២. ពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនាសុទ្ធតែមានចំណេះដឹងជ្រៅជ្រះអំពីព្រះគម្ពីរ ហើយជារឿយៗ ពួកគេអធិប្បាយទៅកាន់អ្នកដទៃ ដោយសុំឲ្យមនុស្សប្រកាន់ខ្ជាប់តាមព្រះគម្ពីរ។ ដោយធ្វើបែបនេះ តើពួកគេមិនលើកតម្កើង និងធ្វើបន្ទាល់អំពីព្រះអម្ចាស់ទេឬ? តើអ្នកអាចនិយាយយ៉ាងដូចម្ដេចទៅថា ពួកគេកំពុងតែបោកបញ្ឆោតមនុស្ស និងថាពួកគេជាពួកផារីស៊ីដ៏មានពុត?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ចូរមើលថ្នាក់ដឹកនាំនៃនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេ ក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរទេ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឱ្យមនុស្សជឿ និងចេះប្រើសិល្បៈបញ្ឆោតមួយចំនួន។ ពួកគេប្រើការទាំងនេះ ដើម្បីបោកបញ្ឆោតមនុស្ស និងនាំមនុស្សទាំងនេះមកកាន់ពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំរបស់ពួកគេវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា «យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីសេចក្តីជំនឿរបស់យើង»។ ចូរមើលពីរបៀបដែលមនុស្សនៅតែត្រូវការការឯកភាព និងការយល់ព្រមពីអ្នកដទៃ នៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ និងទទួលយកផ្លូវពិត តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ?
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅតែមិនខំប្រឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះកាន់តែត្រូវបានចាត់ទុកថាជាអ្នកប្រឆាំងនឹងព្រះជាម្ចាស់។ មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់។ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារារាំងផ្លូវអ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែធ្វើដូចម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ? អ្នកដែលលើកស្ទួយខ្លួនឯងឱ្យខ្ពង់ខ្ពស់ នៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ គឺជាមនុស្សទាបថោកបំផុត ចំណែកអ្នកដែលគិតថាខ្លួនឯងទាបវិញ គឺជាអ្នកដែលមានកិត្តិយសបំផុត។ ហើយជាងនេះទៀត អ្នកដែលគិតថាពួកគេស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងអ្នកដែលមានសមត្ថភាព ក្នុងការប្រកាសប្រាប់ពីកិច្ចការរបស់ព្រះជាម្ចាស់ដល់អ្នកដទៃ ដោយសំឡេងឮៗ ទាំងក្នុងខណៈដែលពួកគេសម្លឹងមើលទៅទ្រង់ដោយផ្ទាល់ អ្នកទាំងនេះគឺជាមនុស្សល្ងង់ខ្លៅបំផុត។ មនុស្សបែបនេះ គេគ្មានទីបន្ទាល់ពីព្រះជាម្ចាស់ទេ តែក្រអឺតក្រទម និងពោរពេញដោយអំនួត។ អស់អ្នកណាដែលជឿថា ពួកគេមានចំណេះដឹងតិចតួចអំពីព្រះជាម្ចាស់ ទោះបីជាគេមានបទពិសោធ និងចំណេះដឹងជាក់ស្តែងអំពីទ្រង់ច្រើនក្តី គឺជាមនុស្សដែលទ្រង់សព្វព្រះទ័យបំផុត។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់ដ៏ពិតប្រាកដ ហើយពិតជាអាចត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ពីសំណាក់ព្រះជាម្ចាស់។
(ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវដាក់សេចក្តីជំនឿរបស់អ្នក ក្នុងគ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្នុងគ្រប់កិច្ចការទាំងអស់របស់ទ្រង់។ មានន័យថា ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្ដាប់បង្គាប់ទ្រង់។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ មិនថាអ្នកជឿ ឬក៏មិនជឿលើព្រះជាម្ចាស់នោះទេ គឺគ្មានបានការអ្វីនោះឡើយ។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលស្ដាប់បង្គាប់ទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឱ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាមនុស្សមិនជឿលើព្រះជាម្ចាស់ទេ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន? មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលសោះឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេលើកតម្កើងពីខ្លួនឯងនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការធ្វើកិច្ចការដើម្បីអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល «រតនសម្បត្តិ» ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅដល់ពួកល្ងង់ខ្លៅដែលចាត់ទុកពួកគេដូចរូបព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា «វីរជនដែលគ្មាននរណាអាចយកឈ្នះបាន» ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច «ពិសិដ្ឋ និងមិនអាចបំពានបាន» យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា «ស្ដេច» នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជាមនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឱ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន? សូម្បីតែអស់អ្នកដែលស្ដាប់បង្គាប់តែពាក់កណ្ដាលក៏មិនអាចបន្តរហូតដល់ចុងបញ្ចប់បានដែរ ហើយស្ដេចផ្ដាច់ការដែលមិនមានការស្ដាប់បង្គាប់សូម្បីតែបន្តិចនៅក្នុងដួងចិត្តរបស់ពួកគេរឹតតែមិនអាចបន្តទៅដល់ចុងបញ្ចប់បាន! មនុស្សមិនងាយនឹងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ សូម្បីតែមួយចំណែកតូចនៃកិច្ចការដែលចុងក្រោយធ្វើឱ្យពួកគេទៅជាគ្រប់លក្ខណ៍ ក៏មនុស្សមិនអាចទទួលយកបានដែរ ទោះបីជាគេប្រើអស់ទាំងកម្លាំងដែលពួកគេមានក៏ដោយ។ ដូច្នេះ តើកូនចៅនៃមហាទេវតាដែលព្យាយាមចង់បំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់នោះជាអ្វី? តើពួកគេមិនមានក្ដីសង្ឃឹមថាព្រះជាម្ចាស់នឹងទទួលយកសូម្បីតែបន្តិចឬ?
(ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្នកអាចនិយាយអំពីចំណេះដឹងបានច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ប៉ុន្តែគ្មានពាក្យសម្តីណាមួយដែលមានផ្លូវពិតនោះទេ។ តើអ្នកមិនមែនកំពុងតែព្យាយាមពង្វក់មនុស្ស ដោយវិធីនេះមែនទេ? តើអ្នកមិនមែនកំពុងតែអួតអាង ដោយគ្មានមូលដ្ឋានច្បាស់លាស់មែនទេ? ទង្វើបែបនេះ មានគ្រោះថ្នាក់ចំពោះអ្នកដទៃ! ទ្រឹស្តីកាន់តែខ្ពស់ ហើយកាន់តែគ្មានការពិត នោះការយកមនុស្សចូលក្នុងតថភាព កាន់តែមិនអាចទៅរួច ទ្រឹស្តីកាន់តែខ្ពស់ នោះវានឹងធ្វើឱ្យអ្នកកាន់តែប្រឆាំង ហើយទាស់ទទឹងនឹងព្រះ។ ចូរកុំការពារទ្រឹស្ដីខាងវិញ្ញាណជ្រុលពេក វាគ្មានប្រយោជន៍ឡើយ! អ្នកខ្លះបាននិយាយអំពីទ្រឹស្ដីខាងវិញ្ញាណជាច្រើនទសវត្សរ៍ ហើយពួកគេបានក្លាយជាគ្រូធំខាងវិញ្ញាណ ប៉ុន្តែនៅទីបំផុត ពួកគេនៅតែបរាជ័យក្នុងការចូលទៅក្នុងតថភាពនៃសេចក្តីពិតដដែល។ ដោយសារតែពួកគេមិនបានអនុវត្ត ឬដកពិសោធន៍នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេគ្មានគោលការណ៍ ឬផ្លូវអនុវត្ត។ មនុស្សបែបនេះគឺជាមនុស្សដែលគ្មានតថភាពនៃសេចក្តីពិត ដូច្នេះ តើពួកគេអាចនាំអ្នកដទៃឱ្យដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ពួកគេមានតែនាំមនុស្សឱ្យវង្វេងប៉ុណ្ណោះ។ តើការនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងទេឬ? យ៉ាងហោចណាស់ អ្នកត្រូវតែអាចដោះស្រាយបញ្ហាពិតៗដែលនៅចំពោះមុខដែរ។ គឺថាអ្នកត្រូវតែអាចអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងយកសេចក្តីពិតទៅអនុវត្ត។ មានតែបែបនេះទេ ទើបជាការស្ដាប់បង្គាប់ព្រះជាម្ចាស់។ មានតែពេលដែលអ្នកបានចូលទៅក្នុងជីវិតទេ ទើបអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើការថ្វាយព្រះជាម្ចាស់ ហើយមានតែពេលដែលអ្នកលះបង់សម្រាប់ព្រះជាម្ចាស់ដោយស្មោះទេ ទើបព្រះជាម្ចាស់អាចទទួលយកអ្នក។ ចូរកុំតែងតែធ្វើសេចក្តីប្រកាសធំៗ ហើយនិយាយពីទ្រឹស្ដីបែបលេងពាក្យនោះឡើយ។ វាមិនពិតទេ។ ការថ្លែងទ្រឹស្ដីខាងវិញ្ញាណក្នុងន័យជ្រៅ ដើម្បីធ្វើឱ្យមនុស្សកោតសរសើរអ្នក មិនមែនជាការធ្វើបន្ទាល់ពីព្រះជាម្ចាស់ឡើយ តែវាជាការសម្ញែងពីខ្លួនឯងវិញទេ។ ពិតណាស់ វាគ្មានប្រយោជន៍អ្វីចំពោះមនុស្ស មិនបានស្អាងពួកគេ ហើយអាចងាយស្រួលនាំពួកគេទៅថ្វាយបង្គំទ្រឹស្ដីខាងវិញ្ញាណ និងមិនផ្ដោតលើការអនុវត្តសេចក្តីពិតទេ តើនេះមិនមែននាំមនុស្សឱ្យវង្វេងទេឬ? ការបន្តធ្វើបែបនេះនឹងបង្កើតឱ្យមានទ្រឹស្តី និងច្បាប់គ្មានន័យជាច្រើនដែលនឹងរារាំង និងដាក់អន្ទាក់មនុស្ស។ វាពិតជាគួរឱ្យអាម៉ាស់ណាស់។
(ដកស្រង់ពី «ចូរយកចិត្តទុកដាក់បន្ថែមលើតថភាព» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
តើអ្វីជាការបើកសម្ដែងជាចម្បងអំពីការលាក់ពុតរបស់ពួកផារិស៊ី? ពួកគេគ្រាន់តែអានបទគម្ពីរដោយយកចិត្តទុកដាក់ ហើយមិនបានស្វែងរកសេចក្ដីពិតទេ។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនបានអធិស្ឋាន ឬស្វែងរកទេ។ ផ្ទុយទៅវិញ ពួកគេបានសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេបានសិក្សានូវអ្វីដែលព្រះជាម្ចាស់មានបន្ទូលនិងធ្វើ ហើយបានប្រែក្លាយព្រះបន្ទូលរបស់ទ្រង់ទៅជាទ្រឹស្តីមួយប្រភេទ ទៅជាគោលលទ្ធិដែលពួកគេបានបង្រៀនដល់អ្នកដទៃ។ នេះគឺជាអ្វីដែលជាការអានដោយចិត្តទុកដាក់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? តើអ្វីដែលពួកគេអានដោយយកចិត្តទុកដាក់នោះ? តាមការយល់ឃើញរបស់ពួកគេ ទាំងនេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនេះមិនមែនជាការសម្ដែងចេញរបស់ព្រះជាម្ចាស់ ទាំងនេះកាន់តែមិនមែនជាសេចក្ដីពិត ប៉ុន្ដែជាទម្រង់នៃចំណេះខ្ពង់ខ្ពស់ទៅវិញ។ តាមការយល់ឃើញរបស់ពួកគេ ចំណេះខ្ពង់ខ្ពស់បែបនេះគួរតែត្រូវបានចែកចាយបន្ដ គួរតែត្រូវបានផ្សព្វផ្សាយ ហើយមានតែការធ្វើដូចនេះទេដែលអាចផ្សព្វផ្សាយពីមាគ៌ារបស់ព្រះជាម្ចាស់ និងដំណឹងល្អ។ នេះគឺជាអ្វីដែលគេហៅថា «សេចក្ដីអធិប្បាយ» ហើយសេចក្ដីអធិប្បាយដែលពួកគេបានចែកចាយ គឺជាទេវសាស្រ្ត។
... ពួកផារិស៊ីចាត់ទុកទេវសាស្រ្ព និងទ្រឹស្ដីដែលពួកគេបានបង្កើត ជាប្រភេទមួយនៃចំណេះដឹង ជាឧបករណ៍សម្រាប់ថ្កោលទោសមនុស្ស និងវាស់វែងថាតើត្រូវ ឬខុស។ ពួកគេថែមទាំងប្រើវាទៅចំពោះព្រះអម្ចាស់យេស៊ូវទៀតផង។ នោះជារបៀបដែលព្រះអម្ចាស់យេស៊ូវត្រូវបានពួកគេថ្កោលទោស។ ការវាយតម្លៃរបស់ពួកគេចំពោះមនុស្ស និងរបៀបដែលពួកគេបានប្រព្រឹត្តចំពោះមនុស្ស គឺមិនដែលផ្អែកលើសារជាតិរបស់ពួកគេ ឬថាតើអ្វីដែលពួកគេបាននិយាយ ត្រូវឬខុសនោះឡើយ គឺមិនទាំងផ្អែកលើប្រភព ឬភស្តុតាងនៃពាក្យរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែថ្កោលទោស និងវាស់វែងមនុស្សដោយផ្អែកលើពាក្យ និងគោលលទ្ធិដ៏តឹងតែងដែលពួកគេបានបង្កើត។ ដូច្នេះហើយ ទោះបីពួកផារិស៊ីទាំងនេះដឹងថាអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើមិនមែនជាអំពើបាប និងមិនបំពានច្បាប់ក៏ដោយ ក៏ពួកគេនៅតែថ្កោលទោសទ្រង់ដែរ ពីព្រោះអ្វីដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលហាក់ដូចជាខុសពីចំណេះដឹង និងចំណេះខ្ពង់ខ្ពស់ដែលពួកគេបានបង្កើត និងទ្រឹស្តីផ្នែកទេវសាស្រ្តដែលពួកគេបានបរិយាយ។ ហើយពួកផារិស៊ីមិនគ្រាន់តែមិនបន្ធូរបន្ថយពាក្យ និងឃ្លោងឃ្លាទាំងនេះទេ ពួកគេថែមទាំងប្រកាន់ខ្ជាប់នូវចំណេះដឹងនេះ ហើយមិនឱ្យចំណេះដឹងនេះចេញផុតពីពួកគេឡើយ។ តើមានលទ្ធផលអ្វីដែលអាចកើតឡើងនៅទីបញ្ចប់? ពួកគេនឹងមិនទទួលស្គាល់ថាព្រះអម្ចាស់យេស៊ូវគឺជាព្រះមែស្ស៊ីដែលបានយាងមក ឬមានសេចក្តីពិតនៅក្នុងអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលនោះទេ កាន់តែមិនទទួលស្គាល់នូវអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើក្នុងការរក្សានូវសេចក្ដីពិតនោះដែរ។ ពួកគេបានរកហេតុចោទប្រកាន់ដោយគ្មានភស្តុតាងដើម្បីថ្កោលទោសព្រះអម្ចាស់យេស៊ូវ ប៉ុន្តែតាមពិតនៅក្នុងដួងចិត្តពួកគេ តើពួកគេដឹងថាអំពើបាបទាំងនេះដែលពួកគេបានថ្កោលទោសទ្រង់ត្រឹមត្រូវដែរឬអត់ទេ? ពួកគេបានដឹង។ ហេតុអ្វីបានជាពួកគេនៅតែថ្កោលទោសទ្រង់ដូច្នេះ? (ពួកគេមិនចង់ជឿថាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ និងមានព្រះចេស្ដា អាចជាព្រះអម្ចាស់យេស៊ូវក្នុងរូបភាពទ្រង់ជាកូនមនុស្សសាមញ្ញនៅក្នុងគំនិតរបស់ពួកគេនោះឡើយ)។ ពួកគេមិនចង់ទទួលយកការពិតនេះទេ។ ហើយតើអ្វីទៅជាធម្មជាតិនៃការបដិសេធរបស់ពួកគេក្នុងការទទួលយករឿងនេះ? តើមិនមានអ្វីដែលត្រូវព្យាយាមវែកញែកជាមួយព្រះជាម្ចាស់នៅក្នុងរឿងនេះទេឬ? អ្វីដែលពួកគេចង់មានន័យគឺថា «តើព្រះជាម្ចាស់អាចធ្វើកិច្ចការនោះបានទេ? ប្រសិនបើព្រះជាម្ចាស់បានយកកំណើតជាមនុស្សមែន ទ្រង់ច្បាស់ជាត្រូវកើតចេញពីត្រកូលអ្នកមានកិត្តិយសហើយ។ លើសពីនេះទៅទៀតទ្រង់ត្រូវតែទទួលយកការបង្ហាត់បង្រៀនពីអ្នកនិពន្ធ និងពួកផារិស៊ី រៀនចំណេះដឹងនេះ និងអានបទគម្ពីរជាច្រើនផង។ មានតែបន្ទាប់ពីពេលទ្រង់មានចំណេះដឹងនេះទេ ទើបទ្រង់អាចទទួលបានងារថា 'ការយកកំណើតជាមនុស្ស'»។ ទីមួយ ពួកគេជឿថា ទ្រង់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះទ្រង់មិនមែនជាព្រះជាម្ចាស់ទេ។ ទីពី បើគ្មានចំណេះដឹងនេះ ទ្រង់មិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានទេ ហើយទ្រង់កាន់តែមិនអាចធ្វើជាព្រះជាម្ចាស់ដែរ។ ទីបីទ្រង់មិនអាចធ្វើកិច្ចការនៅខាងក្រៅព្រះវិហារបានទេ។ ទ្រង់មិននៅក្នុងព្រះវិហារទេឥឡូវនេះ ដោយទ្រង់ស្ថិតនៅក្នុងចំណោមមនុស្សមានបាប ដូច្នេះកិច្ចការដែលទ្រង់ធ្វើ គឺហួសកម្រិតព្រំដែននៃកិច្ចការរបស់ព្រះជាម្ចាស់។ តើមូលដ្ឋាននៃការថ្កោលទោសរបស់ពួកគេមកពីណា? គឺមកពីបទគម្ពីរ ពីគំនិតរបស់មនុស្ស និងពីការអប់រំខាងទេវសាស្រ្តដែលពួកគេបានទទួល។ ដោយសារតែពួកគេត្រូវបានបំប៉ោងដោយសញ្ញាណ ការស្រមើស្រមៃ និងចំណេះដឹង ពួកគេជឿថាចំណេះដឹងនេះត្រឹមត្រូវ ហើយជាសេចក្ដីពិត ជាមូលដ្ឋាន ហើយគ្មានពេលណាដែលព្រះជាម្ចាស់អាចបំពាននឹងរឿងទាំងនេះឡើយ។ តើពួកគេស្វែងរកសេចក្ដីពិតទេ? ពួកគេមិនបានទេ។ អ្វីដែលពួកគេស្វែងរកគឺគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួន និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេបានព្យាយាមប្រើវាដើម្បីកំណត់អំពីព្រះជាម្ចាស់ ហើយបញ្ជាក់ថាតើទ្រង់ត្រូវ ឬខុស។ តើលទ្ធផលចុងក្រោយនៃការនេះជាអ្វី? ពួកគេបានថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ ហើយបានឆ្កាងទ្រង់នៅលើឈើឆ្កាង។
(ដកស្រង់ពី «ចំណុចទីប្រាំពីរ៖ ពួកគេជាមនុស្សអាក្រក់ មានល្បិចកល និងបោកបញ្ឆោត (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)
