តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច
ខ្ញុំតែងមានភារកិច្ចក្នុងការគ្រប់គ្រងមនុស្សជានិច្ច។ បន្ថែមលើនេះ ការយកឈ្នះលើមនុស្ស គឺជាអ្វីដែលខ្ញុំបានតម្រូវទុករួចមកហើយ នៅពេលដែលខ្ញុំបានបង្កើតពិភពលោកនេះ។ មនុស្សប្រហែលជាមិនដឹងថា ខ្ញុំនឹងយកឈ្នះលើមនុស្សឱ្យបានទាំងស្រុងនៅគ្រាចុងក្រោយនោះទេ ឬមិនដឹងថា ការយកឈ្នះលើពួកបះបោរនៅក្នុងចំណោមមនុស្ស គឺជាភស្តុតាងបញ្ជាក់ពីជ័យជម្នះរបស់ខ្ញុំលើសាតាំងឡើយ។ ប៉ុន្តែ នៅពេលដែលសត្រូវរបស់ខ្ញុំបានចូលរួមប្រយុទ្ធជាមួយខ្ញុំ ខ្ញុំបានប្រាប់វារួចជាស្រេចហើយថា ខ្ញុំនឹងយកឈ្នះលើអស់អ្នកណាដែលសាតាំងបានចាប់ជាឈ្លើយ និងបានធ្វើឱ្យក្លាយទៅជាកូនចៅរបស់វា ជាបាវបម្រើដ៏ស្មោះត្រង់ដែលនៅចាំការពារផ្ទះរបស់វា។ អត្ថន័យដើមនៃពាក្យយកឈ្នះ គឺការបង្ក្រាប ធ្វើឱ្យរងការអាម៉ាស់មុខ។ នៅក្នុងភាសានៃពួកអ៊ីស្រាអែល ពាក្យនេះមានន័យថា យកឈ្នះឱ្យខានតែបាន បំផ្លាញ និងធ្វើឱ្យគ្មានសមត្ថភាពអាចតស៊ូប្រឆាំងទាស់នឹងខ្ញុំតទៅមុខទៀតបាន។ ប៉ុន្តែ សព្វថ្ងៃនេះ នៅពេលដែលប្រើក្នុងចំណោមអ្នករាល់គ្នា អត្ថន័យនៃពាក្យនេះ គឺយកឈ្នះ។ អ្នករាល់គ្នាគប្បីដឹងថា ចិត្តរបស់ខ្ញុំ តែងតែចង់កម្ចាត់ចោល និងយកឈ្នះលើមេកំណាចទាំងពួងរបស់មនុស្សជាតិឱ្យបានទាំងស្រុង ដើម្បីកុំឱ្យពួកវាអាចបះបោរប្រឆាំងនឹងខ្ញុំបាន ហើយគ្មានសូម្បីខ្យល់ដង្ហើមដើម្បីរំខាន ឬធ្វើឱ្យវឹកវរដល់កិច្ចការរបស់ខ្ញុំ។ ហេតុនេះ តាមការយល់ដឹងរបស់មនុស្ស ពាក្យនេះបានក្លាយជាមានន័យថា ការយកឈ្នះ។ មិនថាអត្ថន័យបង្កប់នៃពាក្យនេះមានន័យដូចម្តេចខ្លះទេ កិច្ចការរបស់ខ្ញុំគឺបង្ក្រាបមនុស្ស។ មួយរយៈមកនេះ ពិតណាស់ថា មនុស្សជាតិ គ្រាន់តែជារបស់បន្ទាប់បន្សំនៃការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ និយាយឱ្យកាន់តែច្បាស់ទៅគឺថា មនុស្សគ្មានអ្វីក្រៅពីសត្រូវរបស់ខ្ញុំឡើយ។ មនុស្ស គឺជាមនុស្សអាក្រក់ដែលប្រឆាំងទាស់ និងមិនស្ដាប់បង្គាប់ខ្ញុំ។ មនុស្សគ្មានអ្វីក្រៅពីកូនចៅនៃមេកំណាច ដែលខ្ញុំស្អប់ខ្ពើមឡើយ។ មនុស្ស គឺគ្មានអ្វីក្រៅពីពូជពង្យមហាទេវតាដែលបានក្បត់ខ្ញុំឡើយ។ មនុស្ស គ្មានអ្វីក្រៅពីកេរ្តិ៍ដំណែលនៃមនុស្សអាក្រក់ ដែលខ្ញុំបានបោះបង់ចោលជាយូរមកហើយ និងជាសត្រូវដែលមិនអាចផ្សះផ្សារបានជាមួយនឹងខ្ញុំតាំងពីពេលនោះមក។ ដ្បិតមេឃនៅខាងលើមនុស្សជាតិ ខ្មៅងងឹតសូន្យសុង គ្មានពន្លឺមើលច្បាស់សូម្បីបន្តិចសោះឡើយ ហើយពិភពមនុស្សបានធ្លាក់ទៅក្នុងភាពងងឹតសូន្យសុង ដូចនេះ មនុស្សដែលរស់នៅក្នុងពិភពនោះ មិនអាចមើលឃើញដៃរបស់ខ្លួនដែលលាតសន្ធឹងនៅចំពោះមុខ ឬឃើញព្រះអាទិត្យ នៅពេលគេងើយក្បាលឡើងលើឡើយ។ ផ្លូវនៅខាងក្រោមជើងរបស់គេ ជាដីភក់ និងសម្បូរទៅដោយគ្រហុក មានលក្ខណៈខ្វាត់ខ្វែង និងក្រវិចក្រវៀន។ ដីទាំងមូលពោរពេញទៅដោយសាកសព។ ជ្រុងដែលងងឹតៗ មានពេញទៅដោយសាកសពនៃអ្នកស្លាប់ ហើយនៅជ្រុងដែលត្រជាក់និងមានស្រមោលបាំង ពួកវិញ្ញាណកំណាចជាច្រើនបានយកធ្វើជាទីលំនៅ។ ហើយនៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពិភពមនុស្ស វិញ្ញាណអាក្រក់បានចូលមកទាំងក្រុមៗ។ កូនសត្វគ្រប់ប្រភេទទាំងអស់ ដែលប្រឡាក់ទៅដោយភាពស្មោកគ្រោគ ត្រូវជាប់នៅក្នុងសង្គ្រាមឈ្លានពាន ដែលសំឡេងនៃសង្គ្រាមនោះធ្វើឱ្យមានការភ័យតក់ស្លុតនៅក្នុងចិត្ត។ នៅពេលនោះ ស្ថិតក្នុងពិភពមួយបែបនេះ នៅក្នុង «ស្ថានសួគ៌លោកិយ» មួយបែបនេះ តើមនុស្សទៅស្វែងរកកន្លែងបរមសុខនៅក្នុងជីវិតនៅទីណាបាន? តើមនុស្សអាចទៅស្វែងរកទិសដៅជីវិតរបស់ខ្លួននៅទីណាបាន? ចាប់តាំងពីត្រូវសាតាំងជាន់ឈ្លីនៅក្រោមបាទជើងមក ជាលើកដំបូងហើយដែលមនុស្សជាតិបានក្លាយជាតួអង្គដែលត្រាប់តាមរូបកាយរបស់សាតាំង លើសពីនេះ មនុស្សជាតិគឺជាតំណាងរបស់សាតាំង និងធ្វើជាទីសម្អាងដែលធ្វើបន្ទាល់ឱ្យសាតាំង ដោយសំឡេងឮៗ និងច្បាស់ៗ។ តើពូជមនុស្សបែបនេះ ក្រុមមនុស្សថោកទាបគ្មានគុណធម៌បែបនេះ កូនចៅនៃអំបូរមនុស្សពុករលួយបែបនេះ អាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានដោយរបៀបណា? តើសិរីល្អរបស់ខ្ញុំចូលមកដល់នៅពេលណា? តើនៅទីណាដែលមនុស្សអាចចាប់ផ្ដើមនិយាយអំពីទីបន្ទាល់របស់ខ្ញុំបាន? ដ្បិតសត្រូវដែលឈរទទឹងទាស់នឹងខ្ញុំ ដែលបានធ្វើឱ្យមនុស្សជាតិពុករលួយ បានដណ្ដើមយកមនុស្សជាតិរួចជាស្រេចទៅហើយ ព្រមទាំងធ្វើឱ្យពួកគេប្រឡាក់ប្រឡូសអស់ ជាមនុស្សជាតិដែលខ្ញុំបានបង្កើតតាំងពីយូរមកហើយ និងបានទទួលសិរីល្អរបស់ខ្ញុំ និងការសម្ដែងចេញរបស់ខ្ញុំ តាមរយៈការស់នៅ។ វាបានឆក់យកសិរីល្អរបស់ខ្ញុំ ហើយអ្វីទាំងអស់ដែលវាបានបញ្ជ្រាបចូលទៅក្នុងខ្លួនមនុស្សនោះគឺថ្នាំពុល ដែលបានលាយយ៉ាងច្រើនជាមយយនឹងភាពអាក្រក់របស់សាតាំង រួមនឹងទឹកផ្លែឈើពីផ្លែឈើនៃដើមដឹងខុសត្រូវផង។ ការពីដើមឡើយ ខ្ញុំបានបង្កើតមនុស្សជាតិ ពោលគឺខ្ញុំបានបង្កើតដូនតារបស់មនុស្សជាតិមក គឺអ័ដាម។ ព្រះប្រទានទម្រង់ និងរូបអង្គ ដែលពេញប្រៀបទៅដោយថាមពល ពេញប្រៀបទៅដោយភាពក្លៀវក្លា រួមជាមួយនឹងសិរីល្អរបស់ខ្ញុំថែមទៀតផង។ នោះគឺជាថ្ងៃដ៏មានសិរីល្អ នៅពេលដែលខ្ញុំបានបង្កើតមនុស្សមក។ ក្រោយមក អេវ៉ា ក៏ត្រូវបង្កើតចេញពីរូបកាយរបស់អ័ដាម ហើយនាងក៏ជាដូនតារបស់មនុស្សដែរ។ ដូច្នេះ មនុស្សដែលខ្ញុំបានបង្កើតមក ត្រូវបំពេញដោយខ្យល់ដង្ហើមរបស់ខ្ញុំ និងពេញប្រៀបទៅដោយសិរីល្អរបស់ខ្ញុំ។ ដំបូងឡើយ អ័ដាមកើតចេញពីស្នាព្រះហស្ដរបស់ខ្ញុំ ហើយជារូបអង្គតំណាងរបស់ខ្ញុំ។ ហេតុនេះ អត្ថន័យដំបូងរបស់ «អ័ដាម» គឺជាភាវៈមួយដែលខ្ញុំបានបង្កើតឡើង ពោរពេញទៅដោយអនុភាពជីវិតរបស់ខ្ញុំ ជ្រួតជ្រាបទៅដោយសិរីល្អរបស់ខ្ញុំ មានទម្រង់និងរូបអង្គ ហើយមានព្រលឹង និងខ្យល់ដង្ហើម។ គាត់ជាសភាវៈដែលបានបង្កើតមកតែមួយគត់ ដែលមានព្រលឹង មានសមត្ថភាពតំណាងឱ្យខ្ញុំបាន អាចមានរូបអង្គរបស់ខ្ញុំបាន និងអាចទទួលបានខ្យល់ដង្ហើមជីវិតរបស់ខ្ញុំ។ កាលដើមដំបូងឡើយ អេវ៉ា គឺជាមនុស្សទីពីរដែលទទួលបានការប្រទានខ្យល់ដង្ហើមជីវិត ជាស្នាព្រះហស្ដដែលខ្ញុំបានបង្កើតឡើង។ ដូចនេះ អត្ថន័យរបស់ «អេវ៉ា» គឺជាសភាវៈដែលបានបង្កើតឡើង ដែលនឹងបន្តសិរីល្អរបស់ខ្ញុំ និងពេញទៅដោយភាពក្លៀវក្លារបស់ខ្ញុំ ព្រមទាំងទទួលបាននូវការប្រទានសិរីល្អរបស់ខ្ញុំផង។ អេវ៉ាកើតចេញពីអ័ដាម ដូចនេះ នាងក៏មានរូបអង្គរបស់ខ្ញុំដែរ ដ្បិតនាងជាមនុស្សទីពីរដែលត្រូវបានបង្កើតឡើងក្នុងរូបអង្គរបស់ខ្ញុំ។ អត្ថន័យដើមរបស់ «អេវ៉ា» គឺជាមនុស្សរស់ ដែលមានព្រលឹង សាច់ឈាម និងឆ្អឹង ជាទីបន្ទាល់ទីពីររបស់ខ្ញុំ ក៏ដូចជារូបអង្គទីពីររបស់ខ្ញុំក្នុងចំណោមមនុស្សជាតិដែរ។ ពួកគេជាដូនតារបស់មនុស្សជាតិ ជាសម្បត្តិដ៏ល្អបរិសុទ្ធ និងមានតម្លៃរបស់មនុស្ស ហើយពីដំបូងឡើយ គេជាភាវៈមានជីវិត ដែលត្រូវបានប្រទានព្រលឹងឱ្យ។ ក៏ប៉ុន្តែ មេកំណាចបានជាន់ឈ្លី និងចាប់កូនចៅនៃដូនតារបស់មនុស្សជាតិជាឈ្លើយ ដោយទម្លាក់ពិភពមនុស្សទៅក្នុងភាពងងឹតសូន្យសុង និងធ្វើឱ្យពិភពនេះប្រែទៅជាបែបនេះ ដើម្បីឱ្យកូនចៅគេលែងជឿលើវត្តមានរបស់ខ្ញុំទៀត។ អ្វីដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៀតនោះគឺថា មេកំណាចមិនត្រឹមតែធ្វើឱ្យមនុស្សពុករលួយ និងជាន់ឈ្លីលើពួកគេនោះទេ វាសាហាវឃោឃៅដោយដណ្ដើមយកសិរីល្អរបស់ខ្ញុំ ទីបន្ទាល់របស់ខ្ញុំ សេចក្តីក្លៀវក្លាដែលខ្ញុំបានប្រទានដល់ពួកគេ ខ្យល់ដង្ហើម និងជីវិតដែលខ្ញុំបានផ្លុំបញ្ចូលទៅឱ្យពួកគេ គ្រប់ទាំងសិរីល្អរបស់ខ្ញុំនៅក្នុងពិភពមនុស្ស និងគ្រប់ទាំងឈាមនៅក្នុងបេះដូងដែលខ្ញុំបានលះបង់ទៅលើមនុស្សជាតិផង។ មនុស្សជាតិលែងស្ថិតនៅក្នុងពន្លឺទៀតហើយ មនុស្សបានបាត់បង់អ្វីគ្រប់យ៉ាងដែលខ្ញុំបានប្រទានដល់ពួកគេ ហើយពួកគេបានលះបង់សិរីល្អដែលខ្ញុំបានប្រទានឱ្យពួកគេនោះ។ តើពួកគេអាចទទួលស្គាល់ថាខ្ញុំជាព្រះអម្ចាស់នៃភាវៈទាំងអស់ដែលបានបង្កើតមកដោយរបៀបណា? តើពួកគេអាចបន្តជឿលើវត្តមានរបស់ខ្ញុំនៅស្ថានសួគ៌បានដោយរបៀបណា? តើពួកគេអាចស្វែងរកការសម្ដែងចេញនូវសិរីល្អរបស់ខ្ញុំនៅលើផែនដីនេះបានដោយរបៀបណា? តើចៅប្រុស និងចៅស្រីទាំងអស់នេះ អាចទទួលយកព្រះជាម្ចាស់ ដែលដូនតារបស់ពួកគេគោរពបូជា ជាព្រអម្ចាស់ដែលបង្កើតគេមកនោះ បានដោយរបៀបណា? ចៅប្រុស និងចៅស្រីដ៏គួរឱ្យអាណិតទាំងអស់នេះ បាន «ផ្ដល់ជូន» ដោយសុទ្ធចិត្តនូវសិរីល្អ រូបអង្គ និងទីបន្ទាល់ដែលខ្ញុំបានប្រទានដល់អ័ដាមនិងអេវ៉ា ក៏ដូចជាជីវិតដែលខ្ញុំបានប្រទានដល់មនុស្សជាតិ ដែលពួកគេត្រូវការដើម្បីរស់រាននោះ ទៅឱ្យមេកំំណាច។ ហើយពួកគេមិនបានចាប់ភ្លឹកទាល់តែសោះចំពោះវត្តមានរបស់មេកំណាច ហើយបានផ្ដល់សិរីល្អទាំងអស់របស់ខ្ញុំ ទៅឱ្យវា។ តើនេះមិនមែនជាប្រភព នៃងារជា «មនុស្សថោកទាប» ទេឬអី? តើមនុស្សបែបនេះ អារក្សកំណាចបែបនេះ សាកសពចេះដើរបែបនេះ រូបតំណាងរបស់សាតាំងបែបនេះ សត្រូវរបស់ខ្ញុំបែបនេះ អាចទទួលបាននូវសិរីល្អរបស់ខ្ញុំដោយរបៀបណា? ខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំមកវិញ យកទីបន្ទាល់របស់ខ្ញុំដែលមាននៅក្នុងចំណោមមនុស្សមកវិញ និងយកអ្វីគ្រប់ទាំងអស់ដែលធ្លាប់ជារបស់ខ្ញុំ និងអ្វីដែលខ្ញុំបានប្រទានទៅឱ្យមនុស្សជាតិជាយូរលង់មកហើយ ខ្ញុំនឹងយកឈ្នះលើមនុស្សជាតិ ឱ្យបានទាំងស្រុង។ ក៏ប៉ុន្តែ អ្នករាល់គ្នាគួរដឹងថា មនុស្សដែលខ្ញុំបានបង្កើតមក គឺជាមនុស្សដែលមានរូបអង្គរបស់ខ្ញុំ និងមានសិរីល្អរបស់ខ្ញុំ។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់សាតាំងឡើយ ហើយពួកគេក៏មិនមែនជារបស់ដែលត្រូវឱ្យវាជាន់ឈ្លីដែរ ប៉ុន្តែគ្រាន់តែជាការបើកបង្ហាញរបស់ខ្ញុំសុទ្ធសាធ មិនមានដានជាតិពុលរបស់សាតាំងសូម្បីបន្តិច។ ដូចច្នេះហើយ ខ្ញុំប្រាប់មនុស្សថា ខ្ញុំគ្រាន់តែចង់បានអ្វីដែលខ្ញុំបានបង្កើតឡើងដោយព្រះហស្ដរបស់ខ្ញុំតែប៉ុណ្ណោះ ជារបស់បរិសុទ្ធដែលខ្ញុំស្រឡាញ់ និងរបស់ដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់។ បន្ថែមលើនេះ ខ្ញុំនឹងមានសេចក្តីអំណរពីរបស់ទាំងនោះ និងចាត់ទុកវាជាសិរីល្អរបស់ខ្ញុំ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំចង់បាន គឺមិនមែនជាមនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយនោះទេ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់សាតាំងក្នុងពេលសព្វថ្ងៃនេះដែរ ព្រោះនោះលែងជារបស់ដើមដែលខ្ញុំបានបង្កើតឡើងមកទៀតហើយ។ ដោយសារខ្ញុំមានបំណងចង់យកមកវិញនូវសិរីល្អរបស់ខ្ញុំដែលមាននៅក្នុងពិភពមនុស្ស ខ្ញុំត្រូវយកឈ្នះលើអ្នកនៅរស់ក្នុងចំណោមមនុស្សជាតិឱ្យបានទាំងស្រុង ជាសេចក្តីសម្អាងនៃសិរីល្អរបស់ខ្ញុំនៅក្នុងការយកឈ្នះលើសាតាំង។ ខ្ញុំគ្រាន់តែយកទីបន្ទាល់របស់ខ្ញុំមកវិញប៉ុណ្ណោះ ជារូបអង្គផ្ទាល់របស់ខ្ញុំដែលថ្លាដូចកញ្ចក់ ជារបស់ដែលខ្ញុំត្រេកអរ។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំ។
ប្រវត្តិសាស្រ្តមនុស្សជាតិត្រូវការពេលរាប់សិបពាន់ឆ្នាំទម្រាំមកដល់ពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែ មនុស្សជាតិដែលខ្ញុំបានបង្កើតតាំងពីដើមដំបូងមក បានលិចចូលទៅក្នុងភាពចុះអន់ថយជាយូរលង់មកហើយ។ មនុស្សជាតិលែងជាមនុស្សដែលខ្ញុំចង់បានទៀតហើយ ហេតុនេះ នៅក្នុងព្រះនេត្ររបស់ខ្ញុំ មនុស្សលែងស័ក្តិសមនឹងទទួលឈ្មោះជាមនុស្សជាតិទៀតហើយ។ ផ្ទុយទៅវិញ ពួកគេជាមនុស្សជាតិថោកទាបដែលសាតាំងបានចាប់ជាឈ្លើយ ជាសាកសពរលួយស្អុយដែលចេះដើរ ដែលសាតាំងចូលសណ្ឋិត និងដែលសាតាំងយកធ្វើជាសម្លៀកបំពាក់របស់វា។ មនុស្សគ្មានទំនុកចិត្តលើវត្តមានរបស់ខ្ញុំទេ ហើយពួកគេមិនស្វាគមន៍ចំពោះការយាងត្រឡប់មកវិញរបស់ខ្ញុំឡើយ។ មនុស្សជាតិគ្រាន់តែឆ្លើយតបទៅនឹងសំណើរបស់ខ្ញុំ ដោយសេចក្តីច្រណែនឈ្នានីស ដោយយល់ព្រមជាបណ្ដោះអាសន្នចំពោះសំណើទាំងនោះ តែមិនបានរួមសុខទុក្ខជាមួយខ្ញុំនៅក្នុងជីវិតដោយសេចក្ដីស្មោះត្រង់ឡើយ។ ដោយសារមនុស្សគិតថា គេមិនអាចយល់ពីខ្ញុំបាន ពួកគេញញឹមដោយសេចក្តីឈ្នានីស អត្តចរិតរបស់ពួកគេត្រេកអរចំពោះអ្នកដែលមានអំណាច ដ្បិតមនុស្សពុំមានចំណេះដឹងអំពីកិច្ចការរបស់ខ្ញុំឡើយ ហើយកាន់តែមិនដឹងបំណងព្រះហឫទ័យរបស់ខ្ញុំក្នុងពេលសព្វថ្ងៃនេះទៀត។ ខ្ញុំនឹងនិយាយដោយត្រង់ចំពោះអ្នករាល់គ្នា៖ នៅពេលថ្ងៃនោះបានមកដល់ ទុក្ខសោករបស់មនុស្សដែលថ្វាយបង្គំខ្ញុំ នឹងបានធូរស្បើយជាងទុក្ខសោករបស់អ្នករាល់គ្នា។ កម្រិតនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ តាមពិតទៅ មិនលើសពីសេចក្តីជំនឿរបស់យ៉ូបឡើយ បើទោះបីជាសេចក្តីជំនឿរបស់ពួកផារិស៊ីនៃសាសន៍យូដា ក៏លើសពីសេចក្តីជំនឿរបស់អ្នករាល់គ្នាដែរ។ ដូច្នេះហើយ ប្រសិនបើថ្ងៃដែលភ្លើងធ្លាក់មក ទុក្ខសោករបស់អ្នករាល់គ្នានឹងកាន់តែធ្ងន់ធ្ងរជាងទុក្ខសោករបស់ពួកផារិស៊ី នៅពេលដែលព្រះយេស៊ូវ បានស្ទីបន្ទោសឱ្យ ហើយក៏ខ្លាំងជាងពួកមេដឹកនាំទាំង ២៥០ នាក់ ដែលប្រឆាំងទាស់នឹងម៉ូសេ និងខ្លាំងជាងក្រុងសូដូមដែលត្រូវបំផ្លិចបំផ្លាញដោយអណ្ដាតភ្លើងដែលឆេះរោលរាលនោះទៅទៀត។ នៅពេលដែលម៉ូសេវាយថ្ម ទឹកដែលព្រះយេហូវ៉ាបានប្រទានឱ្យ ក៏ហូរចេញមក នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលដាវីឌលេងស៊ុងដោយមានដួងចិត្តពោរពេញដោយសេចក្តីអរសប្បាយដើម្បីសរសើរតម្កើងខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ចេញដំបៅខ្ទុះពេញទាំងខ្លួនផង នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលគាត់អាចឱ្យគេឆ្កាងគាត់ទៅនឹងឈើឆ្កាង នោះក៏ព្រោះតែព្រះនាមរបស់ខ្ញុំដែរ ហើយការដែលគាត់អាចធ្វើបន្ទាល់ដ៏មានសិរីល្អ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូហានបានឃើញពីរូបអង្គប្រកបដោយសិរីល្អរបស់បុត្រមនុស្ស នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់បានឃើញពីនិមិត្តនៃគ្រាចុងក្រោយ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ មូលហេតុដែលក្រុមមនុស្សនៃជាតិសាសន៍ដទៃ បានទទួលការបើកសម្ដែងរបស់ខ្ញុំ និងបានដឹងថា ខ្ញុំបានយាងត្រឡប់ជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្ស