៣. នៅលើឈើឆ្កាង ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «វាចប់សព្វគ្រប់ហើយ» (យ៉ូហាន ១៩:៣០) នេះបញ្ជាក់ថា កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់យ៉ាងពេញលេញហើយ។ ដោយសារតែយើងជឿលើព្រះអម្ចាស់យេស៊ូវ អំពើបាបរបស់យើងត្រូវបានអត់ទោស ហើយយើងត្រូវបានរាប់ជាសុចរិតដោយសេចក្តីជំនឿរបស់យើង។ នៅពេលដែលព្រះអម្ចាស់យាងមក យើងនឹងត្រូវលើកឡើងដោយផ្ទាល់ទៅនគរស្ថានសួគ៌។ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែសម្ដែងចេញនូវសេចក្តីពិត ហើយធ្វើកិច្ចការជំនុំជម្រះ និងបន្សុទ្ធមនុស្សទៀត?
ខគម្ពីរយោង៖
«ដូច្នេះ ព្រះគ្រីស្ទក៏ត្រូវបានប្រទានមកមួយដង ដើម្បីទទួលយកអំពើបាបរបស់មនុស្សជាច្រើនដែរ ហើយចំពោះអស់អ្នកណាដែលស្វែងរកទ្រង់ ព្រះអង្គនឹងលេចមកជាលើកទីពីរ ដោយគ្មានអំពើបាបចំពោះសេចក្តីសង្រ្គោះឡើយ» (ហេព្រើរ ៩:២៨)។
«ដ្បិតប្រសិនបើយើងប្រព្រឹត្តបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្ដីពិតហើយ នោះគ្មានតង្វាយលោះបាបទៀតឡើយ គឺមានតែការទន្ទឹងចាំទាំងភ័យខ្លាចចំពោះការជំនុំជម្រះ និងកំហឹងដ៏សន្ធោសន្ធៅ ដែលលេបត្របាក់ពួករឹងទទឹងផង» (ហេព្រើរ ១០:២៦-២៧)។
«ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនជំនុំជម្រះគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ មានមួយដែលជំនុំជម្រះគេពេលក្រោយ គឹ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែលដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។
«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។
«ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែអស្ចារ្យ ដើម្បីដកនិស្ស័យដែលធ្វើឱ្យពុករលួយដោយសាតាំងរបស់មនុស្សចេញឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឱ្យអស់អ្នកណាដែលអំពើបាបរបស់ខ្លួនត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយសម្រេចបាននូវនិស្ស័យដែលផ្លាស់ប្រែ ហេតុដូច្នេះហើយ ពួកគេក៏អាចរំដោះខ្លួនឱ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ តើអ្នកអាចស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ ហើយអ្នកមិនមែនជារបស់អំពើបាបទៀតឡើយ ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែ ការនេះមិនបញ្ជាក់ថា អ្នកគ្មានបាប ឬមិនបរិសុទ្ធនោះឡើយ។ តើអ្នកអាចញែកជាបរិសុទ្ធយ៉ាងដូចម្ដេចបាន បើអ្នកមិនបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកពោរពេញដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងអំពើថោកទាប ប៉ុន្តែអ្នកនៅតែចង់ចុះមកជាមួយព្រះយេស៊ូវទៀត។ កុំស្រមៃអី វានឹងមិនកើតឡើងឡើយ។ អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែអ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឱ្យអ្នកស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការដោយផ្ទាល់ ដើម្បីផ្លាស់ប្ដូរ និងបន្សុទ្ធអ្នក។ បើមិនដូច្នេះទេ អ្នកមិនអាចត្រូវបានញែកជាបរិសុទ្ធឡើយ ដ្បិតអ្នកត្រូវបានប្រោសលោះតែប៉ុណ្ណោះ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីដើម្បីទទួលបានព្រះពរល្អៗរួមជាមួយនឹងព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកអស់មួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឱ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមរតករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ។
(ដកស្រង់ពី «អំពីនាម និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមានធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាគឺការប្រោសលោះតែប៉ុណ្ណោះ ហើយគ្មានអ្វីទៀតទេ។ នោះគឺ មនុស្សត្រូវបានទិញមកវិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលនៅខាងក្នុងគេ មិនត្រូវបានជម្រុះចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏ស័ក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងបានបន្សុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចស័ក្តិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានបន្សុទ្ធ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចកម្ចាត់សេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានបន្សុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការបន្សុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះក៏ជាកិច្ចការនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់អាចទទួលយកមនុស្សបាន ហើយតាមរយៈការបន្សុទ្ធ ការជំនុំជម្រះ និងការបើកសម្ដែងដោយព្រះបន្ទូលនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងក្តីសង្ឃឹមផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ ទោះបីមនុស្សត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនក្ដី ក៏ការណ៍នេះអាចត្រូវបានចាត់ទុកថា ព្រះជាម្ចាស់មិនចងចាំពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេដែរ។ យ៉ាងណាមិញ មនុស្សរស់នៅក្នុងសាច់ឈាម ដោយមិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប និងមានតែអាចបន្តប្រព្រឹត្តអំពើបាបប៉ុណ្ណោះ ហើយបញ្ចេញឱ្យឃើញនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលល្ងាច។ ហើយការធ្វើបែបនោះ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏វាមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមចេតនារបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ កិច្ចការនៃដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើ នឹងត្រូវរៀបចំចាត់ចែងទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមគុណភាពផ្សេងៗគ្នារបស់វា។ នេះពិតប្រាកដជាពេលដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផល និងទិសដៅរបស់មនុស្ស។ ប្រសិនបើមនុស្សមិនមានបទពិសោធនៃការវាយផ្ចាល និងការជំនុំជម្រះទេ នោះការបះបោរ និងសេចក្ដីទុច្ចរិតរបស់ពួកគេ នឹងមិនអាចបើកសម្តែងបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើ អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីសារជាតិពិតប្រាកដរបស់ពួកគេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើ នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែចុះចូលនឹងអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការបះបោរប្រឆាំងរបស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំដ៏ចម្បងនៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែមនុស្ស និងធ្វើឱ្យពួកគេបានពេញខ្នាតទាំងស្រុង ហើយបើកសម្ដែងពីអំពើអាក្រក់ ហើយគ្រប់ទាំងមនុស្សទុច្ចរិតទាំងអស់នឹងត្រូវដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់ប៉ុណ្ណោះ។ មនុស្សលោកទាំងនេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍ដល់ថ្ងៃសម្រាកចុងបំផុត។ បើមិនដូច្នោះទេ គ្មានមនុស្សណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបលាតត្រដាងសមាសធាតុបះបោររបស់មនុស្សជាតិទាំងនោះ ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងពិភពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចូលក្នុងថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញាតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មិនសុចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានធ្វើការថ្វាយព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវដកចេញ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងអំពើបះបោររបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ ... គោលបំណងតែមួយគត់នៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលញែកជាបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សអាក្រក់ តែបែរជាអនុញ្ញាតឱ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងអស់នឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំពួកគេទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបញ្ចប់បានទាំងស្រុងនោះឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូលនឹងត្រូវបានញែកជាបរិសុទ្ធទាំងស្រុងមិនខាន។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)