១. មុនការមកដល់របស់ព្រះអម្ចាស់យេស៊ូវ ជារឿយៗ ពួកផារីស៊ីនឹងអធិប្បាយបទគម្ពីរនៅក្នុងសាលាប្រជុំ និងអធិស្ឋាននៅមុខមនុស្ស។ ពួកគេហាក់ដូចជាមានជំនឿស៊ប់ ហើយនៅក្នុងក្រសែភ្នែករបស់មនុស្ស វាហាក់ដូចជាពួកគេមិនបានធ្វើអ្វីមួយដែលបំពានបទគម្ពីរឡើយ។ ដូច្នេះ ហេតុអ្វីបានជាពួកផារីស៊ីត្រូវបានព្រះអម្ចាស់យេស៊ូវដាក់បណ្ដាសា? តើពួកគេបានបំពានព្រះជាម្ចាស់នៅក្នុងរបៀបអ្វីខ្លះទៅ? ហេតុអ្វីបានជាពួកគេបញ្ឆេះឲ្យមានសេចក្តីក្រោធរបស់ព្រះជាម្ចាស់?
ខគម្ពីរយោង៖
«ចុះហេតុអ្វីបានជាអ្នកមិនគោរពតាមបញ្ញត្តិរបស់ព្រះជាម្ចាស់ដោយធ្វើតាមទំនៀមទម្លាប់ទៅវិញ? ដ្បិតព្រះជាម្ចាស់បានដាក់បញ្ញត្តិមកដោយចែងថា ចូរផ្ដល់កិត្តិយសដល់ឪពុកម្ដាយរបស់អ្នក៖ ហើយអ្នកដែលដាក់បណ្ដាសាឪពុក ឬម្ដាយ នោះសូមឱ្យគេអស់ជីវិតចុះ។ តែអ្នកពោលថា អស់អ្នកណាដែលនិយាយទៅកាន់ឪពុក ឬម្ដាយរបស់ខ្លួនថា របស់អ្វីដែលខ្ញុំគួរតែអាចផ្ដល់ជូនដល់លោកទាំងពីរបាន នោះវាជាដង្វាយបាត់ទៅហើយ។ ហើយគេនឹងមានសេរីភាពបើគេមិនផ្ដល់កិត្តិយសដល់ឪពុក ឬម្ដាយរបស់ខ្លួន។ ដូចនេះអ្នកបានធ្វើឱ្យបញ្ញត្តិរបស់ព្រះជាម្ចាស់លែងមានឥទ្ធិពលហើយ ដោយសារតែទំនៀមទម្លាប់របស់អ្នក។ ឱមនុស្សមានពុតត្បុតអើយ ហោរាអេសាយបានថ្លែងទំនាយពីអ្នកត្រូវបានល្អណាស់ ដោយថាមនុស្សទាំងនេះបានមកក្បែរខ្ញុំដោយមាត់ និងលើកតម្កើងខ្ញុំដោយបបូរមាត់ប៉ុណ្ណោះ តែដួងចិត្តរបស់គេនៅឆ្ងាយពីខ្ញុំណាស់។ តែពួកគេថ្វាយបង្គំខ្ញុំដោយឥតបានការ ដោយធ្វើការបង្រៀនគេពីគោលលទ្ធិមនុស្សប៉ុណ្ណោះ» (ម៉ាថាយ ១៥:៣-៩)។
«ប៉ុន្តែ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថានសួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត។ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបំផ្លាញផ្ទះរបស់ស្រ្ដីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ។ បើដូច្នេះ អ្នករាល់គ្នាមុខជាទទួលទោសកាន់តែធ្ងន់មិនខាន។
«ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឱ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ។
«វេទនាដល់អ្នកហើយ មនុស្សខ្វាក់ដែលនាំផ្លូវគេអើយ អ្នកពោលថា អស់អ្នកណាដែលស្បថដោយព្រះវិហារ នោះមិនថ្វីនោះទេ តែអស់អ្នកណាដែលស្បថដោយមាសនៃព្រះវិហារវិញ នោះគេក្លាយជាអ្នកជាប់បំណុលសម្បថហើយ! ឱមនុស្សល្ងង់ និងងឹតងងល់អើយ៖ ដ្បិតតើរបស់ណាអស្ចារ្យជាងមាស ឬព្រះវិហារដែលបានធ្វើឱ្យមាសនោះបរិសុទ្ធ? ហើយអស់អ្នកណាដែលស្បថដោយអាសនា វាមិនថ្វីនោះទេ តែអស់អ្នកណាដែលស្បថនឹងដង្វាយដែលនៅលើអាសនានោះ គេនឹងមានកំហុស។ ឱមនុស្សល្ងង់ និងខ្វាក់អើយ៖ ដ្បិតតើអ្វីដែលអស្ចារ្យជាង ជាដង្វាយ ឬជាអាសនាដែលធ្វើឱ្យដង្វាយនោះបរិសុទ្ធ? ដូចនេះ អស់អ្នកដែលស្បថដោយអាសនា នោះក៏ជាប់ឈ្មោះថាស្បថដោយអាសនា ហើយក៏ស្បថនឹងរបស់ទាំងអស់ដែលនៅលើនោះផងដែរ។ ហើយអស់អ្នកណាដែលស្បថនឹងព្រះវិហារ នោះក៏ជាប់ឈ្មោះថាស្បថនឹងព្រះវិហារ ហើយក៏ស្បថនឹងព្រះអង្គដែលសណ្ឋិតនៅទីនោះផងដែរ។ ហើយអ្នកដែលស្បថដោយស្ថានសួគ៌ នោះក៏ឈ្មោះថាស្បថនឹងបល្ល័ង្ករបស់ព្រះជាម្ចាស់ ព្រមទាំងស្បថនឹងព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះផងដែរ។
«វេទនាដល់អ្នកហើយ ពួកអាចារ្យ និងពួកផារិស៊ីដែលមានពុតអើយ! ដ្បិតអ្នកបានថ្វាយដង្វាយមួយភាគដប់ ទាំងជីរអង្កាម និងជីរលីងល័ក្ដ និងល្ង ហើយបានលុបចោលនូវរឿងសំខាន់ៗនៃក្រឹត្យវិន័យ ការជំនុំជម្រះ សេចក្ដីមេត្តាករុណា និងសេចក្ដីជំនឿ៖ ទាំងនេះអ្នកគួរតែបានធ្វើ ហើយមិនត្រូវទុករឿងផ្សេងទៀតចោលឡើយ។ ឱមគ្គុទេសក៍កង្វាក់អើយ អ្នករាល់គ្នាច្រោះមមង់ចេញ ហើយលេបអូដ្ឋវិញ។
«វេទនាដល់អ្នកហើយ ពួកអាចារ្យ និងពួកផារិស៊ីដែលមានពុតអើយ! ស្បិតអ្នកបានសម្អាតពែង និងចានឱ្យស្អាតតែពីខាងក្រៅប៉ុណ្ណោះ តែនៅខាងក្នុងវិញ ពួកគេពេញដោយការកេងប្រវ័ញ្ច និងអំពើហួសហេតុប៉ុណ្ណោះ។ ឱពួកផារិស៊ីដ៏ខ្វាក់អើយ ចូរសម្អាតផ្នែកខាងក្នុងនៃពែង និងចានរបស់អ្នកជាមុនសិនចុះ ដើម្បីឱ្យផ្នែកខាងក្រៅបានស្អាតដែរ។
«ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាវេទនាហើយ! ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរខ្មោចដែលលាបពណ៌ស មើលពីខាងក្រៅល្អស្អាតណាស់ ប៉ុន្តែខាងក្នងវិញ ពោរពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកសព្វបែបយ៉ាង។ ឯអ្នករាល់គ្នាវិញ ក៏ដូច្នោះដែរ មើលពីខាងក្រៅ ដូចជាសុចរិតចំពោះមនុស្ស ប៉ុន្តែខាងក្នុងវិញ អ្នកពោរពេញដោយសេចក្តីពុតត្បុត និងសេចក្តីទុច្ចរិត។
«វេទនាដល់អ្នកហើយ ពួកអាចារ្យ និងពួកផារិស៊ីដែលមានពុតអើយ! ដោយសារអ្នកបានសង់ផ្នូរនៃពួកហោរា បានសម្អិតសម្អាងផ្នូររបស់ពួកសុចរិត ហើយពោលថា បើយើងបាននៅក្នុងជំនាន់នៃពួកឰយុកោរបស់យើង នោះយើងនឹងមិនបានចូលរួមក្នុងការកំចាយឈាមពួកហោរាទេ។ ហេតុដូចនេះ អ្នកធ្វើបន្ទាល់ពីខ្លួនឯងថា អ្នកជាកូនចៅរបស់ពួកគាត់ដែលជាអ្នកបានសម្លាប់ពួកហោរានោះ ទៅវិញ។ ចូរបំពេញការវាស់ស្ទង់នៃពួកព្ធយុកោរបស់អ្នកចុះ។ ឱមនុស្សប្រភេទសត្វពស់អើយ ឱពួកពូជពង្សនៃពួកពស់វែកអើយ តើអ្នកអាចគេចផុតពីការដាក់ទោសនៃស្ថានរកដូចម្ដេចទៅ? ហេតុនេះហើយ ទើបខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ និងពួកអាចារ្យ៖ ហើយពួកគេមួយចំនួនក៏ត្រូវអ្នកសម្លាប់ និងឆ្កាង ហើយមួយចំនួនទៀតក៏ត្រូវអ្នកវាយនៅក្នុងសាលប្រជុំរបស់អ្នក ហើយបានធ្វើទក្ខបុកម្នេញពួកគេពីក្រុងមួយទៅក្រុងមួយ៖ ដើម្បីឱ្យឈាមសុចរិតដែលស្រោចស្រពលើផែនដីបានធ្លាក់មកលើអ្នក គឺមានទាំងពីឈាមសុចរិតរបស់អេបិល រហូតដល់ឈាមរបស់សាការីដែលជាកូនរបស់បារ៉ាគា ដែលអ្នកបានស្លាប់នៅចន្លោះព្រះវិហារ និងទីអាសនា។ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា រឿងទាំងនេះនឹងធ្លាក់មកលើជំនាន់នេះ» (ម៉ាថាយ ២៣:១៣-៣៦)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានដេញតាមសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នានេះ អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់គោលដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបគ្នាជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់តាមតែព្រះនាមរបស់ព្រះមែស្ស៊ី ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ ទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើជំនឿនេះមិនគួរឱ្យអស់សំណើច និងខុសទំនងទេឬអី?
(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាម រស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេស្របនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំតែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនស្របនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយ និងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងល់។ នៅក្នុងព្រះគម្ពីរពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាព អាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរ ពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថាខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីដែលស្របនឹងខ្ញុំ ឬវីធីដែលស្របនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេមកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ។ តើពួកគេមានលក្ខណៈអ្វី? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីដែលស្របនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរ តែមិនធ្វើព្រងើយនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះបានជាពួកគេបោះបង់អនាគតរបស់ខ្លូន និងតង្វាយលោះបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរទេឬអី?
(ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ
ម៉ាកុស ៣:២១-២២ ហើយពេលដែលមិត្តភក្តិរបស់ទ្រង់បានឮដំណឹងនេះ ពួកគេបានចេញទៅចាប់ព្រះអង្គមកវិញ ព្រោះពួកគេបាននិយាយថា ព្រះអង្គវង្វេងស្មារតី។ ហើយពួកអាចារ្យដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «ទ្រង់មានអារក្សបេលសេប៊ូលចូល ហើយទ្រង់ដេញអារក្សបាន ដោយសារមេអារក្សនោះ»។
ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី
ម៉ាថាយ ១២:៣១-៣២ ហេតុដូច្នេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។ ហើយអ្នកណាដែលពោលពាក្យប្រឆាំងនឹងបុត្រមនុស្ស គេនឹងត្រូវអត់ទោសឱ្យបាន ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឱ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ។
............
នៅក្នុងព្រះគម្ពីរ ការវាយតម្លៃរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវផ្ទាល់ព្រះអង្គ និងកិច្ចការដែលទ្រង់បានធ្វើគឺ៖ «... ពួកគេបាននិយាយថា ព្រះអង្គវង្វេងស្មារតី។ ... ទ្រង់មានអារក្សបេលសេប៊ូលចូល ហើយទ្រង់ដេញអារក្សបាន ដោយសារមេអារក្សនោះ» (ម៉ាកុស ៣:២១-២២)។ ការវិនិច្ឆ័យរបស់ពួកអាចារ្យ និងពួកផារីស៊ីទៅលើព្រះអម្ចាស់យេស៊ូវ គឺមិនមែនពួកគេគ្រាន់តែយកតម្រាប់តាមពាក្យរបស់អ្នកដទៃឡើយ ហើយក៏មិនមែនជាការសន្និដ្ឋានដែលគ្មានមូលដ្ឋាននោះដែរ ប៉ុន្តែវាជាការសន្និដ្ឋានមួយដែលពួកគេមានអំពីព្រះអម្ចាស់យេស៊ូវ ចេញពីអ្វីដែលពួកគេបានឃើញ និងបានស្ដាប់ឮ តាមរយៈទង្វើរបស់ទ្រង់។ ទោះបីជាសេចក្តីសន្និដ្ឋានរបស់ពួកគេត្រូវបានធ្វើឡើងដោយអួតក្អេងក្អាងនៅក្នុងនាមសេចក្តីយុត្តិធម៌ ហើយមនុស្សមើលទៅហាក់ដូចជាសមហេតុផលក៏ដោយ ក៏ការដែលពួកគេបានវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវទាំងភាពក្រអឺតក្រទមនោះ ពិតជាពិបាកសម្រាប់ពួកគេក្នុងការទប់ស្កាត់ណាស់។ ថាមពលដ៏ក្ដៅនៃចិត្តស្អប់របស់ពួកគេដែលមានចំពោះព្រះអម្ចាស់យេស៊ូវ បានបង្ហាញចេញពីមហិច្ឆតាដ៏ព្រៃផ្សៃ និងទឹកមុខដ៏អាក្រក់បែបសាតាំងរបស់ពួកគេ ក៏ដូចជានិស្ស័យព្យាបាទរបស់ពួកគេដែលនាំឱ្យពួកគេប្រឆាំងនឹងព្រះជាម្ចាស់។ អ្វីៗដែលពួកគេបាននិយាយនៅក្នុងការវិនិច្ឆ័យរបស់ពួកគេចំពោះព្រះអម្ចាស់យេស៊ូវ ត្រូវបានជំរុញចេញមកពីមហិច្ឆតាដ៏ព្រៃផ្សៃ ចិត្តឈ្នានីស និស្ស័យដ៏អាក្រក់ និងព្យាបាទនៃការប្រឆាំងរបស់ពួកគេចំពោះព្រះជាម្ចាស់ និងសេចក្តីពិត។ ពួកគេមិនបានស៊ើបអង្កេតរកមើលប្រភពនៃសកម្មភាពរបស់ព្រះអម្ចាស់យេស៊ូវ ហើយក៏មិនបានស៊ើបរកមើលសារជាតិនៃអ្វីដែលទ្រង់បានមានបន្ទូល ឬបានធ្វើនោះដែរ។ ផ្ទុយទៅវិញ ដោយភាពងងឹតងងុល នៅក្នុងសភាពនៃអារម្មណ៍ដ៏ឆ្កួតឡប់ និងដោយចិត្តព្យាបាទផងនោះ ពួកគេបានវាយប្រហារ និងនិយាយមើលងាយដល់កិច្ចការដែលទ្រង់បានធ្វើ។ ពួកគេបានថែមទាំងនិយាយបង្កាច់បង្ខូចដល់ព្រះវិញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណបរិសុទ្ធ និងជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៀតផង។ នេះជាអ្វីដែលពួកគេចង់មានន័យ នៅពេលដែលពួកគបាននិយាយថា៖ «ព្រះអង្គវង្វេងស្មារតី» «បេលសេប៊ូល» និង «មេអារក្ស»។ គឺអាចនិយាយបានថា ពួកគេបាននិយាយថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាអារក្សបេលសេប៊ូល និងជាមេអារក្ស។ ពួកគេបានចាត់ថ្នាក់កិច្ចការយកកំណើតជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានពាក់អង្គទ្រង់នៅក្នុងរូបសាច់នោះថាជាដំណើរឆ្កួតលីលា។ ពួកគេមិនគ្រាន់តែប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថាជាអារក្សបេលសេប៊ូល និងជាមេអារក្សប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏បានថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងថ្កោលទោស និងប្រមាថដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរ។ សារជាតិនៃការប្រឆាំង និងការប្រមាថព្រះជាម្ចាស់របស់គេ គឺដូចទាំងស្រុងទៅនឹងសារជាតិនៃការប្រឆាំង និងការប្រមាថព្រះជាម្ចាស់របស់សាតាំង និងពួកអារក្សដែរ។ ពួកគេមិនគ្រាន់តែតំណាងឱ្យមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាតំណាងឱ្យសាតាំងដែរ។ ពួកគេជាបណ្ដាញរបស់សាតាំងនៅក្នុងចំណោមមនុស្សជាតិ ហើយពួកគេជាអ្នកសមគំនិត និងជាបាវបម្រើរបស់សាតាំង។ សារជាតិនៃការប្រមាថ និងការនិយាយបង្កាច់បង្ខូចរបស់ពួកគេចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាការប្រយុទ្ធរបស់ពួកគេទាស់នឹងព្រះជាម្ចាស់ ដើម្បីចង់បានឋានៈ ការប្រកួតប្រជែងរបស់ពួកគេជាមួយព្រះជាម្ចាស់ និងការល្បងលមិនចេះចប់មិនចេះហើយរបស់ពួកគេជាមួយព្រះជាម្ចាស់។ សារជាតិនៃការប្រឆាំងរបស់ពួកគេចំពោះព្រះជាម្ចាស់ និងអាកប្បកិរិយាប្រឆាំងរបស់ពួកគេចំពោះទ្រង់ ក៏ដូចជាពាក្យសម្ដី ព្រមទាំងគំនិតដែលពួកគេបានប្រមាថដោយផ្ទាល់ដល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងធ្វើឱ្យទ្រង់ខ្ញាល់យ៉ាងខ្លាំង។ ដូច្នេះ ព្រះជាម្ចាស់បានសម្រេចនូវការជំនុំជម្រះដ៏សមហេតុផលមួយ ដោយផ្អែកលើអ្វីដែលពួកគេបាននិយាយ និងបានធ្វើ ហើយព្រះជាម្ចាស់បានកំណត់ថា ទង្វើរបស់ពួកគេជាអំពើបាបនៃការប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ។ អំពើបាបនេះមិនអាចអត់ទោសឱ្យបានឡើយ ទាំងនៅក្នុងលោកនេះ និងលោកខាងមុខ ដ្បិតនេះជាអ្វីដែលមានចែងទុកនៅក្នុងបទគម្ពីរខាងក្រោម៖ «មនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ» ហើយ «អ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឱ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
នៅក្នុងប្រទេសអ៊ីស្រាអែល «ពួកផារិស៊ី» ធ្លាប់មានឈ្មោះបែបនេះដែរ។ តើហេតុអ្វីបានជាពេលនេះ វាក្លាយជាស្លាកឈ្មោះទៅវិញ? នេះគឺដោយសារ ពួកផារីស៊ីបានក្លាយជាតំណាងឱ្យមនុស្សមួយប្រភេទ។ តើមនុស្សមួយប្រភេទនេះមានលក្ខណៈបែបណា? ពួកគេសូត្រពាក្យស្លោក ពួកគេពូកែខាងធ្វើពុត ពូកែតុបតែងខ្លួន ពូកែលាក់បាំងធាតុពិតរបស់ពួកគេ ហើយពួកគេមានឥទ្ធិពលលើសេចក្ដីថ្លៃថ្នូរ ភាពបរិសុទ្ធ សេចក្ដីស្លូតត្រង់ ភាពទៀងត្រង់យុត្តិធម៌ និងកិត្តិយស។ ហេតុនេះហើយ ពួកគេពុំអនុវត្តសេចក្ដីពិតបន្តិចណាសោះឡើយ។ តើពួកគេធ្វើដូចម្ដេច? ពួកគេអានបទគម្ពីរ ពួកគេប្រៀនប្រដៅ ពួកគេបង្រៀនអ្នកដទៃឱ្យធ្វើល្អ មិនឱ្យធ្វើអាក្រក់ មិនទទឹងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេប្រព្រឹត្តល្អនៅចំពោះមុខអ្នកដទៃ ក៏ប៉ុន្តែនៅពេលអ្នកដទៃបែរខ្នងចេញ ពួកគេក៏លួចតង្វាយ។ ព្រះអម្ចាស់យេស៊ូវ បានមានព្រះបន្ទូលថា ពួកគេ «អ្នករាល់គ្នាច្រោះមមង់ចេញ ហើយលេបអូដ្ឋវិញ»។ នេះមានន័យថា អាកប្បកិរិយាទាំងអស់របស់ពួកគេ មើលទៅល្អតែសំបកក្រៅទេ។ ពួកគេសូត្រសុភាសិតដោយអួតអាង ពួកគេនិយាយអំពីទ្រឹស្ដីឧត្តុង្គឧត្តម ហើយសម្ដីរបស់ពួកគេគួរចង់ស្ដាប់ណាស់ ក៏ប៉ុន្តែអំពើរបស់ពួកគេរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ទទឹងទាស់នឹងព្រះជាម្ចាស់ទាំងស្រុង។ អាកប្បកិរិយា និងការបង្ហាញពីសំបកក្រៅរបស់ពួកគេ គឺសុទ្ធតែជាការធ្វើពុត សុទ្ធតែជាការបោកបញ្ឆោតទាំងអស់។ នៅក្នុងដួងចិត្តរបស់ពួកគេ គឺពួកគេគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត និងរឿងល្អៗបន្តិចសោះឡើយ។ ពួកគេស្អប់នូវសេចក្ដីពិត ស្អប់គ្រប់យ៉ាងដែលមកអំពីព្រះជាម្ចាស់ ហើយស្អប់អ្វីដែលល្អៗ។ តើពួកគេស្រឡាញ់អ្វីខ្លះ? តើពួកគេស្រឡាញ់យុត្តិធម៌ និងសេចក្ដីសុចរិតដែរឬទេ? (អត់ទេ)។ តើអ្នកអាចដឹងបានថាពួកគេមិនស្រឡាញ់យុត្តិធម៌ និងសេចក្ដីសុចរិតបានដោយរបៀបណា? (ព្រះអម្ចាស់យេស៊ូវបានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ ដែលពួកគេមិនគ្រាន់បដិសេធមិនទទួលយកនោះទេ ពួកគេថែមទាំងថ្កោលទោសថែមទៀតផង)។ ប្រសិនបើគ្មានការថ្កោលទោសរបស់ពួកគេទេ តើអ្នកអាចដឹងបានទេ? នៅមុនពេលដែលព្រះអម្ចាស់យេស៊ូវយាងមកបំពេញកិច្ចការ តើមានអ្វីដែលប្រាប់អ្នកថា ពួកគេមិនស្រឡាញ់យុត្តិធម៌ និងសេចក្ដីសុចរិតនោះ? អ្នកនឹងមិនអាចប្រាប់បានទេ មែនទេ? អាកប្បកិរិយារបស់ពួកគេ គឺសុទ្ធតែជាការធ្វើពុត ហើយពួកគេប្រើការធ្វើពុតជាមានអាកប្បកិរិយាល្អនេះ ដើម្បីបោកប្រាស់យកទំនុកចិត្តរបស់អ្នកដទៃ។ តើនេះមិនមែនជាសេចក្ដីពុតត្បុត និងការបោកបញ្ឆោតទេឬអី? តើមនុស្សបោកប្រាស់បែបនេះ អាចស្រឡាញ់សេចក្ដីពិតដែរឬទេ? តើអាកប្បកិរិយាល្អរបស់ពួកគេមានគោលបំណងលាក់បាំងអ្វីខ្លះ? មួយផ្នែកនៃគោលបំណងរបស់ពួកគេ គឺដើម្បីបោកប្រាស់អ្នកដទៃ។ មួយផ្នែកទៀត គឺដើម្បីបោកបញ្ឆោតអ្នកដទៃ ដើម្បីយកឈ្នះពួកគេ និងឱ្យពួកគេថ្វាយបង្គំ ហើយចុងក្រោយ ដើម្បីទទួលបានរង្វាន់។ តើបច្ចេកទេសពួកគេឆ្លាតប៉ុនណា ដើម្បីអាចបង្កើតគ្រោងការបោកប្រាស់ដ៏ធំនេះបាន? ដូច្នេះ តើមនុស្សបែបនេះស្រឡាញ់យុត្តិធម៌ និងសេចក្ដីសុចរិតដែរឬទេ? ពិតណាស់។ ពួកគេស្រឡាញ់បុណ្យស័ក្តិ ពួកគេស្រឡាញ់កិត្តិយស និងលាភសក្ការៈ ហើយពួកគេចង់ទទួលបានរង្វាន់។ ពួកគេមិនបានអនុវត្តតាមព្រះបន្ទូលប្រៀនប្រដៅមនុស្សរបស់ព្រះជាម្ចាស់សោះឡើយ។ ពួកគេមិនបានរស់នៅតាមព្រះបន្ទូលទេ។ ពួកគេគ្រាន់តែប្រើគ្រឿងតុបតែងខ្លួន និងក្លែងខ្លួនដើម្បីឆបោកមនុស្ស និងយកឈ្នះលើពួកគេ ដើម្បីការពារបុណ្យស័ក្តិនិងកេរ្តិ៍ឈ្មោះផ្ទាល់របស់ពួកគេតែប៉ុណ្ណោះ។ នៅពេលអ្វីទាំងនេះអាចធានាបានហើយ ពួកគេប្រើវាដើម្បីប្រមូលទុន និងជាប្រភពប្រាក់ចំណូល។ តើនេះមិនគួរឱ្យស្អប់ខ្ពើមទេឬអី? អំពើនេះអាចមើលឃើញបានតាមរយៈអាកប្បកិរិយារបស់ពួកគេទាំងអស់នេះ ដែលខ្លឹមសាររបស់វា គឺមិនមែនជាការស្រឡាញ់សេចក្ដីពិតនោះទេ ដ្បិតពួកគេមិនដែលអនុវត្តសេចក្ដីពិតឡើយ។ តើមានទីសម្គាល់អ្វីខ្លះដែលពួកគេមិនអនុវត្តសេចក្ដីពិត? នេះគឺជាទីសម្គាល់ដ៏ធំជាងគេ៖ ព្រះអម្ចាស់យេស៊ូវបានយាងមកបំពេញកិច្ចការ ហើយគ្រប់ការទាំងអស់ដែលទ្រង់មានបន្ទូល សុទ្ធតែត្រឹមត្រូវ គ្រប់សព្វកិច្ចការដែលទ្រង់មានព្រះបន្ទូល គឺជាសេចក្ដីពិត។ តើពួកគេចាត់ទុកព្រះបន្ទូលនោះដូចម្ដេច? (ពួកគេមិនទទួលយកវាទេ)។ តើពួកគេមិនទទួលយកព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដោយសារពួកគេបានជឿថា ព្រះបន្ទូលទាំងនោះខុស ឬពួកគេមិនបានទទួលយកព្រះបន្ទូលនោះ បើទោះបីជាដឹងថាព្រះបន្ទូលនោះត្រូវក៏ដោយមែនទេ? (ពួកគេមិនទទួលយកព្រះបន្ទូលនោះ បើទោះបីដឹងថាព្រះបន្ទូលនោះត្រឹមត្រូវក៏ដោយ)។ តើអ្វីដែលធ្វើឱ្យគេគិតបែបនេះ? ពួកគេពុំស្រឡាញ់សេចក្ដីពិតទេ ហើយពួកគេស្អប់ខ្ពើមអ្វីដែលល្អជាខ្លាំង។ គ្រប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូល គឺត្រឹមត្រូវ គ្មានកំហុសឆ្គងសោះឡើយ ហើយបើទោះបីជាពួកគេរកពុំឃើញកំហុសនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដើម្បីប្រើវាប្រឆាំងនឹងទ្រង់ក្ដី ក៏ពួកគេនៅតែផ្ដន្ទាទោសទ្រង់ដដែល ហើយពួកគេមានរួមគំនិតឃុបឃិតថា៖ «ឆ្កាងទ្រង់ទៅ។ បើមិនឆ្កាងទ្រង់ទេ ឆ្កាងពួកយើងចុះ»។ ក្នុងលក្ខណៈនេះ ពួកគេប្រឆាំងទាស់នឹងព្រះអម្ចាស់យេស៊ូវ។ បើទោះបីជាពួកគេមិនជឿថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះអម្ចាស់ក៏ដោយចុះ តែទ្រង់គឺជាមនុស្សល្អ ដែលមិនបានល្មើសច្បាប់ ឬក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា[ក] ឡើយ តើហេតុអ្វីបានពួកគេថ្កោលទោសព្រះអម្ចាស់យេស៊ូវទៅវិញ? តើហេតុអ្វីបានជាគេប្រព្រឹត្តដាក់ព្រះអម្ចាស់យេស៊ូវដូច្នេះ? គេអាចមើលឃើញថា មនុស្សទាំងនេះទុច្ចរិតនិងសាហាវឃោឃៅខ្លាំងប៉ុនណា។ ពួកគេអាក្រក់ខ្លាំងណាស់។ ការបញ្ចេញទឹកមុខអាក្រក់របស់ពួកផារិស៊ី គ្មានអ្វីខុសប្លែកពីការបន្លំខ្លួនធ្វើជាចិត្តល្អរបស់ពួកគេទេ។ មានមនុស្សជាច្រើនដែលមិនអាចដឹងបានថាតើមួយណាជាទឹកមុខពិតប្រាកដរបស់ពួកគេ ហើយមួយណាជាទឹកមុខក្លែងក្លាយរបស់ពួកគេ ក៏ប៉ុន្តែ ការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ បានបើកសម្ដែងឱ្យឃើញពីពួកគេទាំងអស់។ ពួកផារិស៊ីពិតជាពូកែក្លែងខ្លួនណាស់ ពួកគេមើលពីសំបកក្រៅទៅល្អខ្លាំងណាស់។ បើសិនជាការពិតមិនត្រូវបានបើកសម្ដែងឱ្យឃើញទេនោះ គ្មាននរណាម្នាក់អាចមើលឃើញថាពួកគេជានរណានោះទេ។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
លេខយោង៖
ក. អត្ថបទដើមមិនមានពាក្យ «ព្រះយេហូវ៉ា»។
តើអ្វីជាការបើកសម្ដែងជាចម្បងអំពីការលាក់ពុតរបស់ពួកផារិស៊ី? ពួកគេគ្រាន់តែអានបទគម្ពីរដោយយកចិត្តទុកដាក់ ហើយមិនបានស្វែងរកសេចក្ដីពិតទេ។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនបានអធិស្ឋាន ឬស្វែងរកទេ។ ផ្ទុយទៅវិញ ពួកគេបានសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេបានសិក្សានូវអ្វីដែលព្រះជាម្ចាស់មានបន្ទូលនិងធ្វើ ហើយបានប្រែក្លាយព្រះបន្ទូលរបស់ទ្រង់ទៅជាទ្រឹស្តីមួយប្រភេទ ទៅជាគោលលទ្ធិដែលពួកគេបានបង្រៀនដល់អ្នកដទៃ។ នេះគឺជាអ្វីដែលជាការអានដោយចិត្តទុកដាក់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? តើអ្វីដែលពួកគេអានដោយយកចិត្តទុកដាក់នោះ? តាមការយល់ឃើញរបស់ពួកគេ ទាំងនេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនេះមិនមែនជាការសម្ដែងចេញរបស់ព្រះជាម្ចាស់ ទាំងនេះកាន់តែមិនមែនជាសេចក្ដីពិត ប៉ុន្ដែជាទម្រង់នៃចំណេះខ្ពង់ខ្ពស់ទៅវិញ។ តាមការយល់ឃើញរបស់ពួកគេ ចំណេះខ្ពង់ខ្ពស់បែបនេះគួរតែត្រូវបានចែកចាយបន្ដ គួរតែត្រូវបានផ្សព្វផ្សាយ ហើយមានតែការធ្វើដូចនេះទេដែលអាចផ្សព្វផ្សាយពីមាគ៌ារបស់ព្រះជាម្ចាស់ និងដំណឹងល្អ។ នេះគឺជាអ្វីដែលគេហៅថា «សេចក្ដីអធិប្បាយ» ហើយសេចក្ដីអធិប្បាយដែលពួកគេបានចែកចាយ គឺជាទេវសាស្រ្ត។
... ពួកផារិស៊ីចាត់ទុកទេវសាស្រ្ព និងទ្រឹស្ដីដែលពួកគេបានបង្កើត ជាប្រភេទមួយនៃចំណេះដឹង ជាឧបករណ៍សម្រាប់ថ្កោលទោសមនុស្ស និងវាស់វែងថាតើត្រូវ ឬខុស។ ពួកគេថែមទាំងប្រើវាទៅចំពោះព្រះអម្ចាស់យេស៊ូវទៀតផង។ នោះជារបៀបដែលព្រះអម្ចាស់យេស៊ូវត្រូវបានពួកគេថ្កោលទោស។ ការវាយតម្លៃរបស់ពួកគេចំពោះមនុស្ស និងរបៀបដែលពួកគេបានប្រព្រឹត្តចំពោះមនុស្ស គឺមិនដែលផ្អែកលើសារជាតិរបស់ពួកគេ ឬថាតើអ្វីដែលពួកគេបាននិយាយ ត្រូវឬខុសនោះឡើយ គឺមិនទាំងផ្អែកលើប្រភព ឬភស្តុតាងនៃពាក្យរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែថ្កោលទោស និងវាស់វែងមនុស្សដោយផ្អែកលើពាក្យ និងគោលលទ្ធិដ៏តឹងតែងដែលពួកគេបានបង្កើត។ ដូច្នេះហើយ ទោះបីពួកផារិស៊ីទាំងនេះដឹងថាអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើមិនមែនជាអំពើបាប និងមិនបំពានច្បាប់ក៏ដោយ ក៏ពួកគេនៅតែថ្កោលទោសទ្រង់ដែរ ពីព្រោះអ្វីដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលហាក់ដូចជាខុសពីចំណេះដឹង និងចំណេះខ្ពង់ខ្ពស់ដែលពួកគេបានបង្កើត និងទ្រឹស្តីផ្នែកទេវសាស្រ្តដែលពួកគេបានបរិយាយ។ ហើយពួកផារិស៊ីមិនគ្រាន់តែមិនបន្ធូរបន្ថយពាក្យ និងឃ្លោងឃ្លាទាំងនេះទេ ពួកគេថែមទាំងប្រកាន់ខ្ជាប់នូវចំណេះដឹងនេះ ហើយមិនឱ្យចំណេះដឹងនេះចេញផុតពីពួកគេឡើយ។ តើមានលទ្ធផលអ្វីដែលអាចកើតឡើងនៅទីបញ្ចប់? ពួកគេនឹងមិនទទួលស្គាល់ថាព្រះអម្ចាស់យេស៊ូវគឺជាព្រះមែស្ស៊ីដែលបានយាងមក ឬមានសេចក្តីពិតនៅក្នុងអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលនោះទេ កាន់តែមិនទទួលស្គាល់នូវអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើក្នុងការរក្សានូវសេចក្ដីពិតនោះដែរ។ ពួកគេបានរកហេតុចោទប្រកាន់ដោយគ្មានភស្តុតាងដើម្បីថ្កោលទោសព្រះអម្ចាស់យេស៊ូវ ប៉ុន្តែតាមពិតនៅក្នុងដួងចិត្តពួកគេ តើពួកគេដឹងថាអំពើបាបទាំងនេះដែលពួកគេបានថ្កោលទោសទ្រង់ត្រឹមត្រូវដែរឬអត់ទេ? ពួកគេបានដឹង។ ហេតុអ្វីបានជាពួកគេនៅតែថ្កោលទោសទ្រង់ដូច្នេះ? (ពួកគេមិនចង់ជឿថាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ និងមានព្រះចេស្ដា អាចជាព្រះអម្ចាស់យេស៊ូវក្នុងរូបភាពទ្រង់ជាកូនមនុស្សសាមញ្ញនៅក្នុងគំនិតរបស់ពួកគេនោះឡើយ)។ ពួកគេមិនចង់ទទួលយកការពិតនេះទេ។ ហើយតើអ្វីទៅជាធម្មជាតិនៃការបដិសេធរបស់ពួកគេក្នុងការទទួលយករឿងនេះ? តើមិនមានអ្វីដែលត្រូវព្យាយាមវែកញែកជាមួយព្រះជាម្ចាស់នៅក្នុងរឿងនេះទេឬ? អ្វីដែលពួកគេចង់មានន័យគឺថា «តើព្រះជាម្ចាស់អាចធ្វើកិច្ចការនោះបានទេ? ប្រសិនបើព្រះជាម្ចាស់បានយកកំណើតជាមនុស្សមែន ទ្រង់ច្បាស់ជាត្រូវកើតចេញពីត្រកូលអ្នកមានកិត្តិយសហើយ។ លើសពីនេះទៅទៀតទ្រង់ត្រូវតែទទួលយកការបង្ហាត់បង្រៀនពីអ្នកនិពន្ធ និងពួកផារិស៊ី រៀនចំណេះដឹងនេះ និងអានបទគម្ពីរជាច្រើនផង។ មានតែបន្ទាប់ពីពេលទ្រង់មានចំណេះដឹងនេះទេ ទើបទ្រង់អាចទទួលបានងារថា 'ការយកកំណើតជាមនុស្ស'»។ ទីមួយ ពួកគេជឿថា ទ្រង់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះទ្រង់មិនមែនជាព្រះជាម្ចាស់ទេ។ ទីពី បើគ្មានចំណេះដឹងនេះ ទ្រង់មិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានទេ ហើយទ្រង់កាន់តែមិនអាចធ្វើជាព្រះជាម្ចាស់ដែរ។ ទីបីទ្រង់មិនអាចធ្វើកិច្ចការនៅខាងក្រៅព្រះវិហារបានទេ។ ទ្រង់មិននៅក្នុងព្រះវិហារទេឥឡូវនេះ ដោយទ្រង់ស្ថិតនៅក្នុងចំណោមមនុស្សមានបាប ដូច្នេះកិច្ចការដែលទ្រង់ធ្វើ គឺហួសកម្រិតព្រំដែននៃកិច្ចការរបស់ព្រះជាម្ចាស់។ តើមូលដ្ឋាននៃការថ្កោលទោសរបស់ពួកគេមកពីណា? គឺមកពីបទគម្ពីរ ពីគំនិតរបស់មនុស្ស និងពីការអប់រំខាងទេវសាស្រ្តដែលពួកគេបានទទួល។ ដោយសារតែពួកគេត្រូវបានបំប៉ោងដោយសញ្ញាណ ការស្រមើស្រមៃ និងចំណេះដឹង ពួកគេជឿថាចំណេះដឹងនេះត្រឹមត្រូវ ហើយជាសេចក្ដីពិត ជាមូលដ្ឋាន ហើយគ្មានពេលណាដែលព្រះជាម្ចាស់អាចបំពាននឹងរឿងទាំងនេះឡើយ។ តើពួកគេស្វែងរកសេចក្ដីពិតទេ? ពួកគេមិនបានទេ។ អ្វីដែលពួកគេស្វែងរកគឺគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួន និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេបានព្យាយាមប្រើវាដើម្បីកំណត់អំពីព្រះជាម្ចាស់ ហើយបញ្ជាក់ថាតើទ្រង់ត្រូវ ឬខុស។ តើលទ្ធផលចុងក្រោយនៃការនេះជាអ្វី? ពួកគេបានថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ ហើយបានឆ្កាងទ្រង់នៅលើឈើឆ្កាង។
(ដកស្រង់ពី «ចំណុចទីប្រាំពីរ៖ ពួកគេជាមនុស្សអាក្រក់ មានល្បិចកល និងបោកបញ្ឆោត (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)