មូលហេតុដែលមនុស្សមិនអាចទទួលបានជីវិតអស់កល្ប ប្រសិនបើពួកគេប្រកាន់ខ្ជាប់ និងថ្វាយបង្គំព្រះគម្ពីរ

05-09-2021

ខគម្ពីរយោង៖

«ចូរស្រាវជ្រាវបទគម្ពីរ ដ្បិតអ្នករាល់គ្នាគិតថា អ្នកមានជីវិតអស់កល្បចេញពីគម្ពីរនោះ ពោលគឺគម្ពីរនោះហើយដែលធ្វើបន្ទាល់អំពីខ្ញុំ។ ហើយអ្នករាល់គ្នានឹងមិនព្រមមកឯខ្ញុំ ដែលប្រទានឲ្យអ្នករាល់គ្នាមានជីវិតឡើយ» (យ៉ូហាន ៥:៣៩-៤០)

«ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ផ្ទាល់គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យពាក្យ សេចក្ដីបង្រៀន ហើយចុងក្រោយគឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅ មិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចចាត់ទុកជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណ ក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះ ដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការ បច្ចុប្បន្នរបស់ទ្រង់។ ប្រសិនបើអ្នកយកកំណត់ត្រាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងកាលពីអតីតកាលមកអនុវត្តនៅពេលបច្ចុប្បន្ន ទង្វើនេះធ្វើឲ្យអ្នកក្លាយជាបុរាណវិទូហើយ ហើយងារដ៏ល្អបំផុតសម្រាប់បរិយាយពីអ្នក គឺអ្នកឯកទេសបេតិកភណ្ឌប្រវត្តិសាស្ត្រ។ នេះមកពីអ្នកតែងតែជឿលើតឹកតាងនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើពីអតីតកាលជឿតែលើស្រមោលដែលព្រះជាម្ចាស់បានបន្សល់ទុក កាលដែលទ្រង់បានធ្វើការនៅក្នុងចំណោមមនុស្ស ហើយជឿតែលើមាគ៌ា ដែលព្រះជាម្ចាស់បានប្រទានឲ្យពួកសិស្សទ្រង់ពីអតីតកាល។ អ្នកមិនជឿលើទិសដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ ក៏មិនជឿលើព្រះភក្ត្រដែលពេញដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ នាពេលបច្ចុប្បន្ននេះ ហើយមិនជឿលើមាគ៌ានៃសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្ហាញឲ្យគេស្គាល់ នាពេលបច្ចុប្បន្ននេះដែរ។ ហេតុនេះ អ្នកគឺជាមនុស្សរវើរវាយ ដែលនៅដាច់ឆ្ងាយពីភាពជាក់ស្ដែងទាំងស្រុង ដោយគ្មានអ្វីប្រកែកឡើយ។ ពេលនេះ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់តាមពាក្យពេចន៍ដែលមិនអាចប្រទានជីវិតឲ្យមនុស្សបាននោះអ្នកជាមនុស្សដូចឈើងាប់មួយដុំដែលអស់សង្ឃឹម[ក] ដ្បិតអ្នករាល់គ្នាមានគំនិតអភិរក្សនិយមជ្រុល ពិបាកទូន្មានជ្រុល ហើយរឹងរូសជ្រុល មិនទទួលហេតុផលសោះ!

(«មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សជាច្រើនជឿថា ការយល់ដឹង និងការដែលអាចបកស្រាយព្រះគម្ពីរ គឺដូចទៅនឹងការស្វែងរកផ្លូវពិតដូច្នោះដែរ តែតាមពិត តើរឿងនេះពិតជាសាមញ្ញណាស់មែនទេ? គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថា វាមិនផ្តល់ឲ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកឯកសារនូវកិច្ចការទាំងពីរដំណាក់កាលរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឲ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែ អ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។

