ផ្លូវ ... (២)
បងប្អូនប្រុសស្រីរបស់យើងប្រហែលជាមានគំនិតមួយចំនួនអំពីលំដាប់លំដោយ ជំហាន និងវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិនដីគោក ប៉ុន្តែខ្ញុំនៅតែគិតថា វាមានតម្លៃក្នុងការរំឭករឿងទាំងនេះឡើងវិញ ឬក៏ធ្វើការសង្ខេបប្រាប់អ្នករាល់គ្នាយ៉ាងរហ័ស។ ខ្ញុំនឹងប្រើឱកាសនេះដើម្បីនិយាយតែពីអ្វីៗដែលនៅក្នុងដួងចិត្តរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំនឹងមិននិយាយពីបញ្ហាក្រៅពីកិច្ចការនេះឡើយ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីអាចយល់ពីព្រះទ័យរបស់ខ្ញុំ ហើយខ្ញុំក៏សំណូមពរដោយបន្ទាបខ្លួនថា សូមឱ្យអ្នកទាំងអស់គ្នាដែលអានបន្ទូលរបស់ខ្ញុំ មេត្តាយោគយល់ និងអនុគ្រោះដល់ឋានៈដ៏តូចទាបរបស់ខ្ញុំ ភាពខ្វះបទពិសោធក្នុងជីវិតរបស់ខ្ញុំ និងការដែលខ្ញុំគ្មានសមត្ថភាពសមនឹងមានមោទនភាពនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាដើម។ តែទោះយ៉ាងណា ញាណរបស់ខ្ញុំគឺថា ទាំងនេះគ្រាន់តែជាហេតុផលដែលផ្អែកលើការពិត។ សរុបសេចក្ដីមក មិនថាអ្វីក៏ដោយ ក៏គ្មាននរណាម្នាក់ ព្រឹត្តិការណ៍ ឬវត្ថុអ្វីមួយអាចបញ្ឈប់យើងមិនឱ្យធ្វើការប្រកបគ្នានៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានដែរ ហើយខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់យើងអាចចូលរួមជាមួយខ្ញុំធ្វើការឱ្យកាន់តែខ្លាំងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ ខ្ញុំសូមធ្វើការអធិស្ឋានដូចតទៅ៖ «ឱ ព្រះជាម្ចាស់អើយ! សូមទ្រង់មានសេចក្ដីមេត្តាករុណាដល់ពួកទូលបង្គំ ដើម្បីឱ្យទូលបង្គំ និងបងប្អូនប្រុសស្រីរបស់ទូលព្រះបង្គំ អាចតស៊ូជាមួយគ្នាក្រោមការត្រួតត្រារបស់ឧត្តមគតិរួមនៃពួកទូលបង្គំ ដោយស្មោះត្រង់ចំពោះព្រះអង្គរហូតដល់ស្លាប់ និងដោយគ្មានការស្ដាយក្រោយអ្វីឡើយ!» ពាក្យទាំងនេះជាសេចក្ដីតាំងចិត្តរបស់ខ្ញុំនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ប៉ុន្តែក៏អាចនិយាយម្យ៉ាងទៀតថា ទាំងនេះជាបាវចនាផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងនាមជាមនុស្សខាងសាច់ឈាមដែលត្រូវបានព្រះជាម្ចាស់ប្រើប្រាស់។ ខ្ញុំបានចែករំលែកពាក្យទាំងនេះនៅក្នុងការប្រកបគ្នាជាមួយបងប្អូនប្រុសស្រីជិតខាងខ្ញុំជាច្រើនដង ហើយខ្ញុំបានឱ្យពាក្យទាំងនេះជាសារទៅដល់អ្នកទាំងឡាយដែលនៅក្បែរខ្ញុំ។ ខ្ញុំមិនដឹងថា តើពួកគេគិតដូចម្ដេចអំពីពាក្យទាំងនេះនោះទេ ប៉ុន្តែមិនថាអ្វីក៏ដោយ ខ្ញុំនៅតែជឿថា ពាក្យទាំងនេះមិនត្រឹមតែមានគំនិតនៃការខំប្រឹងបែបអត្តនោម័តិប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ថែមទាំងមានគំនិតនៃទ្រឹស្តីបែបដែលផ្អែកលើការពិតផងដែរ។ ដោយហេតុនេះ មនុស្សមួយចំនួនអាចមានយោបល់ផ្សេងៗ ហើយវាក៏អាចជាការល្អសម្រាប់អ្នកក្នុងការយកពាក្យទាំងនេះធ្វើជាបាវចនារបស់ខ្លួន ហើយចាំមើលថា តើសេចក្ដីអង់អាចរបស់អ្នកចំពោះការស្រឡាញ់ព្រះជាម្ចាស់ក្លាយជាអស្ចារ្យយ៉ាងណា។ អ្នកខ្លះនឹងកើតមានសញ្ញាណមួយចំនួននៅពេលពួកគេអានពាក្យទាំងនេះ ហើយគិតថា៖ «តើការនិយាយធម្មតាៗប្រចាំថ្ងៃបែបនេះអាចផ្ដល់ឱ្យមនុស្សនូវសេចក្ដីអង់អាចដ៏អស្ចារ្យក្នុងការស្រឡាញ់ព្រះជាម្ចាស់រហូតដល់ស្លាប់បានយ៉ាងដូចម្ដេចកើត? ហើយវាគ្មានអ្វីពាក់ព័ន្ធជាមួយប្រធានបទ 'ផ្លូវ' ដែលយើងកំពុងពិភាក្សាគ្នានេះនោះទេ។» ខ្ញុំទទួលស្គាល់ថា ពាក្យទាំងនេះអាចនឹងមិនគួរឱ្យចាប់ចិត្តខ្លាំងនោះទេ ប៉ុន្តែខ្ញុំតែងតែគិតថា ពាក្យទាំងនេះអាចនាំមនុស្សឱ្យដើរលើផ្លូវត្រូវបាន ហើយអាចឱ្យពួកគេទទួលរងការល្បងលបានគ្រប់បែបយ៉ាងនៅតាមផ្លូវនៃជំនឿលើព្រះជាម្ចាស់ដោយមិនបាត់បង់ទឹកចិត្ត ឬត្រលប់ក្រោយវិញ។ ដូច្នេះហើយទើបខ្ញុំតែងតែចាត់ទុកពាក្យទាំងនេះជាបាវចនារបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា មនុស្សក៏នឹងគិតអំពីពាក្យទាំងនេះដោយយកចិត្តទុកដាក់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគ្មានចេតនាបង្ខំឱ្យនរណាម្នាក់ទទួលយកទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ ហើយនេះគ្រាន់តែជាការផ្ដល់យោបល់តែប៉ុណ្ណោះ។ មិនថាអ្នកដទៃគិតដូចម្ដេចអំពីខ្ញុំនោះទេ ខ្ញុំគិតថា ព្រះជាម្ចាស់យល់ដឹងពីកម្លាំងចលនាខាងក្នុងនៅក្នុងខ្លួនរបស់យើងម្នាក់ៗ។ ព្រះជាម្ចាស់កំពុងធ្វើការឥតឈប់ឈរនៅក្នុងខ្លួនរបស់យើងម្នាក់ៗ ហើយកិច្ចការរបស់ទ្រង់មិនចេះអន់ថយឡើយ។ ដោយសារតែពួកយើងសុទ្ធតែបានកើតនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម ទើបទ្រង់ធ្វើការតាមរបៀបនេះនៅក្នុងខ្លួនរបស់យើង។ អស់អ្នកដែលកើតនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម មានសំណាងទទួលបានកិច្ចការនេះពីព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងនាមជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំមានញាណដឹងខ្លាំងអំពីការថ្នាក់ថ្នមបីបមបំពេរ ភាពសមនឹងទទួលការគោរព និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ នេះហើយជាព្រះជាម្ចាស់ដែលថែរក្សាពួកយើង។ ចំពោះអាណាចក្រនៃវណ្ណអធនដែលអន់ថយ បែបអភិរក្សនិយម សក្ដិភូមិនិយម ជំនឿឆ្វេងនិយម និងអសីលធម៌និយមបែបនេះ ការអាចទទួលបានកិច្ចការបែបនេះពីព្រះជាម្ចាស់បង្ហាញថា យើងដែលជាមនុស្សនៃក្រុមនេះ ដែលនៅក្នុងយុគសម័យចុងក្រោយនេះ មានព្រះពរអ្វីម្ល៉េះទេ។ ខ្ញុំជឿជាក់ថា បងប្អូនប្រុសស្រីទាំងអស់ដែលមានភ្នែកខាងវិញ្ញាណបើកឱ្យឃើញកិច្ចការនេះ នឹងស្រក់ទឹកភ្នែកដោយសេចក្ដីអំណរនៅទីបំផុត។ ហើយនៅពេលនោះ តើអ្នកនឹងមិនសម្ដែងអារម្មណ៍របស់អ្នកចំពោះព្រះជាម្ចាស់ដោយការរាំរែកជាមួយនឹងសេចក្ដីអំណរទេឬ? តើអ្នកនឹងមិនថ្វាយបទចម្រៀងក្នុងដួងចិត្តអ្នកដល់ព្រះជាម្ចាស់ទេឬ? នៅពេលនោះ តើអ្នកនឹងមិនបង្ហាញការតាំងចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់ ហើយរៀបចំផែនការមួយទៀតនៅចំពោះព្រះភក្ត្រទ្រង់ទេឬ? ខ្ញុំគិតថា អ្វីៗទាំងអស់នេះគឺជាអ្វីដែលមនុស្សធម្មតាដែលជឿលើព្រះជាម្ចាស់គួរតែធ្វើ។ ក្នុងនាមជាមនុស្ស ខ្ញុំជឿថា យើងរាល់គ្នាគួរតែមានការសម្ដែងចេញនូវអារម្មណ៍មួយចំនួននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ នេះហើយជាអ្វីដែលមនុស្សដែលមានអារម្មណ៍គួរតែធ្វើ។ បើក្រឡេកមកមើលគុណសម្បត្តិរបស់យើងម្នាក់ៗ និងកន្លែងដែលយើងបានកើត បង្ហាញថា តើព្រះជាម្ចាស់បានស៊ូទ្រាំនឹងសេចក្ដីអាម៉ាស់ខ្លាំងយ៉ាងណាក្នុងការយាងមករកយើង។ យើងអាចនឹងស្គាល់ព្រះជាម្ចាស់បានខ្លះហើយនៅក្នុងខ្លួនយើង ប៉ុន្តែអ្វីដែលយើងដឹង (ដែលថាព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ឧដុង្គឧត្តមណាស់ និងមានកិត្តិយសណាស់) គឺគ្រប់គ្រាន់ក្នុងការរំលេចអំពីការរងទុក្ខដ៏ខ្លាំងអស្ចារ្យរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ ក៏ប៉ុន្តែពាក្យរបស់ខ្ញុំទាំងនេះនៅតែស្រពេចស្រពិល ហើយមនុស្សអាចចាត់ទុកពាក្យទាំងនេះត្រឹមតែជាអក្សរ និងគោលលទ្ធិប៉ុណ្ណោះ ដ្បិតមនុស្សក្នុងចំណោមពួកយើងមានភាពស្ពឹក និងមិនសូវវាងវៃសោះឡើយ។ ហេតុដូច្នេះហើយ ជម្រើសតែមួយគត់របស់ខ្ញុំ គឺត្រូវខិតខំពន្យល់បន្ថែមទៀតអំពីបញ្ហានេះដល់បងប្អូនប្រុសស្រីទាំងអស់ដែលនឹងទទួលយកពាក្យទាំងនេះដើម្បីឱ្យវិញ្ញាណរបស់យើងអាចត្រូវពាល់ចិត្តពីព្រះវិញ្ញាណនៃព្រះជាម្ចាស់។ សូមព្រះជាម្ចាស់បើកភ្នែកខាងវិញ្ញាណរបស់ពួកយើងដើម្បីឱ្យពួកយើងអាចមើលឃើញនូវតម្លៃដែលព្រះជាម្ចាស់បានបង់ ការខិតខំដែលទ្រង់បានធ្វើ និងកម្លាំងថាមពលដែលទ្រង់បានលះបង់ដើម្បីពួកយើង។
