មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន

ផ្លូវជីវិត មិនមែនជាអ្វីដែលមនុស្សណាក៏អាចមានបានឡើយ ហើយក៏មិនមែនជាអ្វីដែលមនុស្សគ្រប់រូបអាចទទួលបានយ៉ាងងាយស្រួលនោះដែរ។ នេះគឺដោយសារតែជីវិតអាចបានមកតែពីព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ពោលគឺមានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលមានសារជាតិជីវិត ហើយមានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលមានផ្លូវជីវិត។ ហេតុនេះហើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាប្រភពនៃជីវិត និងជាប្រភពទឹករស់នៃជីវិតដែលហូរឥតឈប់ឈរ។ ចាប់តាំងពីការបង្កើតលោកីយ៍មក ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនដែលនាំមកនូវភាពរស់រវើកនៃជីវិត ទ្រង់បានបំពេញកិច្ចការជាច្រើនដែលនាំជីវិតមកឱ្យមនុស្សលោក ហើយទ្រង់បានលះបង់យ៉ាងធំធេងដើម្បីឱ្យមនុស្សលោកទទួលបានជីវិត។ ការនេះគឺដោយសារតែព្រះអង្គផ្ទាល់គឺជាជីវិតអស់កល្បជានិច្ច ហើយព្រះអង្គផ្ទាល់គឺជាផ្លូវដែលធ្វើឱ្យមនុស្សអាចមានជីវិតរស់ឡើងវិញបាន។ ព្រះជាម្ចាស់ពុំដែលបាត់វត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់គង់នៅកណ្ដាលចំណោមមនុស្សជាតិគ្រប់ពេលវេលា។ ព្រះអង្គគឺជាកម្លាំងរុញច្រានដល់ការរស់នៅរបស់មនុស្ស ជាឫសគល់នៃការរស់រានមានជីវិតរបស់មនុស្ស និងជាប្រភពធនធានដ៏សំបូរបែបសម្រាប់ការរស់រានរបស់មនុស្សបន្ទាប់ពីកើតមក។ ព្រះអង្គធ្វើឱ្យមនុស្សរស់ឡើងវិញ និងធ្វើឱ្យពួកគេអាចរស់នៅយ៉ាងរឹងមាំនៅក្នុងតួនាទីរៀងៗខ្លួនរបស់ពួកគេ។ ដោយពឹងផ្អែកលើព្រះចេស្ដារបស់ទ្រង់ និងកម្លាំងជីវិតដែលមិនចេះរលត់របស់ទ្រង់ មនុស្សជាតិបានរស់រានពីមួយជំនាន់ទៅមួយជំនាន់ ក្នុងពេលដែលព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ បានគាំទ្រជាប់ជានិច្ចនៅកណ្ដាលចំណោមមនុស្សជាតិ ហើយព្រះជាម្ចាស់បានធ្វើការលះបង់ដែលគ្មានមនុស្សធម្មតាណាម្នាក់ធ្លាប់លះបង់ឡើយ។ កម្លាំងជីវិតរបស់ព្រះជាម្ចាស់ អាចឈ្នះលើគ្រប់ទាំងអំណាច ហើយលើសពីនេះទៅទៀត គឺលើសលប់ហួសពីគ្រប់ទាំងអំណាចទាំងអស់។ ជីវិតរបស់ទ្រង់គឺស្ថិតស្ថេរជាអមតៈ ព្រះចេស្ដារបស់ទ្រង់គឺអស្ចារ្យលើសពីធម្មតា ហើយកម្លាំងជីវិតរបស់ទ្រង់ មិនអាចត្រូវបង្ក្រាបបានដោយភាវៈដែលទ្រង់បង្កើតមក ឬកម្លាំងខ្មាំងសត្រូវណាមួយឡើយ។ មិនថាពេលណា ឬនៅទីណានោះទេ កម្លាំងជីវិតរបស់ព្រះជាម្ចាស់តែងតែមានវត្តមាន និងចាំងពន្លឺយ៉ាងរុងរឿងជានិច្ច។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅដូចដើមជារៀងរហូត។ អ្វីៗសព្វសារពើអាចនឹងរលាយបាត់ទៅ ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់នឹងនៅតែមានវត្តមានដដែល នេះគឺដោយសារតែព្រះជាម្ចាស់គឺជាប្រភពនៃការរស់រានមានជីវិតរបស់អ្វីៗសព្វសារពើ និងជាទីពឹងផ្អែករបស់ឫសគល់ដែលអ្វីៗសព្វសារពើដើម្បីរស់រានមានជីវិត។ ជីវិតរបស់មនុស្ស កើតមកពីព្រះជាម្ចាស់ វត្តមានផ្ទៃមេឃ កើតមកពីព្រះជាម្ចាស់ វត្តមានផែនដី ក៏កើតចេញមកពីព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ដែរ។ គ្មានសភាវៈមានជីវិតណា អាចខ្ពស់ស្មើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានសភាវៈណា មានអនុភាពអាចគេចផុតពីដែនគ្រប់គ្រងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ តាមវិធីនេះ បើទោះបីជាពួកគេជានរណាក៏ដោយ ក៏ពួកគេគ្រប់គ្នាត្រូវតែចុះចាញ់ក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវតែរស់នៅក្រោមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្តរបស់ទ្រង់ដែរ។

