របៀបដេញតាមសេចក្ដីពិត (៩)
ការអនុវត្តទីមួយសម្រាប់ការដេញតាមសេចក្ដីពិត៖ ការទម្លាក់ចោល
ការទម្លាក់ចោលនូវរបាំងរវាងខ្លួនឯង និងព្រះជាម្ចាស់ ព្រមទាំងការប្រទូសរ៉ាយរបស់ខ្លួនចំពោះព្រះជាម្ចាស់
១. ការទម្លាក់ចោលនូវសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនអំពីព្រះជាម្ចាស់៖ ការទម្លាក់ចោលនូវសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនអំពីកិច្ចការរបស់ព្រះជាម្ចាស់
ច. កិច្ចការរបស់ព្រះជាម្ចាស់មិនផ្លាស់ប្ដូរលក្ខខណ្ឌពីកំណើតរបស់មនុស្សឡើយ គឺក្នុងគោលបំណងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ពួកគេ
ក្នុងអំឡុងពេលនេះ ប្រធានបទនៃការប្រកបគ្នារបស់យើងមានវិសាលភាពទូលំទូលាយគួរសម តើមែនទេ? (មែនហើយ។) វាបានពាក់ព័ន្ធនឹងបញ្ហាដែលកាន់តែជាក់លាក់មួយចំនួននៃភាពជាមនុស្ស ហើយវាក៏បានពាក់ព័ន្ធនឹងបញ្ហាមួយចំនួននៃជីវិតរបស់មនុស្សផងដែរ។ នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីប្រធានបទដែលពាក់ព័ន្ធនឹងកម្រិតសមត្ថភាព ហើយបន្ទាប់មក យើងបានប្រកបគ្នាអំពីរបៀបញែកដឹងលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ ការប្រកបគ្នារបស់យើងលើប្រធានបទកម្រិតសមត្ថភាព ជារួមបានបញ្ចប់ហើយ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាអាចវាយតម្លៃបានយ៉ាងត្រឹមត្រូវថា តើកម្រិតសមត្ថភាពរបស់មនុស្សម្នាក់មានលក្ខណៈបែបណា ដោយផ្អែកលើខ្លឹមសារនេះ។ នៅពេលប្រកបគ្នាអំពីទិដ្ឋភាពទាំងបីនេះ គឺលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ យើងបានប្រកបគ្នាអំពីការសម្ដែងចេញ និងការបង្ហាញឱ្យឃើញមួយចំនួនរបស់មនុស្សនៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីវាយតម្លៃថាតើចំណុចទាំងនេះចាត់ចូលក្នុងលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស ឬនិស្ស័យពុករលួយរបស់ពួកគេ។ តាមរយៈការប្រកបគ្នារបស់យើងអំពីទិដ្ឋភាពទាំងបីនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ តើពេលនេះអ្នករាល់គ្នាមានការយល់ដឹងជាក់លាក់អំពីរចនាសម្ព័ន្ធជាមូលដ្ឋានរបស់មនុស្ស ក្នុងនាមជាភាវៈដែលព្រះបានបង្កើតដែរឬទេ? (ពួកយើងអាចយល់បានច្រើនជាងមុនបន្តិច។) មូលហេតុដែលយើងប្រកបគ្នាអំពីទិដ្ឋភាពទាំងបីនៃការសម្ដែងចេញដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងជីវិតរបស់មនុស្ស គឺដោយសារតែមនុស្សជាតិដែលព្រះបានបង្កើត ត្រូវបានផ្សំឡើងដោយលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ មិនថាអ្នកជាបុរស ឬជាស្ត្រី មិនថាអ្នកនៅក្មេង ឬចាស់ មិនថាអ្នករស់នៅក្នុងចំណោមពូជសាសន៍ណា ឬនៅក្នុងប្រទេសណា មិនថាអ្នករស់នៅក្នុងសម័យកាលណា ឬរស់នៅក្នុងមជ្ឈដ្ឋានសង្គម និងសាវតារបែបណានោះទេ ជារួម មិនថារូបរាងខាងក្រៅរបស់អ្នកយ៉ាងណានោះទេ ដរាបណាអ្នកគឺជាមនុស្សដែលព្រះបានបង្កើត នោះអ្នកត្រូវបានផ្សំឡើងដោយទិដ្ឋភាពទាំងបីនេះ៖ លក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ ម្យ៉ាងវិញទៀត មនុស្សគ្រប់រូបដែលស្ថិតក្នុងចំណោមមនុស្សជាតិពុករលួយ ត្រូវបានផ្សំឡើងដោយលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងជីវិតនៃនិស្ស័យពុករលួយ។ ពោលគឺ មនុស្សដែលព្រះបានបង្កើតណាម្នាក់ សុទ្ធតែមានលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ ជាការពិតណាស់ លក្ខខណ្ឌពីកំណើតរបស់មនុស្សម្នាក់ ត្រូវបានកំណត់ដោយព្រះជាម្ចាស់។ ភាពជាមនុស្ស មួយផ្នែករងឥទ្ធិពលពីលក្ខខណ្ឌពីកំណើត ហើយមួយផ្នែកទៀតរងការបណ្ដុះបណ្ដាល និងឥទ្ធិពលពីការចិញ្ចឹមបីបាច់ក្នុងគ្រួសារ មជ្ឈដ្ឋានសង្គម និងការអប់រំរបស់សាតាំង។ ចំណែកឯនិស្ស័យពុករលួយវិញ គឺជានិស្ស័យបែបសាតាំង និងធម្មជាតិបែបសាតាំងរបស់មនុស្ស ដែលកើតចេញពីការបំភាន់ និងការធ្វើឱ្យពុករលួយរបស់សាតាំង។ ធម្មជាតិពុករលួយនេះ មួយផ្នែកបានមកពីគ្រួសាររបស់គេ មួយផ្នែកបានមកពីសង្គម ហើយមួយផ្នែកទៀតបានមកពីឥទ្ធិពល និងការបណ្ដុះបណ្ដាលដែលមនុស្សម្នាក់ជួបប្រទះនៅក្នុងមជ្ឈដ្ឋានផ្សេងៗ។ បើមើលពីទស្សនៈនេះ តាមពិតទៅ មនុស្សដែលព្រះបានបង្កើតណាម្នាក់ មិនមែនជាអាថ៌កំបាំងអ្វីនោះទេ ពីព្រោះគេត្រូវបានផ្សំឡើងដោយទិដ្ឋភាពទាំងបីនេះ៖ លក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ ហេតុដូច្នេះ ការញែកដឹងថាតើនរណាម្នាក់ជាមនុស្សប្រភេទណា តាមពិតគួរតែជារឿងងាយស្រួល។ ដោយទុកលក្ខខណ្ឌពីកំណើតដែលព្រះជាម្ចាស់បានកំណត់ និងប្រទានឱ្យដោយឡែក អ្វីដែលនៅសេសសល់ គឺត្រូវញែកដឹងថាតើភាពជាមនុស្សរបស់បុគ្គលម្នាក់មានលក្ខណៈបែបណា និងថាតើគេមាននិស្ស័យពុករលួយអ្វីខ្លះ ចំណុចទាំងនេះហើយដែលកំណត់ថាតើសារជាតិរបស់បុគ្គលនេះមានលក្ខណៈបែបណា។ ការញែកដឹងតាមរបៀបនេះ ធ្វើឱ្យអ្វីៗច្បាស់លាស់ណាស់។ ការញែកដឹងថាតើសារជាតិរបស់មនុស្សម្នាក់មានលក្ខណៈបែបណា ដោយផ្អែកលើចំណុចទាំងនេះ មិនមែនជារឿងលំបាកនោះទេ។ ការញែកដឹងតាមរបៀបនេះ មានមូលដ្ឋាន ហើយក៏មានស្ដង់ដាសម្រាប់វាស់វែងផងដែរ។
៦. ការសម្ដែងចេញផ្សេងៗនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ
កាលពីមុន យើងបានរៀបរាប់ពីការសម្ដែងចេញជាក់លាក់មួយចំនួននៃលក្ខខណ្ឌពីកំណើត ដែលមិនពាក់ព័ន្ធនឹងនិស្ស័យពុករលួយនោះទេ។ លក្ខខណ្ឌពីកំណើត គឺជាមូលដ្ឋានគ្រឹះដែលមនុស្សពឹងផ្អែកដើម្បីរស់រានមានជីវិត ហើយជាលក្ខខណ្ឌដែលមនុស្សជាតិដែលព្រះបានបង្កើតគួរតែមាន។ មិនថាវាជាលក្ខខណ្ឌដែលទាក់ទងនឹងកំណើតរបស់មនុស្សម្នាក់ ដូចជាពេលវេលា មជ្ឈដ្ឋាន និងទីកន្លែងកំណើត ឬទិដ្ឋភាពនានា ដូចជារូបរាងខាងក្រៅ កម្រិតសមត្ថភាព ចំណុចខ្លាំង សភាវគតិ ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្ត ព្រមទាំងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់នោះទេ ទាំងនេះសុទ្ធតែជាផ្នែកមួយនៃលក្ខខណ្ឌពីកំណើតរបស់មនុស្សម្នាក់។ លក្ខខណ្ឌពីកំណើតទាំងនេះ មិនធ្វើឱ្យមនុស្សពុករលួយនោះទេ ហើយជាការពិតណាស់ លក្ខខណ្ឌពីកំណើតទាំងនេះ ក៏មិនមានផ្ទុកនូវនិស្ស័យពុករលួយណាមួយឡើយ។ និយាយជារួម លក្ខខណ្ឌពីកំណើត គឺជាលក្ខខណ្ឌជាមូលដ្ឋានមួយចំនួន ដែលមនុស្សដែលព្រះបានបង្កើតត្រូវតែមាន ដើម្បីរស់រាន និងរស់នៅ។ ភាពជាមនុស្ស សំដៅទៅលើអ្វីដែលត្រូវបានសម្ដែងចេញ ដែលពាក់ព័ន្ធនឹងមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា ដែលត្រូវបានបញ្ចេញឱ្យឃើញពីរូបកាយដែលមានលក្ខខណ្ឌពីកំណើត។ ចំណែកឯនិស្ស័យពុករលួយវិញ គឺជារឿងងាយយល់ និស្ស័យពុករលួយគឺជាលទ្ធផលនៃការធ្វើឱ្យពុករលួយរបស់សាតាំង ទៅលើជីវិតនៃរូបកាយនេះ ដែលមានលក្ខខណ្ឌពីកំណើត និងភាពជាមនុស្ស។ តើនេះរាងអរូបីបន្តិចមែនទេ? ជារួម មនុស្សដែលព្រះបានបង្កើត គឺជាភាវៈដែលព្រះបានបង្កើត ដែលត្រូវបានត្រួតត្រាដោយនិស្ស័យពុករលួយ និងមានមនសិការ ព្រមទាំងវិចារណញ្ញាណជាមូលដ្ឋាននៃភាពជាមនុស្ស។ ភាវៈដែលព្រះបានបង្កើតទាំងនេះ មានលក្ខខណ្ឌពីកំណើតផ្សេងៗគ្នា ដែលព្រះជាម្ចាស់បានកំណត់។ នេះគឺជារចនាសម្ព័ន្ធជាមូលដ្ឋាននៃមនុស្សជាតិដែលព្រះជាម្ចាស់បានបង្កើត។ ក្នុងចំណោមចំណុចទាំងនេះ លក្ខខណ្ឌពីកំណើត និងនិស្ស័យពុករលួយ គឺងាយយល់ជាង ប៉ុន្តែភាពជាមនុស្សអាចមានលក្ខណៈអរូបីជាង។ និយាយឱ្យសាមញ្ញទៅ ភាពជាមនុស្សគឺជាលក្ខណៈពិសេសរបស់មនុស្សជាតិដែលព្រះបានបង្កើត ដែលធ្វើឱ្យពួកគេខុសប្លែកពីភាវៈមានជីវិតដទៃទៀត។ ភាវៈដែលព្រះបានបង្កើត ដែលមានលក្ខណៈពិសេសនេះ មានមនសិការ និងវិចារណញ្ញាណ មានចរិតលក្ខណៈ ហើយក៏មានសមត្ថភាពក្នុងការបែងចែកខុសត្រូវផងដែរ។ លក្ខណៈពិសេសទាំងនេះ ដែលធ្វើឱ្យមនុស្សជាតិខុសប្លែកពីភាវៈមានជីវិតដទៃទៀត បង្កើតបានជាភាពជាមនុស្ស។ ជាការពិតណាស់ ភាពជាមនុស្សនេះរួមបញ្ចូលទាំងសមត្ថភាពក្នុងការសម្ដែងចេញដោយប្រើប្រាស់ភាសា សមត្ថភាពក្នុងការបែងចែកខុសត្រូវ សមត្ថភាពក្នុងការយល់ដឹង សមត្ថភាពក្នុងការទទួលយកអ្វីៗថ្មីៗ សមត្ថភាពក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះអាទិករ និងសមត្ថភាពក្នុងការទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ព្រមទាំងចាត់ចែងកិច្ចការណាមួយ។ នេះហើយគឺជាភាពជាមនុស្ស។ ការយល់ដឹងដ៏សាមញ្ញបំផុតអំពីភាពជាមនុស្ស គឺថាវាជាលក្ខណៈជាប់ខ្លួនរបស់មនុស្សជាតិដែលព្រះបានបង្កើត ដែលធ្វើឱ្យពួកគេខុសប្លែកពីភាវៈមានជីវិតដទៃទៀត។ ចំណុចសម្គាល់ជាមូលដ្ឋានបំផុតនៃលក្ខណៈនេះ គឺមនសិការ និងវិចារណញ្ញាណ។ នេះគឺជារបៀបដ៏សាមញ្ញបំផុតក្នុងការយល់ពីវា។ មានព័ត៌មានលម្អិតមួយចំនួននៅក្នុងចំណុចនេះ ដូចជាសេចក្ដីទៀងត្រង់ និងចរិតលក្ខណៈដែលភាពជាមនុស្សគួរតែមាន ការបែងចែករវាងអ្វីៗដែលវិជ្ជមាន និងអ្វីៗដែលអវិជ្ជមាន ព្រមទាំងការជ្រើសរើស និងការអនុវត្តអ្វីៗដែលវិជ្ជមាន។ ជាមូលដ្ឋាន ចំណុចទាំងនេះគឺជាអ្វីដែលមនុស្សគួរតែយល់ និងដឹងអំពីទិដ្ឋភាពទាំងបីនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ តើអ្នករាល់គ្នាធ្លាប់គិតអំពីបញ្ហាទាំងនេះពីមុនមកដែរឬទេ? (ពួកយើងមិនធ្លាប់គិតពីបញ្ហាទាំងនេះពីមុនមកទេ។) ពេលជួបប្រទះបញ្ហាទាំងនេះជាលើកដំបូង