ជំពូកទី ៨១
យុគសម័យដ៏ចាស់នេះម្ដេចក៏អាក្រក់ និងប្រាសចាកសីលធម៌អ្វីម្ល៉េះទេ! ខ្ញុំនឹងលេបអ្នក! ឱភ្នំស៊ីយ៉ូនអើយ! ចូរក្រោកឡើងមកគោរពខ្ញុំ! សម្រាប់ការបញ្ចប់ផែនការគ្រប់គ្រងរបស់ខ្ញុំ សម្រាប់ការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំប្រកបដោយជោគជ័យ នរណាមិនហ៊ានក្រោកឡើង និងសាទរ! តើនរណាមិនហ៊ានក្រោកឡើង ហើយលោតកញ្ឆេងទាំងអំណរដោយគ្មានទីបញ្ចប់? ពួកគេនឹងជួបសេចក្តីស្លាប់របស់ពួកគេនៅក្រោមព្រះហស្តរបស់ខ្ញុំ! ខ្ញុំអនុវត្តសេចក្តីសុចរិតទៅលើមនុស្សគ្រប់រូប ដោយគ្មានសេចក្តីមេត្តាករុណា ឬសេចក្តីស្រឡាញ់សប្បុរសសូម្បីតែបន្ដិចឡើយ ហើយខ្ញុំធ្វើវា ដោយឥតខ្វល់នោះឡើយ។ ឱមនុស្សទាំងឡាយអើយ! ចូរក្រោកឡើងថ្វាយការសរសើរតម្កើង និងសិរីល្អដល់ខ្ញុំ! គ្រប់ទាំងសិរីល្អដែលគ្មានទីបញ្ចប់ ចាប់ពីអស់កល្បរហូតដល់អស់កល្បជានិច្ច កើតឡើងដោយសារតែខ្ញុំ ហើយក៏ត្រូវបានតាំងឡើងដោយខ្ញុំផងដែរ។ តើនរណានឹងហ៊ានយកសិរីល្អទុកសម្រាប់ខ្លួនឯងទៅ? តើនរណាហ៊ានចាត់ទុកសិរីល្អរបស់ខ្ញុំជាសម្ភារៈមួយទៅ? ពួកគេនឹងត្រូវស្លាប់ដោយព្រះហស្តរបស់ខ្ញុំ! ឱមនុស្សដ៏ព្រៃផ្សៃអើយ! ខ្ញុំបានបង្កើតអ្នករាល់គ្នា និងបានផ្គត់ផ្គង់ដល់អ្នករាល់គ្នា ហើយខ្ញុំបានដឹកនាំអ្នករាល់គ្នាមកដល់សព្វថ្ងៃនេះ តែអ្នករាល់គ្នាបែរជាមិនសូវដឹងអំពីខ្ញុំទៅវិញ ហើយអ្នកក៏មិនស្រឡាញ់ខ្ញុំទាល់តែសោះដែរ។ តើខ្ញុំអាចបង្ហាញសេចក្តីមេត្តាករុណាសម្រាប់អ្នករាល់គ្នាម្ដងទៀតម្ដេចកើតទៅ? តើខ្ញុំអាចសង្រ្គោះអ្នករាល់គ្នាយ៉ាងដូចម្ដេច? ខ្ញុំមានតែប្រព្រឹត្តចំពោះអ្នកដោយសេចក្តីក្រោធរបស់ខ្ញុំប៉ុណ្ណោះ! ខ្ញុំនឹងសងអ្នករាល់គ្នាដោយសេចក្តីអន្តរាយ និងដោយការវាយផ្ចាលដ៏អស់កល្បជានិច្ច។ នេះគឺជាសេចក្តីសុចរិត ហើយវាមានតែធ្វើបែបនេះទេ។
