ការលេច​មករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ

ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កំពុងខិតទៅរកទីបញ្ចប់ ហើយច្រកទ្វារនគរព្រះជាម្ចាស់បានបើកជាស្រេចសម្រាប់អស់​អ្នកដែលស្វែងរកការលេច​មករបស់ទ្រង់។ បងប្អូនប្រុសស្រីអើយ តើឯងរាល់គ្នាកំពុងរង់ចាំអ្វីទៀត? តើឯងរាល់គ្នាកំពុងស្វែងរកអ្វី? តើឯងរាល់គ្នាកំពុងរង់ចាំឲ្យព្រះជាម្ចាស់លេច​មកមែនទេ? តើ​ឯងកំពុងរកមើលស្នាមព្រះបាទារបស់ទ្រង់មែនទេ? មនុស្សចង់ឃើញការលេច​មករបស់ព្រះជាម្ចាស់ខ្លាំងដល់ម្ល៉ឹង! ហើយការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់អីក៏លំបាកដល់ម្ល៉េះ! នៅក្នុងយុគសម័យបែបនេះ នៅក្នុងពិភពមួយបែបនេះ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីអាចមើលឃើញថ្ងៃដែលព្រះជាម្ចាស់លេច​មក? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីដើរឲ្យទាន់លំអាននៃព្រះបាទារបស់ព្រះជាម្ចាស់? អស់អ្នកដែលរង់ចាំព្រះជាម្ចាស់លេច​មក តែងមានសំណួរបែបនេះ។ អ្នករាល់គ្នាគិតពិចារណាអំពីសំណួរទាំងនេះជាច្រើនលើកច្រើនសា ប៉ុន្តែតើបានលទ្ធផលអ្វីខ្លះហើយ? តើព្រះជាម្ចាស់លេច​​មកនៅទីណា? តើស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅទីណា? តើឯងរាល់គ្នាមានចម្លើយហើយឬនៅ? មនុស្សជាច្រើននឹងឆ្លើយបែបនេះថា៖ “ព្រះជាម្ចាស់លេច​មកនៅក្នុងចំណោមអ្នកទាំងឡាយដែលដើរតាមទ្រង់ ហើយស្នាមព្រះបាទារបស់ទ្រង់ គឺនៅក្នុងចំណោមយើងរាល់គ្នា។ ចម្លើយគឺងាយស្រួលបែបនេះឯង!” នរណាក៏អាចផ្តល់ចម្លើយដែលមានជាលំនាំស្រាប់បានដែរ ប៉ុន្តែ តើឯងរាល់គ្នាយល់ពីអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ ឬស្នាមព្រះបាទារបស់ទ្រង់ដែរឬទេ? ការបង្ហាញលេច​មករបស់ព្រះជាម្ចាស់ សំដៅលើការយាងមកកាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សជាតិដើម្បីបំពេញកិច្ចការនៃការបង្កើតយុគសម័យមួយ និងបញ្ចប់យុគសម័យមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យរបស់ទ្រង់ផ្ទាល់ និងតាម​វិធីដែលទ្រង់មានស្រាប់។ ការលេច​មក​ប្រភេទនេះ គឺមិនមែនជាទម្រង់នៃពិធីណាមួយឡើយ។ វាមិនមែនជាទី​សម្គាល់ ជារូបភាព ជាការ​ឫទ្ធិ​បារមី ឬជានិមិត្តដ៏ធំអស្ចារ្យអ្វីនោះទេ ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនាអ្វីដែរ​។ វាគឺជាសេចក្តីពិត និងជាតថភាពជាក់ស្តែង ដែលមនុស្សអាចប៉ះពាល់  និងអាចមើលឃើញបាន។ ការលេច​មក​ប្រភេទនេះ គឺមិនមែនគ្រាន់តែធ្វើឲ្យតែបាន ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ។ ការលេច​មករបស់ព្រះជាម្ចាស់ គឺសុទ្ធតែមានអត្ថន័យខ្លឹមសារជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រងរបស់ទ្រង់​។ អ្វី​ដែល​ហៅ​ថា “ការលេច​មក” នៅ​ទីនេះ គឺខុសគ្នាទាំងស្រុងពី “ការលេច​មក” ផ្សេងទៀត ដែលព្រះជាម្ចាស់ណែនាំ ដឹកនាំ និងបំភ្លឺដល់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុងចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់លេច​មក​ដោយ​ផ្ទាល់។ កិច្ចការនេះ គឺខុសគ្នាពីកិច្ចការនៃយុគសម័យផ្សេងទៀត។ កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។ វាជាកិច្ចការដែលចាប់ផ្តើមនូវយុគសម័យថ្មីមួយ និងបញ្ចប់ទៅវិញនូវយុគសម័យមុន ហើយវាគឺជាទម្រង់នៃកិច្ចការថ្មីដែលបានកែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។ បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅកាន់យុគសម័យថ្មីមួយទៀត។ នេះហើយគឺជាអត្ថន័យនៃការលេច​មករបស់ព្រះជាម្ចាស់។

នៅពេលណាដែលឯងរាល់គ្នា បានយល់អំពីអត្ថន័យនៃការលេច​មករបស់ព្រះជាម្ចាស់ តើឯងរាល់គ្នាគប្បីត្រូវស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដោយរបៀបណា? សំណួរនេះមិនពិបាកពន្យល់នោះទេ៖ នៅទីណាដែលព្រះជាម្ចាស់លេច​មក នៅទីនោះហើយដែលឯងនឹងឃើញស្នាមព្រះបាទារបស់ទ្រង់។ ការពន្យល់បែបនេះ ស្តាប់ទៅដូចជាត្រង់ៗពេក ប៉ុន្តែមិនងាយស្រួលនឹងអនុវត្តនោះទេ ត្បិតមនុស្សជាច្រើនពុំបានដឹងថាព្រះជាម្ចាស់លេច​មកនៅទីណានោះទេ កាន់តែមិនដឹងថា ទ្រង់អាចនឹងលេច​មកនៅទីណា ឬទ្រង់គួរលេច​មកនៅទីណាឡើយ។ មនុស្សខ្លះជឿទាំងមិនបានគិតថា នៅទីណាដែលព្រះវិញ្ញាណបរិសុទ្ធកំពុងបំពេញកិច្ចការ នៅទីនោះហើយដែលព្រះជាម្ចាស់លេច​មក។ ឬម៉្យាងទៀត ពួកគេជឿថា នៅទីណាដែលមានបុគ្គលខាងវិញ្ញាណ នៅទីនោះហើយដែលព្រះជាម្ចាស់លេច​មក។ ឬម្យ៉ាងទៀត ពួកគេជឿថា នៅទីណាដែលមានបុគ្គលមានកេរ្តិ៍ឈ្មោះល្បី នៅទីនោះហើយដែលព្រះជាម្ចាស់លេច​មក។ ក្នុងពេលនេះ យើងសូមទុករឿងដែលថាជំនឿបែបនេះត្រឹមត្រូវ ឬខុសនោះមួយឡែកសិន។ ដើម្បីពន្យល់សំណួរបែបនេះ យើងត្រូវមានគោលដៅច្បាស់លាស់ជាមុនសិន។ យើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ យើងមិនមែនកំពុងស្វែងរកបុគ្គល​ខាង​វិញ្ញាណនោះទេ ហើយយើងក៏មិនបានកំពុងស្វែងរកមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីដែរ គឺយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ក្នុងហេតុផលនេះ ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរ​សៀង​របស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលនូវព្រះ​បន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះ ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្ម​ភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់  ហើយនៅទីណាដែលព្រះជាម្ចាស់លេច​មក នៅទីនោះមានសេចក្តីពិត មាន​ផ្លូវ ហើយជីវិតក៏កើតមានដែរ។ ឯងរាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា “ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត” ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់​។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ ហើយរឹតតែមិនទទួលស្គាល់នូវការលេច​មករបស់ព្រះជា​ម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេច​មករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេច​មកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឲ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើឯងរាល់គ្នាមានបំណងចង់ធ្វើ​បន្ទាល់​អំពីការលេច​មករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះឯងត្រូវដើរចេញពីជំនឿផ្ទាល់ខ្លួនរបស់ឯងជាមុនសិន។ ឯងមិនត្រូវទាមទារឲ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយឯងមិនត្រូវដាក់ទ្រង់នៅក្នុងការឃុំឃាំងរបស់ខ្លួន និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់ឯងឡើយ​។ ផ្ទុយទៅវិញ ឯងរាល់គ្នាគប្បីសួររកវិធីស្វែងរកស្នាមព្រះបាទាទ្រង់ វិធីទទួលយកការលេច​មករបស់ព្រះជាម្ចាស់  និងវិធីចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងមិន​មានសេចក្តីពិត នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់​បង្គាប់តាមទ្រង់។

មិនថាឯងជាជនជាតិអាមេរិក អង់គ្លេស ឬជាតិសាសន៍ដទៃនោះទេ ឯងគប្បីដើរចេញពីរនាំងជាតិសាសន៍ផ្ទាល់ខ្លួនរបស់ឯង ដោយបន្ទាបខ្លួនរបស់ឯង និងគិតពីកិច្ចការរបស់ព្រះជាម្ចាស់តាមទស្សនៈនៃមនុស្សដែលព្រះជាម្ចាស់បានបង្កើតឡើងមក។ តាម​របៀបនេះ ឯងនឹងមិនដាក់ព្រំដែនចំពោះស្នាមព្រះបាទារបស់ព្រះជាម្ចាស់ឡើយ។ នេះគឺដោយ​សារបច្ចុប្បន្ននេះ មានមនុស្សជាច្រើនយល់ថាវាមិនអា​ចទៅរួចនោះទេដែលព្រះជាម្ចាស់នឹងលេច​មកនៅក្នុងជាតិសាសន៍ណាមួយ ឬក្នុងចំណោមក្រុមមនុស្សណាមួយ។ កិច្ចការរបស់ព្រះជាម្ចាស់ ពិតជាមានអត្ថន័យជ្រាលជ្រៅ ហើយការលេច​មករបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់ណាស់! តើសញ្ញាណ និងគំនិតរបស់មនុស្សអាចធ្វើការវាស់ស្ទង់បានដោយរបៀបណា? ហេតុនេះហើយបានជាអញមាន​បន្ទូលថា ឯងគប្បីទម្លុះនូវសញ្ញាណជាតិសាសន៍ និងពូជសាសន៍ដើម្បីស្វែងរកការលេចមករបស់ព្រះជាម្ចាស់។ មានតែការធ្វើបែបនេះទេ ទើបឯងនឹងមិនត្រូវកំហិតដោយសញ្ញាណផ្ទាល់ខ្លួនរបស់ឯង។ ហើយមានតែការធ្វើបែបនេះទេ ទើបឯងនឹងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលស្វាគមន៍ការលេច​មករបស់ព្រះជាម្ចាស់​។ បើពុំដូច្នោះទេ ឯងនឹងស្ថិតក្នុងភាពងងឹតជាដរាប និងមិនអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។

