៥៤. សមរភូមិខាងវិញ្ញាណ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។ នៅពេលអ្នកមិនអនុវត្តនូវសេចក្ដីពិត អ្នកមានអារម្មណ៍ថា បំណងរបស់អ្នកទាំងអស់គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកនឹងឃើញថា នៅក្នុងខ្លួនឯងមានបំណងមិនត្រឹមត្រូវជាច្រើន។ ដូច្នេះ នៅពេលព្រះជាម្ចាស់ធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ ទ្រង់ធ្វើឲ្យពួកគេដឹងថា មានសញ្ញាណជាច្រើននៅក្នុងខ្លួនពួកគេដែលរារាំងពួកគេមិនឲ្យស្គាល់ព្រះជាម្ចាស់។ នៅពេលអ្នកដឹងថា បំណងរបស់អ្នកសុទ្ធតែខុស ហើយប្រសិនបើអ្នកអាចឈប់អនុវត្តតាមសញ្ញាណ និងបំណងរបស់អ្នក ហើយអាចធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវជំហររបស់អ្នកទោះមានរឿងអ្វីកើតឡើងចំពោះអ្នកក៏ដោយ នេះទើបបញ្ជាក់ថា អ្នកបានបះបោរទាស់នឹងសាច់ឈាម។ នៅពេលអ្នកបះបោរទាស់នឹងសាច់ឈាម នោះនឹងមានចម្បាំងនៅក្នុងខ្លួនឯងដោយចៀសមិនរួចឡើយ។ សាតាំងនឹងព្យាយាមធ្វើឲ្យមនុស្សធ្វើតាមវា វានឹងព្យាយាមធ្វើឲ្យពួកគេធ្វើតាមសញ្ញាណខាងសាច់ឈាម ហើយប្រកាន់យកផលប្រយោជន៍ខាងសាច់ឈាម ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបំភ្លឺ ហើយពន្យល់មនុស្សពីខាងក្នុង ហើយនៅពេលនេះ វាអាស្រ័យលើអ្នក ថាតើអ្នកធ្វើតាមព្រះជាម្ចាស់ ឬធ្វើតាមសាតាំង។ ព្រះជាម្ចាស់ប្រាប់ឲ្យមនុស្សអនុវត្តនូវសេចក្ដីពិតជាចម្បង ដើម្បីដោះស្រាយជាមួយរឿងរ៉ាវនានានៅក្នុងខ្លួនពួកគេ ដើម្បីដោះស្រាយជាមួយគំនិត និងសញ្ញាណរបស់ពួកគេ ដែលមិនស្របទៅតាម ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធទាក់ទងមនុស្សតាមរយៈចិត្តរបស់ពួកគេ រួចហើយបំភ្លឺ និងពន្យល់ពួកគេ។ ដូច្នេះចម្បាំងនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង៖ នៅរាល់ពេលដែលមនុស្សអនុវត្តនូវសេចក្តីពិត ឬអនុវត្តនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ វាមានចម្បាំងយ៉ាងខ្លាំងក្លាមួយ ហើយទោះបីជាគ្រប់យ៉ាងអាចមើលទៅហាក់ដូចជាល្អជាមួយសាច់ឈាមរបស់ពួកគេក៏ដោយ ក៏តាមពិតទៅនៅក្នុងជម្រៅចិត្តរបស់ពួកគេ នឹងមានចម្បាំងស្លាប់រស់មួយកើតមានជាដរាប ហើយមានតែក្រោយពេលចម្បាំងដ៏ខ្លាំងក្លានេះចប់ និងក្រោយពេលលទ្ធផលដ៏ច្រើនមហិមាចេញមកប៉ុណ្ណោះ ទើបអាចកំណត់ការឈ្នះចាញ់បាន។ គេមិនដឹងថាតើត្រូវសើច ឬយំនោះទេ។ ព្រោះបំណងជាច្រើននៅក្នុងខ្លួនមនុស្សគឺសុទ្ធតែខុសឆ្គង ឬដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ភាគច្រើនគឺផ្ទុយពីសញ្ញាណរបស់ពួកគេ នៅពេលមនុស្សអនុវត្តនូវសេចក្តីពិត ចម្បាំងដ៏អស្ចារ្យមួយបានកើតឡើងនៅពីក្រោយឆាក។ ដោយបានអនុវត្តនូវសេចក្ដីពិតនេះ នៅពីក្រោយឆាក មនុស្សនឹងស្រក់ទឹកភ្នែកសោកសៅយ៉ាងច្រើនរាប់មិនអស់ មុនពេលដែលពួកគេរៀបចំចិត្តរបស់ខ្លួនដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅទីបំផុត។ ដោយសារតែចម្បាំងនេះ មនុស្សត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការបន្សុទ្ធ ហើយនេះគឺជាការរងទុក្ខពិតប្រាកដ។ នៅពេលចម្បាំងនេះកើតមានមកលើអ្នក ហើយប្រសិនបើអ្នកពិតជាអាចឈរនៅខាងព្រះជាម្ចាស់មែន នោះអ្នកនឹងអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ការអនុវត្តតាមសេចក្តីពិតមិនមែនជារឿងសាមញ្ញនោះទេ ហើយសមរភូមិខាងវិញ្ញាណពិតជាត្រូវការជាចាំបាច់។ ប៉ុន្មានឆ្នាំមុន ប្អូនថ្លៃស្រីខ្ញុំត្រូវបានគេលាតត្រដាងថាជាមនុស្សទុច្ចរិត។ ពួកជំនុំមានបំណងចង់បណ្ដេញនាងចេញ តែខ្ញុំមានអារម្មណ៍ជាប់ជំពាក់ជំពិន ហើយមិនអាចអនុវត្តតាមសេចក្តីពិតបានឡើយ។ ក្នុងចិត្តខ្ញុំ ខ្ញុំគិតចុះគិតឡើង ហើយពិបាកចិត្តយ៉ាងខ្លាំង។ នៅទីបំផុត តាមរយៈការជំនុំជម្រះ និងការបើកសម្ដែងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញយ៉ាងច្បាស់ពីគ្រោះថ្នាក់ និងផលវិបាកចេញពីការប្រព្រឹត្តតាមអារម្មណ៍របស់ខ្ញុំ។ មានតែបែបនេះទេ ទើបខ្ញុំអាចបោះបង់ចោលសាច់ឈាម និងអារម្មណ៍របស់ខ្ញុំ លាតត្រដាងនិងបដិសេធមនុស្សទុច្ចរិត ហើយនៅទីបំផុត រីករាយនឹងសន្ដិភាព និងសន្ដិសុខ ដែលកើតចេញពីការអនុវត្តសេចក្តីពិត។

ខ្ញុំបានត្រលប់ទៅកាន់ភារកិច្ចជាថ្នាក់ដឹកនាំនៅក្នុងពួកជំនុំក្នុងស្រុកខ្ញុំនៅក្នុងឆ្នាំ២០១៧។ នៅក្នុងការប្រជុំមួយ បងប្អូនប្រុសស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា នៅក្នុងភារកិច្ចរបស់នាង ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ប្អូនថ្លៃស្រីខ្ញុំ ឈ្មោះហាន ប៊ីង បានសម្ញែងនៅក្នុងការប្រជុំ ដោយនិយាយពាក្យពេចន៍ និងគោលលទ្ធិដែលរាក់កំផែល។ គ្រប់កន្លែងដែលនាងទៅ នាងនិយាយអំពីអ្វីៗដែលជាភារកិច្ចដែលខ្លួនបានបំពេញ និងរបៀបដែលនាងបានរងទុក្ខ ដែលបានធ្វើឲ្យអ្នកដទៃគោរព និងស្ដាប់តាមនាង។ ក្រោយពេលបងប្អូនប្រុសស្រីបាននិយាយទៅកាន់នាងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនៅក្នុងភារកិច្ចរបស់នាង នាងមិនបានប្រកបគ្នាទៅលើសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ ប៉ុន្តែបានបង្រៀនពួកគេ ទាំងវាយឫកខ្ពស់ទៀតផង។ ការបង្រៀនរបស់នាងបានធ្វើឲ្យបងប្អូនប្រុសស្រីមួយចំនួនរស់នៅក្នុងសភាពអវិជ្ជមាន និងលែងមានចំណាប់អារម្មណ៍លើភារកិច្ចរបស់ខ្លួន។ ក្រោយមក ហាន ប៊ីង ត្រូវបានប្ដូរចេញ។ បន្ទាប់ពីនោះ នាងមិនព្រមឆ្លុះបញ្ឆាំង និងព្យាយាមស្គាល់ពីខ្លួនឯងទេ ហើយនាងនៅតែបង្ករឿង និងទំនាស់ផ្សេងៗនៅក្នុងចំណោមបងប្អូនប្រុសស្រី ដោយរាំងស្ទះដល់ជីវិតនៃពួកជំនុំ។ អ្នកដឹកនាំពួកជំនុំបានប្រកបគ្នាជាមួយនាងជាច្រើនដង ហើយក៏បានដោះស្រាយជាមួយនាង និងរិះគន់នាងផងដែរ តែនាងបដិសេធមិនព្រមទទួលយកសោះឡើយ។ នាងបានបន្តមិនស្ដាប់បង្គាប់ ដោយបន្តផ្សព្វផ្សាយភាពអវិជ្ជមាន បង្កឲ្យមានការរាំងស្ទះធ្ងន់ធ្ងរដល់ជីវិតនៃពួកជំនុំ។ ... ពេលដែលខ្ញុំបានឮថា ហាន ប៊ីង បានប្រព្រឹត្តបែបនេះ ខ្ញុំបានខឹងយ៉ាងខ្លាំង។ ខ្ញុំបាននឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អស់អ្នកដែលបញ្ចេញសម្ដីពិសពុល និងរប៉ិលរប៉ូចនៅក្នុងក្រុមជំនុំ ជាអ្នកផ្សាយពាក្យចចាមអារាម បង្កជាភាពមិនចុះសម្រុងគ្នា និងបង្កជាបក្សពួកមនុស្សខូចក្នុងចំណោមបងប្អូនប្រុសស្រី គឺពួកគេគួរត្រូវបណ្តេញចេញពីក្រុមជំនុំ។ ប៉ុន្ដែដោយសារឥឡូវនេះជាយុគសម័យខុសពីមុននៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សទាំងនេះត្រូវបានដាក់កម្រិត ដ្បិតពួកគេប្រឈមមុខនឹងការលុបបំបាត់យ៉ាងជាក់។ អស់អ្នកដែលត្រូវបានធ្វើឲ្យពុករលួយដោយសាតាំង គឺមាននិស្ស័យពុករលួយ។ អ្នកខ្លះមិនមានអ្វីក្រៅពីនិស្ស័យពុករលួយឡើយ ខណៈពេលដែលអ្នកខ្លះទៀតមានភាពខុសប្លែកគ្នា៖ ពួកគេមិនត្រឹមតែមាននិស្ស័យរបស់សាតាំងដែលពុករលួយប៉ុណ្ណោះទេ ប៉ុន្តែធម្មជាតិរបស់ពួកគេក៏មានលក្ខណៈព្យាបាទផងដែរ។ មិនត្រឹមតែពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ បង្ហាញពីការពុករលួយ និងនិស្ស័យសាតាំងរបស់ពួកគេប៉ុណ្ណោះទេ លើសពីនេះទៅទៀត មនុស្សទាំងនេះជាអារក្សសាតាំងដ៏ពិតប្រាកដ។ អាកប្បកិរិយារបស់ពួកគេកាត់ផ្ដាច់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ វារារាំងដល់ការចូលរបស់បងប្អូនប្រុសស្រីទៅក្នុងជីវិត ហើយវាធ្វើឲ្យខូចខាតដល់ជីវិតធម្មតារបស់ពួកជំនុំ។ មិនយូរមិនឆាប់ ឆ្កែចចកដែលពាក់រោមចៀមទាំងនេះ នឹងត្រូវបានកំចាត់ចោល។ អាកប្បកិរិយាដែលឥតមេត្តា និងអាកប្បកិរិយាដែលបដិសេធ គួរត្រូវបានទទួលយកដោយកញ្ជះរបស់សាតាំងទាំងនេះ។ មានតែការធ្វើដូច្នេះទេ ទើបអាចឈរនៅខាងព្រះជាម្ចាស់បាន ហើយអស់អ្នកដែលខកខានមិនបានធ្វើដូចេ្នះ គឺនឹងផុងទៅយ៉ាងជ្រៅជាមួយសាតាំង» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលដែលខ្ញុំចងចាំបទគម្ពីរចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ ខ្ញុំបានយល់យ៉ាងច្បាស់ថា ពេលដែលត្រូវបានវាស់វែងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធម្មជាតិ និងនិស្ស័យរបស់ហាន ប៊ីង ពិតជាធម្មជាតិ និងនិស្ស័យរបស់មនុស្សទុច្ចរិតមែន។ អ្នកដឹកនាំ និងសហការីនៅឯពួកជំនុំបានវិភាគមើលឥរិយាបថរបស់នាងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបាននិយាយថា ទោះបើនាងអាចធ្វើការបូជា និងលះបង់ខ្លួនឯង ហើយអាចរងទុក្ខលំបាកនៅក្នុងភារកិច្ចរបស់នាងក៏ដោយ ក៏នាងក្រអឺតក្រទម មិនទទួលយកសេចក្តីពិតសោះឡើយ នាងធ្វើតាមអំពើចិត្ត និងធ្វេសប្រហែស បានរាំងស្ទះដល់ជីវិតនៃពួកជំនុំ និងបដិសេធមិនព្រមកែប្រែកំហុសរបស់ខ្លួនទេ ទោះមានគេប្រាប់ក៏ដោយ។ ការនេះធ្វើឱ្យនាងទៅជាមនុស្សទុច្ចរិត។ យោងទៅតាមបញ្ញត្តិនៃការចាត់ចែងការងារនៃដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះត្រូវតែបណ្ដេញចេញ។ ក្រោយបានឮបងប្អូនប្រុសស្រីជាច្រើននាក់និយាយថា នាងគួរតែត្រូវបានបណ្ដេញចេញពីពួកជំនុំ ខ្ញុំមានអារម្មណ៍ពិបាកសម្រេចចិត្តជាខ្លាំង៖ បើមើលទៅកាន់ឥរិយាបថរបស់នាង ខ្ញុំអាចឃើញថា នាងពិតជាមនុស្សទុច្ចរិត ហើយគួរតែត្រូវបានបណ្ដេញចេញមែន ប៉ុន្តែនាងជាប្អូនស្រីរបស់ប្រពន្ធខ្ញុំ ហើយឪពុកម្ដាយក្មេកខ្ញុំបានប្រព្រឹត្តចំពោះខ្ញុំ និងមើលថែគ្រួសារខ្ញុំបានយ៉ាងល្អ។ បើពួកគាត់ដឹងថា ខ្ញុំបានបោះឆ្នោតបណ្ដេញ ហាន ប៊ីង ចេញ តើពួកគាត់នឹងមិនគិតថា ខ្ញុំជាមនុស្សគ្មានមេត្តា រមិលគុណ និងអកតញ្ញូចំពោះគ្រួសារទេឬ? តើខ្ញុំអាចប្រឈមមុខនឹងសាច់ថ្លៃរបស់ខ្ញុំម្ដេចកើតទៅ ក្រោយធ្វើរឿងបែបនេះ? តែក្នុងនាមជាអ្នកដឹកនាំពួកជំនុំ បើខ្ញុំមិនធ្វើតាមគោលការណ៍ ទាំងដឹងថានៅក្នុងពួកជំនុំមានមនុស្សទុច្ចរិត តែមិនបណ្ដេញនាងចេញ ហើយអនុញ្ញាតឲ្យមនុស្សទុច្ចរិតនេះបន្តរាំងស្ទះដល់ជីវិតនៃពួកជំនុំ និងផ្ដល់ទុក្ខទោសដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទៀត តើវានឹងមិនធ្វើឲ្យខ្ញុំក្លាយជាជនសមគំនិតជាមួយមនុស្សទុច្ចរិត និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ទេឬអី? ខ្ញុំខ្លាចមិនហ៊ានគិតលើសពីនេះទេ។ ពេលនោះ ខ្ញុំពិតជាពិបាកសម្រេចចិត្តជាខ្លាំង។ ខ្ញុំមិនដឹងជាត្រូវធ្វើអ្វីឡើយ។ បងស្រី ស៊ូ បានឃើញថា ខ្ញុំពិបាកចិត្ត ហើយបាននិយាយមកកាន់ខ្ញុំថា «ប្អូន យ៉ាង អើយ ហាន ប៊ីងបានរាំងស្ទះដល់ជីវិតនៃពួកជំនុំម្ដងហើយម្ដងទៀត ហើយនាងមិនបង្ហាញអំពីសញ្ញានៃការប្រែចិត្តសូម្បីតែបន្ដិចសោះឡើយ។ ដោយផ្អែកតាមគោលការណ៍ នាងគួរតែត្រូវបានបណ្ដេញចេញពីពួកជំនុំ។ នេះគឺជាការការពារកិច្ចការនៃពួកជំនុំ។ នោះគឺជារឿងដែលសំខាន់បំផុត! យើងត្រូវតែពិចារណាលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមិនត្រូវប្រព្រឹត្តតាមអារម្មណ៍ផ្ទាល់ខ្លួនឡើយ។» ក្រោយបានស្ដាប់នាងនិយាយរួច ខ្ញុំមានអារម្មណ៍កាន់តែពិបាកចិត្តថែមទៀត។

បន្ដិចក្រោយមក មានបងប្អូនប្រុសស្រីមួយចំនួនបានផ្ដល់ដំបូន្មានថា «ហាន ប៊ីង បានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ បានបោះបង់គ្រួសារ និងអាជីពរបស់នាង ដើម្បីបំពេញភារកិច្ចរបស់ខ្លួន និងបានរងទុក្ខជាច្រើនផង។ យើងគិតថា នាងគួរតែទទួលបានឱកាសម្ដងទៀត ដើម្បីប្រែចិត្ត។» ពេលដែលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំបានដឹងយ៉ាងច្បាស់ថា បងប្អូនប្រុសស្រីទាំងនេះនិយាយបែបនេះ ដោយសារតែពួកគេត្រូវបានចាញ់បញ្ឆោត ដោយរូបរាងខាងក្រៅនៃការប្រព្រឹត្តល្អរបស់ ហាន ប៊ីង ប៉ុណ្ណោះ និងដឹងទៀតថា ខ្ញុំគួរតែប្រកបគ្នាអំពីសេចក្តីពិតជាមួយពួកគេ ដើម្បីវិភាគមើលឥរិយាបថរបស់ ហាន ប៊ីង ដូច្នេះ ពួកគេអាចឈ្វេងយល់ពីធម្មជាតិ និងនិស្ស័យរបស់នាង។ តែក្រោយមក ខ្ញុំបានគិតថា ហាន ប៊ីង គឺជាកូនស្រីសំណព្វរបស់ឪពុកម្ដាយក្មេកខ្ញុំ ម្ដាយក្មេកខ្ញុំមានជំនឿច្របូកច្របល់លើព្រះជាម្ចាស់ ហើយក៏គ្មានការឈ្វេងយល់ផងដែរ ឯប្រពន្ធខ្ញុំវិញក៏រំជួលចិត្តខ្លាំងទៀត។ បើខ្ញុំសម្រេចបណ្ដេញ ហាន ប៊ីង ចេញ ហើយលាតត្រដាង និងវិភាគមើលពីឥរិយាបថអាក្រក់របស់នាងទៅកាន់បងប្អូនប្រុសស្រីរបស់ខ្ញុំ តើខ្ញុំមិនមែនកំពុងប្រមាថចំៗទៅលើក្រុមគ្រួសារខាងប្រពន្ធខ្ញុំទាំងមូលទេឬ? បើខ្ញុំនិយាយពាក្យល្អៗពីរបីម៉ាត់អំពី ហាន ប៊ីង នៅមុខបងប្អូនប្រុសស្រី ហើយក្រោយមក ប្រកបគ្នាជាមួយនាង ដើម្បីសុំឲ្យនាងប្រែចិត្ត និងមិនបង្កឲ្យមានការរំខានបន្ថែមទៀត នោះជាឱកាសមួយដែលនាងមិនត្រូវបានបណ្ដេញចេញពីពួកជំនុំឡើយ ហើយបែបនេះ ខ្ញុំក៏នឹងមិនប្រមាថដល់គ្រួសារខាងប្រពន្ធខ្ញុំដែរ។ គំនិតនេះបានជួយកាត់បន្ថយអារម្មណ៍ខ្វល់ខ្វាយមួយចំនួនដែលខ្ញុំមាន