អ្វីដែលព្រះជាម្ចាស់សន្យាចំពោះអស់អ្នកដែលបានទទួលសេចក្ដីសង្គ្រោះ និងអស់អ្នកដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នគរព្រះកំពុងពង្រីកនៅក្នុងចំណោមមនុស្ស វាកំពុងតែលេចរូបរាងនៅក្នុងចំណោមមនុស្ស ហើយវាកំពុងតែឈរនៅក្នុងចំណោមមនុស្ស។ គ្មានកម្លាំងណាអាចបំផ្លាញនគររបស់ខ្ញុំបានទេ។ នៅក្នុងចំណោមប្រជារាស្ត្ររបស់ខ្ញុំដែលនៅក្នុងនគរព្រះបច្ចុប្បន្ននេះ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមិនមែនជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សទាំងអស់? តើនរណាក្នុងចំណោមពួកអ្នក ដែលដេកនៅខាងក្រៅស្ថានភាពរបស់មនុស្ស? នៅពេលដែលចំណុចចាប់ផ្តើមថ្មីរបស់ខ្ញុំត្រូវបានប្រកាសដល់ហ្វូងមនុស្សទាំងឡាយ តើមនុស្សនឹងមានប្រតិកម្មយ៉ាងដូចម្តេច? អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែករបស់អ្នករាល់គ្នាហើយ អំពីសភាពរបស់មនុស្សជាតិ តើអ្នកនៅតែមិនមានសង្ឃឹមពិតប្រាកដក្នុងការស៊ូទ្រាំជារៀងរហូតនៅក្នុងពិភពលោកនេះឬ? ខ្ញុំកំពុងតែយាងគ្រប់ទីកន្លែងជាមួយប្រជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំរស់នៅកណ្តាលចំណោមពួកគេ។ បច្ចុប្បន្ននេះ អស់អ្នកដែលមានសេចក្តីស្រលាញ់ពិតចំពោះខ្ញុំ មនុស្សប្រភេទនេះគឺជាមនុស្សដែលមានព្រះពរ។ មានពរហើយអស់អ្នកណាដែលថ្វាយខ្លួនដល់ខ្ញុំ ពួកគេនឹងស្នាក់នៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលស្គាល់ខ្ញុំ ពួកគេនឹងកាន់កាប់អំណាចនៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលដើរតាមខ្ញុំ ពួកគេនឹងគេចផុតពីចំណងរបស់សាតាំង ហើយរីករាយនឹងព្រះពររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលអាចបោះបង់ខ្លួនឯង ដ្បិតពួកគេនឹងចូលទៅក្នុងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយទទួលបានអំណោយនៃនគររបស់ខ្ញុំទុកជាមរតក។ ខ្ញុំនឹងចងចាំអស់អ្នកដែលរត់ស្វះស្វែងដើម្បីខ្ញុំ ខ្ញុំនឹងឱបអស់អ្នកដែលបានចំណាយដើម្បីខ្ញុំដោយអំណរ ហើយខ្ញុំនឹងប្រទានភាពរីករាយដល់អស់អ្នកណាដែលថ្វាយដង្វាយដល់ខ្ញុំ។ ខ្ញុំនឹងប្រទានពរដល់អស់អ្នកណាដែលស្វែងរកភាពរីករាយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ពួកគេនឹងក្លាយជាសរសដែលទប់បង្គោលនគររបស់ខ្ញុំយ៉ាងពិតប្រាកដ ពួកគេនឹងមានភាពបរិបូរណ៍ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងដំណាក់របស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមជាមួយពួកគេបានទេ។ តើអ្នករាល់គ្នាធ្លាប់បានទទួលយកព្រះពរ ដែលបានផ្តល់ដល់អ្នករាល់គ្នាហើយឬនៅ? តើអ្នករាល់គ្នាធ្លាប់ស្វែងរកសេចក្តីសន្យា ដែលបានធ្វើសម្រាប់អ្នករាល់គ្នាហើយឬនៅ? ក្រោមការចង្អុលបង្ហាញនៃពន្លឺរបស់ខ្ញុំ អ្នករាល់គ្នាប្រាកដជានឹងយកឈ្នះការហ៊ុមព័ទ្ធនៃកម្លាំងរបស់ភាពងងឹត។ នៅកណ្តាលភាពងងឹត អ្នកប្រាកដជានឹងមិនបាត់បង់ពន្លឺដែលកំពុងដឹកនាំអ្នកនោះទេ។ អ្នកប្រាកដជានឹងក្លាយជាម្ចាស់នៃរបស់សព្វសារពើទាំងអស់។ អ្នកប្រាកដជានឹងក្លាយជាអ្នកដែលមានជ័យជម្នះម្នាក់នៅចំពោះមុខសាតាំង។ នៅពេលដែលអាណាចក្រនៃនាគដ៏ធំមានសម្បុរក្រហមដែលមានពណ៌ក្រហមដួលរលំ នោះអ្នកប្រាកដជានឹងក្រោកឈរនៅកណ្តាលហ្វូងមនុស្សជាច្រើន ដើម្បីធ្វើបន្ទាល់អំពីភាពជោគជ័យរបស់ខ្ញុំ។ អ្នកប្រាកដជានឹងឈរយ៉ាងរឹងមាំ និងមិនរង្គោះរង្គើ នៅក្នុងដែនដីនៃស៊ីនីម។ តាមរយៈការរងទុក្ខដែលអ្នកស៊ូទ្រាំ អ្នកនឹងទទួលព្រះពររបស់ខ្ញុំ ហើយនឹងផ្សាយសីរីរុងរឿងរបស់ខ្ញុំទៅទូទាំងពិភពលោកទាំងមូលជាក់ជាមិនខាន។

