ក. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ

៦៥. អ័ដាម និងអេវ៉ា ដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់កាលពីដើមដំបូងបង្អស់ គឺជាមនុស្សបរិសុទ្ធ ដែលអាចនិយាយបានថា ក្នុងពេលដែលស្ថិតនៅក្នុងសួនអេដែន ពួកគេជាមនុស្សបរិសុទ្ធ ដោយគ្មានប្រឡាក់ប្រឡូសនឹងសេចក្តីស្មោកគ្រោកឡើយ។ ពួកគេក៏ស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែរ ហើយមិនដឹងអ្វីសោះអំពីទង្វើក្បត់ចំពោះព្រះយេហូវ៉ា។ នេះគឺដោយសារតែពួកគេគ្មានសេចក្តីរំខាននៃឥទ្ធិពលរបស់សាតាំង គ្មានពិសរបស់សាតាំង ហើយពួកគេបរិសុទ្ធបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ពួកគេបានរស់នៅក្នុងសួនអេដែន មិនប្រឡាក់កខ្វក់ដោយអ្វីៗដែលស្មោកគ្រោក មិនត្រូវបានកាន់កាប់ដោយសាច់ឈាម ហើយគោរពកោតខ្លាចចំពោះព្រះយេហូវ៉ា។ ក្រោយមក នៅពេលដែលពួកគេត្រូវបានសាតាំងល្បួង ពួកគេមានពិសរបស់សត្វពស់ និងមានបំណងចង់ក្បត់ព្រះយេហូវ៉ា ហើយពួកគេបានរស់នៅក្រោមឥទ្ធិពលរបស់សាតាំង។ កាលពីដើមដំបូង ពួកគេជាមនុស្សបរិសុទ្ធ ហើយគោរពកោតខ្លាចព្រះយេហូវ៉ា គឺមានតែនៅក្នុងសភាពបែបនេះទេ ទើបពួកគេជាមនុស្ស។ ក្រោយមកទៀត បន្ទាប់ពីសាតាំងបានល្បួងពួកគេ ពួកគេបានទទួលទានផ្លែឈើចេញពីដើមដឹងខុសត្រូវ ហើយបានរស់នៅក្រោមឥទ្ធិពលរបស់សាតាំង។ បន្ដិចម្ដងៗ សាតាំងបានធ្វើឱ្យពួកគេពុករលួយ ហើយពួកគេបានបាត់បង់រូបកាយដើមជាមនុស្ស។ កាលពីដើមដំបូង មនុស្សមានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា គេគ្មានការមិនស្ដាប់បង្គាប់សូម្បីតែបន្ដិច ហើយគ្មានសេចក្ដីអាក្រក់នៅក្នុងចិត្តរបស់គេឡើយ។ នាពេលនោះ មនុស្សគឺជាមនុស្សដ៏ពិតប្រាកដ។ ក្រោយពេលដែលអារក្សធ្វើឱ្យពុករលួយ មនុស្សបានក្លាយជាសត្វតិរច្ឆាន។ គំនិតរបស់គេបានពេញដោយការអាក្រក់ និងសេចក្តីស្មោកគ្រោក ដោយគ្មានការល្អ ឬភាពបរិសុទ្ធសោះឡើយ។ តើនេះមិនមែនជាសាតាំងទេឬអី?

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៦. ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់ទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេសូន្យ។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តសង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងទៀត ដែលផ្ទុយនឹងការពិតដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ដើម្បីចាក់បំពេញដួងចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថាព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូរ និងភាពមហិមារបស់ព្រះជាម្ចាស់ លែងអើពើពីព្រះវត្តមានដ៏គង់នៅទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានសារជាតិ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ។ ...មានមនុស្សតិចណាស់ដែលខ្នះខ្នែងស្វែងរកទីកន្លែងដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់មានអធិបតេយ្យភាព និងរៀបចំទិសដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចតម្រូវតាមក្ដីប្រាថ្នាចង់បានរបស់មនុស្សលោក ដោយមនុស្សមិនបានដឹងខ្លួនសោះ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏សម្ដែងការមិនពេញចិត្តបែបនេះដែរ។ ទោះបីមេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ព្រោះគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មានបុគ្គលណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មានបុគ្គលណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយក៏គ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីបញ្ហានៃភាពទទេស្អាតបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្តសប្បាយ និងភាពស្រាកស្រាន្ត អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនៅតែប្រព្រឹត្តបាប និងរអ៊ូរទាំអំពីភាពមិនត្រឹមត្រូវនៅក្នុងសង្គម ដោយជៀសមិនផុតដែរ។ ការដែលមានចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្សដែលចង់រុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់ពួកគេ អាចត្រឹមនាំមកនូវសេចក្ដីទុក្ខព្រួយកាន់តែច្រើនមកលើពួកគេ និងធ្វើឱ្យមនុស្សរស់នៅក្នុងភាពថប់បារម្ភឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ រហូតដល់ថ្នាក់ដែលមនុស្សកាន់តែមានការភ័យខ្លាចចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេសូន្យនេះ។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានទេ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងទិសដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេសូន្យនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែគ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧. អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិចនិងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន(១) គ្មានមេត្តានិងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឱ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។(២) តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាគ្របបាំងភ្នែករបស់គេទាំងពីរ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឱ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីបំណងព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! តើនរណាបានក្រសោបយកកិច្ចការរបស់ព្រះជាម្ចាស់? តើនរណាបានលះបង់ជីវិត ឬបង្ហូរឈាមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់? ពីមួយជំនាន់ទៅមួយជំនាន់ ពីឪពុកម្ដាយទៅកូន មនុស្សដែលជាទាសករបានយកព្រះជាម្ចាស់ជាទាសករយ៉ាងច្រងេងច្រងាង តើទង្វើនេះមិនញ៉ាំងឱ្យមានសេចក្តីខ្ញាល់ម្ដេចនឹងកើតទៅ? រយៈពេលរាប់ពាន់ឆ្នាំនៃការស្អប់ដែលមាននៅក្នុងដួងចិត្ត រាជ្យមួយពាន់ឆ្នាំនៃអំពើបាបត្រូវបានចារឹកពីលើដួងចិត្ត តើការនេះអាចមិនបណ្ដាលឱ្យមានការស្អប់ខ្ពើមយ៉ាងម៉េចកើតទៅ? ព្រះជាម្ចាស់ដែលសងសឹក ដែលលុបបំបាត់សត្រូវរបស់ទ្រង់ទាំងស្រុង មិនបណ្តោយឱ្យវារត់ពាសវាលពាសកាលទៀតឡើយ ហើយក៏មិនបណ្ដោយឱ្យវាសោយរាជ្យជាស្ដេចត្រាញ់នោះដែរ! ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឱ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ។ ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? តើឯណាទៅជាទីដ៏កក់ក្ដៅនៅចំណោមមនុស្ស? តើឯណាទៅជាការស្វាគមន៍នៅក្នុងចំណោមមនុស្ស? ហេតុអ្វីបង្កឱ្យមានការស្រេកឃ្លានចង់បានព្រះជាម្ចាស់យ៉ាងខ្លាំង? ហេតុអ្វីចាំបាច់ឱ្យព្រះជាម្ចាស់ស្រែកហៅម្ដងហើយម្ដងទៀតដូច្នេះ? ហេតុអ្វីបង្ខំឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យចំពោះព្រះបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់? នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ ហេតុអ្វីបានជាពួកឆ្កែការពារដ៏កំសត់របស់វាមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពយាងមកនៅក្នុងចំណោមពិភពលោកដែលទ្រង់បានបង្កើតមក? ហេតុអ្វីបានជាមនុស្សដែលរស់នៅក្នុងការឈឺចាប់ និងទុក្ខវេទនានេះ មិនយល់ដូច្នេះ? សម្រាប់ជាប្រយោជន៍របស់អ្នករាល់គ្នា ព្រះជាម្ចាស់បានរងទារុណកម្មយ៉ាងខ្លាំង ទ្រង់បានប្រទានព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ដែលជាសាច់សាលោហិតរបស់ទ្រង់ ដល់អ្នករាល់គ្នា ទាំងឈឺព្រះទ័យយ៉ាងខ្លាំង ចុះហេតុអ្វីបានជាអ្នករាល់គ្នានៅតែខ្វាក់ភ្នែកមើលមិនឃើញទៀត? ដោយឃើញយ៉ាងច្បាស់អំពីមនុស្សគ្រប់គ្នា អ្នកបដិសេធការយាងមកដល់របស់ព្រះជាម្ចាស់ ព្រមទាំងបដិសេធចំពោះមិត្តភាពរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាអ្នកគ្មានហេតុផលបែបនេះ? តើអ្នករាល់គ្នាសុខចិត្តទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះឬ? ហេតុអ្វីបានជាមិនបំពេញពោះរបស់អ្នកដោយការស្អប់មួយពាន់ឆ្នាំ បែរជាខំញាត់ «លាមក» របស់ស្ដេចអារក្សចូលទៅក្នុងអ្នកទៅវិញ?

(ដកស្រង់ពី «កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «ចោទប្រកាន់គ្មានមូលដ្ឋាន» សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស។

(២) «ត្រូវបានការពារយ៉ាងមាំ» បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។


៦៨. ចាប់តាំងពីស្ថានលើដល់ស្ថានក្រោម ហើយចាប់តាំងពីដើមរហូតដល់ចប់ សាតាំងបានកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងទ្រង់ជារៀងរហូតមក។ រាល់ទាំងមេរៀនអំពី «កេរដំណែលវប្បធម៌ពីសម័យបុរាណ» «ចំណេះដឹងដ៏មានតម្លៃអំពីវប្បធម៌សម័យបុរាណ» «សេចក្តីបង្រៀនអំពីលទ្ធិតាវ និងលទ្ធិខុងជឺ» និង «វណ្ណគតិខុងជឺ និងក្បួនពិធីបែបសក្ដិភូមិ» បាននាំមនុស្សឱ្យធ្លាក់នរក។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ជឿនលឿននាសម័យទំនើប ក៏ដូចជាឧស្សាហកម្ម កសិកម្ម និងការធ្វើធុរកិច្ចតាមបែបអភិវឌ្ឍខ្ពស់ ក៏មិនត្រូវបានពួកគេមើលឃើញនោះដែរ។ ផ្ទុយទៅវិញ អ្វីដែលវាធ្វើនោះគឺសង្កត់ធ្ងន់ទៅលើក្បួនពិធីបែបសក្ដិភូមិ ដែលត្រូវបានផ្សព្វផ្សាយដោយ «ពួកមនុស្សស្វា» នាសម័យបុរាណ ដើម្បីមានចេតនាបង្អាក់ ប្រឆាំង និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។ វាមិនគ្រាន់តែតាមធ្វើបាបមនុស្ស រហូតមកដល់ពេលសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចង់លេប(១) មនុស្សចូលទាំងមូលទៀតផង។ ការផ្ទេរសេចក្តីបង្រៀនអំពីសីលធម៌ និងក្រមសីលធម៌របស់លទ្ធិសក្ដិភូមិ និងការផ្ទេរបន្តចំណេះដឹងអំពីវប្បធម៌បុរាណ បានធ្វើឱ្យមនុស្សរងទុក្ខជាយូរយារណាស់មកហើយ គឺវាបានប្រែក្លាយពួកគេឱ្យក្លាយជាពួកអារក្ស ទាំងតូចទាំងធំ។ មានមនុស្សតិចណាស់ដែលនឹងទទួលយកព្រះជាម្ចាស់យ៉ាងរីករាយ មានមនុស្សតិចណាស់ដែលស្វាគមន៍ការយាងមករបស់ទ្រង់ដោយចិត្តត្រេកអរ។ ទឹកមុខរបស់មនុស្សទាំងអស់ពោរពេញដោយចេតនាចង់ធ្វើឃាត ហើយនៅគ្រប់ទីកន្លែង ដង្ហើមនៃការកាប់សម្លាប់បានហោះហើរពាសពេញមេឃ។ ពួកវាព្យាយាមបណ្ដេញព្រះជាម្ចាស់ចេញពីទឹកដីនេះ ហើយទាំងកាន់កាំបិត និងដាវនៅក្នុងដៃ ពួកវាត្រៀមខ្លួនចូលប្រយុទ្ធ ដើម្បីកម្ចាត់ព្រះជាម្ចាស់ចោល «ឱ្យវិនាសសាបសូន្យ»។ នៅទូទាំងទឹកដីរបស់អារក្ស ជាទីដែលមនុស្សតែងតែទទួលការបង្ហាត់បង្រៀនថា គ្មានឡើយព្រះជាម្ចាស់ ជាទីដែលរូបចម្លាក់ព្រះមាននៅគ្រប់ច្រកល្ហក និងជាទីដែលខ្យល់អាកាសត្រូវបានបក់ផាត់ពេញដោយក្លិនផ្សែងដ៏គួរឱ្យចង់ក្អួតចេញពីការដុតក្រដាស និងធូប ផ្សែងអ័ព្ទយ៉ាងក្រាស់ សឹងតែស្ទះដង្ហើមស្លាប់។ វាមានក្លិនស្អុយដូចភក់ជ្រាំដែលភាយឡើងវិលវល់ដូចចលនាសត្វពស់ពិស ហើយស្អុយខ្លាំងពេក រហូតដល់ធ្វើឱ្យមនុស្សចង់ក្អួត។ ក្រៅពីនេះ ក៏មានឮសំឡេងសូត្រគម្ពីររបស់ពួកអារក្ស ជាសំឡេងមួយដែលហាក់ដូចជាចេញមកពីទីដ៏សែនឆ្ងាយនៅស្ថាននរក ហើយវាលាន់ឮខ្លាំងពេក រហូតដល់ធ្វើឱ្យមនុស្សម្នាក់ភ័យញាប់ញ័រ។ នៅគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ មានសុទ្ធតែរូបព្រះចម្រុះពណ៌ ដែលប្រែទឹកដីនេះឱ្យក្លាយជាពិភពមួយដែលត្រេកត្រអាលនឹងកាមគុណ ខណៈឯស្ដេចអារក្សបន្តសើចយ៉ាងអាក្រក់ គឺដូចផែនការអាក្រក់របស់វាបានជោគជ័យអ៊ីចឹង។ ក្នុងគ្រានេះ មនុស្សបន្តភ្លេចភ្លាំងទាំងស្រុង ហើយក៏មិនបានដឹងខ្យល់អ្វីសោះថា អារក្សបានធ្វើឱ្យគេពុករលួយ រហូតដល់កម្រិតមួយដែលពួកគេគ្មានអារម្មណ៍ដឹង ហើយគ្របបាំងក្បាលទាំងអាម៉ាស់។ ក្នុងពេលដូចគ្នានេះ វាក៏ចង់បោសសម្អាតចោលនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយបង្ខូច និងធ្វើឃាតទ្រង់ម្ដងទៀត គឺនេះហើយជាចេតនារបស់វាដែលចង់បំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ទ្រង់។ តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់មានឋានៈស្មើនឹងវាយ៉ាងដូចម្ដេចទៅ? តើវាអាចអត់ទ្រាំឱ្យព្រះជាម្ចាស់ «ជ្រៀតជ្រែង» កិច្ចការរបស់វានៅកណ្ដាលចំណោមមនុស្សនៅលើផែនដីដោយរបៀបណា? តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់បកអាក្រាតមុខមាត់ដ៏គួរឱ្យខ្ពើមរបស់វាយ៉ាងដូចម្ដេចទៅ? តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើឱ្យកិច្ចការរបស់វារញ៉េរញ៉ៃយ៉ាងដូចម្ដេច? តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឱ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឱ្យឃើញច្បាស់ ដើម្បីឱ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? ជាមួយព្រលឹងដ៏កខ្វក់ វានៅតែជឿថា ខ្លួនវាស្រស់ស្អាតហួសអ្វីនឹងថ្លែង។ នេះជាក្រុមឧក្រិដ្ឋជន!(២) ពួកវាចុះមកក្នុងពិភពរបស់មនុស្ស ដើម្បីញុះឱ្យមានការសប្បាយភ្លើតភ្លើន និងបង្កឱ្យមានកោលាហល ព្រមទាំងចលាចលយ៉ាងខ្លាំង រហូតដល់ពិភពលោកក្លាយជាទីកន្លែងមួយដែលមានចិត្តប្រែប្រួល និងសាវា ហើយដួងចិត្តរបស់មនុស្សពេញដោយភាពស្លន់ស្លោ និងការខ្វល់ខ្វាយ ហើយពួកវាបានលេងសើចជាមួយមនុស្សខ្លាំងជ្រុល រហូតដល់រូបរាងរបស់គេក្លាយជាមនុស្សមិនចំមនុស្ស សត្វមិនចំសត្វ គឺអាក្រក់យ៉ាងខ្លាំង ហើយបានធ្វើឱ្យបាត់ដានចុងក្រោយរបស់មនុស្សដើមដែលបរិសុទ្ធ។ លើសពីនេះទៅទៀត ពួកវាថែមទាំងចង់កាន់កាប់អំណាចជាស្ដេចនៅលើផែនដី។ ពួកវានៅចាំរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ រហូតដល់ទៅណាមិនកើត សូម្បីតែកំរិលខ្លួនតែបន្ដិចក៏មិនបានផង ហើយពួកវាបានរឹតមនុស្សយ៉ាងណែន ដូចជាស្ករតាំងម៉ែ។ ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរជាច្រើន និងបង្កឱ្យមានគ្រោះមហន្តរាយរាប់មិនអស់ តើពួកវានៅតែរំពឹងចង់បានអ្វីមួយ ក្រៅពីការវាយផ្ចាលទៀតឬ? ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឱ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាម្ដេចនឹងកើតទៅ? តើព្រះជាម្ចាស់អាចមិនមានសេចក្ដីក្រោធម្ដេចនឹងកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ!

