ជំពូកទី ៨០
គ្រប់អ្វីៗទាំងអស់ ការប្រាស្រ័យទាក់ទងដ៏ពិតជាមួយខ្ញុំ គឺចាំបាច់សម្រាប់មនុស្សម្នាក់ ដែលនឹងទទួលបានការបំភ្លឺ និងយល់ច្បាស់។ មានតែតាមរយៈការនេះទេ ទើបវិញ្ញាណអាចមានភាពស្ងប់សុខ។ បើមិនដូច្នោះទេ វិញ្ញាណនឹងមិនមានភាពស្ងប់សុខទេ។ បច្ចុប្បន្ននេះ ជំងឺធ្ងន់ធ្ងរបំផុតក្នុងចំណោមអ្នករាល់គ្នា គឺការញែកភាពជាមនុស្សធម្មតារបស់ខ្ញុំចេញពីភាពជាព្រះពេញខ្នាតរបស់ខ្ញុំ។ លើសពីនេះទៅទៀត អ្នកភាគច្រើនសង្កត់ធ្ងន់លើភាពជាមនុស្សធម្មតារបស់ខ្ញុំ ប្រៀបដូចអ្នកមិនធ្លាប់ដឹងថាខ្ញុំក៏មានភាពជាព្រះពេញខ្នាតដែរ។ នេះប្រមាថខ្ញុំហើយ! តើអ្នកដឹងទេ? ជំងឺរបស់អ្នករាល់គ្នាធ្ងន់ធ្ងរណាស់ បើអ្នកមិនប្រញាប់ប្រញាល់ ហើយព្យាបាលឱ្យជាទេ អ្នកនឹងត្រូវស្លាប់ដោយព្រះហស្តខ្ញុំ។ នៅចំពោះព្រះភក្ត្រខ្ញុំ អ្នកបង្ហាញឥរិយាបថម្យ៉ាង (ធ្វើខ្លួនដូចជាបុគ្គលមានកិត្តិយស បន្ទាបខ្លួន និងមានភាពអំណត់) តែនៅពីក្រោយខ្នងខ្ញុំ អ្នកមានឥរិយាបថខុសប្លែកទាំងស្រុង (លាក់ពុត ប្រព្រឹត្តខុសឆ្គង និងគ្មានភាពអំណត់ ធ្វើអ្វីតាមទំនើងចិត្ត បង្កើតបក្សពួក បង្កើតនគរឯករាជ្យ ចង់ក្បត់ខ្ញុំ)។ អ្នកជាងងឹតងងល់មែន! ចូរបើកភ្នែកអ្នកដែលត្រូវបោកបញ្ឆោតដោយសាតាំងនោះឡើង! ចូរក្រឡេកមើលថាខ្ញុំជានរណាឱ្យពិតប្រាកដ! អ្នកមិនខ្មាសអៀនទេឬអី! អ្នកមិនដឹងថាស្នាព្រះហស្ដរបស់ខ្ញុំអស្ចារ្យទេ! អ្នកមិនដឹងពីចេស្ដារបស់ខ្ញុំទេ! តើនរណាអាចមានលទ្ធភាពបម្រើព្រះគ្រីស្ទបាន នៅពេលដែលខ្លួនមិនទាន់ត្រូវបានសង្រ្គោះនោះ? អ្នកមិនដឹងថាអ្នកកំពុងបំពេញតួនាទីអ្វីទេ! តាមពិតអ្នកក្លែងខ្លួននៅចំពោះមុខខ្ញុំ បង្ហាញមន្តស្នេហ៍របស់អ្នក អ្នកជាមនុស្សអាក្រក់! ខ្ញុំនឹងបណ្តេញអ្នកចេញពីដំណាក់របស់ខ្ញុំ។ ខ្ញុំមិនប្រើមនុស្សប្រភេទនេះទេ ព្រោះខ្ញុំមិនបានតម្រូវទុកជាមុន ហើយក៏មិនបានជ្រើសរើសយកពួកគេនោះដែរ។
