ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស
ចាប់តាំងពីពេលដែលអ្នកស្រែកយំ ចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនហើយ។ អ្នកបំពេញតួនាទី និងចាប់ផ្ដើមដំណើរជីវិតរបស់ខ្លួនសម្រាប់ផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់។ មិនថាអ្នកមានប្រវត្តិបែបណា ហើយដំណើរដែលនៅខាងមុខអ្នកយ៉ាងណានោះទេ គឺគ្មាននរណាម្នាក់អាចគេចផុតពីការរៀបចំ និងការចាត់ចែងរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងជោគវាសនារបស់ខ្លួនបានទេ ដ្បិតមានតែទ្រង់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលមនុស្សបានកើតមក ព្រះជាម្ចាស់បានធ្វើកិច្ចការនេះរួចទៅហើយ ដោយទ្រង់គ្រប់គ្រងលើចក្រវាឡទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់អ្វីៗទាំងអស់ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្ស ក៏ដូចជាអ្វីៗទាំងអស់ដែរ គឺត្រូវបានចិញ្ចឹមបីបាច់ដោយស្ងៀមស្ងាត់ និងដោយមិនដឹងខ្លួន តាមរយៈភាពផ្អែមល្ហែម និងទឹកភ្លៀង ព្រមទាំងទឹកសន្សើមដែលមកពីព្រះជាម្ចាស់ ហើយមនុស្សក៏រស់នៅក្រោមការរៀបចំនៃព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួនដែរ។ ព្រះជាម្ចាស់ក្រសោបដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅក្នុងព្រះហស្ដទ្រង់ ហើយគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្ស សុទ្ធតែត្រូវបានមើលឃើញនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿនោះទេ អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់។
នៅពេលដែលពេលរាត្រីចូលមកដល់យ៉ាងស្ងៀមស្ងាត់ មនុស្សមិនដឹងខ្លួននោះទេ ព្រោះដួងចិត្តរបស់មនុស្សមិនអាចដឹងថា ពេលរាត្រីចូលមកដល់ដោយរបៀបណា ហើយក៏មិនដឹងថាវាមកដល់នៅពេលណាដែរ។ នៅពេលដែលពេលរាត្រីរសាត់បាត់ទៅដោយស្ងៀមស្ងាត់ មនុស្សក៏ស្វាគមន៍ចំពោះការមកដល់នៃពន្លឺថ្ងៃ ប៉ុន្ដែថាពន្លឺបានមកដល់នៅពេលណា ហើយថាវាបានដេញភាពងងឹតនៃពេលរាត្រីចេញទៅដោយរបៀបណា នោះមនុស្សដឹងតិចតួចណាស់ ហើយក៏មិនសូវដឹងដែរ។ ភាពឆ្លាស់គ្នាដដែលៗនៃពេលថ្ងៃ និងពេលយប់ នាំមនុស្សឆ្លងកាត់ពីរយៈពេលមួយទៅរយៈពេលមួយទៀត ពីបរិបទប្រវត្តិសាស្ដ្រមួយទៅបរិបទប្រវត្តិសាស្ដ្រមួយទៀត ខណៈដែលមានការធានាថា កិច្ចការរបស់ព្រះជាម្ចាស់ក្នុងគ្រប់ពេល និងផែនការរបស់ទ្រង់គ្រប់សម័យកាលទាំងអស់ ត្រូវបានអនុវត្ត។ មនុស្សបានដើរឆ្លងកាត់រយៈពេលទាំងអស់នេះជាមួយព្រះជាម្ចាស់ ប៉ុន្ដែមិនដឹងថា ព្រះជាម្ចាស់គ្រប់គ្រងលើគោលដៅនៃរបស់សព្វសារពើ និងសត្វមានជីវិតទាំងអស់នោះទេ ហើយក៏មិនដឹងថាព្រះជាម្ចាស់រៀបចំ និងដឹកនាំអ្វីៗទាំងអស់យ៉ាងដូចម្ដេចដែរ។ មនុស្សមិនបានយល់អំពីការនេះ តាំងពីយូរយារណាស់មកហើយ រហូតមកដល់សព្វថ្ងៃនេះ។ ចំពោះមូលហេតុ គឺមិនមែនដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់លាក់កំបាំងពេក ឬដោយសារផែនការរបស់ព្រះជាម្ចាស់មិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ ប៉ុន្ដែ គឺដោយសារតែដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅឆ្ងាយពីព្រះជាម្ចាស់រហូតដល់ចំណុចមួយដែលគាត់ស្ថិតនៅក្នុងការបម្រើរបស់អារក្សសាតាំង ទោះបីជាគាត់ដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏គាត់នៅតែមិនដឹងដែរ។ គ្មាននរណាម្នាក់ស្វែងរកយ៉ាងសកម្ម នូវស្នាមព្រះបាទារបស់ព្រះជាម្ចាស់ និងការបង្ហាញអង្គទ្រង់របស់ព្រះជាម្ចាស់នោះទេ ហើយគ្មាននរណាម្នាក់មានឆន្ទៈចង់ស្ថិតនៅក្នុងការយកព្រះទ័យទុកដាក់ និងការថែរក្សារបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រាថ្នាចង់ពឹងផ្អែកលើភាពពុកផុយរបស់អារក្សសាតាំង ដែលជាមេកំណាច ដើម្បីសម្របខ្លួនទៅនឹងពិភពលោកនេះ និងច្បាប់ជីវិតដែលមនុស្សអាក្រក់អនុវត្តតាម។ ត្រង់ចំណុចនេះ ដួងចិត្ត និងវិញ្ញាណរបស់មនុស្សបានក្លាយទៅជាសួយសារអាករ និងជាចំណីរបស់អារក្សសាតាំង។ ជាងនេះទៅទៀត ដួងចិត្ត និងវិញ្ញាណរបស់មនុស្សបានក្លាយទៅជាកន្លែងមួយដែលអារក្សសាតាំងអាចរស់នៅ និងជាកន្លែងលេងរបស់វា។ ដូច្នេះ មនុស្សបាត់បង់ការយល់ដឹងរបស់ខ្លួនអំពីគោលការណ៍នៃភាពជាមនុស្ស និងគុណតម្លៃ ព្រមទាំងអត្ថន័យនៃជីវិតមនុស្ស ទាំងមិនដឹងខ្លួន។ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និងសម្ព័ន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្ស បានរលាយចេញពីដួងចិត្តរបស់មនុស្សបន្ដិចម្ដងៗ ហើយគេក៏ឈប់ស្វែងរក ឬក៏លែងយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់។ តាមរយៈការឆ្លងកាត់ពេលវេលា មនុស្សលែងយល់ពីមូលហេតុដែលព្រះជាម្ចាស់បានបង្កើតខ្លួនមក ហើយក៏មិនយល់ពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ និងអ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ដែរ។ ដូច្នេះ មនុស្សក៏ចាប់ផ្ដើមប្រឆាំងចំពោះច្បាប់ និងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ហើយដួងចិត្ត និងវិញ្ញាណរបស់គេក៏ប្រែជាស្ពឹកស្រពន់...។ ព្រះជាម្ចាស់បាត់បង់មនុស្សដែលទ្រង់បានបង្កើតពីដំបូងមក ហើយមនុស្សបាត់បង់ឫសគល់ដែលមានពីដើមកំណើតរបស់ខ្លួនមក៖ នេះគឺជាទុក្ខព្រួយនៃពូជមនុស្ស។ តាមពិតទៅ តាំងពីដើមដំបូងមកដល់ពេលនេះ ព្រះជាម្ចាស់បានរៀបចំសោកនាដកម្មមួយសម្រាប់មនុស្សជាតិ ជាសោកនាដកម្មដែលមនុស្សគឺជាអ្នកបង្កហេតុផង និងជាជនរងគ្រោះផង ហើយគ្មាននរណាម្នាក់អាចឆ្លើយបានថា អ្នកដឹកនាំនៃសោកនាដកម្មនេះជានរណាឡើយ។
នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ មហាសមុទ្រនាំដីល្បាប់ចូលទៅក្នុងស្រែចំការចម្ការ ហើយស្រែចម្ការជន់ទឹកឡើងចូលទៅក្នុងមហាសមុទ្រម្ដងហើយម្ដងទៀត។ ក្រៅពីព្រះអង្គដែលគ្រប់គ្រងលើអ្វីៗទាំងអស់ក្នុងចំណោមរបស់សព្វសារពើ នោះគ្មាននរណាម្នាក់អាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ។ គ្មាននរណាម្នាក់ខ្លាំងពូកែដែលធ្វើការងារ ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ ព្រោះមានមនុស្សតិចតួចណាស់ដែលអាចដឹកនាំពូជមនុស្សនេះឆ្ពោះទៅកាន់ទិសដៅនៃពន្លឺ និងរំដោះពួកគេពីភាពអយុត្តិធម៌នៅលើផែនដីនេះ។ ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា តើគោលដៅមួយណាដែលមនុស្សបានធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាចដែលអាចត្រូវបាននាំទៅ។ ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេលដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឱ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឱ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមក នៅក្នុងព្រះហស្ដទ្រង់ ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់មិនត្រូវបានតបស្នង តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។
ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឱ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក មនុស្សក៏ចាប់ផ្ដើមមានឪពុកម្ដាយ និងសាច់ញាតិ ហើយក៏លែងឯកាទៀត។ ចាប់តាំងពីពេលដែលមនុស្សបានសម្លឹងមើលពិភពលោកខាងសម្ភារៈនេះជាលើកដំបូង គឺគេត្រូវបានកំណត់ឱ្យរស់នៅក្នុងការចាត់តាំងរបស់ទ្រង់ទៅហើយ។ ខ្យល់ដង្ហើមជីវិតដែលចេញមកពីព្រះជាម្ចាស់ ទ្រទ្រង់សភាវមានជីវិតទាំងឡាយឱ្យលូតលាស់រហូតដល់ពេញវ័យ។ ក្នុងអំឡុងពេលនៃដំណើរការនេះ គ្មាននរណាម្នាក់មានអារម្មណ៍ថាមនុស្សធំធាត់ឡើងក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញពួកគេជឿថា មនុស្សធំធាត់ឡើងក្រោមការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រលាញ់របស់ឪពុកម្ដាយខ្លួន ហើយជឿថាសភាវគតិនៃជីវិតរបស់គេ គឺជាអ្វីដែលជម្រុញដល់ការធំធាត់របស់ពួកគេ។ នេះគឺដោយសារតែមនុស្សមិនស្គាល់អ្នកដែលបានផ្ដល់ជីវិតរបស់ខ្លួនមក ឬមិនដឹងថាជីវិតរបស់ខ្លួនបានមកពីណា ពោលគឺមិនដឹងពីរបៀបដែលសភាវគតិនៃជីវិតបង្កើតការអស្ចារ្យ។ គេដឹងត្រឹមតែថា ចំណីអាហារគឺជាមូលដ្ឋានដែលធ្វើឱ្យជីវិតរបស់គេបន្ដរស់នៅតទៅទៀត និងថាភាពតស៊ូគឺជាប្រភពនៃការរស់នៅរបស់គេ ព្រមទាំងថាជំនឿនៅក្នុងគំនិតរបស់គេ គឺជាដើមទុនដែលការរស់នៅរបស់គេត្រូវពឹងផ្អែកលើ។ មនុស្សភ្លេចទាំងស្រុងនូវព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាគេមិនខ្វល់ពីជីវិតដែលព្រះជាម្ចាស់បានប្រទានដល់គេ...។ គ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ទាំងយប់ទាំងថ្ងៃ យកខ្លួនគេមកថ្វាយបង្គំទ្រង់ឡើយ។ ព្រះជាម្ចាស់បន្ដដោះស្រាយជាមួយមនុស្ស ដូចដែលទ្រង់បានគ្រោងទុក ទោះបីជាទ្រង់មិនបានរំពឹងទុកអ្វីពីគេក៏ដោយ។ ទ្រង់ធ្វើដូច្នេះ ព្រោះសង្ឃឹមថា ថ្ងៃណាមួយមនុស្សនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ហើយចាប់ផ្ដើមទទួលស្គាល់ភ្លាមៗនូវគុណតម្លៃ និងអត្ថន័យនៃជីវិត និងតម្លៃដែលព្រះជាម្ចាស់បានបង់សម្រាប់អ្វីៗទាំងអស់ដែលទ្រង់បានប្រទានដល់គេ ព្រមទាំងភាពអន្ទះសាដែលព្រះជាម្ចាស់រង់ចាំឱ្យមនុស្សវិលត្រលប់មករកទ្រង់វិញ។ គ្មាននរណាម្នាក់ធ្លាប់សម្លឹងមើលទៅអាថ៌កំបាំងដែលគ្រប់គ្រងលើដើមកំណើត និងការបន្ដនៃជីវិតរបស់មនុស្សទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលយល់ពីការទាំងអស់នេះ ហើយទ្រាំទ្រយ៉ាងស្ងៀមស្ងាត់ចំពោះការឈឺចាប់ និងការវាយប្រហារដែលមនុស្សផ្ដល់ឱ្យទ្រង់ គឺជាមនុស្សដែលបានទទួលអ្វីៗគ្រប់យ៉ាងពីព្រះជាម្ចាស់ ប៉ុន្ដែមិនចេះដឹងគុណទ្រង់ឡើយ។ ដូចគ្នាផងដែរ មនុស្សរីករាយចំពោះអ្វីៗដែលកើតមានតាមសភាពធម្មតា ហើយដូចគ្នានេះដែរ វាជា «រឿងធម្មតា» ទេ ដែលព្រះជាម្ចាស់ត្រូវបានមនុស្សក្បត់ បំភ្លេច និងគំរាមកំហែង។ តើវាអាចទេដែលថា ផែនការរបស់ព្រះជាម្ចាស់ពិតជាមានសារៈសំខាន់បែបនេះ? តើវាអាចទេដែលថា មនុស្សដែលជាសភាវមានជីវិតដែលចេញមកពីព្រះហស្ដរបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់បែបនេះ? ផែនការរបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្ដែសភាវមានជីវិតដែលបានកើតមកដោយសារព្រះហស្ដរបស់ព្រះជាម្ចាស់ រស់នៅសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ ដូច្នេះហើយ ព្រះជាម្ចាស់មិនអាចបោះបង់ផែនការរបស់ទ្រង់ចោល ដោយសារតែសេចក្ដីស្អប់ចំពោះពូជមនុស្សនេះឡើយ។ ព្រះជាម្ចាស់ទ្រាំទទួលទារុណកម្មគ្រប់យ៉ាងសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់ និងខ្យល់ដង្ហើមដែលទ្រង់បានផ្លុំចេញមក មិនមែនសម្រាប់ជាប្រយោជន៍ដល់សាច់ឈាមរបស់មនុស្សទេ ប៉ុន្ដែសម្រាប់ជាប្រយោជន៍ដល់ជីវិតរបស់មនុស្សវិញ។ ទ្រង់ធ្វើដូច្នេះដើម្បីយកជីវិតដែលទ្រង់បានផ្លុំចេញ ឱ្យត្រលប់មកវិញ មិនមែនដើម្បីយកសាច់ឈាមរបស់មនុស្សទេ។ នេះគឺជាផែនការរបស់ទ្រង់។
មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ បានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។ អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។ ទាំងអស់នេះជាដំណើរជីវិតដែលព្រះជាម្ចាស់បានរៀបចំសម្រាប់សភាវៈមានជីវិតនីមួយៗ។ ដោយឡែក ដំណើរជីវិត និងវដ្តជីវិតនេះ គឺគ្រាន់តែជាសេចក្ដីពិតដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សប្រកាន់ខ្ជាប់ថា៖ ជីវិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស គឺឥតដែនកំណត់ឡើយ មិនមែនជាប់ឃុំក្នុងរាងកាយ ពេលវេលា