យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាង​ពិត​ប្រាកដ ដែលជា​ព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ និងការលុបបំបាត់មនុស្សចោល។ នេះហើយជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ សារជាតិរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង លុបបំបាត់ និងសាកល្បង​​។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឲ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រម​ទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់លេច​មក។ នៅក្នុង​ប្រវត្តិសាស្ត្រ មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយ​ផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការរបស់ទ្រង់នេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់​ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូល ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូល ដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។ នៅក្នុង​យុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើព្រះបន្ទូល ដើម្បីធ្វើ និងសម្រេចកិច្ចការរបស់ទ្រង់។ ទ្រង់មិនសម្ដែងឫទ្ធិបារមី ឬការអស្ចារ្យឡើយ ប៉ុន្តែទ្រង់គ្រាន់តែធ្វើកិច្ចការទ្រង់ តាមរយៈព្រះបន្ទូលតែប៉ុណ្ណោះ។ ដោយសារតែព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានចិញ្ចឹមបីបាច់ និងផ្គត់ផ្គង់ ព្រមទាំងទទួលបានចំណេះដឹង និងបទពិសោធន៍ដ៏ពិតផងដែរ​។ នៅក្នុងយុគសម័យនៃព្រះបន្ទូល មនុស្សបានទទួលព្រះពរយ៉ាងពិសេស។ គេលែងរងការឈឺចាប់ខាងរូបកាយទៀតហើយ គឺគេគ្រាន់តែរីករាយនឹងការផ្គត់ផ្គង់ដ៏ហូរហៀរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដោយមិនចាំបាច់ត្រូវចេញទៅស្វែងរក ឬធ្វើដំណើរទាំងងងឹតងងល់ និងលែងមានទុក្ខវេទនា គេមើលឃើញការ​លេច​មក​របស់ព្រះជាម្ចាស់ ស្ដាប់ឮទ្រង់មានបន្ទូលចេញពីព្រះឱស្ឋរបស់​ទ្រង់ផ្ទាល់ ទទួលយកអ្វីដែលទ្រង់ផ្គត់ផ្គង់ និងមើលឃើញទ្រង់ធ្វើកិច្ចការ ដោយអង្គទ្រង់ផ្ទាល់តែម្ដង។ ទាំងនេះគឺជាកិច្ចការដែលមនុស្សកាលពីអតីតកាលមិនអាចរីករាយបានឡើយ ហើយវាជាព្រះពរដែលពួកគេមិនដែលធ្លាប់បានទទួល។

ព្រះជាម្ចាស់បានតាំងព្រះទ័យប្រោសឲ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពបែបណាឡើយ គ្រប់យ៉ាងដែលទ្រង់មានបន្ទូលនោះ គឺសម្រាប់ជាប្រយោជន៍ដល់​ការ​ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ។ ព្រះបន្ទូលដែលចេញពីទិដ្ឋភាពនៃព្រះវិញ្ញាណ មនុស្សពិបាក​យល់​ណាស់ ហើយពួកគេក៏គ្មានផ្លូវក្នុងការអនុវត្តតាមដែរ ដោយសារតែសមត្ថភាពយល់ដឹងរបស់គេនៅមានកម្រិត។ កិច្ចការរបស់ព្រះជាម្ចាស់សម្រេចបានប្រសិទ្ធភាពខុសៗគ្នា ហើយក៏ជួយទៅសម្រេចជំហាននីមួយៗនៃកិច្ចការដែលទ្រង់មានសម្រាប់គោលបំណងរបស់ទ្រង់ផងដែរ។ លើសពីនេះទៅទៀត វាពិតជាសំខាន់ណាស់ដែលទ្រង់ត្រូវមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ព្រោះថាមានតែធ្វើបែបនេះទេ ទើបទ្រង់អាចប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍​។ បើទ្រង់បន្លឺព្រះសូរសៀងរបស់ទ្រង់ចេញពីទិដ្ឋភាពនៃព្រះវិញ្ញាណតែមួយ នោះវានឹងគ្មានផ្លូវដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះឡើយ។ ​ចេញពីតុងសំឡេងដែលទ្រង់មានបន្ទូល អ្នកអាចមើលឃើញអំពីការតាំងព្រះហឫ​ទ័យរបស់ទ្រង់ក្នុងការប្រោសមនុស្សមួយក្រុមនេះឲ្យបានពេញខ្នាត។ ដូច្នេះ តើអ្វីទៅគួរតែជាជំហានដំបូងសម្រាប់មនុស្សម្នាក់ៗដែលចង់ឲ្យទ្រង់ប្រោសឲ្យបានគ្រប់លក្ខណ៍? អ្វីដែលសំខាន់បំផុតគឺថា អ្នកត្រូវដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានប្រើវិធីសាស្ត្រមួយថ្មីនៅក្នុងកិច្ចការរបស់ទ្រង់។ ដោយសារតែយុគសម័យបានផ្លាស់ប្ដូរ ដូច្នេះ របៀបដែលព្រះជាម្ចាស់ធ្វើការក៏ត្រូវផ្លាស់ប្ដូរ ហើយវិធីសាស្ត្រដែលទ្រង់មានបន្ទូល ក៏មានលក្ខណៈខុសពីមុនផងដែរ​។ សព្វថ្ងៃនេះ មិនត្រឹមតែវិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់បានផ្លាស់ប្ដូរប៉ុណ្ណោះទេ ប៉ុន្តែ យុគសម័យក៏បានផ្លាស់ប្ដូរផងដែរ។ ឥឡូវនេះគឺជាយុគសម័យនៃនគរព្រះ ហើយវាក៏ជាយុគសម័យរបស់ព្រះជាម្ចាស់ដ៏ជាសេចក្តីស្រឡាញ់ផងដែរ។ វាជាគំរូនៃយុគសម័យរាជ្យមួយពាន់ឆ្នាំ ដែលជាយុគសម័យនៃព្រះបន្ទូល ហើយនៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់នឹងមានបន្ទូលទៅតាមមធ្យោបាយជាច្រើន ដើម្បីប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ ហើយទ្រង់ក៏មានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដើម្បីផ្គត់ផ្គង់ដល់មនុស្សផងដែរ។ ពេលចូលទៅក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះជាម្ចាស់នឹងចាប់ផ្ដើមប្រើព្រះបន្ទូល ដើម្បីប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ អនុញ្ញាតឲ្យមនុស្សចូលទៅក្នុងតថភាពជីវិត និងដឹកនាំមនុស្សឲ្យដើរតាមផ្លូវដ៏ត្រឹមត្រូវ​។ តាមរយៈការដកពិសោធន៍ចេញពីជំហានជាច្រើននៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សបានមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិននៅតែដដែលនោះឡើយ ប៉ុន្តែ វាកំពុងតែវិវឌ្ឍទៅមុខ និងកាន់តែស៊ីជម្រៅឥតស្រាកស្រាន្តឡើយ។ ក្រោយពេលមនុស្សបានដកពិសោធន៍អស់ពេលយ៉ាងយូរមក កិច្ចការបានផ្លាស់ប្ដូរវិលវល់ដដែលៗ ម្ដងហើយម្ដងទៀត។ ទោះបីផ្លាស់ប្ដូរជាច្រើនយ៉ាងណាក៏ដោយ ក៏វាមិនដែលឃ្លាតចេញពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិដែរ។ ទោះត្រូវឆ្លងកាត់ការផ្លាស់ប្ដូររាប់ម៉ឺនដងក៏ដោយ ក៏វាមិនដែលបែរចេញពីគោលបំណងដើមរបស់វាដែរ។ មិនថាវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាង​ណាក៏ដោយ ក៏កិច្ចការនេះមិនដែលចាកចេញពីសេចក្តីពិត ឬពីជីវិតនោះដែរ។ ការផ្លាស់ប្ដូរនៅ​ក្នុងវិធីសាស្ត្រនៃការសម្រេចកិច្ចការ គឺគ្រាន់តែជាការផ្លាស់ប្ដូរនៅក្នុងទម្រង់នៃកិច្ចការ និងទិដ្ឋភាពដែលព្រះជាម្ចាស់មានបន្ទូលប៉ុណ្ណោះ។ វាគ្មានការផ្លាស់ប្ដូរនៅក្នុងកម្មវត្ថុស្នូលនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ការផ្លាស់ប្ដូរនៅក្នុងតុងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងវិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើង ដើម្បីសម្រេចផលឲ្យកាន់តែមានប្រសិទ្ធភាព។ ការផ្លាស់ប្ដូរនៅក្នុងតុងនៃព្រះសូរសៀង មិនមានន័យជាការផ្លាស់ប្ដូរនៅក្នុងគោល​បំណង ឬគោលការណ៍នៅពីក្រោយកិច្ចការនោះឡើយ។ មនុស្សជឿលើព្រះជាម្ចាស់ជាចម្បង ដើម្បីស្វែងរកជីវិត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្វែងរកជីវិត ឬដេញតាមសេចក្តីពិត ឬចំណេះដឹងអំពីព្រះជាម្ចាស់ទេ នោះវាមិនមែនជាសេចក្តីជំនឿលើព្រះជាម្ចាស់ឡើយ! ហើយតើការបន្តព្យាយាមចូលទៅក្នុងនគរមួយ ដើម្បីក្លាយជាស្ដេច ជារឿងដ៏ពិតប្រាកដដែរឬទេ? ការទទួលបានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ តាមរយៈការស្វែងរកជីវិត គឺជាការពិត ហើយការដេញតាម និងការប្រតិបត្តិតាមសេចក្តីពិត ក៏ជាការពិតផងដែរ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ និងការដកពិសោធន៍ជាមួយព្រះបន្ទូលទាំងនេះ អ្នកនឹងចាប់ផ្ដើមមានចំណេះដឹងអំពីព្រះជាម្ចាស់នៅក្នុងចំណោមបទពិសោធន៍ពិតៗ ហើយនេះជាអត្ថន័យនៃការដេញតាមដ៏ពិត។

ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ។ ការដែលអ្នកបានចូលទៅក្នុងយុគសម័យថ្មីនេះ គឺអាស្រ័យលើថាតើអ្នកបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ឬថាតើព្រះបន្ទូលរបស់ទ្រង់បានក្លាយជាតថភាពជីវិតរបស់អ្នកហើយឬនៅ។ មនុស្សគ្រប់គ្នាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ដូច្នេះ នៅចុងបញ្ចប់ មនុស្សទាំងអស់នឹងរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបំភ្លឺ ហើយ​បកស្រាយដល់មនុស្សម្នាក់ៗចេញពីខាងក្នុងចិត្ត។ ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនចាប់អារម្មណ៍លើព្រះបន្ទូលរបស់ទ្រង់ទេ នោះវាបង្ហាញឲ្យឃើញថា អ្នកមានសភាពខុសហើយ។ ប្រសិនបើអ្នកមិនអាចចូលក្នុងយុគសម័យនៃព្រះបន្ទូលបានទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកបានចូលក្នុងយុគសម័យនេះ នោះទ្រង់នឹងធ្វើកិច្ចការរបស់ទ្រង់។ នៅដើមយុគសម័យនៃព្រះបន្ទូល តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? ព្រះជាម្ចាស់នឹងសម្រេចកិច្ចការដូចខាងក្រោមនៅក្នុងយុគសម័យនេះ និងនៅក្នុងចំណោមអ្នករាល់គ្នា៖ មនុស្សគ្រប់គ្នានឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេនឹងយកសេចក្តីពិតទៅអនុវត្ត ហើយគេនឹងស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ មនុស្សទាំងអស់នឹងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះមូលដ្ឋាន និងជាការពិតរបស់គេ ហើយគេនឹងមានដួងចិត្តដែលគោរពកោតខ្លាចព្រះជាម្ចាស់​។ ហើយតាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនឹងកាន់អំណាចជាព្រះមហាក្សត្ររួមជាមួយព្រះជាម្ចាស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់ត្រូវសម្រេច។ តើអ្នកអាចរស់នៅដោយគ្មានការអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់បានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅបាន សូម្បីតែមួយថ្ងៃ ឬពីរថ្ងៃ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់នោះឡើយ។ ពួកគេត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើពេលវេលាមិនអំណោយផលសម្រាប់ការអាន ពួកគេនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជំនួសវិញ។ នេះជាអារម្មណ៍ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស ហើយវាក៏ជារបៀបមួយដែលទ្រង់ចាប់ផ្ដើមធ្វើចលនានៅក្នុងពួកគេផងដែរ​។ ទ្រង់គ្រប់គ្រងមនុស្ស តាមរយៈព្រះបន្ទូល ដើម្បីឲ្យពួកគេអាចចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខកខានមិនបានហូប និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍អាប់អួរ ស្រេកទឹក និងមិនអាចឈរបាន នេះបង្ហាញឲ្យឃើញថា អ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ និងបង្ហាញទៀតថា ទ្រង់មិនបានបែរចេញពីអ្នកឡើយ។ ដូច្នេះ អ្នកជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងចរន្តនេះហើយ។ យ៉ាងណាមិញ ក្រោយពេលមួយ ឬពីរថ្ងៃ ដោយមិនហូប និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានអារម្មណ៍ឃ្លាន ស្រេកទឹក ឬទទួលការប៉ះពាល់អ្វីទេ នោះវាបង្ហាញឲ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានបែរចេញពីអ្នកហើយ​។ ការនេះមានន័យថា វាមានបញ្ហាអ្វីមួយជាមួយសភាពនៅខាងក្នុងរបស់​អ្នកហើយ។ អ្នកមិនបានចូលក្នុងយុគសម័យនៃព្រះបន្ទូល ហើយអ្នកជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើនផ្សេងទៀតដែលបានបរាជ័យ​។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីគ្រប់គ្រងលើមនុស្ស។ អ្នកមានអារម្មណ៍ល្អ ប្រសិនបើអ្នកហូប និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកនឹងគ្មានផ្លូវដើរឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាអាហាររបស់មនុស្ស និងជាកម្លាំងជំរុញចិត្តពួកគេ។ ព្រះគម្ពីរចែងថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ»។ សព្វថ្ងៃនេះ ព្រះជាម្ចាស់នឹងបង្ហើយកិច្ចការនេះ ហើយទ្រង់នឹងសម្រេចការពិតនេះនៅក្នុងអ្នករាល់គ្នា។ តើមនុស្សកាលពីអតីតកាលអាចរស់នៅបានជាច្រើនថ្ងៃយ៉ាងដូចម្ដេច ដោយមិនអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយនៅតែអាចបរិភោគ និងធ្វើការបានធម្មតា ប៉ុន្តែ នេះមិន​មែន​ជា​ករណី​នៅសព្វ​ថ្ងៃ​នេះ​ទេ? នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាចម្បង ដើម្បីគ្រប់គ្រងមនុស្សទាំងអស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សត្រូវទទួលការជំនុំជម្រះ និងការប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់មក ពួកគេបានចូលទៅក្នុងនគរព្រះនាពេលចុងបញ្ចប់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចប្រទានជីវិតដល់មនុស្ស ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ ដែលអាចប្រទានដល់មនុស្សនូវពន្លឺ និងផ្លូវសម្រាប់ការអនុវត្ត ជាពិសេសនៅក្នុងយុគសម័យនៃនគរព្រះ។ ដរាបណាអ្នកមិនបែរចេញពីការពិតនៃព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ដោយហូប និង​ផឹក​ព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ នោះព្រះជាម្ចាស់នឹងអាចប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។

ការដេញតាមជីវិត មិនមែនជាអ្វីមួយដែលត្រូវធ្វើទាំងប្រញាប់ប្រញាល់នោះឡើយ ព្រោះថាការរីកចម្រើននៃជីវិតមិនអាចកើតឡើងក្នុងពេលតែមួយថ្ងៃ ឬពីរថ្ងៃឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺសាមញ្ញ និងជាក់ស្ដែង ហើយវាមានដំណើរការមួយដែលចាំបាច់ត្រូវឆ្លងកាត់។ វាត្រូវការឲ្យព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ចំណាយពេលសាមសិបបីឆ្នាំកន្លះ ដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាងរបស់ទ្រង់ បើដូច្នេះ តើការធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ និងការបំផ្លាស់បំប្រែជីវិតរបស់គេ គឺជាកិច្ចការដែលពិបាកបំផុតឬ? វាមិនមែនជាកិច្ចការដ៏ងាយស្រួល ដើម្បីធ្វើឲ្យមនុស្សសាមញ្ញក្លាយជាមនុស្សដែលស្ដែងចេញអំពីព្រះជាម្ចាស់នោះឡើយ។ ជាពិសេស គឺសម្រាប់មនុស្សដែលកើតមកនៅក្នុងប្រជាជាតិនៃសត្វនាគដ៏ធំសម្បុរក្រហម ជាអ្នកដែលមានគុណសម្បត្តិទន់ខ្សោយ ដូច្នេះ វាតម្រូវឲ្យព្រះជាម្ចាស់ប្រើរយៈពេលយូរ ដើម្បីមានបន្ទូល និងធ្វើកិច្ចការរបស់ទ្រង់។ ប្រសិនបើចង់ឃើញលទ្ធផល ចូរកុំខ្វះចិត្តអត់ធ្មត់ឡើយ​។ អ្នកត្រូវតែប្រុងប្រៀបខ្លួនជាស្រេចក្នុងការបរិ​ភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយដាក់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់។ នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ចប់ អ្នកត្រូវតែចេះយកព្រះបន្ទូលទាំងនោះទៅអនុវត្តជាក់ស្ដែង ព្រមទាំងចម្រើនឡើងនៅក្នុងចំណេះដឹង ការយល់ដឹងជ្រៅជ្រះ ការដឹងខុសត្រូវ និងប្រាជ្ញានៅក្នុងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់។ តាមរយៈដំណើរការនេះ ជីវិតរបស់អ្នកនឹងទទួលនូវការផ្លាស់ប្រែ ទាំងមិនដឹងខ្លួនមិនខាន។ ប្រសិនបើអ្នកអាចយកការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ការអានព្រះបន្ទូល ការស្គាល់ព្រះបន្ទូល ការដកពិសោធន៍ពីព្រះបន្ទូល និងការអនុវត្តតាមព្រះបន្ទូល មកធ្វើជាគោលការណ៍ប្រចាំជីវិតរបស់អ្នក នោះអ្នកនឹងមានភាពចាស់ទុំ ដោយមិនដឹងខ្លួនមិនខាន។ មានមនុស្សមួយចំនួននិយាយថា ពួកគេមិនអាចយកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់មកអនុវត្តបានឡើយ ទោះបីក្រោយពេលដែលពួកគេបានអានរួចក៏ដោយ។ តើអ្នកប្រញាប់ប្រញាល់ធ្វើអ្វី? នៅពេលដែលអ្នកឡើងទៅដល់កម្រិតមួយ នោះអ្នកនឹងអាចយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តបានមិនខាន។ តើក្មេងអាយុបួន ឬប្រាំឆ្នាំនឹងនិយាយថា ពួកគេមិនអាចជួយ ឬផ្ដល់កិត្តិយសដល់ឪពុកម្ដាយរបស់គេដែរឬទេ? អ្នកគួរតែដឹងអំពីកម្រិតសមត្ថភាពរបស់អ្នកនាពេលបច្ចុប្បន្ន។ ចូរអនុវត្តនូវអ្វីដែលអ្នកអាចអនុវត្តបាន ហើយចៀសវាងក្លាយជាមនុស្សម្នាក់ដែលបង្អាក់ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចូរគ្រាន់តែបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយយកវាជាគោលការណ៍ប្រចាំជីវិតរបស់អ្នក