១៨. គ្រោះថ្នាក់ដែលបណ្ដាលមកពីការយល់ច្រឡំ និងការហួងហែងរបស់ខ្ញុំ

ពេលមួយ អ្នកដឹកនាំរបស់ពួកយើងបានបាត់បង់តួនាទីរបស់គាត់ ដោយសារតែគាត់មិនតាមរកសេចក្ដីពិត ឬបំពេញកិច្ចការជាក់ស្ដែង ហើយបងប្អូនប្រុសស្រីដទៃទៀតបានជ្រើសតាំងខ្ញុំឱ្យជំនួសតួនាទីរបស់គាត់។ លទ្ធផលនៃការបោះឆ្នោតបានធ្វើឱ្យខ្ញុំព្រួយបារម្ភ។ ការក្លាយជាអ្នកដឹកនាំតម្រូវឱ្យមានការយល់ពីសេចក្ដីពិត និងសមត្ថភាពដោះស្រាយការលំបាករបស់អ្នកដទៃនៅក្នុងច្រកចូលទៅក្នុងជីវិតរបស់ពួកគេ។ វាក៏មានន័យថា ជាការទទួលបន្ទុក និងបំពេញកិច្ចការជាក់ស្ដែងផងដែរ។ ខ្ញុំបានបំពេញតួនាទីជាអ្នកដឹកនាំពីរបីលើករួចមកហើយកាលពីមុន ប៉ុន្តែទីបញ្ចប់ ខ្ញុំតែងតែត្រូវបានផ្លាស់ប្ដូរចេញ ដោយសារតែខ្ញុំតាមរកកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយមិនអាចបំពេញកិច្ចការជាក់ស្ដែងបាន។ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំមិនបំពេញការងាររបស់ខ្ញុំឱ្យបានល្អទេនៅពេលនេះ ក្រៅពីបង្អាក់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងច្រកចូលទៅក្នុងជីវិតរបស់សមាជិកក្រុមជំនុំ យ៉ាងហោចណាស់ ក៏ខ្ញុំត្រូវបានបណ្ដេញចេញដែរ ហើយបើអាក្រក់បំផុត នោះខ្ញុំអាចត្រូវបានលាតត្រដាង និងលុបបំបាត់ផង។ ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការក្លាយជាអ្នកដឹកនាំម្ដងទៀត ក្នុងការស្វែងរកឋានៈខ្ពស់ជាងនេះឡើយ។ ខ្ញុំគ្រាន់តែចង់បន្តបន្ទាបខ្លួន និងបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងសមរម្យប៉ុណ្ណោះ។ ដូច្នេះខ្ញុំបានបដិសេធតួនាទីនោះ ដោយនិយាយថា «ទេ ខ្ញុំគ្មានសមត្ថភាពទេ» និងបានគិតឃើញការដោះសាគ្រប់ប្រភេទ។ ខ្ញុំមានអារម្មណ៍ជឿជាក់ថា នោះគឺជារឿងសមហេតុផល និងស្គាល់ខ្លួនឯង ប៉ុន្តែមានតែតាមរយៈការប្រកបគ្នាជាបន្តបន្ទាប់ជាមួយបងប្អូនប្រុសស្រីប៉ុណ្ណោះ ទើបខ្ញុំដឹងថាភាពស្ទាក់ស្ទើររបស់ខ្ញុំក្នុងការទទួលយកតួនាទីដឹកនាំ គឺដោយសារតែខ្ញុំស្ថិតនៅក្រោមការត្រួតត្រានៃថ្នាំពុលរបស់សាតាំង ដូចជា «មនុស្សមាឌកាន់តែធំ ធ្លាក់មកកាន់តែឈឺ» និង «មនុស្សមានឋានៈខ្ពស់ជាងគេ ឯកោណាស់។» ខ្ញុំមានអារម្មណ៍ហាក់ដូចជាការក្លាយជាអ្នកដឹកនាំគួរឱ្យគ្រោះថ្នាក់អ៊ីចឹង ថាវានឹងធ្វើឱ្យខ្ញុំប្រឈមមនឹងហានិភ័យនៃការត្រូវបានលាតត្រដាង និងលុបបំបាត់គ្រប់ពេលវេលា។ ខ្ញុំបានយល់ជាគោលការណ៍ថា ការទទួលយកតួនាទីរបស់ខ្ញុំមិនស្របនឹងសេចក្ដីពិត ហើយខ្ញុំមិនបានទទួលយកភារកិច្ចដឹកនាំឡើយ ប៉ុន្តែខ្ញុំមិនអាចធ្វើឱ្យភាពខ្វល់ខ្វាយដែលហ៊ុំព័ទ្ធជុំវិញភារកិច្ចរបស់ខ្ញុំរង្គោះរង្គើ ដោយសារតែខ្ញុំមិនបានដោះស្រាយសភាពរបស់ខ្ញុំឡើយ។ ខ្ញុំខ្លាចបំពេញភារកិច្ចមិនបានល្អ ហើយត្រូវបានបណ្ដេញចេញ និងលុបបំបាត់ ដូច្នេះខ្ញុំរស់នៅក្នុងស្ថានភាពនៃការហួងហែង និងការយល់ច្រឡំ។ អំឡុងពេលនោះ សភាពរបស់ខ្ញុំគ្រាន់តែបន្តយ៉ាប់ទៅៗប៉ុណ្ណោះ។ ការអធិស្ឋានរបស់ខ្ញុំមិនជំរុញទឹកចិត្តឡើយ ខ្ញុំមិនបានទទួលពន្លឺណាមួយពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយខ្ញុំមិនអាចប្រមូលភាពសាទរណាមួយសម្រាប់ភារកិច្ចរបស់ខ្ញុំឡើយ។ ខ្ញុំកំពុងតែរស់នៅក្នុងភាពវិលវល់ទាំងស្រុង។ ដោយការឈឺចាប់របស់ខ្ញុំ នោះខ្ញុំបានស្រែកទៅរកព្រះជាម្ចាស់ថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំបះបោរណាស់។ ទូលបង្គំមិនអាចចុះចូលបានទេ នៅចំពោះមុខភារកិច្ចនេះ។ សូមទ្រង់ណែនាំទូលបង្គំ អនុញ្ញាតឱ្យទូលបង្គំស្គាល់ខ្លួនឯង និងស្ដាប់បង្គាប់ផង»។

បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើងនឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឲ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះមិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលត់ក្រាប ហើយថាអ្នកដែលមិនមានជំនាញបែបនេះនឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឲ្យអ្នករាល់គ្នាធ្វើឃ្លាតកាន់តែឆ្ងាយពីយើង និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ» («វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការជំនុំជម្រះ និងការបើកសម្ដែង បានបង្កឱ្យចិត្តរបស់ខ្ញុំភ័យខ្លាច ជាពិសេសផ្នែកដែលទ្រង់មានបន្ទូលថា «ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌»។ ព្រះបន្ទូលនោះពិតជាចាក់ដោតខ្ញុំខ្លាំងណាស់។ ស្ថិតក្នុងសភាពនៃការការពារ និងការភាន់ច្រឡំនោះ ខ្ញុំកំពុងតែតតាំង និងប្រមាថព្រះជាម្ចាស់។ ខ្ញុំបានគិតអំពីពេលវេលាទាំងអស់ដែលខ្ញុំត្រូវបានបណ្ដេញចេញពីតួនាទីដឹកនាំ គឺដោយសារតែខ្ញុំមិនបានតាមរកសេចក្ដីពិត ប៉ុន្តែខ្ញុំគ្រាន់តែដេញតាមកេរ្ដិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ដោយព្យាយាមឱ្យមនុស្សស្រឡាញ់ខ្ញុំ និងគោរពខ្ញុំ។ ខ្ញុំស្ថិតនៅលើផ្លូវដែលផ្ទុយនឹងព្រះជាម្ចាស់។ បន្ទាប់ពីត្រូវបានផ្លាស់ចេញពីតួនាទីរបស់ខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានដឹកនាំខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានដឹកនាំខ្ញុំចេញពីបរាជ័យ និងភាពអវិជ្ជមានរបស់ខ្ញុំ។ ហើយសូម្បីតែបន្ទាប់ពីនោះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែប្រទានឱកាសដល់ខ្ញុំដដែល ដើម្បីបន្តបំពេញភារកិច្ចរបស់ខ្ញុំ តាមរកសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់ នៅក្នុងមាគ៌ានៃការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់គ្មានបំណងព្រះហឫទ័យលាតត្រដាង និងលុបបំបាត់ខ្ញុំឡើយ ប៉ុន្តែខ្ញុំពេញដោយសេចក្ដីមន្ទិល និងការសង្ស័យ ដោយគិតថា ព្រះជាម្ចាស់កំពុងតែប្រើប្រាស់ការបម្រើរបស់ខ្ញុំជាអ្នកដឹកនាំ ដើម្បីលាតត្រដាង និងលុបបំបាត់ខ្ញុំ។ នោះគឺជាការយល់ច្រឡំទាំងស្រុងលើព្រះជាម្ចាស់ វាគឺជាការប្រមាថ! ទីបំផុត ការយល់ដឹងបែបនេះបានជំរុញចិត្តដ៏បះបោររបស់ខ្ញុំបន្តិច ហើយខ្ញុំបានឃើញថា ទោះបីជាខ្ញុំត្រូវបានបណ្ដេញចេញពីរបីលើកហើយក៏ដោយ ក៏ខ្ញុំមិនដែលប្រើប្រាស់បទពិសោធន៍ទាំងនោះ ជាឱកាសមួយដើម្បីស្វែងរកសេចក្ដីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ ផ្ទុយទៅវិញ ការយល់ច្រឡំរបស់ខ្ញុំលើព្រះជាម្ចាស់ និងការហួងហែងរបស់ខ្ញុំបានកើនឡើង។ ខ្ញុំពេញដោយកំហុស និងការសោកស្ដាយ។

