ព្រះជាម្ចាស់បង្កើត សោយរាជ្យ និងគ្រប់គ្រងលើរបស់សព្វសារពើសម្រាប់ជាការរស់រានរបស់មនុស្សជាតិ

24-02-2021

រឿងទាំងពីរដែលខ្ញុំទើបតែនិទាននេះ ទោះជាមានខ្លឹមសារ និងលក្ខណៈបង្ហាញមិនធម្មតាបន្តិចក្ដី ព្រោះតែវាត្រូវបាននិទានតាមរបៀបដែលពិសេសបន្តិច ក៏ជាបំណងព្រះហឫទ័យរបស់ខ្ញុំក្នុងការប្រើប្រាស់ភាសាត្រង់ៗ និងវិធីដ៏សាមញ្ញដើម្បីជួយឲ្យអ្នករាល់គ្នាទទួលបាន និងទទួលយកនូវអ្វីមួយកាន់តែជ្រាលជ្រៅ។ នេះជាគោលបំណងតែមួយគត់របស់ខ្ញុំ។ នៅក្នុងរឿងតូចៗទាំងនេះ និងរូបភាពគូរចេញពីរឿងមក ខ្ញុំចង់ឲ្យអ្នករាល់គ្នាមើលឃើញ និងជឿថា ព្រះជាម្ចាស់មានអំណាចត្រួត្រាលើការបង្កើតទាំងអស់។ គោលបំណងនៃការនិទានរឿងទាំងនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមើលឃើញ និងស្គាល់ពីទង្វើគ្មានព្រំដែនរបស់ព្រះជាម្ចាស់នៅក្នុងព្រំដែនមានកំណត់នៃរឿង។ អំពីពេលវេលាដែលអ្នករាល់គ្នានឹងយល់ដឹងពេញលេញ ហើយសម្រេចបានលទ្ធផលនេះនៅក្នុងខ្លួនរបស់អ្នករាល់គ្នា វាអាស្រ័យលើការតាមរកដោយខ្លួនអ្នកផ្ទាល់ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ បើអ្នកជាមនុស្សដែលតាមរកសេចក្ដីពិត និងប្រឹងប្រែងស្គាល់ព្រះជាម្ចាស់ នោះរឿងទាំងនេះនឹងប្រើជាគ្រឿងដាស់តឿនកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយពួកវានឹងផ្ដល់ឲ្យអ្នកនូវការយល់ដឹងស៊ីជម្រៅ និងភាពច្បាស់លាស់នៅក្នុងការយល់ដឹងរបស់អ្នក ដែលនឹងបន្តិចម្តងៗខិតទៅជិតទង្វើដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់បន្តិចម្តងៗ ដោយមានភាពជិតស្និទ្ធដែលនឹងគ្មានគម្លាត និងគ្មានកំហុស។ ទោះជាយ៉ាងនេះក្ដី បើអ្នកមិនមែនជាមនុស្សដែលប្រឹងប្រែងស្គាល់ព្រះជាម្ចាស់ទេ នោះរឿងទាំងនេះមិនអាចធ្វើបាបអ្វីដល់អ្នករាល់គ្នាឡើយ។ គ្រាន់តែចាត់ទុកពួកវាថាជារឿងពិតទៅចុះ។

តើអ្នករាល់គ្នាបានទទួលការយល់ដឹងខ្លះពីរឿងទាំងពីរនេះឬទេ? ជាបឋម តើរឿងទាំងពីរនេះប្លែកពីការពិភាក្សាពីមុនរបស់យើងអំពីក្ដីបារម្ភរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិឬទេ? តើមានការផ្សារភ្ជាប់ដែលជាប់ជាមួយឬទេ? តើពិតឬទេដែលថា នៅក្នុងរឿងទាំងពីរនេះ យើងមើលឃើញទង្វើរបស់ព្រះជាម្ចាស់ និងការពិចារណាយ៉ាងហ្មត់ចត់របស់ទ្រង់ចំពោះអ្វីគ្រប់យ៉ាងដែលទ្រង់បានរៀបចំសម្រាប់មនុស្សជាតិ? តើពិតឬទេដែលថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងអ្វីគ្រប់យ៉ាងដែលទ្រង់ព្រះតម្រិះសុទ្ធតែសម្រាប់ជាប្រយោជន៍ដល់អត្ថិភាពរបស់មនុស្សជាតិ? (ពិត)។ តើគំនិត និងការពិចារណាយ៉ាងផ្ចិតផ្ចង់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិមិនជាក់ស្ដែងពេកទេឬ? មនុស្សជាតិមិនចាំបាច់ធ្វើអ្វីនោះទេ។ ព្រះជាម្ចាស់បានរៀបចំឲ្យមានខ្យល់សម្រាប់មនុស្ស (អ្វីដែលពួកគេត្រូវធ្វើគឺ គ្រាន់តែដកដង្ហើមប៉ុណ្ណោះ។ បន្លែ និងផ្លែឈើដែលពួកគេបរិភោគ គឺមានស្រាប់។ ពីជើងទៅត្បូង ពីកើតទៅលិច តំបន់នីមួយៗមានធនធានធម្មជាតិផ្ទាល់របស់វា។ ដំណាំ ផ្លែឈើ និងបន្លែតាមតំបន់ផ្សេងៗគ្នា ត្រូវបានរៀបចំដោយព្រះជាម្ចាស់ទាំងអស់។ នៅក្នុងបរិស្ថានដែលកាន់តែអស្ចារ្យ ព្រះជាម្ចាស់បានធ្វើឲ្យរបស់សព្វសារពើពង្រឹងគ្នាទៅវិញទៅមក ពឹងផ្អែកគ្នាទៅវិញទៅមក បន្ថែមកម្លាំងឲ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក និងមានអត្ថិភាពជាមួយគ្នា។ នេះជាវិធីសាស្ត្រ និងវិន័យរបស់ទ្រង់ក្នុងការរក្សាការរស់រាន និងអត្ថិភាពរបស់របស់សព្វសារពើ តាមវិធីនេះ មនុស្សជាតិអាចធំលូតលាស់ដោយសុវត្ថិភាព និងស្ងប់ស្ងៀមនៅក្នុងបរិស្ថានរស់នៅនេះ ដើម្បីបង្កើតកូនចៅច្រើនឡើងពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃនេះ។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់នាំមកនូវតុល្យភាពដល់បរិស្ថានធម្មជាតិ។ បើព្រះជាម្ចាស់មិនមានអំណាចត្រួតត្រា និងគ្រប់គ្រងទេ នោះទោះបីជាបរិស្ថានត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ក៏ដោយ ក៏វានឹងហួសពីសមត្ថភាពរបស់គ្រប់គ្នាក្នុងការថែទាំ និងរក្សាឲ្យមានតុល្យភាពមិនខាន។ នៅកន្លែងខ្លះ គ្មានខ្យល់នោះទេ ហើយមនុស្សជាតិក៏មិនអាចរស់នៅកន្លែងបែបនោះដែរ។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យអ្នកទៅកន្លែងទាំងនោះទេ។ ដូច្នេះ ចូរកុំទៅហួសពីព្រំដែនដែលសមស្រប។ នេះគឺសម្រាប់ការពារមនុស្សជាតិ ព្រោះមានអាថ៌កំបាំងនានានៅក្នុងនោះ។ ផ្នែកនីមួយៗនៃបរិស្ថាន បណ្ដោយ និងទទឹងរបស់ផែនដី គ្រប់សត្វនៅលើផែនដី (ទាំងរស់ទាំងស្លាប់) ត្រូវបានព្រះតម្រិះ និងរៀបចំទុកដោយព្រះជាម្ចាស់។ ហេតុអ្វីបានជាវត្ថុនេះចាំបាច់? ហេតុអ្វីបានជាវត្ថុនោះមិនចាំបាច់? តើអ្វីទៅជាគោលបំណងនៃការមានវត្ថុនេះនៅទីនេះ ហើយហេតុអ្វីបានជាវត្ថុនោះគួរតែនៅទីនោះ? ព្រះជាម្ចាស់បានព្រះតម្រិះរួចហើយនូវសំណួរទាំងអស់នេះ ហើយមិនចាំបាច់ឲ្យមនុស្សគិតអំពីពួកវាទៀតទេ។ មានមនុស្សឆោតល្ងង់មួយចំនួនដែលតែងតែគិតអំពីការរំកិលភ្នំ ប៉ុន្តែជំនួសឲ្យការធ្វើបែបនោះ ហេតុអ្វីក៏មិនរំកិលទៅកាន់វាលទំនាបតែម្ដងទៅ? បើអ្នកមិនចូលចិត្តភ្នំ ហេតុអ្វីបានជាអ្នករស់នៅជិតពួកវាធ្វើអ្វី? តើនោះមិនមែនឆោតល្ងង់ទេឬ? តើនឹងមានអ្វីកើតឡើងបើអ្នករំកិលភ្នំនោះ? ព្យុះកំបុតត្បូង និងរលកធំៗ នឹងមក ហើយផ្ទះរបស់មនុស្សនឹងត្រូវបំផ្លាញ។ តើនេះមិនមែនជាភាពកំព្រើលទេឬ? មនុស្សមានសមត្ថភាពតែខាងបំផ្លាញប៉ុណ្ណោះ។ ពួកគេមិនទាំងអាចថែទាំកន្លែងតែមួយគត់ដែលពួកគេមានដើម្បីរស់នៅផង ប៉ុន្តែពួកគេបែរជាចង់ផ្គត់ផ្គង់ដល់របស់សព្វសារពើទៅវិញ។ នេះមិនអាចទៅរួចទេ។

ព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សជាតិគ្រប់គ្រងរបស់សព្វសារពើ និងមានភាពជាម្ចាស់លើពួកវា ប៉ុន្តែតើមនុស្សធ្វើការបានល្អឬទេ? មនុស្សបំផ្លាញអ្វីគ្រប់យ៉ាងដែលអាចបំផ្លាញបាន។ ពួកគេមិនអាចសូម្បីតែរក្សាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកគេឲ្យនៅស្ថានភាពដូចដើមផង ប៉ុន្តែពួកគេបានធ្វើផ្ទុយស្រឡះ និងបានបំផ្លាញអ្វីៗដែលព្រះជាម្ចាស់បានបង្កើត។ មនុស្សជាតិបានរំកិលភ្នំ រានយកដីសមុទ្រ និងប្រែទំនាបទៅជាវាលខ្សាច់ដែលមនុស្សមិនអាចរស់នៅបាន។ ប៉ុន្តែនៅឯវាលខ្សាច់គឺថា មនុស្សបានធ្វើឧស្សាហកម្ម និងសង់មូលដ្ឋាននុយក្លេអ៊ែរ ដែលសាបព្រោះការបំផ្លាញគ្រប់ទីកន្លែង។ ឥឡូវនេះ ទន្លេលែងជាទន្លេ សមុទ្រលែងជាសមុទ្រទៀតហើយ…។ នៅពេលមនុស្សជាតិបានបំផ្លាញតុល្យភាពនៃបរិស្ថានធម្មជាតិ និងវិន័យរបស់វាហើយ នោះថ្ងៃអន្តរាយ និងការស្លាប់របស់ពួកគេនៅមិនយូរទៀតឡើយ វាចៀសមិនរួចនោះទេ។ នៅពេលដែលគ្រោះមហន្តរាយមកដល់ មនុស្សជាតិនឹងដឹងពីភាពមានតម្លៃនៃអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកគេ និងភាពសំខាន់របស់ពួកវាចំពោះមនុស្សជាតិ។ សម្រាប់មនុស្ស ការរស់នៅក្នុងបរិស្ថានដែលមានខ្យល់ និងភ្លៀងដែលមកត្រូវពេលរបស់ពួកវា គឺប្រៀបដូចជាការរស់នៅលើស្ថានសួគ៌អ៊ីចឹងដែរ។ មនុស្សមិនដឹងថានេះជាព្រះពរទេ ប៉ុន្តែនៅពេលដែលពួកគេបាត់បង់ព្រះពរអស់ នោះពួកគេនឹងដឹងថាព្រះពរមានតម្លៃ និងកម្រយ៉ាងណា។ ហើយនៅពេលដែលព្រះពរបាត់បង់ទៅហើយ តើធ្វើដូចម្ដេចទើបបានមកវិញ? តើមនុស្សអាចធ្វើអ្វីបាន បើព្រះជាម្ចាស់ទ្រង់គ្មានចេតនាបង្កើតព្រះពរម្តងទៀត? តើមានអ្វីដែលអ្នករាល់អ្នកអាចធ្វើបានទេ? (ទេ គ្មានទេ)។ តាមពិត មានកិច្ចការមួយចំនួនដែលអ្នកអាចធ្វើបាន។ វាសាមញ្ញណាស់ នៅពេលខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាថាវាជាអ្វី អ្នករាល់គ្នានឹងដឹងភ្លាមថាវាអាចធ្វើបាន។ តើយ៉ាងដូចម្ដេចបានជាមនុស្សធ្លាក់ក្នុងស្ថានភាពអត្ថិភាពបច្ចុប្បន្ននេះដោយមិនដឹងខ្លួន? តើវាដោយសារភាពលោភលន់ និងការបំផ្លាញរបស់ពួកគេមែនទេ? បើសិនជាមនុស្សបញ្ចប់ការបំផ្លាញនេះ តើបរិស្ថានរស់នៅរបស់ពួកគេនឹងមិនកែតម្រូវបន្តិចម្តងៗដោយខ្លួនវាទេឬ? បើព្រះជាម្ចាស់មិនធ្វើអ្វីសោះ បើព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់ធ្វើអ្វីទៀតសម្រាប់មនុស្សជាតិ (និយាយឲ្យចំគឺថា បើទ្រង់មិនធ្វើអន្តរាគមន៍នៅក្នុងបញ្ហានេះទេ) នោះដំណោះស្រាយល្អបំផុតរបស់មនុស្ស គឺត្រូវផ្អាករាល់ការបំផ្លាញទាំងអស់ ហើយឲ្យបរិស្ថានរស់នៅរបស់ពួកគេត្រឡប់មកស្ថានភាពធម្មជាតិរបស់វាវិញ។ ការបញ្ចប់នូវរាល់ការបំផ្លាញនេះ មានន័យថាជាការបញ្ចប់នូវការលួចប្លន់ និងការបំផ្លិចបំផ្លាញអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក។ ការធ្វើដូច្នេះ នឹងធ្វើឲ្យបរិស្ថានដែលមនុស្សរស់នៅមានភាពប្រសើរឡើងវិញបន្តិចម្ដងៗ រីឯការបរាជ័យក្នុងការធ្វើដូច្នេះ នឹងនាំឲ្យមានបរិស្ថានកាន់តែគួរឲ្យស្អប់ខ្ពើមថែមទៀតសម្រាប់ជីវិត ដែលការបំផ្លាញនឹងកាន់តែលឿនឡើង។ តើដំណោះស្រាយរបស់ខ្ញុំសាមញ្ញឬទេ? វាសាមញ្ញ ហើយអាចធ្វើបាន មែនទេ? ពិតជាសាមញ្ញ និងអាចធ្វើបានសម្រាប់មនុស្សមួយចំនួន ប៉ុន្តែតើវាអាចធ្វើបានដោយមនុស្សភាគច្រើនសន្ធឹកសន្ធាប់នៅលើផែនដីឬទេ? (មិនអាចទេ)។ យ៉ាងហោចណាស់ សម្រាប់អ្នករាល់គ្នា តើអាចធ្វើបានឬទេ? (បាន)។ តើអ្វីធ្វើឲ្យអ្នករាល់គ្នានិយាយថា “បាន” ? តើអាចនិយាយបានថា