ព្រះ​ជាម្ចាស់​គឺ​ជា​ប្រភព​នៃ​ជីវិត​មនុស្ស

ចាប់​តាំង​ពី​ពេល​ដែល​ឯងស្រែក​យំ​ចូល​មក​ក្នុង​ពិភព​លោកនេះ​ គឺ​ឯងចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​ខ្លួន​ហើយ។ ការ​បំពេញ​តួនាទី​របស់​ឯង​នៅ​ក្នុង​ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់ និង​នៅ​ក្នុង​ការ​ចាត់​តាំង​របស់​ទ្រង់ គឺ​​​ឯង​ចាប់​ផ្ដើម​ដំណើរ​ជីវិត​របស់​ខ្លួនហើយ​​។​ មិន​ថា​ឯង​មាន​ប្រវត្តិ​បែប​ណា ហើយ​ដំណើរ​ដែល​នៅ​ខាង​មុខ​ឯង​​យ៉ាង​ណា​នោះ​ទេ គឺ​គ្មាននរ​ណា​ម្នាក់​អាច​គេច​ផុត​ពី​​ការ​រៀប​ចំ និង​ការ​ចាត់​ចែង​របស់​ស្ថាន​សួគ៌​បាន​ឡើយ ហើយ​គ្មាន​នរ​ណា​ម្នាក់​អាច​គ្រប់​គ្រង​ជោគវាសនារបស់​ខ្លួនបាន​ទេ ដ្បិត​មាន​តែ​ទ្រង់​ដែល​គ្រប់​គ្រងលើ​អ្វីៗ​ទាំង​អស់​ប៉ុណ្ណោះ ដែល​អាច​​ធ្វើ​កិច្ច​ការ​បែប​នេះ​បាន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​មនុស្ស​បាន​កើត​មក ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​កិច្ច​ការ​នេះ​រួចទៅ​ហើយ ដោយ​ទ្រង់​គ្រប់​គ្រង​លើ​ចក្រ​វាឡ​ទាំង​មូល ដឹកនាំ​ច្បាប់​នៃ​ការ​ផ្លាស់​ប្ដូរ​សម្រាប់​អ្វីៗ​ទាំ​ង​អស់ និង​គន្លង​​ចលនានៃ​របស់​ទាំ​ងអស់​នោះ​។ មនុស្ស ក៏​ដូច​ជា​អ្វីៗ​ទាំ​ង​អស់​ដែរ ​គឺ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ស្ងៀមស្ងាត់ និង​ដោយ​មិន​ដឹង​ខ្លួន​ តាម​រយៈភាព​ផ្អែម​ល្ហែម និង​ទឹក​ភ្លៀង ព្រម​ទាំង​ទឹក​សន្សើម​ដែល​មក​ពី​ព្រះជាម្ចាស់ ​ហើយ​មនុស្ស​ក៏​រស់​នៅក្រោម​ការ​រៀប​ចំនៃ​ព្រះហស្ដ​របស់​ព្រះ​ជា​ម្ចាស់​ទាំង​​មិន​ដឹង​ខ្លួនដែរ។ ព្រះ​ជា​ម្ចាស់ក្រសោប​ដួង​ចិត្ត និង​វិញ្ញាណ​របស់​មនុស្ស​​នៅ​ក្នុង​ព្រះ​ហស្ដ​​ទ្រង់ ហើយ​គ្រប់​យ៉ាង​នៅក្នុង​ជីវិត​របស់មនុស្ស​សុទ្ធ​តែ​ត្រូវ​បាន​មើល​ឃើញ​​នៅក្នុង​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់។ មិន​ថា​ឯង​ជឿ ឬក៏​មិន​ជឿ​​​​នោះ​ទេ អ្វីៗ​គ្រប់​យ៉ាងទាំង​អស់ ទាំង​របស់​មាន​ជីវិត និង​គ្មានជីវិត នឹង​ផ្លាស់​វេន ផ្លាស់​ប្ដូរ ផ្លាស់​ជា​ថ្មី ព្រម​ទាំង​​បាត់​ទៅ​វិញ​តាម​ព្រះ​តម្រិះ​របស់​ព្រះ​ជា​ម្ចាស់។ នេះ​ជារបៀប​ដែល​ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់។