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយពួកគេអាចអាស្រ័យផលនៃព្រះពរជាមួយគ្នានឹងព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបរស់នៅអស់កល្បជានិច្ច ហើយមានតែពួកគេទេ ទើបអាចរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សស្រឡាញ់ ហើយទ្រង់ក៏ស័ក្ដិសមនឹងឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចស្រឡាញ់ទ្រង់បាននោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយទទួលព្រះចេស្ដាជាមួយនឹងព្រះជាម្ចាស់ដែរ។ ពួកមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ គេអាចដើរគ្រប់ទីកន្លែងនៅក្រោមមេឃ ដោយគ្មាននរណាហ៊ានប្រឆាំងទាស់នឹងពួកគេឡើយ ហើយពួកគេពួកគេអាចប្រើអនុភាពនៅលើផែនដី ហើយគ្រប់គ្រងរាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ ដោយសារពួកគេអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងអាចថ្វាយការប្រឹងប្រែងទាំងអស់របស់គេ សម្រាប់កិច្ចការរបស់ព្រះអង្គបាន។ មនុស្សទាំងនេះ មកជុំគ្នាពីគ្រប់ទីកន្លែង ក្នុងពិភពលោក។ ពួកគេនិយាយភាសាខុសៗគ្នា ហើយមានសម្បុរស្បែកខុសៗគ្នា តែវត្តមានជីវិតរបស់ពួកគេមានអត្ថន័យដូចៗគ្នា។ ពួកគេសុទ្ធតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេមានទីបន្ទាល់ដូចគ្នា និងមានការតាំងចិត្តដូចគ្នា ហើយមានសេចក្ដីប្រាថ្នាដូចគ្នាផង។ មនុស្សដែល ស្រឡាញ់ព្រះជាម្ចាស់ គេអាចដើរពេញពិភពលោកដោយ សេរី ចំណែកឯមនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ អាចធ្វើដំណើរទៅទូទាំងសកលលោកទៀតផង។ មនុស្សទាំងនេះ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ពួកគេទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច។

