អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ

ខ្ញុំបានធ្វើកិច្ចការជាច្រើនក្នុងចំណោមមនុស្សលោក ក្នុងពេលដែលខ្ញុំបានសម្ដែងចេញនូវព្រះបន្ទូលជាច្រើនដែរ។ បន្ទូលទាំងនោះសុទ្ធតែដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សលោក ហើយត្រូវបានថ្លែង ដើម្បីឱ្យមនុស្សបានចុះសម្រុងនឹងខ្ញុំ។ ប៉ុន្តែខ្ញុំបានទទួលមនុស្សលើផែនដីតិចតួចណាស់ ដែលចុះសម្រុងជាមួយនឹងខ្ញុំ ដូច្នេះបានជាខ្ញុំនិយាយថា មនុស្សមិនឱ្យតម្លៃបន្ទូលរបស់ខ្ញុំទេ ដ្បិតមនុស្សមិនចុះសម្រុងជាមួយខ្ញុំ។ តាមរបៀបនេះ កិច្ចការដែលខ្ញុំធ្វើមិនគ្រាន់តែដើម្បីឱ្យមនុស្សអាចថ្វាយបង្គំខ្ញុំទេ អ្វីដែលសំខាន់ជាងនេះគឺថា មនុស្សអាចស្របនឹងខ្ញុំ។ មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាម រស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេស្របនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំតែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនស្របនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយ និងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងល់។ នៅក្នុងព្រះគម្ពីរពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាព អាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរ ពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថាខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីដែលស្របនឹងខ្ញុំ ឬវីធីដែលស្របនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេមកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ។ តើពួកគេមានលក្ខណៈអ្វី? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីដែលស្របនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរ តែមិនធ្វើព្រងើយនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះបានជាពួកគេបោះបង់អនាគតរបស់ខ្លូន និងតង្វាយលោះបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរទេឬអី?

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀតដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់ខ្ញុំម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយធម្មជាតិពួកគេប្រឆាំងទាស់នឹងខ្ញុំដល់ម្ល៉ឹង? ខ្ញុំរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានខ្ញុំសោះ។ នៅពេលខ្ញុំជះពន្លឺរបស់ខ្ញុំទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានខ្ញុំដែរ។ នៅពេលខ្ញុំបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានខ្ញុំខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងស្របនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីដែលស្របនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ ប៉ុន្តែគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះជាម្ចាស់ដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឱ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចស្របនឹងខ្ញុំយ៉ាងដូចម្តេច?

អស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ អ្នកនោះហើយ ដែលមិនចុះសម្រុងនឹងខ្ញុំ។ អស់អ្នកណាដែលមិនស្រឡាញ់សេចក្ដីពិត ក៏ដូចគ្នាដែរ។ អស់អ្នកណាដែលបះបោរនឹងខ្ញុំ រឹតតែប្រឆាំងនឹងខ្ញុំ ហើយមិនស្របនឹងខ្ញុំទៀតផង។ អស់អ្នកណាដែលមិនស្របនឹងខ្ញុំ ខ្ញុំប្រគល់អ្នកនោះទៅក្នុងដៃអាកំណាច ហើយខ្ញុំបោះបង់ពួកគេទៅក្នុងសេចក្ដីខូចអាក្រក់របស់អាកំណាច ទុកឱ្យពួកគេបានបង្ហាញសេចក្ដីអាក្រក់របស់ខ្លួនដោយសេរី ហើយចុងបញ្ចប់ ក៏ប្រគល់ពួកគេទៅឱ្យអាកំណាចបំផ្លាញចោល។ ខ្ញុំមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ថ្វាយបង្គំខ្ញុំទេ ដែលអាចនិយាយបានថា ខ្ញុំមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ជឿខ្ញុំទេ។ អ្វីដែលខ្ញុំខ្វល់ខ្វាយនោះគឺ តើមានមនុស្សប៉ុន្មាននាក់ដែលស្របនឹងខ្ញុំ។ នោះគឺដោយសារតែអស់អ្នកដែលមិនស្របនឹងខ្ញុំ គឺជាមនុស្សអាក្រក់ដែលក្បត់នឹងខ្ញុំ ពួកគេជាសត្រូវរបស់ខ្ញុំ ហើយខ្ញុំនឹងមិន «រក្សាទុក» ពួកសត្រូវរបស់ខ្ញុំ នៅក្នុងដំណាក់ខ្ញុំឡើយ។ អស់អ្នកណាដែលចុះសម្រុងនឹងខ្ញុំ គេនឹងបម្រើខ្ញុំ នៅក្នុងដំណាក់របស់ខ្ញុំជារៀងដរាបតទៅ ហើយអស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ គេនឹងរងនូវការដាក់ទោសរបស់ខ្ញុំជារៀងរហូត។ អស់អ្នកណាដែលខ្វល់តែពីពាក្យនៅក្នុងគម្ពីរ ហើយមិនរវល់នឹងសេចក្ដីពិត ក៏មិនរវល់នឹងការស្វែងរកដានជើងរបស់ខ្ញុំ នោះគឺពួកគេប្រឆាំងនឹងខ្ញុំហើយ ព្រោះពួកគេកំណត់ខ្ញុំតាមព្រះគម្ពីរ កំហិតខ្ញុំត្រឹមក្នុងគម្ពីរ ហើយថែមទាំងប្រមាថខ្ញុំយ៉ាងក្រៃលែងផង។ តើមនុស្សបែបនោះ អាចមកនៅចំពោះព្រះភ័ក្ត្រខ្ញុំយ៉ាងដូចម្ដេច? ពួកគេមិនយកចិត្តទុកដាក់ចំពោះទង្វើល្អរបស់ខ្ញុំ ក៏មិនយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ឬសេចក្ដីពិតទេ តែផ្ទុយទៅវិញ គេបែរជាឈ្លក់វង្វេងនឹងន័យពាក្យ គឺន័យពាក្យដែលធ្វើឱ្យស្លាប់។ តើមនុស្សបែបនេះអាចចុះសម្រុងនឹងខ្ញុំដោយរបៀបណា?

ខ្ញុំបានសម្ដែងចេញនូវព្រះបន្ទូលយ៉ាងច្រើន ហើយក៏បានបង្ហាញពីព្រះហឫទ័យ និងនិស្ស័យរបស់ខ្ញុំផង បើទោះជាដូច្នេះក្ដី ក៏មនុស្សនៅតែមិនអាចស្គាល់ខ្ញុំ ហើយជឿលើខ្ញុំដែរ។ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា មនុស្សនៅតែមិនអាចស្ដាប់បង្គាប់ខ្ញុំ។ អស់អ្នកដែលរស់នៅក្នុងគម្ពីរ អស់អ្នកដែលរស់នៅក្នុងក្រឹត្យវិន័យ អស់អ្នកដែលរស់នៅលើឈើឆ្កាង អស់អ្នកដែលរស់នៅស្របតាមសេចក្ដីបង្រៀន អស់អ្នកដែលរស់នៅក្នុងកិច្ចការដែលខ្ញុំធ្វើសព្វថ្ងៃនេះ ក្នុងចំណោមពួកគេទាំងនេះ តើនរណាទៅដែលស្របនឹងខ្ញុំ? អ្នករាល់គ្នាគិតតែពីការទទួលព្រះពរ និងរង្វាន់ តែមិនដែលលៃទុកគំនិតគិតថា ធ្វើរបៀបណាដើម្បីឱ្យបានចុះសម្រុងនឹងខ្ញុំយ៉ាងពិតប្រាកដ ឬក៏ពីរបៀបបង្ការខ្លួនឯងពីការប្រឆាំងនឹងខ្ញុំ។ ខ្ញុំខកព្រះហឫទ័យនឹងអ្នករាល់គ្នាណាស់ ព្រោះខ្ញុំបានប្រទានដល់អ្នករាល់គ្នាយ៉ាងច្រើន តែខ្ញុំទទួលបានពីអ្នករាល់គ្នាវិញ តិចតួចជាទីបំផុត។ ការឆបោក ភាពក្រអឺតក្រទម ភាពលោភលន់ សេចក្ដីប្រាថ្នាហួសល្បត់ ការក្បត់ ការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នា ក្នុងចំណោមទង្វើទាំងអស់នេះ តើទង្វើណាមួយ ដែលអាចគេចពីការកត់ចំណាំរបស់ខ្ញុំបាន? អ្នករាល់គ្នាព្រងើយកន្តើយនឹងខ្ញុំ អ្នករាល់គ្នាបោកបញ្ឆោតខ្ញុំ អ្នករាល់គ្នាប្រមាថខ្ញុំ អ្នករាល់គ្នាបញ្ជោរខ្ញុំ អ្នករាល់គ្នាទារឱ្យខ្ញុំសង ហើយជំរិតទារតង្វាយខ្ញុំ តើសេចក្ដីអាក្រក់របៀបនេះ អាចនឹងគេចរួចពីការដាក់ទោសរបស់ខ្ញុំដោយរបៀបបណា? ការប្រព្រឹត្តអាក្រក់ទាំងអស់នេះ ជាភ័ស្តុតាងបញ្ជាក់ពីភាពជាសត្រូវរបស់អ្នករាល់គ្នាចំពោះខ្ញុំ ហើយជាភ័ស្តុតាងបញ្ជាក់ពីភាពមិនចុះសម្រុងរបស់អ្នករាល់គ្នានឹងខ្ញុំ។ ពួកអ្នកម្នាក់ៗ ជឿលើខ្លួនឯងថា ចុះសម្រុងនឹងខ្ញុំណាស់ ប៉ុន្តែប្រសិនជាបែបនោះមែន តើភ័ស្តុតាងដែលមិនអាចប្រកែកបាននេះត្រូវប្រើចំពោះនរណាខ្លះ? អ្នករាល់គ្នាជឿលើខ្លួនឯងថា មានសេចក្ដីស្មោះត្រង់ និងភក្ដីភាព យ៉ាងច្រើនអនេកចំពោះខ្ញុំ។ អ្នករាល់គ្នាគិតថា ខ្លួនឯងមានចិត្តសប្បុរសខ្លាំងណាស់ មានមេត្តាខ្លាំងណាស់ ហើយស្រឡាញ់ខ្ញុំជាខ្លាំង។ អ្នករាល់គ្នាគិតថា ខ្លួនបានធ្វើលើសពីគ្រប់គ្រាន់ហើយដើម្បីខ្ញុំ។ ក៏ប៉ុន្តែ តើអ្នករាល់គ្នាមានដែលធៀបរឿងនឹងនេះ ទៅនឹងសកម្មភាពរបស់ខ្លួនឯងដែរឬទេ? ខ្ញុំមានបន្ទូលថា អ្នករាល់គ្នាក្រអឺតក្រទមខ្លាំង លោភលន់ខ្លាំង ធ្វេសប្រហែសខ្លាំង ល្បិចដែលអ្នករាល់គ្នាបោកខ្ញុំ គឺពិតជាឆ្លាតវៃណាស់ អ្នកមានចេតនា និងវិធីសាស្ត្រថោកទាបច្រើនណាស់។ ភក្ដីភាពរបស់អ្នករាល់គ្នា តិចតួចណាស់ សេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នាវិញ ក៏ស្ដួចស្ដើងហើយសតិសម្បជញ្ញៈរបស់អ្នក រឹតតែខ្វះខាតទៅទៀត។ ក្នុងដួងចិត្តអ្នករាល់គ្នា គឺមានតែការព្យាបាទច្រើនពេក ហើយមិនមាននរណាម្នាក់ រួចផុតពីការព្យាបាទរបស់អ្នកឡើយ សូម្បីតែខ្ញុំ។ អ្នករាល់គ្នាបិទទ្វារចោលខ្ញុំ ដើម្បីតែកូនៗខ្លួនឯង ឬក៏ប្ដីអ្នករាល់គ្នា ឬដើម្បីតែការពារខ្លួនឯង។ ជំនួសឱ្យការយកចិត្តទុកដាក់នឹងខ្ញុំ អ្នកយកចិត្តទុកដាក់នឹងគ្រួសារ កូនៗ ឋានៈ អនាគត និងក្ដីសុខរបស់អ្នករាល់គ្នាជាង។ តើពេលណាទៅដែលអ្នកធ្លាប់បានគិតពីខ្ញុំ ខណៈពេលអ្នករាល់គ្នានិយាយ ឬប្រព្រឹត្តនោះ? នៅថ្ងៃដែលត្រជាក់ខ្លាំង គំនិតរបស់អ្នករាល់គ្នា រិះគិតតែអំពីកូនៗ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់អ្នករាល់គ្នា។ នៅថ្ងៃដែលក្ដៅហែង អ្នកក៏មិនដែលគិតដល់ខ្ញុំដែរ។ ពេលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន អ្នកកំពុងគិតពីផលប្រយោជន៍ សុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសាររបស់អ្នក។ តើអ្វីទៅដែលអ្នកធ្លាប់ធ្វើដើម្បីខ្ញុំនោះ? តើពេលណាទៅដែលអ្នកធ្លាប់គិតពីខ្ញុំ? តើពេលណាទៅ ដែលអ្នកធ្លាប់ថ្វាយខ្លួនឯងដល់ខ្ញុំ និងកិច្ចការរបស់ខ្ញុំ ទោះត្រូវលះបង់អ្វីក៏ដោយនោះ? ឯណាទៅភ័ស្តុតាងបញ្ជាក់ពីការចុះសម្រុងរបស់អ្នកនឹងខ្ញុំនោះ? ឯណាទៅតថភាពនៃភក្ដីភាពរបស់អ្នកចំពោះខ្ញុំនោះ? ឯណាទៅតថភាពនៃការស្ដាប់បង្គាប់របស់អ្នកចំពោះខ្ញុំនោះ? ពេលណាទៅ ដែលអ្នកគ្មានចេតនាចង់បានព្រះពរពីខ្ញុំ? អ្នករាល់គ្នាបោកប្រាស់ និងបញ្ឆោតខ្ញុំ អ្នករាល់គ្នាលលេងនឹងសេចក្ដីពិត អ្នកបិទបាំងវត្តមាននៃសេចក្ដីពិត ហើយក្បត់នឹងសារជាតិនៃសេចក្ដីពិត។ តាមរយៈការទាស់ទទឹងនឹងខ្ញុំបែបនេះ នាំឱ្យមានលទ្ធផលអ្វីខ្លះ ដែលកំពុងតែរង់ចាំអ្នករាល់គ្នានៅថ្ងៃខាងមុខ? អ្នករាល់គ្នាគ្រាន់តែព្យាយាមចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល ហើយស្វែងរកតែជំនឿស្រពេចស្រពិល ប៉ុន្តែអ្នកមិនស្របនឹងព្រះគ្រីស្ទទេ។ តើសេចក្ដីអាក្រក់របស់អ្នក នឹងមិនទទួលការដាក់ទោស ដូចគ្នានឹងទោសដែលមនុស្សអាក្រក់សមនឹងទទួលទេឬអី? នៅពេលនោះ អ្នករាល់គ្នានឹងបានដឹងថា អ្នកដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់អាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានទេ ហើយអ្នករាល់គ្នានឹងបានដឹងថា តើការដាក់ទោសប្រភេទណានឹងកើតមានចំពោះអស់អ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ។ ពេលថ្ងៃនោះមកដល់ ក្ដីសុបិនថានឹងបានទទួលពរ ដោយសារតែជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ និងក្ដីសុបិនថានឹងបានចូលទៅកាន់ស្ថានសួគ៌ នឹងត្រូវរលាយបាត់ទាំងស្រុង។ យ៉ាងណាមិញ សម្រាប់អស់អ្នកដែលចុះសម្រុងនឹងព្រះគ្រីស្ទ នឹងមិនមែនបែបនោះទេ។ បើទោះជាពួកគេបានបាត់បង់ច្រើនប៉ុនណា បើទោះជាពួកគេរងទុក្ខលំបាកច្រើនប៉ុនណា ពួកគេនឹងទទួលបានមរតកទាំងអស់ ដែលខ្ញុំចែកឱ្យមនុស្សលោក។ នៅចុងបញ្ចប់ អ្នករាល់គ្នានឹងយល់ថា ខ្ញុំតែមួយអង្គគត់ ទើបជាព្រះដ៏សុចរិត ហើយខ្ញុំតែមួយអង្គគត់ ទើបមានសមត្ថភាពអាចនាំមនុស្សទៅកាន់ទិសដៅដ៏ស្រស់ត្រកាលរបស់ពួកគេបាន។

ខាង​ដើម៖ មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស

បន្ទាប់៖ តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