២. ដោយសារតែពួកគេមិនបានឃើញព្រះជាម្ចាស់ មនុស្សខ្លះនិយាយថា នៅក្នុងពិភពលោកនេះគ្មានព្រះជាម្ចាស់ឡើយ ខណៈពេលដែលអ្នកផ្សេងទៀតប្រើប្រាស់បទពិសោធផ្ទាល់ខ្លួន ដើម្បីធ្វើបន្ទាល់អំពីអត្ថិភាពរបស់ព្រះជាម្ចាស់។ យើងមិនដឹងថាមានព្រះជាម្ចាស់ជាប្រាកដនោះឡើយ ដូច្នេះ តើយើងអាចកំណត់យ៉ាងដូចម្ដេចថាព្រះជាម្ចាស់ពិតជាមានឬក៏អត់?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងសារជាតិរបស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបានដោយពឹងផ្អែកលើការគិតស្រមៃរបស់អ្នកបានទេ។ ដោយសារតែអ្នកមិនអាចពឹងផ្អែកលើការគិតស្រមៃដើម្បីស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចស់ នោះតើតាមវិធីណាដែលអ្នកអាចសម្រេចបាននូវចំណេះដឹងមួយដ៏ពិតប្រាកដអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? វិធីដើម្បីអាចសម្រេចបាន គឺតាមរយៈការទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការប្រកបគ្នា និងតាមរយៈការមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកនឹងមានបទពិសោធជាក់ស្តែងបន្តិចម្តងៗ និងការបញ្ជាក់អះអាងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានការយល់ដឹងបន្តិចម្តងៗ និងចំណេះដឹងបន្ថែមអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាវិធីតែមួយគត់ដើម្បីសម្រេចបាននូវចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺមិនមានផ្លូវកាត់នោះទេ។ ការស្នើមិនឱ្យអ្នករាល់គ្នាគិតស្រមៃ មិនដូចគ្នាទៅនឹងការធ្វើឱ្យអ្នករាល់គ្នាអង្គុយស្ងៀមរង់ចាំការបំផ្លាញ ឬបញ្ឈប់អ្នករាល់គ្នាមិនឱ្យធ្វើអ្វីមួយនោះទេ។ ការមិនប្រើប្រាស់ខួរក្បាលដើម្បីគិត និងគិតស្រមៃ មានន័យថាជាការមិនប្រើភាពតក្កៈ និងការសន្និដ្ឋាន មិនប្រើចំណេះដឹងដើម្បីវិភាគ និងមិនប្រើវិទ្យាសាស្ត្រជាមូលដ្ឋាន ប៉ុន្តែផ្ទុយទៅវិញ ជាការសរសើរ ការបញ្ជាក់អះអាង និងការបញ្ជាក់ថា ព្រះជាម្ចាស់ដែលអ្នកជឿមានសិទ្ធិអំណាច បញ្ជាក់ថា ទ្រង់កាន់កាប់អធិបតេយ្យភាពលើជោគវាសនារបស់អ្នក ហើយថា ព្រះចេស្ដារបស់ទ្រង់បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតគ្រប់ពេលវេលា តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការពិត និងតាមរយៈគ្រប់យ៉ាងដែលអ្នកជួបប្រទះនៅក្នុងជីវិត។ នេះគឺជាវិធីតែមួយគត់ដែលគ្រប់គ្នាអាចសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់។ មនុស្សមួយចំនួននិយាយថា ពួកគេមានបំណងចង់ស្វែងរកវិធីដ៏សាមញ្ញមួយក្នុងការសម្រេចបានគោលបំណងនេះ ប៉ុន្តែតើអ្នករាល់គ្នាអាចគិតដល់វិធីបែបនេះឬទេ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា មិនចាំបាច់គិតនោះទេ៖ គ្មានផ្លូវណាផ្សេងនោះទេ! វិធីតែមួយគត់ គឺស្គាល់ និងបញ្ជាក់អះអាងយ៉ាងខ្ជាប់ខ្ជួន និងយ៉ាងយកចិត្តទុកដាក់អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ តាមរយៈព្រះបន្ទូលនីមួយៗដែលទ្រង់ថ្លែង និងតាមរយៈអ្វីៗដែលទ្រង់ធ្វើ។ នេះគឺជាវិធីតែមួយគត់ដើម្បីស្គាល់ព្រះជាម្ចាស់។ ចំពោះកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ មិនមែនឥតសារៈសំខាន់ និងទទេសូន្យនោះទេ ប៉ុន្តែពួកវាពិតប្រាកដមែន។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
នៅក្នុងភាពល្វឹងល្វើយនៃចក្កវាឡ និងនភាល័យ មានសភាវៈមានជីវិតរាប់មិនអស់កំពុងតែរស់រាន និងបន្តពូជទៅតាមក្រឹត្យក្រមវដ្ដជីវិត ហើយប្រកាន់ខ្ជាប់នូវក្រឹត្យក្រមដ៏ម៉ឺងម៉ាត់មួយ។ មនុស្សដែលស្លាប់ គឺស្លាប់ទៅទាំងយករឿងរ៉ាវមនុស្សដែលនៅរស់ទៅជាមួយ ឯមនុស្សដែលនៅរស់ គឺរស់ជាន់ដានប្រវត្តិសាស្ត្រសោកនាដកម្មដូចគ្នាដដែលៗរបស់មនុស្សដែលស្លាប់ទៅ។ ហេតុនេះហើយ មនុស្សជាតិគ្មានទីពឹងឡើយ មានតែសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងរស់រាន? ហើយហេតុអ្វីបានជាយើងស្លាប់? តើនរណាជាអ្នកបញ្ជាពិភពលោកនេះ? ហើយតើនរណាបានបង្កើតមនុស្សជាតិនេះឡើងមក? តើមនុស្សជាតិពិតជាកើតមកពីមាតាធម្មជាតិមែនទេ? តើមនុស្សជាតិ គឺជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងពិតប្រាកដទេ? ... ទាំងអស់នេះគឺជាចម្ងល់ ដែលមនុស្សចេះតែសួរឥតស្រាកស្រាន្ត អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ជាអកុសល កាលណាមនុស្សរឹតតែខ្វល់ចិត្តនឹងសំណួរទាំងអស់នេះ ពួកគេក៏រឹតតែស្រេកឃ្លានចង់ដឹងពីវិទ្យាសាស្ត្រដែរ។ វិទ្យាសាស្រ្តផ្ដល់ក្ដីសោមនស្សមួយរយៈខ្លី និងផ្ដល់ភាពរីករាយបណ្ដោះអាសន្នដល់សាច់ឈាម ប៉ុន្តែមិនល្មមនឹងរំដោះមនុស្សឱ្យរួចពីភាពត្រម៉ង់ត្រម៉ោច ភាពតែលតោល និងភាពភ័យខ្លាចដែលពិបាកបិទបាំង ព្រមទាំងភាពគ្មានទីពឹងដែលកប់ជ្រៅនៅក្នុងចិត្តរបស់គេទេ។ មនុស្សជាតិគ្រាន់តែប្រើចំណេះដឹងផ្នែកវិទ្យាសាស្រ្តដែលគេអាចមើលឃើញនឹងភ្នែករបស់គេផ្ទាល់ ហើយយល់ដោយខួរក្បាលរបស់គេ ដើម្បីធ្វើឱ្យចិត្តរបស់គេស្ងប់ប៉ុណ្ណោះ។ ប៉ុន្តែ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តបែបនេះ មិនល្មមនឹងអាចបញ្ឈប់មនុស្សជាតិពីការស្រាវជ្រាវ សេចក្ដីអាថ៌កំបាំងឡើយ។ មនុស្សជាតិមិនស្គាល់ព្រះជាម្ចាស់ដែលប្រកបដោយអធិបតេយ្យភាព លើរបស់សព្វសារពើក្នុងពិភពលោកនេះ ជានរណាទេ គេក៏រឹតតែមិនដឹងពីដើមចម និងអនាគតរបស់មនុស្សជាតិទៅទៀត។ មនុស្សជាតិរស់នៅក្នុងក្រឹត្យក្រមនេះ ព្រោះតែវាមិនអាចចៀសផុតប៉ុណ្ណោះ។ គ្មាននរណាអាចគេចផុតពីក្រឹត្យក្រមនេះឡើយ ហើយក៏គ្មាននរណាអាចផ្លាស់ប្ដូរក្រឹត្យក្រមនេះដែរ ដ្បិតនៅក្នុងសព្វសារពើទាំងអស់ ទាំងនៅស្ថានសួគ៌ផង គឺមានតែព្រះមួយអង្គគត់ ចាប់ពីអស់កល្បជានិច្ចដល់អស់កល្បជានិច្ច ដែលមានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់មើលឃើញ គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់ដឹងឮ ជាព្រះដែលមនុស្សជាតិមិនជឿថា មានវត្តមានគង់នៅ ប៉ុន្តែទ្រង់ជាព្រះដែលបានផ្លុំខ្យល់ដង្ហើមជីវិតឱ្យបុព្វបុរសរបស់មនុស្សជាតិ ព្រមទាំងប្រទានជីវិតដល់មនុស្សជាតិផង។ ព្រះអង្គជាព្រះដែលផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់មនុស្សជាតិ ឱ្យគេបានរស់នៅ ហើយក៏ជាព្រះដែលបានដឹកនាំមនុស្សជាតិ ដរាបដល់សព្វថ្ងៃនេះដែរ។ ជាងនេះទៅទៀត ព្រះអង្គតែ១អង្គគត់ គឺជាព្រះដែលមនុស្សជាតិពឹងអាង ដើម្បីមានជីវិតរស់នៅ។ ទ្រង់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើ ហើយគ្រប់គ្រងសភាវៈមានជីវិតទាំងអស់នៅក្នុងសកលលោក។ ទ្រង់បង្គាប់ឱ្យមានបួនរដូវកាល ហើយទ្រង់ក៏ជាអ្នកបង្គាប់ឱ្យមានជាខ្យល់លំហើយ ខ្យល់ត្រជាក់ ព្រិល និងទឹកភ្លៀងទៀតផង។ ព្រះអង្គនាំពន្លឺព្រះអាទិត្យមកឱ្យមនុស្សជាតិ ហើយចាំយាមនៅពេលយប់។ ទ្រង់ក៏ជាអ្នកលាតសន្ធឹងផ្ទៃមេឃ និងផែនដី ទាំងប្រទានឱ្យមនុស្សជាតិមានភ្នំ បឹងបួរ ស្ទឹង និងទន្លេ ព្រមទាំងអ្វីៗសព្វសារពើដែលមាននៅក្នុងរបស់ទាំងនេះផង។ ស្នាព្រះហស្តរបស់ទ្រង់នៅសព្វទីកន្លែង ព្រះចេស្ដារបស់ទ្រង់នៅសព្វទីកន្លែង ព្រះប្រាជ្ញាញាណរបស់ទ្រង់នៅសព្វទីកន្លែង ហើយសិទ្ធិអំណាចរបស់ទ្រង់ក៏នៅសព្វទីកន្លែងដែរ។ ក្រឹត្យក្រម និងបញ្ញត្តិនីមួយៗ គឺជាគំរូពីស្នាព្រះហស្តរបស់ទ្រង់ ក្រឹត្យក្រម និងបញត្តិនីមួយៗ ក៏ស្ដែងឱ្យឃើញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ទៀតផង។ តើនរណាអាចគេចខ្លួនផុតពីអធិបតេយ្យភាពរបស់ទ្រង់បាន? ហើយតើនរណាអាចដកខ្លួនចេញពីការរៀបចំរបស់ទ្រង់បាន? គ្រប់សភាវៈទាំងអស់សុទ្ធតែមានជីវិតនៅក្រោមការឃ្លាំមើលរបស់ទ្រង់ ហើយជាងនេះទៅទៀត គ្រប់សភាវៈទាំងអស់សុទ្ធតែរស់រាននៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ ស្នាព្រះហស្ត និងព្រះចេស្ដារបស់ទ្រង់ ធ្វើឱ្យមនុស្សជាតិគ្មានជម្រើសអ្វីសោះ ក្រៅតែពីការទទួលស្គាល់ការពិតថា ទ្រង់មានវត្តមានគង់នៅយ៉ាងពិតប្រាកដ ហើយក៏មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់។ ក្រៅពីទ្រង់ គឺគ្មានអ្វីអាចបង្គាប់បញ្ជាចក្រវាឡនេះបានឡើយ ក៏រឹតតែគ្មានអ្វីអាចមកចិញ្ចឹមបីបាច់មនុស្សជាតិ ដោយឥតឈប់ឈរនោះបានឡើយ។ បើទោះបីជាអ្នកមិនអាចមើលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ ហើយបើទោះបីជាអ្នកមិនជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គ្មានអ្វីគួរសង្ស័យឡើយថា ជោគវាសនារបស់អ្នក គឺព្រះជាម្ចាស់បានកំណត់ទុក ហើយក៏គ្មានអ្វីគួរសង្ស័យទៀតថា ព្រះជាម្ចាស់នៅតែមានអធិបតេយ្យភាពលើគ្រប់សព្វសារពើជានិរន្ត។ ព្រះវត្តមាន និងសិទ្ធិអំណាចរបស់ទ្រង់ មិនមែនសំអាងលើកត្តាដែលមនុស្សជាតិទទួលស្គាល់ ឬមិនទទួលស្គាល់ ដឹងឮ ឬមិនដឹងឮនោះទេ។ មានតែព្រះអង្គទេដែលជ្រាបពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់មនុស្សជាតិ ហើយមានតែព្រះអង្គប៉ុណ្ណោះ ទើបអាចកំណត់ជោគវាសនារបស់មនុស្សជាតិបាន។ បើទោះបីជាអ្នកមិនអាចទទួលស្គាល់ការពិតនេះក៏ដោយ មិនយូរប៉ុន្មានមនុស្សជាតិនឹងឃើញការពិតទាំងអស់នេះផ្ទាល់នឹងភ្នែករបស់គេ ហើយនេះក៏ជាការពិត ដែលព្រះជាម្ចាស់នឹងនាំយកមកអនុវត្តផងដែរ។ មនុស្សរស់រាន និងបាត់បង់ជីវិត នៅក្រោមព្រះនេត្រទតមើលរបស់ព្រះជាម្ចាស់។ មនុស្សជាតិរស់នៅសម្រាប់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយកាលណាពួគេបិទភ្នែករបស់គេជាលើកចុងក្រោយ ក៏គេបិទទៅសម្រាប់ការគ្រប់គ្រងនេះដែរ។ មនុស្សស្លាប់រស់ វិលវល់ទៅមក ម្ដងហើយម្ដងទៀត។ ទាំងអស់នេះ គឺសុទ្ធតែជាចំណែកមួយនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ គ្មានលើកលែងអ្វីសោះ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺមិនដែលឈប់សម្រាកម្ដងណាឡើយ កិច្ចការនេះវិវឌ្ឍទៅមុខជានិច្ច។ ព្រះអង្គនឹងធ្វើឱ្យមនុស្សជាតិដឹងពីអត្ថិភាពរបស់ទ្រង់ ទុកចិត្តលើអធិបតេយ្យភាពរបស់ទ្រង់ មើលឃើញស្នាព្រះហស្តរបស់ទ្រង់ ហើយត្រឡប់មកក្នុងនគររបស់ទ្រង់វិញ។ នេះគឺជាផែនការរបស់ទ្រង់ ហើយជាកិច្ចការដែលទ្រង់កំពុងចាត់ចែងរាប់ពាន់ឆ្នាំមកហើយ។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ចាប់តាំងពីពេលដែលអ្នកស្រែកយំ ចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនហើយ។ អ្នកបំពេញតួនាទី និងចាប់ផ្ដើមដំណើរជីវិតរបស់ខ្លួនសម្រាប់ផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់។ មិនថាអ្នកមានប្រវត្តិបែបណា ហើយដំណើរដែលនៅខាងមុខអ្នកយ៉ាងណានោះទេ គឺគ្មាននរណាម្នាក់អាចគេចផុតពីការរៀបចំ និងការចាត់ចែងរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងជោគវាសនារបស់ខ្លួនបានទេ ដ្បិតមានតែទ្រង់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលមនុស្សបានកើតមក ព្រះជាម្ចាស់បានធ្វើកិច្ចការនេះរួចទៅហើយ ដោយទ្រង់គ្រប់គ្រងលើចក្រវាឡទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់អ្វីៗទាំងអស់ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្ស ក៏ដូចជាអ្វីៗទាំងអស់ដែរ គឺត្រូវបានចិញ្ចឹមបីបាច់ដោយស្ងៀមស្ងាត់ និងដោយមិនដឹងខ្លួន តាមរយៈភាពផ្អែមល្ហែម និងទឹកភ្លៀង ព្រមទាំងទឹកសន្សើមដែលមកពីព្រះជាម្ចាស់ ហើយមនុស្សក៏រស់នៅក្រោមការរៀបចំនៃព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួនដែរ។ ព្រះជាម្ចាស់ក្រសោបដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅក្នុងព្រះហស្ដទ្រង់ ហើយគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្ស សុទ្ធតែត្រូវបានមើលឃើញនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿនោះទេ អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក ព្រះចេស្ដារបស់ព្រះជាម្ចាស់បានចាប់ផ្តើមត្រូវបានបញ្ចេញ និងត្រូវបានបើកសម្ដែងឱ្យឃើញ ដ្បិតព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ។ មិនថាទ្រង់បានបង្កើតពួកវាដោយវិធីអ្វី ហើយមិនថាមូលហេតុអ្វីបានជាទ្រង់បានបង្កើតពួកវានោះទេ គឺរបស់សព្វសារពើបានមានរូបរាងឡើង ហើយបានឈរនៅមាំមួន ព្រមទាំងបានរស់នៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅមុនពេលដែលមនុស្សជាតិបានលេចមកនៅក្នុងពិភពលោក ព្រះអាទិករបានប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដើម្បីបង្កើតរបស់សព្វសារពើសម្រាប់មនុស្សជាតិ ហើយប្រើប្រាស់វិធីសាស្ត្រតែមួយគត់របស់ទ្រង់ដើម្បីត្រៀមរៀបចំមជ្ឈដ្ឋានរស់នៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិ។ គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការត្រៀមរៀបចំសម្រាប់មនុស្សជាតិ ដែលនឹងទទួលដង្ហើមរបស់ទ្រង់នៅពេលដ៏ឆាប់ខាងមុខ។ មានន័យថា នៅមុនពេលដែលមនុស្សត្រូវបានបង្កើតមក សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសនៅក្នុងគ្រប់សត្តនិករទាំងអស់ដែលខុសគ្នាពីមនុស្សជាតិ នៅក្នុងអ្វីៗដែលអស្ចារ្យដូចស្ថានសួគ៌ នៅក្នុងពន្លឺ នៅក្នុងសមុទ្រ និងដែនដី ហើយនៅក្នុងពពួកតូចៗដូចជាសត្វ និងបក្សាបក្សី ក៏ដូចជានៅក្នុងសត្វល្អិត និងកោសិកាតូចៗគ្រប់ប្រភេទ រួមទាំងពពួកបាក់តេរីផ្សេងៗដែលមើលមិនឃើញនឹងភ្នែកទទេផង។ សត្តនិករនីមួយៗត្រូវបានប្រទានជីវិតដោយព្រះបន្ទូលរបស់ព្រះអាទិករ សត្តនិករនីមួយៗត្រូវបានកកើតដោយសារព្រះបន្ទូលរបស់ព្រះអាទិករ ហើយសត្តនិករនីមួយៗបានរស់នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករដោយសារតែព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាពួកវាមិនបានទទួលដង្ហើមរបស់ព្រះអាទិករក៏ដោយ ក៏ពួកវានៅតែបានប្រកាសប្រាប់ពីភាពរស់រវើករបស់ជីវិត ដែលព្រះអាទិករបានប្រទានដល់ពួកវា តាមរយៈសណ្ឋាន និងរូបរាងខុសៗគ្នារបស់ពួកវាដែរ។ ទោះបីជាពួកវាមិនបានទទួលសមត្ថភាពដើម្បីនិយាយ ដែលព្រះអាទិករបានប្រទានដល់មនុស្សជាតិក៏ដោយ ក៏ពួកវានីមួយៗបានទទួលវិធីនៃការបង្ហាញជីវិតរបស់ពួកវា ដែលព្រះអាទិករបានប្រទានដល់ពួកវាដែរ ហើយវិធីនេះខុសពីភាសារបស់មនុស្សជាតិ។ សិទ្ធិអំណាចរបស់ព្រះអាទិករមិនត្រឹមតែប្រទានភាពរស់រវើកនៃជីវិតដល់វត្ថុនានាដែលមិនមានចលនា ដែលធ្វើឱ្យពួកវានឹងមិនវិនាសប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានសភាវគតិដើម្បីបន្តពូជ និងបង្កើតកូនចៅច្រើនឡើងដល់ភាវៈមានជីវិតទាំងអស់ទៀតផង ដូចនេះ ពួកវានឹងមិនដែលវិនាសឡើយ ហើយពីជំនាន់មួយទៅជំនាន់មួយ ពួកវានឹងផ្ទេរបញ្ញត្តិ និងគោលការណ៍សម្រាប់រស់នៅដែលព្រះអាទិករបានប្រទានដល់ពួកវា។ របៀបដែលព្រះអាទិករបានប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះទស្សនៈធំតូចណាមួយឡើយ ហើយក៏មិនត្រូវបានកំណត់តាមទម្រង់ណាមួយនោះដែរ។ ទ្រង់អាចបញ្ជាដំណើរការនៃសាកលលោក ហើយកាន់កាប់អធិបតេយ្យភាពលើជីវិត និងសេចក្តីស្លាប់នៃរបស់សព្វសារពើ ហើយជាងនេះទៅទៀត ទ្រង់អាចបញ្ជារបស់សព្វសារពើបាន ដូច្នេះទើបពួកវាអាចបម្រើទ្រង់។ ទ្រង់អាចរៀបចំកិច្ចការទាំងអស់របស់ភ្នំ ទន្លេ និងបឹងបួរ ហើយត្រួតត្រារបស់សព្វសារពើនៅក្នុងពួកវា ហើយលើសពីនោះ ទ្រង់អាចផ្គត់ផ្គង់អ្វីដែលរបស់សព្វសារពើត្រូវការ។ នេះគឺជាការបើកបង្ហាញនៃសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករនៅក្នុងចំណោមរបស់សព្វសារពើក្រៅពីមនុស្សជាតិ។ ការបើកបង្ហាញបែបនេះ គឺមិនមែនសម្រាប់តែមួយជីវិតប៉ុណ្ណោះទេ តែវានឹងមិនដែលឈប់ ឬសម្រាកឡើយ ហើយវាមិនអាចត្រូវបានកែប្រែ ឬបំផ្លាញដោយមនុស្ស ឬវត្ថុណាមួយ ឬអាចបន្ថែមបន្ថយដោយមនុស្ស ឬវត្ថុណាមួយឡើយ ព្រោះគ្មានអ្វីមួយអាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ដូច្នេះហើយ សិទ្ធិអំណាចរបស់ព្រះអាទិករមិនអាចត្រូវបានជំនួសដោយភាវៈដែលត្រូវបានបង្កើតណាមួយនោះទេ វាមិនត្រូវបានទទួលដោយភាវៈដែលមិនបានបង្កើតណាមួយឡើយ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
មុនពេលដែលមនុស្សនេះមានរូបរាង ចក្រវាឡ រួមទាំងភព និងហ្វូងតារាទាំងអស់នៅលើមេឃ បានមានវត្តមានរួចស្រេចទៅហើយ។ នៅកម្រិតម៉ាក្រូ តួនៅលើមេឃទាំងនេះបាន និងកំពុងធ្វើដំណើរគោចរជាទៀងទាត់សម្រាប់អត្ថិភាពទាំងអស់របស់វា ក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មិនថាវាមានវត្តមានប៉ុន្មានឆ្នាំនោះឡើយ។ ភពណាធ្វើដំណើរទៅកន្លែងណាក្នុងពេលវេលាជាក់លាក់ណាមួយ ភពណាធ្វើកិច្ចការណា ហើយនៅពេលណា ភពណាវិលជុំវិញគន្លងគោចរណា និងពេលណាដែលវាបាត់ទៅ ឬត្រូវជំនួសដោយភពមួយផ្សេង ទាំងអស់នេះសុទ្ធតែដំណើរការទៅ ដោយគ្មានកំហុសសូម្បីតែបន្ដិចឡើយ។ ទីតាំងនៃភព និងចម្ងាយរវាងភពមួយទៅភពមួយទៀត សុទ្ធតែដើរតាមលំនាំដ៏តឹងរ៉ឹង ហើយទាំងអស់នេះអាចត្រូវបានពណ៌នាថា ជាទិន្នន័យដ៏ច្បាស់លាស់។ គន្លងផ្លូវដែលភពទាំងនេះធ្វើដំណើរ ល្បឿន និងលំនាំនៃគន្លងគោចររបស់ពួកវា ពេលវេលាដែលវាស្ថិតនៅតាមទីតាំងផ្សេងៗ ទាំងអស់នេះសុទ្ធតែអាចត្រូវបានកម្រិតទុកយ៉ាងច្បាស់លាស់ និងត្រូវបានពណ៌នាដោយច្បាប់ពិសេស។ ភពនានាបានគោរពតាមច្បាប់ទាំងនេះអស់រយៈពេលជាយូរយារណាស់មកហើយ គឺគ្មានភាពលម្អៀងសូម្បីតែបន្ដិចឡើយ។ គ្មានអំណាចណាមួយអាចផ្លាស់ប្ដូរ ឬបង្អាក់ដំណើរគោចរ ឬលំនាំដែលវាដើរតាមឡើយ។ ដោយសារតែច្បាប់ពិសេសដែលបានគ្រប់គ្រងលើចលនារបស់វា ហើយដោយសារតែទិន្នន័យដ៏ច្បាស់លាស់ដែលពណ៌នាអំពីវា ត្រូវបានកំណត់ទុកជាមុន ដោយសិទ្ធិអំណាចរបស់ព្រះអាទិករ នោះពួកវាត្រូវតែស្ដាប់តាមច្បាប់ទាំងនេះដោយស្ម័គ្រចិត្ត ក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះអាទិករ។ នៅកម្រិតម៉ាក្រូ វាមិនពិបាកសម្រាប់មនុស្សក្នុងការរកឃើញលំនាំ ទិន្នន័យមួយចំនួន និងច្បាប់ប្លែកៗមួយចំនួនដែលពិបាកនឹងយល់ ឬអំពីបាតុភូតមួយចំនួននោះឡើយ។ ទោះបីមនុស្សមិនទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះវត្តមានគង់នៅ ឬទទួលយកការពិតថា ព្រះអាទិករបានបង្កើត និងមានអំណាចត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ហើយទោះបីជាគេមិនទទួលស្គាល់ពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីមនុស្ស តារាវិទូ និងរូបវិទូកំពុងតែរកឃើញកាន់តែច្រើនទៅៗថា អត្ថិភាពនៃរបស់សព្វសារពើនៅក្នុងចក្រវាឡ គោលការណ៍ផ្សេងៗ និងលំនាំដែលកំណត់ពីចលនារបស់ចក្រវាឡ សុទ្ធតែត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយថាមពលងងឹតមួយដ៏ធំល្វឹងល្វើយ និងមិនអាចមើលឃើញ។ ការពិតនេះជំរុញមនុស្សឱ្យប្រឈម និងទទួលស្គាល់ថា មានព្រះដ៏មានគ្រប់ព្រះចេស្ដាមួយអង្គនៅកណ្ដាលលំនាំនៃចលនាទាំងនេះ ដែលកំពុងតែចាត់ចែងអ្វីៗទាំងអស់។ ព្រះចេស្ដារបស់ទ្រង់ពិតជាអស្ចារ្យ ហើយទោះបីជាគ្មាននរណាអាចមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែគ្រប់គ្រង និងត្រួតត្រាអ្វីៗទាំងអស់នៅគ្រប់វិនាទីដដែល។ គ្មានមនុស្ស ឬកម្លាំងណាមួយអាចខ្លាំងលើសពីអធិបតេយ្យភាពរបស់ទ្រង់ឡើយ។ ដោយប្រឈមនឹងការពិតនេះ មនុស្សត្រូវតែទទួលស្គាល់ថា ច្បាប់ដែលគ្រប់គ្រងលើអត្ថិភាពនៃរបស់សព្វសារពើ មិនអាចឱ្យមនុស្សគ្រប់គ្រងបានឡើយ ហើយក៏មិនអាចឱ្យនរណាម្នាក់ផ្លាស់ប្ដូរបានដែរ។ មនុស្សក៏ត្រូវទទួលស្គាល់ថា មនុស្សមិនអាចយល់ពីច្បាប់ទាំងនេះបានទាំងស្រុងឡើយ ហើយច្បាប់ទាំងនោះមិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែត្រូវបានបញ្ជាដោយអធិបតេយ្យភាពមួយ។ ទាំងអស់នេះគឺជាការសម្ដែងចេញនូវសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលមនុស្សជាតិអាចយល់ដឹងបាននៅកម្រិតធំ។
នៅកម្រិតមីក្រូវិញ គ្រប់ទាំងភ្នំ ទន្លេ បឹងបួ សមុទ្រ និងផ្ទៃដីដ៏ធំល្វឹងល្វើយដែលមនុស្សអាចមើលឃើញនៅលើផែនដី គ្រប់ទាំងរដូវកាលដែលគេមានបទពិសោធ គ្រប់អ្វីៗដែលរស់នៅលើផែនដី រួមទាំង រុក្ខជាតិ សត្វ អតិសុខុមប្រាណ និងមនុស្ស សុទ្ធតែចំណុះក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់ របស់សព្វសារពើមានរូបរាង ឬរលាយបាត់ទៅវិញស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយមានច្បាប់ដើម្បីគ្រប់គ្រងលើអត្ថិភាពទាំងនេះ ហើយពួកវាត្រូវចម្រើនឡើង និងបង្កើតកូនចៅឱ្យច្រើនឡើង ដើម្បីគោរពតាមច្បាប់ទាំងនោះ។ គ្មានមនុស្ស ឬអ្វីមួយដែលខ្ពស់ជាងច្បាប់ទាំងនេះឡើយ។ តើហេតុអ្វីទៅ? ចម្លើយតែមួយគត់គឺ៖ វាដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ឬអាចនិយាយមួយបែបទៀតថា វាគឺដោយសារតែព្រះតម្រិះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារតែសកម្មភាពរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះមានន័យថា វាជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលប្រទានឱ្យមានច្បាប់ទាំងនេះ ដែលត្រូវផ្លាស់វេន និងផ្លាស់ប្ដូរ ស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយការផ្លាស់វេន និងការផ្លាស់ប្ដូរទាំងនេះ សុទ្ធតែកើតឡើង ឬបាត់ទៅវិញ សម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ សូមយកជំងឺរាតត្បាតមួយមកធ្វើជាឧទាហរណ៍ទៅចុះ។ ជំងឺនោះបានផ្ទុះឡើង ដោយគ្មានការព្រមានជាមុនឡើយ។ គ្មាននរណាដឹងអំពីប្រភពដើមនៃជំងឺនោះ ឬហេតុផលដ៏ច្បាស់លាស់ដែលវាបានកើតឡើងឡើយ ហើយគ្រប់ពេលដែលជំងឺរាតត្បាតនោះទៅដល់កន្លែងណាមួយ អស់អ្នកដែលមានសំណាងអាក្រក់ មិនអាចរួចជីវិតពីជំងឺនោះឡើយ។ វិទ្យាសាស្ត្រដែលសិក្សាអំពីមនុស្សមានការយល់ដឹងថា ជំងឺរាតត្បាតទាំងនោះត្រូវបានបង្កឡើងដោយការរីកសាយនៃអតិសុខុមប្រាណដ៏កាចសាហាវ ឬគ្រោះថ្នាក់ ហើយល្បឿន ចម្ងាយ និងវិធីសាស្ត្រនៃការចម្លងរបស់ពួកវាមិនអាចត្រូវបានព្យាករណ៍ ឬគ្រប់គ្រងបានដោយវិទ្យាសាស្ត្ររបស់មនុស្សឡើយ។ ទោះបីមនុស្សប្រឆាំងតបតនឹងជំងឺរាតត្បាត ដោយគ្រប់មធ្យោបាយដែលគេអាចធ្វើបានក៏ដោយ ក៏ពួកគេមិនអាចគ្រប់គ្រងថា មនុស្ស ឬសត្វណាខ្លះដែលអាចចៀសផុតពីការរងគ្រោះ នៅពេលដែលជំងឺរាតត្បាតនោះផ្ទុះឡើងបានដែរ។ រឿងតែមួយគត់ដែលមនុស្សអាចធ្វើបាន គឺជាការព្យាយាមទប់ស្កាត់ ប្រឆាំង និងសិក្សាស្រាវជ្រាវអំពីជំងឺទាំងនោះ។ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងអំពីឫសគល់ដំបូងដែលអាចពន្យល់អំពីទីចាប់ផ្ដើម ឬទីបញ្ចប់នៃជំងឺរាតត្បាតណាមួយ ហើយក៏គ្មាននរណាម្នាក់អាចគ្រប់គ្រងវាបានដែរ។ ដោយប្រឈមជាមួយការកើតឡើង និងការរីកសាយភាយនៃជំងឺរាតត្បាត វិធានការដំបូងដែលមនុស្សត្រូវធ្វើ គឺជាការបង្កើតថ្នាំវ៉ាក់សាំង ប៉ុន្តែជារឿយៗ ជំងឺរាតត្បាតទាំងនោះរលាយបាត់ទៅវិញដោយខ្លួនឯង មុនពេលថ្នាំវ៉ាក់សាំងត្រូវបានផលិតរួចរាល់ទៅទៀត។ ហេតុអ្វីបានជាជំងឺរាតត្បាតរលាយបាត់ទៅវិញ? អ្នកខ្លះនិយាយថា ជំងឺត្រូវគេគ្រប់គ្រងបាន ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា ពួកវារលាយបាត់ទៅវិញដោយសារតែការផ្លាស់ប្ដូរនៃរដូវកាល...។ ចំពោះថាតើទ្រឹស្ដីទាំងនេះសមហេតុផល ឬយ៉ាងណា វិទ្យាសាស្ត្រមិនអាចផ្ដល់នូវសេចក្តីពន្យល់ និងចម្លើយដ៏ច្បាស់លាស់នោះឡើយ។ មនុស្សមិនត្រូវអំពល់តែជាមួយទ្រឹស្ដីទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវអំពល់ជាមួយនឹងកង្វះនៃការយល់ដឹងរបស់មនុស្សជាតិ និងអារម្មណ៍ភ័យខ្លាចចំពោះជំងឺរាតត្បាតដែរ។ នៅក្នុងការវិភាគចុងក្រោយ គ្មាននរណាម្នាក់ដឹងឡើយអំពីហេតុផលដែលជំងឺរាត្បាតទាំងនោះចាប់ផ្ដើម ឬហេតុផលដែលពួកវាបញ្ចប់ទៅវិញ។ ដោយសារតែមនុស្សជាតិមានសេចក្តីជំនឿតែទៅលើវិទ្យាសាស្ត្រ អាងទាំងស្រុងទៅលើវា និងមិនទទួលស្គាល់សិទ្ធិអំណាចរបស់ព្រះអាទិករ ឬទទួលយកអធិបតេយ្យភាពរបស់ទ្រង់ នោះពួកគេនឹងមិនដែលទទួលបានចម្លើយនោះឡើយ។
នៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ របស់សព្វសារពើបានកកើតឡើង មានជីវិតរស់នៅ និងវិនាសបាត់ ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់។ រឿងខ្លះកើតឡើង ហើយបាត់ទៅវិញស្ងាត់ៗ ហើយមនុស្សមិនអាចដឹងពីកន្លែងដែលវាចេញមក ឬយល់ពីលំនាំដែលវាដើរ ហើយគេក៏កាន់តែមិនយល់អំពីហេតុផលដែលរឿងទាំងនោះកើតឡើង ហើយបាត់ទៅវិញដែរ។ ទោះបីមនុស្សមានភ្នែកអាចមើលឃើញអ្វីៗគ្រប់យ៉ាងដែលឆ្លងកាត់ភ្នែករបស់គេ និងមានត្រចៀកអាចស្ដាប់ឮ ហើយមានរូបកាយដែលអាចដកពិសោធន៍ក៏ដោយ ហើយទោះបីវាសុទ្ធតែមានជាប់ទាក់ទងនឹងមនុស្ស និងទោះបីមនុស្សអាចយល់អំពីភាពមិនប្រក្រតី ភាពប្រក្រតី ឬសូម្បីតែភាពចម្លែកនៃបាតុភូតប្លែកៗទាំងមិនដឹងខ្លួនក៏ដោយ ក៏គេនៅតែមិនដឹងអំពីអ្វីដែលស្ថិតនៅពីក្រោយហេតុការណ៍ទាំងនោះ ដែលជាព្រះហឫទ័យ និងព្រះតម្រិះរបស់ព្រះអាទិករដែរ។ វាមានសាច់រឿងជាច្រើនដែលបង្កប់នៅពីក្រោយបាតុភូតទាំងនេះ ដែលបង្កប់នូវសេចក្តីពិតជាច្រើន។ ដោយសារតែមនុស្សបានឃ្លាតចេញឆ្ងាយពីព្រះអាទិករ និងដោយសារតែគេមិនទទួលស្គាល់ការពិតថា សិទ្ធិអំណាចរបស់ព្រះអាទិករគ្រប់គ្រងលើរបស់សព្វសារពើ នោះគេនឹងមិនដែលដឹង និងយល់ពីអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករឡើយ។ ភាគច្រើន ការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់មានកម្រិតខ្ពស់ហួសពីព្រំដែននៃការស្រមើស្រមៃរបស់មនុស្ស ហួសពីចំណេះដឹងរបស់មនុស្ស ហួសពីការយល់ដឹងរបស់មនុស្ស និងហួសពីអ្វីដែលវិទ្យាសាស្ត្ររបស់មនុស្សអាចសម្រេចបាន ព្រោះថាវាលើសពីការយល់ដឹងរបស់មនុស្សទៅទៀត។ មនុស្សមួយចំនួននិយាយថា «ដោយសារតែអ្នកមិនបានឃើញផ្ទាល់ភ្នែកអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ផង តើអ្នកអាចជឿយ៉ាងដូចម្ដេចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែចំណុះក្រោមសិទ្ធិអំណាចរបស់ទ្រង់នោះ?» ការមើលឃើញមិនតែងតែជាការជឿគ្រប់ពេលនោះឡើយ ហើយការមើលឃើញក៏មិនតែងតែជាការទទួលស្គាល់ និងការយល់ដឹងគ្រប់ពេលនោះដែរ។ ដូច្នេះ តើជំនឿកើតមកពីណាទៅ? ខ្ញុំអាចនិយាយយ៉ាងច្បាស់ថា ជំនឿកើតចេញពីកម្រិត និងជម្រៅនៃការយល់ដឹង និងការដកពិសោធន៍របស់មនុស្សអំពីតថភាព