ឬក្នុងលំហនោះទេ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងជាភ័ស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីព្រះអង្គ។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងគ្រប់យ៉ាងដែលកើតមកពីទ្រង់ ដោយចៀសមិនរួច ទោះបីជាគេមិនជឿ ឬបដិសេធព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ គង់មានថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យ ហើយចង់ទាមទារមកវិញនូវអ្វីៗសព្វសារពើដែលមានវត្តមានក្នុងលោកិយនេះ ព្រមទាំងទារយកជីវិតដែលទ្រង់បានប្រទាន នោះគ្រប់ទាំងអស់នឹងលែងមានទៀតហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើ ទាំងមានជីវិត និងគ្មានជីវិត ទាំងនាំមកនូវសណ្ដាប់ធ្នាប់ល្អ តាមរយៈគុណធម៌នៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាសេចក្ដីពិតមួយដែលគ្មាននរណាម្នាក់អាចយល់បាន ហើយសេចក្ដីពិតដ៏មិនអាចយល់បាននេះ គឺជាការបើកសម្ដែង និងជាបន្ទាល់នៃថាមពលជីវិតរបស់ព្រះជាម្ចាស់។ ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នកថា៖ ឧត្ដមភាពនៃជីវិតរបស់ព្រះជាម្ចាស់ និងព្រះចេស្ដានៃព្រះជន្មរបស់ទ្រង់ គឺគ្មានមនុស្សណាម្នាក់អាចយល់បានឡើយ។ ពេលនេះក៏បែបនេះ ពីមុនក៏បែបនេះ ហើយនឹងនៅតែបែបនេះរហូតតទៅអនាគត។ អាថ៌កំបាំងទីពីរដែលខ្ញុំចង់ប្រាប់គឺ៖ ប្រភពនៃជីវិតសម្រាប់គ្រប់សភាវៈទាំងអស់មានកំណើតមកពីព្រះជាម្ចាស់ បើទោះបីជាពួកគេមានទម្រង់ជីវិត ឬលក្ខណៈខុសគ្នាយ៉ាងណាក៏ដោយ។ មិនថាអ្នកជាសភាវៈមានជីវិតបែបណា ក៏អ្នកមិនអាចទាស់ទទឹងនឹងគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកដែរ។ ទោះក្នុងករណីណាក៏ដោយ គ្រប់យ៉ាងដែលខ្ញុំប្រាថ្នា គឺឱ្យមនុស្សយល់ដូច្នេះថា ប្រសិនបើគ្មានការបីបាច់ ថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបានគ្រប់យ៉ាងដែលគេត្រូវទទួលបានឡើយ បើទោះបីជាខំប្រឹងព្យាយាម ឬខ្នះខ្នែង តស៊ូយ៉ាងណាក៏ដោយ។ ប្រសិនបើគ្មានការប្រទានជីវិតមកពីព្រះជាម្ចាស់ទេ មនុស្សបាត់បង់គុណតម្លៃក្នុងការរស់នៅ និងបាត់បង់អត្ថន័យនៃជីវិត។ តើព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សដែលខ្ជះខ្ជាយតម្លៃជីវិតជាអសារឥតការ អាចរស់នៅដោយមិនខ្វល់បែបនេះដូចម្ដេចបាន? ដូចខ្ញុំបាននិយាយរួចហើយថា សូមកុំភ្លេចឱ្យសោះថា ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតរបស់អ្នក។ ប្រសិនបើមនុស្ស មិនពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានឱ្យដល់គេទេ នោះទ្រង់មិនត្រឹមតែដកយកនូវអ្វីដែលទ្រង់បានប្រទានឱ្យតាំងតែពីដើមមកវិញប៉ុណ្ណោះទេ តែទ្រង់ក៏នឹងតម្រូវឱ្យមនុស្សសងមកវិញទ្វេដងនូវតម្លៃនៃរបស់គ្រប់យ៉ាងដែលទ្រង់បានប្រទានឱ្យដល់គេផងដែរ។
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៣