របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ

ក្នុងអំឡុងពេលដែលពេត្រុសបានចំណាយពេលជាមួយព្រះយេស៊ូវ គាត់បានឃើញចរិតលក្ខណៈដ៏គួរឱ្យស្រឡាញ់ជាច្រើននៅក្នុងព្រះយេស៊ូវ បានឃើញនូវចំណុចជាច្រើនដែលសក្ដិសមនឹងយកតម្រាប់តាម និងបានឃើញចំណុចជាច្រើនដែលបានប្រទានដល់គាត់។ ទោះបីជាពេត្រុសបានឃើញតួអង្គនៃព្រះជាម្ចាស់ នៅក្នុងព្រះយេស៊ូវតាមរបៀបជាច្រើន និងបានឃើញគុណសម្បត្តិដ៏គួរឱ្យស្រឡាញ់ជាច្រើនរបស់ទ្រង់ក៏ដោយ ក៏ដំបូងឡើយ គាត់មិនបានស្គាល់ព្រះយេស៊ូវដែរ។ ពេត្រុសបានចាប់ផ្ដើមដើរតាមព្រះយេស៊ូវ នៅពេលដែលគាត់មានវ័យ២០ឆ្នាំ ហើយគាត់បានបន្តដើរតាមទ្រង់អស់រយៈពេលប្រាំមួយឆ្នាំ។ ក្នុងអំឡុងពេលនោះ គាត់មិនដែលបានស្គាល់ព្រះយេស៊ូវឡើយ ប៉ុន្តែពេត្រុសព្រមដើរតាមព្រះយេស៊ូវ ដោយសារតែភាពស្ញប់ស្ញែងដែលគាត់មានចំពោះទ្រង់សុទ្ធសាធ។ ដំបូងឡើយ នៅពេលដែលព្រះយេស៊ូវបានត្រាស់ហៅគាត់នៅឆ្នេរសមុទ្រកាលីឡេ ទ្រង់បានសួរថា៖ «ស៊ីម៉ូន កូនយ៉ូណាសអើយ! តើអ្នកនឹងដើរតាមខ្ញុំឬទេ?» ពេត្រុសបានតបវិញថា៖ «ខ្ញុំត្រូវដើរតាមព្រះដែលព្រះវរបិតាគង់នៅស្ថានសួគ៌ចាត់ឱ្យមក។ ខ្ញុំត្រូវតែទទួលស្គាល់ព្រះអង្គដែលត្រូវបានជ្រើសរើសដោយព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំនឹងដើរតាមទ្រង់»។ នៅពេលនោះ ពេត្រុសបានឮអំពីបុរសម្នាក់ដែលមានឈ្មោះថា យេស៊ូវ ដែលជាហោរាដ៏ខ្ពង់ខ្ពស់បំផុត និងជាបុត្រាសំណព្វរបស់ព្រះជាម្ចាស់រួចទៅហើយ ហើយពេត្រុសចេះតែសង្ឃឹមថា នឹងរកឃើញទ្រង់ ហើយសង្ឃឹមថានឹងមានឱកាសមើលឃើញទ្រង់ (ព្រោះថា នេះជារបៀបដែលគាត់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ)។ ទោះបីពេត្រុសមិនធ្លាប់បានឃើញទ្រង់ និងបានឮតែពាក្យចចាមអារ៉ាមអំពីទ្រង់ក៏ដោយ ប៉ុន្តែការចង់បាន និងស្ញប់ស្ញែងចំពោះព្រះយេស៊ូវ ក៏ដុះឡើងនៅក្នុងដួងចិត្តរបស់គាត់បន្តិចម្ដងៗ ហើយជារឿយៗ គាត់បានទន្ទឹងចង់ឃើញព្រះយេស៊ូវនៅថ្ងៃមួយ។ តើព្រះយេស៊ូវបានត្រាស់ហៅពេត្រុសដោយរបៀបណា? ទ្រង់ក៏បានឮអំពីបុរសម្នាក់ឈ្មោះពេត្រុសដែរ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធមិនមែនជាអ្នកណែនាំទ្រង់ថា៖ «ចូរយាងទៅសមុទ្រកាលីឡេ ជាកន្លែងដែលមានបុរសម្នាក់ឈ្មោះថា ស៊ីម៉ូន កូនយ៉ូណាស» នោះឡើយ។ ព្រះយេស៊ូវបានឮពីមនុស្សម្នាក់និយាយថា មានបុរសម្នាក់ឈ្មោះ ស៊ីម៉ូន កូនយ៉ូណាស ហើយទ្រង់ឮថា មនុស្សបានឮអំពីមេរៀនអធិប្បាយរបស់គាត់ឮថា គាត់ក៏បានប្រកាសដំណឹងល្អអំពីនគរស្ថានសួគ៌ និងឮថា មនុស្សដែលបានឮគាត់អធិប្បាយ សុទ្ធតែមានអារម្មណ៍រំជួលចិត្តរហូតស្រក់ទឹកភ្នែក។ ក្រោយពេលបានឮបែបនេះ ព្រះយេស៊ូវបានដើរតាមបុរសម្នាក់នោះទៅកាន់សមុទ្រកាលីឡេ ហើយពេលដែលពេត្រុសបានទទួលការត្រាស់ហៅរបស់ព្រះយេស៊ូវ នោះគាត់ក៏បានដើរតាមទ្រង់។

ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានបង្កើតទស្សនៈជាច្រើនអំពីទ្រង់ ហើយតែងតែវិនិច្ឆ័យទ្រង់តាមទស្សនៈរបស់គាត់ផ្ទាល់។ ទោះបីពេត្រុសមានកម្រិតការយល់ដឹងខ្លះអំពីព្រះវិញ្ញាណក៏ដោយ ក៏ការយល់ដឹងរបស់គាត់មិនសូវជាច្បាស់លាស់ឡើយ ដែលជាហេតុនាំឱ្យគាត់និយាយថា៖ «ខ្ញុំត្រូវដើរតាមព្រះដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ចាត់ឱ្យមក។ ខ្ញុំត្រូវតែទទួលស្គាល់ព្រះអង្គដែលត្រូវបានជ្រើសរើសដោយព្រះវិញ្ញាណបរិសុទ្ធ»។ គាត់មិនបានយល់អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ហើយក៏ខ្វះនូវភាពច្បាស់លាស់អំពីកិច្ចការទាំងនោះផងដែរ។ ក្រោយពេលដើរតាមទ្រង់បានមួយរយៈ ពេត្រុសកាន់តែចាប់អារម្មណ៍នឹងអ្វីដែលទ្រង់បានធ្វើ និងមានបន្ទូល ហើយក៏ចាប់អារម្មណ៍ខ្លាំងលើព្រះយេស៊ូវផ្ទាល់ផងដែរ។ គាត់ចាប់ផ្ដើមមានអារម្មណ៍ថា ព្រះយេស៊ូវបានបណ្ដាលឱ្យមានសេចក្តីស្រឡាញ់ និងការគោរពបែបនេះ។ គាត់ចូលចិត្តចំណាយពេលជាមួយទ្រង់ និងនៅជិតទ្រង់ ហើយការស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវបានផ្តល់ជាការគាំទ្រ និងជំនួយដល់គាត់ទៀតផង។ ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានសង្កេត និងរៀនសូត្រនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជន្មរបស់ទ្រង់ដូចជា សកម្មភាព ពាក្យសម្ដី ចលនា និងការសម្ដែងចេញរបស់ទ្រង់។ គាត់បានទទួលនូវការយល់ដឹងដ៏ស៊ីជម្រៅថា ព្រះយេស៊ូវមិនដូចជាបុរសទូទៅនោះឡើយ។ ទោះបីរូបរាងជាមនុស្សរបស់ទ្រង់លើសពីធម្មតាក៏ដោយ ប៉ុន្តែ ទ្រង់ពេញដោយសេចក្តីស្រឡាញ់ ចិត្តអាណិតអាសូរ និងការអត់ឱនចំពោះមនុស្សលោក។ គ្រប់យ៉ាងដែលទ្រង់ធ្វើ ឬមានបន្ទូល គឺជាជំនួយដ៏ធំចំពោះអ្នកដទៃ ហើយពេត្រុសបានឃើញ និងបានទទួលពីព្រះយេស៊ូវនូវសេចក្តីដែលគាត់មិនធ្លាប់បានឃើញ ឬធ្លាប់មានកាលពីមុនឡើយ។ គាត់បានឃើញថា ទោះបីព្រះយេស៊ូវមិនមានឋានៈខ្ពង់ខ្ពស់ ឬគ្មានភាពជាមនុស្សប្លែកពីគេក៏ដោយ ក៏ទ្រង់ពិតជាមានលក្ខណសម្បត្តិដ៏អស្ចារ្យ និងខុសប្លែកពីធម្មតា។ ទោះបីពេត្រុសមិនអាចពន្យល់បានទាំងស្រុងក្ដី ក៏គាត់អាចមើលឃើញថា ព្រះយេស៊ូវមានកិរិយាខុសប្លែកពីអ្នកឯទៀត