នៅ​ពេលដែល​ពេល​​​រាត្រី​ចូល​មក​ដល់​យ៉ាង​​ស្ងៀម​ស្ងាត់ មនុស្ស​មិន​ដឹង​ខ្លួននោះ​ទេ ព្រោះ​ដួង​ចិត្ត​របស់​មនុស្ស​មិន​អាច​ដឹង​ថា ពេល​​រាត្រី​ចូល​មក​ដល់​ដោយ​របៀប​ណា ហើយ​ក៏​មិន​ដឹង​ថា​វា​មក​ដល់​នៅ​ពេល​ណា​ដែរ។  នៅ​ពេលដែល​ពេល​​​រាត្រី​រសាត់​បាត់​ទៅ​ដោយស្ងៀម​​ស្ងាត់ មនុស្សក៏​​ស្វាគមន៍ចំពោះ​ការ​មក​ដល់​នៃ​ពន្លឺ​ថ្ងៃ ប៉ុន្ដែ​ថា​ពន្លឺ​បាន​មក​ដល់​នៅ​ពេល​ណា ហើយ​ថា​វាបាន​​ដេញ​ភាព​ងងឹត​នៃពេល​រាត្រី​ចេញ​ទៅ​ដោយ​របៀប​ណា នោះ​មនុស្ស​ដឹង​តិច​តួច​ណាស់ ហើយ​ក៏​មិន​សូវ​ដឹង​ដែរ។ ភាព​ឆ្លាស់​គ្នា​ដដែល​ៗនៃ​ពេល​ថ្ងៃ និង​ពេល​យប់ នាំ​មនុស្ស​ឆ្លង​កាត់​ពី​រយៈ​ពេល​មួយ​ទៅ​​​រយៈ​​ពេល​​មួយ​ទៀត ពីបរិបទ​ប្រវត្តិ​សាស្ដ្រ​មួយ​ទៅ​បរិបទប្រវត្តិ​សាស្ដ្រ​​មួយ​ទៀត ខណៈ​ដែលមានការ​ធានា​ថា ​កិច្ច​ការ​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​គ្រប់​​ពេល និ​ងផែន​ការ​របស់​ទ្រង់​គ្រប់​សម័យ​កាល​ទាំង​អស់ ​ត្រូវ​បាន​អនុវត្ត។ មនុស្ស​បាន​ដើរ​ឆ្លង​កាត់  ​រយៈ​ពេល​ទាំង​អស់​នេះ​ជា​មួយ​ព្រះ​ជា​ម្ចាស់ ប៉ុន្ដែ​​មិន​ដឹង​ថា ​ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​លើវាសនា​នៃ​របស់សព្វសារពើ និង​សត្វ​មាន​ជីវិត​ទាំង​អស់នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​ព្រះ​ជា​ម្ចាស់​រៀប​ចំ និង​ដឹក​នាំ​អ្វីៗ​​ទាំង​អស់​យ៉ាង​ដូច​ម្ដេច​ដែរ​។  មនុស្សមិនបានយល់អំពីការ​នេះ ​​តាំង​ពី​យូរ​យា​ណាស់មក​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ចំពោះ​មូល​ហេតុ គឺ​មិនមែន​ដោយ​សារ​តែ​កិច្ច​ការ​របស់​ព្រះ​ជា​ម្ចាស់​លាក់​កំបាំង​ពេក ឬដោយ​សារផែនការ​របស់​ព្រះ​ជា​ម្ចាស់​មិន​ទាន់​ត្រូវ​បាន​គេ​ដឹងនៅ​ឡើយ​​នោះ​ទេ ប៉ុន្ដែ ​គឺ​ដោយ​សារ​តែ​ដួង​ចិត្ត និង​វិញ្ញាណ​របស់​មនុស្ស​នៅ​​ឆ្ងាយ​ពី​ព្រះ​ជា​ម្ចាស់​​រហូត​ដល់​ចំណុច​មួយ​​ដែល​គាត់​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​របស់​អារក្ស​សាតាំង ទោះ​បី​ជា​គាត់​ដើរ​តាម​ព្រះ​ជា​ម្ចាស់​ក៏​ដោយ ក៏​គាត់​នៅ​តែ​មិន​ដឹង​ដែរ។ គ្មាន​នរណាណា​ម្នាក់​ស្វែង​រក​ស្នាម​ព្រះបាទា​របស់​ព្រះ​ជា​ម្ចាស់ និងការបង្ហាញអង្គទ្រង់​របស់​ព្រះ​ជា​ម្ចាស់យ៉ាង​សកម្មនោះ​ទេ ហើយ​គ្មាននរណា​ម្នាក់​មាន​ឆន្ទៈចង់​ស្ថិត​នៅ​ក្នុង​ការយក​ព្រះទ័យ​ទុក​ដាក់ និង​ការ​ថែរក្សា​របស់​ព្រះ​ជា​ម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រាថ្នា​ចង់​ពឹង​ផ្អែក​លើភាព​ពុកផុយ​របស់​អារក្សសាតាំង ដែល​ជា​មេកំណាច ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ពិភព​លោក​នេះ និង​ច្បាប់​ជីវិត​ដែល​មនុស្ស​អាក្រក់​អនុវត្ត​តាម។ ត្រង់​ចំណុច​នេះ ដួង​ចិត្ត និង​វិញ្ញាណ​របស់​មនុស្ស​បាន​ក្លាយ​ទៅ​ជា​សួយសារអាករ​ និង​ជា​ចំណី​របស់​អារក្ស​សាតាំង។ ជាង​នេះ​ទៅ​ទៀត ដួង​ចិត្ត និង​វិញ្ញាណ​របស់​មនុស្ស​បាន​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែល​អារក្ស​សាតាំង​អាច​រស់​នៅ និង​ជា​កន្លែង​លេង​របស់​វា។ ដូច្នេះ មនុស្ស​បាត់​បង់​ការ​យល់​ដឹង​របស់​ខ្លួន​អំពី​គោល​ការ​ណ៍​នៃភាពជា​មនុស្ស និង​គុណ​តម្លៃ ព្រម​ទាំង​អត្ថ​ន័យ​នៃជីវិត​មនុស្ស​ ទាំង​មិន​ដឹង​ខ្លួន។ ក្រឹត្យ​វិន័យ​របស់​ព្រះ​ជា​ម្ចាស់ និង​សម្ព័ន្ធមេត្រីរវាង​ព្រះ​ជាម្ចាស់ និង​មនុស្ស បាន​រលាយ​ចេញ​ពី​ដួង​ចិត្ត​របស់​មនុស្ស​បន្ដិច​ម្ដងៗ ហើយ​គេ​ក៏​ឈប់​ស្វែង​រក ឬ​ក៏​លែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​ជា​ម្ចាស់។ តាម​រយៈ​ការ​ឆ្លង​កាត់​ពេល​វេលា មនុស្ស​លែង​យល់​ពី​មូល​ហេតុ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ខ្លួន​មក ហើយ​​ក៏​មិន​យល់​ពីព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ព្រះ​ជា​ម្ចាស់ និង​អ្វីៗ​គ្រប់យ៉ាង​ដែល​មក​ពីព្រះ​ជា​ម្ចាស់​ដែរ។ ដូច្នេះ មនុស្ស​ក៏​ចាប់​ផ្ដើម​ប្រឆាំង​ចំពោះ​​ក្រឹត្យ​វិន័យ និង​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ដួង​ចិត្ត​ និង​វិញ្ញាណ​របស់គេ​ក៏​បានស្លាប់…​។ ព្រះ​ជា​ម្ចាស់​បាត់​បង់​មនុស្ស​ដែល​ទ្រង់​បាន​បង្កើត​ពីដំបូងមក ហើយ​មនុស្ស​បាត់​បង់​ឫស​គល់​នៃ​ដើម​កំណើត​របស់​ខ្លួន៖ នេះ​គឺ​ជា​ទុក្ខ​ព្រួយ​នៃ​ពូជ​មនុស្ស​។ តាម​ពិ​តទៅ តាំង​ពី​ដើម​ដំបូង​មកដល់ពេលនេះ ព្រះ​ជា​ម្ចាស់​បាន​រៀប​ចំ​សោក​នាដកម្ម​មួយ​សម្រាប់​មនុស្ស​ជាតិ ជា​សោក​នាដកម្មដែល​មនុស្ស​គឺ​ជាអ្នកបង្កហេតុផង និង​ជា​ជន​រង​គ្រោះផង ហើយ​គ្មាននរណា​ម្នាក់​អាច​ឆ្លើយ​បាន​ថា អ្នក​ដឹក​នាំ​នៃ​សោកនាដ​កម្ម​នេះ​ជានរណា​ឡើយ។

នៅ​ក្នុង​ពិភព​លោក​ដ៏​ធំល្វឹង​ល្វើយ មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​រាប់​មិន​អស់​បាន​កើត​ឡើង ដូច​ជា​មហាសមុទ្រ​នាំ​ដីល្បាប់ចូល​ទៅ​ក្នុង​ស្រែ​ចំការចម្ការ ហើយ​ស្រែ​ចម្ការ​ជន់​ទឹក​ឡើង​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ម្ដង​ហើយម្ដង​ទៀត។ ក្រៅ​ពី​ព្រះ​អង្គ​ដែល​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចក្រ​វាឡ​ គ្មាននរណា​ម្នាក់​អាច​ដឹក​នាំ និងណែ​នាំ​ពូជ​មនុស្ស​នេះ​បាន​​ឡើយ​។​ គ្មាន​នរណា​ម្នាក់​​​ខ្លាំង​ពូកែ​​ដែល​ធ្វើ​ការងារ​ ឬ​ក៏​ធ្វើ​ការ​រៀប​ចំ​សម្រាប់​ពូជ​មនុស្ស​​នេះ​ទេ ព្រោះ​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​អាច​ដឹក​នាំ​ពូជ​មនុស្ស​នេះ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​នៃ​ពន្លឺ និង​រំដោះ​ពួក​គេ​ពី​ភាព​អយុត្តិ​ធម៌​នៅ​លើ​ផែន​ដីនេះ។ ព្រះ​ជា​ម្ចាស់​សោយ​សោក​ចំពោះ​អនាគត​របស់​មនុស្ស ទ្រង់​ព្រួយ​ព្រះ​ហ​ឫទ័យ​នៅពេល​ដែល​មនុស្ស​ធ្លាក់​ចុះ ហើយ​ទ្រង់​ឈឺ​ព្រះហឫទ័យ​ដែល​មនុស្ស​ដើរមួយជំហានម្ដងៗ​ទៅ​រក​​ភាព​ពុក​រលួយ និង​ផ្លូវ​ដែល​មិន​អាច​ត្រលប់​ក្រោយវិញ​​ បាន​។ មនុស្ស​​បាន​ធ្វើ​ឲ្យ​ព្រះ​ហ​ឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ខ្ទេច​ខ្ទាំ និង​បាន​បោះ​បង់ចោល​​ទ្រង់​ទៅស្វែង​រក​មេកំណាច៖ តើ​មាននរណា​ម្នាក់​ធ្លាប់​គិត​ពី​ទិស​ដៅ​ដែល​មនុស្ស​ប្រភេទ​នេះ​អាច​ត្រូវ​បាន​នាំ​ទៅ​ដែរ​ឬ​ទេ? ប្រាកដណាស់​ថា គឺ​ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​បាន​ជា​​គ្មាននរណា​ម្នាក់មាន​អារម្មណ៍​ដឹង​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​គ្មាននរណា​ម្នាក់​ស្វែង​រក​វិធី​ដើម្បី​ផ្គាប់ដល់​​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់ ឬក៏​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ​ជា​ម្ចាស់​ទេ ហើយ​លើស​ពី​នោះ​ទៅ​ទៀត ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​បាន​ជា​គ្មាននរណា​ម្នាក់​យល់​ច្បាស់​ពីការ​ព្រួយ​ព្រះ​ហឫទ័យ និង​ការ​ឈឺ​ចាប់​របស់​ព្រះ​ជា​ម្ចាស់។ ទោះ​បី​ជា​ក្រោយ​ពេល​ដែល​ស្ដាប់​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ជាម្ចាស់ហើយ​ក៏​ដោយ ក៏​មនុស្ស​នៅ​តែ​បន្ដ​ដើរលើ​​ផ្លូវ​របស់​ខ្លួន នៅ​តែ​បន្ដ​​វង្វេង​ចេញ​ពី​ព្រះ​ជា​ម្ចាស់ ដោយការ​​គេច​ចេញ​ពី​ព្រះគុណ និង​ការ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​​របស់​ព្រះ​ជា​ម្ចាស់ ព្រម​ទាំង​គេច​ចេញ​ពីសេចក្ដី​ពិត​របស់​ទ្រង់ ដោយ​ព្រម​លក់​ខ្លួន​ទៅ​ឲ្យ​អារក្ស​សាតាំង ដែល​ជាខ្មាំង​សត្រូវ​របស់​ព្រះ​ជា​ម្ចាស់​។ បើមនុស្សនៅក្បាលរឹងបែបនេះ ​តើ​ព្រះ​ជា​ម្ចាស់​នឹង​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​មនុស្សដែលបានបោះបង់ទ្រង់ចោល  ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? ​គ្មាននរណា​ម្នាក់​ដឹងឡើយថា