តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?

មនុស្សបានជឿលើព្រះជាម្ចាស់យូរឆ្នាំមកហើយ ប៉ុន្តែ មនុស្សភាគច្រើនមិនយល់អំពីអត្ថន័យនៃពាក្យថា «ព្រះជាម្ចាស់» ឡើយ ហើយគ្រាន់តែដើរតាមទ្រង់ទាំងវង្វេងវង្វាន់ប៉ុណ្ណោះ។ ពួកគេមិនដឹងថា អ្វីជាមូលហេតុដែលនាំឱ្យមនុស្សត្រូវជឿលើព្រះជាម្ចាស់ ឬដឹងថាព្រះជាម្ចាស់ជាអ្វីឡើយ។ ប្រសិនបើមនុស្សគ្រាន់តែចេះជឿ និងចេះដើរតាមព្រះជាម្ចាស់ ប៉ុន្តែមិនដឹងថាព្រះជាម្ចាស់ជាអ្វី ហើយប្រសិនបើពួកគេមិនទាំងស្គាល់ព្រះជាម្ចាស់ផង នោះតើវាមិនមែនជារឿងកំប្លែងពេកទេឬអី? មកដល់ពេលនេះទៅហើយ ទោះបីជាមនុស្សបានឃើញសេចក្តីលាក់កំបាំងជាច្រើននៃស្ថានសួគ៌ដោយផ្ទាល់ភ្នែក ហើយបានឮអំពីចំណេះដ៏ជ្រាលជ្រៅ ដែលមនុស្សមិនធ្លាប់បានយល់ពីមុនក៏ដោយ ក៏ពួកគេនៅមិនស្គាល់សេចក្តីជាច្រើននៅក្នុងសេចក្តីពិតដ៏សាមញ្ញបំផុត ដែលមនុស្សកាលពីមុនមិនធ្លាប់គិតស្រមៃ។ អ្នកខ្លះអាចនិយាយថា «យើងបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ។ ម្ដេចបានជាយើងមិនដឹងថា ព្រះជាម្ចាស់គឺជាអ្វី? តើសំណួរនេះមិនមើលងាយយើងពេកទេឬអី?» ប៉ុន្តែ តាមការពិត សព្វថ្ងៃនេះទោះបីមនុស្សដើរតាមខ្ញុំក៏ដោយ ក៏ពួកគេមិនដឹងអំពីកិច្ចការរបស់ខ្ញុំនាពេលសព្វថ្ងៃទាល់តែសោះ ហើយសូម្បីតែសំណួរដ៏សាមញ្ញ និងងាយស្រួលបំផុត ក៏គេមិនយល់ផង ចុះទម្រាំតែសំណួរស្មុគស្មាញខ្លាំងអំពីព្រះជាម្ចាស់ នោះគេកាន់តែមិនអាចយល់ទៀតហើយ។ ចូរដឹងថា សំណួរដែលអ្នកមិនខ្វល់ និងមិនស្គាល់ គឺជាសំណួរសំខាន់បំផុតសម្រាប់ឱ្យអ្នកយល់ ព្រោះថាអ្នកចេះតែដើរតាមបណ្ដាជន ដោយមិនយកចិត្តទុកដាក់ និងមិនខ្វល់ខ្វាយចំពោះអ្វីដែលអ្នកគួរតែបំពាក់បំប៉នខ្លួននោះឡើយ។ តើអ្នកពិតជាដឹងអំពីហេតុផលដែលអ្នកគួរតែមានសេចក្តីជំនឿលើព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាស្គាល់អ្វីជាព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាស្គាល់អ្វីជាមនុស្សដែរឬទេ? ក្នុងនាមជាមនុស្សម្នាក់ដែលមានសេចក្តីជំនឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកមិនយល់សំណួរទាំងនេះផង តើអ្នកមិនបាត់បង់សេចក្តីថ្លៃថ្នូរក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ទេឬអី? កិច្ចការរបស់ខ្ញុំថ្ងៃនេះគឺ៖ ដើម្បីឱ្យមនុស្សយល់អំពីសារជាតិពិតរបស់គេ យល់គ្រប់កិច្ចការទាំងអស់ដែលខ្ញុំធ្វើ និងស្គាល់ព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់។ នេះជាការបិទបញ្ចប់ផែនការគ្រប់គ្រងរបស់ខ្ញុំ ជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ។ ហេតុនេះបានជាខ្ញុំកំពុងតែប្រាប់អ្នករាល់គ្នាទុកជាមុនអំពីគ្រប់ទាំងសេចក្តីលាក់កំបាំងនៃជីវិត ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលយកសេចក្តីទាំងនេះពីខ្ញុំ។ ដោយសារនេះជាកិច្ចការនៃយុគសម័យចុងក្រោយ ដូច្នេះខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នានូវគ្រប់ទាំងសេចក្តីពិតនៃជីវិត ដែលអ្នករាល់គ្នាមិនធ្លាប់បានទទួលពីមុនមក ទោះបីជាអ្នករាល់គ្នាគ្មានសមត្ថភាពនឹងយល់ ឬទ្រាំទ្រសេចក្តីទាំងនោះ ដោយសារតែសេចក្តីខ្វះចន្លោះ និងកង្វះគុណសម្បត្តិច្រើនពេកក៏ដោយ។ ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ ខ្ញុំនឹងសម្រេចកិច្ចការដែលខ្ញុំគួរតែធ្វើ ហើយប្រាប់អ្នករាល់គ្នានូវអស់ទាំងសេចក្តីដែលខ្ញុំបានដាក់បញ្ជាបេសកកម្មដល់អ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាឃ្លាតចេញ ហើយធ្លាក់ទៅក្នុងផែនការរបស់មេកំណាច ពេលដែលសេចក្តីងងឹតចុះមក។ មានផ្លូវជាច្រើនដែលអ្នកមិនយល់ មានរឿងជាច្រើនដែលអ្នកមិនដឹង។ អ្នករាល់គ្នាពិតជាល្ងង់ខ្លៅពេកហើយ។ ខ្ញុំស្គាល់យ៉ាងច្បាស់អំពីនិស្ស័យ និងសេចក្តីខ្វះចន្លោះរបស់អ្នករាល់គ្នា។ ដូច្នេះ ទោះបីមានពាក្យពេចន៍ជាច្រើន ដែលអ្នករាល់គ្នាមិនអាចយល់បាន ក៏ខ្ញុំនៅតែព្រមប្រាប់អ្នករាល់គ្នាអំពីសេចក្តីពិតទាំងអស់ដែលអ្នកមិនធ្លាប់បានយល់ពីមុនមកនេះ ដោយសារតែខ្ញុំចេះតែបារម្ភក្រែងអ្នករាល់គ្នាមិនអាចឈររឹងមាំក្នុងការដែលអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំ តាមគោលជំហររបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ន។ ខ្ញុំគិតបែបនេះមិនមែនមានន័យថា អ្នករាល់គ្នាអន់នោះឡើយ ប៉ុន្តែអ្នករាល់គ្នាជាសត្វសាហាវដែលមិនទាន់បានឆ្លងកាត់បង្ហាត់បន្សាំងរបស់ខ្ញុំជាផ្លូវការនៅឡើយ ហើយខ្ញុំពិតជាមិនអាចមើលឃើញទំហំសិរីល្អ ដែលមាននៅខាងក្នុងអ្នករាល់គ្នាឡើយ។ ទោះបីខ្ញុំខំចំណាយកម្លាំងច្រើនប៉ុនណាលើអ្នករាល់គ្នា ក៏ធាតុវិជ្ជមាននៅខាងក្នុងអ្នករាល់គ្នាហាក់ដូចជាគ្មានលេចឡើងសោះឡើយ ចំណែកឯធាតុអវិជ្ជមានវិញ បែរជាមានតិចតួច និងទុកសម្រាប់យកមកធ្វើជាបន្ទាល់ ដើម្បីនាំសេចក្តីអាម៉ាស់មកឱ្យសាតាំងតែប៉ុណ្ណោះ។ ចំណែកឯអ្វីៗផ្សេងទៀតនៅក្នុងអ្នក គឺជាថ្នាំបំពុលរបស់សាតាំង។ អ្នករាល់គ្នាមើលមកខ្ញុំ ដូចជាអ្នកមិនអាចទទួលបានសេចក្តីសង្រ្គោះអ៊ីចឹង។ ដោយសារតែបែបនេះ ខ្ញុំសម្លឹងមើលសម្ដីសំដៅ និងឫកពាផ្សេងៗរបស់អ្នករាល់គ្នា ហើយទីបំផុត ខ្ញុំក៏ដឹងអំពីកម្ពស់ពិតរបស់អ្នករាល់គ្នា។ នេះជាហេតុផលដែលខ្ញុំតែងតែគិតខ្វល់អំពីអ្នករាល់គ្នាថា៖ បើទុកឱ្យមនុស្សរស់នៅដោយខ្លួនឯង តើជីវិតពួកគេនឹងរស់នៅបានប្រសើរជាងនេះ ឬក៏ដូចគ្នានឹងជីវិតរបស់គេសព្វថ្ងៃ? តើនិស្ស័យជាកូនក្មេងរបស់អ្នករាល់គ្នា មិនធ្វើឱ្យអ្នករសាប់រសល់ទេឬអី? តើអ្នករាល់គ្នាពិតជាអាចធ្វើដូចរាស្ត្ររើសតាំងនៃសាសន៍អ៊ីស្រាអែលដែលស្មោះចំពោះខ្ញុំ គឺចំពោះខ្ញុំតែម្នាក់ជារៀងរហូតបានដែរឬទេ? អ្វីដែលស្ដែងចេញនៅក្នុងអ្នករាល់គ្នា មិនមែនជាបំណងប៉ងចង់ធ្វើអាក្រក់របស់ក្មេង