(«អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយផ្អែកលើមុខងារ និងទីបន្ទាល់ផ្សេងៗរបស់ពួកគេ ពួកអ្នកមានជ័យជម្នះនៅក្នុងនគរព្រះ នឹងបម្រើក្នុងមុខងារជាសង្ឃ ឬជាអ្នកដើរតាមហើយអស់អ្នកដែលមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនា នឹងក្លាយជាសមាជិកនៃគណៈសង្ឃនៅក្នុងនគរព្រះ។ គណៈសង្ឃនឹងត្រូវបង្កើតឡើងនៅពេលដែលកិច្ចការនៃដំណឹងល្អនៅទូទាំងសកលលោកបានមកដល់ទីបញ្ចប់។ នៅពេលដែលគ្រានោះមកដល់ ការដែលមនុស្សគួរតែធ្វើ នឹងក្លាយជាការបំពេញតាមភារកិច្ចរបស់គេនៅក្នុងនគររបស់ព្រះជាម្ចាស់ និងរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងនគរព្រះ។ នៅក្នុងគណៈសង្ឃ វានឹងមានសម្ដេចសង្ឃ និងសង្ឃ ហើយអ្នកផ្សេងទៀតនឹងក្លាយជាបុត្រា និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ការនេះត្រូវបានកំណត់ដោយទីបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ក្នុងអំឡុងពេលនៃទុក្ខវេទនា ហើយទាំងនេះមិនមែនជាងារដែលត្រូវបានផ្ដល់ជូនទាំងឥតហេតុផលនោះឡើយ។ នៅពេលដែលឋានៈរបស់មនុស្សត្រូវបានតាំងឡើង នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវឈប់ ដ្បិតមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទ និងត្រលប់ទៅកាន់មុខងារដើមរបស់គេ ហើយនេះគឺជាសញ្ញានៃការសម្រេចកិច្ចការរបស់ព្រះជាម្ចាស់ វាជាលទ្ធផលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស ហើយវាជារូបតំណាងឲ្យនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចសហប្រតិបត្តិការរបស់មនុស្ស។ ចុងបញ្ចប់ មនុស្សនឹងរកឃើញសេចក្តីស្ងប់សុខនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់ក៏នឹងយាងត្រលប់ទៅកាន់ព្រះដំណាក់របស់ទ្រង់ ដើម្បីសម្រាកដែរ។ ការនេះនឹងបានជាលទ្ធផលចុងក្រោយនៃកិច្ចសហប្រតិបត្តិការរយៈពេល៦០០០ឆ្នាំ រវាងព្រះជាម្ចាស់ និងមនុស្ស។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលកិច្ចការនៃការយកឈ្នះបានបញ្ចប់ជាស្ថាពរ មនុស្សនឹងត្រូវនាំទៅកាន់ពិភពលោកមួយដ៏ស្រស់បំព្រង។ ជាការពិតណាស់ ជីវិតនេះនឹងមាននៅលើផែនដី ប៉ុន្តែវានឹងខុសគ្នាទាំងស្រុងពីជីវិតរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះ។ វាគឺជាជីវិតដែលមនុស្សនឹងត្រូវមាន ក្រោយពីមនុស្សជាតិទាំងមូលត្រូវបានយកឈ្នះវានឹងក្លាយជាការចាប់ផ្ដើមជាថ្មីសម្រាប់មនុស្សនៅលើផែនដី ហើយការដែលធ្វើឲ្យមនុស្សមានជីវិតមួយបែបនេះ នឹងក្លាយជាសេចក្ដីសំអាង ដែលបញ្ជាក់ថាមនុស្សបានចូលទៅក្នុងពិភពថ្មីមួយដែលស្រស់បំព្រង។ វានឹងក្លាយជាការចាប់ផ្ដើមនៃជីវិតរបស់មនុស្ស និងព្រះជាម្ចាស់នៅលើផែនដី។ ការសន្យាសម្រាប់ជីវិតដ៏ស្រស់បំព្រងក្រោយពីមនុស្សត្រូវបានបន្សុទ្ធ និងយកឈ្នះរួចមក គឺគេនឹងត្រូវចុះចូលនៅចំពោះព្រះអាទិករ។ ហេតុនេះហើយ កិច្ចការនៃការយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅមុនពេលដែលមនុស្សចូលទៅក្នុងគោលដៅដ៏អស្ចារ្យនេះ។ ជីវិតបែបនេះ គឺជាជីវិតរបស់មនុស្សនៅលើផែនដីនាពេលអនាគត ជាជីវិតដ៏ស្រស់បំព្រងនៅលើផែនដី ជាជីវិតដែលមនុស្សទន្ទឹងចង់បាន ជាប្រភេទនៃជីវិតដែលមនុស្សមិនធ្លាប់ឈានដល់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកឡើយ។ វាគឺជាលទ្ធផលចុងក្រោយនៃកិច្ចការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំ។ វាគឺជាអ្វីដែលមនុស្សស្រេក ឃ្លានចង់បានបំផុត ហើយវាក៏ជាការសន្យា របស់ព្រះជាម្ចាស់ ចំពោះមនុស្សផងដែរ។ ប៉ុន្តែ ការសន្យានេះ មិនអាចចូលមកដល់ភ្លាមៗនោះទេ។ មនុស្សនឹងចូលទៅក្នុងគោលដៅអនាគត នៅពេលណាដែលកិច្ចការនៃគ្រាចុងក្រោយបង្អស់ ត្រូវបានបញ្ចប់រួចរាល់ និងពេលដែលមនុស្សត្រូវបានយកឈ្នះរួចទាំងស្រុងតែប៉ុណ្ណោះ ពោលគឺនៅពេលណាដែលសាតាំងត្រូវបានយកឈ្នះទាំងស្រុង។ បន្ទាប់ពីមនុស្សត្រូវបានបន្សុទ្ធរួច គេនឹងលែងមានសារជាតិបាបទៀតហើយ ដ្បិតព្រះជាម្ចាស់បានយកឈ្នះលើសាតាំងជាស្រេចហើយ មានន័យថា នឹងគ្មានការឈ្លានពានដោយអំណាចទទឹងហើយគ្មានអំណាចទទឹងណាមួយដែលអាចវាយប្រហារលើសាច់ឈាមរបស់មនុស្សបានឡើយ។ ដូចនេះហើយ មនុស្សនឹងត្រូវដោះលែងឲ្យមានសេរីភាព និងបានបរិសុទ្ធ គេនឹងបានចូលទៅក្នុងភាពអស់កល្បជានិច្ច។