នោះក៏ព្រោះតែសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណាដែលត្រូវបន្ទូលមិនពីរោះស្ដាប់របស់ខ្ញុំលត់ដំ អ្នកនោះនឹងបានធូរស្បើយក្នុងចិត្ត ព្រមទាំងទទួលបានការសង្គ្រោះផង។ តើពួកគេមិនមែនធ្វើបែបនេះដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? អស់អ្នកណាដែលជឿលើខ្ញុំ តែមិនទាន់បានរងទុក្ខលំបាក តើពួកគេមិនត្រូវពិភពលោកនេះបដិសេធចោលទេឬអី? អស់អ្នកណាដែលរស់នៅក្រៅព្រះបន្ទូលរបស់ខ្ញុំ ដោយគេចចេញពីការរងទុក្ខនៃការល្បងល តើពួកគេមិនមែនកំពុងរសាត់អណ្ដែតនៅក្នុងពិភពលោកនេះទេឬអី? ពួកគេស្រដៀងគ្នានឹងស្លឹកឈើនាសរទរដូវដែរ ដែលបក់រវិចម្តងទៅនេះ ម្តងទៅនោះ គ្មានពេលឈប់ ហើយបន្ទូលរបស់ខ្ញុំក៏មិនអាចឱ្យគេបានធូរស្បើយក្នុងចិត្តដែរ។ បើទោះបីជាការកាត់ទោស និងការបន្សុទ្ធរបស់ខ្ញុំ ពុំធ្វើតាមពួកគេក៏ពិតមែន ប៉ុន្តែតើពួកគេមិនដូចជាអ្នកសុំទាន ដែលរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ ដោយដើរតាមផ្លូវនានានៅខាងក្រៅនគរស្ថានសួគ៌ទេឬអី? តើពិភពលោកនេះ គឺជាកន្លែងសម្រាប់អ្នកឈប់សម្រាកមែនទេ? តាមរយៈការគេចវេសពីការកាត់ទោសរបស់ខ្ញុំ តើអ្នកពិតជាអាចទទួលបាននូវស្នាមញញឹមនៃការពេញចិត្តចំពោះពិភពលោកនេះដែរឬទេ? តើអ្នកពិតជាអាចប្រើសេចក្តីរីករាយដ៏ខ្លីរបស់អ្នកដើម្បីលាក់បាំងនូវភាពទទេស្អាតនៅក្នុងដួងចិត្តរបស់អ្នក ជាភាពទទេស្អាតដែលមិនអាចលាក់បាំងបាននេះ បានដែរឬទេ? អ្នកអាចបោកបញ្ឆោតមនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នកបាន ប៉ុន្តែអ្នកមិនអាចបោកប្រាស់ខ្ញុំបានឡើយ។ ដោយសារសេចក្តីជំនឿរបស់អ្នកស្ដួចស្ដើងខ្លាំងពេក មកទល់សព្វថ្ងៃនេះ អ្នកនៅតែគ្មានអំណាច ដើម្បីស្វែងរកជីវិតស្រស់បំព្រងដែលគួរទទួលបានដដែល។ ខ្ញុំទទូចដល់អ្នកចុះ៖ យកល្អគួរចំណាយពេលពាក់កណ្ដាលជីវិតរបស់អ្នកដោយការស្មោះត្រង់ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ ជាជាងចំណាយពេលពេញមួយជីវិតនៅក្នុងភាពថ្លៃថ្នូរ និងការងាររវល់ដើម្បីតែខាងសាច់ឈាម ដោយតស៊ូឆ្លងកាត់ទុក្ខសោកទាំងអស់ដែលមនុស្សកម្រនឹងអាចតស៊ូអត់ទ្រាំបាន។ តើមានគោលបំណងអ្វីដែលត្រូវទុកទ្រព្យសម្បត្តិឱ្យខ្លួនអ្នកច្រើនដល់ម្ល៉េះ ហើយគេចចេញពីការវាយផ្ចាលរបស់ខ្ញុំនោះ? តើមានគោលបំណងអ្វីដែលត្រូវលាក់បាំងខ្លួនអ្នកពីការវាយផ្ចាលត្រឹមមួយពេលរបស់ខ្ញុំ ដោយគ្រាន់តែចង់បានការអាម៉ាស់ និងការវាយផ្ចាលដ៏អស់កល្បជានិច្ចនោះវិញ? តាមពិត ខ្ញុំមិនបានពត់នរណាម្នាក់ទៅតាមបំណងព្រះហឫទ័យរបស់ខ្ញុំទេ។ ប្រសិនបើមាននរណាម្នាក់ពិតជាសុខចិត្តចុះចូលនឹង ផែនការទាំងអស់របស់ខ្ញុំមែន នោះខ្ញុំនឹងមិនធ្វើដាក់ពួកគេ អាក្រក់ពេកទេ។ ប៉ុន្តែ ខ្ញុំត្រូវការឱ្យមនុស្សទាំងអស់ជឿលើខ្ញុំ ដូចជាយ៉ូបជឿលើខ្ញុំដ៏ជាព្រះយេហូវ៉ាដែរ។ ប្រសិនបើសេចក្តីជំនឿរបស់អ្នកលើសពីសេចក្តីជំនឿរបស់ថូម៉ាស់ នោះសេចក្តីជំនឿរបស់អ្នករាល់គ្នានឹងទទួលបានការកោតសរសើរអំពីខ្ញុំចំពោះភាពស្មោះត្រង់របស់អ្នករាល់គ្នា អ្នកនឹងរកឃើញ សិរីល្អរបស់ខ្ញុំ ហើយអ្នកនឹងប្រាកដជាឃើញសិរីល្អរបស់ខ្ញុំនៅក្នុងសម័យរបស់អ្នករាល់គ្នាមិនខាន។ ក៏ប៉ុន្តែ មនុស្សដែលជឿលើពិភពលោកនេះ និងជឿលើអារក្ស បានធ្វើឱ្យចិត្តរបស់គេរឹងដូចដែក ដូចជាហ្វូងមនុស្សនៃទីក្រុងសូដុម ដែលត្រូវគ្រាប់ខ្សាច់បក់ចូលភ្នែក និងមានគ្រឿងតង្វាយពីពួកអារក្សនៅក្នុងមាត់របស់ពួកគេ ដែលចិត្តគំនិតមោហ៍បាំងរបស់ពួកគេ ត្រូវបានមេកំណាចដែលបានដណ្ដើមពិភពលោកនេះ គ្រប់គ្រងមកជាយូរយកហើយ។ គំនិតរបស់ពួកគេ ស្ទើរតែធ្លាក់ជាឈ្លើយទាំងស្រុងទៅក្នុងដៃរបស់ពួកអារក្សនៃសម័យមុន។ ដូច្នេះហើយ សេចក្តីជំនឿរបស់មនុស្សជាតិ បានរសាត់ទៅបាត់តាមខ្យល់ ហើយពួកគេមិនអាចកត់សម្គាល់ឃើញសូម្បីតែកិច្ចការរបស់ខ្ញុំក៏ដោយ។ អ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន គឺខិតខំប្រឹងប្រែងទាំងឥតកម្លាំងដើម្បីបំពេញកិច្ចការរបស់ខ្ញុំដោយបង្គ្រប់កិច្ច ឬដោយវិភាគកិច្ចការនោះច្បោលៗប៉ុណ្ណោះ ដ្បិតពួកគេត្រូវជោគជាំដោយថ្នាំពុលរបស់សាតាំងជាយូរមកហើយ។
ខ្ញុំនឹងយកឈ្នះលើមនុស្សជាតិ ដោយសារខ្ញុំបង្កើតមនុស្សមក ហើយថែមទាំងបានសោយសុខនឹងរបស់ជាច្រើនសន្ធឹកសន្ធាប់ដែលខ្ញុំបានបង្កើតមកផង។ ប៉ុន្តែមនុស្សក៏បានបដិសេធខ្ញុំវិញដែរ។ ខ្ញុំបាត់ចេញពីក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេគិតថា ខ្ញុំជាអម្រែកនៅក្នុងការរស់នៅរបស់ពួកគេ ដល់ថ្នាក់សូម្បីតែពួកគេបានឃើញខ្ញុំហើយ ក៏ពួកគេនៅតែបដិសេធខ្ញុំទៀត ហើយប្រឹងប្រើខួររបស់ពួកគេ គិតរកវិធីអ្វីដែលអាចយកឈ្នះលើខ្ញុំបាន។ មនុស្សមិនព្រមឱ្យខ្ញុំប្រព្រឹត្តតឹងតែងដាក់ពួកគេទេ ឬមិនចង់ឱ្យខ្ញុំទាមទារអ្វីខ្លាំងពីពួកគេពេកនោះទេ ហើយពួកគេ ក៏មិនព្រមឱ្យខ្ញុំវិនិច្ឆ័យ ឬវាយផ្ចាលសេចក្តីទុច្ចរិតរបស់ពួកគេដែរ។ ពួកគេបែរជា មិនចាប់អារម្មណ៍លើរឿងនេះ និងគិតថារឿងនេះគួរឱ្យធុញទ្រាន់ទៅវិញ។ ដូច្នេះហើយ កិច្ចការរបស់ខ្ញុំ គឺត្រូវយកមនុស្សជាតិដែលហូប ផឹក និងអរសប្បាយក្នុងកិច្ចការរបស់ខ្ញុំ តែមិនស្គាល់ខ្ញុំ ហើយត្រូវយកឈ្នះលើពួកគេ។ ខ្ញុំនឹងដោះគ្រឿងសាស្ត្រាវុធចេញពីមនុស្ស ហើយបន្ទាប់មក ខ្ញុំនឹងយាងត្រឡប់ទៅកាន់ទីសំណាក់របស់ខ្ញុំវិញ ដោយនាំយកពួកទេវតា និងសិរីល្អរបស់ខ្ញុំទៅជាមយយ។ ដ្បិតសកម្មភាពរបស់មនុស្ស បានធ្វើឱ្យខ្ញុំខកព្រះទ័យជាយូរមកហើយ ហើយធ្វើឱ្យកិច្ចការរបស់ខ្ញុំបែកខ្ញែកជាចំណែកតូចៗអស់។ ខ្ញុំមានបំណងចង់យកសិរីល្អរបស់ខ្ញុំដែលមេកំណាចបានយកទៅជាយូរមកហើយនោះត្រឡប់មកវិញ មុនពេលដែលខ្ញុំយាងដើរចេញដោយព្រះទ័យត្រេកអរ ដោយទុកឱ្យមនុស្សបន្តរស់នៅក្នុងជីវិតរបស់ពួកគេ បន្ត «រស់នៅនិងធ្វើការក្នុងសុខសន្តិភាព និងសេចក្តីសប្បាយរីករាយ» បន្ត «ភ្ជួររាស់ដាំដុះលើដីស្រែចម្ការពួកគេ» ទៀត ហើយខ្ញុំនឹងលែងជ្រៀតជ្រែកជីវិតរបស់ពួកគេទៀតហើយ។ ប៉ុន្តែ សព្វថ្ងៃនេះ ខ្ញុំមានបំណងចង់យកសិរីល្អរបស់ខ្ញុំពីដៃរបស់មេកំណាចមកវិញទាំងស្រុង ចង់យកសិរីល្អដែលខ្ញុំប្រទានទៅឱ្យមនុស្ស នៅពេលខ្ញុំបង្កើតពិភពលោកនេះមកវិញទាំងស្រុង។ ខ្ញុំនឹងមិនប្រទានសិរីល្អនេះដល់ពូជមនុស្សនៅលើផែនដីជាថ្មីឡើយ។ ដ្បិតមនុស្សមិនត្រឹមតែមិនបានថែរក្សាសិរីល្អរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានផ្លាស់ប្តូរវាទៅជារូបរបស់សាតាំងទៀតផង។ មនុស្សពុំអរសប្បាយ នឹងការមកដល់របស់ខ្ញុំទេ ហើយពួកគេពុំឱ្យតម្លៃលើថ្ងៃនៃសិរីល្អរបស់ខ្ញុំឡើយ។ ពួកគេមិនអរសប្បាយនឹងទទួលនូវការវាយផ្ចាលរបស់ខ្ញុំទេ ពួកគេក៏មិនសុខចិត្តត្រឡប់មករកសិរីល្អរបស់ខ្ញុំនៅចំពោះព្រះភក្ត្រខ្ញុំដែរ ហើយពួកគេក៏មិនសុខចិត្តបន្សាបថ្នាំពុលរបស់មេកំណាចដែរ។ មនុស្សបន្តបោកបញ្ឆោតខ្ញុំតាមវិធីចាស់ៗដដែល មនុស្សនៅបន្តពាក់មុខញញឹមពព្រាយ និងសប្បាយរីករាយ តាមរបៀបចាស់ៗដដែល។ ពួកគេពុំបានដឹងអំពីជម្រៅនៃភាពងងឹត ដែលនឹងចុះមកលើមនុស្សជាតិក្រោយពេលសិរីល្អរបស់ខ្ញុំចាកចេញទៅនោះទេ។ ជាពិសេស ពួកគេពុំបានដឹងថា នៅថ្ងៃដែលខ្ញុំចុះមកក្នុងចំណោមមនុស្សជាតិទាំងមូល នោះពួកគេនឹងកាន់តែលំបាក ជាងមនុស្សនៅក្នុងសម័យ ណូអេ ទៅទៀត ដ្បិតពួកគេពុំបានដឹងថា តើប្រទេសអ៊ីស្រាអែលទៅជាងងឹតដោយបែបណានោះទេ នៅពេលដែលសិរីល្អរបស់ខ្ញុំបានចេញផុតពីទីនោះ ដ្បិតនៅពេលថ្ងៃរះ មនុស្សភ្លេចថាការដើរក្នុងយប់ងងឹតសូន្យសុងនោះ ពិបាកយ៉ាងណាហើយ។ នៅពេលព្រះអាទិត្យលិចបាត់ទៅវិញជាថ្មីម្ដងទៀត ហើយនៅពេលភាពអន្ធកាចុះមកគ្របដណ្ដប់លើមនុស្សជាថ្មី គេនឹងទួញសោក និងសង្កៀតធ្មេញម្ដងទៀតនៅក្នុងភាពងងឹត។ តើអ្នករាល់គ្នាបានភ្លេចថា ពួកសាសន៍អ៊ីស្រាអែលត្រូវរងទុក្ខក្នុងសម័យនោះដោយបែបណាហើយមែនទេ នៅពេលដែលសិរីល្អរបស់ខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលទៅ? បច្ចុប្បន្ននេះ គឺជាពេលដែលអ្នករាល់គ្នាត្រូវឃើញពីសិរីល្អរបស់ខ្ញុំ ហើយក៏ជាពេលដែលអ្នករាល់គ្នារួមរស់ក្នុងថ្ងៃនៃសិរីល្អរបស់ខ្ញុំដែរ។ មនុស្សនឹងទួញសោកនៅពាក់កណ្ដាលយប់ នៅពេលដែលសិរីល្អរបស់ខ្ញុំចាកចេញពីដីដ៏ស្មោកគ្រោកនេះ។ បច្ចុប្បន្ននេះគឺជាថ្ងៃនៃសិរីល្អ ជាពេលដែលខ្ញុំបំពេញកិច្ចរបស់ខ្ញុំ ហើយជាថ្ងៃដែលខ្ញុំធ្វើឱ្យមនុស្សជាតិគេចផុតពីការរងទុក្ខវេទនា ដ្បិតខ្ញុំនឹងមិនចែករំលែកពេលវេលាទុក្ខទារុណ និងទុក្ខសោកនេះជាមួយពួកគេឡើយ។ ខ្ញុំគ្រាន់តែចង់យកឈ្នះលើមនុស្សជាតិ និងយកឈ្នះលើពួកមេកំណាចរបស់មនុស្សជាតិឱ្យបានទាំងស្រុងប៉ុណ្ណោះ។