៤. អ្នកនិយាយថា បើយើងមិនទទួលយកកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ទេ នោះយើងនឹងមិនត្រូវបានសម្អាតឡើយ ហើយជាលទ្ធផល យើងនឹងមិនស័ក្ដិសមចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ឡើយ។ យើងមិនជឿលើការនេះទេ។ ទោះបីយើងនៅតែអាចប្រព្រឹត្តអំពើបាប និងត្រូវបានចងដោយសាច់ឈាមក៏ដោយ ក៏នៅក្នុងព្រះគម្ពីរមានចែងយ៉ាងច្បាស់ថា «ក្នុងពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ៖ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ ដោយគ្មានជាប់សេចក្តីពុករលួយ ហើយយើងនឹងត្រូវបានផ្លាស់ប្រែ» (១កូរិនថូស ១៥:៥២)។ យើងជឿថា ព្រះជាម្ចាស់មានគ្រប់ទាំងព្រះចេស្ដា៖ ព្រះសូរសៀងតែមួយឱស្ឋពីព្រះជាម្ចាស់បានបង្កើតនូវផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ហើយព្រះសូរសៀងតែមួយឱស្ឋពីព្រះជាម្ចាស់ក៏អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផងដែរ។ នៅពេលដែលព្រះជាម្ចាស់យាងមក ទ្រង់នឹងអាចផ្លាស់ប្ដូរទម្រង់របស់យើងបានមួយរំពេច ហើយលើកយើងចូលទៅក្នុងនគរស្ថានសួគ៌។ ហេតុនេះ យើងមិនត្រូវការព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយ និងដែលសម្ដែងចេញនូវសេចក្តីពិត ហើយធ្វើកិច្ចការជំនុំជម្រះ និងការបន្សុទ្ធឡើយ។
ខគម្ពីរយោង៖
«ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។
«ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនជំនុំជម្រះគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ មានមួយដែលជំនុំជម្រះគេពេលក្រោយ គឹ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែលដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។
«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។
«ទូលបង្គំមិនអធិស្ឋានសុំឲ្យទ្រង់ដកពួកគេចេញពីលោកីយ៍ឡើយ តែសុំឲ្យទ្រង់ការពារពួកគេពីមេកំណាចវិញ។ ... ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត។ ... ដោយយល់ដល់ពួកគេ ខ្ញុំក៏ញែកខ្លួនចេញជាបរិសុទ្ធ ដើម្បីឱ្យពួកគេក៏អាចត្រូវបានញែកខ្លួនជាបរិសុទ្ធតាមរយៈសេចក្ដីពិតផងដែរ» (យ៉ូហាន ១៧:១៥, ១៧, ១៩)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
អ្នករាល់គ្នាគួរតែអាចមើលឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយគួរតែមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនងាយ ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើឡើយ។ នោះគឺដោយសារតែកិច្ចការសព្វថ្ងៃនេះ គឺជាការបំផ្លាស់បំប្រែអស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយ អ្នកដែលស្ពឹកស្រពន់ដល់កម្រិតអតិបរមា ជាកិច្ចការបន្សុទ្ធអស់អ្នកដែលទ្រង់បានបង្កើតមក ប៉ុន្ដែត្រូវចាញ់បញ្ឆោតសាតាំង។ នេះមិនមែនជាការបង្កើតអ័ដាម ឬក៏នាងអេវ៉ាទេ ក៏មិនមែនជាការបង្កើតពន្លឺ ឬក៏បង្កើតរុក្ខជាតិ និងសត្វទាំងពួងដែរ។ ព្រះជាម្ចាស់ធ្វើឱ្យអ្វីៗទាំងអស់ដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ឱ្យទៅជាបរិសុទ្ធវិញ ហើយទ្រង់នឹងទទួលយករបស់ទាំងអស់សាជាថ្មី របស់ទាំងអស់នោះនឹងក្លាយទៅជាកម្មសិទ្ធិ និងជាសិរីល្អរបស់ទ្រង់។ រឿងនេះមិនដូចជាការស្រមៃរបស់មនុស្សទេ ហើយក៏មិនមែនងាយស្រួល ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗនៅក្រោមមេឃលើដីនេះ ឬក៏ងាយដូចការដាក់បណ្ដាសាអារក្សសាតាំងឱ្យធ្លាក់ទៅក្នុងជង្ហុកជ្រៅនោះដែរ ផ្ទុយទៅវិញ វាជាកិច្ចការបំផ្លាស់បំប្រែមនុស្ស ផ្លាស់ប្ដូរអ្វីៗដែលអវិជ្ជមាន និងមិនមែនជាកម្មសិទ្ធិទ្រង់ ឱ្យត្រលប់ជាវិជ្ជមាន និងជាកម្មសិទ្ធិទ្រង់វិញ។ នេះគឺជាសេចក្ដីពិតដែលនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ។ អ្នករាល់គ្នាត្រូវតែយល់ពីបញ្ហានេះ ហើយជៀសវាងពីគំនិតដែលគិតថា រឿងនេះងាយស្រួលណាស់។ កិច្ចការរបស់ព្រះជាម្ចាស់ មិនដូចជាកិច្ចការធម្មតានោះទេ។ ភាពអស្ចារ្យ និងប្រាជ្ញានៃកិច្ចការនេះ លើសពីគំនិតរបស់មនុស្សឆ្ងាយណាស់។ ព្រះជាម្ចាស់មិនបង្កើតរបស់សព្វសារពើរក្នុងដំណាក់កាលនៃកិច្ចការនេះទេ តែទ្រង់ក៏មិនបំផ្លាញវាដែរ។ ផ្ទុយទៅវិញ ទ្រង់បំផ្លាស់បំប្រែសព្វសារពើដែលទ្រង់បានបង្កើត ហើយបន្សុទ្ធសព្វសារពើដែលសាតាំងបានបង្ខូចវិញ។ ដូច្នេះ ព្រះជាម្ចាស់ចាប់ផ្ដើមគម្រោងមួយដ៏មហិមា ដែលជាសារៈសំខាន់ទាំងស្រុងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកមើលឃើញតាមរយៈពាក្យសម្ដីនេះថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាសាមញ្ញណាស់មែនទេ?
(ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឱ្យបានតាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ហើយនិងការស្តារហេតុផលដើមរបស់មនុស្សឡើងវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវបានដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅទូទាំងសកលលោកទាំងមូល។ មនុស្សណាដែលជឿដល់ទ្រង់ គឺត្រូវតែទទួលព្រះបន្ទូលទ្រង់ ហើយហូប និងផឹកព្រះបន្ទូលរបស់ទ្រង់។ គ្មាននរណាម្នាក់ដែលព្រះជាម្ចាស់ទទួលយកតាមរយៈការមើលឃើញទីសម្គាល់ និងការអស្ចារ្យ ដែលព្រះជាម្ចាស់បានបង្ហាញនោះឡើយ។ ក្នុងគ្រប់យុគសម័យទាំងអស់ ព្រះជាម្ចាស់តែងតែប្រើព្រះបន្ទូល ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ហេតុនេះ អ្នករាល់គ្នាមិនគប្បីដាក់ការយកចិត្តទុកដាក់ទាំងស្រុងទៅលើទីសម្គាល់ និងការអស្ចារ្យនោះឡើយ ប៉ុន្តែគួរព្យាយាមឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់វិញ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យរបស់ព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលខ្លះ ហើយក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវក៏បានថ្លែងព្រះបន្ទូលជាច្រើនដែរ។ បន្ទាប់ពីព្រះយេស៊ូវបានថ្លែងនូវព្រះបន្ទូលជាច្រើនរួចហើយ នោះពួកសិស្ស និងពួកសាវ័កក៏បាននាំមនុស្សអនុវត្តតាមបញ្ញត្តិដែលព្រះយេស៊ូវបានប្រទានឱ្យ ហើយមានបទពិសោធន៍ស្របតាមព្រះបន្ទូល និងគោលការណ៍នានាដែលព្រះយេស៊ូវបានថ្លែងប្រាប់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ជាចម្បង ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនប្រើទីសម្គាល់ និងការអស្ចារ្យដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឱ្យមនុស្សជឿនោះទេ ទង្វើនេះមិនអាចសម្ដែងឱ្យគេស្គាល់ពីព្រះចេស្ដាដ៏ធំធេងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែបង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះមិនអាចសម្ដែងឱ្យគេស្គាល់ពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ ព្រមទាំងមិនអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានទេ។ ព្រះជាម្ចាស់មិនធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស បន្ទាប់មកទ្រង់ក៏ទទួលបាននូវការចុះចូលរបស់មនុស្ស និងឱ្យគេបានស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះបន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ តែទ្រង់ប្រើព្រះបន្ទូល និងប្រើវិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងដើម្បីប្រទានឱ្យមនុស្សស្គាល់ពីកិច្ចការ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យរបស់ទ្រង់កាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការលួសកាត់ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ នៅពេលមនុស្សបានពេញខ្នាតនៅចំពេលដែលព្រះជាម្ចាស់បញ្ចប់យុគសម័យនៅគ្រាចុងក្រោយ នោះគេនឹងមានគ្រប់លក្ខណៈសម្បត្តិដើម្បីគិតដល់ទីសម្គាល់ និងការអស្ចារ្យ។ កាលណាអ្នកស្គាល់ព្រះជាម្ចាស់ ហើយអាចចុះចូលចំពោះព្រះជាម្ចាស់ បើទោះបីជាទ្រង់ធ្វើកិច្ចការអ្វីក៏ដោយ នោះអ្នកនឹងលែងមានសញ្ញាណអំពីទ្រង់ នៅពេលដែលអ្នកមើលឃើញទីសម្គាល់ និងការអស្ចារ្យ។ ក្នុងខណៈពេលនេះ អ្នកពុករលួយ និងមិនអាចចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់បានឡើយ តើអ្នកគិតថា អ្នកមានគ្រប់លក្ខណៈសម្បតិនឹងមើលឃើញទីសម្គាល់ និងការអស្ចារ្យហើយឬនៅ ក្នុងសភាពបែបនេះ? កាលណាព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ ពេលនោះ គឺជាពេលដែលព្រះជាម្ចាស់ដាក់ទោសមនុស្ស ហើយក៏ជាពេលផ្លាស់ប្ដូរយុគសម័យដែរ ហើយលើសពីនេះទៀត គឺជាពេលវេលាដែលត្រូវបញ្ចប់យុគសម័យនេះ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កំពុងត្រូវបានអនុវត្តជាធម្មតា ទ្រង់មិនបង្ហាញទីសម្គាល់ និងការអស្ចារ្យទេ។ ការបង្ហាញទីសម្គាល់ និងការអស្ចារ្យ គឺជារឿងដ៏ងាយបំផុតហើយសម្រាប់ទ្រង់ ប៉ុន្តែនោះមិនមែនជាគោលការណ៍នៃការអនុវត្តន៍កិច្ចការរបស់ទ្រង់ឡើយ ហើយក៏មិនមែនជាគោលបំណងនៃកិច្ចការគ្រប់គ្រងមនុស្សរបស់ទ្រង់ដែរ។ ប្រសិនបើមនុស្សបានឃើញទីសម្គាល់ និងការអស្ចារ្យ ហើយព្រះកាយខាងព្រលឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកឱ្យមនុស្សផងដែរ តើពួកគេគ្រប់គ្នាមិនជឿលើព្រះជាម្ចាស់ហើយទេឬ? ខ្ញុំបាននិយាយពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុមត្រូវបានទទួលពីទិសខាងកើតមក គេគឺជាអ្នកមានជ័យជម្នះដែលចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះមានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សទាំងនេះដែលព្រះជាម្ចាស់ទទួលយក អាចក្លាយជាអ្នកចុះចូលដ៏ពិតបាន លុះណាតែឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ និងការបន្សុទ្ធគ្រប់យ៉ាង។ ជំនឿរបស់មនុស្សទាំងអស់នេះមិនមែនស្រពេចស្រពិលទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬឫទ្ធិបារមីអ្វីទាំងអស់។ ពួកគេមិនអាចនិយាយពាក្យខ្ពង់ខ្ពស់ និងគោលលទ្ធិ ឬថ្លែងពីគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានចំណេះដឹងជាក់ស្ដែង និងពិតប្រាកដអំពីព្រះជាម្ចាស់។ តើក្រុមមនុស្សបែបនេះ គ្មានសមត្ថភាពសម្ដែងពីព្រះចេស្ដាដ៏ធំធេងរបស់ព្រះជាម្ចាស់ឱ្យងាយជាងនេះទេមែនទេ? កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាកិច្ចការជាក់ស្ដែង។ នៅក្នុងយុគសម័យព្រះយេស៊ូវ ព្រះអង្គមិនបានយាងមក ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ ប៉ុន្តែទ្រង់យាងមកប្រោសលោះមនុស្ស ហេតុនេះហើយទើបទ្រង់បង្ហាញនូវការអស្ចារ្យមួយចំនួន ដើម្បីធ្វើឱ្យមនុស្សដើរតាមទ្រង់។ ដ្បិតព្រះអង្គយាងមកជាពិសេស ដើម្បីបំពេញកិច្ចការនៃការជាប់ឆ្កាង ចំណែកឯការបង្ហាញទីសម្គាល់ មិនមែនជាចំណែកព័ន្ធកិច្ចរបស់ទ្រង់ឡើយ។ ទីសម្គាល់ និងការអស្ចារ្យគឺជាកិច្ចការដែលត្រូវធ្វើ ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព ហើយទាំងនេះគឺជាកិច្ចការបន្ថែម ហើយមិនមែនតំណាងឱ្យកិច្ចការនៃយុគសម័យទាំងមូលនោះឡើយ។ នៅក្នុងយុគសម័យក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ក៏បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យដែរ ប៉ុន្តែកិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ គឺជាកិច្ចការជាក់ស្ដែង ហើយទ្រង់ច្បាស់ជាមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យនាពេលនេះទេ។ ប្រសិនបើទ្រង់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះកិច្ចការជាក់ស្ដែងរបស់ទ្រង់នឹងត្រូវបោះបង់ចោល លែងមានលំដាប់លំដោយ ហើយទ្រង់មុខជាមិនអាចធ្វើនូវកិច្ចការដទៃទៀតនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូល ដើម្បីប្រើព្រះបន្ទូលដើម្បីធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ ប៉ុន្តែព្រះអង្គក៏បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះតើអាចពន្យល់បានទេថា មនុស្សជឿដល់ព្រះអង្គប្រាកដមែន ឬមិនមែន? ហេតុនេះហើយទើបព្រះជាម្ចាស់មិនធ្វើកិច្ចការបែបនេះទេ។ នៅក្នុងមនុស្សមានគំនិតសាសនាច្រើនណាស់ ហើយព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយ គឺដើម្បីបណ្ដេញគំនិតសាសនា និងជំនឿហួសវិស័យធម្មជាតិក្នុងជីវិតមនុស្សចេញ រួចធ្វើឱ្យគេស្គាល់ពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់។ ទ្រង់បានយាងមកដើម្បីលុបចោលរូបអង្គនៃព្រះដែលស្រពេចស្រពិល និងរវើរវាយ ហើយនោះអាចនិយាយបានថា លុបចោលឱ្យបាត់ទាំងស្រុងតែម្ដង។ ហេតុនេះ នៅពេលនេះ សេចក្ដីដែលមានតម្លៃបំផុតចំពោះអ្នកនោះ គឺជាការស្គាល់ភាពជាក់ស្ដែង! សេចក្ដីពិត គ្របបាំងអ្វីៗគ្រប់យ៉ាង។ សព្វថ្ងៃនេះ តើអ្នកមានសេចក្ដីពិតច្រើនប៉ុនណា? តើមនុស្សទាំងអស់ដែលបង្ហាញទីសម្គាល់និងការអស្ចារ្យសុទ្ធតែជាព្រះជាម្ចាស់ឬ? វិញ្ញាណអាក្រក់ក៏អាចបង្ហាញឱ្យឃើញទីសម្គាល់ និងការអស្ចារ្យដែរ តើវិញ្ញាណទាំងអស់នោះគឺជាព្រះដែរឬទេ? នៅក្នុងជំនឿដែលមនុស្សមានចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សស្វែងរកនៅក្នុងសេចក្ដីពិត និងអ្វីៗដែលគេចង់បានគឺជីវិត មិនមែនទីសម្គាល់ និងការអស្ចារ្យទេ។ នេះគួរតែជាគោលដៅរបស់មនុស្សដែលជឿដល់ព្រះជាម្ចាស់។
(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីធាតុពិតរបស់មនុស្ស និងមកវែកញែកពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួររស់នៅភាពជាមនុស្សធម្មតា ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើធាតុពិតរបស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ កាន់តែបានចង្អុលបង្ហាញពីរបៀបដែលមនុស្សក្លាយជារូបកាយមានជីវិតរបស់សាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនពន្យល់ទាំងស្រុងពីធម្មជាតិរបស់មនុស្សដោយពាក្យពេចន៍ពីរបីម៉ាត់នោះទេ តែទ្រង់នឹងលាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចជំនួសដោយពាក្យពេចន៍ធម្មតាៗបានឡើយ ផ្ទុយទៅវិញ សេចក្ដីពិតដែលមនុស្ស មិនមានយ៉ាងពិតប្រាកដត្រូវបានប្រើប្រាស់ដើម្បីអនុវត្តកិច្ចការលាតត្រដាង និងលួសកាត់នេះ។ មានតែវិធីសាស្ត្រដូចទាំងនេះប៉ុណ្ណោះ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងធ្វើឱ្យពួកគេជឿអស់ពីចិត្តអំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ បាននាំឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏បាននាំឱ្យមនុស្សយល់ដឹង និងស្គាល់អំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីមុខមាត់ស្មោកគ្រោករបស់ខ្លួនផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតសារជាតិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត ផ្លូវ និងជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គោលបំណងចម្បងនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ ដើម្បីផ្គត់ផ្គង់ព្រះបន្ទូលនៃជីវិតដល់មនុស្ស ដើម្បីលាតត្រដាងនូវធម្មជាតិ និងសារជាតិរបស់មនុស្ស ហើយនិងនិស្ស័យដ៏ពុករលួយរបស់គេ និងការផាត់ចោលសញ្ញាណសាសនា គំនិតសក្ដិភូមិ គំនិតចាស់គំរឹល ព្រមទាំងចំណេះដឹង និងវប្បធម៌របស់មនុស្ស។ ចំណុចទាំងអស់នេះត្រូវបានលាងជម្រះឱ្យស្អាត តាមរយៈការនៅជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល មិនមែនទីសម្គាល់ និងឫទ្ធិបារមីឡើយ ដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍។ ទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីបើកសម្ដែងមនុស្ស ជំនុំជម្រះមនុស្ស កាត់ទោសមនុស្ស និងធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ ដូច្នេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមមើលឃើញពីព្រះប្រាជ្ញាញាណ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងចាប់ផ្ដើមយល់ដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញពីទង្វើរបស់ទ្រង់។