(ដកស្រង់ពី «កិច្ចការ និងការចូល (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «លេប» សំដៅទៅលើឥរិយាបថដ៏សាហាវរបស់ស្ដេចអារក្ស ដែលកាន់កាប់មនុស្សទាំងស្រុង។

(២) «ក្រុមឧក្រិដ្ឋជន» គឺដូចគ្នាទៅនឹង «ក្រុមជើងកាង»។


៦៩. ចំណេះដឹងអំពីវប្បធម៌សម័យបុរាណ និងប្រវត្តិសាស្ត្រអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ បានបិទគំនិត សញ្ញាណ និងទស្សនៈយល់ឃើញរបស់មនុស្សយ៉ាងតឹងណែន ដោយមិនអាចជ្រួតជ្រាប និងមិនអាចបំបែកធាតុបានឡើយ។(១) មនុស្សរស់នៅក្នុងវដ្ដទីដប់ប្រាំបីជាន់នៃស្ថាននរក ជាទីដែលពួកគេដូចជាត្រូវបានព្រះជាម្ចាស់បំបោះបង់ចោលទៅក្នុងគុកដ៏ងងឹត ដែលពួកគេមិនអាចមើលឃើញពន្លឺថ្ងៃនោះឡើយ។ គំនិតសក្ដិភូមិបានសង្កត់សង្កិនមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេស្ទះខ្យល់ សឹងតែដកដង្ហើមមិនរួច។ ពួកគេអស់ខ្យល់ ហើយគ្មានកម្លាំងក្នុងការតបតឡើយ ដូច្នេះ អ្វីដែលពួកគេអាចធ្វើបាន គឺជាការអត់ទ្រាំ ទាំងខាំធ្មេញសង្កត់ចិត្តអត់មាត់មួយម៉ាត់...។ គ្មាននរណាម្នាក់ហ៊ានរើបម្រះ ឬក្រោកឈរទាមទារចង់បានសេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ឡើយ ដូច្នេះ មនុស្សគ្រាន់តែរស់នៅជីវិតមួយ អន់ជាងសត្វធាតុ ក្រោមការវាយធ្វើបាប និងការរំលោភបំពាននៃក្រមសីលធម៌បែបសក្ដិភូមិ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគេមិនធ្លាប់គិតចង់ស្វែងរកព្រះជាម្ចាស់ ដើម្បីរីករាយនឹងសុខសុភមង្គលនៅក្នុងពិភពលោករបស់មនុស្សឡើយ។ វាដូចជាមនុស្សបានរងការវាយដំខ្លាំងពេក រហូតដល់ថ្នាក់ ពួកគេដូចជាស្លឹកឈើដែលជ្រុះធ្លាក់នាសរទរដូវ ដែលស្វិតស្រពោន ស្ងួត និងមានស្លឹកពណ៌លឿងត្នោត។ មនុស្សបានបាត់បង់ការចងចាំ តាំងពីយូរយារណាស់មកហើយ។ ពួកគេរស់នៅក្នុងភាពតែលតោលនៅស្ថាននរក ដែលជាពិភពរបស់មនុស្ស ទាំងកំពុងទន្ទឹងរង់ចាំការយាងមកនៃគ្រាចុងក្រោយ ដើម្បីឱ្យពួកគេអាចត្រូវវិនាសជាមួយគ្នានៅស្ថាននរកនេះ គឺដូចគ្រាចុងក្រោយដែលពួកគេទន្ទឹងចាំនោះ ជាថ្ងៃដែលមនុស្សនឹងទទួលបានសេចក្ដីស្ងប់សុខអ៊ីចឹង។ ក្រមសីលធម៌បែបសក្ដិភូមិបានឆក់យកជីវិតរបស់មនុស្សឱ្យធ្លាក់ទៅក្នុង «ស្ថានឃុំព្រលឹង» ដោយធ្វើឱ្យមនុស្សមានកម្លាំងកាន់តែខ្សោយទៅៗក្នុងការប្រឆាំងតបត។ រាល់ការសង្កត់សង្កិនរុញច្រានមនុស្សមួយជំហានម្ដងៗឱ្យធ្លាក់កាន់តែជ្រៅចូលក្នុងស្ថានឃុំព្រលឹង គឺកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ រហូតដល់សព្វថ្ងៃនេះ ពួកគេបានក្លាយជាមនុស្សចម្លែកទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយព្យាយាមគេចវេះចេញពីទ្រង់ នៅពេលដែលពួកគេជួបទ្រង់។ មនុស្សមិនយកចិត្តទុកដាក់ចំពោះទ្រង់ ហើយទុកព្រះអង្គឱ្យឈរតែម្នាក់ឯងនៅជ្រុងម្ខាង គឺដូចមនុស្សមិនដែលស្គាល់ទ្រង់ និងមិនដែលបានឃើញទ្រង់ពីមុនមកអ៊ីចឹង។ ប៉ុន្តែ ព្រះជាម្ចាស់បានកំពុងតែរង់ចាំមនុស្សនៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនៃជីវិតរបស់មនុស្ស ដោយមិនបញ្ចេញព្រះពិរោធរបស់ទ្រង់ចំពោះគេទាល់តែសោះ គឺទ្រង់គ្រាន់តែរង់ចាំយ៉ាងស្ងប់ស្ងាត់ ដោយគ្មានមានព្រះបន្ទូលសូម្បីតែមួយម៉ាត់ ដើម្បីឱ្យមនុស្សប្រែចិត្ត និងចាប់ផ្ដើមជីវិតជាថ្មី។ ព្រះជាម្ចាស់បានយាងចូលក្នុងពិភពរបស់មនុស្សតាំងពីយូរ ដើម្បីចូលរួមចំណែកទទួលរួមជាមួយមនុស្សនូវទុក្ខវេទនានៃពិភពរបស់មនុស្ស។ រយៈពេលប៉ុន្មានឆ្នាំដែលទ្រង់បានរស់នៅជាមួយមនុស្ស គ្មាននរណាម្នាក់បានរកឃើញនូវអត្ថិភាពរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់គ្រាន់តែអត់ទ្រាំទាំងស្ងាត់ៗនឹងភាពស្មោកគ្រោកនៅក្នុងពិភពរបស់មនុស្ស ខណៈពេលទ្រង់កំពុងតែអនុវត្តកិច្ចការដែលទ្រង់បាននាំមកនៅក្នុងអង្គមនុស្ស។ ទ្រង់បន្តអត់ទ្រាំសម្រាប់ជាប្រយោជន៍ដល់បំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ និងសម្រាប់ជាប្រយោជន៍ដល់តម្រូវការរបស់មនុស្សជាតិ ដោយទទួលរងនូវទុក្ខវេទនាដែលមនុស្សមិនធ្លាប់បានជួបកាលពីមុនមក។ នៅក្នុងវត្តមានរបស់មនុស្ស ព្រះអង្គបានរង់ចាំគេស្ងាត់ៗ ហើយនៅក្នុងវត្តមានរបស់មនុស្ស ទ្រង់បានបន្ទាបអង្គទ្រង់សម្រាប់ជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ ហើយក៏សម្រាប់ជាប្រយោជន៍ដល់សេចក្តីត្រូវការរបស់មនុស្សជាតិផងដែរ។ ចំណេះដឹងអំពីវប្បធម៌សម័យបុរាណបានសម្ងំលួចមនុស្សពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយប្រគល់ពួកគេទៅឱ្យស្ដេចអារក្ស និងបរិវាររបស់វា។ សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ(ក) បាននាំយកគំនិត និងសញ្ញាណរបស់មនុស្សឱ្យចូលទៅក្នុងយុគសម័យនៃការបះបោរមួយទៀត ដោយធ្វើឱ្យពួកគេលើកតម្កើងកាន់តែខ្លាំងជាងពេលមុនៗចំពោះមនុស្សដែលបានចងក្រងសៀវភៅ/វណ្ណគតិនៃឯកសារទាំងនេះ ហើយជាលទ្ធផល វាធ្វើឱ្យសញ្ញាណរបស់គេអំពីព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរឡើង។ អ្វីដែលមនុស្សមិនបានដឹងនោះគឺថា ស្ដេចអារក្សបានបណ្ដេញព្រះជាម្ចាស់ចេញពីដួងចិត្តរបស់គេដោយគ្មានមេត្តា ហើយខ្លួនវាបានចូលកាន់កាប់យ៉ាងសប្បាយរីករាយ។ ចាប់តាំងពីពេលនោះមក មនុស្សបានមានព្រលឹងដ៏គគ្រក់ និងអាក្រក់ ហើយមានទឹកមុខរបស់ស្ដេចអារក្ស។ ចិត្តស្អប់ចំពោះព្រះជាម្ចាស់មានពេញក្នុងទ្រូងរបស់វា ហើយចិត្តព្យាបាទចងគំនុំរបស់ស្ដេចអារក្សបានសាយភាយនៅក្នុងមនុស្សពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាបានសាយភាពសព្វកន្លែងក្នុងមនុស្ស។ មនុស្សលែងមានសេរីភាពទៀតហើយ ហើយគេក៏គ្មានផ្លូវអាចផ្ដាច់ចំណងរបស់ស្ដេចអារក្សបានដែរ។ គេគ្មានជម្រើសអ្វីក្រៅពីជាប់ចំណងនៅមួយកន្លែង ទាំងលើកទង់ជ័យស ហើយលុតជង្គង់សុំចុះចូលនៅចំពោះវត្តមានរបស់វានោះទេ។ ជាច្រើនឆ្នាំមុន កាលដួងចិត្តនិងព្រលឹងរបស់មនុស្សនៅក្មេងខ្ចីនៅឡើយ ស្ដេចអារក្សបានដាំនៅក្នុងចិត្តរបស់គេនូវគ្រាប់ពូជនៃដុំសាច់លទ្ធិទមិឡ ដោយបង្រៀនគេអំពីជំនឿខុសឆ្គង ដូចជា «ត្រូវសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវទទួលស្គាល់ទំនើបភាវូបនីយកម្មទាំងបួន ហើយនៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់ឡើយ»។ លើសពីនេះទៅទៀត វាស្រែកឡើងនៅគ្រប់ឱកាសថា៖ «ចូរយើងពឹងអាងលើការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមរបស់យើង ដើម្បីកសាងនូវទឹកដីមួយដ៏ស្រស់បំព្រង» ដោយបង្គាប់ឱ្យមនុស្សគ្រប់គ្នាត្រៀមខ្លួន តាំងពីកុមារភាព ដើម្បីបម្រើយ៉ាងស្មោះត្រង់ចំពោះប្រទេសរបស់គេ។ ដោយមិនដឹងខ្លួន មនុស្សត្រូវបាននាំចូលទៅក្នុងវត្តមានរបស់វា ជាទីដែលវាខំស្រវាយកគ្រប់ទាំងការសរសើរសម្រាប់ខ្លួនវា ដោយគ្មានរអៀសខ្លួនទាល់តែសោះ (មានន័យថា រាល់ទាំងការសរសើរដែលជារបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រងលើមនុស្សជាតិទាំងអស់នៅក្នុងព្រះហស្តរបស់ទ្រង់)។ វាបានធ្វើបែបនេះ ដោយគ្មានខ្មាសអៀនសោះឡើយ។ លើសពីនេះទៅទៀត ដោយគ្មានកេរ្តិ៍ខ្មាស វាបានដណ្ដើមយកប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអូសពួកគេចូលទៅក្នុងផ្ទះរបស់វា ជាទីដែលវាលោតផ្លោះរំលងតុ ដូចជាសត្វកណ្ដុរ ហើយឱ្យមនុស្សថ្វាយបង្គំវាដូចជាព្រះជាម្ចាស់។ នេះជាជនឧក្រិដ្ឋច្បាស់ក្រឡែត! វាស្រែកឡើងនូវពាក្យបង្កាច់បង្ខូចដ៏រន្ធត់ ដូចជា៖ «នៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់អ្វីឡើយ។ ខ្យល់កើតមកពីបម្រែបម្រួលនៅក្នុងធម្មជាតិ។ ភ្លៀងកើតចេញមក នៅពេលដែលទឹកហួតឡើងលើមេឃ ហើយជួបជាមួយសីតុណ្ហភាពត្រជាក់ ក៏ចាប់ផ្ដើមកកក្លាយជាតំណក់ទឹកធ្លាក់មកលើផែនដី។ រញ្ជួយផែនដីគឺជាការរញ្ជួយនៃស្រទាប់ខាងលើនៃភពផែនដី ដោយសារតែការផ្លាស់ប្ដូរភូមិសាស្ត្រ។ ភាពរាំងស្ងួតកើតឡើង ដោយសារតែភាពស្ងួតនៅក្នុងខ្យល់ ដែលបង្កឡើងដោយការបំបែកចេញណឺត្រុងនៅលើផ្ទៃខាងលើនៃព្រះអាទិត្យ។ ទាំងនេះគឺជាបាតុភូតធម្មជាតិ។ នៅក្នុងហេតុការណ៍ទាំងអស់នេះ តើឯណាទៅជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់នោះ?» ថែមទាំងមានមនុស្សខ្លះស្រែកឡើងនូវប្រយោគដូចខាងក្រោម ជាប្រយោគដែលមិនគួរត្រូវបាននិយាយទាល់តែសោះ៖ «មនុស្សបានវិវត្តន៍ចេញពីសត្វស្វានៅក្នុងសម័យបុរាណ ហើយពិភពលោកសព្វថ្ងៃកើតចេញមកពីការប្រមូលផ្ដុំចូលគ្នានៃសារធាតុតូចៗ ចាប់តាំងពីរាប់លានឆ្នាំមុន។ ប្រទេសមួយរុងរឿង ឬដួលរលំ គឺអាស្រ័យទាំងស្រុងលើដៃនៃប្រជាជនប្រទេសនោះ»។ នៅលើជញ្ជាំង វាធ្វើឱ្យមនុស្សដាក់តាំងព្យួរវា ឬតាំងវានៅលើតុ ដើម្បីសម្ដែងការគោរព និងសែនព្រេនដល់វា។ ក្នុងពេលតែមួយដែលវាស្រែកឡើងថា «គ្មានព្រះជាម្ចាស់» វាក៏តាំងខ្លួនជាព្រះជាម្ចាស់ ដោយព្រហើនហ៊ានរុញច្រានព្រះជាម្ចាស់ចេញពីដែននៃផែនដី ខណៈពេលវាកំពុងតែឈរជំនួសកន្លែងព្រះជាម្ចាស់ ហើយកាន់តួនាទីជាស្ដេចអារក្ស។ វាពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! វាធ្វើឱ្យមនុស្សម្នាក់ស្អប់វាយ៉ាងខ្លាំង។ មើលទៅហាក់ដូចជា ព្រះជាម្ចាស់ និងវាជាសត្រូវស៊ូពូជ គឺបើមានម្នាក់ ត្រូវតែអត់ម្នាក់ទៀត។ វាមានគម្រោងបណ្ដេញព្រះជាម្ចាស់ចេញ ខណៈឯវាវិញដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់។(២) នេះហើយជាចរិតស្ដេចអារក្សនោះ! តើអត្ថិភាពរបស់វាអាចត្រូវបានប្រឆាំងយ៉ាងម៉េចកើតទៅ? វានឹងមិនសម្រាកឡើយ លុះត្រាតែវាបានបង្កឱ្យមានភាពរញ៉េរញ៉ៃដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យកិច្ចការរបស់ទ្រង់ច្របូកច្របល់ទាំងស្រុង(៣) គឺដូចវាចង់ប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុត រហូតដល់ប្រយុទ្ធស្លាប់រស់ ទាល់តែមានអ្នកស្លាប់ម្ខាងៗ វាបានតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ ហើយស៊ូប្រយុទ្ធកាន់តែខ្លាំងទៅៗ។ មុខដ៏គួរឱ្យស្អប់របស់វា ត្រូវបានលាតត្រដាងតាំងពីយូរណាស់មកហើយ ឥឡូវនេះ វាជាំបែកមុខបែកមាត់(៤) និងស្ថិតនៅក្នុងស្ថានភាពដ៏គួរឱ្យអាណិត ប៉ុន្តែវានឹងមិនបន្ថយចិត្តស្អប់របស់វាចំពោះព្រះជាម្ចាស់ឡើយ គឺលុះត្រាតែបានលេបត្របាក់ព្រះជាម្ចាស់យ៉ាងពេញមាត់ ទើបវានឹងអាចបន្ធូរអារម្មណ៍ស្អប់ ដែលបានលាក់ទុកនៅក្នុងចិត្តរបស់វាតាំងពីយូរ។ ធ្វើយ៉ាងម៉េចឱ្យយើងអាចអត់ទ្រាំចំពោះវា ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់នេះទៅ! មានតែពេលវាត្រូវវិនាសហិនហោច និងអន្តរាយទាំងស្រុងទេ ទើបបំណងប្រាថ្នានៃជីវិតរបស់យើងនឹងក្លាយជាការពិតបាន។ តើវាត្រូវបានបណ្ដោយឱ្យបន្តរត់ខ្មឺតដោយរបៀបណា? វាបានធ្វើឱ្យមនុស្សក្លាយជាពុករលួយដល់កម្រិតមួយដែលគេលែងស្គាល់មេឃដី ហើយក្លាយជាស្ពឹកស្រពន់ និងគ្មានអារម្មណ៍ទាល់តែសោះ។ មនុស្សបានបាត់បង់នូវការត្រិះរិះពិចារណាជាមនុស្សធម្មតា។ ហេតុអ្វីមិនពលីខ្លួនរបស់យើងទាំងមូល ដើម្បីបំផ្លាញវា ហើយដុតវាចោល ដើម្បីលុបបំបាត់គ្រប់ទាំងការខ្វល់ខ្វាយសម្រាប់ពេលអនាគត ហើយអនុញ្ញាតឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់ទទួលបានសិរីរុងរឿងកាន់តែឆាប់តាមតែអាចធ្វើទៅបាន? ពួកចោលម្សៀតមួយក្រុមនេះបានចូលក្នុងពិភពរបស់មនុស្ស ហើយបានបង្កឱ្យមានចលាចលកើតឡើង។ ពួកវាបាននាំមនុស្សជាតិទាំងអស់ឱ្យចូលទៅមាត់ជ្រោះ ដោយរៀបចំផែនការស្ងាត់ៗក្នុងការរុញច្រានពួកគេឱ្យវិនាសហិចហោចក្លាយជាបំណែកតូចៗ ដើម្បីឱ្យពួកវាអាចស៊ីត្របាក់សាកសពរបស់ពួកគេ។ ពួកវាសង្ឃឹមដោយអសារចង់បំផ្លាញផែនការរបស់ព្រះជាម្ចាស់ ហើយចង់ចូលប្រកួតទាស់នឹងទ្រង់ ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ។(៥) ការនេះមិនស្រួលសោះឡើយ! ជារួមមក ឈើឆ្កាងត្រូវបានរៀបចំជាស្រេចសម្រាប់ស្ដេចអារក្ស ដែលមានទោសពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត។ ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិរបស់ឈើឆ្កាងឡើយ។ ទ្រង់បានបោះវាទៅម្ខាងសម្រាប់អារក្សរួចស្រេចទៅហើយ។ ព្រះជាម្ចាស់បានមានជ័យជម្នះតាំងពីយូរ ហើយទ្រង់លែងមានព្រះទ័យទួញសោកចំពោះអំពើបាបរបស់មនុស្សជាតិទៀតហើយ ប៉ុន្តែព្រះអង្គនឹងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិទាំងអស់វិញ។

