ក. សេចក្តីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស

៦០៥. ឥឡូវនេះ អ្នករាល់គ្នាត្រូវស្វែងរកឱ្យបានក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយត្រូវចាប់ផ្ដើមចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវទាំងស្រុង។ ដើម្បីធ្វើជារាស្ដ្ររបស់ព្រះជាម្ចាស់ មានន័យថា គឺជាការចូលក្នុងយុគសម័យនៃនគរព្រះ។ សព្វថ្ងៃនេះ អ្នកចាប់ផ្ដើមចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះជាផ្លូវការ ហើយជីវិតរបស់អ្នកនៅថ្ងៃអនាគតត្រូវតែឈប់ខ្ជីខ្ជា និងធ្វេសប្រហែលដូចកាលពីមុនទៀត។ ការរស់នៅរបៀបនេះ មិនអាចទទួលបាននូវបទដ្ឋានដែលព្រះជាម្ចាស់តម្រូវនោះឡើយ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ថាជារឿងបន្ទាន់ខ្លាំងទេ នោះវាបង្ហាញឱ្យឃើញថា អ្នកគ្មានបំណងចិត្ដចង់ឱ្យខ្លួនឯងរីកចម្រើនឡើងទេ ហើយថាការស្វែងរករបស់អ្នកគឺឥតបានការ និងភាន់ច្រឡំ ហើយអ្នកមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការចូលក្នុងការបង្វឹកបង្វឺននៃនគរព្រះមានន័យថា ជាការចាប់ផ្ដើមជីវិតជារាស្ដ្ររបស់ព្រះជាម្ចាស់ តើអ្នកសុខចិត្ដទទួលយកការបង្វឹកបង្វឺននេះដែរឬទេ? តើអ្នកសុខចិត្ដស្ថិតក្រោមការបង្គាប់បញ្ជាដែរឬទេ? តើអ្នកសុខចិត្ដរស់នៅក្រោមការវាយផ្ចាលពីព្រះជាម្ចាស់ដែរឬទេ? តើអ្នកសុខចិត្ដរស់នៅក្រោមការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរឬទេ? នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់បង្ហូរលើអ្នក និងល្បងលអ្នក តើអ្នកនឹងប្រតិបត្ដិបែបណាដែរ? ហើយនៅពេលដែលអ្នកប្រឈមមុខនឹងការពិតគ្រប់បែបគ្រប់សណ្ឋាន តើអ្នកនឹងធ្វើអ្វី? កាលពីដើមឡើយ អ្នកមិនបានផ្ចង់ចិត្ដលើជីវិតឡើយ ថ្ងៃនេះអ្នកត្រូវចូលក្នុងភាពពិតប្រាកដនៃជីវិត ហើយស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់អ្នក។ នេះជាអ្វីដែលរាស្ដ្រនៃនគរព្រះត្រូវតែទទួលបាន។ អស់អ្នកណាដែលជារាស្ដ្ររបស់ព្រះជាម្ចាស់ ត្រូវតែមាននូវជីវិត ពួកគេត្រូវតែទទួលយកការបង្វឹកបង្វឺននៃនគរព្រះ ហើយស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់ខ្លួន។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវសម្រាប់រាស្ដ្រនៃនគរព្រះ។

សេចក្ដីបង្គាប់របស់ព្រះជាម្ចាស់សម្រាប់រាស្ដ្រនៃនគរព្រះមានដូចខាងក្រោម៖

១) ពួកគេត្រូវតែទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ គឺមានន័យថា ពួកគេត្រូវតែទទួលយកនូវព្រះបន្ទូលទាំងអស់ដែលបានថ្លែងនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។

២) ពួកគេត្រូវតែចូលទៅកាន់ការបង្វឹកបង្វឺននៃនគរព្រះ។

៣) ពួកគេត្រូវតែស្វែងរកនូវដួងចិត្តរបស់គេ ដែលព្រះជាម្ចាស់បានប៉ះពាល់។ នៅពេលដែលដួងចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយអ្នកមានជីវិតខាងព្រលឹងវិញ្ញាណមួយដែលធម្មតា នោះអ្នកនឹងរស់នៅក្នុងអាណាចក្រដែលមានសេរីភាព មានន័យថា អ្នកនឹងរស់នៅក្រោមការថែរក្សា និងការការពារនៃក្តីស្រលាញ់របស់ព្រះជាម្ចាស់។ មានតែពេលដែលអ្នករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ទេ ទើបអ្នកនឹងក្លាយជាកម្មសិទ្ធិរបស់ទ្រង់។

៤) ពួកគេត្រូវតែត្រូវបានព្រះជាម្ចាស់ទទួលយក។

៥) ពួកគេត្រូវតែក្លាយជាការសម្ដែងចេញនូវសិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី។

ចំណុចទាំង៥នេះ គឺជាបញ្ជាបេសកកម្មរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។ ព្រះបន្ទូលរបស់ខ្ញុំថ្លែងមកចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ ហើយប្រសិនជាអ្នកមិនចង់ទទួលយកបញ្ជាបេសកកម្មទាំងនេះទេ ខ្ញុំក៏មិនបង្ខំអ្នកដែរ ប៉ុន្តែប្រសិនបើអ្នកទទួលយកបញ្ជាបេសកកម្មទាំងនេះដោយពិតប្រាកដ នោះអ្នកនឹងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ អ្នករាល់គ្នាចាប់ផ្តើមទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយចង់ឱ្យក្លាយខ្លួនជារាស្ត្រនៃនគរព្រះ និងទទួលបាននូវបទដ្ឋានដែលតម្រូវឱ្យក្លាយជារាស្ត្រនៃនគរព្រះ។ ជាជំហានដំបូងនៃការចូលទៅរកការបង្វឹកបង្វឺន។ ប្រសិនបើអ្នកចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឱ្យបានពេញលេញ នោះអ្នកត្រូវតែទទួលយកបញ្ជាបេសកកម្មទាំងប្រាំនេះ ហើយប្រសិនបើអ្នកអាចសម្រេចបញ្ជាបេសកកម្មទាំងនេះបាន នោះអ្នកនឹងបានថ្វាយដួងចិត្តទៅកាន់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រាកដជានឹងប្រើប្រាស់អ្នកយ៉ាងល្អបំផុត។

(ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦០៦. អ្វីដែលអ្នករាល់គ្នាបានទទួលជាមរតកនៅថ្ងៃនេះ លើសពីអ្វីដែលពួកសាវ័ក និងពួកហោរានៅគ្រប់សម័យកាលបានទទួលទៅទៀត ហើយក៏អស្ចារ្យជាងអ្វីដែលម៉ូសេ និងពេត្រុសបានទទួលដែរ។ ព្រះពរមិនអាចទទួលបានក្នុងរយៈពេលតែមួយថ្ងៃ ឬក៏ពីរថ្ងៃនោះទេ គឺត្រូវតែទទួលតាមរយៈការលះបង់ដ៏ធំធេង។ អាចនិយាយបានថា អ្នករាល់គ្នាត្រូវតែមានសេចក្ដីស្រលាញ់មួយដែលបានឆ្លងកាត់ការបន្សុទ្ធ អ្នកត្រូវតែមានសេចក្ដីជំនឿយ៉ាងមាំ ហើយអ្នកត្រូវមានសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកមាន។ លើសពីនោះទៅទៀត អ្នកត្រូវតែបែរទៅរកសេចក្ដីយុត្តិធម៌ ដោយមិនត្រូវភ័យខ្លាច ឬក៏គេចវេសឡើយ ហើយអ្នកត្រូវតែមានសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ដែលខ្ជាប់ខ្ជួនរហូតអស់ជីវិត។ អ្នកត្រូវតែមានការតាំងចិត្ត ហើយការផ្លាស់ប្ដូរត្រូវតែកើតឡើងនៅក្នុងនិស្ស័យជីវិតរបស់អ្នករាល់គ្នា ភាពពុករលួយរបស់អ្នករាល់គ្នាត្រូវតែសះស្បើយ អ្នកត្រូវតែទទួលយកការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ ហើយអ្នកត្រូវស្ដាប់បង្គាប់ទ្រង់រហូតដល់ទីមរណា។ នេះហើយជាអ្វីដែលអ្នករាល់គ្នាត្រូវទទួល នេះហើយជាគោលដៅចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សមួយក្រុមនេះ។ ដោយព្រោះទ្រង់ប្រទានដល់អ្នករាល់គ្នា នោះទ្រង់ប្រាកដជាទារសំណងពីអ្នករាល់គ្នាវិញ ហើយទ្រង់ប្រាកដជានឹងទាមទារនូវអ្វីដែលស័ក្ដិសមពីអ្នករាល់គ្នាជាមិនខាន។ ដូច្នេះ កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានហេតុផល ដែលបង្ហាញឱ្យឃើញម្ដងហើយម្ដងទៀតថា ព្រះជាម្ចាស់ធ្វើកិច្ចការដែលមានបទដ្ឋានខ្ពង់ខ្ពស់ និងសេចក្ដីតម្រូវតឹងតែង។ ដោយសារចំណុចនេះហើយ ទើបអ្នករាល់គ្នាគួរតែពេញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់។ សរុបមក កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាស័ក្ដិសមនឹងទទួលមរតករបស់ទ្រង់។ កិច្ចការនេះមិនមែនសម្រាប់ជាប្រយោជន៍ដល់សិរីល្អផ្ទាល់របស់ព្រះជាម្ចាស់ទេ តែសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា និងដើម្បីធ្វើឱ្យមនុស្សមួយក្រុមដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានគ្រប់លក្ខណ៍វិញ។ អ្នករាល់គ្នាគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំសូមដាស់តឿនដល់មនុស្សល្ងង់ខ្លៅជាច្រើនដែលគ្មានការយល់ដឹង ឬគ្មានបញ្ញាញាណថា៖ ចូរកុំល្បងលព្រះជាម្ចាស់ឡើយ ហើយក៏កុំតតាំងតទៅទៀត។ ព្រះជាម្ចាស់បានឆ្លងកាត់ការរងទុក្ខវេទនា ដែលគ្មានមនុស្សណាម្នាក់អាចទ្រាំទ្របានឡើយ ហើយទ្រង់ក៏បានទ្រាំទ្រចំពោះការអាម៉ាស់យ៉ាងខ្លាំងជំនួសមនុស្សជាយូរមកហើយដែរ។ តើមានអ្វីទៀតទៅដែលអ្នកមិនអាចបោះបង់ចោលបាន? តើមានអ្វីទៀតទៅដែលសំខាន់ជាងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្វីទៅដែលអាចឧត្ដុង្គឧត្ដមជាងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ទៀតនោះ? វាពិបាកណាស់ទៅហើយសម្រាប់ព្រះជាម្ចាស់ដែលត្រូវបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ។ បន្ថែមលើនេះទៀត មនុស្សបានបំពានទាំងដឹងច្បាស់ និងដោយចេតនា ដោយធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវអូសបន្លាយពេលវេលាជាយូរ។ សរុបមក នេះមិនមែនជាឧត្តមប្រយោជន៍របស់អ្នកណាម្នាក់ឡើយ ក៏មិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកណាដែរ។

(ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦០៧. បន្ទូលដែលខ្ញុំថ្លែងចេញមក គឺជាសេចក្តីពិត សម្រាប់មនុស្សជាតិគ្រប់រូប។ បន្ទូលទាំងនេះ មិនសំដៅទៅលើតែបុគ្គល ឬប្រភេទមនុស្សជាក់លាក់ណាមួយឡើយ។ ដូច្នេះ អ្នករាល់គ្នាគប្បីត្រូវផ្តោតការស្វែងយល់ពីបន្ទូលរបស់ខ្ញុំតាមទស្សនៈនៃសេចក្តីពិត ហើយត្រូវមានអាកប្បកិរិយាដែលមានការផ្ចង់អារម្មណ៍ពេញលេញ និងមានភាពស្មោះត្រង់។ មិនត្រូវព្រងើយកន្តើយនឹងបន្ទូល ឬសេចក្តីពិតដែលខ្ញុំបានមានបន្ទូលមក សូម្បីតែមួយព្រះឱស្ឋក៏ដោយ ហើយមិនត្រូវមើលស្រាលបន្ទូលទាំងអស់ ដែលខ្ញុំបានថ្លែងចេញមកទេ។ នៅក្នុងជីវិតរបស់អ្នករាល់គ្នា ខ្ញុំទតឃើញថា អ្នករាល់គ្នាបានធ្វើរឿងជាច្រើន ដែលមិនទាក់ទងនឹងសេចក្ដីពិតសោះ ដូច្នេះហើយ ខ្ញុំសូមអ្នករាល់គ្នាជាពិសេស ឱ្យធ្វើជាបាវបម្រើនៃសេចក្តីពិត កុំឱ្យធ្លាក់ជាទាសករនៃសេចក្ដីទុច្ចរិត និងសេចក្តីអាក្រក់ ហើយអ្នករាល់គ្នាមិនត្រូវជាន់ឈ្លីសេចក្តីពិត ឬធ្វើឱ្យប្រឡាក់ប្រឡូសដល់ដំណាក់របស់ព្រះជាម្ចាស់នៅជ្រុងណាមួយឡើយ។ នេះជាសេចក្ដីដាស់តឿនរបស់ខ្ញុំចំពោះអ្នករាល់គ្នា។

(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦០៨. ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នាមិនអាចបណ្ដោយឱ្យការឈឺចាប់ដែលខ្ញុំបានទទួលយកនេះ នឹងទៅជាអសារបង់នោះទេហើយជាងនេះទៅទៀត ខ្ញុំសង្ឃឹមថា អ្នកអាចយល់ពីការយកទុកដាក់ដ៏ប្រិតប្រៀនដែលខ្ញុំមាន និងចាត់ទុកបន្ទូលរបស់ខ្ញុំជាគ្រឹះសម្រាប់របៀបដែលអ្នកប្រព្រឹត្តខ្លួនក្នុងនាមជាមនុស្ស។ ទោះបីជាព្រះបន្ទូលនេះ មិនមែនជាប្រភេទបន្ទូលដែលអ្នករាល់គ្នាព្រមស្ដាប់ ទោះបីជាអ្នករាល់គ្នាមិនពេញចិត្តនឹងការទទួលយកព្រះបន្ទូលទាំងនេះ ឬអាចទទួលបន្ទូលនេះបានទាំងមិនស្រណុកចិត្ត ក៏អ្នករាល់គ្នាត្រូវតែចាត់ទុកបន្ទូលទាំងនេះជាព្រះបន្ទូលដ៏សំខាន់ដែរ។ ពុំនោះទេ និស្ស័យ និងចរិយាឥតព្រៀងនិងឥតខ្វល់ខ្វាយរបស់អ្នករាល់គ្នា នឹងធ្វើឱ្យខ្ញុំព្រួយចិត្តជាខ្លាំង ហើយស្អប់ខ្ពើមខ្ញុំខ្លាំងទៀតផង។ ខ្ញុំសង្ឃឹមជាខ្លាំងថា អ្នករាល់គ្នាអាចអានព្រះបន្ទូលខ្ញុំម្ដងហើយម្ដងទៀតរាប់ពាន់ដង និងសង្ឃឹមថា អ្នករាល់គ្នាថែមទាំងអាចចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត។ មានតែវិធីនេះទេ ទើបអ្នកមិនអាចធ្វើឱ្យខកខុសពីការរំពឹងរបស់ខ្ញុំចំពោះអ្នករាល់គ្នាបាន។ យ៉ាងណាមិញ ពេលនេះ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាកំពុងរស់ក្នុងសភាពនេះទេ។ ផ្ទុយទៅវិញ អ្នករាល់គ្នាសុទ្ធតែលង់ក្នុងជីវិតដែលខុសគន្លងធម៌ ជាជីវិតនៃការផឹកស៊ីតាមទំនើងចិត្ត ហើយគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាប្រើព្រះបន្ទូលរបស់ខ្ញុំចម្រើនដួងចិត្ត និងព្រលឹងរបស់អ្នកឡើយ។ ដោយព្រោះហេតុនេះហើយ ទើបខ្ញុំចាប់ផ្ដើមសន្និដ្ឋានអំពីមុខមាត់ពិតរបស់មនុស្សជាតិថា៖ មនុស្សអាចក្បត់ខ្ញុំពេលណាក៏បាន ហើយគ្មាននរណាម្នាក់ស្មោះត្រង់នឹងព្រះបន្ទូលរបស់ខ្ញុំទាំងស្រុងឡើយ។

(ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦០៩. អ្វីដែលព្រះជាម្ចាស់តម្រូវគឺ សេចក្ដីស្រលាញ់តែមួយពីមនុស្ស។ អ្វីដែលព្រះអង្គតម្រូវ គឺឱ្យមនុស្សចាប់អារម្មណ៍តែនឹងព្រះបន្ទូលរបស់ទ្រង់ ហើយមានដួងចិត្ដមួយដែលពេញដោយក្ដីស្រលាញ់សម្រាប់ព្រះអង្គ។ ការរស់នៅក្នុងព្រះបន្ទូលនៃព្រះជាម្ចាស់ ការស្វែងរកសេចក្ដីដែលគេគួរស្វែងរក នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ការស្រលាញ់ព្រះជាម្ចាស់ដើម្បីបានព្រះបន្ទូលរបស់ទ្រង់ ការរត់ដើម្បីព្រះបន្ទូលទ្រង់ ការរស់នៅដើម្បីឱ្យបានព្រះបន្ទូលទ្រង់ ទាំងនេះសុទ្ធតែជាគោលដៅ ដែលមនុស្សគួរប្រឹងប្រែងសម្រេចឱ្យបាន។ គ្រប់យ៉ាងត្រូវតែស្អាងឡើងលើព្រះបន្ទូលរបស់ទ្រង់ មានតែបែបនេះទេទើបមនុស្សអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សមិនប្រដាប់ខ្លួនដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគេគ្រាន់តែជាដង្កូវមួយក្បាលរបស់សាតាំងប៉ុណ្ណោះ! ចូរថ្លឹងថ្លែងសេចក្ដីនេះមើល៖ តើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចាក់គ្រឹះក្នុងជីវិតអ្នកច្រើនប៉ុនណា? តើក្នុងកិច្ចការណាខ្លះ ដែលអ្នកកំពុងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើក្នុងកិច្ចការណាខ្លះ ដែលអ្នករស់នៅមិនស្របតាមព្រះបន្ទូលរបស់ទ្រង់? ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានឥទ្ធិពលទាំងស្រុងលើអ្នកទេ តើក្នុងចិត្ដរបស់អ្នកកំពុងមានអ្វីឱ្យប្រាកដ? នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក តើអ្នកកំពុងត្រូវសាតាំងគ្រប់គ្រង ឬអ្នកកំពុងតែមានពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើព្រះបន្ទូលរបស់ទ្រង់ ជាមូលដ្ឋាននៃសេចក្ដីអធិស្ឋានរបស់អ្នកដែរឬទេ? តើអ្នកបានចេញផុតពីភាវៈអគតិ តាមរយៈការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយមែនទេ? ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាមូលដ្ឋាននៃវត្ដមានជីវិតរបស់អ្នកនេះហើយ គឺជាអ្វីដែលគ្រប់គ្នាគួរយកមកអនុវត្តក្នុងជីវិត។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនស្ថិតក្នុងជីវិតរបស់អ្នកទេ នោះអ្នកកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតហើយ អ្នកកំពុងតែបះបោរទាស់នឹងព្រះជាម្ចាស់ អ្នកកំពុងតែតតាំងនឹងទ្រង់ ហើយអ្នកកំពុងបន្ទាបបន្ថោកព្រះនាមរបស់ទ្រង់ហើយ។ ជំនឿដែលមនុស្សបែបនេះមានចំពោះព្រះជាម្ចាស់ គឺជាការបំភាន់ និងជាការរំខានសុទ្ធសាធ។ តើជីវិតរបស់អ្នកបានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាហើយ? តើជីវិតរបស់អ្នក មិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់ ច្រើនប៉ុនណា? តើព្រះបន្ទូលដែលព្រះជាម្ចាស់តម្រូវពីអ្នក សម្រេចបានច្រើនប៉ុនណាហើយ? តើព្រះបន្ទូលដែលនៅក្នុងអ្នក បានបាត់បង់អស់ច្រើនប៉ុនណាហើយ? តើអ្នកបានពិចារណាអំពីសេចក្ដីទាំងនេះ ឱ្យបានដិតដល់ទេ?

(ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១០. តើអ្នករាល់គ្នាចង់បានព្រះពររបស់ខ្ញុំនៅលើផែនដី ដែលស្រដៀងនឹងព្រះពរនៅលើស្ថានសួគ៌ដែរឬទេ? តើអ្នករាល់គ្នាចង់ស្វែងរកនូវការយល់ដឹងអំពីខ្ញុំ ដែលជាការរីករាយនឹងព្រះបន្ទូលរបស់ខ្ញុំ និងការស្គាល់ខ្ញុំ ថាជារបស់ដែលមានតម្លៃ និងមានន័យបំផុតនៅក្នុងជីវិតរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាពិតជាអាចចុះចូលនឹងខ្ញុំយ៉ាងពេញលេញដោយមិនគិតពីក្ដីសង្ឃឹមផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាពិតជាអាចឱ្យខ្ញុំសម្លាប់អ្នករាល់គ្នា និងដឹកនាំអ្នករាល់គ្នា ដូចជាសត្វចៀមដែរឬទេ? តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែលមានសមត្ថភាពសម្រេចបានរបស់ទាំងនេះដែរឬទេ? តើវាអាចទៅរួចទេដែលថា អស់អ្នកដែលខ្ញុំព្រមទទួលយក ហើយទទួលបានការសន្យារបស់ខ្ញុំ គឺជាអ្នកដែលទទួលនូវព្រះពររបស់ខ្ញុំ? តើអ្នករាល់គ្នាបានយល់ដឹងពីព្រះបន្ទូលទាំងនេះហើយឬនៅ? ប្រសិនបើខ្ញុំល្បងលអ្នករាល់គ្នា តើអ្នករាល់គ្នាពិតជាអាចដាក់ខ្លួនឯងឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំទាំងស្រុង និងស្ថិតក្នុងការល្បងលទាំងនេះ ហើយស្វែងរកបំណងហឫទ័យរបស់ខ្ញុំ ព្រមទាំងស្គាល់ពីដួងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? ខ្ញុំមិនប្រាថ្នាឱ្យអ្នករាល់គ្នាអាចនិយាយនូវពាក្យសម្ដីដែលធ្វើឱ្យរំជួលចិត្តច្រើនទេ ឬក៏និទានរឿងដែលធ្វើឱ្យរំភើបច្រើនឡើយ ផ្ទុយទៅវិញខ្ញុំបង្គាប់ឱ្យអ្នកអាចធ្វើបន្ទាល់ល្អៗអំពីខ្ញុំ និងឱ្យអ្នកអាចចូលទៅក្នុងការពិតឱ្យបានពេញលេញ និងស៊ីជម្រៅ។ ប្រសិនបើខ្ញុំមិនបានមានព្រះបន្ទូលដោយផ្ទាល់ទេ តើអ្នកអាចលះបង់គ្រប់យ៉ាងដែលនៅជុំវិញខ្លួនអ្នក និងអនុញ្ញាតឱ្យខ្ញុំប្រើអ្នកបានដែរឬទេ? តើនេះមិនមែនជាតថភាពដែលខ្ញុំតម្រូវទេឬអី? តើអ្នកណាអាចយល់ពីអត្ថន័យនៅក្នុងព្រះបន្ទូលរបស់ខ្ញុំបាន? ប៉ុន្តែខ្ញុំសុំឱ្យអ្នករាល់គ្នាឈប់ព្រួយបារម្ភដោយសារតែក្ដីសង្ស័យ និងសុំឱ្យអ្នកមានភាពសកម្មជាងមុននៅក្នុងច្រកចូលរបស់អ្នករាល់គ្នា ហើយចាប់យល់ពីជម្រៅដ៏ជ្រាលជ្រៅបំផុតនៃព្រះបន្ទូលរបស់ខ្ញុំ។ បែបនេះនឹងបង្ការមិនឱ្យអ្នករាល់គ្នាយល់ច្រឡំពីព្រះបន្ទូលរបស់ខ្ញុំ និងបង្ការមិនឱ្យមានភាពស្រពេចស្រពិលអំពីអត្ថន័យរបស់ខ្ញុំរហូតទៅជាបំពានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឡើយ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំចំពោះអ្នករាល់គ្នាតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ចូរឈប់គិតពីក្ដីសង្ឃឹមផ្ទាល់ខ្លួនតទៅទៀត ហើយត្រូវធ្វើដូចអ្វីដែលអ្នករាល់គ្នាបានតាំងចិត្តនៅចំពោះព្រះភ័ក្ត្រខ្ញុំ ដើម្បីចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ អស់អ្នកដែលឈរក្នុងដំណាក់របស់ខ្ញុំ គួរតែធ្វើឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយអ្នកគួរតែផ្ដល់នូវអ្វីដែលល្អបំផុតអំពីខ្លួនឯងទៅឱ្យផ្នែកចុងក្រោយនៃកិច្ចការរបស់ខ្ញុំនៅលើផែនដី។ តើអ្នកពិតជាចង់អនុវត្តការទាំងនេះមែនឬទេ?

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១១. រាស្ត្ររបស់ខ្ញុំគប្បីប្រយ័ត្នប្រយែងចំពោះគ្រោងការបោកបញ្ឆោតរបស់សាតាំងគ្រប់ពេលវេលាទាំងអស់ ដោយចាំយាមច្រកទ្វារនៃដំណាក់របស់ខ្ញុំជំនួសខ្ញុំ។ ពួកគេគួរតែចេះគាំទ្រ និងទំនុកបម្រុងគ្នាទៅវិញទៅមក ដើម្បីចៀសវាងធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំង បើមិនដូច្នោះទេ ពេលនោះ ទោះសោកស្ដាយក៏យឺតពេលដែរ។ ហេតុអ្វីបានជាខ្ញុំបង្វឹកអ្នករាល់គ្នាដោយបន្ទាន់បែបនេះ? ហេតុអ្វីបានជាខ្ញុំប្រាប់អ្នករាល់គ្នាពីការពិតនៃពិភពខាងវិញ្ញាណ? ហេតុអ្វីបានជាខ្ញុំក្រើនរំឮក និងដាស់តឿនអ្នករាល់គ្នា ម្ដងហើយម្ដងទៀតបែបនេះ? តើអ្នករាល់គ្នាធ្លាប់បានគិតពីរឿងនេះដែរឬទេ? តើការសញ្ជឹងគិតរបស់អ្នករាល់គ្នាធ្លាប់គិតឃើញយល់ច្បាស់ដែរឬទេ? ដូច្នេះ អ្នករាល់គ្នាមិនត្រឹមតែត្រូវធ្វើឱ្យខ្លួនរីកចម្រើន ដោយការកសាងខ្លួនលើមូលដ្ឋាននៃអតីតកាលនោះទេ ប៉ុន្តែជាងនេះទៅទៀត អ្នករាល់គ្នាក៏ត្រូវតែកម្ចាត់ភាពមិនបរិសុទ្ធនៅក្នុងខ្លួនអ្នករាល់គ្នា ក្រោមការចង្អុលបង្ហាញពីព្រះបន្ទូលនាពេលសព្វថ្ងៃនេះផងដែរ ដោយអនុញ្ញាតឱ្យព្រះបន្ទូលរបស់ខ្ញុំចាក់ឫសកែវនៅក្នុងវិញ្ញាណរបស់អ្នករាល់គ្នា និងចេញផ្កា ហើយសំខាន់ជាងនេះ ដើម្បីឱ្យចេញផ្លែបានកាន់តែច្រើនថែមទៀត។ នេះក៏ព្រោះតែអ្វីដែលខ្ញុំចង់បាននោះ មិនមែនជាផ្កាដែលស្រស់ស្អាតនិងឆើតឆាយនោះទេ តែជាផ្លែដែលមានចំនួនច្រើនក្រាស់ក្រែល ជាផ្លែដែលមិនទុំខូច។ តើអ្នកយល់ពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំទេ? ទោះបីជាផ្កានៅក្នុងផ្ទះកញ្ចក់មានច្រើនឥតគណនាប្រៀបដូចជាផ្កាយ និងទាក់ទាញហ្វូងមនុស្សឱ្យកោតស្ញប់ស្ញែងក៏ដោយ ក៏នៅពេលដែលផ្កាទាំងនោះស្រពោនស្វិតទៅ នោះវាក៏ត្រូវរុះរោយទៅវិញ ប្រៀបដូចជាគ្រោងការបោកបញ្ឆោតរបស់សាតាំងដូច្នោះដែរ ហើយគ្មាននរណាម្នាក់នឹងចាប់អារម្មណ៍ទៀតឡើយ។ អស់អ្នកណាដែលត្រូវខ្យល់បក់បោក ហើយត្រូវព្រះអាទិត្យដុតរោលហើយ តែនៅធ្វើបន្ទាល់អំពីខ្ញុំទៀត ទោះមិនមែនជាផ្ការីកដ៏ស្រស់ស្អាតក៏ដោយ ក៏នៅពេលដែលផ្កានោះរុះរោយទៅ ក៏នឹងចេញផ្លែជាមិនខាន ដ្បិតខ្ញុំតម្រូវឱ្យពួកគេមានលក្ខណៈដូច្នោះឯង។ នៅពេលដែលខ្ញុំមានបន្ទូលទាំងនេះ តើអ្នករាល់គ្នាយល់បានច្រើនប៉ុនណា? នៅពេលដែលផ្ការុះរោយ ហើយចេញជាផ្លែ ហើយនៅពេលដែលផ្លែទាំងអស់នោះអាចឱ្យខ្ញុំទទួលផលបាន នោះខ្ញុំនឹងបញ្ចប់រាល់កិច្ចការរបស់ខ្ញុំទាំងអស់នៅលើផែនដី ហើយចាប់ផ្ដើមទទួលផលពីពន្លឺនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ!

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១២. អស់រយៈពេលជាយូរមកហើយ មនុស្សដែលជឿលើព្រះជាម្ចាស់ សុទ្ធតែបានសង្ឃឹមយ៉ាងមុតមាំក្នុងការទទួលបានូវទិសដៅដ៏ស្រស់បំព្រងមួយ ហើយគ្រប់ទាំងអ្នកជឿព្រះជាម្ចាស់ទាំងអស់សង្ឃឹមថា សំណាងល្អនឹងមកដល់ពួកគេភ្លាមៗ។ ពួកគេទាំងអស់សង្ឃឹមថា នៅមុនពេលដែលពួកគេដឹងពីទិសដៅ ពួកគេនឹងបានអង្គុយដោយសេចក្ដីសុខសាន្ដ នៅកន្លែងមួយ ឬកន្លែងផ្សេងទៀតនៅឯស្ថានសួគ៌។ ជាមួយនឹងគំនិតដ៏ល្អរបស់ពួកគេ ប៉ុន្តែខ្ញុំមានបន្ទូលថា មនុស្សទាំងនេះមិនដែលដឹងថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាននូវសំណាងល្អបែបនេះដែលធ្លាក់ពីលើមេឃ ឬសូម្បីតែអង្គុយលើកៅអីនៅទីនោះឡើយ។ នាពេលបច្ចុប្បន្ន អ្នករាល់គ្នាមានចំណេះដឹងល្អអំពីខ្លួនឯង តែអ្នករាល់គ្នានៅតែសង្ឃឹមថានឹងរួចផុតពីគ្រោះមហន្តរាយនៃគ្រាចុងក្រោយ និងព្រះហស្ដនៃព្រះដ៏មានគ្រប់ព្រះចេស្ដា នៅពេលដែលទ្រង់ដាក់ទោសមនុស្សអាក្រក់ទាំងឡាយ។ វាហាក់ដូចជាមានក្តីសុបិនដ៏ល្អ និងចង់បានអ្វីដែលពួកគេចូលចិត្តជាលក្ខណៈទូទៅរបស់មនុស្សទាំងអស់ដែលសាតាំងបានធ្វើឱ្យពុករលួយ ហើយមិនមែនជាគំនិតដ៏ឈ្លាសវៃរបស់មនុស្សណាម្នាក់នោះទេ។ ទោះបីយ៉ាងនេះក្តី ខ្ញុំនៅតែចង់បញ្ចប់នូវសេចក្តីប្រាថ្នាផ្ដេសផ្ដាសទាំងនេះរបស់អ្នករាល់គ្នា ក៏ដូចជាភាពចង់បានរបស់អ្នករាល់គ្នា ដើម្បីទទួលបាននូវព្រះពរ។ ដោយសារអំពើរំលងរបស់អ្នកមានចំនួនច្រើន ហើយការពិតនៃភាពបះបោររបស់អ្នករាល់គ្នាកាន់តែចម្រើនឡើង តើរឿងទាំងនេះអាចសមនឹងប្លង់មេដ៏គួរឱ្យស្រឡាញ់របស់អ្នករាល់គ្នាសម្រាប់អនាគតយ៉ាងដូចម្តេចទៅ? ប្រសិនបើអ្នកចង់បន្តទៅតាមអ្វីដែលអ្នកពេញចិត្ត នៅតែធ្វើខុសដោយមិនមានអ្វីបញ្ឈប់អ្នក តែក្នុងពេលជាមួយគ្នានេះអ្នកនៅតែចង់ឱ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត នោះខ្ញុំជំរុញឱ្យអ្នកបន្តនៅក្នុងភាពល្ងង់ខ្លៅរបស់អ្នកចុះ ហើយកុំភ្ញាក់ឡើយ ដ្បិតអីក្ដីសុបិនរបស់អ្នក គឺជាក្តីសុបិនទទេ ហើយនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ដ៏សុចរិត ទ្រង់នឹងមិនលើកលែងដល់អ្នកនោះឡើយ។ ប្រសិនបើអ្នកចង់ឱ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត ចូរកុំសុបិនអី។ ផ្ទុយទៅវិញ ត្រូវប្រឈមមុខនឹងសេចក្ដីពិត និងការពិតជារៀងរហូតវិញ។ នេះគឺជាមធ្យោបាយតែមួយគត់ ដែលអ្នកអាចត្រូវបានសង្រ្គោះ។ បើនិយាយឱ្យចំទៅ តើវិធីសាស្ត្រនេះមានជំហានអ្វីខ្លះ?

ជាដំបូង ត្រូវពិនិត្យមើលរាល់អំពើរំលងរបស់អ្នក ហើយពិនិត្យមើលឥរិយាបថ និងគំនិតណាមួយដែលអ្នកមាន ដែលមិនស្របទៅនឹងសេចក្តីពិត។

នេះគឺជារឿងមួយដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួល ហើយខ្ញុំជឿជាក់ថាគ្រប់មនុស្សវៃឆ្លាតទាំងអស់អាចធ្វើបាន។ ទោះយ៉ាងណាក៏ដោយ លើកលែងតែអ្នកដែលមិនធ្លាប់ដឹងអំពីអត្ថន័យនៃអំពើរំលង និងសេចក្ដីពិតប៉ុណ្ណោះដែលមិនអាចធ្វើបាន ពីព្រោះនៅក្នុងកម្រិតមូលដ្ឋាន ពួកគេមិនមែនជាមនុស្សឆ្លាតវៃនោះទេ។ ខ្ញុំកំពុងមានព្រះបន្ទូលអំពីមនុស្សដែលត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ ជាមនុស្សស្មោះត្រង់មិនបានបំពានធ្ងន់ធ្ងរលើបញ្ញត្ដិរដ្ឋបាលណាមួយ ហើយអាចងាយយល់ពីអំពើរំលងរបស់ខ្លួន។ ទោះបីរឿងមួយនេះខ្ញុំតម្រូវពីអ្នករាល់គ្នា ហើយងាយស្រួលនឹងសម្រេចបានក៏ដោយ ក៏នេះមិនមែនជារឿងតែមួយដែលខ្ញុំតម្រូវពីអ្នករាល់គ្នានោះឡើយ។ មិនថាមានបញ្ហាអ្វីក៏ដោយ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមិនសើចចំអកដោយសម្ងាត់ចំពោះសេចក្ដីតម្រូវនេះទេ ហើយជាពិសេសអ្នកនឹងមិនមើលងាយ ឬមើលស្រាលចំពោះសេចក្ដីតម្រូវនោះឡើយ។ អ្នកគប្បីធ្វើឱ្យបានម៉ឺងម៉ាត់ ហើយកុំបោះបង់សេចក្ដីតម្រូវចោលឡើយ។

ទីពីរ ចំពោះអំពើរំលង និងការមិនស្ដាប់បង្គាប់នីមួយៗរបស់អ្នក អ្នកគប្បីរកមើលសេចក្តីពិតដែលត្រូវគ្នា ហើយបន្ទាប់មកប្រើសេចក្តីពិតទាំងនេះដើម្បីដោះស្រាយបញ្ហាទាំងនោះ។ បន្ទាប់ពីនោះមក ចូរជំនួសអំពើរំលង និងគំនិតដែលមិនស្ដាប់បង្គាប់ ហើយនិងការប្រព្រឹត្ត ដោយការអនុវត្តនៃសេចក្តីពិតវិញ។

ទីបី អ្នកគប្បីជាមនុស្សដែលស្មោះត្រង់ មិនមែនជាមនុស្សដែលតែងតែឆ្លាតជ្រុល និងតែងតែបោកប្រាស់ជានិច្ចនោះឡើយ។ (ត្រង់ចំណុចនេះ ខ្ញុំស្នើដល់អ្នករាល់គ្នាម្តងទៀត ឱ្យធ្វើជាមនុស្សស្មោះត្រង់)។

ប្រសិនបើអ្នកអាចសម្រេចនូវកិច្ចការទាំងបីនេះបាន នោះអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានសំណាង ជាមនុស្សដែលសុបិនក្លាយជាការពិត និងទទួលបានសំណាងល្អ។ ប្រហែលជាអ្នករាល់គ្នានឹងធ្វើនូវសេចក្ដីតម្រូវទាំងបីដែលមិនទាក់ទាញទាំងនេះដោយម៉ឺងម៉ាត់នោះទេ ឬប្រហែលជាអ្នកនឹងធ្វើនូវសេចក្ដីតម្រូវទាំងនោះដោយគ្មានការទទួលខុសត្រូវដែរ។ ទោះជាមួយណាក៏ដោយ គោលបំណងរបស់ខ្ញុំ គឺបំពេញនូវក្តីសុបិនរបស់អ្នករាល់គ្នា ហើយដាក់ឧត្តមគតិរបស់អ្នករាល់គ្នាទៅជាការអនុវត្តន៍ ដោយមិនសើចចំអកដាក់អ្នករាល់គ្នា ឬក៏ធ្វើចាត់ទុកអ្នកដូចជាមនុស្សល្ងីល្ងើនោះឡើយ។

