២. ព្រះអម្ចាស់យេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះជាម្ចាស់តែមួយ។ ពួកទ្រង់ធ្វើកិច្ចការខុសៗគ្នានៅក្នុងយុគសម័យផ្សេងគ្នា។ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការប្រោសលោះ និងបានប្រកាសអំពីផ្លូវនៃការប្រែចិត្ត ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើកិច្ចការជំនុំជម្រះ និងការបន្សុទ្ធនៅគ្រាចុងក្រោយ ហើយនាំមកនូវផ្លូវនៃជីវិតអស់កល្ប។ ដូច្នេះ តើអ្វីទៅជាភាពខុសគ្នារវាងផ្លូវនៃការប្រែចិត្ត និងផ្លូវនៃជីវិតអស់កល្ប?
ខគម្ពីរយោង៖
«ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។
«ដ្បិតនេះជាឈាមរបស់ខ្ញុំនៃសេចក្ដីសញ្ញាថ្មី ដែលត្រូវបានបង្ហូរ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន» (ម៉ាថាយ ២៦:២៨)។
«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។
«ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនជំនុំជម្រះគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ មានមួយដែលជំនុំជម្រះគេពេលក្រោយ គឹ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែលដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺស្របទៅនឹងតម្រូវការរបស់មនុស្សនៅក្នុងយុគសម័យនោះ។ ការងាររបស់ព្រះអង្គ គឺប្រោសលោះមនុស្ស និងអត់ទោសបាបឱ្យពួកគេ ដូច្នេះហើយ ទើបនិស្ស័យរបស់ទ្រង់ពេញដោយការបន្ទាបខ្លួន ការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការគោរពកោតខ្លាច ការអត់ទ្រាំ និងសេចក្ដីសប្បុរស។ ព្រះអង្គបាននាំព្រះគុណនិងព្រះពរបរិបូរមកដល់មនុស្ស និងគ្រប់យ៉ាងដែលមនុស្សអាចសោយសុខបាន ទ្រង់បានប្រទានសេចក្ដីសុខសាន្តនិងសុភមង្គល សេចក្ដីត្រាប្រណីនិងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណានិងសេចក្ដីសប្បុរសរបស់ទ្រង់ដល់ពួកគេ ដើម្បីឱ្យពួកគេបានសោយសុខ។ គ្រានោះ មនុស្សបានសោយសុខនឹងភាពពេញបរិបូរនៃរបស់សព្វសារពើដូចជា អារម្មណ៍សុខសាន្តនិងសុវត្ថិភាពនៅក្នុងដួងចិត្តរបស់គេ អារម្មណ៍កក់ក្ដៅនៅក្នុងវិញ្ញាណរបស់គេ និងការពឹងអាងរបស់គេលើព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលទាំងអស់នេះសុទ្ធតែមាននៅក្នុងយុគសម័យដែលគេរស់នៅ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ហើយ ដូច្នេះ ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងមូល តម្រូវឱ្យមានព្រះគុណច្រើនបរិបូរ មានការអត់ឱននិងការអត់ធ្មត់ឥតដែនកំណត់ ហើយលើសពីនេះទៀត គឺតម្រូវឱ្យមានតង្វាយលោះបាបដែលស័ក្ដិសមដើម្បីលោះបាបមនុស្សជាតិ ដើម្បីឱ្យកិច្ចការនេះមានប្រសិទ្ធភាព។ អ្វីដែលមនុស្សមើលឃើញនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រាន់តែជាតង្វាយលោះបាបរបស់ខ្ញុំដើម្បីអំពើបាបរបស់មនុស្សប៉ុណ្ណោះ នោះគឺព្រះយេស៊ូវនេះឯង។ គ្រប់យ៉ាងដែលគេដឹងគឺថា ព្រះជាម្ចាស់ពេញដោយសេចក្ដីមេត្តាករុណា និងការអត់ធ្មត់ ហើយគ្រប់យ៉ាងដែលគេបានឃើញ គឺជាសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ព្រះយេស៊ូវ។ ទាំងអស់នេះ គឺដោយសារតែពួកគេកើតមកក្នុងយុគសម័យនៃព្រះគុណ។ ដូច្នេះហើយ មុនពេលពួកគេត្រូវប្រោសលោះ ពួកគេបានសោយសុខនឹងព្រះគុណដ៏ច្រើន ដែលព្រះយេស៊ូវបានប្រទានឱ្យពួកគេ ដើម្បីឱ្យបានជាប្រយោជន៍ដល់ពួកគេផង។ តាមវិធីនេះ ពួកគេត្រូវបានអត់ទោសបាបតាមរយៈព្រះគុណដែលពួកគេទទួលបាន ហើយក៏អាចមានឱកាសត្រូវបានប្រោសលោះតាមរយៈការអត់ឱន និងសេចក្ដីត្រាប្រណីរបស់ព្រះយេស៊ូវដែលពួកគេទទួលបានផងដែរ។ មានតែតាមរយៈការអត់ឱន និងសេចក្ដីត្រាប្រណីរបស់ព្រះយេស៊ូវទេ ទើបពួកគេអាចមានសិទ្ធិទទួលបាននូវការអត់ទោស និងសោយសុខក្នុងភាពបរិបូរនៃព្រះគុណដែលព្រះយេស៊ូវបានប្រទានឱ្យ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា៖ ខ្ញុំមិនមែនមកប្រោសលោះមនុស្សសុចរិតទេ គឺមកប្រោសលោះមនុស្សបាបវិញ ដើម្បីឱ្យមនុស្សបាបអាចត្រូវបានអត់ទោសបាបរបស់ខ្លួន។ ពេលដែលព្រះយេស៊ូវត្រឡប់ជាសាច់ឈាម ប្រសិនបើទ្រង់បាននាំមកជាមួយនូវនិស្ស័យនៃការជំនុំជម្រះ ការដាក់បណ្ដាសា