ចំណុចទីដប់៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីពីរ)

ថ្ងៃនេះ យើងបន្តការប្រកបគ្នាអំពីចំណុចទីដប់នៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ កាលពីលើកមុន យើងបានធ្វើការប្រកបគ្នាយ៉ាងជាក់លាក់មួយចំនួនដែលផ្ដោតលើការប្រមាថសេចក្ដីពិត ដូច្នេះ ចូរយើងរំលឹកចំណុចនេះជាមុនសិន។ តើអ្នករាល់គ្នាបានពន្យល់ពីពាក្យ «ការប្រមាថ» យ៉ាងដូចម្ដេចដែរ កាលពីលើកមុន? (ពួកយើងបានពន្យល់វាថា ជាការមិនចាត់ទុកសេចក្ដីពិតជារឿងសំខាន់ ជាការមើលងាយ ការបន្ទាបបន្ថោក និងការមើលស្រាលសេចក្ដីពិត ហើយជាការបង្ហាញការមិនឱ្យតម្លៃចំពោះសេចក្ដីពិត។) តើអ្នករាល់គ្នាបានពន្យល់យ៉ាងច្បាស់ពីសារជាតិនៃពាក្យនេះ ដោយប្រើពាក្យពេចន៍ជាក់ស្ដែងដែរឬទេ? (ការពន្យល់របស់ពួកយើង គឺគ្រាន់តែជាពាក្យមានន័យដូចគ្នានឹងការប្រមាថប៉ុណ្ណោះ វាគ្រាន់តែនៅសើៗ ហើយមិនបានបញ្ជាក់ច្បាស់ពីសេចក្ដីលម្អិតនៃការប្រមាថសេចក្ដីពិត ឬអាកប្បកិរិយា និងការបង្ហាញចេញរបស់យើង នៅក្នុងការប្រព្រឹត្តរបស់យើងចំពោះសេចក្ដីពិតឡើយ។ ពួកយើងមិនបានពន្យល់ពីសារជាតិនៃពាក្យនេះទេ។) តើការពន្យល់បែបនេះមានលក្ខណៈបែបណា? តើវាស្ថិតក្នុងប្រភេទអ្វី? (ពាក្យពេចន៍ និងគោលលទ្ធិ។) តើមានអ្វីផ្សេងទៀតទេ? តើវាជាចំណេះដឹងឬ? (មែនហើយ។) តើចំណេះដឹងនេះទទួលបានមកដោយរបៀបណា? វាទទួលបានពីសាលារៀន ពីគ្រូបង្រៀន ហើយក៏ទទួលបានពីវចនានុក្រម និងសៀវភៅនានាផងដែរ។ ដូច្នេះ តើការពន្យល់របស់ខ្ញុំ និងការពន្យល់របស់អ្នករាល់គ្នា មានភាពខុសគ្នាដូចម្ដេចខ្លះ? (ការប្រកបគ្នារបស់ព្រះជាម្ចាស់ គឺនិយាយអំពីអាកប្បកិរិយារបស់មនុស្សម្នាក់ៗចំពោះសេចក្ដីពិត ពោលគឺ មនុស្សទាស់ទទឹងនឹងវា ខ្ពើមរអើមវា និងស្អប់ខ្ពើមវា ចេញពីជម្រៅចិត្តរបស់ពួកគេ ហើយមិនទទួលយកវា ថែមទាំងថ្កោលទោសវាទៀតផង ព្រមទាំងធ្វើការវិនិច្ឆ័យប្រកបដោយភាពប្រទូសរ៉ាយ និងមួលបង្កាច់សេចក្ដីពិតទៀតផង។ ការពន្យល់របស់ព្រះជាម្ចាស់ ចេញមកពីសារជាតិនៃអាកប្បកិរិយារបស់មនុស្សចំពោះសេចក្ដីពិត។) ខ្ញុំពន្យល់ពីសារជាតិនៃពាក្យ «ការប្រមាថ» ពីទស្សនៈនៃឥរិយាបថ ការអនុវត្ត អាកប្បកិរិយា និងទស្សនៈសំខាន់ៗផ្សេងៗ។ តើការពន្យល់មួយណាដែលជាសេចក្ដីពិតយ៉ាងពិតប្រាកដ? (ការពន្យល់របស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត។) ដូច្នេះ តើការពន្យល់របស់អ្នករាល់គ្នាខ្វះខាតនៅត្រង់ណា? (ពួកយើងមិនយល់ពីសេចក្ដីពិតទេ។ ពួកយើងមើលទៅលើរឿងរ៉ាវនានាតែពីសម្បកក្រៅ ហើយបកស្រាយរឿងទាំងនោះតាមន័យត្រង់ ដោយពឹងផ្អែកលើចំណេះដឹង និងគោលលទ្ធិ ដើម្បីមើលបញ្ហាប៉ុណ្ណោះ។) អ្នករាល់គ្នាបកស្រាយពាក្យនេះដោយផ្អែកលើចំណេះដឹងដែលអ្នករាល់គ្នាក្ដាប់បាន និងយោងទៅតាមការយល់ដឹងរបស់អ្នករាល់គ្នាអំពីន័យត្រង់ ប៉ុន្តែអ្នករាល់គ្នាមិនដឹងទាល់តែសោះថា តើពាក្យនេះមានទំនាក់ទំនងយ៉ាងដូចម្ដេចទៅនឹងសារជាតិធម្មជាតិ និងនិស្ស័យពុករលួយរបស់មនុស្សម្នាក់។ នេះគឺជាភាពខុសគ្នារវាងចំណេះដឹង និងគោលលទ្ធិ ជាមួយនឹងសេចក្ដីពិត។ ជាធម្មតា តើអ្នករាល់គ្នាក៏ប្រើវិធីសាស្ត្រ និងទស្សនៈនេះ នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតដែរមែនទេ? (មែនហើយ។) មិនចម្លែកទេដែលមនុស្សភាគច្រើន ទោះបីជាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏មិនអាចយល់ថា តើសេចក្ដីពិតនៅក្នុងព្រះបន្ទូលទាំងនោះ តាមពិតទៅគឺជាអ្វីនោះឡើយ។ ដូច្នេះ មនុស្សជាច្រើនបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ដោយមិនយល់ ឬមិនបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតឡើយ។ នេះហើយជាមូលហេតុដែលតែងតែមានការលើកឡើងថា «មនុស្សមិនយល់ពីសេចក្ដីពិត ហើយមិនមានសមត្ថភាពស្វែងយល់ពីសេចក្ដីពិតឡើយ»។

យើងនឹងបន្តប្រកបគ្នាអំពីចំណុចទីដប់នៃការបង្ហាញចេញនានារបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងការជួបជុំកាលពីលើកមុន យើងបានបែងចែកការប្រមាថសេចក្ដីពិតជាបីចំណុច។ តើបីចំណុចនោះមានអ្វីខ្លះ? (ទីមួយ ការមើលងាយអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ទីពីរ ការមើលងាយសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ទីបី ការមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ចូរយើងវែកញែកប្រធានបទ «ពួកទទឹងនឹងព្រះគ្រីស្ទប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ» ដោយផ្អែកលើចំណុចទាំងបីនេះ។ កាលពីលើកមុន ជាមូលដ្ឋាន យើងបានគ្របដណ្ដប់លើចំណុចទីមួយច្រើនគួរសមដែរ ប៉ុន្តែមិនបានប្រកបគ្នាឱ្យបានលម្អិតខ្លាំងអំពីភាពបរិសុទ្ធ និងភាពតែមួយគត់នៃសារជាតិរបស់ព្រះជាម្ចាស់ឡើយ ដែលការធ្វើបែបនេះគឺមានគោលបំណងទុកចន្លោះខ្លះឱ្យអ្នករាល់គ្នាត្រិះរិះពិចារណា និងឱ្យអ្នករាល់គ្នាប្រកបគ្នាកាន់តែជាក់លាក់ ដោយផ្អែកលើទិដ្ឋភាពនានានៃសេចក្ដីសុចរិត និងសព្វានុភាពរបស់ព្រះជាម្ចាស់ ដែលខ្ញុំបានប្រកបគ្នា។ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីពីរ ដែលគ្របដណ្ដប់លើរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដើម្បីវែកញែកប្រធានបទអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។

II. ការមើលងាយសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស

ទស្សនៈ និងទស្សនៈវិស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺជាមួយនឹងព្រះគ្រីស្ទ ក៏មានការបង្ហាញចេញជាក់លាក់ និងការបើកសម្ដែងសំខាន់ៗមួយចំនួនផងដែរ។ ប្រសិនបើយើងគ្រាន់តែរៀបរាប់ត្រួសៗអំពីការបង្ហាញចេញជាក់លាក់មួយចំនួនរបស់មនុស្ស ឬការអនុវត្តជាក់លាក់របស់មនុស្សមួយចំនួន នោះអ្នករាល់គ្នាប្រហែលជាយល់ថា ការលើកឡើងនេះរាងស្រពេចស្រពិលបន្តិចហើយ។ ផ្ទុយទៅវិញ ចូរយើងបែងចែកវាជាចំណុចៗ ដើម្បីស្វែងយល់ពីចំណុចទាំងនេះថា តើអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស គឺយ៉ាងណាឱ្យប្រាកដ ហើយដើម្បីបញ្ជាក់ និងវែកញែកពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថសេចក្ដីពិត។ ចំណុចទីមួយគឺ ការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់ ចំណុចទីពីរគឺ ការពិនិត្យពិច័យ និងការវិភាគ ព្រមទាំងការចង់ដឹងចង់ឃើញ ចំណុចទីបីគឺ របៀបដែលពួកគេប្រព្រឹត្តចំពោះព្រះគ្រីស្ទអាស្រ័យលើអារម្មណ៍របស់ពួកគេ ចំណុចទីបួនគឺ គ្រាន់តែស្ដាប់អ្វីដែលព្រះគ្រីស្ទមានបន្ទូល ប៉ុន្តែមិនស្ដាប់បង្គាប់ ឬមិនចុះចូល។ ដោយវិនិច្ឆ័យលើការលើកឡើងនៃចំណុចនីមួយៗទាំងនេះ ក៏ដូចជាទស្សនៈ និងការបង្ហាញចេញដែលអ្នករាល់គ្នាអាចយល់បានពីន័យត្រង់របស់វា តើចំណុចនីមួយៗសុទ្ធតែមានលក្ខណៈវិជ្ជមានដែរឬទេ? តើមានចំណុចណាមួយដែលមើលទៅហាក់ដូចជាវិជ្ជមានដែរឬទេ? តើពាក្យ «វិជ្ជមាន» សំដៅលើអ្វី? យ៉ាងហោចណាស់ វាសំដៅលើការមានភាពជាមនុស្ស និងមានវិចារណញ្ញាណ។ ចំណុចនេះមិនចាំបាច់និយាយដល់កម្រិតមានការចុះចូល ឬមានអាកប្បកិរិយា និងជំហរដែលភាវៈដែលព្រះបានបង្កើតគួរតែមានផង។ ដោយ គ្រាន់តែប្រើរង្វាស់នៃវិចារណញ្ញាណរបស់មនុស្ស តើចំណុច មួយណាដែលស្របតាមស្ដង់ដារ?

ជាដំបូង ចូរយើងមើលចំណុចទីមួយ៖ ការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់។ តើពាក្យទាំងបីនេះ ត្រូវបានចាត់ទុកថាជាពាក្យសរសើរ ឬជាពាក្យវិជ្ជមាននៅក្នុងភាសារបស់មនុស្សដែរឬទេ? (អត់ទេ។) ជាទូទៅ តើពាក្យទាំងនេះពិពណ៌នាពីការនិយាយស្ដី និងអាកប្បកិរិយារបស់មនុស្សប្រភេទណា? (មនុស្សបោកបញ្ឆោត ជនក្បត់ មនុស្សថោកទាប មនុស្សអែបអប។) ជនក្បត់ មនុស្សថោកទាប និងជនរមិលគុណ ជាប្រភេទមនុស្សដែលជាប់ពាក់ព័ន្ធនឹងភាពបោកបញ្ឆោត ភាពថោកទាប និងសេចក្ដីទុច្ចរិត។ សកម្មភាពរបស់មនុស្សបែបនេះ ត្រូវបានអ្នកដទៃមើលឃើញថា ភាគច្រើនជារឿងគួរឱ្យស្អប់ខ្ពើម និងថោកទាប មិនស្មោះត្រង់ចំពោះមនុស្ស និងមិនមានចិត្តល្អឡើយ។ ពួកគេតែងតែបញ្ចើចបញ្ចើ បញ្ជោរ និងនិយាយពាក្យសម្ដីពីរោះ ស្ដាប់ ដោយបញ្ចើចបញ្ចើ និងបញ្ជោរអ្នកដែលមានឥទ្ធិពល ឬមានឋានៈខ្ពស់។ មនុស្សប្រភេទនេះ ត្រូវបានអ្នកដទៃមើលងាយ ហើយជាទូទៅត្រូវបានគេចាត់ទុកថាជាតួអង្គអវិជ្ជមាន។

ចូរយើងមើលចំណុចទីពីរ៖ ការពិនិត្យពិច័យ និងការវិភាគ ព្រមទាំងការចង់ដឹងចង់ឃើញ។ តើពាក្យទាំងនេះត្រូវបានចាត់ទុកថាជាពាក្យសរសើរ ឬជាពាក្យបង្អាប់? (ពាក្យបង្អាប់។) ពាក្យបង្អាប់ឬ? ពន្យល់ប្រាប់ខ្ញុំមកមើល៍ ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ថ្នាក់ពាក្យទាំងនេះថាជាពាក្យបង្អាប់? បើគ្មានបរិបទទេ ពាក្យទាំងនេះគឺអព្យាក្រឹត ហើយមិនអាចហៅថាជាពាក្យសរសើរ ឬជាពាក្យបង្អាប់បានឡើយ។ ជាឧទាហរណ៍ ការពិនិត្យពិច័យលើគម្រោងវិទ្យាសាស្ត្រ ការវិភាគពីសារជាតិនៃបញ្ហាមួយ ការចង់ដឹងចង់ឃើញអំពីរឿងរ៉ាវជាក់លាក់ណាមួយ ការបង្ហាញចេញទាំងនេះ ជាមូលដ្ឋានមិនអាចហៅថាវិជ្ជមាន ឬអវិជ្ជមានឡើយ ហើយវាមានលក្ខណៈអព្យាក្រឹត។ ទោះជាយ៉ាងណាក៏ដោយ នៅទីនេះមានបរិបទមួយ៖ កម្មវត្ថុនៃការពិនិត្យពិច័យ ការវិភាគ និងការចង់ដឹងចង់ឃើញរបស់មនុស្ស មិនមែនជាប្រធានបទណាមួយដែលស័ក្ដិសមសម្រាប់ការស្រាវជ្រាវរបស់មនុស្សឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស។ ដូច្នេះ ច្បាស់ណាស់ ដោយមានបន្ថែមបរិបទនេះ ផ្អែកលើរឿងរ៉ាវទាំងនេះដែលមនុស្សប្រភេទនេះបានធ្វើ ក៏ដូចជាការបង្ហាញចេញ និងឥរិយាបថរបស់ពួកគេ ពាក្យទាំងនេះក្លាយជាពាក្យបង្អាប់នៅត្រង់នេះ។ តើមនុស្សប្រភេទណាដែលតែងតែពិនិត្យពិច័យ និងវិភាគលើសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស? តើជាអ្នកដែលដេញតាមសេចក្ដីពិត ឬជាអ្នកដែលមិនដេញតាមសេចក្ដីពិត? តើជាអ្នកដែលជឿលើព្រះគ្រីស្ទយ៉ាងពិតប្រាកដចេញពីចិត្តរបស់ពួកគេ ឬជាអ្នកដែលមានអាកប្បកិរិយាសង្ស័យចំពោះព្រះគ្រីស្ទ? ច្បាស់ណាស់ គឺអ្នកដែលមានអាកប្បកិរិយាសង្ស័យ។ ពួកគេមិនមានសេចក្ដីជំនឿពិតប្រាកដលើព្រះគ្រីស្ទឡើយ ហើយក្រៅពីការពិនិត្យពិច័យ និងការវិភាគ ពួកគេក៏មានការចង់ដឹងចង់ឃើញជាពិសេសផងដែរ។ តើពួកគេចង់ដឹងចង់ឃើញអំពីរឿងអ្វីឱ្យប្រាកដទៅ? បន្តិចទៀតនេះ យើងនឹងប្រកបគ្នាយ៉ាងជាក់លាក់អំពីសេចក្ដីលម្អិតនៃការបង្ហាញចេញ និងសារជាតិទាំងនេះ។

បន្ទាប់មក ចូរយើងមើលចំណុចទីបី៖ របៀបដែលពួកគេប្រព្រឹត្តចំពោះព្រះគ្រីស្ទអាស្រ័យលើអារម្មណ៍របស់ពួកគេ។ ចំណុចនេះមិនមានពាក្យពេចន៍ជាក់លាក់ដើម្បីវិភាគរកអត្ថន័យសរសើរ ឬបង្អាប់របស់វាឡើយ។ តើការពិតអ្វីដែលត្រូវបានបើកសម្ដែងតាមរយៈការបង្ហាញចេញ និងការអនុវត្តជាក់លាក់បែបនេះរបស់មនុស្សទាំងនោះ? តើមនុស្សដែលធ្វើរឿងបែបនេះ និងមានការបង្ហាញចេញបែបនេះ មាននិស្ស័យបែបណា? ទីមួយ តើពួកគេមានភាពយុត្តិធម៌ក្នុងការប្រព្រឹត្តចំពោះអ្នកដទៃដែរឬទេ? (អត់ទេ។) តើអាចសន្និដ្ឋានរឿងនេះបានពីឃ្លាមួយណា? («អាស្រ័យលើអារម្មណ៍របស់ពួកគេ។») ឃ្លានេះមានន័យថា មនុស្សប្រភេទនេះធ្វើសកម្មភាព និងប្រព្រឹត្តចំពោះអ្នកដទៃ ឬបញ្ហានានាដោយគ្មានគោលការណ៍ គ្មានដែនកំណត់ ហើយជាពិសេសគឺគ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ ពោលគឺពួកគេត្រូវបានដឹកនាំដោយអារម្មណ៍របស់ពួកគេទាំងស្រុង។ ប្រសិនបើនរណាម្នាក់ប្រព្រឹត្តចំពោះមនុស្សធម្មតាម្នាក់ដោយផ្អែកលើអារម្មណ៍របស់ខ្លួន វាមិនមែនជាបញ្ហាធំដុំនោះទេ វានឹងមិនបំពានលើបញ្ញត្តិរដ្ឋបាល ឬប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ឡើយ ហើយវាគ្រាន់តែបង្ហាញថា មនុស្សម្នាក់នេះរឹងរូស មិនដេញតាមសេចក្ដីពិត ធ្វើសកម្មភាពដោយគ្មានគោលការណ៍ ហើយធ្វើអ្វីក៏ដោយតាមតែចិត្តចង់ ដោយផ្អែកលើអារម្មណ៍ និងចំណូលចិត្តរបស់ខ្លួន ដោយគិតតែពីបំណងប្រាថ្នា និងអារម្មណ៍ខាងសាច់ឈាមរបស់ខ្លួនឯងប៉ុណ្ណោះ ហើយមិនខ្វល់ពីអារម្មណ៍របស់អ្នកដទៃ ព្រមទាំងមិនបង្ហាញការគោរពចំពោះអ្នកដទៃឡើយ។ នេះគឺជាការពន្យល់ដោយផ្អែកលើការប្រព្រឹត្តរបស់ពួកគេចំពោះមនុស្សធម្មតាម្នាក់ ប៉ុន្តែតើអ្នកណាជាអ្នកទទួលរងនូវការប្រព្រឹត្តតាមអារម្មណ៍របស់ពួកគេនៅទីនេះ? មិនមែនជាមនុស្សធម្មតានោះទេ ប៉ុន្តែគឺជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ពោលគឺព្រះគ្រីស្ទ។ ប្រសិនបើអ្នកប្រព្រឹត្តចំពោះព្រះគ្រីស្ទដោយផ្អែកលើអារម្មណ៍របស់អ្នក នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលកម្រិតនៃភាពធ្ងន់ធ្ងរនេះ យើងនឹងមិនទាន់ពិភាក្សានៅពេលនេះទេ។

ឥឡូវនេះ យើងមកមើលចំណុចទីបួន៖ គ្រាន់តែស្ដាប់អ្វីដែលព្រះគ្រីស្ទមានបន្ទូល ប៉ុន្តែមិនស្ដាប់បង្គាប់ ឬមិនចុះចូល។ នៅទីនេះ គ្មានពាក្យពេចន៍ជាក់លាក់ណាមួយដើម្បីកំណត់លក្ខណៈឱ្យបានច្បាស់លាស់ថាវាជាអ្វីឱ្យប្រាកដនោះទេ។ វាគឺជាប្រភេទនៃការបង្ហាញចេញ ជាសភាពតាមទម្លាប់ និងជាអាកប្បកិរិយាជាក់លាក់មួយនៅក្នុងរបៀបដែលមនុស្សប្រព្រឹត្តចំពោះរឿងរ៉ាវនានា ប៉ុន្តែវាពាក់ព័ន្ធនឹងនិស្ស័យរបស់មនុស្សម្នាក់។ តើមនុស្សបែបនេះមាននិស្ស័យបែបណា? ពួកគេស្ដាប់ ប៉ុន្តែមិនស្ដាប់បង្គាប់ ឬមិនចុះចូលឡើយ។ ពីសំបកក្រៅ ពួកគេនៅតែអាចស្ដាប់បាន ប៉ុន្តែតើអ្វីដែលពួកគេបង្ហាញចេញមកក្រៅ ដូចគ្នាទៅនឹងអ្វីដែលពួកគេគិត ឬអាកប្បកិរិយាពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេដែរឬទេ? (អត់ទេ។) ពីសំបកក្រៅ ពួកគេអាចមើលទៅហាក់ដូចជាមានឥរិយាបថល្អ និងហាក់ដូចជាកំពុងស្ដាប់ ប៉ុន្តែនៅខាងក្នុងចិត្តវិញ វាមិនមែនបែបនេះទេ។ នៅខាងក្នុងចិត្ត មានអារម្មណ៍ និងអាកប្បកិរិយាមិនស្ដាប់បង្គាប់ ព្រមទាំងមានអារម្មណ៍ និងអាកប្បកិរិយាទាស់ទទឹងផងដែរ។ ពួកគេគិតថា៖ «ខ្ញុំមិនស្ដាប់បង្គាប់អ្នកនៅក្នុងចិត្តរបស់ខ្ញុំទេ។ តើខ្ញុំអាចធ្វើឱ្យអ្នកឃើញច្បាស់ថាខ្ញុំមិនស្ដាប់បង្គាប់ដោយរបៀបណាទៅ? ខ្ញុំគ្រាន់តែស្ដាប់ពាក្យសម្ដីដែលអ្នកនិយាយនឹងត្រចៀករបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនទុកវាក្នុងចិត្តទាល់តែសោះ ឬមិនអនុវត្តតាមឡើយ។ ខ្ញុំនឹងតាំងខ្លួនប្រឆាំងនឹងអ្នក ហើយទាស់ទទឹងនឹងអ្នក!» នេះហើយជាអត្ថន័យនៃការមិនស្ដាប់បង្គាប់ ឬមិនចុះចូល។ ប្រសិនបើមនុស្សបែបនេះទាក់ទង និងប្រាស្រ័យទាក់ទងជាមួយបុគ្គលធម្មតា ដោយប្រព្រឹត្តចំពោះអ្វីដែលមនុស្សធម្មតានិយាយ ដោយសភាព ទស្សនៈ និងអាកប្បកិរិយាបែបនេះ ទោះបីជាវាជាការបង្ហាញចេញដែលច្បាស់ក្រឡែត ឬអាចមើលដឹងក៏ដោយ តើមនុស្សបែបនេះមាននិស្ស័យបែបណា? តើពួកគេត្រូវបានគេចាត់ទុកថាជាមនុស្សល្អដែលមានភាពជាមនុស្ស និងមានតម្រិះប្រកបដោយវិចារណញ្ញាណ ដូចដែលអ្នកដទៃហៅដែរឬទេ? តើពួកគេត្រូវបានចាត់ថ្នាក់ជាតួអង្គវិជ្ជមានដែរឬទេ? ច្បាស់ណាស់គឺអត់ទេ។ ដោយគ្រាន់តែវិនិច្ឆ័យលើឃ្លា «គ្រាន់តែស្ដាប់ ប៉ុន្តែមិនស្ដាប់បង្គាប់ ឬមិនចុះចូល» មនុស្សទាំងនេះគឺក្រអឺតក្រទមណាស់។ តើពួកគេក្រអឺតក្រទមកម្រិតណា? គឺក្រអឺតក្រទមខ្លាំងណាស់ រហូតដល់ថ្នាក់បាត់បង់ភាពមានវិចារណញ្ញាណ ឆ្កួតវង្វេងទាំងស្រុង មិនស្ដាប់បង្គាប់អ្នកណា ហើយក៏មិនរវីរវល់នឹងអ្នកណាទាំងអស់។ អាកប្បកិរិយារបស់ពួកគេនៅពេលទាក់ទងជាមួយអ្នកដទៃគឺ៖ «ខ្ញុំអាចនិយាយជាមួយអ្នកបាន ខ្ញុំអាចរាប់អានអ្នកបាន ប៉ុន្តែគ្មានពាក្យសម្ដីរបស់អ្នកណាម្នាក់អាចចូលក្នុងចិត្តរបស់ខ្ញុំបានឡើយ ហើយក៏គ្មានពាក្យសម្ដីរបស់អ្នកណាម្នាក់អាចក្លាយជាគោលការណ៍ និងការណែនាំសម្រាប់សកម្មភាពរបស់ខ្ញុំបានដែរ»។ ពួកគេមានតែគំនិតរបស់ខ្លួនផ្ទាល់នៅក្នុងចិត្តប៉ុណ្ណោះ ដោយស្ដាប់តាមតែសំឡេងនៅក្នុងចិត្តពួកគេប៉ុណ្ណោះ។ ពួកគេមិនស្ដាប់ ហើយក៏មិនទទួលយកនូវសេចក្ដីថ្លែង និងគោលការណ៍ដែលត្រឹមត្រូវ ឬវិជ្ជមានណាមួយឡើយ ផ្ទុយទៅវិញ ពួកគេទាស់ទទឹងនឹងរឿងទាំងនេះនៅក្នុងចិត្តរបស់ខ្លួន។ តើមានមនុស្សបែបនេះនៅក្នុងចំណោមហ្វូងមនុស្សដែរឬទេ? នៅក្នុងក្រុមមួយ តើមនុស្សបែបនេះត្រូវបានគេចាត់ទុកថាមានតម្រិះប្រកបដោយវិចារណញ្ញាណ ឬគ្មានតម្រិះប្រកបដោយវិចារណញ្ញាណ? តើពួកគេត្រូវបានចាត់ថ្នាក់ជាតួអង្គវិជ្ជមាន ឬអវិជ្ជមាន? (តួអង្គអវិជ្ជមាន។) ដូច្នេះ តើមនុស្សភាគច្រើននៅក្នុងក្រុមមួយ ជាធម្មតាចាត់ទុក និងប្រព្រឹត្តចំពោះពួកគេដោយរបៀបណា? តើពួកគេប្រើវិធីសាស្ត្របែបណាខ្លះក្នុងការប្រព្រឹត្តចំពោះអ្នកទាំងនោះ? តើមនុស្សភាគច្រើនសុខចិត្តទាក់ទង និងប្រាស្រ័យទាក់ទងជាមួយបុគ្គលបែបនេះដែរឬទេ? (អត់ទេ។) នៅក្នុងពួកជំនុំ មនុស្សភាគច្រើនមិនអាចចុះសម្រុងជាមួយបុគ្គលបែបនេះបានទេ តើមកពីមូលហេតុអ្វី? ហេតុអ្វីបានជាមនុស្សគ្រប់គ្នាមិនចូលចិត្ត និងមានអារម្មណ៍ខ្ពើមរអើមចំពោះមនុស្សបែបនេះ? មានពីរប្រយោគដែលអាចពន្យល់ពីបញ្ហានេះបាន។ ទីមួយ មនុស្សទាំងនេះមិនសហការជាមួយអ្នកណាទាំងអស់ ពួកគេចង់ធ្វើជាអ្នកសម្រេចចុងក្រោយ ហើយពួកគេមិនស្ដាប់អ្នកណាឡើយ ការធ្វើឱ្យពួកគេស្ដាប់តាមពាក្យសម្ដីរបស់អ្នកដទៃ គឺជារឿងដ៏លំបាកបំផុត ហើយវាមិនអាចទៅរួចទេដែលពួកគេស្វែងរកមតិ និងគំនិតរបស់អ្នកដទៃ ឬស្ដាប់នូវអ្វីដែលអ្នកដទៃនិយាយនោះ។ ទីពីរ ពួកគេមិនអាចសហការជាមួយអ្នកណាបានឡើយ។ តើប្រយោគទាំងពីរនេះ មិនមែនជាការបង្ហាញចេញដ៏ជាក់លាក់បំផុតនៃមនុស្សប្រភេទនេះទេឬ? តើប្រយោគទាំងពីរនេះ មិនមែនជាសារជាតិរបស់មនុស្សបែបនេះទេឬ? (មែនហើយ។) ទីមួយ ដោយពិចារណាលើនិស្ស័យរបស់ពួកគេ ពួកគេមិនស្ដាប់អ្នកណា ហើយក៏មិនស្ដាប់បង្គាប់អ្នកណាដែរ។ ពួកគេចង់ធ្វើជាអ្នកសម្រេចចុងក្រោយ មិនចង់ស្ដាប់អ្នកដទៃ ហើយមិនសហការជាមួយអ្នកដទៃឡើយ។ នៅក្នុងចិត្តរបស់ពួកគេ គ្មានកន្លែងសម្រាប់អ្នកដទៃទេ ហើយក៏គ្មានកន្លែងសម្រាប់សេចក្ដីពិត ឬគោលការណ៍របស់ពួកជំនុំដែរ។ នេះហើយជានិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទនៃមនុស្សប្រភេទនេះ។ លើសពីនេះទៅទៀត ពួកគេមិនអាចសហការ ឬចុះសម្រុងជាមួយអ្នកណាបានឡើយ ហើយទោះបីជាពួកគេមានអារម្មណ៍ថាសុខចិត្តទាំងបង្ខំនៅក្នុងចិត្តរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែមិនអាចសហការជាមួយអ្នកដទៃបានដែរ នៅពេលដែលត្រូវសហការជាក់ស្ដែង។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? តើវាមិនពាក់ព័ន្ធនឹងសភាពជាក់លាក់ណាមួយទេឬ? ពួកគេមើលងាយអ្នកដទៃ មិនស្ដាប់អ្នកដទៃ ហើយទោះបីជាពាក្យសម្ដីរបស់អ្នកដទៃស្របតាមគោលការណ៍យ៉ាងណាក៏ដោយ ក៏ពួកគេមិនទទួលយកដែរ។ នៅពេលនិយាយដល់ការសហការជាមួយអ្នកដទៃ វាអាចធ្វើទៅបានតាមតែរបៀបរបស់ពួកគេប៉ុណ្ណោះ។ តើនេះជាការសហការដ៏ចុះសម្រុងគ្នាឬ? នេះមិនមែនជាការសហការទេ វាគឺជាការធ្វើសកម្មភាពតាមតែអំពើចិត្ត ដែលមនុស្សម្នាក់ជាអ្នកសម្រេចកិច្ចការទាំងអស់។ នេះគឺជាប្រភេទនិស្ស័យដែលមនុស្សបែបនេះមាន នៅក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ ហើយពួកគេប្រព្រឹត្តចំពោះព្រះគ្រីស្ទតាមរបៀបដូចគ្នា។ តើរឿងនេះសមនឹងវែកញែកដែរឬទេ? បញ្ហានៅទីនេះគឺធ្ងន់ធ្ងរ ហើយសមនឹងទទួលបានការវែកញែក! បន្ទាប់មក ចូរយើងនិយាយអំពីការបង្ហាញចេញ និងការអនុវត្តជាក់លាក់របស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងចំណុចនីមួយៗ ហើយតាមរយៈការបង្ហាញចេញ និងការអនុវត្តជាក់លាក់ទាំងនេះ យើងនឹងយល់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺការប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ យើងចាប់ផ្ដើមវែកញែកពីចំណុចទីមួយទៅ។