(ដកស្រង់ពី «ចំណេះដឹងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះចេស្ដានៃព្រះបន្ទូលគឺអស្ចារ្យខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីយល់អំពីនិស្ស័យទាំងនោះដោយខ្លួនឯងឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានបើកសម្ដែងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យទាំងនោះដោយឯកឯង អ្នកនឹងត្រូវផ្ដល់ការទទួលស្គាល់ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឱ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីបាបរបស់ខ្លួន ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឱ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឱ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឱ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។ នៅពេលដែលអារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ហើយគេត្រូវបានប្រោសលោះ នេះមានន័យថា គេបានរើបម្រះចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ បើគ្មានការប្រោសឱ្យបរិសុទ្ធ ឬការផ្លាស់ប្រែដោយព្រះជាម្ចាស់ទេ នោះគេនៅតែជាមនុស្សដ៏ពុករលួយដដែល។ នៅក្នុងមនុស្សនៅតែមានសេចក្តីស្មោកគ្រោក ការប្រឆាំង និងការបះបោរដដែល ហើយមនុស្សនៅតែត្រលប់ទៅរកព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ទ្រង់ ប៉ុន្តែគេគ្មានចំណេះដឹងសូម្បីតែបន្ដិចអំពីព្រះជាម្ចាស់ ហើយគេនៅតែមានសមត្ថភាពប្រឆាំង និងក្បត់ទ្រង់ដដែល។ មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមានធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាគឺការប្រោសលោះតែប៉ុណ្ណោះ ហើយគ្មានអ្វីទៀតទេ។ នោះគឺ មនុស្សត្រូវបានទិញមកវិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលនៅខាងក្នុងគេ មិនត្រូវបានជម្រុះចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏ស័ក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងបានបន្សុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចស័ក្តិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានបន្សុទ្ធ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចកម្ចាត់សេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានបន្សុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការបន្សុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះក៏ជាកិច្ចការនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់អាចទទួលយកមនុស្សបាន ហើយតាមរយៈការបន្សុទ្ធ ការជំនុំជម្រះ និងការបើកសម្ដែងដោយព្រះបន្ទូលនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងក្តីសង្ឃឹមផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ ទោះបីមនុស្សត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនក្ដី ក៏ការណ៍នេះអាចត្រូវបានចាត់ទុកថា ព្រះជាម្ចាស់មិនចងចាំពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេដែរ។ យ៉ាងណាមិញ មនុស្សរស់នៅក្នុងសាច់ឈាម ដោយមិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប និងមានតែអាចបន្តប្រព្រឹត្តអំពើបាបប៉ុណ្ណោះ ហើយបញ្ចេញឱ្យឃើញនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលល្ងាច។ ហើយការធ្វើបែបនោះ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏វាមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមចេតនារបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យពុករលួយរបស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឱ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឱ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឱ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឱ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឱ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងចេញពីពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)