តើអ្នករាល់គ្នាអាចយល់ពីវាបានដែរឬទេ? តើអ្នករាល់គ្នាអាចក្ដាប់វាបានដែរឬទេ? (ពួកយើងអាចយល់បានខ្លះៗ។) តើមាននរណាម្នាក់មានអារម្មណ៍ថា ប្រធានបទដែលយើងកំពុងនិយាយនេះស៊ីជម្រៅពេក និងរាងអរូបីបន្តិច ហើយដូចជាការពិភាក្សាអំពីទស្សនវិជ្ជា ដែលពិបាកយល់បន្តិចដែរឬទេ? ដោយផ្អែកលើការសម្ដែងចេញជាក់លាក់នៃទិដ្ឋភាពទាំងបីនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ ដែលយើងបានប្រកបគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អ្វីដែលទើបតែបាននិយាយអម្បាញ់មិញ មិនគួរជារឿងអរូបីសម្រាប់អ្នករាល់គ្នានោះទេ។ ការសម្ដែងចេញជាក់លាក់នៃទិដ្ឋភាពទាំងបីនេះ គួរតែជារឿងដែលអ្នករាល់គ្នាអាចយល់បាន។ បន្ថែមពីនេះ តើទំនាក់ទំនងរវាងទិដ្ឋភាពទាំងបីនេះ មិនគួរច្បាស់លាស់ដែរទេឬ? ភាពជាមនុស្ស គឺជាសេចក្ដីទៀងត្រង់ ចរិតលក្ខណៈ មនសិការ និងវិចារណញ្ញាណ ដែលមនុស្សម្នាក់បញ្ចេញឱ្យឃើញ ដោយផ្អែកលើមូលដ្ឋាននៃការមានលក្ខខណ្ឌពីកំណើតជាមូលដ្ឋាន។ និស្ស័យពុករលួយ គឺជាអ្វីដែលត្រូវបានសម្ដែងចេញនៅក្នុងភាពជាមនុស្ស តាមរយៈលក្ខខណ្ឌពីកំណើត ហើយវាជានិស្ស័យផ្សេងៗដែលមនុស្សសម្ដែងចេញ ដែលត្រូវបានត្រួតត្រាដោយជីវិតដែលសាតាំងបានបញ្ជ្រាបចូលទៅក្នុងពួកគេ។ តាមរបៀបនេះ មិនថាមនុស្សម្នាក់មានលក្ខខណ្ឌពីកំណើតបែបណានោះទេ វាគ្រាន់តែជាសំបកក្រៅជាមូលដ្ឋានបំផុតប៉ុណ្ណោះ ចំណែកឯជីវិតដែលអាចត្រួតត្រាសារជាតិរបស់មនុស្សម្នាក់បានយ៉ាងពិតប្រាកដ គឺជានិស្ស័យពុករលួយដែលសាតាំងបានបញ្ជ្រាបចូលទៅក្នុងគេ។ ពោលគឺ ដើម្បីវែកញែកថាតើសារជាតិរបស់មនុស្សម្នាក់មានលក្ខណៈបែបណា ត្រូវមើលទៅលើនិស្ស័យដែលគេបញ្ចេញឱ្យឃើញ។ ប្រសិនបើនិស្ស័យដែលគេបញ្ចេញឱ្យឃើញ គឺជានិស្ស័យពុករលួយនៃភាពក្រអឺតក្រទម ភាពរឹងទទឹង ភាពបោកបញ្ឆោត សេចក្ដីទុច្ចរិត ឬភាពកាចសាហាវ នោះមិនថាចរិតលក្ខណៈរបស់គេសប្បុរស ឬអាក្រក់នោះទេ តាមសារជាតិ បុគ្គលនេះគឺជារបស់សាតាំង ពីព្រោះជីវិតរបស់គេ គឺជានិស្ស័យពុករលួយរបស់សាតាំង។ ហេតុដូច្នេះ លក្ខណៈរបស់មនុស្សម្នាក់ គឺអាស្រ័យលើជីវិតដែលគេមាននៅខាងក្នុង មិនមែនអាស្រ័យលើថាតើលក្ខខណ្ឌពីកំណើតរបស់គេមានលក្ខណៈបែបណានោះទេ។ ប្រសិនបើជីវិតរបស់គេ គឺជានិស្ស័យពុករលួយរបស់សាតាំង នោះមិនថាលក្ខខណ្ឌពីកំណើតរបស់គេមើលទៅខ្ពង់ខ្ពស់ ឬអស្ចារ្យយ៉ាងណានៅខាងក្រៅនោះទេ តាមសារជាតិ គេគឺជារបស់សាតាំង ហើយគេគឺជាសមាជិកនៃមនុស្សជាតិពុករលួយ។ ប្រសិនបើជីវិតរបស់មនុស្សម្នាក់ គឺជាជីវិតដែលសេចក្ដីពិតគឺជាជីវិតរបស់គេ នោះមិនថាលក្ខខណ្ឌពីកំណើតរបស់គេមើលទៅសាមញ្ញ ធម្មតា ឬត្រូវគេមើលងាយយ៉ាងណានៅខាងក្រៅនោះទេ ហើយទោះបីជាគេបង្ហាញពីភាពទន់ខ្សោយ ភាពខ្វះខាត និងគុណវិបត្តិមួយចំនួននៃភាពជាមនុស្សរបស់គេនៅខាងក្រៅក៏ដោយ ក៏គេនៅតែជាផ្នែកមួយនៃមនុស្សជាតិដែលត្រូវបានសង្គ្រោះដដែល។ តាមសារជាតិ គេជារបស់ព្រះជាម្ចាស់ ហើយមិនមែនជារបស់សាតាំងឡើយ។ សារជាតិរបស់គេផ្លាស់ប្ដូរ។ នៅពេលដែលសារជាតិរបស់គេផ្លាស់ប្ដូរ ថាគេជារបស់អ្នកណានោះ ក៏ផ្លាស់ប្ដូរដែរ គឺគេជារបស់សេចក្ដីពិត និងជារបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ កត្តាដែលកំណត់ថាបុគ្គលម្នាក់ជារបស់អ្នកណា ព្រមទាំងសារជាតិ និងលទ្ធផលចុងក្រោយរបស់គេ មិនមែនជាលក្ខខណ្ឌពីកំណើតរបស់គេនោះទេ ហើយជាការពិតណាស់ វាក៏មិនមែនជាភាពជាមនុស្សរបស់គេទាំងស្រុងដែរ ប៉ុន្តែផ្ទុយទៅវិញ គឺថាតើជីវិតរបស់គេមានលក្ខណៈបែបណា។ ប្រសិនបើតាំងពីដើមដល់ចប់ ជីវិតរបស់មនុស្សម្នាក់ គឺជាជីវិតដែលនិស្ស័យពុករលួយគឺជាជីវិតរបស់គេ ហើយគេគឺជារបស់សាតាំង នោះពួកគេនឹងជារបស់សាតាំង។ ប្រសិនបើគេមានសេចក្ដីពិតជាជីវិតរបស់គេ គេជារបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេនឹងជារបស់ព្រះជាម្ចាស់ នៅក្នុងគោលដៅដ៏ស្រស់បំព្រងដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ។ ដោយផ្អែកលើការសម្ដែងចេញផ្សេងៗ និងសារជាតិរបស់មនុស្សនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ តើបច្ចុប្បន្ននេះ មនុស្សជារបស់អ្នកណា? តើមនុស្សមានជីវិតដែលសេចក្ដីពិតគឺជាជីវិតរបស់ពួកគេដែរឬទេ? (ទេ។) ចុះតើសារជាតិរបស់មនុស្សម្នាក់អាស្រ័យលើអ្វីឱ្យប្រាកដ? (អាស្រ័យលើអ្វីដែលគេមានជាជីវិតរបស់គេ។) ពិតប្រាកដណាស់ អ្វីដែលជាជីវិតរបស់អ្នកនៅខាងក្នុង នោះហើយគឺជាសារជាតិរបស់អ្នក។ ប្រសិនបើជីវិតនៅខាងក្នុងអ្នកផ្លាស់ប្ដូរ ហើយវាមិនមែនជានិស្ស័យពុករលួយដែលជាជីវិតរបស់អ្នកទៀតទេ ប៉ុន្តែជាសេចក្ដីពិតវិញ នោះបើនិយាយពីសារជាតិរបស់អ្នក អ្នកជារបស់ព្រះជាម្ចាស់ និងជារបស់សេចក្ដីពិត។ ជាការពិតណាស់ លក្ខណៈរបស់មនុស្សក្នុងនាមជាមនុស្សមិនផ្លាស់ប្ដូរទេ មនុស្សនៅតែជាមនុស្ស ហើយបើនិយាយពីលក្ខណៈរបស់ពួកគេ ពួកគេនៅតែជាមនុស្សដែលព្រះបានបង្កើតដដែល។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែជីវិតរបស់អ្នកបានផ្លាស់ប្ដូរ ថាអ្នកជារបស់អ្នកណានោះ ក៏បានផ្លាស់ប្ដូរដែរ។ សរុបមក លក្ខខណ្ឌពីកំណើត គឺជាលក្ខខណ្ឌជាមូលដ្ឋានដែលបង្កើតបានជាមនុស្សជាតិដែលព្រះបានបង្កើត។ ពោលគឺ ដរាបណាអ្នកត្រូវបានគេហៅថាមនុស្សដែលព្រះបានបង្កើត លក្ខខណ្ឌពីកំណើតទាំងនេះត្រូវតែមាននៅក្នុងអ្នក ទាំងនេះគឺជាលក្ខខណ្ឌជាមូលដ្ឋាន។ ភាពជាមនុស្ស គឺជាអ្វីដែលត្រូវបានបញ្ចេញឱ្យឃើញ និងសម្ដែងចេញពីភាពជាមនុស្សធម្មតារបស់មនុស្សម្នាក់ ក្នុងពេលដែលគេរស់នៅក្រោមលក្ខខណ្ឌពីកំណើតរបស់គេ។ និស្ស័យពុករលួយ គឺជាជីវិតដែលមានជាប់នៅក្នុងមនុស្សជាតិពុករលួយ ដែលលាក់កំបាំងនៅក្រោមលក្ខខណ្ឌពីកំណើត និងសំបកក្រៅនៃភាពជាមនុស្ស។ ទំនាក់ទំនង និងភាពខុសគ្នារវាងទិដ្ឋភាពទាំងបីនេះ ក៏ដូចជាតួនាទីដែលទិដ្ឋភាពនីមួយៗបំពេញ ឬមុខងារដែលទិដ្ឋភាពនីមួយៗបំពេញនៅក្នុងមនុស្សជាតិដែលព្រះបានបង្កើត គឺដូចដែលបានរៀបរាប់អម្បាញ់មិញនេះឯង។ កាលពីមុន យើងបានប្រកបគ្នាអំពីការសម្ដែងចេញមួយចំនួនដែលពាក់ព័ន្ធនឹងទិដ្ឋភាពទាំងបីនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ ដែលមនុស្សបញ្ចេញឱ្យឃើញ។ ទោះជាយ៉ាងណាក៏ដោយ ខ្លឹមសារដែលពាក់ព័ន្ធនឹងទិដ្ឋភាពទាំងបីនេះ មានវិសាលភាពធំធេងជាងអ្វីដែលយើងបានប្រកបគ្នាទៅទៀត ដូច្នេះ យើងត្រូវបន្តប្រកបគ្នាលើប្រធានបទនេះនៅថ្ងៃនេះ។
ការនិយាយត្រដិត និងការនិយាយរដាក់រដុប
តើកាលពីលើកមុន យើងបាននិយាយដល់ត្រង់ណាហើយ ទាក់ទងនឹងការបង្ហាញឱ្យឃើញផ្សេងៗនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ? ភាពខ្លាចរអា និងភាពក្លាហាន តើមែនទេ? (មែនហើយ។) ការប្រកបគ្នានោះត្រូវបានបញ្ចប់ហើយ។ ឥឡូវនេះ ចូរយើងក្រឡេកមើលការនិយាយត្រដិត និងការនិយាយរដាក់រដុប តើនេះជាបញ្ហាប្រភេទអ្វី? (លក្ខខណ្ឌពីកំណើត។) នេះគឺជាលក្ខខណ្ឌពីកំណើត ហើយក៏ជាប្រភេទនៃចំណុចខ្វះខាតផ្នែករាងកាយផងដែរ។ ជាការពិតណាស់ ទម្រង់នៃការនិយាយត្រដិតមានភាពខុសៗគ្នា។ អ្នកនិយាយត្រដិតខ្លះ អូសបន្លាយព្យាង្គតែមួយ ចំណែកឯអ្នកខ្លះទៀតចេះតែនិយាយព្យាង្គតែមួយដដែលៗ ដោយចំណាយពេលពេញមួយថ្ងៃ ក៏មិនអាចនិយាយចេញជាប្រយោគពេញលេញមួយបានដែរ។ ជារួម នេះគឺជាលក្ខខណ្ឌពីកំណើត ហើយជាការពិតណាស់ វាក៏ជាប្រភេទនៃចំណុចខ្វះខាតផ្នែករាងកាយផងដែរ។ តើនេះពាក់ព័ន្ធនឹងនិស្ស័យពុករលួយដែរឬទេ? (ទេ។) វាមិនពាក់ព័ន្ធនឹងនិស្ស័យពុករលួយនោះទេ។ ប្រសិនបើនរណាម្នាក់និយាយថា៖ «អ្នកនិយាយរដាក់រដុប អ្នកពិតជាមានល្បិចកលមែន!» ឬ «អ្នកសូម្បីតែនិយាយក៏ត្រដិតដែរ ម្ដេចក៏អ្នកក្រអឺតក្រទមយ៉ាងនេះ?» តើពាក្យសម្ដីបែបនេះត្រឹមត្រូវដែរឬទេ? (ទេ។) ការនិយាយត្រដិត ដែលជាចំណុចខ្វះខាត ឬចំណុចខ្សោយ មិនពាក់ព័ន្ធនឹងទិដ្ឋភាពណាមួយនៃនិស្ស័យពុករលួយរបស់មនុស្សម្នាក់នោះទេ។ ហេតុដូច្នេះ ការនិយាយត្រដិត គឺជាលក្ខខណ្ឌពីកំណើត និងជាប្រភេទនៃចំណុចខ្វះខាតផ្នែករាងកាយ។ ច្បាស់ណាស់ វាមិនពាក់ព័ន្ធនឹងនិស្ស័យពុករលួយរបស់មនុស្សម្នាក់នោះទេ ហើយក៏គ្មានទំនាក់ទំនងអ្វីទាល់តែសោះជាមួយនិស្ស័យទាំងនោះដែរ។ មានស្ថានភាពមួយទៀតដែលពាក់ព័ន្ធនឹងការនិយាយត្រដិត៖ មនុស្សមួយចំនួនជាធម្មតាមិននិយាយរដាក់រដុបនោះទេ ប៉ុន្តែនៅពេលដែលអ្នកសួរពួកគេ ពួកគេស្ទាក់ស្ទើរ និងនិយាយរដាក់រដុប ពួកគេចំណាយពេលពេញមួយថ្ងៃដើម្បីនិយាយប្រយោគតែមួយ ហើយអ្នកនៅតែមិនអាចដឹងថាពួកគេកំពុងព្យាយាមនិយាយអ្វីនោះទេ។ ពាក្យសម្ដីរបស់ពួកគេមិនដែលជាក់លាក់គ្រប់គ្រាន់នោះទេ ដោយតែងតែធ្វើឱ្យអ្នកទាយពីអត្ថន័យរបស់ពួកគេ មិនថាអ្នកទាយយ៉ាងណា នោះនឹងក្លាយជាអត្ថន័យរបស់ពួកគេ។ បើមិនដូច្នេះទេ ពួកគេប្រើស្នាមញញឹមជំនួសឱ្យការបង្ហាញអត្ថន័យ។ ជារួម ពួកគេគ្រាន់តែមិនឆ្លើយសំណួររបស់អ្នកដោយផ្ទាល់ប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកសួរពួកគេថា៖ «តើអ្នកមកពីណា?» ពួកគេនិយាយថា៖ «ខ្ញុំ... ខ្ញុំ... អឺ គ្រាន់តែដើរលេងនេះនោះ ហើយ...» បន្ទាប់ពីបានស្ដាប់ឮដូច្នេះ អ្នកនៅតែមិនដឹងថាពួកគេមកពីណាដដែល។ ឬអ្នកសួរពួកគេថា៖ «តើអ្នកវាយតម្លៃកម្រិតសមត្ថភាពរបស់បុគ្គលនោះយ៉ាងដូចម្ដេច?» ពួកគេនិយាយថា៖ «កម្រិតសមត្ថភាព... របស់គេ អឺ... មនុស្សគ្រប់គ្នា