នគររបស់ខ្ញុំរឹងមាំ និងមិនរង្គើឡើយ ហើយវាក៏នឹងមិនដែលដួលរលំនោះដែរ។ វានឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច! ពួកកូនប្រុសរបស់ខ្ញុំ ពួកកូនប្រុសច្បងរបស់ខ្ញុំ និងប្រជារាស្ត្ររបស់ខ្ញុំនឹងរីករាយព្រះពរជាមួយខ្ញុំជារៀងរហូតតទៅ! អស់អ្នកដែលមិនយល់អំពីរឿងរ៉ាវខាងវិញ្ញាណ ហើយអស់អ្នកដែលមិនទទួលបានការបើកសម្ដែងពីព្រះវិញ្ញាណបរិសុទ្ធនឹងត្រូវកាត់ចេញពីនគររបស់ខ្ញុំមិនយូរមិនឆាប់ឡើយ។ ពួកគេនឹងមិនព្រមចាកចេញដោយខ្លួនពួកគេផ្ទាល់ឡើយ ប៉ុន្តែនឹងត្រូវបង្ខំឱ្យចាកចេញដោយដំបងដែករបស់ខ្ញុំ និងដោយឫទ្ធានុភាពរបស់ខ្ញុំ។ ជាងនេះទៅទៀត ពួកគេនឹងត្រូវបានបណ្ដេញចេញ ដោយព្រះបាទារបស់ខ្ញុំ។ អស់អ្នកដែលត្រូវបានកាន់កាប់ដោយពួកវិញ្ញាណអាក្រក់មួយរយៈពេល (មានន័យថា តាំងពីកើតមក) នឹងត្រូវលាតត្រដាងនៅពេលនេះ។ ខ្ញុំនឹងបណ្ដេញអ្នកចេញ! តើអ្នកនៅចងចាំអ្វីដែលខ្ញុំបានមានបន្ទូលដែរឬទេ? ក្នុងនាមជាព្រះដ៏បរិសុទ្ធ និងឥតសៅហ្មង ខ្ញុំមិនគង់នៅក្នុងព្រះវិហារដ៏កខ្វក់ និងស្មោកគ្រោកនោះឡើយ។ អស់អ្នកដែលត្រូវបានកាន់កាប់ដោយពួកវិញ្ញាណអាក្រក់ដឹងអំពីការនេះដោយខ្លួនឯងហើយ ហើយខ្ញុំក៏មិនចាំបាច់បញ្ជាក់ទៀតនោះដែរ។ ខ្ញុំមិនបានកំណត់អ្នកទុកជាមុនឡើយ! អ្នកជាសាតាំងដ៏កញ្ចាស់ តែអ្នកចង់ជ្រៀតចូលក្នុងនគររបស់ខ្ញុំ! វាទៅមិនរួចឡើយ! ខ្ញុំកំពុងតែមានបន្ទូលប្រាប់អ្នកហើយ! នៅថ្ងៃនេះ ខ្ញុំនឹងធ្វើឱ្យអ្នកដឹងច្បាស់តែម្ដង៖ អស់អ្នកដែលខ្ញុំបានជ្រើសរើសនៅពេលនៃការបង្កើតមនុស្សជាតិ ខ្ញុំបានបញ្ជ្រាបនូវគុណសម្បត្តិ និងនិស្ស័យរបស់ខ្ញុំរួចហើយ។ ដូច្នេះ នៅថ្ងៃនេះ ពួកគេមានសា្វមីភក្ដិចំពោះខ្ញុំតែមួយប៉ុណ្ណោះ ពួកគេអាចរែកពុនបន្ទុកសម្រាប់ពួកជំនុំ ហើយពួកគេព្រមលះបង់ខ្លួនឯងសម្រាប់ខ្ញុំ និងថ្វាយខ្លួនរបស់ពួកគេទាំងស្រុងដល់ខ្ញុំ។ អស់អ្នកដែលខ្ញុំមិនបានរើសតាំង ត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតជាក់លាក់មួយ ហើយពួកគេគ្មានគុណសម្បត្តិ និងនិស្ស័យរបស់ខ្ញុំឡើយ។ អ្នករាល់គ្នាគិតថា ព្រះបន្ទូលរបស់ខ្ញុំមានភាពផ្ទុយគ្នា ប៉ុន្តែព្រះបន្ទូលដែលចែងថា «អ្នកត្រូវបានកំណត់ទុកជាមុន និងត្រូវបានរើសតាំងដោយខ្ញុំ តែអ្នករាល់គ្នាទទួលផលវិបាកសម្រាប់សកម្មភាពរបស់អ្នក» សុទ្ធតែសំដៅទៅលើសាតាំង។ ឥឡូវនេះ ខ្ញុំនឹងពន្យល់អំពីចំណុចមួយ៖ នៅថ្ងៃនេះ អស់អ្នកដែលអាចក្រោកឡើងកាន់កាប់សិទ្ធិអំណាចលើពួកជំនុំនានា ឃ្វាលមើលថែពួកជំនុំ គិតគូរដល់បន្ទុករបស់ខ្ញុំ និងបំពេញមុខងារដ៏ពិសេស ពោលគឺនៅក្នុងចំណោមមនុស្សទាំងនោះ គ្មាននរណាម្នាក់ស្ថិតនៅក្នុងការបម្រើដល់ព្រះគ្រីស្ទឡើយ។ ពួកគេទាំងអស់គ្នាគឺជាអ្នកដែលត្រូវបានកំណត់ទុកជាមុន និងត្រូវបានរើសតាំងដោយខ្ញុំ។ ខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាអំពីការនេះ ដើម្បីកុំឱ្យអ្នករាល់គ្នាព្រួយបារម្ភខ្លាំងពេក ហើយមិនពន្យារពេលដល់វឌ្ឍនភាពជីវិតរបស់អ្នក។ តើមានមនុស្សប៉ុន្មាននាក់អាចទទួលបានឋានៈជាកូនប្រុសច្បងទៅ? តើអាចដោយសារតែវាងាយស្រួលដូចជាការប្រគល់សញ្ញាបត្រឬ? វាមិនអាចទៅរួចឡើយ! បើវាមិនមែនសម្រាប់ការប្រោសឱ្យគ្រប់លក្ខណ៍របស់ខ្ញុំចំពោះអ្នករាល់គ្នាទេ នោះអ្នករាល់គ្នានឹងត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតជាក់លាក់មួយតាំងពីយូរណាស់មកហើយ។ នេះគឺជាហេតុផលដែលខ្ញុំបានគូសបញ្ជាក់ម្ដងហើយម្ដងទៀតថា ខ្ញុំនឹងមើលថែ និងការពារដល់អស់អ្នកដែលមានស្វាមីភក្ដិចំពោះខ្ញុំ ហើយប្រើខែលគ្របបាំងការពារពួកគេពីសេចក្តីអន្តរាយ និងទុក្ខវេទនា។ អស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុនគឺជាអស់អ្នកដែលពួកវិញ្ញាណអាក្រក់បានកាន់កាប់។ ពួកគេជាអ្នកដែលស្ពឹកស្រពន់ យឺតនឹងយល់ និងក្រិនខាងវិញ្ញាណ ហើយមិនអាចឃ្វាលមើលថែពួកជំនុំបានឡើយ (មានន័យថា អស់អ្នកដែលមានសេចក្តីរំជើបរំជួល តែគ្មាននិមិត្តច្បាស់លាស់)។ យកល្អ អ្នកគួរតែចេញពីព្រះនេត្ររបស់ខ្ញុំកាន់តែឆាប់កាន់តែប្រសើរ ក្រែងលោខ្ញុំស្អប់ខ្ពើម និងខឹងសម្បារ ដោយមើលឃើញរូបអ្នក។ បើអ្នកឆាប់ចាកចេញ នោះអ្នកនឹងទទួលការវាយផ្ចាលកាន់តែតិច ប៉ុន្តែបើអ្នកប្រើពេលកាន់តែយូរ នោះការវាយផ្ចាលនឹងកាន់តែធ្ងន់ធ្ងរមិនខាន។ តើអ្នកយល់ដែរឬទេ? ឈប់ធ្វើសកម្មភាពដ៏គួរឱ្យអាម៉ាស់ទៀតទៅ! អ្នកត្រូវបានខូចនិងកញ្ជ្រោល ឥតគំនិតនិងធ្វេសប្រហែស ហើយមិនដឹងថាខ្លួនឯងជាសំរាមប្រភេទណាផង! អ្នកងងឹតងងល់មែន!