ក្នុងនាមជាមនុស្សម្នាក់នៅក្នុងប្រទេសចិនដីគោកដែលបានទទួលយកព្រះវិញ្ញាណនៃព្រះជាម្ចាស់ ខ្ញុំមានញាណដឹងយ៉ាងជ្រាលជ្រៅអំពីភាពខ្វះខាតគុណសម្បត្តិរបស់យើង។ (ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់យើងមិនមានអារម្មណ៍អវិជ្ជមានដោយសាររឿងនេះនោះទេ ដែលនេះគឺជាការពិតអំពីស្ថានភាពនេះ។) នៅក្នុងជីវិតជាក់ស្ដែងរបស់ខ្ញុំ ខ្ញុំបានឃើញយ៉ាងច្បាស់ថា កម្មសិទ្ធិ និងលក្ខណៈរបស់យើងសុទ្ធតែអន់ថយណាស់។ ពាក់ព័ន្ធនឹងទិដ្ឋភាពភាគច្រើន វាជារបៀបដែលយើងបដិបត្តិខ្លួនឯងនៅក្នុងជីវិតរបស់យើង និងទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់ ហើយពាក់ព័ន្ធនឹងទិដ្ឋភាពដ៏តូច វាជាគំនិត និងការគិតរៀងខ្លួនរបស់យើងម្នាក់ៗ។ ទាំងអស់នេះសុទ្ធតែមានពិត ហើយមិនងាយនឹងលាក់បាំងដោយប្រើពាក្យសម្ដី ឬការក្លែងបន្លំនោះទេ។ ម្ល៉ោះហើយ នៅពេលខ្ញុំនិយាយបែបនេះ មនុស្សភាគច្រើនងក់ក្បាលទទួលស្គាល់ ហើយជឿជាក់លើពាក្យសម្ដីនេះ លើកលែងតែអ្នកខ្លះខ្វះហេតុផលធម្មតា៖ មនុស្សបែបនេះមិនអាចទទួលយកទស្សនៈទាំងនេះរបស់ខ្ញុំបានទេ។ ប្រហែលជាខ្ញុំអសុរោះពេក ដោយហៅមនុស្សទាំងនេះថាជាសត្វពិតៗដោយឥតញញើត។ នោះដោយសារតែនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហមនេះ ពួកគេនៅលំដាប់ទាបបំផុតក្នុងចំណោមកម្រិតទាប គឺដូចជ្រូកឬឆ្កែអ៊ីចឹង។ គ្មានអ្នកណាម្នាក់ខ្វះខាតគុណសម្បត្តិជាងនេះទៀតនោះទេ ពួកគេមិនសមនឹងមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់នោះទេ។ ប្រហែលជាពាក្យសម្ដីរបស់ខ្ញុំវា «គឃ្លើន» ពេកហើយ។ ដោយតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងខ្លួនខ្ញុំ ខ្ញុំសូមដាក់បណ្ដាសាមនុស្សស្មោកគ្រោកដូចសត្វនេះ ហើយខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់ខ្ញុំមិនចុះខ្សោយដោយសារសត្វនេះឡើយ។ ប្រហែលជាគ្មានមនុស្សបែបនេះនៅក្នុងចំណោមពួកយើងនោះទេ ប៉ុន្តែមិនថាការពិតដូចម្ដេចនោះទេ ខ្ញុំជឿជាក់ថា នេះជារបៀបដែលគួរតែប្រព្រឹត្តចំពោះមនុស្សបែបនេះ។ តើអ្នកគិតយ៉ាងដូចម្តេចដែរ?