(ដកស្រង់ពី «កិច្ចការ និងការចូល (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «មិនអាចបំបែកធាតុបាន» ត្រូវបានប្រើនៅក្នុងចេតនាដៀលត្មះ ដោយមានន័យថា មនុស្សប្រិតប្រៀងនៅក្នុងចំណេះដឹង វប្បធម៌ និងទស្សនៈខាងវិញ្ញាណរបស់ពួកគេ។

(២) «ដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់» បង្ហាញថា អារក្សក្លាយជាឆ្កួតឡប់ ហើយរត់ពាសវាលពាសកាល។

(៣) «ច្របូកច្របល់ទាំងស្រុង» សំដៅទៅលើរបៀបដែលឥរិយាបថហិង្សារបស់អារក្ស ពិបាកអត់ទ្រាំក្នុងការមើលណាស់។

(៤) «ជាំបែកមុខបែកមាត់» សំដៅទៅលើមុខមាត់ដ៏អាក្រក់របស់ស្ដេចអារក្ស។

(៥) «ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ» មានន័យថា ភ្នាល់លុយទាំងអស់របស់ខ្លួននៅមួយក្ដារចុងក្រោយ ដោយសង្ឃឹមថា ខ្លួននឹងឈ្នះនៅទីបំផុត។ នេះគឺជាន័យប្រៀបធៀបមួយសម្រាប់ផែនការអាក្រក់ និងគួរឱ្យខ្លាចរបស់អារក្ស។ ឃ្លានេះត្រូវបានប្រើនៅក្នុងន័យចំអក។

(ក) សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ គឺជាសៀវភៅនៃលទ្ធិខុងជឺរបស់អាជ្ញាធរក្នុងប្រទេសចិន។