(«ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ចំពោះការអានព្រះគម្ពីរ មនុស្សក៏អាចទទួលបានផ្លូវជីវិតជាច្រើនដែលមិនមាននៅក្នុងសៀវភៅផ្សេងនោះទេ។ ផ្លូវទាំងនេះ គឺជាផ្លូវជីវិតនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលពួកហោរា និងពួកសាវ័កនៅក្នុងយុគសម័យមុនៗធ្លាប់ឆ្លងកាត់ ហើយពាក្យពេចន៍ជាច្រើនសុទ្ធតែមានតម្លៃ និងអាចផ្តល់នូវអ្វីដែលមនុស្សត្រូវការ។ ដូច្នេះ មនុស្សទាំងអស់ចូលចិត្តអានព្រះគម្ពីរ។ ដោយសារតែមានរឿងរ៉ាវជាច្រើនបង្កប់នៅក្នុងព្រះគម្ពីរ ទើបការយល់ឃើញរបស់មនុស្សចំពោះព្រះគម្ពីរ គឺមិនដូចទៅនឹងការយល់ឃើញចំពោះសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យនានានោះទេ។ ព្រះគម្ពីរគឺជាការកត់ត្រា និងការចងក្រងនៃបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សដែលបានបម្រើព្រះយេហូវ៉ា និងព្រះយេស៊ូវនៅក្នុងយុគសម័យចាស់ និងយុគសម័យថ្មី ដូច្នេះមនុស្សជំនាន់ក្រោយអាចទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងផ្លូវជាច្រើនដើម្បីអនុវត្ត ពីព្រះគម្ពីរ។ មូលហេតុដែលព្រះគម្ពីរឧត្ដុង្គឧត្ដមជាងសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ គឺដោយសារតែសំណេរទាំងអស់របស់ពួកគេ គឺដកស្រង់ចេញពីព្រះគម្ពីរ បទពិសោធន៍របស់ពួកគេទាំងអស់ គឺចេញមកពីព្រះគម្ពីរ ហើយពួកគេទាំងអស់ពន្យល់អំពីព្រះគម្ពីរ។ ដូច្នេះ ទោះបីមនុស្សអាចទទួលបានខ្លឹមសារដែលមានចែងនៅក្នុងសៀវភៅរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាមួយក៏ដោយ ក៏ពួកគេនៅតែថ្វាយបង្គំព្រះគម្ពីរដដែល ដោយសារព្រះគម្ពីរហាក់ដូចជាឧត្ដុង្គឧត្ដម និងជ្រាលជ្រៅសម្រាប់ពួកគេ! ទោះបីជាព្រះគម្ពីរប្រមូលផ្តុំដោយកណ្ឌគម្ពីរព្រះបន្ទូលនៃជីវិតមួយចំនួន ដូចជាសំបុត្ររបស់ប៉ុល និងសំបុត្ររបស់ពេត្រុសជាដើម ហើយទោះបីកណ្ឌគម្ពីរទាំងនេះអាចផ្គត់ផ្គង់ និងផ្តល់ជំនួយដល់មនុស្សក៏ដោយ ក៏កណ្ឌគម្ពីរទាំងនេះហួសសម័យ ហើយពួកវានៅតែស្ថិតនៅក្នុងយុគសម័យចាស់ដដែល ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវាសមស្របសម្រាប់តែរយៈពេលមួយប៉ុណ្ណោះ មិនមែនសមស្របជារៀងរហូតនោះទេ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍន៍ទៅមុខ ហើយវាមិនអាចឈប់នៅត្រឹមតែសម័យកាលប៉ុល ឬពេត្រុស ឬជាប់នៅក្នុងយុគសម័យនៃព្រះគុណដែលព្រះយេស៊ូវត្រូវបានគេឆ្កាងរហូតឡើយ ដូច្នេះ កណ្ឌគម្ពីរទាំងនេះ សមស្របសម្រាប់តែយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសមស្របសម្រាប់យុគសម័យនៃនគរព្រះក្នុងគ្រាចុងក្រោយនោះទេ។ កណ្ឌគម្ពីរទាំងនេះ គ្រាន់តែអាចផ្តល់ឲ្យអ្នកជឿក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសម្រាប់ពួកបរិសុទ្ធក្នុងយុគសម័យនៃនគរព្រះនោះទេ ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវានៅតែហួសសម័យដដែល។ វាដូចគ្នានឹងកិច្ចការនៃការបង្កើតរបស់ព្រះយេហូវ៉ា ឬកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែលដូច្នោះដែរ៖ មិនថាកិច្ចការរបស់ទ្រង់អស្ចារ្យបែបណានោះទេ វានៅតែហួសសម័យដដែល ហើយគង់តែដល់ពេលដែលវាកន្លងផុតទៅ។ កិច្ចការរបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ៖ វាអស្ចារ្យ ប៉ុន្តែពេលវេលាបញ្ចប់នឹងមកដល់។ វាមិនអាចស្ថិតនៅតែក្នុងកិច្ចការនៃការបង្កើត ឬក្នុងកិច្ចការនៃការជាប់ឆ្កាងជារៀងរហូតនោះទេ។ មិនថាកិច្ចការនៃការជាប់ឆ្កាងគួរឲ្យជឿប៉ុណ្ណា មិនថាកិច្ចការនៃការជាប់ឆ្កាងមានប្រសិទ្ធភាពក្នុងការយកឈ្នះសាតាំងប៉ុណ្ណា សរុបមក កិច្ចការនៅតែជាកិច្ចការ ហើយយុគសម័យនៅតែជាយុគសម័យដដែល។ កិច្ចការមិនអាចស្ថិតនៅលើមូលដ្ឋានគ្រឹះដដែលជានិច្ចនោះឡើយ ហើយពេលវេលាក៏មិនមែនមិនធ្លាប់ផ្លាស់ប្តូរនោះដែរ ពីព្រោះមានការបង្កើត ហើយត្រូវមានគ្រាចុងក្រោយ។ រឿងនេះមិនអាចជៀសរួចនោះទេ! ដូច្នេះ ថ្ងៃនេះ ព្រះបន្ទូលនៃជីវិតនៅក្នុងសញ្ញាថ្មី ដែលជាសំបុត្ររបស់ពួកសាវ័ក និងដំណឹងល្អទាំងបួនក្នុងគម្ពីរសញ្ញាថ្មី បានក្លាយជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅទាំងនេះបានក្លាយជាពាក្យប្រៀនប្រដៅចាស់បុរាណ ហើយធ្វើដូចម្តេចទើបការប្រៀនប្រដៅចាស់បុរាណនេះ អាចនាំមនុស្សចូលទៅក្នុងយុគសម័យថ្មីបាន? មិនថាការប្រៀនប្រដៅទាំងនេះ អាចផ្តល់ជីវិតដល់មនុស្សបែបណា មិនថាការប្រៀនប្រដៅទាំងនេះអាចដឹកនាំមនុស្សទៅកាន់ឈើឆ្កាងបែបណានោះទេ តើវាមិនហួសសម័យទេឬអី? តើការប្រៀនប្រដៅទាំងនេះ មិនមានគុណតម្លៃមែនទេ? ដូច្នេះ ខ្ញុំនិយាយថា អ្នកមិនគួរជឿលើពាក្យប្រៀនប្រដៅទាំងនេះទាំងងងឹតងងល់ឡើយ។ សេចក្ដីទាំងនេះចាស់គំរិលពេកហើយ សេចក្ដីទាំងនេះមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មីបានឡើយ ហើយពួកវាត្រឹមតែអាចដាក់អម្រែកដល់អ្នកប៉ុណ្ណោះ។ ពួកវាមិនត្រឹមតែមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មី និងចូលទៅក្នុងផ្លូវចូលថ្មីប៉ុណ្ណោះទេ ពួកវាថែមទាំងនាំអ្នកទៅក្នុងក្រុមជំនុំសាសនាចាស់ទៀតផង ហើយប្រសិនបើករណីនេះកើតឡើង តើជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ មិនដើរថយក្រោយទេឬអី?