បន្ទាប់ពីនោះ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត៖ «នៅពេលដែលមនុស្សពុករលួយទទួលបានឋានៈ មិនថាពួកគេជានរណាឡើយ នោះតើពួកគេនឹងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទឬទេ? (បើពួកគេមិនតាមរកសេចក្ដីពិត នោះពួកគេនឹងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែបើពួកគេពិតជាតាមរកសេចក្ដីពិត នោះពួកគេនឹងមិនក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ) ការណ៍នេះមិនប្រាកដទាំងស្រុងឡើយ។ ដូច្នេះ តើអស់អ្នកដែលដើរលើផ្លូវនៃពួកទទឹងនឹងព្រះគ្រីស្ទ ដើរលើផ្លូវនោះដោយសារឋានៈឬ? រឿងនោះកើតឡើងនៅពេលដែលមនុស្សមិនដើរលើផ្លូវដ៏ត្រឹមត្រូវ។ ពួកគេមានផ្លូវដ៏ត្រឹមត្រូវមួយដើម្បីដើរតាម ប៉ុន្តែពួកគេមិនដើរតាមវាឡើយ។ ផ្ទុយទៅវិញ ពួកគេមានះដើរតាមផ្លូវមួយដែលអាក្រក់។ នេះគឺដូចទៅនឹងរបៀបដែលមនុស្សទទួលទានអាហារអ៊ីចឹង៖ មនុស្សមួយចំនួនមិនទទួលទានអាហារដែលអាចចិញ្ចឹមរាងកាយរបស់ពួកគេ និងផ្គត់ផ្គង់អត្ថិភាពធម្មតាឡើយ តែផ្ទុយទៅវិញ ពួកគេមានះទទួលទានអ្វីដែលបង្កគ្រោះថ្នាក់ដល់ពួកគេ ទីបំផុតធ្វើឱ្យខ្លួនឯងកាន់តែយ៉ាប់ទៅៗ។ តើនេះមិនមែនជាជម្រើសផ្ទាល់ខ្លួនរបស់ពួកគេទេឬ? ចុះមនុស្សមួយចំនួនដែលបានបំពេញតួនាទីជាអ្នកដឹកនាំ ហើយក្រោយមកត្រូវបានកម្ចាត់ចេញ ទៅផ្សព្វផ្សាយបែបនេះបែបនោះ យ៉ាងម៉េចទៅវិញ? «កុំក្លាយជាអ្នកដឹកនាំអី ហើយកុំឱ្យខ្លួនឯងទទួលបានឋានៈណាមួយឡើយ។ មនុស្សស្ថិតក្នុងគ្រោះថ្នាក់ នៅនាទីដែលពួកគេទទួលបានឋានៈ ហើយព្រះជាម្ចាស់នឹងលាតត្រដាងពួកគេ! នៅពេលដែលពួកគេត្រូវបានលាតត្រដាង ពួកគេក៏នឹងមិនមានលក្ខណៈសម្បត្តិក្នុងការក្លាយជាអ្នកជឿធម្មតាទៀតផង ហើយនឹងលែងមានឱកាសណាមួយទៀតហើយ»។ តើរឿងប្រភេទនោះ ត្រូវហៅថាជាអ្វីវិញ? ចំណុចល្អរបស់វានោះគឺ វាតំណាងឱ្យការយល់ច្រឡំលើព្រះជាម្ចាស់។ ចំណែកចំណុចអាក្រក់វិញគឺ វាជាការប្រមាថព្រះជាម្ចាស់។ បើអ្នកមិនដើរលើផ្លូវត្រឹមត្រូវទេ ចូរកុំតាមរកសេចក្ដីពិត ហើយចូរកុំដើរតាមផ្លូវរបស់ព្រះជាម្ចាស់ឡើយ តែផ្ទុយទៅវិញ អ្នកមានះទៅតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយទីបញ្ចប់ ត្រូវដើរលើផ្លូវរបស់ប៉ុល ដែលទីបំផុតត្រូវជួបលទ្ធផលដូចគ្នា ការបញ្ចប់ដូចប៉ុល ដោយនៅតែស្ដីបន្ទោសព្រះជាម្ចាស់ និងវិនិច្ឆ័យព្រះជាម្ចាស់ថាមិនសុចរិត ដូច្នេះ តើអ្នកមិនមែនជាគំរូពិតនៃពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ឥរិយាបថបែបនេះ ត្រូវបានដាក់បណ្ដាសារ!» («ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន មនុស្សម្នាក់ត្រូវតែមានមាគ៌ានៃការអនុវត្តដ៏ជាក់លាក់មួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ បានបង្ហាញខ្ញុំថា នៅពេលដែលមនុស្សដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានលុបបំបាត់ចោល គឺមិនមែនដោយសារពួកគេត្រូវបានបំផ្លាញដោយអន្ទាក់នៃឋានៈឡើយ។ វាបានចាក់ឫសគល់នៅក្នុងបរាជ័យក្នុងការតាមរកសេចក្ដីពិត។ វាបានចាក់ឫសគល់នៅក្នុងការតាមរកឥតឈប់ឈរនូវកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ នៅក្នុងការសម្ញែង និងការចង់ឱ្យគេសរសើរ ជួនកាលដល់ចំណុចនៃការប្រព្រឹត្តអាក្រក់ និងរារាំងកិច្ចការរបស់ក្រុមជំនុំទៀតផង។ បើពិនិត្យឱ្យដិតដល់ទៅ ខ្ញុំបានឃើញថា បរាជ័យរបស់ខ្ញុំកាលពីមុនមិនមែនដោយ សារតែតួនាទីរបស់ខ្ញុំឡើយ ប៉ុន្តែដោយសារតែខ្ញុំមាននិស្ស័យក្រអឺតក្រទម និងមិនតាមរកសេចក្ដីពិតនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ផ្ទុយទៅវិញ ខ្ញុំបានតាមរកកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយមិនប្រកាន់ខ្ជាប់យ៉ាងសមរម្យនូវភារកិច្ចរបស់ខ្ញុំឡើយ។ បងប្អូនប្រុសស្រីដទៃទៀតជាច្រើនមានតួនាទីជាអ្នកដឹកនាំដែរ ប៉ុន្តែពួកគេដើរលើមាគ៌ាដ៏ត្រឹមត្រូវ។ ពួកគេបានផ្ដោតលើការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯង នៅពេលដែលពួកគេបើកសម្ដែងសេចក្ដីពុករលួយ ឆ្លងកាត់បទពិសោធន៍បរាជ័យ ឬប្រព្រឹត្តអំពើរំលង។ ពួកគេបានផ្ដោតលើការស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយផ្ទាល់ខ្លួន ផ្ដោតលើការធ្វើអ្វីដែលស្របនឹងគោលការណ៍សេចក្ដីពិត។ ពួកគេក៏ទទួលបានជោគជ័យកាន់តែច្រើនជាបន្តបន្ទាប់ផងដែរ នៅក្នុងកិច្ចការរបស់ពួកគេ។ ការមានឋានៈពិតជាបង្ហាញពីធាតុពិតរបស់មនុស្សម្នាក់។ ដ្បិតមនុស្សម្នាក់ដែលតាមរកសេចក្ដីពិត មិនថាពួកគេមានតួនាទីខ្ពង់ខ្ពស់បែបណាឡើយ ពួកគេនឹងមិនត្រូវបាននាំឱ្យប្រព្រឹត្តអាក្រក់ឡើយ ប៉ុន្តែចំពោះអស់អ្នកដែលមិនតាមរកសេចក្ដីពិត ពួកគេនឹងត្រូវបានលុបបំបាត់នៅទីបំផុត ប្រសិនបើពួកគេមិនមានអំណាច។ ការទទួលបានការយល់ដឹងពីរឿងទាំងអស់នេះក៏បានជួយឱ្យខ្ញុំដឹងពីមូលហេតុដែលខ្ញុំរឹងទទឹងចំពោះការត្រូវបានជ្រើសរើសជាអ្នកដឹកនាំ និងពីមូលហេតុដែលខ្ញុំដោះសាមិនទទួលយកតួនាទីនោះផងដែរ។ បញ្ហាចម្បងគឺដោយសាតែបន្ទាប់ពីត្រូវបានបណ្ដេញចេញពីរបីលើករួចហើយ ខ្ញុំនៅតែមិនតាមរកសេចក្ដីពិត ឬឆ្លុះបញ្ចាំងពីឫសគល់នៃភាពបរាជ័យដដែល តែផ្ទុយទៅវិញ ខ្ញុំបានគិតថាវាគឺជាឋានៈដែលខ្ញុំមាន ដែលបានបណ្ដាលឱ្យខ្ញុំភ្លាត់ម្ដងហើយម្ដងទៀត។ ខ្ញុំក៏បានប្រកាន់ខ្ជាប់នូវជំនឿខុសឆ្គងដូចជា «មនុស្សមាឌកាន់តែធំ ធ្លាក់មកកាន់តែឈឺ» និង «មនុស្សមានឋានៈខ្ពស់ជាងគេ ឯកោណាស់» ផងដែរ ហាក់ដូចជាពួកវាជាសេចក្ដីពិតអ៊ីចឹង។ ដូច្នេះ នៅពេលដែលបងប្អូនបានជ្រើសរើសខ្ញុំជាអ្នកដឹកនាំម្ដងទៀត នោះខ្ញុំមិនបានចុះចូល និងទទួលយកវាយ៉ាងរីករាយឡើយ តែផ្ទុយទៅវិញ ខ្ញុំបានព្យាយាមការពារខ្លួន ដោយខ្លាចថា បើខ្ញុំបំពេញតួនាទីជាអ្នកដឹកនាំ នោះខ្ញុំនឹងត្រូវបានលាតត្រដាង និងបណ្ដេញចេញម្ដងទៀត ឬទីបញ្ចប់ខ្ញុំនឹងប្រព្រឹត្តអំពើអាក្រក់ ហើយត្រូវបានកម្ចាត់ចេញ។ ខ្ញុំមិនសមហេតុផលមែន!