ចាប់ពីពេលនេះតទៅ។ ក្នុងពេលបច្ចុប្បន្ន ចូរកុំបារម្ភឡើយថាតើព្រះជាម្ចាស់អាចធ្វើឲ្យអ្នកបានពេញខ្នាតឬយ៉ាងណានោះ។ ចូរកុំទាន់ជីកឫសជីកគល់ឡើយ។ សូមគ្រាន់តែបរិភោគ និ​ង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមករកអ្នក នោះព្រះជាម្ចាស់នឹងប្រាកដជាធ្វើឲ្យអ្នកបានពេញខ្នាតមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ មានគោលការណ៍មួយដែលអ្នកត្រូវប្រកាន់ខ្ជាប់ នៅពេលដែលអ្នកត្រូវបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ទ្រង់។ ចូរកុំធ្វើវាទាំងងងឹតងងល់ឡើយ។ នៅក្នុងការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមន័យម្យ៉ាង ចូរស្វែងរកព្រះបន្ទូលដែលអ្នកគួរតែដឹង ហើយនោះជាព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត ហើយតាមន័យម្យ៉ាងទៀត ចូរស្វែងរករបៀបដែលអ្នកគួរតែយកព្រះបន្ទូលទៅអនុវត្ត ហើយនោះជាអ្វីដែលអ្នកគួរតែចូលទៅក្នុង។ មួយ​ផ្នែកពាក់ព័ន្ធនឹងចំណេះដឹង ហើយមួយ​ផ្នែកទៀត ពាក់ព័ន្ធនឹងការចូលទៅក្នុង។ នៅពេលដែលអ្នកយល់អំពីផ្នែកទាំងពីរនេះ ហើយយល់អំពីអ្វីដែលអ្នកគួរតែដឹង និងអ្វីដែលអ្នកគួរតែអនុវត្ត នោះអ្នកនឹងដឹងពីរបៀបត្រូវបរិភោគ និង​ផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាក់ជាមិនខាន។

បន្តទៅមុខទៀត ការនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរតែជាគោលការណ៍មួយដែលអ្នកត្រូវនិយាយ។ តាមធម្មតា នៅពេលដែលអ្នករាល់គ្នាជួបជុំគ្នា អ្នកគួរតែប្រកបគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជាខ្លឹមសារនៃអន្តរកម្មរបស់អ្នក និយាយអំពីអ្វីដែលេងដឹងអំពីព្រះបន្ទូលទាំងនេះ របៀបដែលអ្នកយកព្រះបន្ទូលទៅអនុវត្ត និងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ ដរាបណាអ្នករួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺដល់អ្នកមិនខាន។ ដើម្បីឲ្យពិភពលោកទទួលយកព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់ វាតម្រូវឲ្យមនុស្សមានកិច្ចសហការជាមួយគ្នា។ ប្រសិនបើអ្នកមិនចូលក្នុងការនេះទេ នោះព្រះជាម្ចាស់នឹងគ្មានផ្លូវអាចធ្វើការនោះឡើយ។ ប្រសិនបើអ្នកបន្តបិទមាត់របស់អ្នក ហើយមិននិយាយអំពីព្រះបន្ទូលរបស់ទ្រង់ នោះទ្រង់នឹងគ្មានផ្លូវស្រាយបំភ្លឺដល់អ្នកឡើយ។ គ្រប់ពេលដែលអ្នកមិនរវល់ក្នុងព្រះបន្ទូល ឬនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ចូរកុំចូលរួមនៅក្នុងការជជែកគ្នាលេងដែលឥតបានការនោះឡើយ! ចូរឲ្យជីវិតរបស់អ្នកពោរពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយបើធ្វើបែបនេះបាន នោះអ្នកនឹងក្លាយជាអ្នកជឿយ៉ាងពិតប្រាកដមិនខាន។ វាមិនសំខាន់ឡើយ បើការរួមប្រកបរបស់អ្នកមានកម្រិតសើៗនោះ។ បើគ្មានទឹករាក់ នោះក៏គ្មានទឹកជ្រៅដែរ។ វាជាដំណើរការមួយ​។ តាមរយៈការបណ្ដុះបណ្ដាលរបស់អ្នក អ្នកនឹងយល់អំពីការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធដែលមានចំពោះអ្នក និងរបៀបបរិភោគ និង​ផឹក​កាន់តែមានប្រសិទ្ធភាពពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីរយៈពេលនៃការស្វែងយល់នេះចប់ទៅ អ្នកនឹងចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនខាន។ ប្រសិនបើអ្នកមានការតាំងចិត្តចង់សហការ នោះអ្នកនឹងអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមិនខាន​។

ចេញពីគោលការណ៍នៃការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានគោលការណ៍មួយទាក់ទងនឹងចំណេះដឹង ហើយគោលការណ៍មួយទៀតទាក់ទងនឹងការចូលទៅ​ក្នុង។ តើព្រះបន្ទូលណាខ្លះដែលអ្នកគួរតែដឹង? អ្នកគួរតែដឹងអំពីព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត (ដូចជា ព្រះបន្ទូលទាក់ទងនឹងយុគសម័យណាដែលកិច្ចការរបស់ព្រះជាម្ចាស់បានចូលរួចហើយ អ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវ និងអ្វីជាការយកកំណើតជាមនុស្សជាដើម ហើយការទាំងអស់នេះសុទ្ធ​តែពាក់ព័ន្ធជាមួយនិមិត្ត)។ តើផ្លូវដែលមនុស្សគួរតែចូលទៅ​ក្នុងមានន័យដូចម្ដេច? ការនេះសំដៅទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមនុស្សគួរតែអនុវត្ត និងចូលទៅក្នុង។ ខាងលើគឺជាទិដ្ឋភាពចំនួនពីរនៃការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចាប់ពីពេលនេះតទៅ ចូរបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះចុះ។ ប្រសិនបើអ្នកមានការយល់ដឹងច្បាស់លាស់អំពីព្រះបន្ទូលរបស់ទ្រង់ទាក់ទងនឹងនិមិត្ត នោះមិនចាំបាច់ក្នុងការបន្តអានគ្រប់ពេលនោះឡើយ។ កិច្ចការដ៏សំខាន់គឺត្រូវបរិភោគ និង​ផឹក​កាន់តែច្រើនពីព្រះបន្ទូលអំពីការចូលទៅ​ក្នុង ដូចជា របៀបបែរចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់ របៀបធ្វើឲ្យចិត្តរបស់អ្នកនៅស្ងប់ចំពោះព្រះជាម្ចាស់ និងរបៀបលះបង់ចោលសាច់ឈាម។ ទាំងនេះគឺជាកិច្ចការដែលអ្នកគួរតែយកទៅអនុវត្ត។ ប្រសិនបើមិនដឹងអំពីរបៀបបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ទេ នោះការរួមប្រកបដ៏ពិតនឹងមិនអាចទៅរួចឡើយ។ នៅពេលដែលអ្នកដឹងអំពីរបៀបបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងយល់អំពីចំណុចគន្លឹះហើយ នោះការរួមប្រកបនឹងដំណើរការយ៉ាងរលូន ហើយទោះបីជាមានបញ្ហាអ្វីក៏ដោយ ក៏អ្នកនឹងអាចរួមប្រកប និងយល់ពីការពិតដដែល។ នៅពេលដែលរួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកគ្មានការពិតទេ នោះអ្នកមិនបានយល់អំពីចំណុចគន្លឹះឡើយ ហើយនេះបង្ហាញថា អ្នកមិនបានដឹងអំពីរបៀបបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សខ្លះយល់ថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿងគួរឲ្យធុញទ្រាន់ ហើយនេះមិនមែនជាសភាពធម្មតាឡើយ។ អ្វីដែលធម្មតាគឺជាការមិនចេះនឿយហត់ក្នុងការអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ តែងតែស្រេកឃ្លានចង់បានព្រះបន្ទូល និងតែងតែមើលឃើញព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជាការល្អជានិច្ច។ នេះជារបៀបដែលមនុស្សចូលទៅបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាង​ពិត​ប្រាកដ។ នៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់មានភាពជាក់ស្ដែងច្បាស់ៗ និងជាអ្វីដែលមនុស្សគួរតែចូលទៅ​កាន់ ហើយនៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​គឺជាជំនួយ និងមានប្រយោជន៍ខ្លាំងចំពោះមនុស្ស ហើយថាព្រះបន្ទូលគឺជាការផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស នោះជាព្រះវិញ្ញាណបរិសុទ្ធទេ ដែលប្រទានឲ្យអ្នកនូវអារម្មណ៍បែបនេះ ហើយក៏ជាព្រះវិញ្ញាណបរិសុទ្ធផងដែរ ដែលប៉ះពាល់ចិត្តរបស់អ្នក។ ការនេះបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅខាងក្នុងអ្នក និងបញ្ជាក់ទៀតថា ព្រះជាម្ចាស់មិនបានបែរចេញពីអ្នកឡើយ។ ដោយមើលឃើញថា ព្រះជាម្ចាស់តែងតែមានបន្ទូលជានិច្ចដូច្នេះ មនុស្សមួយចំនួនបែរជាធុញទ្រាន់នឹងព្រះបន្ទូលរបស់ទ្រង់ទៅវិញ ហើយគេបែរជាគិតថា ទោះបីគេអាន ឬមិនអានព្រះបន្ទូលក៏ដោយ ក៏វាគ្មានប្រយោជន៍អ្វីដែរ ហើយការមានគំនិតបែបនេះមិនមែនជាសភាពធម្មតាឡើយ​។ ពួកគេខ្វះនូវដួងចិត្តដែលស្រេកឃ្លានចង់ចូលទៅក្នុងការពិត ហើយមនុស្សបែបនេះមិនដែលស្រេកឃ្លាន ឬក៏ឲ្យតម្លៃសំខាន់ទៅលើការប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ គ្រប់ពេលដែលអ្នករកឃើញថា អ្នកមិនស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ នេះបង្ហាញឲ្យឃើញថា អ្នកមិនស្ថិតនៅក្នុងសភាពធម្មតាឡើយ។ កាលពីអតីតកាល ដើម្បីកំណត់ថាតើព្រះជាម្ចាស់បានបែរចេញ ឬមិនបានបែរចេញពីអ្នក គឺត្រូវបាន​កំណត់ឡើង ដោយមើលថាតើអ្នកមានសន្តិភាពផ្លូវចិត្តឬក៏អត់ ហើយថាតើអ្នកមានអារម្មណ៍រីករាយឬយ៉ាងណា។ បច្ចុប្បន្ននេះ គន្លឹះនៃការកំណត់គឺថាតើអ្នកស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាតើព្រះបន្ទូលរបស់ទ្រង់ក្លាយជាការពិតរបស់អ្នក ថាតើអ្នកស្មោះត្រង់ និងថាតើអ្នកអាចធ្វើគ្រប់កិច្ចការដែលអ្នកអាចធ្វើបានសម្រាប់ព្រះជាម្ចាស់ឬយ៉ាងណា។ នៅក្នុងន័យម្យ៉ាងទៀត មនុស្សត្រូវទទួលការជំនុំជម្រះ ដោយការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង្អុលបង្ហាញព្រះបន្ទូលរបស់ទ្រង់ទៅកាន់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកសុខចិត្តអានព្រះបន្ទូល នោះទ្រង់នឹងបំភ្លឺដល់អ្នក ប៉ុន្តែ ប្រសិនបើអ្នកមិនសុខចិត្តទេ នោះទ្រង់នឹងមិនបំភ្លឺឡើយ។ ព្រះជាម្ចាស់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត ហើយទ្រង់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្វែងរកទ្រង់។ អ្នកខ្លះនិយាយថា ព្រះជាម្ចាស់មិនស្រាយបំភ្លឺដល់ពួកគេឡើយ ទោះបីក្រោយពេលដែលពួកគេអានព្រះបន្ទូលរបស់ទ្រង់ក៏ដោយ។ ប៉ុន្តែ តើអ្នកបានអានព្រះបន្ទូលទាំងនេះដោយរបៀបណាខ្លះទៅ? ប្រសិនបើអ្នកអានព្រះបន្ទូលរបស់ទ្រង់នៅក្នុងរបៀបមួយដូចជាមនុស្សជិះនៅលើខ្នងសេះគយគន់មើលផ្កា ហើយមិនឲ្យតម្លៃទៅលើការពិត តើព្រះជាម្ចាស់អាចស្រាយបំភ្លឺដល់អ្នកបានដោយរបៀបណាទៅ? តើមនុស្សម្នាក់ដែលមិនឲ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ អាចឲ្យទ្រង់ប្រោសគេឲ្យបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេចទៅ? ប្រសិនបើអ្នកមិនឲ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងគ្មានសេចក្តីពិត ឬការពិតឡើយ។ ប្រសិនបើអ្នកឲ្យតម្លៃលើព្រះបន្ទូលរបស់ទ្រង់ នោះអ្នកនឹងអាចយកសេចក្តីពិតនោះទៅអនុវត្ត ហើយមានតែបែបនេះទេ ទើបអ្នកនឹងមានការពិត​។ នេះហើយជាហេតុផលដែលអ្នកត្រូវបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា មិនថាអ្នករវល់ ឬមិនរវល់ មិនថាកាលៈទេសៈរបស់អ្នកអំណោយផល ឬមិនអំណោយផល និងមិនថាអ្នកអស់កម្លាំង ឬមិនអស់កម្លាំងនោះឡើយ។ អ្វីដែលសំខាន់បំផុតគឺ ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់គឺជាគ្រឹះមូលដ្ឋាននៃវត្តមានរបស់មនុស្ស។ គ្មាននរណាម្នាក់អាចបែរចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ ប៉ុន្តែ គេត្រូវបរិភោគព្រះបន្ទូលទ្រង់ ដូចជាគេបរិភោគអាហារបីពេលក្នុងមួយថ្ងៃយ៉ាង​នោះដែរ។ តើការប្រោសឲ្យគ្រប់លក្ខណ៍ និងការទទួលបានពីព្រះជាម្ចាស់ អាចជារឿងងាយស្រួលឬទេ? មិនថាអ្នកយល់ ឬមិនយល់ក្នុងពេលបច្ចុប្បន្ន ហើយមិនថាអ្នកមានការយល់ដឹងជ្រៅជ្រះអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ អ្នកត្រូវតែបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ នេះគឺជាការចូលនៅក្នុងរបៀបប្រុងប្រៀបខ្លួនជាមុន។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ហើយ ចូរប្រញាប់អនុវត្តតាមអ្វីដែលអ្នកអាចយល់ ហើយទុកអ្វីដែលអ្នកមិនទាន់យល់នៅម្ដុំសិន។ ប្រហែលមានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជាច្រើនដែលអ្នកមិនទាន់យល់ពីពេលដំបូងនៅ​ឡើយ ប៉ុន្តែ ក្រោយពេលពីរបីខែ ឬក៏មួយឆ្នាំមក អ្នកនឹងអាចយល់មិនខាន។ តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? វាដោយសារតែព្រះជាម្ចាស់មិនអាចប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ក្នុងពេលមួយថ្ងៃ ឬក៏ពីរថ្ងៃបានឡើយ។ ភាគច្រើន នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ អ្នកប្រហែលជាមិនយល់ក្នុងពេល​ភ្លាមៗ​ឡើយ។ នៅពេលនោះ ព្រះបន្ទូលរបស់ទ្រង់ហាក់ដូចជាគ្មានន័យអ្វី ក្រៅពីអត្ថបទធម្មតាប៉ុណ្ណោះ។ អ្នកច្បាស់​ជាមានបទពិសោធន៍បែបនេះ មុនពេលដែលអ្នកអាចយល់អំពីព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន ហើយអ្នកគួរតែខំប្រឹង បរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ យ៉ាង​នោះអ្នក​នឹង​យល់​ដោយមិនដឹងខ្លួន ហើយ​ព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺឲ្យអ្នកយល់មិនខាន។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺដល់មនុស្ស ជារឿយៗ ទ្រង់ធ្វើឡើងដោយមនុស្សមិនបានដឹងឡើយ។ ទ្រង់ស្រាយបំភ្លឺ និងដឹកនាំអ្នក នៅពេលដែលអ្នកស្រេកឃ្លាន និងស្វែងរក។ គោលការណ៍ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ គឺផ្តោតសំខាន់ជុំវិញកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្នកបរិភោគ និង​ផឹក​។ អស់អ្នកណាដែលមិនឲ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយតែងតែមានចិត្តគំនិតផ្សេងចំពោះព្រះបន្ទូលរបស់ទ្រង់ មិនមានការពិតនោះឡើយ ព្រោះថានៅក្នុងគំនិតអល់អែករបស់គេ ពួកគេជឿថា វាជារឿងមិនសំខាន់អ្វីឡើយ ទោះបីគេអានព្រះបន្ទូលរបស់ទ្រង់ ឬមិនបានអានក៏ដោយ។ ចំពោះមនុស្សបែបនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការស្រាយបំភ្លឺរបស់ទ្រង់ មិនអាចត្រូវបានមើលឃើញនៅក្នុងពួកគេឡើយ​។ មនុស្សប្រភេទនេះគឺជាអ្នកមានពុត ដែលធ្វើពើដូចជាខ្លួនខំប្រឹងណាស់ ប៉ុន្តែ តាមពិតគ្មានគុណសម្បត្តិពិតប្រាកដឡើយ គឺដូចជាប្រស្នារបស់ ណានគូ យ៉ាង​នោះ​ដែរ។[ក]

បើគ្មានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជាការពិតរបស់អ្នកទេ នោះអ្នកគ្មានសមត្ថភាពពិតប្រាកដឡើយ​។ នៅពេលដែលការជំនុំជម្រះមកដល់ អ្នកប្រាកដជានឹងត្រូវដួល ហើយបន្ទាប់មក សមត្ថភាពដ៏ពិតរបស់អ្នកនឹងត្រូវបើកសម្ដែងឲ្យ​ឃើញ​មិនខាន។ ប៉ុន្តែ អស់អ្នកណាដែលបន្តព្យាយាមចូលទៅក្នុងការពិត ប្រាកដជានឹងយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់មិនខាន នៅពេលដែលគេហ៊ុមព័ទ្ធដោយសេចក្តីល្បងល។ មនុស្សដែលមានមនសិការ និងស្រេកឃ្លានព្រះជាម្ចាស់ គួរតែធ្វើសកម្មភាពជាក់ស្ដែង ដើម្បីសងគុណដល់ព្រះជាម្ចាស់សម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់។ អស់អ្នកណាដែលគ្មានការពិត មិនអាចឈរមាំបានឡើយ នៅពេលដែលគេជួប សូម្បីតែបញ្ហាដ៏កំប៉ិកកំប៉ុក។ នេះហើយជាភាពខុសគ្នារវាងមនុស្សដែលមានសមត្ថភាពពិត និងអ្នកដែលគ្មានសមត្ថភាពពិត។ ទោះបីមនុស្សទាំងពីរប្រភេទនេះបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចគ្នាក៏ដោយ ចុះហេតុអ្វីបានជាអ្នកខ្លះអាចឈរមាំនឹងសេចក្តីល្បងល ឯអ្នកខ្លះទៀតបែរជារត់គេចខ្លួនដូច្នេះ? ភាពខុសគ្នាជាក់ស្ដែងគឺថា អ្នកខ្លះខ្វះនូវសមត្ថភាពពិតប្រាកដ។ ពួកគេមិនមានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ដើម្បីបម្រើជាការពិតរបស់ខ្លួន ហើយព្រះបន្ទូលរបស់ទ្រង់មិនបានចាក់ឫសជ្រៅនៅក្នុងពួកគេ។ នៅពេលដែលពួកគេជួបសេចក្តីល្បងលភ្លាម ពួកគេក៏ចាប់ផ្ដើមទ័លច្រក។ ហេតុអ្វីបានជាអ្នកខ្លះអាចឈរមាំនៅក្នុងសេចក្តីល្បងល? នោះគឺដោយសារតែពួកគេយល់អំពីសេចក្តីពិត និងមាននិមិត្ត ហើយពួកគេយល់អំពីព្រះហឫទ័យរបស់ព្រះជា​ម្ចាស់ និងលក្ខខណ្ឌតម្រូវរបស់ទ្រង់ ដូច្នេះហើយបានជាពួកគេអាចឈរមាំឆ្លងផុតសេចក្តីល្បងលបាន។ នេះជាសមត្ថភាពពិតប្រាកដ ហើយនេះក៏ជាជីវិតផងដែរ។ អ្នកខ្លះក៏អានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ដែរ ប៉ុន្តែ ពួកគេមិនបានយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្ត ហើយក៏គ្មានភាពហ្មត់ចត់ជាមួយព្រះបន្ទូលដែរ។ មនុស្សដែលគ្មានភាពហ្មត់ចត់នឹងព្រះបន្ទូល មិនឲ្យតម្លៃទៅលើការអនុវត្តឡើយ។ មនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់បម្រើជាការពិតរបស់គេ គឺគ្មានសមត្ថភាពពិតឡើយ ហើយមនុស្សប្រភេទនេះនឹងមិនអាចឈរមាំ ដើម្បីឆ្លងផុតសេចក្តីល្បងលនោះឡើយ។