អាណាចក្ររបស់នាគដ៏ធំមានសម្បុរក្រហមនេះ បានតាំងនៅអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ និងពោរពេញដោយភាពអសីលធម៌ ហើយព្រោះតែវាបានទទឹងទាស់នឹងព្រះជាម្ចាស់នៅពេលនេះគ្រប់វេលា ទើបវាបានទទួលរងបណ្ដាសា និងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ រួចហើយក៏បានទទួលនូវការវាយផ្ចាលរបស់ព្រះជាម្ចាស់។ ដោយត្រូវបណ្ដាសារបស់ព្រះជាម្ចាស់ ប្រទេសនេះបានទទួលរងនូវការរើសអើងជាតិសាសន៍ឥតឈប់ឈរ ហើយនៅតែស្ថិតក្នុងស្ថានភាពអន់ថយដដែល។ ប្រទេសដែលយើងបានកើតមកនេះ សម្បូរទៅដោយពួកអារក្សអសោចគ្រប់លក្ខណៈទាំងអស់ដែលតាមរកអំណាចលើសលុបឱ្យខ្លួនឯងឥតព្រំដែន នេះមានន័យថាពួកវាធ្វើឱ្យខូចដល់អស់អ្នកដែលកើតនៅទីនេះ។ ទំនៀមទម្លាប់ ប្រពៃណី គំនិត និងទស្សនៈរបស់មនុស្សសុទ្ធតែអន់ថយ និងចាស់គំរឹល ដូច្នេះពួកគេបង្កើតជាសញ្ញាណគ្រប់ប្រភេទអំពីព្រះជាម្ចាស់ដែលពួកគេមិនអាចបំបាត់ចោលបានរហូតដល់ពេលនេះ។ ជាពិសេស ពួកគេនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ធ្វើផ្សេង ពេលនៅក្រោយខ្នងទ្រង់ធ្វើផ្សឹង ដោយច្រឡំតម្កល់ទុកសាតាំងសម្រាប់ការបម្រើព្រះជាម្ចាស់ ដែលការនេះបង្ហាញថា ពួកគេជាមនុស្សអន់ថយបំផុត។ ព្រះជាម្ចាស់បានបំពេញកិច្ចការច្រើនណាស់នៅក្នុងប្រទេសចិនដីគោក ហើយទ្រង់បានមានព្រះបន្ទូលច្រើនណាស់ ប៉ុន្តែមនុស្សស្ពឹកមែនទែន ហើយថែមទាំងព្រងើយកន្តើយទៀត។ ពួកគេនៅតែធ្វើកិច្ចការដែលពួកគេធ្វើកាលពីមុន ហើយពួកគេពិតជាមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាល់តែសោះ។ នៅពេលព្រះជាម្ចាស់បានប្រកាសថា គ្មានអនាគត និងគ្មានសង្ឃឹមទេ នោះពួកជំនុំមួយដែលរស់ក្រោមកម្ដៅនៃរដូវក្ដៅ បានដួលរលំភ្លាមៗនៅក្នុងរដូវរងារដ៏ត្រជាក់។ ធាតុពិតរបស់មនុស្សបានត្រូវពន្លឺថ្ងៃ រីឯទំនុកចិត្ត សេចក្ដីស្រឡាញ់ និងកម្លាំងពីមុនរបស់ពួកគេបានបាត់ទៅគ្មានសល់ដានឡើយ។ ហើយសព្វថ្ងៃនេះ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់សង្គ្រោះភាពស្វាហាប់របស់ខ្លួនបានមកវិញទេ។ ពួកគេនិយាយដោយផ្ទាល់មាត់ថា ពួកគេស្រឡាញ់ព្រះជាម្ចាស់ ហើយទោះបីជាពួកគេមិនហ៊ានត្អូញត្អែរនៅក្នុងចិត្តរបស់ខ្លួនយ៉ាងណាក៏ដោយ មិនថាដូចម្ដេចនោះទេ ពួកគេមិនមានក្ដីស្រឡាញ់នោះឡើយ។ តើនោះនិយាយពីអ្វី? ខ្ញុំគិតថា បងប្អូនប្រុសស្រីរបស់យើងនឹងទទួលស្គាល់ការពិតនេះ។ សូមព្រះជាម្ចាស់បំភ្លឺពួកយើងដើម្បីឱ្យពួកយើងទាំងអស់គ្នាអាចស្គាល់ភាពគួរឱ្យស្រឡាញ់របស់ទ្រង់ ស្រឡាញ់ព្រះជាម្ចាស់របស់យើងនៅក្នុងជម្រៅនៃដួងចិត្តរបស់យើង ហើយសម្ដែងចេញនូវសេចក្ដីស្រឡាញ់ដែលយើងទាំងអស់គ្នាមានចំពោះព្រះជាម្ចាស់តាមលក្ខណៈផ្សេងៗគ្នារបស់យើង សូមព្រះជាម្ចាស់ប្រទានដល់ពួកយើងនូវដួងចិត្តឥតងាករេនៅក្នុងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះទ្រង់ នេះហើយជាអ្វីដែលខ្ញុំសង្ឃឹម។ ដោយបាននិយាយដូច្នេះ ខ្ញុំមានអារម្មណ៍អាណិតអាសូរខ្លះៗដល់បងប្អូនប្រុសស្រីរបស់ខ្ញុំដែលបានកើតនៅក្នុងដែនដីដ៏ស្មោកគ្រោកនេះផងដែរ ហេតុដូច្នេះហើយ ការស្អប់ខ្ពើមចំពោះនាគដ៏ធំមានសម្បុរក្រហមបានលូតលាស់នៅក្នុងខ្លួនខ្ញុំ។ វារារាំងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់ ហើយទាក់ចិត្តលោភលន់របស់យើងចំពោះក្ដីសង្ឃឹមអនាគតរបស់យើង។ វាល្បួងយើងឱ្យគិតអវិជ្ជមានដើម្បីទទឹងទាស់នឹងព្រះជាម្ចាស់។ វាគឺជានាគដ៏ធំមានសម្បុរក្រហម ដែលបានបោកបញ្ឆោតយើង បានធ្វើឱ្យយើងពុករលួយ និងបានបំផ្លាញយើងរហូតមកដល់ពេលនេះ ដល់ថ្នាក់យើងមិនអាចតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដោយដួងចិត្តរបស់យើងបាន។ យើងមានសេចក្ដីអង់អាចនៅក្នុងដួងចិត្តរបស់យើង ប៉ុន្តែទោះខំទប់យ៉ាងណាក៏ដោយ យើងគ្មានអំណាចនោះទេ។ យើងទាំងអស់គ្នាសុទ្ធតែជាជនរងគ្រោះរបស់វា។ ដោយហេតុនេះហើយ ខ្ញុំស្អប់វាដល់ឆ្អឹង ហើយខ្ញុំត្រូវតែបំផ្លាញវាដោយមិនអាចរង់ចាំបានឡើយ។ តែទោះជាយ៉ាងនេះក្ដី នៅពេលខ្ញុំគិតម្ដងទៀត នេះនឹងគ្មានប្រយោជន៍ទេ ហើយវានឹងថែមទាំងបង្កបញ្ហាដល់ព្រះជាម្ចាស់ទៀត ដូច្នេះខ្ញុំនឹកអំពីពាក្យទាំងនេះវិញ ខ្ញុំដាក់ចិត្តធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយការស្រឡាញ់ព្រះជាម្ចាស់។ នេះជាផ្លូវដែលខ្ញុំកំពុងដើរ វាជាផ្លូវដែលខ្ញុំជាមនុស្សម្នាក់ដែលទ្រង់បង្កើតមកគួរតែដើរ។ វាជារបៀបដែលខ្ញុំគួរតែចំណាយជីវិតរបស់ខ្ញុំ។ ទាំងនេះគឺជាពាក្យចេញពីដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីនឹងទទួលបានការលើកទឹកចិត្តខ្លះដែរ បន្ទាប់ពីអានពាក្យទាំងនេះដើម្បីឱ្យដួងចិត្តខ្ញុំទទួលបានសន្តិភាពខ្លះ។ ដ្បិតខ្ញុំមានគោលបំណងធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយដោយហេតុនោះ ក៏រស់នៅក្នុងជីវិតដែលមានន័យភ្លឺស្វាងនិងត្រចះត្រចង់។ បែបនេះ ខ្ញុំនឹងអាចស្លាប់ដោយគ្មានការសោកស្តាយ ដោយដួងចិត្តពោរពេញដោយក្ដីរីករាយ និងក្ដីសុខ។ តើអ្នកចង់ធ្វើដូច្នោះទេ? តើអ្នកជាមនុស្សដែលមានសេចក្ដីតាំងចិត្តបែបនោះទេ?