ក. ការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់

ការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់ ពីសំបកក្រៅ មនុស្សគ្រប់គ្នាគួរតែដឹងថាពាក្យទាំងនេះមានន័យដូចម្ដេច ហើយបុគ្គលដែលមានលក្ខណៈទាំងនេះ គឺជារឿងធម្មតាដែលមាននៅគ្រប់ទីកន្លែង។ ការបញ្ចើចបញ្ចើ ការបញ្ជោរ និងការនិយាយពាក្យសម្ដីពីរោះស្ដាប់ ភាគច្រើនគឺជាទម្រង់នៃការនិយាយដែលត្រូវបានប្រើប្រាស់ ដើម្បីទទួលបានការពេញចិត្ត ការសរសើរ ឬអត្ថប្រយោជន៍ណាមួយពីអ្នកដទៃ។ នេះគឺជាទម្រង់នៃការនិយាយទូទៅបំផុត សម្រាប់អ្នកដែលចូលចិត្តបញ្ជោរ និងអែបអប។ គេអាចនិយាយបានថា មនុស្សពុករលួយទាំងអស់ សុទ្ធតែមានការបង្ហាញចេញបែបនេះក្នុងកម្រិតណាមួយ ដែលវាជារបៀបនៃការនិយាយដែលស្ថិតក្នុងទស្សនវិជ្ជារបស់សាតាំង។ ដូច្នេះ តើមនុស្សមានការបង្ហាញចេញ និងការអនុវត្តដូចគ្នានេះ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប្រហែលជាដើម្បីទទួលបានអត្ថប្រយោជន៍ខ្លះៗដែរឬទេ? ជាការពិតណាស់ វាមិនសាមញ្ញបែបនោះទេ។ នៅពេលដែលមនុស្សបញ្ចើចបញ្ចើ និងបញ្ជោរចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស តើទស្សនៈ ឬគំនិតបែបណាអំពីព្រះគ្រីស្ទនៅក្នុងចិត្តរបស់ពួកគេ ដែលបណ្ដាលឱ្យមានឥរិយាបថបែបនេះ? ឥរិយាបថបែបនេះ ជាធម្មតាគឺជាអ្វីដែលមនុស្សបង្ហាញចេញចំពោះមនុស្សដទៃ។ ប្រសិនបើមនុស្សក៏មានឥរិយាបថបែបនេះចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែរនោះ វាបង្ហាញឱ្យឃើញពីបញ្ហាមួយដោយប្រយោល៖ ពួកគេចាត់ទុកព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺព្រះគ្រីស្ទ ថាគ្រាន់តែជាមនុស្សធម្មតាម្នាក់នៅក្នុងចំណោមមនុស្សជាតិពុករលួយប៉ុណ្ណោះ។ ពីទស្សនៈខាងក្រៅ ព្រះគ្រីស្ទមានឆ្អឹង និងសាច់ឈាម ហើយមានរូបរាងជាមនុស្ស។ នេះផ្ដល់ឱ្យមនុស្សនូវការភាន់ច្រឡំមួយ ដែលនាំឱ្យពួកគេជឿថា ព្រះគ្រីស្ទគ្រាន់តែជាមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេហ៊ានប្រព្រឹត្តចំពោះព្រះគ្រីស្ទយ៉ាងគឃ្លើន ដោយផ្អែកលើតក្កវិជ្ជា និងការគិតនៃការប្រព្រឹត្តចំពោះមនុស្ស។ យោងតាមតក្កវិជ្ជា និងការគិតក្នុងការប្រព្រឹត្តចំពោះមនុស្ស ជាធម្មតានៅក្នុងការប្រព្រឹត្តចំពោះអ្នកដែលមានឋានៈ និងកេរ្តិ៍ឈ្មោះ យុទ្ធសាស្ត្រដ៏ល្អបំផុតសម្រាប់ការបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ ដើម្បីទទួលបានអត្ថប្រយោជន៍ ឬការដំឡើងឋានៈនៅពេលអនាគតយ៉ាងរលូន គឺត្រូវធ្វើឱ្យពាក្យសម្ដីរបស់ខ្លួនស្ដាប់ទៅពីរោះ និងទន់ភ្លន់ ធ្វើយ៉ាងណាឱ្យអ្នកស្ដាប់មានអារម្មណ៍ស្រួលចិត្ត និងសប្បាយចិត្ត។ គេត្រូវតែរក្សាទឹកមុខឱ្យទន់ភ្លន់ ហើយមិនត្រូវបង្ហាញទឹកមុខកាចសាហាវ ឬក្រញូវឡើយ ហើយនៅក្នុងភាសានិយាយ មិនត្រូវមានពាក្យសម្ដីធ្ងន់ៗ ព្យាបាទ ឬអាក្រក់ស្ដាប់ ឬពាក្យសម្ដីដែលអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់គេឡើយ។ មានតែការបង្ហាញចេញ និងពាក្យសម្ដីបែបនេះទេ ទើបគេអាចបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អនៅចំពោះមុខមនុស្សបែបនេះបាន ហើយមិនធ្វើឱ្យពួកគេខ្ពើមរអើម។ មើលទៅហាក់ដូចជាការនិយាយពាក្យពីរោះស្ដាប់ ការបញ្ជោរ និងការអែបអប ត្រូវបានចាត់ទុកថាជាទម្រង់នៃការគោរពដ៏ពិតប្រាកដបំផុតចំពោះអ្នកដទៃ។ ស្រដៀងគ្នានេះដែរ មនុស្សជឿថា ដើម្បីបង្ហាញការគោរពចំពោះព្រះគ្រីស្ទ និងដើម្បីរក្សាភាពចុះសម្រុងគ្នា ពួកគេត្រូវតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្ហាញឥរិយាបថបែបនេះ ធ្វើយ៉ាងណាឱ្យពាក្យសម្ដីរបស់ពួកគេមិនមានភាសា ឬខ្លឹមសារដែលធ្វើឱ្យឈឺចាប់ឡើយ ហើយច្បាស់ណាស់គឺមិនត្រូវ មានលក្ខណៈប្រមាថឡើយ។ មនុស្សគិតថា នេះគឺជាវិធីដ៏ល្អបំផុតដើម្បីប្រាស្រ័យទាក់ទង និងសន្ទនាជាមួយព្រះគ្រីស្ទ។ ពួកគេប្រព្រឹត្តចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដូចជាមនុស្សធម្មតាបំផុតម្នាក់ដែលមាននិស្ស័យពុករលួយធម្មតា ដោយគិតថាគ្មានវិធីណាដែលល្អជាងនេះ ដើម្បីសម្ដែងឥរិយាបថ ឬប្រព្រឹត្តចំពោះព្រះអង្គឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទមកចំពោះព្រះភក្ត្រព្រះគ្រីស្ទ អ្វីដែលពួកគេលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ មិនមែនជាការកោតខ្លាច ការគោរព ឬភាពស្មោះត្រង់ពិតប្រាកដនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាបំណងប្រាថ្នាចង់ប្រើប្រាស់ភាសាដែលពីរោះ និងទន់ភ្លន់ ថែមទាំងប្រើប្រាស់ភាពក្លែងបន្លំ ដើម្បីបញ្ចើចបញ្ចើ និងបញ្ជោរយ៉ាងបើកចំហចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សថែមទៀតផង។ ពួកគេជឿថា មនុស្សទាំងអស់សុទ្ធតែងាយនឹងលង់ទៅតាមវិធីសាស្ត្រនេះ ហើយដោយសារតែសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ក៏ជាមនុស្សដែរ នោះព្រះអង្គក៏នឹងឆ្លើយតបចំពោះវិធីសាស្ត្រនេះ ហើយពេញព្រះទ័យនឹងវាដែរ។ ហេតុនេះ នៅក្នុងការប្រព្រឹត្តចំពោះព្រះគ្រីស្ទ ដែលជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស នៅក្នុងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកការពិតដែលថា ព្រះគ្រីស្ទមានសារជាតិជាព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ល្បិចកលរបស់មនុស្សមួយចំនួន ទស្សនវិជ្ជារបស់មនុស្សសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ និងល្បិចកលទូទៅរបស់មនុស្សក្នុងការប្រព្រឹត្ត និងការប្រើឧបាយកលគ្រប់គ្រងលើអ្នកដទៃ ដើម្បីមកប្រព្រឹត្តចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស។ តើសារជាតិនៃអាកប្បកិរិយាទាំងនេះ បង្ហាញពីការពិតដែលថា ពួកទទឹងនឹងព្រះគ្រីស្ទមើលងាយសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សដែរឬទេ? (មែនហើយ។)

ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះគ្រីស្ទ តាមរបៀបដូចគ្នាដែលពួកគេប្រព្រឹត្តចំពោះមនុស្សពុករលួយ ដោយគ្រាន់តែនិយាយពាក្យបញ្ចើចបញ្ចើ និងបញ្ជោរនៅពេលឃើញព្រះគ្រីស្ទ ហើយបន្ទាប់មកសង្កេតមើលប្រតិកម្មរបស់ព្រះគ្រីស្ទ ព្រមទាំងព្យាយាមផ្គាប់ព្រះទ័យព្រះអង្គ។ មនុស្សមួយចំនួន នៅពេលឃើញព្រះគ្រីស្ទ ពួកគេនិយាយថា៖ «ខ្ញុំបានឃើញព្រះអង្គពីចម្ងាយ។ ព្រះអង្គលេចធ្លោជាងគេនៅក្នុងចំណោមហ្វូងមនុស្ស។ មិនដូចអ្នកដទៃដែលគ្មានរង្វង់ពន្លឺនោះទេ ព្រះអង្គមានរង្វង់ពន្លឺនៅលើព្រះសិរសា។ ខ្ញុំដឹងភ្លាមថា ព្រះអង្គមិនមែនជាមនុស្សធម្មតាឡើយ។ តើមានអ្នកណាផ្សេងទៀតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលមិនមែនជាមនុស្សធម្មតា ក្រៅពីព្រះគ្រីស្ទនោះ? ពេលដែលខ្ញុំបានឃើញព្រះអង្គភ្លាម ខ្ញុំអាចដឹងបាន វាពិតជាមិនខុសមែន។ សាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ពិតជាខុសប្លែកពីអ្នកដទៃមែន។» តើនេះមិនមែនជាការនិយាយផ្ដេសផ្ដាសយ៉ាងច្បាស់ក្រឡែតទេឬអី? រូបរាងរបស់ខ្ញុំគឺសាមញ្ញ និងធម្មតា។ ប្រសិនបើខ្ញុំមិនធ្វើអ្វីសោះ ឬមិននិយាយអ្វីសោះនៅក្នុងហ្វូងមនុស្សណាមួយទេ នោះប្រហែលជានៅតែគ្មានអ្នកណាអាចចំណាំបានថាខ្ញុំជានរណាឡើយ សូម្បីតែបន្ទាប់ពីមួយ ឬពីរឆ្នាំក៏ដោយ។ នៅក្នុងក្រុមណាក៏ដោយ ខ្ញុំគ្រាន់តែជាសមាជិកធម្មតាម្នាក់ប៉ុណ្ណោះ គ្មានអ្នកណាអាចមើលឃើញអ្វីដែលពិសេសអំពីខ្ញុំឡើយ។ ឥឡូវនេះ ខ្ញុំកំពុងធ្វើការនៅក្នុងពួកជំនុំ ហើយដោយសារតែទីបន្ទាល់របស់ព្រះជាម្ចាស់ អ្នករាល់គ្នាស្ដាប់ នៅពេលដែលខ្ញុំនិយាយនៅក្នុងចំណោមអ្នករាល់គ្នា។ ប៉ុន្តែ បើគ្មានទីបន្ទាល់របស់ព្រះជាម្ចាស់ទេ តើមានមនុស្សប៉ុន្មាននាក់ដែលនឹងស្ដាប់ខ្ញុំ ឬយកចិត្តទុកដាក់នោះ? នោះនៅតែជាសំណួរ ដែលគ្មានចម្លើយ។ មនុស្សមួយចំនួននិយាយថា៖ «ទ្រង់មើលទៅដូចជាព្រះជាម្ចាស់អ៊ីចឹងសម្រាប់ខ្ញុំ។ ខ្ញុំតែងតែមានអារម្មណ៍ថា ទ្រង់មានលក្ខណៈពិសេស ខុសប្លែកពីអ្នកដទៃ។» តើខ្ញុំខុសប្លែកយ៉ាងម៉េចទៅ? តើខ្ញុំមានក្បាលបី និងដៃប្រាំមួយឬ? តើអ្នកអាចមើលដឹងពីភាពខុសគ្នានេះដោយរបៀបណា? ព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា៖ ខ្ញុំមានចេតនាមិនឱ្យមនុស្សមើលឃើញសូម្បីតែតម្រុយនៃភាពជាព្រះនៅក្នុងខ្ញុំឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនឱ្យមនុស្សមើលឃើញពីភាពជាព្រះរបស់ព្រះអង្គទេ តើអ្នកអាចមើលឃើញវាដោយរបៀបណា? តើអ្វីដែលមនុស្សទាំងនេះនិយាយ មិនមានបញ្ហាទេឬអី? វាច្បាស់ណាស់ថា គ្មានអ្វីក្រៅពីការនិយាយផ្ដេសផ្ដាសរបស់មនុស្សអែបអបដ៏គួរឱ្យស្អប់ខ្ពើម ដែលពាក្យសម្ដីរបស់ពួកគេខ្វះខ្លឹមសារទាំងស្រុងនោះទេ។ រូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជារូបរាងរបស់មនុស្សធម្មតាម្នាក់។ តើភ្នែករបស់មនុស្សអាចញែកដឹងពីភាពជាព្រះរបស់ព្រះគ្រីស្ទដោយរបៀបណាទៅ? ប្រសិនបើព្រះគ្រីស្ទមិនបានបំពេញកិច្ចការ និងមានបន្ទូលទេ នោះគ្មានអ្នកណាអាចចំណាំទ្រង់ ឬស្គាល់ពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់ឡើយ។ នេះគឺជាការពិត។ ចុះចំណែកអ្នកដែលនិយាយថា «ខ្ញុំអាចមើលដឹងតាំងពីក្រឡេកមើលលើកដំបូងថា ព្រះអង្គគឺជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដែលខុសប្លែកពីអ្នកដទៃ» ឬ «ភ្លាមៗពេលដែលខ្ញុំបានឃើញព្រះអង្គ ខ្ញុំដឹងថាព្រះអង្គអាចធ្វើកិច្ចការដ៏អស្ចារ្យបាន» នោះវិញ? តើប្រយោគទាំងនេះជាអ្វីទៅ? វាគឺជាការនិយាយផ្ដេសផ្ដាសទាំងស្រុង! នៅពេលដែលព្រះជាម្ចាស់មិនទាន់បានផ្ដល់ទីបន្ទាល់របស់ទ្រង់ តើហេតុអ្វីបានជាអ្នកមិនអាចញែកដឹង ទោះបីជាអ្នកមើលប៉ុន្មានដងក៏ដោយនោះ? បន្ទាប់ពីមានទីបន្ទាល់របស់ព្រះជាម្ចាស់ នៅពេលដែលខ្ញុំចាប់ផ្ដើមបំពេញកិច្ចការរបស់ខ្ញុំ តើហេតុអ្វីបានជាអ្នកស្រាប់តែអាចមើលឃើញតាំងពីក្រឡេកមើលលើកដំបូងទៅវិញ? ទាំងនេះច្បាស់ណាស់ថាជាពាក្យសម្ដីបោកបញ្ឆោត ជាភាពឆ្កួតវង្វេងសុទ្ធសាធ។

អ្នកខ្លះ នៅពេលដែលពួកគេជួប ឬប្រាស្រ័យទាក់ទងជាមួយខ្ញុំ ពួកគេចង់អួតបង្ហាញពីខ្លួនឯង។ ពួកគេគិតថា៖ «មិនងាយនឹងបានជួបព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ។ នេះគឺជាឱកាសដែលមានតែម្ដងគត់ក្នុងមួយជីវិត។ ខ្ញុំត្រូវតែបង្ហាញឱ្យបានល្អ ដោយរៀបរាប់ពីលទ្ធផលនៃការជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំរបស់ខ្ញុំ និងស្នាដៃល្អៗដែលខ្ញុំសម្រេចបាន តាំងពីបានទទួលយកកិច្ចការដំណាក់កាលបច្ចុប្បន្នរបស់ព្រះជាម្ចាស់មក ដើម្បីឱ្យព្រះជាម្ចាស់បានជ្រាប»។ តើការដែលចង់ឱ្យខ្ញុំដឹងនោះ ពួកគេចង់មានន័យដូចម្ដេច? ពួកគេសង្ឃឹមថានឹងមានឱកាសត្រូវបានគេដំឡើងឋានៈ។ ប្រសិនបើនៅក្នុងពួកជំនុំវិញ មួយជីវិតនេះ ពួកគេប្រហែលជាគ្មានឱកាសបានលេចមុខលេចមាត់ ឬត្រូវបានគេដំឡើងឋានៈឡើយ។ គ្មាននរណាម្នាក់នឹងបោះឆ្នោតជ្រើសរើសពួកគេទេ។ ពួកគេគិតថា ពេលនេះឱកាសបានមកដល់ហើយ ដូច្នេះ ពួកគេក៏រិះគិតពីរបៀបនិយាយ ដែលមិនបញ្ចេញឱ្យឃើញពីបញ្ហាអ្វីទាំងអស់ ហើយមិនបង្ហាញឱ្យឃើញពីរបៀបដែលពួកគេកំពុងព្យាយាមអួតបង្ហាញពីខ្លួនឯងឡើយ។ ពួកគេត្រូវតែមានភាពបត់បែន និងប៉ិនប្រសប់ជាងនេះ ដោយប្រើល្បិចកល និងឧបាយកលមួយចំនួន ដោយប្រើល្បិចតូចតាច។ ពួកគេនិយាយថា៖ «ព្រះជាម្ចាស់អើយ ប៉ុន្មានឆ្នាំនេះ ពួកយើងពិតជាទទួលបានប្រយោជន៍យ៉ាងច្រើន ពីការជឿលើព្រះអង្គ! គ្រួសាររបស់យើងទាំងមូលសុទ្ធតែជឿ ដោយទាំងអស់គ្នាបានបោះបង់អ្វីៗគ្រប់យ៉ាង ដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ ប៉ុន្តែនោះមិនមែនជារឿងសំខាន់បំផុតទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ព្រះបន្ទូលរបស់ព្រះអង្គពិតជាអស្ចារ្យណាស់ ហើយព្រះអង្គបានបំពេញកិច្ចការយ៉ាងច្រើន។ ពួកយើងទាំងអស់គ្នាសុខចិត្តបំពេញភារកិច្ចរបស់យើង និងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់»។ ពេលនោះ ខ្ញុំក៏និយាយថា៖ «ប៉ុន្តែ តាមពិតទៅ គ្មានប្រយោជន៍អ្វីនៅក្នុងរឿងនេះទេ»។ «មានអ៊ីតើ ព្រះគុណដែលព្រះជាម្ចាស់បានប្រទានឱ្យ គឺមានយ៉ាងបរិបូរ។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងទទួលបានពន្លឺ ការយល់ដឹង និងចំណេះដឹងថ្មីៗយ៉ាងច្រើន។ បងប្អូនប្រុសស្រីទាំងអស់សុទ្ធតែមានកម្លាំងចិត្តយ៉ាងខ្លាំង ទាំងអស់គ្នាសុខចិត្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់»។ «តើមានអ្នកណាដែលទន់ខ្សោយ និងអវិជ្ជមានដែរឬទេ? តើមានអ្នកណាដែលបង្កការបង្អាក់ និងការរំខានដែរឬទេ?» «គ្មានទេ ជីវិតពួកជំនុំរបស់យើងគឺល្អណាស់។ បងប្អូនប្រុសស្រីទាំងអស់សុទ្ធតែដេញតាមការស្រឡាញ់ព្រះជាម្ចាស់ ដោយបោះបង់អ្វីៗគ្រប់យ៉ាងដើម្បីផ្សាយដំណឹងល្អ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូល សុទ្ធតែល្អទាំងអស់។ ពួកយើងទាំងអស់គ្នាសុទ្ធតែទទួលបានការលើកទឹកចិត្ត ហើយមិនអាចជឿដូចកាលពីមុនទៀតទេ ដោយស្វែងរកព្រះគុណ និងស្វែងរកការបរិភោគនំប៉័ងឱ្យឆ្អែត។ ពួកយើងត្រូវតែបោះបង់អ្វីៗគ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ ថ្វាយខ្លួនយើងដល់ព្រះជាម្ចាស់ និងលះបង់ខ្លួនយើងដើម្បីព្រះជាម្ចាស់»។ «ចុះប៉ុន្មានឆ្នាំកន្លងមកនេះ តើអ្នករាល់គ្នាទទួលបានការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះដែរឬទេ?» «យើងទទួលបាន។ ព្រះជាម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គ ពិតជាអស្ចារ្យណាស់ គ្រប់ឃ្លាសុទ្ធតែចាក់ចំចំណុចខ្សោយរបស់យើង ដោយលាតត្រដាងពីសារជាតិធម្មជាតិរបស់យើង! ពួកយើងទទួលបានពន្លឺយ៉ាងធំធេង នៅក្នុងការស្គាល់ខ្លួនឯង និងនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះជាម្ចាស់អើយ ព្រះអង្គគឺជាអ្នកសង្គ្រោះជីវិត សម្រាប់គ្រួសាររបស់យើងទាំងមូល និងពួកជំនុំរបស់យើងទាំងមូល។ ប្រសិនបើគ្មានព្រះអង្គទេ ម្ល៉េះពួកយើងមុខជាវិនាសទៅទីណាបាត់ក៏មិនដឹងតាំងពីយូរណាស់ហើយ។ ប្រសិនបើគ្មានព្រះអង្គទេ ពួកយើងក៏មិនដឹងថាត្រូវបន្តដំណើរទៅមុខទៀតដោយរបៀបណាដែរ។ មនុស្សគ្រប់គ្នានៅក្នុងពួកជំនុំរបស់យើង ប្រាថ្នាចង់ជួបព្រះអង្គ ដោយអធិដ្ឋានរាល់ថ្ងៃសុំឱ្យបានជួបព្រះអង្គនៅក្នុងសុបិនរបស់ពួកគេ ដោយសង្ឃឹមថានឹងបាននៅជាមួយព្រះអង្គជារៀងរាល់ថ្ងៃ!»។ នៅក្នុងពាក្យសម្ដីរបស់ពួកគេ តើមានពាក្យសម្ដីចេញពីចិត្ត ឬពាក្យពិតណាមួយដែលត្រូវបាននិយាយចេញមកដែរឬទេ? (គ្មានទេ។) ចុះពាក្យសម្ដីទាំងនេះជាអ្វីទៅវិញ? វាគឺជាពាក្យសម្ដីមានពុត គ្មានន័យខ្លឹមសារ និងគ្មានប្រយោជន៍។ នៅពេលដែលខ្ញុំសុំឱ្យពួកគេនិយាយអំពីការស្គាល់ខ្លួនឯង ពួកគេនិយាយថា «តាំងពីបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់មក ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាអារក្ស និងជាសាតាំង ដែលខ្វះភាពជាមនុស្ស»។ «តើអ្នកខ្វះភាពជាមនុស្សយ៉ាងដូចម្ដេច?» «ខ្ញុំធ្វើសកម្មភាពដោយគ្មានគោលការណ៍»។ «តើអ្នកធ្វើសកម្មភាពអ្វីខ្លះដោយខ្វះគោលការណ៍?» «ខ្ញុំមិនអាចសហការដោយចុះសម្រុងជាមួយអ្នកដទៃបានទេ ការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយអ្នកដទៃគឺខ្វះគោលការណ៍ ការប្រព្រឹត្តរបស់ខ្ញុំចំពោះមនុស្សគឺខ្វះគោលការណ៍។ ខ្ញុំគឺជាអារក្ស និងជាសាតាំង ខ្ញុំមានប្រភពមកពីសាតាំង ខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ។ ខ្ញុំទាស់ទទឹងនឹងព្រះជាម្ចាស់គ្រប់ជំហាន ដោយតែងតែប្រឆាំង និងតទល់នឹងព្រះជាម្ចាស់ជានិច្ច»។ ពាក្យសម្ដីទាំងនេះស្ដាប់ទៅហាក់ដូចជាល្អពីសំបកក្រៅ។ នៅពេលដែលខ្ញុំសួរពួកគេថា «តើអ្នកនេះអ្នកនោះនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា ឥឡូវនេះយ៉ាងម៉េចហើយ?» ពួកគេនិយាយថា «ឥឡូវនេះ គាត់ប្រែជាល្អហើយ។ ពីមុនគាត់ត្រូវបានដកហូតតំណែងចេញពីតួនាទីជាអ្នកដឹកនាំពួកជំនុំ ប៉ុន្តែបន្ទាប់មកគាត់បានប្រែចិត្ត ហើយបងប្អូនប្រុសស្រីក៏បានបោះឆ្នោតជ្រើសរើសគាត់ម្ដងទៀត»។ «តើបុគ្គលនោះជាអ្នកដែលដេញតាមសេចក្ដីពិតដែរឬទេ?» «ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថាគាត់ដេញតាមសេចក្ដីពិត នោះមានន័យថាគាត់ដេញតាមហើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថាគាត់មិនដេញតាមទេ នោះមានន័យថាគាត់មិនដេញតាមឡើយ»។ «បុគ្គលនេះមើលទៅហាក់ដូចជាមានភាពខ្នះខ្នែង ប៉ុន្តែគុណសម្បត្តិរបស់គាត់គឺអន់ណាស់ តើមែនទេ?» «អន់ឬ? មែនហើយ រាងអន់បន្តិចមែន។ បើមិនដូច្នេះទេ ហេតុអ្វីបានជាបងប្អូនប្រុសស្រីដកហូតតំណែងគាត់កាលពីលើកមុនទៅ?» «ប្រសិនបើគុណសម្បត្តិរបស់គាត់អន់ តើគាត់អាចធ្វើកិច្ចការជាក់ស្ដែងបានដែរឬទេ? តើគាត់អាចបំពេញកាតព្វកិច្ចជាអ្នកដឹកនាំពួកជំនុំបានដែរឬទេ?» ពេលឮពាក្យសម្ដីរបស់ខ្ញុំ ពួកគេក៏បកស្រាយពាក្យទាំងនោះថាជាការចង្អុលបង្ហាញថា អ្នកដែលមានគុណសម្បត្តិអន់ មិនអាចបំពេញកាតព្វកិច្ចបានឡើយ ហើយនិយាយថា «បើដូច្នេះ គាត់មិនអាចបំពេញកាតព្វកិច្ចនោះបានទេ។ បងប្អូនប្រុសស្រីបានជ្រើសរើសគាត់ ក្នុងនាមជាអ្នកដែលគ្រាន់បើជាងគេក្នុងចំណោមអ្នកអន់ៗ ដោយសារគ្មានអ្នកណាដែលល្អជាងនេះ ទើបពួកគេជ្រើសរើសគាត់។ បងប្អូនប្រុសស្រីទាំងអស់និយាយថា គុណសម្បត្តិរបស់គាត់គឺមធ្យម ប៉ុន្តែគាត់នៅតែអាចដឹកនាំពួកយើងបាន។ ប្រសិនបើគុណសម្បត្តិរបស់គាត់អន់ ខ្ញុំគិតថា លើកក្រោយបងប្អូនប្រុសស្រីប្រហែលជាមិនជ្រើសរើសគាត់ទៀតទេ។ ព្រះជាម្ចាស់អើយ តើខ្ញុំគួរតែនិយាយអូសទាញបងប្អូនប្រុសស្រីដែរឬទេ?» «បញ្ហានេះអាស្រ័យលើកម្ពស់របស់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំរបស់អ្នក។ ពួកគេជ្រើសរើសនរណាម្នាក់ដែលពួកគេគិតថាល្អ ដោយផ្អែកលើគោលការណ៍ ដំណើរការនេះគឺត្រឹមត្រូវហើយ ប៉ុន្តែមនុស្សមួយចំនួនល្ងង់ខ្លៅ ហើយមិនអាចមើលធ្លុះមនុស្ស ឬបញ្ហានានាបានឡើយ ហើយជួនកាលពួកគេជ្រើសរើសមនុស្សខុស»។ តើខ្ញុំមានន័យដូចម្ដេចនៅពេលនិយាយបែបនេះ? ខ្ញុំគ្រាន់តែលើកឡើងពីការពិតប៉ុណ្ណោះ មិនមែនមានបំណងចង់ដកហូតតំណែងរបស់បុគ្គលនេះដោយចេតនានោះទេ។ ប៉ុន្តែ តើអាទទឹងនឹងព្រះគ្រីស្ទយល់យ៉ាងណាចំពោះរឿងនេះ បន្ទាប់ពីបានឮហើយនោះ? គេមិនបាននិយាយចេញមកក្រៅទេ ប៉ុន្តែបានគិតក្នុងចិត្តថា «តើនេះជាការផ្ដល់តម្រុយពីព្រះជាម្ចាស់ ដើម្បីឱ្យដកហូតតំណែងរបស់បុគ្គលនេះមែនទេ? បើដូច្នេះមែន ខ្ញុំគួរតែស៊ើបសួរឱ្យបានស៊ីជម្រៅបន្ថែមទៀតអំពីអ្វីដែលព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលសំដៅដល់។ ប្រសិនបើបុគ្គលនេះត្រូវបានដកហូតតំណែង តើមានអ្នកណាផ្សេងទៀតអាចដឹកនាំពួកជំនុំបាន តើអ្នកណាអាចធ្វើកិច្ចការនេះបាន?» ពួកទទឹងនឹងព្រះគ្រីស្ទខ្វាក់មើលមិនឃើញព្រះជាម្ចាស់ទេ ហើយដួងចិត្តរបស់ពួកគេក៏គ្មានព្រះអង្គដែរ។ នៅពេលពួកគេជួបព្រះគ្រីស្ទ ពួកគេចាត់ទុកទ្រង់មិនខុសពីមនុស្សធម្មតាទេ ដោយចេះតែបត់បែនតាមការសម្តែងចេញ និងព្រះសូរសៀងទ្រង់ ផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនទៅតាមស្ថានការណ៍ មិនដែលនិយាយអ្វីដែលកំពុងកើតឡើងជាក់ស្តែង មិនដែលនិយាយការពិតទេ និយាយតែពាក្យ និងគោលលទ្ធិឥតន័យ ដោយព្យាយាមបោកបញ្ឆោត និងបោកប្រាស់ព្រះដ៏ជាក់ស្ដែងដែលកំពុងគង់នៅចំពោះមុខរបស់ពួកគេ។ ពួកគេគ្មានសេចក្ដីកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច។ ពួកគេពិតជាមិនអាចនិយាយចេញពីចិត្តទៅកាន់ព្រះជាម្ចាស់បានឡើយ ឬនិយាយអ្វីដែលពិតបានឡើយ។ ពួកគេនិយាយដូចជាពស់លូន មានដានបត់បែន និងមិនត្រង់។ លក្ខណៈ និងទិសដៅនៃពាក្យសម្ដីរបស់ពួកគេគឺដូចជាដើមត្រសក់ស្រូវតោងឡើងលើបង្គោលទ្រើងអ៊ីចឹង។ ឧទាហរណ៍ នៅពេលអ្នកនិយាយថា បុគ្គលម្នាក់មានគុណសម្បត្តិល្អ និងអាចដំឡើងឋានៈបាន ពួកគេក៏និយាយភ្លាមថា ពួកគេនោះល្អយ៉ាងណា ហើយបានបង្ហាញ និងបើកសម្ដែងនៅក្នុងខ្លួនពួកគេ។ ហើយប្រសិនបើអ្នកនិយាយថា នរណាម្នាក់មិនល្អ ពួកគេប្រញាប់និយាយថា ពួកគេអាក្រក់ និងមិនល្អ ថាពួកគេបង្កការរំខាន និងការបង្អាក់បែបណានៅក្នុងពួកជំនុំ។ នៅពេលដែលអ្នកចង់ដឹងការពិតអំពីរឿងអ្វីមួយ ពួកគេគ្មានអ្វីត្រូវនិយាយទេ ពួកគេនិយាយគេចវេះ ដោយរង់ចាំឱ្យអ្នកធ្វើការសន្និដ្ឋាន ដោយស្ដាប់រកអត្ថន័យនៅក្នុងពាក្យសម្ដីរបស់អ្នក ដើម្បីឱ្យពួកគេអាចប្រាប់អ្នកនូវអ្វីដែលអ្នកចង់ស្ដាប់។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺជាការបញ្ជោរ ការយកចិត្ត និងការផ្គាប់ផ្គុន។ គ្មានពាក្យពិតសូម្បីមួយម៉ាត់ចេញពីមាត់របស់ពួកគេឡើយ។ នេះជារបៀបដែលពួកគេប្រាស្រ័យទាក់ទងជាមួយមនុស្ស និងជារបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ ពួកគេពិតជាមានភាពបោកបញ្ឆោតយ៉ាងដូច្នោះមែន។ នេះគឺជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ។

អ្នកខ្លះមកប្រាស្រ័យទាក់ទងជាមួយខ្ញុំ ដោយមិនដឹងថាខ្ញុំចូលចិត្តស្ដាប់ពាក្យសម្ដី ឬរឿងរ៉ាវបែបណានោះទេ ប៉ុន្តែ ទោះបីជាមិនដឹងក៏ដោយ ក៏ពួកគេរកវិធីបានដែរ។ ពួកគេជ្រើសរើសប្រធានបទមួយចំនួនយកមកពិភាក្សាជាមួយខ្ញុំ ដោយគិតថា៖ «ប្រធានបទទាំងនេះប្រហែលជាធ្វើឱ្យអ្នកចាប់អារម្មណ៍ ប្រហែលជាអ្វីដែលអ្នកចង់ដឹង ឬចង់ស្ដាប់ ប៉ុន្តែអ្នកអៀនមិនហ៊ានសួរ ដូច្នេះ ខ្ញុំនឹងផ្ដួចផ្ដើមនិយាយប្រាប់អ្នក»។ ពេលយើងជួបគ្នា ពួកគេនិយាយថា៖ «ថ្មីៗនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់របស់យើង ដោយបានជន់លិចទីក្រុងទាំងមូល។ សណ្ដាប់ធ្នាប់សាធារណៈក៏កាន់តែដុនដាបដែរ ឥឡូវនេះមានចោរច្រើនណាស់។ ពេលចេញទៅក្រៅម្ដងៗ មានហានិភ័យនៃការត្រូវចោរលួច ឬប្លន់។ ខ្ញុំឮថា នៅកន្លែងខ្លះ ក្មេងៗជាច្រើនត្រូវបានគេចាប់ពង្រត់ ហើយប្រជាជនកំពុងស្ថិតក្នុងសភាពភ័យស្លន់ស្លោ។ ពួកអ្នកគ្មានជំនឿនិយាយថា សង្គមបានក្លាយជាវឹកវរខ្លាំងណាស់ លែងប្រក្រតីទាំងស្រុងតែម្ដង។ មនុស្សនៅក្នុងសាសនា នៅតែឱបកាន់ព្រះគម្ពីរ និងផ្សាយដំណឹងល្អ ដោយនិយាយថា គ្រាចុងក្រោយបានមកដល់ហើយ ថាព្រះជាម្ចាស់ហៀបនឹងយាងចុះមកហើយ ហើយភយន្តរាយដ៏ធំសម្បើមកំពុងធ្លាក់មកលើពួកយើងហើយ»។ ហើយមានអ្នកខ្លះ ពេលជួបខ្ញុំភ្លាម ពួកគេនិយាយថា៖ «កាលពីប៉ុន្មានថ្ងៃមុន មានព្រះចន្ទចំនួនបីបានលេចឡើងនៅលើមេឃនៅកន្លែងតែមួយ ហើយមនុស្សជាច្រើនបានថតរូប។ គ្រូទាយតាមភូមិស្រុកខ្លះនិយាយថា និមិត្តដ៏អស្ចារ្យហៀបនឹងលេចឡើងនៅលើមេឃហើយ ថាព្រះអម្ចាស់ដ៏ពិតបានលេចមកហើយ»។ ពួកគេនិយាយរឿងបែបនេះឯង ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំង និងប្រមូលព័ត៌មានអំពីការកើតឡើងនៃភាពវឹកវរក្នុងសង្គម មហន្តរាយ និងព្រឹត្តិការណ៍ចម្លែកៗ ព្រមទាំងបាតុភូតតារាសាស្ត្រផ្សេងៗបែបនេះ។ នៅពេលពួកគេជួបខ្ញុំ ពួកគេយករឿងនេះធ្វើជាប្រធានបទនៃការសន្ទនា ដើម្បីបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយខ្ញុំ។ អ្នកខ្លះជឿថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាមនុស្សធម្មតាម្នាក់។ ភាពខុសគ្នារវាងទ្រង់ និងអ្នកដទៃទៀតគឺស្ថិតនៅត្រង់ការពិតដែលថា ទ្រង់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ និងតំណាងឱ្យព្រះជាម្ចាស់។ ហេតុនេះ ខណៈពេលដែលមនុស្សភាគច្រើនសង្ឃឹមចង់បានសន្តិភាពពិភពលោក ចង់ឱ្យមនុស្សរស់នៅដោយសុខដុមរមនា និងស្កប់ស្កល់ ព្រះគ្រីស្ទដែលយកកំណើតជាសាច់ឈាម គឺមិនដូចមនុស្សធម្មតាឡើយ។ ទ្រង់សង្ឃឹមចង់ឱ្យមានភាពវឹកវរយ៉ាងខ្លាំងនៅក្នុងពិភពលោក ចង់ឱ្យនិមិត្ត និងភយន្តរាយដ៏ធំសម្បើមធ្លាក់មក ចង់ឱ្យកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចយ៉ាងឆាប់រហ័ស និងចង់ឱ្យកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមព្រះបន្ទូលដែលទ្រង់បានថ្លែង។ ទាំងនេះគឺជាប្រធានបទដែលទ្រង់ខ្វល់ខ្វាយ និងចាប់អារម្មណ៍។ ដូច្នេះ នៅពេលជួបទ្រង់ ខ្ញុំត្រូវនិយាយអំពីរឿងទាំងនេះ ហើយទ្រង់នឹងសព្វព្រះហឫទ័យជាពិសេស។ ដោយសារការសព្វព្រះហឫទ័យនេះ ប្រហែលជាខ្ញុំអាចនឹងត្រូវបានគេដំឡើងឋានៈ ហើយប្រហែលជាមានឱកាសបានចំណាយពេលច្រើនថ្ងៃបន្ថែមទៀតនៅក្បែរទ្រង់»។ តើមានមនុស្សបែបនេះដែរឬទេ? ខ្ញុំធ្លាប់បានជួបនារីម្នាក់ដែលមានសម្ដីផ្អែម នាងបានវោហារ ឈ្លាសវៃ និងដឹងច្បាស់ថាត្រូវនិយាយអ្វីទៅកាន់នរណា ពូកែសម្ដែងតាមកាលៈទេសៈ និងយកបានចិត្តមនុស្សគ្រប់ទិសទី ជាពិសេសគឺជំនាញខាងប្រាស្រ័យទាក់ទងជាមួយអស់អ្នកដែលមានអំណាច និងមានឋានៈ។ នៅពេលនាងប្រាស្រ័យទាក់ទងជាមួយខ្ញុំ ពេលជួបគ្នាភ្លាម នាងតែងតែនិយាយថា៖ «នៅកន្លែងនេះកន្លែងនោះ ពួកសង្គមងងឹតកំពុងរាតត្បាត សូម្បីតែប៉ូលិសក្នុងតំបន់ក៏មានសមាជិកក្រុមជើងកាងដែរ។ មានមេក្រុមជើងកាងម្នាក់ ដែលបានធ្វើរឿងអាក្រក់ជាច្រើននៅក្នុងតំបន់។ ថ្ងៃមួយ គាត់បានជួបមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលជាមេអារក្ស នៅតាមផ្លូវ។ ឡានរបស់គាត់បានវ៉ាជែងឡានរបស់មេអារក្សនោះ ហើយមេអារក្សនោះក៏និយាយទៅកាន់អង្គរក្សរបស់ខ្លួនថា “តើឡាននោះជារបស់អ្នកណា? យើងមិនចង់ឃើញមុខវាទៀតទេ!” នៅថ្ងៃបន្ទាប់ មេក្រុមជើងកាងនោះក៏ត្រូវបានគេកម្ចាត់ចោល»។ តើមានរឿងបែបនេះនៅក្នុងសង្គមដែរឬទេ? (មាន។) រឿងបែបនេះពិតជាមានមែន ប៉ុន្តែ តើវាមានប្រយោជន៍ដែរឬទេ ក្នុងការយករឿងទាំងនេះធ្វើជាប្រធានបទចម្បងនៃការសន្ទនា នៅពេលជួបខ្ញុំនោះ? ទាំងនេះមិនមែនជាប្រធានបទដែលខ្ញុំខ្វល់ខ្វាយ ឬចង់ស្ដាប់នោះទេ ប៉ុន្តែនាងមិនបានដឹងឡើយ។ នាងគិតថា ខ្ញុំចូលចិត្តស្ដាប់រឿងរ៉ាវដ៏គួរឱ្យរន្ធត់ទាំងនេះ។ ចូរប្រាប់ខ្ញុំមកមើល៍ តើមហន្តរាយ និមិត្ត គ្រោះធម្មជាតិ និងគ្រោះកាចដែលបង្កឡើងដោយមនុស្ស គឺជាប្រធានបទដែលខ្ញុំខ្វល់ខ្វាយ ជាប្រធានបទដែលខ្ញុំចង់ស្ដាប់មែនទេ? (មិនមែនទេ។) ការស្ដាប់រឿងទាំងនេះដើម្បីកំដរពេលវេលាគឺមិនអីទេ ប៉ុន្តែប្រសិនបើអ្នកគិតថា ខ្ញុំពិតជាចូលចិត្តស្ដាប់រឿងទាំងនេះមែន នោះអ្នកយល់ខុសហើយ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងទាំងនេះទេ ខ្ញុំមិនខ្វល់នឹងស្ដាប់រឿងទាំងនេះឡើយ។ អ្នកខ្លះសួរថា៖ «តើអ្នកស្ដាប់ដែរឬទេ នៅពេលមនុស្សនិយាយអំពីរឿងទាំងនេះ?» ខ្ញុំមិនជំទាស់ថាមិនស្ដាប់ទេ ប៉ុន្តែនោះមិនមែនមានន័យថា ខ្ញុំចូលចិត្តស្ដាប់ឡើយ ហើយវាក៏មិនមានន័យថា ខ្ញុំចង់ប្រមូលព័ត៌មាននេះ និងរឿងរ៉ាវទាំងនេះដែរ។ តើនេះមានន័យដូចម្ដេច? វាមានន័យថា នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំគ្មានការចង់ដឹងចង់ឃើញអំពីរឿងទាំងនេះទេ គឺគ្មានចំណាប់អារម្មណ៍ទាល់តែសោះ។ អ្នកខ្លះថែមទាំងគិតថា៖ «នៅក្នុងចិត្តរបស់អ្នក តើអ្នកមិនស្អប់នាគដ៏ធំមានសម្បុរក្រហមជាងអ្វីៗទាំងអស់ទេឬ? ប្រសិនបើអ្នកស្អប់នាគដ៏ធំមានសម្បុរក្រហម ខ្ញុំនឹងប្រាប់អ្នកអំពីការដាក់ទោសដែលបានធ្លាក់លើនាគដ៏ធំមានសម្បុរក្រហម៖ មានការប្រយុទ្ធគ្នាក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៅផ្ទៃក្នុងនាគដ៏ធំមានសម្បុរក្រហម មានបក្សពួកជាច្រើនវាយប្រហារគ្នាទៅវិញទៅមក ស្ទើរតែសម្លាប់មេអារក្សណាម្នាក់បាត់ទៅហើយ។ មេអារក្សទាំងនេះបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតជាច្រើនដង វាពិតជាគ្រោះថ្នាក់ណាស់! តើអ្នករីករាយនឹងស្ដាប់រឿងនេះទេ?» តើអ្នករាល់គ្នារីករាយនឹងស្ដាប់អំពីរឿងបែបនេះទេ? ប្រសិនបើអ្នករាល់គ្នារីករាយ នោះក៏រីករាយចុះ។ ប្រសិនបើអ្នករាល់គ្នាមិនចូលចិត្តស្ដាប់ទេ នោះកុំស្ដាប់អី វាមិនពាក់ព័ន្ធនឹងខ្ញុំឡើយ។ សរុបមក ទាក់ទងនឹងរឿងទាំងនេះ មិនថាជាជំងឺរាតត្បាតនៅក្នុងប្រទេសណាមួយ របៀបដែលជំងឺរាតត្បាតនោះកើតឡើង ចំនួនមនុស្សស្លាប់ប៉ុន្មាននាក់ ប្រទេសណាជួបប្រទះនឹងមហន្តរាយធំ សភាពរដ្ឋាភិបាលនៃប្រទេសណាមួយ ភាពសាហាវឃោរឃៅនៃការតស៊ូផ្ទៃក្នុងនៅថ្នាក់ដឹកនាំកំពូលនៃប្រទេសណាមួយ ឬភាពចលាចលក្នុងសង្គមនោះទេ ខ្ញុំប្រហែលជាស្ដាប់ ប្រសិនបើខ្ញុំចៃដន្យបានឮអំពីរឿងទាំងនោះ ប៉ុន្តែខ្ញុំនឹងមិនខិតខំស្វែងរកព័ត៌មានលម្អិតជាក់លាក់អំពីព្រឹត្តិការណ៍ទាំងនេះ ស្ដាប់ព័ត៌មាន អានកាសែត ឬស្វែងរកខ្លឹមសារដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំងនេះនៅលើអ៊ីនធឺណិត គ្រាន់តែដោយសារខ្ញុំមិនដឹងពីរឿងទាំងនោះឡើយ។ ខ្ញុំដាច់ខាតនឹងមិនធ្វើឡើយ ហើយខ្ញុំក៏មិនដែលធ្វើរឿងបែបនេះដែរ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងទាំងនេះទេ។ អ្នកខ្លះនិយាយថា៖ «អ្វីៗទាំងអស់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ នេះសុទ្ធតែជាស្នាដៃរបស់ព្រះអង្គហើយ ហេតុនេះហើយបានជាព្រះអង្គមិនចាប់អារម្មណ៍»។ តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ? វាត្រឹមត្រូវបើនិយាយតាមគោលលទ្ធិ ប៉ុន្តែតាមសារជាតិ វាមិនមែនបែបនោះទេ។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិ គ្រប់ពូជសាសន៍ គ្រប់ក្រុមមនុស្ស និងគ្រប់យុគសម័យ។ វាជារឿងធម្មតាទេដែលមានមហន្តរាយ និងព្រឹត្តិការណ៍ចម្លែកៗមួយចំនួនកើតឡើងនៅក្នុងយុគសម័យនីមួយៗ អ្វីៗទាំងអស់នេះគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ មិនថានៅក្នុងយុគសម័យណាក៏ដោយ ទោះបីជាមានព្រឹត្តិការណ៍ធំ ឬតូចកើតឡើងក៏ដោយ នៅពេលដល់ពេលដែលយុគសម័យមួយត្រូវផ្លាស់ប្ដូរ ទោះបីជាគ្មានការប្រែប្រួលសូម្បីតែស្មៅមួយទង ឬដើមឈើមួយដើមក៏ដោយ ក៏យុគសម័យនោះត្រូវតែកន្លងផុតទៅដែរ។ នេះគឺជារឿងនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ប្រសិនបើយុគសម័យមួយមិនទាន់ដល់ពេលត្រូវបញ្ចប់ទេ នោះទោះបីជាមានការផ្លាស់ប្ដូរយ៉ាងធំចំពោះបាតុភូតនៅលើមេឃ ឬរបស់សព្វសារពើនៅលើផែនដីក៏ដោយ ក៏វាមិនគួរត្រូវបានបញ្ចប់ឡើយ។ ទាំងនេះសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ ដែលហួសពីការជ្រៀតជ្រែក ឬការជួយជ្រោមជ្រែងពីមនុស្ស។ អ្វីដែលមនុស្សគួរធ្វើបំផុតនោះ គឺមិនត្រូវខ្វល់ខ្វាយពីរឿងទាំងនេះទេ មិនត្រូវប្រមូលភស្តុតាង និងព័ត៌មានអំពីព្រឹត្តិការណ៍ទាំងនេះ ដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់ខ្លួនឡើយ។ ទាក់ទងនឹងរឿងដែលព្រះជាម្ចាស់ធ្វើ អ្នកគួរតែយល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយមិនត្រូវបង្ខំឱ្យយល់នូវអ្វីដែលមិនអាចយល់បានឡើយ។ ក្នុងចំណោមមនុស្សជាតិដែលពុករលួយ រឿងទាំងនេះគឺជារឿងធម្មតាពេកទៅហើយ ហើយក៏កើតមានជាញឹកញាប់ពេកដែរ។ រឿងទាំងអស់នេះ ដូចជាការផ្លាស់ប្ដូរយុគសម័យ ការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោក វាសនានៃពូជសាសន៍ណាមួយ ការគ្រប់គ្រង និងស្ថានភាពនៃរបបនយោបាយណាមួយជាដើម សុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ សុទ្ធតែស្ថិតក្រោមអធិបតេយ្យភាពរបស់ទ្រង់។ មនុស្សគ្រាន់តែត្រូវជឿ ទទួលយក និងចុះចូល គឺគ្រប់គ្រាន់ហើយ។ សូមកុំមានគំនិតចង់យល់ពីអាថ៌កំបាំងឱ្យបានកាន់តែច្រើន ដោយគិតថា អ្នកយល់ពីអាថ៌កំបាំងកាន់តែច្រើន វាមើលទៅហាក់ដូចជាកាន់តែទាន់សម័យ ហាក់ដូចជាតាមរយៈការជឿលើព្រះជាម្ចាស់ អ្នកមានកម្ពស់ និងភាពខាងវិញ្ញាណដ៏អស្ចារ្យអ៊ីចឹង។ ការមានផ្នត់គំនិតបែបនេះមានន័យថា ទស្សនៈរបស់អ្នកនៃការជឿលើព្រះជាម្ចាស់ គឺមិនត្រឹមត្រូវឡើយ។ រឿងទាំងនេះមិនមែនជារឿងសំខាន់ទេ។ រឿងដ៏សំខាន់ពិតប្រាកដ អ្វីដែលមនុស្សគួរតែខ្វល់ខ្វាយបំផុតនោះ គឺជាចំណុចស្នូលនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ពោលគឺសេចក្ដីសង្គ្រោះមនុស្សជាតិ ដែលធ្វើឱ្យមនុស្សជាតិអាចត្រូវបានសង្គ្រោះ នៅក្នុងកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ នេះគឺជារឿងដ៏ធំធេងបំផុត និងសំខាន់បំផុត។ ប្រសិនបើអ្នកយល់សេចក្ដីពិត និងនិមិត្តដែលពាក់ព័ន្ធនឹងរឿងនេះ នោះត្រូវទទួលយកអ្វីដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក និងសេចក្ដីពិតដែលទ្រង់ផ្គត់ផ្គង់ដល់អ្នក ហើយទទួលយកគ្រប់កាលៈទេសៈនៃការត្រូវបានលួសកាត់ ជំនុំជម្រះ និងវាយផ្ចាល ប្រសិនបើអ្នកទទួលយករឿងទាំងអស់នេះ នោះវាមានតម្លៃជាងការស្រាវជ្រាវពីបាតុភូតនៅលើមេឃ អាថ៌កំបាំង មហន្តរាយ ឬនយោបាយទៅទៀត។

អ្នកខ្លះរៀនប្រវត្តិសាស្ត្របន្តិចបន្តួច យល់ពីនយោបាយខ្លះៗ ម្យ៉ាង ពួកគេចូលចិត្តអួតបង្ហាញ ហើយម្យ៉ាងវិញទៀត ពួកគេគិតថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិ និងសេចក្ដីពិតរបស់ព្រះជាម្ចាស់។ ទ្រង់ដឹងពីការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ ហើយយល់ពីព័ត៌មានលម្អិតនៅខាងក្នុងនោះ។ ដូច្នេះ ប្រសិនបើខ្ញុំយល់ពីនយោបាយ និងប្រវត្តិសាស្ត្រ តើខ្ញុំអាចបំពេញតម្រូវការរបស់ទ្រង់បានដែរឬទេ? តើខ្ញុំអាចបំពេញការចង់ដឹងចង់ឃើញរបស់ទ្រង់ អំពីរឿងទាំងអស់នេះបានដែរឬទេ?» ខ្ញុំប្រាប់អ្នកចុះ អ្នកយល់ខុសហើយ! អ្វីដែលខ្ញុំខ្ពើមរអើមបំផុត ទីមួយគឺនយោបាយ ហើយទីពីរគឺប្រវត្តិសាស្ត្រ។ ប្រសិនបើអ្នកនិយាយអំពីប្រវត្តិសាស្ត្រ ដោយចែករំលែករឿងកំប្លែង រឿងនិទាន ឬការជជែកលេងដើម្បីកំដរពេលវេលា នោះមិនអីទេ។ ប៉ុន្តែ ប្រសិនបើអ្នកចាត់ទុកពាក្យសម្ដីទាំងនេះ រឿងរ៉ាវទាំងនេះ ជារឿងធ្ងន់ធ្ងរដើម្បីយកមកពិភាក្សាជាមួយខ្ញុំ ដើម្បីបញ្ចើចបញ្ចើ ដើម្បីបង្កើតទំនាក់ទំនង នោះអ្នកយល់ខុសហើយ។ ខ្ញុំគ្មានបំណងចង់ស្ដាប់រឿងទាំងនេះឡើយ។ មនុស្សខ្លះយល់ច្រឡំថា៖ «ព្រះអង្គប្រកបគ្នាអំពីសេចក្ដីពិត និងរៀបចំការជួបជុំសម្រាប់មនុស្ស ពីព្រោះព្រះអង្គត្រូវតែធ្វើ តែនៅក្នុងជម្រៅព្រះហឫទ័យ អ្វីដែលព្រះអង្គសព្វព្រះទ័យបំផុត គឺភាពវឹកវរយ៉ាងខ្លាំងនៅក្នុងពិភពលោក។ ព្រះអង្គខ្លាចតែពិភពលោកនេះវឹកវរមិនទាន់គ្រប់គ្រាន់ប៉ុណ្ណោះ។ រាល់ពេលដែលមានមហន្តរាយ នរណាដឹងថាព្រះអង្គអាចនឹងសប្បាយព្រះទ័យប៉ុណ្ណានៅពីក្រោយខ្នងនោះ ប្រហែលជាដល់ថ្នាក់អុចកាំជ្រួចដើម្បីអបអរសាទរផងក៏មិនដឹង!» ខ្ញុំប្រាប់អ្នកចុះ វាមិនមែនបែបនោះទេ។ ទោះបីជានាគដ៏ធំមានសម្បុរក្រហមវិនាស និងដួលរលំក៏ដោយ ក៏ខ្ញុំនៅតែជាខ្ញុំដដែល។ មនុស្សខ្លះសួរថា៖ «តើព្រះអង្គមិនសប្បាយព្រះទ័យទេឬ ប្រសិនបើនាគដ៏ធំមានសម្បុរក្រហមដួលរលំនោះ? នៅពេលដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានបំផ្លាញ និងដាក់ទោស តើព្រះអង្គមិនគួរអុចកាំជ្រួចទេឬ? តើព្រះអង្គមិនគួររៀបចំពិធីជប់លៀងដ៏ធំមួយ ហើយអបអរសាទរជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ?» ប្រាប់ខ្ញុំមកមើល៍ តើនេះជាអ្វីដែលខ្ញុំគួរធ្វើមែនទេ? តើការធ្វើបែបនេះ ត្រូវ ឬខុស? តើការធ្វើបែបនេះ ស្របតាមសេចក្ដីពិតដែរឬទេ? មនុស្សខ្លះនិយាយថា៖ «នាគដ៏ធំមានសម្បុរក្រហមបានធ្វើទុក្ខបុកម្នេញរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានអំពីព្រះជាម្ចាស់ និងនិយាយបង្កាច់បង្ខូចព្រះនាមរបស់ទ្រង់ ប្រមាថ និងវិនិច្ឆ័យព្រះជាម្ចាស់។ តើពួកយើងមិនគួរអបអរសាទរបន្តិចទេឬ នៅពេលដែលវាទទួលបានការដាក់ទោសនោះ?» ប្រសិនបើអ្នករាល់គ្នាអបអរសាទរ ខ្ញុំអនុញ្ញាត ពីព្រោះអ្នករាល់គ្នាមានអារម្មណ៍ជារបស់ខ្លួន។ ប្រសិនបើអ្នករាល់គ្នាសុទ្ធតែសប្បាយរីករាយ ដោយមិនគេងអស់រយៈពេលបីយប់បីថ្ងៃ ជួបជុំគ្នាដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ច្រៀងទំនុកបរិសុទ្ធ និងរាំសរសើរតម្កើងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ដោយអរសប្បាយដែលទីបំផុតព្រះជាម្ចាស់បានបំផ្លាញ និងជាន់ឈ្លីនាគដ៏ធំមានសម្បុរក្រហមដែលជាសត្រូវនៅក្រោមព្រះបាទា ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងលែងរងទុក្ខពីការធ្វើទុក្ខបុកម្នេញ និងការធ្វើទារុណកម្មរបស់វាទៀត លែងជួបការលំបាកមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទៀត ហើយទីបំផុតអាចត្រឡប់ទៅជួបជុំគ្រួសាររបស់ពួកគេវិញបាន នោះអារម្មណ៍របស់មនុស្សគ្រប់គ្នាគឺអាចយល់បាន។ ប្រសិនបើអ្នករាល់គ្នាចង់អបអរសាទរ និងបន្ធូរអារម្មណ៍តាមរបៀបនេះ ខ្ញុំយល់ព្រម។ ប៉ុន្តែសម្រាប់ខ្ញុំវិញ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំគួរធ្វើ។ ខ្ញុំមិនចូលរួមក្នុងសកម្មភាពទាំងនេះទេ។ មនុស្សខ្លះសួរថា៖ «ហេតុអ្វីបានជាព្រះអង្គមានអាកប្បកិរិយាបែបនេះ? តើនេះមិនមែនជាការធ្វើឱ្យមនុស្សអស់កម្លាំងចិត្តទេឬ? ហេតុអ្វីបានជាព្រះអង្គមិនបង្ហាញភាពរំភើបខ្លះ? ប្រសិនបើព្រះអង្គមិនគង់នៅទីនេះក្នុងពេលវេលាដ៏សំខាន់បំផុតនេះទេ តើពួកយើងអាចអបអរសាទរយ៉ាងដូចម្ដេចទៅ?» ការអបអរសាទរមិនមែនជារឿងខុសទេ ប៉ុន្តែមានរឿងមួយដែលពួកយើងត្រូវប្រកបគ្នាឱ្យបានច្បាស់លាស់៖ ឧបមាថា នាគដ៏ធំមានសម្បុរក្រហមត្រូវបានដាក់ទោស ព្រះជាម្ចាស់បានជម្រុះវាចោល ស្ដេចអារក្សនេះ ដែលធ្លាប់បម្រើការដើម្បីធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់លក្ខណ៍ ត្រូវបានបំផ្លាញ និងលុបបំបាត់ចោល ចុះចំណែកកម្ពស់របស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់វិញ យ៉ាងម៉េចដែរ? តើអ្នករាល់គ្នាយល់សេចក្ដីពិតបានច្រើនប៉ុនណាហើយ? ប្រសិនបើអ្នកទាំងអស់គ្នាអាចបំពេញភារកិច្ចត្រូវតាមស្ដង់ដា សុទ្ធតែជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា អាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដោយមនុស្សម្នាក់ៗមានកម្ពស់ដូចជាយ៉ូប និងពេត្រុស ហើយសុទ្ធតែត្រូវបានសង្គ្រោះរួចហើយ នោះវាពិតជាពេលវេលាដ៏គួរឱ្យត្រេកអរមែន ជាអ្វីដែលស័ក្តិសមនឹងទទួលបានការអបអរសាទរ។ ក៏ប៉ុន្តែ ប្រសិនបើថ្ងៃណាមួយ នាគដ៏ធំមានសម្បុរក្រហមដួលរលំ ហើយកម្ពស់របស់អ្នករាល់គ្នាមិនទាន់ឈានដល់កម្រិតនៃការបំពេញភារកិច្ចរបស់អ្នករាល់គ្នាដោយស្មោះត្រង់ទេ ប្រសិនបើនៅតែគ្មានសេចក្ដីកោតខ្លាចព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាមិនអាចគេចចេញពីសេចក្ដីអាក្រក់បាន នៅខុសគ្នាឆ្ងាយខ្លាំងពីកម្ពស់របស់យ៉ូប និងពេត្រុស មិនអាចចុះចូលយ៉ាងពិតប្រាកដចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមិនអាចចាត់ទុកថាជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដាទេនោះ តើមានអ្វីដែលអ្នករាល់គ្នាត្រូវសប្បាយចិត្តទៅ? តើនេះមិនមែនគ្រាន់តែជាការត្រេកអរក្នុងក្ដីអំណរដ៏ឥតប្រយោជន៍ទេឬ? ការអបអរសាទរបែបនេះ នឹងគ្មានន័យ និងគ្មានតម្លៃឡើយ។ អ្នកខ្លះនិយាយថា៖ «នាគដ៏ធំមានសម្បុរក្រហមធ្វើទុក្ខបុកម្នេញពួកយើងខ្លាំងណាស់ ពួកយើងប្រាកដជាអាចស្អប់វាបានមែនទេ? ការស្គាល់ពីសារជាតិរបស់វា គួរតែមិនអីទេមែនទេ? វាបានធ្វើទុក្ខបុកម្នេញពួកយើងខ្លាំងណាស់ ហេតុអ្វីបានជាពួកយើងមិនអាចសប្បាយចិត្ត នៅពេលដែលវាត្រូវបានជម្រុះចោលនោះ?» ការសប្បាយចិត្ត ការបញ្ចេញអារម្មណ៍របស់អ្នក គឺមិនអីទេ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកគិតថា ការបំផ្លាញនាគដ៏ធំមានសម្បុរក្រហម បង្ហាញពីការបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ថាមនុស្សជាតិត្រូវបានសង្គ្រោះហើយ ដោយចាត់ទុកការបំផ្លាញនាគដ៏ធំមានសម្បុរក្រហម ថាស្មើនឹងការបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ក៏ដូចជាសេចក្ដីសង្គ្រោះ និងភាពគ្រប់លក្ខណ៍របស់អ្នកផ្ទាល់ តើការយល់ដឹងនេះមិនខុសទេឬ? (ខុសមែន។) ដូច្នេះ តើឥឡូវនេះអ្នករាល់គ្នាយល់យ៉ាងណាដែរ? ទាក់ទងនឹងសត្រូវរបស់ព្រះជាម្ចាស់ គឺនាគដ៏ធំមានសម្បុរក្រហម វាសនារបស់វា និងថាតើវាយ៉ាងម៉េចនោះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយរឿងទាំងនោះគ្មានទំនាក់ទំនងអ្វីនឹងការដេញតាមរបស់អ្នកចំពោះការផ្លាស់ប្ដូរនិស្ស័យ ឬសេចក្ដីសង្គ្រោះឡើយ។ នាគដ៏ធំមានសម្បុរក្រហម គ្រាន់តែជារឿងបន្ទាប់បន្សំ ជាវត្ថុបម្រើ ដែលស្ថិតក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលវាធ្វើ និងរបៀបដែលព្រះជាម្ចាស់ប្រើប្រាស់វាឱ្យបម្រើការ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ មិនពាក់ព័ន្ធនឹងមនុស្សឡើយ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកខ្វល់ខ្វាយខ្លាំងពេកអំពីវាសនារបស់វា ដោយបណ្ដោយឱ្យវារំខានដល់ចិត្តរបស់អ្នក នោះនឹងមានរឿងស្មុគស្មាញហើយ គឺមានបញ្ហាហើយ។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ រួមទាំងនាគដ៏ធំមានសម្បុរក្រហម និងពួកអារក្ស និងពួកសាតាំងទាំងអស់ ដូច្នេះ ទោះបីជាពួកអារក្ស និងពួកសាតាំងធ្វើអ្វីក៏ដោយ ទោះបីជាពួកវាយ៉ាងម៉េចក៏ដោយ ក៏គ្មានទំនាក់ទំនងអ្វីនឹងការចូលទៅក្នុងជីវិត ឬការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកឡើយ។ តើអ្វីដែលពិតជាពាក់ព័ន្ធនឹងអ្នក? គឺអ្នកត្រូវតែទទួលស្គាល់ពីសារជាតិដ៏ទុច្ចរិត និងកាចសាហាវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់របស់វា សារជាតិរបស់វាដែលប្រទូសប្រឆាំង និងជាសត្រូវនឹងព្រះជាម្ចាស់ នេះគឺជាអ្វីដែលអ្នកត្រូវយល់។ ចំណែកឯរឿងផ្សេងទៀត តើព្រះជាម្ចាស់ទម្លាក់មហន្តរាយអ្វីខ្លះមកលើវា របៀបដែលព្រះជាម្ចាស់ចាត់ចែងវាសនារបស់វា រឿងនោះគ្មានពាក់ព័ន្ធអ្វីនឹងអ្នកទេ ហើយការដឹងពីរឿងនោះក៏គ្មានប្រយោជន៍អ្វីដែរ។ ហេតុអ្វីបានជាវាគ្មានប្រយោជន៍? ពីព្រោះទោះបីជាអ្នកដឹង ក៏អ្នកមិនអាចយល់បានដែរថា ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើសកម្មភាពតាមរបៀបនោះ។ ទោះបីជាអ្នកមើលឃើញវា ក៏អ្នកនឹងមិនដឹងថា ហេតុអ្វីបានជាព្រះជាម្ចាស់ជ្រើសរើសធ្វើសកម្មភាពតាមរបៀបនោះដែរ អ្នកមិនអាចមើលធ្លុះសេចក្ដីពិតនៅពីក្រោយរឿងនោះបានឡើយ។ ខ្ញុំនឹងបញ្ចប់ប្រធានបទនេះនៅត្រឹមនេះ ដោយគ្រាន់តែមានមតិខ្លីៗប៉ុណ្ណេះ។

ការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលប្រើការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់ ជាការពិតណាស់ ក៏មាននៅក្នុងមនុស្សពុករលួយធម្មតាដែរ ប៉ុន្តែតើអ្វីទៅដែលធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទខុសប្លែកពីមនុស្សពុករលួយធម្មតានោះ? នៅក្នុងការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់របស់ពួកគេ គឺគ្មានការគោរព គ្មានភាពស្មោះត្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេមានបំណងចង់លេងសើច ល្បងល និងទាញយកប្រយោជន៍ពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហេតុនេះហើយទើបបង្កើតឱ្យមានការអនុវត្តទាំងនេះឡើង។ ពួកគេមានគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេព្យាយាមលេងសើចជាមួយមនុស្សធម្មតាដែលពួកគេឃើញនៅចំពោះមុខ តាមរយៈការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់ ដើម្បីបោកបញ្ឆោតព្រះគ្រីស្ទ ធ្វើឱ្យព្រះគ្រីស្ទមិនអាចមើលធ្លុះថាពួកគេជានរណាឱ្យប្រាកដ តើពួកគេមាននិស្ស័យពុករលួយបែបណា មានសេចក្ដីទៀងត្រង់បែបណា មានសារជាតិបែបណា ហើយពួកគេស្ថិតក្នុងប្រភេទមនុស្សបែបណានោះឡើយ។ ពួកគេចង់បោកបញ្ឆោត និងបោកប្រាស់ តើមែនទេ? (មែនហើយ។) នៅក្នុងការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់របស់ពួកគេ តើមានពាក្យស្មោះត្រង់សូម្បីមួយម៉ាត់ដែរឬទេ? គ្មានសូម្បីមួយម៉ាត់។ ចេតនា និងគោលបំណងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺដើម្បីបោកប្រាស់ បោកបញ្ឆោត និងលេងសើច។ តើការអនុវត្តទាំងនេះ មិនមែនជាសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទដែលប្រមាថសេចក្ដីពិតទេឬ? (មែនហើយ។) ពួកគេគិតថា មនុស្សធម្មតាទាំងអស់សុទ្ធតែចូលចិត្តស្ដាប់ពាក្យពីរោះៗ ចូលចិត្តការបញ្ជោរ និងចូលចិត្តឱ្យអ្នកដទៃឱនលំទោននៅចំពោះមុខពួកគេ ដែលផ្ដល់ឱ្យពួកគេនូវអារម្មណ៍ថាខ្លួនសំខាន់ និងធ្វើឱ្យឋានៈរបស់ពួកគេមើលទៅហាក់ដូចជាគួរឱ្យគោរព និងអស្ចារ្យជាងមនុស្សទូទៅ។ ផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់មានអាកប្បកិរិយាបន្ទាបខ្លួនជ្រុលពេកនៅចំពោះព្រះភក្ត្រព្រះគ្រីស្ទ ដោយខ្វះសេចក្ដីទៀងត្រង់ និងសេចក្ដីថ្លៃថ្នូរ និយាយគេចវេះ តែងតែព្យាយាមបោកប្រាស់ និងតែងតែព្យាយាមលាក់បាំងការពិត ដោយប្រព្រឹត្តចំពោះព្រះគ្រីស្ទដោយការក្លែងបន្លំ និងភាពក្លែងក្លាយ នោះព្រះគ្រីស្ទមិនត្រឹមតែមិនជឿលើរឿងទាំងអស់នេះប៉ុណ្ណោះទេ ប៉ុន្តែទ្រង់នឹងមានព្រះទ័យធុញទ្រាន់នឹងអ្នកទៀតផង។ ដល់កម្រិតណា? ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា បុគ្គលនេះគួរឱ្យខ្ពើមរអើមណាស់ មិននិយាយការពិតសូម្បីមួយម៉ាត់ គិតតែពីរឿងអែបអប មិនមែនជារឿងល្អអ្វីទេ មិនមែនជាតួអង្គវិជ្ជមានឡើយ បុគ្គលបែបនេះគឺមិនអាចពឹងផ្អែកបាន និងមិនអាចទុកចិត្តបានឡើយ។ មិនអាចពឹងផ្អែកបាន និងមិនអាចទុកចិត្តបាន នេះគឺជានិយមន័យដែលត្រូវបានផ្ដល់ឱ្យមនុស្សបែបនេះ។ ពីសំបកក្រៅ វាគ្រាន់តែជាពាក្យពីរឃ្លាធម្មតាប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ បុគ្គលបែបនេះមិនស្រឡាញ់សេចក្ដីពិត មិនអាចទទួលបានសេចក្ដីពិត ហើយក៏មិនទំនងនឹងទទួលបានសេចក្ដីសង្គ្រោះដែរ។ តើការដែលបុគ្គលបែបនេះជឿលើព្រះជាម្ចាស់ មានអត្ថន័យ និងតម្លៃអ្វីទៅ ប្រសិនបើពួកគេមិនអាចទទួលបានសេចក្ដីពិត និងមិនទំនងនឹងទទួលបានសេចក្ដីសង្គ្រោះនោះ? ប្រសិនបើពួកគេមិនបង្កការបង្អាក់ ឬការរំខានទេ ពួកគេអាចត្រឹមតែដើរតួជាមនុស្សបន្ទាប់បន្សំ ឬវត្ថុបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដូចជានាគដ៏ធំមានសម្បុរក្រហមអ៊ីចឹង។ តើការដើរតួជាអ្វីមួយ មានន័យដូចម្ដេច? វាមានន័យថា ជាបណ្ដោះអាសន្ន ដោយធ្វើបានច្រើនប៉ុនណាយកប៉ុណ្ណឹង ដូចជាការអូសរទេះអ៊ីចឹង គឺបន្តទៅមុខដរាបណាពួកគេមិនធ្វើឱ្យវាក្រឡាប់។ ហេតុអ្វីបានជាពួកគេត្រូវបានគេឱ្យដើរតួបែបនេះ? ពីព្រោះមនុស្សបែបនេះមិនដេញតាមសេចក្ដីពិតឡើយ។ ពួកគេប្រមាថ និងមើលងាយសេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេយ៉ាងខ្លាំង ចំអក និងលេងសើចនឹងសេចក្ដីពិតយ៉ាងខ្លាំង រហូតដល់ទីបញ្ចប់របស់ពួកគេ ត្រូវបានធានាថានឹងដូចជាប៉ុលដែរ គឺមិនអាចទៅដល់ទីបញ្ចប់ឡើយ។ ហេតុដូច្នេះហើយ មនុស្សប្រភេទនេះអាចត្រឹមតែដើរតួជាអ្នកបម្រើការបណ្ដោះអាសន្ននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ម្យ៉ាង ពួកគេអនុញ្ញាតឱ្យអ្នកដែលពិតជាដេញតាមសេចក្ដីពិត ចេះមានការញែកដឹង និងការយល់ដឹងកាន់តែប្រសើរ។ ហើយម្យ៉ាងវិញទៀត ពួកគេធ្វើអ្វីក៏ដោយដែលពួកគេមានសមត្ថភាពធ្វើ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយបម្រើការឱ្យបានច្រើនតាមដែលពួកគេអាចធ្វើទៅបាន ពីព្រោះមនុស្សបែបនេះមិនអាចដើរដល់ចុងបញ្ចប់នៃផ្លូវឡើយ។

ថ្ងៃមួយ ពេលខ្ញុំចេញទៅក្រៅ ខ្ញុំបានជួបអ្នកស្គាល់គ្នាម្នាក់ដោយចៃដន្យ។ មុនពេលខ្ញុំហាមាត់និយាយ នាងបានសួរខ្ញុំមុនថា៖ «ខានជួបគ្នាយូរណាស់មកហើយ។ ខ្ញុំរង់ចាំអ្នកនៅទីនេះរាល់ថ្ងៃ នឹករលឹកអ្នកខ្លាំងណាស់ រហូតដល់ខ្ញុំមិនអាចសំងំនៅផ្ទះបាន។ ខ្ញុំចេះតែតាមរកអ្នក ក្នុងចំណោមហ្វូងមនុស្សដែលចេញចូលនៅទីនេះ!» ខ្ញុំគិតក្នុងចិត្តថា បុគ្គលនេះប្រហែលជាមានបញ្ហាផ្លូវចិត្តបន្តិចហើយ។ តើខ្ញុំមានបានណាត់ជួបជាមួយអ្នកដែរឬទេ? ហេតុអ្វីបានជាអ្នកមករង់ចាំខ្ញុំនៅទីនេះរាល់ថ្ងៃ? ដោយសារពួកយើងបានជួបគ្នាដោយចៃដន្យទៅហើយ ចូរនិយាយអំពីរឿងអ្វីដែលសំខាន់វិញ។ ខ្ញុំបានសួរនាងថា៖ «មួយរយៈនេះ អ្នកនាងសុខទុក្ខយ៉ាងណាដែរ?» នាងឆ្លើយថា៖ «អូ និយាយទៅវែងឆ្ងាយណាស់។ តាំងពីយើងជួបគ្នាលើកមុនមក ខ្ញុំចេះតែនឹកគិតដល់អ្នក រហូតដល់ថ្នាក់ហូបបាយក៏មិនចូល គេងក៏មិនលក់។ ខ្ញុំគ្រាន់តែសង្ឃឹមថានឹងបានជួបអ្នកនៅថ្ងៃណាមួយប៉ុណ្ណោះ»។ ខ្ញុំនិយាយថា៖ «ចូរនិយាយអំពីរឿងអ្វីដែលសំខាន់វិញ។ តើសភាពរបស់អ្នកនាងយ៉ាងម៉េចដែរ ក្នុងអំឡុងពេលនេះ?» «ល្អគួរសម។ គ្រាន់បើដែរ»។ «តើពួកជំនុំរបស់អ្នកនាងមានរៀបចំការបោះឆ្នោតដែរឬទេ? តើអ្នកដឹកនាំនៅដដែលមែនទេ?» «ទេ ពួកគេបានបោះឆ្នោតជ្រើសរើសអ្នកនេះអ្នកនោះ»។ «តើគាត់យ៉ាងម៉េចដែរ?» «គាត់គ្រាន់បើដែរ»។ «ចុះហេតុអ្វីបានជាអ្នកដឹកនាំពួកជំនុំមុន ត្រូវបានដកហូតតំណែង?» «មិនច្បាស់ទេ គាត់គ្រាន់បើដែរ»។ «និយាយឱ្យជាក់លាក់ជាងនេះបន្តិចមក កុំចេះតែនិយាយថា “គ្រាន់បើដែរ” រហូតអី។ តើមកពីគាត់មិនអាចធ្វើកិច្ចការជាក់ស្ដែងបានមែនទេ?» «ខ្ញុំគិតថាគាត់គ្រាន់បើដែរតើ»។ «ចុះចំណែកភាពជាមនុស្សរបស់អ្នកដឹកនាំដែលទើបនឹងជាប់ឆ្នោតថ្មីវិញ យ៉ាងម៉េចដែរ? តើការយល់ដឹងពីសេចក្ដីពិតរបស់គាត់យ៉ាងម៉េចដែរ? តើគាត់អាចធ្វើកិច្ចការជាក់ស្ដែងបានដែរឬទេ?» «គាត់គ្រាន់បើដែរ»។ ទោះបីជាខ្ញុំសួរនាងយ៉ាងណាក៏ដោយ ក៏ចម្លើយរបស់នាងតែងតែ «គ្រាន់បើដែរ» ជានិច្ច ដែលធ្វើឱ្យមិនអាចសន្ទនាគ្នាបានឡើយ។ ដូច្នេះ ខ្ញុំក៏ដើរចេញទៅ។ តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះរឿងនេះ? តើរឿងនេះគួរដាក់ចំណងជើងថាម៉េច? («គ្រាន់បើដែរ។») រឿងនេះគឺ «គ្រាន់បើដែរ»។ នៅក្នុងការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយមនុស្សជាច្រើន មានមនុស្សតិចតួចណាស់ដែលនិយាយចេញពីវិចារណញ្ញាណរបស់មនុស្ស កុំថាឡើយនិយាយឱ្យស្របតាមគោលការណ៍សេចក្ដីពិតនោះ។ មាត់របស់មនុស្សភាគច្រើនពោរពេញទៅដោយពាក្យកុហក ពាក្យសម្ដីមិនសមហេតុផល ទស្សនៈខុសឆ្គង និងពាក្យសម្ដីព្រហើន គឺគ្មានពាក្យពិតសូម្បីមួយម៉ាត់។ ខ្ញុំមិនទាំងទាមទារឱ្យរាល់ឃ្លាដែលអ្នកនិយាយត្រូវតែស្របតាមសេចក្ដីពិត ឬមានតថភាពនៃសេចក្ដីពិតផង ប៉ុន្តែយ៉ាងហោចណាស់ អ្នកគួរតែអាចនិយាយដូចជាមនុស្ស បង្ហាញភាពស្មោះត្រង់ខ្លះ និងបង្ហាញអារម្មណ៍ពិតខ្លះ។ បើគ្មានចំណុចទាំងនេះទេ តើអាចមានការសន្ទនាគ្នាបានដែរឬទេ? គឺមិនអាចមានឡើយ។ អ្នកតែងតែនិយាយពាក្យឥតខ្លឹមសារ និងនិយាយកុហក។ នៅពេលប្រឈមមុខនឹងស្ថានការណ៍នានា ពាក្យសម្ដីមិនសមហេតុផល ទស្សនៈខុសឆ្គង ពាក្យប្រមាថ និងពាក្យព្រហើន សុទ្ធតែចេញមកទាំងអស់ ហើយពាក្យដោះសា និងពាក្យការពារខ្លួនក៏លេចឡើងមកទាំងអស់ ដែលធ្វើឱ្យមិនអាចចុះសម្រុង ឬប្រាស្រ័យទាក់ទងគ្នាបានឡើយ តើមែនទេ? (មែនហើយ។)

មនុស្សជាច្រើនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយជឿថា ព្រះបន្ទូលទាំងនេះទាក់ទងតែនឹងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ទាក់ទងតែនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងទាក់ទងតែនឹងព្រះជាម្ចាស់ដែលមើលមិនឃើញ និងប៉ះមិនបានប៉ុណ្ណោះ។ ដោយសារព្រះជាម្ចាស់អង្គនោះគង់នៅឆ្ងាយខ្លាំង ទើបព្រះបន្ទូលរបស់ទ្រង់ត្រូវបានគេចាត់ទុកថាជ្រាលជ្រៅគ្រប់គ្រាន់ អាចហៅថាសេចក្ដីពិតបាន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សធម្មតាម្នាក់នៅចំពោះមុខពួកគេនេះ ជាមនុស្សដែលគេអាចមើលឃើញ និងឮសំឡេងនៅពេលនិយាយ ត្រូវបានគេគិតថាមានទំនាក់ទំនងតិចតួចជាមួយសេចក្ដីពិត ជាមួយព្រះជាម្ចាស់ ឬជាមួយសារជាតិរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែគេអាចមើលឃើញទ្រង់ និងដោយសារទ្រង់នៅជិតមនុស្សខ្លាំង ទ្រង់មិនបានជះឥទ្ធិពលដល់ដួងចិត្ត ឬកែវភ្នែករបស់ពួកគេតាមរបៀបណាមួយឡើយ ហើយទ្រង់ក៏មិនបាននាំមកនូវអារម្មណ៍ចង់ដឹងចង់ឃើញពីអាថ៌កំបាំងណាមួយដល់ពួកគេដែរ។ មនុស្សមានអារម្មណ៍ថា មនុស្សធម្មតាដែលមានរូបរាង និងអាចនិយាយបានម្នាក់នេះ គឺងាយនឹងស្មានដឹង និងងាយមើលធ្លុះពេកហើយ។ ពួកគេថែមទាំងគិតថា ពួកគេអាចមើលធ្លុះ និងយល់ពីទ្រង់បានភ្លាមៗ ដោយគ្រាន់តែមើលមួយភ្លែតប៉ុណ្ណោះ។ ជាលទ្ធផល មនុស្សប្រព្រឹត្តចំពោះព្រះគ្រីស្ទដោយមិនដឹងខ្លួន តាមរបៀបដូចគ្នាដែលពួកគេប្រព្រឹត្តចំពោះមនុស្ស គឺតាមរបៀបដូចគ្នាដែលពួកគេប្រព្រឹត្តចំពោះមនុស្សដែលមានឋានៈ ឬអំណាចណាម្នាក់ដែរ។ តើនេះស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? តើព្រះគ្រីស្ទអាចត្រូវបានគេចាត់ទុកថាស្មើនឹងមនុស្សពុករលួយដែលមានឋានៈ និងអំណាចបានដោយរបៀបណា? នៅពេលដែលមនុស្សបញ្ចើចបញ្ចើ និងបញ្ជោរបុគ្គលពុករលួយដែលមានឋានៈ និងអំណាច គឺពួកគេទទួលបានផលប្រយោជន៍ និងការពេញចិត្តពីបុគ្គលទាំងនោះ។ មនុស្សពុករលួយចូលចិត្តរឿងនេះណាស់។ ពួកគេចង់បានការបញ្ចើចបញ្ចើ ការបញ្ជោរ និងការអែបអបពីអ្នកដទៃ ព្រោះវាធ្វើឱ្យពួកគេមើលទៅកាន់តែខ្ពង់ខ្ពស់ និងអស្ចារ្យជាងគេ ដែលរឹតតែបញ្ជាក់ពីឋានៈ និងអំណាចរបស់ពួកគេផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ ព្រះគ្រីស្ទដែលមានសារជាតិរបស់ព្រះជាម្ចាស់ គឺផ្ទុយស្រឡះ។ នៅពេលដែលមនុស្សម្នាក់មានឋានៈ និងកេរ្តិ៍ឈ្មោះ វាមិនមែនដោយសារតែពួកគេមានសារជាតិ ឬចរិតលក្ខណៈខ្ពង់ខ្ពស់នោះទេ ដូច្នេះ ពួកគេត្រូវតែប្រើគ្រប់មធ្យោបាយ ដើម្បីឱ្យអ្នកដទៃគោរពបូជា និងបញ្ជោរពួកគេ ដើម្បីបង្ហាញពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ។ ផ្ទុយទៅវិញ ព្រះគ្រីស្ទដែលមានសារជាតិរបស់ព្រះជាម្ចាស់ មានអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ពីធម្មជាតិ ដែលខ្ពស់ជាងសារជាតិ និងឋានៈនៃភាវៈដែលព្រះបានបង្កើតណាមួយទៅទៀត។ អត្តសញ្ញាណ និងសារជាតិរបស់ទ្រង់គឺមានយ៉ាងពិតប្រាកដ ដោយមិនត្រូវការការលើកជើងពីភាវៈដែលព្រះបានបង្កើតណាមួយ ដើម្បីយកមកបញ្ជាក់ឡើយ ហើយទ្រង់ក៏មិនត្រូវការការបញ្ចើចបញ្ចើ ឬការបញ្ជោរពីភាវៈដែលព្រះបានបង្កើតណាមួយ ដើម្បីបង្ហាញពីអត្តសញ្ញាណ សារជាតិ ឬឋានៈដ៏ខ្ពង់ខ្ពស់របស់ទ្រង់ដែរ។ នេះគឺដោយសារតែវាជាការពិតពីធម្មជាតិ ដែលព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់។ វាមិនមែនជាអ្វីដែលនរណាម្នាក់ផ្ដល់ឱ្យទ្រង់ឡើយ ហើយរឹតតែមិនមែនជាអ្វីដែលរកបានតាមរយៈបទពិសោធជាច្រើនឆ្នាំនៅក្នុងចំណោមមនុស្សជាតិទៅទៀត។ ពោលគឺ បើគ្មានភាវៈដែលព្រះបានបង្កើតទាំងអស់ទេនោះ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់គឺនៅតែដដែល។ បើគ្មានភាវៈដែលព្រះបានបង្កើតណាមួយថ្វាយបង្គំ ឬដើរតាមព្រះជាម្ចាស់ទេនោះ សារជាតិរបស់ព្រះជាម្ចាស់នៅតែមិនប្រែប្រួលឡើយ នេះគឺជាការពិតដែលមិនផ្លាស់ប្ដូរ។ ពួកទទឹងនឹងព្រះគ្រីស្ទជឿទាំងយល់ច្រឡំថា ទោះបីជាព្រះគ្រីស្ទមានបន្ទូល ឬធ្វើអ្វីក៏ដោយ មនុស្សត្រូវតែប្រើពាក្យសម្ដីពីរោះស្ដាប់ ត្រូវតែគាំទ្រ ត្រូវតែធ្វើតាម និងត្រូវតែបញ្ចើចបញ្ចើ ដើម្បីផ្គាប់ព្រះទ័យទ្រង់ និងមិនត្រូវធ្វើផ្ទុយពីព្រះរាជបំណងរបស់ទ្រង់ឡើយ ដោយគិតថា ការធ្វើបែបនេះអាចធ្វើឱ្យព្រះគ្រីស្ទមានព្រះទ័យដឹងពីអត្ថិភាពនៃអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ! តើនរណាម្នាក់នៅក្នុងចំណោមមនុស្សជាតិដ៏ពុករលួយ ដែលមានកេរ្តិ៍ឈ្មោះ អំណាច និងឋានៈ ទទួលបានកេរ្តិ៍ឈ្មោះ និងអំណាចរបស់ពួកគេដោយរបៀបណា? (តាមរយៈការបញ្ចើចបញ្ចើ និងការអែបអប។) នេះគឺជាទិដ្ឋភាពមួយ។ បន្ថែមពីលើនេះ ភាគច្រើនគឺតាមរយៈការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងចំណោមមនុស្ស សូម្បីតែតាមរយៈការប្រើឧបាយកលគ្រប់គ្រង និងតាមរយៈការរកបាន ឬការដណ្ដើមយកវាដោយប្រើមធ្យោបាយផ្សេងៗ។ នោះគ្រាន់តែជាកេរ្តិ៍ឈ្មោះ ជាតំណែង ឬឋានន្តរសក្ដិថ្នាក់ខ្ពស់នៅក្នុងចំណោមមនុស្សប៉ុណ្ណោះ។ កេរ្តិ៍ឈ្មោះខ្ពស់ ឋានន្តរសក្ដិថ្នាក់ខ្ពស់ និងឋានៈខ្ពស់នេះ ធ្វើឱ្យមនុស្សម្នាក់លេចធ្លោជាងគេនៅក្នុងចំណោមហ្វូងមនុស្ស ក្លាយជាអ្នកដឹកនាំ ជាអ្នកធ្វើសេចក្ដីសម្រេចចិត្តដែលមានសិទ្ធិក្នុងការសម្រេច។ ប៉ុន្តែ តើអ្វីទៅជាសារជាតិរបស់មនុស្សដែលមានឋានៈ និងកេរ្តិ៍ឈ្មោះដែលឈរខ្ពស់ជាងអ្នកដទៃនៅក្នុងចំណោមមនុស្ស? តើមានភាពខុសគ្នាអ្វីរវាងពួកគេ និងអ្នកដទៃដែរឬទេ? អត្តសញ្ញាណ និងសារជាតិរបស់ពួកគេ គឺដូចគ្នាបេះបិទទៅនឹងមនុស្សពុករលួយធម្មតាណាម្នាក់ដែរ។ ពួកគេគឺជាភាវៈដែលព្រះបានបង្កើតធម្មតាមួយ ដែលត្រូវបានធ្វើឱ្យពុករលួយនៅក្រោមអំណាចរបស់សាតាំង ដែលអាចក្បត់សេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន អាចបំភ្លៃខុសនិងត្រូវ បំពានលើការពិត ធ្វើអំពើអាក្រក់ ទាស់ទទឹងនឹងព្រះជាម្ចាស់ ព្រមទាំងប្រឆាំងរឹងទទឹង និងដាក់បណ្ដាសាស្ថានសួគ៌។ អត្តសញ្ញាណ និងសារជាតិពិតប្រាកដរបស់ពួកគេ គឺជាមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ជាមនុស្សដែលអាចទាស់ទទឹងនឹងព្រះជាម្ចាស់ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេគ្រាន់តែជាងារឥតខ្លឹមសារប៉ុណ្ណោះ។ អស់អ្នក ដែលឃោរឃៅ សាហាវយង់ឃ្នង និងមានគំនិតព្យាបាទដល់ថ្នាក់ហ៊ានសម្លាប់ ឬធ្វើបាបអ្នកដទៃដើម្បីឋានៈ និងកេរ្តិ៍ឈ្មោះ នឹងទទួលបានតំណែងខ្ពស់។ អស់អ្នកដែលចេះលេងល្បិច មានមធ្យោបាយ និងចេះរៀបចំកលល្បិច ក្លាយជាអ្នកដឹកនាំលើអ្នកដទៃ។ បុគ្គលទាំងនេះមានគំនិតព្យាបាទ សាហាវយង់ឃ្នង និងទុច្ចរិតជាងមនុស្សពុករលួយធម្មតាទៅទៀត។ ពួកគេចូលចិត្តឱ្យគេប្រព្រឹត្តចំពោះខ្លួន ដោយគ្មានអ្វីក្រៅពីពាក្យសម្ដីពីរោះស្ដាប់ ការអែបអប ការបញ្ចើចបញ្ចើ និងការបញ្ជោរឡើយ។ ប្រសិនបើអ្នកនិយាយការពិតប្រាប់ពួកគេ នោះអ្នកនឹងប្រថុយបាត់បង់ជីវិតរបស់អ្នកហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទនាំយកក្បួនរស់នៅក្នុងលោកីយ៍ និងទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ទាំងនេះចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយអនុវត្តវានៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះគ្រីស្ទ។ ពួកគេសន្មតថា ប្រសិនបើព្រះគ្រីស្ទសព្វព្រះទ័យចង់រក្សាអំណាចរបស់ទ្រង់ឱ្យបានរឹងមាំ ទ្រង់ក៏ច្បាស់ជាចូលចិត្តការបញ្ចើចបញ្ចើ ការបញ្ជោរ និងការនិយាយទៅកាន់ដោយពាក្យសម្ដីពីរោះស្ដាប់ដែរ។ តាមរយៈការធ្វើបែបនេះ ពួកគេចាត់ទុកសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សថាគ្រាន់តែជាសមាជិកម្នាក់នៃមនុស្សជាតិដ៏ពុករលួយ ដោយមិនដឹងខ្លួន ដែលនេះជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុដូច្នេះហើយ និស្ស័យដែលពួកទទឹងនឹងព្រះគ្រីស្ទបានបង្ហាញ នៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះគ្រីស្ទ គឺទុច្ចរិតដោយគ្មានការសង្ស័យឡើយ។ ពួកគេមាននិស្ស័យទុច្ចរិត ចូលចិត្តស្មាន និងរិះគិតពីគំនិតរបស់មនុស្ស ចូលចិត្តសង្កេតមើលពាក្យសម្ដី និងទឹកមុខរបស់អ្នកដទៃ ហើយចូលចិត្តប្រើមធ្យោបាយមួយចំនួន ក្បួនរស់នៅមួយចំនួនដែលមនុស្សលោកីយ៍ប្រើ ក្នុងការប្រព្រឹត្តចំពោះព្រះគ្រីស្ទ និងក្នុងបញ្ហាដែលពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់។ តើអ្វីទៅជាកំហុសដ៏ធ្ងន់ធ្ងរបំផុតដែលពួកគេប្រព្រឹត្ត? ហេតុអ្វីបានជាពួកគេអាចប្រព្រឹត្តបែបនេះបាន? តើឫសគល់ស្ថិតនៅត្រង់ណា? ព្រះជាម្ចាស់មានបន្ទូលថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាមនុស្សធម្មតាម្នាក់។ ពេលឮដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទក៏ត្រេកអរ ដោយនិយាយថា៖ «បើអ៊ីចឹង ខ្ញុំនឹងប្រព្រឹត្តចំពោះព្រះអង្គដូចជាមនុស្សធម្មតាម្នាក់។ ពេលនេះ ខ្ញុំមានមូលដ្ឋាននៃរបៀបប្រព្រឹត្តចំពោះព្រះអង្គហើយ»។ នៅពេលព្រះជាម្ចាស់មានបន្ទូលថា សាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទឆ្លើយតបថា៖ «សារជាតិរបស់ព្រះជាម្ចាស់ឬ? ហេតុអ្វីបានជាខ្ញុំមើលមិនឃើញអ៊ីចឹង? តើវានៅឯណា? តើវាត្រូវបានបង្ហាញចេញមកដោយរបៀបណា? តើទ្រង់បើកសម្ដែងអ្វីខ្លះ ដើម្បីបញ្ជាក់ថាទ្រង់មានសារជាតិរបស់ព្រះជាម្ចាស់ទៅ? ខ្ញុំដឹងត្រឹមតែបញ្ចើចបញ្ចើ និងបញ្ជោរអ្នកដែលមានឋានៈប៉ុណ្ណោះ។ ខ្ញុំមិនដែលបរាជ័យក្នុងការបញ្ចើចបញ្ចើ និងបញ្ជោរមនុស្ស។ វាតែងតែមានប្រសិទ្ធភាពជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ វានៅតែប្រសើរជាងការនិយាយការពិតដែរ»។ នេះហើយគឺជាភាពទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមិនជឿ ឬមិនទទួលយកសេចក្ដីពិត ដោយរស់នៅពឹងផ្អែកលើទស្សនវិជ្ជារបស់សាតាំងតែមួយមុខគត់។

មនុស្សមួយចំនួននិយាយថា៖ «មនុស្សគ្រប់គ្នាចូលចិត្តអស់អ្នកដែលចេះបញ្ចើចបញ្ចើ បញ្ជោរ និងនិយាយពាក្យសម្ដីពីរោះស្ដាប់ មានតែព្រះជាម្ចាស់មួយអង្គគត់ដែលមិនចូលចិត្តមនុស្សបែបនេះ។ ដូច្នេះ តើព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សប្រភេទណាឱ្យប្រាកដទៅ? តើមនុស្សម្នាក់គួរមានទំនាក់ទំនងបែបណាជាមួយព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់សព្វព្រះទ័យ?» តើអ្នករាល់គ្នាដឹងទេ? (ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ មនុស្សដែលនិយាយចេញពីចិត្តទៅកាន់ព្រះជាម្ចាស់ មនុស្សដែលបើកចិត្តរបស់ពួកគេ ហើយប្រកបគ្នាជាមួយព្រះជាម្ចាស់ដោយគ្មានការបោកបញ្ឆោត។) តើមានអ្វីផ្សេងទៀតទេ? (អស់អ្នកដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ ដែលអាចស្ដាប់ និងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។) (អស់អ្នកដែលមានចិត្តងាករកដំណាក់របស់ព្រះជាម្ចាស់ ដែលមានគំនិតគិតដូចជាព្រះជាម្ចាស់។) អ្នករាល់គ្នាបានលើកឡើងពីទិដ្ឋភាពមួយចំនួននៃការធ្វើជាមនុស្សស្មោះត្រង់ ដែលគួរតែត្រូវបានអនុវត្ត។ ការធ្វើជាមនុស្សស្មោះត្រង់ គឺជាសេចក្តីតម្រូវមួយដែលព្រះជាម្ចាស់មានចំពោះមនុស្ស។ វាជាសេចក្តីពិតមួយដែលមនុស្សត្រូវអនុវត្ត។ អ៊ីចឹង តើមនុស្សគួរតែប្រកាន់ខ្ជាប់តាមគោលការណ៍អ្វីខ្លះនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយព្រះជាម្ចាស់? គឺត្រូវស្មោះត្រង់៖ នេះគឺជាគោលការណ៍មួយដែលគេគួរគោរពតាម នៅពេលមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ កុំធ្វើតាមទម្លាប់របស់ពួកអ្នកគ្មានជំនឿ ក្នុងការបញ្ចើចបញ្ចើ ឬការបញ្ជោរឡើយ។ ព្រះជាម្ចាស់មិនត្រូវការការបញ្ចើចបញ្ចើ និងការបញ្ជោររបស់មនុស្សទេ។ គ្រាន់តែស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។ តើការស្មោះត្រង់មានន័យដូចម្ដេច? តើគួរអនុវត្តការស្មោះត្រង់យ៉ាងដូចម្ដេច? (គ្រាន់តែបើកចិត្តចំពោះព្រះជាម្ចាស់ ដោយគ្មានការសម្ដែង គ្មានការលាក់លៀម ឬការលាក់កំបាំងណាមួយ ដោយធ្វើការទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយមានដួងចិត្តស្មោះត្រង់ និងនិយាយត្រង់ៗ គ្មានចេតនាអាក្រក់ ឬកលល្បិចណាមួយ)។ ធ្វើបែបនោះពិតជាត្រឹមត្រូវ។ ដើម្បីស្មោះត្រង់ ដំបូង អ្នកត្រូវលះបង់បំណងប្រាថ្នាផ្ទាល់ខ្លួន។ ជំនួសឱ្យការផ្ដោតលើរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នក អ្នកគួរបើកចំហខ្លួនឯងចំពោះព្រះជាម្ចាស់ ហើយនិយាយអ្វីក៏ដោយដែលមាននៅក្នុងចិត្តរបស់អ្នក។ កុំសញ្ជឹងគិត ឬពិចារណាថា សម្ដីរបស់អ្នកនឹងមានផលវិបាកអ្វីខ្លះនោះឡើយ។ ចូរនិយាយអ្វីដែលអ្នកកំពុងគិត លះបង់ចោលការជំរុញចិត្តរបស់អ្នក ហើយមិនត្រូវនិយាយអ្វី ដើម្បីគ្រាន់តែចង់សម្រេចគោលបំណងមួយចំនួននោះឡើយ។ អ្នកមានចេតនាផ្ទាល់ខ្លួន និងគំនិតលាយឡំច្រើនពេក អ្នកតែងតែគិតពីប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងរបៀបដែលអ្នកនិយាយ ដោយពិចារណាថា «ខ្ញុំគួរតែនិយាយបែបនេះ និងមិនត្រូវនិយាយបែបនោះទេ។ ខ្ញុំត្រូវតែប្រយ័ត្នប្រយែងចំពោះអ្វីដែលខ្ញុំនិយាយ។ ខ្ញុំនឹងនិយាយតាមរបៀបមួយដែលផ្ដល់ប្រយោជន៍ដល់ខ្ញុំ និងអាចបិទបាំងចំណុចខ្វះខាតរបស់ខ្ញុំ ហើយការធ្វើបែបនេះនឹងធ្វើឱ្យព្រះជាម្ចាស់ទតឃើញស្ញប់ស្ញែងចំពោះខ្ញុំ»។ តើនេះមិនមែនជាការមានចេតនានៅក្នុងចិត្តទេឬអី? មុននឹងអ្នកនិយាយ ចិត្តរបស់អ្នកពេញដោយគំនិតវៀចវេរ អ្នកកែតម្រូវអ្វីដែលអ្នកចង់និយាយជាច្រើនដង ដូច្នេះ នៅពេលពាក្យសម្ដីចេញពីមាត់របស់អ្នក ពាក្យសម្តីទាំងនោះលែងជាពាក្យសម្តីសុទ្ធល្អទៀតហើយ គ្មានភាពពិតប្រាកដសូម្បីតែបន្តិច និងបង្កប់នូវបំណងរបស់អ្នកផ្ទាល់ និងផែនការរបស់សាតាំង។ នេះមិនមែនជាអត្ថន័យនៃភាពស្មោះត្រង់ទេ។ នេះគឺជាការមានបំណង និងចេតនាអាក្រក់។ ជាងនេះទៅទៀត នៅពេលអ្នកនិយាយ អ្នកតែងតែបត់បែនតាមការសម្តែងចេញតាមទឹកមុខរបស់មនុស្ស និងទម្រង់ក្នុងកែវភ្នែករបស់ពួកគេជានិច្ច៖ ប្រសិនបើពួកគេមានការសម្តែងចេញវិជ្ជមានតាមទឹកមុខរបស់ពួកគេ នោះអ្នកនិយាយបន្ត។ ប្រសិនបើពួកគេមានការសម្តែងចេញអវិជ្ជមាន អ្នកក៏នៅស្ងៀមឈប់និយាយតទៅទៀត។ ប្រសិនបើពួកគេមានទម្រង់កែវភ្នែកមិនល្អ និងមើលទៅដូចជាពួកគេមិនពេញចិត្តនឹងអ្វីដែលពួកគេស្ដាប់ឮ អ្នកគិតថា អ្នកត្រូវឈប់និយាយ រួចរិះគិតថា៖ «អ៊ីចឹង ខ្ញុំនឹងនិយាយអ្វីដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ ធ្វើឱ្យអ្នកសប្បាយចិត្ត ជារឿងដែលអ្នកនឹងចូលចិត្ត និងធ្វើឱ្យអ្នកមានចិត្តល្អចំពោះខ្ញុំវិញ»។ តើនេះជាការស្មោះត្រង់ឬ? មិនមែនទេ។ មនុស្សមួយចំនួនមិនរាយការណ៍វានោះទេនៅពេលដែលពួកគេឃើញនរណាម្នាក់ធ្វើអំពើអាក្រក់ និងបង្កការរំខាននៅក្នុងពួកជំនុំ។ ពួកគេគិតថា៖ «ប្រសិនបើខ្ញុំជាអ្នករាយការណ៍រឿងនេះមុនគេ ខ្ញុំនឹងធ្វើឱ្យបុគ្គល នោះអាក់អន់ចិត្ត ហើយប្រសិនបើខ្ញុំរាយការណ៍ខុស ខ្ញុំនឹងត្រូវគេលួសកាត់មិនខាន។ ខ្ញុំនឹងរង់ចាំឱ្យអ្នកដទៃរាយការណ៍វា ហើយខ្ញុំនឹងចូលរួមជាមួយពួកគេ។ ទោះបីជាពួកយើងខុសក៏ដោយ ក៏វាមិនមែនជារឿងធំដុំដែរ យ៉ាងណាមិញ គេមិនអាចដាក់ទោសមនុស្សមួយហ្វូងបានទេ។ ដូចពាក្យចាស់ពោលថា “បក្សីដែលអើតកចេញមក គឺជាបក្សីដែលត្រូវគេបាញ់”។ ខ្ញុំនឹងមិនធ្វើជាបក្សីនោះទេ។ មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលទទូចចង់លេចធ្លោនោះ»។ តើនេះជាភាពស្មោះត្រង់ ឬ? ច្បាស់ណាស់គឺមិនមែនទេ។ មនុស្សបែបនេះពិតជាមានល្បិចកលមែន។ ប្រសិនបើពួកគេក្លាយជាអ្នកដឹកនាំពួកជំនុំ ឬជាអ្នកមើលការខុសត្រូវ តើពួកគេនឹងមិនធ្វើឱ្យខាតបង់ដល់កិច្ចការរបស់ពួកជំនុំទេឬអី? ពួកគេច្បាស់ជាធ្វើបែបនោះមិនខាន។ មនុស្សបែបនេះដាច់ខាតមិនត្រូវយកមកប្រើឡើយ។ តើអ្នករាល់គ្នាអាចញែកដឹងពីមនុស្សប្រភេទនេះបានដែរឬទេ? ឧទាហរណ៍ថា មានអ្នកដឹកនាំម្នាក់ដែលបានធ្វើរឿងអាក្រក់មួយចំនួន និងបានរំខានដល់កិច្ចការរបស់ពួកជំនុំ ប៉ុន្តែគ្មាននរណាម្នាក់យល់ពីមូលហេតុពិតប្រាដដែលនៅពីក្រោយឥរិយាបថរបស់បុគ្គលនេះទេ ហើយថ្នាក់លើក៏មិនដឹងថាពួកគេមានលក្ខណៈបែបណាដែរ គឺមានតែអ្នកប៉ុណ្ណោះដែលដឹងពីមូលហេតុពិតប្រាដដែលនៅពីក្រោយឥរិយាបថរបស់ពួកគេ។ ក្នុងកាលៈទេសៈបែបនេះ តើអ្នកនឹងរាយការណ៍បញ្ហានេះទៅថ្នាក់លើដោយស្មោះត្រង់ដែរឬទេ? បញ្ហានេះហើយដែលបើកសម្ដែងពីមនុស្សច្បាស់ជាងគេបំផុត។ ប្រសិនបើអ្នកលាក់បាំងរឿងនេះ ហើយមិននិយាយប្រាប់នរណាម្នាក់ សូម្បីតែព្រះជាម្ចាស់ ដោយរង់ចាំរហូតដល់ថ្ងៃដែលអ្នកដឹកនាំនោះបានធ្វើអំពើអាក្រក់យ៉ាងច្រើន រហូតធ្វើឱ្យកិច្ចការរបស់ពួកជំនុំរញ៉េរញ៉ៃ ហើយមនុស្សគ្រប់គ្នាបានលាតត្រដាង និងដោះស្រាយជាមួយពួកគេរួចរាល់ ទើបអ្នកក្រោកឈរឡើង ហើយនិយាយថា៖ «ខ្ញុំបានដឹងតាំងពីដើមមកម៉្លេះថា ពួកគេមិនមែនជាមនុស្សល្អទេ។ គ្រាន់តែមនុស្សមួយចំនួនគិតថាពួកគេល្អ។ ប្រសិនបើខ្ញុំនិយាយអ្វីមួយ ក៏គ្មាននរណាម្នាក់ជឿខ្ញុំដែរ។ ដូច្នេះ ខ្ញុំក៏មិនបាននិយាយអ្វីទៅ។ ពេលនេះ ដោយសារពួកគេបានធ្វើរឿងអាក្រក់មួយចំនួន ហើយមនុស្សគ្រប់គ្នាអាចដឹងថាពួកគេជានរណា ទើបខ្ញុំអាចនិយាយពីមូលហេតុពិតប្រាដដែលនៅពីក្រោយឥរិយាបថរបស់ពួកគេបាន» តើនោះជាការមានភាពស្មោះត្រង់ដែរឬទេ? (ទេ)។ ប្រសិនបើ រាល់ពេលដែលបញ្ហារបស់នរណាម្នាក់ត្រូវបានលាតត្រដាង ឬបញ្ហាមួយត្រូវបានគេរាយការណ៍ អ្នកតែងតែធ្វើតាមហ្វូងមនុស្ស ហើយជាមនុស្សចុងក្រោយគេដែលក្រោកឈរឡើង និងលាតត្រដាងពួកគេ ឬរាយការណ៍ពីបញ្ហានោះ តើអ្នកមានភាពស្មោះត្រង់ដែរឬទេ? ទង្វើទាំងនេះមិនមែនជាការស្មោះត្រង់ឡើយ។ ប្រសិនបើអ្នកមិនចូលចិត្តនរណាម្នាក់ ឬមាននរណាម្នាក់បានធ្វើឱ្យអ្នកអាក់អន់ចិត្ត ហើយអ្នកដឹងថាពួកគេមិនមែនជាមនុស្សអាក្រក់ទេ ប៉ុន្តែដោយសារអ្នកជាមនុស្សចិត្តចង្អៀត អ្នកក៏ចាប់ផ្ដើមស្អប់ពួកគេ ហើយចង់សងសឹកពួកគេ ចង់ធ្វើឱ្យពួកគេអាម៉ាស់មុខ នោះអ្នកប្រហែលជានឹងគិតរកវិធី និងស្វែងរកឱកាសដើម្បីនិយាយរឿងអាក្រក់មួយចំនួនអំពីពួកគេទៅកាន់ថ្នាក់លើមិនខាន។ អ្នកប្រហែលជាគ្រាន់តែលើកឡើងពីការពិត ដោយមិនបានថ្កោលទោសបុគ្គលនោះទេ ប៉ុន្តែនៅពេលលើកឡើងពីការពិតទាំងនោះ ចេតនារបស់អ្នកត្រូវបានបើកសម្ដែងរួចបាត់ទៅហើយ៖ អ្នកចង់ខ្ចីដៃថ្នាក់លើ ឬចង់ឱ្យព្រះជាម្ចាស់មានបន្ទូលអ្វីមួយ ដើម្បីដោះស្រាយជាមួយពួកគេ។ តាមរយៈការរាយការណ៍បញ្ហាទៅថ្នាក់លើ អ្នកកំពុងព្យាយាមសម្រេចគោលដៅរបស់អ្នក។ រឿងនេះច្បាស់ណាស់ថាមានលាយឡំជាមួយនឹងចេតនាផ្ទាល់ខ្លួន ហើយវាពិតជាមិនមែនជាភាពស្មោះត្រង់ឡើយ។ ប្រសិនបើពួកគេជាមនុស្សអាក្រក់ដែលកំពុងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយអ្នករាយការណ៍រឿងនេះទៅថ្នាក់លើ ដើម្បីការពារកិច្ចការនោះ ហើយលើសពីនោះទៅទៀត បញ្ហាដែលអ្នករាយការណ៍គឺជាការពិតទាំងស្រុង នោះវាខុសពីការដោះស្រាយរឿងរ៉ាវដោយប្រើទស្សនវិជ្ជារបស់សាតាំងហើយ។ វាផ្ដើមចេញពីស្មារតីយុត្តិធម៌ និងទំនួលខុសត្រូវ ហើយវាគឺជាការបំពេញនូវភក្ដីភាពរបស់អ្នក។ នោះហើយជារបៀបដែលភាពស្មោះត្រង់ត្រូវបានបង្ហាញចេញមក។

ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងមនុស្សដែលបញ្ចើចបញ្ចើ បញ្ជោរ ឬនិយាយពាក្យសម្ដីពីរោះស្ដាប់ឡើយ។ ដូច្នេះ តើព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សប្រភេទណាទៅ? តើព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យមនុស្សមានទំនាក់ទំនង និងប្រកបគ្នាជាមួយទ្រង់ដោយរបៀបណា? ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ ទ្រង់សព្វព្រះទ័យចង់ឱ្យមនុស្សស្មោះត្រង់ជាមួយទ្រង់។ អ្នកមិនចាំបាច់សង្កេតមើលទឹកដមសំឡេង និងទឹកមុខរបស់ទ្រង់ ឬព្យាយាមផ្គាប់ផ្គុនទ្រង់ឡើយ។ អ្នកគ្រាន់តែត្រូវស្មោះត្រង់ មានចិត្តស្មោះត្រង់ មានចិត្តដែលគ្មានការលាក់បាំង គ្មានការបិទបាំង ឬការក្លែងបន្លំ ហើយបណ្ដោយឱ្យការសម្ដែងចេញនៅខាងក្រៅរបស់អ្នក ស្របទៅនឹងចិត្តរបស់អ្នក។ ពោលគឺ នៅពេលដែលអ្នកប្រព្រឹត្ត និងមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ អ្នកមិនចាំបាច់ខិតខំប្រឹងប្រែង ធ្វើការ “ស្វែងយល់ទុកជាមុន” ឬរៀបចំ ឬធ្វើអ្វីទុកជាមុនឡើយ។ អ្វីៗទាំងនេះគឺមិនចាំបាច់ទាល់តែសោះ។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងភាពស្មោះត្រង់៖ គឺការសន្ទនា និងការទំនាក់ទំនងចិត្តនឹងចិត្តតាមបែបធម្មតា និងធម្មជាតិ។ ទោះបីជាអ្នកនិយាយអ្វីខុស ឬប្រើពាក្យសម្ដីមិនសមរម្យក៏ដោយ ក៏វាមិនមែនជាបញ្ហាដែរ។ ឧទាហរណ៍ ឧបមាថាខ្ញុំទៅកន្លែងណាមួយ ហើយចុងភៅសួរថា៖ «តើអ្នកមានតមរបរអាហារអ្វីដែរឬទេ? តើម្ហូបអ្វីខ្លះដែលអ្នកញ៉ាំ និងមិនញ៉ាំ? តើខ្ញុំគួររៀបចំអ្វីខ្លះ?» ខ្ញុំនិយាយថា៖ «កុំប្រៃពេក កុំធ្វើម្ហូបហឹរ ហើយក៏កុំដាក់ខ្លាញ់ច្រើនពេក និងកុំធ្វើម្ហូបបំពង។ សម្រាប់អាហារគោល បាយក៏បាន ឬមីក៏បានដែរ»។ តើការណែនាំទាំងនេះជ្រាលជ្រៅដែរឬទេ? (ទេ)។ អ្នកណាដែលចេះធ្វើម្ហូប ច្បាស់ជាយល់ភ្លាមៗ ដោយមិនចាំបាច់ស្មាន រិះគិត ឬត្រូវការការណែនាំ ឬការពន្យល់ជាក់លាក់ណាមួយឡើយ។ គ្រាន់តែធ្វើម្ហូបទៅតាមបទពិសោធរបស់អ្នកទៅ វាជារឿងសាមញ្ញមួយប៉ុណ្ណោះ។ ប៉ុន្តែ សូម្បីតែរឿងដ៏សាមញ្ញបំផុត ក៏មនុស្សមិនអាចធ្វើបានដែរ ពីព្រោះពួកគេមាននិស្ស័យពុករលួយ និងភាពអាត្មានិយម។ ខ្ញុំប្រាប់ថាកុំដាក់ខ្លាញ់ច្រើនពេក ប៉ុន្តែពេលធ្វើម្ហូប ពួកគេបែរជាប្រើប្រេងមួយវែកធំសម្រាប់ឆាបន្លែមួយចានតូច ដែលស្ទើរតែបំពងទៅហើយ ធ្វើឱ្យវាមានរសជាតិខ្លាញ់ខ្លាំង។ ខ្ញុំប្រាប់ថាកុំប្រៃពេក ពួកគេក៏ដាក់អំបិលតែបន្តិចបន្តួចប៉ុណ្ណោះ ធ្វើឱ្យវាស្ទើរតែគ្មានរសជាតិទាល់តែសោះ។ ដោយមានប្រេងច្រើន និងរសជាតិសាបបែបនេះ តើវានៅតែគួរឱ្យចង់ញ៉ាំទៀតដែរឬទេ? សូម្បីតែរឿងតូចតាចនេះ ក៏ចុងភៅធ្វើមិនបានត្រឹមត្រូវផង ហើយថែមទាំងនិយាយថា៖ «បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ពិតជាពិបាកចាប់យល់ណាស់។ រាល់ពាក្យដែលព្រះជាម្ចាស់មានបន្ទូល គឺជាសេចក្ដីពិត។ វាពិតជាពិបាកសម្រាប់មនុស្សក្នុងការអនុវត្តណាស់!» តើពាក្យថា «ពិបាកក្នុងការអនុវត្ត» មានន័យដូចម្ដេច? វាមិនមែនថាពិបាកអនុវត្តនោះទេ ប៉ុន្តែគឺមកពីអ្នកមិនអនុវត្តវា។ ភាពអាត្មានិយមរបស់អ្នកធំធេងពេកហើយ។ អ្នកតែងតែមានចេតនាផ្ទាល់ខ្លួន និងការលាយឡំដោយគំនិតផ្ទាល់ខ្លួនជានិច្ច។ អ្នកតែងតែចង់ធ្វើរឿងរ៉ាវទៅតាមបំណងរបស់អ្នក ដោយធ្វើអ្វីៗគ្រប់យ៉ាងទៅតាមចំណូលចិត្តរបស់អ្នក។ ខ្ញុំនិយាយថា៖ «ពេលធ្វើម្ហូប កុំធ្វើម្ហូបហឹរ។ ប្រសិនបើអ្នករាល់គ្នាចូលចិត្តម្ហូបហឹរ ចូរធ្វើម្ហូបមិនហឹរខ្លះសម្រាប់ខ្ញុំ»។ ប៉ុន្តែពេលធ្វើម្ហូប ពួកគេនៅតែទទូចធ្វើម្ហូបហឹរដដែល។ ពួកគេញ៉ាំយ៉ាងឆ្ងាញ់ និងគិតថាវាអស្ចារ្យណាស់។ ខ្ញុំនិយាយថា៖ «ខ្ញុំបានប្រាប់អ្នកហើយថាកុំធ្វើម្ហូបហឹរ។ ហេតុអ្វីបានជាអ្នកនៅតែធ្វើអ៊ីចឹង?» «ម្ហូបនេះត្រូវតែហឹរទើបឆ្ងាញ់។ បើមិនហឹរ វាមិនឈ្ងុយឆ្ងាញ់ទេ វាបាត់បង់រសជាតិបើគ្មានជាតិហឹរនោះ»។ តើនេះជាមនុស្សប្រភេទណាទៅ? តើពួកគេមានចេតនាល្អដែរឬទេ? មនុស្សមួយចំនួនចូលចិត្តញ៉ាំសាច់ ខ្ញុំនិយាយថា៖ «ប្រសិនបើអ្នកចូលចិត្តសាច់ ចូរធ្វើម្ហូបដែលមានសាច់ច្រើនសម្រាប់ខ្លួនឯងទៅ។ ត្រូវដាក់សាច់ឱ្យតិចនៅក្នុងម្ហូបដែលអ្នកធ្វើសម្រាប់ខ្ញុំ ឬគ្រាន់តែធ្វើម្ហូបដែលមានតែបន្លែសម្រាប់ខ្ញុំក៏បាន»។ ពួកគេយល់ព្រមភ្លាមៗ ប៉ុន្តែពេលធ្វើម្ហូប ពួកគេមិនអើពើនឹងសំណើរបស់ខ្ញុំឡើយ ដោយបន្ថែមសាច់ទាំងដុំៗធំៗចូលទៅក្នុងឆ្នាំង ហើយថែមទាំងដាក់ម្ទេសទៀតផង។ សាច់នោះមានជាតិខ្លាញ់ស្រាប់ទៅហើយ ហើយពួកគេនៅយកវាទៅបំពងទៀត ដោយធ្វើអ្វីៗគ្រប់យ៉ាងទៅតាមចំណូលចិត្តរសជាតិដិតៗរបស់ពួកគេ។ ប្រសិនបើខ្ញុំមិនឱ្យពួកគេធ្វើបែបនេះទេ ពួកគេមិនអាចទទួលយកបានឡើយ ពួកគេថែមទាំងនិយាយថា៖ «ព្រះអង្គពិតជាពិបាកផ្គាប់ព្រះទ័យណាស់។ ម្ហូបនេះឆ្ងាញ់ណាស់! អ្នកផ្សេងទៀតសុទ្ធតែញ៉ាំវា ហេតុអ្វីបានជាព្រះអង្គមិនសោយ? ក្រែងទូលបង្គំធ្វើម្ហូបនេះសម្រាប់ព្រះអង្គឬ? ការញ៉ាំច្រើនគឺល្អសម្រាប់សុខភាពរបស់ព្រះអង្គ វាផ្ដល់ថាមពលដល់ព្រះអង្គ។ ប្រសិនបើព្រះអង្គមានព្រះសុខភាពល្អ តើព្រះអង្គមិនអាចថ្លែងសេចក្ដីអធិប្បាយបានកាន់តែច្រើនទេឬអី? ទូលបង្គំកំពុងតែគិតគូរទាំងសម្រាប់ព្រះអង្គ និងសម្រាប់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំផងដែរ»។ តើបុគ្គលនេះមិនមែនជាមនុស្សដែលគួរឱ្យធុញទ្រាន់ខ្លាំងទេឬអី? ពួកគេមានបំណងប្រាថ្នាខ្លាំងនៅក្នុងគ្រប់រឿងរ៉ាវ មានមតិ និងគំនិតផ្ទាល់ខ្លួននៅក្នុងគ្រប់កិច្ចការទាំងអស់។ កុំបាច់និយាយដល់រឿងថា តើពួកគេមានសេចក្ដីពិតឬក៏អត់ សូម្បីតែភាពជាមនុស្សជាមូលដ្ឋានបំផុត ក៏ពួកគេគ្មានផង។ តើការធ្វើបែបនេះជាភាពស្មោះត្រង់ដែរឬទេ? (ទេ)។ ដំបូងឡើយ នៅពេលដែលបុគ្គលនេះសួរខ្ញុំ ខ្ញុំមានអារម្មណ៍ថាពួកគេជាមនុស្សចេះគួរសម ហាក់ដូចជាពួកគេគួរតែអាចធ្វើម្ហូបបានយ៉ាងល្អ។ ប៉ុន្តែនៅពេលដែលម្ហូបត្រូវបានលើកមក ខ្ញុំក៏ដឹងភ្លាម ពួកគេនិយាយបានយ៉ាងពីរោះ ពួកគេហាក់ដូចជាល្អចំពោះខ្ញុំ ប៉ុន្តែតាមពិតទៅ ពួកគេគ្រាន់តែជាមនុស្សអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមម្នាក់ប៉ុណ្ណោះ។

មានមនុស្សម្នាក់បែបនេះដែលខ្ញុំឧស្សាហ៍ជួប។ នាងជាមនុស្សសម្បូរល្បិច និងរហ័សរហួនពីធម្មជាតិមក។ នៅពេលនាងប្រាស្រ័យទាក់ទងជាមួយខ្ញុំ ពេលខ្ញុំចាប់ផ្ដើមលេបថ្នាំភ្លាម នាងក៏យកទឹកមកឱ្យខ្ញុំរួចបាត់ទៅហើយ។ ពេលខ្ញុំហៀបនឹងចេញទៅក្រៅ នាងក៏ស្ទុះទៅយកកាបូបរបស់ខ្ញុំភ្លាម ហើយដោយឃើញថាខាងក្រៅអាកាសធាតុត្រជាក់ នាងក៏យកកន្សែងបង់ក និងស្រោមដៃមកឱ្យខ្ញុំទៀតផង។ ខ្ញុំក៏គិតថា៖ នាងពិតជារហ័សរហួនមែន ប៉ុន្តែហេតុអ្វីបានជាវាមានអារម្មណ៍ថាឆ្គងៗយ៉ាងទៅវិញ? មិនថាខ្ញុំចេញទៅក្រៅ ឬចូលមកក្នុង ពាក់អាវ ពាក់ស្បែកជើង ឬពាក់មួកនោះទេ តែងតែមាននរណាម្នាក់ដែលរហ័សជាងខ្ញុំជានិច្ច។ តើអ្នករាល់គ្នាគិតថាខ្ញុំមានអារម្មណ៍បែបណាដែរ? តើខ្ញុំគួរតែសប្បាយចិត្ត ឬក៏ធុញទ្រាន់? (ធុញទ្រាន់។) តើអ្នករាល់គ្នានឹងធុញទ្រាន់នឹងឥរិយាបថបែបនេះដែរឬទេ? (មែនហើយ។) ប្រសិនបើអ្នករាល់គ្នាសុទ្ធតែធុញទ្រាន់ តើអ្នករាល់គ្នាគិតថាខ្ញុំធុញទ្រាន់ដែរឬទេ? (មែនហើយ។) មនុស្សមួយចំនួន បន្ទាប់ពីបានធ្វើរឿងទាំងអស់នេះសម្រាប់ខ្ញុំរួច ពួកគេមានអារម្មណ៍ពេញចិត្ត និងមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង ដោយនិយាយថា៖ «ពេលខ្ញុំធ្វើការ មេរបស់ខ្ញុំចូលចិត្តខ្ញុំណាស់។ ទៅដល់ទីណា ក៏មានគេចូលចិត្តខ្ញុំដែរ ព្រោះខ្ញុំជាមនុស្សរហ័សរហួន»។ អត្ថន័យបង្កប់នោះគឺថា ពួកគេចេះអែបអប បញ្ចើចបញ្ចើ និងបញ្ជោរ។ ពួកគេមិនមែនជាមនុស្សស្ពឹកស្រពន់ យឺតយ៉ាវ ឬល្ងង់ខ្លៅឡើយ។ ពួកគេរហ័សរហួនក្នុងការធ្វើសកម្មភាព និងមានគំនិតឆ្លាតវៃ ដូច្នេះហើយទើបទៅដល់ទីណា ក៏មានគេចូលចិត្តពួកគេដែរ។ ពួកគេនិយាយថាមនុស្សគ្រប់គ្នាចូលចិត្តពួកគេ ដែលមានន័យថា ខ្ញុំក៏គួរតែចូលចិត្តពួកគេដែរ។ តើខ្ញុំចូលចិត្តពួកគេដែរឬទេ? ខ្ញុំធុញទ្រាន់នឹងពួកគេខ្លាំងណាស់! ខ្ញុំតែងតែគេចចេញពីមនុស្សបែបនេះ នៅពេលដែលខ្ញុំឃើញពួកគេ។ មានអ្នកខ្លះទៀត ដោយឃើញពីរបៀបដែលអង្គរក្ស និងកូនចៅដែលពូកែអែបអបរបស់មេក្រុមសង្គមងងឹត និងមេអារក្ស បើកទ្វារឡាន និងយកដៃបាំងក្បាលមេរបស់ពួកគេនៅក្នុងលោកីយ៍ ពួកគេក៏ធ្វើបែបនេះដាក់ខ្ញុំដែរ។ មុនពេលខ្ញុំចូលក្នុងឡាន ពួកគេបានលូកដៃទៅបើកទ្វារបាត់ទៅហើយ បន្ទាប់មកក៏យកដៃរបស់ពួកគេមកបាំងក្បាលខ្ញុំ ដោយប្រព្រឹត្តចំពោះខ្ញុំ ដូចជារបៀបដែលពួកអ្នកគ្មានជំនឿប្រព្រឹត្តចំពោះកម្មាភិបាលជាន់ខ្ពស់អ៊ីចឹង។ ខ្ញុំមានអារម្មណ៍ខ្ពើមរអើមនឹងមនុស្សទាំងនេះណាស់។ មនុស្សទាំងនេះ ដែលមិនដេញតាមសេចក្ដីពិតសូម្បីតែបន្តិច មានភាពជាមនុស្សដែលអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងថោកទាប ហើយពួកគេគ្មានសេចក្ដីអៀនខ្មាសទាល់តែសោះ។ នៅពេលដែលអ្នកទាក់ទងជាមួយអ្នកដទៃ ដោយបញ្ចើចបញ្ចើ និងបញ្ជោរអ្នកដែលមានឋានៈ និងកេរ្តិ៍ឈ្មោះ ហើយចេះតែអែបអបមិនឈប់ឈរនោះ សូម្បីតែមនុស្សទៀងត្រង់មួយចំនួន ក៏មានអារម្មណ៍ខ្ពើមរអើម និងមើលងាយមនុស្សបែបនេះដែរ។ ប្រសិនបើអ្នកធ្វើបែបនេះដាក់ខ្ញុំ ខ្ញុំរឹតតែមានអារម្មណ៍ខ្ពើមរអើមជាងនេះទៅទៀត។ កុំប្រព្រឹត្តបែបនេះដាក់ខ្ញុំឱ្យសោះ។ ខ្ញុំមិនត្រូវការវាទេ វាធ្វើឱ្យខ្ញុំខ្ពើមរអើមណាស់។ អ្វីដែលខ្ញុំត្រូវការ មិនមែនជាការបញ្ចើចបញ្ចើ ការបញ្ជោរ ឬការអែបអបរបស់អ្នកឡើយ។ ខ្ញុំត្រូវការឱ្យអ្នកស្មោះត្រង់ជាមួយខ្ញុំ និយាយដោយចិត្តនិងចិត្ត នៅពេលយើងជួបគ្នា និយាយអំពីការយល់ដឹង បទពិសោធ និងចំណុចខ្វះខាតរបស់អ្នក ពិភាក្សាអំពីសេចក្ដីពុករលួយដែលអ្នកបានបញ្ចេញឱ្យឃើញ នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក និងរឿងរ៉ាវដែលអ្នកមានអារម្មណ៍ថា អ្នកនៅខ្វះខាតនៅក្នុងបទពិសោធរបស់អ្នក។ អ្នកអាចចូលរួមក្នុងការស្វែងរក និងការប្រកបគ្នាទាក់ទងនឹងរឿងរ៉ាវទាំងអស់នេះ ហើយអ្នកក៏អាចស្វែងយល់ពីវាបានផងដែរ។ មិនថាយើងប្រកបគ្នា ឬសន្ទនាអំពីប្រធានបទអ្វីនោះទេ អ្នកត្រូវតែស្មោះត្រង់ ហើយមានចិត្ត និងអាកប្បកិរិយាបែបនេះ។ កុំគិតថា តាមរយៈការបញ្ចើចបញ្ចើ ការអែបអប ការបញ្ជោរ ឬការផ្គាប់ផ្គុន អ្នកអាចបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អឱ្យសោះ វាគ្មានប្រយោជន៍ទាល់តែសោះ។ ផ្ទុយទៅវិញ ឥរិយាបថបែបនេះ មិនត្រឹមតែមិននាំមកនូវផលប្រយោជន៍អ្វីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យអ្នកមានភាពអាម៉ាស់យ៉ាងខ្លាំង និងលាតត្រដាងពីភាពល្ងង់ខ្លៅរបស់អ្នកទៀតផង។

អស់អ្នកដែលមិនអាចសូម្បីតែស្មោះត្រង់ជាមួយព្រះគ្រីស្ទ តើពួកគេជាមនុស្សប្រភេទណាទៅ? ប្រសិនបើអ្នកស្មោះត្រង់ក្នុងការប្រព្រឹត្តចំពោះអ្នកដទៃ អ្នកខ្លាចថាពួកគេអាចនឹងដឹងពីស្ថានភាពពិតរបស់អ្នក ហើយធ្វើបាបអ្នក អ្នកខ្លាចថាពួកគេអាចនឹងបោកបញ្ឆោត កេងប្រវ័ញ្ច ចំអក ឬមើលងាយអ្នក។ ទោះជាយ៉ាងណាក៏ដោយ តើអ្នកខ្លាចអ្វីក្នុងការស្មោះត្រង់ជាមួយព្រះគ្រីស្ទនោះ? ប្រសិនបើមានការព្រួយបារម្ភទាំងនេះនៅក្នុងចិត្តរបស់អ្នក នោះគឺជាបញ្ហាហើយ។ ប្រសិនបើអ្នកមិនអាចស្មោះត្រង់បានទេ នោះក៏ជាបញ្ហារបស់អ្នកដែរ។ វាគឺជាផ្នែកមួយដែលអ្នកគួរតែដេញតាមសេចក្ដីពិត និងខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្ដូរ។ ប្រសិនបើអ្នកពិតជាជឿ និងទទួលស្គាល់ថា បុគ្គលដែលនៅចំពោះមុខអ្នក គឺជាព្រះជាម្ចាស់ដែលអ្នកជឿ គឺជាព្រះជាម្ចាស់ដែលអ្នកដើរតាមមែននោះ នោះយកល្អ អ្នកមិនគួរមានទំនាក់ទំនងជាមួយទ្រង់ តាមរយៈការបញ្ចើចបញ្ចើ ការបញ្ជោរ និងការនិយាយពាក្យសម្ដីពីរោះស្ដាប់ឡើយ។ ផ្ទុយទៅវិញ ចូរស្មោះត្រង់ និយាយចេញពីចិត្តរបស់អ្នក និងនិយាយពាក្យពិត។ កុំនិយាយពាក្យសម្ដីក្លែងបន្លំ ឬនិយាយកុហក ឬពាក្យលាក់បាំង ឬពាក់ព័ន្ធនឹងការបោកបញ្ឆោត ឬការរៀបចំកលល្បិចឡើយ។ នេះគឺជាវិធីដ៏ល្អបំផុត ដើម្បីមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ។ តើអ្នករាល់គ្នាអាចសម្រេចរឿងនេះបានដែរឬទេ? តើមួយណាជារឿងវិជ្ជមាន៖ ភាពស្មោះត្រង់ ឬការបញ្ចើចបញ្ចើ និងការបញ្ជោរ? (ភាពស្មោះត្រង់។) ភាពស្មោះត្រង់គឺជារឿងវិជ្ជមាន ចំណែកឯការបញ្ចើចបញ្ចើ និងការបញ្ជោរ គឺជារឿងអវិជ្ជមាន។ ប្រសិនបើមនុស្សមិនអាចសម្រេចបាននូវរឿងវិជ្ជមាន ដូចជាភាពស្មោះត្រង់នេះទេ វាបង្ហាញពីបញ្ហានៅក្នុងខ្លួនពួកគេ ដែលជានិស្ស័យពុករលួយ។ តើសេចក្ដីតម្រូវរបស់ខ្ញុំនេះ ហួសហេតុពេកដែរឬទេ? ប្រសិនបើអ្នករាល់គ្នាគិតថាវាហួសហេតុពេក ប្រសិនបើអ្នកគិតថាខ្ញុំមិនសមនឹងទទួលបានការប្រព្រឹត្តចំពោះបែបនេះ មិនសមនឹងឱ្យអ្នករាល់គ្នាមានទំនាក់ទំនងជាមួយខ្ញុំ ក្នុងរបៀបដ៏ស្មោះត្រង់ និងដោយអាកប្បកិរិយាដ៏ស្មោះត្រង់បែបនេះទេ ដូច្នេះ តើអ្នករាល់គ្នាមានវិធីសាស្ត្រល្អជាងនេះ ផ្លូវល្អជាងនេះដែរឬទេ? (ទេ)។ បើដូច្នេះ ចូរអនុវត្តតាមវិធីសាស្ត្រនេះចុះ។ សូមបញ្ចប់ការប្រកបគ្នារបស់យើងអំពីចំណុចនេះ ត្រឹមនេះចុះ។

ខ. ការពិនិត្យពិច័យ និងការវិភាគ ព្រមទាំងការចង់ដឹងចង់ឃើញ

បន្ទាប់មក យើងឈានចូលដល់ចំណុចទីពីរ គឺការពិនិត្យពិច័យ និងការវិភាគ ព្រមទាំងការចង់ដឹងចង់ឃើញ។ តើចំណុចនេះងាយយល់ដែរឬទេ? ចំពោះសកម្មភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ដូចជាបុគ្គលិកលក្ខណៈ ឬនិស្ស័យដែលបានបញ្ចេញឱ្យឃើញនៅក្នុងគ្រប់ព្រះបន្ទូល និងទង្វើរបស់ទ្រង់ ឬសូម្បីតែចំណូលព្រះទ័យរបស់ទ្រង់ក្ដី មនុស្សធម្មតាគួរតែប្រព្រឹត្តចំពោះរឿងទាំងនេះឱ្យបានត្រឹមត្រូវ។ អស់អ្នកដែលពិតជាដើរតាមព្រះជាម្ចាស់ និងដេញតាមសេចក្ដីពិត ចាត់ទុកការបញ្ចេញឱ្យឃើញមកក្រៅទាំងនេះរបស់ព្រះគ្រីស្ទ ថាជាផ្នែកធម្មតានៃសាច់ឈាមរបស់ទ្រង់។ ចំពោះព្រះបន្ទូលដែលព្រះគ្រីស្ទមានបន្ទូល ពួកគេអាចស្ដាប់ និងចាប់យល់ព្រះបន្ទូលទាំងនោះ ដោយអាកប្បកិរិយាចាត់ទុកព្រះបន្ទូលទាំងនោះជាសេចក្ដីពិត ដោយយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ យល់ពីគោលការណ៍នៃការអនុវត្ត និងស្វែងរកផ្លូវនៃការអនុវត្ត ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត តាមរយៈព្រះបន្ទូលទាំងនេះ។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តខុសពីនេះ។ នៅពេលដែលពួកគេសង្កេតមើលព្រះគ្រីស្ទមានបន្ទូល និងធ្វើសកម្មភាព អ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ មិនមែនជាការទទួលយក ឬការចុះចូលឡើយ ប៉ុន្តែគឺជាការពិនិត្យពិច័យទៅវិញ៖ «តើពាក្យសម្ដីទាំងនេះមកពីណា? តើពាក្យសម្ដីទាំងនេះត្រូវបាននិយាយចេញមកដោយរបៀបណា? និយាយមួយឃ្លាហើយមួយឃ្លាទៀត តើពាក្យទាំងនេះត្រូវបានរៀបចំទុកជាមុន ឬត្រូវបានបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ? តើពាក្យសម្ដីទាំងនេះត្រូវបានគេរៀនសូត្រ ឬក៏ត្រូវបានគេរៀបចំទុកជាមុន? ហេតុអ្វីបានជាខ្ញុំមិនដឹង? ពាក្យសម្ដីទាំងនេះខ្លះស្ដាប់ទៅសាមញ្ញណាស់ គ្រាន់តែជាការនិយាយស្ដីធម្មតាប៉ុណ្ណោះ។ ការនេះមើលទៅមិនដូចជាព្រះជាម្ចាស់ទេ។ តើព្រះជាម្ចាស់ពិតជាមានបន្ទូលយ៉ាងធម្មតា និងសាមញ្ញបែបនេះមែនឬ? ខ្ញុំពិនិត្យពិច័យយ៉ាងណាក៏នៅតែមិនយល់ ដូច្នេះ ខ្ញុំនឹងសង្កេតមើលអ្វីដែលគាត់ធ្វើនៅពីក្រោយឆាកវិញ។ តើគាត់អានកាសែតដែរឬទេ? តើគាត់ធ្លាប់អានសៀវភៅល្បីៗដែរឬទេ? តើគាត់រៀនវេយ្យាករណ៍ដែរឬទេ? តើជាធម្មតា គាត់ទាក់ទងជាមួយមនុស្សប្រភេទណា?» ពួកគេមិនមានអាកប្បកិរិយាចុះចូល ឬទទួលយកសេចក្ដីពិតឡើយ ប៉ុន្តែបែរជាពិនិត្យពិច័យព្រះគ្រីស្ទ ដោយអាកប្បកិរិយា ដូចជាអ្នកប្រាជ្ញម្នាក់ដែលកំពុងធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ឬសិក្សាមុខវិជ្ជាអប់រំផ្សេងៗទៅវិញ។ ពួកគេពិនិត្យពិច័យខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះគ្រីស្ទ និងរបៀបនៃការមានបន្ទូលរបស់ទ្រង់ អ្នកស្ដាប់ដែលព្រះគ្រីស្ទមានបន្ទូលទៅកាន់ ក៏ដូចជាអាកប្បកិរិយា និងគោលបំណងរបស់ព្រះគ្រីស្ទនៅរាល់ពេលដែលទ្រង់មានបន្ទូលផងដែរ។ នៅពេលណាដែលព្រះគ្រីស្ទមានបន្ទូល ឬធ្វើសកម្មភាព អ្វីៗគ្រប់យ៉ាងដែលចូលដល់ត្រចៀករបស់ពួកគេ អ្វីៗគ្រប់យ៉ាងដែលពួកគេអាចមើលឃើញ និងអ្វីៗគ្រប់យ៉ាងដែលពួកគេបានឮ ក្លាយជាកម្មវត្ថុនៃការពិនិត្យពិច័យរបស់ពួកគេ។ ពួកគេពិនិត្យពិច័យគ្រប់ពាក្យ និងគ្រប់ឃ្លាដែលព្រះគ្រីស្ទបានមានបន្ទូល គ្រប់សកម្មភាពដែលទ្រង់ធ្វើ គ្រប់បុគ្គលដែលទ្រង់ដោះស្រាយ របៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្ស ការមានបន្ទូល និងអត្តចរិត ខ្សែព្រះនេត្រ និងទឹកព្រះភក្ត្រ សូម្បីតែទម្លាប់នៃការរស់នៅ និងទម្លាប់ប្រចាំថ្ងៃរបស់ទ្រង់ ព្រមទាំងរបៀបនៃការប្រាស្រ័យទាក់ទង និងអាកប្បកិរិយារបស់ទ្រង់ចំពោះអ្នកដទៃ គឺពួកគេពិនិត្យពិច័យរឿងទាំងអស់នេះ។ តាមរយៈការពិនិត្យពិច័យនេះ ពួកទទឹងនឹងព្រះគ្រីស្ទសន្និដ្ឋានថា៖ ទោះបីជាខ្ញុំមើលទៅព្រះគ្រីស្ទយ៉ាងណាក៏ដោយ ក៏គាត់ហាក់ដូចជាមានភាពជាមនុស្សធម្មតាដែរ។ គាត់គឺសាមញ្ញណាស់ គាត់គ្មានអ្វីពិសេសទាល់តែសោះ ក្រៅពីសមត្ថភាពក្នុងការសម្ដែងចេញនូវសេចក្ដីពិត។ តើនេះអាចជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សពិតមែនឬ? ទោះបីជាពួកគេពិនិត្យពិច័យខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចឈានដល់ការសន្និដ្ឋានច្បាស់លាស់មួយបានឡើយ។ ទោះបីជាពួកគេពិនិត្យពិច័យខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចបញ្ជាក់បានថា តើព្រះគ្រីស្ទគឺជាព្រះជាម្ចាស់ដែលពួកគេទទួលស្គាល់នៅក្នុងចិត្តរបស់ពួកគេដែរឬទេ។ ពួកគេគឺជាអស់អ្នកដែលពិនិត្យពិច័យព្រះគ្រីស្ទ មិនមែនជាអស់អ្នកដែលឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ឡើយ តើពួកគេអាចទទួលបានការស្គាល់ព្រះជាម្ចាស់ដោយរបៀបណា?

ពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងការពិនិត្យពិច័យរបស់ពួកគេទៅលើព្រះគ្រីស្ទ គឺមិនអាចមើលឃើញពីភាពមហិមារបស់ព្រះជាម្ចាស់ មិនអាចមើលឃើញពីសេចក្ដីសុចរិត សព្វានុភាព និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ។ ទោះបីជាពួកគេពិនិត្យពិច័យយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចឈានដល់ការសន្និដ្ឋានថា ព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់បានឡើយ។ ពួកគេមិនអាចមើលធ្លុះ និងយល់ពីរឿងនេះបានទេ។ មនុស្សមួយចំនួននិយាយថា៖ «កន្លែងណាដែលអ្នកមិនអាចមើលធ្លុះ ឬមិនអាចយល់ ទីនោះមានសេចក្ដីពិតដែលត្រូវស្វែងរក»។ ចំណែកឯអាទទឹងនឹងព្រះគ្រីស្ទវិញ នឹងឆ្លើយតបថា៖ «ខ្ញុំមិនឃើញមានសេចក្ដីពិតអ្វីដែលត្រូវស្វែងរកនៅទីនេះទេ មានតែចំណុចគួរឱ្យសង្ស័យដែលស័ក្ដិសមនឹងការពិនិត្យពិច័យឱ្យបានស៊ីជម្រៅប៉ុណ្ណោះ»។ បន្ទាប់ពីការពិនិត្យពិច័យ និងការវិភាគរបស់ពួកគេ ពួកគេសន្និដ្ឋានថា៖ ព្រះគ្រីស្ទនេះ គ្រាន់តែអាចនិយាយនូវពាក្យសម្ដីមួយចំនួនប៉ុណ្ណោះ ហើយក្រៅពីនេះ គ្មានអ្វីខុសប្លែកពីមនុស្សធម្មតាឡើយ។ គាត់ខ្វះអំណោយទានពិសេស គ្មានសមត្ថភាពពិសេសប្លែកពីគេ ហើយថែមទាំងមិនមានអំណាចបែបអធិធម្មជាតិ ដើម្បីធ្វើទីសម្គាល់ និងការអស្ចារ្យដូចដែលព្រះយេស៊ូវបានធ្វើនោះទេ។ អ្វីគ្រប់យ៉ាងដែលគាត់និយាយ គឺជាពាក្យសម្ដីរបស់មនុស្សសាមញ្ញ។ ដូច្នេះ តើគាត់ពិតជាព្រះគ្រីស្ទមែនឬ? លទ្ធផលនេះរង់ចាំការវិភាគ និងការពិនិត្យពិច័យបន្ថែមទៀត។ ទោះបីជាពួកគេមើលយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចមើលឃើញសារជាតិរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទឡើយ។ ទោះបីជាពួកគេពិនិត្យពិច័យយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចសន្និដ្ឋានថា ព្រះគ្រីស្ទមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់បានដែរ។ នៅក្នុងក្រសែភ្នែករបស់អាទទឹងនឹងព្រះគ្រីស្ទ សាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស គួរតែមានអំណាចអស្ចារ្យ អំណោយទានពិសេស សមត្ថភាពក្នុងការបង្ហាញអព្ភូតហេតុ ព្រមទាំងសារជាតិ និងសមត្ថភាពក្នុងការបង្ហាញចេញ និងអនុវត្តសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សធម្មតានៅចំពោះមុខពួកគេនេះ ខ្វះលក្ខណៈសម្បត្តិទាំងអស់នេះ ហើយការនិយាយស្ដីរបស់គាត់ក៏មិនសូវមានវោហារសាស្ត្រដែរ។ សូម្បីតែនៅពេលរៀបរាប់ពីរឿងជាច្រើន ក៏គាត់ប្រើភាសានិយាយដែលមិនស្របនឹងសញ្ញាណរបស់មនុស្ស ដែលសូម្បីតែកម្រិតជាសាស្ត្រាចារ្យសាកលវិទ្យាល័យក៏មិនដល់ផង។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះគ្រីស្ទយ៉ាងណា ពិនិត្យពិច័យសកម្មភាពរបស់ព្រះគ្រីស្ទ ក៏ដូចជាអាកប្បកិរិយា និងរបៀបដែលទ្រង់ធ្វើរឿងរ៉ាវនានាយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចមើលឃើញថា ព្រះគ្រីស្ទ ដែលជាមនុស្សធម្មតាម្នាក់នេះ មានសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ ហេតុដូច្នេះហើយ នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីដែលធ្វើឱ្យមនុស្សធម្មតាម្នាក់នេះស័ក្ដិសមបំផុតក្នុងការដើរតាម គឺជារឿងរ៉ាវ ព្រះបន្ទូល និងបាតុភូតជាច្រើនដែលពួកគេមិនអាចមើលធ្លុះ។ នេះហើយជាអ្វីដែលស័ក្ដិសមនឹងការពិនិត្យពិច័យ និងការវិភាគរបស់ពួកគេ ហើយវាគឺជាកម្លាំងជំរុញដ៏ធំបំផុតរបស់ពួកគេ ក្នុងការដើរតាមបុគ្គលនេះ។ តើខ្លឹមសារ និងប្រធានបទអ្វីខ្លះដែលស័ក្ដិសមនឹងការពិនិត្យពិច័យ និងការវិភាគរបស់ពួកគេ? នោះគឺព្រះបន្ទូលទាំងនេះអំពីការចូលទៅក្នុងជីវិត ដែលព្រះគ្រីស្ទបានមានបន្ទូល។ មនុស្សធម្មតាពិតជាមិនអាចនិយាយរឿងបែបនេះបានទេ ពួកគេពិតជាមិនមានរឿងទាំងនេះមែន ហើយពាក្យសម្ដីបែបនេះ ពិតជាមិនអាចរកឃើញនៅក្នុងមនុស្សទីពីរណាម្នាក់ ក្នុងចំណោមមនុស្សជាតិឡើយ ដោយមិនដឹងថាពាក្យទាំងនោះមកពីណាទេ។ ពួកទទឹងនឹងព្រះគ្រីស្ទពិនិត្យពិច័យម្ដងហើយម្ដងទៀត ប៉ុន្តែមិនអាចឈានដល់ការសន្និដ្ឋានអំពីរឿងនេះបានឡើយ។ ឧទាហរណ៍ នៅពេលដែលខ្ញុំនិយាយអំពីថាតើនរណាម្នាក់មានលក្ខណៈបែបណា សារជាតិ និងនិស្ស័យរបស់ពួកគេជាអ្វី មនុស្សធម្មតានឹងយកព័ត៌មានលម្អិតទាំងនេះទៅផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ជាមួយនឹងបុគ្គលជាក់ស្ដែង ហើយបញ្ជាក់ពីរឿងនេះ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឮព្រះបន្ទូលទាំងនេះ ពួកគេមិនប្រកាន់យកអាកប្បកិរិយាទទួលយក ដើម្បីផ្ទៀងផ្ទាត់ និងយល់ពីរឿងនេះឡើយ ប៉ុន្តែបែរជាយកទៅវិភាគវិញ។ តើពួកគេវិភាគអ្វីខ្លះ? «តើអ្នកដឹងពីស្ថានភាពរបស់បុគ្គលនេះដោយរបៀបណា? តើអ្នកដឹងថាពួកគេមាននិស្ស័យបែបនេះដោយរបៀបណា? តើអ្នកមានមូលដ្ឋានអ្វីសម្រាប់កំណត់លក្ខណៈបែបនេះ? អ្នកមិនសូវមានទំនាក់ទំនងជាមួយពួកគេទេ អ៊ីចឹង តើអ្នកយល់ពីពួកគេដោយរបៀបណា? ពួកយើងបានទាក់ទងជាមួយពួកគេយូរណាស់មកហើយ ហេតុអ្វីបានជាពួកយើងមិនអាចមើលធ្លុះ ឬយល់ពីពួកគេបាន? ខ្ញុំត្រូវតែសង្កេតមើលសិន ហើយមិនអាចគ្រាន់តែជឿតាមពាក្យសម្ដីរបស់អ្នកឡើយ។ អ្វីដែលអ្នកនិយាយ ប្រហែលជាមិនសុក្រឹត ឬមិនត្រឹមត្រូវនោះទេ»។ ក្នុងអំឡុងពេលនៃការប្រាស្រ័យទាក់ទងរបស់មនុស្សមួយចំនួនជាមួយខ្ញុំ ខ្ញុំអាចនឹងណែនាំពួកគេនៅក្នុងការងារ ឬវិជ្ជាជីវៈណាមួយ។ ប្រសិនបើរបៀប និងវិធីសាស្ត្រនៃការណែនាំនេះ ស្របនឹងចំណេះដឹងផ្នែកបច្ចេកទេសដែលពួកគេមាន ហើយធ្វើឱ្យពួកគេពេញចិត្ត នោះពួកគេនឹងអនុវត្តតាមទាំងបង្ខំចិត្ត។ ប៉ុន្តែ ប្រសិនបើវាមិនធ្វើឱ្យពួកគេពេញចិត្តទេ ពួកគេនឹងទាស់ទទឹងនៅក្នុងចិត្ត ហើយរិះគិតថា៖ «ហេតុអ្វីបានជាអ្នកធ្វើវាតាមរបៀបនេះ? តើនេះមិនផ្ទុយនឹងវិស័យនេះទេឬ? ហេតុអ្វីខ្ញុំត្រូវស្ដាប់អ្នក? ប្រសិនបើអ្វីដែលអ្នកនិយាយគឺខុស ខ្ញុំមិនអាចស្ដាប់អ្នកបានទេ។ ខ្ញុំត្រូវតែធ្វើតាមរបៀបរបស់ខ្ញុំ។ ប្រសិនបើអ្នកនិយាយត្រូវ ខ្ញុំត្រូវតែយល់ថា តើអ្នកត្រូវដោយរបៀបណា តើអ្នកដឹងរឿងនេះដោយរបៀបណា។ តើអ្នកបានរៀនពីវាដែរឬទេ? ប្រសិនបើអ្នកមិនបានរៀនទេ តើអ្នកអាចដឹងបានដោយរបៀបណាទៅ? ប្រសិនបើអ្នកមិនបានរៀនពីវាទេ អ្នកមិនគួរយល់ពីវាឡើយ។ ប្រសិនបើអ្នកយល់ពីវាពិតមែន នោះគឺជារឿងមិនធម្មតាហើយ។ តើអ្នកយល់ពីវាដោយរបៀបណា? តើនរណាជាអ្នកប្រាប់អ្នក ឬមួយក៏អ្នកលួចរៀនវាដោយខ្លួនឯង?» ពួកគេវិភាគ និងពិនិត្យពិច័យនៅក្នុងចិត្ត។ គ្រប់ប្រយោគដែលខ្ញុំនិយាយ គ្រប់បញ្ហាដែលខ្ញុំដោះស្រាយ គឺត្រូវតែឆ្លងកាត់ការចម្រាញ់របស់ពួកទទឹងនឹងព្រះគ្រីស្ទ និងឆ្លងកាត់ការត្រួតពិនិត្យរបស់ពួកគេ។ លុះត្រាតែវាជាប់ការត្រួតពិនិត្យរបស់ពួកគេ ទើបពួកគេទទួលយកវា ប្រសិនបើមិនជាប់ទេ ពួកគេនឹងរិះគន់ ធ្វើការវិនិច្ឆ័យ និងបង្កើតការទាស់ទទឹង។

សាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស គឺជាអាថ៌កំបាំងដ៏ធំបំផុតសម្រាប់មនុស្សទាំងអស់។ គ្មាននរណាម្នាក់អាចយល់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដទាក់ទងនឹងរឿងនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចយល់ពីរបៀបដែលសារជាតិរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចនៅក្នុងសាច់ឈាមនេះដែរ ពោលគឺថាតើព្រះជាម្ចាស់បានក្លាយជាមនុស្សដោយរបៀបណា ថាតើមនុស្សនេះអាចមានបន្ទូលនូវព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ និងបំពេញកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា ហើយថាតើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំ និងចង្អុលបង្ហាញមនុស្សនេះយ៉ាងដូចម្ដេច។ នៅក្នុងកិច្ចការទាំងអស់នេះ មនុស្សមិនបានឃើញនិមិត្តដ៏អស្ចារ្យ ឬសង្កេតឃើញសកម្មភាពដ៏អស្ចារ្យណាមួយចេញពីសាច់ឈាមនេះឡើយ ពោលគឺហាក់ដូចជាគ្មានអ្វីពិសេសកំពុងកើតឡើងនោះទេ។ អ្វីៗគ្រប់យ៉ាងមើលទៅហាក់ដូចជាធម្មតា។ ដោយគ្មាននរណាកត់សម្គាល់ ព្រះជាម្ចាស់បាននាំយកសិរីល្អដែលធ្លាប់មាននៅស្រុកអ៊ីស្រាអែល មកកាន់ទិសខាងកើត។ តាមរយៈការមានបន្ទូល និងការធ្វើកិច្ចការរបស់មនុស្សនេះ យុគសម័យថ្មីមួយក៏បានចាប់ផ្ដើម ហើយយុគសម័យចាស់ក៏បានបញ្ចប់ ដោយគ្មាននរណាម្នាក់ដឹងថាវាកើតឡើងដោយរបៀបណាឡើយ។ ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលពិតជាជឿលើព្រះជាម្ចាស់ ដែលមានចិត្តសាមញ្ញ និងបើកចំហ ដែលមានភាពជាមនុស្ស និងវិចារណញ្ញាណ គឺមិនពិនិត្យពិច័យរឿងទាំងនេះឡើយ។ ប្រសិនបើពួកគេមិនពិនិត្យពិច័យ តើពួកគេធ្វើអ្វីទៅ? គ្រាន់តែរង់ចាំដោយអសកម្មឬ? ទេ គឺពួកគេឃើញថាព្រះបន្ទូលទាំងនេះគឺជាសេចក្ដីពិត ជឿថាប្រភពនៃព្រះបន្ទូលទាំងនេះគឺមកពីព្រះជាម្ចាស់ ហើយហេតុនេះ ក៏ទទួលស្គាល់ការពិតដែលថាមនុស្សធម្មតាម្នាក់នេះគឺជាព្រះគ្រីស្ទ ដោយទទួលយកទ្រង់ជាព្រះអម្ចាស់ និងជាព្រះជាម្ចាស់របស់ពួកគេ ដោយមិនគិតពីរឿងអ្វីផ្សេងទៀតឡើយ។ ចំណែកឯពួកទទឹងនឹងព្រះគ្រីស្ទវិញ មិនអាចមើលឃើញថា ព្រះបន្ទូលទាំងអស់នេះ និងកិច្ចការទាំងអស់នេះមកពីព្រះជាម្ចាស់ ថាប្រភពនៃការមានបន្ទូល និងការធ្វើកិច្ចការទាំងអស់នេះគឺមកពីព្រះជាម្ចាស់ឡើយ ហេតុដូច្នេះហើយ ពួកគេមិនទទួលយកមនុស្សធម្មតាម្នាក់នេះជាព្រះអម្ចាស់ និងជាព្រះជាម្ចាស់របស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេបង្កើនការពិនិត្យពិច័យរបស់ពួកគេកាន់តែខ្លាំង និងទាស់ទទឹងនៅក្នុងចិត្តរបស់ពួកគេ។ តើពួកគេទាស់ទទឹងនឹងអ្វី? «ទោះបីជាអ្នកនិយាយច្រើនប៉ុនណាក៏ដោយ ទោះបីជាអ្នកធ្វើកិច្ចការធំប៉ុនណាក៏ដោយ ទោះបីជាប្រភពរបស់អ្នកជានរណាក៏ដោយ ដរាបណាអ្នកគឺជាមនុស្សធម្មតា ដរាបណារបៀបនៃការនិយាយរបស់អ្នកមិនស្របនឹងសញ្ញាណរបស់ខ្ញុំ ដរាបណារូបរាងរបស់អ្នកមិនអស្ចារ្យគ្រប់គ្រាន់ដើម្បីទាក់ទាញភ្នែករបស់ខ្ញុំ ឬទទួលបានការគោរពពីខ្ញុំទេ នោះខ្ញុំនឹងពិនិត្យពិច័យ និងវិភាគអ្នក។ អ្នកគឺជាកម្មវត្ថុនៃការពិនិត្យពិច័យរបស់ខ្ញុំ។ ខ្ញុំមិនអាចទទួលយកអ្នកជាព្រះអម្ចាស់របស់ខ្ញុំ ជាព្រះជាម្ចាស់របស់ខ្ញុំបានឡើយ»។ នៅក្នុងដំណើរការនៃការពិនិត្យពិច័យ និងការវិភាគរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនអាចជម្រះសញ្ញាណ ការបះបោរ និងនិស្ស័យពុករលួយរបស់ពួកគេបានប៉ុណ្ណោះទេ ប៉ុន្តែសញ្ញាណរបស់ពួកគេកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកាន់តែធ្ងន់ធ្ងរឡើងៗ។ ឧទាហរណ៍ នៅពេលដែលអ្នកដឹកនាំពួកជំនុំម្នាក់ត្រូវបានបើកសម្ដែងថាជាអាទទឹងនឹងព្រះគ្រីស្ទ ដែលបង្កការរំខាន និងការបំផ្លិចបំផ្លាញនៅក្នុងពួកជំនុំនោះ ប្រតិកម្មដំបូងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលមានព្រឹត្តិការណ៍បែបនេះកើតឡើង គឺសួរថា៖ «តើព្រះគ្រីស្ទដឹងពីរឿងនេះដែរឬទេ? តើនរណាជាអ្នកតែងតាំងអ្នកដឹកនាំពួកជំនុំនេះ? តើព្រះគ្រីស្ទមានប្រតិកម្មយ៉ាងណាចំពោះរឿងនេះ? តើទ្រង់កំពុងដោះស្រាយវាដោយរបៀបណា? តើព្រះគ្រីស្ទស្គាល់បុគ្គលនេះដែរឬទេ? តើពីមុនមក ព្រះគ្រីស្ទធ្លាប់និយាយថាបុគ្គលនេះគឺជាអាទទឹងនឹងព្រះគ្រីស្ទ ឬធ្លាប់ទាយទុកជាមុនពីព្រឹត្តិការណ៍នេះដែរឬទេ? ឥឡូវនេះ ដោយសារមានបញ្ហាដ៏ធំបែបនេះកើតឡើងនៅក្នុងពួកជំនុំនេះ តើព្រះគ្រីស្ទគឺជាអ្នកដឹងមុនគេមែនទេ?» ខ្ញុំនិយាយថា ខ្ញុំមិនបានដឹងទេ ខ្ញុំក៏ទើបតែដឹងពីរឿងនេះដែរ។ «វាមិនត្រូវទេ ព្រះអង្គគឺជាព្រះជាម្ចាស់ ព្រះអង្គគឺជាព្រះគ្រីស្ទ ហេតុអ្វីបានជាព្រះអង្គមិនដឹង? ព្រះអង្គគួរតែដឹង»។ គឺដោយសារតែខ្ញុំជាព្រះគ្រីស្ទ ជាមនុស្សធម្មតាម្នាក់នេះហើយ ទើបខ្ញុំមិនតម្រូវឱ្យដឹងគ្រប់រឿងនោះទេ។ ពួកជំនុំមានបញ្ញត្តិរដ្ឋបាល និងគោលការណ៍របស់ខ្លួនសម្រាប់ដោះស្រាយជាមួយមនុស្ស។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចឡើង ពួកគេអាចត្រូវបានបោសសម្អាត និងបណ្ដេញចេញ ស្របតាមគោលការណ៍របស់ពួកជំនុំ។ នេះឆ្លុះបញ្ចាំងពីការដែលព្រះជាម្ចាស់ក្ដោបក្ដាប់អំណាច វាឆ្លុះបញ្ចាំងពីការដែលសេចក្ដីពិតក្ដោបក្ដាប់អំណាច។ ខ្ញុំមិនចាំបាច់ត្រូវដឹងគ្រប់រឿងនោះទេ។ ប្រសិនបើពួកជំនុំមិនអាចដោះស្រាយបញ្ហានានា ស្របតាមបញ្ញត្តិរដ្ឋបាល និងគោលការណ៍របស់ខ្លួនសម្រាប់ដោះស្រាយជាមួយមនុស្សទេ នោះខ្ញុំនឹងលូកដៃចូល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបងប្អូនប្រុសស្រីយល់ពីគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ ក្នុងការបោសសម្អាត និងបណ្ដេញមនុស្សចេញ នោះខ្ញុំមិនចាំបាច់ពាក់ព័ន្ធឡើយ។ កន្លែងណាដែលសេចក្ដីពិតក្ដោបក្ដាប់អំណាច ខ្ញុំមិនចាំបាច់លូកដៃចូលទេ។ តើនេះមិនមែនជារឿងធម្មតាណាស់ទេឬ? (មែនហើយ។) ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទអាចបង្កើតបញ្ហា និងបង្កើតសញ្ញាណជុំវិញរឿងនេះ ថែមទាំងប្រើសញ្ញាណទាំងនេះដើម្បីបដិសេធព្រះគ្រីស្ទ និងថ្កោលទោសការពិតដែលថាព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ទៀតផង។ នេះហើយជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ ដោយសារតែមានរឿងអ្វីមួយមិនស្របនឹងសញ្ញាណ ការស្រមើស្រមៃ ឬការរំពឹងទុករបស់ពួកគេ ពួកគេអាចបដិសេធសារជាតិរបស់ព្រះគ្រីស្ទបាន។ ការពិនិត្យពិច័យរបស់ពួកគេទៅលើគ្រប់ទិដ្ឋភាពទាំងអស់របស់ព្រះគ្រីស្ទ នាំឱ្យមានការសន្និដ្ឋាននេះ៖ ពួកគេមិនមើលឃើញសារជាតិរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទឡើយ ហេតុនេះ ពួកគេមិនអាចកំណត់ថាមនុស្សនេះមានសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់បានទេ។ ការនេះនាំឱ្យមានស្ថានភាពមួយដែលថា នៅពេលគ្មានរឿងអ្វីកើតឡើង គឺមិនអីទេ ប៉ុន្តែភ្លាមៗនៅពេលមានរឿងអ្វីមួយកើតឡើង ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្នកទីមួយដែលចេញមុខមកបដិសេធអត្តសញ្ញាណរបស់ព្រះគ្រីស្ទ និងថ្កោលទោសព្រះគ្រីស្ទ។ ដូច្នេះ តើគោលបំណងនៃការពិនិត្យពិច័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វីទៅ? ការពិនិត្យពិច័យ និងការវិភាគរបស់ពួកគេ មិនមែនដើម្បីយល់ពីសេចក្ដីពិតឱ្យបានកាន់តែច្បាស់នោះទេ ប៉ុន្តែគឺដើម្បីស្វែងរកភស្តុតាង និងចាប់កំហុស ដើម្បីបដិសេធការពិតដែលព្រះជាម្ចាស់យកកំណើតជាសាច់ឈាម ដើម្បីបដិសេធការពិតដែលថាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស គឺជាព្រះគ្រីស្ទ គឺជាព្រះជាម្ចាស់។ នេះគឺជាចេតនា និងគោលដៅនៅពីក្រោយការដែលពួកទទឹងនឹងព្រះគ្រីស្ទពិនិត្យពិច័យ និងវិភាគព្រះគ្រីស្ទ។

ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងពេលដែលដើរតាមព្រះគ្រីស្ទ និងធ្វើខ្លួនជាអ្នកដើរតាម ពួកគេមានអាកប្បកិរិយាពិនិត្យពិច័យ និងវិភាគ ហើយទីបំផុត មិនអាចយល់ពីសេចក្ដីពិត ឬបញ្ជាក់ពីការពិតដែលថា ព្រះគ្រីស្ទគឺជាព្រះអម្ចាស់ គឺជាព្រះជាម្ចាស់ឡើយ។ ប៉ុន្តែ ហេតុអ្វីបានជាពួកគេនៅតែដើរតាមទាំងបង្ខំចិត្ត ទាំងមិនស្ម័គ្រចិត្ត ហើយស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ? ចំណុចមួយដែលពួកយើងបានពិភាក្សាពីមុនមក គឺថាពួកគេមានបំណងចង់ទទួលបានព្រះពរ។ ពួកគេមានមហិច្ឆតា។ ចំណុចមួយទៀតគឺថា ពួកទទឹងនឹងព្រះគ្រីស្ទមានការចង់ដឹងចង់ឃើញ ដែលមនុស្សធម្មតាមិនមាន។ តើការចង់ដឹងចង់ឃើញប្រភេទណាទៅ? នោះគឺការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ពួកគេចំពោះរឿងចម្លែក និងមិនធម្មតា។ ពួកទទឹងនឹងព្រះគ្រីស្ទមានការចង់ដឹងចង់ឃើញជាពិសេសចំពោះរឿងចម្លែក និងមិនធម្មតាទាំងអស់ ព្រមទាំងព្រឹត្តិការណ៍ទាំងអស់ដែលហួសពីច្បាប់ធម្មជាតិនៅក្នុងពិភពលោក។ ពួកគេមានបំណងប្រាថ្នាចង់សិក្សាស្វែងយល់ពីរឿងជាច្រើន និងចង់ដឹងឱ្យដល់ឫសគល់នៃរឿងទាំងនោះ។ តើសារជាតិនៃការស៊ើបសួរនេះគឺជាអ្វី? វាគឺជាភាពក្រអឺតក្រទមសុទ្ធសាធ ដោយចង់យល់ពីអ្វីៗគ្រប់យ៉ាង ចង់ដឹងពីការពិតនៅពីក្រោយអ្វីៗគ្រប់យ៉ាង ក្រែងលោពួកគេមើលទៅហាក់ដូចជាគ្មានសមត្ថភាព។ មិនថាជារឿងអ្វីក៏ដោយ ពួកគេចង់ក្លាយជាមនុស្សដំបូងបំផុតដែលដឹង ចង់ក្លាយជាអ្នកដែលទទួលបានព័ត៌មានច្រើនជាងគេបំផុត និងដឹងច្បាស់ជាងគេបំផុតអំពីដំណើរដើមទងនៃរឿងនេះ ពោលគឺពួកគេចង់ក្លាយជាអ្នកដែល «លើសគេបំផុត» នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ដូច្នេះ ពួកគេក៏មិនរំលង ឬខកខានក្នុងការដឹងរឿងដែលព្រះជាម្ចាស់យកកំណើតជាសាច់ឈាមដែរ។ ពួកគេនិយាយថា៖ «ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាអាថ៌កំបាំងដ៏ធំបំផុតនៅក្នុងពិភពមនុស្ស។ តើមានអ្វីកើតឡើងពិតប្រាកដចំពោះអាថ៌កំបាំងដ៏ធំបំផុតនេះ ចំពោះរឿងដ៏អស្ចារ្យបំផុតនេះ? ដោយសារតែវាហួសពីការរំពឹងទុកធម្មតា ហើយសាច់ឈាមនេះខុសប្លែកពីមនុស្សធម្មតា តើភាពខុសគ្នានោះស្ថិតនៅត្រង់ណា? ខ្ញុំត្រូវតែឃើញ និងស្វែងយល់ដោយផ្ទាល់ភ្នែក»។ តើពួកគេមានន័យយ៉ាងណា នៅពេលដែលពួកគេនិយាយថា «ឃើញ និងស្វែងយល់ដោយផ្ទាល់ភ្នែក»? ពួកគេមានន័យថា៖ «ខ្ញុំធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក ធ្លាប់ទៅលេងភ្នំល្បីៗ និងតំបន់ប្រវត្តិសាស្ត្រនានា ហើយធ្លាប់ធ្វើសម្ភាសបុគ្គលល្បីៗ និងអ្នកប្រាជ្ញ ពួកគេទាំងអស់សុទ្ធតែជាមនុស្សធម្មតាប៉ុណ្ណោះ។ មនុស្សតែម្នាក់គត់ដែលខ្ញុំមិនធ្លាប់ជួប ឬមិនធ្លាប់រៀនសូត្រពី គឺព្រះគ្រីស្ទនេះឯង។ តើសារជាតិរបស់ព្រះគ្រីស្ទនេះគឺជាអ្វីឱ្យប្រាកដ? ខ្ញុំត្រូវតែឃើញ និងស្វែងយល់ដោយផ្ទាល់ភ្នែក»។ តើពួកគេចង់ឃើញ និងស្វែងយល់ពីអ្វីឱ្យប្រាកដ? «ខ្ញុំធ្លាប់ឮថា ព្រះជាម្ចាស់អាចធ្វើទីសម្គាល់ និងការអស្ចារ្យបាន។ គេនិយាយថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់ គឺជាព្រះគ្រីស្ទ។ តើទ្រង់បានធ្វើទីសម្គាល់ និងការអស្ចារ្យអ្វីខ្លះ ដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់មនុស្ស? ខ្ញុំចាំបានរឿងមួយដែលថា បន្ទាប់ពីព្រះអម្ចាស់យេស៊ូវបានដាក់បណ្ដាសាដើមល្វា វាក៏បានស្វិតស្រពោនទៅ។ តើឥឡូវនេះ ព្រះគ្រីស្ទអង្គនេះអាចធ្វើរឿងដូចគ្នាបានដែរឬទេ? ខ្ញុំត្រូវតែឃើញ និងស្វែងយល់ ហើយប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹង ល្បងលគាត់ ដើម្បីមើលថាតើគាត់អាចធ្វើរឿងបែបនេះបានដែរឬទេ។ គេនិយាយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលអាចធ្វើឱ្យមនុស្សខ្វិនដើរបាន មនុស្សខ្វាក់មើលឃើញ មនុស្សថ្លង់ស្ដាប់ឮ និងមនុស្សឈឺជាសះស្បើយ។ ទាំងនេះគឺជាព្រឹត្តិការណ៍អព្ភូតហេតុ និងជាព្រឹត្តិការណ៍ថ្មី នៅក្នុងពិភពមនុស្ស ព្រឹត្តិការណ៍ទាំងនេះត្រូវបានចាត់ទុកថាជាសមត្ថភាពពិសេសដែលមនុស្សធម្មតាមិនមាន។ នេះគឺជារឿងដែលខ្ញុំត្រូវតែឃើញដោយផ្ទាល់ភ្នែក»។ បន្ថែមពីលើនេះ មានរឿងដ៏សំខាន់បំផុតមួយទៀត ដែលដក់ជាប់នៅក្នុងចិត្តរបស់ពួកគេ។ ពួកគេនិយាយថា៖ «តើរឿងជាតិមុន និងជាតិបច្ចុប្បន្ន ព្រមទាំងវដ្ដនៃការចាប់ជាតិឡើងវិញនៅក្នុងពិភពមនុស្សនេះ គឺយ៉ាងម៉េចឱ្យប្រាកដទៅ? មនុស្សធម្មតាមិនអាចពន្យល់រឿងនេះឱ្យបានច្បាស់លាស់ឡើយ។ ដោយសារតែព្រះបានត្រលប់ជាសាច់ឈាម ហើយព្រះជាម្ចាស់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង តើព្រះគ្រីស្ទដឹងពីរឿងនេះដែរឬទេ? នៅពេលមានឱកាស ខ្ញុំត្រូវតែសួរទ្រង់ និងសាកសួរពីរឿងនេះ។ ខ្ញុំនឹងឱ្យទ្រង់ពិនិត្យមើលទម្រង់មុខរបស់ខ្ញុំ ហើយមើលថាតើជោគវាសនារបស់ខ្ញុំល្អដែរឬទេ តើជាតិមុនខ្ញុំជាអ្វី ជាសត្វ ឬជាមនុស្ស។ ប្រសិនបើទ្រង់ដឹងពីរឿងទាំងនេះ នោះខ្ញុំនឹងកោតសរសើរ នោះនឹងធ្វើឱ្យទ្រង់ក្លាយជាមនុស្សអស្ចារ្យ លើសពីមនុស្សធម្មតា ហើយអាចជាព្រះគ្រីស្ទ។ ម្យ៉ាងទៀត គេនិយាយថាមានបល្ល័ង្ករបស់ព្រះជាម្ចាស់ និងទីលំនៅរបស់ព្រះជាម្ចាស់នៅស្ថានសួគ៌ ដូច្នេះ តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះដឹងថាទីលំនៅរបស់ព្រះជាម្ចាស់ និងនគរស្ថានសួគ៌នៅឯណាដែរឬទេ? គេនិយាយថា នគរស្ថានសួគ៌មានផ្លូវក្រាលដោយមាស ភ្លឺចែងចាំង និងស្រស់ស្អាត។ ប្រសិនបើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះអាចនាំពួកយើងដើរលេងមួយជុំ តើជីវិតទាំងមូលរបស់ពួកយើងមិនមានតម្លៃ ហើយសេចក្ដីជំនឿរបស់ពួកយើងមិនអត់ប្រយោជន៍ទេឬអី? លើសពីនេះទៅទៀត ពួកយើងមិនចាំបាច់ធ្វើស្រែចម្ការទេ។ នៅពេលឃ្លាន ព្រះគ្រីស្ទអាចគ្រាន់តែប្រែក្លាយដុំថ្មទៅជាអាហារដោយប្រើតែមួយប្រយោគប៉ុណ្ណោះ។ ដោយមាននំប៉័ងប្រាំដុំ និងត្រីពីរ ទ្រង់បានផ្ដល់អាហារដល់មនុស្សប្រាំពាន់នាក់ តើវាមិនមែនជាចំណេញធំសម្រាប់ពួកយើងទេឬអី? ចុះនៅពេលដែលព្រះគ្រីស្ទមានបន្ទូលវិញ? គេនិយាយថា ទ្រង់ផ្ដល់ទឹកដែលមានជីវិត ប៉ុន្តែតើទឹកដែលមានជីវិតនេះនៅឯណា? តើវាត្រូវបានផ្គត់ផ្គង់ដោយរបៀបណា តើវាហូរដោយរបៀបណា? ទាំងនេះសុទ្ធតែជារឿងដែលស័ក្ដិសមនឹងការស្វែងយល់ ដែលរឿងនីមួយៗសុទ្ធតែជារឿងថ្មី។ ប្រសិនបើខ្ញុំអាចឃើញរឿងណាមួយក្នុងចំណោមរឿងទាំងនេះដោយផ្ទាល់ភ្នែក នោះខ្ញុំនឹងក្លាយជាមនុស្សដែលមានចំណេះដឹង និងបទពិសោធទូលំទូលាយនៅក្នុងជីវិតនេះ មិនមែនជាមនុស្សធម្មតាឡើយ»។ តើការចង់ដឹងចង់ឃើញនេះ មិនមែនកំពុងគ្រប់គ្រងលើពួកគេទេឬអី? (មែនហើយ។)

មនុស្សមួយចំនួនមកជឿលើព្រះជាម្ចាស់ ទទួលយកព្រះគ្រីស្ទ និងដើរតាមព្រះគ្រីស្ទ មិនមែនដើម្បីទទួលបានសេចក្ដីពិតនោះទេ ប៉ុន្តែដោយមានគំនិតផ្សេងនៅក្នុងចិត្ត។ មនុស្សមួយចំនួន គ្រាន់តែជួបខ្ញុំភ្លាម ក៏សួរថា៖ «តើគ្រោះកាចទាំងប្រាំពីរ និងចានទាំងប្រាំពីរនៅក្នុងគម្ពីរវិវរណៈមានន័យដូចម្ដេច? តើសេះសតំណាងឱ្យអ្វី? តើភយន្តរាយរយៈពេលបីឆ្នាំកន្លះបានមកដល់ហើយឬនៅ?» ខ្ញុំឆ្លើយតបថា៖ «តើអ្នកកំពុងសួរពីរឿងអ្វី? តើគម្ពីរវិវរណៈគឺជាអ្វី?» ពួកគេតបវិញថា៖ «ព្រះអង្គមិនទាំងដឹងពីគម្ពីរវិវរណៈផង? គេនិយាយថាព្រះអង្គគឺជាព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនសូវប្រាកដទេ!» អ្នកផ្សេងទៀតសួរថា៖ «ក្នុងអំឡុងដំណើរការនៃការផ្សាយដំណឹងល្អ ពួកយើងជួបមនុស្សដែលសួរអំពីរឿងអាថ៌កំបាំង។ តើពួកយើងគួរធ្វើដូចម្ដេច?» ខ្ញុំមិនទាំងរង់ចាំឱ្យពួកគេនិយាយចប់ផង ក៏និយាយថា៖ «អ្នកណាដែលតែងតែសួរពីអាថ៌កំបាំង ជំនួសឱ្យការស្វែងរកសេចក្ដីពិត មិនមែនជាអ្នកដែលទទួលយកសេចក្ដីពិតឡើយ។ ពួកគេមិនអាចត្រូវបានសង្គ្រោះនៅថ្ងៃអនាគតទេ។ អស់អ្នកដែលតែងតែស្វែងរកអាថ៌កំបាំង មិនមែនជាមនុស្សល្អទេ។ កុំផ្សាយដំណឹងល្អដល់មនុស្សបែបនេះអី»។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? តើអ្នកណាជាអ្នកសួរសំណួរទាំងនេះឱ្យប្រាកដ? មិនមែនជាអ្នកផ្សេងទេ គឺពួកគេខ្លួនឯងហ្នឹងហើយ។ ពួកគេចង់សួរសំណួរទាំងនេះ និងចង់ដឹងចម្លើយចំពោះសំណួរទាំងនេះ ហើយពួកគេគិតថាខ្ញុំមិនដឹងថានរណាជាអ្នកសួរ ហាក់ដូចជាខ្ញុំមិនអាចមើលធ្លុះពីពួកគេអ៊ីចឹង! បន្ទាប់ពីខ្ញុំនិយាយបែបនេះ ពួកគេឮហើយក៏គិតថា៖ «ព្រះជាម្ចាស់បានមានបន្ទូលថាខ្ញុំមិនល្អ ដូច្នេះ ខ្ញុំនឹងមិនសួរទៀតទេ»។ ចុះវិធីសាស្ត្ររបស់ខ្ញុំយ៉ាងម៉េចដែរ? តើវាមិនបានបិទមាត់ពួកគេយ៉ាងមានប្រសិទ្ធភាពទេឬអី? ប្រសិនបើខ្ញុំបានឆ្លើយតបពួកគេ តើវាមិនមែនជាការចូលក្នុងល្បិចរបស់ពួកគេទេឬអី? ពេលនោះ ពួកគេនឹងបានដៃ ហើយសួរមិនចេះចប់មិនចេះហើយ។ តើខ្ញុំមានកាតព្វកិច្ចពន្យល់រឿងទាំងនេះដល់ពួកគេដែរមែនទេ? តើអ្នកអាចយកចំណេះដឹងនេះទៅធ្វើអ្វីបាន? ទោះបីជាខ្ញុំដឹង ក៏ខ្ញុំមិនប្រាប់អ្នកដែរ។ ហេតុអ្វីខ្ញុំត្រូវប្រាប់អ្នក? តើខ្ញុំជាអ្នកបកស្រាយបទគម្ពីរឬ? តើអ្នកមកទីនេះដើម្បីសិក្សាទ្រឹស្ដីសាសនាឬ? អ្នកមកពិនិត្យពិច័យខ្ញុំ តើខ្ញុំគួរតែបើកចំហចិត្តរបស់ខ្ញុំសម្រាប់ការពិនិត្យពិច័យរបស់អ្នកឬ? តើវាសមស្របដែរឬទេ? អ្នកមកល្បងលខ្ញុំ តើខ្ញុំគួរតែអនុញ្ញាតឱ្យអ្នកល្បងលខ្ញុំឬ? តើវាសមស្របដែរឬទេ? អ្នកមិនមែនមកទីនេះដើម្បីទទួលយកសេចក្ដីពិតទេ។ អ្នកមកសួរសំណួរដោយអាកប្បកិរិយាប្រទូសរ៉ាយ សង្ស័យ និងស៊ើបសួរ។ ខ្ញុំមិនអាចផ្ដល់ចម្លើយឱ្យអ្នកបានឡើយ។ មនុស្សមួយចំនួននិយាយថា៖ «តើវាមិនចាំបាច់ក្នុងការឆ្លើយរាល់សំណួរទេឬ?» នោះអាស្រ័យលើបញ្ហា។ នៅពេលនិយាយដល់សេចក្ដីពិត និងកិច្ចការពួកជំនុំ ខ្ញុំនៅតែត្រូវពិចារណាលើស្ថានភាពសិន។ ប្រសិនបើខ្ញុំធ្លាប់បានប្រាប់អ្នកពីមុនមក ហើយអ្នកនៅតែធ្វើពុតជាមិនដឹង ដោយធ្វើពុតជាសាកសួរដោយបន្ទាបខ្លួន នោះខ្ញុំនឹងមិនឆ្លើយតបអ្នកឡើយ។ ខ្ញុំនឹងលួសកាត់អ្នក ហើយបន្ទាប់ពីនោះ អ្នកនឹងយល់។ តាមទស្សនៈនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទពិនិត្យពិច័យ និងវិភាគព្រះគ្រីស្ទ ព្រមទាំងការចង់ដឹងចង់ឃើញរបស់ពួកគេអំពីសារជាតិរបស់ព្រះគ្រីស្ទ និងព្រះជាម្ចាស់ តើពួកទទឹងនឹងព្រះគ្រីស្ទកំពុងពិនិត្យពិច័យអ្វីឱ្យប្រាកដ? ពួកគេកំពុងពិនិត្យពិច័យសេចក្ដីពិត។ ពួកគេចាត់ទុកអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ថាជាកម្មវត្ថុនៃការពិនិត្យពិច័យ និងការវិភាគរបស់ពួកគេ ដោយប្រើរឿងនេះជាមធ្យោបាយដើម្បីកំដរពេលវេលា។ ពួកគេដើរតាមព្រះជាម្ចាស់ ហាក់ដូចជាពួកគេជាអ្នកប្រាជ្ញដែលកំពុងសិក្សាមុខវិជ្ជាណាមួយ ឬចំណេះដឹងណាមួយ ដូចជាពួកអ្នកមិនជឿដែលចូលរៀននៅសាលាទ្រឹស្ដីសាសនាអ៊ីចឹង។ តើមនុស្សបែបនេះអាចទទួលបានការបំភ្លឺពីព្រះជាម្ចាស់ដែរឬទេ? តើពួកគេអាចទទួលបានពន្លឺដែរឬទេ? តើពួកគេអាចយល់ពីសេចក្ដីពិតដែរឬទេ? (ទេ។)

នៅក្នុងពួកជំនុំ មានកិច្ចការមួយចំនួនដែលមិនធ្លាប់ជួបប្រទះពីមុនមក ហើយកិច្ចការខ្លះពាក់ព័ន្ធនឹងការងារវិជ្ជាជីវៈ។ នៅពេលខ្ញុំណែនាំការងារបែបនេះ មនុស្សមួយចំនួនស្ដាប់យ៉ាងយកចិត្តទុកដាក់ និងដោយបន្ទាបខ្លួន ដោយចាប់យល់នូវគោលការណ៍ដែលគួរតែគោរពតាមក្នុងការបំពេញភារកិច្ចទាំងនេះ និងតថភាពនៃសេចក្ដីពិតដែលគួរតែអនុវត្ត និងចូលទៅក្នុង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនខំប្រឹងគិតយ៉ាងខ្លាំង ដោយពិនិត្យពិច័យនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគិតថា៖ «ព្រះអង្គមិនបានរៀនមុខជំនាញទាំងនេះទេ។ ម្យ៉ាងទៀត តើព្រះអង្គពិតជាអាចរៀនមុខវិជ្ជាច្រើនយ៉ាងនេះបានឬ? តើនរណាអាចយល់ និងដឹងអ្វីៗគ្រប់យ៉ាងទៅ? តើព្រះអង្គមានមូលដ្ឋានអ្វីមកណែនាំពួកយើង? ហេតុអ្វីបានជាពួកយើងត្រូវស្ដាប់ព្រះអង្គ? ទោះបីជាពេលខ្លះ អ្វីដែលព្រះអង្គមានបន្ទូលនៅពេលណែនាំពួកយើង ពិតជាសមហេតុផលក៏ដោយ តើព្រះអង្គដឹងរឿងនេះដោយរបៀបណា? ប្រសិនបើខ្ញុំមិនរៀនអ្វីមួយទេ ខ្ញុំនឹងមិនដឹងពីវាឡើយ។ ខ្ញុំត្រូវតែរិះគិត ខិតខំរៀនសូត្របន្ថែម មើលបន្ថែម ស្ដាប់បន្ថែម ហើយព្យាយាមឈានដល់ចំណុចមួយដែលខ្ញុំមិនត្រូវការការណែនាំរបស់ព្រះអង្គ ហើយអាចធ្វើវាដោយខ្លួនឯងបាន។ មើលទៅ ព្រះអង្គក៏កំពុងរៀនបណ្ដើរ ធ្វើបណ្ដើរ ដោយធ្វើវាឱ្យស្ទាត់ជំនាញម្តងបន្តិចៗដែរ»។ ពួកគេគ្រាន់តែមើលទៅលើរូបរាងខាងក្រៅ ដោយមិនឃើញថា ម្យ៉ាង មិនថាបុគ្គលនេះនិយាយ ឬធ្វើអ្វីនោះទេ គឺសុទ្ធតែមានគោលការណ៍ ពោលគឺមិនថាការងារណាដែលកំពុងត្រូវបានណែនាំនោះទេ វាត្រូវបានធ្វើស្របតាមគោលការណ៍ ហើយគោលការណ៍នេះគឺទាក់ទងនឹងតម្រូវការជាក់ស្ដែងរបស់មនុស្ស និងលទ្ធផលដែលចង់បាននៃការងារជាក់ស្ដែង។ ម្យ៉ាងទៀត និងសំខាន់បំផុតនោះគឺ បុគ្គលនេះមិនបានរៀនអ្វីទាំងអស់។ ចំណេះដឹង ការរៀនសូត្រ ការយល់ដឹង និងបទពិសោធរបស់ទ្រង់ គឺមិនមានអ្វីលេចធ្លោឡើយ។ ប៉ុន្តែ មានរឿងមួយដែលមនុស្សមិនគួរភ្លេច៖ មិនថាការយល់ដឹង ចំណេះដឹង បទពិសោធ និងជំនាញរបស់ទ្រង់សម្បូរបែប ឬគួរឱ្យកត់សម្គាល់ឬក៏អត់នោះទេ ប្រភពដែលទទួលខុសត្រូវក្នុងការបំពេញកិច្ចការបច្ចុប្បន្ន មិនមែនជាសាច់ឈាមខាងក្រៅនេះទេ ប៉ុន្តែគឺជាសារជាតិនៃសាច់ឈាមនេះ គឺព្រះជាម្ចាស់ផ្ទាល់។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកវិនិច្ឆ័យដោយផ្អែកលើរូបរាងនៃសាច់ឈាមនេះ ពោលគឺកម្ពស់ និងរូបរាងរបស់ទ្រង់ សំនៀង ការលើកដាក់សំឡេង និងរបៀបនៃការមានបន្ទូល នោះអ្នកនឹងមិនអាចពន្យល់ ឬវាស់ស្ទង់បានឡើយថា ហេតុអ្វីបានជាទ្រង់អាចទទួលបន្ទុក និងមានសមត្ថភាពនៅក្នុងការបំពេញភារកិច្ចទាំងនេះ អ្នកនឹងមិនអាចមើលធ្លុះវាបានឡើយ។ តើការមិនអាចមើលធ្លុះ មានន័យថាវាជាបញ្ហាដែលមិនអាចដោះស្រាយបានឬ? ទេ វាអាចដោះស្រាយបាន។ អ្នកមិនចាំបាច់មើលធ្លុះវាទេ។ អ្នកគ្រាន់តែត្រូវដឹង ចងចាំ និងទទួលស្គាល់រឿងមួយ៖ ព្រះគ្រីស្ទគឺជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស។ គោលការណ៍ ជំហរ និងអាកប្បកិរិយាដែលមនុស្សគួរតែមានចំពោះព្រះគ្រីស្ទ មិនមែនជាការពិនិត្យពិច័យ វិភាគ ឬបំពេញការចង់ដឹងចង់ឃើញរបស់ពួកគេឡើយ ប៉ុន្តែគឺត្រូវទទួលស្គាល់ ទទួលយក ស្ដាប់ និងចុះចូល។ ប្រសិនបើអ្នកពិនិត្យពិច័យ និងវិភាគ តើទីបំផុត វានឹងអាចធ្វើឱ្យអ្នកមើលឃើញសារជាតិរបស់ព្រះជាម្ចាស់ដែរឬទេ? វានឹងមិនអាចទេ។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យនរណាម្នាក់វិភាគ ឬពិនិត្យពិច័យទ្រង់ឡើយ។ អ្នកកាន់តែពិនិត្យពិច័យ និងវិភាគ ព្រះជាម្ចាស់នឹងកាន់តែលាក់ព្រះកាយពីអ្នក។ តើមនុស្សមានអារម្មណ៍យ៉ាងណា នៅពេលដែលព្រះជាម្ចាស់លាក់ព្រះកាយ? នោះគឺសញ្ញាណអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេប្រែជាស្រពេចស្រពិល សញ្ញាណរបស់ពួកគេអំពីសេចក្ដីពិតប្រែជាមិនច្បាស់លាស់ ហើយអ្វីៗគ្រប់យ៉ាងអំពីផ្លូវដែលពួកគេគួរតែដើរតាម ក៏ប្រែជាព្រិលៗ។ វាហាក់ដូចជាមានជញ្ជាំងបាំងការមើលឃើញរបស់អ្នក។ អ្នកមិនអាចមើលឃើញទិសដៅនៅខាងមុខទេ អ្វីៗគឺស្រពេចស្រពិលទាំងអស់។ តើព្រះជាម្ចាស់នៅឯណា? តើព្រះជាម្ចាស់ជានរណា? តើព្រះជាម្ចាស់ពិតជាមានមែនឬ? សំណួរទាំងនេះប្រៀបដូចជាជញ្ជាំងពណ៌ខ្មៅដែលឈរនៅពីមុខអ្នក ដែលនេះគឺជាការដែលព្រះជាម្ចាស់លាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីអ្នក ដោយធ្វើឱ្យអ្នកមិនអាចមើលឃើញទ្រង់។ និមិត្តទាំងអស់នេះប្រែជាស្រពេចស្រពិលសម្រាប់អ្នក ពួកវាត្រូវបាត់បង់ ហើយភាពងងឹតក៏បំពេញនៅក្នុងចិត្តរបស់អ្នក។ នៅពេលដែលចិត្តរបស់អ្នកប្រែជាងងឹត តើអ្នកនៅមានផ្លូវនៅខាងមុខដែរឬទេ? តើអ្នកនៅដឹងថាត្រូវធ្វើអ្វីដែរឬទេ? អ្នកមិនដឹងទេ។ ទោះបីជាទិសដៅ និងគោលដៅដើមរបស់អ្នកច្បាស់លាស់ប៉ុនណាក៏ដោយ នៅពេលដែលអ្នកពិនិត្យពិច័យ និងវិភាគព្រះជាម្ចាស់ ពួកវានឹងប្រែជាស្រពេចស្រពិល និងងងឹត។ នៅពេលដែលមនុស្សធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះ សភាពបែបនេះ ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ នេះគឺជាអ្វីដែលកើតឡើងចំពោះអ្នកដែលផ្ដោតលើការពិនិត្យពិច័យព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែស្ថិតក្នុងស្ថានភាពបែបនេះ ដោយមានភាពងងឹតសូន្យសុងនៅខាងមុខ មិនអាចញែកដឹងបានថាអ្វីជារឿងវិជ្ជមាន អ្វីជាសេចក្ដីពិតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ ពួកគេមិនអាចបញ្ជាក់បានថា នោះពិតជាព្រះជាម្ចាស់ ថាជាព្រះជាម្ចាស់ផ្ទាល់ឡើយ។ ទោះបីជាពួកគេមើលយ៉ាងណាក៏ដោយ ពួកគេគ្រាន់តែឃើញការយកកំណើតជាមនុស្សនេះជាមនុស្សម្នាក់ប៉ុណ្ណោះ ពីព្រោះពួកគេតែងតែពិនិត្យពិច័យ និងវិភាគ ដូច្នេះ ព្រះជាម្ចាស់ក៏បន្តធ្វើឱ្យពួកគេងងឹតភ្នែកដែរ។ អ្នកឃើញពួកគេបើកភ្នែកធំៗ ភ្លឺថ្លា ប៉ុន្តែពួកគេនៅតែខ្វាក់ដដែល។ នៅពេលដែលព្រះជាម្ចាស់លាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីមនុស្ស វាហាក់ដូចជាចិត្តរបស់ពួកគេងងឹតងងល់ ដោយធ្លាក់ចូលទៅក្នុងភាពងងឹតសូន្យសុង។ ពួកគេឃើញត្រឹមតែបាតុភូតខាងក្រៅ ដោយមិនអាចយល់ពីផ្លូវដែលស្ថិតនៅខាងក្នុង មិនអាចយល់ពីសេចក្ដីពិតដែលជាមូលដ្ឋាន លើសពីនេះទៅទៀត ពួកគេមិនអាចមើលឃើញសារជាតិរបស់ព្រះជាម្ចាស់ ឬនិស្ស័យរបស់ទ្រង់ឡើយ។

ការវិភាគ និងការពិនិត្យពិច័យទៅលើការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ នឹងមិនទទួលបានលទ្ធផលអ្វីឡើយ។ ជារឿងសំខាន់ណាស់ដែលមិនត្រូវធ្លាក់ចូលទៅក្នុងសភាពនៃការវិភាគ និងការពិនិត្យពិច័យឡើយ នេះគឺជាផ្លូវអវិជ្ជមាន។ ចុះតើផ្លូវវិជ្ជមានគឺជាអ្វីទៅ? នោះគឺ ដោយសារតែអ្នកជឿជាក់យ៉ាងមុតមាំថា នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ថាមនុស្សធម្មតាម្នាក់នេះគឺជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស និងមានសារជាតិរបស់ព្រះជាម្ចាស់ ដូច្នេះ អ្នកគួរតែទទួលយក និងចុះចូលដោយគ្មានលក្ខខណ្ឌ។ មនុស្សមានអារម្មណ៍ថា សាច់ឈាមនេះមានទិដ្ឋភាពជាច្រើនដែលមិនគាប់ចិត្ត ទិដ្ឋភាពជាច្រើនដែលផ្ទុយនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស។ នោះគឺជាបញ្ហារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើការតាមរបៀបនេះ ហើយអ្វីដែលត្រូវផ្លាស់ប្ដូរ គឺសញ្ញាណរបស់មនុស្ស និស្ស័យពុករលួយរបស់ពួកគេ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ មិនមែនសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សឡើយ។ មនុស្សត្រូវស្វែងរកសេចក្ដីពិតនៅទីនេះ ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រកាន់យកទស្សនៈ និងគោលជំហរដ៏ត្រឹមត្រូវរបស់ខ្លួន ជាជាងទទួលស្គាល់ទ្រង់ជាព្រះជាម្ចាស់ហើយ ប៉ុន្តែនៅតែចង់ពិនិត្យពិច័យទ្រង់ ឬវិភាគ និងពិភាក្សាពីអ្វីដែលទ្រង់ធ្វើ និងមានបន្ទូល។ នោះនឹងក្លាយជាបញ្ហាដ៏ធំមួយ។ នៅពេលដែលគោលជំហររបស់អ្នក និងទស្សនៈនៃការទទួលយកសេចក្ដីពិតរបស់អ្នកគឺខុស លទ្ធផលនៃរបៀបដែលអ្នកមើលឃើញអ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្ដូរ ដែលប៉ះពាល់ដល់ផ្លូវ និងទិសដៅនៃការដេញតាមរបស់អ្នក។ ចំពោះអ្វីក៏ដោយដែលព្រះជាម្ចាស់ធ្វើ ឬមានបន្ទូល មិនថាវាស្របនឹងសញ្ញាណរបស់មនុស្ស ឬអត់នោះទេ វាគ្រាន់តែជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ។ ការរួមចំណែក និងគុណតម្លៃចំពោះមនុស្សជាតិ នៃអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ព្រមទាំងគុណតម្លៃដែលវានាំមកដល់ជីវិតមនុស្ស គឺអស់កល្បជានិច្ច។ រឿងទាំងនេះមិនអាចត្រូវបានផ្លាស់ប្ដូរដោយបុគ្គលណាម្នាក់ មុខវិជ្ជាសិក្សាណាមួយ សេចក្ដីថ្លែងការណ៍ ឬអំណះអំណាងណាមួយ ឬនិន្នាការណាមួយឡើយ។ នេះហើយគឺជាគុណតម្លៃនៃសេចក្ដីពិត។ វាអាចថា នៅពេលបច្ចុប្បន្ននេះ ព្រះបន្ទូល និងសកម្មភាពរបស់មនុស្សធម្មតាម្នាក់នេះ មិនអាចបំពេញការចង់ដឹងចង់ឃើញ ឬភាពអំនួតរបស់អ្នកបានទេ ហើយក៏មិនអាចបញ្ចុះបញ្ចូលអ្នកទាំងស្រុង ឬយកឈ្នះអ្នកទាំងផ្លូវចិត្ត និងពាក្យសម្ដីបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ការរួមចំណែកនៃគ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូលនៅថ្ងៃនេះ និងគ្រប់កិច្ចការដែលទ្រង់ធ្វើនៅក្នុងយុគសម័យនេះ និងក្នុងអំឡុងពេលនេះ ចំពោះមនុស្សជាតិទាំងមូល ចំពោះយុគសម័យទាំងមូល និងចំពោះផែនការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ គឺមិនអាចផ្លាស់ប្ដូរបានអស់កល្បជានិច្ច នេះគឺជាការពិត។ ហេតុដូច្នេះហើយ ថ្ងៃណាមួយ អ្នកនឹងដឹងខ្លួនថា៖ «កាលពីម្ភៃ ឬសាមសិបឆ្នាំមុន ខ្ញុំបានពិនិត្យពិច័យ យល់ខុស ទាស់ទទឹង ហើយថែមទាំងបានវិនិច្ឆ័យ និងថ្កោលទោសចំពោះបន្ទូលមួយឃ្លា ដែលមនុស្សធម្មតាម្នាក់នេះបាននិយាយ។ ម្ភៃ ឬសាមសិបឆ្នាំក្រោយមក នៅពេលដែលខ្ញុំមើលបន្ទូលនោះម្ដងទៀត ចិត្តរបស់ខ្ញុំពោរពេញទៅដោយអារម្មណ៍ថាខ្លួនមានកំហុស និងការបន្ទោសខ្លួនឯង»។ មនុស្សពុករលួយគឺទាបថោក និងតូចតាចណាស់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ពួកគេនៅតែជាទារកជារៀងរហូត មិនស័ក្ដិសមនឹងលើកយកមកនិយាយឡើយ។ មិនថាបុគ្គលម្នាក់ធ្វើការងារច្រើនប៉ុនណាក៏ដោយ បើប្រៀបធៀបទៅនឹងការរួមចំណែកចំពោះមនុស្សជាតិទាំងមូល នៃគ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលនៅក្នុងសម័យកាលណាមួយ និងក្រោមបរិបទណាមួយ ភាពខុសគ្នាគឺប្រៀបដូចជាមេឃ និងដីអ៊ីចឹង! ដូច្នេះ អ្នកត្រូវតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មវត្ថុសម្រាប់ឱ្យមនុស្សពិនិត្យពិច័យ វិភាគ និងសង្ស័យឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ និងសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស មិនមែននៅទីនេះដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់មនុស្សទេ។ ទ្រង់ធ្វើកិច្ចការទាំងអស់នេះ មិនមែនដើម្បីកំដរពេលវេលា ឬបណ្ដោយឱ្យពេលវេលាកន្លងផុតទៅឡើយ បំណងព្រះហឫទ័យរបស់ទ្រង់គឺដើម្បីសង្គ្រោះមនុស្សនៅក្នុងយុគសម័យមួយ ដើម្បីសង្គ្រោះមនុស្សជាតិទាំងមូល ហើយលទ្ធផលនៃកិច្ចការដែលទ្រង់មានបំណងសម្រេច គឺនឹងស្ថិតស្ថេរជារៀងរហូត។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះគ្រីស្ទជាមនុស្សធម្មតាម្នាក់ ដើម្បីពិនិត្យពិច័យ និងវិភាគ ដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់ពួកគេ។ តើរឿងនេះមានលក្ខណៈបែបណា? តើវាអាចត្រូវបានយល់ ឬអត់ទោសឱ្យបានដែរឬទេ? ពួកគេគឺជាពួកអ្នកមានបាបសម្រាប់គ្រប់យុគសម័យ ត្រូវបណ្ដាសា និងមិនអាចអត់ទោសឱ្យអស់កល្បជានិច្ច! ប្រសិនបើបុគ្គលម្នាក់មានភាពជាមនុស្ស យល់ពីសេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិត សូម្បីតែការពិនិត្យពិច័យពួកគេ ក៏ជារឿងគួរឱ្យខ្ពើមរអើមណាស់ទៅហើយ។ ការចាត់ទុកព្រះគ្រីស្ទជាមនុស្សធម្មតាម្នាក់ ហើយពិនិត្យពិច័យទ្រង់នៅក្នុងចិត្ត ការប្រព្រឹត្តចំពោះអ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើដោយភាពប្រទូសរ៉ាយ និងការមួលបង្កាច់ ហើយស្វះស្វែងបំពេញតែការចង់ដឹងចង់ឃើញរបស់អ្នកអំពីព្រះបន្ទូលដែលទ្រង់មានបន្ទូល សូម្បីតែមនុស្សមួយចំនួន ពេលឃើញខ្ញុំ ក៏និយាយថា៖ «សូមប្រកបគ្នាពីសេចក្ដីពិតបន្ថែមទៀតមក សូមប្រកបគ្នាបន្ថែមទៀតអំពីភាសានៃស្ថានសួគ៌ជាន់ទីបីមក សូមនិយាយរឿងជាច្រើនទៀតដែលពួកយើងមិនដឹងមក» តើពួកគេចាត់ទុកមនុស្សនេះជាអ្វី? ជាអ្នកជួយបំបាត់ភាពអផ្សុករបស់ពួកគេឬ? តើព្រះជាម្ចាស់កំណត់លក្ខណៈនៃបញ្ហានេះយ៉ាងដូចម្ដេច? តើនេះមិនមែនជាការប្រមាថព្រះជាម្ចាស់ទេឬអី? ប្រសិនបើវាសំដៅលើមនុស្ស វាត្រូវបានគេហៅថាការចំអក និងការឡកឡាយ។ ប្រសិនបើវាសំដៅលើព្រះជាម្ចាស់ វាគឺជាការប្រមាថ។

នៅក្នុងខ្លឹមសារនៃការបង្ហាញចេញនេះ ពោលគឺការពិនិត្យពិច័យ ការវិភាគ និងការចង់ដឹងចង់ឃើញ សារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បញ្ចេញឱ្យឃើញថាជាភាពទុច្ចរិត ជាការមិនពេញចិត្តនឹងសេចក្ដីពិត។ ពួកគេមិនអើពើនឹងអ្វីៗទាំងអស់ដែលវិជ្ជមាន។ ពួកគេមើលងាយរឿងទាំងនោះ ហើយប្រព្រឹត្តចំពោះរឿងទាំងនោះដោយអាកប្បកិរិយាបដិសេធ ដោយមិនលើកលែងសូម្បីតែសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស។ ពួកគេត្រូវតែបំពេញការចង់ដឹងចង់ឃើញរបស់ពួកគេនៅក្នុងគ្រប់បញ្ហាទាំងអស់ ដោយយកអ្វីៗគ្រប់យ៉ាងមកពិនិត្យពិច័យ ដោយចង់ទាញសេចក្ដីសន្និដ្ឋាន និងចង់ដឹងឱ្យដល់ឫសគល់នៃអ្វីៗគ្រប់យ៉ាង ដើម្បីរកឱ្យឃើញថាមានអ្វីកំពុងកើតឡើង ដើម្បីឱ្យពួកគេមើលទៅហាក់ដូចជាមានចំណេះដឹង និងឆ្លាតវៃ។ នេះគឺជានិស្ស័យពុករលួយរបស់មនុស្ស។ ដោយសារតែធ្លាប់ទម្លាប់នឹងការពិនិត្យពិច័យអ្វីៗគ្រប់យ៉ាង ឥឡូវនេះ ពួកគេបំបែរការពិនិត្យពិច័យរបស់ពួកគេមករកព្រះជាម្ចាស់វិញ។ ចុះតើទង្វើនេះនាំអ្វីមកឱ្យពួកគេ? ភាពគ្រប់លក្ខណ៍ និងសេចក្ដីសង្គ្រោះឬ? ទេ វានាំមកឱ្យពួកគេតែនូវសេចក្ដីវិនាស និងការបំផ្លិចបំផ្លាញប៉ុណ្ណោះ! នេះហើយជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានកំណត់លក្ខណៈ។ ពួកគេត្រូវបណ្ដាសា និងគួរឱ្យថ្កោលទោស។ នៅក្នុងការចូលទៅជិតសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ពួកគេមិនដែលប្រកាន់យកគោលជំហរជាអ្នកដើរតាម ឬជាភាវៈដែលព្រះបានបង្កើត ដើម្បីទទួលយក និងមើលមកទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេយល់ឃើញ និងចូលទៅជិតទ្រង់ពីទស្សនៈ និងគោលជំហរជាអ្នកប្រាជ្ញ ជាអ្នកចេះដឹងសព្វគ្រប់ ជាអ្នកដែលពោរពេញដោយការចង់ដឹងចង់ឃើញ និងជាបុគ្គលក្រអឺតក្រទមម្នាក់ ដែលគ្មានសមត្ថភាពយល់ពីសេចក្ដីពិត និងដែលមើលងាយអ្វីៗដែលវិជ្ជមាន។ វាច្បាស់ណាស់ថា មនុស្សបែបនេះមិនអាចត្រូវបានសង្គ្រោះឡើយ។

ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំមួយ)

បន្ទាប់៖ ចំណុចទីដប់៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបី)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