ខ្ញុំធ្វើអ្វីដែលខ្ញុំនិយាយ។ អ្នកដែលប្រព្រឹត្តអំពើអាក្រក់ មិនត្រូវភ័យខ្លាចទេ។ ខ្ញុំមិនធ្វើខុសចំពោះមនុស្សណាម្នាក់ឡើយ។ ខ្ញុំតែងតែធ្វើតាមផែនការរបស់ខ្ញុំ ហើយធ្វើអ្វីៗគ្រប់យ៉ាងស្របតាមសេចក្តីសុចរិតរបស់ខ្ញុំ។ ពីព្រោះអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គឺជាកូនចៅរបស់សាតាំងចាប់តាំងពីពេលបង្កើតពិភពលោកមកម៉្លេះ ខ្ញុំមិនបានជ្រើសរើសពួកគេទេ។ នេះដូចជាពាក្យមួយឃ្លាថា «សត្វខ្លាមិនប្តូរពណ៌ស្បែកវាទេ»។ ចំពោះបញ្ហាដែលមនុស្សលោកមិនអាចយល់បាន គ្រប់យ៉ាងត្រូវបានលាតត្រដាង គ្មានអ្វីលាក់បាំងខ្ញុំបានទេ។ អ្នកប្រហែលអាចលាក់បាំងអ្វីម្យ៉ាងពីក្រសែភ្នែកមនុស្សមួយចំនួនតូច ហើយថែមទាំងអាចទទួលបានការជឿទុកចិត្តពីមនុស្សមួយចំនួនទៀតដែរ ប៉ុន្តែជាមួយខ្ញុំ វាមិនងាយស្រួលទេ។ ទីបំផុត អ្នកមិនអាចគេចផុតពីការជំនុំជម្រះរបស់ខ្ញុំទេ។ ការសម្លឹងមើលរបស់មនុស្សលោក គឺនៅមានកម្រិត ហើយសូម្បីតែអ្នកដែលអាចយល់ពីចំណែកតូចមួយនៃស្ថានភាពបច្ចុប្បន្នក៏ត្រូវបានចាត់ទុកថាមានជំនាញខ្លះដែរ។ សម្រាប់ខ្ញុំ អ្វីៗដំណើរការទៅដោយរលូន ហើយគ្មានអ្វីអាចមករារាំងខ្ញុំបន្តិចសោះឡើយ ពីព្រោះអ្វីៗទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រង និងការរៀបចំរបស់ខ្ញុំ។ តើនរណាដែលហ៊ានមិនចុះចូលនឹងការគ្រប់គ្រងរបស់ខ្ញុំ! នរណាហ៊ានរំខានការគ្រប់គ្រងរបស់ខ្ញុំ! នរណាហ៊ានមិនស្មោះត្រង់ ឬមិនឱនលំទោនចំពោះខ្ញុំ! នរណាហ៊ានប្រាប់ខ្ញុំនូវរឿងមិនពិត ហើយផ្ទុយទៅវិញ បែរជាប្រាប់ខ្ញុំសុទ្ធតែពាក្យកុហក! គ្មានពួកគេណាម្នាក់ អាចរួចពីព្រះហស្តដែលពោរពេញដោយការសេចក្ដីក្រោធរបស់ខ្ញុំបានឡើយ។ ទោះបីអ្នកបានសុំចុះចាញ់ សុខចិត្តទទួលការវាយផ្ចាល ហើយចូលក្នុងជង្ហុកធំនោះក៏ដោយចុះ ក៏ខ្ញុំនៅតែមិនឱ្យអ្នករួចខ្លួនបានដោយងាយដែរ។ ខ្ញុំត្រូវតែយកអ្នកឡើងពីជង្ហុកធំនោះ ដើម្បីឱ្យអ្នករងនូវការដាក់ទោសដោយសេចក្ដីក្រោយ (គួរឱ្យស្អប់ខ្ពើមបំផុត) របស់ខ្ញុំ។ តើមានកន្លែងណាដែលអ្នកអាចរត់គេចបាន? រឿងដែលខ្ញុំស្អប់បំផុត គឺនៅពេលមនុស្សញែកភាពជាមនុស្សរបស់ខ្ញុំចេញពីភាពជាព្រះពេញខ្នាតរបស់ខ្ញុំ។
មានពរហើយអស់អ្នកដែលមានចិត្ដស្មោះត្រង់នឹងខ្ញុំ ពោលគឺ មានពរហើយអស់អ្នកដែលស្គាល់ខ្ញុំពិតថាជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គខ្ញុំដែលជាអ្នកពិនិត្យមើលចិត្តថ្លើមមនុស្សយ៉ាងដិតដល់។ ខ្ញុំប្រាកដជាប្រទានពរជាច្រើនដល់អ្នកដែលអនុញ្ញាតឱ្យអ្នកទទួលបានព្រះពរដ៏ប្រសើរនៅក្នុងនគររបស់ខ្ញុំជារៀងរហូត។ នេះក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការនាំភាពអាម៉ាស់ដល់សាតាំង។ ទោះយ៉ាងណា ចូរកុំអត់អំណត់ ឬអន្ទះសារខ្លាំងពេក ខ្ញុំកំណត់ពេលវេលាសម្រាប់អ្វីៗទាំងអស់។ ប្រសិនបើពេលវេលាដែលខ្ញុំបានកំណត់ទុកមិនទាន់មកដល់នៅឡើយទេ ទោះបីមុនដល់ពេលកំណត់តែមួយវិនាទីក៏ដោយ ក៏ខ្ញុំនឹងមិនធ្វើអ្វីដែរ។ ខ្ញុំធ្វើសកម្មភាពច្បាស់លាស់ និងស្របតាមចង្វាក់ ខ្ញុំមិនធ្វើដោយគ្មានហេតុផលនោះឡើយ។ តាមទស្សនៈរបស់មនុស្ស ខ្ញុំមិនមានការថប់បារម្ភអ្វីទាំងអស់។ ខ្ញុំមានភាពនឹងនដូចភ្នំថៃសាន ប៉ុន្តែអ្នកមិនដឹងទេថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា? ចូរកុំគ្មានភាពអំណត់ពេក។ គ្រប់យ៉ាង គឺនៅក្នុងព្រះហស្តរបស់ខ្ញុំ។ អ្វីៗត្រូវបានរៀបចំតាំងពីយូរណាស់មកហើយ ហើយគ្មានអ្វីបន្ទាន់ដែលត្រូវមកបម្រើដល់ខ្ញុំនោះទេ។ ពិភពសាកលលោកទាំងមូលនៅខាងក្រៅ ហាក់ដូចជាមានភាពច្របូកច្របល់ ប៉ុន្តែតាមការឈ្វេងយល់របស់ខ្ញុំ អ្វីៗទាំងអស់គឺនៅមានរបៀបរៀបរយនៅឡើយ។ អ្វីដែលខ្ញុំបានរៀបចំសម្រាប់អ្នករាល់គ្នា គឺសម្រាប់តែអ្នករាល់គ្នារីករាយប៉ុណ្ណោះ។ តើអ្នកដឹងទេ? ចូរកុំបញ្ចូលខ្លួនអ្នករាល់គ្នាទៅក្នុងការគ្រប់គ្រងរបស់ខ្ញុំឱ្យសោះ។ ខ្ញុំនឹងឱ្យប្រជាជន និងប្រជាជាតិទាំងអស់ឃើញចេស្ដារបស់ខ្ញុំពីអំពើរបស់ខ្ញុំ ហើយខ្ញុំនឹងឱ្យពួកគេកោតសរសើរ និងលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ខ្ញុំ សម្រាប់អំពើដ៏អស្ចារ្យរបស់ខ្ញុំ។ នេះគឺដោយសារតែដូចដែលខ្ញុំបានមានបន្ទូលហើយថា គ្មានអ្វីដែលខ្ញុំធ្វើដោយគ្មានមូលដ្ឋានឡើយ ផ្ទុយទៅវិញ អ្វីៗទាំងអស់ត្រូវបានបំពេញដោយប្រាជ្ញា និងអំណាចរបស់ខ្ញុំជាមួយសេចក្តីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំ ហើយជាពិសេស ជាមួយសេចក្ដីក្រោធរបស់ខ្ញុំ។
អ្នកដែលភ្ញាក់ដឹងខ្លួនភ្លាមពេលឮព្រះបន្ទួលខ្ញុំច្បាស់ជាទទួលបានការប្រទានពររបស់ខ្ញុំ ហើយនឹងទទួលបានការការពារ និងការយកចិត្តទុកដាក់ពីខ្ញុំ។ ពួកគេនឹងមិនជួបប្រទះការរងទុក្ខនៃការវាយផ្ចាលទេ តែផ្ទុយទៅវិញ ពួកគេនឹងទទួលបានសុភមង្គលក្នុងគ្រួសារ។ តើអ្នកដឹងរឿងនេះទេ? ទុក្ខវេទនាគឺអស់កល្បជានិច្ច ហើយសេចក្តីអំណរក៏កាន់តែអស់កល្បជានិច្ចដែរ។ អ្នកនឹងទទួលបានបទពិសោធទាំងពីរនេះ ចាប់ពីពេលនេះតទៅ។ មិនថាអ្នករងទុក្ខ ឬទទួលបានអំណរនោះទេ គឺអាស្រ័យលើអាកប្បកិរិយាបែបណាដែលអ្នកប្រព្រឹត្ត នៅពេលអ្នកទទួលស្គាល់អំពើបាបរបស់អ្នក។ មិនថាអ្នកជាមនុស្សម្នាក់ដែលខ្ញុំបានតម្រូវទុកជាមុន និងបានជ្រើសរើសយកនោះ ឬយ៉ាងណានោះទេ អ្នកត្រូវយល់ច្បាស់ពីរឿងនេះ តាមអ្វីដែលអ្នកបាននិយាយ។ អ្នកអាចបោកបញ្ឆោតមនុស្សបាន ប៉ុន្តែអ្នកមិនអាចបោកបញ្ឆោតខ្ញុំបានទេ។ អ្នកដែលខ្ញុំបានកំណត់ទុកជាមុន និងបានជ្រើសរើសយក នឹងត្រូវបានប្រទានពរដ៏ថ្លៃថ្លាចាប់ពីពេលនេះតទៅ។ សម្រាប់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុននិងមិនជ្រើសរើសយក ខ្ញុំនឹងវាយផ្ចាលពួកគេយ៉ាងធ្ងន់ធ្ងរចាប់ពីពេលនេះតទៅ។ ការនេះនឹងជាភស្តុតាងរបស់ខ្ញុំដល់អ្នករាល់គ្នា។ អ្នកដែលបានទទួលព្រះពរនៅពេលនេះ ពិតណាស់ គឺជាអ្នកជាទីស្រឡាញ់របស់ខ្ញុំ។ សម្រាប់អ្នកដែលទទួលការវាយផ្ចាល ពិតណាស់ អ្នកមិនត្រូវបានកំណត់ទុកជាមុន និងជ្រើសរើសយកដោយខ្ញុំនោះទេ។ អ្នកគួរតែយល់ច្បាស់អំពីរឿងនេះ! ពោលគឺ បើខ្ញុំចាត់ចែងលើអ្វីដែលអ្នកទទួលបាននាពេលនេះ ហើយបើអ្នកទទួលបាននូវព្រះបន្ទូលនៃការជំនុំជម្រះយ៉ាងឃោរឃៅរបស់ខ្ញុំ នោះអ្នករាល់គ្នានឹងទទួលបាននូវការស្អប់ និងខ្ពើម នៅក្នុងព្រះហឫទ័យខ្ញុំ ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលខ្ញុំបានបោះបង់ចោល។ ប្រសិនបើអ្នកទទួលបានការលួងលោមរបស់ខ្ញុំ និងការប្រោសប្រទានជីវិតរបស់ខ្ញុំ នោះអ្នកគឺជារបស់ខ្ញុំ។ អ្នកគឺជាមនុស្សម្នាក់ដែលជាទីស្រឡាញ់របស់ខ្ញុំ។ អ្នកមិនអាចកំណត់រឿងនេះដោយផ្អែកលើរូបរាងសម្បកក្រៅរបស់ខ្ញុំទេ។ ចូរកុំឆ្កួតវង្វេងលើរឿងនេះអី!
បន្ទូលរបស់ខ្ញុំ ថ្លែងទៅកាន់ស្ថានភាពជាក់ស្តែងរបស់មនុស្សគ្រប់រូប។ តើអ្នករាល់គ្នាជឿទេថា ខ្ញុំគ្រាន់តែមានបន្ទូលសម្តែងអំពីប្រធានបទឥតព្រៀងទុក ឬថាខ្ញុំគ្រាន់តែមានបន្ទូលអំពីអ្វីដែលខ្ញុំចង់មានបន្ទូលតែប៉ុណ្ណោះ? អត់ទេ! ព្រះប្រាជ្ញាញាណរបស់ខ្ញុំ ត្រូវបានបង្កប់ទុកក្នុងព្រះបន្ទូលរបស់ខ្ញុំ។ អ្នកគួរតែចាត់ទុកព្រះបន្ទូលរបស់ខ្ញុំថាជាសេចក្តីពិត។ ក្នុងរយៈពេលដ៏ខ្លី អ្នកខាងក្រៅទាំងឡាយដែលកំពុងស្វែងរកផ្លូវពិត នឹងដើរចូលមក។ នៅពេលរឿងនោះកើតឡើង អ្នករាល់គ្នានឹងខកចិត្ត ហើយគ្រប់យ៉ាងនឹងសម្រេចផល ដោយគ្មានការលំបាកអ្វីបន្តិចឡើយ។ តើអ្នកមិនដឹងថាខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដាទេឬ? ពេលឮព្រះបន្ទូលទាំងនេះរបស់ខ្ញុំ អ្នករាល់គ្នាជឿជាក់យ៉ាងមុតមាំលើវា តើអ្នកមិនជឿទេឬ? ខ្ញុំមិនប្រព្រឹត្តខុសទេ កុំថាឡើយសេចក្តីភាន់ច្រឡំនៅក្នុងព្រះបន្ទូល។ តើអ្នកដឹងរឿងនេះទេ? ដូច្នេះ ខ្ញុំបានបញ្ជាក់ម្តងហើយម្តងទៀតថា អ្នករាល់គ្នាត្រូវតែទទួលយកការបណ្តុះបណ្តាលរបស់ខ្ញុំឱ្យបានឆាប់ ដើម្បីដឹកនាំ និងឃ្វាលពួកគេ។ តើអ្នកដឹងរឿងនេះទេ? តាមរយៈអ្នករាល់គ្នា ខ្ញុំនឹងប្រោសពួកគេឱ្យគ្រប់លក្ខណ៍។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តាមរយៈអ្នករាល់គ្នា ខ្ញុំនឹងបង្ហាញឱ្យឃើញច្បាស់នូវទីសម្គាល់ និងភាពអស្ចារ្យក្រៃលែងរបស់ខ្ញុំ។ ពោលគឺ ក្នុងចំណោមអ្នកដែលមនុស្សលោកមើលងាយ ខ្ញុំបានជ្រើសរើសមនុស្សមួយក្រុមឱ្យមកបង្ហាញការពិតដល់ខ្ញុំ ដើម្បីលើកតម្កើងព្រះនាមរបស់ខ្ញុំ ឱ្យមកទទួលបន្ទុកគ្រប់យ៉ាងសម្រាប់ខ្ញុំ និងសោយរាជ្យជាស្តេចជាមួយខ្ញុំ។ ដូច្នេះ ការបណ្តុះបណ្តាលនាពេលបច្ចុប្បន្នរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា គឺជាការគ្រប់គ្រងលោកីយ៍ឱ្យបានល្អប្រសើរបំផុត។ នេះគឺជារឿងដ៏អស្ចារ្យមួយដែលមនុស្សលោកមិនអាចធ្វើបាន។ ដោយមធ្យោបាយនៃការប្រោសអ្នករាល់គ្នាឱ្យគ្រប់លក្ខណ៍ ខ្ញុំនឹងបោះសាតាំងចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ និងក្នុងជង្ហុកធំ ហើយបោះទម្លាក់នាគដ៏ធំមានសម្បុរក្រហមនោះឱ្យដល់នូវសេចក្តីស្លាប់ ដែលនឹងមិនរស់ឡើងវិញឡើយ។ ហេតុដូច្នេះហើយ អ្នករាល់គ្នាដែលត្រូវបានបោះចូលទៅក្នុងជង្ហុកធំ គឺជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម។ ខ្ញុំស្អប់ពួកគេខ្លាំងណាស់។ ខ្ញុំបានធ្វើរឿងនេះ។ តើអ្នករាល់គ្នាមិនអាចមើលឃើញទេឬ? អ្នករាល់គ្នាដែលមិនស្មោះត្រង់ និងអ្នកដែលមានចិត្តវៀចវេរ និងបោកបញ្ឆោត ត្រូវបានលាតត្រដាង។ អ្នកដែលមានអំនួត អួតអាង រាប់ខ្លួនឯងជាសុចរិត និងឥតអៀនខ្មាស ថាខ្លួនជាកូនចៅរបស់មហាទេវតា ហើយពួកគេមានលក្ខណៈដូចទៅនឹងសាតាំង ដែលជាមារសត្រូវសួរពូជរបស់ខ្ញុំ។ ខ្ញុំត្រូវតែដាក់ទណ្ឌកម្មពួកគេម្តងមួយៗដើម្បីលុបបំបាត់ការស្អប់នៅក្នុងព្រះហឫទ័យខ្ញុំ។ ខ្ញុំនឹងធ្វើការនេះម្ដងមួយៗ ដោយដោះស្រាយបញ្ហាម្តងមួយៗ។
ឥឡូវនេះ តើបឹងភ្លើង និងស្ពាន់ធ័រ និងជង្ហុកធំជាអ្វី ឱ្យប្រាកដ? នៅក្នុងការស្រមើស្រមៃរបស់មនុស្ស បឹងភ្លើង និងស្ពាន់ធ័រ គឺជាវត្ថុពិតជាក់ស្តែង ប៉ុន្តែមនុស្សលោកមិនដឹងថានេះជាការពន្យល់ខុសច្រើនទេ។ ទោះយ៉ាងណាក៏ដោយ វានៅតែកាន់កាប់ទីតាំងជាក់លាក់មួយនៅក្នុងគំនិតរបស់មនុស្ស។ បឹងភ្លើងនិងស្ពាន់ធ័រ គឺជាព្រះហស្ដរបស់ខ្ញុំដែលបានទទួលការវាយផ្ចាលទៅលើមនុស្សលោក។ អ្នកណាដែលត្រូវបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ត្រូវបានសម្លាប់ដោយព្រះហស្តខ្ញុំ។ វិញ្ញាណ ព្រលឹង និងរូបកាយរបស់មនុស្សទាំងនេះ នឹងរងទុក្ខជារៀងរហូត។ នេះគឺជាអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំ នៅពេលខ្ញុំមានព្រះបន្ទូលថាអ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំ។ បើដូច្នេះតើជង្ហុកធំសំដៅទៅលើអ្វី? មនុស្សលោកគិតថាវាជាអណ្តូងធំមួយដែលមានជម្រៅជ្រៅមិនអាចវាស់បាន និងមិនមានទីបញ្ចប់។ ជង្ហុកធំដ៏ពិត គឺអំណាចរបស់សាតាំង។ ប្រសិនបើមនុស្សម្នាក់ធ្លាក់ក្នុងកណ្តាប់ដៃរបស់សាតាំង អ្នកនោះស្ថិតនៅក្នុងជង្ហុកធំដែលគ្មានទីបញ្ចប់ ទោះបីជាពួកគេមានស្លាប ក៏ពួកគេមិនអាចហើរចេញបានដែរ។ នេះហើយជាមូលហេតុដែលគេហៅថាជង្ហុកធំ។ មនុស្សបែបនេះ នឹងត្រូវទទួលការវាយផ្ចាលជារៀងរហូត។ នេះហើយជារបៀបដែលខ្ញុំបានរៀបចំវាឡើង។