អំពីលោកយ៉ូប (ផ្នែកទីពីរ)

24-02-2021

វិចារណញាណរបស់លោកយ៉ូប

បទពិសោធន៍ជាក់ស្ដែងរបស់លោកយ៉ូប និងភាពជាមនុស្សដ៏ទៀងត្រង់ ហើយស្មោះ​ត្រង់​របស់​លោក មានន័យថា លោកបានធ្វើការវិនិច្ឆ័យ និងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវតាមវិចារណញាណ​បំផុត នៅពេលដែលលោកបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់លោក។ ជម្រើសដ៏ត្រឹមត្រូវតាម​វិចារណញាណបែបនេះ ពុំអាចកាត់ផ្ដាច់ពីការព្យាយាមឲ្យបានរាល់ថ្ងៃរបស់លោក និងទង្វើរបស់​ព្រះ​ជាម្ចាស់ ដែលលោកចាប់ផ្ដើមស្គាល់នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកនោះឡើយ។ ភាពស្មោះ​ត្រង់​របស់លោកយ៉ូបបានធ្វើឲ្យលោកអាចជឿថា ព្រះហស្តរបស់ព្រះយេហូវ៉ា​គ្រប់គ្រង​លើ​របស់​សព្វសារពើ ហើយជំនឿរបស់លោកបានអនុញ្ញាតឲ្យលោកដឹងនូវការពិត ទាក់ទងនឹងអធិប​តេយ្យភាព​របស់ព្រះយេហូវ៉ាដ៏ជាព្រះលើរបស់សព្វសារពើទាំងអស់។ ចំណេះដឹងរបស់លោក ក៏​បាន​ធ្វើឲ្យលោកយល់ព្រម និងអាចស្ដាប់តាមអធិបតេយ្យភាព និងស្ដាប់តាមការចាត់ចែងរបស់ ព្រះយេហូវ៉ាដ៏ជាព្រះដែរ។ ការស្ដាប់បង្គាប់របស់លោក បានជួយឲ្យគាត់កាន់តែមានការកោតខ្លាច​ពិតប្រាកដចំពោះព្រះយេហូវ៉ាដ៏ជាព្រះ។ ការកោតខ្លាចរបស់គាត់ជួយឲ្យការដែលគាត់គេច​ចេញ​ពីសេចក្ដីអាក្រក់ កាន់តែពិតប្រាកដឡើងៗ។ ទីបំផុត លោកយ៉ូបក៏បានក្លាយជាមនុស្សគ្រប់លក្ខណ៍ ដ្បិតលោកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ភាពគ្រប់លក្ខណ៍របស់​លោក បានធ្វើឲ្យលោកឈ្លាសវៃ និងផ្ដល់ឲ្យលោកនូវវិចារណញាណដ៏ឧត្ដុង្គឧត្ដមបំផុត។

