ជំពូកទី ៣៤

ខ្ញុំធ្លាប់អញ្ជើញមនុស្សធ្វើជាភ្ញៀវមកដំណាក់របស់ខ្ញុំ ប៉ុន្តែពួកគេបានប្រសេចប្រសាចដោយសារការហៅរបស់ខ្ញុំ ហាក់ដូចជាខ្ញុំនាំពួកគេទៅទីលានប្រហារជីវិត មិនមែនអញ្ជើញពួកគេជាភ្ញៀវអ៊ីចឹង។ ដូច្នេះហើយ ដំណាក់របស់ខ្ញុំបានទុកទំនេរចោល ដ្បិតមនុស្សតែងតែគេចចេញពីខ្ញុំ ហើយតែងតែការពារខ្លួនប្រឆាំងនឹងខ្ញុំជានិច្ច។ ការនេះមិនបានផ្ដល់ឱ្យខ្ញុំនូវមធ្យោបាយក្នុងការអនុវត្តកិច្ចការរបស់ខ្ញុំនោះទេ និយាយឱ្យចំគឺថា ខ្ញុំបានដកហូតវិញនូវការជប់លៀងធំដែលខ្ញុំបានរៀបចំឱ្យពួកគេ ដ្បិតមនុស្សមិនចង់ទទួលការជប់លៀងធំនេះទេ ដូច្នេះហើយខ្ញុំមិនបង្ខំពួកគេនោះទេ។ ប៉ុន្តែភ្លាមៗនោះមនុស្សឃើញថាខ្លួនគេឡោមព័ទ្ធដោយភាពស្រេកឃ្លាន ដូច្នេះពួកគេមកគោះទ្វាររបស់ខ្ញុំ សុំជំនួយពីខ្ញុំ (ដោយឃើញពួកគេស្ថិតក្នុងស្ថានភាពលំបាកគួរឱ្យខ្លាចបែបនេះ តើខ្ញុំអាចមិនសង្គ្រោះពួកគេម្ដេចបានទៅ?) ដូច្នេះ ខ្ញុំរៀបចំការជប់លៀងធំម្ដងទៀតឱ្យមនុស្ស ដើម្បីឱ្យពួកគេអាចរីករាយបាន ហើយមានតែពេលនោះទេ ទើបពួកគេមានអារម្មណ៍ថា ខ្ញុំពិតជាគួរឱ្យកោតសរសើរមែន ដូច្នេះហើយពួកគេក៏មកពឹងផ្អែកលើខ្ញុំ។ បន្ដិចម្ដងៗ ដោយសារអាកប្បកិរិយារបស់ខ្ញុំចំពោះពួកគេ ពួកគេចាប់ផ្ដើមស្រឡាញ់ខ្ញុំ «ដោយគ្មានដែនកំណត់» ហើយពួកគេលែងសង្ស័យថា ខ្ញុំនឹងបញ្ជូនពួកគេទៅ «ឈាបនដ្ឋាន» ដ្បិតនេះមិនមែនជាបំណងព្រះហឫទ័យរបស់ខ្ញុំទេ។ ដូច្នេះហើយ មានតែក្រោយពេលឃើញព្រះហឫទ័យរបស់ខ្ញុំប៉ុណ្ណោះ ទើបមនុស្សពឹងផ្អែកលើខ្ញុំពិតប្រាកដ ដែលនេះបង្ហាញថា ពួកគេ «ប្រយ័ត្នប្រយែង» ណាស់។ ទោះយ៉ាងណាខ្ញុំមិនប្រយ័ត្នចំពោះមនុស្សអំពីការបញ្ឆោតរបស់ពួកគេនោះទេ តែផ្ទុយទៅវិញ ខ្ញុំប្ដូរដួងចិត្តរបស់មនុស្សដោយការឱបក្រសោបដ៏កក់ក្ដៅរបស់ខ្ញុំ។ តើនេះមិនមែនជាអ្វីដែលខ្ញុំកំពុងតែធ្វើនាពេលបច្ចុប្បន្ននេះទេឬ? តើនេះមិនមែនជាអ្វីដែលត្រូវបានបង្ហាញឱ្យឃើញនៅក្នុងខ្លួនមនុស្សនៅដំណាក់កាលបច្ចុប្បន្ននេះទេឬ? ហេតុអ្វីបានជាពួកគេអាចធ្វើរឿងបែបនេះបាន? ហេតុអ្វីបានជាពួកគេមានមនោសញ្ចេតនាបែបនេះ? តើវាដោយសារតែពួកគេពិតជាស្គាល់ខ្ញុំមែនទេ? តើវាដោយសារតែពួកគេពិតជាមានសេចក្ដីស្រឡាញ់គ្មានព្រំដែនចំពោះខ្ញុំមែនទេ? ខ្ញុំមិនបង្ខំនរណាម្នាក់ឱ្យស្រឡាញ់ខ្ញុំទេ ខ្ញុំគ្រាន់តែផ្ដល់ឱ្យពួកគេនូវឆន្ទៈសេរីក្នុងការជ្រើសរើសដោយខ្លួនឯង បែបនេះ ខ្ញុំមិនជ្រៀតជ្រែក ហើយខ្ញុំក៏មិនជួយពួកគេក្នុងការជ្រើសរើសអំពីវាសនារបស់ពួកគេដែរ។ មនុស្សបានកំណត់ការតាំងចិត្តរបស់ខ្លួននៅចំពោះព្រះភក្ត្រខ្ញុំ ពួកគេបាននាំការតាំងចិត្តនោះមកចំពោះព្រះភក្ត្រខ្ញុំឱ្យខ្ញុំទតមើល ហើយនៅពេលខ្ញុំទាញបើកកាបូបដាក់ «ការតាំងចិត្តរបស់មនុស្ស» ខ្ញុំបានឃើញរបស់នៅខាងក្នុង ទោះបីជាវារញ៉េរញ៉ៃយ៉ាងណាក៏ដោយក៏ជា «សប្បុរស» ខ្លាំងណាស់ដែរ។ មនុស្សបានបើកភ្នែកធំៗមើលព្រះភក្ត្រខ្ញុំ ដោយភ័យខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងបោះចោលការតាំងចិត្តរបស់ពួកគេ។ ប៉ុន្តែដោយសារមនុស្សមានភាពទន់ខ្សោយ ខ្ញុំមិនបានធ្វើការជំនុំជម្រះពីដំបូងបង្អស់នោះទេ ហើយផ្ទុយទៅវិញ ខ្ញុំបានបិទកាបូបនោះ និងបន្តធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើតទៅទៀត។ តែទោះជាយ៉ាងណានេះក្ដី មនុស្សមិនចូលក្នុងការណែនាំរបស់ខ្ញុំព្រោះតែកិច្ចការរបស់ខ្ញុំនោះទេ ពួកគេនៅតែបន្តយកចិត្តទុកដាក់ចំពោះខ្លួនឯងដដែល មិនថាខ្ញុំលើកសរសើរដល់ការតាំងចិត្តរបស់ពួកគេឬអត់នោះទេ។ ខ្ញុំបានធ្វើកិច្ចការច្រើនណាស់ ហើយមានព្រះបន្ទូលច្រើនណាស់ ប៉ុន្តែមកដល់ថ្ងៃនេះ មនុស្សនៅតែមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំបាន ដូច្នេះហើយ រាល់សកម្មភាពភាន់ច្រឡំរបស់ពួកគេ ធ្វើឱ្យខ្ញុំវិលព្រះសិរសា។ ហេតុអ្វីបានជាពួកគេតែងតែមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ និងធ្វើអ្វីៗប្រញាប់ប្រញាល់តាមតែខ្លួនចង់ដូចនេះ? តើខួរក្បាលរបស់ពួកគេរងការប៉ះទង្គិចឬ? តើវាអាចទៅរួចទេដែលពួកគេមិនយល់ពីព្រះបន្ទូលរបស់ខ្ញុំ? ហេតុអ្វីបានជាពួកគេតែងតែធ្វើការដោយមានភ្នែកមើលត្រង់ទៅមុខ តែមិនអាចត្រាយផ្លូវ និងធ្វើជាគំរូដល់មនុស្សនាពេលអនាគតបានដូចនេះ? តើមាននរណាធ្វើជាគំរូពីមុខពេត្រុសឬទេ? តើពេត្រុសបានរស់រានក្រោមការណែនាំរបស់ខ្ញុំឬក៏មិនមែនទេ? ហេតុអ្វីបានជាមនុស្សសព្វថ្ងៃមិនអាចធ្វើដូចនេះបាន? ហេតុអ្វី ក្រោយពីមានគំរូដើម្បីធ្វើតាមហើយ ពួកគេនៅតែមិនអាចបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំបាន? នេះបង្ហាញថា មនុស្សនៅតែមិនទុកចិត្តខ្ញុំ វាជាអ្វីដែលនាំឱ្យមានស្ថានភាពកម្សត់វេទនានៅសព្វថ្ងៃនេះ។

ខ្ញុំរីករាយក្នុងការសង្កេតមើលបក្សីតូចៗហោះហើរនៅលើមេឃ។ ថ្វីបើពួកគេមិនបានកំណត់ការតាំងចិត្តរបស់ខ្លួននៅចំពោះព្រះភក្ត្រខ្ញុំ និងគ្មានពាក្យពេចន៍ «ថ្វាយ» ដល់ខ្ញុំក្ដី ក៏ពួកគេនៅតែបានរីករាយនៅក្នុងពិភពលោកដែលខ្ញុំបានផ្ដល់ដល់ពួកគេ។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សមិនអាចធ្វើបែបនេះបានទេ ហើយទឹកមុខរបស់ពួកគេពោរពេញដោយភាពស្រងូតស្រងាត់ តើវាអាចទៅរួចទេដែលខ្ញុំជំពាក់ពួកគេនូវបំណុលដែលមិនអាចសងបាន? ហេតុអ្វីបានជាមុខរបស់ពួកគេតែងតែមានស្នាមទឹកភ្នែក? ខ្ញុំកោតសរសើរផ្កាលីលីដែលរីកនៅលើភ្នំ ផ្កា និងស្មៅលាតសន្ធឹងលើទីជម្រាល ប៉ុន្តែផ្កាលីលីបន្ថែមរស្មីដល់សិរីល្អរបស់ខ្ញុំនៅលើផែនដីមុនពេលនិទាឃរដូវមកដល់ តើមនុស្សអាចសម្រេចបាននូវរឿងបែបនេះឬទេ? តើពួកគេអាចធ្វើបន្ទាល់ថ្វាយដល់ខ្ញុំនៅលើផែនដីមុនពេលខ្ញុំត្រឡប់មកវិញបានឬទេ? តើពួកគេអាចថ្វាយខ្លួនសម្រាប់ជាប្រយោជន៍ដល់ព្រះនាមរបស់ខ្ញុំនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមបានឬទេ? វាហាក់ដូចជាព្រះសូរសៀងរបស់ខ្ញុំ សាយភាយជាមួយនឹងសេចក្ដីតម្រូវចំពោះមនុស្ស ពួកគេស្អប់ខ្ពើម និងបដិសេធខ្ញុំដោយសារតែសេចក្ដីតម្រូវទាំងនេះ ពួកគេកោតខ្លាចព្រះបន្ទូលរបស់ខ្ញុំ ព្រោះរូបកាយរបស់ពួកគេខ្សោយណាស់ ហើយជាគោលការណ៍ ពួកគេមិនអាចសម្រេចតាមអ្វីដែលខ្ញុំសុំនោះទេ។ នៅពេលខ្ញុំបើកព្រះឱស្ឋរបស់ខ្ញុំ ខ្ញុំឃើញមនុស្សនៅលើផែនដីរត់ភៀសខ្លួនទៅគ្រប់ទិសទី ហាក់ដូចជាព្យាយាមរត់គេចពីភាពអត់ឃ្លាន។ នៅពេលខ្ញុំគ្របព្រះភក្ត្ររបស់ខ្ញុំ និងនៅពេលខ្ញុំបង្វែរអង្គខ្ញុំ ភ្លាមនោះ មនុស្សរងគ្រោះជាខ្លាំងដោយសារភាពស្លន់ស្លោ។ ពួកគេមិនដឹងថាត្រូវធ្វើអ្វីទេ ដ្បិតពួកគេខ្លាចខ្ញុំចាកចេញ នៅក្នុងសញ្ញាណរបស់ពួកគេ ថ្ងៃដែលខ្ញុំនឹងចាកចេញ គឺជាថ្ងៃដែលគ្រោះមហន្តរាយធ្លាក់ចុះពីលើមេឃ ជាថ្ងៃដែលចាប់ផ្ដើមការដាក់ទោសលើពួកគេ។ ប៉ុន្តែអ្វីដែលខ្ញុំធ្វើគឺផ្ទុយស្រឡះពីសញ្ញាណរបស់មនុស្ស ខ្ញុំមិនដែលធ្វើតាមសញ្ញាណរបស់មនុស្សម្ដងណាឡើយ ហើយខ្ញុំក៏មិនដែលឱ្យសញ្ញាណរបស់ពួកគេស្របគ្នាជាមួយខ្ញុំដែរ។ ពេលដែលខ្ញុំធ្វើការ ច្បាស់ណាស់ជាពេលដែលមនុស្សត្រូវបានលាតត្រដាង។ ម្យ៉ាងវិញទៀត សកម្មភាពរបស់ខ្ញុំមិនអាចវាស់វែងដោយសញ្ញាណរបស់មនុស្សបានឡើយ។ ចាប់តាំងពីពេលបង្កើតរហូតមកដល់សព្វថ្ងៃនេះ គ្មាននរណាម្នាក់ធ្លាប់រកឃើញ «ទ្វីបថ្មី» នៅក្នុងអ្វីៗដែលខ្ញុំធ្វើឡើយ គ្មាននរណាម្នាក់ធ្លាប់យល់ពីច្បាប់ដែលខ្ញុំអនុវត្ត និងគ្មាននរណាម្នាក់ធ្លាប់បើកផ្លូវចេញថ្មីឡើយ។ ដូច្នេះ មនុស្សសព្វថ្ងៃនេះ នៅតែមិនអាចចូលទៅកាន់ផ្លូវត្រូវដដែល នេះពិតជាអ្វីដែលពួកគេខ្វះ ហើយនេះជាអ្វីដែលពួកគេគួរតែចូលរួម។ ចាប់តាំងពីពេលបង្កើតរហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលចាប់ផ្ដើមគ្រោងការណ៍បែបនេះពីមុនមកទេ។ ខ្ញុំគ្រាន់តែបន្ថែមផ្នែកថ្មីមួយចំនួនទៅក្នុងកិច្ចការរបស់ខ្ញុំនៅថ្ងៃចុងក្រោយប៉ុណ្ណោះ។ តែទោះបីជាស្ថិតក្រោមស្ថានភាពជាក់ស្ដែងបែបនេះក្ដី ក៏មនុស្សនៅតែមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំបានដែរ តើនេះពិតជាមិនមែនជាអ្វីដែលពួកគេខ្វះទេឬ?