វាចេញមកពីគ្រឹះនៃការយល់ដឹងអំពីទង្វើរបស់ព្រះជាម្ចាស់ឬទេ? តើអាចនិយាយបានទេថា លក្ខខណ្ឌរបស់វាគឺជាការស្ដាប់បង្គាប់តាមផែនការ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់? (បាន)។ មានវិធីមួយដើម្បីផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ប៉ុន្តែនោះមិនមែនជាប្រធានបទដែលយើងកំពុងពិភាក្សាឥឡូវនេះទេ។ ព្រះជាម្ចាស់ជាអ្នកទទួលខុសត្រូវចំពោះរាល់ជីវិតមនុស្សម្នាក់ៗ ហើយទ្រង់ជាអ្នកទទួលខុសត្រូវរហូតដល់ចុងបញ្ចប់។ ព្រះជាម្ចាស់ផ្គង់ផ្គង់ដល់អ្នក ហើយទោះបីជានៅក្នុងបរិស្ថានដែលត្រូវបំផ្លាញដោយសាតាំងនេះ អ្នកត្រូវបានធ្វើឲ្យឈឺ ឬរងការបំពុល ឬការបំពានក៏ដោយ ក៏វាគ្មានបញ្ហាដែរ (ព្រះជាម្ចាស់នឹងផ្គត់ផ្គង់ដល់អ្នក ហើយព្រះជាម្ចាស់នឹងអនុញ្ញាតឲ្យអ្នករស់បន្ត)។ តើអ្នកមានសេចក្ដីជំនឿក្នុងរឿងនេះឬទេ? (មាន)។ ព្រះជាម្ចាស់ទ្រង់មិនឲ្យមនុស្សស្លាប់ដោយងាយៗទេ។

តើឥឡូវនេះអ្នករាល់គ្នាចាប់ផ្ដើមមានអារម្មណ៍អ្វីម្យ៉ាងអំពីសារៈសំខាន់នៃការទទួលស្គាល់ព្រះជាម្ចាស់ថាជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើហើយឬនៅ? (បាទ/ចាស យើងមាន)។ តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្តេចខ្លះ? ចូរប្រាប់ខ្ញុំមក។ (កាលពីមុន យើងមិនដែលគិតចង់ផ្សារភ្ជាប់ភ្នំ សមុទ្រ និងបឹងបួរជាមួយនឹងសកម្មភាពរបស់ព្រះជាម្ចាស់ទេ។ រហូតទាល់តែដល់ពេលស្ដាប់ការប្រកបរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ទើបយើងបានយល់ថា អ្វីៗទាំងនេះមានទង្វើ និងប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នៅក្នុងពួកវា ហើយយើងឃើញថា សូម្បីតែពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមបង្កើតរបស់សព្វសារពើ ក៏ទ្រង់បានបំពេញភាវៈនីមួយៗរួចជាស្រេចដោយវាសនា និងសុឆន្ទៈរបស់ទ្រង់។ របស់សព្វសារពើពង្រឹងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមក ហើយមនុស្សជាតិជាអ្នកទទួលផលប្រយោជន៍ចុងក្រោយ។ អ្វីដែលយើងបានឮនៅថ្ងៃនេះ វាមានអារម្មណ៍ថាថ្មីនិងប្លែកណាស់ ដោយយើងមានអារម្មណ៍ថា សកម្មភាពរបស់ព្រះជាម្ចាស់អីក៏ជាក់ស្ដែងម្ល៉េះ។ ក្នុងពិភពជាក់ស្ដែង ក្នុងជីវិតប្រចាំថ្ងៃរបស់យើង និងនៅក្នុងការជួបប្រទះរបស់យើងជាមួយនឹងរបស់សព្វសារពើ យើងឃើញថាវាដូច្នេះមែន)។ អ្នកពិតជាបានឃើញ មែនទេ? ព្រះជាម្ចាស់មិនផ្គត់ផ្គង់ដល់មនុស្សជាតិដោយគ្មានគ្រឹះរឹងមាំឡើយ ការផ្គត់ផ្គង់របស់ទ្រង់មិនមែនត្រឹមតែជាព្រះបន្ទូលខ្លីៗពីរបីម៉ាត់នោះទេ។ ព្រះជាម្ចាស់បានធ្វើអ្វីៗជាច្រើន ហើយសូម្បីតែអ្វីៗដែលអ្នកមើលមិនឃើញក៏សុទ្ធតែសម្រាប់ជាប្រយោជន៍ដល់អ្នកដែរ។ មនុស្សរស់នៅក្នុងបរិស្ថាននេះ នៅក្នុងក្របខណ្ឌនៃរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកគេ ជាកន្លែងដែលមនុស្ស និងរបស់សព្វសារពើពឹងផ្អែកគ្នាទៅវិញទៅមក។ ឧទាហរណ៍ រុក្ខជាតិបញ្ចេញឧស្ម័នដែលបន្សុទ្ធខ្យល់ ឯមនុស្សដកដង្ហើមស្រូបយកខ្យល់ដែលបានបន្សុទ្ធ និងទទួលប្រយោជន៍ពីវា។ ប៉ុន្តែរុក្ខជាតិមួយចំនួនពុលចំពោះមនុស្ស ខណៈរុក្ខជាតិផ្សេងទៀតទប់ទល់នឹងរុក្ខជាតិដែលពុល។ នេះជាភាពអស្ចារ្យនៃការបង្កើតរបស់ព្រះជាម្ចាស់! ប៉ុន្តែឥឡូវនេះ ចូរយើងទុកប្រធានបទនេះមួយឡែកសិន ហើយថ្ងៃនេះ ការពិភាក្សារបស់យើងជាចម្បងគឺអំពីសហត្ថិភាពរវាងមនុស្ស និងការបង្កើតផ្សេងៗទៀត ហើយបើសិនជាគ្មានពួកវាទេ មនុស្សមិនអាចរស់នៅបានឡើយ។ តើអ្វីទៅជាសារៈសំខាន់នៃការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់? មនុស្សមិនអាចរស់នៅបានដោយគ្មានការបង្កើតផ្សេងទៀតទេ ដូចជាមនុស្សត្រូវការខ្យល់ដើម្បីរស់ជាដើម បើអ្នកត្រូវគេដាក់នៅកន្លែងដែលគ្មានខ្យល់ អ្នកនឹងស្លាប់ភ្លាម។ នេះជាគោលការណ៍ដ៏សាមញ្ញបំផុតដែលបង្ហាញថា មនុស្សមិនអាចមានអត្ថិភាពដាច់ដោយឡែកពីអ្វីៗផ្សេងទៀតដែលបានបង្កើតមកនោះទេ។ ដូច្នេះ តើមនុស្សគួរតែមានឥរិយាបថបែបណាចំពោះរបស់សព្វសារពើ? អ្នកដែលឲ្យតម្លៃខ្ពស់ដល់ពួកវា ការពារពួកវា ប្រើប្រាស់ពួកវាប្រកបដោយប្រសិទ្ធភាព មិនបំផ្លាញពួកវា មិនខ្ជះខ្ជាយពួកវា និងមិនផ្លាស់ប្ដូរពួកវាតាមតែអំពើចិត្តនោះទេ ត្បិតរបស់សព្វសារពើបានមកពីព្រះជាម្ចាស់ របស់សព្វសារពើជាការផ្គត់ផ្គង់របស់ទ្រង់ដល់មនុស្សជាតិ ហើយមនុស្សជាតិត្រូវតែប្រព្រឹត្តចំពោះពួកវាដោយមានមនសិការ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—ខ្យល់

ដំបូង ព្រះជាម្ចាស់បានបង្កើតខ្យល់ដើម្បីឲ្យមនុស្សអាចដកដង្ហើមបាន។ ខ្យល់គឺជាសារធាតុដែលមនុស្សអាចប៉ះរាល់ថ្ងៃបាន...