តើយើងគួរយល់យ៉ាងដូចម្ដេចចំពោះពាក្យថា «វិចារណញាណ» នេះ? ការបកស្រាយន័យ​ត្រង់​គឺ ពាក្យនេះមានន័យថា ញាណល្អ សមហេតុផល មានសុភវិនិច្ឆ័យក្នុងការត្រិះរិះ ត្រឹមត្រូវទាំងក្នុង​ការ​និយាយស្ដី ការប្រព្រឹត្ត និងវិនិច្ឆ័យ ព្រមទាំងមានបទដ្ឋានសីលធម៌ដ៏ត្រឹមត្រូវ ហើយត្រូវទៅ​តាម​ច្បាប់ទម្លាប់។ ប៉ុន្តែ ភាពត្រឹមត្រូវតាមវិចារណញាណរបស់លោកយ៉ូបមិនមែនងាយពន្យល់ទេ។ នៅពេលដែលគេនិយាយត្រង់នេះថា លោកយ៉ូបមានភាពត្រឹមត្រូវតាមវិចារណញាណបំផុត ពាក្យ​នេះ​ត្រូវបាននិយាយក្នុងការផ្សារភ្ជាប់ទៅនឹងភាពជាមនុស្សរបស់លោក និងចរិតដែលលោកមាន ចំពោះព្រះជាម្ចាស់។ ព្រោះតែលោកយ៉ូបគឺជាមនុស្សស្មោះត្រង់ លោកអាចជឿ និងស្ដាប់តាម​អធិប​តេយ្យភាពរបស់ព្រះជាម្ចាស់ ដែលបានប្រទានឲ្យគាត់មាននូវចំណេះដឹង ដែលអ្នកដទៃមិនអាច​ទទួល​បាន ហើយចំណេះដឹងនេះបានធ្វើឲ្យគាត់អាចកត់ចំណាំ វិនិច្ឆ័យ និងកំណត់ន័យនៃរឿងរ៉ាវ​ដែលកើតមានចំពោះគាត់កាន់តែត្រឹមត្រូវ អាចធ្វើឲ្យគាត់អាចជ្រើសរើសនូវអ្វីដែលគាត់ត្រូវធ្វើ និង​អ្វី​ដែលគាត់ត្រូវប្រកាន់ខ្ជាប់យ៉ាងត្រឹមត្រូវ និងដោយបញ្ញាវាងវៃបំផុត។ មានន័យថា សម្ដីរបស់​លោក ការប្រព្រឹត្តរបស់លោក គោលការណ៍ដែលនៅពីក្រោយសកម្មភាពរបស់លោក ក្រមកិរិយាដែល លោកប្រព្រឹត្ត សុទ្ធតែត្រឹមត្រូវតាមគន្លងធម៌ ច្បាស់លាស់ ហើយចំៗ និងពុំមែនងងឹតងងុល តាម​សន្ទុះ​ចិត្ត ឬតាមអារម្មណ៍នោះទេ។ លោកដឹងអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះអ្វីដែលកើតឡើង​ចំពោះ​លោក លោកដឹងពីរបៀបថ្លឹងថ្លែង និងចាត់ចែងទំនាក់ទំនងរវាងព្រឹត្តការណ៍ស្មុគស្មាញនានា លោកដឹងអំពីរបៀបកាន់ខ្ជាប់តាមផ្លូវដែលគួរកាន់ខ្ជាប់តាម ហើយជាងនេះទៀត លោកដឹងអំពីវិធី​ដែល​ត្រូវ​ប្រព្រឹត្តចំពោះការប្រទានឲ្យ និងការដកយករបស់ព្រះយេហូវ៉ាដ៏ជាព្រះ។ នេះជាភាពត្រឹម​ត្រូវ​តាមវិចារណញាណរបស់លោកយ៉ូប។ គឺច្បាស់ជាមកពីលោកយ៉ូបមានភាព​ត្រឹមត្រូវតាម​វិចារ​ណ​ញាណ ដូច្នេះហើយ ទើបលោកមានប្រសាសន៍ថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ នៅពេលដែលលោកបាត់បង់ទ្រព្យសម្បត្តិ និង​កូន​ប្រុស និងកូនស្រីរបស់លោក។

នៅពេលដែល​លោកបានប្រឈមនឹងការឈឺចាប់រាងកាយក្រៃលែង និងប្រឈមនឹងការ​ប្រឆាំង​​ពីញាតិសន្ដាន និងមិត្តសម្លាញ់របស់លោក ហើយនៅពេលដែលលោកប្រឈមនឹង សេចក្ដី​ស្លាប់ ចរិតពិតរបស់លោកក៏បានបង្ហាញនូវមុខមាត់ពិតរបស់លោកម្ដងទៀត ឲ្យមនុស្សទាំងអស់​បាន​ឃើញ។

