គោលបំណងរបស់ដំណាក់កាលទាំងបីនៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ដែលជាផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំមាន៣ដំណាក់កាល ឬ៣យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យ នាគ្រាដើមដំបូងយុគសម័យនៃព្រះគុណ (ដែលហៅម្យ៉ាងទៀតថាយុគសម័យ នៃការប្រោសលោះ) ហើយនិងយុគសម័យ នៃនរគព្រះនាគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំ នៅក្នុងយុគ សម័យទាំងបីនេះ មានខ្លឹមសារខុសគ្នា អាស្រ័យទៅតាមសណ្ឋាននៃយុគសម័យនីមួយៗ ប៉ុន្តែ នៅរាល់ដំណាក់កាលនីមួយៗ កិច្ចការនេះផ្ដល់ប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឲ្យចំ គឺត្រូវបានធ្វើឡើង ដោយស្របទៅនឹងល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ គោលបំណងនៃកិច្ចការរបស់ខ្ញុំ គឺដើម្បីផ្ដួលសាតាំងឲ្យបរាជ័យ ដើម្បីសម្ដែងប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីបើកកកាយល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជសាសន៍មនុស្សទាំងមូល ដែលរស់នៅក្រោមដែនគ្រប់គ្រងរបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបង្ហាញពីសេចក្ដីអាក្រក់ដ៏លើសលុបរបស់សាតាំង ហើយលើសពីនេះទៀត គឺដើម្បីឲ្យមនុស្សមើលឃើញភាពខុសគ្នារវាងការល្អ និងការអាក្រក់ ដើម្បីឲ្យគេដឹងថា ខ្ញុំជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ដើម្បីឲ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្ស ជាវិញ្ញាណអាក្រក់ ជាមេកំណាច ហើយឲ្យមនុស្សអាចប្រាប់ពីភាពខុសគ្នាដោយភាពជាក់លាក់ក្រៃលែងរវាងការល្អ និងការអាក្រក់ សេចក្ដីពិត និងភាពក្លែងក្លាយ ភាពបរិសុទ្ធ និងភាពស្មោកគ្រោក ហើយអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប។ ធ្វើបែបនេះ មនុស្សដ៏ល្ងង់ខ្លៅ នឹងអាចមើលឃើញដោយផ្ទាល់ភ្នែកថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឲ្យមនុស្សទៅជាពុករលួយទេ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សបាន អាចប្រទានឲ្យគេនូវអ្វីដែលអាចឲ្យគេរីករាយ ហើយគេនឹងដឹងថា ខ្ញុំគឺជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ចំណែកសាតាំងវិញគឺគ្រាន់តែជាវិញ្ញាណមួយដែលខ្ញុំបានបង្កើតមក តែបែរជាត្រឡប់មកប្រឆាំងនឹងខ្ញុំវិញប៉ុណ្ណោះ។ ផែនការគ្រប់គ្រង រយៈពេល៦ពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ដំណាក់កាលហើយខ្ញុំធ្វើបែបនេះ ដើម្បីសម្រេចនូវប្រសិទ្ធភាព ឲ្យមនុស្សធ្វើជាស្មរបន្ទាល់របស់ខ្ញុំហើយយល់ពីបំណងចិត្តខ្ញុំ ព្រមទាំងដឹងថា ខ្ញុំជាសេចក្ដីពិត។

(«រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យក្រឹត្យវិន័យ យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺ ដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឲ្យព្រះជាម្ចាស់អាចធ្វើចម្បាំងជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំង ក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ប្រហែលជា នៅក្នុងក្ដីស្រមៃរបស់មនុស្ស គេជឿថា នៅក្នុងចម្បាំងនេះ ព្រះជាម្ចាស់នឹងចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំង ក្នុងលក្ខណៈដូចគ្នាដែលកងទ័ពពីរក្រុមនឹងត្រូវច្បាំងគ្នាដែរ។ នេះគឺគ្រាន់តែអ្វីដែលប្រាជ្ញារបស់មនុស្សអាចនឹងស្រមៃដល់បានតែប៉ុណ្ណោះ។ វាគឺជាគំនិតដ៏សែនស្រពិចស្រពិលនិងមិនប្រាកដប្រជា ក៏ប៉ុន្តែ វាគឺជាគំនិតដែលមនុស្សជឿ។ ហើយដោយសារខ្ញុំមានព្រះបន្ទូលនៅទីនេះថា សេចក្ដីសង្គ្រោះរបស់មនុស្ស គឺតាមរយៈចម្បាំងជាមួយសាតាំង មនុស្សស្រមៃថា នេះគឺជារបៀបដែលត្រូវធ្វើចម្បាំង។ មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូល ជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈ ដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយ លោះអំពើបាបរបស់មនុស្ស ការអត់ទោសអំពើបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្សជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឲ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលត្រូវបានយកឈ្នះសាតាំង។ ត្រូវបានយកឈ្នះសាតាំងតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលត្រូវបានយកឈ្នះសាតាំងរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងការអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុងហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ ខ្លឹមសារនៃសេចក្ដីសង្គ្រោះរបស់មនុស្សគឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះគឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។

(«ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គោលបំណងនៃកិច្ចការទាំងបីដំណាក់កាល គឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិទាំងអស់ គឺជាការសង្គ្រោះមនុស្សជាតិ ឲ្យរួចផុតពីអំណាចគ្រប់គ្រងរបស់សាតាំងទាំងស្រុង។ ទោះបីជាដំណាក់កាលនីមួយៗ ក្នុងកិច្ចការនេះមានវត្ថុបំណង និងមានសារៈសំខាន់ខុសគ្នា ក៏ដំណាក់កាលនីមួយៗ ជាចំណែកនៃកិច្ចការសង្គ្រោះមនុស្សជាតិ ហើយដំណាក់កាលនីមួយៗ គឺជាកិច្ចការដោយឡែកពីគ្នានៅក្នុងសេចក្ដីសង្គ្រោះ ដែលត្រូវបានអនុវត្តស្របទៅនឹងសេចក្ដីតម្រូវរបស់មនុស្សជាតិ។ កាលណាអ្នកដឹងអំពីគោលបំណងនៃកិច្ចការទាំងបីដំណាក់កាលនេះហើយ នោះអ្នកនឹងដឹងពីវិធីឲ្យតម្លៃសារៈសំខាន់នៃកិច្ចការក្នុងដំណាក់កាលនីមួយៗព្រមទាំងដឹងពីវិធីបំពេញមុខងារ ដើម្បីផ្គាប់ព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ផង។ ប្រសិនបើអ្នកអាចឈានដល់ចំណុចនេះ នោះនិមិត្តដ៏អស្ចារ្យជាងគេបំផុតនេះ នឹងក្លាយជាគ្រឹះនៃជំនឿដែលអ្នកមានចំពោះព្រះជាម្ចាស់។

(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានបង្កើតមនុស្សលោក និងដាក់ពួកគេនៅលើផែនដី ហើយទ្រង់បានដឹកនាំពួកគេចាប់តាំងពីពេលនោះមក។ ក្រោយមក ទ្រង់ក៏បានសង្គ្រោះពួកគេ និងធ្វើជាដង្វាយលោះអំពើបាបសម្រាប់មនុស្សជាតិ។ នៅទីបំផុត ទ្រង់នឹងត្រូវបង្ក្រាបលើមនុស្សជាតិ សង្គ្រោះមនុស្សលោកទាំងមូល និងស្រោចស្រង់ពួកគេទៅរកលក្ខណៈដើមរបស់ពួកគេវិញ។ នេះគឺជាកិច្ចការដែលទ្រង់ បានចូលរួមធ្វើ ចាប់តាំងពីគ្រាដំបូងមកម៉្លេះ ជាការស្រោចស្រង់មនុស្សទៅរករូបអង្គ និងលក្ខណៈដើមរបស់ពួកគេវិញ។ ព្រះជាម្ចាស់នឹងបង្កើតនគរស្ថានសួគ៌របស់ទ្រង់ និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ ដែលមានន័យថា ព្រះជាម្ចាស់នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី និងក្នុងចំណោមសត្តនិករទាំងអស់ ត្រឡប់មកវិញ។ មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឲ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឲ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាម ការបញ្ជារបស់សាតាំង។ ហេតុនេះព្រះជាម្ចាស់ គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះ។ មនុស្សលោក