ដែលនៅឆ្ងាយពីឪពុកម្ដាយរបស់គេឡើយ ប៉ុន្តែជាចរិតតិរច្ឆានដែលផុសចេញពីសត្វសាហាវ ដែលនៅឆ្ងាយពីរំពាត់របស់ម្ចាស់វា។ អ្នករាល់គ្នាគួរតែស្គាល់និស្ស័យខ្លួនឯង ជាសេចក្តីកម្សោយដែលអ្នករាល់គ្នាមានដូចគ្នា វាជាជំងឺទូទៅមួយដែលអ្នករាល់គ្នាមានគ្រប់គ្នា។ ដូច្នេះ ពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នករាល់គ្នានៅថ្ងៃនេះគឺ ចូរឈរមាំក្នុងបន្ទាល់ ដែលអ្នករាល់គ្នាធ្វើសម្រាប់ខ្ញុំ។ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ មិនត្រូវបណ្ដោយឱ្យជំងឺចាស់ផ្ទុះឡើងម្ដងទៀតឡើយ។ ការធ្វើបន្ទាល់ គឺជាកិច្ចការដ៏សំខាន់បំផុត ព្រោះវាជាបេះដូងនៃកិច្ចការរបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែទទួលយកពាក្យរបស់ខ្ញុំ ដូចជានាងម៉ារាបានទទួលយកការបើកសម្ដែងរបស់ព្រះយេហូវ៉ា ដែលបានយាងមករកនាងនៅក្នុងសុបិន៖ ទាំងជឿ ហើយបន្ទាប់មកក៏ស្ដាប់បង្គាប់។ នេះហើយជាគុណសម្បត្តិរបស់ស្រីក្រមុំម្នាក់នេះ។ ដ្បិតអ្នករាល់គ្នាជាមនុស្សដែលឮពាក្យរបស់ខ្ញុំច្រើនជាងគេ ជាមនុស្សដែលទទួលព្រះពរពីខ្ញុំច្រើនជាងគេ។ ខ្ញុំបានប្រទានទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានអ្វីៗគ្រប់យ៉ាងដល់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមានស្ថានភាពខុសគ្នាស្រឡះពីប្រជាជនអ៊ីស្រាអែល គឺខុសគ្នាដូចមេឃ និងដីតែម្ដង។ ប៉ុន្តែ ប្រសិនបើធៀបនឹងពួកគេ អ្នករាល់គ្នាបានទទួលច្រើនជាងពួកគេឆ្ងាយណាស់។ ខណៈដែលពួកគេរង់ចាំការលេចមករបស់ខ្ញុំយ៉ាងអន្ទះសាអំពីអ្នករាល់គ្នាចំណាយជីវិតជាមួយខ្ញុំយ៉ាងរីករាយ ទាំងមានចំណែកទទួលសេចក្ដីសប្បុរសរបស់ខ្ញុំផង។ ផ្អែកលើភាពខុសគ្នានេះ តើអ្វីទៅដែលផ្ដល់ឱ្យអ្នករាល់គ្នាមានសិទ្ធិយំយែក និងទាស់ទែងជាមួយខ្ញុំ ហើយទាមទារឱ្យខ្ញុំចែកទ្រព្យសម្បត្តិរបស់ខ្ញុំជាមួយអ្នករាល់គ្នាដូច្នេះ? តើអ្នករាល់គ្នាមិនបានទទួលច្រើនហើយទេឬអី? ខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ប៉ុន្តែអ្វីដែលអ្នករាល់គ្នាតបស្នងមកខ្ញុំវិញ គឺជាភាពសោកសៅយ៉ាងវេទនាចិត្ត និងសេចក្តីថប់បារម្ភ សេចក្តីខកចិត្ត និងសេចក្តីទោមនស្សដែលមិនអាចទប់បាន។ អ្នករាល់គ្នាគួរឱ្យស្អប់ណាស់ ប៉ុន្តែអ្នកក៏គួរឱ្យអាណិតដែរ ដូច្នេះ ខ្ញុំគ្មានជម្រើសណាផ្សេង ក្រៅពីលេបយកសេចក្តីខកចិត្តទាំងប៉ុន្មានរបស់ខ្ញុំ ហើយពោលពាក្យជំទាស់របស់ខ្ញុំដាក់អ្នករាល់គ្នាម្ដងហើយម្ដងទៀតឡើយ។ សម្រាប់កិច្ចការជាងរាប់ពាន់ឆ្នាំមកនេះ ខ្ញុំមិនធ្លាប់ប្រកែកជាមួយមនុស្សលោកឡើយ ដោយសារតែខ្ញុំបានរកឃើញថា ក្នុងដំណើរវិវឌ្ឍន៍របស់មនុស្សជាតិតាំងពីដើមមកទល់ពេលនេះ គឺមានតែ «សេចក្តីបញ្ឆោត» នៅក្នុងចំណោមអ្នករាល់គ្នាទេ ដែលបានក្លាយជាចរិតដ៏ពេញនិយមបំផុត ប្រៀបបាននឹងកេរមត៌កដ៏មានតម្លៃ ដែលបុព្វបុរសដ៏ល្បីល្បាញនាសម័យបុរាណបានបន្សល់ទុកដល់អ្នករាល់គ្នា។ ខ្ញុំពិតជាស្អប់មនុស្សដែលមានចរិតអន់ជាងសត្វទាំងនោះណាស់។ អ្នករាល់គ្នាដូចជាគ្មានមនសិការសោះ! ចរិតរបស់អ្នករាល់គ្នា អន់ខ្លាំងណាស់! ឯដួងចិត្តរបស់អ្នករាល់គ្នារឹងដូចដុំថ្ម! ប្រសិនបើខ្ញុំយកពាក្យនេះទៅប្រើ និងយកកិច្ចការទាំងនេះទៅធ្វើចំពោះពួកអ៊ីស្រាអែលវិញ នោះខ្ញុំនឹងទទួលបានសិរីល្អជាយូរឆ្នាំមកហើយ។ ប៉ុន្តែ នៅក្នុងចំណោមអ្នករាល់គ្នា គឺមិនអាចទៅរួចឡើយ នៅក្នុងចំណោមអ្នករាល់គ្នា មានតែការព្រងើយកន្តើយដ៏ព្រៃផ្សៃ ចរិតរើសអើង និងលេសដោះសារបស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នករាល់គ្នាគ្មានចិត្តមេត្តា និងគ្មានបានការទាល់តែសោះ!

អ្នករាល់គ្នាគួរតែដាក់ចិត្តកាយទាំងអស់របស់អ្នកចំពោះកិច្ចការរបស់ខ្ញុំ។ អ្នកគួរតែធ្វើកិច្ចការណាដែលផ្ដល់ជាប្រយោជន៍ដល់ខ្ញុំ។ ខ្ញុំព្រមពន្យល់ដល់អ្នករាល់គ្នានូវអ្វីគ្រប់យ៉ាងដែលអ្នកមិនយល់ ដើម្បីឱ្យអ្នករាល់គ្នា អាចទទួលបានពីខ្ញុំនូវអ្វីៗដែលអ្នករាល់គ្នាខ្វះ។ ទោះបីសេចក្តីកម្សោយរបស់អ្នករាល់គ្នាមានច្រើនរាប់មិនអស់ក៏ដោយ ក៏ខ្ញុំព្រមបន្តធ្វើកិច្ចការដែលខ្ញុំគួរតែធ្វើចំពោះអ្នករាល់គ្នា ដោយប្រទានដល់អ្នករាល់គ្នានូវសេចក្តីមេត្តាករុណាចុងក្រោយរបស់ខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលបានប្រយោជន៍ពីខ្ញុំ និងទទួលបានសិរីល្អ ដែលអវត្តមាននៅក្នុងអ្នករាល់គ្នា ហើយដែលលោកីយ៍មិនធ្លាប់បានឃើញពីមុនមក។ ខ្ញុំបានធ្វើការ អស់ពេលជាច្រើនឆ្នាំ ប៉ុន្តែគ្មានមនុស្សលោកណាម្នាក់ បានស្គាល់ខ្ញុំឡើយ។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាអំពីសេចក្តីលាក់កំបាំងដែលខ្ញុំមិនធ្លាប់ប្រាប់នរណាផ្សេងឡើយ។

នៅក្នុងចំណោមមនុស្សលោក ខ្ញុំធ្លាប់ជាព្រះវិញ្ញាណដែលពួកគេមិនអាចមើលឃើញ ជាព្រះវិញ្ញាណដែលពួកគេមិនអាចផ្សារភ្ជាប់ជាមួយ។ ដោយព្រោះតែដំណាក់កាលទាំងបីនៃកិច្ចការរបស់ខ្ញុំនៅលើផែនដី (ការបង្កើតពិភពលោក ការប្រោសលោះ និងការបផ្លិចបំផ្លាញ) ដូច្នេះ ខ្ញុំលេចមកនៅកណ្ដាលចំណោមពួកគេនៅពេលខុសៗគ្នា (មិនដែលជាសាធារណៈ) ដើម្បីធ្វើកិច្ចការរបស់ខ្ញុំនៅកណ្ដាលចំណោមពួកគេ។ លើកទី១ដែលខ្ញុំបានយាងមកកណ្ដាលចំណោមមនុស្ស គឺក្នុងអំឡុងយុគសម័យនៃការប្រោសលោះ។ ពិតមែនហើយ ខ្ញុំបានកើតក្នុងគ្រួសារសាសន៍យូដា ហេតុនេះបានជាសាសន៍យូដា គឺជាក្រុមមនុស្សទី១ដែលមើលឃើញព្រះជាម្ចាស់យាងមកផែនដី។ ហេតុផលដែលខ្ញុំបានធ្វើកិច្ចការនេះនៅក្នុងរូបកាយជាមនុស្ស គឺមកពីខ្ញុំចង់ប្រើសាច់ឈាមជាមនុស្សរបស់ខ្ញុំ ធ្វើជាតង្វាយលោះបាប នៅក្នុងកិច្ចការនៃការប្រោសលោះរបស់ខ្ញុំ។ ដូច្នេះក្រុមមនុស្សទី១ដែលមើលឃើញខ្ញុំ គឺជាសាសន៍យូដា នៅក្នុងយុគសម័យនៃព្រះគុណ។ នោះជាលើកដំបូងហើយ ដែលខ្ញុំបានធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងយុគសម័យនៃនគរព្រះវិញ កិច្ចការបស់ខ្ញុំ គឺដើម្បីយកឈ្នះ និងប្រោសឱ្យគ្រប់លក្ខណ៍ ដូច្នេះខ្ញុំក៏ធ្វើកិច្ចការគង្វាលរបស់ខ្ញុំនៅក្នុងសាច់ឈាមសារជាថ្មីម្ដងទៀត។ នេះជាលើកទី២ ដែលខ្ញុំធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងដំណាក់កាលពីរ ចុងក្រោយនៃកិច្ចការនេះ អ្វីដែលមនុស្សមានទំនាក់ទំនងជាមួយ លែងជាព្រះវិញ្ញាណអរូបិយដែលមើលមិនឃើញទៀតហើយ ប៉ុន្តែជាបុគ្គលម្នាក់ដែលជាព្រះវិញ្ញាណយកទម្រង់ជាសាច់ឈាម។ ហេតុនេះ នៅក្នុងភ្នែករបស់មនុស្សលោក ខ្ញុំក្លាយជាមនុស្សសាជាថ្មី ដែលគ្មានរូបរាង ហើយនិងអារម្មណ៍របស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ មិនគ្រាន់តែជាបុរសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ត្រីម្នាក់ផងដែរ ហើយការនេះធ្វើឱ្យពួកគេមានការស្រឡាំងកាំង និងភ្ញាក់ផ្អើល។ ម្ដងហើយម្ដងទៀត កិច្ចការដ៏មហស្ចារ្យរបស់ខ្ញុំបានកម្ចាត់ចោលជំនឿចាស់ ដែលមានជាច្រើនឆ្នាំមកហើយ។ មនុស្សបានស្រឡាំងកាំង! ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណដ៏ខ្លាំងទាំងប្រាំពីរ ឬជាព្រះវិញ្ញាណនៃសព្វសារពើទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាមនុស្ស ជាមនុស្សសាមញ្ញម្នាក់ខុសប្លែកពីមនុស្សធម្មតាផងដែរ។ ព្រះអង្គមិនគ្រាន់តែជាបុរស ប៉ុន្តែទ្រង់ក៏ជាស្ត្រីផងដែរ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គបានកើតមកជាមនុស្សដូចគ្នា ហើយខុសគ្នាត្រង់ថា ម្នាក់ត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយម្នាក់ទៀតកើតជាមនុស្សលោក ប៉ុន្តែទាំងពីរអង្គសុទ្ធតែមានកំណើតដោយផ្ទាល់ពីព្រះវិញ្ញាណ។ អង្គទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គសុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បានធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការនៃការយកឈ្នះ។ ទាំងពីរសុទ្ធតែតំណាងឱ្យព្រះវរបិតា ប៉ុន្តែព្រះមួយអង្គជាព្រះជាម្ចាស់ដ៏ប្រោសលោះ ដែលពេញដោយព្រះទ័យសប្បុរសដែលពេញដោយសេចក្ដីស្រលាញ់ និងក្តីមេត្តាករុណា ឯមួយអង្គទៀត គឺជាព្រះជាម្ចាស់នៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ មួយអង្គជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការនៃការប្រោសលោះ ឯមួយអង្គទៀតជាព្រះជាម្ចាស់ដ៏សុចរិតដែលសម្រេចកិច្ចការនៃការយកឈ្នះ។ មួយអង្គជាទីចាប់ផ្ដើម ឯមួយអង្គទៀតជាទីបញ្ចប់។ មួយអង្គជារូបកាយសាច់ឈាមដែលគ្មានបាប ឯមួយអង្គទៀតជារូបកាយសាច់ឈាមដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែគង់នៅក្នុងរូបកាយសាច់ឈាមខុសគ្នា និងប្រសូតនៅកន្លែងខុសគ្នា ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញ គ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឱ្យគ្នាទៅវិញទៅមក គ្មានវិវាទនឹងគ្នាឡើយ ហើយអាចថ្លែងចេញក្នុងបរិបទដូចគ្នា។ ព្រះអង្គទាំងពីរជាមនុស្ស ប៉ុន្តែម្នាក់ជាទារក ហើយម្នាក់ទៀតជាទារិកា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្វីដែលមនុស្សបានឃើញ គឺមិនគ្រាន់តែជាព្រះវិញ្ញាណ និងមនុស្សប្រុសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជារឿងជាច្រើនដែលមិនស្របតាមគំនិតរបស់មនុស្សលោកផងដែរ។ ដូច្នេះហើយបានជាមនុស្សលោកមិនអាចយល់ពីខ្ញុំបានទាំងស្រុងនោះទេ។ ពួកគេជឿខ្លះ ហើយសង្ស័យខ្លះពីខ្ញុំ ហាក់ដូចខ្ញុំជាព្រះជាម្ចាស់មែន ប៉ុន្តែក៏សង្ស័យថា ខ្ញុំជាសុបិនបំភាន់ភ្នែកដែរ នេះជាហេតុផលដែលមនុស្សនៅតែមិនស្គាល់ថា ព្រះជាម្ចាស់គឺជាអ្វី ដរាបដល់សព្វថ្ងៃ។ តើអ្នកអាចនិយាយសរុបអំពីខ្ញុំ ដោយប្រើប្រយោគមួយដ៏សាមញ្ញបានទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះយេស៊ូវមិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មិនមែនជានរណាផ្សេងក្រៅពីព្រះយេស៊ូវដែរឬទេ»? តើអ្នកពិតជាក្លាហាន ដោយហ៊ាននិយាយថា «ព្រះជាម្ចាស់មិនមែនជានរណាផ្សេងក្រៅពីព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ដែរឬទេ»? តើអ្នកស្រណុកចិត្ត ពេលនិយាយថា «ព្រះជាម្ចាស់គ្រាន់តែជាមនុស្សម្នាក់ ដែលពាក់រូបកាយសាច់ឈាមដែរឬទេ»? តើអ្នកមានចិត្តក្លាហានហ៊ានអះអាងថា «រូបអង្គរបស់ព្រះយេស៊ូវ ជារូបអង្គដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរឬទេ»? តើអ្នកអាចប្រើវោហាសព្ទរបស់អ្នក ដើម្បីបរិយាយពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ឱ្យក្បោះក្បាយបានដែរឬទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះជាម្ចាស់បានបង្កើតតែបុរស មិនមែនស្ត្រី ឱ្យមានរូបអង្គដូចទ្រង់ដែរឬទេ»? បើអ្នកហ៊ាននិយាយបែបនេះ ដូច្នេះ ស្ត្រីនឹងមិនស្ថិតនៅក្នុងចំណោមពួកជ្រើសតាំងរបស់ខ្ញុំ ហើយស្ត្រីក៏ទំនងជាគ្មានវណ្ណៈជាមនុស្សលោកដែរ។ ឥឡូវនេះតើអ្នកដឹងថា ព្រះជាម្ចាស់ជាអ្វីឱ្យពិតប្រាកដហើយឬនៅ? តើព្រះជាម្ចាស់ ជាមនុស្សឬ? តើព្រះជាម្ចាស់ជាព្រះវិញ្ញាណឬ? តើព្រះជាម្ចាស់ជាបុរសម្នាក់ឬ? តើមានព្រះយេស៊ូវតែម្នាក់ទេឬ ដែលអាចបំពេញកិច្ចការដែលខ្ញុំត្រូវធ្វើ? បើអ្នកជ្រើសរើសយកចំណុចតែមួយនៅក្នុងចំណោមចំណុចខាងលើ ដើម្បីធ្វើសេចក្ដីសន្និដ្ឋានរួមអំពីសារជាតិពិតរបស់ខ្ញុំ នោះអ្នកជាអ្នកជឿដ៏ស្មោះ ប៉ុន្តែល្ងង់ខ្លៅបំផុតម្នាក់ហើយ។ ប្រសិនបើខ្ញុំធ្លាប់បានធ្វើការ ដោយយកកំណើតជាសាច់ឈាម ហើយបានធ្វើតែម្ដងគត់ តើអ្នករាល់គ្នានឹងកំណត់ព្រំដែនខ្ញុំមែនទេ? តើអ្នកអាចយល់យ៉ាងច្បាស់អំពីខ្ញុំ ដោយគ្រាន់តែមើលតែមួយភ្លែតបានដែរទេ? តើអ្នកអាចធ្វើវិនិច្ឆ័យសរុបគ្រប់យ៉ាងអំពីខ្ញុំ ដោយផ្អែកលើអ្វីដែលអ្នកធ្លាប់មានពិសោធក្នុងជីវិតរបស់អ្នកមែនទេ? ប្រសិនបើខ្ញុំបានធ្វើកិច្ចការស្រដៀងគ្នានៅក្នុងការយកកំណើតជាមនុស្សទាំងពីរលើករបស់ខ្ញុំ តើអ្នករាល់គ្នានឹងយល់ឃើញយ៉ាងដូចម្ដេចដែរចំពោះខ្ញុំ? តើអ្នកនឹងទុកខ្ញុំចោល ឱ្យជាប់ឆ្កាងជារៀងរហូតមែនទេ? តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