ព្រះជាម្ចាស់ គឺជាព្រះនៃមនុស្សគ្រប់ជាតិសាសន៍ទាំងមូល។ ទ្រង់ពុំចាត់ទុកអង្គទ្រង់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននៃជាតិសាសន៍ ឬមនុស្សមួយ​ក្រុមណាឡើយ ប៉ុន្តែទ្រង់ផ្តើមបំពេញកិច្ចការរបស់ទ្រង់ដូចដែលទ្រង់បានគ្រោងទុក ដោយពុំមានការបង្គាប់បញ្ជាក្នុងទម្រង់ណាមួយ ដោយសាសន៍ណាមួយ ឬដោយក្រុមមនុស្សណាមួយឡើយ។ ប្រហែលជាអាចមកពីឯងពុំធ្លាប់ស្រមៃដល់ទម្រង់នេះ ឬមកពីឯងមានឥរិយាបទបដិសេធទម្រង់នេះ ឬមកពីប្រជាជាតិដែលព្រះជាម្ចាស់សម្ដែងអង្គទ្រង់ និងបណ្ដាមនុស្សដែលទ្រង់លេច​មកក្នុងចំណោមគេ ជាមនុស្សដែលគេគ្រប់គ្នារើសអើង ហើយជាមនុស្សដែលអន់ខ្សោយបំផុតនៅលើផែនដី។ តែព្រះជាម្ចាស់ មានព្រះប្រាជ្ញាញាណរបស់ទ្រង់។ ព្រះអង្គពិតជាទទួលបានក្រុមមនុស្សដែលមានគំនិតដូចទ្រង់ ហើយជាក្រុមមនុស្សដែលទ្រង់ចង់កែច្នៃឲ្យបានបរិបូរ ជាក្រុមមនុស្សដែលទ្រង់បានយក​ឈ្នះដោយព្រះចេស្ដាដ៏មហិមា និងដោយសេចក្ដីពិត ព្រម​ទាំងនិស្ស័យដ៏អង់អាចរបស់ទ្រង់ ជាក្រុមមនុស្សដែលបានទ្រាំទ្រទុក្ខ​លំបាក សេចក្ដី​វេទនា និងការបៀត​បៀនគ្រប់យ៉ាង ហើយនៅតែអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់។ គោលបំណងនៃការលេច​មករបស់ព្រះជាម្ចាស់ គឺដើម្បីឲ្យទ្រង់អាច​បំពេញកិច្ចការរបស់ទ្រង់បានទៅតាមអ្វីដែលទ្រង់បានគ្រោងទុក ដោយពុំមានការបង្ខិតបង្ខំក្នុងលក្ខណៈណាមួយ ឬដោយសាសន៍ណាមួយឡើយ។ នេះគឺដូចកាលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅស្រុកយូដាដែរ៖ គោលបំណងរបស់ទ្រង់គឺដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាងដើម្បីប្រោសលោះមនុស្សទាំងមូល។ ក៏ប៉ុន្តែសាសន៍យូដាបានជឿថា ព្រះជាម្ចាស់មិនអាចធ្វើរឿងបែបនេះបានទេ ហើយពួកគេបានគិតថា ព្រះជាម្ចាស់មិនអាចត្រលប់ជាសាច់ឈាម និងក្លាយខ្លួនជារូបអង្គនៃព្រះអម្ចាស់យេស៊ូវបានឡើយ។ គំនិត “មិនអាចទៅរួច” របស់ពួកគេ បានក្លាយជាមូលដ្ឋានដែលពួកគេថ្កោលទោស និងបដិសេធព្រះជាម្ចាស់ ហើយចុងក្រោយនាំទៅដល់ការបំផ្លិចបំផ្លាញ​អ៊ីស្រាអែល។ សព្វថ្ងៃនេះ មនុស្សជាច្រើនបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះដែរ។ ពួកគេប្រកាសប្រាប់ពីការលេច​មករបស់ព្រះជាម្ចាស់ដែលនឹងជិតមកដល់ អស់ពីកម្លាំងរបស់ពួកគេ តែក្នុងពេលដំណាលគ្នានោះ គេបែរជាថ្កោលទោសចំពោះការលេច​មករបស់ទ្រង់វិញ។ គំនិត “មិនអាចទៅរួច” របស់ពួកគេ ដាក់កំហិតម្ដងទៀតអំពីការលេចមករបស់ព្រះជាម្ចាស់នៅក្នុងដែនកំណត់នៃការស្រមើស្រមៃរបស់ពួកគេ។ ហេតុនេះ អញបានឃើញមនុស្សជាច្រើនផ្ទុះសំណើចក្អាកក្អាយ និងកងរំពង ក្រោយជួបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចៃដន្យ។ ប៉ុន្តែ តើសំណើចនេះខុសគ្នាពីការថ្កោលទោស និងការប្រមាថរបស់សាសន៍យូដាដែរទេ? ឯងរាល់គ្នាពុំមានការគោរពចំពោះវត្តមាននៃសេចក្តីពិតទេ ហើយឯងមិនមានអាកប្បកិរិយាស្រេកឃ្លានសេចក្ដីពិតដែរ។ អ្វីទាំងអស់ដែលឯងធ្វើ គឺសិក្សាស្វែងយល់ដោយមិនរើសមុខ  និងរង់ចាំដោយត្រេកអរសប្បាយ គ្មានការខ្វល់ខ្វាយសោះឡើយ។ តើឯងអាចទទួលបានអ្វីខ្លះ ពីការសិក្សាស្វែងយល់ និងការរង់ចាំបែបនេះ? តើឯងគិតថា ឯងនឹងទទួលបានការដឹកនាំពីព្រះជាម្ចាស់ដោយផ្ទាល់ដែរឬទេ? ប្រសិន​បើឯងមិនអាចយល់ពីសូរសៀងរបស់ព្រះជាម្ចាស់ តើឯងមានលក្ខណសម្បត្តិបែបណា ដើម្បីអាចធ្វើបន្ទាល់អំពីការលេច​មករបស់ព្រះជាម្ចាស់បាន? នៅទីណាដែលព្រះជាម្ចាស់លេច​មក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេច​មករបស់ព្រះជាម្ចាស់។ ត្រូវជម្រុះចោលនូវសញ្ញាណរបស់ឯង! ចូររក្សាភាពស្ងប់ស្ងៀម និងអានព្រះ​បន្ទូលទាំងនេះដោយយកចិត្តទុកដាក់។ ប្រសិនបើឯងចង់ឃើញនូវសេចក្តីពិត នោះព្រះជាម្ចាស់នឹងបំភ្លឺឯង ហើយឯងនឹងយល់នូវព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់។ ត្រូវជម្រុះចោលនូវទស្សនៈរបស់ឯងរាល់គ្នាចំពោះគំនិតថា “មិនអាចទៅរួច” នេះ! នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃតម្រិះ និងសញ្ញាណរបស់មនុស្ស។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានពេញទៅដោយព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេច​មករបស់ទ្រង់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ នៅរក្សាដូចដើមដដែល មិនថាស្នាមព្រះបាទារបស់ទ្រង់នៅទីណានោះទេ ហើយមិនថាទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់នោះទេ ទ្រង់គឺជាម្ចាស់នៃមនុស្សជាតិទាំងអស់ គឺដូចជាអម្ចាស់យេស៊ូវ ដែលមិនមែនគ្រាន់តែជាព្រះជាម្ចាស់នៃពួកសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍អាស៊ី អឺរ៉ុប និងអាមេរិក និងជាតិសាសន៍ដទៃទៀតឡើយ ទ្រង់គឺជាព្រះជាម្ចាស់តែ​មួយ និងមួយអង្គគត់នៅក្នុងសាកលលោកទាំង​មូលនេះ។ ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេច​មករបស់ទ្រង់នៅក្នុងព្រះសូ​រសៀងរបស់ទ្រង់ និងត្រូវដើរឲ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេច​មករបស់ទ្រង់ កើតឡើងដំណាលគ្នា ហើយនិស្ស័យ និងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់។ បងប្អូនប្រុសស្រីអើយ អញ​សង្ឃឹមថាឯងរាល់គ្នាអាចមើលឃើញពីការលេច​មករបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងនេះ [និង]ចាប់ផ្ដើមដើរតាមលំអាននៃស្នាមព្រះបាទារបស់ទ្រង់ នៅពេលឯងបោះជំហានទៅមុខ ទៅក្នុងយុគសម័យថ្មីមួយ និងចូលទៅក្នុងឋានសួគ៌ និងផែនដីថ្មីដ៏ស្រស់ស្អាត ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អស់អ្នកដែលរង់ចាំការលេច​មករបស់ទ្រង់!

ខាង​ដើម៖ ខ្យល់ដង្ហើមនៃព្រះដ៏មានឫទ្ធានុភាព

បន្ទាប់៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