III. ព្រះបន្ទូលស្ដីពីការធ្វើបន្ទាល់អំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
១៦៥. ការសរសើរបានមកដល់ភ្នំស៊ីយ៉ូន ហើយព្រះដំណាក់របស់ព្រះជាម្ចាស់បានលេចមកដែរ។ ព្រះនាមដ៏បរិសុទ្ធពេញដោយសិរីល្អ ដែលមនុស្សទាំងអស់លើកសរសើរនោះ រីកសាយភាយ។ ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ព្រះសិរសានៃចក្កវាឡ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់គឺជាព្រះអាទិត្យដ៏ចាំងចែង ដែលបានរះឡើងនៅលើភ្នំស៊ីយ៉ូន ដែលលេចត្រដែតឡើងដោយឫទ្ធានុភាព និងអំណាចដ៏ថ្កុំថ្កើងទៅលើចក្រវាឡទាំងមូល ...
ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ពួកយើងអំពាវនាវរកទ្រង់ក្នុងសេចក្តីរីករាយយ៉ាងខ្លាំង ហើយពួកយើងរាំច្រៀង។ ទ្រង់ជាព្រះប្រោសលោះដ៏ពិតរបស់ពួកយើង ជាស្ដេចដ៏ធំធេងនៃចក្រវាឡ! ទ្រង់បានបង្កើតអ្នកមានជ័យជម្នះមួយក្រុម ហើយបានសម្រេចផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់នឹងចូលហូរហែទៅរកភ្នំនេះ។ មនុស្សទាំងអស់នឹងលុតជង្គង់នៅមុខបល្ល័ង្ក! ទ្រង់ជាព្រះដ៏ពិតតែមួយប៉ុណ្ណោះ ហើយទ្រង់សក្ដិសមទទួលសិរីល្អ និងការលើកតម្កើង។ សូមថ្វាយគ្រប់ទាំងសិរីល្អ ការសរសើរតម្កើង និងសិទ្ធិអំណាចដល់បល្ល័ង្កនៃទ្រង់! ប្រភពទឹកនៃជីវិតហូរចេញមកពីបល្ល័ង្កទ្រង់ ស្រោចស្រព និងចម្អែតដល់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដ៏ច្រើនសន្ធឹកសន្ធាប់។ ជីវិតផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ហើយពន្លឺនិងការបើកសម្ដែងថ្មីតាមពីក្រោយពួកយើង ដែលតែងតែផ្ដល់ដល់ឱ្យពួកយើងនូវគតិជ្រៅជ្រះថ្មីៗអំពីព្រះជាម្ចាស់។ នៅក្នុងបទពិសោធផ្សេងៗ ពួកយើងចាប់ផ្ដើមមានភាពច្បាស់លាស់ទាំងស្រុងអំពីព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញជានិច្ចនៅក្នុងចំណោមមនុស្សសុចរិត។ ពួកយើងពិតជាមានពរខ្លាំងណាស់! ដោយជួបជាមួយព្រះជាម្ចាស់មុខទល់នឹងមុខរាល់ថ្ងៃ ប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ ហើយផ្ដល់ឱ្យព្រះជាម្ចាស់នូវអធិបតេយ្យភាពលើអ្វីៗទាំងអស់។ ពួកយើងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងប្រុងប្រយ័ត្ន ដួងចិត្តរបស់ពួកយើងសម្រាកយ៉ាងស្ងប់ស្ងាត់នៅក្នុងព្រះជាម្ចាស់ ហើយពួកយើងក៏មកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ដែរ ជាកន្លែងដែលយើងទទួលបានពន្លឺរបស់ទ្រង់។ រាល់ថ្ងៃ នៅក្នុងជីវិត ទង្វើ ពាក្យសម្ដី គំនិត និងយោបល់របស់យើង យើងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយស្គាល់ខុស ស្គាល់ត្រូវគ្រប់ពេលវេលា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំផ្លូវនៃជីវិត ហើយដោយមិនបានរំពឹងទុក រឿងលាក់កំបាំងខាងក្នុងចិត្តយើង ត្រូវបានលេចចេញមកនៅក្នុងពន្លឺម្ដងមួយៗ។ ការប្រកបគ្នាជាមួយព្រះជាម្ចាស់ត្រូវធ្វើឡើង ដោយគ្មានការពន្យារពេលឡើយ ហើយរាល់គំនិត និងយោបល់របស់យើងត្រូវបានព្រះជាម្ចាស់លាតត្រដាងឱ្យឃើញទាំងអស់។ យើងកំពុងតែរស់នៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទគ្រប់ពេលវេលា ដ្បិតនៅទីនោះជាកន្លែងដែលយើងត្រូវទទួលការជំនុំជម្រះ។ សាតាំងនៅបន្ដកាន់កាប់គ្រប់កន្លែងនៅក្នុងរូបកាយរបស់យើង។ នៅថ្ងៃនេះ ដើម្បីស្តារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើងវិញ ព្រះវិហាររបស់ទ្រង់ត្រូវតែលាងជម្រះឱ្យស្អាតសិន។ ដើម្បីឱ្យព្រះជាម្ចាស់កាន់កាប់ទាំងស្រុង យើងត្រូវតែចូលរួមនៅក្នុងការប្រយុទ្ធស្លាប់រស់មួយនេះ។ មានតែនៅពេលដែលជីវិតចាស់របស់ពួកយើងត្រូវបានជាប់ឆ្កាងប៉ុណ្ណោះ ទើបជីវិតដែលរស់ឡើងវិញរបស់ព្រះគ្រីស្ទ អាចសោយរាជ្យដល់កម្រិតខ្ពស់បំផុតបាន។
ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែចាត់ចែងគ្រប់គ្រងលើគ្រប់ផ្នែកនៃជីវិតរបស់យើង ដើម្បីចូលរួមប្រយុទ្ធសម្រាប់ការស្ដារឡើងវិញរបស់យើង! ដរាបណាយើងត្រៀមខ្លួនជាស្រេច ដើម្បីបដិសេធខ្លួនឯង ហើយព្រមសហការជាមួយព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងប្រាកដជាបំភ្លឺ និងបន្សុទ្ធចិត្តរបស់យើងគ្រប់ពេលវេលា ហើយទាមទារមកវិញនូវអ្វីដែលសាតាំងបានកាន់កាប់ ដើម្បីឱ្យយើងអាចត្រូវបានប្រោសឱ្យពេញខ្នាត ដោយព្រះជាម្ចាស់កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ចូរកុំខ្ជះខ្ជាយពេលវេលាឡើយ។ ចូររស់នៅគ្រប់វិនាទីនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរស្អាងឡើងជាមួយពួកបរិសុទ្ធ ហើយត្រូវបាននាំចូលទៅក្នុងនគរព្រះ ព្រមទាំងចូលទៅក្នុងសិរីល្អជារួមជាមួយព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៦៦. ពួកជំនុំនៅក្រុងភីឡាដិលភាបានកើតឡើងដោយសារតែព្រះគុណ ហើយនិងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ទាំងស្រុងតែម្ដង។ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កើនឡើងនៅក្នុងដួងចិត្តរបស់ពួកបរិសុទ្ធដ៏ច្រើនអនេក ដែលមិនរារែកចិត្តនៅក្នុងដំណើរផ្លូវខាងវិញ្ញាណរបស់គេឡើយ។ ពួកគេបានប្រកាន់ខ្ជាប់ទៅនឹងជំនឿរបស់គេដែលជឿថា ព្រះដ៏ពិតតែមួយអង្គបានត្រលប់ជាសាច់ឈាម ជឿថា ទ្រង់ជាព្រះសិរសានៃចក្រវាឡ ដែលបញ្ជាលើរបស់សព្វសារពើ៖ ជំនឿនេះត្រូវបានបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ ជាជំនឿមួយដ៏រឹងមាំដែលមិនអាចរើបានដូចជាភ្នំអ៊ីចឹង។ ហើយវានឹងមិនដែលផ្លាស់ប្ដូរឡើយ!
ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! នៅថ្ងៃនេះ គឺជាទ្រង់ហើយដែលបានបើកភ្នែកខាងវិញ្ញាណរបស់ពួកយើង ដែលជួយឱ្យមនុស្សខ្វាក់មើលឃើញ ជួយឱ្យមនុស្សខ្វិនដើរបាន និងជួយឱ្យមនុស្សឃ្លង់បានជាស្អាត។ គឺជាទ្រង់ហើយដែលបានបើកទ្វារនៃស្ថានសួគ៌ ដើម្បីជួយឱ្យយើងយល់ពីសេចក្តីលាក់កំបាំងនៃពិភពខាងវិញ្ញាណ។ ដោយត្រូវបានជ្រួតជ្រាបដោយព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ និងត្រូវបានសង្រ្គោះពីភាពជាមនុស្សរបស់ពួកយើង ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ពោលគឺទាំងអស់នេះជាកិច្ចការ និងសេចក្ដីមេត្តាករុណាដ៏ធំធេងលើសលប់របស់ទ្រង់។ ពួកយើងគឺជាស្មរបន្ទាល់របស់ទ្រង់!
ទ្រង់បានលាក់អង្គទ្រង់ជាយូរណាស់មកហើយ ដោយបន្ទាបព្រះអង្គទ្រង់ និងដោយស្ងប់ស្ងាត់។ ទ្រង់បានឆ្លងកាត់ការរស់ពីសុគតឡើងវិញ បានរងទុក្ខដោយការជាប់ឆ្កាង បានឆ្លងកាត់អំណរ និងទុក្ខព្រួយនៃជីវិតជាមនុស្ស ហើយបានជួបនូវការបៀតបៀន និងទុក្ខវេទនាជាច្រើន ទ្រង់បានដកពិសោធន៍ និងស្គាល់រសជាតិនៃការឈឺចាប់នៅក្នុងពិភពលោករបស់មនុស្ស ហើយទ្រង់ត្រូវបានមនុស្សជំនាន់នេះបោះបង់ចោល។ ព្រះដែលយកកំណើតជាមនុស្ស គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សម្រាប់ជាប្រយោជន៍ដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទ្រង់បានសង្គ្រោះពួកយើងពីគំនរលាមកសត្វ កាន់ពួកយើងដោយព្រះហស្ដស្ដាំរបស់ទ្រង់ ហើយប្រទានព្រះគុណរបស់ទ្រង់ដល់យើងដោយឥតគិតថ្លៃ។ ដោយទទួលយករាល់ការឈឺចាប់គ្រប់យ៉ាង ទ្រង់បានលះបង់ព្រះជន្មទ្រង់ឱ្យយើង ហើយតម្លៃដែលទ្រង់បានបង់ដោយព្រះលោហិត ញើស និងទឹកព្រះនេត្រទ្រង់ ត្រូវបានស្ដែងចេញយ៉ាងច្បាស់នៅក្នុងពួកបរិសុទ្ធ។ ពួកយើងគឺជាលទ្ធផលចេញពី(ក) កិច្ចខិតខំប្រឹងប្រែងដ៏ប្រុងប្រយ័ត្នរបស់ទ្រង់ ហើយពួកយើងគឺជាតម្លៃដែលទ្រង់បានបង់។
ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! គឺដោយសារតែព្រះទ័យសប្បុរសដែលពេញដោយសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ទ្រង់ ភាពបរិសុទ្ធ និងការបន្ទាបព្រះអង្គទ្រង់របស់ទ្រង់នេះហើយ ដែលនាំឱ្យមនុស្សទាំងអស់លុតជង្គង់នៅចំពោះព្រះភ័ក្រ្ដទ្រង់ និងថ្វាយបង្គំទ្រង់អស់កល្បជានិច្ចនោះ។
នៅថ្ងៃនេះ ទ្រង់បានធ្វើឱ្យពួកជំនុំទាំងអស់ពេញខ្នាត ដូចជា ពួកជំនុំនៃក្រុងភីឡាដិលភា ហើយទ្រង់បានសម្រេចផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ របស់ទ្រង់។ ពួកបរិសុទ្ធអាចចុះចូលដោយបន្ទាបខ្លួននៅចំពោះទ្រង់ ផ្សារភ្ជាប់ខាងវិញ្ញាណ និងការដើរតាមនៅក្នុងសេចក្តីស្រឡាញ់ ដោយចូលរួមទៅនឹងប្រភពទឹក។ ទឹកដ៏រស់នៃជីវិតហូរឥតឈប់ ដោយលាងជម្រះ និងកម្ចាត់ចោលរាល់ភក់ជ្រាំ និងទឹកស្មោកគ្រោកដែលមាននៅក្នុងពួកជំនុំ ដើម្បីបន្សុទ្ធព្រះវិហាររបស់ទ្រង់ម្ដងទៀត។ យើងបានស្គាល់ព្រះដ៏ពិតជាក់ស្ដែង បានដើរនៅក្នុងព្រះបន្ទូលរបស់ទ្រង់ បានទទួលស្គាល់មុខងារ និងភារកិច្ចរបស់យើង ហើយបានធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីលះបង់ខ្លួនឯងសម្រាប់ជាប្រយោជន៍ដល់ពួកជំនុំ។ ដោយនៅស្ងប់ស្ងៀមចំពោះទ្រង់ យើងត្រូវតែយកចិត្តទុកដាក់មើលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកុំឱ្យព្រះហឫទ័យរបស់ទ្រង់ត្រូវបានរាំងស្ទះនៅក្នុងយើង។ នៅក្នុងចំណោមពួកបរិសុទ្ធនៅក្រុងនោះ ពួកគេមាននូវសេចក្តីស្រឡាញ់ចំពោះគ្នា ហើយចំណុចខ្លាំងរបស់អ្នកខ្លះនឹងជួយបំពេញបន្ថែមដល់ចំណុចខ្វះខាតរបស់អ្នកផ្សេងទៀត។ ពួកគេអាចដើរដោយវិញ្ញាណគ្រប់ពេល ដោយទទួលបានការស្រាយបំភ្លឺ និងការពន្យល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេអនុវត្តតាមសេចក្តីពិតភ្លាមៗនៅពេលដែលពួកគេយល់។ ពួកគេបន្តដើរតាមឱ្យទាន់ពន្លឺថ្មី និងដើរតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់។
ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម ហើយការអនុញ្ញាតឱ្យទ្រង់ត្រួតត្រា គឺជាការដើរជាមួយទ្រង់។ គ្រប់ទាំងគំនិត សញ្ញាណ យោបល់ និងការជាប់ជំពាក់ខាងលោកីយ៍ ត្រូវរលាយបាត់ទៅក្នុងខ្យល់ដូចជាផ្សែង។ យើងអនុញ្ញាតឱ្យព្រះជាម្ចាស់សោយរាជ្យដ៏ខ្ពង់ខ្ពស់នៅក្នុងវិញ្ញាណរបស់យើង ដើរជាមួយទ្រង់ និងទទួលបានភាពខ្ពង់ខ្ពស់ យកឈ្នះលើលោកីយ៍ ហើយវិញ្ញាណរបស់យើងមានសេរីភាពហោះហើរដោយសេរី និងទទួលបានការដោះលែង៖ នេះគឺជាលទ្ធផលនៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាក្លាយជាស្ដេច។ តើយើងអាចមិនរាំច្រៀងនៅក្នុងការសរសើរតម្កើង ដោយថ្វាយការសរសើរតម្កើងរបស់យើង និងច្រៀងបទទំនុកថ្មីយ៉ាងដូចម្ដេច?