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១៣. ខ្ញុំមានសង្ឃឹមច្រើនណាស់។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចប្រព្រឹត្ដដោយខ្លួនឯងនូវឥរិយាបថសមរម្យ និងត្រឹមត្រូវ ដោយបំពេញកាតព្វកិច្ចរបស់អ្នកដោយស្មោះត្រង់មានសេចក្តីពិត និងភាពជាមនុស្ស ជាមនុស្សដែលអាចលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនមាន និងសូម្បីតែជីវិតសម្រាប់ព្រះជាម្ចាស់ ហើយនិងអ្វីៗផ្សេងទៀត។ ក្តីសង្ឃឹមទាំងអស់នេះបានមកពីភាពមិនគ្រប់គ្រាន់របស់អ្នករាល់គ្នា ហើយនិងការពុករលួយ និងការមិនស្តាប់បង្គាប់របស់អ្នក។ ប្រសិនបើការសន្ទនាណាមួយដែលខ្ញុំមានជាមួយអ្នករាល់គ្នា មិនគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នករាល់គ្នាទេ នោះទំនងជាអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺខ្ញុំលែងមានព្រះបន្ទូលតទៅទៀត។ ទោះយ៉ាងណាក៏ដោយ អ្នករាល់គ្នាយល់នូវអ្វីជាលទ្ធផលដែលនឹងទៅជាយ៉ាងណា។ ខ្ញុំមិនដែលសម្រាកញឹកញាប់នោះទេ ដូច្នេះប្រសិនបើខ្ញុំមិនមានបន្ទូល ខ្ញុំនឹងធ្វើអ្វីម៉្យាងដើម្បីឱ្យមនុស្សមើល។ ខ្ញុំអាចធ្វើឱ្យអណ្តាតរបស់នរណាម្នាក់ទៅជារលួយ ឬធ្វើឱ្យនរណាម្នាក់ស្លាប់បែកជាបំណែក ឬធ្វើឱ្យមនុស្សមានភាពមិនធម្មតាផ្នែកសរសៃប្រសាទ និងធ្វើឱ្យពួកគេមើលទៅគួរឱ្យស្អប់តាមវិធីជាច្រើនយ៉ាង។ បន្ទាប់មកទៀត ខ្ញុំអាចធ្វើឱ្យមនុស្សរងនឹងទារុណកម្ម ដែលខ្ញុំបានបង្កើតជាពិសេសសម្រាប់ពួកគេ។ តាមវិធីនេះ ខ្ញុំនឹងមានអារម្មណ៍រីករាយ សប្បាយជាខ្លាំង និងពេញចិត្តយ៉ាងខ្លាំងផងដែរ។ មានពាក្យដែលគេតែងតែលើកឡើងថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ចុះឥឡូវ ហេតុអ្វីបានជាមិនអ៊ីចឹង? ប្រសិនបើអ្នកមានបំណងជំទាស់នឹងខ្ញុំ ហើយធ្វើការជំនុំជម្រះចំពោះខ្ញុំ នោះខ្ញុំនឹងធ្វើឱ្យមាត់អ្នករលួយ ហើយនោះនឹងធ្វើឱ្យខ្ញុំរីករាយមិនឈប់ឈរនោះឡើយ។ នេះក៏ព្រោះតែទីបំផុត អ្វីដែលអ្នកបានធ្វើ មិនមែនជាសេចក្ដីពិត ហើយក៏មិនទាក់ទងនឹងជីវិតផងដែរ ដ្បិតអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើគឺជាសេចក្ដីពិត។ រាល់សកម្មភាពរបស់ខ្ញុំ គឺពាក់ព័ន្ធនឹងគោលការណ៍នៃកិច្ចការរបស់ខ្ញុំ និងបញ្ញត្តិរដ្ឋបាលដែលខ្ញុំបានដាក់ចេញ។ ហេតុដូច្នេះហើយ ខ្ញុំជំរុញឱ្យអ្នករាល់គ្នាម្នាក់ៗបង្កើននូវគុណធម៌ខ្លះៗឈប់ធ្វើអំពើអាក្រក់ច្រើនពេក ហើយធ្វើតាមការទាមទាររបស់ខ្ញុំក្នុងពេលទំនេររបស់អ្នក។ ពេលនោះខ្ញុំនឹងមានអារម្មណ៍រីករាយ។ ប្រសិនបើអ្នករាល់គ្នាត្រូវចែករំលែក (ឬបរិច្ចាគ) ទៅចំពោះសេចក្ដីពិតសូម្បីតែមួយភាគមួយពាន់នៃការខិតខំប្រឹងប្រែងដែលអ្នកធ្វើក្នុងសាច់ឈាមនោះ ខ្ញុំអាចមានព្រះបន្ទូលថា អ្នកនឹងមិនប្រព្រឹត្តនូវអំពើរំលង និងមានមាត់ដែលរលួយជាញឹកញាប់នោះឡើយ។ តើនេះមិនច្បាស់ទេឬអី?

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១៤. ក្នុងនាមជាសត្តនិករមួយក្នុងចំណោមសត្តនិករទាំងឡាយ មនុស្សត្រូវតែរក្សាគោលជំហររបស់ខ្លួន ហើយប្រព្រឹត្តយ៉ាងយកចិត្តទុកដាក់។ រក្សាយ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះអាទិករបានប្រទានដល់អ្នក។ មិនត្រូវប្រព្រឹត្តហួសខ្សែបន្ទាត់ ឬធ្វើអ្វីហួសពីដែនសមត្ថភាព ឬអ្វីដែលគួរឱ្យស្អប់ខ្ពើមដល់ព្រះជាម្ចាស់ឡើយ។ មិនត្រូវព្យាយាមក្លាយជាអ្នកអស្ចារ្យ ឬក្លាយជាមនុស្សអច្ឆរិយៈ ឬជាមនុស្សលើសអ្នកដទៃ ឬស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់ឡើយ។ នេះគឺជាវិធីដែលមនុស្សមិនគួរប្រាថ្នាចង់ក្លាយជានរណាម្នាក់ឡើយ។ ការស្វះស្វែងដើម្បីក្លាយជាមនុស្សអស្ចារ្យ ឬមនុស្សអច្ឆរិយៈគឺមិនសមហេតុផលទាល់តែសោះ។ ការស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់កាន់តែអាប់យសទៅទៀត ព្រោះវាជារឿងគួរឱ្យជិនឆ្អន់និងស្អប់ខ្ពើម។ អ្វីដែលគួរឱ្យសរសើរ និងអ្វីដែលសត្តនិករគួរតែប្រកាន់ខ្ជាប់ឱ្យច្រើនជាងអ្វីៗផ្សេងទៀតនោះ គឺធ្វើខ្លួនជាសត្តនិករពិតប្រាកដមួយ។ នេះគឺជាគោលដៅតែមួយគត់ដែលមនុស្សទាំងអស់គួរដេញតាម។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៦១៥. អ្នករាល់គ្នានីមួយៗ គប្បីបំពេញភារកិច្ចផ្ទាល់ខ្លួនឱ្យអស់ពីសមត្ថភាពរបស់អ្នក ដោយដួងចិត្តបើកចំហ និងស្មោះត្រង់ ហើយមានឆន្ទៈក្នុងការបង់ថ្លៃនូវអ្វីដែលចាំបាច់។ ដូចដែលអ្នករាល់បាននិយាយហើយថានៅពេលថ្ងៃនោះមកដល់ ព្រះជាម្ចាស់នឹងមិនមានការធ្វេសប្រហែសចំពោះនរណាម្នាក់ដែលបានរងទុក្ខ ឬបង់ថ្លៃដល់ទ្រង់នោះឡើយ។ ជំនឿដ៏មុតមាំបែបនេះ គឺគួរប្រកាន់ខ្ជាប់ ហើយវាជាការត្រឹមត្រូវដែលអ្នករាល់គ្នាមិនភ្លេចនូវជំនឿនេះ។ មានតែតាមវិធីនេះទេ ដែលខ្ញុំអាចលែងមានការព្រួយបារម្ភអំពីអ្នករាល់គ្នាទៀតបាន។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងក្លាយជាមនុស្សដែលខ្ញុំត្រូវព្រួយបារម្ភជារៀងរហូត ហើយអ្នកនឹងក្លាយជាវត្ថុនៃការស្អប់ខ្ពើមរបស់ខ្ញុំជារៀងរហូត។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើតាមមនសិការរបស់អ្នក ហើយប្រគល់អ្វីៗទាំងអស់របស់អ្នកសម្រាប់ខ្ញុំ ធ្វើអ្វីតាមតែអាចធ្វើទៅបានសម្រាប់កិច្ចការរបស់ខ្ញុំ និងលះបង់ថាមពលពេញមួយជីវិតសម្រាប់កិច្ចការដំណឹងល្អរបស់ខ្ញុំ នោះតើព្រះហឫទ័យរបស់ខ្ញុំមិនមានការរីករាយជារឿយៗ ចំពោះអ្នករាល់គ្នាទេឬអី? តាមវិធីនេះ ខ្ញុំអាចនឹងលែងមានការព្រួយបារម្ភទាំងស្រុងចំពោះអ្នករាល់គ្នាទៀត តើអ៊ីចឹងមែនទេ?