មនុស្សជាច្រើនកាន់ខ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអានរៀងរាល់ថ្ងៃ រហូតដល់ថ្នាក់តាំងចិត្តទន្ទេញបទគម្ពីរក្នុងព្រះបន្ទូលបុរាណទាំងនោះយ៉ាងយកចិត្តទុកដាក់ ដូចជាសម្បត្តិដ៏មានតម្លៃបំផុតរបស់គេ ហើយជាងនេះទៅទៀត គេក៏ផ្សាយព្រះបន្ទូលទៅគ្រប់ទីកន្លែងទាំងផ្គត់ផ្គង់ និងជួយដល់អ្នកដទៃ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ ពួកគេគិតថា ការធ្វើបែបនេះគឺដើម្បីធ្វើបន្ទាល់ពីព្រះជាម្ចាស់ ធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ទ្រង់ គិតថាការធ្វើបែបនេះ គឺជាការដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ពួកគេគិតថា ការធ្វើបែបនេះ គឺជាការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គិតថាការធ្វើបែបនេះ គឺជាការនាំយកព្រះបន្ទូលរបស់ទ្រង់មកដាក់ក្នុងជីវិតរស់នៅផ្ទាល់របស់គេ គិតថាការធ្វើបែបនេះនឹងអាចឱ្យគេទទួលបានការសរសើរពីព្រះជាម្ចាស់ ហើយដើម្បីឱ្យបានសង្គ្រោះ និងបានប្រោសឱ្យគ្រប់លក្ខណ៍។ ប៉ុន្តែ សូម្បីតែពេលដែលពួកគេផ្សាយព្រះបន្ទូលព្រះជាម្ចាស់ ក៏ពួកគេមិនធ្លាប់ប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការអនុវត្ត ឬព្យាយាមប្រៀបធៀបខ្លួនឯងទៅនឹងអ្វីដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលបាននូវការស្រឡាញ់ និងការទុកចិត្តអ្នកដទៃដោយប្រើល្បិច ដើម្បីចូលទៅក្នុងការគ្រប់គ្រងរបស់ពួកគេផ្ទាល់ និងដើម្បីបន្លំ និងលួចយកសិរីល្អរបស់ព្រះជាម្ចាស់។ ពួកគេសង្ឃឹមកេងយកឱកាសដែលបានមកពីការផ្សាយព្រះបន្ទូលទាំងមិនបានការ ដើម្បីឱ្យបានកិច្ចការរបស់ព្រះជាម្ចាស់ និងការសរសើររបស់ទ្រង់ជារង្វាន់។ ប៉ុន្មានឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែមនុស្សទាំងនេះមិនត្រឹមតែមិនអាចទទួលបានការសរសើររបស់ព្រះជាម្ចាស់នៅក្នុងដំណើរការនៃការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនត្រឹមតែមិនអាចស្វែងរកផ្លូវដែលពួកគេគួរដើរតាមនៅក្នុងដំណើរការនៃការធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនត្រឹមតែមិនបានជួយ ឬផ្គត់ផ្គង់សម្រាប់ខ្លួនឯងនៅក្នុងដំណើរការនៃការជួយ និងការផ្គត់ផ្គង់អ្នកដទៃដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនត្រឹមតែមិនអាចស្គាល់ព្រះជាម្ចាស់ ឬដាស់ខ្លួនឯងឱ្យមានការគោរពកោតខ្លាចពិតប្រាកដចំពោះព្រះជាម្ចាស់នៅក្នុងដំណើរការនៃការធ្វើកិច្ចការទាំងអស់នេះប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ការយល់ខុសរបស់គេចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រៅទៅៗ ការសង្ស័យរបស់គេក៏កាន់តែធ្ងន់ធ្ងរទៅៗ ហើយគំនិតរវើរវាយរបស់គេចំពោះទ្រង់ ក៏កាន់តែខុសឆ្ងាយពីការពិតទៅទៀតផង។ ដោយត្រូវបានផ្គត់ផ្គង់ ហើយដឹកនាំដោយទ្រឹស្ដីរបស់គេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេហាក់ដូចជាកំពុងប្រើជំនាញរបស់គេយ៉ាងងាយស្រួលដោយមិនបាច់ប្រឹង ពួកគេហាក់ដូចជាបានរកឃើញគោលបំណងរបស់គេក្នុងជីវិតបេសកកម្មរបស់គេ ហើយពួកគេក៏ហាក់ដូចជារកបានជីវិតថ្មី និងហាក់ដូចជាបានសង្គ្រោះដោយមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហូរចេញមកម៉ាត់ៗ តាមការរ៉ាយរ៉ាប់ដោយអណ្ដាតរបស់គេដែរ ពួកគេបានទទួលនូវសេចក្ដីពិត និង បានយល់ពីចេតនារបស់ព្រះជាម្ចាស់ ហើយហាក់ដូចជាបានរកឃើញផ្លូវឆ្ពោះទៅរកការស្គាល់ព្រះជាម្ចាស់ នៅក្នុងដំណើរការនៃការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេច្រើនតែមករកព្រះជាម្ចាស់ ដោយមុខទល់នឹងមុខ។ ពួកគេក៏ឧស្សាហ៍ត្រូវបាន «រំជួលចិត្ត» រហូតដល់យំយ៉ាងខ្លាំង និងរមែងត្រូវបានដឹកនាំដោយ «ព្រះជាម្ចាស់» នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ហាក់ដូចជាកំពុងយល់ពីក្ដីកង្វល់ដ៏ស្មោះត្រង់ និងចេតនាដ៏សប្បុរសរបស់ទ្រង់ឥតឈប់ឈរដែរ ហើយក្នុងពេលជាមួយគ្នា គេហាក់ដូចជាបានយល់ពីសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សជាតិ និងការគ្រប់គ្រងរបស់ទ្រង់ ហាក់ដូចជាចាប់ផ្ដើមស្គាល់ពីសារជាតិរបស់ទ្រង់ និងហាក់ដូចជាបានយល់ពីនិស្ស័យសុចរិតរបស់ទ្រង់ដែរ។ ផ្អែកលើមូលដ្ឋានគ្រឹះនេះ ពួកគេហាក់ដូចជាជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់កាន់តែខ្លាំងជាងមុន កាន់តែដឹងអំពីសភាពរុងរឿងរបស់ទ្រង់ជាងមុន ព្រមទាំងដឹងអំពីភាពមហស្ចារ្យ និងឧត្ដមភាពរបស់ទ្រង់កាន់តែស៊ីជម្រៅ។ ដោយបានផុងជ្រៅក្នុងចំណេះដឹងលំៗរបស់គេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីជំនឿរបស់គេហាក់ដូចជាបានចម្រើនឡើង ការតាំងចិត្តរបស់គេក្នុងការទ្រាំទ្រនឹងទុក្ខលំបាក ក៏កាន់តែរឹងមាំ ហើយចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ក៏កាន់តែជ្រាលជ្រៅដែរ។ ពួកគេសឹងតែមិនដឹងសោះថា ចំណេះដឹងគ្រប់យ៉ាងរបស់គេអំពីព្រះជាម្ចាស់ និងគំនិតរបស់គេអំពីព្រះអង្គ គឺសុទ្ធតែកើតពីគំនិតរវើរវាយ និងការគិតស្មានរបស់គេផ្ទាល់តាមចិត្តដែលគេប្រាថ្នា។ សេចក្ដីជំនឿរបស់គេមុខជាមិនបានបង្ហាញថាបានឆ្លងកាត់នូវការល្បងលណាមួយពីព្រះជាម្ចាស់ ជីវិតខាងព្រលឹងវិញ្ញាណ និងឋានៈដែលគេអួតនោះ មុខជាមិនបង្ហាញថា បានឆ្លងកាត់នូវការល្បងល ឬការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ឡើយ ហើយការតាំងចិត្តរបស់គេ គ្រាន់តែជាប្រាសាទដែលធ្វើពីដីខ្សាច់ ហើយចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ក៏គ្រាន់តែជាការប្រឌិតនៃគំនិតរវើរវាយរបស់គេប៉ុណ្ណោះ។ តាមពិត មនុស្សទាំងនេះធ្លាប់យកចិត្តទុកដាក់ខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនធ្លាប់បានដឹងសោះថា អ្វីទៅជាជំនឿពិត អ្វីទៅជាការស្ដាប់បង្គាប់ពិត អ្វីទៅជាការយកចិត្តទុកដាក់ពិត ឬក៏អ្វីទៅជាចំណេះដឹងពិតអំពីព្រះជាម្ចាស់។ ពួកគេយកទ្រឹស្ដី ការស្រមើស្រមៃ ចំណេះដឹង អំណោយទាន ប្រពៃណី អបិយជំនឿ ហើយនិងគុណតម្លៃសីលធម៌របស់មនុស្ស