មូល​ហេតុដែលនាំឲ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត​ នោះគឺ​ដោយ​សារ​​ទ្រង់​បាន​រៀប​ចំ​គ្រោះ​មហន្ដរាយ​មួយដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​ក្នុង​ព្រះ​ហស្ដ​ទ្រង់ ជា​គ្រោះ​មហន្ដ​រាយ​មួយ​ដែល​សាច់​ឈាម និង​ព្រលឹង​របស់​មនុស្ស​មិន​អាច​ទ្រាំ​ទ្រ​បាននោះ​ទេ។ គ្រោះ​មហន្ដរាយ​នេះ​មិន​មែន​គ្រាន់​តែ​ជា​ទណ្ឌ​កម្ម​នៃ​​សាច់​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ជា​ទណ្ឌកម្មនៃ​ព្រលឹង​ដែរ។ ឯង​ត្រូវ​ដឹង​ពី​ចំណុច​នេះ៖ នៅ​ពេល​ដែល​ផែន​ការ​របស់​ព្រះ​ជាម្ចាស់បរាជ័យ ហើយ​នៅ​ពេល​ដែល​ការ​រំឭក និង​ការ​ដាស់​តឿន​របស់​ទ្រង់​គ្មាន​ការ​ឆ្លើយ​តប តើ​ទ្រង់​នឹងសម្ដែង​​សេចក្ដី​ក្រោធ​ប្រភេទ​ណាទៅ? គឺ​សេចក្ដី​​ក្រោធ​ដែល​មិន​ធ្លាប់​មាន​អ្នក​​ជួប​ប្រទះ ឬក៏​ធ្លាប់​ឮ​ពី​មុន​មក​ទេ។ ដូច្នេះ​ហើយ​បាន​ជាអញ​និយាយ​ថា គ្រោះ​មហន្ដរាយ​នេះមិន​ធ្លាប់​មាន​ពីមុន​មក​ទេ ហើយ​ក៏​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​ដែរ។ ដ្បិត​ផែន​ការ​របស់​ព្រះ​ជាម្ចាស់ គឺ​បង្កើត​មនុស្ស​ជាតិតែមួយ​ដង និង​សង្គ្រោះ​មនុស្ស​ជាតិ​តែ​មួយ​ដង​នេះ​​ប៉ុណ្ណោះ។ នេះ​គឺ​ជា​លើក​ដំបូង ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ដែរ។ ដូច្នេះ​ហើយ គ្មាននរណា​ម្នាក់អាច​យល់​ពីបំណង​ព្រះ​ហឫទ័យក្នុង​ការ​ទទួល​យក​ការ​ឈឺ​ចាប់ និង​ការ​គិត​ទុក​ជា​មុន​ដ៏​ក្លៀវ​ក្លា ដែល​ព្រះ​ជា​ម្ចាស់​ជួយ​សង្គ្រោះ​មនុស្ស​នៅ​គ្រានេះ​ទេ។ ​

ព្រះ​ជា​ម្ចាស់បាន​បង្កើត​ពិភព​លោក​នេះ ហើយ​បាន​នាំ​មនុស្ស​ដែល​ជា​សភាវមាន​ជីវិត​មួយ ដែល​​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​ជីវិត ចូល​​មក​​​ក្នុង​ពិភព​លោក​នេះ។ បន្ទាប់​មក មនុស្ស​ក៏​ចាប់​ផ្ដើម​មាន​ឪពុក​ម្ដាយ និង​សាច់​ញាតិ ហើយ​ក៏​លែង​ឯកា​ទៀត។ ចាប់​តាំង​ពី​ពេល​ដែល​មនុស្ស​បានសម្លឹង​មើល​ពិភព​លោក​ខាង សម្ភារៈនេះ​ជា​លើក​ដំបូង គឺ​គេ​ត្រូវ​បាន​កំណត់​ឲ្យ​រស់​នៅ​ក្នុង​ការចាត់តាំង​របស់​ទ្រង់ទៅ​ហើយ។ ខ្យល់​ដង្ហើម​ជីវិត​ដែល​ចេញ​មក​ពី​ព្រះ​ជា​ម្ចាស់ ទ្រទ្រង់​សភាវមាន​ជីវិត​ទាំង​ឡាយ​ឲ្យ​លូត​លាស់​រហូត​ដល់​ពេញ​វ័យ។ ក្នុង​អំឡុង​ពេល​នៃដំណើរ​ការ​នេះ គ្មាននរណា​ម្នាក់​មាន​អារម្មណ៍ថា​មនុស្ស​ធំធាត់​ឡើង​ក្រោម​ការ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​​របស់​ព្រះ​ជា​ម្ចាស់​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ជឿ​ថា