(ដកស្រង់ពី «អំពីទិសដៅ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១៦. តើអ្នកអាចនិយាយប្រាប់ពីនិស្ស័យដែលព្រះជាម្ចាស់បានសម្តែងចេញនៅក្នុងយុគសម័យនីមួយៗឱ្យបានច្បាស់លាស់ ដោយប្រើភាសាសមស្របដែលអាចពន្យល់ពីសារៈសំខាន់នៃយុគសម័យនោះបានដែរទេ? ដោយបានដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ តើអ្នកអាចពិពណ៌នាពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឱ្យបានពិស្តារបានដែរឬទេ? តើអ្នកអាចធ្វើបន្ទាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបានដែរឬទេ? តើអ្នកនឹងបន្តប្រាប់អ្វីដែលបានឃើញនិងបានដកពិសោធន៍នោះទៅដល់អ្នកកាន់សាសនាដែលជឿស៊ប់ ទុរគត និងគួរឱ្យអាណិត ដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត និងកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេនោះយ៉ាងដូចម្តេច? តើមនុស្សជំពូកណាដែលកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេ? តើអ្នកអាចនឹកស្រមៃឃើញទេ? តើអ្នកដឹងពីអម្រែកនៅលើស្មារបស់អ្នក ពីបញ្ជាបេសកកម្មរបស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកនឹងធ្វើខ្លួនឱ្យស័ក្តិសមជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើអ្នកនឹងពន្យល់ពីម្ចាស់នៃរបស់សព្វសារពើយ៉ាងដូចម្តេច? តើនោះពិតជាម្ចាស់នៃគ្រប់សត្វមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការរីកចម្រើនទៅមុខនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាអ្នកគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកធ្ងន់ណាស់មែនទេ? ពួកគេទុរគត គួរឱ្យអាណិត ភ្នែកខ្វាក់ និងវង្វេងផ្លូវផង ទាំងកំពុងទ្រហោយំនៅទីងងឹតសួរថា តើផ្លូវនៅឯណា? ពួកគេស្រេកឃ្លានចង់ឃើញពន្លឺ ដូចជាទេពច្យុតដែលធ្លាក់ចុះមកភ្លាមៗ ដើម្បីបណ្តេញអំណាចនៃភាពអន្ធការ ដែលបានគ្របបាំងមនុស្សអស់ពេលរាប់សិបឆ្នាំមកហើយ។ តើមានអ្នកណាដែលអាចដឹងពីទំហំនៃក្ដីសង្ឃឹមយ៉ាងអន្ទះសារបស់ពួកគេ ដែលចង់ឃើញពន្លឺនោះទាំងថ្ងៃទាំងយប់ដែរឬទេ? សូម្បីនៅថ្ងៃណាមួយដែលមានពន្លឺចាំងជះទៅផុតហើយក្ដី ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត គ្មានក្ដីសង្ឃឹមទទួលបានការដោះលែងដែរ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ពួកគេមិនដែលបានសម្រាកឡើយ ហើយពួកគេត្រូវជាប់នៅក្នុងសភាពបែបនេះជាយូរមកហើយ ដោយត្រូវជាប់ចំណងដែលគ្មានក្ដីមេត្តាករុណា និងជាប់ក្នុងប្រវត្តិសាស្ត្រដែលមិនចេះផ្លាស់ប្តូរ។ តើមាននរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេដែរទេ? តើមាននរណាធ្លាប់បានគិតគូរពីសភាពវេទនារបស់ពួកគេដែរទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងមានក្ដីសោកសង្រេងប៉ុនណាទេ? តើទ្រង់អាចទ្រាំមើលមនុស្សដែលមិនដឹងអ្វីសោះ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ រងទណ្ឌកម្មបែបនេះយ៉ាងដូចម្តេចទៅ? ចុងក្រោយ មនុស្សបានក្លាយជាជនរងគ្រោះដែលត្រូវគេបំពុល។ ហើយទោះបីជាមនុស្សអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងថា មនុស្សជាតិត្រូវអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកភ្លេចខ្លួនហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តទាំងនេះទេឬ? តើអ្នកគ្មានបំណងលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងចំពោះព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សជាតិ ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬអី? បន្ទាប់ពីបានគិតនិងបានធ្វើគ្រប់យ៉ាងហើយ តើអ្នកនឹងបកស្រាយពីការដែលព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះយ៉ាងដូចម្តេចវិញ? តើអ្នកពិតជាមានការតាំងចិត្ត និងជំនឿចិត្ត ដើម្បីរស់នៅក្នុងជីវិតដ៏មានន័យ ជាបុគ្គលដែលស្មោះត្រង់ និងបម្រើព្រះជាម្ចាស់មែនទេ?

(ដកស្រង់ពី «តើអ្នកគួរដោះស្រាយជាមួយបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១៧. អ្នកគឺជាភាវៈដែលត្រូវបានបង្កើតមក ដូច្នេះ អ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ បើអ្នកមិនថ្វាយបង្គំព្រះជាម្ចាស់ តែបែរជារស់នៅក្នុងសាច់ឈាមដ៏ស្មោកគ្រោករបស់អ្នកវិញ តើអ្នកមិនមែនជាសត្វតិរច្ឆាននៅក្នុងរូបប្រាណជាមនុស្សទេឬ? ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ នៅក្នុងពិភពលោកនេះ មនុស្សត្រូវពាក់សម្លៀកបំពាក់របស់អារក្ស បរិភោគអាហារពីអារក្ស ហើយធ្វើការ និងបម្រើនៅក្រោមមេដៃរបស់អារក្ស ពោលគឺត្រូវបានជាន់ឈ្លីទាំងស្រុងនៅក្នុងសេចក្តីស្មោកគ្រោករបស់វា។ បើអ្នកមិនយល់អំពីអត្ថន័យនៃជីវិត ឬក៏ទទួលបានផ្លូវពិតទេ តើការរស់នៅបែបនេះមានភាពសំខាន់អ្វីទៅ? អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?

(ដកស្រង់ពី «ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១៨. អ្នករាល់គ្នាគួរតែស្វះស្វែងធ្វើឱ្យអស់លទ្ធភាព ដើម្បីស្រឡាញ់ព្រះជាម្ចាស់នៅក្នុងបរិស្ថានដ៏មានសេចក្ដីស្ងប់នេះ។ នៅថ្ងៃអនាគត អ្នកនឹងគ្មានឱកាសដើម្បីស្រឡាញ់ព្រះជាម្ចាស់ទៀតទេ ដោយសារតែមនុស្សគ្រាន់តែមានឱកាសស្រឡាញ់ព្រះជាម្ចាស់ក្នុងសាច់ឈាមប៉ុណ្ណោះ។ នៅពេលដែលពួកគេរស់នៅក្នុងពិភពផ្សេងទៀត គ្មាននរណាម្នាក់នឹងនិយាយអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ។ តើនេះមិនមែនជាទំនួលខុសត្រូវរបស់ភាវៈដែលត្រូវបានបង្កើតឡើងឬ? ដូច្នេះហើយ តើអ្នករាល់គ្នាគួរតែស្រឡាញ់ព្រះជាម្ចាស់ក្នុងអំឡុងពេលដែលអ្នកមានជីវិតយ៉ាងដូចម្ដេច? តើអ្នកធ្លាប់គិតអំពីបញ្ហានេះទេ? តើអ្នកកំពុងរង់ចាំរហូតដល់ក្រោយពីអ្នកស្លាប់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ឬ? តើនេះមិនមែនជាការនិយាយដែលមិនបានការទេឬ? សព្វថ្ងៃនេះ ហេតុអ្វីបានជាអ្នកមិនស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់? តើការស្រឡាញ់ព្រះជាម្ចាស់ ខណៈពេលដែលមានការមមារញឹក ជាសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ឬទេ? មូលហេតុដែលវាត្រូវបាននិយាយថា ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នេះនឹងបញ្ចប់នៅពេលដ៏ឆាប់ខាងមុខ គឺដោយសារតែព្រះជាម្ចាស់មានទីបន្ទាល់នៅចំពោះមុខសាតាំងរួចហើយ។ ដូច្នេះ មនុស្សមិនត្រូវការធ្វើអ្វីទៀតទេ។ មនុស្សគ្រាន់តែត្រូវបានស្នើឱ្យស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះនៅក្នុងឆ្នាំដែលពួកគេនៅរស់ នេះគឺជាគន្លឹះ។ ដោយសារតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ មិនខ្ពស់ ហើយជាងនេះទៅទៀត ដោយសារតែមានក្ដីកង្វល់ដ៏ឆេះឆួលនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទើបទ្រង់បានបើកសម្ដែងឱ្យឃើញសេចក្ដីសង្ខេបនៃជំហានបន្ទាប់នៃកិច្ចការ មុនពេលដែលជំហាននេះត្រូវបានបញ្ចប់ ដែលបង្ហាញយ៉ាងច្បាស់ អំពីចំនួននៃពេលវេលា។ ប្រសិនបើព្រះជាម្ចាស់មិនខ្វល់ខ្វាយក្នុងព្រះទ័យរបស់ទ្រង់ តើទ្រង់នឹងថ្លែងព្រះបន្ទូលទាំងនេះយ៉ាងឆាប់រហ័សឬទេ? គឺដោយសារតែពេលវេលាខ្លី ទើបព្រះជាម្ចាស់ធ្វើតាមវិធីនេះ។ វាត្រូវបានរំពឹងថា អ្នករាល់គ្នាអាចស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តរបស់អ្នក អស់ពីគំនិតរបស់អ្នក និងអស់ពីកម្លាំងរបស់អ្នក ដូចជាអ្នកស្រឡាញ់ជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរ។ តើនេះមិនមែនជាជីវិតដែលមានន័យបំផុតទេឬ? តើអ្នកអាចស្វែងរកអត្ថន័យនៃជីវិតនៅទីណាទៀតបាន? តើអ្នកមិនខ្វាក់ណាស់ទេឬ? តើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់ឬទេ? តើព្រះជាម្ចាស់មានតម្លៃសម្រាប់សេចក្ដីស្រឡាញ់របស់មនុស្សឬទេ? តើមនុស្សមានតម្លៃសម្រាប់ការស្រឡាញ់របស់មនុស្សឬទេ? ដូច្នេះ តើអ្នកគួរតែធ្វើអ្វី? ស្រឡាញ់ព្រះជាម្ចាស់យ៉ាងក្លាហាន ដោយគ្មានលាក់ទុក ហើយមើលពីអ្វីដែលព្រះជាម្ចាស់ធ្វើចំពោះអ្នក។ មើលឱ្យឃើញថា តើទ្រង់នឹងសម្លាប់អ្នកឬអត់។ សរុបមក កិច្ចការនៃការស្រឡាញ់ព្រះជាម្ចាស់ គឺមានសារៈសំខាន់ជាងការចម្លង និងការសរសេរអ្វីមួយសម្រាប់ព្រះជាម្ចាស់ទៅទៀត។ អ្នកគួរតែផ្ដល់អាទិភាពដល់អ្វីដែលមានសារៈសំខាន់បំផុត នោះទើបជីវិតរបស់អ្នកអាចមានតម្លៃជាងមុន ហើយពេញដោយសេចក្ដីសុខ ហើយបន្ទាប់មក អ្នកគួរតែរង់ចាំ «ការដាក់ទោស» របស់ព្រះជាម្ចាស់សម្រាប់អ្នក។ ខ្ញុំឆ្ងល់ថាតើផែនការរបស់អ្នកនឹងបញ្ចូលនូវការស្រឡាញ់ព្រះជាម្ចាស់ឬអត់។ ខ្ញុំជូនពរឱ្យផែនការរបស់អ្នករាល់គ្នា ក្លាយជាផែនការដែលព្រះជាម្ចាស់សម្រេច ហើយសង្ឃឹមថា ផែនការទាំងនោះ នឹងក្លាយជាការពិតទាំងអស់។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១៩. មនុស្សត្រូវតែបន្តស្វែងរកការរស់នៅក្នុងជីវិតដែលមានអត្ថន័យ ហើយគេមិនគួរស្កប់ចិត្តជាមួយកាលៈទេសៈបច្ចុប្បន្នរបស់គេឡើយ។ ដើម្បីរស់នៅតាមរូបកាយរបស់ពេត្រុស គេត្រូវតែមានចំណេះដឹង និងបទពិសោធដូចជាពេត្រុស។ មនុស្សត្រូវតែបន្តស្វែងរកអ្វីៗដែលខ្ពស់ជាង និងជ្រាលជ្រៅជាង។ គេត្រូវតែមានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងកាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ហើយមានជីវិតមួយដែលមានតម្លៃ និងមានន័យខ្លឹមសារ។ មានតែបែបនេះទេ ទើបជាជីវិត ហើយមានតែដូច្នេះប៉ុណ្ណោះ ទើបមនុស្សនឹងអាចក្លាយដូចជាពេត្រុស។ អ្នកត្រូវផ្ដោតទៅលើការប្រុងប្រៀបខ្លួនជាស្រេចឆ្ពោះទៅរកច្រកចូលរបស់អ្នកនៅខាងផ្នែកវិជ្ជមាន ហើយមិនត្រូវបណ្ដែតបណ្តោយខ្លួនឱ្យទៅប្រព្រឹត្តការអាក្រក់ឡើងវិញ ដោយសារតែភាពងាយស្រួលក្នុងពេលបច្ចុប្បន្ន តែបែរជាព្រងើយកន្ដើយចំពោះសេចក្តីពិតដែលកាន់តែជ្រាលជ្រៅ កាន់តែជាក់លាក់ និងកាន់តែជាក់ស្ដែងនោះឡើយ។ សេចក្តីស្រឡាញ់របស់អ្នកត្រូវតែជាក់ស្ដែង ហើយអ្នកត្រូវតែរកផ្លូវដើម្បីរំដោះខ្លួនចេញពីជីវិតដែលឥតកង្វល់ ពុករលួយនេះ ជាជីវិតដែលមានលក្ខណៈមិនខុសពីសត្វនោះឡើយ។ អ្នកត្រូវតែរស់នៅក្នុងជីវិតដែលមានអត្ថន័យ ជីវិតដ៏មានតម្លៃ ហើយអ្នកមិនត្រូវបញ្ឆោតខ្លួនឯង ឬចាត់ទុកជីវិតរបស់អ្នក ដូចជាតុក្កតាក្មេងលេងនោះឡើយ។ សម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្រឡាញ់ព្រះជាម្ចាស់ នោះវាមាននូវសេចក្ដីពិត ដែលគេអាចទទួលបានជានិច្ច ហើយក៏មាននូវភាពយុត្តិធម៌ ដែលពួកគេអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ លើសពីនេះ អ្នកត្រូវតែមានការជំរុញចិត្ត និងការតស៊ូបែបនេះ ហើយមិនគួរធ្វើដូចជាមនុស្សដែលទន់ជ្រាយ ជាមនុស្សកំសាកនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធន៍នូវជីវិតដែលមានន័យ និងដកពិសោធន៍នូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តនៅក្នុងរបៀបបែបបង្រ្គប់កិច្ចនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយអ្នកមិនដឹងខ្លួន ដល់ពេលនោះ តើអ្នកនឹងមានឱកាសម្ដងទៀត ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការជំរុញចិត្ត និងមនសិការដូចជាពេត្រុស ព្រោះថាជីវិតរបស់អ្នកក៏ត្រូវមានអត្ថន័យ ហើយអ្នកមិនត្រូវលេងហ្គេមជាមួយខ្លួនឯងនោះឡើយ។ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលបន្តស្វែងរកព្រះជាម្ចាស់ អ្នកត្រូវតែចេះពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះជីវិតរបស់អ្នក របៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែលកាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ អ្នកក៏គួរតែដឹងអំពីរបៀបស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អដែរ។