មុខមាត់ពិតរបស់លោកយ៉ូប៖ ពិតត្រង់ បរិសុទ្ធ គ្មានពុតត្បុត

ចូរយើងអាន យ៉ូប ២:៧-៨ «ដូច្នេះសាតាំងក៏ចាកចេញពីព្រះវត្តមានរបស់ព្រះយេហូវ៉ាទៅ រួចវាយយ៉ូបឲ្យកើតដំបៅ ពីចុងជើងដល់ក្បាលរបស់គាត់។ គាត់ក៏យកអំបែងឆ្នាំងមកកោសខ្លួនគាត់ ហើយអង្គុយនៅក្នុងផេះ»។ នេះគឺជាការរៀបរាប់អំពី កិរិយារបស់លោកយ៉ូប នៅពេល​ដែលដំបៅពងខ្ទុះកើតពេញរាងកាយរបស់គាត់។ នៅវេលានេះ លោកយ៉ូបក៏អង្គុយក្នុងផេះ នៅ​ពេល​​ដែលលោកទ្រាំនឹងការឈឺចាប់។ គ្មាននរណាព្យាបាលគាត់ ហើយក៏ពុំមាននរណាជួយឲ្យគាត់​បន្ធូរការឈឺចាប់លើរាងកាយរបស់គាត់ដែរ។ ផ្ទុយទៅវិញ គាត់ប្រើអំបែងមកកោស​ក្រមរដំបៅ​របស់​គាត់។ មើលពីក្រៅ នេះគ្រាន់តែជាដំណាក់កាលមួយនៃទណ្ឌកម្មរបស់លោកយ៉ូបប៉ុណ្ណោះ ហើយ​គ្មាន​អ្វីពាក់ព័ន្ធនឹងភាពជាមនុស្ស និងការកោតខ្លាចដែលលោកមានចំពោះព្រះជាម្ចាស់នោះឡើយ ដ្បិតលោកយ៉ូបមិនបាននិយាយពាក្យអ្វីដើម្បីបង្ហាញពីអារម្មណ៍ និងទស្សនៈរបស់គាត់នៅពេលនេះ​ឡើយ។ ដោយឡែក សកម្មភាពរបស់លោកយ៉ូប និងកិរិយារបស់លោក នៅតែជាការ​បង្ហាញ​ឲ្យ​ឃើញពិតពីភាពជាមនុស្សរបស់លោក។ នៅក្នុងការកត់ត្រានៃជំពូកមុនដែលយើងអាន​អំពី​លោកយ៉ូប ចែងថា លោកយ៉ូប គឺជាមនុស្សអស្ចារ្យជាងគេ ក្នុងចំណោមមនុស្ស​ទាំងអស់​នៅ​ស្រុកខាងកើត។ ជាមួយគ្នា អត្ថបទដែលបានមកពីជំពូកទីពីរនេះ ក៏បង្ហាញយើងថា មនុស្ស​ដ៏​អស្ចារ្យម្នាក់ដែលមកពីស្រុកខាងកើតនេះ ពិតជាយកអំបែងមកកោសខ្លួនគាត់មែននៅពេល គាត់​កំពុង​អង្គុយក្នុងផេះ។ តើគ្មានភាពខុសគ្នាស្រឡះរវាងការពិពណ៌នាទាំងពីរនេះទេឬអី? នេះជា​ភាព​ខុសគ្នាមួយដែលបង្ហាញប្រាប់យើងពីចរិតពិតរបស់លោកយ៉ូប៖ ទោះបីជាលោកមានកេរ្តិ៍ឈ្មោះ និង​ឋានៈដ៏មានកិត្យានុភាពក៏ដោយ ក៏លោកពុំដែលយកចិត្តទុកដាក់ចំពោះសេចក្ដីទាំងនេះនោះឡើយ លោកមិនខ្វល់ថា អ្នកដទៃមានទស្សនៈយ៉ាងណាចំពោះឋានៈរបស់លោកនោះឡើយ ក៏មិនខ្វល់ថា សកម្មភាព ឬក៏កិរិយារបស់លោកនឹងមាន ឬគ្មានលទ្ធផលអវិជ្ជមានលើឋានៈរបស់​លោក​នោះឡើយ លោកមិនបណ្ដោយខ្លួនតាមព្រះពរនៃឋានៈឡើយ លោកក៏មិនរីករាយចំពោះ សិរីរុងរឿងដែលបានមកពីឋានៈ និងកេរ្តិ៍ឈ្មោះនោះដែរ។ លោកខ្វល់ខ្វាយតែចំពោះគុណ​តម្លៃ​របស់គាត់ និងសារៈសំខាន់នៃការរស់នៅរបស់គាត់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ចរិតពិតរបស់លោកយ៉ូប គឺជាសារជាតិពិតរបស់គាត់នោះហើយ លោក​មិនស្រឡាញ់កេរ្តិ៍ឈ្មោះ និង​ទ្រពសម្បត្តិនោះឡើយ ហើយគាត់ក៏មិនរស់ដើម្បីកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិដែរ លោកជា​មនុស្ស​ពិតត្រង់ និងបរិសុទ្ធ ហើយគ្មានពុតត្បុតមែន។

ការវែកញែករវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់របស់លោកយ៉ូប

ជ្រុងម្ខាងទៀតនៃភាពជាមនុស្សរបស់លោកយ៉ូប ត្រូវបានបង្ហាញឲ្យឃើញនៅក្នុងការ​សន្ទនា​របស់លោកយ៉ូប និងប្រពន្ធរបស់គាត់៖ «តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឲ្យផុតទៅ។ ប៉ុន្តែ គាត់ឆ្លើយនឹងនាងវិញថា ឯងនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន? ទង្វើនេះមិនបានធ្វើឲ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ» (យ៉ូប ២:៩-១០)។ ដោយមើលឃើញទណ្ឌកម្មដែលលោកកំពុងទទួលរង ភរិយារបស់លោកយ៉ូប​ក៏បានព្យាយាមឲ្យយោបល់ទៅលោកយ៉ូប ដើម្បីជួយឲ្យគាត់រួចផុតពីទណ្ឌកម្ម ប៉ុន្តែ «ចេតនាល្អ» របស់​នាងមិនបានទទួលការសរសើរពីលោកយ៉ូបឡើយ ផ្ទុយទៅវិញ យោបល់នោះបញ្ឆេះកំហឹង​របស់​គាត់ទៅវិញ ដ្បិតនាងបដិសេធសេចក្ដីជំនឿរបស់គាត់ និងការស្ដាប់បង្គាប់របស់លោក​ចំពោះ​ព្រះយេហូវ៉ាដ៏ជាព្រះ ហើយក៏បានបដិសេធព្រះវត្តមានដ៏គង់នៅរបស់ព្រះយេហូវ៉ាដ៏ជាព្រះដែរ។ ចំពោះរឿងនេះ គឺលោកយ៉ូបមិនអាចលើកលែងឲ្យបានឡើយ ដ្បិតលោកពុំដែល​បណ្ដោយ​ខ្លួន​ឲ្យ​ធ្វើអ្វីមួយដែលប្រឆាំងទាស់ ឬធ្វើឲ្យព្រះជាម្ចាស់ព្រួយ​ព្រះ​ទ័យឡើយ ​ក៏មិន​និយាយ​អ្វី​ពីអ្នកដទៃនោះដែរ។ តើលោកអាចនៅតែមិនលម្អៀង នៅពេលដែលលោកឃើញ​អ្នក​ដទៃនិយាយពាក្យសម្ដីដែលប្រមាថ និងមើលងាយដល់ព្រះជាម្ចាស់ដោយរបៀបណា? ដូច្នេះ ទើប លោកហៅប្រពន្ធរបស់លោកថា «ស្ត្រីល្ងង់»។ ឥរិយាបថរបស់លោកយ៉ូបចំពោះប្រពន្ធរបស់លោក មានទាំងកំហឹង និងសម្អប់ ហើយក៏មានទាំងការរិះគន់ និងការស្ដីបន្ទោសដែរ។ នេះជាការ​បង្ហាញ​ពី​ភាពជាមនុស្សរបស់លោកយ៉ូបពីកំណើត គឺដោយបែងចែកភាពខុសគ្នារវាងសេចក្ដីស្រឡាញ់ និង​សេចក្ដីសម្អប់ ហើយវាក៏ជាការបង្ហាញឲ្យឃើញពិតពីភាពជាមនុស្សដ៏ទៀងត្រង់របស់លោកដែរ។ លោក​យ៉ូបមានចិត្តស្រឡាញ់ភាពយុត្តិធម៌ ជាចរិតដែលធ្វើឲ្យលោកស្អប់ប្រផ្នូល និងទំនោរនៃការ​អាក្រក់ ព្រមទាំងស្អប់ ថ្កោលទោស និងបដិសេធសេចក្ដីបង្រៀនខុសឆ្គង​ដែលខុសនឹង​វិចារណ​ញាណ ជម្លោះគួរឲ្យចង់សើច និងការអះអាចគួរឲ្យចង់សើច ហើយជាចរិតដែលអនុញ្ញាតឲ្យ លោក​ប្រកាន់​ខ្ជាប់តាមគោលការណ៍ និងជំហរដ៏ត្រឹមត្រូវរបស់លោកផ្ទាល់ នៅពេលដែលលោកត្រូវបាន​មនុស្ស​ជាច្រើនបដិសេធ និងត្រូវបានមនុស្សដែលនៅក្បែរលោកបោះបង់ចោល។