ដឹងស្រាប់ហើយ... ពួកយើងទាំងអស់គ្នា... អឺ... មិនសូវ... ច្បាស់ទេ»។ ហេតុអ្វីបានជាពួកគេនិយាយក្នុងរបៀបរដាក់រដុប និងដាច់ៗបែបនេះ? តើនេះជាការនិយាយត្រដិត ឬការនិយាយរដាក់រដុបមែនទេ? វាមើលទៅមិនមែនទេ។ ចុះហេតុអ្វីបានជាពួកគេនិយាយបែបនេះ? ប្រសិនបើវាមិនមែនដោយសារការនិយាយត្រដិត ឬការនិយាយរដាក់រដុបទេ តើមកពីមូលហេតុអ្វី? (ពួកគេត្រូវបានត្រួតត្រាដោយនិស្ស័យពុករលួយ។) នេះច្បាស់ណាស់ថាជាការបង្ហាញឱ្យឃើញនូវនិស្ស័យមួយ។ វាមានន័យថា នៅពេលដែលពួកគេសម្ដែងចេញអ្វីមួយ ឬធ្វើអ្វីមួយ ពួកគេត្រូវបានត្រួតត្រាដោយនិស្ស័យមួយ ដែលជាផ្នែកមួយនៃជីវិតរបស់ពួកគេ ដោយជំរុញពួកគេឱ្យនិយាយ និងធ្វើសកម្មភាពដើម្បីសម្រេចបាននូវគោលដៅជាក់លាក់ណាមួយ។ តើគោលដៅនេះគឺជាអ្វី? គឺដើម្បីលាក់បាំងការពិត ដើម្បីចៀសវាងការប្រាប់អ្នកពីការពិត ពួកគេមិនចង់ពន្យល់រឿងរ៉ាវឱ្យបានច្បាស់លាស់បែបនេះទេ។ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? គឺដោយសារតែពួកគេជឿថា ប្រសិនបើពួកគេពន្យល់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ ពួកគេនឹងត្រូវទទួលរងផលវិបាក មិនថាធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ឬបង្កផលប៉ះពាល់ដល់ខ្លួនឯងនោះទេ។ ពួកគេមិនចង់ទទួលរងផលវិបាកទាំងនេះទេ ពួកគេមិនចង់ឱ្យអ្នកដឹងពីការពិតឡើយ។ នេះគឺជារបៀប និងបែបបទនៃការនិយាយ ព្រមទាំងការធ្វើសកម្មភាពក្រោមការត្រួតត្រានៃនិស្ស័យពុករលួយ។ ជីវិតដែលត្រួតត្រាពួកគេឱ្យធ្វើបែបនេះ តំណាងឱ្យធម្មជាតិរបស់ពួកគេ ហើយការដែលពួកគេធ្វើបែបនេះ បញ្ជាក់ថាពួកគេគ្មានសេចក្ដីពិតទាល់តែសោះ។ ពួកគេមិននិយាយស្របតាមគោលការណ៍សេចក្ដីពិតនោះទេ។ ដូច្នេះ តើមនុស្សម្នាក់គួរនិយាយបែបណា ដើម្បីនិយាយស្របតាមគោលការណ៍សេចក្ដីពិត? ដើម្បីធ្វើបែបនេះ មនុស្សម្នាក់គួរតែធ្វើជាមនុស្សស្មោះត្រង់ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឱ្យការនិយាយស្ដីរបស់អ្នក មែនគឺមែន ទេគឺទេ»។ តើពួកគេធ្វើបែបនេះដែរឬទេ? (ទេ។) តើពួកគេធ្វើអ្វីខ្លះ? ពួកគេមិននិយាយថាមែននៅពេលដែលមែន ហើយក៏មិននិយាយថាទេនៅពេលដែលទេនោះឡើយ។ តើពួកគេប្រើវិធីសាស្ត្រអ្វី? ពួកគេនិយាយមិនច្បាស់លាស់ ដោយប្រើវិធីបោកបញ្ឆោត និងទុច្ចរិតដើម្បីបង្ហាញអត្ថន័យរបស់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅក្នុងការការពារខ្លួនឯង។ ពួកគេប្រើវិធីសាស្ត្រដែលសាតាំងបានណែនាំ និងបញ្ជ្រាបចូលទៅក្នុងពួកគេ ដើម្បីចាត់ចែងរឿងណាមួយ ឬសម្ដែងចេញអ្វីមួយ។ នេះច្បាស់ណាស់ថាជានិស្ស័យពុករលួយរបស់សាតាំង។ នេះមិនមែនជាការបង្ហាញឱ្យឃើញរាក់កំភែលនៃភាពជាមនុស្សនោះទេ ប៉ុន្តែជាការបង្ហាញឱ្យឃើញនូវរបៀបនៃការធ្វើសកម្មភាពក្រោមការត្រួតត្រានៃនិស្ស័យពុករលួយរបស់សាតាំង។
ការចូលចិត្តភាពរំភើបញាប់ញ័រ
ចូរយើងបន្តជាមួយនឹងការសម្ដែងចេញមួយទៀត៖ ការចូលចិត្តភាពរំភើបញាប់ញ័រ និងការមិនចូលចិត្តភាពសោះកក្រោះ ការធ្វើរឿងគ្រប់យ៉ាង និងរាល់ការជ្រើសរើសរបៀបរស់នៅ ដើម្បីតែភាពរំភើបញាប់ញ័រ។ តើនេះជាបញ្ហាប្រភេទអ្វី? ជាដំបូង តើនេះចាត់ចូលក្នុងចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនៅក្នុងលក្ខខណ្ឌពីកំណើតដែរឬទេ? (មែនហើយ។) តើមែនទេ? ចូរគិតឱ្យបានដិតដល់ តើវាពិតជាស្ថិតក្នុងផ្នែកនោះមែនឬ? តើការចូលចិត្តភាពរំភើបញាប់ញ័រ ស្របនឹងភាពមានវិចារណញ្ញាណធម្មតារបស់មនុស្សម្នាក់ដែរឬទេ? (វាមិនធម្មតាទេ។) ចុះតើការចាត់ថ្នាក់វាទៅក្នុងលក្ខខណ្ឌពីកំណើត គឺសមរម្យដែរឬទេ? (ទេ។) បើមើលតាមរបៀបនេះ វាមិនសមរម្យនោះទេ។ តើការសម្ដែងចេញនេះចាត់ចូលជាបញ្ហាប្រភេទអ្វី? ប្រសិនបើយើងនិយាយថា ការចូលចិត្តភាពរំភើបញាប់ញ័រ ជានិស្ស័យពុករលួយ ចុះតើវាជានិស្ស័យពុករលួយប្រភេទអ្វី? តើវាជាភាពក្រអឺតក្រទម ភាពបោកបញ្ឆោត ឬទង្វើកាចសាហាវ? (វាមិនមែនជាចំណុចណាមួយក្នុងចំណោមចំណុចទាំងនេះទេ។) វាមិនពាក់ព័ន្ធនឹងប្រភេទណាមួយនៃនិស្ស័យពុករលួយនោះទេ។ ចុះតើវាជាបញ្ហាប្រភេទអ្វី? (វាគឺជាបញ្ហានៃភាពជាមនុស្ស។) តើវាជាបញ្ហានៃភាពជាមនុស្សប្រភេទអ្វី? តើវាជាការប្រព្រឹត្តខុសខុសទំនងបន្តិចមែនទេ? (មែនហើយ។) វាគឺជាការប្រព្រឹត្តខ្លួនមិនបានត្រឹមត្រូវ និងក្នុងរបៀបដែលខុសខុសទំនង ការចូលចិត្តភាពរំភើបញាប់ញ័រ និងការនៅមិនស្ងៀម។ ការនៅមិនស្ងៀម បង្ហាញពីការខ្វះភាពជាមនុស្សធម្មតា។ នេះមិនពាក់ព័ន្ធនឹងមនសិការនោះទេ ប៉ុន្តែជាចម្បង វាឆ្លុះបញ្ចាំងពីការខ្វះភាពមានវិចារណញ្ញាណនៅក្នុងភាពជាមនុស្សធម្មតា។ មនុស្សបែបនេះមិនអាចបន្តធ្វើកិច្ចការតែមួយជាប់លាប់ ឬបំពេញភារកិច្ចរបស់ពួកគេក្នុងរបៀបដែលគោរពច្បាប់ និងមានទំនួលខុសត្រូវនោះទេ។ ពួកគេមិនអាចធ្វើរឿងរ៉ាវដូចមនុស្សពេញវ័យបានឡើយ ពួកគេខ្វះការគិតបែបចាស់ទុំ បែបបទនៃការប្រព្រឹត្តខ្លួនបែបចាស់ទុំ និងរបៀបនៃការធ្វើរឿងរ៉ាវបែបចាស់ទុំ។ យ៉ាងហោចណាស់ នេះគឺជាចំណុចខ្សោយនៃភាពជាមនុស្សរបស់ពួកគេ។ ជាការពិតណាស់ នេះមិនឈានដល់កម្រិតដែលក្លាយជាបញ្ហានៃចរិតលក្ខណៈរបស់ពួកគេនោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងអាកប្បកិរិយារបស់ពួកគេក្នុងការប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព។ ការចូលចិត្តភាពថ្មីប្លែក និងភាពរំភើបញាប់ញ័រ ការមិនមានភាពខ្ជាប់ខ្ជួននៅក្នុងអ្វីដែលពួកគេធ្វើ ការមិនអាចតស៊ូព្យាយាម ការនៅមិនស្ងៀម និងការប្រព្រឹត្តខ្លួនមិនត្រឹមត្រូវ ព្រមទាំងការតែងតែចង់ស្វែងរកភាពរំភើបញាប់ញ័រ និងសាកល្បងរឿងថ្មីៗប្លែកៗ បញ្ហាប្រភេទនេះចាត់ចូលក្នុងចំណុចខ្សោយនៃភាពជាមនុស្ស។ មនុស្សដែលចូលចិត្តភាពរំភើបញាប់ញ័រ ខ្វះភាពមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា វាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការរ៉ាប់រងទំនួលខុសត្រូវ និងការងារដែលមនុស្សពេញវ័យគួរតែរ៉ាប់រង។ មិនថាពួកគេធ្វើការងារអ្វីនោះទេ ដរាបណាពួកគេធ្វើវាក្នុងរយៈពេលយូរ ហើយវាបាត់បង់ភាពថ្មីប្លែក ពួកគេយល់ថាវាគួរឱ្យធុញទ្រាន់ បាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើវា ហើយចង់ស្វែងរកអារម្មណ៍នៃភាពថ្មីប្លែក និងភាពរំភើបញាប់ញ័រ។ បើគ្មានភាពរំភើបញាប់ញ័រទេ ពួកគេមានអារម្មណ៍ថាអ្វីៗសោះកក្រោះ ហើយថែមទាំងអាចជួបប្រទះនូវអារម្មណ៍នៃភាពទទេខាងវិញ្ញាណទៀតផង។ នៅពេលដែលពួកគេមានអារម្មណ៍បែបនេះ ចិត្តរបស់ពួកគេប្រែជាមិនស្ងប់ ហើយពួកគេចង់ស្វែងរកភាពរំភើបញាប់ញ័រ ឬរឿងដែលពួកគេចាប់អារម្មណ៍។ ពួកគេតែងតែចង់ធ្វើអ្វីដែលខុសពីធម្មតា។ រាល់ពេលដែលពួកគេយល់ថាការងារដែលពួកគេកំពុងធ្វើ ឬកិច្ចការដែលពួកគេកំពុងចាត់ចែង គួរឱ្យធុញទ្រាន់ ឬមិនគួរឱ្យចាប់អារម្មណ៍ ពួកគេបាត់បង់បំណងប្រាថ្នាក្នុងការបន្ត។ ទោះបីជាវាជាការងារដែលពួកគេគួរតែធ្វើ ឬជាការងារដែលមានអត្ថន័យ និងមានតម្លៃក៏ដោយ ក៏ពួកគេមិនអាចតស៊ូព្យាយាមបានដែរ។ ចូរមើលចុះ នៅក្នុងចំណោមអ្នកគ្មានជំនឿ មានមនុស្សជាច្រើនដែលឧស្សាហ៍ប្រើប្រាស់គ្រឿងញៀន។ មិនថាមូលហេតុនៅពីក្រោយរឿងនេះជាអ្វីនោះទេ ពួកគេចូលចិត្តប្រើប្រាស់គ្រឿងញៀនដើម្បីស្វែងរកអារម្មណ៍នៃភាពរំភើបញាប់ញ័រ និងដើម្បីស្វែងរកអារម្មណ៍ដែលមិនស្របនឹងវិចារណញ្ញាណ លើសពីអ្វីដែលមនុស្សធម្មតាមាន។ មនុស្សដែលចូលចិត្តភាពរំភើបញាប់ញ័រ គឺស្រដៀងនឹងអ្នកដែលពឹងផ្អែកលើគ្រឿងញៀនដើម្បីទទួលបានការរំញោចអារម្មណ៍ដែរ។ ពួកគេខ្វះភាពមានវិចារណញ្ញាណរបស់មនុស្សធម្មតានៅក្នុងរបៀបដែលពួកគេប្រព្រឹត្តខ្លួន ហើយតែងតែចូលចិត្តដេញតាមអារម្មណ៍ដែលមិនស្របនឹងការពិត និងហួសវិស័យធម្មតា នៅពេលជ្រើសរើសរបៀបរស់នៅរបស់ពួកគេ។ នេះគឺជារឿងគ្រោះថ្នាក់ណាស់។ បើមើលពីខាងក្រៅ មនុស្សប្រភេទនេះ ច្រើនតែហាក់ដូចជាគ្មានបញ្ហាធំដុំនោះទេ។ ប្រសិនបើអ្នកមិនញែកដឹងមនុស្សបែបនេះ ឬមើលធ្លុះដល់សារជាតិរបស់ពួកគេ ឬសារជាតិនៃបញ្ហាប្រភេទនេះទេ អ្នកប្រហែលជាគិតថា៖ «មនុស្សទាំងនេះគ្រាន់តែមាននិស្ស័យមិននឹងនរប៉ុណ្ណោះ ពួកគេមានអាយុខ្ទង់សាមសិប ឬសែសិបឆ្នាំទៅហើយ ប៉ុន្តែនៅតែមិនទាន់ចាស់ទុំដូចកូនក្មេងអ៊ីចឹង»។ តាមពិតទៅ នៅក្នុងជម្រៅចិត្ត មនុស្សប្រភេទនេះបន្តស្វែងរកភាពរំភើបញាប់ញ័រជានិច្ច។ មិនថាពួកគេធ្វើអ្វីនោះទេ ពួកគេខ្វះការគិត និងការយល់ដឹងរបស់មនុស្សពេញវ័យ ក៏ដូចជាវិធីសាស្ត្រ និងអាកប្បកិរិយារបស់មនុស្សពេញវ័យក្នុងការចាត់ចែងបញ្ហាផងដែរ។ ហេតុដូច្នេះ មនុស្សបែបនេះមានបញ្ហាខ្លាំងណាស់។ ប្រហែលជាភាពជាមនុស្សរបស់ពួកគេមិនអាក្រក់ ហើយចរិតលក្ខណៈរបស់ពួកគេមិនថោកទាបខ្លាំងនោះទេ ប៉ុន្តែដោយសារតែចំណុចខ្សោយនៃភាពជាមនុស្សរបស់ពួកគេនេះ គឺវាលំបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការមានសមត្ថភាពរ៉ាប់រងកិច្ចការធំដុំ ជាពិសេសកិច្ចការសំខាន់ៗមួយចំនួន។ នៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ពួកគេនិយាយថា៖ «ខ្ញុំយល់គ្រប់យ៉ាង ខ្ញុំគ្រាន់តែធ្វើវាមិនបានប៉ុណ្ណោះ»។ ពួកគេមិនអាចរស់នៅ ឬធ្វើការបានត្រឹមត្រូវ និងមានទំនួលខុសត្រូវ ជាមួយនឹងការគិត និងអាកប្បកិរិយារបស់មនុស្សធម្មតាបានឡើយ។ ចិត្តរបស់ពួកគេតែងតែមិនស្ងប់។ មនុស្សដែលមានការសម្ដែងចេញបែបនេះ ក៏មានបញ្ហាខ្លាំងណាស់ដែរ។ នេះគឺជាការបញ្ចប់ការពិភាក្សារបស់យើងអំពីការសម្ដែងចេញនៃការចូលចិត្តភាពរំភើបញាប់ញ័រ។