ខ្ញុំបានអានព្រះបន្ទូលនេះផងដែរ៖ «ភារកិច្ចរបស់មនុស្ស និងការដែលគេត្រូវទទួលបានព្រះពរ ឬបណ្ដាសានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ។ វាជារបរចិញ្ចឹមជីវិតដែលប្រទានពីស្ថានសួគ៌មក ហើយមិនគប្បីត្រូវពឹងផ្អែកលើរង្វាន់ លក្ខខណ្ឌ ឬមូលហេតុអ្វីឡើយ។ មានតែពេលនោះប៉ុណ្ណោះដែលគេនឹងបំពេញភារកិច្ចរបស់គេ។ ការទទួលបានព្រះពរ គឺនៅពេលដែលមនុស្ស ម្នាក់ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ហើយត្រេកអរសប្បាយនឹងព្រះពររបស់ព្រះជាម្ចាស់ ក្រោយពីឆ្លងកាត់ការជំនុំជម្រះរួច។ ការទទួលបណ្ដាសាគឺនៅពេលដែលនិស្ស័យរបស់មនុស្សម្នាក់មិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរួច គឺនៅពេលដែលពួកមិនបានឆ្លងកាត់នូវការធ្វើឲ្យបានគ្រប់លក្ខណ៍ ប៉ុន្តែត្រូវរងនូវការដាក់ទោសទៅវិញ។ ប៉ុន្តែ មិនថាពួកគេត្រូវទទួលបានព្រះពរ ឬការដាក់ បណ្ដាសានោះទេ ភាវៈដែលត្រូវបង្កើតមក គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ ជាមនុស្សដែលស្វែងរកព្រះជាម្ចាស់ គប្បីត្រូវធ្វើ។ អ្នកមិនគួរបំពេញ ភារកិច្ចរបស់អ្នក ដើម្បីតែការប្រទានពរនោះទេ ហើយអ្នកមិនគួរបដិសេធមិនបំពេញកិច្ចការដោយការភ័យខ្លាចចំពោះការដាក់បណ្ដាសានោះទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចផ្ទាល់ខ្លួន របស់មនុស្ស គឺជាអ្វីដែលគេត្រូវធ្វើ ហើយប្រសិនបើគេ មិនអាចបំពេញភារកិច្ច របស់គេបានទេ នោះគឺដោយសារតែការបះបោររបស់ពួកគេ» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំអាចឃើញចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ភារកិច្ចរបស់បុគ្គលម្នាក់មិនមែនជាកត្តាកំណត់ថា ទីបំផុតពួកគេត្រូវបានប្រទានពរ ឬទទួលបណ្ដាសាឡើយ។ ផ្ទុយទៅវិញ រឿងនោះគឺអាស្រ័យជាចម្បងលើថា ពួកគេតាមរកសេចក្ដីពិតនៅក្នុងភារកិច្ចរបស់ពួកគេឬអត់ ថាទីបញ្ចប់ពួកគេទទួលបានសេចក្ដីពិត និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យឬអត់។ ខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់ ដោយពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានឃើញថា នៅក្នុងសេចក្ដីជំនឿប៉ុន្មានឆ្នាំរបស់ខ្ញុំ ខ្ញុំគ្រាន់តែតាមរកយ៉ាងឆ្កួតលីលានូវអនាគត និងវាសនាផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ ដំបូងឡើយ ខ្ញុំបានគិតថា ការមានតួនាទីដឹកនាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នឹងទទួលបានការគោរពរបស់អ្នកដទៃ និងការទទួលស្គាល់របស់ព្រះជាម្ចាស់ ថានៅទីបញ្ចប់ខ្ញុំនឹងត្រូវបានប្រទានពរ និងមានវាសនាចុងក្រោយដ៏ល្អ។ ការគិតដូច្នោះបាននាំខ្ញុំឱ្យប្រើប្រាស់ខ្លួនឯងយ៉ាងសាទរ និងនាំខ្ញុំឱ្យរងទុក្ខចំពោះភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែបន្ទាប់ពីត្រូវបានបណ្ដេញចេញជាច្រើនលើករួចមក ខ្ញុំខ្លាចត្រូវបានលាតត្រដាង និងលុបបំបាត់ពីតួនាទីជាអ្នកដឹកនាំ ដូច្នេះខ្ញុំស្ទាក់ស្ទើរក្នុងការទទួលយកភារកិច្ចនោះ។ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែបំពេញភារកិច្ចរបស់ខ្ញុំតាមវិធីបែបប្រតិបត្តិការ ដើម្បីធានានូវវាសនាដ៏ល្អពីព្រះជាម្ចាស់។ ខ្ញុំថែមទាំងចង់ឱ្យព្រះជាម្ចាស់ធានាដោយផ្ទាល់ថា ខ្ញុំអាចត្រូវបានសង្គ្រោះទៀតផង មុនពេលដែលខ្ញុំសុខចិត្តធ្វើការលះបង់មួយចំនួន និងលះបង់ការប្រឹងប្រែងមួយចំនួន។ ខ្ញុំបានបដិសេធបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំដើម្បីការពារខ្លួនឯង ដោយបញ្ចូលគ្នានូវហេតុផល និងការយល់ដឹង ដើម្បីដោះសារ និងនិយាយថាខ្ញុំខ្លាចរារាំងកិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំថែមទាំងគិតថា ខ្ញុំមានហេតុផលយ៉ាងល្អឥតខ្ចោះទៀតផង តែវាជារឿងផ្ទុយស្រឡះ! នៅត្រង់ចំណុចនោះ ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់ នៅពេលដែលខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ការបំពេញភារកិច្ចផ្ទាល់ខ្លួន របស់មនុស្ស គឺជាអ្វីដែលគេត្រូវធ្វើ ហើយប្រសិនបើគេ មិនអាចបំពេញភារកិច្ច របស់គេបានទេ នោះគឺដោយសារតែការបះបោររបស់ពួកគេ»។ វាគ្រាន់តែជាតថភាពមួយដែលខ្ញុំខ្វះនូវតថភាពនៃសេចក្ដីពិត ហើយកម្ពស់របស់ខ្ញុំមិនគ្រប់គ្រាន់ប៉ុណ្ណោះ។ ព្រះជាម្ចាស់កំពុងតែប្រទានឱកាសដល់ខ្ញុំ ដើម្បីធ្វើជាអ្នកដឹកនាំ មិនមែនដោយសារតែខ្ញុំមានសមត្ថភាពក្នុងការទទួលយកតួនាទីនោះទេ ប៉ុន្តែដោយសារតែសង្ឃឹមថា ខ្ញុំនឹងតាមរកសេចក្ដីពិត តាមរយៈការបំពេញតួនាទីរបស់ខ្ញុំ ថាខ្ញុំនឹងដោះស្រាយលើគុណវិបត្តិ និងការខូចខាតផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងគាប់ចិត្ត។ តែផ្ទុយទៅវិញ ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ ដោយគ្រាន់តែគិតអំពីខ្លួនឯង និងខ្លាចថា បើខ្ញុំត្រូវបានលាតត្រដាង និងផ្លាស់ប្ដូរចេញពីតួនាទីជាអ្នកដឹកនាំ នោះខ្ញុំនឹងបាត់បង់លទ្ធផល និងវាសនាដ៏ល្អ។ ដូច្នេះហើយខ្ញុំអំពល់ខួរក្បាលតែទៅលើការគេចចេញពីតួនាទីនោះប៉ុណ្ណោះ។ ខ្ញុំពិតជាបះបោរខ្លាំងណាស់ តើធ្វើដូចម្ដេចទើបខ្ញុំអាចអះអាងថា ខ្ញុំមានការចុះចូលចំពោះព្រះជាម្ចាស់បន្តិចនោះ?

ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀតនៅក្នុងការស្វែងរករបស់ខ្ញុំ។ «កិច្ចការរបស់ពេត្រុស គឺជាការអនុវត្តភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់។ គាត់មិនបានបំពេញកិច្ចការក្នុងនាមជាសាវ័កម្នាក់ឡើយ ប៉ុន្តែគាត់បានបំពេញកិ្ចការផង និងស្វែងរកសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ផង។ ដំណើរនៃកិច្ចការរបស់ប៉ុល ក៏មាននូវការស្វែងរកផ្ទាល់ខ្លួនគាត់ដែរ៖ ការស្វែងរករបស់គាត់ គឺគ្មានអ្វីផ្សេងក្រៅពីក្ដីសង្ឃឹមរបស់គាត់ទៅអនាគត និងបំណងប្រាថ្នារបស់គាត់ដើម្បីទទួលបានគោលដៅល្អមួយនាពេលអនាគតឡើយ។ គាត់ពុំបានទទួលយកនូវការបន្សុទ្ធក្នុងអំឡុងកិច្ចការរបស់គាត់ឡើយ ហើយគាត់ក៏ពុំបានទទួលយកការលួសកាត់ និងការដោះស្រាយដែរ។ គាត់ជឿថា ឲ្យតែកិច្ចការដែលគាត់បានធ្វើ គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះគ្រប់ការទាំងអស់ដែលគាត់បានធ្វើ គឺផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ ដូច្នេះ នៅទីបំផុតនឹងមានរង្វាន់សម្រាប់ប្រគល់ជូនគាត់។ នៅក្នុងកិច្ចការរបស់គាត់ ពុំមានបទពិសោធន៍ផ្ទាល់ខ្លួនឡើយ។ កិច្ចការរបស់គាត់ គឺដើម្បីតែកិច្ចការមិនបានធ្វើឡើងដើម្បីស្វែងរកនូវការផ្លាស់ប្ដូរឡើយ។ អ្វីសព្វគ្រប់បែបយ៉ាងនៅក្នុងកិច្ចការរបស់គាត់ គឺជាការដោះដូរ គ្មានភារកិច្ច ឬការចុះចូលនៃសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់គាត់ និស្ស័យចាស់របស់ប៉ុលពុំបានបំផ្លាស់បំប្រែឡើយ។ កិច្ចការរបស់គាត់ គឺគ្រាន់តែជាការបម្រើដល់អ្នកដទៃតែប៉ុណ្ណោះ និងមិនអាចនាំមកនូវការបំផ្លាស់បំប្រែនិស្ស័យរបស់គាត់ឡើយ។ ប៉ុលបានបំពេញកិច្ចការរបស់គាត់ដោយផ្ទាល់ ដោយមិនបានធ្វើឲ្យគ្រប់លក្ខណ៍ ឬបានដោះស្រាយជាមួយឡើយ ហើយគាត់ត្រូវបានជំរុញចិត្តដោយរង្វាន់។ ពេត្រុស ខុសគ្នាពីគាត់៖ គាត់គឺជាមនុស្សម្នាក់ដែលបានឆ្លងកាត់ការលួសកាត់ និងការដោះស្រាយ និងបានឆ្លងកាត់នូវការបន្សុទ្ធ។ គោលបំណង និងការជំរុញចិត្តនៃកិច្ចការរបស់ពេត្រុស គឺមានភាពខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគោលបំណង និងការជំរុញចិត្តរបស់ប៉ុល» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់មនុស្សគប្បីព្យាយាមបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ និងព្យាយាមស្រឡាញ់ព្រះជាម្ចាស់ ដោយគ្មានបង្កើតជម្រើសអ្វីផ្សេងទៀតឡើយ ដ្បិតព្រះជាម្ចាស់ មានតម្លៃសមនឹងទទួលបានសេចក្ដីស្រឡាញ់របស់មនុស្ស។ អស់អ្នកដែលព្យាយាមស្រឡាញ់ព្រះជាម្ចាស់ មិនគួរណាត្រូវស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឬស្វែងរកអ្វីដែលពួកគេទន្ទឹងរង់ចាំផ្ទាល់ខ្លួនជាយូរមកហើយនោះដែរ។ នេះគឺជាមធ្យោបាយនៃការស្វែងរកដ៏ត្រឹមត្រូវ។ ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាសេចក្ដីពិតប្រសិនបើអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិត ហើយប្រសិនបើអ្នកបានទទួលនូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក នោះផ្លូវដែលអ្នកត្រូវដើរ គឺជាផ្លូវដ៏ត្រឹមត្រូវហើយ។ ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាព្រះពរខាងសាច់ឈាម ហើយអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិតនៃសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ហើយអ្នករាល់គ្នាសុទ្ធតែមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅខាងសាច់ឈាម ព្រមទាំងបន្តរស់នៅក្នុងភាពស្រពិចស្រពិល នោះអ្វីដែលអ្នកស្វែងរកច្បាស់ណាស់ នឹងនាំអ្នកទៅកាន់ស្ថាននរក ដ្បិតផ្លូវដែលអ្នកដើរ គឺជាផ្លូវបរាជ័យ។ អ្នកនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ឬត្រូវលុបបំបាត់ចោល ឬអត់នោះ គឺអាស្រ័យលើការស្វែងរករបស់អ្នកផ្ទាល់ ដែលនេះក៏អាចនិយាយបានថា