ជំពូកទី ៧
គ្រប់សាខាភាគខាងលិចទាំងអស់គួរតែស្ដាប់ព្រះសូរសៀងរបស់ខ្ញុំ៖
កាលពីមុន តើអ្នករាល់គ្នាស្មោះត្រង់នឹងខ្ញុំដែរឬទេ? តើអ្នករាល់គ្នាបានស្ដាប់ព្រះឱវាទដ៏ល្អបំផុតរបស់ខ្ញុំដែរឬទេ? តើក្ដីសង្ឃឹមរបស់អ្នករាល់គ្នាប្រាកដប្រជា មិនស្រពេចស្រពិល និងមិនជាក់លាក់ដែរឬទេ? ភក្ដីភាពរបស់មនុស្ស សេចក្ដីស្រឡាញ់របស់មនុស្ស និងសេចក្ដីជំនឿរបស់មនុស្ស គ្មានអ្វីក្រៅតែពីបានមកពីខ្ញុំ និងគ្មានអ្វីក្រៅតែពីត្រូវបានខ្ញុំផ្ដល់ឲ្យនោះទេ។ រាស្ត្ររបស់ខ្ញុំអើយ នៅពេលអ្នករាល់គ្នាស្ដាប់ព្រះបន្ទូលរបស់ខ្ញុំ តើអ្នករាល់គ្នាយល់ពីព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? តើអ្នករាល់គ្នាមើលឃើញដួងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? ថ្វីដ្បិតតែកាលពីមុន ខណៈពេលនៅលើផ្លូវនៃការបម្រើ អ្នករាល់គ្នាម្ដងល្អម្ដងអាក្រក់ ម្ដងទៅមុខម្ដងថយក្រោយ ហើយក្នុងឱកាសដែលអ្នករាល់គ្នាមានគ្រោះថ្នាក់ពីការធ្លាក់ចុះ និងសូម្បីតែពេលក្បត់ខ្ញុំ តើអ្នករាល់គ្នាបានដឹងដែរឬទេថា នៅរាល់ខណៈពេលទាំងអស់ ខ្ញុំបានសង្គ្រោះអ្នករាល់គ្នាជាដរាប? តើដឹងទេថា នៅរាល់ខណៈពេលទាំងអស់ ខ្ញុំបានបន្លឺសំឡេងរបស់ខ្ញុំដើម្បីហៅ និងរំដោះអ្នករាល់គ្នាជាដរាប? ច្រើនដងណាស់មកហើយដែលអ្នករាល់គ្នាបានធ្លាក់ចូលទៅក្នុងសំណាញ់របស់សាតាំង ច្រើនដងណាស់មកហើយដែលអ្នករាល់គ្នាបានជាប់នៅក្នុងអន្ទាក់នៃភាពជាមនុស្ស ច្រើនដងណាស់មកហើយដែលអ្នករាល់គ្នាខកខានមិនបានដកខ្លួនចេញ ហើយធ្លាក់ទៅក្នុងការទាស់ទែងគ្នាទៅវិញទៅមករកទីបញ្ចប់គ្មាន។ ច្រើនដងណាស់មកហើយ រូបកាយរបស់អ្នករាល់គ្នាស្ថិតនៅក្នុងព្រះដំណាក់របស់ខ្ញុំ ប៉ុន្តែដួងចិត្តរបស់អ្នករាល់គ្នាមិនដឹងនៅទីណាទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានសន្ធឹងព្រះហស្តសង្គ្រោះរបស់ខ្ញុំដើម្បីទ្រអ្នករាល់គ្នាឡើងច្រើនដងណាស់មកហើយ ហើយ ខ្ញុំបានបាចគ្រាប់ពូជនៃសេចក្ដីមេត្តាករុណានៅក្នុងចំណោមអ្នករាល់គ្នាជាច្រើនដងណាស់មកហើយ។ ច្រើនដងណាស់មកហើយ ខ្ញុំមិនអាចទ្រាំបាននឹងការមើលឃើញសេចក្ដីវេទនារបស់អ្នករាល់គ្នាបន្ទាប់ពីរងទុក្ខ គឺច្រើនដងណាស់មកហើយ...។ តើអ្នករាល់គ្នាដឹងរឿងនេះទេ?
ទោះយ៉ាងណា សព្វថ្ងៃនេះ ស្ថិតក្រោមការថែរក្សារបស់ខ្ញុំ នៅទីបំផុតអ្នករាល់គ្នាបានឈ្នះរាល់ការលំបាកទាំងអស់ ហើយខ្ញុំត្រេកអរជាមួយអ្នករាល់គ្នាជាខ្លាំង នេះហើយជាការធ្វើឲ្យជាក់ច្បាស់នៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ទោះយ៉ាងណា ចូរចាំសេចក្ដីនេះឲ្យបានល្អ! តើមានអ្នកណាខ្លះទៅដែលបានដួលរលំ ក្នុងពេលដែលអ្នករាល់គ្នានៅតែខ្លាំង? តើអ្នកណាទៅដែលខ្លាំងដោយមិនធ្លាប់មានភាពទន់ខ្សោយនៅពេលណាមួយសោះ? ក្នុងចំណោមមនុស្សទាំងឡាយ តើអ្នកណាទៅបានរីករាយនឹងព្រះពរដែលមិនបានមកពីខ្ញុំ? តើអ្នកណាទៅបានជួបសំណាងអាក្រក់ដែលមិនបានមកពីខ្ញុំ? តើវាអាចទៅរួចទេដែលថា អស់អ្នកដែលស្រឡាញ់ខ្ញុំ ទទួលបានតែការប្រសិទ្ធពរប៉ុណ្ណោះ? តើវាអាចទៅរួចទេដែលថា សំណាងអាក្រក់បានកើតមានដល់យ៉ូប ព្រោះតែគាត់ខកខានមិនបានស្រឡាញ់ខ្ញុំ ដោយជ្រើសរើសរឹងទទឹងនឹងខ្ញុំវិញ? តើវាអាចទៅរួចទេដែលថា ប៉ុលជោគជ័យក្នុងការបម្រើខ្ញុំដោយភក្ដីភាពនៅចំពោះព្រះភក្ត្រខ្ញុំ ព្រោះតែគាត់អាចស្រឡាញ់ខ្ញុំបានយ៉ាងពិតប្រាកដ? ទោះជាអ្នករាល់គ្នាអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំក៏ដោយ តើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចមានបន្ទាល់ដែលមិនត្រូវបានធ្វើឲ្យកខ្វក់ដោយភាពមិនបរិសុទ្ធដូចមាសសុទ្ធដែរឬទេ? តើមនុស្សមានសមត្ថភាពរក្សាភក្ដីភាពពិតប្រាកដដែរឬទេ? បន្ទាល់របស់អ្នករាល់គ្នាដែលនាំឲ្យខ្ញុំរីករាយព្រះហឫទ័យ មិនប៉ះទង្គិចជាមួយ «ភក្ដីភាព» របស់អ្នករាល់គ្នាទេ ពីព្រោះខ្ញុំមិនដែលទាមទារអ្វីច្រើនពីនរណាម្នាក់ឡើយ។ ការធ្វើតាមបំណងព្រះហឫទ័យដើមដែលដើរក្រោយផែនការរបស់ខ្ញុំ អ្នករាល់គ្នានឹងក្លាយជា «ទំនិញខូចគុណភាព» ទាំងអស់គ្នា គឺថាមិនល្អដូចសព្វមួយដង។ តើនេះមិនមែនជាឧទាហរណ៍មួយអំពីអ្វីដែលខ្ញុំបានថ្លែងប្រាប់អ្នករាល់គ្នាអំពី «ការបាចគ្រាប់ពូជនៃសេចក្ដីមេត្តាករុណា» ទេឬ? តើអ្វីៗដែលអ្នករាល់គ្នាឃើញគឺជាសេចក្ដីសង្គ្រោះរបស់ខ្ញុំមែនឬទេ?
អ្នករាល់គ្នាគួរតែគួរតែគិត និងនឹកឃើញឡើងវិញទាំងអស់គ្នាថា៖ តាំងពីពេលត្រឡប់ចូលក្នុងព្រះ ដំណាក់របស់ខ្ញុំវិញមក តើអ្នករាល់គ្នាមានអ្នកណាម្នាក់បែរមកស្គាល់ខ្ញុំតាមរបៀបដែលពេត្រុសបានធ្វើទេ ដោយមិនគិតពីផលចំណេញ ឬការខាតបង់របស់ខ្លួន? អ្នករាល់គ្នាបានដឹងផ្នែករាក់កំផែលនានានៃព្រះគម្ពីរយ៉ាងច្បាស់ ប៉ុន្តែតើអ្នករាល់គ្នាបានក្រេបជញ្ជក់ខ្លឹមសាររបស់វាហើយឬនៅ? ដូចនេះ អ្នកនៅតែរក្សាទុក «ដើមទុន» របស់អ្នក ដោយបដិសេធមិនព្រលែងខ្លួនឯងចោលពិតប្រាកដទេ។ នៅពេលខ្ញុំបញ្ចេញព្រះសូរសៀង