ភាពរសើប
បន្ទាប់មកទៀត យើងនឹងនិយាយអំពីភាពរសើប។ ចូរយើងប្រើវិធីសាមញ្ញបំផុតដើម្បីចាត់ថ្នាក់វា ដោយចាប់ផ្ដើមជាមួយនឹងវិធីសាស្ត្រនៃការជម្រុះចោល។ តើភាពរសើបគឺជាលក្ខខណ្ឌពីកំណើតដែរឬទេ? (ទេ។) ចុះ តើវាជានិស្ស័យពុករលួយដែរឬទេ? (ទេ។) ប្រសិនបើមាននរណាម្នាក់មានការសម្ដែងចេញនូវភាពរសើប តើនេះគឺជាការបង្ហាញឱ្យឃើញនូវនិស្ស័យពុករលួយដែរឬទេ? (ទេ។) ភាពរសើបមិនសំដៅទៅលើការមានអារម្មណ៍រមាស់បន្ទាប់ពីបានញ៉ាំអាហារប្រភេទណាមួយ ឬការកណ្ដាស់ និងហូរទឹកភ្នែកបន្ទាប់ពីបានធុំក្លិនណាមួយនោះទេ វាមិនសំដៅទៅលើប្រតិកម្មអាលែកហ្ស៊ីនឹងលម្អងផ្កា ប្រតិកម្មអាលែកហ្ស៊ីនឹងសណ្ដែកដី ឬប្រតិកម្មអាលែកហ្ស៊ីនឹងសារធាតុរក្សាគុណភាព ឬសមាសធាតុគីមីណាមួយឡើយ ពោលគឺវាមិនសំដៅទៅលើភាពរសើបខាងរាងកាយនោះទេ។ ភាពរសើបខាងរាងកាយ សំដៅទៅលើការមានកាយសម្បទារសើប ដែលងាយនឹងមានប្រតិកម្មអាលែកហ្ស៊ីបង្កឡើងដោយក្លិន ឬសារធាតុគ្រោះថ្នាក់ពីខាងក្រៅណាមួយ នេះហើយគឺជាភាពរសើបខាងរាងកាយ។ ភាពរសើបខាងរាងកាយ គ្រាន់តែជាសភាវគតិមួយនៅក្នុងចំណោមលក្ខខណ្ឌពីកំណើតរបស់មនុស្សម្នាក់ប៉ុណ្ណោះ វាគឺជាផ្នែកមួយនៃកាយសម្បទាពីកំណើតរបស់គេ។ ទោះជាយ៉ាងណាក៏ដោយ ភាពរសើបដែលកំពុងពិភាក្សានៅទីនេះ មិនសំដៅទៅលើរឿងនេះទេ។ បន្ទាប់ពីបានជម្រុះចោលលក្ខខណ្ឌពីកំណើត ហើយដោយពិចារណាថា ភាពរសើបប្រភេទនេះជាទូទៅមិនឈានដល់កម្រិតនៃនិស្ស័យពុករលួយទេ មានន័យថា មិនមានការបង្ហាញឱ្យឃើញជាក់លាក់ណាមួយនៃនិស្ស័យពុករលួយឡើយ ដូច្នេះ តើភាពរសើបនេះគឺជាបញ្ហាប្រភេទអ្វីទៅ? (វាគឺជាបញ្ហានៃភាពជាមនុស្ស។) តើនេះគឺជាគុណសម្បត្តិនៃភាពជាមនុស្ស ឬជាចំណុចខ្សោយ? (វាគឺជាចំណុចខ្សោយនៃភាពជាមនុស្ស។) នេះច្បាស់ណាស់ថាជាចំណុចខ្សោយនៃភាពជាមនុស្ស ប្រសិនបើអ្នកមិនអាចមើលឃើញសូម្បីតែចំណុចនេះទេ នោះអ្នកពិតជាល្ងង់ខ្លៅពេកហើយ។ តើការមានភាពរសើបគឺជារឿងល្អដែរឬទេ? ដោយសារវាគឺជាចំណុចខ្សោយនៃភាពជាមនុស្ស នោះវាប្រាកដជាមិនល្អឡើយ។ តើភាពរសើបមានន័យដូចម្ដេច? ចូរនិយាយវាដោយប្រើពាក្យសម្ដីរបស់អ្នករាល់គ្នាផ្ទាល់។ (ការមានសតិអារម្មណ៍រសើបជ្រុល។) តើការមានសតិអារម្មណ៍រសើបជ្រុល គឺជាជំងឺផ្លូវចិត្តដែរឬទេ? ចូរប្រាប់ខ្ញុំមក តើជាទូទៅ សរសៃប្រសាទរបស់មនុស្សក្លាយជារសើបជ្រុលដែរឬទេ? សរសៃប្រសាទស្ថិតនៅក្នុងជាលិកាសាច់ដុំរបស់មនុស្ស ហើយមិនប៉ះនឹងខ្យល់ ធូលី ឬសារធាតុផ្សេងៗពីខាងក្រៅឡើយ ដូច្នេះ តើពួកវាអាចក្លាយជារសើបជ្រុលដោយរបៀបណាទៅ? ប្រសិនបើមនុស្សម្នាក់តែងតែរសើប តើនេះមិនមែនជាបញ្ហានៅក្នុងការគិតរបស់គេទេឬអី? ប្រសិនបើមានបញ្ហានៅក្នុងការគិតរបស់គេ តើនេះមានន័យថាមានបញ្ហាជាមួយនឹងសតិអារម្មណ៍របស់គេដែរឬទេ? (មែនហើយ។) បញ្ហាជាមួយនឹងសតិអារម្មណ៍ គឺត្រូវបានដឹកនាំដោយការគិតរបស់គេ ហើយប្រសិនបើវាត្រូវបានដឹកនាំដោយការគិតរបស់គេ នោះវាគឺជាបញ្ហាដែលទាក់ទងនឹងភាពជាមនុស្សរបស់គេហើយ។ នៅពេលជួបប្រទះនឹងការសម្លឹងមើល ពាក្យសម្ដី ឬការជ្រើសរើសពាក្យពេចន៍ពីនរណាម្នាក់ ឬនៅពេលដែលពួកគេជួបប្រទះនឹងបរិស្ថាន ឬប្រភេទនៃស្ថានភាពណាមួយ ពួកគេនឹងបកស្រាយវាជ្រុលហួស ទាញភ្ជាប់វាទៅនឹងខ្លួនឯង ហើយបន្ទាប់មកក៏ធ្លាក់ចូលទៅក្នុងអារម្មណ៍ថប់បារម្ភ គាបសង្កត់ សោកសៅ និងធ្លាក់ទឹកចិត្ត ជួនកាលថែមទាំងធ្លាក់ចូលទៅក្នុងភាពអវិជ្ជមាន ឬអាក្រក់ជាងនេះទៅទៀត គឺបង្ហាញពីការសម្ដែងចេញដ៏អវិជ្ជមាននៃការស្វែងរកការសងសឹក ការប្រទូសរ៉ាយ និងអ្វីៗផ្សេងទៀត។ ការសម្ដែងចេញទាំងនេះបញ្ជាក់យ៉ាងពេញលេញថា ភាពរសើបគឺជាប្រភេទនៃចំណុចខ្វះខាតនៃភាពជាមនុស្ស។ ចំណុចខ្វះខាតមានន័យថា ប្រសិនបើអ្នកមានបញ្ហាប្រភេទនេះ ភាពជាមនុស្សដែលអ្នកបញ្ចេញឱ្យឃើញ គឺមិនប្រក្រតីឡើយ។ ទោះបីជាបញ្ហានេះបង្កឡើងដោយការគិត ស្ថានភាពផ្លូវចិត្ត វិចារណញ្ញាណ ឬសញ្ញាណ និងទស្សនៈជាក់លាក់របស់អ្នកនៅក្នុងទិដ្ឋភាពណាមួយក៏ដោយ ក្នុងករណីណាក៏ដោយ នេះគឺជាចំណុចខ្វះខាតនៅក្នុងភាពជាមនុស្សរបស់អ្នក។ វាបណ្ដាលឱ្យភាពជាមនុស្សដែលអ្នកបញ្ចេញឱ្យឃើញមានភាពមិនប្រក្រតី មិនស្របតាមភាពមានវិចារណញ្ញាណ និងមនសិការនៃភាពជាមនុស្សធម្មតា ហើយក៏មិនស្របតាមការគិត និងទស្សនៈដែលបង្កើតឡើងដោយលំនាំនៃការគិតនៃភាពជាមនុស្សធម្មតា ឬអាកប្បកិរិយាដែលមនុស្សម្នាក់គួរតែមាននៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងចាត់ចែងកិច្ចការនានាឡើយ។ សរុបមក អ្វីដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងទិដ្ឋភាពនៃភាពជាមនុស្សនេះ ជាសារវន្តគឺជាស្ថានភាពផ្លូវចិត្តមិនប្រក្រតី។ ឧទាហរណ៍ មនុស្សខ្លះក្លាយជារសើបជ្រុល ដោយសារតែនរណាម្នាក់ក្រឡេកមើលពួកគេដោយអចេតនា ពួកគេសន្មតថាបុគ្គលនោះមើលងាយពួកគេ ហើយពួកគេក៏ក្លាយជាមិនសប្បាយចិត្ត ថែមទាំងយំដោយសារតែសេចក្ដីទុក្ខព្រួយពីរឿងនេះទៀតផង។ ចូរប្រាប់ខ្ញុំមក តើនេះមិនមែនជាស្ថានភាពផ្លូវចិត្តមិនប្រក្រតីទេឬអី? តើនេះមិនមែនជាជំងឺផ្លូវចិត្តទេឬអី? តើអ្វីដែលខ្ញុំកំពុងនិយាយ គឺត្រឹមត្រូវដែរឬទេ? (មែនហើយ។) ការសម្ដែងចេញនៃភាពជាមនុស្សនេះ បើនិយាយឱ្យចំទៅ គឺជាជំងឺផ្លូវចិត្ត។ អ្នកដទៃមិនបានធ្វើអ្វីដាក់ពួកគេសោះ ប៉ុន្តែពួកគេយំដោយមិនអាចទប់បានអស់រយៈពេលជាច្រើនថ្ងៃ ហើយមិនអាចធ្វើចិត្តឱ្យផុតពីរឿងនេះបានឡើយ។ នេះគឺជាចំណុចខ្វះខាតនៃភាពជាមនុស្ស។ នៅពេលដែលអ្នកមានមនុស្សប្រភេទនេះនៅជុំវិញអ្នក អ្នកមានអារម្មណ៍គាបសង្កត់ និងរងការរឹតត្បិតជាពិសេស អ្នកមិនដឹងថាពេលណាដែលអ្នកអាចនឹងទាញបញ្ហាពីពួកគេមកដាក់ខ្លួន ឬបង្កបញ្ហាដល់ខ្លួនឯងនោះទេ ហើយអ្នកត្រូវតែប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅពេលនិយាយនៅចំពោះមុខពួកគេ ដោយពិចារណាលើពាក្យសម្ដីរបស់អ្នកម្ដងហើយម្ដងទៀតថា៖ «ប្រសិនបើខ្ញុំនិយាយពាក្យនេះ តើពួកគេនឹងគិតថាខ្ញុំកំពុងមើលងាយពួកគេដែរឬទេ? ប្រសិនបើខ្ញុំមិននិយាយជាមួយពួកគេទេ តើពួកគេនឹងគិតថាខ្ញុំមានមតិណាមួយចំពោះពួកគេដែរឬទេ? ប្រសិនបើខ្ញុំនិយាយពាក្យពីរបីម៉ាត់ទៅកាន់ពួកគេ តើពួកគេនឹងគិតថាខ្ញុំមានចេតនាលាក់កំបាំងណាមួយដែរឬទេ? តើត្រូវប្រព្រឹត្តយ៉ាងណាទៅ ទើបសមរម្យពិតប្រាកដ?» នៅទីបញ្ចប់ អ្នកឈានដល់ការសន្និដ្ឋានមួយថា៖ មនុស្សប្រភេទនេះគ្រាន់តែមានជំងឺផ្លូវចិត្តប៉ុណ្ណោះ ពិតជារំខានមែន! មិនថាអ្នកប្រព្រឹត្តចំពោះពួកគេដោយរបៀបណានោះទេ វាមិនដែលត្រឹមត្រូវឡើយ មិនថាអ្នកនិយាយអ្វី ឬអ្នកធ្វើអ្វីនោះទេ ពួកគេមិនដែលយល់អំពីវាបានត្រឹមត្រូវឡើយ។ ភាពជាមនុស្សរបស់ពួកគេ គឺមិនប្រក្រតីខ្លាំងណាស់។ បន្ទាប់ពីបានចំណាយពេលយូរជាមួយមនុស្សបែបនេះ អ្នកគ្រាន់តែចង់ឃ្លាតឆ្ងាយពីពួកគេ និងជៀសវាងពួកគេ ដោយមិនចង់មានទំនាក់ទំនងអ្វីទៀតឡើយ។ មនុស្សប្រភេទនេះមិនមានការគិតនៃភាពជាមនុស្សធម្មតាទេ ពួកគេមានជំងឺផ្លូវចិត្ត។ ភាពរសើបសំដៅទៅលើការសម្ដែងចេញទាំងនេះ វាគឺជាចំណុចខ្វះខាតនៃភាពជាមនុស្ស។ ទោះបីជាវាគឺជាចំណុចខ្វះខាតនៃភាពជាមនុស្សក៏ដោយ ក៏វាមិនសាមញ្ញជាងនិស្ស័យពុករលួយដែរ។ ប្រសិនបើមាននរណាម្នាក់មានចំណុចខ្វះខាត ឬបញ្ហានៃភាពជាមនុស្ស បញ្ហាជាច្រើននឹងកើតឡើងនៅពេលដែលពួកគេប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ វានឹងមានការលំបាកក្នុងការចុះសម្រុងជាមួយពួកគេ ហើយវាក៏នឹងមានការលំបាកក្នុងការកែតម្រូវពួកគេផងដែរ។ នេះគឺជាការសម្ដែងចេញនៃភាពជាមនុស្ស។
ភាពចចេស
ចូរយើងនិយាយអំពីការសម្ដែងចេញមួយទៀត គឺភាពចចេស។ តើនេះគឺជាបញ្ហាប្រភេទអ្វីទៅ? (វាគឺជាចំណុចខ្វះខាតនៃភាពជាមនុស្ស។) ជាដំបូង ចូរយើងជម្រុះចោលលក្ខខណ្ឌពីកំណើតសិន ភាពចចេសច្បាស់ណាស់ថាមិនមែនជាលក្ខខណ្ឌពីកំណើតទេ វាមិនមែនជាអ្វីដែលព្រះជាម្ចាស់ប្រទានឱ្យឡើយ។ លើសពីនេះទៅទៀត ភាពចចេសមិនឈានដល់កម្រិតនៃនិស្ស័យពុករលួយឡើយ។ ហេតុដូច្នេះ វាគឺជាចំណុចខ្វះខាតនៃភាពជាមនុស្ស។ តើអ្វីទៅជាការសម្ដែងចេញជាក់លាក់នៃភាពចចេស? តើមានទំនាក់ទំនងក្នុងកម្រិតណាមួយរវាងភាពចចេស និងភាពមិនសមហេតុផលដែរឬទេ? (មានខ្លះដែរ។) ក្នុងកម្រិតណាមួយ គឺមានទំនាក់ទំនងនឹងគ្នា។ ដូច្នេះ តើអ្វីទៅជាការសម្ដែងចេញនៃភាពចចេស? ចូរលើកឧទាហរណ៍មួយមក។ តើមនុស្សប្រភេទណាដែលងាយនឹងមានភាពចចេស? តើពាក្យសម្ដី និងសកម្មភាពអ្វីខ្លះដែលជាការសម្ដែងចេញនៃភាពចចេស? (មនុស្សដែលមានភាពចចេស តែងតែប្រកាន់ខ្ជាប់មិនលែង នៅពេលជួបប្រទះនឹងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗជាក់លាក់ណាមួយ។) ការប្រកាន់ខ្ជាប់មិនលែងចំពោះរឿងរ៉ាវ គឺជាទិដ្ឋភាពមួយ។ ចូរលើកឧទាហរណ៍មួយមក តើពួកគេប្រកាន់ខ្ជាប់មិនលែងចំពោះរឿងរ៉ាវប្រភេទណា? (នៅពេលនរណាម្នាក់ចង្អុលបង្ហាញពីបញ្ហារបស់ពួកគេ ពួកគេចូលចិត្តដោះសារ និងប្រើហេតុផលខុសទំនង។ ពួកគេតែងតែប្រកាន់យកឃ្លា ឬការជ្រើសរើសពាក្យពេចន៍ណាមួយដើម្បីការពារខ្លួន ដោយបដិសេធមិនទទួលយកសេចក្ដីពិត ឬទទួលយកការលួសកាត់ឡើយ។ ពួកគេនៅតែទទូចលើហេតុផលរបស់ពួកគេដើម្បីបង្ហាញថាខ្លួនឯងត្រឹមត្រូវ ដោយពន្យល់ពីហេតុផលនៅពីក្រោយសកម្មភាពរបស់ពួកគេ។) នៅពេលអ្នកដទៃលួសកាត់ពួកគេ ឬប្រកបគ្នាជាមួយពួកគេអំពីគោលការណ៍សេចក្ដីពិត ពួកគេមិនទទួលយកវាឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែសង្កត់ធ្ងន់លើការដោះសារ និងហេតុផលដើម្បីបង្ហាញថាខ្លួនត្រឹមត្រូវ ដោយអះអាងថាចេតនារបស់ពួកគេគឺត្រឹមត្រូវ ដោយមិនទទួលស្គាល់កំហុសរបស់ខ្លួនឯងទាល់តែសោះ។ នេះគឺជាការសម្ដែងចេញមួយនៃការប្រកាន់ខ្ជាប់មិនលែង។ មនុស្សខ្លះប្រព្រឹត្តអំពើអាក្រក់ដោយឥតញញើត ហើយត្រូវដកហូតតំណែង ប៉ុន្តែពួកគេមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ ផ្ទុយទៅវិញ ពួកគេនិយាយថា៖ «ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងខ្ញុំទេ ហើយខ្ញុំក៏មិនមែនជាមនុស្សដែលស្រឡាញ់សេចក្ដីពិតដែរ ដូច្នេះវាចប់ត្រឹមហ្នឹងហើយ គ្មានប្រយោជន៍អ្វីក្នុងការខិតខំរីកចម្រើននោះទេ»។ មានគេណែនាំពួកគេថា៖ «អ្នកមិនគួរអវិជ្ជមានបែបនេះទេ។ កម្រិតសមត្ថភាពរបស់អ្នកអាចឱ្យអ្នកយល់ពីសេចក្ដីពិតបាន អ្នកគួរតែខិតខំរីកចម្រើន!» ពួកគេឆ្លើយតបថា៖ «ប្រសិនបើព្រះជាម្ចាស់បានកំណត់ថា អ្នកនឹងមិនទទួលបានគោលដៅល្អទេ នោះទោះបីជាអ្នកខិតខំរីកចម្រើនក៏ដោយ ក៏វាឥតប្រយោជន៍ដែរ។ មិនថាអ្នកខិតខំប្រឹងប្រែងប៉ុនណា ឬអ្នកធ្វើបានល្អប៉ុនណានោះទេ វាគឺឥតប្រយោជន៍ឡើយ»។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែយល់ខុសលើព្រះជាម្ចាស់ និងប្រកែកតវ៉ានឹងព្រះអង្គ។ មិនថាអ្នកដទៃនិយាយអ្វីនោះទេ ពួកគេបដិសេធមិនទទួលយកឡើយ។ មិនថាអ្វីដែលអ្នកនិយាយ ស្របគ្នានឹងសភាពរបស់ពួកគេកម្រិតណា ឬវាអាចជួយពួកគេឱ្យផ្លាស់ប្ដូរ និងទទួលបានការលូតលាស់ខ្លះៗកម្រិតណានោះទេ ពួកគេនៅតែមិនទទួលយកវាដដែល។ ពួកគេជឿជាក់យ៉ាងមុតមាំថា ការគិតរបស់ពួកគេផ្ទាល់គឺត្រឹមត្រូវ។ តើនេះគឺជាការសម្ដែងចេញនៃភាពចចេសដែរឬទេ? (មែនហើយ។) ពួកគេជឿជាក់ដោយមិនងាករេ និងមុតមាំថា៖ «ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងខ្ញុំទេ។ មិនថាខ្ញុំធ្វើអ្វីនោះទេ ព្រះជាម្ចាស់នឹងមិនប្រទានព្រះគុណដល់ខ្ញុំឡើយ ខ្ញុំត្រូវបានព្រះជាម្ចាស់ផាត់ចោលហើយ។ ខ្ញុំដឹងថាខ្ញុំមិនមែនជាមនុស្សដែលស្រឡាញ់សេចក្ដីពិតទេ ដូច្នេះគ្មានប្រយោជន៍អ្វីក្នុងការខិតខំរីកចម្រើនឡើយ។ ប្រសិនបើខ្ញុំអាចបំពេញភារកិច្ចអ្វីបាន ខ្ញុំនឹងធ្វើវាតិចតួចចុះ។ ប្រសិនបើខ្ញុំត្រូវបានគេហៅថាជាអ្នកធ្វើការដោយកម្លាំង នោះក៏ហៅចុះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគ្រាន់តែដើរតាមប៉ុណ្ណោះ។ ដរាបណានៅមានសង្ឃឹមសូម្បីតែបន្តិច ខ្ញុំនឹងមិនចាកចេញឡើយ»។ តាមពិតទៅ ដោយផ្អែកលើកម្រិតសមត្ថភាពរបស់ពួកគេ និងលក្ខខណ្ឌផ្សេងៗទៀត ពួកគេមិនគួរអវិជ្ជមានបែបនេះទេ ពួកគេនៅតែមានសមត្ថភាពអាចធ្វើរឿងដែលមានតម្លៃមួយចំនួនបាន ហើយអាចសម្រេចបានលទ្ធផលខ្លះៗក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែភាពចចេសរបស់ពួកគេ ពួកគេបដិសេធមិនខិតខំរីកចម្រើន មិនព្រមកែប្រែផ្លូវរបស់ខ្លួន និងមិនប្រែចិត្តឡើយ នៅក្នុងចិត្តរបស់ពួកគេ ពួកគេជឿថាព្រះជាម្ចាស់នឹងមិនប្រទានព្រះគុណដល់ពួកគេទេ។ អ្នកដទៃទទួលបានពន្លឺ និងការបំភ្លឺក្នុងកម្រិតផ្សេងៗគ្នា ហើយតែងតែទទួលបានព្រះគុណខ្លះៗពីព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនអាចមានអារម្មណ៍ដឹងពីវាឡើយ ដូច្នេះពួកគេមានការអាក់អន់ចិត្តខ្លះៗចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ តើនេះគឺជាភាពចចេសដែរឬទេ? (មែនហើយ។) មនុស្សខ្លះគិតថា៖ «អ្នកដែលត្រូវបានដំឡើងតួនាទី និងត្រូវបានបណ្ដុះបណ្ដាលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែជាអ្នកដែលពូកែនិយាយ មានអំណោយទាន និងចំណុចខ្លាំង ហើយពូកែបង្ហាញខ្លួនឯង។ មនុស្សដូចជាពួកយើង ដែលមិនដឹងពីរបៀបបង្ហាញខ្លួនឯង និងខ្វះវោហារសព្ទ ត្រូវបានដំណាក់របស់ព្រះជាម្ចាស់មើលរំលង។ ព្រះជាម្ចាស់មិនផ្ដល់ឱកាសណាមួយដល់ពួកយើងឡើយ។ ទោះបីជាពួកយើងមានទេពកោសល្យក៏ដោយ ក៏វាឥតប្រយោជន៍ដែរ។ ទោះបីជាពួកយើងមានកម្រិតសមត្ថភាព និងសមត្ថភាពក្នុងការយល់ដឹងក៏ដោយ ក៏វាមិនសំខាន់ដែរ ពួកយើងនៅតែត្រូវឈរនៅមួយឡែកដដែល។ ជាពិសេស ដោយសារពួកយើងមកពីសាវតាក្រីក្រ មានរូបរាងមធ្យម និងមិនដឹងពីរបៀបតែងខ្លួន ពួកយើងនឹងមិនអាចលេចធ្លោនៅកន្លែងណាមួយឡើយ។ មួយជីវិតរបស់ពួកយើងនឹងមានតែបែបនេះឯង គឺគ្មានឋានៈនៅក្នុងលោកីយ៍ ហើយក៏គ្មានឋានៈនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ»។ តើនេះគឺជាការសម្ដែងចេញនៃភាពចចេសដែរឬទេ? (មែនហើយ។) តាមរយៈឧទាហរណ៍ទាំងពីរនេះ តើអ្នករាល់គ្នាអាចពន្យល់ឱ្យបានច្បាស់ទេថាតើភាពចចេសគឺជាអ្វី? (ការប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវគំនិតរបស់ខ្លួនឯង និងបដិសេធមិនស្ដាប់នរណាម្នាក់ឡើយ។) (ការប្រកាន់គំនិតស្លាប់ក្រឡា។) តាមភាសានិយាយប្រចាំថ្ងៃ វាត្រូវបានគេហៅថា ការប្រកាន់គំនិតស្លាប់ក្រឡា ប៉ុន្តែមិនមែនគ្រប់ទម្រង់នៃរឿងនេះសុទ្ធតែជាភាពចចេសនោះទេ វាអាស្រ័យលើថាតើគំនិតស្លាប់ក្រឡាដែលពួកគេកំពុងប្រកាន់ខ្ជាប់នោះ គឺត្រឹមត្រូវឬក៏អត់។ ប្រសិនបើគំនិតស្លាប់ក្រឡាដែលមនុស្សម្នាក់ប្រកាន់ខ្ជាប់គឺត្រឹមត្រូវ នោះវានៅតែអាចទទួលយកបាន។ ឧទាហរណ៍ ប្រសិនបើនរណាម្នាក់ប្រកាន់គំនិតស្លាប់ក្រឡារបស់គេ ដោយនិយាយថា៖ «មិនថានៅពេលណាក៏ដោយ មនុស្សម្នាក់ត្រូវតែប្រព្រឹត្តដោយមានមនសិការ» នោះទស្សនៈនេះគឺវិជ្ជមានគួរសម។ ប៉ុន្តែប្រសិនបើគំនិតស្លាប់ក្រឡាដែលគេប្រកាន់ខ្ជាប់គឺមិនត្រឹមត្រូវ ហើយមិនស្របតាមការពិត តែគេនៅតែបដិសេធមិនព្រមបោះបង់ចោល ហើយគ្មាននរណាម្នាក់អាចធ្វើឱ្យគេផ្លាស់ប្ដូរការគិត និងទស្សនៈរបស់គេបានទេ មិនថាគេនិយាយអ្វីក៏ដោយ នោះនេះហើយគឺជាភាពចចេស។ ភាពចចេស គឺជារបៀបនៃការយល់ដឹងដែលវៀចខុសទំនង វាគឺជាពេលដែលមនុស្សប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវការគិត និងទស្សនៈដែលវៀចខុសទំនង។ វាមិនស្របតាមភាពជាមនុស្ស ឬការយល់ដឹងជាមូលដ្ឋានរបស់មនុស្សឡើយ រឹតតែមិនស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទៅទៀត ហើយជាការពិតណាស់ វាក៏មិនមានពាក់ព័ន្ធទាល់តែសោះជាមួយនឹងសេចក្ដីពិតដែរ។ ភាពចចេស សំដៅទៅលើការប្រកាន់ខ្ជាប់នូវការគិត និងទស្សនៈដែលវៀចខុសទំនង ក្រោមការគ្រប់គ្រងនៃភាពឆេវឆាវ និងមនោសញ្ចេតនានៃភាពជាមនុស្សរបស់ខ្លួន។ មនុស្សដែលបង្ហាញពីការសម្ដែងចេញប្រភេទទាំងនេះ គឺជាមនុស្សដែលមានភាពចចេស។ ឧទាហរណ៍ មនុស្សខ្លះ បន្ទាប់ពីបានទទួលយកការលួសកាត់ និងបានស្គាល់ខ្លួនឯង ពួកគេមានអារម្មណ៍ថាពួកគេខុសនៅក្នុងរឿងនេះ ហើយគួរតែប្រែចិត្ត។ ពួកគេចាត់ទុកវាថាជាអំពើរំលង ហើយពួកគេជឿថាការលួសកាត់នោះគឺត្រឹមត្រូវ សំណាងល្អដែលការលួសកាត់នោះបានមកទាន់ពេល ហើយប្រសិនបើគ្មានវាទេ នោះកំហុសដ៏ធំមួយនឹងកើតឡើងមិនខាន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានភាពចចេស មិនគិតបែបនេះទេ។ ពួកគេនិយាយថា៖ «ការលួសកាត់ខ្ញុំ គឺកំពុងតែមើលងាយខ្ញុំហើយ នេះគឺកំពុងតែរករឿងខ្ញុំ ដោយសារតែពួកគេទើសភ្នែកនឹងខ្ញុំ។ ប្រហែលជាខ្ញុំធ្លាក់ចូលក្នុងស្ថានភាពដ៏អាក្រក់ ហើយជួបរឿងស៊យហើយ។ ពួកគេគ្រាន់តែចៃដន្យកំពុងតែខឹង ហើយគ្មានកន្លែងបញ្ចេញកំហឹង ទើបពួកគេបញ្ចេញកំហឹងមកលើខ្ញុំ តាមរយៈការលួសកាត់ខ្ញុំ»។ អ្នកដទៃនិយាយថា៖ «វាមិនមែនដូចអ្វីដែលអ្នកគិតនោះទេ។ ហេតុអ្វីបានជាអ្នកមិនពិនិត្យមើលនូវអ្វីដែលអ្នកបានធ្វើខុស? តើអ្នកបានចាត់ចែងរឿងនោះស្របតាមគោលការណ៍ដែរឬទេ? តើអ្នកបានបំពានគោលការណ៍សេចក្ដីពិតដែរឬទេ?» ពួកគេមិនពិនិត្យមើលរឿងទាំងនេះឡើយ។ ផ្ទុយទៅវិញ ពួកគេវិភាគ ស្វែងយល់ និងប្រឈមមុខនឹងរឿងរ៉ាវ និងភាពឆេវឆាវ។ សរុបមក មនុស្សដែលមានភាពចចេស ក្នុងករណីភាគច្រើនបំផុត មិនទទួលយកអ្វីៗដែលវិជ្ជមាន ឬសេចក្ដីពិតឡើយ ពួកគេសូម្បីតែមិនទទួលយកការគិត និងទស្សនៈដែលវិជ្ជមានផង។ មិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេ ឬពួកគេជួបប្រទះនឹងបរិស្ថានបែបណានោះទេ ពួកគេប្រឈមមុខនឹងវាដោយរបៀបចចេស ហើយប្រកាន់ខ្ជាប់ដោយភាពប្រាកដប្រជាជាដាច់ខាត។ សូម្បីតែនៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេក៏ដោយ ក៏ពួកគេមិនទទួលយកវាដែរ ហើយជឿថាអ្វីដែលពួកគេប្រកាន់ខ្ជាប់ គឺស្របតាមការពិតទាំងស្រុង។ តើពួកគេតែងតែនិយាយអ្វីខ្លះ? «អ្វីដែលអ្នកឮ គឺមិនអាចទុកចិត្តបានទេ មានតែអ្វីដែលអ្នកឃើញទើបជាការពិត។ អ្វីដែលខ្ញុំឃើញ គឺជាការពិត។ ទោះបីជាអ្វីដែលអ្នកនិយាយគឺជាសេចក្ដីពិតក៏ដោយ ប្រសិនបើអ្នកមិនបានឃើញវាទេ នោះអ្នកគ្មានសិទ្ធិនិយាយពីវាឡើយ»។ ពួកគេជឿថាអ្វីដែលពួកគេឃើញគឺជាការពិត ហើយជាសារវន្ត ការពិតទាំងនេះលេចឡើងនៅសំបកក្រៅយ៉ាងណា គឺមានសភាពពិតប្រាកដយ៉ាងនោះឯង។ នៅពេលដែលអ្នកនិយាយអំពីសេចក្ដីពិត វាគឺឥតប្រយោជន៍ឡើយ នៅក្នុងភ្នែករបស់ពួកគេ សេចក្ដីពិតគ្រាន់តែជាសំបកក្រៅ គ្រាន់តែជាការបិទបាំង និងគ្រាន់តែជាពាក្យសម្ដីពីរោះស្ដាប់ប៉ុណ្ណោះ។ ហេតុដូច្នេះ ពួកគេមិនទទួលយកវាឡើយ។ ពួកគេជឿយ៉ាងងងឹតងងល់ថា៖ «អ្វីដែលខ្ញុំនិយាយគឺជាការពិត