តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?
ប្រហែលជាអ្នកបានដើរនៅលើផ្លូវនៃសេចក្តីជំនឿដល់ព្រះជាម្ចាស់ជាងមួយឆ្នាំ ឬពីរឆ្នាំហើយ ហើយក្នុងពេលប៉ុន្មានឆ្នាំនេះ អ្នកប្រហែលជារងទុក្ខលំបាកជាច្រើននៅក្នុងជីវិតរបស់អ្នក ឬមួយក៏អ្នកមិនបានរងទុក្ខលំបាកច្រើនឡើយ ប៉ុន្តែអ្នកទទួលបានព្រះគុណច្រើនវិញ។ អ្នកក៏ប្រហែលជាមិនបានទាំងរងទុក្ខ ហើយក៏មិនបានទាំងព្រះគុណដែរ ប៉ុន្តែរស់នៅក្នុងជីវិតមួយដែលសាមញ្ញៗ។ យ៉ាងណាក៏អ្នកនៅតែជាអ្នកដើរតាមព្រះជាម្ចាស់ ដូច្នេះ ចូរយើងប្រកបគ្នាអំពីប្រធានបទនៃការដើរតាមព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ យើងត្រូវតែរំឭកមនុស្សទាំងអស់ដែលអានពាក្យទាំងនេះថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានប្រទានដល់អ្នកដែលទទួលស្គាល់ និងដើរតាមទ្រង់ មិនមែនសម្រាប់មនុស្សទាំងអស់ឡើយ មិនថាគេទទួលស្គាល់ទ្រង់ ឬក៏អត់នោះឡើយ។ ប្រសិនបើអ្នកជឿថា ព្រះជាម្ចាស់មានបន្ទូលទៅកាន់មហាជន ទៅកាន់មនុស្សទាំងអស់នៅក្នុងពិភពលោក ដូច្នេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងគ្មានឥទ្ធិពលទៅលើអ្នកឡើយ។ ដូច្នេះ អ្នកគួរតែចងចាំពាក្យទាំងនេះនៅក្នុងដួងចិត្តរបស់អ្នក ហើយមិនត្រូវដកចិត្តអ្នកចេញពីពាក្យទាំងនេះឡើយ។ យ៉ាងណាក៏ដោយ ចូរយើងនិយាយអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងផ្ទះរបស់យើង។
ឥឡូវ អ្នករាល់គ្នាគួរតែយល់អំពីអត្ថន័យដ៏ពិតនៃសេចក្តីជំនឿលើព្រះជាម្ចាស់ហើយ។ អត្ថន័យនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ ដែលខ្ញុំធ្លាប់មានបន្ទូលកាលពីមុន ទាក់ទងជាមួយនឹងផ្លូវចូលវិជ្ជមានរបស់អ្នករាល់គ្នា។ ថ្ងៃនេះ គឺខុសពីមុន៖ ថ្ងៃនេះ ខ្ញុំចង់វិភាគអំពីសារជាតិនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់។ ប្រាកដណាស់ ការនេះគឺថាជាការចេញពីទិដ្ឋភាពអវិជ្ជមានដើម្បីដឹកនាំអ្នករាល់គ្នា។ ប្រសិនបើខ្ញុំមិនបានធ្វើបែបនេះទេ នោះអ្នករាល់គ្នានឹងមិនស្គាល់ពីមុខមាត់ពិតរបស់ខ្លួន ហើយនៅតែបន្តអួតអាងពីការគោរពប្រណិប័តន៍ដល់ព្រះជាម្ចាស់ និងសេចក្តីស្មោះត្រង់របស់ខ្លួនជារៀងរហូត។ វាជាការសមគួរដែលនិយាយថា ប្រសិនបើខ្ញុំមិនលាតត្រដាងពីសេចក្តីស្មោកគ្រោកនៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាទេ នោះម្នាក់ៗនឹងពាក់មកុដលើក្បាលរបស់ខ្លួន ហើយទទួលយកគ្រប់ទាំងសិរីល្អសម្រាប់ខ្លួនឯងមិនខាន។ និស្ស័យអំនួត និងភាពក្អេងក្អាងរបស់អ្នករាល់គ្នា គឺជាកត្តាដែលជំរុញឲ្យអ្នករាល់គ្នាក្បត់សម្បជញ្ញៈរបស់ខ្លួន ឲ្យអ្នកបះបោរទាស់ទទឹងនឹងព្រះគ្រីស្ទ និងបើកឱ្យដឹងពីសេចក្តីស្មោកគ្រោក ចេតនា សញ្ញាណ សេចក្តីប៉ងប្រាថ្នាហួសប្រមាណ និងកែវភ្នែកដែលពោរពេញទៅដោយភាពលោភលន់របស់អ្នករាល់គ្នា ដោយយកវាមកដាក់នៅទីភ្លឺ។ ប៉ុន្តែអ្នករាល់គ្នានៅតែបន្តនិយាយប៉ប៉ាច់ប៉ប៉ោចពីបំណងចិត្តចង់ធ្វើការថ្វាយព្រះគ្រីស្ទរហូតមួយជីវិតរបស់អ្នក ហើយនិយាយដដែលៗពីសេចក្តីពិតដែលព្រះគ្រីស្ទមានព្រះបន្ទូលកាលពីយូរលង់ណាស់មកហើយ។ នេះជា «សេចក្តីជំនឿ» របស់អ្នករាល់គ្នា ជា «សេចក្តីជំនឿឥតសៅហ្មង»។ យើងបានដាក់បទដ្ឋានដ៏តឹងរឹងមួយឲ្យមនុស្សកាន់តាមពេញមួយជីវិត។ បើចិត្តភក្ដីភាពរបស់អ្នកមានភ្ជាប់ជាមួយចេតនា និងលក្ខខណ្ឌនានា នោះយើងមិនចង់បានចិត្តភក្ដីភាពរបស់អ្នកឡើយ ព្រោះថា យើងស្អប់ណាស់អ្នកណាដែលបោកបញ្ឆោតយើងដោយចេតនារបស់គេ ហើយមកកំហែងយើងដោយលក្ខខណ្ឌរបស់គេនេះ។ យើងចង់បានតែមនុស្សដែលស្មោះត្រង់ពិតប្រាកដចំពោះយើង ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជាក់ និងជាប្រយោជន៍ដល់សេចក្តីជំនឿ។ យើងស្អប់ណាស់ពាក្យអែបអបដែលអ្នករាល់គ្នាប្រើ ដើម្បីព្យាយាមធ្វើឲ្យយើងអរសប្បាយ ដ្បិតកន្លងមក យើងតែងតែប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយព្រះទ័យស្មោះសរ ហើយយើងសង្ឃឹមថាអ្នករាល់គ្នាក៏ប្រព្រឹត្តចំពោះយើង ដោយសេចក្តីជំនឿ ដ៏ពិតវិញផងដែរ។ នៅពេលនិយាយដល់សេចក្តីជំនឿ មនុស្សជាច្រើនគិតថា ពួកគេដើរតាមព្រះ ដោយសារតែគេមានសេចក្តីជំនឿ ដូច្នេះ គេនឹងមិនរងទុក្ខវេទនាឡើយ។ ហេតុនេះ យើងសូមសួរអ្នករាល់គ្នាដូច្នេះថា៖ បើអ្នកជឿថាពិតជាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកមិនគោរពប្រណិប័តន៍ទ្រង់? បើអ្នកជឿថាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកគ្មានការគោរពកោតខ្លាចដល់ទ្រង់សូម្បីតែបន្ដិច នៅក្នុងដួងចិត្តរបស់អ្នកដូច្នេះ? អ្នកទទួលស្គាល់ថាព្រះគ្រីស្ទជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចុះហេតុអ្វីបានជាអ្នកខ្វះការគោរពចំពោះទ្រង់? ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះទ្រង់ ដោយខ្វះការគោរពបែបនេះ? ហេតុអ្វីបានជាអ្នកវិនិច្ឆ័យទ្រង់ ដោយបើកចំហរ? ហេតុអ្វីបានជាអ្នកចេះតែលបយកការណ៍ ពីដំណើរទៅមករបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនចុះចូលចំពោះការរៀបចំរបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ទ្រង់? ហេតុអ្វីបានជាអ្នកព្យាយាមកំហែង និងលួចតង្វាយរបស់ទ្រង់? ហេតុអ្វីបានជាអ្នកនិយាយជំនួសព្រះគ្រីស្ទ? ហេតុអ្វីបានជាអ្នកហ៊ានវិនិច្ឆ័យថា កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ត្រូវ ឬខុស? ហេតុអ្វីបានជាអ្នកថ្លើមធំ ហ៊ានប្រមាថដល់ទ្រង់ ពីក្រោយខ្នងដូច្នេះ? តើសេចក្តីពណ៌នាទាំងនេះ ជាធាតុផ្សំនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាមែនទេ?