ប្រហែលជាពេលនេះ ក្ដីប្រាថ្នារបស់អ្នករាល់គ្នា គឺប្រាថ្នាឱ្យបានជីវិត ឬក៏អ្នករាល់គ្នាប្រាថ្នាចង់បានសេចក្ដីពិត។ ទោះជាបែបណាក៏ដោយ អ្នកចង់ស្វែងរកព្រះជាម្ចាស់ជាព្រះដែលអ្នកអាចពឹងអាងបាន ហើយជាព្រះដែលប្រទាននូវជីវិតអស់កល្បជានិច្ចដល់អ្នក។ ប្រសិនបើអ្នកចង់បានជីវិតអស់កល្បជានិច្ច អ្នកត្រូវតែយល់ពីប្រភពនៃជីវិតអស់កល្បជានិច្ច និងស្គាល់កន្លែងដែលព្រះជាម្ចាស់គង់នៅជាមុនសិន។ ខ្ញុំបាននិយាយរួចហើយថា មានតែព្រះជាម្ចាស់ទេ ទើបជាជីវិតឥតប្រួលប្រែ ហើយមានតែព្រះជាម្ចាស់ទេ ទើបមានមាគ៌ាជីវិតជាកម្មសិទ្ធិ។ ដោយសារតែព្រះជាម្ចាស់ គឺជាជីវិតដែលមិនចេះប្រែប្រួល នោះទ្រង់ជាជីវិតដែលអស់កល្បជានិច្ច។ ដោយសារទ្រង់តែមួយ គឺជាមាគ៌ាជីវិត ដូច្នេះ ទ្រង់ផ្ទាល់ក៏ជាមាគ៌ាជីវិតដ៏អស់កល្បជានិច្ចដែរ។ ដូច្នេះ ជាដំបូង អ្នកគួរដឹងអំពីកន្លែងដែលទ្រង់គង់នៅជាមុនសិន រួចត្រូវដឹងអំពីវិធីធ្វើយ៉ាងណា ដើម្បីឱ្យបានមាគ៌ាចូលទៅឯជីវិតអស់កល្បជានិច្ចនេះ។ ឥឡូវនេះ ចូរយើងមកប្រកបគ្នាអំពីរឿងពីរយ៉ាងនេះដោយឡែកពីគ្នាសិន។