៧០. នៅក្នុងអ្វីដែលមនុស្សហៅថាជាចំណេះដឹងនេះ សាតាំងបានបញ្ជ្រាបទស្សនវិជ្ជាអំពីការរស់នៅ និងការគិតរបស់វាចូលក្នុងនោះបន្តិចបន្តួចដែរ។ ហើយនៅពេលដែលសាតាំងធ្វើបែបនេះ វាអនុញ្ញាតឱ្យមនុស្សប្រើគំនិត ទស្សនវិជ្ជា និងទស្សនៈយល់ឃើញរបស់វា ដើម្បីឱ្យមនុស្សអាចបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ បដិសេធការត្រួតត្រារបស់ព្រះជាម្ចាស់ទៅលើរបស់សព្វសារពើ និងលើវាសនារបស់មនុស្ស។ ដូច្នេះ នៅពេលដែលការសិក្សារបស់មនុស្សកាន់តែចម្រើនទៅមុខ ហើយនៅពេលគេទទួលបានចំណេះដឹងកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែស្រពេចស្រពិលអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយគេថែមទាំងលែងមានអារម្មណ៍ថា ព្រះជាម្ចាស់មានពិតប្រាកដមែនថែមទៀតផង។ ដោយសារសាតាំងបានបណ្ដុះគំនិត ទស្សនៈ និងសញ្ញាណជាក់លាក់មួយចំនួននៅក្នុងខ្លួនមនុស្ស ដូច្នេះហើយ នៅពេលដែលសាទាំងបានចាក់បំពេញជាតិពិសនេះចូលក្នុងខ្លួនមនុស្សហើយ តើមនុស្សនឹងមិនត្រូវចាញ់កល់ និងត្រូវសាតាំងធ្វើឱ្យពុករលួយទេឬអី? ដូច្នេះ តើអ្នករាល់គ្នាយល់ឃើញថា មនុស្សសព្វថ្ងៃនេះរស់នៅតាមអ្វីដែរ? តើពួកគេមិនមែនរសនៅតាមចំណេះដឹង និងគំនិតដែលសាតាំងបានបណ្ដុះនេះទេឬអី? ហើយអ្វីៗដែលលាក់បាំងនៅក្នុងចំណេះដឹងនិងគំនិតនេះ តើវាមិនមែនជាទស្សនវិជ្ជា និងជាតិពិសរបស់សាតាំងទេឬអី? មនុស្សរស់នៅតាមទស្សនៈវិជ្ជានិងជាតិពិសរបស់សាតាំង។ ហើយតើចំណុចស្នូលនៃការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយជាអ្វី? សាតាំងចង់ឱ្យមនុស្សធ្វើការបដិសេធ ជំទាស់ និងក្រោកឈរប្រឆាំងនឹងព្រះជាម្ចាស់ដូចជាវាដែរ។ នេះជាគោលដៅរបស់សាតាំងក្នុងការធ្វើឱ្យមនុស្សពុករលួយ ហើយក៏ជាមធ្យោបាយដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយផងដែរ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៧១. ក្នុងអំឡុងពេលនៃដំណើរការរៀនសូត្រពីចំណេះដឹងរបស់មនុស្ស សាតាំងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង មិនថាតាមរយៈការនិទានរឿងជាច្រើននោះទេ គឺសុទ្ធតែដើម្បីផ្ដល់ឱ្យគេនូវចំណេះដឹងខ្លះៗ ឬអនុញ្ញាតឱ្យពួកគេបំពេញបំណងប្រាថ្នា ឬមហិច្ឆតារបស់ពួកគេ។ តើផ្លូវអ្វីដែលសាតាំងចង់ដឹកនាំអ្នកចុះទៅ? មនុស្សគិតថាវាមិនមានអ្វីខុសឆ្គងទេចំពោះការរៀនសូត្រពីចំណេះដឹងនោះ ដ្បិតវាជារឿងធម្មតាទៅហើយ។ និយាយឱ្យស្រួលស្ដាប់ទៅ ដើម្បីឱ្យមានការជំរុញឧត្តមគតិខ្ពង់ខ្ពស់ ឬឱ្យមានមហិច្ឆតា គឺត្រូវតែមានការជំរុញ ហើយនេះគឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ តើវាមិនមែនជាវិធីដ៏ប្រសើររុងរឿងមួយទេឬអី សម្រាប់មនុស្សក្នុងការរស់នៅ ប្រសិនបើពួកគេអាចដឹងពីឧត្តមគតិផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រេចបាននូវអាជីពដោយជោគជ័យ? តាមរយៈការធ្វើអ្វីៗទាំងនេះ មនុស្សមិនត្រឹមតែអាចគោរពដល់បុព្វបុរសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបន្សល់ទុកនូវប្រវតិ្តសាស្រ្តផងដែរ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងល្អនៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ ហើយចំពោះពួកគេ វាគួរតែជារឿងត្រឹមត្រូវ និងវិជ្ជមាន។ ដូច្នេះ ចំពោះបំណងអាក្រក់របស់សាតាំង ដែលនាំមនុស្សដើរលើផ្លូវប្រភេទនេះ តើវាមិនល្អដែរទេឬអី? វាមិនមែនជារឿងល្អនោះទេ។ តាមពិតទៅ មិនថាសេចក្ដីប្រាថ្នារបស់មនុស្សខ្ពង់ខ្ពស់យ៉ាងណា មិនថាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬសមហេតុផលយ៉ាងណាក៏ដោយ ក៏អ្វីៗដែលមនុស្សចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពេញមួយជីវិតរបស់ពួកគេ ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ «កិត្តិយស» និង «ផលប្រយោជន៍»។ សាតាំងប្រើវិធីសាស្ត្រដ៏ស្រទន់មួយ ជាវិធីសាស្ត្រដែលស្របតាមសញ្ញាណរបស់មនុស្សយ៉ាងខ្លាំង ហើយដែលមិនមានលក្ខណៈខ្លាំងក្លានោះទេ ដើម្បីឱ្យមនុស្ស ទទួលយកមធ្យោបាយ និងច្បាប់នៃការរស់រានរបស់វា បង្កើតគោលដៅ និងទិសដៅជីវិត ហើយមានសេចក្ដីប្រាថ្នាក្នុងជីវិត ដោយមិនដឹងខ្លួន។ ទោះបីជាការពណ៌នារបស់មនុស្សអំពីសេចក្ដីប្រាថ្នានៃជីវិតរបស់ពួកគេ ស្ដាប់ទៅអស្ចារ្យយ៉ាងណាក៏ដោយ ក៏មហិច្ឆិតាទាំងនេះមិនផុតពីការដេញតាមកិត្តិនាម និង ផលប្រយោជន៍ដែរ។ អ្វីគ្រប់យ៉ាងដែលមហាបុរស ឬបុគ្គលល្បីល្បាញណាម្នាក់ ឬតាមពិតទៅ នរណាក៏ដោយ គឺដេញតាមពេញមួយជីវិតរបស់ពួកគេ ដើម្បីតែនឹងពាក្យពីរម៉ាត់នេះប៉ុណ្ណោះ គឺ «កិត្តិនាម» និង «ផលប្រយោជន៍»។ មនុស្សគិតថា ពេលណាដែលពួកគេមានកិត្តិនាម និងផលប្រយោជន៍ហើយ ពួកគេមានដើមទុនដើម្បីរីករាយនឹងឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជីវិត។ ពួកគេគិតថា ពេលណាដែលពួកគេមានកិត្តិនាម និងផលប្រយោជន៍ហើយ ពួកគេមានដើមទុនដើម្បីស្វែងរកការសប្បាយ និងដើម្បីបណ្ដោយខ្លួនក្នុងការសប្បាយខាងសាច់ឈាមតាមអំពើចិត្ត។ ដើម្បីជាប្រយោជន៍ដល់កិត្តិនាម និងផលប្រយោជន៍ដែលពួកគេប្រាថ្នានេះ មនុស្សបានប្រគល់រូបកាយ ដួងចិត្ត និង អ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេ ទៅឱ្យសាតាំង ដោយរីករាយ និង ដោយមិនដឹងខ្លួន។ ពួកគេធ្វើដូច្នេះដោយគ្មានការស្ទាក់ស្ទើរ ដោយគ្មានការសង្ស័យសូម្បីតែបន្ដិចហើយមិនដែលដឹងថាត្រូវទាមទារយកមកវិញនូវអ្វីៗទាំងអស់ដែលពួកគេធ្លាប់មាននោះទេ។ តើមនុស្សអាចរក្សាការគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ នៅពេលដែលពួកគេបានចុះចូលនឹងសាតាំង ហើយបានស្មោះត្រង់ចំពោះវាបែបនោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលទាំងស្រុងទៅក្នុងទីភក់នេះ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលសុចរិត ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែអំណាចងប់ងល់នៃកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ នៅលើមនុស្សវាធំខ្លាំងពេក ហើយពួកវាបានក្លាយជាអ្វីដែលមនុស្សដេញតាមស្វែងរកនៅក្នុងជីវិតរបស់ពួកគេ និងអស់កល្បជានិច្ចគ្មានទីបញ្ចប់។ តើនេះមិនពិតទេឬអី? មនុស្សមួយចំនួននឹងនិយាយថា ការរៀនសូត្រពីចំណេះដឹង គឺគ្មានអ្វីក្រៅពីការអានសៀវភៅ ឬការរៀនអ្វីមួយចំនួនដែលអ្នកមិនបានដឹង ដើម្បីកុំឱ្យដើរមិនទាន់សម័យកាល ឬត្រូវបានពិភពលោកបោះបង់ចោល។ ចំណេះដឹងគឺត្រូវបានរៀនសូត្រតែក្នុងគោលបំណងដើម្បីចិញ្ចឹមជីវិត សម្រាប់អនាគតផ្ទាល់ខ្លួន ឬដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ជាមូលដ្ឋានប៉ុណ្ណោះ។ តើមានមនុស្សណាដែលស៊ូទ្រាំនឹងការខិតខំសិក្សាយ៉ាងច្រើនអស់រយៈពេលមួយទសវត្សរ៍ គ្រាន់តែដើម្បីតម្រូវការចាំបាច់ជាមូលដ្ឋាន ឬគ្រាន់តែដើម្បីដោះស្រាយបញ្ហាជីវភាពនោះ? ទេ គ្មាននរណាធ្វើបែបនេះឡើយ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សត្រូវទទួលរងនូវការលំបាកទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំបែបនេះ? គឺដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ កិត្តិយស និងបុណ្យសក្ដិកំពុងរង់ចាំពួកគេពីចម្ងាយ ហើយក៏កំពុងហៅពួកគេផងដែរ ពួកគេជឿថាមានតែតាមរយៈការឧស្សាហ៍ព្យាយាម ការលំបាក និងការតស៊ូរបស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចដើរតាមផ្លូវដែលនាំឱ្យពួកគេទទួលបានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍បាន។ មនុស្សបែបនេះ ត្រូវតែរងនូវការលំបាកទាំងនេះ សម្រាប់ផ្លូវអនាគតផ្ទាល់ខ្លួន ដើម្បីភាពរីករាយនាពេលអនាគត និងដើម្បីទទួលបានជីវិតប្រសើរ។ តើអ្នករាល់គ្នាអាចប្រាប់ខ្ញុំបានទេថា ចំណេះដឹងនេះជាអ្វី? តើវាមិនមែនជាច្បាប់ និងទស្សនវិជ្ជាសម្រាប់ការរស់នៅ ដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្សដូចជា «ស្រឡាញ់គណៈបក្ស ស្រឡាញ់ប្រទេស និងស្រឡាញ់សាសនារបស់អ្នក» ហើយ «មនុស្សឆ្លាតចេះបត់បែនតាមកាលៈទេសៈ» ទេឬអី? តើវាមិនមែនជា «ឧត្តមគតិដ៏ខ្ពង់ខ្ពស់» នៃជីវិតដែលសាតាំងបានបណ្តុះនៅក្នុងមនុស្សទេឬអី? ជាឧទាហរណ៍ សូមគិតអំពីគំនិតរបស់មនុស្សអស្ចារ្យ សេចក្តីស្មោះត្រង់របស់មនុស្សល្បីល្បាញ ឬភាពក្លាហាននៃឥស្សរជន វីរៈបុរស ឬក៏ភាពក្លាហានប្រកបដោយសីលធម៌ និងសេចក្តីសប្បុរសរបស់តួឯក និងអ្នកគុនដាវនៅក្នុងប្រលោមលោកសិល្បៈក្បាច់គុនជាដើម តើទាំងនេះមិនមែនជារបៀបដែលសាតាំងបញ្ចូលក្នុងគំនិតទាំងអស់នេះទេឬអី? គំនិតទាំងនេះជះឥទ្ធិពលដល់មនុស្សពីជំនាន់មួយទៅជំនាន់មួយ ហើយមនុស្សនៅក្នុងជំនាន់នីមួយៗ ត្រូវបាននាំឱ្យទៅទទួលយកគំនិតទាំងនេះ។ ពួកគេនៅជាប់គាំងជានិច្ចក្នុងការស្វះស្វែងរក «ឧត្តមគតិដ៏ខ្ពង់ខ្ពស់» ដែលពួកនឹងគេថែមទាំងហ៊ានលះបង់ជីវិតរបស់ពួកគេសម្រាប់ការនោះទៀងផង។ នេះជាមធ្យោបាយ និងយុទ្ធសាស្រ្ដ ដែលសាតាំងប្រើចំណេះដឹង ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ដូច្នេះ បន្ទាប់ពីសាតាំងដឹកនាំមនុស្សមកតាមគន្លងនេះហើយ តើពួកគេអាចស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់បានឬទេ? ហើយតើពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វះស្វែងរកសេចក្ដីពិតឬទេ? ពិតជាមិនមែនទេ ដោយព្រោះពួកគេត្រូវបានសាតាំងនាំឱ្យវង្វេង។ ចូរយើងពិនិត្យមើលម្តងទៀតអំពីចំណេះដឹង គំនិត និងយោបល់ដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្ស៖ តើការទាំងនេះ មានសេចក្ដីពិតនៃការស្តាប់បង្គាប់ព្រះជាម្ចាស់ និងការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើមានសេចក្ដីពិតនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ? តើមានព្រះបន្ទូលខ្លះរបស់ព្រះជាម្ចាស់ដែរឬទេ? តើមានអ្វីនៅក្នុងពួកគេ ដែលទាក់ទងនឹងសេចក្ដីពិត? គ្មានទាល់តែសោះ។ ការទាំងនេះ គឺមិនមានសោះឡើយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៧២. សាតាំងប្រើកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេទ្រាំទ្រនឹងខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍នេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់សាតាំង។ ឥឡូវនេះ ក្រឡេកមើលសកម្មភាពរបស់សាតាំង តើបំណងដ៏ពិសពុលរបស់វា មិនគួរឱ្យស្អប់បំផុតទេឬ? ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលធ្លុះបំណងដ៏ពិសពុលរបស់សាតាំង ព្រោះអ្នករាល់គ្នាគិតថា ជីវិតនឹងគ្មានខ្លឹមសារ បើគ្មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយអ្នករាល់គ្នាគិតថា បើមនុស្សបោះបង់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ចោល នោះពួកគេនឹងលែងអាចមើលឃើញផ្លូវទៅមុខទៀតហើយ មិនអាចមើលឃើញគោលដៅរបស់ពួកគេទៀតទេ ហើយអនាគតរបស់ពួកគេនឹងក្លាយទៅជាងងឹត ស្រអាប់ និងអាប់អួរ។ ប៉ុន្តែ បន្តិចម្ដងៗ ថ្ងៃណាមួយ អ្នករាល់គ្នានឹងទទួលស្គាល់ទាំងអស់គ្នា ថា កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍គឺជាខ្នោះដ៏ធំ ដែលសាតាំងដាក់លើមនុស្ស នៅពេលថ្ងៃនោះមកដល់ អ្នកនឹងប្រឆាំងនឹងការគ្រប់គ្រងរបស់សាតាំងទាំងស្រុង ហើយប្រឆាំងយ៉ាងខ្លាំងនឹងខ្នោះដែលសាតាំងបាននាំមកកាន់អ្នក។ នៅពេលដែលពេលវេលាមកដល់ដែលអ្នកចង់ដោះលែងខ្លួនអ្នកពីរឿងទាំងអស់នេះដែលសាតាំងបានបណ្តុះនៅក្នុងអ្នក ពេលនោះ អ្នកនឹងកាត់ផ្ដាច់ពីសាតាំងយ៉ាងដាច់ស្រេច ហើយអ្នកនឹងស្អប់យ៉ាងពិតប្រាកដចំពោះអ្វីៗទាំងអស់ដែលសាតាំងបាននាំមកឱ្យអ្នក។ មានតែពេលនោះទេដែលអ្នកនឹងមានសេចក្ដីស្រឡាញ់ពិតប្រាកដ និងការប្រាថ្នាចង់បានព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៧៣. អ្វីដែលវិទ្យាសាស្ត្រផ្ដល់ដល់មនុស្សនោះគឺគ្រាន់តែអនុញ្ញាតឱ្យមនុស្សមើលឃើញវត្ថុនៅក្នុងពិភពរូបធាតុនេះ និងដើម្បីជួយចម្អែតចំណង់ចង់ដឹងចង់ស្គាល់របស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជួយឱ្យមនុស្សមើលឃើញពីច្បាប់ដែលព្រះជាម្ចាស់មានការត្រួតត្រាលើរបស់សព្វសារពើឡើយ។ មនុស្សហាក់ដូចជាចង់ស្វែងរកចម្លើយខាងវិទ្យាសាស្ត្រ ប៉ុន្តែចម្លើយទាំងនោះធ្វើឱ្យមានភាពច្របូកច្របល់ ហើយនាំមកនូវការពេញចិត្តតែមួយគ្រាប៉ុណ្ណោះ ជាការពេញចិត្តដែលគ្រាន់តែជួយបង្ខាំងចិត្តមនុស្សនៅត្រឹមពិភពរូបធាតុនេះប៉ុណ្ណោះ។ មនុស្សមានអារម្មណ៍ថា ពួកគេបានទទួលចម្លើយពីវិទ្យាសាស្ត្រ ដូច្នេះ មិនថាមានបញ្ហាអ្វីកើតឡើងទេ ពួកគេប្រើទស្សនៈតាមបែបវិទ្យាសាស្ត្រមកធ្វើជាមូលដ្ឋាន ដើម្បីបញ្ជាក់ និងទទួលយកបញ្ហានោះ។ ចិត្តរបស់មនុស្សបានងប់ងល់នឹងវិទ្យាសាស្ត្រ ហើយត្រូវវិទ្យាសាស្រ្តគ្រប់គ្រងទាំងស្រុង រហូតដល់ថ្នាក់មនុស្សលែងមានគំនិតចង់ស្គាល់ព្រះជាម្ចាស់ លែងចង់ថ្វាយបង្គំព្រះជាម្ចាស់ លែងជឿថារបស់សព្វសារពើមកពីព្រះជាម្ចាស់ និងលែងជឿថាមនុស្សគួរតែទៅរកទ្រង់ដើម្បីបានចម្លើយទៀតហើយ។ តើមិនដូច្នេះទេឬអី? កាលណាមនុស្សជឿលើវិទ្យាសាស្ត្រកាន់តែខ្លាំង នោះគេកាន់តែភ្លើ កាន់តែជឿថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយបែបវិទ្យាសាស្ត្រ កាន់តែជឿថាការស្រាវជ្រាវអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន។ ពួកគេមិនស្វែងរកព្រះជាមា្ចស់ ហើយគេមិនជឿថា ព្រះជាម្ចាស់មានពិតប្រាកដនោះទេ។ នៅពេលប្រឈមនឹងបញ្ហាណាមួយ សូម្បីតែមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់ជាយូរមកហើយក៏ដោយ ក៏នៅតែប្រើកុំព្យូទ័រដើម្បីរកមើលចម្លើយដែរ។ ពួកគេជឿតែលើចំណេះដឹងវិទ្យាសាស្រ្តប៉ុណ្ណោះ។ ពួកគេមិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិតឡើយ ពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិបានឡើយ ហើយពួកគេមិនបានគិតពិចារណាពីបញ្ហាជាច្រើនរបស់មនុស្សជាតិ តាមទិដ្ឋភាពនៃសេចក្ដីពិតឡើយ។ មិនថាពួកគេជួបប្រទះបញ្ហាអ្វីនោះទេ ពួកគេមិនដែលអធិស្ឋានទៅព្រះជាម្ចាស់ ឬស្វែងរកដំណោះស្រាយដោយស្វែងរកការពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងបញ្ហាជាច្រើន ពួកគេជ្រើសរើសជឿថា ចំណេះដឹងអាចដោះស្រាយបញ្ហាបាន។ សម្រាប់ពួកគេ វិទ្យាសាស្ត្រគឺជាចម្លើយតែមួយគត់។ នៅក្នុងចិត្តមនុស្សបែបនេះ គ្មានព្រះជាម្ចាស់ឡើយ។ ពួកគេជាអ្នកមិនជឿព្រះ ហើយទស្សនៈរបស់ពួកគេចំពោះជំនឿលើព្រះជាម្ចាស់ គឺមិនខុសពីអ្នកសិក្សាជ្រៅជ្រះ និងអ្នកវិទ្យាសាស្ត្រល្បីៗនោះទេ ដែលតែងតែព្យាយាមពិនិត្យពិច័យពីព្រះជាម្ចាស់ តាមវិធីសាស្ត្របែបវិទ្យាសាស្ត្រជានិច្ច។ ឧទាហរណ៍៖ មានអ្នកជំនាញខាងសាសនាជាច្រើននាក់ដែលបានឡើងទៅលើភ្នំ ដែលទូកធំបានទើរនៅទីនោះ ហើយពួកគេក៏បានបញ្ជាក់ពីវត្តមាននៃទូកធំនោះមែន។ ប៉ុន្តែ ទោះបីគេទទួលស្គាល់ពីវត្តមានរបស់ទូកធំនោះក៏ដោយ ក៏ពួកគេមិនយល់ថាមានព្រះជាម្ចាស់នោះដែរ។ ពួកគេជឿតែទៅលើសាច់រឿង និងប្រវត្តិសាស្ត្រប៉ុណ្ណោះ។ នេះហើយជាលទ្ធផលចេញពីការស្រាវជ្រាវ និងការសិក្សាបែបវិទ្យាសាស្ត្ររបស់គេអំពីពិភពរូបធាតុនេះ។ បើអ្នកស្រាវជ្រាវលើវត្ថុអ្វីមួយ មិនថាជាអតិសុខុមជីវសាស្ត្រ តារាសាស្ត្រ ឬភូមិសាស្ត្រឡើយ នោះអ្នកនឹងមិនដែលរកឃើញលទ្ធផលដែលកំណត់ថា ព្រះជាម្ចាស់មានពិតនោះទេ ឬថាទ្រង់មានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ។ ដូច្នេះ តើវិទ្យាសាស្ត្រមានប្រយោជន៍អ្វីខ្លះសម្រាប់មនុស្ស? តើវាមិនមែនធ្វើឱ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ទេឬអី? តើវាមិនធ្វើឱ្យមនុស្សយកព្រះជាម្ចាស់មកធ្វើជាកម្មវត្ថុនៃការសិក្សាទេឬអី? តើវាមិនមែនធ្វើឱ្យមនុស្សកាន់តែសង្ស័យពីអត្ថិភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយក៏បដិសេធ និងក្បត់ព្រះជាម្ចាស់ទេឬអី? នេះហើយជាផលវិបាក។ ដូច្នេះ នៅពេលសាតាំងប្រើប្រាស់វិទ្យាសាស្ត្រ ដើម្បីធ្វើឱ្យមនុស្សពុករលួយ តើសាតាំងកំពុងព្យាយាមចង់សម្រេចគោលបំណងអ្វី? វាចង់ប្រើសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រ ដើម្បីបោកបញ្ឆោតមនុស្ស ដើម្បីឱ្យមនុស្សស្ពឹកស្រពន់ ហើយប្រើចម្លើយមិនច្បាស់លាស់មកដាក់នៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឱ្យពួកគេឈប់ស្វែងរក ឬឈប់ជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទៀត។ ហេតុដូច្នេះហើយបានជាខ្ញុំនិយាយថា វិទ្យាសាស្ត្រគឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយនោះ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៧៤. សាតាំងបានប្រឌិត និងបង្កើតរឿងព្រេងឬរឿងរ៉ាវជាច្រើន ដែលមាននៅក្នុងសៀវភៅប្រវត្តិសាស្រ្តដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតួលេខវប្បធម៌ ឬអបិយជំនឿជាដើម។ ឧទាហរណ៍នៅក្នុងប្រទេសចិន មានរឿងព្រេងល្បីៗមួយចំនួនដូចជា៖ «មនុស្សអមតៈទាំងប្រាំបីនាក់ឆ្លងកាត់សមុទ្រ» «ដំណើរទៅទិសខាងលិច» «អធិរាជមេឃា» «ទេវបុត្រណាចាយកឈ្នះលើស្តេចនាគ» និង «ពិធីតែងតាំងទេវតា» ជាដើម។ តើអ្វីៗទាំងនេះមិនមាននៅក្នុងគំនិតរបស់មនុស្សទេឬអី? ទោះបីជាអ្នកខ្លះមិនដឹងសាច់រឿងលម្អិតទាំងអស់នេះក៏ដោយ ក៏អ្នកនៅតែដឹងរឿងរ៉ាវទូទៅ ហើយខ្លឹមសារទូទៅនេះនឹងដក់នៅក្នុងចិត្តនិងគំនិតរបស់អ្នក ដែលធ្វើឱ្យអ្នកមិនអាចបំភ្លេចវាបានឡើយ។ ទាំងនេះគឺជាគំនិត ឬរឿងព្រេងផ្សេងៗដែលសាតាំងបានរៀបចំសម្រាប់មនុស្សតាំងពីយូរយារណាស់មកហើយ ហើយវាត្រូវបានផ្សព្វផ្សាយនៅក្នុងសម័យកាលខុសៗគ្នា។ រឿងទាំងនេះបង្កអន្តរាយដោយផ្ទាល់ និងស៊ីរូងព្រលឹងមនុស្សបន្តិចម្តងៗ ព្រមទាំងដាក់អំពើលើមនុស្សមួយហើយមួយទៀត។ នោះគឺមានន័យថា នៅពេលដែលអ្នកបានទទួលយកវប្បធម៌ប្រពៃណី រឿងព្រេង ឬរឿងអបិយជំនឿបែបនេះ ហើយនៅពេលដែលពួកវាត្រូវបានកកើតឡើងនៅក្នុងគំនិតរបស់អ្នក ព្រមទាំងបានដក់ជាប់នៅក្នុងចិត្តរបស់អ្នកហើយនោះ គឺប្រៀបដូចជាអ្នកត្រូវអំពើអ៊ីចឹង គឺអ្នកបានជាប់នៅក្នុងសំណាញ់ និងរងឥទ្ធិពលពីអន្ទាក់នៃវប្បធម៌ ផ្នត់គំនិត និងរឿងព្រេងបុរាណទាំងអស់នោះ។ ពួកវាជះឥទ្ធិពលលើជីវិតរបស់អ្នក ទស្សនៈជីវិតរបស់អ្នក ហើយនិងការវិនិច្ឆ័យទៅលើរឿងរ៉ាវផ្សេងៗរបស់អ្នកដែរ។ លើសពីនេះទៅទៀត ពួកវាក៏ជះឥទ្ធិពលលើការស្វែងរកផ្លូវពិតនៃជីវិតរបស់អ្នកដែរ។ វាគឺពិតជាការដាក់អំពើមួយដ៏អាក្រក់បំផុត។ សូមព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពរបស់អ្នក គឺអ្នកមិនអាចបេះវាចេញពីខ្លួនបានទេ អ្នកចញ្ច្រាំវា តែវាអត់ខ្ទេចទេ អ្នកវាយវា តែវាមិនឈឺទេ។ លើសពីនេះទៀត ក្រោយពីមនុស្សធ្លាក់ទៅក្នុងអំពើប្រភេទនេះហើយ នោះពួកគេនឹងចាប់ផ្តើមថ្វាយបង្គំសាតាំង ព្រមទាំងបង្កើតរូបភាពរបស់សាតាំងនៅក្នុងចិត្តរបស់ពួកគេដោយមិនដឹងខ្លួន។ អាចនិយាយម៉្យាងទៀតបានថា គឺពួកគេយកសាតាំងធ្វើជារូបព្រះរបស់ពួកគេ ជារបស់សម្រាប់ពួកគេគោរពថ្វាយបង្គំ និងទុកជាទីសង្ឃឹម ហើយជាងនេះទៀតគឺ ពួកគេចាត់ទុកវាជាព្រះថែមទៀតផង។ រឿងទាំងនេះស្ថិតនៅក្នុងចិត្តរបស់មនុស្ស វាបានគ្រប់គ្រងពាក្យសម្ដី និងការប្រព្រឹត្តរបស់ពួកគេដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ពីដំបូងឡើយ អ្នកចាត់ទុករឿងបុរាណ និងរឿងព្រេងនិទានទាំងនេះជារឿងមិនពិត ក៏ប៉ុន្តែក្រោយមកទៀត អ្នកបែរជាទទួលស្គាល់អត្ថិភាពរបស់ពួកវាដោយមិនដឹងខ្លួន ដោយធ្វើឱ្យពួកវាក្លាយជារូបភាពពិត ព្រមទាំងប្រែក្លាយវាទៅជាវត្ថុពិតដែលមានជីវិតទៅវិញ។ ដោយការធ្វេសប្រហែសរបស់អ្នក អ្នកក៏ទទួលគំនិតទាំងនេះ និងអត្ថិភាពនៃវត្ថុទាំងនេះដោយមិនដឹងខ្លួន។ អ្នកក៏ទទួលអារក្សសាតាំង រួមនិងរូបព្រះជាច្រើន ចូលទៅក្នុងផ្ទះរបស់អ្នក និងទៅក្នុងចិត្តរបស់អ្នកដោយមិនដឹងខ្លួនដែរ នេះគឺពិតជាការដាក់អំពើមួយយ៉ាងជាក់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៧៥. សកម្មភាពអបិយជំនឿដែលមនុស្សមាន គឺជាអ្វីដែលព្រះជាម្ចាស់ស្អប់បំផុត ប៉ុន្តែមនុស្សជាច្រើននៅតែមិនអាចបោះបង់វាចោល ដ្បិតគេគិតថា សកម្មភាពអបិយជំនឿទាំងនេះត្រូវបានបង្គាប់មកពីព្រះជាម្ចាស់ ហើយសូម្បីតែសព្វថ្ងៃនេះ ក៏មិនទាន់មាននរណាម្នាក់កម្ចាត់វាចោលបានទាំងស្រុងដែរ។ អបិយជំនឿទាំងនេះមានជាអាទិ៍ ការរៀបចំចាត់ចែងរបស់យុវជនយុវនារីសម្រាប់ពិធីមង្គលការ និងគ្រឿងលម្អកូនក្រមុំ អំណោយជាលុយ ជាបាច់ផ្កា និងរបៀបស្រដៀងគ្នាផ្សេងទៀតក្នុងការប្រារព្ធពិធីសប្បាយៗ។ ទំនៀមទម្លាប់ពីបុរាណដែលបានបន្តមកដល់ជំនាន់ក្រោយៗ រួមទាំងសកម្មភាពអរិយជំនឿដ៏គ្មានន័យទាំងអស់ដែលត្រូវបានធ្វើសម្រាប់មនុស្សដែលបានស្លាប់ និងពិធីបុណ្យសព ហើយទង្វើទាំងនេះកាន់តែគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ថែមទៀត។ សូម្បីតែថ្ងៃនៃការថ្វាយបង្គំ (រួមទាំង ថ្ងៃសប្ប័ទ ដែលត្រូវបានគោរពដោយពិភពសាសនា) ក៏គួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ផងដែរ ហើយទំនាក់ទំនងសង្គម និងអន្តរកម្មខាងលោកីយ៍រវាងមនុស្សនិងមនុស្ស គឺសុទ្ធតែគួរឱ្យស្អប់ខ្ពើមកាន់តែខ្លាំងចំពោះព្រះជាម្ចាស់ ហើយត្រូវបានទ្រង់បដិសេធ។ សូម្បីតែពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យណូអែល ដែលមនុស្សគ្រប់គ្នាបានស្គាល់នោះ ក៏មិនត្រូវបានបង្គាប់ពីព្រះជាម្ចាស់ដែរ ចំណែកឯរបស់របរលេង និងការតុបតែងសម្រាប់ថ្ងៃឈប់សម្រាកជាតិទាំងនេះ ដូចជា ពាក្យស្លោកនៃសិរីសួស្ដី ការដុតផាវ ការបង្ហោះគោម ពិធីលៀងព្រះអម្ចាស់ ការជូនកាដូថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងពិធីបុណ្យណូអែល តើពិធីទាំងនេះមិនមែនជារូបព្រះនៅក្នុងគំនិតរបស់មនុស្សទេឬ? ការកាច់នំប៉័ងនៅថ្ងៃសប្ប័ទ ការផឹកស្រា និងសំពត់ទេសឯក កាន់តែជារូបព្រះហើយ។ គ្រប់ទាំងថ្ងៃបុណ្យប្រពៃណីជាតិដ៏ធំៗនៅក្នុងប្រទេសចិន ដូចជា ពិធីរាំម៉ុងសាយ ពិធីប្រណាំងទូក ពិធីបង្ហោះគោម ពិធីឡាបា (Laba Festival) និងបុណ្យចូលឆ្នាំថ្មី ព្រមទាំងពិធីបុណ្យផ្សេងទៀតនៅក្នុងពិភពខាងសាសនា ដូចជា បុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ បុណ្យជ្រមុជទឹក និងថ្ងៃបុណ្យណូអែល ដែលពិធីបុណ្យដ៏មិនសមហេតុផលទាំងអស់នេះត្រូវបានរៀបចំ និងបដិបត្ដិបន្ត ដោយមនុស្សជាច្រើន តាំងពីជំនាន់ដើម រហូតមកដល់សព្វថ្ងៃ។ វាជាការស្រមើស្រមៃដ៏សម្បូរបែប និងគោលគំនិតដ៏ប៉ិនប្រសប់របស់មនុស្ស ដែលបានជួយឱ្យពួកគេផ្ទេរបន្តនូវពិធីបុណ្យទាំងនេះរហូតមកដល់ពេលបច្ចុប្បន្ន។ ពិធីទាំងនេះមើលទៅហាក់ដូចជាគ្មានគុណវិបត្តិឡើយ ប៉ុន្តែវាជាកលល្បិចដែលអារក្សសាតាំងបង្ហាញទៅកាន់មនុស្ស។ បើកន្លែងមួយមានមនុស្សកាន់តែច្រើននៅជាមួយសាតាំង ទីនោះកាន់តែមានភាពហួសសម័យកាល និងយឺតយ៉ាវ ហើយវានឹងមានទំនៀមទម្លាប់ដ៏ចាស់គំរឹលចាក់ឫសយ៉ាងជ្រៅផងដែរ។ ជំនឿទាំងនេះបានចងមនុស្សយ៉ាងជាប់ ដោយគ្មានទុកកន្លែងឱ្យកម្រើកខ្លួនបានឡើយ។ ពិធីបុណ្យជាច្រើននៅក្នុងពិភពខាងសាសនា ហាក់ដូចជាបង្ហាញនូវភាពច្នៃប្រឌិតដ៏ខ្លាំង និងបង្កើតជាស្ពានទៅរកកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ ពិធីទាំងនេះជាចំណងអរូបិយ ដែលអារក្សសាតាំងចង និងរារាំងមនុស្សមិនឱ្យមកស្គាល់ព្រះជាម្ចាស់វិញទេ ដ្បិតអ្វីៗទាំងអស់នេះជាកលល្បិចដ៏ប៉ិនប្រសប់របស់អារក្សសាតាំង។ ជាការពិត នៅពេលដែលដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ទ្រង់បានបំផ្លាញឧបករណ៍ និងស្ទីលនៃគ្រានោះរួចហើយ ដោយគ្មានបន្សល់ដានអ្វីឡើយ។ យ៉ាងណាមិញ «អ្នកជឿដ៏ស្មោះត្រង់» បន្តថ្វាយបង្គំវត្ថុរូបិយទាំងនោះ ហើយក្នុងគ្រាដដែលនោះ ពួកគេលាក់ទុកអ្វីដែលព្រះជាម្ចាស់មាននៅខាងក្រោយនៃគំនិតរបស់គេ លែងសិក្សាតទៅទៀត ធ្វើខ្លួនដូចជាពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅពេលដែលជាក់ស្ដែង ពួកគេបានបណ្ដេញទ្រង់ចេញពីផ្ទះរបស់គេ តាំងពីយូរយារ ហើយបានដាក់សាតាំងនៅលើតុ ដើម្បីថ្វាយបង្គំ។ រូបព្រះយេស៊ូវ រូបឈើឆ្កាង រូបនាងម៉ារា រូបបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ និងពិធីលៀងព្រះអម្ចាស់ មនុស្សគោរពសក្ការៈរូបទាំងនេះទុកដូចជាព្រះអម្ចាស់នៃស្ថានសួគ៌ ក្នុងពេលដែលគេបន្តស្រែកឡើងដដែលៗថា «ឱ ព្រះអម្ចាស់ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌»។ តើទាំងអស់នេះមិនមែនជារឿងកំប្លែងទេឬ? មកដល់សព្វថ្ងៃនេះ មានពាក្យស្លោក និងការប្រណិប័តន៍ស្រដៀងគ្នាជាច្រើនដែលត្រូវបានផ្ទេរបន្តនៅក្នុងចំណោមមនុស្ស គឺជារឿងដ៏គួរឱ្យស្អប់ចំពោះព្រះជាម្ចាស់ ដ្បិតវាពិតជាបង្អាក់ដល់ផ្លូវខាងមុខសម្រាប់ព្រះជាម្ចាស់ ហើយលើសពីនេះទៀត វាបង្កើតជាឧបសគ្គដ៏ធំចំពោះការចូលទៅក្នុងរបស់មនុស្ស។ ដោយព្រងើយកន្តើយចំពោះកម្រិតដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយ ផ្នែកខាងក្នុងរបស់មនុស្សត្រូវបានពេញពោរទាំងស្រុងដោយអ្វីៗ ដូចជា ក្រឹត្យវិន័យរបស់លោក វីតនេស លី (Witness Lee) បទពិសោធរបស់លោក ឡូរិនស៍ (Lawrence) ការស្ទង់មតិ ដោយលោក វ៉ូចមែន នី (Watchman Nee) និងកិច្ចការរបស់លោកប៉ុល។ ព្រះជាម្ចាស់គ្មានផ្លូវក្នុងការធ្វើការពីលើមនុស្សលោកឡើយ ដោយសារតែនៅក្នុងគំនិតរបស់គេ មានពោរពេញទៅដោយភាពបុគ្គលនិយម ក្រឹត្យវិន័យ ក្បួនច្បាប់ បទបញ្ញត្តិ ប្រព័ន្ធ ជាដើម ហើយដោយបន្ថែមពីលើទំនោរអបិយជំនឿដ៏ចាស់គំរឹលរបស់មនុស្ស រឿងទាំងនេះបានធ្វើឱ្យមនុស្សងប់ងុល និងវក់វីយ៉ាងខ្លាំង។ គឺវាប្រៀបបីដូចជាគំនិតរបស់មនុស្ស ជាខ្សែភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍ ដែលចាក់បញ្ចាំងអំពីរឿងព្រេងនិទាននៅក្នុងភាពចម្រុះពណ៌ ហើយមានតួអង្គដ៏អស្ចារ្យកំពុងតែជិះលើពពក ពេញដោយការស្រមើស្រមៃ ដែលធ្វើឱ្យពួកគេភ្ញាក់ផ្អើល ភាំងស្មារតី និងលែងមាត់ក។ និយាយការពិត កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើនៅថ្ងៃនេះ គឺផ្ដោតជាចម្បងទៅលើការដោះស្រាយ និងការលុបបំបាត់គំនិតអបិយជំនឿរបស់មនុស្សលោក ហើយបំផ្លាស់បំប្រែទស្សនៈរបស់គេទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់មិនបានស្ថិតស្ថេរ រហូតមកដល់ពេលសព្វថ្ងៃ ដោយសារតែកេរមរតកដែលត្រូវបានផ្ទេរបន្តដល់មនុស្សជំនាន់ក្រោយៗដោយមនុស្សឡើយ ប៉ុន្តែវាជាកិច្ចការដែលទ្រង់បានផ្ដួចផ្ដើមឡើងដោយអង្គទ្រង់ ហើយបញ្ចប់ដោយអង្គទ្រង់ ដោយគ្មានតម្រូវការទទួលបានកេរដំណែលរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ ឬស្នងមរតកកិច្ចការណាមួយនៃធម្មជាតិតំណាងណាមួយដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យណាមួយឡើយ។ មនុស្សលោកមិនចាំបាច់មានកង្វល់ជាមួយរឿងទាំងនេះឡើយ។ ព្រះជាម្ចាស់នាពេលសព្វថ្ងៃមានរបៀបនៃការថ្លែងបន្ទូល និងរបៀបនៃការធ្វើការមួយបែបទៀត ដូច្នេះ ហេតុអ្វីបានជាមនុស្សលោកគួរតែយកចិត្តទុកដាក់ទៅ? ប្រសិនបើមនុស្សដើរនៅលើផ្លូវនាពេលសព្វថ្ងៃនៅក្នុងចរន្តបច្ចុប្បន្ន ខណៈពេលបន្តកេរដំណែលនៃ «បុព្វបុរស» របស់គេ នោះពួកគេនឹងមិនទៅដល់វាសនារបស់គេឡើយ។ ព្រះជាម្ចាស់មានព្រះទ័យស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅចំពោះឥរិយាបថរបស់មនុស្សបែបនេះ គឺដូចជាទ្រង់ស្អប់ខ្ពើមថ្ងៃ ខែ ឆ្នាំនៃពិភពរបស់មនុស្សអ៊ីចឹងដែរ។