មានផ្លូវដ៏ពិតជាច្រើន ដើម្បីសរសើរព្រះជាម្ចាស់៖ ការអំពាវនាវរកព្រះនាមទ្រង់ ការចូលទៅជិតទ្រង់ ការគិតអំពីទ្រង់ ការអានសេចក្តីអធិស្ឋាន ការចូលរួមនៅក្នុងការប្រកបគ្នា ការសញ្ជឹងគិត ការអធិស្ឋាន និងបទចម្រៀងនៃការសរសើរតម្កើង។ នៅក្នុងប្រភេទនៃការសរសើរទាំងនេះ មាននូវសេចក្តីរីករាយ និងមាននូវការចាក់ប្រេងតាំង ហើយមានអំណាចនៅក្នុងការសរសើរតម្កើង ហើយក៏មាននូវបន្ទុកមួយដែរ។ មាននូវសេចក្តីជំនឿនៅក្នុងការសរសើរតម្កើង ហើយក៏មានគតិជ្រៅជ្រះថ្មីដែរ។
ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម ហើយសម្របសម្រួលនៅក្នុងការបម្រើ និងមានចិត្តតែមួយ ចូរសម្រេចបំណងព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ចូរប្រញាប់ក្លាយជារូបកាយខាងវិញ្ញាណដ៏បរិសុទ្ធមួយ ចូរយកឈ្នះលើសាតាំង ហើយបញ្ចប់នូវវាសនារបស់សាតាំង។ ពួកជំនុំភីឡាដិលភាត្រូវបានលើកឡើងទៅក្នុងពពកចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយត្រូវបានបង្ហាញចេញយ៉ាងច្បាស់នៅក្នុងសិរីល្អរបស់ទ្រង់។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
(ក) អត្ថបទដើមមិនមានឃ្លា «លទ្ធផលចេញពី»។
១៦៧. ស្ដេចដ៏មានជ័យគង់នៅលើបល្ល័ង្កដ៏ពេញដោយសិរីល្អរបស់ទ្រង់។ ទ្រង់បានសម្រេចនូវការប្រោសលោះ និងបានដឹកនាំប្រជារាស្ត្ររបស់ទ្រង់ទាំងអស់ឱ្យលេចមកនៅក្នុងសិរីល្អ។ ទ្រង់ក្ដាប់ចក្រវាឡទាំងមូលនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយជាមួយព្រះប្រាជ្ញាញាណ និងឫទ្ធិអំណាចរបស់ទ្រង់ ទ្រង់បានសង់ និងបានបង្កើតទីក្រុងស៊ីយ៉ូនដ៏រឹងមាំ។ ដោយឫទ្ធានុភាពរបស់ទ្រង់ ទ្រង់ធ្វើការជំនុំជម្រះពិភពលោកដែលពោរពេញដោយបាប។ ទ្រង់បានទម្លាក់ការជំនុំជម្រះមកលើប្រជាជាតិនានា និងមនុស្សគ្រប់ជាតិសាសន៍ ផែនដី និងសមុទ្រ ព្រមទាំងគ្រប់ភាវៈមានជីវិតនៅក្នុងនោះ ក៏ដូចជាអស់អ្នកដែលងប់ងល់នឹងកាមគុណថោកទាបដែរ។ ព្រះជាម្ចាស់ច្បាស់ជានឹងជំនុំជម្រះពួកគេ ហើយទ្រង់ប្រាកដជានឹងក្រោធចំពោះពួកគេ ហើយជាលទ្ធផល ឫទ្ធានុភាពរបស់ព្រះជាម្ចាស់នឹងត្រូវបើកសម្ដែង ហើយការជំនុំជម្រះរបស់ទ្រង់នឹងត្រូវធ្វើឡើងភ្លាមៗ ដោយគ្មានការពន្យារពេលឡើយ។ ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ប្រាកដជានឹងដុតរំលាយអំពើដ៏សាហាវយង់ឃ្នងរបស់ពួកគេ ហើយទុក្ខលំបាកនឹងធ្លាក់លើពួកគេគ្រប់ពេលវេលា។ ពួកគេនឹងមិនស្គាល់ផ្លូវដើម្បីឱ្យបានរួចខ្លួន ហើយក៏គ្មានកន្លែងដើម្បីលាក់ខ្លួនដែរ។ ពួកគេនឹងយំ ព្រមទាំងសង្កៀតធ្មេញ ហើយពួកគេនឹងនាំសេចក្តីវិនាសមកដាក់លើខ្លួនឯង។
ពួកកូនប្រុសដ៏មានជ័យ និងជាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ប្រាកដជានឹងស្នាក់នៅក្នុងក្រុងស៊ីយ៉ូន ហើយមិនដែលចាកចេញពីទីក្រុងនេះឡើយ។ មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នឹងស្ដាប់ព្រះសូរសៀងរបស់ទ្រង់យ៉ាងយកចិត្តទុកដាក់ ពួកគេនឹងមើលសកម្មភាពរបស់ទ្រង់យ៉ាងយកចិត្តទុកដាក់ ហើយសំឡេងនៃការសរសើររបស់គេនឹងមិនដែលឈប់សោះឡើយ។ ព្រះដ៏ពិតតែមួយអង្គបានលេចមកហើយ! យើងនឹងស្គាល់ទ្រង់ច្បាស់នៅក្នុងវិញ្ញាណ ហើយដើរតាមទ្រង់យ៉ាងប្រកៀកប្រកិត។ យើងនឹងប្រញាប់ប្រញាល់ធ្វើដំណើរទៅមុខដោយអស់ពីកម្លាំងរបស់យើង និងលែងស្ទាក់ស្ទើរទៀតហើយ។ ចុងបញ្ចប់នៃពិភពលោកកំពុងតែលាតត្រដាងនៅមុខយើង ហើយជីវិតពួកជំនុំដ៏ត្រឹមត្រូវ ក៏ដូចជាមនុស្ស កិច្ចការ និងរឿងរ៉ាវដែលកើតឡើងជុំវិញយើង ក៏កំពុងតែបង្កើនកម្ដៅកាន់តែខ្លាំងដល់ការហ្វឹកហាត់របស់យើងដែរ។ ចូរយើងប្រញាប់យកដួងចិត្តរបស់យើងដែលស្រឡាញ់លោកីយ៍នោះ ត្រឡប់មកវិញ! ចូរយើងប្រញាប់យកនិមិត្តរបស់យើងដែលស្រអាប់ខ្លាំងនោះ ត្រឡប់មកវិញ! ចូរយើងបន្តនៅជាប់នឹងជំហានរបស់យើង ដើម្បីកុំឱ្យយើងដើរហួសព្រំដែន។ ចូរយើងទប់មាត់របស់យើង ដើម្បីឱ្យយើងអាចដើរនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលែងទាស់ទែងគ្នាអំពីរឿងផលប្រយោជន៍ និងការខាតបង់របស់យើងតទៅទៀត។ ចូរលះបង់ចោលចុះនូវភាពលោភលន់របស់អ្នកចំពោះលោកីយ៍ និងការស្រឡាញ់ទ្រព្យសម្បត្តិ! ចូរឱ្យខ្លួនអ្នកមានសេរីភាពពីចំណងដែលនៅស្អិតជាប់របស់អ្នកចំពោះស្វាមី និងកូនប្រុសស្រីរបស់អ្នក! ចូរបែរខ្នងទៅកាន់ទស្សនៈ និងបុរេវិនិឆ្ឆ័យរបស់អ្នកចុះ! ចូរភ្ញាក់ខ្លួនឡើង ដ្បិតពេលវេលាខ្លីណាស់! ចូរសម្លឹងទៅលើចុះ ចូរសម្លឹងទៅលើដោយចេញពីវិញ្ញាណ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងចុះ។ មិនថាមានអ្វីៗកើតឡើងឡើយ ចូរកុំធ្វើដូចជាភរិយារបស់ឡុតនោះឡើយ។ វាពិតជាគួរឱ្យអាណិតណាស់ដែលត្រូវគេបោះចោលទៅម្ខាង! វាពិតជាគួរឱ្យអាណិតណាស់! ចូរភ្ញាក់ខ្លួនឡើង!
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៦៨. ភ្នំ និងទន្លេផ្លាស់ប្តូរ ទឹកហូរទៅតាមចរន្តរបស់វា ហើយជីវិតរបស់មនុស្សមិនអាចឋិតថេរដូចផែនដី និងផ្ទៃមេឃនោះទេ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ដែលមានព្រះជន្មអស់កល្បជានិច្ច និងមានព្រះជន្មរស់ឡើងវិញ ដែលបន្តពីជំនាន់មួយទៅជំនាន់មួយជារៀងរហូត! របស់សព្វសារពើ និងហេតុការណ៍ទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់ ហើយសាតាំងស្ថិតនៅក្រោមព្រះបាទទ្រង់។
ថ្ងៃនេះ គឺដោយសារតែការជ្រើសរើសតាមការកំណត់របស់ព្រះជាម្ចាស់ ទើបទ្រង់រំដោះយើងចេញពីក្រញាំរបស់សាតាំង។ ទ្រង់ពិតជាព្រះដ៏ប្រោសលោះរបស់យើងប្រាកដមែន។ ព្រះជន្មដែលបានរស់ឡើងវិញ និងអស់កល្បជានិច្ចរបស់ព្រះគ្រីស្ទពិតជាបានធ្វើការនៅក្នុងយើង ដោយកំណត់ឱ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះជន្មរបស់ព្រះជាម្ចាស់ ដែលយើងអាចមកជួបផ្ទាល់ជាមួយទ្រង់ ហូបទ្រង់ ផឹកទ្រង់ និងរីករាយនឹងទ្រង់។ នេះគឺជាតង្វាយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដែលព្រះជាម្ចាស់បានប្រទាន ដោយថ្លៃលោហិតបេះដូងរបស់ទ្រង់។
រដូវកាលនានាចូលមកហើយទៅវិញ ដោយឆ្លងកាត់ខ្យល់ និងសន្សើម ជួបនឹងការឈឺចាប់ ការធ្វើទុក្ខបុកម្នេញ និងការរងទុក្ខជាច្រើនរបស់ជីវិត ជួបនឹងការមិនទទួលស្គាល់ និងការបង្កាច់បង្ខូចជាច្រើនរបស់លោកីយ៍ ជួបនឹងការចោទប្រកាន់ក្លែងក្លាយជាច្រើនរបស់រដ្ឋាភិបាល ប៉ុន្តែសេចក្តីជំនឿរបស់ព្រះជាម្ចាស់ និងការប្តេជ្ញារបស់ទ្រង់មិនថមថយសូម្បីតែបន្តិច។ ទ្រង់ទុកព្រះជន្មផ្ទាល់របស់ទ្រង់មួយឡែក ដោយលះបង់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងចំពោះផែនការ ព្រមទាំងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យកិច្ចការទាំងនោះអាចសម្រេចបាន។ ទ្រង់មិនសំចៃចំពោះការឈឺចាប់នោះទេ ដើម្បីរាស្ត្រជាច្រើនរបស់ទ្រង់ ដោយការចិញ្ចឹមបីបាច់ និងស្រោចស្រពពួកគេយ៉ាងយកចិត្តទុកដាក់។ មិនថាយើងងងឹតងងល់យ៉ាងណា ឬលំបាកយ៉ាងណានោះទេ យើងត្រូវតែចុះចូលចំពោះទ្រង់ ហើយព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទនឹងផ្លាស់ប្តូរធម្មជាតិចាស់របស់យើង...។ ដើម្បីពួកកូនប្រុសច្បងទាំងអស់នេះ ទ្រង់ធ្វើការដោយមិននឿយហត់ ដោយមិនសោយអាហារ និងមិនសម្រាក។ ជាច្រើនថ្ងៃ និងច្រើនយប់ ដែលទ្រង់ទតមើលស៊ីយ៉ូនដោយអស់ពីព្រះទ័យ តាមរយៈកម្តៅដ៏ក្តៅហែង និងភាពត្រជាក់ស្ទើរកក។
លោកីយ៍ ផ្ទះសម្បែង កិច្ចការ និងគ្រប់យ៉ាងបានកន្លងផុតទៅទាំងស្រុងយ៉ាងរីករាយ និងស្ម័គ្រចិត្ត ហើយការសប្បាយតាមបែបលោកីយ៍មិនជាប់ទាក់ទងនឹងទ្រង់ឡើយ...។ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ វាយលុកចូលទៅក្នុងយើង ដោយបើកបង្ហាញអ្វីៗដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង។ តើយើងអាចមិនជឿដូចម្តេចកើត? ប្រយោគនីមួយៗដែលចេញពីព្រះឱស្ឋរបស់ទ្រង់ អាចក្លាយជាការពិតនៅក្នុងយើងគ្រប់ពេលវេលា។ អ្វីក៏ដោយដែលយើងធ្វើ ទោះនៅចំពោះទ្រង់ក្តី ឬលាក់បាំងពីទ្រង់ក្តី គឺគ្មានអ្វីដែលទ្រង់មិនជ្រាបនោះទេ គ្មានអ្វីដែលទ្រង់មិនយល់ឡើយ។ គ្រប់យ៉ាងនឹងបើកសម្តែងនៅចំពោះទ្រង់យ៉ាងពិតប្រាកដ មិនថាផែនការ និងការរៀបចំផ្ទាល់ខ្លួនរបស់ពួកយើងនោះទេ។
ការអង្គុយនៅចំពោះទ្រង់ប្រកបដោយភាពស្រាកស្រាន្ត និងស្ងប់ស្ងាត់ ដោយមានអារម្មណ៍រីករាយនៅក្នុងវិញ្ញាណរបស់យើង ប៉ុន្តែអារម្មណ៍តែងតែទទេស្អាត ហើយពិតជាជាប់ជំពាក់ ព្រះជាម្ចាស់៖ នេះគឺជាការអស្ចារ្យមួយដែលមិនអាចគិតដល់ និងមិនអាចសម្រេចបាន។ ព្រះវិញ្ញាណបរិសុទ្ធល្មមគ្រប់គ្រាន់ក្នុងការអះអាងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដ៏ពិតមួយអង្គ! វាគឺជាអំណះអំណាងដែលមិនអាចប្រកែកបាន! យើងទាំងអស់គ្នាដែលនៅក្នុងក្រុមនេះពិតជាមានព្រះពរមិនអាចពណ៌នាបាន! ប្រសិនបើមិនមែនដោយសារព្រះគុណ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ទេ នោះយើងមានតែអាចត្រូវវិនាស និងដើរតាមសាតាំងប៉ុណ្ណោះ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន!
ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែងអើយ! គឺទ្រង់ហើយដែលបានបើកភ្នែកខាងវិញ្ញាណរបស់ពួកយើង ដោយអនុញ្ញាតឱ្យពួកយើងយល់អំពីអាថ៌កំបាំងនៃពិភពខាងវិញ្ញាណ។ ទិដ្ឋភាពនៃនគរព្រះគ្មានព្រំដែនកំណត់នោះទេ។ ចូរយើងប្រុងប្រយ័ត្នខណៈដែលយើងកំពង់រង់ចាំ។ ពេលវេលាជិតមកដល់ហើយ។
អណ្តាតភ្លើងនៃសង្គ្រាមកួចឡើង ផ្សែងកាំភ្លើងធំពេញផ្ទៃអាកាស ធាតុអាកាសប្រែជាក្តៅឧណ្ហៗ អាកាសធាតុផ្លាស់ប្តូរ គ្រោះចង្រៃនឹងលាតសន្ធឹង ហើយមនុស្សមិនអាចធ្វើអ្វីបានក្រៅពីស្លាប់ដោយគ្មានសង្ឃឹមរស់រានមានជីវិតនោះទ។
ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែងអើយ! គឺទ្រង់ហើយដែលជាបន្ទាយដ៏រឹងមាំរបស់ពួកយើង។ ទ្រង់គឺជាទីជម្រករបស់ពួកយើង។ ពួកយើងប្រមូលផ្តុំគ្នានៅក្រោមស្លាបរបស់ទ្រង់ ហើយគ្រោះភ័យមិនអាចប៉ះពាល់យើងបានទេ។ នេះគឺជាការការពារ និងការថែរក្សានៃភាពជាព្រះរបស់ទ្រង់។
ពួកយើងទាំងអស់គ្នាបន្លឺសម្លេងឡើងជាបទចម្រៀង។ ពួកយើងច្រៀងដោយការសរសើរតម្កើង ហើយសម្លេងនៃការសរសើរតម្កើងរបស់ពួកយើង បន្លឺទូទាំងក្រុងស៊ីយ៉ូន! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែង បានរៀបចំទិសដៅដ៏រុងរឿងនោះសម្រាប់ពួកយើង។ ចូរប្រុងប្រយ័ត្ន អូ! ចូរប្រយ័ត្នប្រយែង! មកដល់ពេលនេះ ពេលវេលាមិនទាន់ហួសនៅឡើយទេ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៦៩. ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក វិសាលភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានលាតត្រដាងទាំងស្រុងនៅក្នុងចក្រវាលទាំងមូល។ ការលេចមករបស់ព្រះជាម្ចាស់មិនគ្រាន់តែត្រូវបានធ្វើបន្ទាល់នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ត្រូវបានធ្វើបន្ទាល់នៅគ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែងផងដែរ។ ពួកគេគ្រប់គ្នាកំពុងតែស្រែកហៅព្រះនាមដ៏បរិសុទ្ធនេះ ដោយព្យាយាមប្រកបគ្នាជាមួយព្រះជាម្ចាស់តាមមធ្យោបាយណាមួយដែលអាចធ្វើបាន ដោយព្យាយាមចង់យល់ពីព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបម្រើទ្រង់រួមគ្នានៅក្នុងពួកជំនុំ។ នេះហើយជារបៀបដ៏អស្ចារ្យដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនោះ។
ទោះបីជាភាសានៃជាតិសាសន៍នានាខុសគ្នាយ៉ាងណាក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយដែរ។ ព្រះវិញ្ញាណនេះបង្រួបបង្រួមពួកជំនុំនៅទូទាំងចក្រវាល ហើយជាអង្គតែមួយជាមួយព្រះជាម្ចាស់ ដោយគ្មានភាពខុសគ្នាសូម្បីតែបន្ដិច។ នេះជាអ្វីមួយដែលច្បាស់លាស់គ្មានអ្វីត្រូវឆ្ងល់ឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធអំពាវនាវទៅកាន់ពួកគេ ហើយព្រះសូរសៀងរបស់ទ្រង់ដាស់ពួកគេឱ្យភ្ញាក់ឡើង។ នេះជាព្រះសូរសៀងនៃសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ពួកគេគ្រប់គ្នាកំពុងតែស្រែករកព្រះនាមដ៏បរិសុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា! ពួកគេក៏ថ្វាយការសរសើរតម្កើង និងការច្រៀងផងដែរ។ វាមិនអាចមានការងាកចេញណាមួយនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សទាំងនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីចម្រើនឡើងតាមផ្លូវដែលត្រឹមត្រូវ ហើយពួកគេមិនងាករេពីឫទ្ធិបាដិហារិយ៍យ៉ាងច្រើនឡើយ។ នេះជាអ្វីមួយដែលមនុស្សពិបាកស្រមើស្រមៃ និងពិបាកវាស់ស្ទង់មើល។
ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាស្ដេចនៃជីវិតនៅក្នុងចក្រវាល! ទ្រង់គង់នៅលើបល្ល័ង្កដែលប្រកបដោយសិរីល្អ និងជំនុំជម្រះពិភពលោក ហើយគ្រប់គ្រងលើអ្វីៗទាំងអស់ ព្រមទាំងសោយរាជ្យលើគ្រប់ប្រជាជាតិ។ មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់ អធិស្ឋានទៅកាន់ទ្រង់ ចូលជិតទ្រង់ ហើយប្រាស្រ័យទាក់ទងជាមួយទ្រង់។ មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណា មិនថាអ្នកមានឋានៈខ្ពស់បែបណា ឬមានអតីតភាពអស្ចារ្យយ៉ាងណាឡើយ ប្រសិនបើអ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកត្រូវទទួលការជំនុំជម្រះ ហើយត្រូវក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដោយបញ្ចេញសម្រែកអង្វរករដ៏ឈឺចាប់មិនខាន។ នេះហើយជាការច្រូតផលពីទង្វើរបស់អ្នកផ្ទាល់នោះ។ សម្រែកទ្រហោយំនេះគឺជាសម្រែកនៃការរងទារុណកម្មនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ហើយវាជាសម្រែកនៃការត្រូវបានវាយផ្ចាល ដោយដំបងដែករបស់ព្រះជាម្ចាស់។ នេះហើយជាការជំនុំជម្រះនៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទនោះ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧០. ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! រូបអង្គដ៏រុងរឿងរបស់ទ្រង់លេចឡើងដោយចំហ រូបអង្គនៃព្រះវិញ្ញាណបរិសុទ្ធលេចឡើង ហើយទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលពេញលេញ! លោកីយ៍ និងសាច់ឈាមបានផ្លាស់ប្ដូរទាំងពីរ ហើយការផ្លាស់ប្រែរបស់ទ្រង់នៅលើភ្នំ គឺជារូបអង្គរបស់ព្រះជាម្ចាស់។ ទ្រង់ពាក់មកុដមាសនៅលើព្រះសិរសារបស់ទ្រង់ ព្រះពស្ដ្ររបស់ទ្រង់សដូចរោមចៀម នៅជុំវិញព្រះឱរាមានខ្សែមាសព័ទ្ធជុំវិញ ហើយលោកីយ៍ និងរបស់សព្វសារពើ គឺជាទ្រនាប់ព្រះបាទរបស់ទ្រង់។ ព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង មានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយនៅព្រះហស្ដស្តាំទ្រង់កាន់ផ្កាយប្រាំពីរ។ ផ្លូវទៅកាន់នគរព្រះគឺភ្លឺចែងចាំងគ្មានដែនកំណត់ ហើយសិរីរុងរឿងរបស់ទ្រង់លេចឡើង ព្រមទាំងបញ្ចេញពន្លឺ។ ភ្នំទាំងឡាយមានអំណរ ហើយទឹកសើចសប្បាយ ហើយព្រះអាទិត្យ ព្រះច័ន្ទ និងដួងតារាទាំងឡាយវិលត្រឡប់ទៅរកការរៀបចំដ៏មានសណ្ដាប់ធ្នាប់របស់ពួកវា ដោយទទួលស្វាគមន៍ព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់ ដែលការយាងត្រឡប់មកប្រកបដោយជ័យជម្នះរបស់ទ្រង់ ប្រកាសអំពីការបញ្ចប់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់។ គ្រប់យ៉ាងលោតកញ្ឆេង និងរាំដោយក្តីអំណរ! ចូរអបអរសាទរ! ព្រះដ៏មានគ្រប់ព្រះចេស្ដាគង់នៅលើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់! ចូរច្រៀង! ទង់ជ័យនៃព្រះចេស្ដាដ៏ខ្ពង់ខ្ពស់ ត្រូវបានលើកឡើងនៅលើភ្នំស៊ីយ៉ូនដ៏ប្រសើរ និងប្រកបដោយឫទ្ធានុភាព! ជាតិសាសន៍ទាំងអស់កំពុងតែអបអរសាទរ មនុស្សទាំងអស់កំពុងតែច្រៀង ភ្នំស៊ីយ៉ូនកំពុងតែសើចយ៉ាងក្អាកក្អាយ ហើយសិរីល្អរបស់ព្រះជាម្ចាស់បានកើតឡើង! ខ្ញុំមិនធ្លាប់ស្រមៃថា ខ្ញុំអាចមើលឃើញព្រះភក្ដ្ររបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែថ្ងៃនេះ ខ្ញុំបានឃើញហើយ។ ដោយនៅផ្ទាល់ជាមួយទ្រង់ជារៀងរាល់ថ្ងៃ នោះខ្ញុំបានប្រគល់ចិត្តទាំងមូលដល់ទ្រង់។ ទ្រង់ប្រទានអាហារ និងភេសជ្ជៈយ៉ាងច្រើនក្រៃលែង។ ពន្លឺដ៏រុងរឿងរបស់ទ្រង់បំភ្លឺគ្រប់ទាំងជីវិត ពាក្យពេចន៍ សកម្មភាព គំនិត យោបល់។ ទ្រង់ដឹកនាំរាល់ជំហាននីមួយៗនៃវិធី ហើយការជំនុំជម្រះរបស់ទ្រង់កើតឡើងភ្លាមៗចំពោះចិត្តដ៏បះបោរ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧១. បុត្រមនុស្សត្រូវបានគេមើលឃើញ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គត្រូវបានបើកសម្ដែងយ៉ាងបើកចំហ។ សិរីល្អរបស់ព្រះជាម្ចាស់បានសាយភាយទៅ ដោយបញ្ចេញពន្លឺដូចជាថ្ងៃភ្លឺពេញអំណាច! ព្រះភក្ដ្រដ៏មានសិរីល្អរបស់ទ្រង់ភ្លឺត្រចះត្រចង់ដោយពន្លឺផ្លេកៗ។ តើភ្នែករបស់អ្នកណាដែលហ៊ានសម្លឹងទ្រង់ដោយការទាស់ទទឹងនោះ? ការទាស់ទទឹងនាំទៅរកសេចក្តីស្លាប់! គ្មានសេចក្ដីមេត្តាករុណាបន្ដិចឡើយ ចំពោះអ្វីមួយដែលអ្នកគិតនៅក្នុងចិត្ត ចំពោះពាក្យពេចន៍ណាមួយដែលអ្នកនិយាយ ឬចំពោះអ្វីមួយដែលអ្នកធ្វើ។ អ្នករាល់គ្នានឹងយល់ ហើយមើលឃើញអ្វីដែលអ្នករាល់គ្នាបានទទួល គឺគ្មានអ្វីក្រៅពីការជំនុំជម្រះឡើយ! តើខ្ញុំអាចប្រកាន់ខ្ជាប់ការជំនុំជម្រះបានទេ នៅពេលដែលអ្នករាល់គ្នាមិនប្រឹងប្រែងហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ តែបែរជារំខានយ៉ាងបំពាន ហើយបំផ្លាញការកសាងរបស់ខ្ញុំនោះ? ខ្ញុំនឹងមិនប្រព្រឹត្តយ៉ាងទន់ភ្លន់ចំពោះបុគ្គលប្រភេទនេះទេ! ប្រសិនបើឥរិយាបថរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅ នោះអ្នកនឹងត្រូវបានលេបត្របាក់ដោយអណ្ដាតភ្លើង! ព្រះដ៏មានគ្រប់ព្រះចេស្ដាបើកបង្ហាញនៅក្នុងរូបកាយខាងវិញ្ញាណមួយ ដោយគ្មានសាច់ឈាម ឬការតភ្ជាប់ពីក្បាលដល់ចុងជើងសូម្បីតែបន្តិចឡើយ។ ទ្រង់យាងឆ្លងកាត់ពិភពសាកលលោក ដោយគង់លើបល្ល័ង្កដ៏រុងរឿងនៅក្នុងស្ថានសួគ៌ជាន់ទីបី ទ្រង់គ្រប់គ្រងរបស់សព្វសារពើ។ សាកលលោក និងរបស់សព្វសារពើស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមានបន្ទូលបែបណា នោះវានឹងក្លាយជាបែបនោះ។ ប្រសិនបើខ្ញុំបង្គាប់បែបណា នោះវានឹងទៅជាបែបនោះ។ សាតាំងនៅក្រោមព្រះបាទរបស់ខ្ញុំ វានៅក្នុងជង្ហុកដ៏ធំ! នៅពេលដែលសម្លេងរបស់ខ្ញុំបន្លឺឡើង នោះផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ ហើយក្លាយជាទទេសូន្យ! របស់សព្វសារពើនឹងត្រូវបានស្អាងឱ្យថ្មីឡើងវិញ នេះគឺជាសេចក្តីពិតដែលមិនអាចផ្លាស់ប្តូរបាន និងពិតជាត្រឹមត្រូវ។ ខ្ញុំបានយកឈ្នះពិភពលោក ក៏ដូចជាសភាវៈអាក្រក់ទាំងអស់។ ខ្ញុំគង់នៅទីនេះដោយការនិយាយទៅកាន់អ្នករាល់គ្នា ហើយអស់អ្នកណាដែលមានត្រចៀក គួរតែស្ដាប់ ហើយអស់អ្នកណាដែលកំពុងតែរស់នៅគួរតែទទួលយក។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧២. ព្រះជាម្ចាស់ដ៏ពិតដែលមានគ្រប់ព្រះចេស្ដា ស្ដេចដែលត្រូវបានថ្វាយរាជ្យសម្បត្តិ ត្រួតត្រាលើសកលលោកទាំងមូល បែរព្រះភ័ក្ត្រទៅរកជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយគ្រប់យ៉ាងដែលនៅក្រោមស្ថានសួគ៌បញ្ចេញពន្លឺដោយសិរីល្អរបស់ព្រះជាម្ចាស់។ របស់សព្វសារពើដែលមានជីវិតនៅក្នុងសកលលោក និងទៅដល់ទីបំផុតនៃផែនដីនឹងឃើញ។ ភ្នំ ទន្លេ បឹងបួ ដែនដី មហាសមុទ្រ និងភាវៈមានជីវិតទាំងអស់បានទាញបើកវាំងននរបស់ពួកគេ ដោយពិចារណាពីព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ដ៏ពិត ហើយពួកគេបានរស់ឡើងវិញ ហាក់ដូចជាការដើរចេញពីសុបិន ហាក់ដូចជាពួកគេគឺជាពន្លកដែលកំពុងពើងដីឡើងអ៊ីចឹង!
អ្ហា! ព្រះជាម្ចាស់ដ៏ពិតមួយអង្គលេចចេញនៅខាងមុខពិភពលោក។ តើអ្នកណាហ៊ានទៅរកទ្រង់ដោយការរារែកនោះ? គ្រប់គ្នាញ័រដោយភាពភ័យខ្លាច។ គ្រប់គ្នាជឿទាំងស្រុង ហើយអង្វរសុំអភ័យទោសម្ដងហើយម្ដងទៀត។ មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់ ហើយមាត់ទាំងអស់ថ្វាយបង្គំទ្រង់! ទ្វីប និងមហាសមុទ្រ ភ្នំ ទន្លេ របស់សព្វសារពើសរសើរតម្កើងទ្រង់ដោយឥតទីបញ្ចប់! និទាឃរដូវចូលមកដោយខ្យល់ដ៏កក់ក្ដៅ ដោយនាំមកនូវភ្លៀងនិទាឃរដូវដ៏ល្អ។ ដូចមនុស្សទាំងអស់ដែរ ចរន្តទឹកក្នុងស្ទឹងហូរដោយក្ដីទុក្ខព្រួយ និងក្ដីអំណរ ដោយស្រក់ទឹកភ្នែកនៃការជាប់ជំពាក់ និងការបន្ទោសខ្លួនឯង។ ទន្លេ បឹងបួ រលក និងផ្ទាំងទឹកទាំងអស់កំពុងតែច្រៀង ដោយច្រៀងសរសើរព្រះនាមដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដ៏ពិត! សម្លេងនៃការសរសើរបន្លឺឡើងយ៉ាងច្បាស់! អ្វីៗដែលចាស់ ដែលធ្លាប់ត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង ទាំងអស់នោះនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ និងត្រូវបានផ្លាស់ប្ដូរ ហើយនឹងចូលទៅក្នុងពិភពថ្មីទាំងស្រុង ...
នេះគឺជាត្រែដ៏បរិសុទ្ធ ហើយវាបានចាប់ផ្ដើមបន្លឺសម្លេង! ចូរស្ដាប់វាចុះ។ សម្លេងដ៏ផ្អែមនោះ គឺជាព្រះសូរសៀងនៃបល្ល័ង្ក ដែលប្រកាសទៅដល់ជាតិសាសន៍នីមួយៗ និងមនុស្សថា ពេលវេលាបានមកដល់ហើយ ទីបញ្ចប់ចុងក្រោយបានមកដល់ហើយ។ ផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានបញ្ចប់ហើយ។ នគររបស់ខ្ញុំបានលេចឡើងយ៉ាងចំហនៅលើផែនដី។ នគររបស់ពិភពលោកបានក្លាយជានគររបស់ខ្ញុំ ដែលជាព្រះជាម្ចាស់។ ត្រែទាំងប្រាំពីររបស់ខ្ញុំ បន្លឺសម្លេងចេញពីបល្ល័ង្ក ហើយរឿងរ៉ាវដ៏អស្ចារ្យបែបនេះនឹងកើតឡើង! មនុស្សនៅចុងបំផុតនៃផែនដីនឹងប្រញាប់ប្រញាប់ជាមួយគ្នាចេញពីទិសដៅនីមួយៗ ដោយកម្លាំងនៃផ្ទាំងទឹកកក និងអំណាចនៃផ្គររន្ទះ អ្នកខ្លះជិះទូកនៅតាមសមុទ្រ អ្នកខ្លះជិះយន្ដហោះ អ្នកខ្លះជិះយានជំនិះគ្រប់ទំហំ និងសណ្ឋាន អ្នកខ្លះជិះលើខ្នងសេះ។ ចូរមើលឱ្យជិត។ ចូរស្ដាប់យ៉ាងប្រុងប្រយ័ត្ន។ អ្នកជិះសេះដែលមានគ្រប់ពណ៌ ដែលវិញ្ញាណត្រូវបានដាស់ឡើង ដែលមានចេស្ដា និងប្រសើរលើសលន់ទាំងនេះ ហាក់ដូចជាចាប់យកសមរភូមិ គឺមិនអើពើនឹងសេចក្ដីស្លាប់ទេ។ នៅកណ្ដាលស្នូរកញ្ជ្រៀវរបស់សេះ និងសម្រែករបស់មនុស្សដែលស្រែករកព្រះជាម្ចាស់ដ៏ពិត មនុស្សប្រុសស្រី និងក្មេងៗជាច្រើន នឹងត្រូវជាន់ដោយក្រចករបស់ពួកវាមួយរំពេច។ អ្នកខ្លះនឹងស្លាប់ អ្នកខ្លះនឹងដកដង្ហើមចុងក្រោយរបស់ពួកគេ អ្នកខ្លះនឹងត្រូវកិនកម្ទេច ដោយគ្មាននរណាម្នាក់មើលថែពួកគេ ដោយស្រែកយ៉ាងរំជួលចិត្ត និងស្រែកថ្ងូរដោយការឈឺចាប់។ ពួកកូនប្រុសនៃការបះបោរអើយ! តើនេះមិនមែនជាលទ្ធផលចុងក្រោយរបស់អ្នករាល់គ្នាទេឬ?