បន្ទាប់ពីខ្ញុំចូលទៅក្នុងកិច្ចការថ្មី ខ្ញុំមានសេចក្ដីតម្រូវថ្មីចំពោះមនុស្ស។ សម្រាប់មនុស្ស វាហាក់ដូចជា សេចក្ដីតម្រូវពីមុន មិនមានប្រសិទ្ធិភាពនោះទេ អ៊ីចឹងហើយទើបពួកគេភ្លេចសេចក្ដីតម្រូវទាំងនោះ។ តើអ្វីទៅជាមធ្យោបាយថ្មីដែលខ្ញុំធ្វើការ? តើខ្ញុំទាមទារអ្វីខ្លះពីមនុស្ស? មនុស្សខ្លួនឯង អាចវាស់ស្ទង់ ថាតើអ្វីដែលពួកគេបានធ្វើពីមុន ស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំឬអត់ និងថាតើសកម្មភាពរបស់ពួកគេ ស្ថិតក្នុងព្រំដែននៃអ្វីដែលខ្ញុំបានសុំឬអត់។ មិនចាំបាច់ឱ្យខ្ញុំត្រួតពិនិត្យអ្វីៗគ្រប់យ៉ាងរៀងៗខ្លួននោះទេ ព្រោះពួកគេមានការយល់អំពីកម្ពស់ផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះហើយ នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងច្បាស់ពីទំហំដែលពួកគេអាចធ្វើបាន ហើយមិនចាំបាច់ឱ្យខ្ញុំប្រាប់ពួកគេឱ្យច្បាស់លាស់នោះទេ។ ពេលខ្ញុំមានព្រះបន្ទូល ប្រហែលជាអ្នកខ្លះនឹងជំពប់ដួល ដូច្នេះ ខ្ញុំបានចៀសវាងមានព្រះបន្ទូលអំពីផ្នែកនេះក្នុងព្រះបន្ទូលរបស់ខ្ញុំ ដើម្បីការពារមនុស្សកុំឱ្យក្លាយជាទន់ខ្សោយ។ តើនេះមិនកាន់តែមានប្រយោជន៍ប្រសើរឡើងចំពោះការដេញតាមរបស់មនុស្សទេឬ? តើវាមិនកាន់តែមានប្រយោជន៍ប្រសើរឡើងចំពោះវឌ្ឍនភាពរបស់មនុស្សទេឬ? តើនរណាទៅដែលមិនចង់បំភ្លេចអតីតកាលរបស់ខ្លួន ហើយខិតខំទៅមុខនោះ? ដោយសារតែ «ភាពមិនគិតគូរ» របស់ខ្ញុំ ខ្ញុំមិនដឹងថាតើមនុស្សយល់ឬអត់ថា មធ្យោបាយដែលខ្ញុំមានព្រះបន្ទូលបានចូលក្នុងពិភពថ្មីរួចហើយ។ លើសពីនេះទៀត ព្រោះតែខ្ញុំ «រវល់នឹង» កិច្ចការរបស់ខ្ញុំពេក ទើបខ្ញុំគ្មានពេលស៊ើបដំណឹងថាតើមនុស្សយល់ពីព្រះសូរសៀងដែលខ្ញុំមានព្រះបន្ទូលឬអត់។ ដូច្នេះ ខ្ញុំសុំត្រឹមតែថា មនុស្សយល់ដឹងកាន់តែច្រើនអំពីខ្ញុំទៅបានហើយ។ ព្រោះតែខ្ញុំ «រវល់នឹង» កិច្ចការរបស់ខ្ញុំពេក ទើបខ្ញុំមិនអាចទៅទតមើលដោយផ្ទាល់នៅមូលដ្ឋាននានាដែលបំពេញកិច្ចការរបស់ខ្ញុំក្នុងការដឹកនាំមនុស្ស ដូច្នេះហើយ ខ្ញុំមាន «ការយល់ដឹងតិចតួច» អំពីពួកគេ។ សរុបសេចក្ដីមក ដោយមិនខ្វល់ពីអ្វីផ្សេងទៀត ឥឡូវនេះខ្ញុំបានចាប់ផ្ដើមដឹកនាំមនុស្សឱ្យចូលជាផ្លូវការទៅក្នុងការចាប់ផ្ដើមថ្មី និងវិធីសាស្ត្រថ្មី។ នៅក្នុងព្រះសូរសៀងទាំងអស់របស់ខ្ញុំ មនុស្សបានឃើញថា មានភាពកំប្លែង ការលេងសើច និងព្រះសូរសៀងចំអកចំអន់ខ្លាំងៗយ៉ាងពិសេសនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ដូច្នេះ ភាពសុខដុមរវាងអង្គខ្ញុំ និងមនុស្ស ត្រូវបានរំខានទាំងមិនដឹងខ្លួន បណ្ដាលឱ្យមានពពកដ៏ក្រាស់មកគ្របពីលើមុខរបស់មនុស្ស។ ទោះជាយ៉ាងនេះក្ដី ខ្ញុំមិនតឹងតែងដោយសារបញ្ហានេះទេ តែខ្ញុំបន្តកិច្ច ការរបស់ខ្ញុំតទៅទៀត ដ្បិតគ្រប់យ៉ាងដែលខ្ញុំមាន ព្រះបន្ទូល និងធ្វើ គឺជាផ្នែកដ៏ចាំបាច់នៃផែនការរបស់ខ្ញុំ គ្រប់យ៉ាងដែលថ្លែងចេញពីព្រះឱស្ឋរបស់ខ្ញុំគឺសុទ្ធតែជួយមនុស្ស ហើយអ្វីៗដែលខ្ញុំធ្វើសុទ្ធតែសំខាន់ គ្រប់យ៉ាងដែលខ្ញុំធ្វើគឺសុទ្ធតែប្រៀនប្រដៅឱ្យមនុស្សល្អទាំងអស់។ ដោយសារតែមនុស្សខ្វះខាត ទើបខ្ញុំព្រមបន្ធូរ ហើយបន្តមានព្រះបន្ទូលថែមទៀត។ មនុស្សមួយចំនួន ប្រហែលជាកំពុងតែរង់ចាំខ្ញុំបង្កើតសេចក្ដីតម្រូវថ្មីចំពោះពួកគេយ៉ាងខ្លាំង។ បើដូច្នោះ នោះខ្ញុំបំពេញតាមសេចក្ដីត្រូវការរបស់ពួកគេចុះ។ ប៉ុន្តែមានរឿងមួយដែលខ្ញុំត្រូវរំលឹកអ្នក៖ នៅពេលខ្ញុំមានព្រះបន្ទូល ខ្ញុំសង្ឃឹមថាមនុស្សមានការយល់ដឹងជ្រៅជ្រះកាន់តែច្រើន។ ខ្ញុំសង្ឃឹមថា ពួកគេកាន់តែមានការវិនិច្ឆយវាងវៃ ដើម្បីឱ្យពួកគេអាចទទួលបានកាន់តែច្រើនពីព្រះបន្ទូលរបស់ខ្ញុំ ដូច្នេះហើយសម្រេចតាមសេចក្ដីតម្រូវរបស់ខ្ញុំ។ កាលពីមុន នៅតាមក្រុមជំនុំ មនុស្សផ្ដោតអារម្មណ៍ទៅលើការទទួលការដោះស្រាយ និងការបំបាក់។ ការហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការយល់ដឹងអំពីគោលបំណង និងប្រភពនៃព្រះបន្ទូល ប៉ុន្តែសព្វថ្ងៃនេះ មិនដូចអតីតកាលទេ ហើយមនុស្សមិនអាចយល់ទាំងស្រុងអំពីប្រភពនៃព្រះសូរសៀងរបស់ខ្ញុំទេ ដូច្នេះហើយ ពួកគេគ្មានឱកាសទទួលការដោះស្រាយនិងការបំបាក់ពីខ្ញុំឡើយ ដ្បិតពួកគេបានចំណាយថាមពលទាំងអស់របស់ពួកគេសម្រាប់តែការហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាស្ថិតក្រោមស្ថានភាពទាំងនេះក្ដី ក៏ពួកគេនៅតែមិនអាចបំពេញតាមការទាមទាររបស់ខ្ញុំបានឡើយ ដូច្នេះហើយ ខ្ញុំធ្វើការទាមទារថ្មីពីពួកគេ៖ ខ្ញុំឱ្យពួកគេចូលក្នុងការល្បងលជាមួយខ្ញុំ គឺឱ្យពួកគេចូលក្នុងការវាយផ្ចាល។ តែខ្ញុំសូមរំឭកអ្នកអំពីរឿងមួយ៖ នេះមិនមែនជាការសម្លាប់មនុស្សនោះទេ ផ្ទុយទៅវិញនេះគឺជាអ្វីដែលកិច្ចការរបស់ខ្ញុំទាមទារ ដ្បិត ក្នុងដំណាក់កាលបច្ចុប្បន្ន មនុស្សពិបាកយល់ព្រះបន្ទូលរបស់ខ្ញុំខ្លាំងណាស់ ហើយមនុស្សមិនអាចសហការជាមួយខ្ញុំបានឡើយ ដូច្នេះគ្មានអ្វីត្រូវធ្វើនោះទេ! ប៉ុន្តែខ្ញុំអាចធ្វើឱ្យមនុស្សចូលទៅក្នុងវិធីសាស្ត្រថ្មីទាំងអស់គ្នាជាមួយខ្ញុំ។ តើមានអ្វីផ្សេងធ្វើបានក្រៅពីនេះឬទេ? ដោយសារតែភាពខ្វះខាតរបស់មនុស្ស ខ្ញុំរឹតតែត្រូវចូលទៅក្នុងអូរដែលមនុស្សចូលដែរ ខ្ញុំត្រូវបានត្រាស់ហៅដើម្បីធ្វើឱ្យមនុស្សពេញខ្នាត តើមែនទេ? ហើយខ្ញុំត្រូវបានត្រាស់ហៅដើម្បីបង្កើតផែនការនេះ តើមែនទេ? ថ្វីបើសេចក្ដីតម្រូវផ្សេងទៀតមិនពិបាកក្ដី តែវាមិនមែនជារណបសេចក្ដីតម្រូវដំបូងនោះទេ។ កិច្ចការរបស់ខ្ញុំក្នុងចំណោមក្រុមមនុស្សនៃគ្រាចុងក្រោយ គឺជាគ្រោងការណ៍ដែលមិនធ្លាប់មានពីមុនមក ដូច្នេះហើយ សិរីល្អរបស់ខ្ញុំអាចបំពេញចក្រវាលបាន មនុស្សទាំងអស់ត្រូវតែរងទុក្ខលំបាកចុងក្រោយសម្រាប់ខ្ញុំ។ តើអ្នកយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឬទេ? នេះជាសេចក្ដីតម្រូវចុងក្រោយដែលខ្ញុំដាក់ឱ្យមនុស្ស និយាយឱ្យចំគឺថា ខ្ញុំសង្ឃឹមថា មនុស្សទាំងអស់អាចធ្វើបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារអំពីខ្ញុំនៅចំពោះមុខនាគដ៏ធំមានសម្បុរក្រហម និងអាចថ្វាយខ្លួនពួកគេដល់ខ្ញុំជាលើកចុងក្រោយ ហើយបំពេញតាមសេចក្ដីតម្រូវរបស់ខ្ញុំជាលើកចុងក្រោយ។ តើអ្នករាល់គ្នាពិតជាអាចធ្វើបានមែនទេ? ក្នុងអតីតកាល អ្នកមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំបានទេ ដូច្នេះតើអ្នកអាចបំបែកលំនាំគំរូនេះនាលើកចុងក្រោយបានទេ? ខ្ញុំប្រទានដល់មនុស្សនូវឱកាសក្នុងការឆ្លុះបញ្ចាំង ខ្ញុំឱ្យពួកគេពិចារណាដោយយកចិត្តទុកដាក់មុនពេលផ្ដល់ចម្លើយឱ្យខ្ញុំជាចុងក្រោយ តើធ្វើបែបនេះខុសឬទេ? ខ្ញុំរង់ចាំការឆ្លើយតបរបស់មនុស្ស ខ្ញុំរង់ចាំ «លិខិតឆ្លើយតប» របស់ពួកគេ។ តើអ្នករាល់គ្នាមានសេចក្ដីជំនឿក្នុងការបំពេញតាមសេចក្ដីតម្រូវរបស់ខ្ញុំឬទេ?

ថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៣៣

បន្ទាប់៖ ជំពូកទី ៣៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