(ដកស្រង់ពី «កិច្ចការ និងការចូល (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៧៦. សាតាំងធ្វើឱ្យមនុស្សពុករលួយ និងគ្រប់គ្រងលើមនុស្ស តាមរយៈនិន្នាការសង្គម។ «និន្នាការសង្គម» គ្របដណ្ដប់នូវទិដ្ឋភាពជាច្រើន រាប់បញ្ចូលទាំងចំណុចផ្សេងៗ ដូចជាការថ្វាយបង្គំរូបសំណាកឥស្សរជនល្បីៗ ក៏ដូចជាតារាភាពយន្ត និងតន្ត្រីករដែលខ្លួនពេញចិត្ត ការថ្វាយបង្គំតារាល្បី លេងហ្គេមអនឡាញជាដើម។ ទាំងនេះ ជាផ្នែកទាំងអស់នៃនិន្នាការសង្គម ហើយមិនចាំត្រូវការនិយាយលម្អិតនៅត្រង់នេះទេ។ យើងនឹងគ្រាន់តែនិយាយអំពីគំនិត ដែលនិន្នាការសង្គមនាំមកនៅក្នុងមនុស្ស របៀបដែលពួកវាបណ្តាលឱ្យមនុស្សប្រតិបត្តិខ្លួននៅក្នុងពិភពលោក គោលដៅជីវិត និងទស្សនវិស័យដែលពួកវានាំមកនៅក្នុងមនុស្សតែប៉ុណ្ណោះ។ ទាំងនេះគឺសំខាន់ណាស់។ ពួកវាអាចគ្រប់គ្រង និងជះឥទ្ធិពលលើគំនិត និងយោបល់របស់មនុស្ស។ និន្នាការទាំងនេះ កើតមានឡើងមួយហើយមួយទៀត ហើយពួកវាទាំងអស់សុទ្ធតែមានឥទ្ធិពលអាក្រក់ ដែលតែងតែបណ្តាលឱ្យមនុស្សជាតិអាប់ឱនកិត្តិយស បាត់បង់មនសិការ ភាពជាមនុស្ស និងគ្មានហេតុផល ធ្វើឱ្យសីលធម៌និងចរិតលក្ខណៈរបស់ពួកគេចុះខ្សោយកាន់តែខ្លាំង រហូតដល់កម្រិតដែលយើងអាចនិយាយបានថា មនុស្សភាគច្រើនលែងមានភាពស្មោះត្រង់ គ្មានភាពជាមនុស្ស ហើយពួកគេនឹងលែងមានមនសិការ និងរឹតតែគ្មានហេតុផល។ ដូច្នេះតើនិន្នាការសង្គមទាំងនេះគឺជាអ្វី? ពួកវាគឺជានិន្នាការដែលអ្នកមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។ នៅពេលដែលនិន្នាការថ្មីសាយពាសពេញពិភពលោក ប្រហែលជាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលកំពុងដើរតួជាអ្នកដើរតាមនិន្នាការនោះ។ ពួកគេចាប់ផ្តើមធ្វើរឿងរ៉ាវថ្មី រួចក៏ទទួលយកគំនិត ឬទស្សនៈទាំងនោះ។ ទោះយ៉ាងណា មនុស្សភាគច្រើននឹងត្រូវរងផលប៉ះពាល់ ទាក់ទាញ និងជ្រួតជ្រាបជាបន្តបន្ទាប់ដោយនិន្នាការនេះ នៅក្នុងសភាពដែលមិនដឹងខ្លួន រហូតទាល់តែពួកគេទាំងអស់ទទួលយកវា ព្រមទាំងត្រូវជោគជាំ និងគ្រប់គ្រងដោយវា ដោយមិនដឹងខ្លួននិងដោយអចេតនា។ ពីមួយទៅមួយ និន្នាការបែបនេះបណ្តាលឱ្យមនុស្សដែលមានចិត្តនិងគំនិតមិនត្រឹមត្រូវ មិនស្គាល់អ្វីជាសេចក្តីពិត និងមិនចេះវែកញែកពីភាពខុសគ្នារវាងរឿងវិជ្ជមាន និងរឿងអវិជ្ជមាន ទទួលយកសេចក្តីរីករាយ ក៏ដូចជាទស្សនៈជីវិត និងគុណតម្លៃដែលមកពីសាតាំងវិញ។ ពួកគេទទួលយកនូវអ្វីៗដែលសាតាំងប្រាប់ពួកគេអំពីរបៀបចូលទៅក្នុងជីវិត និងរបៀបរស់នៅដែលសាតាំង «ផ្តល់ឱ្យ» ពួកគេ ហើយពួកគេក៏មិនមានកម្លាំង ឬសមត្ថភាពអ្វី ហើយរឹតតែមិនសូវបានដឹង ដើម្បីទប់ទល់បានឡើយ។ ...

... សាតាំងប្រើនិន្នាការសង្គមទាំងនេះ ដើម្បីទាក់ទាញមនុស្សមួយជំហានម្តងៗ ឱ្យចូលទៅក្នុងសំបុករបស់វា ដូច្នេះ មនុស្សដែលធ្លាក់ចូលក្នុងនិន្នាការសង្គម ក៏មានបំណងប្រាថ្នាចង់បានប្រាក់ និងសម្ភារៈនិយម ប្រព្រឹត្តអំពើអាក្រក់ និងអំពើហិង្សាដោយមិនដឹងខ្លួន។ នៅពេលដែលអ្វីៗទាំងអស់បានចូលមកក្នុងចិត្ដរបស់មនុស្សហើយ តើមនុស្សនឹងទៅជាយ៉ាងណា? មនុស្សក្លាយជាអារក្ស ដែលជាសាតាំង! ហេតុអ្វី? តើដោយព្រោះតែទំនោរចិត្តសាស្ត្រដែលមាននៅក្នុងចិត្តរបស់មនុស្សឬ? តើមនុស្សគោរពអ្វី? មនុស្សចាប់ផ្តើមរីករាយនឹងអំពើអាក្រក់ អំពើឃោរឃៅ ដោយលែងមានសេចក្តីស្រឡាញ់ចំពោះភាពស្រស់ស្អាត ឬសេចក្ដីល្អ និងរឹតតែលែងមានសន្ដិភាព។ មនុស្សមិនសុខចិត្តរស់នៅក្នុងជីវិតសាមញ្ញនៃភាពជាមនុស្សធម្មតាទេ តែផ្ទុយទៅវិញ គេមានបំណងចង់ទទួលបានឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ដើម្បីត្រេកត្រអាលនឹងភាពហ៊ឺហាខាងសាច់ឈាម ខិតខំប្រឹងប្រែងដើម្បីបំពេញចិត្តចំណង់ខាងសាច់ឈាមរបស់ខ្លួន លែងមានលក្ខខណ្ឌ លែងមានការកម្រិតសម្រាប់ខ្លួនឯងទៀតហើយ ឬអាចនិយាយម្យ៉ាងទៀតថា ពួកគេធ្វើអ្វីៗដែលពួកគេចង់ធ្វើ។ ដូច្នេះនៅពេលដែលមនុស្សបានជ្រួតជ្រាបទៅក្នុងនិន្នាការទាំងនេះ តើចំណេះដឹង ដែលអ្នកបានរៀនសូត្រអាចជួយរំដោះអ្នកឱ្យមានសេរីភាពបានទេ? តើការយល់ដឹងរបស់អ្នកអំពីវប្បធម៌ និងអបិយជំនឿ អាចជួយអ្នកឱ្យរត់គេចពីស្ថានភាពលំបាកនេះបានទេ? តើសីលធម៌និងពិធីប្រពៃណីដែលមនុស្សបានស្គាល់ អាចជួយមនុស្សឱ្យអត់ធ្មត់បានទេ? ចូរយកអាណាលេក និងតាវតេជីង មកធ្វើជាឧទាហរណ៍។ តើពួកគេអាចជួយទាញជើងរបស់មនុស្សចេញពីនិន្នាការនៃភក់ជ្រៅដ៏អាក្រក់ទាំងនេះបានទេ? ប្រាកដជាមិនបានទេ។ ដូច្នេះ វាធ្វើឱ្យមនុស្សកាន់តែអាក្រក់ទៅៗ មានចរិតក្រអឺតក្រទម អួតអាង អាត្មានិយម និងសាហាវឃោរឃៅ។ មួយវិញទៀត ក៏ធ្វើឱ្យមនុស្សលែងមានការរាប់អានរវាងគ្នានឹងគ្នា លែងមានសេចក្តីស្រឡាញ់រវាងសមាជិកគ្រួសារ លែងមានការយោគយល់ក្នុងចំណោមសាច់ញាតិ និងមិត្តភក្តិទៀតហើយ ហើយទំនាក់ទំនងរបស់មនុស្សត្រូវបានកំណត់ដោយអំពើហិង្សាវិញ។ មនុស្សម្នាក់ៗព្យាយាមប្រើវិធីឃោរឃៅ ដើម្បីរស់នៅក្នុងចំណោមបក្សពួករបស់ខ្លួន ពួកគេប្រើអំពើហិង្សា ដើម្បីក្រពះប្រចាំថ្ងៃរបស់ពួកគេ ពួកគេប្រើអំពើហិង្សាដើម្បីដណ្តើមយកតំណែង និងទទួលបានប្រាក់ចំណេញរបស់ពួកគេ។ ពួកគេប្រើមធ្យោបាយឃោរឃៅ និងអាក្រក់ ដើម្បីធ្វើអ្វីៗដែលពួកគេចង់បាន។ តើភាពជាមនុស្សប្រភេទនេះ មិនគួរឱ្យព្រឺព្រួចទេឬ? គឺវាប្រាកដជាអញ្ចឹងហើយ៖ ពួកគេមិនត្រឹមតែឆ្កាងព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្លាប់អស់អ្នកដែលដើរតាមទ្រង់ផងដែរ ពីព្រោះមនុស្សអាក្រក់ខ្លាំងពេក។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៧៧. «លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន» គឺជាទស្សនវិជ្ជា​របស់​សាតាំង។ ទស្សនវិជ្ជានេះកំពុងតែរាលដាលនៅក្នុង​ចំណោម​មនុស្សជាតិទាំងមូល និងក្នុងសង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺ​ដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះ​មិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រម​ទទួល​យកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេ​ចាប់ផ្ដើមមានពិសោធជាមួយជីវិតជាក់ស្ដែង ហើយចាប់ផ្ដើម​មាន​អារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះ​មិនមែនជាដំណើរការនៃការធ្វើឱ្យមនុស្សពុករលួយរបស់សាតាំងទេឬអី? ប្រហែលមនុស្សមិនមាន​​កម្រិតនៃ​ការយល់ដឹង​អំពីព្រះបន្ទូល​នេះ​ដូចគ្នានោះ​ទេ​​ប៉ុន្តែមនុស្សគ្រប់គ្នាមានកម្រិតនៃ​ការបក​ស្រាយ និងកម្រិតនៃការទទួលស្គាល់ភាសិត​នេះខុសៗ​គ្នា ផ្អែកលើ​រឿង​រ៉ាវដែលបានកើតឡើងជុំវិញខ្លួនពួកគេ និង​ផ្អែក​លើ​បទពិសោធរបស់ពួកគេផ្ទាល់។ តើរឿងមិនបែបនេះទេឬអី? មិនថាមនុស្សម្នាក់មានបទពិសោធន៍ច្រើនប៉ុនណាពាក់ព័ន្ធពាក្យភាសិតនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើចិត្តរបស់មនុស្សណាម្នាក់? រឿងខ្លះត្រូវបានបើកសម្ដែង​តាមរយៈ​និស្ស័យរបស់មនុស្សនៅក្នុងលោកីយ៍នេះ រួមទាំង​អ្នក​រាល់គ្នាគ្រប់ៗរូបផងដែរ។ តើនេះវាជាអ្វីទៅ? នេះជាការថ្វាយ​បង្គំ​លុយ។ តើវាពិបាកនឹងដកចេញពីដួងចិត្តរបស់មនុស្ស​ម្នាក់​មែនទេ? ពិតជាពិបាកណាស់! ហាក់ដូចជាការដែល​សាតាំង​ធ្វើឱ្យមនុស្សពុករលួយនោះ ជ្រាលជ្រៅខ្លាំងណាស់! សាតាំងប្រើលុយដើម្បីល្បួងមនុស្ស និងធ្វើឱ្យពួកគេពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ និងគោរពបូជាសម្ភារៈ។ ហើយតើការថ្វាយបង្គំលុយនេះ បានបង្ហាញពី​អ្វីខ្លះនៅក្នុង​ខ្លួន​មនុស្ស? អ្នករាល់គ្នាធ្លាប់មានអារម្មណ៍ថា អ្នករាល់គ្នា​មិនអាចរស់នៅក្នុងពិភពលោកនេះបានទេបើគ្មានលុយ ឬ​មិន​អាចរស់នៅបានសូម្បីតែមួយថ្ងៃបើគ្មានលុយ។ តើអ្នក​រាល់គ្នា​មានអារម្មណ៍បែបនេះដែរឬទេ? ឋានៈរបស់មនុស្សអាស្រ័យទៅលើចំនួនទឹកប្រាក់ដែលគេមាន ហើយកម្រិតនៃការគោរព ក៏អាស្រ័យលើទឹកប្រាក់ផងដែរ។ អ្នកក្រខំឱន​លំទោន​ទាំងភាពអាម៉ាស់ ឯអ្នកមានវិញរីករាយនឹងឋានៈ​ដ៏ខ្ពង់ខ្ពស់របស់គេ។ ពួកគេឈរពើងទ្រូង ទាំងមានអំនួតផង ដោយនិយាយឮៗ និងរស់នៅទាំងក្រអឺតក្រទម។ តើ​ពាក្យ​ភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែន​ជាការពិតទេឬអី ដែលមនុស្សជាច្រើនហ៊ានលះបង់គ្រប់យ៉ាង ដើម្បីទទួល​បាន​ប្រាក់​នោះ? តើមិនមែន​មាន​មនុស្ស​ជា​ច្រើន​ដែលបាត់បង់សេចក្តីថ្លៃថ្នូរ និង​ភាព​សុចរិត​របស់​ខ្លួន​ដោយសារតែដេញតាម​លុយនេះទេឬអី? តើមិនមែនមាន​មនុស្ស​ជាច្រើនដែលបាត់បង់ឱកាសក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែ​ប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបាន​សេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏​ធំធេងបំផុតសម្រាប់មនុស្សទេឬអី? តើសាតាំងមិន​អាក្រក់​ទេ​​ឬ​អីដែលប្រើប្រាស់វិធីសាស្ត្រ និងពាក្យភាសិតនេះ ដើម្បី​ធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះនោះ? តើនេះមិន​មែន​ជា​កលល្បិចព្យាបាទទេឬអី? នៅពេលដែលអ្នកផ្លាស់ប្ដូរពី​ការប្រឆាំងនឹងពាក្យភាសិតដ៏ពេញនិយមនេះ ហើយចុង​ក្រោយបែរចាទទួលស្គាល់ថាវាជាការពិត នោះដួងចិត្តរបស់​អ្នកនឹង​ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងទាំងស្រុង ដូច្នេះ​ហើយ អ្នកនឹងត្រូវរស់នៅតាមពាក្យភាសិតនេះទាំង​មិនដឹង​ខ្លួន។ តើពាក្យភាសិតនេះបានជះឥទ្ធិពលដល់អ្នកក្នុង​កម្រិត​ណា? អ្នកអាចដឹងអំពីផ្លូវពិត ហើយអ្នកអាចដឹងអំពីសេចក្តី​ពិត ប៉ុន្តែអ្នកគ្មានអំណាចក្នុងការដេញតាមវាឡើយ។ អ្នក​អាច​ដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជា​សេចក្តី​ពិត ប៉ុន្តែអ្នកមិនព្រមលះបង់ ឬព្រមរងទុក្ខ ដើម្បីទទួលបាន​សេចក្តី​ពិតនោះទេ។ ផ្ទុយទៅវិញ អ្នកបែរជាលះបង់អនាគត និងទិសដៅផ្ទាល់ខ្លួនរបស់អ្នកដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុតទៅវិញ។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិន​ថា​ព្រះជាម្ចាស់ធ្វើអ្វី មិនថា​សេចក្តីស្រឡាញ់​ដែលព្រះជាម្ចាស់មានចំពោះអ្នកជ្រាលជ្រៅ និងធំធេង​ប៉ុនណា តាមដែលអ្នកអាច​ដឹដង​បាន​ ក៏អ្នក​នៅតែក្បាលរឹងទទូចចង់ដើរតាមផ្លូវរបស់ខ្លួន និងហ៊ាន​លះបង់ដើម្បីពាក្យភាសិតមួយនេះទៀត។ មានន័យថា ពាក្យ​ភាសិតនេះបានបំភាន់អ្នក​និងគ្រប់គ្រង​លើគំនិត​របស់​អ្នក​រួចហើយ វាបានគ្រប់គ្រង​លើឥរិយាបថ​របស់​អ្នករួចហើយ ហើយអ្នកសុខចិត្តឱ្យវាគ្រប់គ្រងលើ​វាសនា​របស់អ្នក ជា​ជាង​លះបង់ការដេញតាមរកទ្រព្យសម្បត្តិ​របស់​អ្នក។ ការដែលមនុស្សអាចធ្វើដូច្នេះបាន ការដែលពួកគេ​អាច​ឱ្យ​សម្ដីរបស់សាតាំងគ្រប់គ្រង និងបោកប្រើបានដូច្នេះ តើនេះមិនមានន័យថាពួកគេត្រូវបានសាតាំងបំភាន់ និងធ្វើឱ្យពុករលួយទេឬអី? តើទស្សនវិជ្ជា និងផ្នត់​គំនិត​របស់​សាតាំង និងនិស្ស័យរបស់សាតាំង មិនមែនបាន​ចាក់ឫសក្នុង​ចិត្តរបស់អ្នកទេឬអី? នៅពេលដែលអ្នក​ដេញតា​មទ្រព្យ​​សម្បត្តិ​​​ទាំងងងឹតងងុល ហើយលះបង់ចោល​ការស្វះ​ស្វែង​រក​សេចក្ដីពិត តើសាតាំងមិនមែនបានសម្រេច​គោល​បំណង​របស់វាក្នុងការបំភាន់​អ្នកទេឬអី? ករណី​នេះ​ពិត​ជាដូច្នេះ​មែន។ ដូច្នេះ នៅពេលដែលអ្នកត្រូវសាតាំង​បំភាន់ និងធ្វើឱ្យពុករលួយ តើអ្នកអាចមាន​អារម្មណ៍ដឹងបាន​ដែរ​ឬទេ? អ្នកមិនអាចដឹងបានទេ។ ប្រសិន​បើ​អ្នកមិនអាចមើល​ឃើញ​សាតាំងឈរនៅខាងមុខអ្នក ឬ​មិន​អាចមានអារម្មណ៍​ដឹង​ថា សាតាំងកំពុងធ្វើរឿងនៅ​ពី​ក្រោយ​ខ្នងអ្នក តើអ្នក​អាច​នឹងមើលឃើញពីសេចក្ដីទុច្ចរិត​របស់​សាតាំងបានដែរ​ឬទេ? តើអ្នកអាចដឹងថាសាតាំងធ្វើឱ្យ​មនុស្ស​ជាតិពុក​រលួយ​ដោយរបៀបណាបានទេ? សាតាំង​ធ្វើឱ្យ​មនុស្ស​ពុករលួយគ្រប់​ពេល និងគ្រប់ទីកន្លែង។ សាតាំងធ្វើ​ឱ្យ​មនុស្សមិនអាច​ការពារ​ខ្លួន​ទល់នឹងសេចក្តីពុករលួយនេះ​បាន ហើយធ្វើឱ្យ​មនុស្សគ្មាន​អ្នកជួយ មិនអាចប្រឆាំងទាស់​នឹងវាបាន។ សាតាំងធ្វើឱ្យអ្នកទទួលយកគំនិតនិងទស្សនៈ​របស់វា ព្រមទាំងសេចក្ដីទុច្ចរិត​ដែលកើតចេញ​ពី​វានៅក្នុង​ស្ថានភាពដែលអ្នកមិនដឹងខ្លួន និងនៅពេល​ដែល​អ្នក​មិន​ដឹង​ថា​មានអ្វី​កំពុងកើតឡើងមកលើអ្នក។ មនុស្សទទួលយក​រឿងទាំងនេះ​ដោយគ្មានប្រកែកអ្វីឡើយ។ ពួកគេ​ប្រកាន់យក និងឱ្យតម្លៃលើរឿងទាំងនេះដូចជា​កំណប់​ទ្រព្យ ហើយពួកគេ​បណ្ដោយ​ឱ្យរឿងទាំងនេះគ្រប់គ្រងពួក​គេ និងលេងសើច​ជាមួយ​ពួកគេ។ នេះហើយជារបៀបដែល​មនុស្ស​​រស់នៅ​ក្រោម​អំណាចរបស់សាតាំង និងស្តាប់បង្គាប់​សាតាំងទាំងមិន​ដឹង​ខ្លួន​នោះ ហើយការដែលសាតាំងធ្វើឱ្យ​មនុស្ស​ពុករលួយ កាន់តែខ្លាំងឡើងៗ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៧៨. សាតាំងប្រើល្បិចកលសំខាន់ៗប្រាំមួយយ៉ាង ដើម្បីធ្វើឱ្យមនុស្សពុករលួយ

