វិធីដែលព្រះជាម្ចាស់បានដឹកនាំ និងផ្គត់ផ្គង់សម្រាប់មនុស្សជាតិរហូតដល់សព្វថ្ងៃនេះ
ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖
មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង ដែលនរណាៗក៏អាចយកបានយ៉ាងស្រួលនោះដែរ។ មូលហេតុគឺនៅត្រង់ថា មានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបជាប្រភពនៃជីវិត គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ជាម្ចាស់កម្មសិទ្ធិរូបធាតុនៃជីវិត ហើយមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបមានមាគ៌ានៃ ជីវិត។ ហេតុនេះហើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបជាដើមចមនៃជីវិត ជាប្រភពទឹករស់នៃជីវិត ដែលហូរចេញមកឥតស្រាកស្រាន្ត។ ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានបង្កើតពិភពលោកនេះមក ទ្រង់បានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងភាពស្រស់បស់នៃជីវិត ទ្រង់បានធ្វើកិច្ចការជាច្រើន ដើម្បីនាំយកជីវិតមកឲ្យមនុស្ស ហើយបានបង់ថ្លៃលោះដ៏មហិមា ដើម្បីឲ្យមនុស្សលោកមានជីវិត។ ដោយសារព្រះជាម្ចាស់ផ្ទាល់ គឺជាជីវិតអស់កល្បជានិច្ច ហើយទ្រង់ផ្ទាល់ គឺជាផ្លូវដែលប្រោសឲ្យមនុស្សលោកបានរស់ឡើងវិញ។ ព្រះជាម្ចាស់មិនដែលអវត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់ក៏គង់នៅកណ្ដាលចំណោមមនុស្សគ្រប់ពេលវេលាដែរ។ ព្រះអង្គគឺជាកម្លាំងជំរុញដល់ការរស់នៅរបស់មនុស្សតាំងតែពីដើមមកទល់នឹងពេលនេះ ជាឫសគល់នៃវត្តមានជីវិតរបស់មនុស្ស និងជាទ្រព្យតម្កល់ដ៏បរិបូរ សម្រាប់វត្តមានជីវិតរបស់មនុស្ស បន្ទាប់ពីពួកគេចាប់កំណើត។ ទ្រង់ធ្វើឲ្យមនុស្សបានកើតជាថ្មី ហើយជួយឲ្យគេអាចរស់នៅតាមគ្រប់តួនាទីរបស់គេ ដោយការតស៊ូយ៉ាងមោះមុត។ សូមអរព្រះគុណចំពោះព្រះចេស្ដា និងអានុភាពជីវិតដ៏គង់វង់របស់ព្រះអង្គ ដែលឲ្យមនុស្សលោកអាចរស់បាន ពីមួយជំនាន់ទៅមួយជំនាន់ អានុភាពជីវិតរបស់ព្រះជាម្ចាស់ ជាគ្រឹះដ៏រឹងមាំនៃវត្តមានជិវិតរបស់មនុស្ស តាំងតែពីដើមរហូតមក ហើយព្រះជាម្ចាស់បានបង់ថ្លៃលោះមួយដែលគ្មានសាមញ្ញជនណាម្នាក់ ធ្លាប់បានបង់ពីមុនមកសោះ ក៏ដោយសារតែអានុភាពនៃជីវិតរបស់ទ្រង់នេះដែរ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់អាចឈ្នះលើអំណាចគ្រប់យ៉ាងទាំងអស់ លើសពីនេះ អំណាចណាក៏ខ្លាំងពុំស្មើដែរ។ ជីវិតរបស់ទ្រង់ គឺអស់កល្បជានិច្ច ព្រះចេស្ដារបស់ទ្រង់ ខ្លាំងពូកែអស្ចារ្យ ហើយក៏គ្មានមនុស្សណា ឬខ្មាំងសត្រូវណាអាចយកឈ្នះអានុភាពជីវិតរបស់ទ្រង់បានឡើយ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់ឋិតថេរនៅ ហើយបញ្ចេញពន្លឺដ៏ត្រចះត្រចង់របស់ខ្លួន ទោះបីជានៅពេលណា ឬកន្លែងណាក៏ដោយ។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់នូវបម្រែបម្រួលជាខ្លាំងប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅតែដដែលអស់កល្បជានិច្ច។ គ្រប់សព្វសារពើអាចនឹងកន្លងបាត់ទៅ ប៉ុន្តែជីវិតព្រះជាម្ចាស់ឋិតថេរនៅជានិរន្ត៍ ដ្បិតព្រះជាម្ចាស់ជាប្រភពនៃវត្តមានជីវិតសព្វសារពើទាំងអស់ ហើយជាឫសគល់នៃវត្តមានជីវិតរបស់គេ ផង។ ជីវិតរបស់មនុស្ស កើតមកពីព្រះជាម្ចាស់ វត្តមានផ្ទៃមេឃ កើតមកពីព្រះជាម្ចាស់ វត្តមានផែនដី ក៏កើតចេញមកពីព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ដែរ។ គ្មានសភាវៈមានជីវិតណា អាចខ្ពស់ស្មើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានសភាវៈណា មានអនុភាពអាចគេចរួចពីដែនគ្រប់គ្រងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ តាមវិធីនេះ បើទោះបីជាពួកគេជានរណាក៏ដោយ ក៏ពួកគេគ្រប់គ្នាត្រូវតែចុះចូលក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវតែរស់នៅក្រោយសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្តរបស់ទ្រង់ដែរ។
(«មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ចាប់តាំងពីព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើមក ពួកវាបាន និងកំពុងធ្វើការ និងបន្តរីកលូតលាស់ទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ និងដោយផ្អែកលើបញ្ញត្តិដែលទ្រង់បានដាក់ចេញ។ នៅក្រោមការទតមើលរបស់ទ្រង់ នៅក្រោមការត្រួតត្រារបស់ទ្រង់ មនុស្សជាតិបានរស់នៅ ហើយគ្រប់របស់សព្វសារពើបានរីកចម្រើនទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ពុំមានអ្វីដែលអាចផ្លាស់ប្តូរ ឬបំផ្លាញបញ្ញត្តិទាំងនេះបានទេ។ គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់ ទើបភាវៈគ្រប់យ៉ាងអាចបង្កើនចំនួនបាន ហើយដោយសារតែការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់ ទើបភាវៈគ្រប់យ៉ាងអាចរស់នៅបាន។ មានន័យថា នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ភាវៈគ្រប់យ៉ាងមានអត្ថិភាព ចម្រើនលូតលាស់ បាត់បង់ ហើយកើតឡើងវិញទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ នៅពេលដែលនិទាឃរដូវឈានចូលមកដល់ នោះភ្លៀងរលឹមស្រិចៗក៏នាំយកអារម្មណ៍នៃរដូវដ៏បរិសុទ្ធមក និងធ្វើឲ្យផែនដីមានសំណើម។ ដីចាប់ផ្តើមរលាយ ហើយស្មៅលាស់ឡើងចេញពីដី និងចាប់ផ្តើមចេញពន្លក ខណៈពេលដែលដើមឈើទាំងឡាយប្រែជាពណ៌បៃតងបន្តិចម្តងៗ។ វត្ថុមានជីវិតទាំងអស់នេះ នាំយកជីវិតដ៏ស្រស់ត្រកាលមកកាន់ផែនដី។ នេះគឺជាអ្វីដែលកើតឡើង នៅពេលដែលភាវៈទាំងអស់មានអត្ថិភាព និងចម្រើនលូតលាស់។ សត្វគ្រប់ប្រភេទចេញពីរូងរបស់ពួកវា ដើម្បីទទួលយកអារម្មណ៍កក់ក្តៅនៃនិទាឃរដូវ ហើយចាប់ផ្តើមឆ្នាំថ្មី។ ភាវៈទាំងអស់សំដិលខ្លួននៅក្នុងកម្តៅថ្ងៃក្នុងអំឡុងពេលរដូវក្តៅ ហើយរីករាយនឹងភាពកក់ក្តៅដែលរដូវក្ដៅនាំមក។ ពួកវារីកធំធាត់យ៉ាងឆាប់រហ័ស។ ដើមឈើ ស្មៅ និងរុក្ខជាតិគ្រប់ប្រភេទ កំពុងតែលូតលាស់យ៉ាងឆាប់រហ័ស រហូតដល់ចុងក្រោយ ពួកវាចេញផ្កា និងផ្លែ។ ភាវៈទាំងអស់មានការរវល់ក្នុងអំឡុងពេលរដូវក្តៅ រួមទាំងមនុស្សដែរ។ នៅរដូវស្លឹកឈើជ្រុះ ភ្លៀងនាំយកភាពត្រជាក់នៃរដូវស្លឹកឈើជ្រុះមក ហើយភាវៈមានជីវិតគ្រប់ប្រភេទចាប់ផ្តើមមានអារម្មណ៍ដឹងពីការមកដល់នៃរដូវប្រមូលផល។ ភាវៈទាំងអស់បង្កើតផលផ្លែ ហើយមនុស្សចាប់ផ្តើមប្រមូលផលនៃផលផ្លែជាច្រើនប្រភេទទាំងនេះ ដើម្បីត្រៀមអាហារសម្រាប់រដូវរងារ។ នៅក្នុងរដូវរងារ ភាវៈទាំងអស់ចាប់ផ្តើមបន្តិចម្តងៗ ចូលទៅរស់នៅដោយភាពស្ងប់ស្ងាត់ ហើយសម្រាក ខណៈពេលដែលអាកាសធាតុត្រជាក់ចូលមកដល់ ហើយមនុស្សក៏សម្រាកក្នុងអំឡុងរដូវនេះដែរ។ ពីរដូវមួយទៅរដូវមួយ ការផ្លាស់ប្តូរពីរដូវផ្ការីកទៅរដូវក្តៅ ទៅរដូវស្លឹកឈើជ្រុះ ទៅរដូវរងារ គឺការផ្លាស់ប្តូរទាំងនេះកើតឡើងដោយផ្អែកលើបញ្ញត្តិដែលព្រះជាម្ចាស់បានបង្កើត។ ទ្រង់ដឹកនាំរបស់សព្វសារពើ ហើយមនុស្សជាតិកំពុងតែប្រើប្រាស់បញ្ញត្តិទាំងនេះ។ ទ្រង់បានបង្កើតមាគ៌ាជីវិតដែលឆើតឆាយ និងសម្បូរណ៍បែបសម្រាប់មនុស្សជាតិ ដោយរៀបចំបិរិស្ថានមួយសម្រាប់ការរស់នៅ ដែលមានរដូវ និងសីតុណ្ហភាពផ្សេងៗគ្នា។ ដូច្នេះ នៅក្នុងបរិស្ថានសម្រាប់ការរស់នៅដ៏មានសណ្តាប់ធ្នាប់ប្រភេទនេះ មនុស្សអាចរស់នៅ និងបង្កើតកូនចៅច្រើនឡើងទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ មនុស្សមិនអាចផ្លាស់ប្តូរបញ្ញត្តិទាំងនេះបានទេ ហើយគ្មានមនុស្សណាម្នាក់ ឬភាវៈណាមួយអាចល្មើសនឹងបញ្ញត្តិទាំងនេះបានឡើយ។ ទោះបីជាការផ្លាស់ប្តូរបានកើតឡើងរាប់មិនអស់ក៏ដោយ ដូចជាសមុទ្របានក្លាយជាវាល ខណៈដែលវាលបានក្លាយជាសមុទ្រ ក៏បញ្ញត្តិទាំងនេះនៅតែបន្តមានអត្ថិភាពដដែល។ បញ្ញត្តិទាំងនេះមានអត្ថិភាព ដោយសារតែព្រះជាម្ចាស់ទ្រង់មានអត្ថិភាព ហើយដោយសារតែការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់។ តាមរយៈបរិស្ថានដ៏ធំទូលាយ និងមានសណ្តាប់ធ្នាប់ប្រភេទនេះ ជីវិតរបស់មនុស្សក៏ដំណើរការទៅនៅក្នុងបញ្ញត្តិ និងក្រឹត្យវិន័យទាំងនេះ។ នៅក្រោមបញ្ញត្តិទាំងនេះ មនុស្សពីមួយជំនាន់ទៅមួយជំនាន់ត្រូវបានចិញ្ចឹមបីបាច់ ហើយមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ក៏បានរស់នៅក្រោមបញ្ញត្តិទាំងនេះដែរ។ មនុស្សបានរីករាយនឹងបរិស្ថានសម្រាប់ការរស់នៅដ៏មានសណ្តាប់ធ្នាប់នេះ ក៏ដូចជារបស់សព្វសារពើជាច្រើន ដែលព្រះជាម្ចាស់បានបង្កើតពីមួយជំនាន់ទៅមួយជំនាន់មួយដែរ។ ទោះបីជាមនុស្សមានអារម្មណ៏ថាបញ្ញត្តិប្រភេទនេះមានពីធម្មជាតិ និងបានឆ្លៀតយកផលប្រយោជន៍យ៉ាងឆ្មើងឆ្មៃពីបញ្ញត្តិទាំងនេះក៏ដោយ ហើយទោះបីជាពួកគេមិនអាចមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែតាក់តែងបញ្ញត្តិទាំងនេះ ហើយព្រះជាម្ចាស់កំពុងតែត្រួតត្រាលើបញ្ញត្តិទាំងនេះក៏ដោយ មិនថាជាអ្វីនោះទេ គឺព្រះជាម្ចាស់តែងតែជាប់ពាក់ព័ន្ធនឹងកិច្ចការដែលឥតផ្លាស់ប្តូរនេះ។ បំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងកិច្ចការដែលឥតផ្លាស់ប្តូរនេះ គឺការរស់នៅរបស់មនុស្សជាតិ ហេតុដូចនេះទើបមនុស្សជាតិអាចរស់នៅបាន។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ចេញវិន័យដែលគ្រប់គ្រងការប្រព្រឹត្តទៅនៃរបស់សព្វសារពើ ទ្រង់ចេញវិន័យដែលគ្រប់គ្រងការរស់រាននៃរបស់សព្វសារពើ ទ្រង់គ្រប់គ្រងរបស់សព្វសារពើ ហើយកំណត់ឲ្យពួកវាពង្រឹងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីកុំឲ្យពួកវាវិនាស ឬបាត់បង់ទៅ។ មានតែដូច្នេះទេ ទើបមនុស្សជាតិអាចរស់នៅបាន មានតែដូច្នេះទេ ទើបពួកគេអាចរស់នៅក្រោមការណែនាំរបស់ព្រះជាម្ចាស់នៅក្នុងបរិស្ថានបែបនេះ។ ព្រះជាម្ចាស់គឺជាម្ចាស់នៃវិន័យនៃការប្រព្រឹត្តទៅទាំងនេះ ហើយគ្មាននរណាម្នាក់អាចបង្អាក់ ឬអាចផ្លាស់ប្ដូរវិន័យទាំងនេះបានទេ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលជ្រាបដឹងអំពីវិន័យទាំងនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលគ្រប់គ្រងលើពួកវា។ ពេលណាដែលដើមឈើនឹងដុះពន្លក ពេលណាដែលវានឹងភ្លៀង ទឹក និងសារធាតុចិញ្ចឹមប៉ុន្មានដែលផែនដីនឹងផ្ដល់ឲ្យដើមឈើ រដូវណាដែលស្លឹកឈើនឹងជ្រុះ រដូវណាដែលដើមឈើនឹងមានផ្លែ សារធាតុចិញ្ចឹមប៉ុន្មានដែលពន្លឺព្រះអាទិត្យនឹងផ្ដល់ឲ្យដើមឈើ អ្វីដែលដើមឈើដកដង្ហើមបញ្ចេញក្រោយពេលទទួលការចិញ្ចឹមពីពន្លឺព្រះអាទិត្យ អ្វីៗទាំងអស់នេះសុទ្ធតែត្រូវបានកំណត់ជាមុនដោយព្រះជាម្ចាស់នៅពេលដែលព្រះអង្គបង្កើតរបស់សព្វសារពើ ពោលគឺជាវិន័យដែលគ្មានអ្នកណាអាចរំលោភបានឡើយ។ អ្វីៗដែលព្រះជាម្ចាស់បានបង្កើត មិនថាមានជីវិត ឬគ្មានជីវិតនៅក្នុងកែវភ្នែករបស់មនុស្ស សុទ្ធតែស្ថិតនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ទ្រង់ ជាកន្លែងដែលទ្រង់គ្រប់គ្រងពួកវា និងសោយរាជ្យលើពួកវា។ គ្មាននរណាអាចផ្លាស់ប្ដូរ ឬរំលោភវិន័យទាំងនេះបានឡើយ។ និយាយឲ្យចំគឺថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានកំណត់ទុកជាមុនថា បើគ្មានផែនដីទេ ដើមឈើមិនអាចចាក់ឫស ដុះពន្លក និងលូតលាស់បានឡើយ ហើយថា បើផែនដីគ្មានដើមឈើទេ នោះវានឹងស្ងួតហែង ព្រមទាំងថា ដើមឈើគួរតែក្លាយជាផ្ទះរបស់បក្សាបក្សី និងជាកន្លែងដែលពួកវាអាចជ្រកគេចពីខ្យល់បាន។ តើដើមឈើអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យបានទេ? (ទេ)។ ហើយវាក៏មិនអាចរស់នៅជាមួយតែផែនដីបានដែរ។ អ្វីៗទាំងអស់នេះគឺសុទ្ធតែសម្រាប់មនុស្សជាតិ សម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សទទួលខ្យល់បរិសុទ្ធពីដើមឈើ ហើយមនុស្សរស់នៅលើផែនដី ដែលត្រូវបានការពារដោយដើមឈើ។ មនុស្សមិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យ ឬភាវរស់ផ្សេងៗបានទេ។ ទោះបីជាទំនាក់ទំនងទាំងនេះស្មុគស្មាញក៏ដោយ ក៏អ្នកត្រូវតែចាំថា ព្រះជាម្ចាស់បានបង្កើតវិន័យដែលគ្រប់គ្រង់លើរបស់សព្វសារពើដើម្បីឲ្យពួកវាអាចពង្រឹងគ្នាទៅវិញទៅមក ពឹងផ្អែកគ្នាទៅវិញទៅមក និងមានអត្ថិភាពជាមួយគ្នា។ អាចនិយាយម្យ៉ាងទៀតបានថា រាល់ភាវៈនីមួយៗដែលទ្រង់បានបង្កើតគឺសុទ្ធតែមានតម្លៃ និងមានសារៈសំខាន់។ បើព្រះជាម្ចាស់បានបង្កើតអ្វីមួយដែលគ្មានសារៈសំខាន់ នោះព្រះជាម្ចាស់នឹងធ្វើឲ្យវាបាត់បង់ទៅវិញ។ នេះជាវិធីសាស្ត្រមួយដែលព្រះជាម្ចាស់ប្រើដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
«ព្រះជាម្ចាស់ផ្គង់ផ្គង់ដល់របស់សព្វសារពើ» ជាឃ្លាមួយដែលមានវិសាលភាព និងសារៈសំខាន់ទូលំទូលាយណាស់។ ព្រះជាម្ចាស់មិនត្រឹមតែផ្គត់ផ្គង់ដល់មនុស្សនូវអាហារ និងភេសជ្ជៈប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាតិនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ មានទាំងអ្វីគ្រប់យ៉ាងដែលមនុស្សអាចមើលឃើញ និងអ្វីៗដែលមិនអាចមើលឃើញផង។ ព្រះជាម្ចាស់គាំពារ គ្រប់គ្រង និងសោយរាជ្យលើបរិស្ថានរស់នៅនេះ ដែលចាំបាច់ដល់មនុស្សជាតិ។ និយាយឲ្យចំគឺថា បរិស្ថានអ្វីក៏ដោយដែលមនុស្សជាតិត្រូវការសម្រាប់រដូវកាលនីមួយៗ គឺព្រះជាម្ចាស់បានរៀបចំឲ្យទាំងអស់។ ព្រះជាម្ចាស់ក៏គ្រប់គ្រងប្រភេទខ្យល់ និងសីតុណ្ហភាពដើម្បីឲ្យពួកវាសមស្របសម្រាប់ការរស់រានរបស់មនុស្សដែរ។ វិន័យដែលគ្រប់គ្រងលើអ្វីៗទាំងនេះមិនមែនកើតឡើងដោយខ្លួនអ្នក ឬដោយចៃដន្យនោះទេ ពួកវាជាលទ្ធផលនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងទង្វើរបស់ទ្រង់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាប្រភពនៃវិន័យទាំងអស់នេះ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ មិនខ្វល់ថា តើអ្នកជឿវាឬអត់ តើអ្នកអាចមើលឃើញវាឬអត់ ឬតើអ្នកអាចយល់ពីវាឬអត់នោះទេ ការនេះនៅតែជាការពិតដែលគេទទួលស្គាល់ និងមិនអាចបដិសេធបាន។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
តើអ្វីជាលក្ខខណ្ឌមូលដា្ឋនដែលកំណត់របៀបរស់នៅរបស់មនុស្សខុសៗគ្នាទាំងនេះ? តើពិតជាមិនចាំបាច់ទេឬ ដែលបរិស្ថានដែលពួកគេអាចរស់នៅ ត្រូវរក្សាទុកក្នុងកម្រិតមូលដ្ឋានមួយ? មានន័យថា ប្រសិនបើអស់អ្នកដែលរស់រានមានជីវិតដោយការបរបាញ់កំពុងតែបាត់បង់ព្រៃភ្នំ ឬបាត់បង់បក្សាបក្សី និងសត្វនានា នោះប្រភពនៃរបរចិញ្ចឹមជីវិតរបស់ពួកគេនឹងបាត់បង់។ ទិសដៅដែលជនជាតិនេះ និងមនុស្សប្រភេទនេះគួរទៅ នឹងមិនមានភាពច្បាស់លាស់ ហើយពួកគេអាចបាត់បង់ទៅក៏ថាបាន។ ចុះអស់អ្នកដែលចញ្ចឹមសត្វសម្រាប់របរចិញ្ចឹមជីវិតរបស់គេវិញ តើយ៉ាងម៉េចដែរ? តើពួកគេរំពឹងលើអ្វី? អ្វីដែលពួកគេពិតជារំពឹងលើគឺមិនមែនសត្វរបស់ពួកគេនោះទេ ប៉ុន្តែគឺជាបរិស្ថានដែលសត្វរបស់ពួកគេអាចរស់នៅបាន ពោលគឺវាលស្មៅ។ ប្រសិនបើគ្មានវាលស្មៅនោះទេ តើអ្នកចិញ្ចឹមសត្វឲ្យចំណីសត្វរបស់ពួកគេនៅទីណា? តើសត្វគោក្របី និងសត្វចៀមស៊ីអ្វី? បើគ្មានសត្វនោះទេ នោះមនុស្សពនេចរទាំងនេះ នឹងគ្មានរបរចិញ្ចឹមជីវិតនោះទេ។ បើគ្មានប្រភពសម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគេនោះទេ តើមនុស្សទាំងនេះនឹងទៅទីណា? វាអាចនឹងមានការលំបាកសម្រាប់ពួកគេដើម្បីបន្តរស់នៅតទៅទៀត ហើយពួកគេនឹងគ្មានអនាគតមួយនោះទេ។ ប្រសិនបើគ្មានប្រភពទឹក ហើយទន្លេ និងបឹងបួរីងស្ងួតទាំងស្រុង តើត្រីដែលពឹងផ្អែកលើទឹកដើម្បីរស់ទាំងនោះ នឹងនៅតែមានជីវិតឬទេ? ពួកវានឹងមិនរស់ទេ។ តើមនុស្សដែលពឹងផ្អែកលើទឹក និងត្រីសម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគេទាំងនេះ នឹងបន្តរស់នៅបានឬទេ? នៅពេលដែលពួកគេលែងមានអាហារ នៅពេលដែលពួកគេលែងមានប្រភពនៃរបរចិញ្ចឹមជីវិតរបស់ពួកគេ នោះមនុស្សទាំងនេះនឹងមិនអាចបន្តរស់នៅតទៅទៀតបានទេ។ មានន័យថា ប្រសិនបើជនជាតិណាមួយ ជួបប្រទះនូវបញ្ហាចំពោះរបរចិញ្ចឹមជីវិតរបស់ពួកគេ ឬការរស់នៅរបស់ពួកគេ នោះជនជាតិនោះនឹងលែងបន្តតទៅទៀត ហើយពួកអាចបាត់ចេញពីផ្ទៃផែនដី និងវិនាសសាបសូន្យទៅ។ ហើយប្រសិនបើអស់អ្នកដែលធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតបាត់បង់ដីរបស់ពួកគេ ប្រសិនបើពួកគេមិនអាចប្រមូលផលដំណាំគ្រប់ប្រភេទ ហើយមិនអាចទទួលបានអាហារពីដំណាំទាំងនោះ នោះតើលទ្ធផលនឹងទៅជាយ៉ាងណា? ដោយគ្មានអាហារ តើមនុស្សនឹងមិនអត់ឃ្លានរហូតដល់ស្លាប់ទេឬ? ប្រសិនបើមនុស្សកំពុងអត់ឃ្លានរហូតដល់ស្លាប់ តើជាតិសាសន៍មនុស្សនោះនឹងមិនបាត់បង់ទេឬ? ដូច្នេះ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការរក្សាទុកបរិស្ថានប្រភេទផ្សេងៗគ្នា។ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យតែមួយគត់នៅក្នុងការរក្សាទុកនូវប្រព័ន្ធធម្មជាតិ និងបរិស្ថានផ្សេងៗគ្នា ព្រមទាំងគ្រប់ភាវៈមានជីវិតទាំងអស់នៅក្នុងពួកវា នោះគឺដើម្បីចិញ្ចឹមបីបាច់មនុស្សគ្រប់ប្រភេទ និងដើម្បីចិញ្ចឹមបីបាច់មនុស្សដែលរស់នៅក្នុងបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នា។
ប្រសិនបើរបស់សព្វសារពើនៃការបង្កើតបាត់បង់បញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកវា នោះពួកវានឹងលែងមានវត្តមានតទៅទៀតហើយ។ ប្រសិនបើបញ្ញត្តិនៃរបស់សព្វសារពើបាត់បង់ នោះភាវៈមានជីវិតនៅក្នុងចំណោមរបស់សព្វសារពើនឹងមិនអាចបន្តទៅមុខតទៅទៀតទេ។ មនុស្សក៏នឹងបាត់បង់បរិស្ថានរបស់ពួកគេ ដែលពួកគេពឹងផ្អែកសម្រាប់ការរស់នៅដែរ។ ប្រសិនបើមនុស្សបាត់បង់បរិស្ថានទាំងអស់នោះ នោះពួកគេនឹងមិនអាចបន្តទៅមុខតទៅទៀត ដូចដែលពួកគេកំពុងធ្វើ ដើម្បីចម្រើនលូតលាស់ និងបង្កើតកូនចៅពីជំនាន់មួយទៅជំនាន់មួយបានតទៅទៀតនោះទេ។ មូលហេតុដែលមនុស្សបានរស់នៅរហូតមកដល់ពេលនេះ គឺដោយសារតែព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់ពួកគេ ដោយរបស់សព្វសារពើនៃការបង្កើត ដើម្បីចិញ្ចឹមបីបាច់ពួកគេ ដើម្បីចិញ្ចឹមបីបាច់មនុស្សជាតិតាមវិធីខុសៗគ្នា។ គឺដោយសារតែព្រះជាម្ចាស់ចិញ្ចឹមបីបាច់មនុស្សជាតិតាមវិធីផ្សេងៗគ្នាប៉ុណ្ណោះ ទើបមនុស្សជាតិបានរស់នៅរហូតមកដល់ពេលនេះ គឺពេលបច្ចុប្បន្ន។ ជាមួយនឹងបរិសា្ថនសម្រាប់ការរស់នៅដែលមិនប្រែប្រួលមួយ ដែលផ្តល់ផលអនុគ្រោះ និងដែលច្បាប់ធម្មជាតិមានសណ្តាប់ធ្នាប់ល្អ នោះមនុស្សគ្រប់ប្រភេទខុសៗគ្នាទាំងអស់នៅលើផែនដី ជាតិសាសន៍ខុសៗគ្នាទាំងអស់ អាចរស់នៅក្នុងតំបន់ដែលបានកំណត់ដោយផ្ទាល់ខ្លួនរបស់ពួកគេ។ គ្មាននរណាម្នាក់អាចទៅហួសពីតំបន់ទាំងនេះ ឬក៏ទៅហួសពីព្រំដែនដែលនៅចន្លោះពួកគេនោះទេ ពីព្រោះព្រះជាម្ចាស់ជាអ្នកដែលបានគូសព្រះដែនទាំងនោះ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ជាអ្នកបង្កើតលក្ខខណ្ឌចាំបាច់បំផុតគ្រប់យ៉ាងសម្រាប់ការរស់រានរបស់មនុស្ស ហើយព្រះជាម្ចាស់ក៏កំពុងតែគ្រប់គ្រង និងត្រួតត្រារបស់ទាំងនេះដែរ។ សូម្បីតែឥឡូវនេះ បន្ទាប់ពីមានវត្ដមានមនុស្សច្រើនពាន់ឆ្នាំមកហើយ ព្រះជាម្ចាស់នៅតែបន្តកែប្រែមជ្ឈដ្ឋានបរិស្ថានរស់នៅរបស់ពួកគេដដែល ដោយផ្ដល់ឲ្យពួកគេនូវបរិស្ថានដ៏សមស្របបំផុត និងល្អបំផុតដើម្បីឲ្យពួកគេនៅតែអាចមានជីវិតតាមរបៀបធម្មតា។ តើស្ថានភាពបែបនេះអាចស្ថិតនៅយូរបានរយៈពេលប៉ុន្មាន? ម៉្យាងទៀត តើព្រះជាម្ចាស់នឹងបន្តផ្ដល់បរិស្ថានបែបនេះរហូតដល់ពេលណា? វានឹងមានរហូតដល់ពេលព្រះជាម្ចាស់បញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុង។ បន្ទាប់មក ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរបរិស្ថានរស់នៅរបស់មនុស្សជាតិ។ ប្រហែលជា ទ្រង់នឹងធ្វើការផ្លាស់ប្ដូរទាំងនេះតាមវិធីសាស្ត្រដូចគ្នា ឬអាចតាមវិធីសាស្ត្រផ្សេងទៀត ប៉ុន្តែអ្វីដែលមនុស្សត្រូវតែដឹងនោះគឺថា ព្រះជាម្ចាស់កំពុងតែបន្តផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សជាតិ គ្រប់គ្រងបរិស្ថានដែលមនុស្សជាតិរស់នៅ និងអភិរក្ស ការពារ ព្រមទាំងថែរក្សាបរិស្ថាននោះ។ ជាមួយបរិស្ថានបែបនេះ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចរស់នៅតាមរបៀបធម្មតា ហើយទទួលយកសេចក្ដីសង្គ្រោះ និងការវាយផ្ចាល ក៏ដូចជាការជំនុំជម្រះរបស់ព្រះជាម្ចាស់។ របស់សព្វសារពើបន្តរស់រានដោយសារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមនុស្សជាតិទាំងអស់បន្តឆ្ពោះទៅមុខដោយសារការផ្គត់ផ្គង់ទាំងនេះដែលមកពីព្រះជាម្ចាស់។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឲ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក មនុស្សក៏ចាប់ផ្ដើមមានឪពុកម្ដាយ និងសាច់ញាតិ ហើយក៏លែងឯកាទៀត។ ចាប់តាំងពីពេលដែលមនុស្ស បានសម្លឹងមើលពិភពលោកខាង សម្ភារៈនេះជាលើកដំបូង គឺគេត្រូវបានកំណត់ឲ្យរស់នៅ ក្នុងការចាត់តាំងរបស់ទ្រង់ទៅ ហើយ។ ខ្យល់ដង្ហើមជីវិតដែលចេញមកពីព្រះជាម្ចាស់ ទ្រទ្រង់សភាវមានជីវិតទាំងឡាយឲ្យលូតលាស់រហូតដល់ពេញវ័យ។ ក្នុងអំឡុងពេលនៃដំណើរការនេះគ្មាននរណាម្នាក់មានអារម្មណ៍ថាមនុស្សធំធាត់ឡើងក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញពួកគេជឿថា មនុស្សធំធាត់ឡើងក្រោមការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រលាញ់របស់ឪពុកម្ដាយខ្លួន ហើយជឿថាសភាវគតិនៃជីវិតរបស់គេ គឺជាអ្វីដែលជម្រុញដល់ការធំធាត់របស់ពួកគេ។ នេះគឺដោយសារតែមនុស្សមិនស្គាល់អ្នកដែលបានផ្ដល់ជីវិតរបស់ខ្លួនមក ឬមិនដឹងថាជីវិតរបស់ខ្លួនបានមកពីណា ពោលគឺមិនដឹងពីរបៀបដែលសភាវគតិនៃជីវិតបង្កើតការអស្ចារ្យ។ គេដឹងត្រឹមតែថា ចំណីអាហារគឺជាមូលដ្ឋានដែលធ្វើឲ្យជីវិតរបស់គេបន្ដរស់នៅតទៅទៀត និងថាភាពតស៊ូគឺជាប្រភពនៃការរស់នៅរបស់គេ ព្រមទាំងថាជំនឿនៅក្នុងគំនិតរបស់គេ គឺជាដើមទុនដែលការរស់នៅរបស់គេត្រូវពឹងផ្អែកលើ។ មនុស្សភ្លេចទាំងស្រុងនូវព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាគេមិនខ្វល់ពីជីវិតដែលព្រះជាម្ចាស់បានប្រទានដល់គេ...។ គ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ទាំងយប់ទាំងថ្ងៃ យកខ្លួនគេមកថ្វាយបង្គំទ្រង់ឡើយ។ ព្រះជាម្ចាស់បន្ដដោះស្រាយជាមួយមនុស្សដូចដែលទ្រង់បានគ្រោងទុក ទោះបីជាទ្រង់មិនបានរំពឹងទុកអ្វីពីគេក៏ដោយ។ ទ្រង់ធ្វើដូច្នេះព្រោះសង្ឃឹមថា ថ្ងៃណាមួយមនុស្សនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ហើយចាប់ផ្ដើមទទួលស្គាល់ភ្លាមៗនូវគុណតម្លៃ និងអត្ថន័យនៃជីវិត និងតម្លៃដែលព្រះជាម្ចាស់បានបង់សម្រាប់អ្វីៗទាំងអស់ដែលទ្រង់បានប្រទានដល់គេ ព្រមទាំងភាពអន្ទះសាដែលព្រះជាម្ចាស់រង់ចាំឲ្យមនុស្សវិលត្រលប់មករកទ្រង់វិញ។ គ្មាននរណាម្នាក់ធ្លាប់សម្លឹងមើលទៅអាថ៌កំបាំងដែលគ្រប់គ្រងលើដើមកំណើតនិងការបន្ដនៃជីវិតរបស់មនុស្សទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយល់ពីការទាំងអស់នេះ ហើយទ្រាំទ្រយ៉ាងស្ងៀមស្ងាត់ចំពោះការឈឺចាប់ និងការវាយប្រហារដែលមនុស្សផ្ដល់ឲ្យទ្រង់ គឺជាមនុស្សដែលបានទទួលអ្វីៗគ្រប់យ៉ាងពីព្រះជាម្ចាស់ប៉ុន្ដែមិនចេះដឹងគុណទ្រង់ឡើយ។ ដូចគ្នាផងដែរ មនុស្សមិនចេះស្ញប់ស្ញែង ចំពោះអ្វីៗដែលកើតមានចំពោះជីវិត ដូច្នេះ វាជា «រឿងធម្មតា» ទេ ដែលព្រះជាម្ចាស់ត្រូវបានមនុស្សក្បត់ បំភ្លេច និងគំរាមកំហែង។ តើវាអាចទេដែលថា ផែនការរបស់ព្រះជាម្ចាស់ពិតជាមានសារៈសំខាន់បែបនេះ? តើវាអាចទេដែលថា មនុស្សដែលជាសភាវមានជីវិតដែលចេញមកពីព្រះហស្ដរបស់ព្រះជាម្ចាស់ពិតជាមានសារៈសំខាន់បែបនេះ? ផែនការរបស់ព្រះជាម្ចាស់ពិតជាមាន សារៈសំខាន់ណាស់ ប៉ុន្ដែសភាវមានជីវិតដែលបានកើតមកដោយសារព្រះហស្ដរបស់ព្រះជាម្ចាស់ រស់នៅសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ ដូច្នេះហើយ ព្រះជាម្ចាស់មិនអាចបោះបង់ផែនការរបស់ទ្រង់ចោល ដោយសារតែសេចក្ដីស្អប់ ចំពោះពូជមនុស្សនេះឡើយ។ ព្រះជាម្ចាស់ទ្រាំទទួលទារុណកម្មគ្រប់យ៉ាងសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់ និងខ្យល់ដង្ហើមដែលទ្រង់បានផ្លុំចេញមក មិនមែនសម្រាប់ជាប្រយោជន៍ដល់សាច់ឈាមរបស់មនុស្សទេ ប៉ុន្ដែសម្រាប់ជាប្រយោជន៍ដល់ជីវិតរបស់មនុស្សវិញ។ ទ្រង់ធ្វើដូច្នេះដើម្បីយកជីវិតដែលទ្រង់បានផ្លុំចេញ ឲ្យត្រលប់មកវិញ មិនមែនដើម្បីយកសាច់ឈាមរបស់មនុស្ស ទេ។ នេះគឺជាផែនការរបស់ទ្រង់។
មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ហើយភាគច្រើនក្នុងចំណោមពួកគេបានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។ អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។ ទាំងអស់នេះជាដំណើរជីវិតដែលព្រះបានរៀបចំសម្រាប់សភាវៈមានជីវិតនីមួយៗ។ ដោយឡែកដំណើរជីវិត និងវដ្តជីវិតនេះ គឺគ្រាន់តែជាសេចក្ដីពិតដែលព្រះចង់ឲ្យមនុស្សប្រកាន់ខ្ជាប់ថា៖ ជីវិតដែលព្រះបានប្រទានដល់មនុស្ស គឺឥតដែនកំណត់ឡើយ មិនមែនជាប់ឃុំក្នុងរាងកាយ ពេលវេលា ឬក្នុងលំហនោះទេ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះបានប្រទានដល់មនុស្ស និងជាភ័ស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីព្រះអង្គ។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងគ្រប់យ៉ាងដែលកើតមកពីទ្រង់ ដោយចៀសមិនរួច ទោះបីជាគេមិនជឿឬបដិសេធព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ គង់មានថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យ ហើយចង់ទាមទារមកវិញនូវអ្វីៗសព្វសារពើដែលមានវត្តមានក្នុងលោកិយនេះ ព្រមទាំងទារយកជីវិតដែលទ្រង់បានប្រទាន នោះគ្រប់ទាំងអស់នឹងលែងមានទៀតហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើទាំងមានជីវិត និងគ្មានជីវិត ទាំងនាំមកនូវសណ្ដាប់ធ្នាប់ល្អ តាមរយៈគុណធម៌នៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាសេចក្ដីពិតមួយដែលគ្មាននរណាម្នាក់អាចយល់បាន ហើយសេចក្ដីពិតដ៏មិនអាចយល់បាននេះ គឺជាការបើកសម្ដែងនិងជាបន្ទាល់នៃថាមពលជីវិតរបស់ព្រះ។ ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នកថា៖ ឧត្ដមភាពនៃជីវិតរបស់ព្រះជាម្ចាស់ និងព្រះចេស្ដានៃព្រះជន្មរបស់ទ្រង់ គឺគ្មានមនុស្សណាម្នាក់អាចយល់បានឡើយ។ ពេលនេះក៏បែបនេះ ពីមុនក៏បែបនេះ ហើយនឹងនៅតែបែបនេះរហូតតទៅអនាគត។ អាថ៌កំបាំងទីពីរដែលខ្ញុំចង់ប្រាប់គឺ ប្រភពនៃជីវិតមកពីព្រះជាម្ចាស់ សម្រាប់គ្រប់សភាវៈមានជីវិតទាំងអស់ បើទោះបីជាពួកគេមានសណ្ឋាន ឬលក្ខណៈខុសគ្នាយ៉ាងណាក៏ដោយ។ ទោះបីអ្នកជាសភាវៈមានជីវិតបែបណា ក៏អ្នកមិនអាចទាស់ទទឹងនឹងគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកដែរ។ ទោះក្នុងករណីណាក៏ដោយ គ្រប់យ៉ាងដែលខ្ញុំប្រាថ្នា គឺឲ្យមនុស្សយល់ដូច្នេះថា ប្រសិនបើគ្មានការបីបាច់ ថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបានគ្រប់យ៉ាងដែលគេត្រូវទទួលបានឡើយ បើទោះបីជាខំប្រឹងព្យាយាម ឬខ្នះខ្នែង តស៊ូយ៉ាងណាក៏ដោយ។ ប្រសិនបើគ្មានការប្រទានជីវិតមកពីព្រះជាម្ចាស់ទេ មនុស្សបាត់បង់គុណតម្លៃក្នុងការរស់នៅ និងបាត់បង់អត្ថន័យនៃជីវិត។ តើព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សដែលខ្ជះខ្ជាយតម្លៃជីវិតជាអសារឥតការ អាចរស់នៅដោយមិនខ្វល់បែបនេះដូចម្ដេចបាន? ដូចខ្ញុំបាននិយាយរួចហើយថា សូមកុំភ្លេចឲ្យសោះថាព្រះជាម្ចាស់គឺជាប្រភពនៃជីវិតរបស់អ្នក។ ប្រសិនបើមនុស្ស មិនពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានឲ្យដល់គេទេ នោះទ្រង់មិនត្រឹមតែដកយកនូវអ្វីដែលទ្រង់បានប្រទានឲ្យតាំងតែពីដើមមកវិញប៉ុណ្ណោះទេ តែទ្រង់ក៏នឹងតម្រូវឲ្យមនុស្សសងមកវិញទ្វេដងនូវតម្លៃនៃរបស់គ្រប់យ៉ាងដែលទ្រង់បានប្រទានឲ្យដល់គេផងដែរ។
(«ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ចាប់តាំងពីអត្ថិភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់មក ព្រះអង្គតែងតែលះបង់គ្រប់យ៉ាងនៅក្នុងការបំពេញកិច្ចការរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គបានបិទបាំងអង្គរបស់ព្រះអង្គពីមនុស្សក៏ដោយ ក៏ព្រះអង្គតែងតែគង់នៅក្បែរមនុស្ស បំពេញកិច្ចការលើមនុស្ស បង្ហាញពីនិស្ស័យរបស់ព្រះអង្គ ដឹកនាំមនុស្សជាតិទាំងអស់ជាមួយនឹងសារជាតិរបស់ព្រះអង្គ ព្រមទាំងបំពេញកិច្ចការលើមនុស្សគ្រប់រូប តាមរយៈព្រះចេស្ដា ព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ព្រះអង្គ ប្រយោជន៍នាំពួកគេចូលទៅក្នុងយុគសម័យកិ្រត្យនៃវិន័យ យុគសម័យនៃព្រះគុណ ហើយនិងយុគសម័យនៃនគរព្រះនាពេលបច្ចុប្បន្ននេះ។ ទោះបីជាព្រះជាម្ចាស់លាក់បាំងអង្គរបស់ព្រះអង្គពីមនុស្សក៏ដោយ ក៏និស្ស័យរបស់ព្រះអង្គ លក្ខណៈ និងកម្មសិទ្ធរបស់ព្រះអង្គ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ត្រូវបានបង្ហាញដោយឥតលាក់លៀមចំពោះមនុស្សដែរ ដើម្បីឲ្យពួកគេមើលឃើញ និងទទួលបានបទពិសោធន៍។ អាចនិយាយម៉្យាងវិញទៀតបានថា ទោះបីជាមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់ព្រះជាម្ចាស់បានក្តី តែនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ដែលមនុស្សជាតិបានជួបប្រទះ គឺជាការសម្តែងឲ្យឃើញយ៉ាងជាក់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើនោះមិនមែនការពិតទេឬអី? មិនថាវិធី ឬមុំនៃវិធីសាស្រ្តដែលព្រះជាម្ចាស់ជ្រើសរើសសម្រាប់កិច្ចការរបស់ព្រះអង្គបែបណានោះទេ ព្រះអង្គតែងតែប្រព្រឹត្ដចំពោះមនុស្សតាមរយៈអត្ដសញ្ញាណពិតរបស់ព្រះអង្គ បំពេញកិច្ចការដែលជាភារៈកិច្ចរបស់ព្រះអង្គ ហើយមានបន្ទូលនូវអ្វីដែលព្រះអង្គចាំបាច់ត្រូវមានបន្ទូល។ មិនខ្វល់ថាព្រះជាម្ចាស់ ទ្រង់មានបន្ទូលចេញពីឋានៈជាអ្វីនោះទេ ទោះបើព្រះអង្គឈរមានបន្ទូលពីស្ថានសួគ៌ ឬក្នុងសាច់ឈាមកី្ត ឬក្នុងឋានៈជាមនុស្សសាមញ្ញធម្មតាក្តីក៏ដោយ ក៏ព្រះអង្គតែងតែមានបន្ទូលទៅកាន់មនុស្សដោយអស់ពីព្រះហឫទ័យ និងអស់ពីព្រះតម្រិះរបស់ព្រះអង្គ ដោយគ្មានការបោកប្រាស់ ឬការលាក់បាំងអ្វីឡើយ។ នៅពេលដែលព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ គឺព្រះជាម្ចាស់បង្ហាញព្រះបន្ទូល និងនិស្ស័យរបស់ព្រះអង្គ ព្រមទាំងបង្ហាញពីលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះអង្គដោយគ្មានសំចៃអ្វីទាំងអស់។ ព្រះអង្គដឹកនាំមនុស្សជាតិដោយជីវិតរបស់ទ្រង់ និងលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះអង្គផងដែរ។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមព្រម គ្នានឹងកំណើតផែនដី ហើយមនុស្សគឺជាចំណុចស្នូល នៃកិច្ចការនេះ។ អាចនិយាយបានថា ការដែលព្រះជាម្ចាស់បង្កើតសព្វសារពើឡើងមក គឺដើម្បីមនុស្ស។ ដោយព្រោះកិច្ចការគ្រប់គ្រងរបស់ទ្រង់ លាតសន្ធឹងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយមិនមែនសម្រេចបានតែក្នុងរយៈពេលត្រឹមប៉ុន្មាននាទី ឬវិនាទី ឬមួយប៉ប្រិចភ្នែក ឬមួយឆ្នាំពីរឆ្នាំបាន ទើបទ្រង់ត្រូវបង្កើតនូវសភាវៈចាំបាច់នានា សម្រាប់ការរស់រានរបស់មនុស្សជាតិ រួមមានដូចជា ព្រះអាទិត្យ ព្រះច័ន្ទ សភាវៈមានជីវិតគ្រប់យ៉ាង មានទាំងស្បៀងអាហារ ព្រមទាំងបរិយាកាសដ៏ស្រស់ត្រកាលទៀតផង។ នេះហើយជាការចាប់ផ្ដើមនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។
បន្ទាប់មក ព្រះជាម្ចាស់ក៏ប្រគល់មនុស្សជាតិទៅឲ្យសាតាំង ហើយមនុស្សក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់វា ដែលកត្តានេះនាំឆ្ពោះទៅរកកិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យទី១ គឺព្រឹត្តការណ៍យុគសម័យនៃក្រឹត្យវិន័យ...។ មនុស្សជាតិទម្លាប់ខ្លួនស៊ាំនឹងការដឹកនាំក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមិនឲ្យតម្លៃការដឹកនាំនេះទៀតផង។ មនុស្សក៏ចាកចេញពីការបីបាច់រក្សារបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ ហេតុនេះហើយ ពួកគេក៏បានថ្វាយបង្គំរូបសំណាក ហើយប្រព្រឹត្តទង្វើអាក្រក់ ខណៈដែលពួកគេកំពុងដើរតាមក្រឹត្យវិន័យផង។ ពួកគេពុំមានការការពារពីព្រះយេហូវ៉ាឡើយ ហើយពួកគេគ្រាន់តែរស់នៅក្នុងជីវិតជាអ្នកបម្រើទីអាសនានៅក្នុងព្រះវិហារប៉ុណ្ណោះ។ តាមការពិត កិច្ចការរបស់ព្រះជាម្ចាស់បានចាកចេញពីពួកគេតាំងពីយូរណាស់មកហើយ ហើយបើទោះបីជាសាសន៍អ៊ីស្រាអែលនៅប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យ និងហៅព្រះនាមព្រះយេហូវ៉ា ព្រមទាំងជឿដោយមោទកភាពថា មានតែពួកគេទេទើបជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា និងជារាស្ត្រជ្រើសរើសរបស់ព្រះយេហូវ៉ាក៏ដោយ ក៏សិរីរុងរឿងរបស់ព្រះជាម្ចាស់ បានបោះបង់ពួកគេចោល យ៉ាងស្ងៀមស្ងាត់រួចបាត់ទៅហើយ ...
ពេលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ នោះទ្រង់ តែងតែចាកចេញពីកន្លែងមួយយ៉ាងស្ងៀមស្ងាត់ រួចអនុវត្តកិច្ចការថ្មីមួយ ដែលទ្រង់ចាប់ផ្ដើមនៅទីកន្លែងផ្សេងទៀត យ៉ាងសន្សឹមៗ។ រឿងនេះហាក់បីដូចជាមិនអាចទៅរួចទេ សម្រាប់មនុស្សដែលស្រយុតស្រយង់។ មនុស្សតែងតែឲ្យតម្លៃនូវអ្វីដែលចាស់គំរិល ហើយសម្លឹងមើលទៅអ្វីៗដែលថ្មីស្រឡាង ជារឿងដែលខ្មាំងសត្រូវមិនធ្លាប់ដឹងឮ ឬយល់ថាជាការរំខានចិត្តវិញ។ ហេតុដូច្នេះ រាល់កិច្ចការថ្មីៗដែលព្រះជាម្ចាស់អនុវត្តក្នុងចំណោមសភាវៈសព្វសារពើ មនុស្សគឺជាសភាវៈចុងក្រោយបង្អស់ ដែលដឹងអំពីកិច្ចការនេះតាំងតែពីដើមដល់ចប់។
ដូចសព្វដងដែរ បន្ទាប់ពីបានធ្វើកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងយុគសម័យក្រឹត្យវិន័យរួច ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់ក្នុងដំណាក់កាលទី២ ដោយយាងមកសណ្ឋិតក្នុងសាច់ឈាម គឺយាងមកយកកំណើតជាមនុស្ស រយៈពេលដប់ម្ភៃឆ្នាំ ទាំងប្រកាស និងធ្វើ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមអ្នកជឿទៀតផង។ គ្មាន នរណាម្នាក់ដឹងអំពីកិច្ចការនេះឡើយ ហើយបន្ទាប់ពីព្រះអម្ចាស់យេស៊ូវត្រូវគេបោះភ្ជាប់នឹងឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលស្គាល់ថា ទ្រង់គឺជាព្រះដែលត្រលប់ជាសាច់ឈាម ហើយទាំងអស់នេះគឺសុទ្ធតែជាការពិត។ ... នៅពេលដែលកិច្ចការដំណាក់កាលទី២របស់ព្រះជាម្ចាស់ បានសម្រេចភ្លាម គឺបន្ទាប់ពីការឆ្កាងទ្រង់ នោះកិច្ចការសង្គ្រោះមនុស្សពីអំពើបាប (ពោលគឺ ការសង្គ្រោះមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំង) ក៏សម្រេចដែរ។ ហេតុនេះហើយ ចាប់ពីពេលនោះមក មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបអំពើបាបរបស់គេត្រូវបានលើកលែង។ និយាយឲ្យចំទៅ អំពើបាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយអំពើបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ គឺតាមរយៈរូបសាច់នៃសាច់ឈាមដែលពេញដោយអំពើបាបនេះ។ ហេតុនេះ មនុស្សក៏បានឈានមួយជំហានកាន់តែកៀកទៅនឹងការទទួលសេចក្ដីសង្គ្រោះពីទ្រង់នៅចំពោះព្រះជាម្ចាស់ បន្ទាប់ពីត្រូវបានសាតាំងចាប់ជាឈ្លើយ។ ប្រាកដណាស់ កិច្ចការដំណាក់កាលនេះជ្រាលជ្រៅជាង និងមានការវិវឌ្ឍជាងកិច្ចការគ្រប់គ្រង នៅក្នុងយុគសម័យក្រឹត្យវិន័យ។
............
បន្ទាប់មក យុគសម័យនគរព្រះ ជាដំណាក់កាលកិច្ចការមួយ ដែលរឹតតែជាក់ច្បាស់ជាងមុនទៀតនោះក៏មកដល់ ប៉ុន្តែយុគសម័យនេះក៏នៅតែជាដំណាក់កាលដ៏ពិបាកបំផុតនឹងឲ្យមនុស្សទទួលយកដដែល។ ចំណែកមូលហេតុគឺនៅត្រង់ថា កាលណាមនុស្សកាន់តែចូលមកកៀកនឹងព្រះជាម្ចាស់ ដំបងរាជ្យរបស់ព្រះអង្គ ក៏រឹតតែខិតមកជិតគេដែរ ហើយព្រះភក្ត្រទ្រង់នឹងបង្ហាញឲ្យគេឃើញរឹតតែច្បាស់។ បន្ទាប់ពីការប្រោសលោះមនុស្សជាតិរួច មនុស្សនឹងត្រឡប់មកក្នុងគ្រួសាររបស់ព្រះជាម្ចាស់វិញជាផ្លូវការ។ មនុស្សគិតថា ពេលនេះជាពេលដែលត្រូវរីករាយ តែគេត្រូវរងការធ្វើទុក្ខពីព្រះជាម្ចាស់ទាំងអាក្រាត ជាការធ្វើទុក្ខដែលគ្មាននរណាអាចស្មានដឹងមុនសោះ៖ លទ្ធផលចុងក្រោយគឺខុសស្រឡះ នេះជាពិធីបុណ្យជ្រមុជ ដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ត្រូវ «ទទួលដោយអំណរ»។ ស្ថិតក្រោមស្ថានភាពបែបនេះ មនុស្សគ្មានជម្រើសអ្វីក្រៅតែពីឈប់ស្ងៀម ហើយគិតក្នុងចិត្តថា «ខ្ញុំជាកូនចៀមវង្វេងអស់រយៈពេលជាច្រើនឆ្នាំ ដែលព្រះជាម្ចាស់បានលោះខ្ញុំមកវិញដោយតម្លៃថ្លៃពន់ពេក ចុះហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះ? នេះឬជាវិធីដែលព្រះជាម្ចាស់សើចចំអកដាក់ខ្ញុំ និងលាតត្រដាងពីខ្ញុំ? ...» កន្លងផុតទៅជាច្រើនឆ្នាំ មនុស្សក៏ត្រូវទ្រុឌទ្រោមដោយអាកាសធាតុ បានឆ្លងកាត់បទពិសោធន៍លំបាកៗដោយសារការបន្សុទ្ធ និងការដាក់ទោសទណ្ឌ។ ទោះបីមនុស្សបានបាត់បង់ «សិរីរុងរឿង» និង «ភាពផ្អែមល្អែម» ពីអតីតកាលទាំងមិនដឹងខ្លួនក៏ដោយ តែពេលនេះគេបានយល់ពីគោលការណ៍នៃកិរិយាប្រព្រឹត្តរបស់មនុស្ស ហើយចេះឲ្យតម្លៃពេលវេលានៃភក្ដីភាពរបស់ព្រះជាម្ចាស់ ក្នុងការជួយសង្គ្រោះមនុស្សជាតិ។ មនុស្សចាប់ផ្ដើមស្អប់ភាពព្រៃផ្សៃរបស់ខ្លួនឯងបន្តិចម្ដងៗ។ គេចាប់ផ្ដើមស្អប់ចរិតយង់ឃ្នងរបស់ខ្លួន ស្អប់ការយល់ខុសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងស្អប់ការទាមទារមិនសមហេតុផល ដែលគេតម្រូវពីទ្រង់។ ពេលវេលាមិនអាចត្រឡប់ក្រោយឡើយ។ រឿងរ៉ាវអតីតកាលក្លាយជាអនុស្សាវរីយ៍ពោរពេញដោយវិប្បដិសារីរបស់មនុស្ស រីឯព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ក្លាយជាកម្លាំងជម្រុញនៅក្នុងជីវិតថ្មីរបស់មនុស្សវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ របួសរបស់មនុស្សក៏ជាសះ កម្លាំងគេក៏ដូចដើម រួចគេក៏ក្រោកឈរសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដា ... ដើម្បីឲ្យដឹងថា ទ្រង់តែងតែនៅក្បែរខ្ញុំជានិច្ច និងដើម្បីឲ្យដឹងថា ស្នាមញញឹម និងព្រះភក្ត្រដ៏ស្រស់បស់របស់ទ្រង់ នៅតែធ្វើឲ្យរំជួលចិត្តដដែល។ ព្រះហឫទ័យរបស់ទ្រង់នៅតែខ្វល់ខ្វាយ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតឡើង ហើយព្រះហស្តទ្រង់ក៏នៅតែកក់ក្ដៅ និងពេញដោយព្រះចេស្ដាដូចគ្រាដំបូងដដែល។ មនុស្សហាក់ដូចជាបានវិលត្រឡប់ទៅសួនអេដែនវិញ តែពេលនេះ មនុស្សលែងស្ដាប់ការល្បួងរបស់សត្វពស់ ហើយគេក៏លែងគេចពីព្រះភក្ត្រព្រះយេហូវ៉ាទៀតដែរ។ មនុស្សលត់ជង្គង់នៅចំពោះព្រះជាម្ចាស់ សម្លឹងមើលព្រះភក្ត្រព្រះជាម្ចាស់ ដែលកំពុងតែញញឹម ហើយថ្វាយតង្វាយដ៏មានតម្លៃបំផុតរបស់ខ្លួន៖ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ!
(«ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
រាប់ពាន់ឆ្នាំបានកន្លងផុតទៅ ហើយមនុស្សជាតិនៅតែរីករាយជាមួយនឹងពន្លឺ និងខ្យល់ដែលព្រះជាម្ចាស់បានប្រទានដល់គេ មនុស្សនៅតែដកដង្ហើមដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានផ្លុំ មនុស្សនៅតែរីករាយនឹងបុប្ផា បក្សាបក្សី មច្ឆា និងសត្វល្អិតដែលព្រះជាម្ចាស់បានបង្កើត ហើយរីករាយនឹងរបស់សព្វសារពើដែលព្រះជាម្ចាស់បានផ្គត់ផ្គង់។ ថ្ងៃ និងយប់នៅតែប្តូរវេនគ្នាយ៉ាងទៀងទាត់ រដូវទាំងបួនផ្លាស់ប្តូរជាធម្មតា សត្វក្ងានដែលហើរនៅលើអាកាសចាកចេញនៅក្នុងរដូវរងារ ហើយនៅតែវិលត្រឡប់មកវិញនៅរដូវផ្ការីកបន្ទាប់។ មច្ឆានៅក្នុងទឹកមិនដែលចាកចេញពីទន្លេ និងបឹងបួដែលជាផ្ទះសម្បែងរបស់ពួកគេនោះទេ។ សត្វរៃនៅលើផែនដីច្រៀងបញ្ចេញសម្លេងរបស់គេក្នុងអំឡុងរដូវក្តៅ ហើយសត្វចង្រិតនៅក្នុងស្មៅយំទ្រហឹងតាមពេលទៅក្នុងខ្យល់ក្នុងអំឡុងរដូវស្លឹកឈើជ្រុះ។ សត្វក្ងានប្រមូលផ្តុំគ្នាជាហ្វូង ខណៈដែលសត្វឥន្ទ្រីនៅតែឯង។ មោទនភាពរបស់សត្វតោ នៅរក្សាខ្លួនឯងបានដោយការប្រមាញ់។ សត្វប្រើសមិនទៅណាឆ្ងាយពីស្មៅ និងផ្កានោះទេ...។ រាល់សត្តនិករមានជីវិតនីមួយៗក្នុងចំណោមរបស់សព្វសារពើ ចាកចេញ និងវិលត្រឡប់មកវិញ ហើយក៏ចាកចេញម្តងទៀត។ មានការផ្លាស់ប្តូររាប់លានកើតឡើងក្នុងមួយប៉ប្រិចភ្នែក ប៉ុន្តែ អ្វីដែលមិនផ្លាស់ប្តូរគឺសភាវគតិរបស់ពួកវា និងច្បាប់នៃការរស់នៅរបស់ពួកវា។ ពួកវារស់នៅក្រោមការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់របស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរសភាវគតិរបស់ពួកវាបានទេ ហើយក៏គ្មាននរណាម្នាក់អាចបំផ្លាញក្រឹត្យវិន័យនៃការរស់នៅរបស់ពួកវាបានដែរ។ ទោះបីជាមនុស្សជាតិ ដែលរស់នៅក្នុងចំណោមរបស់សព្វសារពើ ត្រូវបានសាតាំងបោកបញ្ឆោត និងធ្វើឲ្យពុករលួយក៏ដោយ ក៏មនុស្សនៅតែមិនអាចអត់ទឹកដែលព្រះជាម្ចាស់បានបង្កើត មិនអាចអត់ខ្យល់ដែលព្រះជាម្ចាស់បានបង្កើត និងមិនអាចអត់របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតបានឡើយ ហើយមនុស្សនៅតែរស់នៅ និងបង្កើតកូនចៅជាច្រើននៅកន្លែងដែលព្រះជាម្ចាស់បានបង្កើតនេះ។ សភាវគតិរបស់មនុស្សជាតិមិនត្រូវបានផ្លាស់ប្តូរនោះទេ។ មនុស្សនៅតែពឹងផ្អែកលើភ្នែករបស់គេដើម្បីមើល នៅតែពឹងផ្អែកលើត្រចៀករបស់គេដើម្បីស្តាប់ នៅតែពឹងផ្អែកលើខួរក្បាលរបស់គេដើម្បីគិត នៅតែពឹងផ្អែកលើចិត្តរបស់គេដើម្បីស្វែងយល់ នៅតែពឹងផ្អែកលើជើងរបស់គេដើម្បីដើរ និងនៅតែពឹងផ្អែកលើដៃរបស់គេដើម្បីធ្វើការ ។ល។ សភាវគតិទាំងអស់ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ដើម្បីឲ្យគេអាចទទួលយកការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ នៅតែមិនផ្លាស់ប្តូរ សមត្ថភាពដែលមនុស្សសហការជាមួយព្រះជាម្ចាស់មិនបានផ្លាស់ប្តូរ សមត្ថភាពរបស់មនុស្សជាតិសម្រាប់បំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើតមិនបានផ្លាស់ប្តូរ តម្រូវការផ្នែកព្រលឹងវិញ្ញាណរបស់មនុស្សជាតិមិនបានផ្លាស់ប្ដូរ ចំណង់របស់មនុស្សជាតិដើម្បីស្វែងរកប្រភពដើមរបស់គេមិនបានផ្លាស់ប្តូរ ហើយការទទូចសុំរបស់មនុស្សជាតិដើម្បីឲ្យព្រះអាទិករជួយសង្គ្រោះមិនបានផ្លាស់ប្តូរ។ ទាំងនេះគឺជាស្ថានភាពបច្ចុប្បន្នរបស់មនុស្សជាតិ ដែលរស់នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងដែលបានអត់ទ្រាំនឹងការបំផ្លាញដ៏ប្រឡាក់ឈាមដែលសាតាំងបានធ្វើ។ ទោះបីជាមនុស្សជាតិត្រូវទទួលរងនូវការសង្កត់សង្កិនរបស់សាតាំង ហើយលែងជាអ័ដាម និងអេវ៉ានៅដើមដំបូងនៃការបង្កើតតទៅទៀត ផ្ទុយទៅវិញមនុស្សពេញទៅដោយអ្វីៗដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដូចជាចំណេះដឹង ការគិតស្រមៃ សញ្ញាណ។ ល។ និងពេញទៅដោយនិស្ស័យដ៏ពុករលួយរបស់សាតាំងក៏ដោយ ក៏នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិនៅតែជាមនុស្សជាតិដូចដែលទ្រង់បានបង្កើតដដែល។ មនុស្សជាតិនៅត្រូវបានព្រះជាម្ចាស់ត្រួតត្រា និងចាត់ចែង ហើយមនុស្សជាតិនៅតែរស់នៅក្នុងមាគ៌ាដែលព្រះជាម្ចាស់បានចាប់ផ្តើម។ ដូច្នេះ នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ គឺគ្រាន់តែត្រូវបានគ្របដណ្តប់ដោយភាពកខ្វក់ មានក្រពះលាន់សូរសន្ធឹក មានប្រតិកម្មដែលយឺតបន្តិច មានការចងចាំដែលមិនល្អដូចមុន ហើយមានវ័យចំណាស់ជាងមុនបន្តិចប៉ុណ្ណោះ ក៏ប៉ុន្ដែតួនាទី និងសភាវៈគតិទាំងអស់របស់មនុស្សមិនផ្លាស់ប្តូរទាល់សោះឡើយ។ នេះគឺជាមនុស្សជាតិដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ។ មនុស្សជាតិនេះ គ្មានធ្វើអ្វីក្រៅពីស្តាប់ការត្រាស់ហៅរបស់ព្រះអាទិករ ហើយស្តាប់ព្រះសូរសៀងរបស់ព្រះអាទិករនោះទេ ហើយគេនឹងក្រោកឈរឡើង ហើយរួសរាន់ស្វែងរកប្រភពនៃព្រះសូរសៀងនេះ។ មនុស្សជាតិនេះគ្មានធ្វើអ្វីក្រៅពីសម្លឹងមើលសណ្ឋានរបស់ព្រះអាទិករនោះឡើយ ហើយគេនឹងមិនខ្វល់ខ្វាយពីរឿងផ្សេងទៀត ក៏បោះបង់គ្រប់យ៉ាង ដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ ព្រមទាំងប្រគល់ជីវិតរបស់គេថ្វាយទ្រង់ទៀតផង។ នៅពេលដែលចិត្តរបស់មនុស្សជាតិយល់ពីព្រះបន្ទូលដែលចេញពីព្រះហឫទ័យរបស់ព្រះអាទិករ នោះមនុស្សជាតិនឹងបដិសេធសាតាំង ហើយមកឈរនៅខាងព្រះអាទិករវិញ។ នៅពេលដែលមនុស្សជាតិបានបោសធូលីចេញពីរាងកាយរបស់គេទាំងស្រុង ហើយបានទទួលការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់របស់ព្រះអាទិករម្ដងទៀត នោះការចងចាំរបស់មនុស្សជាតិនឹងត្រូវបានស្តារឡើងវិញ ហើយនៅពេលនេះ មនុស្សជាតិនឹងបានវិលត្រឡប់ទៅកាន់ការត្រួតត្រារបស់ព្រះអាទិករវិញយ៉ាងពិតប្រាកដ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?