ដូច្នេះ ខ្ញុំបាននិយាយទៅកាន់បងប្អូនប្រុសស្រីថា «ហាន ប៊ីង ពិតជាបានធ្វើទង្វើអាក្រក់ និងប្រព្រឹត្តសេចក្តីរំលងមែន តែវាជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្សទៅកាន់កម្រិតដ៏ខ្ពស់បំផុតវិញទេ ដូច្នេះ យើងគួរតែផ្ដល់ឱកាសម្ដងទៀតដល់នាង ដើម្បីប្រែចិត្ត។ បើនាងប្រព្រឹត្តអាក្រក់ម្ដងទៀត នោះវាក៏មិនទាន់យឺតពេលក្នុងការបណ្ដេញនាងចេញដែរ ហើយយើងអាចជួយឲ្យនាងទទួលយកយ៉ាងអស់ពីចិត្ត។» ពេលដែលបងស្រី ស៊ូ បានឮខ្ញុំនិយាយពាក្យសម្ដីបែបបិទបាំងទាំងនេះ គាត់ហាក់ដូចជាចង់និយាយអ្វីម្យ៉ាង តែចុងបញ្ចប់ គាត់បាននៅស្ងៀម។ ហើយក៏គ្មានអ្នកផ្សេងនិយាយអ្វីនោះដែរ ហើយខ្ញុំមានអារម្មណ៍ថា ភាពតានតឹងខ្លះដែលខ្ញុំមាននៅក្នុងចិត្ត ប្រែជាធូរស្រាលវិញ។ ខ្ញុំបានរិះគិតថា នៅទីបំផុត ខ្ញុំមិនបាច់ព្រួយបារម្ភតទៅទៀតឡើយអំពីការប្រមាថដល់ឪពុកម្ដាយក្មេករបស់ខ្ញុំ។ ប៉ុន្តែ ពីរថ្ងៃក្រោយមក ខ្ញុំស្រាប់តែមានដំបៅក្នុងមាត់ រហូតដល់បីកន្លែង។ មាត់ខ្ញុំមានអារម្មណ៍ក្ដៅក្រហាយយ៉ាងខ្លាំង។ ពេលខ្លះ វាឈឺចាប់ខ្លាំងពេក រហូតដល់ខ្ញុំមិនអាចនិយាយ ឬញ៉ាំអ្វីបានឡើយ ហើយវាឈឺចាប់យ៉ាងខ្លាំង រហូតដល់ខ្ញុំគេងមិនលក់នៅពេលយប់ទៀតផង។ ក្នុងពេលកំពុងតែឈឺចាប់នោះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា ដំបៅដ៏ឈឺចាប់នៅក្នុងមាត់ និងអណ្ដាតរបស់ទូលបង្គំទាំងនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ នេះជាការវាយផ្ចាល និងការប្រៀនប្រដៅរបស់ទ្រង់ចំពោះទូលបង្គំ។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំសូមប្រែចិត្តចំពោះទ្រង់ហើយ។»

ក្រោយមក ក្នុងអំឡុងពេលនៃការចំណាយពេលជាមួយព្រះ ខ្ញុំបានឃើញបទគម្ពីរនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សដែលជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ តែងតែមានទ្រង់នៅក្នុងដួងចិត្តរបស់ខ្លួនជានិច្ច ហើយពួកគេតែងតែផ្ទុកនៅក្នុងខ្លួនគេនូវដួងចិត្តដែលគោរពដល់ព្រះជាម្ចាស់ និងដួងចិត្តដែលស្រឡាញ់ដល់ព្រះជាម្ចាស់។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ គប្បីធ្វើអ្វីៗដោយប្រយ័ត្នប្រយែង និងដោយប្រុងប្រយ័ត្ន ហើយគ្រប់អ្វីដែលពួកគេធ្វើ គប្បីស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចផ្គាប់ព្រះហឫទ័យរបស់ទ្រង់បាន។ ពួកគេមិនគប្បីរឹងចចេស និងធ្វើអ្វីដែលពួកគេពេញចិត្ត ដែលមិនសមនឹងបែបបទរបស់ពួកបរិសុទ្ធឡើយ។ មនុស្សមិនត្រូវប្រព្រឹត្តអ្វីដែលមិនសមរម្យ លើកព្រះនាមព្រះជាម្ចាស់គ្រប់ទីកន្លែងដោយភាពក្រអឺតក្រទម និងបោកប្រាស់គ្រប់ទីកន្លែងនោះឡើយ។ នេះគឺជាប្រភេទនៃការប្រព្រឹត្ដិដែលបះបោរខ្លាំងបំផុត។ គ្រួសារមានច្បាប់ទម្លាប់របស់ខ្លួន ហើយប្រជាជាតិនានាមានច្បាប់របស់ខ្លួន ហើយតើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនមានច្បាប់ទម្លាប់ច្រើនជាងនេះទេឬអី? តើបទដ្ឋានទាំងនោះមិនតឹងរ៉ឹងជាងនេះទេឬអី? តើមិនមានបញ្ញត្ដិរដ្ឋបាលច្រើនជាងនេះទេឬអី? មនុស្សមានសេរីភាពធ្វើអ្វីដែលពួកគេចង់ធ្វើ ប៉ុន្តែបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់មិនអាចធ្វើការផ្លាស់ប្តូរតាមតែចិត្តនោះឡើយ។ ព្រះជាម្ចាស់គឺជាព្រះដែលមិនអត់ឱនចំពោះការប្រព្រឹត្តិខុសរបស់មនុស្សឡើយ ទ្រង់គឺជាព្រះជាម្ចាស់ដែលប្រហារជីវិតមនុស្ស។ តើមនុស្សពិតជាមិនបានដឹងពីរឿងនេះហើយទេឬ?» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំញ័រខ្លាចយ៉ាងខ្លាំង។ ខ្ញុំបានឃើញថា និស្ស័យរបស់ទ្រង់បរិសុទ្ធ សុចរិត និងមិនអាចបំពានបានទេ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ព្រះគ្រីស្ទ និងសេចក្តីពិតជាអ្នកកាន់អំណាច។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះមនុស្សទុច្ចរិត ដែលរាំងស្ទះ និងរំខានដល់កិច្ចការនៃពួកជំនុំ គឺជាការស្អប់ និងការខ្ពើម។ ហើយចំពោះអស់អ្នកដែលមានការឈ្វេងយល់ តែបន្តកាន់ជើងពួកមនុស្សទុច្ចរិត ហើយនិយាយការពារពួកគេ នោះអាកប្បកិរិយារបស់ព្រះជាម្ចាស់គឺជាស្អប់ខ្ពើម និងមានសេចក្តីក្រោធយ៉ាងខ្លាំងតែម្ដង។ ហាន ប៊ីង ដែលមិនព្រមអនុវត្តតាមសេចក្តីពិត ដែលបង្ករឿង និងការឈ្លោះទាស់ទែង និងដែលបានរាំងស្ទះ និងរំខានដល់កិច្ចការនៃពួកជំនុំ ពិតជាមនុស្សទុច្ចរិត ដែលត្រូវបានបើកសម្ដែងដោយកិច្ចការរបស់ព្រះជាម្ចាស់ និងជាម្នាក់ដែលគួរតែត្រូវបានបណ្ដេញយ៉ាងប្រាកដមែន។ ប៉ុន្តែ ដើម្បីការពារទំនាក់ទំនងរបស់ខ្ញុំជាមួយគ្រួសារខាងប្រពន្ធខ្ញុំ ខ្ញុំបានធ្វើផ្ទុយពីមនសិការ ដោយក្បត់គោលការណ៍នៃសេចក្តីពិតទៅវិញ។ ខ្ញុំបានគ្របបាំងមនុស្សទុច្ចរិត។ ខ្ញុំបានឈរនៅខាងមនុស្សទុច្ចរិត ហើយប្រព្រឹត្ត ដើម្បីការពារនាងទៀត។ តើការនេះមិនធ្វើឲ្យខ្ញុំក្លាយជាអ្នកជួយ និងជាជនសមគំនិតជាមួយមនុស្សទុច្ចរិតទេឬ? ព្រះជាម្ចាស់បានលើកកិត្តិយសខ្ញុំ ដោយប្រទានឲ្យខ្ញុំមានភារកិច្ចជាថ្នាក់ដឹកនាំម្នាក់ ប៉ុន្តែខ្ញុំមិនបានគោរពចំពោះទ្រង់ទាល់តែសោះ។ ខ្ញុំយល់យ៉ាងច្បាស់អំពីសេចក្តីពិត តែបែរជាមិនអនុវត្តតាមសេចក្តីពិត ផ្ទុយទៅវិញ បែរជាចូលរួមក្នុងការបោកបញ្ឆោត ដើម្បីរក្សាទុកមនុស្សទុច្ចរិតនៅក្នុងពួកជំនុំ ជាទីដែលនាងបានរាំងស្ទះដល់ជីវិតនៃពួកជំនុំ និងបានបង្កទុក្ខទោសដល់បងប្អូនប្រុសស្រីរបស់ខ្ញុំទៅវិញ។ ខ្ញុំកំពុងមានចេតនាបំពាននិស្ស័យរបស់ព្រះជាម្ចាស់ទាំងដឹងខ្លួនហើយ! សកម្មភាពរបស់ខ្ញុំអាចបោកបញ្ឆោតអ្នកដទៃបានមែន ប៉ុន្តែវាមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានទេ។ ព្រះជាម្ចាស់ទតឃើញអ្វីដែលមាននៅក្នុងដួងចិត្តរបស់យើង។ តើទ្រង់អាចអត់ទ្រាំនឹងបុគ្គលបែបខ្ញុំ ដែលបានប្រព្រឹត្តកិច្ចការធ្វេសប្រហែសតាមអំពើចិត្តបែបនេះយ៉ាងដូចម្ដេចទៅ? ខ្ញុំបានប្រព្រឹត្តសេចក្តីរំលងរួចហើយ ហើយខ្ញុំបានដឹងថា បើខ្ញុំមិនប្រែចិត្តទេ នោះព្រះជាម្ចាស់នឹងលុបបំបាត់ខ្ញុំមិនខាន។ ដូច្នេះ ខ្ញុំក៏ប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីប្រែចិត្ត។ ក្រោយបានពិភាក្សារឿងនេះជាមួយសហការីជាច្រើននាក់របស់ខ្ញុំរួចមក យើងបានចងក្រងនូវបញ្ជីនៃទង្វើអាក្រក់របស់ ហាន ប៊ីង ហើយបានដាក់សំណើ ដើម្បីបណ្ដេញនាងចេញពីពួកជំនុំ។ ក្រោយពេលខ្ញុំបានតាំងចិត្តត្រលប់ទៅដើរតាមទិសដៅរបស់ព្រះជាម្ចាស់វិញ ដំបៅនៅក្នុងមាត់ខ្ញុំបានជាសះស្បើយយ៉ាងអស្ចារ្យ។

ពីរថ្ងៃក្រោយមក ខ្ញុំបានទៅផ្ទះម្ដាយក្មេកខ្ញុំ ដើម្បីធ្វើរឿងអ្វីម្យ៉ាង ហើយ ហាន ប៊ីង ក៏នៅទីនោះដែរ។ ពេលនាងបានឃើញខ្ញុំ នាងធ្វើមុខក្រញូវ ហើយដើរចេញបាត់ទៅ។ ម្ដាយក្មេកខ្ញុំបាននិយាយមកកាន់ខ្ញុំទាំងកំហឹងថា «ប្អូនថ្លៃឯងបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយក៏បានរងទុក្ខយ៉ាងច្រើននៅក្នុងការផ្សាយដំណឹងល្អដែរ។ តើនរណាខ្លះទៅដែលគ្មាននិស្ស័យពុករលួយនោះ? បើពួកជំនុំបណ្ដេញនាងចេញ តើនាងនឹងមិនបាត់បង់ឱកាសក្នុងការទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ទេឬ? ឯងមិនអាចគ្មានមេត្តាចំពោះនាងបែបនេះទេ!» ប្រពន្ធខ្ញុំក៏បានលូកមាត់និយាយជំនួសឲ្យ ហាន ប៊ីង ផងដែរ។ ដោយឃើញពួកគេរំជួលចិត្តបែបនោះ និងឃើញថា ពួកគេមិនសូវជាឈ្វេងយល់បានច្រើនអំពី ហាន ប៊ីង ខ្ញុំបានប្រកបគ្នាជាមួយពួកគេអំពីឥរិយាបថអាក្រក់របស់នាង។ ប៉ុន្តែ ម្ដាយក្មេកខ្ញុំមិនស្ដាប់ខ្ញុំឡើយ។ ផ្ទុយទៅវិញ គាត់បានស្រែកទាំងគំហកដាក់ខ្ញុំ ទាំងហូរទឹកភ្នែកផង។ ដោយឃើញកំហឹងរបស់គាត់ ប្រពន្ធខ្ញុំដែលឈរនៅក្បែរនោះ ក៏ស្ដីបន្ទោសខ្ញុំដែរ។ ដោយឃើញបែបនេះ ខ្ញុំមានអារម្មណ៍ទន់ជ្រាយ និងកើតទុក្ខជាខ្លាំង រហូតដល់ខ្ញុំមិនអាចញ៉ាំអ្វីបានឡើយ។ យប់នោះ ខ្ញុំបានប្រែខ្លួនចុះឡើងនៅលើគ្រែ គេងមិនលក់សោះ ទោះបីខ្ញុំព្យាយាមបែបណាក៏ដោយ។ ម្យ៉ាង ខ្ញុំត្រូវតែបណ្ដេញមនុស្សទុច្ចរិត ដើម្បីការពារដល់កិច្ចការរបស់ពួកជំនុំ តែម្យ៉ាងទៀត ខ្ញុំត្រូវរងការចោទប្រកាន់ពីប្រពន្ធ និងម្ដាយក្មេកខ្ញុំ។ តើខ្ញុំត្រូវធ្វើបែបណាទៅ? បើខ្ញុំបានបណ្ដេញប្អូនថ្លៃខ្ញុំចេញ ខ្ញុំនឹងប្រមាថក្រុមគ្រួសារម្ដាយក្មេកខ្ញុំ ដែលអាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់ខ្ញុំជាមួយប្រពន្ធខ្ញុំ ហើយអាចនាំទៅរកការបែកបាក់គ្រួសារខ្ញុំទៀតផង។ ប៉ុន្តែ ការបណ្ដោយឲ្យមនុស្សទុច្ចរិតនេះបន្តនៅក្នុងពួកជំនុំ អាចបង្កគ្រោះថ្នាក់ដល់ជីវិតនៃពួកជំនុំ និងបង្កទុក្ខទោសដល់ជីវិតរបស់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ ដោយគិតអំពីការទាំងអស់នេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងពិបាកសម្រេចខ្លាំងណាស់។ ខ្ញុំមានតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្តថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍ខ្សោយណាស់។ ទាក់ទងនឹងការបណ្ដេញ ហាន ប៊ីង ចេញ ទូលបង្គំមិនចង់បំពានទ្រង់នោះទេ តែទូលបង្គំក៏មានអារម្មណ៍ជំពាក់ជំពិន ហើយពិបាកអនុវត្តតាមសេចក្តីពិតផងដែរ។ សូមទ្រង់ប្រទានកម្លាំងដល់ទូលបង្គំ និងចង្អុលបង្ហាញទូលបង្គំឲ្យយកឈ្នះលើកម្លាំងនៃសេចក្តីងងឹត ដើម្បីឲ្យទូលបង្គំអាចឈររឹងមាំ និងធ្វើបន្ទាល់សម្រាប់ទ្រង់ផង។»

ក្រោយពេលខ្ញុំបានអធិស្ឋានរួច ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថែមទៀត៖ «នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឲ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាអំពើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបានបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នករឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងបង្ហាញពីសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឲ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ចាក់បំពេញទៅក្នុងខ្លួនឯងបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ជាងគេបំផុតនេះហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំមែនទេ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះ ហើយគិតអំពីសំណួរទាំងនេះឲ្យបានញឹកញាប់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គ្រប់ទាំងសំណួរស្ដីបន្ទោសចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចាក់ដោតដួងចិត្តរបស់ខ្ញុំ។ នៅក្នុងព្រះបន្ទូលទាំងនេះ ខ្ញុំដឹងអំពីបំណងព្រះហឫទ័យ និងសេចក្តីតម្រូវយ៉ាងបន្ទាន់របស់ទ្រង់។ ព្រះជាម្ចាស់សង្ឃឹមថា ខ្ញុំនឹងដោះស្រាយកិច្ចការនៃការបណ្ដេញមនុស្សទុច្ចរិតចេញ ដោយមិនអាងលើអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ និងថា ខ្ញុំនឹងឈរដោយឥតងាករេនៅខាងព្រះជាម្ចាស់ ហើយអនុវត្តតាមសេចក្តីពិត ដើម្បីផ្គាប់បំណងព្រះហឫទ័យរបស់ទ្រង់។ ខ្ញុំបានគិតដល់យ៉ូប ក្នុងពេលដែលគាត់ជួបការល្បងល និងរបៀបដែលពីសំបកក្រៅ ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានដកហូត កូនៗរបស់គាត់បានស្លាប់ អ្នកបម្រើរបស់គាត់ត្រូវបានសម្លាប់ ហើយប្រពន្ធ និងមិត្តភក្តិបីនាក់របស់គាត់បានវាយប្រហារគាត់ ដោយនៅពីក្រោយព្រឹត្តិការណ៍ទាំងអស់នេះគឺជាការភ្នាល់គ្នារបស់សាតាំងជាមួយព្រះជាម្ចាស់។ ការទាំងអស់នោះគឺជាសេចក្តីល្បួងរបស់សាតាំង ដែលកំពុងកើតមានលើយ៉ូប។ យ៉ូបអាចឈរនៅខាងព្រះជាម្ចាស់បាន ដោយសារតែសេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់។ គាត់បានធ្វើឲ្យសាតាំងរងភាពអាម៉ាស់ និងបរាជ័យទាំងស្រុង ហើយគាត់បានធ្វើទីបន្ទាល់ដ៏រឹងមាំ និងកងរំពងសម្រាប់ព្រះជាម្ចាស់។ ពីខាងក្រៅ អ្វីដែលខ្ញុំហាក់ដូចជារងសម្ពាធពីសំណាក់ម្ដាយក្មេករបស់ខ្ញុំ តាមពិតទៅ ជាសមរភូមិមួយនៅក្នុងពិភពខាងវិញ្ញាណទៅវិញទេ។ វាជាកលល្បិចរបស់សាតាំង ដោយព្យាយាមបញ្ឈប់ខ្ញុំមិនឲ្យអនុវត្តតាមសេចក្តីពិត ដោយប្រើប្រាស់ចំណងអារម្មណ៍របស់ខ្ញុំ ដូច្នេះ មនុស្សទុច្ចរិតអាចបន្តនៅរាំងស្ទះដល់កិច្ចការនៃពួកជំនុំ។ ប៉ុន្តែ ព្រះជាម្ចាស់ក៏កំពុងតែប្រើប្រាស់រឿងនេះ ដើម្បីល្បងលខ្ញុំផងដែរ ដើម្បីចង់ដឹងថាតើខ្ញុំនឹងចុះចូលចំពោះសាតាំង ដោយសារតែការបង្ខិតបង្ខំពីប្រពន្ធ និងម្ដាយក្មេករបស់ខ្ញុំ ឬមួយក៏ខ្ញុំនឹងប្រកាន់ខ្ជាប់សេចក្ដីសុចរិត អនុវត្តតាមសេចក្តីពិត និងប្រព្រឹត្តតាមគោលការណ៍ឬយ៉ាងណា។ បើខ្ញុំជ្រើសរើសផ្គាប់ចិត្តសាច់ឈាមរបស់ខ្ញុំ ហើយឈរនៅខាងសាតាំង តើនេះមិនមានន័យថា ខ្ញុំបានធ្លាក់ទៅក្នុងកលល្បិចរបស់សាតាំងទេឬ? បើខ្ញុំធ្វើបែបនេះ ខ្ញុំនឹងបាត់បង់ទីបន្ទាល់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់មិនខាន។