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦២០. សេចក្ដីតម្រូវដ៏ត្រឹមត្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ និងអ្នកដែលដើរតាមទ្រង់មានដូចតទៅ។ ទ្រង់ត្រូវការចំណុចប្រាំយ៉ាងពីអ្នកដែលដើរតាមទ្រង់៖ ជំនឿពិត ការដើរតាមដោយស្មោះស ការចុះចូលទាំងស្រុង ចំណេះដឹងពិតប្រាកដ និងការគោរពអស់ពីចិត្ត។

នៅក្នុងសេចក្ដីតម្រូវទាំងប្រាំប្រការនេះ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សឈប់សួរទ្រង់ ឬដើរតាមទ្រង់ដោយប្រើប្រាស់ការស្រមើស្រមៃ ឬការយល់ឃើញបែបអរូបី ឬស្រពេចស្រពិលតទៅទៀត។ ពួកគេមិនត្រូវដើរតាមព្រះជាម្ចាស់ ដោយផ្អែកលើការស្រមើស្រមៃ ឬសញ្ញាណណាមួយឡើយ។ ទ្រង់តម្រូវឱ្យមនុស្សគ្រប់គ្នាក្នុងចំណោមអ្នកដែលដើរតាមទ្រង់ ដើរតាមដោយស្មោះស មិនមែនស្ទាក់ស្ទើរក្នុងចិត្ត ឬគ្មានការប្តេជ្ញាចិត្តនោះទេ។ នៅពេលដែលព្រះជាម្ចាស់តាំងសេចក្ដីតម្រូវណាមួយសម្រាប់អ្នក សាកល្បងអ្នក ជំនុំជម្រះអ្នក ដោះស្រាយជាមួយអ្នក និងលួសកាត់អ្នក ឬប្រៀនប្រដៅនិងលត់ដំអ្នក អ្នកគួរតែចុះចូលចំពោះទ្រង់ដាច់ខាត។ អ្នកមិនគួរសួរពីមូលហេតុ ឬដាក់លក្ខខណ្ឌអ្វីឡើយ ហើយអ្នកក៏មិនគួរនិយាយពីមូលហេតុអ្វីដែរ។ អ្នកត្រូវតែស្ដាប់បង្គាប់ដាច់ខាត។ ការស្គាល់ព្រះជាម្ចាស់ គឺជាចំណុចដែលមនុស្សភាគច្រើនខ្វះខាត។ ពួកគេតែងតែយកពាក្យភាសិត សូរសៀង និងពាក្យសម្តីដែលមិនទាក់ទងនឹងព្រះជាម្ចាស់ មកដាក់លើទ្រង់ ដោយជឿថា ពាក្យសម្តីទាំងនោះ គឺជានិយមន័យដ៏ត្រឹមត្រូវអំពីការស្គាល់ព្រះជាម្ចាស់។ ពួកគេដឹងតិចណាស់ថា ពាក្យភាសិតទាំងនេះ ដែលចេញពីការស្រមើស្រមៃរបស់មនុស្ស ចេញពីហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ និងចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេ មិនជាប់ទាក់ទងនឹងសារជាតិរបស់ព្រះជាម្ចាស់បន្តិចណាសោះ។ ដូច្នេះ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា នៅពេលដែលនិយាយដល់ចំណេះដឹងដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សមាន ទ្រង់មិនគ្រាន់តែសុំឱ្យអ្នកទទួលស្គាល់ទ្រង់ និងទទួលស្គាល់ព្រះបន្ទូលរបស់ទ្រង់តែប៉ុណ្ណេះទេ ប៉ុន្តែទ្រង់ក៏តម្រូវឱ្យចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នោះ ត្រឹមត្រូវផងដែរ។ ទោះបីជាអ្នកអាចនិយាយបានត្រឹមពាក្យមួយឃ្លា ឬអ្នកគ្រាន់តែដឹងបន្តិចបន្តួចក៏ដោយ ក៏ចំណេះដឹងដ៏តិចតួចនេះត្រឹមត្រូវនិងពិតប្រាកដដែរ ហើយស៊ីគ្នាជាមួយសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះដោយសារតែព្រះជាម្ចាស់ស្អប់ការសរសើរតម្កើង ឬការកោតសរសើរទ្រង់ដែលមិនពិត ឬគ្មានការពិចារណានោះខ្លាំងបំផុត។ ជាងនោះទៅទៀត ទ្រង់ស្អប់នៅពេលដែលមនុស្សប្រព្រឹត្តដាក់ទ្រង់ដូចជាខ្យល់។ ក្នុងអំឡុងពេលពិភាក្សាគ្នាពីប្រធានបទអំពីព្រះជាម្ចាស់ ទ្រង់ស្អប់មនុស្សនិយាយមិនគិតពីការពិត មនុស្សនិយាយតាមតែចិត្តនឹកឃើញ គ្មានការអល់អែក និងមនុស្សនិយាយអ្វីៗដែលពួកគេគិតថាសមរម្យ។ ជាងនេះទៅទៀត ទ្រង់ស្អប់អ្នកដែលជឿថាខ្លួនស្គាល់ព្រះជាម្ចាស់ ហើយមានអំនួតចំពោះចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់នោះ ដោយពិភាក្សាប្រធានបទដែលទាក់ទងនឹងទ្រង់ ដោយសេរី គ្មានការក្រែងរអា។ ចំណុចចុងក្រោយនៃសេចក្ដីតម្រូវទាំងប្រាំដែលបានលើកឡើងពីខាងលើ គឺការគោរពអស់ពីចិត្ត៖ នេះគឺជាសេចក្ដីតម្រូវចុងក្រោយរបស់ព្រះជាម្ចាស់ សម្រាប់អ្នកដែលដើរតាមទ្រង់។ នៅពេលដែលនរណាម្នាក់មានចំណេះដឹងពិតប្រាកដ និងត្រឹមត្រូវអំពីព្រះជាម្ចាស់ នោះពួកគេអាចគោរពព្រះជាម្ចាស់យ៉ាងពិតប្រាកដបាន ហើយគេចចេញពីសេចក្ដីអាក្រក់។ ការគោរពនេះ ចេញមកពីជម្រៅចិត្តរបស់ពួកគេ។ ការគោរពនេះ កើតមានដោយការស្ម័គ្រចិត្ត មិនមែនដោយសារការដាក់សម្ពាធពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនតម្រូវឱ្យអ្នកថ្វាយអំណោយនៃអាកប្បកិរិយា ការប្រព្រឹត្ត ឬឥរិយាបថល្អតែពីសម្បកក្រៅ ដល់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់តម្រូវឱ្យអ្នកគោរព និងកោតខ្លាចទ្រង់នៅក្នុងដួងចិត្តរបស់អ្នក។ ការគោរពបែបនេះកើតមានដោយសារលទ្ធផលនៃការផ្លាស់ប្តូរនិស្ស័យជីវិតរបស់អ្នក ដោយសារការទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ និងការយល់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារការយល់ដឹងពីសារជាតិរបស់ព្រះជាម្ចាស់ និងការដែលអ្នកទទួលស្គាល់ការពិតថា អ្នកគឺជាភាវៈមួយក្នុងចំណោមភាវៈនានាដែលព្រះបានបង្កើតមក។ ដូច្នេះហើយ គោលបំណងរបស់ខ្ញុំក្នុងការប្រើពាក្យ «ចេញពីចិត្ត» ដើម្បីកំណត់និយមន័យនៃការគោរពនៅទីនេះ គឺដើម្បីឱ្យមនុស្សយល់ថា ការដែលពួកគេគោរពព្រះជាម្ចាស់ គួរតែចេញពីដួងចិត្តរបស់ពួកគេ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៦២១. ឥលូវនេះ អ្នករាល់គ្នាគ្នាគួរតែព្យាយាមស្គាល់ខ្លួនឯងឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ដើម្បីមើលឱ្យដឹងថា អំពើក្បត់ចំពោះខ្ញុំដែលនៅក្នុងអ្នករាល់គ្នា មានច្រើនយ៉ាងណា។ ខ្ញុំកំពុងរង់ចាំការឆ្លើយតបរបស់អ្នករាល់គ្នាយ៉ាងអន្ទះសា។ ចូរកុំដោះស្រាយជាមួយនឹងខ្ញុំ ដើម្បីបង្គ្រប់កិច្ចនោះឡើយ។ ខ្ញុំមិនលេងសើចជាមួយនឹងមនុស្សទេ។ ប្រសិនបើខ្ញុំនិយាយថា ខ្ញុំនឹងធ្វើអ្វីម្យ៉ាង នោះខ្ញុំប្រាកដជានឹងធ្វើការនោះមែន។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាម្នាក់ៗនឹងធ្វើជាមនុស្សម្នាក់ដែលផ្ដល់សារៈសំខាន់ដល់ព្រះបន្ទូលរបស់ខ្ញុំ ហើយមិនគិតថា បន្ទូលទាំងនេះគ្រាន់តែជារឿងប្រឌិតខាងវិទ្យាសាស្ត្រនោះឡើយ។ អ្វីដែលខ្ញុំចង់បាន គឺសកម្មភាពដ៏ជាក់លាក់ពីអ្នករាល់គ្នា មិនមែនជាការស្រមើស្រមៃរបស់អ្នករាល់គ្នានោះទេ។ បន្ទាប់មក អ្នករាល់គ្នាត្រូវតែឆ្លើយនឹងសំណួររបស់ខ្ញុំ ដែលមានដូចតទៅ៖

១) ប្រសិនបើអ្នក គឺពិតជាអ្នកស៊ីឈ្នួលមែន តើអ្នកអាចបម្រើដល់ខ្ញុំដោយស្មោះត្រង់ ដោយគ្មានភាពធូររលុង និងភាពអវិជ្ជមានបានទេ?

២) ប្រសិនបើអ្នករកឃើញថា ខ្ញុំមិនធ្លាប់ឱ្យតម្លៃអ្នកសោះ តើអ្នកនឹងនៅតែអាចនៅនឹងខ្ញុំ ហើយបម្រើខ្ញុំអស់មួយជីវិតទេ?

៣) ប្រសិនបើខ្ញុំនៅតែសោះអង្គើយដាក់អ្នក បើទោះបីជាអ្នកបានលះបង់ការប្រឹងប្រែងជាច្រើនហើយក្ដី តើអ្នកនឹងអាចបន្តធ្វើការដើម្បីខ្ញុំដោយសម្ងាត់បានដែរឬទេ?

៤) បន្ទាប់ពីអ្នកបានធ្វើការ លះបង់សម្រាប់ខ្ញុំហើយ ប្រសិនបើខ្ញុំមិនពេញចិត្តនឹងការទាមទារកំប៉ិកកំប៉ុករបស់អ្នក តើអ្នកនឹងទៅជានឿយណាយ ហើយខកចិត្តនឹងខ្ញុំ ឬកាន់តែខឹងក្រេវក្រោធ ហើយគំហកមើលងាយដែរឬទេ?

៥) ប្រសិនបើអ្នកតែងតែស្មោះត្រង់រហូតមក ដោយមានទាំងសេចក្ដីស្រឡាញ់យ៉ាងច្រើនចំពោះខ្ញុំ តែអ្នករងនូវទណ្ឌកម្មជាជំងឺ ភាពក្រខ្សត់ និងការបោះបង់ចោលពីមិត្តភក្ដិ និងសាច់ញាតិ ឬប្រសិនបើអ្នកទ្រាំទ្រនឹងគ្រោះអកុសលផ្សេងៗក្នុងជីវិត តើភាពស្មោះត្រង់ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំនៅតែបន្តដែរឬទេ?

៦) ប្រសិនបើ អ្វីដែលអ្នករាល់គ្នាស្រមៃក្នុងចិត្តរបស់អ្នករាល់គ្នាគ្មានអ្វីមួយត្រូវគ្នានឹងកិច្ចការដែលខ្ញុំបានធ្វើ តើអ្នកនឹងដើរលើមាគ៌ាអនាគតរបស់ខ្លួនយ៉ាងដូចម្ដេច?

៧) ប្រសិនបើអ្នក មិនទទួលបាននូវសេចក្ដី ដែលអ្នកសង្ឃឹមថានឹងបាន តើអ្នកអាចបន្តធ្វើជាអ្នកដើរតាមខ្ញុំដែរឬទេ?

៨) ប្រសិនបើអ្នកពុំធ្លាប់បានយល់ពីគោលបំណង និងសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំ តើអ្នកអាចធ្វើជាមនុស្សស្ដាប់បង្គាប់ម្នាក់ដែលមិនធ្វើការវិនិច្ឆ័យនិងធ្វើការសន្និដ្ឋានតាមទំនើងចិត្តរបស់ខ្លួនដែរឬទេ?

៩) តើអ្នកអាចផ្ដល់តម្លៃដល់ព្រះបន្ទូលគ្រប់យ៉ាងដែលខ្ញុំបានថ្លែង និងកិច្ចការគ្រប់យ៉ាងដែលខ្ញុំបានធ្វើកាលដែលខ្ញុំនៅជាមួយមនុស្សជាតិបានដែរឬទេ?

១០) តើអ្នកអាចធ្វើជាអ្នកដើរតាមដ៏ស្មោះត្រង់របស់ខ្ញុំ ទាំងស៊ូរងទ្រាំងនូវទុក្ខលំបាកពេញមួយជីវិតដើម្បីខ្ញុំ ទាំងដែលអ្នកមិនទទួលបានអ្វីសោះដែរឬទេ?

១១) ដើម្បីខ្ញុំ តើអ្នកអាចឈប់ពិចារណា បង្កើតផែនការ ឬរៀបចំផ្លូវដើម្បីរួចជីវិតនៅពេលអនាគតសម្រាប់ខ្លួនអ្នកបានដែរឬទេ?

ទាំងអស់នេះគឺជាសំណួរដែលបង្ហាញអំពីសេចក្ដីតម្រូវជាចុងក្រោយរបស់ខ្ញុំពីអ្នករាល់គ្នា ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចផ្ដល់ចម្លើយឱ្យខ្ញុំបាន។

(ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦២២. អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការស្ដាប់បង្គាប់ សេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែអ្នកគួតែថ្វាយដល់ខ្ញុំ នូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកមានគឺជាភក្តីភាព និងការស្ដាប់បង្គាប់របស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យជម្នះរបស់ខ្ញុំលើអារក្សសាតាំងស្ថិត គឺនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយស្ដាប់បង្គាប់ដល់ទីបញ្ចប់។ មុនពេលខ្ញុំចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច? តើអ្នកនឹងមានភក្តីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំដោយរបៀបណា? តើអ្នកដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វាចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការវាយផ្ចាលរបស់ខ្ញុំ? ខ្ញុំវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំ។ លើសពីនេះ ការវាយផ្ចាលនាពេលសព្វថ្ងៃ គឺដើម្បីបើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យកិច្ចការនេះវិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិនត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឱ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើ ការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការរបស់ខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពីសារៈសំខាន់នៃបទពិសោធរបស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងដូចម្ដេច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាចបំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមកដើម្បីបញ្ចប់យុគសម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែលើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយអ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិនមែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅកាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នកសម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឱ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ទន្ទឹងឱ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។

(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ XIII. ព្រះបន្ទូលស្ដីពីសេចក្តីតម្រូវ សេចក្តីដាស់តឿន សេចក្ដីលួងលោម និងសេចក្តីព្រមានរបស់ព្រះជាម្ចាស់

បន្ទាប់៖ ខ. សេចក្តីដាស់តឿន និងសេចក្តីលួងលោមរបស់ព្រះជាម្ចាស់ចំពោះមនុស្ស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