ទោះបីអ្នករាល់គ្នាមានសេចក្តីជំនឿដ៏ស្មោះក៏ដោយ ប៉ុន្តែនៅក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ដែលអាចរ៉ាយរាប់អំពីខ្ញុំបានទាំងស្រុងឡើយ ហើយក៏គ្មាននរណាម្នាក់ អាចធ្វើបន្ទាល់ពេញលេញអំពីគ្រប់ទាំងសេចក្តីដែលអ្នកមើលឃើញដែរ។ ចូរគិតអំពីការនេះចុះ៖ ថ្ងៃនេះ អ្នករាល់គ្នាភាគច្រើនធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ដោយព្យាយាមដេញតាមសាច់ឈាម ចម្អែតសាច់ឈាម ហើយរីករាយនឹងសាច់ឈាម ទាំងមានចិត្តលោភផង។ អ្នកមានសេចក្តីពិតតិចតួចណាស់។ ដូច្នេះ តើអ្នកអាចធ្វើបន្ទាល់ អំពីរាល់ទាំងសេចក្តីដែលអ្នករាល់គ្នាបានឃើញយ៉ាងដូចម្ដេច? តើអ្នករាល់គ្នាពិតជាមានទំនុកចិត្តដែរឬទេថា អ្នកអាចក្លាយជាបន្ទាល់របស់ខ្ញុំ? ប្រសិនបើថ្ងៃមួយមកដល់ ពេលដែលអ្នកមិនអាចធ្វើបន្ទាល់ពីគ្រប់ទាំងសេចក្តីដែលអ្នកបានឃើញនៅថ្ងៃនេះ នោះអ្នកនឹងបាត់បង់មុខងារជាមនុស្ស ហើយការដែលអ្នកមានជីវិតនេះ គឺគ្មានន័យទាល់តែសោះ។ អ្នកនឹងមិនសមអ្វីធ្វើជាមនុស្សឡើយ។ អាចនិយាយបានថា អ្នកនឹងមិនមែនជាមនុស្សតែម្ដង! ខ្ញុំបានធ្វើកិច្ចការដ៏ច្រើន សន្ធឹកសន្ធាប់សម្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះ ដោយសារតែអ្នករាល់គ្នារៀនមិនបានអ្វីសោះ គ្មានដឹងអ្វីទាំងអស់ ហើយការលះបង់របស់អ្នកក៏គ្មានប្រសិទ្ធភាពទៀត ដូច្នេះ នៅពេលដែលខ្ញុំត្រូវពង្រីកកិច្ចការរបស់ខ្ញុំ នោះអ្នកនឹងបានត្រឹមជាមនុស្សម្នាក់ដែលឈរមើល ទាំងបិទមាត់យ៉ាងជិត ហើយគ្មានប្រយោជន៍អ្វីសោះឡើយ។ តើការនេះ មិនធ្វើឱ្យអ្នកក្លាយជាមនុស្សបាបអស់មួយជីវិតទេឬអី? លុះដល់វេលាកំណត់ តើអ្នកនឹងគ្មានអារម្មណ៍ស្ដាយក្រោយខ្លាំងបំផុតទេឬអី? តើអ្នកនឹងគ្មានអារម្មណ៍សោកសង្រេងទេឬអី? គ្រប់កិច្ចការដែលខ្ញុំធ្វើនាថ្ងៃនេះ មិនត្រូវបានធ្វើឡើងដោយភាពខ្ជិលច្រអូស និងភាពធុញទ្រាន់ឡើយ ប៉ុន្តែដើម្បីចាក់គ្រឹះសម្រាប់កិច្ចការនាពេលអនាគតរបស់ខ្ញុំវិញ។ វាមិនមែនដោយសារតែខ្ញុំអស់ផ្លូវ ហើយត្រូវបង្កើតអ្វីមួយថ្មីឡើយ។ អ្នកគួរតែយល់ពីកិច្ចការដែលខ្ញុំធ្វើ វាមិនមែនជាកិច្ចការដែលត្រូវសម្រេចឡើង ដោយកូនក្មេងលេងដីនៅតាមចិញ្ចើមថ្នល់ឡើយ ប៉ុន្តែវាជាកិច្ចការដែលត្រូវធ្វើឡើង ជាតំណាងឱ្យព្រះវរបិតារបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែដឹងថា វាមិនមែនជាខ្ញុំទេ ដែលកំពុងតែធ្វើកិច្ចការទាំងអស់នេះតែម្នាក់ឯង ប៉ុន្តែខ្ញុំតំណាងឱ្យព្រះវរបិតាខ្ញុំវិញទេ។ បច្ចុប្បន្ននេះ តួនាទីរបស់អ្នករាល់គ្នាគឺត្រូវដើរតាម ស្ដាប់បង្គាប់ ផ្លាស់ប្ដូរ និងធ្វើបន្ទាល់យ៉ាងតឹងរឹងបំផុត។ អ្វីដែលអ្នករាល់គ្នាគួរតែយល់ គឺជាហេតុផលដែលនាំឱ្យអ្នករាល់គ្នាគួរតែជឿលើខ្ញុំ។ នេះជាសំណួរដ៏សំខាន់បំផុតដែលអ្នករាល់គ្នាម្នាក់ៗត្រូវយល់។ ព្រះវរបិតាខ្ញុំបានដៅអ្នករាល់គ្នាទុកជាមុនសម្រាប់ខ្ញុំ តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមកម៉្លេះ សម្រាប់ជាប្រយោជន៍ដល់សិរីល្អទ្រង់។ ព្រះអង្គបានដៅកំណត់អ្នករាល់គ្នាទុកជាមុន សម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំ និងជាប្រយោជន៍ដល់សិរីល្អរបស់ទ្រង់។ គឺដោយសារតែព្រះវរបិតារបស់ខ្ញុំ ទើបអ្នករាល់គ្នាជឿលើខ្ញុំ។ គឺដោយសារតែការកំណត់ទុកជាមុនរបស់ព្រះបិតាខ្ញុំ ទើបអ្នករាល់គ្នាដើរតាមខ្ញុំ។ គ្មានការណាមួយដែលកើតចេញពីការជ្រើសរើសរបស់អ្នករាល់គ្នាឡើយ។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា អ្នករាល់គ្នាយល់ថា អ្នករាល់គ្នាជាមនុស្សដែលព្រះវរបិតាខ្ញុំបានប្រទានដល់ខ្ញុំ សម្រាប់គោលបំណងនៃការធ្វើបន្ទាល់ពីខ្ញុំ។ ដោយសារតែទ្រង់បានប្រទានអ្នករាល់គ្នាដល់ខ្ញុំ នោះអ្នករាល់គ្នាគួរតែនៅជាប់ជាមួយផ្លូវដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា ក៏ដូចជាផ្លូវ និងពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាដែរ ព្រោះថាវាជាភារកិច្ចរបស់អ្នករាល់គ្នាដែលត្រូវនៅជាប់ក្នុងផ្លូវរបស់ខ្ញុំ។ នេះជាគោលបំណងដើមនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា៖ អ្នករាល់គ្នាគ្រាន់តែជាមនុស្សដែលព្រះបិតារបស់ខ្ញុំប្រទានមកដល់ខ្ញុំ ដើម្បីឱ្យនៅជាប់ក្នុងផ្លូវរបស់ខ្ញុំប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នករាល់គ្នាគ្រាន់តែជឿលើខ្ញុំ អ្នកមិនមែនជារបស់ខ្ញុំ ដោយសារតែអ្នករាល់គ្នាមិនមែនជាក្រុមគ្រួសារអ៊ីស្រាអែល ប៉ុន្តែអ្នកជាប្រភេទតែមួយនៃសត្វពស់ពីបុរាណវិញ។ អ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងតែទាមទារឱ្យអ្នករាល់គ្នាធ្វើ គឺត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ ប៉ុន្តែថ្ងៃនេះអ្នករាល់គ្នាត្រូវតែដើរតាមផ្លូវរបស់ខ្ញុំ។ អ្វីទាំងអស់នេះ គឺសម្រាប់ជាប្រយោជន៍ដល់ទីបន្ទាល់នាពេលអនាគត។ ប្រសិនបើអ្នករាល់គ្នាធ្វើការ ដូចជាមនុស្សដែលគ្រាន់តែស្ដាប់តាមផ្លូវរបស់ខ្ញុំ នោះអ្នកនឹងក្លាយជាមនុស្សគ្មានតម្លៃ ហើយសារៈសំខាន់នៃការដែលព្រះវរបិតាខ្ញុំបានប្រទានអ្នករាល់គ្នាមកខ្ញុំ នឹងត្រូវបាត់បង់មិនខាន។ អ្វីដែលខ្ញុំទទូចប្រាប់ដល់អ្នករាល់គ្នាគឺថា៖ អ្នករាល់គ្នាគួរតែដើរតាមផ្លូវរបស់ខ្ញុំ។

ខាង​ដើម៖ តើអ្នករាល់គ្នាមានការយល់ដឹងអ្វីខ្លះអំពីព្រះពរ?

បន្ទាប់៖ តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