(«ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលមនុស្សសម្រេចជីវិតជាមនុស្សពិតនៅលើផែនដី ហើយអំណាចទាំងស្រុងរបស់សាតាំងត្រូវបានដាក់ជាបាវបម្រើ នោះមនុស្សនឹងរស់នៅលើផែនដី បានងាយស្រួល។ រឿងរ៉ាវនានានឹងមិនស្មុគ្រស្មាញដូចជាពេលសព្វថ្ងៃនេះទេ៖ ទំនាក់ទំនងរបស់មនុស្ស ទំនាក់ទំនងសង្គម ទំនាក់ទំនងគ្រួសារដែលស្មុគ្រស្មាញ នាំមកនូវបញ្ហាជាច្រើន នាំមកនូវការឈឺចាប់យ៉ាងក្រៃលែង! ជីវិតរបស់មនុស្សនៅទីនេះ គឺវេទនាខ្លាំងណាស់! នៅពេលណាដែលមនុស្សត្រូវបានយកឈ្នះរួចហើយ ដួងចិត្តនិងចិត្តគំនិតរបស់គេ នឹងត្រូវបំផ្លាស់បំប្រែ៖ គេនឹងមានដួងចិត្តមួយដែលគោរពកោតខ្លាចនិងស្រឡាញ់ព្រះជាម្ចាស់។ នៅពេលណាដែលអស់អ្នកទាំងឡាយដែលស្ថិតក្នុងសាកលលោកនេះ ដែលស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់ ត្រូវបានយកឈ្នះរួចហើយ ពោលគឺនៅពេលដែលសាតាំងត្រូវបានបង្ក្រាបរួចហើយ ហើយនៅពេលដែលសាតាំង (គ្រប់អំណាចនៃភាពងងឹតទាំងអស់) ត្រូវបានដាក់ជាបាវបម្រើរួច នោះជីវិតរបស់មនុស្សនៅលើផែនដីនឹងលែងមានបញ្ហាទៀត ហើយគេនឹងអាចរស់នៅនៅលើផែនដីបានដោយសេរី។ ប្រសិនបើជីវិតរបស់មនុស្សមិនមានទំនាក់ទំនងខាងសាច់ឈាម និងគ្មានភាពស្មុគ្រស្មាញខាងសាច់ឈាមទេ នោះជីវិតនេះនឹងកាន់តែមានភាពងាយស្រួលជាងមុន។ ទំនាក់ទំនងរបស់មនុស្សខាងសាច់ឈាម មានភាពស្មុគ្រស្មាញយ៉ាងខ្លាំង ហើយការដែលមនុស្សមានអ្វីទាំងអស់ទាំងនេះ គឺជាសេចក្ដីសម្អាងដែលបញ្ជាក់ថា គេមិនទាន់បានរំដោះខ្លួនចេញផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នាជាមួយបងប្អូនប្រុស និងបងប្អូនស្រីរបស់អ្នក ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នា ជាមួយសមាជិកគ្រួសាររបស់អ្នក នោះអ្នកនឹងគ្មានក្ដីកង្វល់ និងមិនចាំបាច់ត្រូវព្រួយបារម្ភអំពីនរណាម្នាក់ឡើយ។ គ្មានអ្វីល្អប្រសើរជាងនេះឡើយ ហើយបែបនេះ មនុស្សនឹងត្រូវសម្រាលការឈឺចាប់របស់គេបានពាក់កណ្ដាល។ ការរស់នៅក្នុងជីវិតមនុស្សដែលសាមញ្ញធម្មតានៅលើផែនដី មនុស្សនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងពួកទេវតា។ ថ្វីបីគេនៅជាសាច់ឈាមនៅឡើយ តែគេនឹងកាន់តែមានលក្ខណៈដូចទេវតាមួយអង្គដែរ។ នេះគឺជាការសន្យារចុងក្រោយ ជាការសន្យារចុងបង្អស់ដែលបានប្រទានមកឲ្យមនុស្ស។

(«ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់អ្នកដែលព្រះជាម្ចាស់មានព្រះទ័យចង់បំផ្លាស់បំប្រែឲ្យបានគ្រប់ល្ខណ៍នឹងទទួលបានព្រះពរ និងមរតករបស់ទ្រង់។ មានន័យថា ពួកគេទទួលយកកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយសេចក្ដីទាំងពីរក៏ក្លាយជាលក្ខណៈដែលពួកគេមាននៅក្នុងជីវិតគេ។ ពួកគេមានព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ធ្វើការនៅក្នុងខ្លួនពួកគេ។ អ្នករាល់គ្នាអាចទទួលយកលក្ខណៈទាំងអស់របស់ព្រះជាម្ចាស់តាមសណ្ឋានពិតនៃលក្ខណៈនោះ ទោះជាលក្ខណៈអ្វីក៏ដោយ ហើយហេតុនេះ ទើបអ្នករស់នៅតាមសេចក្ដីពិតបាន។ នេះគឺជាជំពូកមនុស្សដែលព្រះជាម្ចាស់បានបំផ្លាស់បំប្រែឲ្យគ្រប់លក្ខណ៍ និងទទួលយក។ មានតែមនុស្សជំពូកនេះទេ ទើបអាចទទួលព្រះពរដែលព្រះជាម្ចាស់ប្រទានឲ្យបាន៖

១. ការទទួលបានសេចក្តីស្រឡាញ់ទាំងស្រុង ពីព្រះជាម្ចាស់។

២. ការប្រព្រឹត្ដស្របតាមព្រះហឫទ័យរបស់ព្រះ ជាម្ចាស់ក្នុងគ្រប់ការទាំងអស់។

៣. ទទួលបានការណែនាំពីព្រះជាម្ចាស់ ដោយ រស់នៅក្នុងពន្លឺរបស់ទ្រង់ ហើយទទួលបានការ បំភ្លឺពីព្រះអង្គ។

៤. រស់នៅជារូបភាពដែលព្រះជាម្ចាស់ស្រឡាញ់លើផែនដីនេះ ដោយស្រឡាញ់ព្រះជាម្ចាស់ប្រាកដ ដូចលោកពេត្រុសដែរ ទាំងត្រូវគេឆ្កាងដើម្បីព្រះជាម្ចាស់ និងស័ក្ដិសមនឹងស្លាប់ ដើម្បីតបស្នងនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿងដូចលោកពេត្រុសដែរ។

៥. ទទួលបានការស្រឡាញ់ ការគោរព និងការ កោតសសើរពីមនុស្សគ្រប់គ្នានៅលើផែនដីនេះ។

៦. ការជម្នះគ្រប់កត្តាទាំងអស់ក្នុង ចំណងនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹង ដោយមិនផ្តល់ឱកាស ឲ្យដល់សាតាំងធ្វើកិច្ចការរបស់ខ្លួនបាន ដោយឲ្យព្រះជាម្ចាស់សណ្ឋិត និងដោយរស់នៅក្នុងវិញ្ញាណមួយដ៏ស្រស់ថ្លា និងរស់រវើកហើយមិនដែលនឿយហត់ឡើយ។

៧. ការមានចិត្តត្រេកអរ និងរីករាយរកបរិយាយ មិនបាន គ្រប់ពេលវេលាពេញមួយជីវិត ដូចជា មនុស្សម្នាក់ដែលបានមើលឃើញថ្ងៃនៃសិរីល្អនៃ ព្រះជាម្ចាស់បានមកដល់។

៨. ការទទួលបានសិរីរុងរឿងរួមគ្នា ជាមួយព្រះ ជាម្ចាស់ និងមានទឹកមុខដូចគ្នា នឹងពួកបរិសុទ្ធ ស្ងួនភ្ងារបស់ព្រះជាម្ចាស់។

៩. ការក្លាយខ្លួនជាកូនស្ងួនភ្ងាររបស់ព្រះជាម្ចាស់ គឺជាអ្វីដែលទ្រង់ស្រឡាញ់នៅលើផែនដីនេះ។

១០. ការផ្លាស់ប្តូររូបកាយ និងការឡើងទៅ ស្ថានសួគ៌ជាន់ទីបី ជាមួយនឹងព្រះជាម្ចាស់ និងការផ្លាស់ប្តូរភាពជាសាច់ឈាម។

(«សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