ចិត្តមេត្តាករុណា និងភាពទៀងត្រង់របស់លោកយ៉ូប

ដោយព្រោះយើងអាចមើលឃើញការបង្ហាញនូវកត្តាជាច្រើននៃភាពជាមនុស្ស របស់លោក​យ៉ូប តាមរយៈកិរិយារបស់លោក តើយើងមើលឃើញអ្វីខ្លះនៅក្នុង ភាពជាមនុស្សរបស់​លោកយ៉ូប នៅពេលដែលលោកបើកមាត់របស់លោក ដាក់បណ្ដាសារថ្ងៃដែលោកកើតមក? នេះគឺ​ជាប្រធានបទដែលយើងនឹងចែករំលែកនៅខាងក្រោម។

ខ្ញុំបាននិយាយអំពីប្រភពដើមនៃការដែលលោកយ៉ូបដាក់បណ្ដាសារថ្ងៃកំណើតរបស់លោក ខាង​លើ​រួចហើយ។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះនៅក្នុងនេះ? ប្រសិនបើលោកយ៉ូបមាន​ចិត្តរឹង​ចចេស និងគ្មានសេចក្ដីស្រឡាញ់ ប្រសិនបើគាត់ជាមនុស្សសោះកក្រោះ ហើយគ្មានមនោ​សញ្ចេត​នា ហើយគ្មានភាពជាមនុស្ស តើគាត់អាចមានចិត្តខ្វល់ខ្វាយចំពោះសេចក្ដីប្រាថ្នា នៅក្នុងព្រះទ័យ​របស់ព្រះជាម្ចាស់បានឬ​ទេ? តើលោកអាចស្អប់ថ្ងៃកំណើតរបស់លោកផ្ទាល់ ដោយសារតែលោក​ខ្វល់​ខ្វាយនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនឬទេ? ក្នុងន័យមួយវិញទៀត ប្រសិនបើលោកយ៉ូប​មានចិត្តរឹង និងគ្មានភាពជាមនុស្ស តើលោកខ្វល់ព្រួយដោយសារការឈឺចាប់របស់ព្រះជាម្ចាស់ ដែរឬទេ? តើលោកដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក មកពីព្រះជាម្ចាស់ព្រួយព្រះទ័យដោយ​សារ​​លោកមែនទេ? ចម្លើយគឺ ច្បាស់ជាមិនមែនទេ! ដោយសារលោកយ៉ូបមានចិត្តមេត្តា ទើបលោក​ខ្វល់ខ្វាយនឹងព្រះទ័យរបស់ព្រះជាម្ចាស់ ដោយសារលោកយ៉ូបខ្វល់ខ្វាយនឹងព្រះទ័យរបស់​ព្រះ​ជា​ម្ចាស់ ទើបលោកស្គាល់អំពីការឈឺចាប់របស់ព្រះជាម្ចាស់ ដោយសារលោកមានចិត្តមេត្តា ទើបលោករងទ្រាំនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ដែលជាលទ្ធផលនៃការស្គាល់អំពីការឈឺចាប់​របស់ព្រះ​ជា​ម្ចាស់ ដោយសារតែលោកស្គាល់ការឈឺចាប់របស់ព្រះជាម្ចាស់ ទើបលោកចាប់ផ្ដើមស្អប់ថ្ងៃ​កំណើត​របស់លោក រួចដាក់បណ្ដាសាថ្ងៃកំណើតរបស់លោកផង។ ចំពោះអ្នកក្រៅ​កិរិយាទាំងអស់របស់លោកយ៉ូបក្នុងគ្រាដែលលោកត្រូវល្បងល គឺជាករណីគំរូមួយ។ មានតែការ​ដាក់​បណ្ដាសាថ្ងៃកំណើតរបស់គាត់ទេ ទើបគូរចេញជាសញ្ញាសួរនៅពីលើភាពគ្រប់លក្ខណ៍ និងភាព​ទៀងត្រង់របស់លោក ឬផ្ដល់នូវការវាយតម្លៃមួយប្លែក។ តាមការពិត នេះជាការបង្ហាញឲ្យឃើញ​ដ៏​ពិតបំផុតអំពីសារជាតិភាពជាមនុស្សរបស់លោកយ៉ូប។ សារជាតិនៃភាពជាមនុស្សរបស់លោកមិន​ត្រូវបានបិទបាំង ឬវិចខ្ចប់ ឬមួយក៏ត្រូវបានផ្លាស់ប្ដូរដោយមនុស្សណាម្នាក់ឡើយ។ នៅ​ពេល​ដែល​លោកដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក គឺលោកបង្ហាញពីចិត្តមេត្តាករុណា និងភាពស្មោះត្រង់ ក្នុងជម្រៅចិត្តរបស់លោក លោកប្រៀបបាននឹងទឹកធ្លាក់ដែលមានទឹកថ្លាឆ្វង់ មើល​ឃើញដល់បាតរបស់វា។

បន្ទាប់បានដឹងអំពីរឿងរបស់លោកយ៉ូបដូច្នេះហើយ មនុស្សភាគច្រើននឹងមានការវាយតម្លៃ​មួយដែលត្រឹមត្រូវមិនលម្អៀង ហើយមានគោលបំណងច្បាស់លាស់អំពីសារជាតិនៃភាពជាមនុស្ស​របស់លោកយ៉ូប ដោយគ្មានសង្ស័យអ្វីឡើយ។ ពួកគេក៏គួរតែមានការយល់ដឹងដ៏ជ្រាលជ្រៅ ជាក់​ស្ដែង និងកាន់តែឈានទៅមុខ ការឲ្យតម្លៃ ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកយ៉ូប ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូល។ សង្ឃឹមថាការយល់ដឹង និងការឲ្យតម្លៃនេះ នឹងជួយឲ្យ​មនុស្ស​ចាប់ផ្ដើមដើរលើផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សាតាំងល្បួងលោក​យ៉ូបជាលើកទីមួយ (ហ្វូងសត្វរបស់លោកត្រូវគេលួច ហើយសោកនាដកម្មបានធ្លាក់មកលើកូនៗរបស់លោក)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ១:៨ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ?...

សាតាំងល្បួងលោកយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់លោកយ៉ូប)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ?...

សេចក្ដីជំនឿរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ មិនត្រូវបានធ្វើឲ្យរង្គើដោយសារតែការពិត​ដែល​ថា ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីគេនោះឡើយ

លោកយ៉ូបស្ដាប់ឮព្រះជាម្ចាស់ តាមរ​យៈការស្ដាប់នឹងត្រចៀក យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ...

ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការ​របស់ព្រះជាម្ចាស់

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់...