ត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែ ពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឲ្យរួចពីអំពើបាបសិន។ មានតែតាមរបៀបនេះទេ ដែលព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឲ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកឡើងមកទើបទ្រង់ត្រូវធ្វើឲ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឲ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឲ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឲ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឲ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឲ្យពេញខ្នាត ចូលទៅក្នុងសេចក្ដីសម្រាក។ នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលដែលការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ កំពុងខិតទៅរកទីបញ្ចប់ ព្រះជាម្ចាស់នឹងបែងចែករបស់សព្វសារពើទៅតាមជំពូករបស់វា។ មនុស្សត្រូវបានបង្កើតឡើងដោយព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ទ្រង់នឹងឲ្យមនុស្សត្រឡប់ទៅនៅក្រោមអំណាចគ្រប់គ្រងរបស់ទ្រង់វិញ នេះជាទីបញ្ចប់នៃកិច្ចការទាំងបី ដំណាក់កាល។ កិច្ចការដំណាក់កាលនៃគ្រាចុងក្រោយ និងកិច្ចការពីរដំណាក់កាលមុន ដែលស្ថិតនៅក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា គឺសុទ្ធតែជាផែនការនៃការគ្រប់គ្រងរបស់ព្រះជា ម្ចាស់ក្នុងសកលលោកទាំងមូល។ ពុំមាននរណាម្នាក់អាចបដិសេធរឿងនេះឡើយ ហើយវាគឺជាការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ថ្វីបើមនុស្សមិនមាន បទពិសោធន៍ ឬឃើញកិច្ចការនេះច្រើនផ្ទាល់នឹងភ្នែក ក៏ការពិតនៅតែជាការពិត ហើយរឿងនេះគ្មានមនុស្សណាម្នាក់អាចបដិសេធបានទេ។ មនុស្សដែលជឿលើព្រះជាម្ចាស់នៅគ្រប់បណ្ដាប្រទេសក្នុងសកលលោក នឹងទទួលកិច្ចការទាំងបីដំណាក់កាលទាំងអស់គ្នា។ ប្រសិនបើអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលមួយជាក់លាក់ ហើយមិនស្គាល់កិច្ចការក្នុងដំណាក់ កាលពីរទៀត មិន ស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ពីអតីតកាល នោះអ្នកមិនអាចថ្លែង ពីសេចក្ដីពិតទាំងស្រុងទាក់ទងទៅនឹងផែនការគ្រប់គ្រងទាំងមូល របស់ព្រះជាម្ចាស់បានឡើយ ហើយចំណេះដឹងដែលអ្នកមានអំពី ព្រះជាម្ចាស់ គឺជាចំណេះដឹងដែលលម្អៀងទៅតែម្ខាង ដ្បិតនៅក្នុង ជំនឿដែលអ្នកមានចំពោះព្រះជា ម្ចាស់ អ្នកមិនស្គាល់ ឬយល់ដឹងពីទ្រង់ឡើយ ដូច្នេះ អ្នកមិនសមនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ឡើយ។ បើទោះបីជាចំណេះដឹងបច្ចុប្បន្នរបស់អ្នកចំពោះកិច្ចការទាំងអស់នេះ មានលក្ខណៈជ្រាលជ្រៅ ឬរាក់កំផែល នោះនៅទីបញ្ចប់ អ្នកក៏ត្រូវតែមានចំណេះដឹង និងត្រូវជឿទុកចិត្តយ៉ាងម៉ត់ចត់ ហើយមនុស្សទាំងអស់នឹងឃើញភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយចុះចូលនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជា ម្ចាស់ទៀតផង។ នៅទីបញ្ចប់នៃកិច្ចការនេះ សាសនាទាំងអស់នឹងរួបរួមគ្នាមកតែមួយ សត្តនិករទាំងអស់នឹងថ្វាយបង្គំព្រះដ៏ពិតតែមួយអង្គ ហើយសាសនាដ៏អាក្រក់ទាំងអស់នឹងរលាយបាត់ ដោយមិនលេចមកទៀតឡើយ។