អស់អ្នកដែលកាន់អំណាចនៅក្នុងនគររបស់ខ្ញុំគឺជាអ្នកដែលត្រូវបានខ្ញុំរើសតាំងយ៉ាងប្រុងប្រយ័ត្ន និងបានឆ្លងកាត់ការល្បងលជាបន្តបន្ទាប់។ គ្មាននរណាម្នាក់អាចយកឈ្នះពួកគេបានទេ។ ខ្ញុំបានប្រទានកម្លាំងដល់ពួកគេ ដូច្នេះ ពួកគេនឹងមិនត្រូវដួល ឬត្រូវវង្វេងឡើយ។ ពួកគេបានទទួលការអនុម័តយល់ស្របរបស់ខ្ញុំ។ ចាប់ពីថ្ងៃនេះតទៅ ពួកមានពុតនឹងបង្ហាញពីពណ៌សម្បុរពិតរបស់ពួកគេ។ ពួកគេមានសមត្ថភាពធ្វើរឿងដ៏គួរឱ្យអាម៉ាស់គ្រប់យ៉ាង ប៉ុន្តែនៅទីបំផុត ពួកគេនឹងគេចមិនផុតពីព្រះហស្តរបស់ខ្ញុំ ដែលវាយផ្ចាល និងដុតបំផ្លាញសាតាំងនោះឡើយ។ ព្រះវិហាររបស់ខ្ញុំនឹងក្លាយជាទីបរិសុទ្ធ និងឥតសៅហ្មង។ អ្វីៗទាំងអស់នេះគឺជាទីបន្ទាល់អំពីខ្ញុំ ជាការបង្ហាញចេញអំពីខ្ញុំ និងជាសិរីល្អដល់ព្រះនាមខ្ញុំ។ ព្រះវិហាររបស់ខ្ញុំគឺជាទីអាស្រ័យដ៏អស់កល្បជានិច្ចរបស់ខ្ញុំ និងជាកម្មវត្ថុនៃសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ចរបស់ខ្ញុំ។ ជារឿយៗ ខ្ញុំបបោសអង្អែលវា ដោយព្រះហស្តនៃសេចក្តីស្រឡាញ់ ផ្ដល់ការកម្សាន្តចិត្តដល់វា ដោយភាសានៃសេចក្តីស្រឡាញ់ មើលថែវាដោយកែវព្រះនេត្រនៃសេចក្តីស្រឡាញ់ និងឱបក្រសោបវានៅក្នុងដើមទ្រូងនៃសេចក្តីស្រឡាញ់ ដើម្បីកុំឱ្យវាធ្លាក់ទៅក្នុងអន្ទាក់របស់ពួកអាក្រក់ ឬត្រូវបានចាញ់បញ្ឆោតរបស់សាតាំង។ នៅថ្ងៃនេះ អស់អ្នកដែលបម្រើខ្ញុំ តែមិនត្រូវបានសង្រ្គោះ នឹងត្រូវបានប្រើប្រាស់ដោយខ្ញុំជាលើកចុងក្រោយប៉ុណ្ណោះ។ ហេតុអ្វីបានជាខ្ញុំប្រញាប់បណ្ដេញអ្វីៗទាំងនេះចេញពីនគររបស់ខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវបណ្ដេញពួកគេចេញពីព្រះនេត្ររបស់ខ្ញុំ? ខ្ញុំស្អប់ពួកគេដល់ខួរឆ្អឹងរបស់ខ្ញុំតែម្ដង! ហេតុអ្វីបានជាខ្ញុំមិនសង្រ្គោះពួកគេ? ហេតុអ្វីបានជាខ្ញុំស្អប់ខ្ពើមពួកគេយ៉ាងនេះ? ហេតុអ្វីបានជាខ្ញុំត្រូវវាយសម្លាប់ពួកគេ? ហេតុអ្វីបានជាខ្ញុំត្រូវបំផ្លាញពួកគេ? (គ្មានបំណែកណាមួយនៃពួកគេអាចបន្តនៅក្នុងព្រះនេត្ររបស់ខ្ញុំឡើយ រួមទាំងផេះរបស់ពួកគេផង។) ហេតុអ្វីទៅ? សូម្បីតែនាគដ៏ធំមានសម្បុរក្រហម ដែលជាសត្វពស់បុរាណ និងសាតាំងដ៏ចំណាស់ក៏ស្វែងរកការទ្រទ្រង់ដែលមិនស័ក្ដិសមនៅក្នុងនគររបស់ខ្ញុំដែរ! ឈប់រវើរវាយទៀតទៅ! ពួកគេទាំងអស់គ្នានឹងគ្មានបានផលអ្វីឡើយ ហើយនឹងត្រូវត្រលប់ជាផេះផង់វិញ!