ព្រោះថា កិច្ចការដែលទ្រង់បានធ្វើ ខុសប្លែកពីកិច្ចការដែលមនុស្សធម្មតាធ្វើប្រាកដមែន។ ចាប់តាំងពីពេលដែលគាត់មានទំនាក់ទំនងជាមួយព្រះយេស៊ូវ ពេត្រុសក៏បានឃើញដែរថា អត្តចរិតរបស់ទ្រង់ខុសប្លែកពីអត្តចរិតរបស់មនុស្សទូទៅដែរ។ ទ្រង់តែងតែប្រព្រឹត្តដោយចរិតនឹងធឹង មិនតក់ក្រហល់ មិននិយាយបំផ្លើស ឬមិនមើលស្រាលប្រធានបទអ្វីមួយទេ ហើយទ្រង់បានបញ្ចេញកិរិយាមាយាទក្នុងជីវិតរបស់ទ្រង់ តាមរបៀបមួយដែលសម្ដែងពីអត្តចរិតមួយដែលសាមញ្ញផង និងគួរឱ្យស្ងើចសរសើរផង។ នៅក្នុងការសន្ទនា ព្រះយេស៊ូវបានមានបន្ទូលត្រង់ៗ និងប្រកបដោយព្រះគុណ តែងតែប្រាស្រ័យទាក់ទងដោយឫកពាររីករាយ តែស្ងប់ស្ងាត់ ហើយទ្រង់មិនដែលបាត់បង់សេចក្តីថ្លៃថ្នូររបស់ទ្រង់ឡើយ ក្នុងពេលដែលកំពុងតែធ្វើកិច្ចការរបស់ទ្រង់។ ពេត្រុសបានឃើញថា ពេលខ្លះព្រះយេស៊ូវមិនសូវមាត់ក ប៉ុន្តែពេលខ្លះទៀត ទ្រង់មានបន្ទូលឥតឈប់។ ពេលខ្លះ ទ្រង់មានព្រះទ័យរីករាយយ៉ាងខ្លាំង ដូចជាសត្វព្រាបដែលអរកញ្ឆេង និងប្រលែងលេង ហើយមានពេលខ្លះទៀត ទ្រង់កើតទុក្ខយ៉ាងខ្លាំងដោយមិនមានបន្ទូលអ្វីសោះ ហើយមើលទៅដូចជា ទ្រង់មានពេញដោយទុក្ខព្រួយ ដូចជាអ្នកម្ដាយម្នាក់ដែលស្គមស្គាំង និងល្ហិតល្ហៃ។ ពេលខ្លះ ទ្រង់ពេញដោយកំហឹង ដូចជាទាហានដ៏អង់អាចដែលសម្រុកទៅសម្លាប់ខ្មាំង ហើយពេលខ្លះទៀត ទ្រង់ដូចជាសត្វសិង្ហដែលកំពុងគ្រហឹម។ ពេលខ្លះ ទ្រង់សើច ហើយពេលខ្លះទៀត ទ្រង់បានអធិស្ឋាន ហើយយំសោកផង។ ទោះបីជាព្រះយេស៊ូវប្រព្រឹត្តយ៉ាងណាក៏ដោយ ក៏ពេត្រុសកាន់តែមានចិត្តស្រឡាញ់ និងការគោរពចំពោះទ្រង់ឥតដែនកំណត់។ សំណើចរបស់ព្រះយេស៊ូវបានធ្វើឱ្យគាត់ពេញដោយសេចក្តីសុខ ទុក្ខសោករបស់ទ្រង់បានធ្វើឱ្យគាត់លិចលង់ក្នុងទុក្ខព្រួយ កំហឹងទ្រង់បានធ្វើឱ្យគាត់ខ្លាច ខណៈពេលដែលព្រះទ័យមេត្តា ការអត់ទោស និងការទាមទារដ៏តឹងរ៉ឹងដែលទ្រង់ចង់បានពីមនុស្ស បានធ្វើឱ្យគាត់ស្រឡាញ់ព្រះយេស៊ូវ និងបង្កើតជាការគោរព និងការស្រេកឃ្លានចង់បានទ្រង់យ៉ាងពិតប្រាកដ។ ពិតណាស់ ក្រោយពេលពេត្រុសបានរស់នៅជាមួយព្រះយេស៊ូវ អស់រយៈពេលជាច្រើនឆ្នាំ ទើបគាត់ចាប់ផ្ដើមទទួលស្គាល់ការទាំងអស់នេះបន្តិចម្ដងៗ។

ពេត្រុសគឺជាមនុស្សម្នាក់ដែលមានហេតុផល ហើយគាត់កើតមក ដោយមានភាពវៃឆ្លាតពីកំណើត ប៉ុន្តែគាត់បានធ្វើកិច្ចការល្ងីល្ងើជាច្រើន ពេលដើរតាមព្រះយេស៊ូវ។ កាលគ្រាដំបូងៗ គាត់មានសញ្ញាណមួយចំនួនអំពីព្រះយេស៊ូវ។ គាត់បានសួរថា៖ «បណ្ដាជននិយាយថា ទ្រង់ជាហោរា ដូច្នេះ ពេលទ្រង់មានព្រះជន្មប្រាំបីវស្សា ហើយចាប់ផ្ដើមដឹងក្ដី តើទ្រង់ដឹងទេថា ទ្រង់គឺជាព្រះជាម្ចាស់? តើទ្រង់បានដឹងទេថា ទ្រង់ចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ?» ព្រះយេស៊ូវបានតបវិញថា៖ «អត់ទេ ខ្ញុំមិនបានដឹងឡើយ។ តើខ្ញុំមើលទៅមិនដូចជាមនុស្សធម្មតាចំពោះអ្នកទេឬអី? ខ្ញុំជាមនុស្សដូចអ្នកឯទៀតដែរ។ បុគ្គលដែលព្រះវរបិតាចាត់ឱ្យមកមក គឺជាមនុស្សធម្មតាម្នាក់ មិនមែនជាបុគ្គលអស្ចារ្យឡើយ។ ហើយទោះបីកិច្ចការដែលខ្ញុំធ្វើ តំណាងឱ្យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ក៏ដោយ ក៏រូបរាងរបស់ខ្ញុំ បុគ្គលិកលក្ខណៈរបស់ខ្ញុំ និងរូបកាយសាច់ឈាមនេះ មិនអាចតំណាងព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌បានពេញលេញឡើយ គឺបានតែផ្នែកមួយរបស់ទ្រង់ប៉ុណ្ណោះ។ ទោះបីខ្ញុំកើតពីព្រះវិញ្ញាណក៏ដោយ ក៏ខ្ញុំនៅតែជាមនុស្សសាមញ្ញម្នាក់ ហើយព្រះវរបិតាខ្ញុំបានចាត់ខ្ញុំឱ្យមកកាន់ផែនដីនេះ ក្នុងនាមជាមនុស្សសាមញ្ញម្នាក់ មិនមែនជាបុគ្គលអស្ចារ្យនោះឡើយ»។ ទាល់តែពេត្រុសបានឮការនេះ ទើបគាត់ទទួលបានការយល់ដឹងដ៏តិចតួចអំពីព្រះយេស៊ូវ។ ទាល់តែគាត់បានចំណាយពេលពេលរាប់ម៉ោងសិក្សាពីកិច្ចការរបស់ព្រះយេស៊ូវ សិក្សាសេចក្តីបង្រៀនរបស់ទ្រង់ សិក្សាពីការមើលថែហ្វូងចៀមរបស់ទ្រង់ និងសិក្សាពីការធ្វើការសម្រេចចិត្តរបស់ទ្រង់ ទើបគាត់ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅបែបនេះ។ ពេលព្រះយេស៊ូវមានព្រះជន្ម៣០ព្រះវស្សា ទ្រង់បានប្រាប់ពេត្រុសអំពីការជាប់ឆ្កាងដែលហៀបនឹងកើតឡើង និងប្រាប់ទៀតថា ទ្រង់បានយាងមក ដើម្បីអនុវត្តកិច្ចការមួយដំណាក់កាល គឺការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សលោកទាំងអស់។ ព្រះយេស៊ូវក៏បានប្រាប់ដល់ពេត្រុសថា បីថ្ងៃក្រោយពីការជាប់ឆ្កាង បុត្រមនុស្សនឹងមានព្រះជន្មរស់ឡើងវិញ ហើយប្រាប់ថា បន្ទាប់ពីមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងបង្ហាញអង្គទ្រង់ឱ្យបណ្ដាជនឃើញរយៈពេល៤០ថ្ងៃ។ ពេលបានឮពាក្យទាំងនេះហើយ ពេត្រុសមានអារម្មណ៍សោកសៅ និងចងចាំពាក្យទាំងនេះនៅក្នុងចិត្ត។ ចាប់ពីពេលនោះមក គាត់កាន់តែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះយេស៊ូវ។ ក្រោយពេលមានបទពិសោធបានមួយរយៈ ពេត្រុសក៏ចាប់ផ្ដើមទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើ គឺទ្រង់បានធ្វើក្នុងឋានៈជាព្រះជាម្ចាស់ ហើយគាត់ក៏ចាប់ផ្ដើមគិតថា ព្រះយេស៊ូវ គឺពិតជាគួរឱ្យស្រឡាញ់ឥតឧបមា។ ទាល់តែគាត់មានការយល់ដឹងបែបនេះទេ ទើបព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺដល់គាត់ចេញពីខាងក្នុងចិត្ត។ ក្រោយមកទៀត ព្រះយេស៊ូវបានត្រឡប់ទៅរកពួកសិស្ស និងអ្នកដើរតាមទ្រង់ផ្សេងទៀត ហើយសួរថា៖ «យ៉ូហាន តើអ្នកគិតថា ខ្ញុំជានរណា?» យ៉ូហានបានតបថា៖ «ទ្រង់ជាម៉ូសេ»។ បន្ទាប់មក ទ្រង់បានបែរទៅលូកា៖ «ចុះអ្នកវិញ លូកា តើអ្នកគិតថា ខ្ញុំជានរណា?» លូកាបានតបថា៖ «ទ្រង់ជាហោរាដ៏អស្ចារ្យជាងគេ»។ បន្ទាប់មក ទ្រង់បានសួរប្អូនស្រីម្នាក់ ហើយនាងបានតបថា៖ «ទ្រង់ជាហោរាម្នាក់ដ៏អស្ចារ្យជាងគេ ដែលមានបន្ទូលជាច្រើន ពីអស់កល្បជានិច្ចដល់អស់កល្បជានិច្ច។ គ្មានទំនាយណាដែលអស្ចារ្យដូចជាសេចក្តីទំនាយរបស់ទ្រង់ ហើយក៏គ្មានបុគ្គលណាដែលមានចំណេះដឹងខ្ពស់ខ្ពស់លើសទ្រង់នោះដែរ ដ្បិតទ្រង់ជាហោរាម្នាក់»។ បន្ទាប់មក ព្រះយេស៊ូវបានបែរទៅពេត្រុស ហើយសួរថា៖ «ពេត្រុស តើអ្នកគិតថា ខ្ញុំជានរណា?» ពេត្រុសបានតបវិញថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាបុត្ររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ ទ្រង់យាងមកពីស្ថានសួគ៌។ ទ្រង់មិនមែនមកពីផែនដីឡើយ។ ទ្រង់មិនដូចសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ យើងនៅលើផែនដី ហើយទ្រង់គង់នៅទីនេះជាមួយយើង ប៉ុន្តែទ្រង់មកពីស្ថានសួគ៌ មិនមែនមកពីលោកីយ៍ឡើយ ហើយទ្រង់មិនមែនមកពីផែនដីឡើយ»។ គឺតាមរយៈបទពិសោធរបស់គាត់នេះហើយ ដែលព្រះវិញ្ញាណបរិសុទ្ធបានស្រាយបំភ្លឺដល់គាត់ ទើបគាត់អាចមានការយល់ដឹងបែបនេះ។ ក្រោយការស្រាយបំភ្លឺនេះ គាត់កាន់តែស្ងើចសរសើរពីអ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវធ្វើ កាន់តែនឹកគិតថា ទ្រង់ជាបុគ្គលដ៏គួរឱ្យស្រឡាញ់ និងមានចិត្តស្ទាក់ស្ទើរ មិនចង់នៅឆ្ងាយពីព្រះយេស៊ូវ។ ដូច្នេះ ពេលព្រះយេស៊ូវបានសម្ដែងអង្គទ្រង់ជាលើកដំបូងឱ្យពេត្រុសឃើញ ក្រោយពេលដែលទ្រង់ត្រូវជាប់ឆ្កាង និងរស់ឡើងវិញ ពេត្រុសបានស្រែកដោយក្តីរីករាយឥតឧបមាថា៖ «ព្រះអម្ចាស់អើយ! ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ!» បន្ទាប់មក ពេត្រុសចាប់បានត្រីដ៏ធំមួយក្បាល រួចចម្អិនវាទាំងយំ ថ្វាយព្រះយេស៊ូវសោយ។ ព្រះយេស៊ូវក៏ញញឹម ប៉ុន្តែមិនបានមានបន្ទូលអ្វីឡើយ។ ទោះបីពេត្រុសបានដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញក៏ដោយ ក៏គាត់មិនបានយល់អំពីសេចក្តីអាថ៌កំបាំងនៃហេតុការណ៍នេះឡើយ។ នៅពេលដែលគាត់បានថ្វាយត្រីឱ្យព្រះយេស៊ូវសោយ ព្រះយេស៊ូវមិនបានបដិសេធទេ តែក៏ទ្រង់មិនបានមានបន្ទូល ឬអង្គុយសោយអាហារនោះដែរ។ ផ្ទុយទៅវិញ ទ្រង់បានបាត់ព្រះកាយមួយរំពេច។ ហេតុការណ៍នេះបានធ្វើឱ្យពេត្រុសតក់ស្លុតយ៉ាងខ្លាំង ហើយទាល់តែបែបនេះ ទើបពេត្រុសបានយល់ថា ព្រះយេស៊ូវដែលបានរស់ឡើងវិញ ខុសពីព្រះយេស៊ូវកាលពីមុន។ ពេលដែលពេត្រុសយល់អំពីការនេះហើយ គាត់បានទួញសោក ប៉ុន្តែគាត់ក៏ទទួលបានការកម្សាន្តចិត្តដោយដឹងថា ព្រះអម្ចាស់បានបញ្ចប់កិច្ចការរបស់ទ្រង់ហើយ។ គាត់ដឹងថា ព្រះយេស៊ូវបានបញ្ចប់កិច្ចការរបស់ទ្រង់រួចហើយ ព្រមទាំងដឹងថា ពេលវេលាដែលទ្រង់នៅជាមួយមនុស្សលោកបានមកដល់ទីបញ្ចប់ និងដឹងទៀតថា មនុស្សនឹងត្រូវដើរតាមផ្លូវរបស់ខ្លួន ចាប់ពីពេលនេះតទៅ។ ព្រះយេស៊ូវធ្លាប់ប្រាប់គាត់ថា៖ «អ្នកក៏ត្រូវផឹកពីពែងដ៏ល្វីងជូរចត់ដែលខ្ញុំបានផឹកនេះផងដែរ (នេះជាអ្វីដែលទ្រង់បានមានបន្ទូល បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ)។ អ្នកក៏ត្រូវដើរតាមផ្លូវដែលខ្ញុំបានដើរផងដែរ។ អ្នកត្រូវតែលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំ»។ កិច្ចការនាពេលនោះ មិនមានទម្រង់ជាការសន្ទនាមុខទល់នឹងមុខឡើយ ខុសពីពេលសព្វថ្ងៃ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានលាក់កំបាំងជាពិសេស ហើយពេត្រុសបានឆ្លងកាត់ទុក្ខលំបាកជាច្រើន។ ពេលខ្លះ ពេត្រុសដល់ថ្នាក់ឧទានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំគ្មានអ្វីសល់ ក្រៅពីជីវិតនេះឡើយ។ ទោះបីវាគ្មានតម្លៃច្រើនចំពោះទ្រង់ក៏ដោយ ក៏ទូលបង្គំចង់ថ្វាយជីវិតនេះដល់ទ្រង់។ ទោះបីមនុស្សមិនសក្តិសមនឹងស្រឡាញ់ទ្រង់ ហើយសេចក្តីស្រឡាញ់ និងដួងចិត្តរបស់គេគ្មានតម្លៃសោះក៏ដោយ ក៏ទូលបង្គំជឿថា ទ្រង់ជ្រាបពីបំណងចិត្តរបស់មនុស្ស។ ហើយទោះបីរូបកាយរបស់មនុស្សមិនសមឱ្យទ្រង់ទទួលយកក៏ដោយ ក៏ទូលបង្គំចង់ឱ្យទ្រង់ទទួលយកដួងចិត្តរបស់ទូលបង្គំចុះ»។ ការបន្លឺសំឡេងអធិស្ឋានបែបនេះបានផ្តល់ជាកម្លាំងចិត្តដល់គាត់ ជាពិសេស នៅពេលដែលគាត់អធិស្ឋានថា៖ «ទូលបង្គំព្រមថ្វាយដួងចិត្តរបស់ទូលបង្គំទាំងស្រុងដល់ព្រះជាម្ចាស់ហើយ។ ទោះបីទូលបង្គំមិនអាចធ្វើអ្វីសម្រាប់ថ្វាយព្រះជាម្ចាស់ក៏ដោយ ក៏ទូលបង្គំព្រមបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងស្ម័គ្រស្មោះ និងថ្វាយខ្លួនរបស់ទូលបង្គំដល់ទ្រង់ដោយអស់ពីចិត្ត។ ទូលបង្គំជឿថា ព្រះជាម្ចាស់នឹងទតមើលដួងចិត្តរបស់ទូលបង្គំមិនខាន»។ គាត់បាននិយាយថា៖ «នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំមិនសុំអ្វីឡើយ ក្រៅពីសុំឱ្យគំនិតដែលទូលបង្គំគិតស្រឡាញ់ព្រះជាម្ចាស់ និងបំណងចិត្តរបស់ទូលបង្គំ ត្រូវបានព្រះជាម្ចាស់ព្រមទទួលយក។ ទូលបង្គំបាននៅជាមួយព្រះអម្ចាស់យេស៊ូវអស់រយៈពេលយ៉ាងយូរ ប៉ុន្តែទូលបង្គំមិនដែលស្រឡាញ់ទ្រង់ឡើយ ហើយនេះជាបំណុលដ៏ធំបំផុតរបស់ទូលបង្គំ។ ទោះបីទូលបង្គំបាននៅជាមួយទ្រង់ ក៏ទូលបង្គំមិនបានស្គាល់ទ្រង់ ហើយទូលបង្គំថែមទាំងនិយាយពាក្យសម្ដីមិនសមរម្យ នៅពីក្រោយខ្នងរបស់ទ្រង់ទៀតផង។ ពេលគិតដល់រឿងទាំងអស់នេះ វាធ្វើឱ្យទូលបង្គំមានអារម្មណ៍កាន់តែជំពាក់ព្រះអម្ចាស់យេស៊ូវ»។ គាត់តែងតែអធិស្ឋាន ដោយឥរិយាបថបែបនេះ។ គាត់បាននិយាយថា៖ «ខ្ញុំអន់ជាងធូលីដីទៅទៀត។ ខ្ញុំមិនអាចធ្វើអ្វីបានសោះឡើយ ក្រៅតែពីថ្វាយដួងចិត្តដ៏ស្ម័គ្រស្មោះនេះដល់ព្រះជាម្ចាស់»។

បទពិសោធរបស់ពេត្រុសបានឡើងដល់កម្រិតកំពូល នៅពេលដែលរូបកាយរបស់គាត់សឹងតែត្រូវបានខ្ទេចខ្ទាំទាំងស្រុង ប៉ុន្តែព្រះយេស៊ូវនៅតែប្រទានការលើកទឹកចិត្តដល់គាត់ពីក្នុងមកវិញ។ ហើយមានពេលមួយនោះ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យពេត្រុសឃើញ។ ពេលពេត្រុសស្ថិតក្នុងទុក្ខវេទនាយ៉ាងខ្លាំង និងមានអារម្មណ៍ថា ដួងចិត្តរបស់គាត់បានខ្ទេចខ្ទាំ ព្រះយេស៊ូវបានបង្គាប់គាត់ថា៖ «អ្នកបាននៅជាមួយខ្ញុំនៅលើផែនដី ហើយខ្ញុំបាននៅទីនេះជាមួយអ្នក។ មែនហើយ ពីមុនយើងនៅជាមួយគ្នាឯស្ថានសួគ៌ ពិតណាស់ ស្ថានសួគ៌ជាពិភពខាងវិញ្ញាណ ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ហើយអ្នកនៅលើផែនដីនេះ ដោយព្រោះខ្ញុំមិនមែនមកពីផែនដីនេះឡើយ ដូច្នេះ អ្នកក៏មិនមកពីផែនដីដែរ អ្នកត្រូវតែសម្រេចមុខងាររបស់អ្នកនៅលើផែនដី។ ក្នុងនាមអ្នកជាអ្នកបម្រើម្នាក់ អ្នកត្រូវតែសម្រេចភារកិច្ចរបស់ខ្លួន»។ ការឮថា គាត់នឹងអាចត្រឡប់ទៅនៅក្បែរព្រះជាម្ចាស់វិញ បានផ្ដល់នូវការកម្សាន្តចិត្តដល់ពេត្រុស។ នាគ្រានោះ ពេត្រុសឈឺចាប់ខ្លាំង សឹងតែដេកឈឺមួយកន្លែងនៅលើគ្រែ។ គាត់មានវិប្បដិសារីដល់ថ្នាក់និយាយថា៖ «ខ្ញុំពុករលួយខ្លាំងណាស់ នោះខ្ញុំមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ»។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យគាត់បានឃើញ ហើយមានបន្ទូលថា៖ «ពេត្រុសអើយ តើអាចទេថា អ្នកភ្លេចការតាំងចិត្តដែលអ្នកធ្លាប់មានចំពោះខ្ញុំទៅហើយនោះ? តើអ្នកពិតជាភ្លេចអ្វីៗគ្រប់យ៉ាងដែលខ្ញុំបាននិយាយហើយឬ?» ដោយឃើញថា នោះជាព្រះយេស៊ូវ ពេត្រុសក៏បានក្រោកចេញពីគ្រែរបស់គាត់ ហើយព្រះយេស៊ូវក៏បានកម្សាន្តចិត្តគាត់ថា៖ «ដូចខ្ញុំបានប្រាប់អ្នករួចហើយថា ខ្ញុំមិនមែនមកពីផែនដីនេះឡើយ។ អ្នកត្រូវតែយល់អំពីការនេះ ប៉ុន្តែតើអ្នកបានភ្លេចអ្វីផ្សេងទៀតដែលខ្ញុំបានប្រាប់អ្នកហើយឬ? 'អ្នកក៏មិនមែនមកពីផែនដី ឬលោកីយ៍នេះដែរ។' ឥឡូវនេះ មានកិច្ចការដែលអ្នកត្រូវតែធ្វើ អ្នកមិនអាចទួញសោកបែបនេះឡើយ។ អ្នកមិនអាចរងទុក្ខបែបនេះទេ។ មនុស្ស និងព្រះជាម្ចាស់មិនអាចរួមរស់នៅជាមួយគ្នាក្នុងពិភពតែមួយនោះទេ ដូច្នេះ ខ្ញុំមានកិច្ចការរបស់ខ្ញុំ ហើយអ្នកក៏មានកិច្ចការរបស់អ្នកដែរ ហើយថ្ងៃមួយ ពេលដែលកិច្ចការរបស់អ្នកត្រូវបានបញ្ចប់ យើងនឹងជួបជុំគ្នានៅក្នុងពិភពតែមួយ ហើយខ្ញុំនឹងដឹកនាំអ្នកឱ្យនៅជាមួយខ្ញុំជារៀងរហូត»។ ពេត្រុសបានទទួលការកម្សាន្តចិត្ត និងការធានាជាថ្មី ក្រោយពេលឮពាក្យទាំងនេះ។ គាត់បានដឹងថា ទុក្ខវេទនានេះគឺជាអ្វីមួយដែលគាត់ត្រូវតែស៊ូទ្រាំ និងត្រូវជួប ហើយគាត់ក៏បានទទួលការជំរុញចិត្ត ចាប់ពីពេលនោះមក។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យគាត់ឃើញជាពិសេស នៅក្នុងពេលវេលាមួយដ៏សំខាន់ ដោយប្រទានឱ្យគាត់នូវការស្រាយបំភ្លឺ និងការដឹកនាំជាពិសេស ហើយទ្រង់បានធ្វើកិច្ចការជាច្រើនទៅលើជីវិតរបស់គាត់។ តើពេត្រុសមានវិប្បដិសារីបំផុតចំពោះអ្វីខ្លះ? ក្រោយពេលពេត្រុសបាននិយាយថា៖ «ទ្រង់ជាបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» មិនបានប៉ុន្មាន ព្រះយេស៊ូវក៏សួរសំណួរមួយទៀតដល់ពេត្រុស (ទោះបីវាមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរតាមរបៀបនេះក៏ដោយ)។ ព្រះយេស៊ូវបានសួរគាត់ថា៖ «ពេត្រុសអើយ! តើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេ?» ពេត្រុសបានយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ទ្រង់ ហើយបាននិយាយថា៖ «ឱ ព្រះអម្ចាស់អើយ! ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែទូលបង្គំសូមសារភាពថា ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ឡើយ»។ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖ «បើមនុស្សមិនស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះរាជបុត្រាទ្រង់ដែលនៅលើផែនដីនេះបាន? ហើយប្រសិនបើមនុស្សមិនស្រឡាញ់ព្រះរាជបុត្រាដែលព្រះដ៏ជាព្រះវរបិតាចាត់មកផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌បាន? ប្រសិនបើមនុស្សពិតជាស្រឡាញ់ព្រះរាជបុត្រាដែលគង់នៅលើផែនដី នោះពួកគេក៏ពិតជាស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ»។ ពេលពេត្រុសបានឮពាក្យទាំងនេះ គាត់ក៏បានដឹងពីអ្វីដែលគាត់គ្មាន។ គាត់តែងមានវិប្បដិសារី រហូតដល់ស្រក់ទឹកភ្នែក ស្ដាយពាក្យសម្ដី ដែលគាត់បាននិយាយថា៖ «ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែទូលបង្គំមិនធ្លាប់ស្រឡាញ់ទ្រង់ឡើយ»។ ក្រោយពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងក្រោយពេលដែលទ្រង់រយាងឡើងស្ថានសួគ៌ គាត់កាន់តែមានវិប្បដិសារី និងស្ដាយក្រោយចំពោះពាក្យទាំងនេះ។ ដោយនឹកចាំអំពីកិច្ចការពីអតីតកាល និងកម្ពស់បច្ចុប្បន្នរបស់គាត់ ជារឿយៗ គាត់នឹងចូលមកចំពោះព្រះយេស៊ូវដោយសេចក្ដីអធិស្ឋាន ទាំងមានអារម្មណ៍ស្ដាយក្រោយ និងជំពាក់ទ្រង់រហូត ដោយសារតែគាត់មិនបានបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបានបំពេញតាមបទដ្ឋានរបស់ព្រះជាម្ចាស់។ រឿងទាំងនេះបានក្លាយជាបន្ទុកដ៏ធំបំផុតរបស់គាត់។ គាត់បាននិយាយថា៖ «នៅថ្ងៃមួយ ទូលបង្គំនឹងថ្វាយដល់ទ្រង់នូវអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមាន និងអ្វីគ្រប់យ៉ាងដែលជាជីវិតទូលបង្គំ ហើយទូលបង្គំនឹងថ្វាយដល់ទ្រង់នូវរបស់ដែលមានតម្លៃបំផុត»។ គាត់បាននិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ជីវិតរបស់ទូលបង្គំគ្មានតម្លៃអ្វីឡើយ ឯរូបកាយទូលបង្គំទៀតសោត ក៏គ្មានតម្លៃដែរ។ ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ក្នុងគំនិតរបស់ទូលបង្គំមានតែសេចក្តីជំនឿលើទ្រង់ប៉ុណ្ណោះ ចំណែកក្នុងចិត្តទូលបង្គំ ក៏មានតែសេចក្តីស្រឡាញ់ចំពោះទ្រង់ដែរ។ ទូលបង្គំមានតែរបស់ពីរនេះប៉ុណ្ណោះ ដែលទូលបង្គំអាចថ្វាយដល់ទ្រង់ គឺគ្មានអ្វីផ្សេងឡើយ»។ ពេត្រុសបានទទួលការលើកទឹកចិត្ត ដោយសារព្រះបន្ទូលរបស់ព្រះយេស៊ូវ ព្រោះមុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់បានប្រាប់ពេត្រុសថា៖ «ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយអ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ»។ ក្រោយមក ពេលពេត្រុសមានការឈឺចាប់ខ្លាំងពេក ព្រះយេស៊ូវក៏បានរំឭកដល់គាត់ថា៖ «ពេត្រុសអើយ តើអ្នកបានភ្លេចហើយឬ? ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយដែលខ្ញុំបានចាកចេញមុននេះ ក៏ដោយសារតែកិច្ចការរបស់ខ្ញុំដែរ។ អ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ តើអ្នកពិតជាភ្លេចហើយមែនទេ? ខ្ញុំបានប្រាប់អ្នកពីរដងហើយ តើអ្នកមិនចាំទេឬអី?» ពេលឮព្រះបន្ទូលទាំងនេះ ពេត្រុសក៏បានឆ្លើយថា៖ «ទូលបង្គំមិនបានភ្លេចនោះឡើយ!» បន្ទាប់មក ព្រះយេស៊ូវបានមានព្រះបន្ទូលថា៖ «អ្នកធ្លាប់បានចំណាយពេលដ៏រីករាយជាមួយខ្ញុំនៅស្ថានសួគ៌ និងបានចំណាយពេលមួយរយៈនៅក្បែរខ្ញុំ។ អ្នកនឹកខ្ញុំ ហើយខ្ញុំក៏នឹកអ្នកដែរ។ ទោះបីជាសត្តនិករទាំងអស់គ្មានតម្លៃនឹងលើកយកមកនិយាយ នៅចំពោះព្រះនេត្ររបស់ខ្ញុំក៏ដោយ តើខ្ញុំមិនអាចស្រឡាញ់មនុស្សស្លូតត្រង់ និងគួរឱ្យស្រឡាញ់ដូចម្ដេចបាន? តើអ្នកបានភ្លេចព្រះបន្ទូលសន្យារបស់ខ្ញុំហើយឬ? អ្នកត្រូវតែទទួលយកបញ្ជាបេសកកម្មរបស់ខ្ញុំនៅលើផែនដី ហើយអ្នកត្រូវតែសម្រេចភារកិច្ចដែលខ្ញុំបានផ្ទុកផ្ដាក់ឱ្យអ្នកធ្វើ។ ថ្ងៃមួយ ខ្ញុំច្បាស់ជាដឹកនាំអ្នកឱ្យមកនៅក្បែរខ្ញុំវិញ»។ ក្រោយពេលឮពាក្យនេះ ពេត្រុសកាន់តែមានទឹកចិត្ត និងទទួលបាននូវការជំរុញចិត្តកាន់តែខ្លាំង ដល់ថ្នាក់ពេលដែលគាត់ជាប់នៅលើឈើឆ្កាង គាត់អាចនិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចស្រឡាញ់ទ្រង់បានសមល្មមឡើយ! ទោះបីជាទ្រង់បង្គាប់ឱ្យទូលបង្គំស្លាប់ក៏ដោយ ក៏ទូលបង្គំនៅតែមិនស្រឡាញ់ទ្រង់ឱ្យល្មមដែរ។ ទោះបីជាទ្រង់បញ្ជូនព្រលឹងរបស់ទូលបង្គំទៅកន្លែងណា ទោះបីជាទ្រង់មិនបំពេញតាមព្រះបន្ទូលសន្យាពីអតីតកាលរបស់ទ្រង់ ហើយទោះបីជាទ្រង់នឹងធ្វើអ្វីនៅពេលខាងមុខនោះឡើយ ក៏ទូលបង្គំនៅតែស្រឡាញ់ និងជឿលើទ្រង់ជានិច្ច»។ អ្វីដែលគាត់បានប្រកាន់ខ្ជាប់ គឺជាសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ដ៏ពិតរបស់គាត់។

នាល្ងាចមួយ មានពួកសិស្សប៉ុន្មាននាក់ រួមទាំងពេត្រុសផង កំពុងតែជិះទូកនេសាទជាមួយព្រះយេស៊ូវ ហើយពេត្រុសក៏បានសួរទៅកាន់ព្រះយេស៊ូវត្រង់ៗថា៖ «ព្រះអម្ចាស់! ទូលបង្គំចង់សួរទ្រង់សំណួរមួយដែលទូលបង្គំមាននៅក្នុងចិត្តជាយូរណាស់មកហើយ»។ ព្រះយេស៊ូវបានតបថា៖ «សូមអញ្ជើញសួរមកចុះ!» ហើយពេត្រុសបានសួរថា៖ «តើកិច្ចការដែលបានធ្វើ ក្នុងអំឡុងពេលយុគសម័យនៃក្រឹត្យវិន័យ ជាទង្វើរបស់ទ្រង់មែនទេ?» ព្រះយេស៊ូវបានញញឹម ហាក់មានបន្ទូលថា៖ «ក្មេងនេះ ពិតជានិយាយត្រង់មែន!» បន្ទាប់មក ទ្រង់មានបន្ទូលបន្តប្រកបដោយគោលបំណងថា៖ «មិនមែនជាទង្វើរបស់ខ្ញុំឡើយ។ វាគឺជាទង្វើរបស់ព្រះយេហូវ៉ា និងម៉ូសេ»។ ពេត្រុសបានឮដូច្នេះ ហើយក៏ឧទានថា៖ «អូហ៍! ដូច្នេះ កិច្ចការនោះមិនមែនជាទង្វើរបស់ទ្រង់ទេ»។ ពេលពេត្រុសបាននិយាយពាក្យទាំងនេះហើយ ព្រះយេស៊ូវមិនបានមានបន្ទូលទៀតឡើយ។ ពេត្រុសបានគិតក្នុងចិត្តថា៖ «មិនមែនជាទ្រង់ឡើយដែលបានធ្វើកិច្ចការនេះ ដូច្នេះ ទ្រង់បានយាងមកបំផ្លាញក្រឹត្យវិន័យ គ្មានអ្វីចម្លែកទេ ព្រោះវាមិនមែនជាកិច្ចការរបស់ទ្រង់ផងនោះ»។ ដួងចិត្តរបស់គាត់បានធូរស្រាល។ ក្រោយមក ព្រះយេស៊ូវបានជ្រាបថា ពេត្រុសនិយាយត្រង់ៗ ប៉ុន្តែដោយសារតែពេលនោះ គាត់គ្មានការយល់ដឹង ដូច្នេះ ព្រះយេស៊ូវមិនបានមានបន្ទូលអ្វីផ្សេង ឬក៏ជំទាស់គាត់ដោយផ្ទាល់ឡើយ។ មានម្ដងនោះ ព្រះយេស៊ូវបានអធិប្បាយនៅក្នុងសាលាប្រជុំមួយដែលមានមនុស្សជាច្រើនចូលរួម រួមទាំងពេត្រុសផងដែរ។ នៅក្នុងបទអធិប្បាយរបស់ទ្រង់ ព្រះយេស៊ូវបានមានបន្ទូលថា៖ «ឯព្រះដែលនឹងមកពីភាពអស់កល្ប ទៅភាពអស់កល្ប ទ្រង់នឹងធ្វើកិច្ចការនៃការប្រោសលោះ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ដើម្បីប្រោសលោះមនុស្សលោកទាំងអស់ពីបាប ប៉ុន្តែទ្រង់នឹងមិនត្រូវកំហិតដោយបទបញ្ញត្តិណាមួយ នៅក្នុងការដឹកនាំមនុស្សចេញពីអំពើបាបឡើយ។ ទ្រង់នឹងយាងចេញពីក្រឹត្យវិន័យ ហើយយាងចូលទៅក្នុងយុគសម័យនៃព្រះគុណ។ ទ្រង់នឹងប្រោសលោះមនុស្សលោកទាំងអស់។ ទ្រង់នឹងបោះជំហានទៅមុខ ចេញពីយុគសម័យនៃក្រឹត្យវិន័យ ចូលទៅកាន់យុគសម័យនៃព្រះគុណ ប៉ុន្តែគ្មាននរណាម្នាក់ស្គាល់ព្រះអង្គ ដែលយាងមកពីព្រះយេហូវ៉ានោះឡើយ។ កិច្ចការដែលម៉ូសេបានធ្វើ ត្រូវបានប្រទានមកពីព្រះយេហូវ៉ា ហើយម៉ូសេបានព្រាងក្រឹត្យវិន័យ ដោយសារតែកិច្ចការដែលព្រះយេហូវ៉ាបានធ្វើ»។ នៅពេលមានបន្ទូលបែបនេះរួចហើយ ទ្រង់បានបន្តទៀតថា៖ «អស់អ្នកដែលលុបចោលបទបញ្ញត្តិនៅយុគសម័យនៃព្រះគុណ ក្នុងអំឡុងយុគសម័យនៃព្រះគុណ នឹងជួបសេចក្ដីភិតភ័យមិនខាន។ ពួកគេត្រូវតែឈរនៅក្នុងព្រះវិហារ ហើយទទួលសេចក្តីវិនាសពីព្រះជាម្ចាស់ រួចភ្លើងនឹងធ្លាក់មកលើពួកគេ»។ ការស្ដាប់ឮពាក្យទាំងប៉ុន្មាននេះ បានជះឥទ្ធិពលខ្លះដល់ពេត្រុស ហើយក្នុងរយៈពេលទាំងអស់ នៃបទពិសោធរបស់គាត់ ព្រះយេស៊ូវបានមើលថែ និងជួយការពារពេត្រុស មានបន្ទូលជាមួយគាត់ដោយឥតលាក់កំបាំងទាល់តែសោះ ធ្វើឱ្យពេត្រុសមានការយល់ដឹងកាន់តែប្រសើរថែមទៀតអំពីព្រះយេស៊ូវ។ ពេលពេត្រុសគិតអំពីអ្វីដែលព្រះយេស៊ូវបានបង្រៀននៅថ្ងៃនោះ និងសំណួរដែលគាត់បានសួរព្រះយេស៊ូវ នៅពេលដែលពួកគេនៅលើទូកនេសាទ ចម្លើយដែលព្រះយេស៊ូវបានប្រទាន ក៏ដូចជារបៀបដែលទ្រង់បានញញឹម ទីបំផុតក៏បានធ្វើឱ្យពេត្រុសមានការយល់ដឹងអំពីរឿងរ៉ាវទាំងអស់នេះ។ ក្រោយមក ព្រះវិញ្ញាណបរិសុទ្ធបានស្រាយបំភ្លឺឱ្យពេត្រុសយល់ ទាល់តែពេលនោះទើបគាត់បានដឹងថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ ការយល់ដឹងរបស់ពេត្រុសបានមកពីការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែការយល់ដឹងរបស់គាត់នេះឆ្លងកាត់នូវដំណើរការមួយ។ ដំណើរការនោះគឺតាមរយៈការសួរសំណួរ ការស្ដាប់ឮព្រះយេស៊ូវបង្រៀន បន្ទាប់មកគឺតាមរយៈការទទួលបានការប្រកបគ្នាយ៉ាងពិសេសរបស់ព្រះយេស៊ូវ និងការគង្វាលដ៏ពិសេសរបស់ទ្រង់ដែលនាំឱ្យពេត្រុសចាប់ផ្ដើមទទួលស្គាល់ថា ព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ ការយល់ដឹងនេះមិនមែនសម្រេចបានតែក្នុងពេលមួយយប់ឡើយ វាជាដំណើរការមួយ ហើយការនេះបានក្លាយជាជំនួយមួយដល់គាត់ នៅក្នុងបទពិសោធក្រោយៗរបស់គាត់។ ហេតុអ្វីបានជាព្រះយេស៊ូវមិនធ្វើកិច្ចការនៃការប្រោសឱ្យបានគ្រប់លក្ខណ៍ នៅក្នុងអ្នកដទៃផ្សេងទៀត ប៉ុន្តែបែរជាធ្វើតែជាមួយនឹងពេត្រុសម្នាក់ដូច្នេះ? នោះគឺដោយសារមានតែពេត្រុសម្នាក់ប៉ុណ្ណោះដែលដឹងថា ព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ហើយអ្នកផ្សេងទៀតមិនបានដឹងអំពីការនេះឡើយ។ ថ្វីបើមានពួកសិស្សជាច្រើនបានចេះដឹងនូវរឿងយ៉ាងច្រើន ក្នុងពេលដែលពួកគេដើរតាមទ្រង់ក៏ដោយ ក៏ចំណេះដឹងរបស់គេស្ទើរណាស់។ នេះជាហេតុផលដែលពេត្រុសត្រូវបានព្រះយេស៊ូវជ្រើសរើស ជាបុគ្គលគំរូម្នាក់នៃការដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ អ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពេត្រុសនៅគ្រានោះ គឺជាអ្វីដែលទ្រង់មានបន្ទូលមកកាន់មនុស្សនាពេលសព្វថ្ងៃនេះ ដ្បិតចំណេះដឹង និងការចូលទៅកាន់ជីវិតរបស់ពួកគេត្រូវតែឈានឱ្យកម្រិតដូចជាពេត្រុស។ ទាល់តែស្របតាមលក្ខខណ្ឌ និងផ្លូវនេះ ទើបព្រះជាម្ចាស់នឹងប្រោសមនុស្សគ្រប់គ្នាឱ្យបានគ្រប់លក្ខណ៍។ ហេតុអ្វីបានជាមនុស្សសព្វថ្ងៃត្រូវបានតម្រូវឱ្យមានសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ដ៏ពិត? អ្នករាល់គ្នាក៏ត្រូវដកពិសោធន៍នូវអ្វីដែលពេត្រុសបានដកពិសោធន៍ដែរ។ ផលផ្លែដែលពេត្រុសបានទទួលពីបទពិសោធរបស់គាត់ ក៏ត្រូវបង្ហាញចេញនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ត្រូវជួបការឈឺចាប់ដែលពេត្រុសបានជួបដែរ។ ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ គឺជាផ្លូវដូចគ្នាដែលពេត្រុសបានដើរ។ ការឈឺចាប់ដែលអ្នករាល់គ្នាមាន គឺជាការឈឺចាប់ដែលពេត្រុសធ្លាប់មាន។ នៅពេលដែលអ្នករាល់គ្នាបានទទួលសិរីរុងរឿង