វាមិនមែនជាការកុហកទេ ពីព្រោះខ្ញុំបានឃើញភាពពិតនៃរឿងរ៉ាវ។ ខ្ញុំបានឃើញដំណើរការនៃរឿងរ៉ាវដែលបានកើតឡើង»។ ឧទាហរណ៍ នៅពេលដែលមនុស្សដែលមានភាពចចេស ឃើញប្ដីប្រពន្ធមួយគូឈ្លោះគ្នា ដោយទាំងប្ដីនិងប្រពន្ធស្រែកថានឹងលែងលះគ្នា គេសន្និដ្ឋានថាអ្នកទាំងពីរច្បាស់ជាលែងលះគ្នាមិនខាន។ អ្នកដទៃនិយាយថា៖ «គ្រាន់តែអ្នកឃើញពួកគេឈ្លោះគ្នារឿងលែងលះ មិនប្រាកដថាពួកគេពិតជាចង់លែងលះគ្នានោះទេ។ មនុស្សតែងតែនិយាយពាក្យសម្ដីធ្ងន់ៗនៅពេលដែលពួកគេខឹង។ តាមពិតទៅ ប្ដីប្រពន្ធមួយគូនេះ ជាធម្មតាស្រឡាញ់គ្នាខ្លាំងណាស់ មានមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងទំនាក់ទំនងរបស់ពួកគេ។ ទោះបីជាពួកគេឈ្លោះគ្នាអស់មួយជីវិតក៏ដោយ ក៏ពួកគេមិនអាចរស់នៅដោយគ្មានគ្នាបានឡើយ។ ប្រពន្ធបានប្រាប់នរណាម្នាក់ដែលដឹងពីស្ថានភាពនេះថា វាមិនអាចទៅរួចទេដែលពួកគេលែងលះគ្នានោះ។ ដូច្នេះ ដោយផ្អែកលើការពិតទាំងនេះ និងរបៀបរស់នៅជាធម្មតារបស់ពួកគេ ពួកគេនឹងមិនអាចលែងលះគ្នាឡើយ»។ មនុស្សដែលមានភាពចចេស មិនជឿរឿងនេះទេ។ ក្រោយមក គេទៅតាមដានមើល ហើយឃើញថាប្ដីប្រពន្ធនោះពិតជាមិនបានលែងលះគ្នាមែន ប៉ុន្តែគេនៅតែជឿយ៉ាងរឹងរូសថា៖ «មើលទៅសំបកក្រៅ ពួកគេគ្រាន់តែមិនទាន់លែងលះគ្នាប៉ុណ្ណោះ តែជាលក្ខណៈឯកជនវិញ ពួកគេបានលែងលះគ្នាដោយលួចលាក់បាត់ទៅហើយ។ ពួកគេគ្រាន់តែមិនបានប្រកាសជាសាធារណៈ ដើម្បីតែកូនៗប៉ុណ្ណោះ»។ អ្នកឃើញទេ គេនៅតែប្រកាន់ខ្ជាប់យ៉ាងរឹងរូសចំពោះរឿងនេះ។ គេជឿតែលើអ្វីដែលភ្នែករបស់ គេមើលឃើញ និងការវិនិច្ឆ័យរបស់គេផ្ទាល់ប៉ុណ្ណោះ ដោយទទូចយ៉ាងរឹងក្បាលថា ការវិនិច្ឆ័យរបស់គេ ព្រមទាំងការគិត និងទស្សនៈរបស់គេ គឺត្រឹមត្រូវ។ ទោះបីជាការពិតមិនមែនបែបនោះ ឬសារជាតិ និងឫសគល់នៃបញ្ហាមិនមែនបែបនោះក៏ដោយ ក៏គេនៅតែជឿថាវាជាបែបនោះដដែល។ ការយល់ដឹងរបស់គេចំពោះរឿងរ៉ាវទាំងអស់ ពឹងផ្អែកទាំងស្រុងទៅលើការលម្អៀង ភាពឆេវឆាវ និងមនោសញ្ចេតនារបស់គេផ្ទាល់ គេមិនវិនិច្ឆ័យដោយផ្អែកលើធម្មជាតិនៃការពិត ឬឫសគល់នៃបញ្ហាឡើយ។ ទោះបីជាស្ថានភាពផ្លាស់ប្ដូរក៏ដោយ ក៏របៀបនៃការយល់ដឹងរបស់គេ ព្រមទាំងការគិត និងទស្សនៈរបស់គេ នៅតែមិនផ្លាស់ប្ដូរដដែល។ ទាំងនេះគឺជាការសម្ដែងចេញនៃមនុស្សដែលមានភាពចចេស។
នៅពេលដែលមនុស្សដែលមានភាពចចេសជួបប្រទះនឹងបញ្ហាជាក់លាក់ របៀបនៃការចាត់ចែងបញ្ហារបស់ពួកគេ និងនិស្ស័យដែលពួកគេបញ្ចេញឱ្យឃើញ គឺពាក់ព័ន្ធនឹងនិស្ស័យពុករលួយ។ ភាពចចេស គឺជាចំណុចខ្វះខាតដ៏ធំមួយនៃភាពជាមនុស្ស។ ជាការពិតណាស់ នេះមិនឈានដល់កម្រិតនៃចរិតលក្ខណៈ ឬសេចក្ដីទៀងត្រង់ឡើយ វាគ្រាន់តែពាក់ព័ន្ធនឹងអាកប្បកិរិយា ការគិត និងទស្សនៈដែលពួកគេប្រើក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងចាត់ចែងកិច្ចការនានាប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់មានភាពចចេស នោះវាគ្រប់គ្រាន់នឹងបង្ហាញថា ភាពជាមនុស្សរបស់គេមានចំណុចខ្វះខាតហើយ។ នៅពេលដែលចំណុចខ្វះខាតនេះត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងរឿងរ៉ាវជាក់លាក់ណាមួយ អ្វីដែលពួកគេបញ្ចេញឱ្យឃើញ គឺលែងគ្រាន់តែជាចំណុចខ្វះខាតនៃភាពជាមនុស្សទៀតហើយ។ ប្រសិនបើនៅក្នុងស្ថានភាពណាមួយ ពួកគេនៅតែប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវការយល់ដឹង ព្រមទាំងទស្សនៈដែលវៀចខុសទំនងរបស់ពួកគេ ដោយជឿថាវាស្របតាមសេចក្ដីពិត ហើយមិនថាអ្នកណាប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេក៏ដោយ ក៏ពួកគេមិនអាចទទួលយកវាបាន ថែមទាំងបង្ហាញចេញនូវសកម្មភាព និងពាក្យសម្ដីចចេសមួយចំនួនទៀតនោះ នេះលែងគ្រាន់តែជាបញ្ហានៃភាពជាមនុស្សរបស់ពួកគេទៀតហើយ។ នេះបានឈានដល់កម្រិតនៃបញ្ហាជាមួយនឹងនិស្ស័យរបស់ពួកគេបាត់ទៅហើយ ពោលគឺវាបានឈានដល់កម្រិតនៃនិស្ស័យពុករលួយ។ ឧទាហរណ៍ នៅពេលនិយាយដល់ការទទួលយកការលួសកាត់ ប្រសិនបើពួកគេបំពានគោលការណ៍ក្នុងការធ្វើកិច្ចការ និងប្រព្រឹត្តអំពើអាក្រក់ដោយឥតញញើត ពួកគេគួរតែទទួលយកការលួសកាត់។ ទោះបីជាពួកគេមិនទទួលយកការលួសកាត់ក៏ដោយ ក៏ពួកគេនៅតែគួរតែទទួលយកការដាក់ទោស និងការវាយផ្ចាលដែលត្រូវនឹងអំពើខុសឆ្គងនោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការយល់ពីរឿងនេះឱ្យបានត្រឹមត្រូវ ពួកគេបែរជាត្អូញត្អែរពីសំណាងអាក្រក់របស់ពួកគេ ដោយនិយាយថា៖ «ខ្ញុំគ្រាន់តែចៃដន្យប៉ះចំពេលគេកំពុងខឹងប៉ុណ្ណោះ។ អ្នកដែលលួសកាត់ខ្ញុំ គ្រាន់តែខឹង ហើយគ្មានកន្លែងបញ្ចេញកំហឹងរបស់គេ។ គេគ្រាន់តែចៃដន្យបានជួបរឿងរបស់ខ្ញុំនេះ ទើបគេលួសកាត់ខ្ញុំ»។ ការគិត ទស្សនៈ និងអាកប្បកិរិយារបស់ពួកគេចំពោះការលួសកាត់ គឺជាការបង្ហាញឱ្យឃើញនូវនិស្ស័យពុករលួយ។ តើជានិស្ស័យពុករលួយប្រភេទណា? (ភាពរឹងទទឹង និងការស្អប់ខ្ពើមសេចក្ដីពិត។) គឺការស្អប់ខ្ពើមសេចក្ដីពិត និងភាពរឹងទទឹង។ ការគិត និងទស្សនៈរបស់ពួកគេទាក់ទងនឹងមនុស្ស និងរឿងរ៉ាវ គឺចាត់ចូលក្នុងភាពចចេសនៃភាពជាមនុស្សរបស់ពួកគេ ប៉ុន្តែនិស្ស័យពុករលួយដែលបង្កើតឱ្យមានការគិត និងទស្សនៈចចេសទាំងនេះ គឺជាភាពរឹងទទឹង និងការស្អប់ខ្ពើមសេចក្ដីពិត។ នេះធ្វើឱ្យសារជាតិនៃបញ្ហាទៅជាធ្ងន់ធ្ងរ មនុស្សបែបនេះគឺជាអ្នកមិនជឿ។ ភាពចចេស គឺជាចំណុចខ្វះខាតនៃភាពជាមនុស្ស។ តើអ្វីទៅជាលក្ខណៈសំខាន់ៗនៃនិស្ស័យពុករលួយដែលពាក់ព័ន្ធនឹងភាពចចេសនេះ? គឺភាពរឹងទទឹង និងការស្អប់ខ្ពើមសេចក្ដីពិត នេះហើយដែលនាំវាឱ្យឈានដល់កម្រិតនៃនិស្ស័យពុករលួយ។ តើអ្នករាល់គ្នាកត់សម្គាល់ឃើញអ្វីពីរឿងនេះ? ចំណុចខ្វះខាតមួយចំនួននៅក្នុងភាពជាមនុស្ស ដែលពាក់ព័ន្ធនឹងការគិត ទស្សនៈ និងអាកប្បកិរិយាដែលមនុស្សប្រើក្នុងការប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព អាចឈានដល់កម្រិតនៃនិស្ស័យពុករលួយបាន។ ឧទាហរណ៍ ការនិយាយត្រដិត គឺជាចំណុចខ្វះខាតនៃភាពជាមនុស្ស។ មនុស្សដែលនិយាយត្រដិត នឹងនិយាយត្រដិតមិនថាគេនិយាយអ្វីនោះទេ។ ការនិយាយត្រដិតដោយខ្លួនវាផ្ទាល់ មិនមែនជានិស្ស័យពុករលួយទេ ហើយក៏មិនឈានដល់កម្រិតនៃនិស្ស័យពុករលួយដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពាក្យសម្ដីដែលនិយាយចេញមកក្នុងទម្រង់ត្រដិត មានផ្ទុកនូវការគិតមួយចំនួន ហើយការគិតទាំងនេះត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រងនៃនិស្ស័យពុករលួយ នោះមិនថាបុគ្គលនោះជាអ្នកនិយាយត្រដិតពីកំណើត ឬក៏អត់នោះទេ ការគិតនៅពីក្រោយពាក្យសម្ដីរបស់គេ គឺពាក់ព័ន្ធនឹងនិស្ស័យពុករលួយហើយ។ ការនិយាយត្រដិត គឺជាបញ្ហានៃការនិយាយ វាមិនមានពាក់ព័ន្ធនឹងនិស្ស័យពុករលួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការគិត និងទស្សនៈនៅពីក្រោយការប្រើប្រាស់របៀបនៃការនិយាយត្រដិត ត្រូវបានបណ្ដាលឱ្យកើតឡើង ឬបង្កឡើងដោយនិស្ស័យពុករលួយ។ ដូច្នេះ អ្នកឃើញទេ នៅពេលដែលចំណុចខ្វះខាតនៃភាពជាមនុស្សពាក់ព័ន្ធនឹងលក្ខខណ្ឌពីកំណើត វាមិនមានពាក់ព័ន្ធនឹងនិស្ស័យពុករលួយឡើយ។ ប៉ុន្តែនៅពេលដែលចំណុចខ្វះខាតនៃភាពជាមនុស្សពាក់ព័ន្ធនឹងធាតុដ៏ថោកទាប វៀចខុសទំនង ឬអវិជ្ជមាននៃចរិតលក្ខណៈរបស់មនុស្សម្នាក់ នោះវាពិតជាពាក់ព័ន្ធនឹងនិស្ស័យពុករលួយមែន។ តើអ្នកយល់ទេ? (យល់ហើយ។)
ភាពស្ពឹកស្រពន់
ចូរយើងពិភាក្សាអំពីការសម្ដែងចេញមួយទៀត គឺភាពស្ពឹកស្រពន់។ តើនេះជាបញ្ហាអ្វី? (ជាចំណុចខ្សោយនៃភាពជាមនុស្ស។) ភាពស្ពឹកស្រពន់ គឺជាចំណុចខ្សោយនៃភាពជាមនុស្ស។ តើភាពស្ពឹកស្រពន់មានការសម្ដែងចេញជាទូទៅអ្វីខ្លះនៅក្នុងមនុស្ស? គឺការមានប្រតិកម្មយឺតយ៉ាវ ធ្វើចលនាយឺតៗ និងខ្វះភាពបត់បែននៅពេលធ្វើកិច្ចការនានា ហើយនៅពេលគិតអំពីបញ្ហា គឺមានគំនិតតិចតួច ឬអាចពិចារណាលើទិដ្ឋភាពនៃបញ្ហាបានតិចតួចប៉ុណ្ណោះ។ ទាំងអស់នេះហៅថា ភាពស្ពឹកស្រពន់។ តើភាពស្ពឹកស្រពន់ពាក់ព័ន្ធនឹងទិដ្ឋភាពណានៃភាពជាមនុស្ស? វាពាក់ព័ន្ធនឹងជម្រៅនៃការយល់ឃើញរបស់មនុស្សម្នាក់ចំពោះមនុស្ស និងរឿងរ៉ាវ ជម្រៅនៃការប្រព្រឹត្តខ្លួន និងសកម្មភាពរបស់គេ ក៏ដូចជាបញ្ញា ឬកម្រិតសមត្ថភាពរបស់គេ នៅពេលនិយាយដល់ការយល់ឃើញចំពោះមនុស្ស និងរឿងរ៉ាវ ព្រមទាំងការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាព។ ជាទូទៅ តើមនុស្សប្រភេទណាដែលគេហៅថា «ស្ពឹកស្រពន់»? (ជាមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយគួរសម។) ភាពស្ពឹកស្រពន់មានន័យថា មនុស្សម្នាក់មានកម្រិតសមត្ថភាពខ្សោយ មានបញ្ញាអន់ និងមានប្រតិកម្មយឺតយ៉ាវ។ ការមានការសម្ដែងចេញទាំងនេះ គឺជាភាពស្ពឹកស្រពន់។ ភាពស្ពឹកស្រពន់ គឺជាចំណុចខ្សោយដ៏ចម្បងមួយនៃភាពជាមនុស្ស។ ភាពស្ពឹកស្រពន់នេះ មិនសំដៅទៅលើដៃ ឬជើងរបស់អ្នកស្ពឹក ហើយបាត់បង់អារម្មណ៍ដឹងនោះទេ វាមិនមែនជាភាពគ្មានអារម្មណ៍ដឹងខាងរាងកាយបែបនេះឡើយ។ វាក៏មិនសំដៅទៅលើបុគ្គលិកលក្ខណៈដែលខ្វះភាពរស់រវើក រឹងកំព្រឹស ឬរឹងត្អឹងនោះដែរ។ ផ្ទុយទៅវិញ វាគឺជាប្រតិកម្មខាងគំនិត ឬជាការសម្ដែងចេញនូវបញ្ញារបស់មនុស្សម្នាក់ ក្នុងការដោះស្រាយបញ្ហា។ ជាទូទៅ មនុស្សប្រភេទនេះច្រើនតែស្ថិតក្នុងសភាពស្ពឹកស្រពន់ អន់បញ្ញា និងគ្មានប្រតិកម្ម នៅពេលនិយាយដល់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលនៅជុំវិញគេ។ ពោលគឺ គេមើលឃើញរឿងរ៉ាវនានា ប៉ុន្តែមិនអាចមើលធ្លុះដល់សារជាតិនៃរឿងរ៉ាវទាំងនោះបានឡើយ ហើយក៏មិនអាចកត់សម្គាល់ឃើញបញ្ហានៅក្នុងនោះដែរ។ នៅពេលដែលអ្នករំលឹកគេថា មានបញ្ហានៅទីនេះ គេសូម្បីតែប្រតិកម្មក៏គ្មានផង ហើយមិនដឹងថាវាជាបញ្ហាទៀត។ ទោះបីជាមាននរណាម្នាក់ចង្អុលបង្ហាញបញ្ហានោះប្រាប់គេក៏ដោយ ក៏គេនៅតែមិនអាចមើលធ្លុះដល់ភាពធ្ងន់ធ្ងរនៃបញ្ហា ឬសារជាតិនៃបញ្ហានោះបានដដែល។ ហេតុដូច្នេះ គេដោះស្រាយរឿងរ៉ាវជាច្រើនយ៉ាងយឺតយ៉ាវបំផុត។ នេះហើយគឺជាភាពស្ពឹកស្រពន់។ ភាពស្ពឹកស្រពន់ផ្ទាល់ គឺជាចំណុចខ្សោយនៃភាពជាមនុស្ស។ ចំពោះមនុស្សដែលស្ពឹកស្រពន់ មិនថាពួកគេមានអាយុប៉ុន្មាន ឬមិនថាផ្នែកណាមួយនៃរូបកាយរបស់ពួកគេស្ពឹកឬអត់នោះទេ បើនិយាយពីការសម្ដែងចេញនៃភាពជាមនុស្សរបស់ពួកគេនៅក្នុងទិដ្ឋភាពនេះ ពួកគេមិនអាចធ្វើការងារជាក់លាក់ និងជាសារវន្តបានឡើយ ហើយពួកគេក៏មិនអាចរ៉ាប់រងការងារដែលពាក់ព័ន្ធនឹងខ្លឹមសារបច្ចេកទេស ឬដែលមានលក្ខណៈឯកទេសខ្ពស់បានដែរ។ ជាការពិតណាស់ មនុស្សបែបនេះក៏គ្មានសមត្ថភាពធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការដែរ។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់មានភាពស្ពឹកស្រពន់ នោះបញ្ហានឹងកើតឡើងនៅក្នុងការងារដែលគេធ្វើ វានឹងឈានដល់ការជាប់គាំង និងគាំងដំណើរការមិនខាន។ គេមិនអាចកត់សម្គាល់ឃើញបញ្ហាទេ ហើយគេក៏មិនអាចដោះស្រាយបញ្ហាទាំងនោះបានទាន់ពេលវេលាដែរ ដូច្នេះ នៅពេលដែលមានបញ្ហាផ្សេងៗកើតឡើង គេមិនអាចកត់សម្គាល់ឃើញឡើយ ហើយបញ្ហាទាំងនោះក៏មិនអាចដោះស្រាយបានដែរ។ គេមិនអាចមើលឃើញបញ្ហាដោយភ្នែករបស់គេទេ ដូច្នេះ គេមិនអាចចាប់ផ្ដើមដោះស្រាយបញ្ហាទាំងនោះបានឡើយ ហើយគេមិនដឹងថាត្រូវធ្វើកិច្ចការអ្វីដែលសំខាន់បំផុតនោះទេ។ ជារៀងរាល់ថ្ងៃ គេអាចធ្វើបានត្រឹមតែកិច្ចការសើៗបន្តិចបន្តួចតាមទម្លាប់ប៉ុណ្ណោះ។ មិនថាខាងលើទម្លាក់កិច្ចការអ្វីក៏ដោយ ក៏គេគ្រាន់តែបញ្ជូនបន្តប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីបញ្ជូនបន្តរួច គេមិនដឹងទាល់តែសោះថា តើកិច្ចការទាំងនោះអាចអនុវត្តបានត្រឹមត្រូវដែរឬទេ តើអាចសម្រេចបានលទ្ធផលអ្វីខ្លះ ឬតើនឹងមានឥទ្ធិពលអ្វីខ្លះនៅពេលក្រោយ។ គេមិនអាចមើលធ្លុះរឿងអ្វីទាំងអស់។ មិនថាមានមនុស្សប៉ុន្មាននាក់នៅជុំវិញគេកំពុងប្រព្រឹត្តអំពើអាក្រក់ ឬបង្កការរំខាន ឬការបង្អាក់នោះទេ ក៏គេមិនអាចដឹងបានឡើយ។ គេក៏មិនដឹងថាមានកិច្ចការប៉ុន្មានដែលត្រូវតាមដានបន្ត ឬកិច្ចការជាក់លាក់ណាដែលត្រូវអនុវត្តនោះដែរ។ មានគេសួរពួកគេថា៖ «តើអ្នកបានចាត់តាំង និងរៀបចំកិច្ចការហើយឬនៅ?» គេនិយាយថា៖ «កិច្ចការទាំងអស់ត្រូវបានរៀបចំរួចរាល់ហើយ។ ខ្ញុំបានប្រកបគ្នាជាមួយពួកគេ និងបានអានការរៀបចំកិច្ចការឮៗម្ដងរួចហើយ មនុស្សគ្រប់គ្នាបានដឹងហើយ»។ តើនេះជាការអនុវត្តការរៀបចំកិច្ចការដែរឬទេ? (ទេ។) ការអនុវត្តការរៀបចំកិច្ចការ ដំបូងតម្រូវឱ្យមានការចាត់តាំងការទទួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការឱ្យបានត្រឹមត្រូវ ដោយបញ្ជាក់ថាអ្នកដឹកនាំណាគួរដោះស្រាយកិច្ចការណា និងធានាថាកិច្ចការនីមួយៗត្រូវបានចាត់តាំងដល់មនុស្សជាក់លាក់។ បន្ថែមពីនេះ ត្រូវតែប្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការយ៉ាងជាក់លាក់អំពីរបៀបធ្វើកិច្ចការនោះ និងត្រូវធ្វើតាមគោលការណ៍ណាខ្លះ។ រឿងរ៉ាវទាំងអស់នេះត្រូវតែពន្យល់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងពីរបៀបធ្វើកិច្ចការ។ មានតែបែបនេះទេ ទើបហៅថាការបែងចែកកិច្ចការ។ នៅពេលបំពេញកិច្ចការ មនុស្សខ្លះគ្រាន់តែអានការរៀបចំកិច្ចការឮៗប្រាប់អ្នកដទៃ និងឱ្យមនុស្សគ្រប់គ្នាចែករំលែកការយល់ដឹង និងអារម្មណ៍របស់ពួកគេទាក់ទងនឹងកិច្ចការនោះ ហើយក៏ចប់តែម្ដង។ ឱ្យតែពួកគេឃើញមនុស្សគ្រប់គ្នារវល់នឹងការបំពេញភារកិច្ចរបស់ខ្លួន ពួកគេសន្មតថាការរៀបចំកិច្ចការត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវហើយ។ នៅចំណុចនេះ ប្រសិនបើអ្នកសួរពួកគេថា៖ «តើបងប្អូនប្រុសស្រីមានការលំបាកអ្វីខ្លះក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ? តើនៅមានបញ្ហាអ្វីដែរឬទេ? តើអ្នកបានប្រកបគ្នាដើម្បីដោះស្រាយបញ្ហាទាំងនោះហើយឬនៅ?» ពួកគេឆ្លើយតបថា៖ «ខ្ញុំមិនបានឮថាមានបញ្ហាអ្វីទេ ចាំខ្ញុំទៅមើលសិន»។ តាមពិត អ្នកទទួលខុសត្រូវលើកិច្ចការនោះ មិនបានលើកឡើងពីបញ្ហា ឬការលំបាកអ្វីឡើយ ប៉ុន្តែការលំបាកទាំងនោះពិតជាមានមែន។ គឺដោយសារតែ គេស្ពឹកស្រពន់ពេក ទើបគេមិនអាចកត់សម្គាល់ឃើញបញ្ហាទាំងនោះ។ ឧទាហរណ៍៖ សូម្បីតែពេលមនុស្ស២នាក់មិនអាចសហការគ្នាបាន និងដណ្ដើមឋានៈគ្នានៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការ ក៏ពួកគេមិនអាចដឹងបានដែរ។ គេថែមទាំងនិយាយថា៖ «ទំនាក់ទំនងរបស់ពួកគេល្អគួរសមដែរ ពួកគេនិយាយស្តី និងទាក់ទងគ្នាទៅវិញទៅមក។ ប្រសិនបើពួកគេមិនអាចសហការគ្នាបានទេ ពួកគេមុខជាមិននិយាយរកគ្នាឡើយ»។ មានគេសួរបុគ្គលនោះថា៖ «តើពួកគេកំពុងដណ្ដើមឋានៈគ្នាឬ? តើពួកគេអាចសហការគ្នាដោយចុះសម្រុងដែរឬទេ?» គេឆ្លើយតបថា៖ «ខ្ញុំមិនដឹងពីរឿងហ្នឹងទេ»។ លុះត្រាតែមានការសាកសួរ ទើបគេរកឃើញថា អ្នកទាំង២មិនអាចសហការគ្នាបាន ហើយកំពុងប្រកួតប្រជែងគ្នា គឺប្រកួតប្រជែងគ្នាថាតើនរណាអធិប្បាយបានខ្ពង់ខ្ពស់ជាង នរណាមានសំឡេងខ្លាំងជាង និងនរណានិយាយបានយូរជាង។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានកត់សម្គាល់ឃើញរឿងទាំងនេះតាំងពីយូរមកហើយ។ ប្រសិនបើអ្នកសួរបុគ្គលនោះថា៖ «តើបញ្ហាទាំងនេះត្រូវបានដោះស្រាយទាន់ពេលវេលាហើយឬនៅ?» គេនឹងនិយាយថា៖ «ទេ មិនទាន់បានដោះស្រាយទេ។ ខ្ញុំមិនដឹងថា នេះគឺជាកិច្ចការដែលខ្ញុំគួរធ្វើឡើយ»។ សូម្បីតែបញ្ហាដ៏ធំបែបនេះ ក៏គេមិនដឹងថាត្រូវដោះស្រាយដែរ តើគេមិនមែនជាមនុស្សមានសតិបញ្ញាខ្សោយទេឬអី? (មែនហើយ។) គេអានការរៀបចំកិច្ចការឮៗ១ដង រួចក៏តម្រូវឱ្យមនុស្សគ្រប់គ្នាធ្វើការប្រកាស និងស្បថថានឹងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយបន្ទាប់ពីនោះមក គេចាត់ទុកថាកិច្ចការរបស់ខ្លួនត្រូវបានបញ្ចប់។ គេនិយាយប្រាប់ខ្លួនឯងថា៖ «ខ្ញុំចាំថានរណាជាអ្នកដឹកនាំពួកជំនុំ នរណាទទួលខុសត្រូវជាក់លាក់លើកិច្ចការណា ហើយនរណាជាអ្នកមើលការខុសត្រូវលើកិច្ចការផលិតភាពយន្ត» ប៉ុន្តែគេមិនអាចមើលឃើញសោះថា តើកិច្ចការជាក់លាក់ទាំងនោះគួរតែត្រូវបានអនុវត្តដោយរបៀបណា។ នេះហើយជាលក្ខណៈនៃភាពស្ពឹកស្រពន់ និងអន់បញ្ញា ពួកគេគឺជាបុគ្គលល្ងង់ខ្លៅ។ ពួកគេមិនអាចកត់សម្គាល់ឃើញបញ្ហាអ្វីឡើយ ហើយក៏មិនដឹងពីរបៀបប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃគោលការណ៍សេចក្ដីពិតដែរ។ នៅពេលនិយាយដល់បញ្ហាដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត ពួកគេមិនដឹងពីរបៀបប្រកបគ្នាស្តីពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះឡើយ។ នៅពេលនិយាយដល់បញ្ហាដែលពាក់ព័ន្ធនឹងបុគ្គលិក ឬកិច្ចការរដ្ឋបាល ពួកគេក៏មិនអាចកត់សម្គាល់ឃើញបញ្ហាណាមួយបានដែរ។ ទោះបីជាពួកគេឃើញថានរណាម្នាក់មិនអាចធ្វើកិច្ចការនោះបានក៏ដោយ ក៏ពួកគេមិនដឹងពីរបៀបដោះស្រាយរឿងនេះដែរ។ ពួកគេមិនអាចមើលធ្លុះរឿងអ្វីទាំងអស់។ នេះហើយជាអត្ថន័យនៃភាពស្ពឹកស្រពន់។ ពួកគេគ្រាន់តែដឹងពីរបៀបនិយាយគោលលទ្ធិខ្លះៗប៉ុណ្ណោះ ប៉ុន្តែពួកគេគ្មានសមត្ថភាពក្នុងកិច្ចការឡើយ។ ពួកគេមានសភាពស្ពឹកស្រពន់ និងអន់បញ្ញា។ ចូរប្រាប់ខ្ញុំមើល តើមនុស្សបែបនេះជាអ្នកដឹកនាំដែលត្រូវតាមស្ដង់ដាដែរឬទេ? (ទេ។) ប្រសិនបើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមានភាពស្ពឹកស្រពន់ នោះគឺជារឿងគួរឱ្យលំបាកហើយ។ ពួកគេនឹងមិនអាចធ្វើកិច្ចការអ្វីបានទាល់តែសោះ។ ប្រសិនបើពួកគេមិនធ្វើកិច្ចការដែលពួកគេគួរធ្វើ ហើយនៅពេលមាននរណាម្នាក់រាយការណ៍ពីបញ្ហា ពួកគេក៏មិនដោះស្រាយវាដែរ នោះវាមិនមែនគ្រាន់តែជាបញ្ហានៃភាពស្ពឹកស្រពន់ទៀតទេ ផ្ទុយទៅវិញ វាគឺជាការខ្វះភាពជាមនុស្សធម្មតា និងការបាត់បង់មុខងារធម្មតានៃមនសិការ និងវិចារណញ្ញាណ។