ការដែលព្រះជាម្ចាស់អាចធ្វើកិច្ចការនៅក្នុងអ្វីដែលគេហៅថា «អ្នកជំងឺអាស៊ីបូព៌ា» នោះ គឺជាព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ហើយ។ នេះជាការបន្ទាប និងការលាក់បាំងរបស់ទ្រង់។ ទោះបីជាទ្រង់មានព្រះបន្ទូលគ្រោតគ្រាត ឬវាយផ្ចាលដាក់យើងក្ដី យើងគួរតែលើកសរសើរទ្រង់អស់ពីដួងចិត្តរបស់យើងចំពោះការបន្ទាបព្រះកាយរបស់ទ្រង់ ហើយស្រឡាញ់ទ្រង់រហូតដល់ចុងបញ្ចប់បំផុត។ មនុស្សដែលត្រូវបានសាតាំងចងអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ បានបន្តរស់នៅក្រោមឥទ្ធិពលរបស់វា ហើយមិនបានគ្រវែងវាចោលឡើយ។ ពួកគេបានបន្តរាវរកនិងតស៊ូយ៉ាងល្វីងជូរចត់។ កាលពីមុន ពួកគេបានដុតធូបក្រអូប ហើយឱនគោរព និងតម្កល់ទុកសាតាំង ហើយពួកគេត្រូវបានចងភ្ជាប់យ៉ាងតឹងទៅនឹងគ្រួសារ និងភាពស្មុគស្មាញខាងលោកីយ៍ ក៏ដូចជាឥទ្ធិពលទៅវិញទៅមកក្នុងសង្គមផងដែរ។ ពួកគេមិនអាចគ្រវែងវាចោលបានទេ។ នៅក្នុងសង្គមស៊ីសាច់ហុតឈាមនេះ តើគេអាចរកឃើញជីវិតដែលមានន័យនៅកន្លែងណាបាន? មនុស្សរៀបរាប់អំពីជីវិតដែលរងទុក្ខ តែសំណាងល្អ ព្រះជាម្ចាស់បានសង្គ្រោះមនុស្សគ្មានទោសទាំងនេះ ដោយដាក់ជីវិតរបស់យើងនៅក្រោមការថែរក្សា និងការការពាររបស់ទ្រង់ដើម្បីឱ្យជីវិតរបស់យើងបានរីករាយ និងលែងពោរពេញដោយកង្វល់ទៀត។ យើងបានបន្តរស់នៅក្រោមព្រះគុណរបស់ទ្រង់រហូតដល់ពេលនេះ។ តើនេះមិនមែនជាព្រះពររបស់ព្រះជាម្ចាស់ទេឬ? តើគេអាចថ្លើមធំហ៊ានធ្វើការទាមទារហួសហេតុពីព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? តើទ្រង់បានប្រទានឱ្យយើងតិចតួចណាស់ឬ? តើអ្នកនៅតែមិនស្កប់ចិត្តទៀតឬ? ខ្ញុំគិតថា ដល់ពេលដែលយើងត្រូវតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ហើយ។ យើងអាចនឹងរងការសើចចំអក ការមួលបង្កាច់ និងការធ្វើទុក្ខបុកម្នេញមិនតិចតួចនោះទេ ពីព្រោះយើងដើរតាមផ្លូវនៃជំនឿលើព្រះជាម្ចាស់ ប៉ុន្តែខ្ញុំជឿថា នេះគឺជារឿងដ៏មានន័យ។ វាគឺជារឿងដ៏មានសិរីល្អ មិនមែនជាការអៀនខ្មាសនោះទេ ហើយទោះម្ដេចម្ដា យើងបានរីករាយនឹងព្រះពរជាច្រើន។ នៅពេលមានការខកចិត្តច្រើនដងរាប់មិនអស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននាំមកនូវក្ដីសុខ ហើយទុក្ខព្រួយបានប្រែទៅជាសេចក្ដីអំណរយ៉ាងឆាប់បំផុត។ នៅពេលមានតម្រូវការច្រើនដងរាប់មិនអស់ ព្រះជាម្ចាស់បាននាំមកនូវព្រះពរ ហើយយើងបានទទួលការប្រទានតាមរយៈព្រះបន្ទូលរបស់ទ្រង់។ នៅពេលមានជំងឺច្រើនដងរាប់មិនអស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននាំមកនូវជីវិត ហើយយើងបានរួចផុតពីគ្រោះថ្នាក់ និងបានប្រែពីគ្រោះថ្នាក់ទៅជាសុវត្ថិភាព។ អ្នកបានរីករាយនឹងរបស់ច្រើនណាស់រួចមកហើយ ដូចជារបស់ទាំងនេះជាដើម ដោយមិនបានដឹងខ្លួន។ តើអ្នកមិនចាំអំពីរឿងនេះទេឬ?