នៅពេលខ្ញុំមានព្រះបន្ទូលទៅកាន់អ្នករាល់គ្នាទល់មុខគ្នា តើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាខ្លះដែលធ្លាប់ទម្លាក់ចុះនូវក្រាំងរបស់ខ្លួនចេញដើម្បីទទួលបានព្រះបន្ទូលអំពីជីវិតដែលខ្ញុំបើកបង្ហាញ? អ្នករាល់គ្នាមិនគោរព ហើយថែមទាំងមិនស្រឡាញ់ថែរក្សាព្រះបន្ទូលរបស់ខ្ញុំទៀតផង។ ផ្ទុយទៅវិញ អ្នកប្រើព្រះបន្ទូលទាំងនោះដើម្បីបាញ់ទៅលើពួកសត្រូវរបស់អ្នកដូចកាំភ្លើងយន្តអ៊ីចឹងដើម្បីតែរក្សាតំណែងរបស់អ្នក ដោយអ្នកមិនព្យាយាមបន្តិចណាសោះក្នុងការទទួលយកការជំនុំជម្រះរបស់ខ្ញុំដើម្បីបានស្គាល់ខ្ញុំ។ ពួកអ្នកម្នាក់ៗភ្ជង់អាវុធដាក់អ្នកដទៃ អ្នករាល់គ្នាសុទ្ធតែ «មិនអាត្មានិយម» ហើយអ្នករាល់គ្នា «គិតពីប្រយោជន៍អ្នកដទៃ» ទោះស្ថិតក្នុងស្ថានភាពអ្វីក៏ដោយ។ តើនេះមិនមែនជាអ្វីពិតប្រាកដដែលអ្នករាល់គ្នាកំពុងធ្វើកាលពីម្សិលមិញទេឬ? ចុះថ្ងៃនេះ? «ភក្ដីភាព» របស់អ្នករាល់គ្នាបានកើនឡើងមួយចំនួន ហើយអ្នករាល់គ្នាសុទ្ធតែមានបទពិសោធន៍ច្រើនជាងមុនបន្តិច និងចាស់ទុំជាងមុនបន្តិច ដោយហេតុនេះថា «ការកោតខ្លាច» របស់អ្នករាល់គ្នាចំពោះខ្ញុំបានកើនឡើងបន្តិចដែរ ហើយគ្មាននរណាម្នាក់ «ធ្វើរឡិករឡក់» ទៀតទេ។ ហេតុអ្វីបានជាអ្នករាល់គ្នាមានវត្តមាននៅក្នុងសភាពអកម្មម្ដងហើយម្ដងទៀតនេះ? ហេតុអ្វីបានជាទស្សនៈវិជ្ជមានមិនដែលឃើញមាននៅក្នុងខ្លួនអ្នករាល់គ្នាអ៊ីចឹង? ឱ រាស្ត្ររបស់ខ្ញុំអើយ! អតីតកាលបានកន្លងផុតទៅជាយូរមកហើយ អ្នកមិនត្រូវប្រកាន់ខ្ជាប់វាបន្តទៀតទេ។ ដោយបានឈរយ៉ាងជាប់មាំកាលពីម្សិលមិញ នៅថ្ងៃនេះអ្នកគួរតែផ្ដល់ឲ្យខ្ញុំនូវភក្ដីភាពដ៏ស្មោះត្រង់របស់អ្នក លើសពីនេះទៅទៀតអ្នកគួរតែធ្វើបន្ទាល់ឲ្យបានល្អសម្រាប់ខ្ញុំនៅថ្ងៃស្អែក ហើយអ្នកនឹងទទួលបានការប្រសិទ្ធពររបស់ខ្ញុំនាពេលអនាគត។ នេះហើយជាអ្វីដែលអ្នករាល់គ្នាគួរតែយល់។
ទោះបីជាខ្ញុំគ្មានព្រះវត្តមាននៅចំពោះមុខអ្នករាល់គ្នាក្ដី ក៏ព្រះវិញ្ញាណរបស់ខ្ញុំប្រាកដជានឹងផ្ដល់ព្រះគុណដល់អ្នករាល់គ្នាដែរ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងឲ្យតម្លៃខ្លាំងដល់ព្រះពររបស់ខ្ញុំ ហើយអាចស្គាល់ខ្លួនឯងបានដោយផ្អែកលើព្រះបន្ទូលទាំងនោះ។ កុំយកព្រះបន្ទូលធ្វើជាដើមទុនរបស់អ្នក ផ្ទុយទៅវិញ អ្នកគួរតែប្រើព្រះបន្ទូលរបស់ខ្ញុំដើម្បីបំពេញនូវអ្វីៗដែលខ្វះខាតនៅក្នុងខ្លួងអ្នករាល់គ្នា ហើយតាមរយៈការនេះ ចូរទាញយកនូវធាតុវិជ្ជមានរបស់អ្នករាល់គ្នា។ នេះហើយជាសារដែលខ្ញុំបន្សល់ទុកឲ្យអ្នក!
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩២