វិធីដែលព្រះជាម្ចាស់គ្រប់គ្រង និងត្រួតត្រាលើពិភពចក្កវាឡទាំងមូល

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅក្នុងភាពល្វឹងល្វើយនៃចក្រវាឡ និងនភាល័យ មានសភាវៈមានជីវិតរាប់មិនអស់កំពុងតែរស់រាន និងបន្តពូជទៅតាមក្រឹត្យក្រមវដ្ដជីវិត ហើយប្រកាន់ខ្ជាប់នូវក្រឹត្យក្រមដ៏ម៉ឺងម៉ាត់មួយ។ មនុស្សដែលស្លាប់ គឺស្លាប់ទៅទាំងយករឿងរ៉ាវមនុស្សដែលនៅរស់ទៅជាមួយ ឯមនុស្សដែលនៅរស់ គឺរស់ជាន់ដានប្រវត្តិសាស្ត្រសោកនាដកម្មដូចគ្នាដដែលៗរបស់មនុស្សដែលស្លាប់ទៅ។ ហេតុនេះហើយ មនុស្សជាតិគ្មានទីពឹងឡើយ មានតែពីសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងរស់រាន? ហើយហេតុអ្វីបានជាយើងស្លាប់? តើនរណាជាអ្នកបញ្ជាពិភពលោកនេះ? ហើយតើនរណាបានបង្កើតមនុស្សជាតិនេះឡើងមក? តើមនុស្សជាតិពិតជាកើតមកពីមាតាធម្មជាតិមែនទេ? តើមនុស្សជាតិ គឺជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងពិតប្រាកដទេ? ... ទាំងអស់នេះគឺជាចម្ងល់ ដែលមនុស្សចេះតែសួរឥតស្រាកស្រាន្ត អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ជាអកុសល កាលណាមនុស្សរឹតតែខ្វល់ចិត្តនឹងសំណួរទាំងអស់នេះ ពួកគេក៏រឹតតែស្រេកឃ្លានចង់ដឹងពីវិទ្យាសាស្ត្រដែរ។ វិទ្យាសាស្រ្តផ្ដល់ក្ដីសោមនស្សមួយរយៈខ្លី និងផ្ដល់ភាពរីករាយបណ្ដោះអាសន្នដល់សាច់ឈាម ប៉ុន្តែមិនល្មមនឹងរំដោះមនុស្សឲ្យរួចពីភាពត្រម៉ង់ត្រម៉ោច ភាពតែលតោល និងភាពភ័យខ្លាចដែលពិបាកបិទបាំង ព្រមទាំងភាពគ្មានទីពឹង ដែលកប់ជ្រៅនៅក្នុងចិត្តរបស់គេ។ មនុស្សជាតិគ្រាន់តែប្រើចំណេះដឹងផ្នែកវិទ្យាសាស្រ្តដែលគេអាចមើលឃើញនឹងភ្នែករបស់គេផ្ទាល់ ហើយយល់ដោយខួរក្បាលរបស់គេ ដើម្បីធ្វើឲ្យចិត្តរបស់គេស្ងប់ប៉ុណ្ណោះ។ ប៉ុន្តែ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តបែបនេះ មិនល្មមនឹងអាចបញ្ឈប់មនុស្សជាតិពីការស្រាវជ្រាវ សេចក្ដីអាថ៌កំបាំងឡើយ។ មនុស្សជាតិមិនស្គាល់ព្រះដែលប្រកបដោយអធិបតីភាពលើរបស់សព្វសារពើក្នុងពិភពលោកនេះជានរណាទេ គេក៏រឹតតែមិនដឹងពីដើមចម និងអនាគតរបស់មនុស្សជាតិទៅទៀត។ មនុស្សជាតិរស់នៅក្នុងក្រឹត្យក្រមនេះ ព្រោះតែវាមិនអាចចៀសផុតប៉ុណ្ណោះ។ គ្មាននរណាអាចគេចផុតពីក្រឹត្យក្រមនេះឡើយ ហើយក៏គ្មាននរណាអាចផ្លាស់ប្ដូរក្រឹត្យក្រមនេះដែរ ដ្បិតនៅក្នុងសព្វសារពើទាំងអស់ ទាំងនៅស្ថានសួគ៌ផង គឺមានតែព្រះមួយអង្គគត់ ពីអស់កល្បជានិច្ច ដល់អស់កល្បជានិច្ច ដែលមានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់មើលឃើញ គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់ដឹងឮ ជាព្រះដែលមនុស្សជាតិមិនជឿថា មានវត្តមានគង់នៅ ប៉ុន្តែ ទ្រង់ជាព្រះដែលបានផ្លុំខ្យល់ដង្ហើមជីវិតឲ្យបុព្វបុរសរបស់មនុស្សជាតិ ព្រមទាំងប្រទានជីវិតដល់មនុស្សជាតិផង។ ព្រះអង្គជាព្រះដែលផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់មនុស្សជាតិ ឲ្យគេបានរស់នៅ ហើយក៏ជាព្រះដែលបានដឹកនាំមនុស្សជាតិ ដរាបដល់សព្វថ្ងៃនេះដែរ។ ជាងនេះទៅទៀត ព្រះអង្គតែ១អង្គគត់ គឺជាព្រះដែលមនុស្សជាតិពឹងអាង ដើម្បីជីវិតរស់នៅ។ ទ្រង់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើ ហើយគ្រប់គ្រងសភាវៈមានជីវិតទាំងអស់នៅក្នុងសកលលោក។ ទ្រង់បង្គាប់ឲ្យមាន៤រដូវកាល ហើយទ្រង់ក៏ជាអ្នកបង្គាប់ឲ្យមានជាខ្យល់លំហើយ ខ្យល់ត្រជាក់ ព្រិល និងទឹកភ្លៀងទៀតផង។ ព្រះអង្គនាំពន្លឺព្រះអាទិត្យមកឲ្យមនុស្សជាតិ ហើយចាំយាមនៅពេលយប់។ ទ្រង់ក៏ជាអ្នកលាតសន្ធឹងផ្ទៃមេឃ និងផែនដី ទាំងប្រទានឲ្យមនុស្សជាតិមានភ្នំ បឹងបួរ ស្ទឹង និងទន្លេ ព្រមទាំងអ្វីៗសព្វសារពើដែលមាននៅក្នុងរបស់ទាំងនេះផង។ ស្នាព្រះហស្តទ្រង់នៅសព្វទីកន្លែង ព្រះចេស្ដាទ្រង់នៅសព្វទីកន្លែង ព្រះប្រាជ្ញាញាណទ្រង់នៅសព្វទីកន្លែង ហើយសិទ្ធិអំណាចរបស់ទ្រង់ក៏នៅសព្វទីកន្លែងដែរ។ ក្រឹត្យក្រម និងបញ្ញត្តិនីមួយៗ គឺជាគំរូពីស្នាព្រះហស្តទ្រង់ ក្រឹត្យក្រម និងបញត្តិនីមួយៗ ក៏ស្ដែងឲ្យឃើញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ទៀតផង។ តើនរណាអាចគេចខ្លួនផុតពីអធិបតេយ្យភាពរបស់ទ្រង់បាន? ហើយតើនរណាអាចដកខ្លួនចេញពីការរៀបចំរបស់ទ្រង់បាន? គ្រប់សភាវៈទាំងអស់សុទ្ធតែមានជីវិតនៅក្រោមការឃ្លាំមើលរបស់ទ្រង់ ហើយជាងនេះទៅទៀត គ្រប់សភាវៈទាំងអស់ សុទ្ធតែរស់រាននៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ ស្នាព្រះហស្ត និងព្រះចេស្ដារបស់ទ្រង់ ធ្វើឲ្យមនុស្សជាតិគ្មានជម្រើសអ្វីសោះ ក្រៅតែពីការទទួលស្គាល់ការពិតថា ទ្រង់មានវត្តមានគង់នៅយ៉ាងពិតប្រាកដ ហើយក៏មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់។ ក្រៅពីទ្រង់ គឺគ្មានអ្វីអាចបង្គាប់បញ្ជាចក្រវាឡនេះបានឡើយ ក៏រឹតតែគ្មានអ្វីអាចមកចិញ្ចឹមបីបាច់មនុស្សជាតិ ដោយឥតឈប់ឈរនោះបានឡើយ។ បើទោះបីជាអ្នកមិនអាចមើលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ ហើយបើទោះបីជាអ្នកមិនជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គ្មានអ្វីគួរសង្ស័យឡើយថា ជោគវាសនារបស់អ្នក គឺព្រះជាម្ចាស់បានកំណត់ទុក ហើយក៏គ្មានអ្វីគួរសង្ស័យទៀតថា ព្រះជាម្ចាស់នៅតែមានអធិបតេយ្យភាពលើគ្រប់សព្វសារពើជានិរន្ត។ ព្រះវត្តមាន និងសិទ្ធិអំណាចរបស់ទ្រង់ មិនមែនសំអាងលើកត្តាដែលមនុស្សជាតិទទួលស្គាល់ ឬមិនទទួលស្គាល់ ដឹងឮ ឬមិនដឹងឮនោះទេ។ មានតែព្រះអង្គទេដែលជ្រាបពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់មនុស្សជាតិ ហើយមានតែព្រះអង្គទេ ទើបអាចកំណត់ជោគវាសនារបស់មនុស្សជាតិ។ បើទោះបីជាអ្នកមិនអាចទទួលស្គាល់ការពិតនេះក៏ដោយ មិនយូរប៉ុន្មានមនុស្សជាតិនឹងឃើញការពិតទាំងអស់នេះផ្ទាល់នឹងភ្នែករបស់គេ ហើយនេះក៏ជាការពិត ដែលព្រះជាម្ចាស់នឹងនាំយកមកអនុវត្តផងដែរ។ មនុស្សរស់រាន និងបាត់បង់ជីវិត នៅក្រោមព្រះនេត្រទតមើលរបស់ព្រះជាម្ចាស់។ មនុស្សជាតិរស់នៅដើម្បីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយកាលណាគេបិទភ្នែករបស់គេជាលើកចុងក្រោយ ក៏គេបិទទៅដើម្បីការគ្រប់គ្រងនេះដែរ។ មនុស្សស្លាប់រស់ វិលវល់ទៅមក ម្ដងហើយម្ដងទៀត។ ទាំងអស់នេះ គឺសុទ្ធតែជាចំណែកមួយនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ គ្មានលើកលែងអ្វីសោះ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺមិនដែលឈប់សម្រាកម្ដងណាឡើយ កិច្ចការនេះវិវឌ្ឍទៅមុខជានិច្ច។ ព្រះអង្គនឹងធ្វើឲ្យមនុស្សជាតិដឹងពីអត្ថិភាពទ្រង់ ជឿលើអធិបតីភាពរបស់ទ្រង់ មើលឃើញស្នាព្រះហស្តទ្រង់ ហើយត្រឡប់មកក្នុងនគររបស់ទ្រង់វិញ។ នេះគឺជាផែនការរបស់ទ្រង់ ហើយជាកិច្ចការដែលទ្រង់កំពុងចាត់ចែងរាប់ពាន់ឆ្នាំមកហើយ។

(«ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មុនពេលដែលមនុស្សនេះមានរូបរាង ចក្រវាឡ រួមទាំង ភព និងហ្វូងតារាទាំងអស់នៅលើមេឃ បានមានរួចស្រេចទៅហើយ។ នៅកម្រិតម៉ាក្រូ តួនៅលើមេឃទាំងនេះបាន និងកំពុងធ្វើដំណើរគោចរជាទៀងទាត់សម្រាប់អត្ថិភាពទាំងអស់របស់វា ក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មិនថាវាមានវត្តមានប៉ុន្មានឆ្នាំនោះឡើយ។ ភពណាធ្វើដំណើរទៅកន្លែងណាក្នុងពេលវេលាជាក់លាក់ណាមួយ ភពណាធ្វើកិច្ចការណា ហើយនៅពេលណា ភពណាវិលជុំវិញគន្លងគោចរណា និងពេលណាដែលវាបាត់ទៅ ឬត្រូវជំនួសដោយភពមួយផ្សេង ទាំងអស់នេះសុទ្ធតែដំណើរការទៅ ដោយគ្មានកំហុសសូម្បីតែបន្ដិចឡើយ។ ទីតាំងនៃភព និងចម្ងាយរវាងភពមួយទៅភពមួយទៀត សុទ្ធតែដើរតាមលំនាំដ៏តឹងរ៉ឹង ហើយទាំងអស់នេះអាចត្រូវបានពណ៌នាថា ជាទិន្នន័យដ៏ច្បាស់លាស់។ គន្លងផ្លូវដែលភពទាំងនេះធ្វើដំណើរ ល្បឿន និងលំនាំនៃគន្លងគោចររបស់ពួកវា ពេលវេលាដែលវាស្ថិតនៅតាមទីតាំងផ្សេងៗ ទាំងអស់នេះសុទ្ធតែអាចត្រូវបានកម្រិតទុកយ៉ាងច្បាស់លាស់ និងត្រូវបានពណ៌នាដោយច្បាប់ពិសេស។ ភពនានាបានគោរពតាមច្បាប់ទាំងនេះអស់រយៈពេលជាយូរយារណាស់មកហើយ គឺគ្មានភាពលម្អៀងសូម្បីតែបន្ដិចឡើយ។ គ្មានអំណាចណាមួយអាចផ្លាស់ប្ដូរ ឬបង្អាក់ដំណើរគោចរ ឬលំនាំដែលវាដើរតាមឡើយ។ ដោយសារតែច្បាប់ពិសេសដែលបានគ្រប់គ្រងលើចលនារបស់វា ហើយដោយសារតែទិន្នន័យដ៏ច្បាស់លាស់ដែលពណ៌នាអំពីវា ត្រូវបានកំណត់ទុកជាមុន ដោយសិទ្ធិអំណាចរបស់ព្រះអាទិករ ដូច្នេះ ពួកវាត្រូវតែស្ដាប់តាមច្បាប់ទាំងនេះ ដោយស្ម័គ្រចិត្ត ក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះអាទិករ។ នៅកម្រិតម៉ាក្រូ វាមិនពិបាកសម្រាប់មនុស្សក្នុងការរកឃើញលំនាំ ទិន្នន័យ និងច្បាប់ប្លែកៗមួយចំនួនដែលពិបាកនឹងយល់ ឬអំពីបាតុភូតមួយចំនួននោះឡើយ។ ទោះបីមនុស្សមិនទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានមែន ឬទទួលយកការពិតថា ព្រះអាទិករបានបង្កើត និងមានអំណាចត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ហើយទោះបីជាគេមិនទទួលស្គាល់ពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីមនុស្ស តារាវិទូ និងរូបវិទូកំពុងតែរកឃើញកាន់តែច្រើនទៅៗថា អត្ថិភាពនៃរបស់សព្វសារពើនៅក្នុងចក្រវាឡ គោលការណ៍ផ្សេងៗ និងលំនាំដែលកំណត់ពីចលនារបស់ចក្រវាឡ សុទ្ធតែត្រូវបានគ្រប់គ្រង និងត្រួតត្រា ដោយថាមពលងងឹតមួយដ៏ធំល្វឹងល្វើយ និងមិនអាចមើលឃើញ។ ការពិតនេះជំរុញមនុស្សឲ្យប្រឈម និងទទួលស្គាល់ថា មានព្រះដ៏មានគ្រប់ព្រះចេស្ដាមួយអង្គនៅកណ្ដាលលំនាំនៃចលនាទាំងនេះ ដែលកំពុងតែចាត់ចែងអ្វីៗទាំងអស់។ ព្រះចេស្ដារបស់ទ្រង់ពិតជាអស្ចារ្យ ហើយទោះបីជាគ្មាននរណាអាចមើលឃើញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែគ្រប់គ្រង និងត្រួតត្រាអ្វីៗទាំងអស់នៅគ្រប់វិនាទីដដែល។ គ្មានមនុស្ស ឬកម្លាំងណាមួយអាចខ្លាំងលើសពីអធិបតេយ្យភាពរបស់ទ្រង់ឡើយ។ ដោយប្រឈមនឹងការពិតនេះ មនុស្សត្រូវតែទទួលស្គាល់ថា ច្បាប់ដែលគ្រប់គ្រងលើអត្ថិភាពនៃរបស់សព្វសារពើ មិនអាចត្រូវបានគ្រប់គ្រងដោយមនុស្ស និងមិនអាចត្រូវបានផ្លាស់ប្ដូរ ដោយនរណាម្នាក់នោះឡើយ។ គេក៏ត្រូវទទួលស្គាល់ថា មនុស្សមិនអាចយល់បានទាំងស្រុងអំពីច្បាប់ទាំងនេះឡើយ ហើយអ្វីៗទាំងនោះមិនមែនកំពុងតែកើតឡើងដោយឯកឯងឡើយ ប៉ុន្តែត្រូវបានបញ្ជាដោយព្រះមហាក្សត្រមួយអង្គដ៏ខ្ពង់ខ្ពស់បំផុតវិញ។ ទាំងអស់នេះគឺជាការស្ដែងចេញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលមនុស្សអាចសង្កេតឃើញនៅកម្រិតម៉ាក្រូ។

នៅកម្រិតមីក្រូវិញ គ្រប់ទាំងភ្នំ ទន្លេ បឹងបួ សមុទ្រ និងផ្ទៃដីដ៏ធំល្វឹងល្វើយ ដែលមនុស្សអាចមើលឃើញនៅលើផែនដី គ្រប់ទាំងរដូវកាលដែលគេមានពិសោធន៍ គ្រប់អ្វីៗដែលរស់នៅលើផែនដី រួមទាំង រុក្ខជាតិ សត្វ អតិសុខុមកាយ និងមនុស្ស សុទ្ធតែចំណុះក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់ របស់សព្វសារពើមានរូបរាង ឬរលាយបាត់ទៅវិញស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយមានច្បាប់ ដើម្បីគ្រប់គ្រងលើអត្ថិភាពទាំងនេះ ហើយពួកវាត្រូវចម្រើនឡើង និងបង្កើតកូនចៅឲ្យច្រើនឡើង ដើម្បីគោរពតាមច្បាប់ទាំងនោះ។ គ្មានមនុស្ស ឬអ្វីមួយដែលខ្ពស់ជាងច្បាប់ទាំងនេះឡើយ។ តើហេតុអ្វីទៅ? ចម្លើយតែមួយគត់គឺ៖ វាដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ឬអាចនិយាយមួយបែបទៀតថា វាគឺដោយសារតែព្រះតម្រិះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារតែសកម្មភាពរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះមានន័យថា វាជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលប្រទានឲ្យមានច្បាប់ទាំងនេះ ដែលត្រូវផ្លាស់វេន និងផ្លាស់ប្ដូរ ស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយការផ្លាស់វេន និងការផ្លាស់ប្ដូរទាំងនេះ សុទ្ធតែកើតឡើង ឬបាត់ទៅវិញ សម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានគូរព្រំដែនសម្រាប់ភ្នំ តំបន់វាលទំនាប វាលខ្សាច់ ភ្នំតូចៗ ទន្លេ និងបឹងបួរ។ នៅលើផែនដី មានភ្នំ តំបន់វាលទំនាប វាលខ្សាច់ និងភ្នំតូចៗ ក៏ដូចជាសណ្ឋានទឹកផ្សេងៗគ្នា។ ទាំងនេះ បង្កើតជាលក្ខណៈភូមិសាស្ត្រផ្សេងៗគ្នា មិនអ៊ីចឹងទេឬ? នៅចន្លោះពួកវា ព្រះជាម្ចាស់បានគូសព្រំដែន។ នៅពេលដែលយើងនិយាយអំពីការគូរព្រំដែន វាមានន័យថា ភ្នំមានបន្ទាត់របស់វា តំបន់វាលទំនាបមានបន្ទាត់ផ្ទាល់ខ្លួនរបស់វា វាលខ្សាច់មានដែនកំណត់ជាក់លាក់ ហើយភ្នំតូចៗមានផ្ទៃក្រឡាមិនប្រែប្រួលមួយ។ ក៏មានចំនួននៃសណ្ឋានរបស់ទឹកដែលមិនប្រែប្រួលផងដែរ ដូចជាទន្ល និងបឹងជាដើម។ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានបែងចែកគ្រប់យ៉ាងច្បាស់ណាស់។ ព្រះជាម្ចាស់បានកំណត់រួចជាស្រេច ពីចំនួនគីឡូម៉ែត្រនៃចម្ងាយរបស់ភ្នំនីមួយៗ និងទំហំរបស់វា។ ទ្រង់ក៏បានកំណត់ពីចំនួនគីឡូម៉ែត្រនៃចម្ងាយរបស់តំបន់វាលទំនាបនីមួយៗ និងទំហំរបស់វាផងដែរ។ នៅពេលបង្កើតរបស់សព្វសារពើ ទ្រង់ក៏បានកំណត់ដែនកំណត់នៃវាលខ្សាច់ ក៏ដូចជាបរិវេណនៃភ្នំតូចៗ ទំហំរបស់វា និងព្រំដែនដែលពួកវាជាប់ជាមួយ។ ទាំងអស់នេះ ត្រូវបានកំណត់ដោយទ្រង់។ ទ្រង់បានកំណត់បរិវេណរបស់ទន្លេ និងបឹងបួ អំឡុងពេលដែលទ្រង់បង្កើតពួកវា គឺពួកវាទាំងអស់មានព្រំដែនរបស់ពួកវា។ ដូច្នេះ នៅពេលដែលយើងនិយាយអំពី «ព្រំដែន» តើមានន័យដូចម្តេច? យើងទើបតែបាននិយាយអំពីវិធីដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ តាមរយៈការបង្កើតបញ្ញត្តិសម្រាប់របស់សព្វសារពើ។ មានន័យថា បរិវេណ និងព្រំដែន នៃភ្នំទាំងឡាយ នឹងមិនរីក ឬរួម ដោយសារតែការវិលរបស់ផែនដី ឬក៏ការកន្លងផុតទៅនៃពេលវេលានោះទេ។ ពួកវាមិនប្រែប្រួល មិនផ្លាស់ប្តូរ ហើយគឺជាព្រះជាម្ចាស់ដែលបង្គាប់បញ្ជាការមិនផ្លាស់ប្តូររបស់ពួកវានោះ។ សម្រាប់ផ្ទៃក្រឡានៃតំបន់វាលទំនាប បរិវេណរបស់ពួកវា ព្រំដែនជាប់ជាមួយពួកវា ទាំងនេះត្រូវបានកំណត់ដោយព្រះជាម្ចាស់។ ពួកវាមានព្រំដែនរបស់ពួកវា ហេតុដូចនេះ វានឹងមិនអាចទៅរួចនោះទេ ដែលទួលមួយនៃផែនដីអាចងើបចេញពីតំបន់វាលទំនាបមួយដោយចៃដន្យនោះ។ វាលទំនាបមិនអាចក្លាយជាភ្នំមួយភ្លាមៗបានទេ រឿងនេះមិនអាចទៅរួចឡើយ។ នេះគឺជាអន្ថន័យនៃបញ្ញត្តិ និងព្រំដែន ដែលយើងទើបតែបាននិយាយ។ ចំពោះវាលខ្សាច់ យើងនឹងមិនលើកឡើងអំពីតួនាទីជាក់លាក់របស់វាលខ្សាច់ ឬក៏ប្រភេទនៃលក្ខណៈភូមិសាស្ត្រផ្សេងទៀត ឬក៏តំបន់ភូមិសាស្ត្រ នៅទីនេះនោះទេ យើងនឹងនិយាយតែអំពីព្រំដែនរបស់ពួកវាប៉ុណ្ណោះ។ នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ដែនកំណត់នៃវាលខ្សាច់ក៏នឹងមិនរីកបានដែរ។ នេះដោយសារតែព្រះជាម្ចាស់បានប្រទានបញ្ញត្តិដែលជាដែនកំណត់របស់វា ដល់វា។ ទំហំនៃផ្ទៃក្រឡារបស់វា តួនាទីរបស់វា ព្រំដែននៅជាប់វា និងទីតាំងរបស់វា ទាំងនេះគឺត្រូវបានកំណត់ដោយព្រះជាម្ចាស់រួចហើយ។ វានឹងមិនទៅហួសពីដែនកំណត់របស់វា ឬផ្លាស់ប្តូរទីតាំងរបស់វា ហើយផ្ទៃក្រឡារបស់វានឹងមិនរីកតាមអំពើចិត្តនោះទេ។ ទោះបីជាលំហូរនៃទឹក ដូចជាទន្លេ និងបឹងបួ ក៏សុទ្ធតែមានសណ្តាប់ធ្នាប់ និងដំណើរការទៅមុខជាបន្តបន្ទាប់ដែរ ពួកវានឹងមិនដែលផ្លាស់ទីនៅខាងក្រៅបរិវេណ ឬក្រៅព្រំដែនរបស់ពួកវានោះទេ។ ពួកវាទាំងអស់ហូរក្នុងទិសដៅមួយ គឺជាទិសដៅដែលពួកវាត្រូវបានកំណត់ឲ្យហូរ តាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ដូច្នេះ នៅក្រោមបញ្ញត្តិនៃការត្រួតត្រារបស់ព្រះជាម្ចាស់ គ្មានទន្លេ ឬបឹងបួ នឹងរីងស្ងួតតាមអំពើចិត្ត ឬផ្លាស់ប្តូរទិសដៅ ឬចំនួននៃលំហូររបស់វា ដោយសារការវិលរបស់ផែនដី ឬការកន្លងហួសទៅនៃពេលវេលា ទៅតាមអំពើចិត្តនោះទេ។ គ្រប់យ៉ាងទាំងអស់នេះ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ អាចនិយាយបានថា របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតនៅក្នុងចំណោមមនុស្សជាតិ មានទីតាំងកំណត់ ផ្ទៃក្រឡា និងដែនកំណត់របស់ពួកវា។ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នោះព្រំដែនរបស់ពួកវាត្រូវបានបង្កើត ហើយពួកវាមិនអាចកែប្រែ ធ្វើជាថ្មីឡើងវិញ ឬផ្លាស់ប្តូរតាមអំពើចិត្តបានទេ។ តើ «តាមអំពើចិត្ត» មានន័យដូចម្តេច? វាមានន័យថា ពួកវានឹងមិនផ្លាស់ប្តូរ ពង្រីក ឬប្រែប្រួលសណ្ឋានរបស់ពួកវាដោយចៃចន្យ ដោយសារអាកាសធាតុ សីតុណ្ហភាព ឬល្បឿនបង្វិលនៃផែនដីនោះទេ។ ឧទាហរណ៍ ភ្នំមួយមានកម្ពស់ជាក់លាក់មួយ ទីតាំងរបស់វាគឺមានផ្ទៃក្រឡាជាក់លាក់មួយ វាមានរយៈកម្ពស់ជាក់លាក់មួយ ហើយវាមានចំនួនរុក្ខជាតិដ៏ជាក់លាក់មួយ។ ទាំងអស់នេះ សុទ្ធតែត្រូវបានដាក់ផែនការ និងគន់គូរដោយព្រះជាម្ចាស់ ហើយវានឹងមិនផ្លាស់ប្តូរតាមអំពើចិត្តនោះទេ។ ចំពោះតំបន់វាលទំនាប មនុស្សភាគច្រើនរស់នៅតំបន់វាលទំនាប ហើយគ្មានការប្រែប្រួលនៃអាកាសធាតុដែលនឹងមានឥទ្ធិពលដល់ផ្ទៃក្រឡា ឬតម្លៃនៃអត្ថិភាពរបស់តំបន់វាលទំនាបនោះទេ។ សូម្បីតែវត្ថុដែលមាននៅក្នុងលក្ខណៈភូមិសាស្ត្រផ្សេងៗ និងបរិស្ថានភូមិសាស្ត្រផ្សេងៗទាំងនេះ ដែលព្រះជាម្ចាស់បានបង្កើត ក៏នឹងមិនអាចផ្លាស់ប្តូរតាមអំពើចិត្តបានដែរ។ ឧទាហរណ៍ ធាតុផ្សំនៃវាលខ្សាច់ ប្រភេទនៃស្រទាប់រ៉ែក្នុងដី ចំនួនគ្រាប់ខ្សាច់ និងព័ណ៌របស់វាដែលមាននៅវាលខ្សាច់ កម្រាស់នៃវាលខ្សាច់ ទាំងអស់នេះនឹងមិនផ្លាស់ប្តូរតាមអំពើចិត្តនោះទេ។ ហេតុអ្វីបានជាវាមិនអាចផ្លាស់ប្តូរតាមអំពើចិត្តបាន? គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងលក្ខណៈភូមិសាស្ត្រ និងបរិស្ថានភូមិសាស្ត្រខុសៗគ្នាដែលព្រះជាម្ចាស់បានបង្កើតមកទាំងអស់នេះ ទ្រង់កំពុងតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ និងបានដាក់ផែនការជាមុន។ ដូច្នេះ បរិស្ថានភូមិសាស្ត្រទាំងអស់នេះ នៅតែមានអត្ថិភាព ហើយកំពុងតែបន្តបំពេញតួនាទីរបស់វាដដែល អស់រយៈពេលរាប់ពាន់ រាប់ម៉ឺនឆ្នាំ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតពួកវា។ ទោះបីជាមានរយៈពេលជាក់លាក់នៅពេលដែលភ្នំភ្លើងផ្ទុះ ឬរយៈពេលនៅពេលដែលរញ្ជួយផែនដីកើតឡើង ហើយមានការប្រែប្រួលមួយចំនួនធំនៃដីក៏ដោយ ក៏ព្រះជាម្ចាស់ពិតជានឹងមិនអនុញ្ញាតឲ្យលក្ខណៈភូមិសាស្ត្រណាមួយ បាត់បង់តួនាទីដើមរបស់វាឡើយ។ ដោយសារតែការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់លើបញ្ញត្តិទាំងនេះប៉ុណ្ណោះ ទើបគ្រប់យ៉ាងដែលមនុស្សជាតិមើលឃើញ និងរីករាយ អាចរស់នៅលើផែនដីទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់គ្រប់គ្រងលក្ខណៈភូមិសាស្ត្រផ្សេងៗដែលមាននៅលើផែនដីទាំងអស់នេះ តាមវិធីនេះ? បំណងព្រះហឫទ័យរបស់ទ្រង់គឺថា វត្ថុមានជីវិតដែលរស់នៅក្នុងបរិស្ថានភូមិសាស្ត្រខុសៗគ្នា នឹងមានបរិស្ថានដ៏ស្ថិរភាពមួយ ប្រយោជន៍ឲ្យពួកវាអាចបន្តរស់នៅ និងបង្កើតកូនចៅច្រើនឡើងនៅក្នុងបរិស្ថានដ៏មានស្ថិរភាពនោះ។ របស់សព្វសារពើទាំងអស់នេះ ទាំងរបស់ដែលផ្លាស់ទី និងរបស់ដែលមិនផ្លាស់ទី ទាំងរបស់ដែលដកដង្ហើមតាមរន្ធច្រមុះរបស់ពួកវា និងរបស់ដែលមិនដកដង្កើមតាមរន្ធច្រមុះ បង្កើតជាបរិស្ថានមួយសម្រាប់ការរស់នៅរបស់មនុស្សជាតិ។ មានតែបរិស្ថានប្រភេទនេះទេ ដែលអាចចិញ្ចឹមបីបាច់មនុស្សពីមួយជំនាន់ទៅមួយជំនាន់បាន ហើយមានតែបរិស្ថានប្រភេទនេះទេ ដែលអាចអនុញ្ញាតឲ្យមនុស្សបន្តរស់នៅដោយសុខសាន្ត ពីមួយជំនាន់ទៅមួយជំនាន់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត គឺមានបញ្ញត្តិផ្ទាល់ខ្លួនសម្រាប់រស់នៅ មិនថាពួកវាស្ថិតនៅកន្លែងតែមួយមិនអាចផ្លាស់ទីបាន មិនថាពួកវាអាចដកដង្ហើមតាមរន្ធច្រមុះរបស់ពួកវានោះទេ។ មុនពេលដែលព្រះជាម្ចាស់បានបង្កើតភាវៈមានជីវិតទាំងនេះ ទ្រង់បានរៀបចំសម្រាប់ពួកវានូវផ្ទះផ្ទាល់ខ្លួនរបស់ពួកវា និងបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា តាំងពីយូរយារណាស់មកហើយ។ ភាវៈមានជីវិតទាំងនេះមានបិរស្ថានសម្រាប់ការរស់នៅដោយមិនប្រែប្រួលផ្ទាល់ខ្លួនរបស់ពួកវា និងទីកន្លែងដែលមានសីតុណ្ហភាពសមស្របសម្រាប់ការរស់នៅរបស់ពួកវា។ ដូច្នេះ ពួកវាមិនធ្វើដំណើរដោយគ្មានទិសដៅ ឬបំផ្លាញការរស់នៅរបស់មនុស្ស ឬក៏ធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់មនុស្សនោះទេ។ នេះគឺជាវិធីដែលព្រះជាម្ចាស់គ្រប់គ្រងរបស់សព្វសារពើ ដោយទ្រង់ប្រទានដល់មនុស្សនូវបរិស្ថានដ៏ល្អបំផុតមួយសម្រាប់ការរស់នៅ។ ភាវៈមានជីវិតនៅក្នុងរបស់សព្វសារពើ សុទ្ធតែមានអាហារទ្រទ្រង់ជីវិតផ្ទាល់ខ្លួនរបស់ពួកវា នៅក្នុងបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា។ តាមរយៈអាហារនោះ ពួកវាផ្សារភ្ជាប់ទៅនឹងបរិស្ថានសម្រាប់ការរស់នៅដើមរបស់ពួកវា។ នៅក្នុងបរិស្ថានប្រភេទនោះ ពួកវាបន្តរស់នៅ បង្កើតកូនចៅច្រើនឡើង និងធ្វើដំណើរឆ្ពោះទៅមុខ ផ្អែកទៅលើបញ្ញត្តិដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកវា។ ដោយសារតែបញ្ញត្តិប្រភេទនេះ និងដោយសារការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ ទើបរបស់សព្វសារពើ រស់នៅក្នុងភាពស្រុះស្រួលជាមួយមនុស្ស ហើយមនុស្សរស់នៅជាមួយគ្នា ដោយការពឹងពាក់គ្នាទៅវិញទៅមកជាមួយនឹងរបស់សព្វសារពើ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានប្រើវិធីសាស្ត្រ និងមធ្យោបាយគ្រប់ប្រភេទដើម្បីធ្វើឲ្យពួកវាមានតុល្យភាព ដើម្បីធ្វើឲ្យស្ថានភាពភ្នំ និងបឹងបួ រុក្ខជាតិ និងសត្វ បក្សាបក្សី និងសត្វល្អិតគ្រប់ប្រភេទមានតុល្យភាព។ គោលដៅរបស់ទ្រង់គឺអនុញ្ញាតឲ្យភាវៈមានជីវិតគ្រប់ប្រភេទទាំងអស់រស់នៅ និងបង្កើនចំនួននៅក្រោមបញ្ញត្តិដែលទ្រង់បានបង្កើត។ គ្មានវត្ថុណាមួយដែលទ្រង់បានបង្កើតមក អាចចេញក្រៅពីបញ្ញត្តិទាំងនេះបានទេ ហើយបញ្ញត្តិទាំងនេះក៏មិនអាចត្រូវរំលោភបំពានបានដែរ។ មានតែនៅក្នុងបរិស្ថានជាមូលដ្ឋានប្រភេទនេះប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅ និងបង្កើនចំនួនដោយសុវត្ថិភាពពីជំនាន់មួយទៅជំនាន់មួយ។ ប្រសិនបើសត្វមានជីវិតណាមួយលើសពីចំនួន និងទំហំដែលព្រះជាម្ចាស់បានបង្កើត ឬប្រសិនបើវាលើសពីអត្រាកំណើន ភាពញឹកញាប់នៃការបន្តពូជ ឬក៏លើសពីចំនួនដែលទ្រង់បានកំណត់ នោះបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិ នឹងទទួលរងនូវការបំផ្លាញក្នុងកម្រិតផ្សេងៗគ្នា។ ហើយស្របពេលជាមួយគ្នានេះ ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបានគម្រាមកំហែង។ ប្រសិនបើសត្វមានជីវិតមួយប្រភេទ មានចំនួនច្រើនពេក វានឹងប្លន់អាហារពីមនុស្ស វានឹងបំផ្លាញប្រភពទឹករបស់មនុស្ស ហើយវានឹងបំផ្លាញកន្លែងកំណើតរបស់ពួកគេ។ តាមរយៈវិធីនោះ ការបន្តពូជរបស់មនុស្សជាតិ ឬសភាពនៃការរស់នៅនឹងទទួលរងឥទ្ធពលភ្លាមៗ។ ឧទាហរណ៍ ទឹកគឺមានសារៈសំខាន់សម្រាប់របស់សព្វសារពើ។ ប្រសិនមានសត្វកណ្តុរ សត្វស្រមោច សត្វកណ្តូប សត្វកង្កែប ឬសត្វប្រភេទណាមួយច្រើនពេក ពួកវានឹងផឹកទឹកច្រើនជាងមុន។ ពេលដែលចំនួនទឹកដែលពួកវាផឹកកើនឡើង នោះទឹកសម្រាប់ពិសារបស់មនុស្ស និងប្រភពទឹកដែលនៅក្នុងទំហំកំណត់នៃប្រភពទឹកពិសា និងតំបន់ដែលមានទឹកនានានឹងត្រូវបានកាត់បន្ថយ ហើយពួកគេនឹងជួបប្រទះនូវការខ្វះខាតទឹក។ ប្រសិនបើទឹកពិសារបស់មនុស្សត្រូវបានបំផ្លាញ ត្រូវបានធ្វើឲ្យកខ្វក់ ឬត្រូវបានកាត់ផ្តាច់ដោយសារតែសត្វគ្រប់ប្រភេទមានចំនួនកើនឡើង ហើយស្ថិតក្រោមបរិស្ថានសម្រាប់ការរស់នៅដ៏អាក្រក់ប្រភេទនោះ ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើត្រឹមតែវត្ថុមានជីវិតមួយប្រភេទ ឬច្រើនប្រភេទកើនហួសពីចំនួនសមស្របរបស់ពួកវា នោះខ្យល់ សីតុណ្ហភាព សំណើម និងសូម្បីតែសមាសធាតុផ្សំនៃខ្យល់នៅក្នុងទីតាំងសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបំពុល និងបំផ្លាញនៅក្នុងកម្រិតផ្សេងៗ។ ស្ថិតក្រោមស្ថានភាពបែបនេះ ការរស់នៅ និងជោគវាសនារបស់មនុស្សនឹងទទួលរងនូវការគម្រាមកំហែង ដែលបង្កឡើងដោយកត្តាធម្មជាតិទាំងនេះ។ ដូច្នេះ ប្រសិនបើតុល្យភាពទាំងនេះត្រូវបាត់បង់ នោះខ្យល់ដែលមនុស្សដកដង្ហើមនឹងត្រូវខូច ទឹកដែលពួកគេផឹកនឹងកខ្វក់ ហើយសីតុណ្ហភាពដែលពួកគេត្រូវការក៏នឹងផ្លាស់ប្តូរដែរ ហើយនឹងត្រូវរងផលប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នា។ ប្រសិនបើរឿងនោះកើតឡើង នោះបរិស្ថានសម្រាប់ការរស់នៅដែលជាកម្មសិទ្ធកេរ្ត៍តំណែលរបស់មនុស្សជាតិ នឹងទទួលរងផលប៉ះពាល់ និងជួបបញ្ហាប្រឈមជាច្រើន។ នៅក្នុងសេនារីយោដែលបរិស្ថានសម្រាប់ការរស់នៅជាមូលដ្ឋានរបស់មនុស្សត្រូវបានបំផ្លាញប្រភេទនេះ តើជោគវាសនា និងក្តីរំពឹងរបស់មនុស្សជាតិនឹងទៅជាអ្វី? នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ! ដោយសារតែព្រះជាម្ចាស់ទ្រង់ជ្រាបពីហេតុផលនៃអត្ថិភាពរបស់វត្ថុនីមួយៗដែលទ្រង់បានបង្កើតមក គឺដើម្បីផលប្រយោជន៍របស់មនុស្សជាតិ ទ្រង់ជ្រាបពីតួនាទីរបស់វត្ថុគ្រប់ប្រភេទដែលទ្រង់បានបង្កើត ទ្រង់ជ្រាបពីផលប៉ះពាល់ដែលវត្ថុនីមួយៗមានចំពោះមនុស្សជាតិ និងកម្រិតនៃផលប្រយោជន៍ដែលវាផ្តល់សម្រាប់មនុស្សជាតិ ហើយដោយសារតែនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានផែនការមួយសម្រាប់វត្ថុទាំងអស់នេះ ហើយទ្រង់គ្រប់គ្រងទិដ្ឋភាពនីមួយៗនៃរបស់សព្វសារពើដែលទ្រង់បានបង្កើត ដូច្នេះហើយទើបកិច្ចការនីមួយៗដែលទ្រង់ធ្វើ គឺមានសារៈសំខាន់ ហើយចាំបាច់សម្រាប់មនុស្សជាតិខ្លាំងណាស់។ ដូច្នេះ ចាប់ពីពេលនេះតទៅ នៅពេលដែលអ្នកសង្កេតពិនិត្យទៅលើបរិស្ថានធម្មជាតិនៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក ឬសង្កេតពិនិត្យច្បាប់ធម្មជាតិមួយចំនួនដែលកំពុងប្រើប្រាស់នៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក នោះអ្នកនឹងលែងឆ្ងល់ពីភាពចាំបាច់នៃវត្ថុនីមួយៗដែលព្រះជាម្ចាស់បង្កើតតទៅទៀតហើយ។ អ្នកនឹងលែងប្រើប្រាស់ពាក្យសម្តីដែលមិនដឹងអី ដើម្បីធ្វើការកាត់សេចក្តីដោយរំលោភបំពានទៅលើការរៀបចំរបស់សព្វសារពើរបស់ព្រះជាម្ចាស់ និងវិធីនៃការផ្គត់ផ្គង់នានារបស់ទ្រង់សម្រាប់មនុស្សតទៅទៀតហើយ ហើយអ្នកក៏នឹងលែងសន្និដ្នានដោយរំលោភបំពានទៅលើបញ្ញត្តិរបស់ព្រះជាម្ចាស់ សម្រាប់របស់សព្វសារពើដែលទ្រង់បានបង្កើតមកតទៅទៀតដែរ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

អត្ថិភាព នៃពិភពខាងវិញ្ញាណ គឺជាប់ទាក់ទងយ៉ាងស្អិតរមួតទៅនឹងពិភពរូបីរបស់មនុស្សជាតិ។ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងវដ្ដនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ នេះគឺជាតួនាទីរបស់វា ហើយនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុមួយចំនួនដែលវត្តមានរបស់វាមានសារៈសំខាន់។ ដោយសារតែវាគឺជាកន្លែងមួយដែលមិនអាចដឹងដោយសារវិញ្ញាណទាំងប្រាំ នោះគ្មាននរណាម្នាក់អាចវិនិច្ឆ័យឲ្យត្រឹមត្រូវថា តើពិភពខាងវិញ្ញាណមាន ឬមិនមាននោះទេ។ កម្លាំងផ្សេងៗរបស់វា គឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងវត្តមានរបស់មនុស្ស ដែលជាលទ្ធផល លំដាប់លំដោយនៃជីវិតរបស់មនុស្សជាតិក៏ទទួលឥទ្ធិពលយ៉ាងច្រើនពីពិភពខាងវិញ្ញាណផងដែរ។ តើនេះជាប់ពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឬអត់? វាជាប់ពាក់ព័ន្ធ។ នៅពេលដែលខ្ញុំនិយាយបែបនេះ អ្នករាល់គ្នាយល់ពីមូលហេតុដែលខ្ញុំកំពុងតែពិភាក្សាអំពីប្រធានបទនេះ៖ គឺដោយសារតែវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ក៏ដូចជាការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងពិភពបែបនេះ ដែលជាពិភពមនុស្សមិនអាចមើលឃើញ រាល់បទបញ្ជា បញ្ញត្តិ និងប្រព័ន្ធរដ្ឋបាលនៃស្ថានសួគ៌ គឺខ្ពស់ជាងច្បាប់ និងប្រព័ន្ធនៃជាតិនានារបស់ពិភពរូបី ហើយគ្មានភាវៈមានជីវិតនៅក្នុងពិភពនេះ ហ៊ានល្មើស ឬបំពាននោះទេ។ តើនេះទាក់ទងនឹងអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឬទេ? នៅក្នុងពិភពខាងវិញ្ញាណ មានបញ្ញត្តិរដ្ឋបាលច្បាស់លាស់ បទបញ្ជានៃស្ថានសួគ៌ច្បាស់លាស់ និងលក្ខន្តិកៈច្បាស់លាស់។ នៅតាមកម្រិតខុសៗគ្នា និងនៅតាមតំបន់ផ្សេងៗគ្នា ឆ្មាំនានាគឺគោរពយ៉ាងតឹងរឹងចំពោះតួនាទីរបស់ពួកវា ហើយប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយ ដោយសារពួកគេដឹងពីអ្វីដែលជាផលវិបាកនៃការរំលោភបំពានបទបញ្ជានៃស្ថានសួគ៌ទាំងនោះ។ ពួកគេដឹងយ៉ាងច្បាស់ពីវិធីដែលព្រះជាម្ចាស់ដាក់ទោសទង្វើអាក្រក់ និងប្រទានរង្វាន់ដល់ទង្វើល្អ និងវិធីដែលទ្រង់គ្រប់គ្រង និងត្រួតត្រាលើរបស់សព្វសារពើ។ ជាងនេះទៅទៀត ពួកគេមើលឃើញយ៉ាងច្បាស់ពីវិធីដែលទ្រង់អនុវត្តបទបញ្ជា និងលក្ខន្តិកៈនៃស្ថានសួគ៌របស់ទ្រង់។ តើទាំងនេះ ខុសគ្នាពីពិភពរូបីដែលមនុស្សជាតិរស់នៅដែរឬទេ? ពួកវាពិតជាខុសគ្នាយ៉ាងខ្លាំង។ ពិភពខាងវិញ្ញាណគឺជាពិភពដែលមានលក្ខណៈខុសគ្នាស្រឡះពីពិភពរូបី ដោយសារតែមានបទបញ្ជា និងលក្ខន្តិកៈនៃស្ថានសួគ៌ នេះគឺទាក់ទងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ការគ្រប់គ្រង ហើយជាងនេះទៅទៀតគឺទាក់ទងទៅនឹងនិស្ស័យរបស់ទ្រង់ ក៏ដូចជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានបង្កើតបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធនៃស្ថានសួគ៌ផ្សេងៗនៅក្នុងពិភពខាងវិញ្ញាណ ហើយនៅពេលដែលបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធទាំងនេះត្រូវបានប្រកាស ពួកវាត្រូវបានអនុវត្តយ៉ាងតឹងរឹងណាស់ គឺព្រះជាម្ចាស់បានកំណត់ និងកំណត់ដោយតួនាទីផ្លូវការផ្សេងៗនៅក្នុងពិភពខាងវិញ្ញាណ ហើយគ្មាននរណាម្នាក់ហ៊ានបំពានពួកវានោះទេ។ ដូច្នេះហើយ នៅក្នុងវដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិនៅក្នុងពិភពរបស់មនុស្ស មិនថានរណាម្នាក់យកកំណើតសាជាថ្មីជាសត្វ ឬជាមនុស្សនោះទេ គឺមានច្បាប់សម្រាប់ទាំងពីរប្រភេទនេះ។ ដោយសារច្បាប់ទាំងនេះមកពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ហ៊ានបំពានច្បាប់ទាំងនេះ ឬនរណាម្នាក់អាចរំលោភបំពានពួកវាបាននោះទេ។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នេះ និងដោយសារតែបញ្ញត្តិបែបនេះមានវត្តមានប៉ុណ្ណោះ ទើបពិភពរូបីដែលមនុស្សមើលឃើញ គឺទៀងទាត់ និងមានសណ្តាប់ធ្នាប់។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នេះប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅ យ៉ាងស្ងប់សុខជាមួយនឹងពិភពផ្សេងមួយទៀតដែលពួកគេមើលមិនឃើញទាល់តែសោះ ហើយពួកគេអាចរស់នៅក្នុងភាពសុខដុមរមនាជាមួយពិភពនោះបាន។ ទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បាននោះទេ។ បន្ទាប់ពីជីវិតខាងសាច់ឈាមរបស់មនុស្សម្នាក់ស្លាប់បាត់ទៅ ព្រលឹងរបស់គេនៅតែមានជីវិត ដូច្នេះ តើនឹងមានអ្វីកើតឡើងប្រសិនបើវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់? ព្រលឹងនឹងដើរត្រាច់ចរគ្រប់ទីកន្លែង ដោយទន្ទ្រានគ្រប់ទីកន្លែង និងអាចបង្កគ្រោះថ្នាក់ដល់វត្ថុមានជីវិតនៅក្នុងពិភពរបស់មនុស្សទៀតផង។ គ្រោះថ្នាក់បែបនោះមិនត្រឹមតែកើតឡើងតែចំពោះមនុស្សជាតិនោះទេ ថែមទាំងរុក្ខជាតិ និងសត្វថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលទទួលរងគ្រោះថ្នាក់ដំបូងគេ គឺមនុស្ស។ ប្រសិនបើព្រលឹងនេះគ្មានការគ្រប់គ្រង ហើយបើរឿងនេះកើតឡើង គឺវាបង្កគ្រោះថ្នាក់ដល់មនុស្សជាប្រាកដ ហើយពិតជាធ្វើរឿងអាក្រក់ៗជាក់ជាមិនខាន នោះព្រលឹងនេះក៏នឹងត្រូវបានដោះស្រាយនៅក្នុងពិភពខាងវិញ្ញាណយ៉ាងសមស្របផងដែរ៖ ប្រសិនបើវាធ្ងន់ធ្ងរ នោះព្រលឹងនឹងលែងមានវត្តមានតទៅទៀតយ៉ាងឆាប់ ហើយនឹងត្រូវបំផ្លាញ។ ប្រសិនបើអាចទៅរួច ព្រលឹងនេះនឹងត្រូវដាក់នៅកន្លែងណាមួយ ហើយក្រោយមកក៏យកកំណើតសាជាថ្មី។ មានន័យថា ការគ្រប់គ្រងវិញ្ញាណនានារបស់ពិភពខាងវិញ្ញាណ គឺត្រូវបានបញ្ជា និងអនុវត្តដោយផ្អែកលើជំហាន និងច្បាប់។ គឺដោយសារការគ្រប់គ្រងបែបនេះប៉ុណ្ណោះ ទើបពិភពរូបីរបស់មនុស្សមិនបានធ្លាក់ក្នុងភាពវឹកវរ ទើបមនុស្សនៃពិភពរូបីមានចិត្តគំនិតធម្មតា ហេតុផលធម្មតា និងជីវិតផ្នែកសាច់ឈាមតាមការចង់បាន។ មានតែបន្ទាប់ពីមនុស្សជាតិមានជីវិតធម្មតាបែបនេះប៉ុណ្ណោះ ទើបអស់អ្នកដែលរស់នៅក្នុងសាច់ឈាមនឹងអាចបន្តបង្កើតកូនចៅច្រើនឡើង និងបន្តពូជអស់ជាច្រើនជំនាន់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

សេចក្តីស្លាប់របស់ភាវៈមានជីវិត ដែលជាទីបញ្ចប់នៃជីវិតផ្នែករូបកាយបញ្ជាក់ឲ្យឃើញថា ភាវៈមានជីវិតបានឆ្លងកាត់ពីពិភពរូបីទៅក្នុងពិភពខាងវិញ្ញាណ ខណៈដែលកំណើតនៃជីវិតផ្នែករូបកាយថ្មីមួយបញ្ជាក់ឲ្យឃើញថា ភាវៈមានជីវិតបានមកពីពិភពខាងវិញ្ញាណទៅក្នុងពិភពខាងរូបី ហើយចាប់ផ្តើមធ្វើ និងបំពេញតួនាទីរបស់វា។ មិនថាជាការចាកចេញ ឬការមកដល់នៃភាវៈមួយនោះទេ ទាំងពីរនេះគឺមិនអាចកាត់ផ្តាច់ពីកិច្ចការនៃពិភពខាងវិញ្ញាណបានឡើយ។ ត្រឹមពេលដែលមនុស្សម្នាក់មកនៅក្នុងពិភពរូបី នោះការរៀបចំ និងការកំណត់ដ៏សមរម្យ ត្រូវបានព្រះជាម្ចាស់បង្កើតរួចជាស្រេចនៅក្នុងពិភពខាងវិញ្ញាណ ក៏ដូចជាគ្រួសារដែលមនុស្សនោះនឹងទៅ ទីកន្លែងដែលពួកគេនឹងមកដល់ ម៉ោងដែលពួកគេនឹងមកដល់ និងតួនាទីដែលពួកគេត្រូវបំពេញ។ ដោយហេតុនេះ ជីវិតទាំងមូលរបស់បុគ្គលម្នាក់នេះ រួមមានរឿងដែលពួកគេធ្វើ និងផ្លូវដែលពួកគេជ្រើសរើស នឹងដំណើរការទៅដោយផ្អែកលើការរៀបចំ ដែលត្រូវបានបង្កើតនៅក្នុងពិភពខាងវិញ្ញាណ ដោយគ្មានការកាត់ផ្តាច់ពីគ្នាបន្តិចនោះទេ។ ជាងនេះទៅទៀត ពេលវេលាដែលជីវិតផ្នែករូបកាយបញ្ចប់ ព្រមទាំង របៀបនិងទីកន្លែងដែលវាបញ្ចប់ គឺច្បាស់លាស់ និងអាចមើលឃើញបានសម្រាប់ពិភពខាងវិញ្ញាណ។ ព្រះជាម្ចាស់ត្រួតត្រាពិភពរូបី ហើយទ្រង់ក៏ត្រួតត្រាពិភពខាងវិញ្ញាណផងដែរ។ ទ្រង់នឹងមិនពន្យារវដ្ដធម្មតានៃជីវិត និងសេចក្តីស្លាប់របស់ព្រលឹង ឬបង្កើតកំហុសណាមួយនៅក្នុងការរៀបចំនៃវដ្តនោះ នោះទេ។ ឆ្មាំទ្វានីមួយៗនៅក្នុងតំណែងផ្លូវការនៃពិភពខាងវិញ្ញាណ អនុវត្តកិច្ចការរៀងៗខ្លួនរបស់ពួកគេ ហើយធ្វើកិច្ចការដែលពួកគេគួរធ្វើ ដោយផ្អែកលើការណែនាំ និងបញ្ញត្តិរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅក្នុងពិភពនៃមនុស្សជាតិ បាតុភូតសម្ភារៈនីមួយៗដែលមនុស្សមាន គឺមានសណ្តាប់ធ្នាប់ ហើយគ្មានភាពវឹកវរនោះទេ។ ទាំងអស់នេះគឺអាស្រ័យលើការត្រួតត្រាដ៏មានសណ្តាប់ធ្នាប់របស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ក៏ដូចជាសិទ្ធិអំណាចរបស់ទ្រង់ក្នុងការត្រួតត្រាលើរបស់សព្វសារពើដែរ។ ការគ្រប់គ្រងរបស់ទ្រង់រួមមាន ពិភពខាងរូបីដែលមនុស្សរស់នៅ ហើយជាងនេះទៅទៀត ពិភពខាងវិញ្ញាណដែលមើលមិនឃើញនៅពីក្រោយមនុស្សជាតិ។ ដូច្នេះហើយ ប្រសិនបើមនុស្សមានបំណងចង់មានជីវិតដ៏ល្អប្រសើរ ហើយសង្ឃឹមរស់នៅក្នុងបរិស្ថានដ៏ល្អ បន្ថែមលើពិភពរូបីដែលអាចមើលឃើញទាំងអស់ដែលបានប្រទានឲ្យពួកគេ នោះពួកគេក៏ត្រូវតែបានប្រទាននូវពិភពខាងវិញ្ញាណផងដែរ ជាពិភពដែលគ្មាននរណាម្នាក់អាចមើលឃើញ និងជាពិភពដែលគ្រប់គ្រងភាវៈមានជីវិតនីមួយៗជំនួសឲ្យមនុស្សជាតិ ព្រមទាំងជាពិភពដែលមានសណ្តាប់ធ្នាប់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ជោគវាសនារបស់មនុស្ស និងរបស់ចក្រវាឡ មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយនឹងអធិបតេយ្យភាពរបស់ព្រះអាទិករ ដោយត្រូវបានចងប្រទាក់គ្នាយ៉ាងញឹកស្អេកទៅនឹងការចាត់ចែងរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ជោគវាសនាទាំងនោះមិនអាចដាច់ចេញពីសិទ្ធិអំណាចរបស់ព្រះអាទិករនោះឡើយ។ នៅក្នុងច្បាប់នៃរបស់សព្វសារពើ មនុស្សចាប់ផ្ដើមយល់អំពីការចាត់ចែងរបស់ព្រះអាទិករ និងអធិបតេយ្យភាពរបស់ទ្រង់ ហើយនៅក្នុងច្បាប់អំពីការរស់រានមានជីវិតនៃរបស់សព្វសារពើ គេចាប់ផ្ដើមយល់អំពីអភិបាលកិច្ចរបស់ព្រះអាទិករ។ នៅក្នុងជោគវាសនានៃរបស់សព្វសារពើ គេចាប់ផ្ដើមពិចារណាទៅលើផ្លូវដែលព្រះអាទិករអនុវត្តអធិបតេយ្យភាពរបស់ទ្រង់ និងត្រួតត្រាលើវាសនាទាំងនោះ។ ហើយនៅក្នុងវដ្ដជីវិតរបស់មនុស្ស និងរបស់សព្វសារពើ មនុស្សចាប់ផ្ដើមដកពិសោធន៍យ៉ាងពិតប្រាកដអំពីការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករសម្រាប់របស់សព្វសារពើ និងភាវៈមានជីវិត ហើយចាប់ផ្ដើមមើលឃើញផ្ទាល់នឹងភ្នែកអំពីរបៀបដែលការចាត់ចែង និងការរៀបចំទាំងនោះ ធ្វើនិរាករច្បាប់ ក្បួន និងស្ថាប័នទាំងអស់នៅលើផែនដី គ្រប់ទាំងអំណាច និងកងកម្លាំងទាំងអស់។ វាកើតឡើងបែបនេះ ដើម្បីបង្ខំមនុស្សឲ្យទទួលស្គាល់ថា អធិបតេយ្យភាពរបស់ព្រះអាទិករមិនអាចត្រូវបានបំពាន ដោយភាវៈណាមួយដែលព្រះបានបង្កើតមក និងទទួលស្គាល់ថា គ្មានកម្លាំងណាមួយអាចដណ្ដើម ឬផ្លាស់ប្ដូរព្រឹត្តិការណ៍ និងអ្វីៗដែលត្រូវបានកំណត់ទុកជាស្រេច ដោយព្រះអាទិករនោះឡើយ។ ដោយសារតែអ្វីៗទាំងនេះស្ថិតនៅក្រោមច្បាប់ និងគោលការណ៍របស់ព្រះជាម្ចាស់ហើយ ទើបមនុស្ស និងរបស់សព្វសារពើត្រូវរស់នៅ និងកើនចំនួនច្រើនឡើងពីមួយជំនាន់ទៅមួយជំនាន់។ តើនេះមិនមែនជាការតំណាងដ៏ពិតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករទេឬអី?

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនហើយ។ ការបំពេញតួនាទីរបស់អ្នកនៅក្នុងផែនការរបស់ព្រះជាម្ចាស់ និងនៅក្នុងការចាត់តាំងរបស់ទ្រង់ គឺអ្នកចាប់ផ្ដើមដំណើរជីវិតរបស់ខ្លួនហើយ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយដំណើរដែលនៅខាងមុខអ្នកយ៉ាងណានោះទេ គឺគ្មាននរណាម្នាក់អាចគេចផុតពីការរៀបចំ និងការចាត់ចែងរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងជោគវាសនារបស់ខ្លួនបានទេ ដ្បិតមានតែទ្រង់ដែលគ្រប់គ្រង លើអ្វីៗទាំងអស់ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលមនុស្សបានកើតមក ព្រះជាម្ចាស់បានធ្វើកិច្ចការនេះរួចទៅហើយ ដោយទ្រង់គ្រប់គ្រងលើចក្រវាឡទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់អ្វីៗទាំងអស់ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្ស ក៏ដូចជាអ្វីៗទាំងអស់ដែរ គឺត្រូវបានចិញ្ចឹមបីបាច់ដោយស្ងៀមស្ងាត់ និងដោយមិនដឹងខ្លួន តាមរយៈភាពផ្អែមល្ហែម និងទឹកភ្លៀង ព្រមទាំងទឹកសន្សើមដែលមកពីព្រះជាម្ចាស់ ហើយមនុស្សក៏រស់នៅក្រោមការរៀបចំនៃព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួនដែរ។ ព្រះជាម្ចាស់ក្រសោបដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅក្នុងព្រះហស្ដទ្រង់ ហើយគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្សសុទ្ធតែត្រូវបានមើលឃើញនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿនោះទេ អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់។

(«ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សលោក ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សលោកទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចលួងលោមចិត្តមនុស្សលោកបានហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សលោកទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សលោក មិនអាចកាត់ផ្ដាច់ចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងវប្បធម៌របស់មនុស្សលោក មិនអាចកែប្រែឲ្យខុសពីគម្រោងការណ៍របស់ព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ កើតឡើងស្របទៅតាមគ្រោងការណ៍របស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍មួយបាន ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រង់គ្រងដំណើរជីវិតរបស់មនុស្សនេះ។ ប្រសិនបើមនុស្សលោកចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រែចិត្ត និងលន់តួបាបនៅចំពោះព្រះជាម្ចាស់ ពុំនោះទេ វាសនានិងគោលដៅរបស់មនុស្សលោក នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

............

ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់អ្នកកំពុងរីកចម្រើន ប៉ុន្តែ ប្រសិនបើអ្នកអនុញ្ញាតឲ្យប្រជាជនអ្នក វង្វេងចេញពីព្រះជាម្ចាស់ ដូច្នេះ ប្រទេសនោះនឹងត្រូវឃ្លាតឆ្ងាយពីព្រះពររបស់ព្រះជាម្ចាស់។ អរិយធម៌នៃប្រទេសរបស់អ្នក នឹងត្រូវគេជាន់ឈ្លីកាន់តែច្រើនឡើង មិនយូរប៉ុន្មាន មនុស្សនឹងក្រោកឡើងទាស់ទទឹងនឹងព្រះជាម្ចាស់ និងដាក់បណ្ដាសាស្ថានសួគ៌ជាមិនខាន។ ដូច្នេះហើយ វាសនានៃប្រទេសនោះនឹងត្រូវវិនាសហិនហោចទាំងមិនឲ្យមនុស្សដឹង។ ព្រះជាម្ចាស់ នឹងលើកប្រទេសដែលមានអំណាចឲ្យខ្ពស់ឡើង ដើម្បីប្រឈមមុខជាមួយប្រទេសនានា ដែលព្រះជាម្ចាស់បានដាក់បណ្ដាសា ហើយអាចនឹងកម្ចាត់ប្រទេសទាំងនោះឲ្យអស់ពីផែនដីផង។ ការងើបឡើង និងការធ្លាក់ចុះនៃប្រទេស ឬជាតិសាសន៍មួយ គឺអាស្រ័យត្រង់ថា មេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេដឹកនាំប្រជាជនរបស់ពួកគេឲ្យមានភាពស្និទស្នាលជាមួយព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ដែរឬអត់។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ដោយសារមនុស្សដែលស្វែងរក និងថ្វាយបង្គំព្រះជាម្ចាស់ពិតប្រាកដ កាន់តែកម្រ ទើបព្រះជាម្ចាស់ប្រទាន ការអនុគ្រោះពិសេស ចំពោះប្រទេសនានា ដែលយកគ្រីស្ទសាសនា ជាសាសនារបស់រដ្ឋ។ ទ្រង់ប្រមូលផ្ដុំប្រទេសទាំងនោះ បញ្ចូលគ្នា ដើម្បីបង្កើតជាជំរុំសុចរិតបណ្ដោះអាសន្នរបស់ពិភពលោក ចំណែកប្រទេសដែលមិនជឿលើព្រះ និងអស់អ្នកណាដែលមិនថ្វាយបង្គំព្រះដ៏ពិត នឹងក្លាយជាសត្រូវនៃជំរុំសុចរិតនេះ។ ដោយបែបនេះ ព្រះជាម្ចាស់មិនត្រឹមតែមានកន្លែងមួយនៅក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាននូវបណ្ដាប្រទេសដែលអាចអនុវត្តសិទ្ធិអំណាចសុចរិត ដោយអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម និងការដាក់កំហិតលើប្រទេសដែលប្រឆាំងទាស់នឹងទ្រង់។ បើទោះបីជាបែបនេះក្ដី ក៏មានមនុស្សតិចតួចណាស់ ដែលមក ថ្វាយបង្គំព្រះជាម្ចាស់ ដ្បិតមនុស្សលោកបានវង្វេងឆ្ងាយខ្លាំងពី ទ្រង់ រួចមនុស្សបានបំភ្លេចព្រះជាម្ចាស់ជាយូរមកហើយ។ មានតែប្រទេសដែលអនុវត្តតាមសេចក្តីសុចរិត និងប្រឆាំងទាស់នឹងសេចក្តីទុច្ចរិតទេ ទើបនៅមានវត្តមានលើផែនដី។ ប៉ុន្តែ ការនេះ នៅឆ្ងាយពីព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ណាស់ ដ្បិតគ្មានមេដឹកនាំប្រទេសណា នឹងអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើប្រជាជនរបស់ពួកគេឡើយនិងគ្មានគណបក្សនយោបាយណាមួយ ដែលនឹងប្រមូលផ្ដុំប្រជាជនរបស់ខ្លួន ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានបាត់បង់ឋានៈពេញសិទ្ធិរបស់ទ្រង់នៅក្នុងដួងចិត្តនៃគ្រប់បណ្ដាប្រទេស ជាតិសាសន៍ គណបក្សកាន់អំណាចទាំងអស់និងសូម្បីតែក្នុង ដួងចិត្តនៃមនុស្សគ្រប់រូប។ ថ្វីបើអំណាចដ៏សុចរិត មានពិតនៅក្នុងពិភពលោកនេះ តែប្រភេទអំណាចដ៏ផុយស្រួយ ដែលធ្វើឲ្យព្រះគង់ក្នុងដួងចិត្តរបស់គេមិនបាន គឺនៅតែមាន។ ប្រសិនបើគ្មានព្រះពរពីព្រះជាម្ចាស់ទេ សង្វៀននយោបាយត្រូវធ្លាក់ក្នុងភាពច្របូកច្របល់ និងងាយស្រួលរងនូវការវាយប្រហារ។ សម្រាប់មនុស្សលោក ការដែលគ្មាន ព្រះពរពីព្រះជាម្ចាស់ គឺដូចជាការដែលគ្មានព្រះអាទិត្យដូច្នោះដែរ។ មិនថា មេដឹកនាំប្រឹងប្រែងបម្រើប្រជាជនរបស់ពួកគេយ៉ាងណានោះទេ មិនថា មនុស្សលោកមានជំនុំសុចរិតច្រើនប៉ុនណា ក៏ក្នុងចំណោមកត្តាទាំងអស់នេះ គ្មានអ្វីនឹងផ្លាស់ប្ដូរដំណើរនៃហេតុការណ៍ ឬផ្លាស់ប្ដូរវាសនារបស់មនុស្សលោកបានឡើយ។ មនុស្សជឿថា ប្រទេសមួយដែលប្រជាជនមានចំណីអាហារ និងសម្លៀកបំពាក់ នៅក្នុងប្រទេសដែលពួកគេអាចរស់នៅរួមគ្នាដោយសុខសាន្ត ហើយមានអ្នកដឹកនាំល្អ គឺជាប្រទេសល្អ។ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានគិតដូច្នេះឡើយ។ ទ្រង់ជឿថា ប្រទេសមួយដែលគ្មាននរណាថ្វាយបង្គំទ្រង់ គឺជាប្រទេសដែលទ្រង់ត្រូវធ្វើឲ្យវិនាសហិនហោច។ របៀបគិតគូររបស់មនុស្សលោក គឺខុសគ្នាស្រឡះពីការគិតរបស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើអ្នកដឹកនាំប្រទេសមួយ ពុំថ្វាយបង្គំព្រះជាម្ចាស់ដូច្នេះ វាសនារបស់ប្រទេសនោះ នឹងត្រូវជួបគ្រោះមហន្តរាយ ហើយប្រទេសនោះនឹងគ្មានគោលដៅច្បាស់លាស់ទេ។

ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ ហើយគ្មានមនុស្សគ្មានប្រទេស ឬជាតិសាសន៍ណាមួយ ត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន ដូចនេះ គេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ត្រូវធ្វើឲ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន និងធ្វើឲ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច។

(«ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃការបង្កើត សិទ្ធិអំណាចរបស់ទ្រង់គឺមានតែមួយគត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ លោកុប្បត្តិ ១:៣-៥...

វិធីដែលព្រះជាម្ចាស់បានដឹកនាំ និងផ្គត់ផ្គង់សម្រាប់មនុស្សជាតិរហូតដល់សព្វថ្ងៃនេះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង...

មានតែទ្រង់ដែលអាចបង្កើត និងត្រួតត្រាលើស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ ទើបជាព្រះជាម្ចាស់ពិតតែមួយ ដែលជាព្រះអម្ចាស់នៃការបង្កើត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ ហើយគ្រប់គ្រងលើរបស់សព្វសារពើ។...

គ្មានទេវតាណាមួយអាចត្រូវបានហៅថាជាព្រះជាម្ចាស់ឡើយ ពីព្រោះពួកគេមិនអាចបង្កើតស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើឡើយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក...