១. ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «អ្នកណាដែលផឹកទឹកដែលខ្ញុំនឹងឲ្យ អ្នកនោះនឹងមិនស្រេកទៀតឡើយ។ ដ្បិតទឹកដែលខ្ញុំនឹងឲ្យដល់គេនោះ នឹងក្លាយជាអណ្ដូងទឹកមួយនៅក្នុងគេ ដែលផុសឡើងក្លាយជាជីវិតអស់កល្បជានិច្ច» (យ៉ូហាន ៤:១៤)។ ព្រះគម្ពីរក៏ចែងដែរថា៖ «អ្នកណាដែលជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយអ្នកណាដែលមិនជឿលើព្រះរាជបុត្រា អ្នកនោះនឹងមិនឃើញជីវិតទេ» (យ៉ូហាន ៣:៣៦)។ យើងជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទ ជាបុត្រមនុស្ស និងជឿទៀតថា ផ្លូវរបស់ព្រះអម្ចាស់យេស៊ូវគឺជាផ្លូវនៃជីវិតអស់កល្ប។ យើងជឿថា ដរាបណាយើងជឿលើព្រះជាម្ចាស់ យើងនឹងអាចទទួលបានជីវិតអស់កល្ប។ ប៉ុន្តែ អ្នកបែរជាធ្វើបន្ទាល់ថា មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ទើបអាចប្រទានផ្លូវនៃជីវិតអស់កល្បទៅកាន់មនុស្សទៅវិញ។ តើអ្នកកំពុងតែនិយាយថា បើយើងដើរតាមព្រះអម្ចាស់យេស៊ូវ យើងនឹងមិនអាចទទួលបានផ្លូវនៃជីវិតអស់កល្បទេឬ? ហេតុអ្វីបានជាយើងត្រូវទទួលយកព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ?
ខគម្ពីរយោង៖
«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែអស្ចារ្យ ដើម្បីដកនិស្ស័យដែលធ្វើឱ្យពុករលួយដោយសាតាំងរបស់មនុស្សចេញឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការរបស់ព្រះយេស៊ូវ គឺសម្រាប់តែប្រយោជន៍ដល់ការប្រោសលោះរបស់មនុស្ស និងដើម្បីការជាប់ឆ្កាងប៉ុណ្ណោះ ដូច្នេះហើយ មិនចាំបាច់ឱ្យទ្រង់មានបន្ទូលថែមទៀត ដើម្បីយកឈ្នះលើមនុស្សណាទេ។ អ្វីជាច្រើនដែលទ្រង់បានបង្រៀនមនុស្ស គឺត្រូវបានដកស្រង់ចេញពីព្រះបន្ទូលនៅក្នុងបទគម្ពីរ ហើយទោះបីជាកិច្ចការរបស់ទ្រង់មិនលើសពីបទគម្ពីរក៏ដោយ ក៏ទ្រង់នៅតែអាចសម្រេចកិច្ចការនៃការជាប់ឆ្កាងបានដែរ។ កិច្ចការរបស់ទ្រង់ មិនមែនជាកិច្ចការនៃព្រះបន្ទូលទេ ក៏មិនមែនកិច្ចការធ្វើសម្រាប់ជាប្រយោជន៍ដល់ការយកឈ្នះលើមនុស្សដែរ ប៉ុន្តែកិច្ចការត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីប្រោសលោះមនុស្ស។ ទ្រង់គ្រាន់តែដើរតួជាតង្វាយលោះបាបសម្រាប់មនុស្ស ហើយមិនបានធ្វើជាប្រភពនៃព្រះបន្ទូលសម្រាប់មនុស្សនោះទេ។ ទ្រង់មិនបានធ្វើកិច្ចការរបស់សាសន៍ដទៃ ដែលជាកិច្ចការនៃការយកឈ្នះលើមនុស្សនោះទេ តែកិច្ចការនៃការជាប់ឆ្កាង ជាកិច្ចការដែលបានធ្វើនៅក្នុងចំណោមអ្នកដែលជឿថាមានព្រះជាម្ចាស់។ ទោះបីជាកិច្ចការរបស់ទ្រង់ត្រូវបានអនុវត្តនៅលើគ្រឹះនៃបទគម្ពីរ ហើយទោះបីជាទ្រង់បានប្រើអ្វីដែលបានថ្លែងទំនាយដោយពួកហោរាពីបុរាណ ដើម្បីថ្កោលទោសពួកផារិស៊ីក៏ដោយ នេះគឺគ្រប់គ្រាន់ហើយដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ប្រសិនបើកិច្ចការនាពេលសព្វថ្ងៃនេះ នៅតែត្រូវបានអនុវត្តដោយផ្អែកលើគ្រឹះនៃការថ្លែងទំនាយរបស់ហោរាពីបុរាណនៅក្នុងបទគម្ពីរ នោះវាមិនអាចទៅរួចទេក្នុងការយកឈ្នះលើអ្នករាល់គ្នានោះ ដ្បិតគម្ពីរសញ្ញាចាស់មិនមានកំណត់ត្រាអំពីការបះបោរប្រឆាំង និងអំពើបាបរបស់អ្នករាល់គ្នាជាជនជាតិចិន ហើយនិងប្រវត្តិនៃអំពើបាបរបស់អ្នករាល់គ្នាទេ។ ដូច្នេះ ប្រសិនបើកិច្ចការនេះនៅតែជាប់មានក្នុងព្រះគម្ពីរ នោះអ្នករាល់គ្នានឹងមិនដែលបានសម្រេចផលនោះឡើយ។ ព្រះគម្ពីរកត់ទុកតែប្រវត្ដិសាស្ដ្រដែលមានកំណត់អំពីជនជាតិអ៊ីស្រាអែល ដែលជាជនជាតិមួយមិនមានសមត្ថភាពក្នុងការបង្កើតឱ្យមានថាតើអ្នករាល់គ្នាជាមនុស្សអាក្រក់ ឬល្អ ឬនៅក្នុងការជំនុំជម្រះអ្នករាល់គ្នានោះឡើយ។ សូមស្រមៃគិតថា ខ្ញុំនឹងត្រូវជំនុំជម្រះអ្នករាល់គ្នា យោងទៅតាមប្រវត្ដិសាស្ដ្ររបស់ជនជាតិអ៊ីស្រាអែល តើអ្នករាល់គ្នានៅតែដើរតាមខ្ញុំដូចដែលអ្នកធ្វើនៅសព្វថ្ងៃនេះទេ? តើអ្នករាល់គ្នាដឹងទេថា តើអ្នករាល់គ្នាពិបាកប៉ុនណា? ប្រសិនបើគ្មានព្រះបន្ទូលណាមួយត្រូវបានថ្លែងចេញមកនៅក្នុងដំណាក់កាលនេះទេ នោះវាមិនអាចទៅរួចទេក្នុងការបញ្ចប់នូវកិច្ចការនៃការយកឈ្នះ។ ដោយសារតែខ្ញុំមិនបានយាងមកដើម្បីឱ្យគេបោះដែកគោលភ្ជាប់នឹងឈើឆ្កាងនោះទេ ប៉ុន្ដែខ្ញុំត្រូវតែថ្លែងពីព្រះបន្ទូលដែលដាច់ដោយឡែកពីព្រះគម្ពីរ ដើម្បីឱ្យអ្នករាល់គ្នាអាចត្រូវបានយកឈ្នះ។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមចេតនារបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ កិច្ចការនៃដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដំណឹងល្អនៃការប្រែចិត្ត ត្រូវបានអធិប្បាយនៅក្នុងយុគសម័យនៃព្រះគុណ ហើយបើមនុស្សបានជឿ នោះគេនឹងត្រូវបានសង្គ្រោះ។ សព្វថ្ងៃនេះ ជំនួសឱ្យសេចក្ដីសង្គ្រោះ មានតែការនិយាយអំពីការយកឈ្នះ និងភាពគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ មិនធ្លាប់មានការនិយាយថា ប្រសិនបើមនុស្សម្នាក់ជឿ នោះគ្រួសាររបស់ពួកគេទាំងមូលនឹងត្រូវទទួលបានព្រះពរឡើយ ឬថានៅពេលត្រូវបានសង្រ្គោះហើយ គឺតែងតែត្រូវបានសង្គ្រោះជានិច្ចនោះទេ។ សព្វថ្ងៃនេះ គ្មាននរណាម្នាក់និយាយពាក្យទាំងអស់នេះទៀតទេ ហើយរឿងបែបនេះហួសសម័យហើយ។ នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ បាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឱ្យ។ ឱ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងមានបាបទៀតហើយ អ្នកត្រូវរួចផុតពីបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានបាបទៀតហើយ ពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឱ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានបាបទៀតហើយ។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការយ៉ាងច្រើនដែលសិស្សរបស់ទ្រង់មិនអាចយល់បាន និងបានមានព្រះបន្ទូលជាច្រើនដែលមនុស្សពុំយល់សោះឡើយ។ នេះគឺដោយសារនៅពេលនោះ ទ្រង់មិនបានប្រទានការពន្យល់ណាមួយឡើយ។ ហេតុនេះ ជាច្រើនឆ្នាំបន្ទាប់ពីទ្រង់បានយាងចាកចេញទៅ ម៉ាថាយបានបង្កើតពង្សាវតារមួយសម្រាប់ព្រះយេស៊ូវ ហើយអ្នកដទៃក៏បានធ្វើកិច្ចការជាច្រើនដែលចេញពីបំណងរបស់មនុស្ស។ ព្រះយេស៊ូវមិនបានយាងមកដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ និងដើម្បីទទួលបានមនុស្សឡើយ ប៉ុន្តែដើម្បីបំពេញកិច្ចការមួយដំណាក់កាលនៃកិច្ចការនេះ ពោលគឺការនាំមកនូវដំណឹងល្អអំពីនគរស្ថានសួគ៌ និងការបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ហេតុដូច្នេះ នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង នោះកិច្ចការរបស់ទ្រង់បានចូលដល់ទីបញ្ចប់។ ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលជាកិច្ចការនៃការយកឈ្នះ នោះត្រូវតែមានព្រះបន្ទូលជាច្រើនថ្លែងចេញមក ត្រូវធ្វើកិច្ចការកាន់តែច្រើន និងត្រូវមានដំណាក់កាលជាច្រើន។ ដូច្នេះ អាថ៌កំបាំងជាច្រើននៃកិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា ចាំបាច់ត្រូវតែបើកសម្ដែង ដើម្បីឱ្យមនុស្សទាំងអស់អាចមានការយល់ដឹង និងមានភាពច្បាស់លាស់នៅក្នុងជំនឿរបស់ពួកគេ ដ្បិតនេះគឺជាកិច្ចការនៃគ្រាចុងក្រោយ ហើយគ្រាចុងក្រោយ គឺជាចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ ជាពេលវេលានៃការបញ្ចប់កិច្ចការនេះ។ ដំណាក់កាលនៃកិច្ចការនេះនឹងបំភ្លឺដល់អ្នកអំពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងការប្រោសលោះរបស់ព្រះយេស៊ូវ ហើយជាគោលការណ៍ គឺដើម្បីឱ្យអ្នកអាចយល់ពីកិច្ចការទាំងស្រុងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ និងមានអំណរគុណពីសារៈសំខាន់ និងសារជាតិនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ព្រមទាំងយល់អំពីគោលបំណងនៃគ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានបំពេញ និងព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល ហើយសូម្បីតែជំនឿផ្កាប់មុខរបស់អ្នក និងការស្រឡាញ់ពេញចិត្តចំពោះព្រះគម្ពីរក៏ដោយ។ គ្រប់ការទាំងអស់នេះសុទ្ធតែនឹងអនុញ្ញាតឱ្យអ្នកយល់ដឹងបានយ៉ាងពិស្ដារ។ អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានបំពេញ តើហេតុអ្វីបានជាព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ? ដោយសារដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការនៃការបិទបញ្ចប់ឡើយ។ នៅពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រះបន្ទូលរបស់ទ្រង់ក៏បានដល់ទីបញ្ចប់ដែរ។ ក្រោយការឆ្កាងរបស់ទ្រង់ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុង។ ដំណាក់កាលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នា៖ មានតែបន្ទាប់ពីព្រះបន្ទូលត្រូវបានសម្ដែងដល់ចុងបញ្ចប់ និងកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបិទបញ្ចប់ប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ មានព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានព្រះបន្ទូល ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះអ្វីដែលទ្រង់បានមានព្រះបន្ទូល និងមិនបានមានព្រះបន្ទូលនោះទេ ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ ដូច្នេះហើយ ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ទ្រង់ក៏បានយាងចាកចេញទៅ។ ដំណាក់កាលនៃកិច្ចការនោះ សំខាន់គឺដើម្បីជាប្រយោជន៍ដល់ការជាប់ឆ្កាង និងមិនដូចជាដំណាក់កាលបច្ចុប្បន្ននេះឡើយ។ ជាគោលការណ៍ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់។ ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល។ នៅពេលនោះ ព្រះយេស៊ូវបានបំពេញកិច្ចការជាច្រើនដែលមនុស្សមិនអាចយល់បាន។ ទ្រង់បានយាងចាកចេញទៅដោយស្ងៀមស្ងាត់ ហើយសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ ដែលការយល់ដឹងរបស់ពួកគេគឺជាការខុសឆ្គង ក៏ប៉ុន្តែពួកគេនៅតែជឿថា វាជាការត្រឹមត្រូវ និងមិនដឹងថា ពួកគេខុសឆ្គងនោះទេ។ ដំណាក់កាលចុងក្រោយនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់ ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ។ មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ សញ្ញាណនៅខាងក្នុងខ្លួនមនុស្ស បំណងរបស់គេ ការយល់ដឹងនិងជឿខុសរបស់គេ សញ្ញាណរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ទស្សនៈរបស់គេអំពីអ្នកមិនជឿ និងគ្រប់ទាំងការបំភ្លើសខុសទំនងដទៃទៀតរបស់គេទាំងអស់ នឹងត្រូវបានកែតម្រូវ។ ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ និងគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសេចក្ដីពិតទាំងស្រុងផង។ នៅពេលដែលរឿងនេះកើតឡើង ដំណាក់កាលនៃកិច្ចការនេះនឹងត្រូវចូលដល់ទីបញ្ចប់។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីធាតុពិតរបស់មនុស្ស និងមកវែកញែកពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួររស់នៅភាពជាមនុស្សធម្មតា ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើធាតុពិតរបស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ កាន់តែបានចង្អុលបង្ហាញពីរបៀបដែលមនុស្សក្លាយជារូបកាយមានជីវិតរបស់សាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនពន្យល់ទាំងស្រុងពីធម្មជាតិរបស់មនុស្សដោយពាក្យពេចន៍ពីរបីម៉ាត់នោះទេ តែទ្រង់នឹងលាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចជំនួសដោយពាក្យពេចន៍ធម្មតាៗបានឡើយ ផ្ទុយទៅវិញ សេចក្ដីពិតដែលមនុស្ស មិនមានយ៉ាងពិតប្រាកដត្រូវបានប្រើប្រាស់ដើម្បីអនុវត្តកិច្ចការលាតត្រដាង និងលួសកាត់នេះ។ មានតែវិធីសាស្ត្រដូចទាំងនេះប៉ុណ្ណោះ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងធ្វើឱ្យពួកគេជឿអស់ពីចិត្តអំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ បាននាំឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏បាននាំឱ្យមនុស្សយល់ដឹង និងស្គាល់អំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីមុខមាត់ស្មោកគ្រោករបស់ខ្លួនផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតសារជាតិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត ផ្លូវ និងជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម និងថ្លែងព្រះបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដោយអនុញ្ញាតមនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ ព្រះជាម្ចាស់បំពេញកិច្ចការតាមរបៀបបែបនេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះលើមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការដកមនុស្សចេញ ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល គ្រប់កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានសម្រេចហើយ។ តាមរយៈព្រះបន្ទូល មនុស្សត្រូវបានបើកសម្ដែង