ល្បិចទីមួយ គឺការគ្រប់គ្រង និងការបង្ខិតបង្ខំ។ នោះគឺមានន័យថា សាតាំងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីគ្រប់គ្រងចិត្តរបស់អ្នក។ តើ «ការបង្ខិតបង្ខំ» មានន័យដូចម្តេច? វាមានន័យថា ជាការប្រើវិធីគំរាមកំហែង និងបង្ខំដើម្បីធ្វើឱ្យអ្នកគោរពតាមវា ហើយវាធ្វើឱ្យអ្នកគិតពីផលវិបាកដែលកើតមានចំពោះអ្នក ប្រសិនបើអ្នកមិនស្ដាប់បង្គាប់។ ដោយសាតែអ្នកខ្លាច និងមិនហ៊ានជំទាស់នឹងវា ហេតុដូច្នេះ អ្នកនឹងចុះចូលចំពោះវាជាមិនខាន។

ទីពីរ គឺការបោកប្រាស់ និងឧបាយកល។ តើ «ការបោកប្រាស់ និងឧបាយកល» រួមបញ្ចូលអ្វីខ្លះ? សាតាំងបង្កើតរឿង និងការកុហកមួយចំនួន ដើម្បីបញ្ឆោតអ្នកឱ្យជឿលើពួកវា។ ជាទូទៅ វាមិនដែលប្រាប់អ្នកថា មនុស្សគឺព្រះជាម្ចាស់ជាអ្នកបង្កើតឡើងមកទេ ហើយវាក៏មិនបាននិយាយដោយផ្ទាល់ថាអ្នកមិនបានបង្កើតដោយព្រះជាម្ចាស់ដែរ។ វាមិនប្រើពាក្យថា «ព្រះជាម្ចាស់» ទាល់តែសោះ តែផ្ទុយទៅវិញ វាប្រើរបស់ផ្សេងទៀតមកជំនួសវិញ ដោយប្រើរឿងនេះមកបញ្ឆោតអ្នក ដើម្បីឱ្យអ្នកមានគំនិតថាគ្មានព្រះជាម្ចាស់ទេ។ តាមពិតទៅ «ឧបាយកល» នេះរួមបញ្ចូលនូវទិដ្ឋភាពជាច្រើនផ្សេងទៀត មិនមែនតែមួយនេះប៉ុណ្ណឹងទេ។

ទីបី គឺការដាក់មនោគមវិជ្ជាដោយបង្ខំ។ តើមានមនោគមអ្វីខ្លះដែលមនុស្សត្រូវបានបង្ខំឱ្យទទួលយក? តើការដាក់មនោគមវិជ្ជាដោយបង្ខំ ធ្វើឡើងដោយមនុស្សខ្លួនឯងជាអ្នកជ្រើសរើសឬ? តើវាត្រូវបានធ្វើដោយការយល់ព្រមពីមនុស្សទេ? ប្រាកដជាអត់ទេ។ ទោះបីអ្នកមិនយល់ព្រមក៏ដោយ ក៏គ្មានអ្វីដែលអ្នកអាចទាមទារបានដែរ។ ដោយការធ្វេសប្រហែសរបស់អ្នក សាតាំងបានដាក់មនោគមលើអ្នក ដោយបណ្ដុះផ្នត់គំនិត ច្បាប់ទម្លាប់ជីវិត ព្រមទាំងសារជាតិរបស់វានៅក្នុងអ្នក។

