក៏ដោយ ក៏ខ្ញុំមិនដាច់ចិត្តសម្រាកសូម្បីតែមួយថ្ងៃដែរ ជាលទ្ធផល រាងកាយរបស់ខ្ញុំក៏ទ្រុឌទ្រោមអស់។ ខ្ញុំមានជំងឺក្រពះគ្រប់មុខ ព្រមទាំងឈឺចង្កេះ និងខ្នង ដែលធ្វើឱ្យជីវិតខ្ញុំរងទុក្ខយ៉ាងខ្លាំង រហូតហូបមិនបាន គេងមិនលក់ស្រួលបួល។ ប៉ុន្តែ សូម្បីតែស្ថិតក្នុងស្ថានភាពបែបនេះ ក៏ខ្ញុំនៅតែខំប្រឹងធ្វើការរកលុយទៀត។ ខ្ញុំបានរស់នៅតាមច្បាប់នៃការរស់រានមានជីវិតរបស់សាតាំង ហើយប្រែជាអាត្មានិយម និងលោភលន់យ៉ាងខ្លាំង។ ខ្ញុំបានក្លាយជាទាសករនៃលុយកាក់ទាំងស្រុងតែម្ដង។ សាតាំងបានប្រើលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ មកធ្វើឱ្យខ្ញុំពុករលួយរលីង! ការណ៍ដែលខ្ញុំអាចបោះបង់ក្រុមហ៊ុន និងលុយកាក់ ដើម្បីមកបំពេញភារកិច្ចរបស់ខ្លួនបាន គឺសុទ្ធតែជាលទ្ធផលនៃការបំភ្លឺ និងការដឹកនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់។ ខ្ញុំពិតជាដឹងគុណព្រះជាម្ចាស់ខ្លាំងណាស់ ដែលបានសង្គ្រោះខ្ញុំ។ ខ្ញុំត្រូវតែឱ្យតម្លៃចំពោះឱកាសដ៏កម្រនេះ ហើយបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

បន្ទាប់ពីនេះមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលពីរបីវគ្គរបស់ព្រះជាម្ចាស់ ដែលពិតជាបានជំរុញចិត្តខ្ញុំយ៉ាងខ្លាំង។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ក្នុងនាមជាមនុស្សធម្មតា និងជាមនុស្សដែលខិតខំស្រឡាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះ និងក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់បំផុត ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅដើម្បីព្រះជាម្ចាស់ និងរស់នៅដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមស្នាមព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ជីវិតដែលអ្នករាល់គ្នារស់នៅរាល់ថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយវាសំខាន់ខ្លាំងបំផុតចំពោះទិសដៅចុងក្រោយ និងជោគវាសនារបស់អ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាត្រូវតែឱ្យតម្លៃអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅថ្ងៃនេះ ហើយឱ្យតម្លៃគ្រប់នាទីដែលកន្លងទៅ។ អ្នកត្រូវតែចាប់យកពេលវេលាឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ខ្លួនឯង ទើបអ្នកមិនចំណាយជីវិតនេះជាអសារឥតការ» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំកាន់តែយល់ច្បាស់ថា ការណ៍ដែលខ្ញុំជ្រើសរើសបោះបង់ការរកស៊ី មកដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួន គឺជាផ្លូវជីវិតដ៏ត្រឹមត្រូវពិតប្រាកដ ហើយថា នេះទើបជារបៀបរស់នៅដែលមានតម្លៃ និងមានន័យបំផុត។ ថ្ងៃនេះ ទីបំផុត ខ្ញុំបានយល់ច្បាស់ហើយថា ការបំពេញភារកិច្ចរបស់ខ្លួនក្នុងការជឿលើព្រះជាម្ចាស់ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ហើយវាគឺជាបេសកកម្មជីវិត និងជាទំនួលខុសត្រូវរបស់មនុស្សម្នាក់។ របៀបរស់នៅដែលមានតម្លៃ និងមានន័យបំផុត គឺត្រូវធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយទ្រង់នឹងប្រទានពរ ព្រមទាំងនឹកចាំពីទង្វើទាំងនេះ លើសពីអ្វីៗទាំងអស់។ ពេលនេះ មិនសូវមានពេលច្រើនសម្រាប់ដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំទៀតទេ។ ខ្ញុំត្រូវតែឱ្យតម្លៃរាល់ថ្ងៃ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន ផ្សាយដំណឹងល្អឱ្យបានច្រើន និងខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងកម្សាន្តព្រះហឫទ័យរបស់ទ្រង់ ក្នុងពេលវេលាដែលនៅសេសសល់នេះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការឆ្លុះបញ្ចាំងអំពីការដេញតាមលុយកាក់

ខ្ញុំកើតនៅក្នុងភូមិឆ្ងាយដាច់ស្រយាល និងក្រីក្រមួយ ហើយដោយសារតែគ្រួសារខ្ញុំក្រីក្រ ខ្ញុំត្រូវបានសាច់ញាតិមើលងាយតាំងពីតូច។ ខ្ញុំបានតាំងចិត្តថា៖...

ជម្រើសរបស់មន្ត្រីរដ្ឋាភិបាល

ប៉ាខ្ញុំបានល្មើសច្បាប់ ហើយត្រូវបានគេចាប់ខ្លួន មុនពេលខ្ញុំបានកើតមក។ រឿងបែបនេះពិតជាគួរឱ្យអាម៉ាស់ណាស់នៅទីជនបទនៃប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ១៩៧០...