ជម្រុះចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលទាំងនេះ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជឿលើព្រះទ័យស្រឡាញ់និងសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈធម្មតា និងសាមញ្ញ ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតក្រោមការឃ្វាល និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សភាគច្រើនរស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សគ្រប់គ្នានៅក្នុងចក្រវាលនេះ ដោយប្រើព្រះបន្ទូល ទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល ហើយចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់ទាំងមូលមកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។
(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យនៃពាក្យសម្ដី គោលលទ្ធិ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅមិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចត្រូវគោរពថ្វាយបង្គំថាជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការបច្ចុប្បន្នរបស់ទ្រង់។ ប្រសិនបើអ្នកយកកំណត់ត្រាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងកាលពីអតីតកាលមកអនុវត្តនៅពេលបច្ចុប្បន្ន ទង្វើនេះធ្វើឱ្យអ្នកក្លាយជាបុរាណវិទូហើយ ហើយងារដ៏ល្អបំផុតសម្រាប់បរិយាយពីអ្នក គឺអ្នកឯកទេសបេតិកភណ្ឌប្រវត្តិសាស្ត្រ។ នេះមកពីអ្នកតែងតែជឿលើតឹកតាងនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើពីអតីតកាលជឿតែលើស្រមោលដែលព្រះជាម្ចាស់បានបន្សល់ទុក កាលដែលទ្រង់បានធ្វើការនៅក្នុងចំណោមមនុស្ស ហើយជឿតែលើមាគ៌ា ដែលព្រះជាម្ចាស់បានប្រទានឱ្យពួកសិស្សរបស់ទ្រង់ពីអតីតកាល។ អ្នកមិនជឿលើគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ ក៏មិនជឿលើព្រះភក្ត្រដែលពេញដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ហើយមិនជឿលើមាគ៌ានៃសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្ហាញឱ្យគេស្គាល់នាពេលបច្ចុប្បន្ននេះដែរ។ ហេតុនេះ អ្នកគឺជាមនុស្សរវើរវាយ ដែលនៅដាច់ឆ្ងាយពីភាពជាក់ស្ដែងទាំងស្រុង ដោយគ្មានអ្វីប្រកែកឡើយ។ ពេលនេះ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់តាមពាក្យពេចន៍ដែលមិនអាចប្រទានជីវិតឱ្យមនុស្សបាន នោះអ្នកជាមនុស្សដូចឈើងាប់មួយដុំដែលអស់សង្ឃឹម(ក) ដ្បិតអ្នករាល់គ្នាមានគំនិតអភិរក្សជ្រុលនិយម ពិបាកទូន្មានជ្រុល ហើយរឹងរូសជ្រុល មិនទទួលហេតុផលសោះ!
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
(ក) ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។
ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច? តើរឿងនេះអាចបង្ហាញថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច និងមិនដែលចាស់យ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យពេចន៍ដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាពាក្យពេចន៍នៃប្រាជ្ញា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកយល់ដឹងអំពីអាថ៌កំបាំងដែលនៅក្នុងនោះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)