ខ្ញុំទតមើលរាស្ត្ររបស់ខ្ញុំដោយក្ដីអំណរ ជាអ្នកដែលស្ដាប់ឮសម្លេងរបស់ខ្ញុំ ហើយប្រមូលគ្នាមកពីគ្រប់ជាតិសាសន៍ និងដែនដីទាំងអស់។ មនុស្សទាំងអស់សរសើរតម្កើង និងលោតកញ្ឆេងដោយអំណរគ្មានទីបញ្ចប់ ដោយការរក្សាព្រះជាម្ចាស់ដ៏ពិតនៅក្នុងមាត់របស់ពួកគេ! ពួកគេធ្វើបន្ទាល់ទៅកាន់ពិភពលោក ហើយសម្លេងនៃបន្ទាល់របស់ពួកគេទៅកាន់ព្រះជាម្ចាស់ដ៏ពិត គឺដូចទៅនឹងសូរគ្រាំគ្រេងនៃទឹកជាច្រើន។ មនុស្សទាំងអស់នឹងប្រមូលផ្ដុំគ្នាទៅក្នុងនគររបស់ខ្ញុំ។
ត្រែទាំងប្រាំពីររបស់ខ្ញុំបន្លឺសម្លេងដាស់អ្នកដែលកំពុងលង់លក់ក្នុងដំណេក! ចូរក្រោកឡើងឱ្យឆាប់ វាមិនទាន់យឺតពេលទេ។ ចូរសម្លឹងទៅកាន់ជីវិតរបស់អ្នក! ចូរបើកភ្នែករបស់អ្នកឡើង ហើយមើលថាតើពេលនេះម៉ោងប៉ុន្មានហើយ។ តើមានអ្វីខ្លះដែលត្រូវស្វែងរក? តើត្រូវគិតពីអ្វីខ្លះ? តើមានអ្វីត្រូវជាប់ជំពាក់? តើអ្នកមិនដែលពិចារណាអំពីភាពខុសគ្នាផ្នែកគុណតម្លៃ រវាងការទទួលបានជីវិតរបស់ខ្ញុំ និងការទទួលបានគ្រប់យ៉ាងដែលអ្នកស្រឡាញ់ និងជាប់ជំពាក់ទេឬ? ចូរកុំមានបំណងតទៅទៀត ហើយក៏កុំលោតកញ្ឆេងតទៅទៀតដែរ។ ចូរកុំខកខានឱកាសនេះឱ្យសោះ។ ពេលនេះ នឹងមិនមកម្ដងទៀតឡើយ! ចូរក្រោកឈរឡើងពេលនេះ ចូរអនុវត្តការធ្វើលំហាត់ប្រាណនៃវិញ្ញាណរបស់អ្នក ចូរប្រើប្រាស់គ្រប់ឧបករណ៍នានា ដើម្បីមើលឱ្យធ្លុះ និងបង្អាក់ល្បិចកល ព្រមទាំងការបោកបញ្ឆោតគ្រប់យ៉ាងរបស់សាតាំង នោះទើបបទពិសោធនៃជីវិតរបស់អ្នកអាចត្រូវបានធ្វើឱ្យកាន់តែជ្រាលជ្រៅ ហើយអ្នកអាចបង្ហាញពីនិស្ស័យរបស់ខ្ញុំ នោះទើបជីវិតរបស់អ្នកអាចក្លាយជាពេញវ័យ និងត្រូវបានបន្ថែមរសជាតិ ហើយអ្នកអាចដើរតាមស្នាមព្រះបាទរបស់ខ្ញុំជានិច្ច។ មិនត្រូវរួញរា មិនត្រូវទន់ខ្សោយ ត្រូវបោះជំហានទៅមុខជានិច្ច មួយជំហានម្ដងៗ ទៅត្រង់រហូតដល់ទីបញ្ចប់នៃផ្លូវ!
នៅពេលដែលត្រែទាំងប្រាំពីរបន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការកោះហៅទៅរកការជំនុំជម្រះ ការជំនុំជម្រះពួកកូនប្រុសនៃការបះបោរ ការជំនុំជម្រះនៃជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយជាតិសាសន៍នីមួយៗនឹងប្រគល់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ព្រះជាម្ចាស់នឹងច្បាស់ជាលេចឡើងនៅចំពោះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់។ គ្រប់គ្នានឹងជឿទាំងស្រុង ហើយស្រែករកព្រះជាម្ចាស់ដ៏ពិតដោយគ្មានទីបញ្ចប់។ ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានឹងកាន់តែមានសិរីល្អ ហើយពួកកូនប្រុសរបស់ខ្ញុំ និងខ្ញុំនឹងចែករំលែកនៅក្នុងសិរីល្អ ហើយចែករំលែកនៅក្នុងភាពជាស្ដេច ដោយការជំនុំជម្រះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដាក់ទោសមនុស្សអាក្រក់ សង្គ្រោះ និងមានសេចក្ដីមេត្តាករុណាចំពោះអ្នកដែលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយធ្វើឱ្យនគរព្រះខ្លាំងក្លា និងមានស្ថិរភាព។ តាមរយៈសម្លេងនៃត្រែទាំងប្រាំពីរ មនុស្សជាច្រើននឹងត្រូវបានសង្គ្រោះ ដោយធ្វើការវិលត្រឡប់មកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដើម្បីលុតជង្គង់ និងថ្វាយបង្គំដោយការសរសើរជានិច្ច!
នៅពេលដែលត្រែទាំងប្រាំពីរបន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការបញ្ចប់នៃសម័យកាល សូរសម្លេងត្រែនៃជ័យជម្នះលើអារក្សសាតាំង ការគំនាប់ដែលប្រាប់ជាមុនអំពីការចាប់ផ្ដើមនៃការរស់នៅយ៉ាងចំហនៅក្នុងនគរព្រះនៅលើផែនដី! សម្លេងអ្វីក៏ត្រដែតម្ល៉េះ សម្លេងនេះខ្ទរជុំវិញបល្ល័ង្ក សូរសម្លេងត្រែនេះអង្រួនស្ថានសួគ៌ និងផែនដី ដែលជាទីសម្គាល់នៃភាពជោគជ័យនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ដែលជាការជំនុំជម្រះសាតាំង។ វាដាក់ទោសពិភពលោកចាស់នេះទាំងស្រុងដល់ស្លាប់ ដើម្បីត្រលប់ទៅកាន់ជង្ហុកធំ! សូរសម្លេងត្រែនេះ ផ្ដល់សញ្ញាថា ទ្វារនៃព្រះគុណគឺជិតបិទហើយ ថាជីវិតរបស់នគរព្រះនឹងចាប់ផ្ដើមនៅលើផែនដី គឺចាប់ផ្ដើមដោយត្រឹមត្រូវ និងសមរម្យ។ ព្រះជាម្ចាស់សង្គ្រោះអ្នកណាដែលស្រឡាញ់ទ្រង់។ នៅពេលដែលពួកគេវិលត្រឡប់ទៅរកនគររបស់ទ្រង់ នោះមនុស្សនៅលើផែនដីនឹងជួបប្រទះនូវគ្រោះអត់ឃ្លាន និងរោគប៉ែស ហើយចានទាំងប្រាំពីរ និងគ្រោះកាចទាំងប្រាំពីររបស់ព្រះជាម្ចាស់ នឹងមានសុពលភាពបន្តបន្ទាប់គ្នា។ ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរបស់ខ្ញុំនឹងមិនកន្លងផុតឡើយ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧៣. នៅពេលដែលពន្លឺចេញពីទិសខាងកើត ក៏ជាពេលវេលាដ៏ប្រាកដដែលខ្ញុំចាប់ផ្តើមបញ្ចញព្រះសូរសៀងរបស់ខ្ញុំផងដែរ។ នៅពេលដែលផ្លេកបន្ទោរបញ្ចេញពន្លឺ នោះសាកលលោកទាំងមូលនឹងត្រូវបំភ្លឺ ហើយការផ្លាស់ប្តូរកើតឡើងនៅក្នុងគ្រប់តារានិករទាំងអស់។ ពូជសាសន៍មនុស្សទាំងមូល ហាក់ដូចជាត្រូវបានគេបែងចែករួចជាស្រេចដូច្នោះដែរ។ នៅក្រោមរស្មីដែលចាំចែងពីទិសខាងកើតមក ទម្រង់ដើមរបស់មនុស្សជាតិទាំងអស់ ក៏ត្រូវបើកសម្តែង ភ្នែករបស់គេក៏ត្រូវស្រវាំងដោយពន្លឺ មិនដឹងថាត្រូវធ្វើបែបណានោះទេ ហើយក៏មិនដឹងវិធីដើម្បីលាក់បាំងសណ្ឋានដ៏កខ្វក់របស់ពួកគេនោះដែរ។ ពួកគេប្រៀបដូចជាសត្វដែលរត់គេចពីពន្លឺរបស់ខ្ញុំ ទៅចូលជ្រកនៅក្នុងល្អាងភ្នំដូច្នោះដែរ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចលាក់ខ្លួនផុតពីពន្លឺរបស់ខ្ញុំបានឡើយ។ មនុស្សទាំងអស់វង្វេងស្មារតី ដោយគ្រប់គ្នាកំពុងរង់ចាំ គ្រប់គ្នាកំពុងសម្លឹងមើល។ ជាមួយនឹងការមកដល់នៃពន្លឺរបស់ខ្ញុំ គ្រប់គ្នារីករាយនៅថ្ងៃកំណើតរបស់ពួកគេ ព្រមជាមួយគ្នានេះ គ្រប់គ្នាក៏ដាក់បណ្តាសាចំពោះថ្ងៃកំណើតរបស់ពួកគេដែរ។ អារម្មណ៍ច្របូកច្របល់ គឺមិនអាចបញ្ចេញបានទេ។ ទឹកភ្នែកនៃការធ្វើទណ្ឌកម្មខ្លួនបានបង្កើតទៅជាទន្លេ ហើយបានហូរទៅក្នុងទឹកភ្លៀងដែលកំពុងធ្លាក់ដោយបាត់ខ្លួនមួយរំពេចគ្មានស្នាមដាននោះទេ។ ជាថ្មីម្ដងទៀត ពេលកំណត់របស់ខ្ញុំកាន់តែខិតចូលមកកៀកនឹងមនុស្សជាតិទាំងអស់ហើយ ដោយដាស់ពូជមនុស្សឱ្យភ្ញាក់ជាថ្មីម្តងទៀត ដោយប្រទានការចាប់ផ្តើមថ្មីមួយដល់មនុស្សជាតិ។ បេះដូងរបស់ខ្ញុំលោត ហើយភ្នំទាំងឡាយក៏លោតកញ្ឆេងដោយក្ដីអរសប្បាយ ទឹកក៏រេរាំដោយក្ដីអរសប្បាយ ហើយទឹករលកក៏បក់បោកលើថ្មប៉ប្រ៉ះទឹក ទៅតាមចង្វាក់នៃបេះដូងរបស់ខ្ញុំដែរ។ ខ្ញុំពិបាកនឹងសម្ដែងអារម្មណ៍ដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំណាស់។ ចង់ធ្វើឱ្យរបស់គ្រប់យ៉ាងដែលកខ្វក់ ត្រូវដុតទៅជាផេះ ក្រោមខ្សែព្រះនេត្រទតមើលរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យពួកបុត្រាដែលមិនស្តាប់បង្គាប់ទាំងអម្បាលម៉ាន ត្រូវវិនាសបង់ចេញពីមុខព្រះនេត្ររបស់ខ្ញុំ មិនឱ្យមានវត្តមានតទៅទៀតឡើយ។ ខ្ញុំមិនត្រឹមតែបង្កើតការចាប់ផ្តើមថ្មីមួយនៅក្នុងកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅនោះទេ ខ្ញុំថែមទាំងចាប់ផ្តើមកិច្ចការថ្មីនៅលើសាកលលោកផងដែរ។ មិនយូរនោះទេ នគរនានានៃផែនដីនេះនឹងក្លាយជានគររបស់ខ្ញុំ។ មិនយូរនោះទេ នរគរនានានៃផែនដីនេះនឹងបាត់បង់ជារៀងរហូតព្រោះតែនគររបស់ខ្ញុំ ដោយសារតែខ្ញុំបានទទួលជ័យជម្នះរួចទៅហើយ ហើយដោយសារតែខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ។ នាគដ៏ធំមានសម្បុរក្រហម ហត់នឿយក្នុងការប្រើមធ្យោបាយបោកប្រាស់ដើម្បីរំខានដល់ផែនការរបស់ខ្ញុំ ដោយរំពឹងថានឹងលុបបំបាត់កិច្ចការរបស់ខ្ញុំនៅលើផែនដី ប៉ុន្តែតើខ្ញុំអាចបាក់ទឹកចិត្តដោយសារតែយុទ្ធសាស្ត្របោកប្រាស់របស់វាឬទេ? តើខ្ញុំអាចភ័យខ្លាច រហូតដល់បាត់បង់ភាពជឿជាក់ដោយសារតែការគំរាមកំហែងរបស់វាឬទេ? មិនដែលមានភាវៈណាមួយទាំងនៅលើស្ថានសួគ៌ ទាំងនៅលើផែនដី ដែលខ្ញុំមិនបានក្តាប់នៅក្នុងបាតព្រះហស្ដរបស់ខ្ញុំឡើយ។ តើពិតប៉ុនណាទៅ ដែលនាគដ៏ធំមានសម្បុរក្រហមប្រើស្នៀតនេះដើម្បីជាគ្រឿងបន្ទាប់បន្សំចំពោះខ្ញុំ? តើវាមិនមែនជាវត្ថុមួយដែលព្រះហស្តរបស់ខ្ញុំគ្រប់គ្រងទេឬអី?
អំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំនៅក្នុងពិភពមនុស្ស ក្រោមការដឹកនាំរបស់ខ្ញុំ នោះមនុស្សជាតិបានមកដល់ថ្ងៃនេះដោយមិនដឹងខ្លួន ហើយបានស្គាល់ខ្ញុំដោយមិនដឹងខ្លួន។ ប៉ុន្តែ សម្រាប់វិធីដែលត្រូវដើរនៅលើផ្លូវដែលនៅខាងមុខ គ្មាននរណាម្នាក់មានតម្រុយ គ្មាននរណាម្នាក់ដឹង ហើយជាងនេះទៅទៀត គ្មាននរណាម្នាក់មានសញ្ញាដែលអាចប្រាប់ពីទិសដៅដែលពួកគេដើរនៅលើផ្លូវនោះទេ។ មានតែតាមរយៈព្រះដ៏មានគ្រប់ព្រះចេស្តាដែលកំពុងឃ្លាំមើលពួកគេប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរនៅលើផ្លូវរហូតដល់ទីបញ្ចប់បាន។ មានតែតាមរយៈការដឹកនាំរបស់ផ្លេកបន្ទោរនៅទិសខាងកើតប៉ុណ្ណោះ ទើបមនុស្សនឹងអាចឆ្លងកាត់ទ្វារដែលនាំទៅរកនគររបស់ខ្ញុំបាន។ នៅក្នុងចំណោមមនុស្ស ដែលបានឃើញផ្លេកបន្ទោរនៅទិសខាងកើត មិនដែលមាននរណាម្នាក់បានឃើញព្រះភ័ក្ត្ររបស់ខ្ញុំនោះទេ។ តើអ្នកដែលបានឮព្រះសូរសៀងចេញពីបល្ល័ង្ករបស់ខ្ញុំតិចប៉ុនណា? តាមពិត តាំងពីសម័យបុរាណ គ្មានមនុស្សណាម្នាក់បានចូលមកទាក់ទងដោយផ្ទាល់ជាមួយរាងកាយរបស់ខ្ញុំនោះទេ។ មានតែបច្ចុប្បន្ននេះ ពេលនេះ ដែលខ្ញុំបានយាងមកក្នុងពិភពលោកទេ ទើបមនុស្សមានឱកាសបានឃើញខ្ញុំ។ ប៉ុន្តែទោះបីជាពេលនេះក៏ដោយ មនុស្សនៅតែមិនស្គាល់ខ្ញុំ គេបានត្រឹមតែសម្លឹងមើលព្រះភ័ក្ត្ររបស់ខ្ញុំ ហើយគេគ្រាន់តែឮព្រះសូរសៀងរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែគេមិនយល់ពីអត្ថន័យរបស់ខ្ញុំនោះទេ។ មនុស្សទាំងអស់គឺបែបនេះ។ ក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ តើអ្នករាល់គ្នាមិនមានមោទនភាពខ្លាំងទេឬ នៅពេលដែលអ្នកឃើញព្រះភ័ក្ត្ររបស់ខ្ញុំ? ហើយតើអ្នកមិនមានអារម្មណ៍អៀនខ្មាស ដោយសារតែអ្នកមិនស្គាល់ខ្ញុំទេឬអី? ខ្ញុំយាងនៅក្នុងចំណោមមនុស្ស ហើយខ្ញុំរស់នៅក្នុងចំណោមមនុស្ស ដោយសារខ្ញុំបានក្លាយជាសាច់ឈាម ហើយខ្ញុំបានយាងចុះមកពិភពរបស់មនុស្ស។ គោលបំណងរបស់ខ្ញុំ មិនមែនគ្រាន់តែធ្វើឱ្យមនុស្សអាចមើលសាច់ឈាមរបស់ខ្ញុំនោះទេ សំខាន់ជាងនេះ គឺដើម្បីឱ្យមនុស្សស្គាល់ខ្ញុំ។ ជាងនេះទៅទៀត តាមរយៈសាច់ឈាមជាមនុស្សរបស់ខ្ញុំ នោះខ្ញុំនឹងកាត់ទោសមនុស្សដោយសារបាបរបស់ពួកគេ។ តាមរយៈសាច់ឈាមជាមនុស្សរបស់ខ្ញុំ ខ្ញុំនឹងយកឈ្នះនាគដ៏ធំមានសម្បុរក្រហម ហើយបំផ្លាញជម្រករបស់វាឱ្យវិនាសសាបសូន្យ។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧៤. ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឱ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឱ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឱ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឱ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។
នៅពេលដែលសូរសៀងរបស់ខ្ញុំលេចជ្រៅទៅក្នុងប្រពលភាព ខ្ញុំក៏សង្កេតមើលសភាពនៃសកលលោក។ សត្តនិករជាច្រើនអនេកក៏ត្រូវបានបង្កើតជាថ្មី តាមរយៈបន្ទូលរបស់ខ្ញុំ។ ផ្ទៃមេឃផ្លាស់ប្ដូរ រីឯផែនដីក៏ផ្លាស់ប្ដូរដែរ។ មនុស្សក៏សម្ដែងចេញនូវសណ្ឋានដើមរបស់ខ្លួនសន្សឹមៗ រួចមនុស្សម្នាក់ៗត្រូវបានញែកទៅតាមជំពូករបស់គេ ហើយរកឃើញផ្លូវត្រឡប់ទៅក្នុងភាពជិតស្និទ្ធនឹងគ្រួសាររបស់គេវិញដោយមិនដឹងខ្លួន។ ការនេះធ្វើឱ្យខ្ញុំគាប់ព្រះហឫទ័យជាខ្លាំង។ ខ្ញុំមានសេរីភាពពីការរំខាន ចំណែកកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំវិញ ក៏បានសម្រេចដោយមិនដឹងខ្លួនគ្រប់យ៉ាងក្នុងសត្តនិករទាំងអស់ក៏ត្រូវបានបំផ្លាស់បំប្រែដែរ។ ពេលដែលខ្ញុំបង្កើតពិភពលោកនេះមក ខ្ញុំបង្កើតគ្រប់យ៉ាងតាមប្រភេទរបស់វា ដោយដាក់គ្រប់យ៉ាងទៅតាមសណ្ឋានព្រមគ្នានឹងប្រភេទរបស់វា។ នៅពេលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំ កាន់តែខិតមកជិត ខ្ញុំនឹងស្ដារសណ្ឋានដើមនៃការបង្កើត ខ្ញុំនឹងស្ដារគ្រប់យ៉ាងឱ្យដូចដើម ដោយផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុង ដើម្បីឱ្យគ្រប់យ៉ាងត្រឡប់ទៅជិតស្និទ្ធនឹងផែនការរបស់ខ្ញុំវិញ។ ពេលវេលាដល់ហើយ! ដំណាក់កាលចុងក្រោយនៃផែនការរបស់ខ្ញុំ ជិតនឹងសម្រេចហើយ។ ឱពិភពលោកដ៏ស្មោកគ្រោក ចាស់គំរិលអើយ! អ្នកនឹងធ្លាក់ទៅក្រោមបន្ទូលរបស់ខ្ញុំ! អ្នកប្រាកដជាក្លាយជាភាពទទេ ដោយសារផែនការរបស់ខ្ញុំ! អ្នកគ្រប់គ្នានឹងទទួលបាននូវជីវិតថ្មីនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ អ្នកនឹងមានព្រះអម្ចាស់ដ៏មានអធិបតេយ្យភាព! ឱពិភពលោកថ្មីដ៏បរិសុទ្ធ និងឥតសៅហ្មងអើយ! អ្នកនឹងបានរស់ឡើងវិញជាប្រាកដនៅក្នុងសិរីរុងរឿងរបស់ខ្ញុំ! ឱភ្នំស៊ីយ៉ូនអើយ! ចូរកុំស្ងប់ស្ងាត់ទៀតអី ខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ! ខ្ញុំបានពិនិត្យពិច័យផែនដីទាំងមូល ពីក្នុងចំណោមសត្តនិករទាំងអស់។ នៅលើផែនដី មនុស្សលោកបានចាប់ផ្ដើមជីវិតថ្មីមួយ ហើយបានទទួលសេចក្ដីសង្ឃឹមថ្មី។ ឱរាស្ត្រខ្ញុំអើយ! ម្ដេចក៏អ្នកមិនត្រឡប់មកឯជីវិតនៅក្នុងពន្លឺរបស់ខ្ញុំ? ម្ដេចក៏អ្នកមិនលោតដោយអំណរ ក្រោមការដឹកនាំរបស់ខ្ញុំ? ដែនដីកំពុងតែស្រែកហ៊ោដោយភាពរីករាយ ទឹកខ្ជោលឡើងដោយសំណើចដ៏រីករាយ! ឱអ៊ីស្រាអែលដែលបានរស់ឡើងវិញអើយ! ម្ដេចក៏អ្នកមិនអាចមានអំនួតចំពោះរឿងរ៉ាវនៃការកំណត់ទុកជាមុនរបស់ខ្ញុំ? តើនរណាយំសោក? តើនរណាទ្រហោរយំ? អ៊ីស្រាអែលចាស់លែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃក៏បានក្រោកឡើង លេចឡើង ហើយត្រដែតឡើងនៅក្នុងពិភពលោក និងបានឈរឡើងនៅក្នុងចិត្តរបស់មនុស្សទាំងអស់ផង។ អ៊ីស្រាអែលសព្វថ្ងៃ ច្បាស់ជាទទួលបាននូវប្រភពនៃអត្ថិភាពតាមរយៈរាស្ត្ររបស់ខ្ញុំ! ឱអេស៊ីព្ទដ៏គួរឱ្យស្អប់អើយ! អ្នកច្បាស់ជាមិននៅក្រោកឈរទាស់នឹងខ្ញុំទេ មែនទេ? ម្ដេចក៏អ្នកអាចកេងចំណេញពីព្រះគុណរបស់ខ្ញុំ ហើយព្យាយាមគេចចេញពីការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? ម្ដេចក៏អ្នកមិនអាចមានវត្តមាននៅក្នុងការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងរស់នៅអស់កល្បជានិច្ចជាប្រាកដ អស់អ្នកណាដែលឈរទាស់នឹងខ្ញុំនឹងត្រូវខ្ញុំវាយផ្ចាលអស់កល្បជានិច្ចយ៉ាងប្រាកដ។ ដ្បិតខ្ញុំគឺជាព្រះដែលប្រចណ្ឌ ហើយដោយព្រោះគ្រប់យ៉ាងដែលមនុស្សបានធ្វើ នោះខ្ញុំនឹងមិនលើកលែងឱ្យគេស្រួលៗឡើយ។ ខ្ញុំនឹងឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំនឹងបើកសម្ដែងពីអង្គខ្ញុំដល់មនុស្សជាច្រើន ដោយលេចមកនៅទិសខាងកើតនៃផែនដីដោយសេចក្ដីសុចរិត ឫទ្ធានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល!
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧៥. បណ្ដាជនសាទរខ្ញុំ ហើយសរសើរតម្កើងខ្ញុំ គ្រប់មាត់ទាំងអស់ថ្លែងពីព្រះដ៏ពិតតែមួយ ហើយមនុស្សគ្រប់គ្នាបើកភ្នែកងើយមើលស្នាព្រះហស្តរបស់ខ្ញុំ។ នគរព្រះចុះមកលើពិភពមនុស្ស ហើយអង្គរបស់ខ្ញុំសម្បូរភោគទ្រព្យ និងភាពសម្បូរហូរហៀរ។ តើនរណាដែលមិនត្រេកអរចំពោះការនេះ? តើនរណាដែលមិនរាំដោយអំណរ? ឱស៊ីយ៉ូនអើយ! ចូរលើកទង់ជ័យរបស់អ្នកឡើងដើម្បីអបអរខ្ញុំ! ចូរច្រៀងចម្រៀងជ័យឃោសរបស់អ្នកដើម្បីផ្សាយព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ! ឱស្នាព្រះហស្ដទាំងអស់ រហូតដល់ចុងបំផុតនៃផែនដីអើយ! ចូររួសរាន់សម្អាតខ្លួនឯងឱ្យបានស្អាត ដើម្បីឱ្យអ្នកអាចធ្វើជាតង្វាយដល់ខ្ញុំ! ឱហ្វូងផ្កាយនៅលើស្ថានសួគ៌អើយ! ចូររួសរាន់ត្រឡប់ទៅកន្លែងរបស់អ្នកវិញចុះ ដើម្បីបង្ហាញពីព្រះចេស្ដាដ៏មានអនុភាពរបស់ខ្ញុំនៅក្នុងលំហរអាកាស! ខ្ញុំផ្ទៀងព្រះកាណ៌របស់ខ្ញុំ ស្ដាប់សម្លេងមនុស្សនៅលើផែនដី គឺមនុស្សដែលបង្ហូរក្ដីស្រលាញ់ និងការគោរពគ្មានព្រំដែនចំពោះខ្ញុំតាមរយៈបទចម្រៀង! នៅថ្ងៃនេះ នៅពេលដែលស្នាព្រះហស្ដទាំងអស់មានជីវិតឡើងវិញ នោះខ្ញុំក៏យាងចុះមកក្នុងពិភពមនុស្ស។ នៅខណៈពេលនេះ គឺនៅខណៈពេលដ៏រីករាយនេះ ផ្កាទាំងអស់ក៏រីកស្គុសស្គាយ ហើយបក្សាបក្សីទាំងអស់ក៏ស្រែកច្រៀងត្រសង អ្វីៗទាំងអស់កក្រើកដោយអំណរ! នគររបស់សាតាំងក៏ដួលរលំដោយសារសម្លេងគំនាប់នៃនគរព្រះ គឺត្រូវបំផ្លាញដោយសម្លេងផ្គរលាន់នៃចម្រៀងជ័យរបស់នគរព្រះ ហើយមិនអាចងើបឡើងវិញបានទៀតឡើយ!
នៅលើផែនដី តើនរណាហ៊ានក្រោកឡើង ហើយតតាំង? នៅពេលខ្ញុំយាងចុះមកផែនដី ខ្ញុំនាំយកភ្លើង យកសេចក្ដីក្រោធ និងយកគ្រោះហមន្ដរាយគ្រប់បែបយ៉ាងមក។ ឥលូវនេះ នគរនៅលើផែនដី គឺជានគររបស់ខ្ញុំ! នៅលើមេឃ ពពកវិលចុះវិលឡើង ហើយនៅក្រោមមេឃ បឹងបួរ និងទន្លេក៏កញ្ជ្រោលឡើង ជាបទភ្លេងដ៏ពីរោះរណ្ដំ។ សត្វទាំងពួងដែលកំពុងសម្រាកក៏ស្ទុះងើបចេញពីរូងរបស់ខ្លួនមក មនុស្សម្នាទាំងពួងក៏ងើបពីភាពលង់លក់របស់ខ្លួនដោយសារខ្ញុំ។ ទីបំផុត ថ្ងៃដែលមនុស្សដ៏ច្រើនលើសលប់បានទន្ទឹងរង់ចាំ ក៏មកដល់! ពួកគេក៏ច្រៀងបទចម្រៀងដ៏ពីរោះបំផុតថ្វាយដល់ខ្ញុំ!
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ចម្រៀងជ័យនៃនគរព្រះ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧៦. នៅពេលការគំនាប់ចំពោះនគរព្រះបន្លឺសំឡេងឡើង ពោលគឺក៏ជាពេលដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ សំឡេងនេះធ្វើឱ្យញ័រញាក់ស្ថានសួគ៌ និងផែនដី ដែលធ្វើឱ្យរញ្ជួយអស់សួគ៌ាលៃ និងធ្វើឱ្យដួងចិត្តរបស់មនុស្សគ្រប់រូបញាប់ញ័រ។ ចម្រៀងថ្វាយនគរព្រះក៏ធ្វើការប្រគំឡើងតាមពិធីការ នៅលើទឹកដីនាគដ៏ធំមានសម្បុរក្រហម ដោយបញ្ជាក់ថា ខ្ញុំបានបំផ្លាញប្រទេសនោះ ហើយបានបង្កើតព្រះនគររបស់ខ្ញុំ។ សំខាន់ជាងនេះទៅទៀតនោះគឺ នគររបស់ខ្ញុំត្រូវបានបង្កើតឡើងនៅលើផែនដី។ នៅពេលនេះ ខ្ញុំចាប់ផ្ដើមបញ្ជូនទេវតារបស់ខ្ញុំទៅគ្រប់ប្រទេសក្នុងពិភពលោកដើម្បីឱ្យពួកគេអាចឃ្វាលពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ នេះក៏ដើម្បីបំពេញតាមសេចក្ដីតម្រូវនៃជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំផ្ទាល់ក៏យាងមកកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមដេកពេន ហើយប្រកួតជាមួយវា។ នៅពេលមនុស្សជាតិទាំងអស់បែរមកស្គាល់ខ្ញុំក្នុងភាពជាសាច់ឈាម ហើយអាចមើលឃើញទង្វើរបស់ខ្ញុំក្នុងភាពជាសាច់ឈាម នោះជម្រករបស់នាគដ៏ធំមានសម្បុរក្រហមនឹងក្លាយទៅជាផេះ ហើយបាត់គ្មានសល់ដាន។ ...
សព្វថ្ងៃនេះ ខ្ញុំមិនមែនត្រឹមតែយាងចុះមកលើប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះទេ ខ្ញុំក៏កំពុងងាកទៅប្រឈមមុខនឹងសកលលោកទាំងមូលផងដែរ ដែលធ្វើឱ្យសួគ៌ាលៃទាំងមូលរញ្ជួយញាប់ញ័រ។ តើមានកន្លែងណាមួយដែលមិនទទួលរងការជំនុំជម្រះរបស់ខ្ញុំឬទេ? តើមានកន្លែងណាមួយដែលមិននៅក្រោមភាពអន្ដរាយដ៏ធំដែលខ្ញុំស្រោចពីលើវាដែរឬទេ? គ្រប់ទីកន្លែងដែលខ្ញុំយាងទៅ ខ្ញុំបានបាច «គ្រាប់ពូជនៃគ្រោះមហន្តរាយ» គ្រប់ប្រភេទ។ នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់។ ខ្ញុំចង់ឱ្យមនុស្សកាន់តែច្រើនបានស្គាល់ខ្ញុំ និងអាចមើលឃើញខ្ញុំ ហើយតាមរបៀបនេះ ពួកគេបែរមកគោរពព្រះជាម្ចាស់ដែលពួកគេមិនបានមើលឃើញអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែដែលពេលនេះ ពួកគេមើលឃើញថាព្រះអង្គមានពិតប្រាកដមែន។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧៧. រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។ មនុស្សស្រេកឃ្លានចង់មើលឃើញព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះដោយផ្ទាល់ភ្នែក នៅពេលដែលទ្រង់យាងចុះមក ដោយគង់នៅលើពពកសមួយដុំ នៅកណ្ដាលចំណោមមនុស្សដែលរង់ចាំទ្រង់ អស់រយៈពេលរាប់ពាន់ឆ្នាំយ៉ាងក្រៀមក្រំ និងដោយអន្ទះសា។ មនុស្សក៏ចង់ឱ្យព្រះអង្គសង្គ្រោះ យាងត្រឡប់មកវិញ និងចង់ឱ្យទ្រង់បានរួបរួមជាមួយនឹងពួកគេដែរ ពោលគឺ ពួកគេចង់ឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលបានគង់ឆ្ងាយពីពួកគេអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះ យាងត្រឡប់មកវិញ និងមកអនុវត្តកិច្ចការនៃការប្រោសលោះដែលទ្រង់បានធ្វើក្នុងចំណោមសាសន៍យូដានោះម្ដងទៀត យាងមកសម្ដែងចិត្តក្ដួលអាណិត និងក្ដីស្រឡាញ់ដល់មនុស្ស យាងមកអត់ទោសបាបមនុស្សលោក និងយកបាបនេះដាក់លើអង្គទ្រង់ ព្រមទាំងស្ពាយយកអស់ទាំងសេចក្ដីរំលងរបស់គេ ហើយប្រោសគេឱ្យរួចពីអំពើបាបផង។ អ្វីដែលមនុស្សចង់បានបំផុត គឺចង់ឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងមកធ្វើដូចគ្រាមុន គឺមកធ្វើជាព្រះអង្គសង្គ្រោះដែលពោរពេញដោយសេចក្ដីស្រឡាញ់ ព្រះទ័យសប្បុរស និងគួរជាទីគោរព ជាព្រះដែលគ្មានសេចក្ដីក្រោធ ចំពោះមនុស្ស ក៏មិនដែលស្ដីបន្ទោសឱ្យគេ គឺមានតែការអត់ទោសនិងដកយកអំពើបាបរបស់មនុស្សទាំងអស់ ហើយថែមទាំងសុគតលើឈើឆ្កាង ជំនួសមនុស្សដូចគ្រាមុនផង។ តាំងពីពេលដែលព្រះយេស៊ូវបានយាងចេញទៅបាត់ ពួកសិស្សដែលដើរតាមទ្រង់ និងពួកបរិសុទ្ធដែលបានសង្គ្រោះដោយនូវព្រះនាមទ្រង់ នាំគ្នាស្វែងរកទ្រង់យ៉ាងក្រៀមក្រំ និងកំពុងទន្ទឹងមើលផ្លូវទ្រង់។ អស់អ្នកដែលបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងយុគសម័យនៃព្រះគុណ ក៏នៅតែអន្ទះសាចង់ឃើញថ្ងៃដ៏រីករាយនៅគ្រាចុងក្រោយ ពេលដែលព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងចុះមកលើពពក ដើម្បីបង្ហាញព្រះកាយដល់មនុស្សគ្រប់ គ្នា។ ប្រាកដណាស់ នេះជាក្ដីប្រាថ្នារួមរបស់មនុស្សគ្រប់គ្នា ដែលទទួលយកព្រះនាមព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះនៅថ្ងៃនេះ។ គ្រប់ៗគ្នាក្នុងសកលលោក ដែលដឹងពីសេចក្ដីសង្គ្រោះរបស់ព្រះយេស៊ូវ ដ៏ជាព្រះអង្គសង្គ្រោះ គេអន្ទះសាយ៉ាងខ្លាំង ចង់ឱ្យព្រះយេស៊ូវគ្រីស្ទយាងមកដល់ភ្លាមៗ ដើម្បីសម្រេចនូវអ្វីដែលទ្រង់បានមានបន្ទូលកាលទ្រង់នៅគង់លើផែនដីថា៖ «ខ្ញុំនឹងត្រឡប់មកវិញ ដូចគ្នានឹងរបៀបដែលខ្ញុំបានចាកចេញទៅដែរ»។ មនុស្សជឿថា បន្ទាប់ពីត្រូវគេឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌ដោយគង់នៅលើពពកសមួយដុំ ដើម្បីទៅទទួលតំណែងរបស់ទ្រង់ គឺគង់ខាងស្ដាំនៃព្រះដ៏ខ្ពស់បំផុត។ ព្រះយេស៊ូវនឹងយាងចុះមកវិញម្ដងទៀត ដោយគង់នៅលើពពកសមួយដុំក្នុងលក្ខណៈដូចគ្នា (ពពកនេះ គឺសំដៅលើពពកដែលព្រះយេស៊ូវគង់ ពេលទ្រង់យាងត្រឡប់ទៅស្ថានសួគ៌វិញ) មកក្នុងចំណោមមនុស្សដែលទន្ទឹងចាំទ្រង់ ដោយក្ដីសង្ឃឹមជាខ្លាំងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយព្រះអង្គនឹងយកសណ្ឋានជាសាសន៍យូដា ព្រមទាំងស្លៀកសម្លៀកបំពាក់សាសន៍យូដាផង។ បន្ទាប់ពីលេចមកឱ្យមនុស្សឃើញ ទ្រង់នឹងប្រទានអាហារឱ្យពួកគេ ហើយធ្វើឱ្យទឹករស់ហូរយ៉ាងគំហុកមករកគេ ព្រមទាំងរស់នៅកណ្ដាលចំណោមមនុស្ស ពេញដោយព្រះគុណនិងពេញដោយក្ដីស្រឡាញ់ ផូរផង់ និងប្រាកដប្រជា។ ការយល់ឃើញទាំងអស់នេះហើយ គឺជាអ្វីដែលមនុស្សជឿ។ ដោយឡែក ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់មិនបានធ្វើដូច្នេះទេ ទ្រង់ធ្វើផ្ទុយស្រឡះពីអ្វីដែលមនុស្សយល់ឃើញ។ ទ្រង់មិនបានយាងមកក្នុងចំណោមមនុស្សដែលរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ ដោយសង្ឃឹមនោះទេ ហើយទ្រង់ក៏មិនលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញ នៅពេលដែលទ្រង់គង់នៅលើពពកសដែរ។ ទ្រង់បានយាងមកដល់ហើយ ប៉ុន្តែមនុស្សមិនបានដឹងទេ ហើយក៏នៅតែមិនអើពើ។ មនុស្សគ្រាន់តែរង់ចាំទ្រង់ដោយគ្មានបំណង ក៏មិនដឹងថាទ្រង់បានយាងមកដោយគង់នៅលើ «ពពកស» មួយដុំរួចហើយដែរ (ពពកនេះ គឺជាព្រះវិញ្ញាណទ្រង់ ព្រះបន្ទូលទ្រង់ និស្ស័យរបស់ទ្រង់ទាំងមូល និងលក្ខណៈទាំងអស់របស់ទ្រង់) ចំណែកពេលនេះ ទ្រង់កំពុងគង់កណ្ដាលចំណោមក្រុមមនុស្សដែលមានជ័យជម្នះ ដែលទ្រង់នឹងបង្កើតឡើងនៅគ្រាចុងក្រោយ។ មនុស្សមិនដឹងរឿងមួយ គឺ៖ បើទោះជាព្រះអង្គសង្គ្រោះ ដ៏បរិសុទ្ធ មានសេចក្ដីស្រឡាញ់គ្រប់យ៉ាងដល់មនុស្ស តើធ្វើម្ដេចឱ្យទ្រង់ធ្វើការនៅក្នុង «ព្រះវិហារ» ដែលមានសុទ្ធតែវិញ្ញាណស្មោកគ្រោក និងមិនបរិសុទ្ធដូច្នេះបាន? ថ្វីដ្បិតថាមនុស្សកំពុងទន្ទឹងរង់ចាំការយាងមកដល់របស់ទ្រង់ តើទ្រង់អាចលេចមកឱ្យអស់អ្នកដែលបរិភោគសាច់ឈាមមនុស្សទុច្ចរិត ផឹកឈាមមនុស្សទុច្ចរិត ហើយស្លៀកសម្លៀកបំពាក់មនុស្សទុច្ចរិត ជាអ្នកដែលជឿដល់ទ្រង់ ប៉ុន្តែមិនស្គាល់ទ្រង់ ហើយក៏ជាអ្នកដែលកំហែងព្រះអង្គរហូតមក បានឃើញយ៉ាងដូចម្ដេចកើត? មនុស្សដឹងត្រឹមថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់ពោរពេញដោយក្ដីស្រឡាញ់ ហើយមានក្ដីមេត្តាករុណាដ៏ហូរហៀរ និងដឹងថា ទ្រង់ជាតង្វាយលោះបាប ពោរពេញដោយការប្រោសលោះ។ យ៉ាងណាមិញ គេពុំដឹងសោះថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានពេញដោយភាពសុចរិត ឬទ្ធានុភាព សេចក្ដីក្រោធ និងការជំនុំជម្រះ ហើយមានសិទ្ធិអំណាច និងពេញដោយសេចក្ដីថ្លៃថ្នូរនោះឡើយ។ ហេតុនេះ ទោះបីជាមនុស្សអន្ទះសារង់ចាំ និងទទូចចង់ឃើញការវិលត្រឡប់របស់ព្រះដ៏ប្រោសលោះយ៉ាងណា ហើយទោះបីជាសេចក្ដីអធិដ្ឋានរបស់គេធ្វើឱ្យ «ស្ថានសួគ៌» រង្គើក៏ដោយ ក៏ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ មិនលេចមកឱ្យអស់អ្នកដែលជឿលើទ្រង់ តែមិនស្គាល់ព្រះអង្គ បានឃើញនោះដែរ។
(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧៨. ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែល ហើយបន្ទាប់មក ក៏ដកសិរីល្អនោះចេញវិញ ដោយហេតុនេះ ខ្ញុំក៏នាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត និងនាំមនុស្សទាំងអស់ទៅទិសខាងកើតដែរ។ ខ្ញុំបាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ ដើម្បីឱ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ។ ខ្ញុំនឹងឱ្យមនុស្សដែលស្វែងរកពន្លឺនោះ បានមើលឃើញពន្លឺនោះម្ដងទៀត និងមើលឃើញសិរីល្អដែលខ្ញុំមាននៅស្រុកអ៊ីស្រាអែលផង។ ខ្ញុំនឹងឱ្យពួកគេឃើញថា ខ្ញុំបានយាងចុះមកនៅលើដុំពពកស នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ឱ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់ ហើយលើសពីនោះ គឺឱ្យពួកគេឃើញព្រះយេហូវ៉ា គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ខ្ញុំនឹងឱ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ និងការលេចមកដ៏ពេញលេញរបស់ខ្ញុំ ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់។ ខ្ញុំនឹងសម្រេចកិច្ចការរបស់ខ្ញុំដើម្បីសកលលោកទាំងមូល ហើយខ្ញុំនឹងធ្វើការអស្ចារ្យ ដោយបង្ហាញសិរីល្អទាំងអស់ ព្រមទាំងស្នាព្រះហស្ដរបស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំនឹងបង្ហាញព្រះភក្ត្រ ដែលប្រកបដោយសិរីល្អររបស់ខ្ញុំទាំងស្រុង នៅចំពោះមុខមនុស្សដែលបានរង់ចាំខ្ញុំអស់ជាច្រើនឆ្នាំ គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំខ្ញុំយាងមកលើដុំពពក ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំខ្ញុំយាងមកជាថ្មី និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់គ្នាដឹងថា ខ្ញុំបានដកសិរីល្អរបស់ខ្ញុំជាយូរមកហើយ និងបាននាំយកវាត្រឡប់មកទិសខាងកើត ដើម្បីឱ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត។ ដ្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!
ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឱ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកកាន់ពេលបច្ចុប្បន្ននេះ។ ខ្ញុំធ្វើឱ្យមនុស្សទាំងអស់ត្រូវព្រះសូរសៀងរបស់ខ្ញុំយកឈ្នះ ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះមិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញនៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំបែរព្រះភ័ក្ដ្ររបស់ខ្ញុំទៅរាស្ត្ររើសតាំងរបស់ខ្ញុំ ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូចជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឱ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ «ភ្នំដើមអូលីវ» ដែលនៅទិសខាងកើត ដោយសិរីល្អដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងខ្ញុំ!