រួចក៏យកសេចក្ដីទាំងនេះមកធ្វើជា «មូលធន» និងជា «អាវុធ» សម្រាប់ការជឿលើព្រះជាម្ចាស់ និងការដើរតាមទ្រង់ ថែមទាំងធ្វើឱ្យសេចក្ដីទាំងនេះក្លាយជាគ្រឹះនៃជំនឿរបស់គេលើព្រះជាម្ចាស់ និងការដែលគេដើរតាមព្រះអង្គថែមទៀតផង។ នៅក្នុងពេលជាមួយគ្នា ពួកគេក៏យកមូលធន និងអាវុធនេះ មកប្រែក្លាយជាវត្ថុស័ក្ដិសិទ្ធមានវេទមន្ត ដែលធ្វើឱ្យគេស្គាល់ព្រះជាម្ចាស់សម្រាប់ការប្រឈម និងការដោះស្រាយជាមួយការពិនិត្យពិច័យ ការល្បងល ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅទីបញ្ចប់ ពួកគេមិនទទួលបានអ្វីសោះ ក្រៅតែពីការសន្និដ្ឋានចំពោះព្រះជាម្ចាស់ ដែលផុងជ្រៅក្នុងន័យលាក់កំបាំងខាងសាសនា ក្នុងអបិយជំនឿហួសសម័យ និងក្នុងអ្វីៗគ្រប់យ៉ាងដែលនាំឱ្យរំជួលចិត្ត ប្លែកក្នុងចិត្ត និងជាអាថ៌កំបាំង។ មាគ៌ានៃការស្គាល់ និងការដែលគេកំណត់និយមន័យព្រះជាម្ចាស់ ត្រូវបានដៅជាប់នៅក្នុងពុម្ពតែមួយ ជាមួយនឹងមនុស្សដែលជឿតែត្រឹមថា ស្ថានសួគ៌នៅខាងលើ ឬបុរសចំណាស់នៅលើមេឃ ខណៈដែលភាពពិតជាក់ស្ដែងរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ និស្ស័យរបស់ទ្រង់ កម្មសិទ្ធិ និងអត្ថិភាពរបស់ទ្រង់ ។ល។ គ្រប់យ៉ាងដែលទាក់ទងនឹងព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាសេចក្ដីដែលចំណេះដឹងរបស់គេយល់មិនដល់ ជាសេចក្ដីដែលចំណេះដឹងរបស់គេត្រូវបានផ្ដាច់ចេញស្រឡះ ហើយថែមទាំងនៅឆ្ងាយពីគ្នាស្រឡះ ដូចពីប៉ូលខាងជើងទៅប៉ូលខាងត្បូង។ តាមរបៀបនេះ ទោះបីជាមនុស្សទាំងអស់នេះរស់នៅក្រោមការផ្គត់ផ្គង់ និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមិនអាចដើរលើមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិតប្រាកដដែរ។ ហេតុផលពិតចំពោះរឿងនេះ គឺពួកគេមិនធ្លាប់បានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ ហើយពួកគេក៏មិនធ្លាប់មានទំនាក់ទំនង ឬប្រាស្រ័យជាមួយព្រះអង្គដែរដូច្នេះហើយ ពួកគេមិនអាចឈានដល់ការយោគយល់គ្នាទៅវិញទៅមកជាមួយនឹងព្រះជាម្ចាស់ ឬដាស់ជំនឿពិតដែលគេមានក្នុងខ្លួនពួកគេ ការដើរតាម ឬការថ្វាយបង្គំសម្រាប់ព្រះជាម្ចាស់ឡើយ។ ដែលពួកគេគួរគិតបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលពួកគេគួរគិតបែបនេះចំពោះព្រះជាម្ចាស់ ទស្សនៈ និងអាកប្បកិរិយានេះបានបំផ្លាញពួកគេឱ្យត្រឡប់ពីការប្រឹងប្រែងរបស់គេដោយដៃទទេ បានបំផ្លាញពួកគេមិនឱ្យពួកគេអាចដើរលើមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន រហូតអស់កល្បជានិច្ច។ គោលដៅដែលពួកគេកំពុងតម្រង់ឆ្ពោះ និងទិសដៅដែលគេកំពុងទៅ បង្ហាញថាពួកគេជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់អស់កល្បជានិច្ច និងបញ្ជាក់ថាពួកគេនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះអស់កល្បជានិច្ចឡើយ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)