(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រហែលជាពេលដែលប្រស្នាអំពីកិច្ចការទាំងបីដំណាក់កាលត្រូវបានសម្រាយឲ្យមនុស្សជាតិដឹង នោះនឹងមានមនុស្សមានទេពកោសល្យមួយក្រុមដែលស្គាល់ព្រះជាម្ចាស់ លេចមកបន្តកិច្ចការនេះ។ ប្រាកដណាស់ ខ្ញុំសង្ឃឹមដំណើររឿងនឹង ទៅជាបែបនេះ ហើយជាងនេះទៀត ខ្ញុំកំពុងស្ថិតនៅក្នុងដំណើរ ការនៃការអនុវត្តកិច្ចការនេះ ហើយខ្ញុំសង្ឃឹមថានឹងមើលឃើញមនុស្ស មានទេពកោសល្យបែបនេះលេចមកជាច្រើនទៀត នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ពួកគេនឹងក្លាយជាមនុស្សដែលធ្វើបន្ទាល់ពីការពិតនៃកិច្ចការទាំងបីដំណាក់កាលនេះ ហើយពិតណាស់ ពួកគេក៏នឹងក្លាយជាមនុស្សដំបូងដែលធ្វើបន្ទាល់ពីកិច្ចការទាំងបីដំណាក់កាលនេះផងដែរ។ ប៉ុន្តែ ប្រសិនបើមនុស្សមានទេពកោសល្យបែបនេះ មិនលេចឡើងនៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ដល់ទីបញ្ចប់ ឬប្រសិនបើមានតែមនុស្សម្នាក់ ឬពីរនាក់ បានទទួលការប្រោសឲ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដោយផ្ទាល់ គ្មានអ្វីតឹងចិត្ត និងគួរឲ្យស្ដាយជាងនេះឡើយ។ យ៉ាងណាមិញ នេះគ្រាន់តែជាលទ្ធផលដ៏ល្អបំផុតដែលអាចកើតឡើង។ បើទោះបីជាអាចមានករណីបែបណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថាអស់អ្នកដែលព្យាយាមពិតប្រាកដ អាចទទួលបានព្រះពរនេះ។ តាំងពីដើមដំបូងមកគឺមិនធ្លាប់មានកិច្ចការបែបនេះឡើយ។ កិច្ចការបែបនេះមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃការបង្កើតមនុស្សជាតិឡើយ។ ប្រសិនបើអ្នកពិតជាអាចក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដំបូងដែលស្គាល់ព្រះជាម្ចាស់ តើនេះមិនក្លាយជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងចំណោមសត្តនិករទាំងអស់ទេឬអី? នៅក្នុងចំណោមមនុស្សជាតិ តើមានសត្តនិករណាមួយដែលត្រូវបានព្រះជាម្ចាស់សរសើរជាងនេះទេ? កិច្ចការបែបនេះ មិនងាយសម្រេចបានឡើយ ប៉ុន្តែនៅទីបំផុតនឹងច្រូតផលរង្វាន់។ នៅទីបញ្ចប់ មនុស្សដែលអាចសម្រេចបាននូវចំណេះដឹងអំពីព្រះជាម្ចាស់ គេក៏ទទួលបានកិត្តិយសដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហើយនឹងក្លាយជាមនុស្សមួយក្រុមគត់ដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ជាកម្មសិទ្ធ ទោះបីជាគេមានភេទអ្វី ឬមានសញ្ជាតិអ្វីក៏ដោយ។ នេះជាកិច្ចការបច្ចុប្បន្ន ហើយក៏ជាកិច្ចការនៅថ្ងៃអនាគតដែរ នេះជាកិច្ចការចុងក្រោយ និងជាកិច្ចការដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវសម្រេចឲ្យបាន ក្នុងកិច្ចការរយៈពេល៦.០០០ឆ្នាំនេះ ហើយវាគឺជារបៀបធ្វើការដែលបង្ហាញអំពីជំពូកមនុស្សនីមួយៗ។ តាមរយៈកិច្ចការនៃការបណ្ដាលឲ្យមនុស្សជាតិស្គាល់ព្រះជាម្ចាស់ ឋានៈរបស់មនុស្សត្រូវបានបើកសម្ដែង៖ អស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយទទួលបាននូវសេចក្ដីសន្យារបស់ទ្រង់ ឯមនុស្សដែលមិនស្គាល់ព្រះជាម្ចាស់ គ្មានលក្ខណសម្បត្តិទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយមិនទទួលបាននូវសេចក្ដីសន្យារបស់ទ្រង់ឡើយ។ អស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ គឺជាសម្លាញ់របស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ គឺមិនអាចហៅជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ឡើយមិត្តសម្លាញ់របស់ព្រះជាម្ចាស់ អាចទទួលព្រះពរណាក៏បានពីព្រះជាម្ចាស់ ចំណែកឯមនុស្សដែលមិនមែនជាសម្លាញ់របស់ទ្រង់វិញ គឺគេមិនសមទទួលកិច្ចការណាមួយរបស់ទ្រង់ឡើយ។ ទោះបីមហាវេទនា ការបន្សុទ្ធ ឬការជំនុំជម្រះ កិច្ចការទាំងអស់នេះ គឺសុទ្ធតែជាប្រយោជន៍ ដើម្បីឲ្យមនុស្សសម្រេចបាននូវការស្គាល់ព្រះជាម្ចាស់នៅទីបំផុត ហើយដើម្បីឲ្យមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់។ នេះគ្រាន់តែជាផលដែលសម្រេចបាននៅទីបំផុត។

(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កាលណាកិច្ចការទាំងបីដំណាក់កាលឈានមកដល់ទីបញ្ចប់ មនុស្សមួយក្រុមដែលនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ ជាមនុស្សមួយក្រុមដែលស្គាល់ព្រះជាម្ចាស់ នឹងត្រូវបានបង្កើតឡើងមក។ មនុស្សទាំងអស់នេះនឹងស្គាល់ព្រះជាម្ចាស់ និងអាចយកសេចក្ដីពិតមកអនុវត្ត។ ពួកគេមានភាពជាមនុស្ស និងមានសតិ ហើយគេនឹងស្គាល់អស់ទាំងកិច្ចការទាំងបីដំណាក់កាលនៃសេចក្ដីសង្គ្រោះទៀតផង។ នេះគឺជាកិច្ចការដែលនឹងត្រូវសម្រេចនៅគ្រាចុងក្រោយ ហើយមនុស្សទាំងអស់នេះជាការសម្ដែងឲ្យឃើញច្បាស់ ពីកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦០០០ឆ្នាំ និងជាស្មរបន្ទាល់ដ៏មានអានុភាពបំផុត ដើម្បីបរាមុខសាតាំងដល់ទីបំផុត។ មនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ នឹងអាចទទួលបានសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ ហើយនឹងក្លាយជាក្រុមមនុស្ស ដែលស្ថិតនៅដល់ទីបញ្ចប់ ជាក្រុមមនុស្សដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយធ្វើបន្ទាល់ពីព្រះជាម្ចាស់ផង។

(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់យើងនៅលើផែនដីនេះពោលគឺអ្វីដែលយើងសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលយើងត្រូវសម្រេចបាននៅក្នុងកិច្ចការនេះមុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយយើងរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់យើងទៀត នោះតើពួកគេមិនមែនដើរជាមួយយើងដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមយើង នោះពួកគេគួរតែដឹងពីបំណងព្រះហឫទ័យរបស់យើង។ យើងបានធ្វើការនៅលើផែនដី អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏យើងនៅតែបន្ដបំពេញកិច្ចការរបស់យើងតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់យើងក៏ដោយក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាយើងពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលយើងធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឲ្យដំណឹងល្អរបស់យើង កាន់តែរីកសុសសាយព្រមទាំងដើម្បីពង្រីកកិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរនៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះយើងនៅតែបន្ដធ្វើកិច្ចការរបស់យើងតទៅទៀតដែរ គឺយើងបន្ដកិច្ចការដែលយើងត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលយើងមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់យើងក៏ដោយ ក៏យើងនៅតែបំពេញភារកិច្ចរបស់យើងដែរ ព្រោះគោលបំណងនៃកិច្ចការរបស់យើង មិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់យើងក៏មិនបានបរាជ័យដែរ។ មុខងារនៃការជំនុំជម្រះរបស់យើង គឺដើម្បីជួយឲ្យមនុស្សកាន់តែស្ដាប់បង្គាប់យើង ហើយមុខងារនៃការដាក់ទោសរបស់យើង គឺដើម្បីឲ្យមនុស្សផ្លាស់ប្ដូរ កាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលយើងធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់យើងក៏ដោយក៏យើងមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះយើងសព្វព្រះហឫទ័យចង់ឲ្យជាតិសាសន៍ទាំងអស់ ក្រៅពីអ៊ីស្រាអែល ស្ដាប់បង្គាប់យើង ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឲ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឲ្យយើងអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់យើង គឺជាកិច្ចការដែលយើងកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។ សូម្បីតែឥឡូវនេះ ក៏នៅតែមានមនុស្សជាច្រើនមិនយល់ពីការគ្រប់គ្រងរបស់យើងដែរ ព្រោះពួកគេមិនចាប់អារម្មណ៍ចំពោះរឿងបែបនេះ ហើយពួកគេយកចិត្តទុកដាក់តែចំពោះអនាគត និងគោលដៅរបស់ខ្លួនប៉ុណ្ណោះ។ មិនថាយើងនិយាយអ្វីក៏ដោយ ក៏ពួកគេនៅតែមិនអើពើចំពោះកិច្ចការដែលយើងធ្វើដែរ ផ្ទុយទៅវិញ ពួកគេផ្ដោតទាំងស្រុងទៅលើគោលដៅរបស់ពួកគេនៅថ្ងៃស្អែក។ ប្រសិនបើអ្វីៗនៅតែបន្ដរបៀបនេះ តើឲ្យកិច្ចការរបស់យើងរីកចម្រើនយ៉ាងដូចម្ដេចបាន? តើឲ្យដំណឹងល្អរបស់យើងអាចផ្សព្វផ្សាយទៅពាសពេញពិភពលោកយ៉ាងដូចម្ដេចបាន? ចូរដឹងថានៅពេលដែលកិច្ចការរបស់យើងរីកចម្រើន នោះយើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាហើយវាយបំបាក់អ្នករាល់គ្នាដូចជាព្រះយេហូវ៉ាបានវាយបំបាក់ពូជអំបូរអ៊ីស្រាអែលនីមួយៗដែរ។ ការទាំងអស់នេះនឹងកើតឡើង ដើម្បីឲ្យដំណឹងល្អរបស់យើង បានផ្សព្វផ្សាយទៅពាសពេញលើផែនដី និងបានឮទៅដល់សាសន៍ដទៃ ដើម្បីឲ្យទាំងមនុស្សពេញវ័យ និងកុមារបានលើកតម្កើងព្រះនាមយើង ហើយដើម្បីឲ្យបបូរមាត់របស់មនុស្សពីគ្រប់ពូជអំបូរ និងគ្រប់ជាតិសាសន៍ទាំងអស់បានសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់យើង។ ដូច្នេះ គឺនៅក្នុងយុគសម័យចុងក្រោយនេះហើយ ដែលគេនឹងលើកតម្កើងព្រះនាមរបស់យើងនៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមើលឃើញការប្រព្រឹត្តរបស់យើង ព្រមទាំងហៅយើងថាជាព្រះដែលមានគ្រប់ទាំងអំណាចព្រះចេស្ដាទៅតាមដំណើររឿងនៃការប្រព្រឹត្តរបស់យើង ហើយព្រះបន្ទូលរបស់យើងនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ យើងនឹងធ្វើឲ្យមនុស្សទាំងអស់ ដឹងថាយើងមិនត្រឹមតែជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាព្រះរបស់ជាតិសាសន៍ដទៃទៀតដែរ រួមទាំងអស់អ្នកដែលយើងបានដាក់បណ្ដាសាផង។ យើងនឹងឲ្យមនុស្សទាំងអស់ឃើញថា យើងគឺជាព្រះនៃអ្វីៗទាំងអស់។ នេះហើយជាកិច្ចការដ៏ធំបំផុតរបស់យើង ជាគោលបំណងនៃផែនការកិច្ចការរបស់យើងនៅគ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលត្រូវសម្រេចនៅគ្រាចុងក្រោយ។

(«កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្រោយបានអនុវត្តកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ រហូតមកដល់ពេលបច្ចុប្បន្ន ព្រះជាម្ចាស់បានបើកសម្ដែងទង្វើរបស់ទ្រង់ជាច្រើនរួចហើយ ហើយគោលបំណងចម្បងរបស់ទ្រង់ គឺដើម្បីបង្រ្កាបអារក្សសាតាំង និងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សទាំងអស់។ ទ្រង់កំពុងតែប្រើប្រាស់ឱកាសនេះ ដើម្បីអនុញ្ញាតឲ្យអ្វីៗគ្រប់យ៉ាងនៅលើមេឃ អ្វីៗគ្រប់យ៉ាងនៅលើផែនដី អ្វីៗគ្រប់យ៉ាងនៅក្នុងសមុទ្រ និងគ្រប់វត្ថុចុងក្រោយនៃការបង្កើតរបស់ព្រះជាម្ចាស់ នៅលើផែនដី មើលឃើញពីព្រះចេស្ដា និងគ្រប់ទង្វើរបស់ទ្រង់ដោយផ្ទាល់ភ្នែក។ ទ្រង់កំពុងតែប្រើប្រាស់ឱកាសចេញពីការបង្រ្កាបរបស់ទ្រង់ទៅលើអារក្សសាតាំង ដើម្បីបើកសម្ដែងពីគ្រប់ទង្វើរបស់ទ្រង់ទៅកាន់មនុស្ស និងដើម្បីឲ្យពួកគេសរសើរទ្រង់ ហើយលើកតម្កើងពីព្រះប្រាជ្ញាញាណរបស់ទ្រង់ក្នុងការបង្រ្កាបសាតាំង។ អ្វីៗគ្រប់យ៉ាងនៅលើផែនដី នៅលើមេឃ និងនៅក្នុងសមុទ្រ នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ សរសើរពីព្រះចេស្ដារបស់ទ្រង់ សរសើរពីគ្រប់ទង្វើរបស់ទ្រង់ និងស្រែកប្រកាសពីព្រះនាមដ៏វិសុទ្ធរបស់ទ្រង់។ នេះជាភស្តុតាងដែលបញ្ជាក់អំពីការបង្ក្រាបរបស់ទ្រង់ទៅលើអារក្សសាតាំង ហើយក៏ជាភស្តុតាងពីការដែលទ្រង់កម្ចាត់អារក្សសាតាំងឲ្យវិនាសសាបសូន្យដែរ។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា វាជាភស្តុតាងអំពីសេចក្តីសង្រ្គោះ របស់ទ្រង់សម្រាប់មនុស្ស។ អ្វីទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ថ្វាយសិរីល្អដល់ទ្រង់ សរសើរទ្រង់សម្រាប់ការបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់ និងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ហើយលើកតម្កើងទ្រង់ជាស្តេច ដ៏មានជ័យជម្នះបំផុត។ គោលបំណងរបស់ទ្រង់ គឺមិនគ្រាន់តែបង្រ្កាបសាតាំងប៉ុណ្ណោះទេ ហើយនេះជាហេតុផលដែលនាំឲ្យកិច្ចការរបស់ទ្រង់បន្តអស់រយៈពេលប្រាំមួយពាន់ឆ្នាំមកនេះ។ ទ្រង់ប្រើការបង្រ្កាបលើអារក្សសាតាំង ដើម្បីសង្គ្រោះមនុស្ស។ ទ្រង់ប្រើការបង្រ្កាបលើអារក្សសាតាំង ដើម្បីបើកសម្ដែងពីគ្រប់ទាំងទង្វើ និងគ្រប់ទាំងសិរីល្អរបស់ទ្រង់។ ទ្រង់នឹងទទួលការលើកតម្កើង ហើយគ្រប់ពួកទេវតាទាំងអស់នឹងមើលឃើញពីគ្រប់ទាំងសិរីល្អរបស់ទ្រង់។ អ្នកនាំសារនៅស្ថានសួគ៌ មនុស្សនៅលើផែនដី និងគ្រប់ទាំងវត្ថុដែលទ្រង់បានបង្កើតមកនៅលើផែនដី នឹងមើលឃើញពីសិរីល្អរបស់ព្រះអាទិករ។ នេះជាកិច្ចការដែលទ្រង់ធ្វើ។ ការបង្កើតរបស់ទ្រង់នៅស្ថានសួគ៌ និងនៅលើផែនដី នឹងមើលឃើញផ្ទាល់ភ្នែក ពីសិរីល្អរបស់ទ្រង់ ហើយទ្រង់នឹងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ក្រោយពេលបង្រ្កាបសាតាំងបានទាំងស្រុង ព្រមទាំងអនុញ្ញាតឲ្យមនុស្សសរសើរទ្រង់ ដូច្នេះ ទ្រង់សម្រេចបានជ័យជម្នះទ្វេដងនៅក្នុងកិច្ចការរបស់ទ្រង់។ នៅចុងបញ្ចប់ មនុស្សទាំងអស់នឹងត្រូវទ្រង់យកឈ្នះ ហើយទ្រង់នឹងបោសសម្អាតមនុស្សទាំងអស់ដែលបះបោរ ឬប្រឆាំងនឹងទ្រង់។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់នឹងបោសសម្អាតអស់អ្នកណាដែលនៅខាងអារក្សសាតាំង។

(«អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់គឺ ប្រគល់មនុស្សជាតិ គឺជាមនុស្សដែលមិនស្គាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់ មិនស្គាល់ពីលក្ខណៈរបស់ព្រះអាទិករ មិនដឹងពីរបៀបថ្វាយបង្គំព្រះជាម្ចាស់ ឬមិនដឹងអំពីហេតុផលចាំបាច់ក្នុងការចុះចូលចំពោះព្រះជាម្ចាស់ ឲ្យទៅសាតាំង ហើយឲ្យសាតាំងបង្ខូចគេបង់ទៅ។ ហើយបន្ទាប់មក ព្រះជាម្ចាស់ក៏សង្គ្រោះមនុស្សចេញពីដៃរបស់សាតាំងវិញសន្សឹមៗ រហូតទាល់តែមនុស្សថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពេញទំហឹង រួចបោះបង់សាតាំងចោល។ នេះហើយជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការនេះស្ដាប់ទៅហាក់ដូចជាទេវកថាដែលគេប្រឌិតឡើង ហើយមើលទៅដូចជាវង្វេងវង្វាន់អស់ហើយ។ មនុស្សគិតថានេះគឺជាទេវកថា ដ្បិតវាគ្មានតឹកតាងអ្វីពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះមនុស្ស អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយនោះទេ ពួកគេក៏កាន់តែមិនដឹងទៀតថា មានរឿងច្រើនប៉ុនណាបានកើតឡើងនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនេះ។ ហើយជាងនេះទៅទៀត នោះគឺមកពីពួកគេមិនអាចយល់អំពីពិភពលោក ដែលកាន់តែអស្ចារ្យ កាន់តែជំរុញដោយភាពភ័យខ្លាចដែលកំពុងមានវត្តមានលើសពីពិភពរូបវន្ត ដែលភ្នែកសាច់ឈាមរបស់គេបង្ខាំងមិនឲ្យគេមើលឃើញ។ មនុស្សមិនអាចយល់ពីរឿងនេះបានទេ ដ្បិតពួកគេគ្មានការយល់ដឹងអំពីសារៈសំខាន់ នៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ក៏មិនយល់អំពីសារៈសំខាន់នៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយមិនយល់ថា