ទីបួន គឺការបំភិតបំភ័យ និងការលួងបញ្ឆោត។ មានន័យថា សាតាំងប្រើល្បិចផ្សេងៗ ដើម្បីធ្វើឱ្យអ្នកទទួលយកវា ដើរតាមវា ហើយធ្វើការនៅក្នុងសេវាកម្មរបស់វាដែរ។ វានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់វា។ មានម្តងម្កាល វាយកចិត្តអ្នកបន្ដិចបន្ដួច ដើម្បីធ្វើយ៉ាងណាបញ្ឆោតអ្នកឱ្យប្រព្រឹត្ដអំពើបាប។ ប្រសិនបើអ្នកមិនធ្វើតាមវាទេ វានឹងដាក់ទោសអ្នក ហើយធ្វើឱ្យអ្នករងទុក្ខ ហើយវានឹងប្រើវិធីផ្សេងៗដើម្បីវាយប្រហារ និងគ្រោងប្រឆាំងនឹងអ្នក។

ទីប្រាំ គឺការបោកបញ្ឆោត និងការស្ពឹកស្រពន់។ «ការបោកបញ្ឆោត និងការស្ពឹកស្រពន់» គឺនៅពេលដែលសាតាំងបណ្ដុះនៅក្នុងមនុស្សដោយប្រើពាក្សសំដីផ្អែមល្អែម និងគោលគំនិតដែលស៊ីគ្នានឹងសញ្ញាណរបស់ពួកគេ ហើយហាក់ដូចជាអាចជឿទុកចិត្តបាន ដើម្បីធ្វើឱ្យមើលទៅដូចជាកំពុងយកចិត្តទុកដាក់នឹងស្ថានភាពខាងសាច់ឈាមរបស់មនុស្ស ក៏ដូចជាជីវិត និងអនាគតរបស់ពួកគេដែរ តែតាមពិតទៅ គោលដៅរបស់វាគឺដើម្បីបំភាន់អ្នករាល់គ្នាតែប៉ុណ្ណោះ។ បន្ទាប់មក វានឹងធ្វើឱ្យអ្នកគាំងមិនអាចដឹងថាអ្វីត្រូវ និងអ្វីខុសនោះទេ យ៉ាងនោះអ្នកក៏ចាញ់ឧបាយកលរបស់វា ហើយស្ថិតក្រោមការគ្រប់គ្រងរបស់វាដោយមិនដឹងខ្លួន។

ទីប្រាំមួយ គឺការបំផ្លាញរាងកាយ និងចិត្តគំនិត។ តើសាតាំងបំផ្លាញផ្នែកណាខ្លះរបស់មនុស្ស? សាតាំងបំផ្លាញគំនិតរបស់អ្នក ធ្វើឱ្យអ្នកលែងមានកម្លាំងតទល់ជាមួយវាបាន មានន័យថា ចិត្តរបស់អ្នកនឹងងាកទៅរកសាតាំងបន្តិចម្តងៗ ទាំងមិនដឹងខ្លួន។ វាបានបណ្តុះរឿងទាំងនេះនៅក្នុងអ្នកជារៀងរាល់ថ្ងៃ ហើយប្រើគំនិត និងវប្បធម៌ទាំងនេះដើម្បីជះឥទ្ធិពល និងអន្ទងចិត្តអ្នកជារៀងរាល់ថ្ងៃ បំបាក់នូវឆន្ទៈរបស់អ្នកបន្តិចម្តងៗ ហើយនៅទីបំផុត អ្នកនឹងលែងចង់ធ្វើមនុស្សល្អ ព្រមទាំងលែងចង់ប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកហៅថា «យុត្តិធម៌» តទៅទៀតហើយ។ ដោយមិនដឹងខ្លួន អ្នកលែងមានអំណាចឆន្ទៈដើម្បីហែលច្រាសចរន្តទឹកតទៅទៀត ប៉ុន្តែផ្ទុយទៅវិញ អ្នកក៏បណ្តោយខ្លួនទៅតាមវា។ «ការបំផ្លាញ» មានន័យថាសាតាំងធ្វើទារុណកម្មមនុស្សយ៉ាងខ្លាំងរហូតធ្វើឱ្យពួកគេក្លាយជាស្រមោលរបស់ខ្លួនឯង លែងជាមនុស្សតទៅទៀតហើយ។ នេះជាពេលដែលសាតាំងចាប់យកឱកាសលេបត្របាក់ពួកគេ។

កលល្បិចនីមួយៗដែលសាតាំងប្រើដើម្បីធ្វើឲ្យមនុស្សពុករលួយ ធ្វើឲ្យមនុស្សគ្មានកម្លាំងតទល់ឡើយ ហើយកលល្បិចមួយណាក៏អាចនាំឲ្យមនុស្សឈានដល់សេចក្តីស្លាប់បានដែរ។ អាចនិយាយម៉្យាងទៀតបានថា អ្វីក៏ដោយដែលសាតាំងធ្វើ និងកលល្បិចទាំងឡាយដែលវាប្រើ សុទ្ធតែអាចបណ្តាលឱ្យអ្នកចុះខ្សោយ នាំអ្នកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ហើយអាចធ្វើឱ្យអ្នកជាប់ផុងក្នុងភក់ជ្រាំនៃអំពើអាក្រក់ និងអំពើបាបទៀតផង។ នេះជាកលល្បិចដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៧៩. មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឱ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងរបៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឱ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឱ្យភាពពុករលួយនៃសាច់ឈាមនៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឱ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់ឳនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

(ដកស្រង់ពី «ការនៅតែមិនផ្លាស់ប្ដូរនៅក្នុងនិស្ស័យ គឺជាការធ្វើជាសត្រូវនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨០. ទោះបីសាតាំងសម្ដែងចេញដូចជាមានមនុស្សធម៌ យុត្តិធម៌ និងគុណធម៌ក៏ដោយ ក៏សារជាតិរបស់សាតាំងគឺព្រៃផ្សៃ និងអាក្រក់ដែរ

សាតាំងសាងកេរ្តិ៍ឈ្មោះរបស់វា សាតាំងសាងកេរ្តិ៍ឈ្មោះរបស់វា តាមរយៈការបោកបញ្ឆោតមនុស្ស ហើយជារឿយៗ វាតាំងខ្លួនជាមេដឹកនាំចលនា និងជាបុគ្គលគំរូនៃសេចក្តីសុចរិត។ ក្រោមការក្លែងបន្លំធ្វើជាការពារសេចក្តីសុចរិត វាធ្វើបាបមនុស្ស បំផ្លាញព្រលឹងពួកគេ ហើយប្រើប្រាស់គ្រប់ទាំងមធ្យោបាយ ដើម្បីធ្វើឱ្យស្ពឹក បញ្ឆោត និងញុះញុងមនុស្ស។ គោលដៅរបស់វា គឺធ្វើឱ្យមនុស្សយល់ស្រប និងអនុវត្តតាមទង្វើអាក្រក់របស់វា ព្រមទាំងធ្វើឱ្យមនុស្សចូលដៃជាមួយវា ដើម្បីប្រឆាំងនឹងសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ នៅពេលដែលមនុស្សម្នាក់មើលឃើញពីផែនការ និងគម្រោងការអាក្រក់របស់វា ព្រមទាំងមើលធ្លុះដល់ចរិតដ៏ថោកទាបរបស់វា ហើយនៅពេលដែលមនុស្សមិនចង់បន្តជំពប់ដួល និងចាញ់បោកវា ឬមិនចង់បន្តក្លាយជាទាសករវា ឬមិនចង់ទទួលទោស និងត្រូវបំផ្លាញរួមជាមួយវា នោះសាតាំងផ្លាស់ប្ដូររូបរាងជាពួកបរិសុទ្ធកាលពីមុនរបស់វា ហើយហែកចោលម៉ាស់មុខក្លែងក្លាយរបស់វា ដើម្បីបើកសម្ដែងពីមុខមាត់ពិតរបស់វា ដែលអាក្រក់ សាហាវ កខ្វក់ និងឃោរឃៅ។ វាគ្មានស្រឡាញ់អ្វីក្រៅពីបំផ្លិចបំផ្លាញអស់អ្នកដែលបដិសេធមិនដើរតាមវា និងអស់អ្នកដែលប្រឆាំងនឹងកម្លាំងអាក្រក់របស់វានោះឡើយ។ នៅចំណុចនេះ សាតាំងលែងមានរូបរាងដ៏គួរឱ្យទុកចិត្ត ជាសុភាពបុរសទៀតហើយ ប៉ុន្តែរូបរាងដ៏កខ្វក់ និងដូចបិសាចរបស់វាត្រូវបានបើកសម្ដែងចេញ ដោយស្ថិតនៅក្រោមស្បែកចៀម។ នៅពេលដែលផែនការអាក្រក់របស់សាតាំងត្រូវបានលាតត្រដាងឱ្យឃើញ ហើយពេលរូបរាងដ៏ពិតរបស់វាត្រូវបានបកអាក្រាត នោះវានឹងផ្ទុះកំហឹង ហើយបង្ហាញពីភាពសាហាវយង់ឃ្នងរបស់វាមិនខាន។ ក្រោយមក បំណងរបស់វាដែលចង់ធ្វើបាប និងបំផ្លាញមនុស្ស នឹងមានកាន់តែខ្លាំងឡើងៗ។ នេះគឺដោយសារតែវាបានកំរោលចូល នៅពេលដែលមនុស្សភ្ញាក់ខ្លួនមកស្គាល់សេចក្តីពិត ហើយវាចងគំនុំកាន់តែខ្លាំងចំពោះមនុស្ស ដោយសារតែពួកគេមានការជំរុញចិត្តចង់បានសេរីភាព និងពន្លឺ ហើយចង់ផ្ដាច់ខ្លួនចេញពីគុករបស់វា។ កំរោលរបស់វាត្រូវបានបង្ហាញចេញ ដើម្បីការពារ និងគាំទ្រដល់ការអាក្រក់របស់វា ហើយនេះក៏ជាការបើកឱ្យដឹងដ៏ពិតអំពីធម្មជាតិដ៏សាហាវរបស់វាផងដែរ។

នៅក្នុងអ្វីៗគ្រប់យ៉ាង ឥរិយាបថរបស់សាតាំងបង្ហាញចេញពីនិស្ស័យដ៏អាក្រក់របស់វា។ នៅក្នុងចំណោមទង្វើដ៏អាក្រក់ទាំងអស់ដែលសាតាំងបានធ្វើចំពោះមនុស្ស ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងកាលពីដំបូងរបស់វា ដើម្បីបញ្ឆោតមនុស្សឱ្យដើរតាមវា ដល់ការកេងប្រវ័ញ្ចលើមនុស្ស ដែលវាខំអូសទាញមនុស្សឱ្យប្រព្រឹត្តអំពើអាក្រក់របស់វា រហូតដល់ការចងគំនុំរបស់វាចំពោះមនុស្ស ក្រោយពេលរូបរាងដ៏ពិតរបស់វាត្រូវបានលាតត្រដាង និងបន្ទាប់ពីមនុស្សបានស្គាល់ និងបោះបង់វាចោល គឺគ្មានទង្វើណាមួយដែលមិនលាតត្រដាងពីសារជាតិដ៏អាក្រក់របស់សាតាំង ហើយក៏គ្មានទង្វើណាមួយដែលមិនបញ្ជាក់ពីការពិតថា សាតាំងគ្មានទំនាក់ទំនងជាមួយអ្វីៗដែលវិជ្ជមាន និងបញ្ជាក់ទៀតថា សាតាំងជាប្រភពនៃអ្វីៗដែលអាក្រក់ទាំងអស់នោះដែរ។ គ្រប់ទង្វើរបស់វាសុទ្ធតែការពារដល់អំពើអាក្រក់របស់វា ថែរក្សាការបន្តធ្វើអាក្រក់របស់វា ប្រឆាំងនឹងអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន ព្រមទាំងបំផ្លាញច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតតាមធម្មតារបស់មនុស្ស។ ទង្វើរបស់សាតាំងទាំងនេះប្រឆាំងនឹងព្រះជាម្ចាស់ ហើយវានឹងត្រូវបំផ្លាញដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិនខាន។ ទោះបីសាតាំងមានកំរោលក៏ដោយ ក៏កំរោលរបស់វាគ្រាន់តែជាផ្លូវមួយ ដើម្បីបញ្ចេញពីនិស្ស័យដ៏អាក្រក់របស់វាប៉ុណ្ណោះ។ ហេតុផលដែលនាំឱ្យសាតាំងក្ដៅក្រហាយ និងខឹងខ្លាំងគឺថា៖ ផែនការអាក្រក់ដែលមិនអាចនិយាយបានរបស់វាត្រូវបានលាតត្រដាង។ ផែនការអាក្រក់របស់វាត្រូវបានរលាយបាត់។ មហិច្ឆតា និងបំណងប្រាថ្នាដ៏ព្រៃផ្សៃរបស់វាដែលចង់ជំនួសកន្លែងរបស់ព្រះជាម្ចាស់ និងចង់ដើរតួជាព្រះជាម្ចាស់នោះ ត្រូវបានបំផ្លាញ និងរាំងស្ទះ។ ហើយគោលដៅរបស់វាដែលចង់ត្រួតត្រាលើមនុស្សទាំងអស់ ឥឡូវ គ្មានបានផលអ្វីឡើយ ហើយក៏មិនអាចសម្រេចបានដែរ។ អ្វីដែលបានបញ្ឈប់ផែនការអាក្រក់របស់សាតាំងមិនឱ្យបានសម្រេច និងទប់ស្កាត់កុំឱ្យអំពើអាក្រក់របស់សាតាំង ត្រូវបានផ្សព្វផ្សាយ និងរីកសាយ គឺជាការបញ្ចេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដដែលៗ ម្ដងហើយម្ដងទៀត។ ដោយសារហេតុផលនេះហើយ ទើបសាតាំងស្អប់ និងខ្លាចសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ គ្រប់ពេលដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់ចុះមក វាមិនគ្រាន់តែលាតត្រដាងពីរូបរាងពិតដ៏អប្រិយរបស់សាតាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏លាតត្រដាងពីបំណងអាក្រក់របស់សាតាំងដែរ ហើយនៅក្នុងដំណើរការនេះ ហេតុផលដែលនាំឱ្យសាតាំងកំរោលខឹងទាស់នឹងមនុស្ស ក៏ត្រូវបានលាតត្រដាងដែរ។ ការផ្ទុះកំហឹងរបស់សាតាំង គឺជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏អាក្រក់របស់វា និងជាការលាតត្រដាងពីផែនការអាក្រក់របស់វា។ ជាការពិត គ្រប់ពេលដែលសាតាំងខឹងសម្បា វាក៏ប្រកាសពីសេចក្តីវិនាសនៃអ្វីៗដែលអាក្រក់ និងប្រកាសពីការការពារ និងការបន្តរស់រានរបស់អ្វីៗដែលវិជ្ជមានដែរ។ វាប្រកាសពីការពិតដែលថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិនអាចបំពានបានឡើយ!

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ខាង​ដើម៖ II. ព្រះបន្ទូលស្ដីពីកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

បន្ទាប់៖ ខ. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីនិស្ស័យបែបសាតាំងរបស់មនុស្សជាតិដែលពុករលួយ និងសារជាតិធម្មជាតិរបស់ពួកគេ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