ហើយនៅពេលដែលអ្នករាល់គ្នាស្ដែងចេញនូវជីវិតពិតក្នុងការរស់នៅរបស់អ្នក នោះអ្នកក៏ស្ដែងចេញនូវរូបភាពរបស់ពេត្រុស នៅក្នុងការរស់នៅរបស់អ្នកដែរ។ ផ្លូវដែលត្រូវដើរ គឺជាផ្លូវដូចគ្នា ហើយមនុស្សម្នាក់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តាមរយៈការដើរតាមផ្លូវនោះឯង។ យ៉ាងណាមិញ គុណសម្បត្តិរបស់អ្នករាល់គ្នាគឺនៅខ្វះខាតខ្លះទៀត បើប្រៀបធៀបជាមួយពេត្រុស ដោយសារតែពេលវេលាបានផ្លាស់ប្ដូរ ដូច្នេះ កម្រិតនៃសេចក្តីពុករលួយរបស់មនុស្សក៏ផ្លាស់ប្ដូរដែរ និងដោយសារតែស្រុកយូដាជានគរមួយដែលមានវត្តមានយូរលង់ និងមានវប្បធម៌ដ៏ចំណាស់។ ដូច្នេះ អ្នករាល់គ្នាត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីកែលម្អគុណសម្បត្តិរបស់អ្នកឱ្យបានប្រសើរឡើង។

ពេត្រុសជាមនុស្សម្នាក់មានសុភវិនិច្ឆ័យណាស់ មានប្រាជ្ញានៅក្នុងគ្រប់កិច្ចការដែលគាត់បានធ្វើ ហើយគាត់ក៏ជាមនុស្សទៀងត្រង់បំផុតដែរ។ គាត់បានជួបនូវឧបសគ្គជាច្រើន។ គាត់ចាប់ផ្ដើមមានទំនាក់ទំនងលើកដំបូងជាមួយសង្គមនៅវ័យ១៤ឆ្នាំ ជាពេលដែលគាត់បានចូលរៀន និងទៅសាលាប្រជុំផងដែរ។ គាត់មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ហើយក៏ព្រមចូលរួមការប្រជុំគ្រប់ពេលផងដែរ។ នាពេលនោះ ព្រះយេស៊ូវមិនទាន់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការនៅឡើយទេ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ ពេត្រុសបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយអ្នកដឹកនាំសាសនាផ្សេងៗ ពេលដែលគាត់មានវ័យ១៤ឆ្នាំ។ លុះដល់ពេលគាត់មានអាយុ១៨ឆ្នាំ គាត់ចាប់ផ្ដើមមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំកំពូលៗខាងសាសនា ប៉ុន្តែបន្ទាប់ពីគាត់បានឃើញពីភាពចលាចលដែលនៅពីក្រោយរូបភាពសាសនាមក គាត់ក៏ដកថយពីការនោះវិញ។ ដោយឃើញថា មនុស្សទាំងនេះពេញដោយឧបាយកល ប៉ិនប្រសប់ប្រើល្បិច និងផែនការអាក្រក់ គាត់ចាប់ផ្ដើមមានចិត្តស្អប់ខ្ពើមយ៉ាងខ្លាំង (នេះជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅគ្រានោះ ដើម្បីធ្វើឱ្យគាត់បានគ្រប់លក្ខណ៍។ ទ្រង់បានប៉ះពាល់ចិត្តគាត់យ៉ាងពិសេស ហើយបានធ្វើកិច្ចការដ៏ពិសេសទៅលើគាត់) ជាលទ្ធផល គាត់ក៏បានដកខ្លួនចេញពីសាលាប្រជុំនៅក្នុងវ័យ១៨ឆ្នាំ។ ឪពុកម្ដាយរបស់គាត់បានបៀតបៀនគាត់ ហើយពួកគេនឹងមិនបណ្ដោយឱ្យគាត់ជឿឡើយ (ពួកគេជាអារក្ស និងអ្នកមិនជឿ)។ ទីបំផុត ពេត្រុសក៏បានចាកចេញពីផ្ទះ ហើយបានធ្វើដំណើរទៅគ្រប់ទិសទី ដើម្បីនេសាទត្រី និងប្រកាសអំពីព្រះបន្ទូលរបស់ព្រះអស់រយៈពេលពីរឆ្នាំ ហើយក្នុងអំឡុងពេលនោះ គាត់ក៏បានដឹកនាំមនុស្សមួយចំនួនផងដែរ។ ឥឡូវនេះ អ្នកគួរតែអាចមើលឃើញផ្លូវដ៏ហ្មត់ចត់ដែលពេត្រុសបានដើរ យ៉ាងច្បាស់ហើយ។ ប្រសិនបើអ្នកអាចមើលឃើញផ្លូវរបស់ពេត្រុសច្បាស់ នោះអ្នកក៏នឹងដឹងច្បាស់អំពីកិច្ចការដែលកំពុងត្រូវបានធ្វើសព្វថ្ងៃផងដែរ ដូច្នេះ អ្នកនឹងមិនរអ៊ូរទាំ មិនអសកម្ម ឬចង់បានអ្វីមួយនោះឡើយ។ អ្នកគួរតែយល់ពីអារម្មណ៍របស់ពេត្រុសនៅពេលនោះថា៖ គាត់ស្រឡាំងកាំង ដោយសារទុក្ខព្រួយ។ គាត់លែងអធិស្ឋានសុំអនាគតល្អ ឬព្រះពរទៀតហើយ។ គាត់មិនបានស្វែងរកប្រយោជន៍ សេចក្តីសុខ កិត្តិនាមល្បីល្បាញ ឬទ្រព្យសម្បត្តិនៅក្នុងលោកីយ៍នេះឡើយ។ គាត់គ្រាន់តែព្យាយាមរស់នៅក្នុងជីវិតមួយដែលមានន័យខ្លឹមសារបំផុត ជាជីវិតមួយដែលតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយថ្វាយវត្ថុដ៏មានតម្លៃបំផុតដែលគាត់មានដល់ព្រះជាម្ចាស់។ ក្រោយមក គាត់ក៏មានអារម្មណ៍ស្កប់ចិត្ត។ ជារឿយៗ គាត់បានអធិស្ឋានទៅកាន់ព្រះយេស៊ូវដោយពាក្យថា៖ «ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទអើយ ទូលបង្គំធ្លាប់ស្រឡាញ់ទ្រង់ ប៉ុន្តែទូលបង្គំមិនដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ទោះបីទូលបង្គំបាននិយាយថា ទូលបង្គំមានជំនឿលើទ្រង់ក៏ដោយ ក៏ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ ដោយដួងចិត្តពិតប្រាកដឡើយ។ ទូលបង្គំគ្រាន់តែសម្លឹងទៅកាន់ទ្រង់ កោតសរសើរទ្រង់ និងនឹករឭកអំពីទ្រង់ ប៉ុន្តែទូលបង្គំមិនដែលស្រឡាញ់ទ្រង់ ហើយក៏មិនដែលមានជំនឿដ៏ពិតលើទ្រង់នោះដែរ»។ គាត់តែងតែអធិស្ឋាន ដើម្បីធ្វើការតាំងចិត្តរបស់គាត់ ហើយគាត់តែងតែទទួលការលើកទឹកចិត្តពីព្រះបន្ទូលរបស់ព្រះយេស៊ូវ និងទាញបាននូវការជំរុញចិត្តចេញពីព្រះបន្ទូលទាំងនោះ។ ក្រោយមក បន្ទាប់ពីឆ្លងកាត់បទពិសោធមួយរយៈ ព្រះយេស៊ូវក៏បានល្បងលគាត់ ដោយជំរុញគាត់ឱ្យកាន់តែស្រេកឃ្លានចង់បានទ្រង់ថែមទៀត។ គាត់បាននិយាយថា៖ «ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទអើយ! ទូលបង្គំពិតជានឹកទ្រង់ ហើយទន្ទឹងចង់ឃើញទ្រង់ខ្លាំងណាស់។ ទូលបង្គំនៅខ្វះចន្លោះច្រើនណាស់ ហើយទូលបង្គំមិនសក្ដិសមសម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ទូលបង្គំសូមអង្វរឱ្យទ្រង់យកទូលបង្គំចេញក្នុងពេលឆាប់ៗនេះទៅ។ តើទ្រង់នឹងត្រូវការទូលបង្គំនៅពេលណា? តើទ្រង់នឹងយកទូលបង្គំទៅនៅពេលណា? តើទូលបង្គំសម្លឹង