ជោគជ័យ ឬបរាជ័យ គឺអាស្រ័យលើផ្លូវដែលមនុស្សដើរ» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការអានព្រះបន្ទូលទាំងនេះបានជួយឱ្យខ្ញុំយល់កាន់តែប្រសើរនូវមាគ៌ាទៅកាន់ភាពជោគជ័យរបស់ប៉ុល និងមាគ៌ាទៅកាន់ភាពបរាជ័យរបស់ប៉ុល។ ខ្ញុំបានឃើញថា ពេត្រុសបានស្វះស្វែងបំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើតមក ហើយគាត់បានចុះចូលចំពោះព្រះជាម្ចាស់ មិនថាភារកិច្ចរបស់គាត់នឹងនាំព្រះពរមកឱ្យគាត់ឬអត់ឡើយ។ គាត់បានធ្វើជាស្មរបន្ទាល់ដ៏ខ្ទរខ្ទារសម្រាប់ព្រះជាម្ចាស់ ស្ដាប់បង្គាប់សូម្បីដល់ស្លាប់ក៏ដោយ។ ចំណែកប៉ុល បានស្វែងរកព្រះពរ និងរង្វាន់ ហើយការប្រឹងប្រែងរបស់គាត់គឺដើម្បីទទួលបានមកុដនៃសេចក្ដីសុចរិត។ គាត់បានប្រើប្រាស់កិច្ចការរបស់គាត់ជាដើមទុន ដើម្បីតថ្លៃជាមួយព្រះជាម្ចាស់ ដោយជ្រើសរើសផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយទីបំផុតទទួលបានការដាក់ទោសរបស់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង ខ្ញុំបានឃើញថា នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ខ្ញុំមិនបានព្យាយាមបំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើតមកឡើយ ប៉ុន្តែខ្ញុំបានបំពេញភារកិច្ចដើម្បីផលប្រយោជន៍នៃព្រះពរ និងវាសនាល្អ។ ខ្ញុំក៏ចង់បង់ថ្លៃតិចបំផុតតាមតែអាចធ្វើទៅបាន ដើម្បីដោះដូរនឹងព្រះពររបស់នគរស្ថានសួគ៌ផងដែរ។ នៅពេលដែលខ្ញុំបានឃើញភារកិច្ចដឹកនាំជាប់ពាក់ព័ន្ធនឹងទំនួលខុសត្រូវដ៏ច្រើន នោះខ្ញុំបានគិតថា ប្រសិនបើទីបញ្ចប់ ខ្ញុំពិតជារារាំងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មែន នោះខ្ញុំនឹងបាត់បង់ឱកាសក្នុងការទទួលបានលទ្ធផល និងវាសនាល្អ។ ហេតុដូច្នេះហើយខ្ញុំពិតជារឹងទទឹងចំពោះរឿងនោះណាស់។ តើខ្ញុំមិនកំពុងតែដើរលើផ្លូវបរាជ័យដូចប៉ុលទេឬ? តាមរយៈសេចក្ដីជំនឿរបស់ខ្ញុំ ខ្ញុំបានរីករាយនឹងសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់បានសម្ដែងចេញ ប៉ុន្តែខ្ញុំមិនដែលផ្ដល់អ្វីមួយត្រឡប់ទៅវិញឡើយ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែព្យាយាមគិតពីអ្វីជាអនាគតផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយគិតគូរ និងព្យាយាមលួចបន្លំព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំអាត្មានិយម គួរឱ្យស្អប់ មានល្បិចកល និងអាក្រក់ណាស់! បន្ទាប់ពីខ្ញុំបានដឹងរឿងទាំងអស់នេះ ខ្ញុំលែងចង់រស់នៅតាមវិធីនោះទៀតហើយ ប៉ុន្តែខ្ញុំពិតជាចង់ដើរតាមគម្រូរបស់ពេត្រុស និងឈានជើងចូលក្នុងមាគ៌ានៃការតាមរកសេចក្ដីពិត ថ្វាយខ្លួនទៅព្រះជាម្ចាស់ និងចុះចូលចំពោះការត្រួតត្រា និងការរៀបចំរបស់ទ្រង់។

ខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ចំពោះការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់ ដែលបានកែតម្រូវសញ្ញាណក្លែងក្លាយរបស់ខ្ញុំ ដែល «មនុស្សមានឋានៈខ្ពស់ជាងគេ ឯកោណាស់» និងបានអនុញ្ញាតឱ្យខ្ញុំឃើញយ៉ាងច្បាស់ថា ខ្ញុំកំពុងតែនៅលើផ្លូវខុសក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ជាផ្លូវនៃការតាមរកព្រះពរ ហើយទទួលបានការយល់ដឹងមួយចំនួនអំពីធម្មជាតិបែបសាតាំងដ៏បោកបញ្ឆោតរបស់ខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំឈប់ព្យាយាមគេចចេញពីភារកិច្ចរបស់ខ្ញុំជាអ្នកដឹកនាំទៀតហើយ ហើយបានទទួលយកនូវទំនួលខុសត្រូវ។ ខ្ញុំបានចាប់ផ្ដើមផ្ដោតលើការតាមរកសេចក្ដីពិត និងស្វះស្វែងបំពេញភារកិច្ចរបស់ខ្ញុំ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក។

ខាង​ដើម៖ ១៧. គុណសម្បត្តិខ្សោយមិនមែនជាលេសដោះសាឡើយ

បន្ទាប់៖ ១៩. ខ្ញុំបានរៀនសូត្រពីរបៀបដែលត្រូវប្រព្រឹត្តចំពោះមនុស្សដោយត្រឹមត្រូវ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