និងដើមហេតុនៃរឿងរ៉ាវ។ ប្រសិនបើអ្នកជឿថា ព្រះជាម្ចាស់ពិតជាមានមែន ប៉ុន្តែអ្នកមិនអាចទទួលស្គាល់ ឬយល់បានអំពីការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើរបស់សព្វសារពើទេ នោះនៅក្នុងចិត្តរបស់អ្នកនឹងមិនដែលទទួលស្គាល់ថា ព្រះជាម្ចាស់មានសិទ្ធិអំណាចប្រភេទនេះ និងទទួលស្គាល់ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានតែមួយនោះឡើយ។ អ្នកនឹងមិនដែលទទួលស្គាល់ព្រះអាទិករថាជាព្រះអម្ចាស់ និងជាព្រះជាម្ចាស់របស់អ្នកនោះឡើយ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ជារឿយៗ មនុស្សនិយាយថា ការស្គាល់ព្រះជាម្ចាស់មិនមែនជារឿងងាយឡើយ។ យ៉ាងណាមិញ ខ្ញុំចង់និយាយថា ការស្គាល់ព្រះជាម្ចាស់ក៏មិនមែនជារឿងពិបាកដែរ។ ដ្បិតព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់ជាញឹកញាប់ ដើម្បីឱ្យមនុស្សមើលឃើញ។ ព្រះជាម្ចាស់មិនដែលឈប់សន្ទនាជាមួយមនុស្សជាតិឡើយ ទ្រង់មិនដែលលាក់បាំងអង្គទ្រង់ពីមនុស្ស ហើយក៏មិនបានលាក់ព្រះភ័ក្ត្រទ្រង់ផ្ទាល់នោះដែរ។ ព្រះតម្រិះ យោបល់ ព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ត្រូវបានបើកសម្ដែងឱ្យមនុស្សជាតិបានឃើញ។ ដូច្នេះ ដរាបណាមនុស្សចង់ស្គាល់ព្រះជាម្ចាស់ នោះគេនឹងអាចយល់ ហើយស្គាល់ទ្រង់តាមរយៈមធ្យោបាយ និងវិធីសាស្ត្រគ្រប់ប្រភេទមិនខាន។ ហេតុផលដែលមនុស្សគិតទាំងងងឹតងងល់ថា ព្រះជាម្ចាស់មានបំណងគេចវេះពីគេ គិតថាព្រះជាម្ចាស់មានបំណងលាក់ព្រះភ័ក្ត្រទ្រង់ពីមនុស្ស គិតថាព្រះជាម្ចាស់គ្មានបំណងចង់ឱ្យមនុស្សយល់ និងស្គាល់ទ្រង់នោះ គឺដោយសារតែគេមិនស្គាល់ថាទ្រង់ជានរណា ហើយក៏គ្មានចិត្តចង់យល់ពីព្រះជាម្ចាស់ដែរ។ លើសពីនេះទៅទៀត មនុស្សមិនខ្វល់ជាមួយព្រះតម្រិះ ព្រះបន្ទូល ឬទង្វើរបស់ព្រះជាម្ចាស់នោះឡើយ...។ និយាយដោយត្រង់ បើមនុស្សគ្រាន់តែប្រើពេលទំនេររបស់គេ ដើម្បីផ្ដោតអារម្មណ៍ និងយល់ពីព្រះបន្ទូល ឬទង្វើរបស់ព្រះអាទិករ ហើយបើគេយកចិត្តទុកដាក់តែបន្ដិចចំពោះព្រះតម្រិះរបស់ព្រះអាទិករ និងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ នោះវានឹងមិនពិបាកសម្រាប់មនុស្សក្នុងការទទួលស្គាល់ថា ព្រះតម្រិះ ព្រះបន្ទូល និងទង្វើរបស់ព្រះអាទិករ ពិតជាច្បាស់ៗ និងមានតម្លាភាពនោះឡើយ។ ដូចគ្នាដែរ វានឹងត្រូវការកិច្ចខិតខំប្រឹងប្រែងតែបន្ដិចប៉ុណ្ណោះក្នុងការទទួលស្គាល់ថា ព្រះអាទិករគង់នៅក្នុងចំណោមមនុស្សគ្រប់ពេលវេលា ទទួលស្គាល់ថា ទ្រង់តែងតែសន្ទនាជាមួយមនុស្ស និងការបង្កើតទាំងអស់ និងទទួលស្គាល់ទៀតថា ទ្រង់កំពុងតែធ្វើសកម្មភាពថ្មីៗជារៀងរាល់ថ្ងៃ។ សារជាតិ និងនិស្ស័យរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងកិច្ចសន្ទនារបស់ទ្រង់ជាមួយមនុស្ស ហើយព្រះតម្រិះ និងយោបល់របស់ទ្រង់ត្រូវបានស្ដែងចេញទាំងអស់នៅក្នុងសកម្មភាពរបស់ទ្រង់។ ទ្រង់គង់នៅជាមួយ និងទតឃើញមនុស្សជាតិគ្រប់ពេលវេលា។ ទ្រង់មានបន្ទូលស្ងាត់ៗទៅកាន់មនុស្សជាតិ និងការបង្កើតទាំងអស់ ដោយព្រះបន្ទូលស្ងាត់ៗថា៖ «ខ្ញុំគង់នៅក្នុងស្ថានសួគ៌ ហើយខ្ញុំស្ថិតនៅក្នុងចំណោមការបង្កើតរបស់ខ្ញុំ។ ខ្ញុំកំពុងតែបន្តទតមើល បន្តរង់ចាំ ហើយខ្ញុំគង់នៅខាងអ្នកហើយ...»។ ព្រះហស្តរបស់ទ្រង់ពោរពេញដោយភាពកក់ក្ដៅ និងរឹងមាំ។ ដានព្រះបាទាទ្រង់ជាពន្លឺ។ ព្រះសូរសៀងរបស់ទ្រង់ទន់ភ្លន់ និងពេញដោយព្រះគុណ។ ទម្រង់របស់ទ្រង់ឆ្លងកាត់ និងត្រឡប់មកវិញម្ដងហើយម្ដងទៀត ដោយក្រសោបយកមនុស្សជាតិទាំងអស់។ ទឹកព្រះភ័ក្ត្ររបស់ទ្រង់ស្រស់ស្អាត និងស្លូតបូត។ ទ្រង់មិនដែលចាកចោល ក៏មិនដែលបាត់សូន្យនោះដែរ។ ទោះថ្ងៃ ឬយប់ ទ្រង់ជាបុគ្គលជំនិតរបស់មនុស្សជាតិជានិច្ច គឺមិនដែលចាកចោលពួកគេឡើយ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មនុស្សគ្រប់គ្នាទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់ ទាំងសកម្ម ឬអកម្ម ហើយមិនថាគេខំរើបម្រះនៅក្នុងផ្លូវនៃជីវិតរបស់គេបែបណា មិនថាពួកគេដើរតាមផ្លូវវៀចវេចំនួនប៉ុន្មាននោះទេ ដល់ទីបញ្ចប់ គេនឹងត្រឡប់ទៅកាន់គន្លងវិថីនៃវាសនាដែលព្រះអាទិករបានចារទុកសម្រាប់ពួកគេដដែល។ នេះជាភាពមិនអាចជម្នះបាននៃសិទ្ធិអំណាចរបស់ព្រះអាទិករ និងជាឥរិយាបថដែលសិទ្ធិអំណាចរបស់ទ្រង់ត្រួតត្រា