ប្រសិនបើអ្នកពិតជាចង់បានមាគ៌ាជីវិតដ៏អស់កល្បជានិច្ចមែន ហើយប្រសិនបើអ្នកពិតជាស្រេកឃ្លានចង់ស្វែងរកមាគ៌ានេះមែន ជាដំបូង អ្នកត្រូវតែឆ្លើយនឹងសំណួរនេះសិន៖ សព្វថ្ងៃនេះ តើព្រះជាម្ចាស់គង់នៅកន្លែងណា? អ្នកប្រហែលជាឆ្លើយថា «ព្រះជាម្ចាស់កំពុងតែគង់នៅស្ថានសួគ៌ ប្រាកដណាស់ព្រះអង្គ មិនមែនកំពុងគង់ក្នុងផ្ទះរបស់អ្នកទេមែនទេ?» អ្នកក៏ប្រហែលជាពោលថាព្រះជាម្ចាស់គង់ក្នុងសព្វសារពើច្បាស់ណាស់។ អ្នកក៏ប្រហែលជាពោលទៀតថា ព្រះជាម្ចាស់គង់ក្នុងដួងចិត្តមនុស្សរាល់គ្នា ឬពោលថា ព្រះជាម្ចាស់គង់នៅក្នុងពិភពខាងវិញ្ញាណ។ ខ្ញុំមិនបដិសេធចម្លើយណាមួយទេ ប៉ុន្តែខ្ញុំត្រូវតែបញ្ជាក់ពីរឿងនេះឱ្យបានច្បាស់។ ការនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់មនុស្ស ថាត្រូវទាំងអស់ក៏មិនមែន ថាខុសទាំងអស់ក៏មិនមែនដែរ។ មូលហេតុគឺនៅត្រង់ថា ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ មានមួយចំនួនដែលមានជំនឿពិតប្រាកដ ហើយក៏មានមួយចំនួនដែលមានជំនឿក្លែងក្លាយដែរ មានមួយចំនួនដែលព្រះអង្គទទួលស្គាល់ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គមិនទទួលស្គាល់ដែរ មានមនុស្សមួយចំនួនដែលព្រះអង្គសព្វព្រះហឫទ័យ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គមិនសព្វព្រះហឫទ័យដែរ មានមនុស្សមួយចំនួនដែលព្រះអង្គកែឱ្យបានគ្រប់លក្ខណ៍ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គដកចេញផងដែរ។ ហេតុនេះទើបខ្ញុំនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តមនុស្សមួយចំនួនតូចប៉ុណ្ណោះ ហើយមនុស្សទាំងនេះ ពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ពិតឥតសង្ស័យឡើយ ហើយក៏ជាមនុស្សដែលទ្រង់កែឱ្យបានគ្រប់លក្ខណ៍ដែរ។ ពួកគេជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ។ ដោយសារពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ ទើបពួកគេក៏ជាមនុស្សដែលធ្លាប់បានស្ដាប់ឮ និងធ្លាប់បានឃើញមាគ៌ាជីវិតអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលមានជំនឿក្លែងក្លាយ ពួកគេជាមនុស្សដែលព្រះជាម្ចាស់មិនទទួលយកឡើយ ពួកគេគឺជាមនុស្សដែលព្រះអង្គស្អប់ខ្ពើម ជាមនុស្សដែលព្រះអង្គដកចេញ ពួកគេនឹងត្រូវព្រះអង្គបដិសេធ ត្រូវនៅដោយគ្មានមាគ៌ាជីវិត ហើយត្រូវនៅទាំងមិនដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ផ្ទុយមកវិញ មនុស្សដែលមានព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់គេដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចឱ្យ ហើយពួកគេក៏ជាមនុស្សដែលដើរតាមព្រះជាម្ចាស់ដែរ។ ពេលនេះ តើអ្នកដឹងហើយឬនៅថា ព្រះជាម្ចាស់គង់នៅកន្លែងណា? ព្រះជាម្ចាស់គង់ទាំងក្នុងដួងចិត្តរបស់មនុស្ស ហើយគង់នៅក្បែរគេទៀតផង។ ទ្រង់មិនមែនគង់នៅតែក្នុងពិភពខាងវិញ្ញាណ ហើយគង់ខ្ពស់ផុតសព្វសារពើទាំងអស់នោះដែរ ប៉ុន្តែទ្រង់ក៏គង់ទាំងនៅលើផែនដី ដែលមនុស្សមានវត្តមានដែរ។ ហេតុនេះហើយ ការមកដល់នៃគ្រាចុងក្រោយ បាននាំជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ឱ្យចូលទៅក្នុងតំបន់ត្រួតត្រាថ្មី។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់ក្នុងចំណោមរបស់គ្រប់យ៉ាង ហើយទ្រង់ក៏ជាគ្រឹះដ៏រឹងមាំនៅក្នុងដួងចិត្តរបស់មនុស្សដែរ ហើយលើសពីនេះ ទ្រង់មានវត្តមានគង់នៅកណ្ដាលចំណោមមនុស្សជាតិទៀតផង។ ទាល់តែធ្វើបែបនេះ ទើបទ្រង់អាចនាំមាគ៌ាជីវិតមកប្រទានឱ្យមនុស្សជាតិ ហើយនាំមនុស្សជាតិទៅក្នុងមាគ៌ាជីវិតបាន។ ព្រះជាម្ចាស់បានយាងមកផែនដីនេះ ហើយគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីឱ្យមនុស្សមានមាគ៌ាជីវិត ហើយដើម្បីឱ្យមនុស្សអាចមានជីវិតគង់វង្សបាន។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ក៏បង្គាប់បញ្ជារបស់សព្វសារពើនៅក្នុងចំណោមគ្រប់យ៉ាង ដើម្បីសម្របសម្រួលការសហការជាមួយនឹងការគ្រប់គ្រងដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ។ ហេតុនេះហើយ ប្រសិនបើអ្នកគ្រាន់តែស្គាល់សេចក្ដីបង្រៀនថា ព្រះជាម្ចាស់គង់នៅក្នុងនគរស្ថានសួគ៌ និងគង់ក្នុងដួងចិត្តរបស់មនុស្ស ប៉ុន្តែមិនស្គាល់សេចក្ដីពិតអំពីព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ នោះអ្នកនឹងមិនទទួលបាននូវជីវិតឡើយ ហើយក៏មិនទទួលបានមាគ៌ានៃសេចក្ដីពិតដែរ។

ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យនៃពាក្យសម្ដី គោលលទ្ធិ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅមិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចត្រូវគោរពថ្វាយបង្គំថាជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការបច្ចុប្បន្នរបស់ទ្រង់។ ប្រសិនបើអ្នកយកកំណត់ត្រាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងកាលពីអតីតកាលមកអនុវត្តនៅពេលបច្ចុប្បន្ន ទង្វើនេះធ្វើឱ្យអ្នកក្លាយជាបុរាណវិទូហើយ ហើយងារដ៏ល្អបំផុតសម្រាប់បរិយាយពីអ្នក គឺអ្នកឯកទេសបេតិកភណ្ឌប្រវត្តិសាស្ត្រ។ នេះមកពីអ្នកតែងតែជឿលើតឹកតាងនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើពីអតីតកាលជឿតែលើស្រមោលដែលព្រះជាម្ចាស់បានបន្សល់ទុក កាលដែលទ្រង់បានធ្វើការនៅក្នុងចំណោមមនុស្ស ហើយជឿតែលើមាគ៌ា ដែលព្រះជាម្ចាស់បានប្រទានឱ្យពួកសិស្សរបស់ទ្រង់ពីអតីតកាល។ អ្នកមិនជឿលើគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ ក៏មិនជឿលើព្រះភក្ត្រដែលពេញដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ហើយមិនជឿលើមាគ៌ានៃសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្ហាញឱ្យគេស្គាល់នាពេលបច្ចុប្បន្ននេះដែរ។ ហេតុនេះ អ្នកគឺជាមនុស្សរវើរវាយ ដែលនៅដាច់ឆ្ងាយពីភាពជាក់ស្ដែងទាំងស្រុង ដោយគ្មានអ្វីប្រកែកឡើយ។ ពេលនេះ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់តាមពាក្យពេចន៍ដែលមិនអាចប្រទានជីវិតឱ្យមនុស្សបាន នោះអ្នកជាមនុស្សដូចឈើងាប់មួយដុំដែលអស់សង្ឃឹម[ក] ដ្បិតអ្នករាល់គ្នាមានគំនិតអភិរក្សជ្រុលនិយម ពិបាកទូន្មានជ្រុល ហើយរឹងរូសជ្រុល មិនទទួលហេតុផលសោះ!