នៅទីបញ្ចប់ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យមនុស្សជាតិទៅជាយ៉ាងណានោះដែរ។ តើព្រះអង្គចង់ឲ្យគេត្រូវសាតាំងបង្ខូចដូចជាអ័ដាម និងអេវ៉ាមែនឬអី? អត់ទេ! គោលបំណងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺទទួល យកក្រុមមនុស្សណាដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់។ ថ្វីបើមនុស្សទាំងអស់នេះ ត្រូវសាតាំងបង្ខូច តែពួកគេលែងរាប់សាតាំងជាឪពុករបស់គេទៀតហើយ ពួកគេស្គាល់មុខមាត់ដ៏គួរឲ្យស្អប់របស់សាតាំង ព្រមទាំងបោះបង់វាចោលទៀត ហើយពួកគេបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលការជំនុំជម្រះ និងការដាក់ទោសទណ្ឌពីព្រះអង្គ។ ពួកគេស្គាល់អ្វីអាក្រក់ ហើយដឹងថា ការអាក្រក់នេះវាខុសគ្នាពីភាពបរិសុទ្ធយ៉ាងណា និងបានទទួលស្គាល់ភាពមហិមារបស់ព្រះជាម្ចាស់ និងសេចក្ដីអាក្រក់របស់សាតាំងទៀតផង។ មនុស្សបែបនេះ គេលែងធ្វើការបម្រើសាតាំង លែងថ្វាយបង្គំ ឬតម្កើងវាជាវត្ថុស័ក្តិសិទ្ធហើយ។ នេះមកពីពួកគេជាក្រុមមនុស្សដែលត្រូវបានព្រះជាម្ចាស់ ទទួលយកយ៉ាងពិតប្រាកដ។ នេះហើយជាសារៈសំខាន់នៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ ក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅពេលនេះ មនុស្សគឺជាកម្មវត្ថុនៃការបង្ខូចរបស់សាតាំង ហើយជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផង មនុស្សក៏ជាផលដែលព្រះជាម្ចាស់ និងសាតាំងកំពុងតយុទ្ធដណ្ដើមគ្នាដែរ។ ពេលដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏កំពុងជួយសង្គ្រោះមនុស្សពីកណ្ដាប់ដៃសាតាំងសន្សឹមៗដែរ ហេតុនេះ មនុស្សនឹងចូលមករកព្រះជាម្ចាស់កាន់តែកៀកជាងមុន ...

............

សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ជ្រាបចូលក្នុងគ្រប់សេចក្ដីពិស្ដារនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាមនុស្សមិនអាចយល់ពីព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបន្តធ្វើកិច្ចការដែលទ្រង់តាំងព្រះហឫទ័យសម្រេចឲ្យទាល់តែបាន ដោយមិនហត់នឿយឡើយ។ ទោះបីជា មនុស្សយល់ពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់តិច ឬច្រើនយ៉ាងណា ក៏គ្រប់គ្នានៅឲ្យតម្លៃជំនួយ និងអត្ថប្រយោជន៍ដែលគេទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ មកដល់ថ្ងៃនេះ អ្នកប្រហែលជាមិនទាន់ស្គាល់អំពីក្ដីស្រឡាញ់ និងជីវិតដែលព្រះជាម្ចាស់ប្រទានឲ្យគេ ប៉ុន្តែដរាបណាអ្នកមិនបោះបង់ព្រះជាម្ចាស់ និងមិនបោះបង់ការតាំងចិត្តតាមរកសេចក្ដីពិតទេនោះ គង់មានថ្ងៃមួយ ព្រះជាម្ចាស់នឹងឲ្យអ្នកបានឃើញស្នាមញញឹមរបស់ទ្រង់ជាមិនខាន។ គោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺសង្គ្រោះមនុស្សដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់សាតាំងយកមកវិញ មិនមែនបោះបង់មនុស្សដែលត្រូវសាតាំងបង្ខូច ហើយទាស់ទទឹងនឹងទ្រង់នោះទេ។

(«ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វត្ថុបំណង និងសារៈសំខាន់នៃដំណាក់កាលនីមួយៗទាំងបី នៃកិច្ចការរបស់ព្រះជាម្ចាស់

(១) វត្ថុបំណង និងសារៈសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖...

វិធីដែលដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ កាន់តែស៊ីជម្រៅជាជំហានៗ ដើម្បីឱ្យមនុស្សអាចត្រូវបានសង្គ្រោះ និងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ...

Leave a Reply