(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧៩. ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង។
(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៨០. ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កំពុងខិតទៅរកទីបញ្ចប់ ហើយច្រកទ្វារនគរព្រះបានបើកជាស្រេចសម្រាប់អស់អ្នកដែលស្វែងរកការលេចមករបស់ទ្រង់។ បងប្អូនប្រុសស្រីអើយ តើអ្នករាល់គ្នាកំពុងរង់ចាំអ្វីទៀត? តើអ្នករាល់គ្នាកំពុងស្វែងរកអ្វី? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យព្រះជាម្ចាស់លេចមកមែនទេ? តើអ្នកកំពុងរកមើលស្នាមព្រះបាទារបស់ទ្រង់មែនទេ? ពិតជាចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ខ្លាំងណាស់! ហើយការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់អីក៏លំបាកដល់ម្ល៉េះ! នៅក្នុងយុគសម័យបែបនេះ នៅក្នុងពិភពមួយបែបនេះ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីអាចមើលឃើញថ្ងៃដែលព្រះជាម្ចាស់លេចមក? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីដើរឱ្យទាន់លំអាននៃព្រះបាទារបស់ព្រះជាម្ចាស់? អស់អ្នកដែលរង់ចាំព្រះជាម្ចាស់លេចមក តែងមានសំណួរបែបនេះ។ អ្នករាល់គ្នាគិតពិចារណាអំពីសំណួរទាំងនេះជាច្រើនលើកច្រើនសា ប៉ុន្តែតើបានលទ្ធផលអ្វីខ្លះហើយ? តើព្រះជាម្ចាស់លេចមកនៅទីណា? តើស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅទីណា? តើអ្នករាល់គ្នាមានចម្លើយហើយឬនៅ? មនុស្សជាច្រើននឹងឆ្លើយបែបនេះថា៖ «ព្រះជាម្ចាស់លេចមកនៅក្នុងចំណោមអ្នកទាំងឡាយដែលដើរតាមទ្រង់ ហើយស្នាមព្រះបាទារបស់ទ្រង់ គឺនៅក្នុងចំណោមយើងរាល់គ្នា។ ចម្លើយគឺងាយស្រួលបែបនេះឯង!» នរណាក៏អាចផ្តល់ចម្លើយដែលមានជាលំនាំស្រាប់បានដែរ ប៉ុន្តែតើអ្នករាល់គ្នាយល់ពីអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ ឬស្នាមព្រះបាទារបស់ទ្រង់ដែរឬទេ? ការលេចមករបស់ព្រះជាម្ចាស់ សំដៅលើការយាងមកកាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សជាតិដើម្បីបំពេញកិច្ចការនៃការបង្កើតយុគសម័យមួយ និងបញ្ចប់យុគសម័យមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យរបស់ទ្រង់ផ្ទាល់ និងតាមវិធីដែលទ្រង់មានស្រាប់។ ការលេចមកប្រភេទនេះ គឺមិនមែនជាទម្រង់នៃពិធីណាមួយឡើយ។ វាមិនមែនជាទីសម្គាល់ ជារូបភាព ជាការអស្ចារ្យ ឬជានិមិត្តដ៏ធំអស្ចារ្យអ្វីនោះទេ ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនាអ្វីដែរ។ វាគឺជាសេចក្តីពិត និងជាតថភាពជាក់ស្តែង ដែលមនុស្សអាចប៉ះបាន និងអាចមើលឃើញបាន។ ការលេចមកប្រភេទនេះ គឺមិនមែនគ្រាន់តែធ្វើឱ្យតែបាន ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ។ ការលេចមករបស់ព្រះជាម្ចាស់ គឺសុទ្ធតែមានអត្ថន័យខ្លឹមសារជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រងរបស់ទ្រង់។ អ្វីដែលហៅថា ការលេចមក នៅទីនេះ គឺខុសគ្នាទាំងស្រុងពី «ការលេចមក» ផ្សេងទៀត ដែលព្រះជាម្ចាស់ណែនាំ ដឹកនាំ និងបំភ្លឺដល់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុងចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់លេចមកដោយផ្ទាល់។ កិច្ចការនេះគឺខុសគ្នាពីកិច្ចការនៃយុគសម័យផ្សេងទៀត។ កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។ វាជាកិច្ចការដែលចាប់ផ្តើមនូវយុគសម័យថ្មីមួយ និងបញ្ចប់ទៅវិញនូវយុគសម័យមុន ហើយជាទម្រង់នៃកិច្ចការថ្មីដែលបានកែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។ បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅកាន់យុគសម័យថ្មីមួយទៀត។ នេះហើយគឺជាអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៨១. នៅពេលណាដែលអ្នករាល់គ្នា បានយល់នូវអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាគប្បីត្រូវស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដោយរបៀបណា? សំណួរនេះមិនពិបាកពន្យល់នោះទេ៖ នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះហើយដែលអ្នកនឹងឃើញស្នាមព្រះបាទារបស់ទ្រង់។ ការពន្យល់បែបនេះ ស្តាប់ទៅដូចជាត្រង់ៗពេក ប៉ុន្តែមិនងាយស្រួលនឹងអនុវត្តនោះទេ ដ្បិតមនុស្សជាច្រើនពុំបានដឹងថាព្រះជាម្ចាស់លេចមកនៅទីណានោះទេ កាន់តែមិនដឹងថា ទ្រង់អាចនឹងលេចមកនៅទីណា ឬទ្រង់គួរលេចមកនៅទីណាឡើយ។ មនុស្សខ្លះជឿទាំងមិនបានគិតថា នៅទីណាដែលព្រះវិញ្ញាណបរិសុទ្ធកំពុងបំពេញកិច្ចការ នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ឬម៉្យាងទៀត ពួកគេជឿថា នៅទីណាដែលមានបុគ្គលខាងវិញ្ញាណ នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ឬម្យ៉ាងទៀតពួកគេជឿថា នៅទីណាដែលមានបុគ្គលមានកេរ្តិ៍ឈ្មោះល្បី នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ក្នុងពេលនេះ ចូរយើងទុករឿងដែលថាជំនឿបែបនេះត្រឹមត្រូវឬខុសនោះមួយឡែកសិន។ ដើម្បីពន្យល់សំណួរបែបនេះយើងត្រូវមានគោលដៅច្បាស់លាស់ជាមុនសិន។ យើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ យើងមិនមែនកំពុងស្វែងរកបុគ្គលខាងវិញ្ញាណនោះទេ ហើយយើងក៏មិនបានកំពុងស្វែងរកមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីដែរ គឺយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ក្នុងហេតុផលនេះ ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៨២. សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី។ អ្នកប្រហែលជាមិនទទួលយកពាក្យទាំងនេះឡើយ ហើយពាក្យទាំងនេះក៏ប្រហែលជាចម្លែកសម្រាប់អ្នកផងដែរ ប៉ុន្តែខ្ញុំសូមដាស់តឿនថា អ្នកមិនត្រូវបង្ហាញសារជាតិដើមរបស់អ្នកឡើយ ព្រោះថាមានតែអស់អ្នកដែលពិតជាស្រេកឃ្លាន និងចង់បានសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចទទួលបានសេចក្តីពិត ហើយមានតែអស់អ្នកដែលពិតជាប្ដូរផ្ដាច់ចំពោះទ្រង់ប៉ុណ្ណោះ ទើបអាចទទួលបានការបំភ្លឺ និងការដឹកនាំពីទ្រង់។ លទ្ធផលទទួលបានតាមរយៈការស្វែងរកសេចក្តីពិត ដោយចិត្តស្ងប់សុខ មិនមែនដោយការឈ្លោះប្រកែក និងការទាស់ទែងនោះឡើយ។ នៅពេលដែលខ្ញុំមានបន្ទូលថា «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី» ខ្ញុំកំពុងតែសំដៅលើកិច្ចការនៃការយាងត្រឡប់មកជាសាច់ឈាមរបស់ព្រះជាម្ចាស់។ ប្រហែលពាក្យទាំងនេះមិនធ្វើឱ្យអ្នកខ្វល់ចិត្តឡើយ។ ប្រហែលអ្នកស្អប់ខ្ពើមពាក្យទាំងនេះ ឬមួយក៏វាធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាក្នុងករណីណាមួយឡើយ ខ្ញុំសង្ឃឹមថា អស់អ្នកណាដែលពិតជាចង់ឱ្យព្រះជាម្ចាស់លេចមក គឺអាចទទួលយកការពិតនេះ ហើយពិចារណាយ៉ាងល្អិតល្អន់អំពីពាក្យទាំងនេះ ជាជាងឆាប់ធ្វើសេចក្តីសន្និដ្ឋាន។ នេះហើយជាអ្វីដែលមនុស្សមានប្រាជ្ញាគួរតែធ្វើ។
វាមិនពិបាកឡើយក្នុងការសួរនាំរកចម្លើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះសិន៖ ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីម្នាក់ៗដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលពេញដោយសោកនាដកម្មនេះឡើយ។ អ្នកមិនត្រូវក្លាយជាពួកផារីស៊ីសម័យទំនើប ហើយដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្ដងទៀតឡើយ។ អ្នកគួរតែពិចារណាយ៉ាងយកចិត្តទុកដាក់អំពីរបៀបស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែមានគំនិតជ្រះថ្លាទាក់ទងនឹងរបៀបក្លាយជាមនុស្សម្នាក់ដែលចុះចូលចំពោះសេចក្តីពិតវិញ។ នេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពក។ យើងគួរតែញីភ្នែកខាងវិញ្ញាណរបស់យើង ដើម្បីឱ្យមើលឃើញច្បាស់ ហើយមិនផុងជ្រៅនៅក្នុងពាក្យនិយាយបំផ្លើសបែបរវើរវាយ។ យើងគួរតែគិតអំពីកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ និងមើលទៅកាន់ទិដ្ឋភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់វិញ។ ចូរកុំបណ្ដោយខ្លួនឱ្យអណ្ដែតអណ្ដូង ឬវង្វេងនៅក្នុងការរវើរវាយឡើយ ប៉ុន្តែចូរទន្ទឹងរង់ចាំជានិច្ចនូវថ្ងៃដែលព្រះអម្ចាស់ព្រះយេស៊ូវយាងនៅលើពពក ចុះមកភ្លាមៗក្នុងចំណោមអ្នករាល់គ្នា ហើយនាំយកអ្នករាល់គ្នាដែលមិនធ្លាប់ស្គាល់ ឬធ្លាប់ឃើញទ្រង់ និងអស់អ្នកដែលមិនដឹងពីរបៀបធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ ការគិតអំពីកិច្ចការជាក់ស្ដែង គឺជារឿងដែលប្រសើរជាង!
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៨៣. នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៨៤. កិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្វីមួយដែលអ្នកមិនអាចយល់បាន។ ប្រសិនបើអ្នកមិនអាចយល់ច្បាស់ទាំងស្រុងថា ជម្រើសរបស់អ្នកត្រឹមត្រូវឬអត់ ក៏មិនអាចដឹងថា កិច្ចការរបស់ព្រះជាម្ចាស់អាចជោគជ័យឬអត់ ហេតុអ្វីក៏មិនផ្សងសំណាងរបស់អ្នក ហើយមើលថា តើមនុស្សធម្មតាម្នាក់នេះអាចជាជំនួយដល់អ្នកច្រើនប៉ុនណា ហើយថា ព្រះជាម្ចាស់ពិតជាបានធ្វើកិច្ចការដ៏អស្ចារ្យមែនឬអត់? ប៉ុន្ដែ ខ្ញុំត្រូវតែប្រាប់អ្នកថា នៅជំនាន់ណូអេមនុស្សបានផឹកស៊ី និងរៀបអាពាហ៍ពិពាហ៍ក្នុងកម្រិតមួយដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើលបាន ដូច្នេះទ្រង់ក៏បានបញ្ជូនទឹកជំនន់ដ៏ធំមកបំផ្លាញមនុស្សជាតិ ដោយទុកតែគ្រួសាររបស់ណូអេចំនួន៨នាក់ និងសត្វគ្រប់ប្រភេទប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅគ្រាចុងក្រោយ អស់អ្នកដែលព្រះជាម្ចាស់បានរក្សាទុក គឺជាអស់អ្នកដែលស្មោះត្រង់ចំពោះទ្រង់រហូតដល់ទីបញ្ចប់។ ទោះបីជាសម័យកាលទាំងពីរជាពេលដែលមានសេចក្ដីពុករលួយយ៉ាងខ្លាំងបំផុតដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើល ហើយមនុស្សជាតិក្នុងយុគសម័យទាំងពីរបានត្រលប់ជាពុករលួយយ៉ាងខ្លាំង ហើយបដិសេធថាព្រះជាម្ចាស់មិនមែនជាព្រះអម្ចាស់របស់ពួកគេក៏ដោយ ក៏ព្រះជាម្ចាស់បានបំផ្លាញតែមនុស្សដែលនៅជំនាន់ណូអេប៉ុណ្ណោះ។ មនុស្សលោកក្នុងយុគសម័យទាំងពីរ បានធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះហឫទ័យយ៉ាងខ្លាំង ប៉ុន្ដែព្រះជាម្ចាស់នៅតែអត់ធ្មត់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយរហូតមកដល់ឥលូវនេះ។ តើហេតុអ្វីបានជាបែបនេះ? តើអ្នករាល់គ្នាមិនដែលឆ្ងល់ថាហេតុអ្វីទេឬ? ប្រសិនអ្នករាល់គ្នាពិតជាមិនដឹងមែន ចាំយើងប្រាប់អ្នករាល់គ្នាទៅចុះ។ មូលហេតុដែលព្រះជាម្ចាស់អាចសម្ដែងព្រះគុណចំពោះមនុស្សនៅគ្រាចុងក្រោយនេះ មិនមែនដោយសារតែពួកគេពុករលួយតិចជាងមនុស្សនៅជំនាន់ណូអេ ឬដោយសារពួកគេបានបង្ហាញការប្រែចិត្តចំពោះព្រះជាម្ចាស់ឡើយ ហើយក៏រឹតតែមិនមែនដោយសារបច្ចេកវិទ្យានៅគ្រាចុងក្រោយនេះទំនើបរហូតដល់ព្រះជាម្ចាស់មិនអាចមកបំផ្លាញពួកគេបាននោះដែរ។ ផ្ទុយទៅវិញ គឺថាព្រះជាម្ចាស់មានកិច្ចការដែលត្រូវធ្វើនៅក្នុងមនុស្សមួយក្រុមនៅគ្រាចុងក្រោយនេះ ហើយគឺថាព្រះជាម្ចាស់នឹងធ្វើកិច្ចការនេះដោយព្រះអង្គទ្រង់ផ្ទាល់តាមរយៈការយកនិស្ស័យជាមនុស្សរបស់ទ្រង់។ លើសពីនេះទៅទៀត ព្រះជាម្ចាស់នឹងជ្រើសរើសមួយផ្នែកនៃមនុស្សមួយក្រុមនេះឱ្យធ្វើជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ និងជាផលផ្លែនៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងនាំមនុស្សទាំងអស់នេះចូលទៅក្នុងយុគសម័យបន្ទាប់។ ដូច្នេះទោះបីជាយ៉ាងណាក៏ដោយ ក៏តម្លៃដែលព្រះជាម្ចាស់បានបង់នេះ ត្រូវបានបម្រុងទុកជាស្រេចសម្រាប់កិច្ចការដែលរូបកាយសាច់ឈាមរបស់ទ្រង់នឹងធ្វើនៅគ្រាចុងក្រោយដែរ។ ការពិតដែលអ្នករាល់គ្នាបានមកដល់សព្វថ្ងៃនេះ គឺត្រូវអរគុណដល់រូបកាយសាច់ឈាមនេះហើយ។ ដោយសារព្រះជាម្ចាស់គង់នៅក្នុងរូបកាយសាច់ឈាមនេះ ទើបអ្នករាល់គ្នាមានឱកាសរស់រានមានជីវិត។ សំណាងល្អទាំងអស់នេះបានមកដោយសារមនុស្សសាមញ្ញម្នាក់នេះហើយ។ មិនត្រឹមតែប៉ុននេះទេ ប៉ុន្ដែនៅទីបញ្ចប់គ្រប់ជាតិសាសន៍ទាំងអស់នឹងថ្វាយបង្គំមនុស្សសាមញ្ញម្នាក់នេះ ហើយស្ដាប់បង្គាប់ ក៏ដូចជាអរគុណមនុស្សសាមញ្ញម្នាក់នេះដែរ ពីព្រោះដោយសារសេចក្ដីពិត ជីវិត និងផ្លូវដែលទ្រង់បាននាំមកនេះហើយ ដែលបានជួយសង្គ្រោះមនុស្សលោកទាំងអស់ និងបានដោះស្រាយទំនាស់រវាងមនុស្សនិងព្រះជាម្ចាស់ ពង្រួញគម្លាតរវាងមនុស្សនិងទ្រង់ ព្រមទាំងបើកឱ្យមានការផ្សារភ្ជាប់មួយរវាងព្រះតម្រិះរបស់ព្រះជាម្ចាស់និងគំនិតមនុស្ស។ គឺទ្រង់នេះហើយដែលបានទទួលសិរីរុងរឿងរឹតតែអស្ចារ្យ សម្រាប់ថ្វាយដល់ព្រះជាម្ចាស់។ តើមនុស្សសាមញ្ញម្នាក់នេះ មិនស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការគោរពស្រឡាញ់របស់អ្នកទេឬអី? តើរូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះមិនសមនឹងហៅថា ព្រះគ្រីស្ទទេឬអី? តើមនុស្សម្នាក់ដ៏សាមញ្ញបែបនេះមិនអាចក្លាយជាការសម្ដែងឱ្យស្គាល់ពីព្រះជាម្ចាស់ នៅក្នុងចំណោមមនុស្សទេឬអី? តើមនុស្សដែលជួយសង្គ្រោះមនុស្សលោកឱ្យរួចពីគ្រោះមហន្ដរាយបែបនេះ មិនសមនឹងឱ្យអ្នករាល់គ្នាស្រឡាញ់ ហើយប្រាថ្នាឱបទ្រង់ជាប់ទេឬអី? ប្រសិនបើអ្នករាល់គ្នាបដិសេធសេចក្ដីពិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយស្អប់ខ្ពើមការដែលទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នានឹងក្លាយទៅជាអ្វីនៅទីបញ្ចប់?
គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឱ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭកនោះ? តើសេចក្ដីពិតរបស់ទ្រង់មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឱ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឱ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំទៅមិនស័ក្ដិសមនឹងឱ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជំរុញឱ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោលព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយដែលបង្ហាញនូវសេចក្ដីពិត គឺមនុស្សម្នាក់នេះហើយដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយដែលផ្ដល់ផ្លូវមួយឱ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាចរកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែបើគ្មានការយកនិស្ស័យជាមនុស្សនៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាសមើលឃើញព្រះភក្រ្ដពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។ ដោយសារការមកដល់នៃការយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានអត់ទោសឱ្យអ្នករាល់គ្នា ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ មិនថាយ៉ាងណានោះទេ ព្រះបន្ទូលដែលខ្ញុំត្រូវទុកនៅជាមួយអ្នករាល់គ្នានៅទីបញ្ចប់ គឺនៅតែជាព្រះបន្ទូលទាំងនេះដដែលគឺថា៖ មនុស្សសាមញ្ញម្នាក់នេះ ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា។ នេះគឺជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមមនុស្សលោករួចហើយ។
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៨៥. ប្រសិនបើព្រះអង្គសង្គ្រោះ យាងមកដល់នៅគ្រាចុងក្រោយ ហើយនៅតែត្រូវគេហៅថា ព្រះយេស៊ូវ ហើយត្រូវប្រសូតម្ដងទៀត ក្នុងស្រុកយូដា ព្រមទាំងធ្វើកិច្ចការរបស់ទ្រង់នៅទីនោះ នេះបញ្ជាក់ថា ខ្ញុំបង្កើតតែសាសន៍អ៊ីស្រាអែល និងប្រោសលោះតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ ហើយក៏បញ្ជាក់ទៀតថា ខ្ញុំពុំមានអ្វីពាក់ព័ន្ធនឹងពួកសាសន៍ដទៃឡើយ។ តើនេះមិនផ្ទុយនឹងព្រះបន្ទូលខ្ញុំដែលថា «ខ្ញុំជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃនិងផែនដី ព្រមទាំងរបស់សព្វសារពើផង» ទេឬអី? ខ្ញុំបានចាកចេញពីស្រុកយូដា ហើយធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ដ្បិតខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែលឡើយ តែក៏ជាព្រះជាម្ចាស់របស់សត្តនិករទាំងអស់ដែរ។ ខ្ញុំលេចមកនៅក្នុងចំណោមសាសន៍ដទៃនៅគ្រាចុងក្រោយ ដ្បិតខ្ញុំមិនត្រឹមតែជាព្រះយេហូវ៉ា ជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលទេ ប៉ុន្ដែលើសពីនេះ គឺដោយសារខ្ញុំជាព្រះអាទិករនៃរាស្ដ្ររើសតាំងទាំងអស់របស់ខ្ញុំ នៅក្នុងចំណោមសាសន៍ដទៃ។ ខ្ញុំមិនមែនបង្កើតតែសាសន៍អ៊ីស្រាអែល សាសន៍អេស៊ីព្ទ និងពួកលីបង់ឡើយ តែខ្ញុំក៏បានបង្កើតសាសន៍ដទៃទាំងអស់ ក្រៅពីអ៊ីស្រាអែលដែរ។ ដោយហេតុនេះ ទើបខ្ញុំគឺជាព្រះអម្ចាស់នៃសត្តនិករទាំងអស់។ ខ្ញុំគ្រាន់តែប្រើអ៊ីស្រាអែល ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ខ្ញុំ ហើយយកស្រុកយូដា និងស្រុកកាលីឡេ ធ្វើជាបន្ទាយនៃកិច្ចការប្រោសលោះរបស់ខ្ញុំប៉ុណ្ណោះ ហើយពេលនេះ ខ្ញុំប្រើសាសន៍ដទៃជាមូលដ្ឋាន ដើម្បីនឹងបញ្ចប់យុគសម័យទាំងមូល។ ខ្ញុំបានធ្វើកិច្ចការពីរដំណាក់កាលនៅក្នុងស្រុកអ៊ីស្រាអែល (កិច្ចការទាំងពីរដំណាក់កាលនេះ គឺយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ) ហើយខ្ញុំក៏កំពុងអនុវត្តកិច្ចការពីរដំណាក់កាលបន្តទៀត (យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ) ពាសពេញទឹកដី ក្រៅពីស្រុកអ៊ីស្រាអែល។ ខ្ញុំនឹងធ្វើកិច្ចការចម្បាំងនៅក្នុងចំណោមសាសន៍ដទៃ និងដើម្បីបញ្ចប់យុគសម័យនេះ។ ប្រសិនបើមនុស្សហៅខ្ញុំដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទរហូតមក តែមិនដឹងថា ខ្ញុំបានចាប់ផ្ដើមយុគសម័យថ្មីមួយនៅគ្រាចុងក្រោយ និងចាប់ផ្ដើមកិច្ចការថ្មីទេ ហើយប្រសិនបើមនុស្សបន្តរង់ចាំការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះទាំងមមៃ នោះខ្ញុំនឹងហៅមនុស្សទាំងនោះថា ជាអ្នកដែលមិនជឿដល់ខ្ញុំឡើយ ពួកគេជាមនុស្សដែលមិនស្គាល់ខ្ញុំ ហើយជំនឿដែលគេមានចំពោះខ្ញុំ ក៏ជាជំនឿក្លែងក្លាយដែរ។ តើមនុស្សបែបនេះ អាចមើលឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះពីស្ថានសួគ៌ ដោយផ្ទាល់នឹងភ្នែកយ៉ាងដូចម្ដេច? អ្វីដែលគេរង់ចាំនោះមិនមែនការយាងមកដល់របស់ខ្ញុំទេ ប៉ុន្តែគឺជាការយាងមកដល់របស់ស្ដេចសាសន៍យូដា។ ពួកគេមិនរង់ចាំខ្ញុំឱ្យមករំលាយលោកិយស្មោកគ្រោកនេះទេ តែផ្ទុយទៅវិញ គេទន្ទឹងរង់ចាំការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវ ដើម្បីឱ្យគេបានប្រោសលោះ។ ពួកគេទន្ទឹងចាំព្រះយេស៊ូវយាងមកម្ដងទៀត មកប្រោសលោះមនុស្សទាំងអស់ពីទឹកដីស្មោកគ្រោក និងទុច្ចរិតនេះវិញ។ ធ្វើម្ដេចឱ្យមនុស្សបែបនេះ អាចក្លាយជាមនុស្សដែលសម្រេចកិច្ចការរបស់ខ្ញុំ នៅគ្រាចុងក្រោយបាន? ក្ដីប្រាថ្នារបស់មនុស្ស គឺមិនអាចនឹងសម្រេចបំណងព្រះហឫទ័យរបស់ខ្ញុំ ឬសម្រេចកិច្ចការរបស់ខ្ញុំបាន ពីព្រោះមនុស្សគ្រាន់តែសរសើរ ឬអរសប្បាយនឹងកិច្ចការដែលខ្ញុំបានធ្វើកាលពីមុន ហើយគេមិនដឹងសោះថា ខ្ញុំនេះហើយ គឺជាព្រះជាម្ចាស់ ដែលថ្មីជានិច្ច មិនដែលចាស់ឡើយ។ មនុស្សដឹងត្រឹមថា ខ្ញុំជាព្រះយេហូវ៉ា និងជាព្រះយេស៊ូវ ហើយគ្មានមន្ទិលអ្វីសោះថា ខ្ញុំគឺជា ជាព្រះនៃគ្រាចុងក្រោយដែលនាំមនុស្សជាតិទៅរកទីបញ្ចប់។ គ្រប់យ៉ាងដែលមនុស្សទន្ទឹងរង់ចាំ ហើយស្គាល់ គឺសុទ្ធតែបានមកពីការយល់ដឹងរបស់គេ ហើយគ្រាន់តែជាអ្វីដែលគេមើលឃើញនឹងភ្នែករបស់គេផ្ទាល់។ ការនេះមិនស្របនឹងកិច្ចការដែលខ្ញុំធ្វើនោះឡើយ គឺខុសស្រឡះតែម្ដង។ ប្រសិនបើកិច្ចការរបស់ខ្ញុំ ត្រូវធ្វើទៅតាមគំនិតរបស់មនុស្ស តើកិច្ចការនោះនឹងត្រូវចប់នៅពេលណា? តើមនុស្សជាតិនឹងបានចូលទៅទីសម្រាកនៅពេលណា? ហើយតើខ្ញុំនឹងអាចចូលទៅថ្ងៃទី៧ដែលជាថ្ងៃសប្ប័ទនៅពេលណា? ខ្ញុំធ្វើកិច្ចការទៅតាមផែនការរបស់ខ្ញុំ និងស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ មិនមែនធ្វើទៅតាមបំណងរបស់មនុស្សឡើយ។
(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៨៦. មិនថាអ្នកជាជនជាតិអាមេរិក អង់គ្លេស ឬជាតិសាសន៍ដទៃនោះទេ អ្នកគប្បីដើរចេញពីរនាំងជាតិសាសន៍ផ្ទាល់ខ្លួនរបស់អ្នក ដោយទៅឱ្យផុតពីខ្លួនឯង និងគិតពីកិច្ចការរបស់ព្រះជាម្ចាស់តាមទីស្ថានរបស់ភាវៈដែលព្រះបានបង្កើតមក។ តាមរបៀបនេះ អ្នកនឹងមិនដាក់កំហិតចំពោះស្នាមព្រះបាទារបស់ព្រះជាម្ចាស់ឡើយ។ នេះគឺដោយសារបច្ចុប្បន្ននេះ មានមនុស្សជាច្រើនយល់ថាវាមិនអាចទៅរួចនោះទេ ដែលព្រះជាម្ចាស់នឹងលេចមកនៅក្នុងជាតិសាសន៍ណាមួយ ឬក្នុងចំណោមក្រុមមនុស្សណាមួយ។ កិច្ចការរបស់ព្រះជាម្ចាស់ ពិតជាមានអត្ថន័យជ្រាលជ្រៅ ហើយការលេចមករបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់ណាស់! តើសញ្ញាណ និងគំនិតរបស់មនុស្សអាចធ្វើការវាស់ស្ទង់បានដោយរបៀបណា? ហេតុនេះហើយបានជាខ្ញុំមានបន្ទូលថា អ្នកគប្បីទម្លុះនូវសញ្ញាណជាតិសាសន៍ និងពូជសាសន៍ដើម្បីស្វែងរកការលេចមករបស់ព្រះជាម្ចាស់។ មានតែការធ្វើបែបនេះទេ ទើបអ្នកនឹងមិនត្រូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកដាក់កំហិត។ ហើយមានតែការធ្វើបែបនេះទេ ទើបអ្នកនឹងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលស្វាគមន៍ការលេចមករបស់ព្រះជាម្ចាស់។ បើពុំដូច្នោះទេ អ្នកនឹងស្ថិតក្នុងភាពងងឹតជាដរាប និងមិនអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។
ព្រះជាម្ចាស់ គឺជាព្រះនៃមនុស្សគ្រប់ជាតិសាសន៍ទាំងមូល។ ទ្រង់ពុំចាត់ទុកអង្គទ្រង់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននៃជាតិសាសន៍ ឬមនុស្សមួយក្រុមណាឡើយ ប៉ុន្តែទ្រង់ផ្តើមបំពេញកិច្ចការរបស់ទ្រង់ដូចដែលទ្រង់បានគ្រោងទុក ដោយពុំមានការបង្ខាំងដោយទម្រង់ណាមួយ ចំពោះសាសន៍ណាមួយ ឬចំពោះក្រុមមនុស្សណាមួយឡើយ។ ប្រហែលជាអាចមកពីអ្នកពុំធ្លាប់ស្រមៃដល់លក្ខណៈនេះ ឬមកពីអ្នកមានអាកប្បកិរិយាបដិសេធលក្ខណៈនេះ ឬមកពីប្រជាជាតិដែលព្រះជាម្ចាស់សម្ដែងអង្គទ្រង់ និងបណ្ដាមនុស្សដែលទ្រង់លេចមកក្នុងចំណោមពួកគេ ជាមនុស្សដែលគេគ្រប់គ្នារើសអើង ហើយជាមនុស្សដែលអន់ខ្សោយបំផុតនៅលើផែនដី។ តែព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណរបស់ទ្រង់។ ព្រះអង្គពិតជាទទួលបានក្រុមមនុស្សដែលមានគំនិតដូចទ្រង់ ហើយជាក្រុមមនុស្សដែលទ្រង់ចង់កែច្នៃឱ្យបានបរិបូរ ជាក្រុមមនុស្សដែលទ្រង់បានយកឈ្នះដោយព្រះចេស្ដាដ៏មហិមា និងដោយសេចក្ដីពិត ព្រមទាំងនិស្ស័យដ៏អង់អាចរបស់ទ្រង់ ជាក្រុមមនុស្សដែលបានទ្រាំទ្រទុក្ខលំបាក សេចក្ដីវេទនា និងការបៀតបៀនគ្រប់យ៉ាង ហើយនៅតែអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់។ គោលបំណងនៃការលេចមករបស់ព្រះជាម្ចាស់ គឺដើម្បីឱ្យទ្រង់អាចបំពេញកិច្ចការរបស់ទ្រង់បានទៅតាមអ្វីដែលទ្រង់បានគ្រោងទុក ដោយពុំមានដាក់ដែនកំណត់ក្នុងលក្ខណៈណាមួយ ឬដោយសាសន៍ណាមួយឡើយ។ នេះគឺដូចកាលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅស្រុកយូដាដែរ៖ គោលបំណងរបស់ទ្រង់ គឺដើម្បីបញ្ចប់កិច្ចការនៃការត្រូវឆ្កាងដើម្បីប្រោសលោះមនុស្សទាំងមូល។ ក៏ប៉ុន្តែសាសន៍យូដាបានជឿថា ព្រះជាម្ចាស់មិនអាចធ្វើរឿងបែបនេះបានទេ ហើយពួកគេបានគិតថា ព្រះជាម្ចាស់មិនអាចត្រលប់ជាសាច់ឈាម និងក្លាយជារូបអង្គនៃព្រះអម្ចាស់យេស៊ូវបានឡើយ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ បានក្លាយជាមូលដ្ឋានដែលពួកគេថ្កោលទោស និងបដិសេធព្រះជាម្ចាស់ ហើយចុងក្រោយនាំទៅដល់ការបំផ្លិចបំផ្លាញស្រុកអ៊ីស្រាអែល។ សព្វថ្ងៃនេះ មនុស្សជាច្រើនបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះដែរ។ ពួកគេប្រកាសប្រាប់ពីការលេចមករបស់ព្រះជាម្ចាស់ដែលនឹងជិតមកដល់ អស់ពីកម្លាំងរបស់ពួកគេ តែក្នុងពេលដំណាលគ្នានោះ គេបែរជាថ្កោលទោសចំពោះការលេចមករបស់ទ្រង់ទៅវិញ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ ដាក់កំហិតម្ដងទៀតលើការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រំដែននៃការស្រមើស្រមៃរបស់ពួកគេ។ ហេតុនេះ ខ្ញុំបានឃើញមនុស្សជាច្រើនផ្ទុះសំណើចក្អាកក្អាយ និងកងរំពង ក្រោយជួបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចៃដន្យ។ ប៉ុន្តែតើសំណើចនេះខុសគ្នាពីការថ្កោលទោស និងការប្រមាថរបស់សាសន៍យូដាដែរទេ? អ្នករាល់គ្នាពុំមានការគោរពចំពោះវត្តមាននៃសេចក្តីពិតទេ ហើយអ្នកក៏មិនមានអាកប្បកិរិយាស្រេកឃ្លានសេចក្ដីពិតដែរ។ អ្វីទាំងអស់ដែលអ្នកធ្វើ គឺសិក្សាស្វែងយល់ដោយមិនរើសមុខ និងរង់ចាំដោយត្រេកអរ គ្មានការខ្វល់ខ្វាយសោះឡើយ។ តើអ្នកអាចទទួលបានអ្វីខ្លះ ពីការសិក្សាស្វែងយល់ និងការរង់ចាំបែបនេះ? តើអ្នកគិតថា អ្នកនឹងទទួលបានការដឹកនាំពីព្រះជាម្ចាស់ដោយផ្ទាល់ដែរឬទេ? ប្រសិនបើអ្នកមិនអាចយល់ពីសូរសៀងរបស់ព្រះជាម្ចាស់ តើអ្នកមានលក្ខណសម្បត្តិបែបណា ដើម្បីអាចធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់បាន? នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់។ ត្រូវជម្រុះចោលនូវសញ្ញាណរបស់អ្នកចេញ! ចូររក្សាភាពស្ងប់ស្ងៀម និងអានព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់។ បើអ្នកចង់ឃើញសេចក្តីពិត នោះព្រះជាម្ចាស់នឹងបំភ្លឺអ្នក ហើយអ្នកនឹងយល់ពីបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់។ ត្រូវជម្រុះចោលនូវទស្សនៈរបស់អ្នករាល់គ្នាចំពោះគំនិតថា «មិនអាចទៅរួច» នេះចេញ! នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃការគិត និងសញ្ញាណរបស់មនុស្សដែរ។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេចមករបស់ទ្រង់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ នៅរក្សាដូចដើមដដែល មិនថាស្នាមព្រះបាទារបស់ទ្រង់នៅទីណានោះទេ ហើយមិនថាទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់នោះទេ ទ្រង់គឺជាម្ចាស់នៃមនុស្សជាតិទាំងអស់ គឺដូចជាព្រះអម្ចាស់យេស៊ូវ ដែលមិនមែនគ្រាន់តែជាព្រះជាម្ចាស់នៃពួកសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍អាស៊ី អឺរ៉ុប និងអាមេរិក និងជាតិសាសន៍ដទៃទៀតឡើយ ទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងសកលលោកទាំងមូលនេះ។ ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេចមករបស់ទ្រង់នៅក្នុងព្រះសូរសៀងរបស់ទ្រង់ និងត្រូវដើរឱ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេចមករបស់ទ្រង់កើតឡើងដំណាលគ្នា ហើយនិស្ស័យនិងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់។ បងប្អូនប្រុសស្រីអើយ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចមើលឃើញពីការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងនេះ និងចាប់ផ្ដើមដើរតាមលំអាននៃស្នាមព្រះបាទារបស់ទ្រង់នៅពេលអ្នកបោះជំហានទៅមុខ ទៅក្នុងយុគសម័យថ្មីមួយ និងចូលទៅក្នុងឋានសួគ៌ និងផែនដីថ្មីដ៏ស្រស់ស្អាត ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អស់អ្នកដែលរង់ចាំការលេចមករបស់ទ្រង់!
(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)