ខ្ញុំនឹងបំផ្លាញយុគសម័យនេះ បំផ្លាស់បំប្រែវាឱ្យក្លាយជានគររបស់ខ្ញុំ ហើយរស់នៅ និងរីករាយអស់កល្បជានិច្ចជាមួយមនុស្សដែលខ្ញុំស្រឡាញ់។ អ្វីៗដែលមិនបរិសុទ្ធទាំងនោះមិនគួរស្មានថា ពួកគេអាចបន្តនៅក្នុងនគររបស់ខ្ញុំបានឡើយ។ តើអ្នកគិតថា អ្នកអាចស្ទូចត្រីនៅក្នុងទឹកល្អក់បានឬ? ចូរបំភ្លេចភាពរវើរវាយបែបនេះចោលទៅ! អ្នកមិនដឹងថា ព្រះនេត្ររបស់ខ្ញុំទតឃើញគ្រប់ការទាំងអស់នោះឡើយ! អ្នកមិនដឹងថា អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំដោយព្រះហស្តរបស់ខ្ញុំនោះទេ! ចូរកុំគិតថា អ្នកត្រូវទទួលការគោរពយ៉ាងខ្ពស់នោះឡើយ! អ្នករាល់គ្នាត្រូវទទួលកន្លែងដ៏សមរម្យរបស់អ្នក។ កុំធ្វើពុតជាបន្ទាបខ្លួនឡើយ (ខ្ញុំកំពុងសំដៅលើអស់អ្នកដែលទទួលព្រះពរ) ឬញាប់ញ័រ និងភ័យខ្លាច (ខ្ញុំកំពុងសំដៅលើអស់អ្នកដែលជួបគ្រោះអាក្រក់)។ ឥឡូវនេះ មនុស្សទាំងអស់គួរតែដឹងនៅក្នុងដួងចិត្តរបស់ពួកគេដោយខ្លួនឯងហើយ។ ទោះបីជាខ្ញុំមិនហៅអ្នកចំឈ្មោះក៏ដោយ ក៏អ្នកគួរតែដឹងខ្លួនដែរ ដ្បិតខ្ញុំបានដឹកនាំព្រះបន្ទូលរបស់ខ្ញុំទៅកាន់មនុស្សគ្រប់រូប។ មិនថាអ្នកជាមនុស្សរើសតាំងរបស់ខ្ញុំឬក៏អត់ឡើយ ព្រះបន្ទូលរបស់ខ្ញុំត្រូវបានសំដៅលើគ្រប់ទាំងសភាពបច្ចុប្បន្នរបស់អ្នករាល់គ្នា។ គឺអាចនិយាយបានថា បើអ្នករាល់គ្នាស្ថិតនៅក្នុងចំណោមពួករើសតាំងរបស់ខ្ញុំ នោះខ្ញុំមានបន្ទូលអំពីសភាពរបស់អស់អ្នកដែលខ្ញុំបានរើសតាំង ដោយផ្អែកលើរបៀបដែលអ្នករាល់គ្នាបានបង្ហាញខ្លួនឯង។ ចំពោះអស់អ្នកដែលមិនមែនជាពួករើសតាំងរបស់ខ្ញុំវិញ ខ្ញុំក៏មានបន្ទូលស្របតាមសភាពរបស់ពួកគេដែរ។ ដូច្នេះ ព្រះបន្ទូលរបស់ខ្ញុំត្រូវបានថ្លែងដល់ចំណុចជាក់លាក់មួយ។ អ្នករាល់គ្នាគួរតែមានការយល់ដឹងដ៏ល្អអំពីការនោះ។ កុំបញ្ឆោតខ្លួនឯងឡើយ! កុំខ្លាចឡើយ! ដោយសារតែចំនួនមនុស្សត្រូវបានកំណត់ត្រឹមតិចតួច ដូច្នេះ ការបោកបញ្ឆោតនឹងប្រើការមិនកើតឡើយ! អស់អ្នកណាដែលខ្ញុំមានបន្ទូលថាត្រូវបានរើសតាំង គឺត្រូវបានរើសតាំងហើយ ហើយទោះបីអ្នកពូកែធ្វើពុតបែបណាក៏ដោយ បើគ្មានគុណសម្បត្តិរបស់ខ្ញុំទេ នោះអ្នកនឹងបរាជ័យមិនខាន។ ដោយសារតែខ្ញុំគោរពតាមព្រះបន្ទូលរបស់ខ្ញុំ ខ្ញុំនឹងមិនបង្អាក់ដល់ផែនការរបស់ខ្ញុំផ្ទាល់ឡើយ។ ខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ ដោយសារតែអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើគឺជារឿងត្រឹមត្រូវ។ ខ្ញុំខ្ពង់ខ្ពស់បំផុត ហើយខ្ញុំមានលក្ខណៈវិសេស។ តើអ្នកប្រាកដច្បាស់អំពីការនេះដែរឬទេ? តើអ្នកយល់ដែរឬទេ?