(«ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សាសន៍យូដាទាំងអស់ សុទ្ធតែអានគម្ពីរសញ្ញាចាស់ ហើយដឹងពីបទទំនាយរបស់ហោរាអេសាយដែលទាយថា ទារកម្នាក់នឹងប្រសូតក្នុងស្នូកសត្វ។ ចុះហេតុអ្វីបានជាគេនៅតែបៀតបៀនព្រះយេស៊ូវ ទាំងដឹងច្បាស់ឥតចន្លោះអំពីបទទំនាយនេះ? តើមិនមែនដោយសារចរិតបះបោរ និងកង្វះការយល់ដឹងរបស់គេ អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅគ្រានោះ ពួកផារិស៊ីជឿថា កិច្ចការរបស់ព្រះយេស៊ូវខុសពីអ្វីដែលគេដឹងអំពីទារកដែលត្រូវបានទាយទុក ហើយមនុស្សសម័យបច្ចុប្បន្នបដិសេធព្រះជាម្ចាស់ ក៏ដោយសារកិច្ចការរបស់ព្រះដែលប្រសូតជាសាច់ឈាម មិនស្របទៅនឹងព្រះគម្ពីរ។ តើលក្ខណៈពិតនៃចរិតបះបោររបស់គេចំពោះព្រះជាម្ចាស់នៅដដែលទេឬអី? តើអ្នកអាចទទួលយកកិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានចម្ងល់បានដែរឬទេ? ប្រសិនបើវាជាកិច្ចការ របស់ព្រះវិញ្ញាណបរិសុទ្ធនោះចរន្តលំហូរនេះគឺត្រឹមត្រូវហើយ ហើយអ្នកគួរតែទទួលយកកិច្ចការនេះដោយពុំមានការសង្ស័យអ្វីទាំងអស់ អ្នកពុំគួរជ្រើសរើស ឬសម្រេចយកអ្វីដែលត្រូវទទួល ឬមិនទទួលនោះឡើយ។ តើនឹងមានប្រយោជន៍អ្វី បើកាលណាអ្នកកាន់តែ «ដឹង» ពីព្រះកាន់តែច្រើន នោះអ្នកនឹងកាន់តែសង្ស័យច្រើនដែរនោះ? អ្នកមិនចាំបាច់ស្វែងរក ភ័ស្តុតាងបញ្ជាក់បន្ថែមទៀត ពីគម្ពីរទេ បើវាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកត្រូវទទួលយកវាចុះ ដ្បិតអ្នកជឿលើព្រះជាម្ចាស់ ដើម្បីដើរតាមទ្រង់ ហើយអ្នកពុំគួរស៊ើបអង្កេតពីទ្រង់នោះឡើយ អ្នកពុំគួរស្វះស្វែងរកភស្តុតាងបន្ថែមពីខ្ញុំនោះដើម្បីបញ្ជាក់ថា ខ្ញុំជាព្រះរបស់អ្នកនោះឡើយ ប៉ុន្តែ អ្នកគួរតែចេះសម្គាល់មើលថាខ្ញុំមានប្រយោជន៍ដល់អ្នករាល់គ្នាឬអត់ នេះទើបជាកត្តាសំខាន់បំផុត។ បើទោះបីជាអ្នករកឃើញនូវភស្តុតាងដែលមិនអាចប្រកែកបាននៅក្នុងព្រះគម្ពីរ ភស្តុតាងនោះក៏មិនអាចនាំអ្នកឲ្យចូលមកចំពោះខ្ញុំទាំងស្រុងបានដែរ។ អ្នកគ្រាន់តែរស់នៅក្នុងដែនកំណត់នៃព្រះគម្ពីរប៉ុណ្ណោះ មិនមែននៅចំពោះខ្ញុំនោះទេ។ ព្រះគម្ពីរមិនអាចជួយអ្នកឲ្យស្គាល់ខ្ញុំបានទេ ក៏មិនអាចជួយឲ្យសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំ កាន់តែស៊ីជម្រៅនោះដែរ។ ថ្វីដ្បិតព្រះគម្ពីរបានទាយថា ទារកម្នាក់នឹងត្រូវប្រសូត ក៏គ្មាននរណាអាចដឹងច្បាស់ថា បទទំនាយនឹងសម្រេចដោយសារនរណាដែរ ដ្បិតមនុស្សមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះក៏ជាហេតុបណ្ដាលឲ្យពួកផារិស៊ីប្រឆាំងទាស់នឹងព្រះយេស៊ូវដែរ។ អ្នកខ្លះនិយាយថា កិច្ចការរបស់យើង គឺសម្រាប់ជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែ ពួកគេនៅតែជឿថា ព្រះយេស៊ូវ និងខ្ញុំ គឺជាព្រះពីរអង្គដោយឡែកពីគ្នាទាំងស្រុង ជាព្រះដែលមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅគ្រានោះ ព្រះយេស៊ូវគ្រាន់តែប្រទាននូវបទអធិប្បាយជាច្រើននៅក្នុងយុគសម័យនៃព្រះគុណ ទាក់ទងនឹងប្រធានបទនានាដូចជា វិធីអនុវត្ត វិធីមូលមីជួបជុំគ្នា វិធីអធិដ្ឋានទូលអង្វរ វិធីប្រព្រឹត្តចំពោះអ្នកដទៃ។ ល។ និង។ ល។ កិច្ចការដែលទ្រង់បានអនុវត្ត គឺជាកិច្ចការក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់ក៏បកស្រាយតែរបៀបដែលពួកសិស្សទ្រង់ និងអ្នកដែលដើរតាមទ្រង់ គួរអនុវត្តតែប៉ុណ្ណោះ។ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យនៃព្រះគុណ និងមិនបានធ្វើកិច្ចការនៃគ្រាចុងក្រោយទាល់តែសោះ។ កាលព្រះយេហូវ៉ាកត់ត្រាក្រឹត្យវិន័យសញ្ញាចាស់ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ចុះហេតុអ្វីបានជាទ្រង់មិនធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណផង? ហេតុអ្វីបានជាទ្រង់មិនបញ្ជាក់ពីកិច្ចការក្នុងយុគសម័យនៃព្រះគុណ ឲ្យច្បាស់ជាមុនផង។ តើការនេះនឹងមិនជួយឲ្យមនុស្សទទួលយកបានទេឬអី? ទ្រង់គ្រាន់តែទាយទុកថា ទារកម្នាក់នឹងប្រសូត ហើយនឹងមានព្រះចេស្ដា ប៉ុន្តែ ទ្រង់មិនបានអនុវត្តកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទុកជាមុននោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការនៃដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបកិច្ចការតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ អាចត្រូវបានគេកត់សម្គាល់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឲ្យបានសង្គ្រោះ អំពីរបៀបលន់តួ និងប្រែចិត្ត និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ ប៉ុន្តែ ទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សសម្រេចបាននូវសិទ្ធិចូល {ទៅក្នុងនគរស្ថានសួគ៌} ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឲ្យអស់សំណើចទេ? ដោយគ្រាន់តែកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? រវាងគ្រូអធិប្បាយតាមព្រះគម្ពីរ និងអ្នកប្រកាសដំណឹងល្អ តើនរណាអាចបានឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុន?