ពេលដែលខ្ញុំបានគិតដល់រឿងទាំងអស់នេះ ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងទៅលើខ្លួនឯងថា៖ ជានិច្ចកាល ក្នុងពេលជួបជម្រើសបែបនេះ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ពិបាកសម្រេចចិត្ត និងកើតទុក្ខខ្លាំងម្ល៉េះ? ខ្ញុំបានយល់យ៉ាងច្បាស់អំពីតម្រូវការដែលត្រូវការពារដល់កិច្ចការនៃពួកជំនុំ ប៉ុន្តែហេតុអ្វីបានជាខ្ញុំបន្តធ្វើតាមអារម្មណ៍របស់ខ្ញុំ និងពិបាកអនុវត្តតាមសេចក្តីពិត និងប្រព្រឹត្តតាមគោលការណ៍បែបនេះ? ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរកឃើញនូវឫសគល់នៃបញ្ហា៖ «មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឲ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំង របៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឲ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឲ្យសាច់ឈាមខូចអាក្រក់នៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ» («ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ខ្ញុំកំពុងតែរស់នៅតាមអារម្មណ៍របស់ខ្លួន មិនអាចអនុវត្តតាមសេចក្តីពិតនៅក្នុងសភាពនៃការបះបោរចំពោះព្រះជាម្ចាស់ ដោយសារតែសាតាំងបានធ្វើឲ្យខ្ញុំពុករលួយ។ សាតាំង ដែលជាស្ដេចនៃពួកអារក្ស បានប្រើប្រាស់ការប្រៀនប្រដៅខាងសង្គម និងការអប់រំរបស់ខ្ញុំនៅសាលា ដើម្បីដាំនូវទស្សនវិជ្ជាបែបសាតាំង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» និង «មនុស្សមិនមែនជាវត្ថុគ្មានជីវិតនោះទេ តើគេមិនអាចមានមនោសញ្ចេតនា យ៉ាងដូចម្ដេចទៅ?» នៅខាងក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំចាត់ទុកអារម្មណ៍ដែលខ្ញុំមានចំពោះអ្នកដទៃ ជារឿងដ៏សំខាន់បំផុតនៅក្នុងជីវិត ធ្វើឲ្យខ្ញុំគិតថា ការការពារទំនាក់ទំនង និងការចេះយល់ពីអារម្មណ៍របស់អ្នកដទៃ គឺជារបៀបដែលមនុស្សត្រូវធ្វើ និងធ្វើឲ្យខ្ញុំជឿថា ការមិនធ្វើបែបនេះគឺជារឿងគ្មានមេត្តា និងគ្មានជំនឿ ហើយជឿថា ខ្ញុំនឹងត្រូវអ្នកដទៃស្ដីបន្ទោសសម្រាប់ទង្វើបែបនោះមិនខាន។ ខ្ញុំបានចាត់ទុកទស្សនវិជ្ជាបែបសាតាំងទាំងនេះជារឿងវិជ្ជមាន និងចាត់ទុកទស្សនៈទាំងនោះជាគោលការណ៍ដែលត្រូវរស់នៅតាម ហើយដោយរស់នៅជីវិតរបស់ខ្ញុំស្របតាមទស្សនវិជ្ជា និងច្បាប់ទម្លាប់បែបសាតាំងទាំងនេះ ខ្ញុំក្លាយជាមនុស្សគ្មានគោលការណ៍ និងច្របូកច្របល់អំពីអ្វីដែលត្រូវ និងអ្វីដែលខុស ដោយអាត្មានិយម គួរឲ្យស្អប់ខ្ពើម មានកលល្បិច និងបោកបញ្ឆោតទាំងស្រុងតែម្ដង។ នៅក្នុងរឿងនៃការបណ្ដេញ ហាន ប៊ីង ចេញ ខ្ញុំខ្លាចថា សាច់ញាតិខ្ញុំនឹងនិយាយថា ខ្ញុំអកតញ្ញូ ហើយវានឹងធ្វើឲ្យគ្រួសារខ្ញុំបាក់បែក។ ការនេះធ្វើឲ្យខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះកិច្ចការនៃពួកជំនុំ និងជីវិតរបស់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមណាស់។ ដោយការប្រព្រឹត្តបែបនេះ ខ្ញុំពិតជាអកតញ្ញូ និងគ្មានចិត្តទាល់តែសោះ។ ហេតុផលដែលនាំឲ្យសង្គមរបស់យើងខ្មៅងងឹត និងអាក្រក់ និងហេតុផលដែលវាគ្មានភាពត្រឹមត្រូវ ឬយុត្តិធម៌នោះគឺថា មនុស្សរស់នៅជីវិតរបស់គេស្របតាមទស្សនវិជ្ជា និងច្បាប់ទម្លាប់បែបសាតាំងនេះហើយ។ មនុស្សខ្វល់តែពីទំនាក់ទំនងផ្លូវអារម្មណ៍ខាងសាច់ឈាមប៉ុណ្ណោះ។ ពួកគេនិយាយគាំទ្រអ្នកណាដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធបំផុត។ សូម្បីតែពេលដែលមនុស្សទាំងនេះធ្វើអ្វីមួយខុសច្បាប់ ឬប្រព្រឹត្តបទឧក្រិដ្ឋក៏ដោយ ក៏ពួកគេគិតរកវិធីណា ដើម្បីការពារ និងជួយដល់ពួកគេ ហើយធ្វើឲ្យខុសក្លាយជាត្រូវ ដោយព្យាយាមនិយាយការពារពួកគេដែរ។ មានតែបែបនេះទេ ទើបខ្ញុំបានឃើញយ៉ាងច្បាស់ថា ទស្សនវិជ្ជា និងច្បាប់ទម្លាប់បែបសាតាំងទាំងនេះ មើលទៅវាហាក់ដូចជាសមហេតុផល មានសីលធម៌ និងស្របតាមសញ្ញាណរបស់មនុស្ស ប៉ុន្តែតាមពិតទៅ វាជាសេចក្តីខុសឆ្គងមិនសមហេតុផល ដែលសាតាំងប្រើ ដើម្បីបោកបញ្ឆោត និងធ្វើឲ្យមនុស្សពុករលួយវិញទេ។ វាផ្ទុយទៅនឹងសេចក្តីពិត