និងការមិនអត់ឱនចំពោះការប្រមាថរបស់មនុស្ស នោះមនុស្សមុខជាមិនដែលមានឱកាសត្រូវបានប្រោសលោះឡើយ ហើយគេប្រាកដជានៅមានបាបអស់កល្បជានិច្ចមិនខាន។ បើដូច្នេះមែន ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ច្បាស់ជាត្រូវផ្អាកត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយយុគសម័យនៃក្រឹត្យវិន័យនេះ ច្បាស់ជាត្រូវអូសបន្លាយពេលរហូតដល់ទៅប្រាំមួយពាន់ឆ្នាំមិនខាន។ អំពើបាបរបស់មនុស្សនឹងកាន់តែច្រើនឡើង ហើយកាន់តែអាក្រក់ទៅៗ ហើយការបង្កើតមនុស្សជាតិមក ក៏នឹងប្រែជាគ្មានន័យអ្វីដែរ។ មនុស្សនឹងអាចត្រឹមបម្រើព្រះយេហូវ៉ាតាមក្រឹត្យវិន័យប៉ុណ្ណោះ តែអំពើបាបរបស់គេវិញ មុខជាកើនលើសលុបជាងមនុស្សដែលបានបង្កើតមកនៅគ្រាដំបូងទៅទៀត។ កាលណាព្រះយេស៊ូវកាន់តែស្រឡាញ់មនុស្ស កាន់តែអត់ទោសបាបឱ្យគេ ហើយកាន់តែប្រទានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសពេញបរិបូរដល់គេ នោះមនុស្សជាតិនឹងកាន់តែមានសិទ្ធិឱ្យព្រះយេស៊ូវសង្គ្រោះគេ មានសិទ្ធិហៅថាជាចៀមដែលវង្វេងបាត់ ដែលព្រះយេស៊ូវបានលោះមកវិញក្នុងតម្លៃដ៏លើសលុប។ សាតាំងមិនអាចជ្រៀតជ្រែកក្នុងកិច្ចការនេះបានទេ ដ្បិតព្រះយេស៊ូវប្រព្រឹត្តដាក់អ្នកដែលដើរតាមទ្រង់ ដូចជាម្ដាយដែលពេញដោយក្ដីស្រឡាញ់ កំពុងបីកូនតូចជាប់នឹងទ្រូងដែរ។ ទ្រង់មិនបានក្រោធ ឬមើលងាយពួកគេទេ តែទ្រង់ពេញដោយការកម្សាន្តចិត្ត។ ទ្រង់មិនដែលបញ្ចេញសេចក្ដីក្រោធដាក់ពួកគេទេ ទ្រង់មានតែអត់ឱនចំពោះអំពើបាបរបស់គេ ហើយបិទព្រះនេត្រធ្វើទតមិនឃើញពីភាពលេលា និងភាពល្ងង់ខ្លៅរបស់គេ ដល់ថ្នាក់ទ្រង់មានព្រះបន្ទូលថា៖ «ចូរអត់ទោសដល់អ្នកដទៃ ដល់ទៅ ៧ ចិតសិបដង»។ ដូច្នេះហើយទើបដួងចិត្តរបស់គេ ត្រូវដួងព្រះហឫទ័យរបស់ទ្រង់ផ្លាស់ប្រែ ហើយមានតែបែបនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោសបាបតាមរយៈការអត់ឱនរបស់ទ្រង់។
(ដកស្រង់ពី «រឿងពិតនៃកិច្ចការក្នុងយុគសម័យប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដំណឹងល្អនៃការប្រែចិត្ត ត្រូវបានអធិប្បាយនៅក្នុងយុគសម័យនៃព្រះគុណ ហើយបើមនុស្សបានជឿ នោះគេនឹងត្រូវបានសង្គ្រោះ។ សព្វថ្ងៃនេះ ជំនួសឱ្យសេចក្ដីសង្គ្រោះ មានតែការនិយាយអំពីការយកឈ្នះ និងភាពគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ មិនធ្លាប់មានការនិយាយថា ប្រសិនបើមនុស្សម្នាក់ជឿ នោះគ្រួសាររបស់ពួកគេទាំងមូលនឹងត្រូវទទួលបានព្រះពរឡើយ ឬថានៅពេលត្រូវបានសង្រ្គោះហើយ គឺតែងតែត្រូវបានសង្គ្រោះជានិច្ចនោះទេ។ សព្វថ្ងៃនេះ គ្មាននរណាម្នាក់និយាយពាក្យទាំងអស់នេះទៀតទេ ហើយរឿងបែបនេះហួសសម័យហើយ។ នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ បាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឱ្យ។ ឱ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងមានបាបទៀតហើយ អ្នកត្រូវរួចផុតពីបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានបាបទៀតហើយ ពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឱ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានបាបទៀតហើយ។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការយ៉ាងច្រើនដែលសិស្សរបស់ទ្រង់មិនអាចយល់បាន និងបានមានព្រះបន្ទូលជាច្រើនដែលមនុស្សពុំយល់សោះឡើយ។ នេះគឺដោយសារនៅពេលនោះ ទ្រង់មិនបានប្រទានការពន្យល់ណាមួយឡើយ។ ហេតុនេះ ជាច្រើនឆ្នាំបន្ទាប់ពីទ្រង់បានយាងចាកចេញទៅ ម៉ាថាយបានបង្កើតពង្សាវតារមួយសម្រាប់ព្រះយេស៊ូវ ហើយអ្នកដទៃក៏បានធ្វើកិច្ចការជាច្រើនដែលចេញពីបំណងរបស់មនុស្ស។ ព្រះយេស៊ូវមិនបានយាងមកដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ និងដើម្បីទទួលបានមនុស្សឡើយ ប៉ុន្តែដើម្បីបំពេញកិច្ចការមួយដំណាក់កាលនៃកិច្ចការនេះ ពោលគឺការនាំមកនូវដំណឹងល្អអំពីនគរស្ថានសួគ៌ និងការបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ហេតុដូច្នេះ នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង នោះកិច្ចការរបស់ទ្រង់បានចូលដល់ទីបញ្ចប់។ ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលជាកិច្ចការនៃការយកឈ្នះ នោះត្រូវតែមានព្រះបន្ទូលជាច្រើនថ្លែងចេញមក ត្រូវធ្វើកិច្ចការកាន់តែច្រើន និងត្រូវមានដំណាក់កាលជាច្រើន។ ដូច្នេះ អាថ៌កំបាំងជាច្រើននៃកិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា ចាំបាច់ត្រូវតែបើកសម្ដែង ដើម្បីឱ្យមនុស្សទាំងអស់អាចមានការយល់ដឹង និងមានភាពច្បាស់លាស់នៅក្នុងជំនឿរបស់ពួកគេ ដ្បិតនេះគឺជាកិច្ចការនៃគ្រាចុងក្រោយ ហើយគ្រាចុងក្រោយ គឺជាចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ ជាពេលវេលានៃការបញ្ចប់កិច្ចការនេះ។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីធាតុពិតរបស់មនុស្ស និងមកវែកញែកពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួររស់នៅភាពជាមនុស្សធម្មតា ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើធាតុពិតរបស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ កាន់តែបានចង្អុលបង្ហាញពីរបៀបដែលមនុស្សក្លាយជារូបកាយមានជីវិតរបស់សាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនពន្យល់ទាំងស្រុងពីធម្មជាតិរបស់មនុស្សដោយពាក្យពេចន៍ពីរបីម៉ាត់នោះទេ តែទ្រង់នឹងលាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចជំនួសដោយពាក្យពេចន៍ធម្មតាៗបានឡើយ ផ្ទុយទៅវិញ សេចក្ដីពិតដែលមនុស្ស មិនមានយ៉ាងពិតប្រាកដត្រូវបានប្រើប្រាស់ដើម្បីអនុវត្តកិច្ចការលាតត្រដាង និងលួសកាត់នេះ។ មានតែវិធីសាស្ត្រដូចទាំងនេះប៉ុណ្ណោះ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងធ្វើឱ្យពួកគេជឿអស់ពីចិត្តអំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ បាននាំឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏បាននាំឱ្យមនុស្សយល់ដឹង និងស្គាល់អំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីមុខមាត់ស្មោកគ្រោករបស់ខ្លួនផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតសារជាតិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត ផ្លូវ និងជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម និងថ្លែងព្រះបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដោយអនុញ្ញាតមនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ ព្រះជាម្ចាស់បំពេញកិច្ចការតាមរបៀបបែបនេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះលើមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការដកមនុស្សចេញ ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល គ្រប់កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានសម្រេចហើយ។ តាមរយៈព្រះបន្ទូល មនុស្សត្រូវបានបើកសម្ដែង ជម្រុះចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលទាំងនេះ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជឿលើព្រះទ័យស្រឡាញ់និងសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈធម្មតា និងសាមញ្ញ ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតក្រោមការឃ្វាល និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សភាគច្រើនរស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សគ្រប់គ្នានៅក្នុងចក្រវាលនេះ ដោយប្រើព្រះបន្ទូល ទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល ហើយចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់ទាំងមូលមកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។
(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច? តើរឿងនេះអាចបង្ហាញថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច និងមិនដែលចាស់យ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យពេចន៍ដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាពាក្យពេចន៍នៃប្រាជ្ញា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកយល់ដឹងអំពីអាថ៌កំបាំងដែលនៅក្នុងនោះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)