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទានមក អ្នកគួរតែទទួលយកភ្លាមៗ ព្រមទាំងបរិភោគ និង​ផឹក​ព្រះបន្ទូលទាំងនោះ។ មិនថាអ្នកមានការយល់ដឹងកម្រិតណាឡើយ ប៉ុន្តែ មានទស្សនៈមួយដែលអ្នកត្រូវប្រកាន់ខ្ជាប់ គឺត្រូវបរិភោគ និង​ផឹក ដឹង និងអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់។ នេះជាអ្វីមួយដែលអ្នកគួរតែអាចធ្វើបាន។ ចូរកុំខ្វល់ឡើយថាតើអ្នកមានសមត្ថភាពខ្ពស់ប៉ុនណានោះ។ ចូរគ្រាន់តែផ្តោតទៅលើការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ទ្រង់ទៅបានហើយ។ នេះជាអ្វីដែលមនុស្សគួរតែសហការ។ ជីវិតខាងវិញ្ញាណរបស់អ្នក គឺជាការព្យាយាមចូលទៅក្នុងការពិតនៃការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយយកព្រះបន្ទូលទៅអនុវត្តតាម។ វាមិនមែនជាភារកិច្ចរបស់អ្នកឡើយ ក្នុងការផ្តោតទៅលើអ្វីផ្សេងនោះ។ អ្នកដឹកនាំពួកជំនុំគួរតែអាចដឹកនាំបងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់គេ ដើម្បីឲ្យពួកគេដឹងអំពីរបៀបបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់។ នេះជាទំនួលខុសត្រូវរបស់អ្នកដឹកនាំពួកជំនុំម្នាក់ៗ។ មិនថាគេក្មេង ឬចាស់ឡើយ មនុស្សគ្រប់គ្នាគួរតែចាត់ទុកការបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ ជាកិច្ចការដ៏សំខាន់បំផុត និងគួរតែមានព្រះបន្ទូលរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ ការចូលទៅក្នុងការពិតនេះ មានន័យថាជាការចូលទៅក្នុងយុគសម័យនៃនគរព្រះ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅ ដោយគ្មានការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់បានឡើយ និងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ទ្រង់គឺនៅស្រស់ៗល្អ មិនថាវាស្ថិតនៅពេលណានោះឡើយ។ ការនេះមានន័យថា ពួកគេកំពុងតែចាប់ផ្ដើមដើរនៅលើផ្លូវដ៏ត្រឹមត្រូវហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើកិច្ចការរបស់ទ្រង់ និងដើម្បីផ្គត់ផ្គង់ដល់មនុស្ស។ នៅពេលដែលមនុស្សគ្រប់គ្នាស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ នោះមនុស្សជាតិនឹងចូលទៅក្នុងពិភពនៃព្រះបន្ទូលរបស់ទ្រង់មិនខាន។

ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន។ តើអ្នកបាន​យល់​ដឹង​ប៉ុណ្ណាហើយ? តើអ្នកបានចូលទៅដល់កម្រិតណាហើយ? ប្រសិនបើអ្នកដឹកនាំពួកជំនុំមិនបានដឹកនាំបងប្អូនប្រុសស្រីរបស់ពួកគេឲ្យចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេនឹងត្រូវដកសិទ្ធិជាអ្នកដឹកនាំនៅក្នុងភារកិច្ចរបស់គេមិនខាន ហើយពួកគេនឹងមិនបានបំពេញតាមទំនួលខុសត្រូវរបស់ខ្លួនឡើយ! មិនថាអ្នកមានការយល់ដឹងជ្រៅជ្រះ ឬរាក់កំផែលឡើយ ទោះបីជាអ្នកមានការរយល់ដឹងកម្រិតណាក៏ដោយ ក៏អ្នកត្រូវតែដឹងអំពីរបៀបបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ អ្នកត្រូវតែយកចិត្តទុកដាក់ខ្លាំងទៅលើព្រះបន្ទូលរបស់ទ្រង់ ហើយស្វែងយល់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការបរិភោគ និង​ផឹកព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានកំពុងតែមានបន្ទូលយ៉ាងច្រើនណាស់ ប្រសិនបើអ្នកមិនបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ ឬមិនព្យាយាមស្វែងរក ឬអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះមិនអាចរាប់ថាជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដូច្នេះ អ្នកត្រូវតែបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ ដកពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់ ហើយរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថាជាការជឿលើព្រះជាម្ចាស់! ប្រសិនបើអ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ចេញពីមាត់របស់អ្នក ប៉ុន្តែ មិនយកព្រះបន្ទូលរបស់ទ្រង់ណាមួយទៅអនុវត្ត ឬបង្កើតឲ្យចេញជាការពិតទេ នោះវាមិនអាចនិយាយថាជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ វាជា «ការស្វែងរកនំប៉័ង ដើម្បីចម្អែតអ្នកស្រេកឃ្លាន» ប៉ុណ្ណោះ។ បើអ្នកនិយាយតែទីបន្ទាល់ធម្មតាៗ និយាយតែរឿងគ្មានប្រយោជន៍ និងកិច្ចការរាក់កំផែល ដោយគ្មានការពិតសូម្បី​តែ​បន្ដិច នោះវាគ្មាននូវធាតុផ្សំអំពីជំនឿលើព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានយល់អំពីផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់នោះទេ។ ហេតុអ្វីបានជាអ្នកត្រូវបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានកាន់តែច្រើនកាន់តែល្អ? ប្រសិនបើអ្នកមិនបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែ ស្វែងរកតែការឡើងស្ថានសួគ៌ តើនេះជាការជឿលើព្រះជាម្ចាស់ឬទេ? តើអ្វីទៅជាជំហានដំបូងដែលអ្នកជឿលើព្រះជាម្ចាស់គួរតែធ្វើ? តើព្រះជាម្ចាស់ប្រោសមនុស្សម្នាក់ឲ្យបានគ្រប់លក្ខណ៍តាមរបៀបណាទៅ? តើអ្នកអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយគ្មានការបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​បានដែរឬអី? តើអ្នកអាចត្រូវបានចាត់ទុកជាមនុស្សម្នាក់​នៃនគរព្រះ ដោយគ្មានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​ ដើម្បីបម្រើជាការពិតរបស់អ្នកបានដែរឬអី? តើសេចក្តីជំនឿលើព្រះជាម្ចាស់មានន័យដូចម្ដេចទៅ? យ៉ាងហោចណាស់ អ្នកជឿលើព្រះជាម្ចាស់គួរតែមានឥរិយាបថល្អនៅខាងក្រៅ ហើយអ្វីដែលសំខាន់បំផុតគឺ គេត្រូវមានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចគេចចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ការស្គាល់ព្រះជាម្ចាស់ និងការបំពេញតាមព្រះហឫទ័យរបស់ទ្រង់ អាចសម្រេចទៅបាន មានតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅក្នុងពេលអនាគត គ្រប់ប្រជាជាតិ គ្រប់និកាយ គ្រប់សាសនា និងគ្រប់វិស័យ នឹងត្រូវយក​ឈ្នះ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមានបន្ទូលដោយផ្ទាល់ ហើយមនុស្សទាំងអស់នឹងកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គេ ហើយតាម​មធ្យោបាយបែបនេះ មនុស្សជាតិនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ទាំងខាងក្នុង និងខាងក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជ្រួតជ្រាបចូលទាំងអស់៖ មនុស្សជាតិនឹងនិយាយព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ចេញពីមាត់របស់គេ អនុវត្តតាមព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ និងរក្សាទុកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់នៅខាងក្នុងចិត្តគេ ហើយ​ជ្រួត​ជ្រាប​ពីព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ទាំងខាងក្នុង និងខាងក្រៅ។ មានតែបែបនេះទេ ទើបមនុស្សជាតិនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ អស់អ្នកដែលបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីទ្រង់បាន អ្នកទាំងនោះគឺជាអ្នកដែលមានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ជាការពិតរបស់គេ។

ការចូលទៅក្នុងយុគសម័យនៃព្រះបន្ទូល ឬយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ គឺជាកិច្ចការដែលកំពុងតែត្រូវបានសម្រេចនាពេលសព្វថ្ងៃ។ ចាប់ពីពេលនេះតទៅ ចូរអនុវត្តការរួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។ មានតែតាមរយៈការបរិភោគ និង​ផឹក ព្រមទាំងការដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចនឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ អ្នកត្រូវតែបង្កើតឲ្យមានបទពិសោធន៍ជាក់ស្ដែងមួយចំនួន ដើម្បីធ្វើឲ្យអ្នកដទៃជឿ។ ប្រសិនបើអ្នកមិនអាចរស់នៅតាមការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគ្មាននរណាម្នាក់នឹងជឿឡើយ! មនុស្សទាំងអស់ដែលត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ សុទ្ធតែអាចរស់នៅតាមការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចបង្កើតការពិតនេះ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ នោះវាបង្ហាញឲ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការនៅខាងក្នុងអ្នកឡើយ និងបង្ហាញទៀតថា អ្នកមិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះទេ។ នេះជាសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្នកមានដួងចិត្តដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? មនុស្សដែលស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ស្រេកឃ្លានចង់បានសេចក្តីពិតផងដែរ ហើយមានតែមនុស្សបែបនេះទេ ទើបព្រះជាម្ចាស់ប្រទានពរ។ នៅពេលអនាគត ព្រះជាម្ចាស់នឹងមានបន្ទូលកាន់តែច្រើនថែមទៀតទៅកាន់គ្រប់សាសនា និងគ្រប់និកាយ។ ជាដំបូង ទ្រង់មានបន្ទូល និងបន្លឺព្រះសូរសៀងទ្រង់នៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីប្រោសអ្នករាល់គ្នាឲ្យបានពេញខ្នាត មុនពេលទ្រង់បន្តទៅមានបន្ទូល និងបន្លឺព្រះសូរសៀងទ្រង់នៅក្នុងចំណោមសាសន៍ដទៃ ដើម្បីយកឈ្នះលើពួកគេ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ មនុស្សទាំងអស់នឹងជឿយ៉ាងស្មោះអស់ពីចិត្តតែម្ដង។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបើកសម្ដែងរបស់ទ្រង់ នឹងធ្វើឲ្យនិស្ស័យដ៏ពុករលួយរបស់មនុស្សរសាយបាត់ទៅបន្ដិចម្ដងៗ គេទទួលបានរូបរាងជាមនុស្ស ហើយ​និស្ស័យ​បះបោររបស់គេប្រែជាចុះខ្សោយ។ ព្រះបន្ទូលធ្វើការទៅលើមនុស្សដោយសិទ្ធិអំណាច ហើយយកឈ្នះលើមនុស្សដោយពន្លឺរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងយុគសម័យបច្ចុប្បន្ន ក៏ដូចជាចំណុចកំពូលនៃកិច្ចការរបស់ទ្រង់ អាចត្រូវបានរកឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើអ្នកមិនអានព្រះបន្ទូលរបស់ទ្រង់ទេ នោះអ្នកនឹងមិនយល់អ្វីឡើយ។ តាមរយៈការដែលអ្នកបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ និងតាមរយៈការចូលរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជាមួយបទពិសោធន៍ពិតជាក់ស្ដែងរបស់អ្នក នោះអ្នកនឹងទទួលបានចំណេះដឹងដ៏ពេញលេញអំពីព្រះបន្ទូលរបស់ព្រះជា​ម្ចាស់មិនខាន។ មានតែបែបនេះទេ ទើបអ្នកអាចរស់នៅតាមការពិតនៃព្រះបន្ទូលរបស់ព្រះជា​ម្ចាស់បាន​។

លេខយោង៖

ក. អត្ថបទដើម មិនមានឃ្លាថា «ចេញពីប្រស្នា» ឡើយ។

ខាង​ដើម៖ អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ

បន្ទាប់៖ គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