ធាតុផ្សំចិត្តមិនជឿរបស់អ្នករាល់គ្នាចំពោះព្រះគ្រីស្ទ ត្រូវបានស្ដែងចេញមកតាមរយៈពាក្យសម្ដី និងឥរិយាបថរបស់អ្នករាល់គ្នា។ ចិត្តមិនជឿបញ្ជ្រាបទៅដល់ទាំងបំណង និងគោលដៅនៃកិច្ចការដែលអ្នកធ្វើ។ សូម្បីតែអត្តចរិតនៃការសំឡក់សម្លឹងរបស់អ្នករាល់គ្នា ក៏មានចិត្តមិនជឿលើព្រះគ្រីស្ទនៅក្នុងនោះដែរ។ គឺអាចនិយាយបានថា ពីមួយនាទីទៅមួយនាទី អ្នករាល់គ្នាម្នាក់ៗ ក្រសោបយកធាតុផ្សំនៃចិត្តមិនជឿរហូត។ នេះមានន័យថា អ្នករាល់គ្នាស្ថិតក្នុងគ្រោះថ្នាក់នៃការក្បត់ព្រះគ្រីស្ទ នៅគ្រប់ពេលតែម្ដង ព្រោះថាឈាមដែលហូរកាត់រាងកាយរបស់អ្នក ត្រូវបានបញ្ចូលជាមួយនឹងចិត្តមិនជឿលើព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ ខ្ញុំសូមប្រាប់ទៅចុះថា ដានជើងដែលអ្នករាល់គ្នាបន្សល់ទុកនៅលើមាគ៌ានៃសេចក្តីជំនឿលើព្រះជាម្ចាស់ មិនមែនជាដានជើងពិតឡើយ។ ពេលដែលអ្នករាល់គ្នាដើរនៅលើផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ អ្នកមិនដាក់ជើងយ៉ាងមាំទៅលើដីឡើយ គឺអ្នកគ្រាន់តែធ្វើតាមតែបញ្ជាទាំងចិត្តមិនចង់ប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលជឿលើព្រះបន្ទូលរបស់ព្រះគ្រីស្ទយ៉ាងអស់ពីចិត្តឡើយ ហើយក៏គ្មានសមត្ថភាពយកព្រះបន្ទូលនោះទៅអនុវត្តភ្លាមៗដែរ។ នេះជាហេតុផលដែលអ្នករាល់គ្នាមិនមានសេចក្ដីជំនឿលើព្រះគ្រីស្ទ។ ដែលអ្នករាល់គ្នាតែងតែមានគំនិតបែបនេះបែបនោះអំពីទ្រង់ ក៏ជាហេតុផលមួយទៀត ដែលនាំឲ្យអ្នករាល់គ្នា មិនមានសេចក្តីជំនឿចំពោះទ្រង់ដែរ។ ខាងក្រោមនេះ គឺជាធាតុផ្សំផ្សេងទៀត ដែលនាំឲ្យអ្នកមិនមានជំនឿនៅក្នុងចិត្ត ដូចជា ការសង្ស័យអំពីកិច្ចការរបស់ព្រះគ្រីស្ទឥតល្ហែ ការបណ្ដោយឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្លាក់ទៅលើត្រចៀកថ្លង់ ការមានទស្សនៈបែបនេះបែបនោះចំពោះកិច្ចការដែលព្រះគ្រីស្ទបានធ្វើ ហើយមិនយល់អំពីកិច្ចការនោះឲ្យបានត្រឹមត្រូវ ការពិបាកបោះបង់សញ្ញាណរបស់អ្នកដោយឡែក មិនថាអ្នកទទួលបានសេចក្តីពន្យល់បែបណា និងហេតុផលផ្សេងទៀតយ៉ាងណាក៏ដោយ។ ទោះអ្នករាល់គ្នាអនុវត្តតាមកិច្ចការរបស់ព្រះគ្រីស្ទ ហើយមិនដែលរយាលក៏ដោយ ប៉ុន្តែអ្នកមានការបះបោរច្រើនពេកហើយ ដែលច្របូកច្របល់នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា។ ការបះបោរនេះ គឺជាភាពសៅហ្មងនៅក្នុងជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់។ ប្រហែលអ្នករាល់គ្នាមិនបានគិតបែបនេះឡើយ ប៉ុន្តែប្រសិនបើអ្នកគ្មានសមត្ថភាពស្គាល់ពីចេតនារបស់ខ្លួន តាមរយៈការនេះទេ នោះអ្នកត្រូវជាប់នៅក្នុងចំណោមមនុស្សដែលត្រូវវិនាស ដ្បិតទាល់តែមនុស្សដែលជឿពិតលើព្រះជាម្ចាស់ ទើបទ្រង់ប្រោសគេឲ្យបានគ្រប់លក្ខណ៍ មិនមែនមនុស្សដែលមានចិត្តសង្ស័យចំពោះទ្រង់ ហើយក៏មិនមែនមនុស្សដែលមានចិត្តអល់អែក ក្នុងការដើរតាមទ្រង់ ទាំងមិនធ្លាប់ជឿថា ទ្រង់ជាព្រះជាម្ចាស់នោះឡើយ។
មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាលនិងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯងថ្វាយព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែកិត្តិនាម ទ្រព្យសម្បត្តិ និងសិរីល្អ។ ដោយព្រោះតែចម្ងល់មួយថា ម្ដេចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឲ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម្ដេចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅវិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នោះផ្ទៃមេឃនិងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឲ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឲ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។
អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឲ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែបែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសពដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែអ្នកបែរជារីករាយនឹងប្រគល់ខ្លួនទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទទាំងកំព្រើល ទោះពួកគេឲ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ បែរទៅរកកេរ្តិ៍ឈ្មោះរបស់គេ បែរទៅរកឋានៈរបស់គេ និងបែរទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមួយ ដោយអ្នកគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឲ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ នៅក្នុងចិត្តរបស់អ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះអ្នកមិនបានគិតបែបនេះ ចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ ហើយមិនសក្ដិសមទទួលបានការគោរពស្រឡាញ់របស់អ្នកជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានឋានៈ យសសក្ដិ ខ្ពង់ខ្ពស់អ្វីឡើយ។
ទោះយ៉ាងណា ក៏ខ្ញុំអាចនិយាយបានថា មនុស្សទាំងអស់ដែលមិនឲ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿនៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត នោះអ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្សស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។
ថ្ងៃនេះ ចិត្តមិនជឿរបស់អ្នកនៅតែមានច្រើននៅក្នុងជីវិតរបស់អ្នក។ ចូរប្រឹងសម្លឹងមើលជីវិតរបស់អ្នករាល់គ្នាទៅមើល៍ នោះអ្នកនឹងរកឃើញចម្លើយរបស់អ្នកជាប្រាកដ។ ពេលដែលអ្នករកឃើញចម្លើយពិត នោះអ្នកនឹងទទួលស្គាល់ថា អ្នកមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ឡើយ ប៉ុន្តែជាមនុស្សដែលបញ្ឆោត ប្រមាថ ហើយក្បត់ទ្រង់ ព្រមទាំងជាមនុស្សដែលគ្មានចិត្តស្មោះចំពោះទ្រង់ឡើយ។ បន្ទាប់មក អ្នកនឹងទទួលស្គាល់ថា ព្រះគ្រីស្ទមិនគ្រាន់តែជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់ដែរ។ ពេលដែលគ្រានោះមកដល់ អ្នកនឹងគោរពកោតខ្លាច និងស្រឡាញ់ព្រះគ្រីស្ទយ៉ាងពិតប្រាកដ។ ឥឡូវនេះ ដួងចិត្តរបស់អ្នកមានតែសាមសិបភាគរយប៉ុណ្ណោះដែលមានពេញដោយសេចក្តីជំនឿ ចំណែកឯចិតសិបភាគរយទៀត មានពេញដោយសេចក្តីសង្ស័យ។ គ្រប់យ៉ាងដែលព្រះគ្រីស្ទធ្វើ និងមានបន្ទូល មុខជាធ្វើឲ្យអ្នករាល់គ្នាមានគំនិត និងទស្សនៈចំពោះទ្រង់ ជាគំនិតនិងទស្សនៈដែលមានឫសគល់ ចេញពីចិត្តមិនជឿទាំងស្រុងរបស់អ្នកចំពោះទ្រង់។ អ្នករាល់គ្នាគោរពសរសើរ និងកោតខ្លាចតែព្រះដែលមើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ ប៉ុន្តែអ្នកគ្មានការគោរពចំពោះព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅលើផែនដីនេះឡើយ។ តើនេះមិនមែនជាចិត្តមិនជឿរបស់អ្នករាល់គ្នាទេឬអី? អ្នករាល់គ្នាស្រេកឃ្លានចង់បានតែព្រះជាម្ចាស់ ដែលបានធ្វើការពីអតីតកាល ប៉ុន្តែមិនព្រមសម្លឹងទៅរកព្រះគ្រីស្ទ នាពេលសព្វថ្ងៃឡើយ។ ទាំងអស់នេះគឺជា «សេចក្តីជំនឿ» ដែលត្រូវបានលាយឡំជានិច្ច នៅក្នុងដួងចិត្តរបស់អ្នក ជាសេចក្តីជំនឿដែលមិនជឿលើព្រះគ្រីស្ទនាពេលសព្វថ្ងៃឡើយ។ ខ្ញុំមិនមែនមើលងាយអ្នករាល់គ្នា ដោយសារតែអ្នករាល់គ្នាមានចិត្តមិនជឿច្រើនពេក នៅក្នុងជីវិតរបស់ខ្លួន ទាំងមានភាពសៅហ្មងច្រើនពេក នៅក្នុងចិត្តដែលត្រូវយកមកវិភាគវែកញែកនោះទេ។ ភាពសៅហ្មងទាំងនេះ គឺជាសញ្ញាមួយដែលបង្ហាញថា អ្នករាល់គ្នាគ្មានជំនឿទាល់តែសោះ ជាសញ្ញាដែលបង្ហាញថា អ្នករាល់គ្នាបានបោះបង់ចោលព្រះគ្រីស្ទ និងជាសញ្ញាដៅសម្គាល់អ្នករាល់គ្នាថា គេជាជនក្បត់ព្រះគ្រីស្ទផងដែរ។ វាជាស្បៃដែលមិនឲ្យអ្នករាល់គ្នាស្គាល់ព្រះគ្រីស្ទ ជារនាំងដែលនាំឲ្យព្រះគ្រីស្ទមិនទទួលយកអ្នករាល់គ្នា ជាឧបសគ្គចំពោះភាពចុះសម្រុងរបស់អ្នករាល់គ្នាជាមួយព្រះគ្រីស្ទ និងជាភស្ដុតាងដែលនាំឲ្យព្រះគ្រីស្ទមិនទទួលយកអ្នករាល់គ្នា។ ឥឡូវនេះដល់ពេលដែលអ្នករាល់គ្នាត្រូវពិនិត្យមើលគ្រប់ផ្នែកនៃជីវិតរបស់ខ្លួនហើយ! ការធ្វើបែបនេះ វានឹងផ្ដល់ប្រយោជន៍ដល់អ្នករាល់គ្នា ដោយស្មានមិនដល់!