និងគ្រប់គ្រងលើចក្រវាល។ គឺជាភាពមិនអាចជម្នះបាន ជាទម្រង់នៃការត្រួតត្រា និងការគ្រប់គ្រងនេះហើយ ដែលត្រូវទទួលខុសត្រូវលើច្បាប់ដែលត្រួតត្រាលើជីវិតនៃរបស់សព្វសារពើ ដែលអនុញ្ញាតឱ្យមនុស្សចាប់កំណើតជាថ្មីម្ដងហើយម្ដងទៀតដោយគ្មានការរំខាន ដែលធ្វើឱ្យពិភពលោកវិល និងធ្វើចលនាជាទៀងទាត់ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នករាល់គ្នាបានឃើញផ្ទាល់ភ្នែកនូវការពិតទាំងអស់នេះ ហើយអ្នកយល់អំពីការទាំងនោះ មិនថារាក់ក្ដី ឬជ្រៅក្ដី ហើយជម្រៅនៃការយល់ដឹងរបស់អ្នក គឺអាស្រ័យលើបទពិសោធ និងចំណេះដឹងរបស់អ្នកអំពីសេចក្តីពិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់។ ថាតើអ្នកដឹងអំពីសេចក្តីពិតបានច្បាស់កម្រិតណា ថាតើអ្នកបានដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនកម្រិតណា ថាតើអ្នកបានដឹងអំពីសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់បានល្អយ៉ាងណា ទាំងអស់នេះសុទ្ធតែតំណាងឱ្យជម្រៅនៃការយល់ដឹងរបស់អ្នកអំពីអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ តើអត្ថិភាពនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់អាស្រ័យលើការដែលមនុស្សចុះចូលចំពោះការទាំងនេះដែរឬទេ? តើការដែលព្រះជាម្ចាស់មានសិទ្ធិអំណាចនេះ ត្រូវបានកំណត់ថាតើមនុស្សត្រូវតែចុះចូលចំពោះសិទ្ធិអំណាចនេះដែរឬទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានជានិច្ច មិនថាស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។ នៅក្នុងគ្រប់ស្ថានភាព ព្រះជាម្ចាស់ត្រួតត្រា និងរៀបចំវាសនារបស់មនុស្សគ្រប់រូប និងរបស់សព្វសារពើ ដោយស្របតាមព្រះតម្រិះ និងបំណងព្រះហឫទ័យរបស់ទ្រង់។ ការនេះនឹងមិនផ្លាស់ប្ដូរទៅតាមការផ្លាស់ប្ដូររបស់មនុស្សឡើយ។ វាមានភាពឯករាជ្យពីឆន្ទៈរបស់មនុស្ស មិនអាចត្រូវបានផ្លាស់ប្រែទៅតាមការផ្លាស់ប្ដូរនៅក្នុងពេលវេលា ដែនលំហ និងភូមិសាស្ត្រឡើយ ដ្បិតសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាសារជាតិដំបូងរបស់ទ្រង់។ មិនថាមនុស្សអាចដឹង និងទទួលយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមិនថាមនុស្សអាចចុះចូលចំពោះអធិបតេយ្យភាពនោះក៏ដោយ ក៏ការពិតទាំងនេះមិនអាចផ្លាស់ប្ដូរចំពោះការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្សឡើយសូម្បីតែបន្ដិច។ គឺអាចនិយាយបានថា ទោះបីមនុស្សមានអាកប្បកិរិយាបែបណាចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏វាមិនអាចផ្លាស់ប្ដូរការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស និងរបស់សព្វសារពើនោះដែរ។ ទោះបីអ្នកមិនចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបញ្ជាលើវាសនារបស់អ្នកដដែល។ ទោះបីអ្នកមិនអាចដឹងអំពីអធិបតេយ្យភាពរបស់ទ្រង់ក៏ដោយ ក៏សិទ្ធិអំណាចរបស់ទ្រង់នៅតែមានដដែល។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្ស មានភាពឯករាជ្យពីឆន្ទៈរបស់មនុស្ស ហើយវាមិនផ្លាស់ប្ដូរស្របតាមចំណង់ចំណូលចិត្ត និងជម្រើសរបស់មនុស្សឡើយ។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ស្ថិតនៅគ្រប់ទីកន្លែង គ្រប់ម៉ោង គ្រប់នាទី។ ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ ប៉ុន្តែសិទ្ធិអំណាចរបស់ទ្រង់នឹងមិនដែលបាត់សោះឡើយ ដ្បិតទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានសិទ្ធិអំណាចដ៏វិសេស ហើយសិទ្ធិអំណាចរបស់ទ្រង់មិនត្រូវបានរឹតត្បិត ឬកម្រិតដោយមនុស្ស ព្រឹត្តិការណ៍ ឬអ្វីៗ ដោយដែនលំហ ឬដោយភូមិសាស្ត្រឡើយ។ គ្រប់ពេលវេលា ព្រះជាម្ចាស់កាន់កាប់សិទ្ធិអំណាចរបស់ទ្រង់ បង្ហាញពីឫទ្ធិអំណាចរបស់ទ្រង់ និងបន្តកិច្ចការគ្រប់គ្រងរបស់ទ្រង់ជានិច្ច។ នៅគ្រប់ពេលវេលា ទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ ផ្គត់ផ្គង់ដល់របស់សព្វសារពើ ចាត់ចែងរបស់សព្វសារពើ ដូចជាទ្រង់តែងតែធ្វើកន្លងមកអ៊ីចឹង។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានឡើយ។ វាជាការពិតមួយ ហើយវាជាសេចក្តីពិតមួយដែលមិនប្រែប្រួលឡើយ តាំងពីយូរអង្វែងមកហើយ!
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)