មើលព្រះភ័ក្ត្ររបស់ទ្រង់ម្ដងទៀតនៅពេលណា? ទូលបង្គំលែងចង់មានជីវិតរស់ក្នុងរូបកាយនេះ ដើម្បីបន្តនិស្ស័យពុករលួយ ហើយក៏មិនចង់បះបោរតទៅទៀតនោះដែរ។ ទូលបង្គំត្រៀមខ្លួនជាស្រេច ដើម្បីថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់កាន់តែឆាប់តាមតែទូលបង្គំអាចធ្វើបាន ហើយទូលបង្គំមិនចង់ធ្វើឱ្យទ្រង់ព្រួយព្រះទ័យតទៅទៀតឡើយ»។ នេះជារបៀបដែលគាត់បានអធិស្ឋាន ប៉ុន្តែនៅពេលនោះ គាត់មិនបានដឹងអំពីអ្វីដែលព្រះយេស៊ូវនឹងធ្វើឱ្យគ្រប់លក្ខណ៍នៅក្នុងគាត់ឡើយ។ ក្នុងអំឡុងពេលដែលគាត់ព្រួយចិត្ត ដោយសារតែការល្បងលរបស់គាត់ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យគាត់ឃើញម្ដងទៀត ហើយមានបន្ទូលថា៖ «ពេត្រុស ខ្ញុំចង់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ដើម្បីឱ្យអ្នកក្លាយជាផលផ្លែមួយ ដែលស្ដែងឱ្យឃើញពីភាពគ្រប់លក្ខណ៍របស់ខ្ញុំតាមរយៈអ្នក ហើយជាផលផ្លែដែលនាំឱ្យខ្ញុំមានចិត្តរីករាយ។ តើអ្នកអាចធ្វើបន្ទាល់ពីខ្ញុំយ៉ាងពិតប្រាកដដែរឬទេ? តើអ្នកបានធ្វើតាមអ្វីដែលខ្ញុំបានសុំឱ្យអ្នកធ្វើដែរឬទេ? តើអ្នកបានរស់នៅតាមពាក្យដែលខ្ញុំបាននិយាយហើយឬនៅ? អ្នកធ្លាប់ស្រឡាញ់ខ្ញុំ ប៉ុន្តែទោះបីជាអ្នកបានស្រឡាញ់ខ្ញុំ តើអ្នកបានរស់នៅតាមពាក្យរបស់ខ្ញុំហើយឬនៅ? តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ? អ្នកទទួលស្គាល់ថា អ្នកមិនសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ខ្ញុំឡើយ ប៉ុន្តែតើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ?» ពេត្រុសបានឃើញថា គាត់មិនបានធ្វើអ្វីសោះសម្រាប់ព្រះយេស៊ូវ ហើយគាត់បាននឹកចាំអំពីពាក្យសម្បថដែលគាត់ស្បថថ្វាយជីវិតរបស់គាត់ដល់ព្រះជាម្ចាស់កាលពីមុន។ ដូច្នេះ គាត់ក៏លែងរអ៊ូរទាំ ហើយចាប់ពីពេលនោះមក ពាក្យអធិស្ឋានរបស់គាត់កាន់តែប្រសើរឡើង។ គាត់បានអធិស្ឋានដោយពោលថា៖ «ឱព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ! ទូលបង្គំធ្លាប់ចាកចោលទ្រង់ ហើយទ្រង់ក៏ធ្លាប់ចាកចោលទូលបង្គំម្ដងផងដែរ។ យើងបានចំណាយទាំងពេលនៅដាច់ពីគ្នា និងពេលនៅជាមួយគ្នា។ ប៉ុន្តែ ទ្រង់ស្រឡាញ់ទូលបង្គំខ្លាំងជាងអ្នកណាទាំងអស់។ ទូលបង្គំបានបះបោរទាស់នឹងទ្រង់ដដែលៗ និងបានធ្វើឱ្យទ្រង់ព្រួយព្រះហឫទ័យម្ដងហើយម្ដងទៀត។ តើទូលបង្គំអាចបំភ្លេចរឿងទាំងនេះបានដោយរបៀបណា? ទូលបង្គំតែងតែនឹកចាំជានិច្ច ហើយមិនភ្លេចកិច្ចការដែលទ្រង់បានធ្វើចំពោះទូលបង្គំ និងអ្វីដែលទ្រង់បានប្រទានដល់ទូលបង្គំនោះឡើយ។ ទូលបង្គំបានធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន សម្រាប់កិច្ចការដែលទ្រង់បានធ្វើចំពោះទូលបង្គំ។ ទ្រង់ជ្រាបដឹងអំពីអ្វីដែលទូលបង្គំអាចធ្វើបាន ហើយទ្រង់ថែមទាំងជ្រាបអំពីតួនាទីដែលទូលបង្គំអាចធ្វើបានដែរ។ ទូលបង្គំចង់ចុះចូលចំពោះការរៀបចំរបស់ទ្រង់ ហើយទូលបង្គំនឹងថ្វាយអ្វីៗទាំងអស់ដែលទូលបង្គំមានដល់ទ្រង់។ មានតែទ្រង់មួយប៉ុណ្ណោះដែលជ្រាបដឹងអំពីអ្វីដែលទូលបង្គំអាចធ្វើសម្រាប់ទ្រង់។ ទោះបីអារក្សសាតាំងបានបោកបញ្ឆោតទូលបង្គំយ៉ាងច្រើន ហើយទូលបង្គំបានបះបោរទាស់នឹងទ្រង់ក៏ដោយ ក៏ទូលបង្គំជឿថា ទ្រង់មិននឹកនាពីសេចក្តីរំលងដែលទូលបង្គំបានធ្វើទាំងនោះ ហើយក៏ជឿថា ទ្រង់មិនប្រព្រឹត្តចំពោះទូលបង្គំ ដោយផ្អែកលើសេចក្តីរំលងទាំងនោះផងដែរ។ ទូលបង្គំចង់ថ្វាយជីវិតរបស់ទូលបង្គំទាំងស្រុងដល់ទ្រង់។ ទូលបង្គំមិនសុំអ្វីឡើយ ហើយក៏គ្មានសេចក្តីសង្ឃឹម ឬផែនការអ្វីផ្សេងនោះដែរ។ ទូលបង្គំគ្រាន់តែចង់ធ្វើតាមបំណង និងព្រះហឫទ័យរបស់ទ្រង់តែមួយប៉ុណ្ណោះ។ ទូលបង្គំនឹងផឹកពីពែងដ៏ល្វីងជូរចត់របស់ទ្រង់ ហើយទូលបង្គំនឹងធ្វើតាមបង្គាប់របស់ទ្រង់ជានិច្ច»។

អ្នករាល់គ្នាត្រូវតែស្គាល់ឱ្យច្បាស់អំពីផ្លូវដែលអ្នករាល់គ្នាត្រូវដើរ។ អ្នករាល់គ្នាត្រូវតែដឹងឱ្យច្បាស់អំពីផ្លូវដែលអ្នករាល់គ្នានឹងដើរនៅពេលអនាគត ដឹងថាអ្វីទៅដែលព្រះជាម្ចាស់នឹងធ្វើឱ្យគ្រប់លក្ខណ៍ និងអ្វីខ្លះទៅដែលទ្រង់បានផ្ទុកផ្ដាក់ដល់អ្នករាល់គ្នា។ នៅថ្ងៃមួយ ប្រហែលជាអ្នករាល់គ្នានឹងជួបការល្បងល ហើយពេលដែលគ្រានោះមកដល់ បើអ្នករាល់គ្នាអាចទាញការជំរុញចិត្តចេញពីបទពិសោធរបស់ពេត្រុសបាន នោះវានឹងបង្ហាញថា អ្នករាល់គ្នាកំពុងតែដើរតាមផ្លូវរបស់ពេត្រុសយ៉ាងពិតប្រាកដហើយ។ ពេត្រុសបានទទួលការសរសើរពីព្រះជាម្ចាស់ ដោយព្រោះសេចក្តីជំនឿ សេចក្តីស្រឡាញ់ដ៏ពិត និងចិត្តភក្តីភាពដែលគាត់មានចំពោះព្រះជាម្ចាស់។ ហើយដោយសារតែភាពទៀងត្រង់ និងការចង់បានព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់គាត់នេះហើយ ដែលនាំឱ្យព្រះជាម្ចាស់ប្រោសគាត់ឱ្យបានគ្រប់លក្ខណ៍នោះ។ បើអ្នកពិតជាមានសេចក្តីស្រឡាញ់ និងសេចក្តីជំនឿដ៏ពិត ដូចជាពេត្រុសមែន នោះព្រះយេស៊ូវប្រាកដជានឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។

ខាង​ដើម៖ មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន

បន្ទាប់៖ មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