និងប្រឆាំងព្រះជាម្ចាស់។ ពេលដែលយើងរស់នៅតាមសេចក្តីទាំងនេះ យើងមានតែបះបោរ និងប្រឆាំងព្រះជាម្ចាស់ ធ្វើទុក្ខដល់អ្នកដទៃ ហើយរស់នៅតាមធម្មជាតិរបស់ពួកអារក្សប៉ុណ្ណោះ។ កាលពីមុន ខ្ញុំបានរស់នៅស្របតាមទស្សនវិជ្ជា និងច្បាប់ទម្លាប់បែបសាតាំងទាំងនេះ ដោយការពារមនុស្សទុច្ចរិត ហើយមានចំណែកនៅក្នុងការធ្វើអាក្រក់របស់នាងផងដែរ។ ប៉ុន្តែ ព្រះជាម្ចាស់មិនបានយកសេចក្តីរំលងពីអតីតកាលរបស់ខ្ញុំមកទាស់ប្រឆាំងនឹងខ្ញុំឡើយ ហើយទ្រង់នៅតែប្រទានឱកាសដល់ខ្ញុំ ដើម្បីប្រែចិត្ត ដែលជារឿងមួយដែលខ្ញុំដឹងគុណចំពោះព្រះជាម្ចាស់យ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ និងបានស្បថស្បែថា៖ ព្រះជាម្ចាស់អើយ ទូលបង្គំលែងចង់ធ្វើតាមអារម្មណ៍របស់ខ្លួនទៀតហើយ។ ទូលបង្គំគ្រាន់តែចង់ស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ និងស្អប់អ្វីដែលទ្រង់ស្អប់ស្របតាមព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ដោយប្រកាន់ខ្ជាប់តាមគោលការណ៍នៃសេចក្តីពិត និងបណ្ដេញមនុស្សអាក្រក់ចេញពីពួកជំនុំឲ្យបានទាន់ពេល។

នាថ្ងៃបន្ទាប់ នៅការប្រជុំជាមួយសហការី ខ្ញុំបានឮពីសហការីថា ហាន ប៊ីង នៅតែមិនស្គាល់ខ្លួនឯង ឬបង្ហាញនូវការប្រែចិត្តដដែល ដោយបង្ករឿង បង្កឲ្យមានការខ្វែងគំនិត និងបង្កើតបក្សពួក។ ពេលដែលខ្ញុំឮបែបនេះ ខ្ញុំបានស្ដីបន្ទោសខ្លួនឯងកាន់តែខ្លាំង។ ខ្ញុំបានស្អប់ខ្លួនឯងដែលបានធ្វើតាមអារម្មណ៍របស់ខ្ញុំ និងមិនបានបណ្ដេញនាងចេញឲ្យបានទាន់ពេល ដោយបណ្ដោយឲ្យនាងរាំងស្ទះដល់ជីវិតនៃពួកជំនុំ។ ក្រោយមក ក្នុងអំឡុងនៃការប្រជុំបន្ទាប់ ខ្ញុំបានចាប់ផ្ដើមប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រកបដោយសតិសម្បជញ្ញៈ ដើម្បីវិភាគមើល និងឈ្វេងយល់ពីឥរិយាបថអាក្រក់មួយៗរបស់ ហាន ប៊ីង ហើយតាមរយៈការប្រកបគ្នា បងប្អូនប្រុសស្រីដែលត្រូវបាននាងបោកបញ្ឆោត ក៏មានការឈ្វេងយល់ ហើយចាប់ផ្ដើមបដិសេធនាងផងដែរ។ ប្រពន្ធខ្ញុំ ដោយបានទទួលការយល់ដឹងអំពីសេចក្ដីពិត និងបានស្គាល់ពីធម្មជាតិ និងនិស្ស័យរបស់ ហាន ប៊ីង លែងប្រកែកថា នាងបានរងភាពអយុត្តិធម៌ទៀតហើយ។ ក្រោយពេល ហាន ប៊ីង ត្រូវបានបណ្ដេញចេញពីពួកជំនុំ វាលែងត្រូវបានរាំងស្ទះដោយមនុស្សទុច្ចរិតទៀតហើយ ដូច្នេះ បងប្អូនប្រុសស្រីអាចចូលរួមការប្រជុំ និងបំពេញភារកិច្ចរបស់ពួកគេតាមធម្មតាវិញ។ យើងទាំងអស់គ្នាបានសរសើរតម្កើងព្រះជាម្ចាស់សម្រាប់សេចក្តីសុចរិតរបស់ទ្រង់! ហេតុការណ៍នេះបានធ្វើឲ្យខ្ញុំមើលឃើញថា នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់ និងសេចក្តីពិតជាអ្នកកាន់អំណាច ថា គ្រប់យ៉ាងត្រូវបានដោះស្រាយស្របតាមគោលការណ៍នៃសេចក្តីពិត និងថា ពួកអ្នកមិនជឿ ពួកមនុស្សទុច្ចរិត និងពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចបន្តរក្សាខ្លួននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់នោះឡើយ។ ខ្ញុំក៏បានមានបទពិសោធដោយផ្ទាល់ផងដែរថា ការរស់នៅតាមទស្សនវិជ្ជា និងច្បាប់ទម្លាប់បែបសាតាំងមានតែនាំឲ្យយើងឈឺចាប់ប៉ុណ្ណោះ។ វាគ្មាននាំប្រយោជន៍អ្វីដល់យើង ឬដល់នរណាម្នាក់ឡើយ។ មានតែតាមរយៈការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបយើងអាចមានអារម្មណ៍សុវត្ថិភាព និងមានសន្ដិភាពយ៉ាងពិតប្រាកដ។ សព្វថ្ងៃនេះ ខ្ញុំលែងរស់នៅតាមទស្សនវិជ្ជា និងច្បាប់ទម្លាប់បែបសាតាំងទៀតហើយ និងថា ខ្ញុំបានទម្លុះទម្លាយអារម្មណ៍ជំពាក់ជំពិនរបស់ខ្ញុំ អាចអនុវត្តតាមសេចក្តីពិតមួយចំនួន និងអាចរស់នៅជាមួយសេចក្តីសុចរិតបានបន្ដិច។ សូមអរព្រះគុណដល់សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់សម្រាប់គ្រប់ការទាំងនេះ​ ហើយជាឥទ្ធិពលមួយដែលត្រូវបានសម្រេច ដោយការជំនុំជម្រះ និងការវាយផ្ចាលនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ សូមអរព្រះគុណចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា!

ខាង​ដើម៖ ៥៣. ការបន្ធូរចំណងដែលបានចង

បន្ទាប់៖ ៥៥. ការរំដោះខ្លួនពីខ្នោះនៃចំណង

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