ព្រះជាម្ចាស់យកកំណើតជាមនុស្ស មានព្រះនាមថាព្រះគ្រីស្ទ ហេតុដូច្នេះហើយការហៅព្រះគ្រីស្ទដែលអាចប្រទានសេចក្តីពិតដល់មនុស្សថាជាព្រះជាម្ចាស់ គឺមិនមែនជាការហួសហេតុទាល់តែសោះ។ នេះគឺដោយសារទ្រង់មានសារជាតិរបស់ព្រះជាម្ចាស់ និងទ្រង់មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចមាននោះឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមជាពិសេស ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅលើផែនដី និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានល្មមគ្រប់គ្រាន់ ដែលស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ដែលអាចតំណាងឱ្យព្រះជាម្ចាស់បានល្មមគ្រប់គ្រាន់ ហើយដែលអាចប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានសារជាតិរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាអាចកំណត់បានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។ តាមវិធីនេះ ប្រសិនបើអ្នកពិតជាចង់ស្វែងរកមាគ៌ានៃជីវិត គឺអ្នកត្រូវតែដឹងជាមុនសិនថា ព្រះអង្គប្រទានមាគ៌ាជីវិតដល់មនុស្ស តាមរយៈការយាងមកក្នុងចំណោមមនុស្ស ហើយអ្នកត្រូវតែទទួលស្គាល់ថា ទ្រង់យាងមកក្នុងចំណោមមនុស្ស ដើម្បីប្រទានមាគ៌ាជីវិតដល់មនុស្សក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ មិនមែនក្នុងអតីតកាលទេ ប៉ុន្តែនៅពេលបច្ចុប្បន្នវិញ។

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច? តើរឿងនេះអាចបង្ហាញថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច និងមិនដែលចាស់យ៉ាងដូចម្ដេច?ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យពេចន៍ដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាពាក្យពេចន៍នៃប្រាជ្ញា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកយល់ដឹងអំពីអាថ៌កំបាំងដែលនៅក្នុងនោះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