(«តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិ ដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិត ដ៏គង់វង់បានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត គេនឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាម ឱបក្រសោបអតីតកាលគ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះដែលអ្នកជឿតាមនេះ គឺជាព្រះដែលថ្មីជានិច្ច មិនដែលចាស់គំរិលយ៉ាងដូច ម្ដេច? ហើយធ្វើយ៉ាងណា ឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃបញ្ញា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយ នឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកនៅគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

(«មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

ក. ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ពិភពសាសនាគិតថា ជំនឿលើព្រះជាម្ចាស់គឺជាជំនឿលើព្រះគម្ពីរ ហើយការចាកចេញពីព្រះគម្ពីរ គឺមិនមែនជាជំនឿលើព្រះជាម្ចាស់ឡើយ ការយល់ឃើញនេះ គឺខុស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ...

គុណតម្លៃដែលមានស្រាប់របស់ព្រះគម្ពីរ និងវិធីដែលមនុស្សគួរតែប្រព្រឹត្តចំពោះព្រះគម្ពីរតាមវិធីដែលស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះគម្ពីរគឺជាការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល...

ពិភពសាសនាជឿថា ខគម្ពីរទាំងអស់ត្រូវបានជំរុញដោយព្រះជាម្ចាស់ ហើយខគម្ពីរទាំងអស់គឺជាព្រះបន្ទូលរបស់ទ្រង់ ការយល់ឃើញនេះគឺខុស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។...

Leave a Reply