ឥឡូវនេះ ក្រោយពេលអានព្រះបន្ទូលរបស់ខ្ញុំរួចមក អស់អ្នកដែលធ្វើអាក្រក់ និងអស់អ្នកដែលវៀចវេរ និងបោកបញ្ឆោត ក៏កំពុងតែខំប្រឹងស្វែងរកវឌ្ឍនភាព និងប្រឹងប្រែងដោយខ្លួនឯងយ៉ាងខ្លាំងដែរ។ ពួកគេចង់បង់ថ្លៃបន្ដិចបន្ដួចប៉ុណ្ណោះ ដើម្បីចូលទៅក្នុងនគររបស់ខ្ញុំ។ ពួកគេគួរតែបោះបង់គំនិតបែបនេះចោលទៅ! (មនុស្សទាំងនេះគ្មានសង្ឃឹមទេ ដោយសារតែខ្ញុំមិនបានប្រទានឱកាសប្រែចិត្តដល់ពួកគេឡើយ។) ខ្ញុំការពារខ្លោងទ្វារចូលទៅក្នុងនគររបស់ខ្ញុំ។ តើអ្នកជឿដែរឬទេថា មនុស្សអាចចូលទៅក្នុងនគររបស់ខ្ញុំតាមសេចក្តីប្រាថ្នារបស់ពួកគេ? តើអ្នកជឿថា នគររបស់ខ្ញុំនឹងទទួលយកសំណល់គ្រប់ប្រភេទឬ? ជឿថា នគររបស់ខ្ញុំនឹងយកសំរាមដែលគ្មានតម្លៃគ្រប់យ៉ាងឬ? អ្នកយល់ច្រឡំហើយ! នៅថ្ងៃនេះ អស់អ្នកដែលស្ថិតនៅក្នុងនគររបស់ខ្ញុំ គឺជាអស់អ្នកដែលកាន់អំណាចជាស្ដេចជាមួយខ្ញុំ។ ខ្ញុំបានអភិវឌ្ឍពួកគេយ៉ាងប្រុងប្រយ័ត្ន។ នេះមិនមែនជាអ្វីមួយដែលអាចសម្រេចបាន ដោយគ្រាន់តែការចង់បានវានោះទេ។ អ្នកត្រូវតែទទួលបានការអនុម័តយល់ស្របរបស់ខ្ញុំ។ ជាងនេះទៀត នេះមិនមែនជាអ្វីមួយដែលត្រូវបានពិភាក្សាជាមួយនរណាម្នាក់ឡើយ។ វាជាអ្វីមួយដែលខ្ញុំរៀបចំដោយខ្ញុំព្រះអង្គផ្ទាល់។ អ្វីគ្រប់យ៉ាងដែលខ្ញុំមានបន្ទូល ត្រូវតែចេញទៅ។ សេចក្តីអាថ៌កំបាំងរបស់ខ្ញុំត្រូវបានបើកសម្ដែងដល់អស់អ្នកដែលខ្ញុំស្រឡាញ់។ អស់អ្នកដែលធ្វើអាក្រក់ ពោលគឺអស់អ្នកដែលខ្ញុំមិនបានរើសតាំង គ្មានសិទ្ធិទទួលបានសេចក្តីទាំងនេះឡើយ។ ទោះបីជាពួកគេបានឮអំពីសេចក្តីអាថ៌កំបាំងទាំងនេះក៏ដោយ ក៏ពួកគេនឹងមិនយល់ដែរ ដោយសារតែសាតាំងបានគ្របបាំងភ្នែក និងបានគ្រប់គ្រងដួងចិត្តរបស់ពួកគេ ដោយបំផ្លាញខ្លួនរបស់ពួកគេទាំងស្រុងរួចបាត់ទៅហើយ។ ហេតុអ្វីបានជាមានពាក្យថា សកម្មភាពរបស់ខ្ញុំគួរឱ្យអស្ចារ្យ និងប្រកបដោយព្រះប្រាជ្ញាញាណ និងថាខ្ញុំប្រមែប្រមូលអ្វីៗទាំងអស់ឱ្យចូលមកបម្រើខ្ញុំ? ខ្ញុំនឹងប្រគល់អស់អ្នកដែលមិនត្រូវបានកំណត់ទុកជាមុន និងត្រូវបានរើសតាំងដោយខ្ញុំ ទៅឱ្យសាតាំង ដើម្បីដាក់ទោស និងធ្វើឱ្យពួកគេពុករលួយ ហើយខ្ញុំនឹងមិនយកព្រះហស្តខ្ញុំទៅដាក់ទោសពួកគេឡើយ។ នេះហើយជាកម្រិតនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំនោះ! តើនរណាធ្លាប់នឹកឃើញអំពីការនេះទៅ? ដោយគ្មានការប្រឹងប្រែងអ្វីសោះ កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំត្រូវបានសម្រេច មិនអ៊ីចឹងឬ?