អស់អ្នកណាដែលប្រាថ្នាចង់បានជីវិតដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូល គឺជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយអស់អ្នកណាដែលមិនទទួលយកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទបាននាំមក គឺជាមនុស្សដែលវង្វេងវង្វាន់ក្នុងការរវើរវាយ។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា អស់អ្នកណាដែលមិនទទួលយកព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមជារៀងរហូត។ ព្រះគ្រីស្ទគឺជាខ្លោងទ្វាររបស់មនុស្សទៅកាន់នគរក្នុងសម័យចុងក្រោយ ហើយគ្មាននរណាម្នាក់អាចរំលងពីទ្រង់បានឡើយ។ គ្មាននរណាម្នាក់អាចត្រូវបានព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍បានទេ លើកលែងតែតាមរយៈព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកជឿលើព្រះជាម្ចាស់ ដូច្នេះអ្នកត្រូវតែទទួលយកព្រះបន្ទូលរបស់ទ្រង់ ហើយចុះចូលចំពោះព្រះបន្ទូលរបស់ទ្រង់។ កុំគិតតែពីការទទួលបានព្រះពរ ខណៈដែលមិនអាចទទួលយកសេចក្តីពិត និងការផ្គត់ផ្គង់ជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងសម័យចុងក្រោយ ដើម្បីឲ្យទ្រង់អាចផ្គត់ផ្គង់នូវជីវិតដល់មនុស្សទាំងអស់ដែលជឿលើទ្រង់ដោយស្មោះអស់ពីចិត្ត។ កិច្ចការនេះមានឡើងសម្រាប់តែបញ្ចប់យុគសម័យចាស់ ហើយឈានចូលយុគសម័យថ្មី ហើយកិច្ចការនេះគឺជាមាគ៌ាដែលមនុស្សទាំងអស់ដែលចង់ចូលក្នុងយុគសម័យថ្មីត្រូវតែដើរ។ ប្រសិនបើអ្នកមិនទទួលស្គាល់ព្រះគ្រីស្ទ ហើយថែមទាំងថ្កោលទោស ប្រមាថ ឬក៏បៀតបៀនទ្រង់ នោះអ្នកច្បាស់ជាត្រូវឆេះអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺដោយសារតែព្រះគ្រីស្ទអង្គនេះផ្ទាល់ គឺជាការសម្ដែងចេញនៃព្រះវិញ្ញាណបរិសុទ្ធ ជាការសម្ដែងចេញនៃព្រះជាម្ចាស់ ជាព្រះអង្គដែលព្រះជាម្ចាស់បានប្រគល់ឱ្យធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា ប្រសិនបើអ្នកមិនអាចទទួលយកនូវអ្វីទាំងអស់ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយបានធ្វើនោះទេ នោះអ្នកប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទណ្ឌកម្មដ៏ស័ក្តិសមសម្រាប់អស់អ្នកដែលប្រមាថព្រះវិញ្ញាណបរិសុទ្ធ គឺជាក់ស្ដែងចំពោះមនុស្សគ្រប់គ្នា។ ខ្ញុំក៏សូមប្រាប់អ្នកផងដែរថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាផ្សេងអាចរ៉ាប់រងផលវិបាកចំពោះការនេះជំនួសអ្នកបានឡើយ។ លើសពីនេះទៅទៀត ចាប់ពីពេលនោះតទៅ អ្នកនឹងគ្មានឱកាសទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ទៀតឡើយ។ ទោះបីជាអ្នកប្រាថ្នាចង់លោះខ្លួនឯងក៏ដោយ ក៏អ្នកនឹងមិនអាចបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតដែរ។ នេះគឺដោយសារតែអ្វីដែលអ្នកកំពុងតតាំងមិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធមិនមែនជាបុគ្គលដែលមិនសំខាន់នោះទេ ប៉ុន្តែគឺជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងពីផលវិបាកនៃរឿងនេះទេ? អ្នកមិនមែនកំពុងប្រព្រឹត្តកំហុសតូចតាចនោះទេ ប៉ុន្តែគឺកំពុងប្រព្រឹត្តអំពើបាបដ៏សាហាវឃោរឃៅវិញ។ ដូច្នេះហើយ ខ្ញុំសូមណែនាំមនុស្សគ្រប់គ្នាថា កុំបញ្ចេញចង្កូម និងក្រញ៉ាំ ឬធ្វើការរិះគន់តាមអំពើចិត្តនៅចំពោះមុខសេចក្ដីពិតឡើយ ដ្បិតមានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចនាំជីវិតមកឱ្យអ្នកបាន ហើយគ្មានអ្វីក្រៅពីសេចក្ដីពិតដែលអាចឱ្យអ្នកបានកើតជាថ្មី ហើយបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតបានឡើយ។

លេខយោង៖

ក. ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។

ខាង​ដើម៖ តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក

បន្ទាប់៖ ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