មនុស្ស​ធំធាត់​ឡើង​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​​ប្រកប​ដោយក្ដី​ស្រលាញ់​របស់​ឪពុក​ម្ដាយ​ខ្លួន ហើយ​ជឿ​ថា​សភាវគតិ​នៃជីវិតរបស់គេ គឺ​ជា​អ្វី​ដែលជម្រុញ​ដល់​​ការធំ​​​ធាត់របស់ពួក​គេ។ នេះ​គឺ​ដោយ​សារ​តែ​មនុស្ស​មិន​ស្គាល់​អ្នក​ដែល​បាន​ផ្ដល់​ជីវិត​របស់ខ្លួន​មក ឬមិន​ដឹង​ថា​ជីវិត​របស់ខ្លួន​​បានមក​ពី​ណា ​​ពោល​គឺ​មិន​ដឹង​ពី​របៀប​ដែល​សភាវគតិ​នៃ​ជីវិត​បង្កើត​ការ​អស្ចារ្យ​។ គេ​ដឹង​ត្រឹម​តែ​ថា ចំណី​អាហារ​គឺ​ជា​មូល​ដ្ឋាន​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់គេ​បន្ដ​រស់​នៅ​តទៅ​ទៀត និង​​ថា​ភាពតស៊ូ​គឺ​ជា​ប្រភព​នៃ​ការ​រស់​នៅ​របស់​គេ ព្រម​ទាំង​​ថា​ជំនឿនៅ​ក្នុង​គំនិត​របស់​គេ គឺ​ជាដើម​ទុន​ដែល​ការ​រស់​នៅ​របស់​គេត្រូវ​ពឹង​ផ្អែក​លើ។ មនុស្សភ្លេច​ទាំង​ស្រុង​នូវ​ព្រះគុណ និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់ ដូច្នេះ​ហើយ​បាន​ជាគេមិន​ខ្វល់​ពីជីវិត​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ដល់​គេ....។ គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ព្រះ​ជា​ម្ចាស់​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​​ទាំងយប់​ទាំង​ថ្ងៃ យក​ខ្លួន​គេ​មក​ថ្វាយ​បង្គំ​ទ្រង់​ឡើយ។ ព្រះជា​ម្ចាស់​​បន្ដដោះ​ស្រាយ​ជា​មួយ​​​មនុស្ស​ដូច​ដែល​ទ្រង់​បាន​គ្រោង​ទុក ទោះ​បី​ជា​ទ្រង់​មិន​បាន​រំពឹង​ទុកអ្វី​ពី​គេ​ក៏​ដោយ​។​ ទ្រង់​ធ្វើ​ដូច្នេះព្រោះ​​សង្ឃឹម​ថា ថ្ងៃ​ណា​មួយមនុស្ស​នឹង​ភ្ញាក់​ពី​សុបិនរបស់​ខ្លួន​ ហើយ​ចាប់​ផ្ដើម​ទទួល​ស្គាល់ភ្លាម​ៗ​នូវ​​គុណ​តម្លៃ និង​អត្ថន័យ​នៃ​ជីវិត​ និង​​​តម្លៃ​ដែល​ព្រះ​ជា​ម្ចាស់​បាន​បង់សម្រាប់​អ្វីៗ​ទាំ​ងអស់​ដែល​ទ្រង់​បាន​ប្រទាន​ដល់​គេ ព្រម​ទាំង​ភាព​អន្ទះ​សា​​​​ដែល​ព្រះ​ជា​ម្ចាស់​រង់​ចាំ​ឲ្យមនុស្ស​វិល​ត្រលប់​មក​រកទ្រង់​វិញ។ គ្មាននរណា​ម្នាក់​ធ្លាប់សម្លឹង​មើល​ទៅ​អាថ៌កំបាំងដែល​គ្រប់​គ្រង​លើ​ដើម​កំណើត និង​ការ​បន្ដ​នៃ​ជីវិត​របស់​មនុស្ស​ទេ​។ មាន​តែ​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ដែល​យល់​ពី​ការ​ទាំង​អស់​នេះ ហើយ​ទ្រាំ​ទ្រយ៉ាង​ស្ងៀម​ស្ងាត់​ចំពោះ​ការ​ឈឺ​ចាប់ និង​ការវាយ​ប្រហារដែល​មនុស្ស​ផ្ដល់​ឲ្យ​ទ្រង់ គឺ​​ជាមនុស្ស​​​ដែល​បាន​ទទួល​អ្វីៗ​គ្រប់​យ៉ាង​ពីព្រះ​ជា​ម្ចាស់ ប៉ុន្ដែ​មិនចេះ​ដឹង​គុណ​ទ្រង់ឡើយ។ ដូច​គ្នាផង​ដែរ មនុស្សមិនចេះស្ញប់ស្ញែងចំពោះអ្វីៗដែលកើតមានចំពោះជីវិត ដូច្នេះ ​វា​ជា “រឿងធម្មតា” ទេ ដែល​ព្រះ​ជា​ម្ចាស់​ត្រូវ​បាន​មនុស្ស​ក្បត់ បំភ្លេច និង​គំរាម​កំហែង។ តើវា​អាច​ទេដែល​ថា ​​ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់​ពិត​ជាមាន​សារៈ​​សំខាន់​បែប​នេះ? តើ​វា​អាច​ទេ​ដែល​ថា មនុស្ស​ដែល​ជា​សភាវ​មាន​ជីវិត​ដែល​ចេញ​មក​ពី​ព្រះហស្ដ​របស់ព្រះ​ជាម្ចាស់​ពិត​ជាមាន​សារៈ​សំខាន់​បែប​នេះ? ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​​​ ​​​​សារៈ​​​​​​សំខាន់​ណាស់ ប៉ុន្ដែ​សភាវ​មាន​ជីវិត​ដែល​បាន​កើត​មកដោយ​​សារ​ព្រះ​ហស្ដ​របស់​ព្រះ​ជា​ម្ចាស់ រស់​នៅ​សម្រាប់​ជា​ប្រយោជន៍ដល់​​ផែន​ការ​របស់​ទ្រង់។ ដូច្នេះ​ហើយ ព្រះ​ជា​ម្ចាស់​មិន​អាច​បោះ​បង់​ផែន​ការ​របស់​ទ្រង់​ចោល ​ដោយ​សារ​តែ​សេចក្ដី​ស្អប់​ចំពោះ​ពូជ​​មនុស្ស​នេះ​​ឡើយ​។ ព្រះ​ជា​ម្ចាស់​ទ្រាំ​ទទួល​ទារុណ​កម្ម​គ្រប់​យ៉ាង​សម្រាប់​ជា​​ប្រយោជន៍ដល់​​ផែន​ការ​របស់​ទ្រង់ និង​ខ្យល់​ដង្ហើម​ដែល​ទ្រង់បាន​ផ្លុំចេញ​មក មិន​មែន​សម្រាប់ជា​ប្រយោជន៍​ដល់​​សាច់​ឈាម​របស់​មនុស្ស​ទេ ប៉ុន្ដែ​សម្រាប់​ជា​ប្រយោជន៍​ដល់​ជីវិត​របស់​មនុស្ស​វិញ។ ទ្រង់​ធ្វើ​ដូច្នេះ​ដើម្បី​យកជីវិត​ដែល​ទ្រង់​បាន​ផ្លុំ​ចេញ​ ឲ្យ​ត្រលប់មក​វិញ មិន​មែន​ដើម្បី​យក​សាច់​ឈាម​របស់​មនុស្ស​ទេ។ នេះ​គឺ​ជា​ផែន​ការ​របស់​ទ្រង់​។

មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេបានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។ អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។ ទាំងអស់នេះជាដំណើរជីវិតដែលព្រះបានរៀបចំសម្រាប់សភាវៈមានជីវិតនីមួយៗ។ ដោយឡែក ដំណើរជីវិត និងវដ្តជីវិតនេះ គឺគ្រាន់តែជាសេចក្ដីពិតដែលព្រះចង់ឲ្យមនុស្សប្រកាន់ខ្ជាប់ថា៖ ជីវិតដែលព្រះបានប្រទានដល់មនុស្ស គឺឥតដែនកំណត់ឡើយ មិនមែនជាប់ឃុំក្នុងរាងកាយ ពេលវេលា ឬក្នុងលំហនោះទេ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះបានប្រទានដល់មនុស្ស និងជាភ័ស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីព្រះអង្គ។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងគ្រប់យ៉ាងដែលកើតមកពីទ្រង់ ដោយចៀសមិនរួច ទោះបីជាគេមិនជឿ ឬបដិសេធព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ គង់មានថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យ ហើយចង់ទាមទារមកវិញនូវអ្វីៗសព្វសារពើដែលមានវត្ត​មាន​ក្នុងលោកិយនេះ ព្រមទាំងទារយកជីវិតដែលទ្រង់បានប្រទាន នោះគ្រប់ទាំងអស់នឹងលែងមានទៀតហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើ ទាំងមានជីវិត និងគ្មានជីវិត ទាំងនាំមកនូវសណ្ដាប់ធ្នាប់ល្អ តាមរយៈគុណធម៌នៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាសេចក្ដីពិតមួយដែលគ្មាននរណាម្នាក់អាចយល់បាន ហើយសេចក្ដីពិតដ៏មិនអាចយល់បាននេះ គឺជាការបើកសម្ដែង និងជាបន្ទាល់នៃថាមពលជីវិតរបស់ព្រះ។ អញសូមប្រាប់អាថ៌កំបាំងមួយដល់ឯងថា៖ ឧត្ដមភាពនៃជីវិតរបស់ព្រះជាម្ចាស់ និងព្រះចេស្ដានៃព្រះជន្មរបស់ទ្រង់ គឺគ្មានមនុស្សណាម្នាក់អាចយល់បានឡើយ។ ពេលនេះក៏បែបនេះ ពីមុនក៏បែបនេះ ហើយនឹងនៅតែបែបនេះរហូតតទៅអនាគត។ អាថ៌កំបាំងទីពីរដែលអញចង់ប្រាប់គឺ ប្រភពនៃជីវិតមកពីព្រះជាម្ចាស់ សម្រាប់គ្រប់សភាវៈមានជីវិតទាំងអស់ បើទោះបីជាពួកគេមានសណ្ឋាន ឬលក្ខណៈខុសគ្នាយ៉ាងណាក៏ដោយ។ ទោះបីឯងជាសភាវៈមានជីវិតបែបណា ក៏ឯងមិនអាចទាស់ទទឹងនឹងគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកដែរ។ ទោះក្នុងករណីណាក៏ដោយ គ្រប់យ៉ាងដែលអញប្រាថ្នា គឺឲ្យមនុស្សយល់ដូច្នេះថា ប្រសិន​បើគ្មានការបីបាច់ ថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបានគ្រប់យ៉ាងដែលគេត្រូវទទួលបានឡើយ បើទោះ​បីជាខំប្រឹងព្យាយាម ឬខ្នះខ្នែង​​​​​ តស៊ូយ៉ាងណាក៏ដោយ​។ ប្រសិនបើគ្មានការប្រទានជីវិតមកពីព្រះជាម្ចាស់ទេ មនុស្សបាត់បង់គុណតម្លៃក្នុងការរស់នៅ និងបាត់បង់អត្ថន័យនៃជីវិត។ តើព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សដែលខ្ជះខ្ជាយតម្លៃជីវិតជាអសារឥតការ អាចរស់នៅដោយមិនខ្វល់បែបនេះដូចម្ដេចបាន? ដូចអញបាននិយាយរួចហើយថា សូមកុំភ្លេចឲ្យសោះថា ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតរបស់ឯង។ ប្រសិនបើមនុស្ស មិនពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានឲ្យដល់គេទេ នោះទ្រង់មិនត្រឹមតែដកយកនូវអ្វីដែលទ្រង់បានប្រទានឲ្យតាំងតែពីដើមមកវិញប៉ុណ្ណោះទេ តែទ្រង់ក៏នឹងតម្រូវឲ្យមនុស្សសងមកវិញទ្វេដងនូវតម្លៃនៃរបស់គ្រប់យ៉ាងដែលទ្រង់បានប្រទានឲ្យដល់គេផងដែរ។

ថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០០៣

ខាង​ដើម៖ វិធីស្គាល់ព្រះដែលគង់នៅលើផែនដី

បន្ទាប់៖ ខ្យល់ដង្ហើមនៃព្រះដ៏មានឫទ្ធានុភាព

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