ភាពស្ពឹកស្រពន់ គឺជាចំណុចខ្សោយនៃភាពជាមនុស្ស។ ទោះបីជាចំណុចខ្សោយនេះមិនឈានដល់កម្រិតនៃនិស្ស័យពុករលួយក៏ដោយ ក៏បញ្ហានេះផ្ទាល់គឺជារឿងដែលនាំទៅរកសេចក្ដីវិនាស។ មនុស្សរស់ម្នាក់ឈរនៅទីនោះ ដោយមានវិញ្ញាណ និងអវយវៈដំណើរការធម្មតា ប៉ុន្តែគេគ្រាន់តែគ្មានសមត្ថភាពដូចមនុស្សធម្មតា ក្នុងការយល់ឃើញចំពោះមនុស្ស និងរឿងរ៉ាវ ឬក្នុងការប្រព្រឹត្តខ្លួន និងធ្វើសកម្មភាពប៉ុណ្ណោះ។ នៅពេលគេធ្វើកិច្ចការ គេប្រៀបដូចជាមនុស្សអត់ប្រយោជន៍ដែលគ្មានគំនិតអីចឹង គេមិនអាចកត់សម្គាល់ឃើញបញ្ហាអ្វីឡើយ ហើយគេរឹតតែគ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា នៅពេលដែលអ្នកដទៃលើកឡើងពីបញ្ហាទាំងនោះទៅទៀត ហើយគេមិនអាចមើលឃើញថាកិច្ចការអ្វីដែលគួរធ្វើនោះទេ។ នៅក្នុងគំនិតរបស់គេ ហាក់ដូចជាគ្មានរឿងអ្វីពាក់ព័ន្ធនឹងគេឡើយ។ ជាលទ្ធផល គេមិនអាចធ្វើកិច្ចការអ្វីបានឡើយ គេគឺជាមនុស្សដែលធ្វើអ្វីមិនកើត ជាមនុស្សអត់ប្រយោជន៍។ តើបញ្ហានេះមិនធ្ងន់ធ្ងរគ្រប់គ្រាន់ទេឬអី? អ្នកឃើញទេ មនុស្សដែលចចេស និងមនុស្សដែលរសើប យ៉ាងហោចណាស់ក៏មានគំនិតសកម្មដែរ ពួកគេមានការគិតដូចមនុស្សធម្មតា ពោលគឺ គំនិតរបស់ពួកគេដំណើរការជានិច្ច។ ប៉ុន្តែគំនិតរបស់មនុស្សស្ពឹកស្រពន់គឺសាមញ្ញ វាហាក់ដូចជាគំនិតរបស់ពួកគេខ្វិនអីចឹង ហាក់ដូចជាពួកគេស្លាប់បាត់ទៅហើយ។ ទោះបីជាពួកគេមានភ្នែកក៏ដោយ មិនថាពួកគេមើលឃើញអ្វីនោះទេ គឺគ្មានប្រតិកម្មនៅក្នុងគំនិតរបស់ពួកគេឡើយ ហើយពួកគេនឹងមិនពិចារណាពីរឿងនោះនៅក្នុងគំនិតរបស់ពួកគេដែរ ពួកគេគ្មានគំនិតអ្វីឡើយ ហើយជារូបចម្លាក់ឈើទាំងស្រុង។ តើរូបចម្លាក់ឈើជាអ្វី? គឺជារូបមនុស្សដែលឆ្លាក់ចេញពីឈើ ពួកគេមានរូបរាងខាងក្រៅដូចមនុស្ស ប៉ុន្តែនៅពេលដែលអ្នកនិយាយទៅកាន់ពួកគេ ពួកគេគ្មានប្រតិកម្មឡើយ។ អ្នកប្រាប់ពួកគេឱ្យចាំផ្ទះ ប៉ុន្តែនៅពេលដែលផ្ទះត្រូវចោរចូលលួច ពួកគេមិនធ្វើអ្វីសោះ។ អ្នកសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នកមិនចាំផ្ទះ?» ហើយពួកគេនៅតែគ្មានប្រតិកម្មដដែល។ ប្រសិនបើមនុស្សម្នាក់គ្មានប្រតិកម្មចំពោះរឿងអ្វីសោះ នោះគឺជារឿងគួរឱ្យលំបាកណាស់។ និយាយម្យ៉ាងទៀត មុខងារដែលសភាវគតិនៃភាពជាមនុស្សគួរតែបំពេញ ដូចជាមុខងារនៃការគិត និងការដល់ដឹង ព្រមទាំងមុខងារដែលភ្នែក ត្រចៀក ខួរក្បាល និងចិត្តគួរតែបំពេញ គឺមិនអាចដំណើរការបានឡើយ។ ពួកគេមិនមាន ឬខ្វះខាតនូវគំនិតដែលមនុស្សដែលមានភាពជាមនុស្សធម្មតាគួរតែមាន។ នេះហើយដែលគេហៅថា ភាពស្ពឹកស្រពន់។ មនុស្សស្ពឹកស្រពន់ មិនខុសគ្នាប៉ុន្មានពីមនុស្សអត់ប្រយោជន៍ឡើយ។ មនុស្សខ្លះនិយាយថា៖ «អ្នកនិយាយថា មនុស្សប្រភេទនេះស្ពឹកស្រពន់ ថាភ្នែក ត្រចៀក និងខួរក្បាលរបស់ពួកគេមិនអាចបំពេញមុខងាររបស់វាបានទេ។ ប៉ុន្តែប្រសិនបើអ្នកជេរប្រមាថពួកគេ ពួកគេមានប្រតិកម្ម។ ប្រសិនបើពួកគេខាតបង់អ្វីមួយ ពួកគេមានប្រតិកម្ម។ ដូច្នេះ តើពួកគេនៅតែអាចចាត់ទុកថាជាមនុស្សល្ងង់ខ្លៅបានដែរឬទេ?» សូម្បីតែសត្វខ្លះក៏អាចយល់ភាសាមនុស្សបានដែរ ពួកវាអាចយល់ទាំងរឿងល្អ និងរឿងអាក្រក់ដែលអ្នកនិយាយអំពីពួកវា។ ប្រសិនបើនរណាម្នាក់ ក្នុងនាមជាមនុស្ស មិនអាចយល់ភាសាមនុស្សបានទេ នោះគេមិនដល់ស្ដង់ដានៃការធ្វើជាមនុស្សឡើយ។ ហេតុដូច្នេះ ដើម្បីវាស់ស្ទង់ថាតើនរណាម្នាក់ជាមនុស្សឬអត់ ត្រូវតែប្រើស្ដង់ដាសម្រាប់មនុស្ស។ ហេតុអ្វីបានជាខ្ញុំលើកឡើងពីសត្វ? គឺដើម្បីឱ្យអ្នកដឹងថា អ្នកគឺជាភាវៈមានជីវិតដែលស្ថិតក្នុងប្រភេទមនុស្សដែលត្រូវបានបង្កើតមក មិនមែនជាសត្វឡើយ។ ប្រសិនបើអ្នក ក្នុងនាមជាមនុស្សម្នាក់ ខ្វះគំនិតដែលសូម្បីតែសត្វក៏មានផងនោះ នោះអ្នកពិតជាខ្វះខាតខ្លាំងពេកហើយ។ សូម្បីតែសត្វក៏ដឹងពីរបៀបធ្វើល្អ និងចូលទៅជិតអ្នកដែលប្រព្រឹត្តល្អចំពោះពួកវា និងផ្ដល់អាហារប្រចាំថ្ងៃដល់ពួកវាដែរ។ ប្រសិនបើអ្នក ក្នុងនាមជាមនុស្សម្នាក់ ខ្វះភាពជាមនុស្សបែបនេះ តើអ្នកនៅតែស័ក្តិសមនឹងត្រូវបានគេហៅថាជាមនុស្សដែរឬទេ? ហេតុអ្វីបានជាខ្ញុំធ្វើការប្រៀបធៀបបែបនេះ? គឺដើម្បីឱ្យអ្នកដឹងថា អ្នកមិនមែនជាសត្វ ឬជាសត្វកម្រិតខ្ពស់ជាងឡើយ អ្នកគឺជាមនុស្ស អ្នកគឺជាភាវៈកម្រិតខ្ពស់បំផុតក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក គឺមនុស្ស។ អ្នកមានសមត្ថភាពខាងភាសា សមត្ថភាពក្នុងការគិត និងសមត្ថភាពក្នុងការយល់ពីសេចក្ដីពិត។ ព្រះជាម្ចាស់បានបង្កើតអ្នកមកឱ្យធ្វើជាម្ចាស់លើរបស់សព្វសារពើ ដើម្បីគ្រប់គ្រងរបស់សព្វសារពើ និងសត្វលោកមានជីវិតផ្សេងទៀត។ អ្នកគឺជាអ្នកចាត់ចែងលើសត្វលោកមានជីវិតទាំងអស់ក្នុងចំណោមរបស់សព្វសារពើ។ ដើម្បីគ្រប់គ្រងពួកវា អ្នកត្រូវតែខ្ពស់ជាងពួកវា។ អ្នកត្រូវតែប្រសើរជាងពួកវា ដើម្បីមានសមត្ថភាពគ្រប់គ្រងពួកវាបាន។ ហេតុដូច្នេះ ការលើកឡើងពីសត្វ មិនមែនដើម្បីមើលងាយអ្នកទេ ប៉ុន្តែដើម្បីរំលឹកអ្នក និងធ្វើឱ្យអ្នកយល់ថា អ្នកគួរតែប្រសើរជាងពួកវា។ អ្នកគួរតែប្រើសមត្ថភាពដែលភាពជាមនុស្សរបស់អ្នកគួរតែមាន ក៏ដូចជាចំណេះដឹងទូទៅ និងសមត្ថភាពផ្សេងៗដែលអ្នកទទួលបានតាំងពីអ្នកកើតមក ដើម្បីគ្រប់គ្រងពួកវា និងដឹកនាំពួកវា ដោយធ្វើអ្វីដែលមនុស្សគួរធ្វើ និងអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យអ្នកធ្វើ។ ប្រសិនបើអ្នកចាត់ទុកខ្លួនឯងថាជាមនុស្សដែលត្រូវបានបង្កើតមក អ្នកគួរតែប្រើស្ដង់ដាសម្រាប់មនុស្សជាតិដែលត្រូវបានបង្កើតមក ដើម្បីវាស់ស្ទង់ភាពជាមនុស្សរបស់អ្នក និងសារជាតិរបស់អ្នក។ ស្ដង់ដានេះមិនគួរទាបជាងស្ដង់ដាដែលព្រះជាម្ចាស់បានបង្កើតឡើងសម្រាប់មនុស្សជាតិឡើយ។ ហេតុដូច្នេះ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់មនុស្សម្នាក់ និងបញ្ហានៅក្នុងទិដ្ឋភាពផ្សេងៗនៃភាពជាមនុស្សរបស់គេ ត្រូវតែប្រើស្ដង់ដាសម្រាប់មនុស្ស។ មនុស្សជាច្រើនមានភាពស្ពឹកស្រពន់ខាងគំនិត និងមានប្រតិកម្មយឺតយ៉ាវបើនិយាយពីភាពជាមនុស្ស ដែលបណ្ដាលឱ្យពួកគេបំពេញភារកិច្ចជាច្រើនរបស់ពួកគេបានយ៉ាងអន់ខ្សោយ ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ខ្លួន ពួកគេគ្មានសមត្ថភាពក្នុងកិច្ចការពួកជំនុំឡើយ ហើយពួកគេមិនអាចអនុវត្តតាមគោលការណ៍សេចក្ដីពិតបានទេ។ ហេតុដូច្នេះ អ្នកត្រូវតែស្គាល់ខ្លួនឯង និងចេះប្រមាណខ្លួន។ ប្រសិនបើអ្នកមិនមានកម្រិតសមត្ថភាព ឬភាពជាមនុស្សបែបនេះទេ ឬប្រសិនបើអ្នកមានចំណុចខ្សោយនៃភាពស្ពឹកស្រពន់នៅក្នុងភាពជាមនុស្សរបស់អ្នក នោះអ្នកមិនគួរដណ្ដើមធ្វើជាអ្នកដឹកនាំ ឬអ្នកមើលការខុសត្រូវឡើយ។ ប្រសិនបើអ្នកក្លាយជាអ្នកដឹកនាំ ឬអ្នកមើលការខុសត្រូវ នោះមិនថាអ្នកទទួលខុសត្រូវលើកិច្ចការពួកជំនុំណាមួយនោះទេ ពួកជំនុំនោះនឹងត្រូវគាំងដំណើរការមិនខាន។ មិនថាអ្នកទទួលខុសត្រូវលើកិច្ចការណាមួយនោះទេ កិច្ចការនោះនឹងមានភាពរញ៉េរញ៉ៃទាំងស្រុង។ ប្រសិនបើអ្នកគ្មានសមត្ថភាពធ្វើកិច្ចការនោះទេ អ្នកគួរតែថយចេញទៅម្ខាង ហើយទុកឱ្យអ្នកដែលមានសមត្ថភាពបំពេញកិច្ចការនោះ ជាអ្នកធ្វើវិញ។ តើយល់ដែរឬទេ? (យល់ហើយ។) ការមានការស្គាល់ខ្លួនឯង ហើយបន្ទាប់មករៀនថយចេញទុកឱ្យអ្នកដែលមានសមត្ថភាពជាងធ្វើជំនួស និងស្នើឈ្មោះអ្នកដទៃ នេះគឺជាគោលការណ៍នៃការអនុវត្ត។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំស្ពឹកស្រពន់ខ្លាំងណាស់ រហូតដល់មើលមិនដឹងថានរណាល្អផង តើឱ្យខ្ញុំស្នើឈ្មោះនរណាគេទៅ?» ប្រសិនបើអ្នកមើលមិនដឹងថានរណាមានកម្រិតសមត្ថភាពល្អ ហើយមិនអាចស្នើឈ្មោះអ្នកណាបានទេ អ្នកត្រូវតែរៀនមេរៀនខ្លះៗហើយ។ នៅពេលអ្នកឃើញនរណាម្នាក់ដែលយល់ពីសេចក្ដីពិត និងអាចញែកដឹងអ្នកដទៃបាន អ្នកគួរតែរៀនសូត្រពីគេ។ តាមរយៈការប្រកបគ្នាជាមួយគេឱ្យបានច្រើន អ្នកនឹងអាចរៀនសូត្របានរឿងមួយចំនួនមិនខាន។ ដោយសារតែអ្នកមានចំណុចខ្សោយនៃភាពស្ពឹកស្រពន់នៅក្នុងភាពជាមនុស្សរបស់អ្នក កុំរើសភារកិច្ចថាចង់ធ្វើមួយណា ឬមិនចង់ធ្វើមួយណា។ ខ្លួនអ្នកផ្ទាល់មានចំណុចខ្សោយនេះ ដូច្នេះ មិនមានកិច្ចការ និងភារកិច្ចច្រើនប្រភេទទេ ដែលអ្នកអាចធ្វើបាននោះ។ ប្រសិនបើគេខំរកបានតំណែងដ៏ស័ក្តិសមមួយសម្រាប់អ្នកទាំងលំបាកលំបិនទៅហើយ ហើយអ្នកនៅតែរើសនេះរើសនោះទៀត នោះវាមិនមែនជាបញ្ហានៃភាពស្ពឹកស្រពន់ ឬជាចំណុចខ្សោយនៃភាពជាមនុស្សឡើយ ប៉ុន្តែវាជានិស្ស័យពុករលួយ។ តើជានិស្ស័យពុករលួយអ្វីទៅ? គឺភាពក្រអឺតក្រទម ការមិនចុះចូល និងការមិនស្គាល់ប្រមាណខ្លួន។ អ្នកគ្មានបានការអ្វីឡើយ គ្រាន់តែជាមនុស្សអត់ប្រយោជន៍ ជាមនុស្សល្ងង់ម្នាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកនៅតែចង់បំពេញភារកិច្ចដែលមានសេចក្ដីថ្លៃថ្នូរ ដែលមិនធ្វើឱ្យនឿយហត់ និងទទួលបានការគោរពខ្ពស់ពីអ្នកដទៃ នេះបង្ហាញពីនិស្ស័យក្រអឺតក្រទមហើយ។ ប្រសិនបើអ្នកស្ពឹកស្រពន់ខ្លាំង ដោយមានកិច្ចការដែលអ្នកគួរធ្វើ និងរឿងរ៉ាវដែលអ្នកគួរចាត់ចែង ប៉ុន្តែអ្នកមិនបានធ្វើ ហើយក៏មិនបានកត់សម្គាល់ដល់រឿងទាំងនោះ ប្រសិនបើអ្នកមិនខ្ងល់សូម្បីតែលើកដៃធ្វើអ្វីបន្ដិចសោះនៅពេលមានរឿងខុសឆ្គងកើតឡើង ហើយសូម្បីតែនៅពេលអ្នកឃើញអ្វីមួយកំពុងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ក៏អ្នកធ្វើមិនដឹងមិនឮ ដោយគិតថា៖ «នេះមិនមែនជាបញ្ហានៅក្នុងផ្ទះរបស់ខ្ញុំទេ ដូច្នេះខ្ញុំមិនខ្វល់ឡើយ» នេះមិនមែនគ្រាន់តែជាភាពស្ពឹកស្រពន់ប៉ុណ្ណោះទេ ប៉ុន្តែជាការខ្វះមនសិការ និងវិចារណញ្ញាណ។ ប្រសិនបើអ្នកមានមនសិការ និងវិចារណញ្ញាណសូម្បីតែបន្តិច ហើយចាត់ទុករឿងរ៉ាវនៃដំណាក់របស់ព្រះជាម្ចាស់ ដូចជារឿងផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកគួរតែបំពេញការទទួលខុសត្រូវរបស់អ្នក និងមិនបណ្ដោយឱ្យផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់រងការខូចខាតឡើយ។ ប៉ុន្តែប្រសិនបើអ្នកខ្វះចេតនាល្អនេះ ហើយមិនបានធ្វើរឿងល្អសូម្បីតែ១ តើអ្នកមិនមែនជាមនុស្សអន់បញ្ញា និងស្ពឹកស្រពន់ទេឬអី? ការពិភាក្សារបស់យើងអំពីការសម្ដែងចេញនៃភាពស្ពឹកស្រពន់ បញ្ចប់ត្រឹមនេះ។
ភាពមុខក្រាស់ឥតអៀនខ្មាស
ឥឡូវនេះ ចូរយើងនិយាយអំពីភាពមុខក្រាស់ឥតអៀនខ្មាស។ តើភាពមុខក្រាស់ឥតអៀនខ្មាសជាបញ្ហាប្រភេទអ្វី? (ជាចំណុចខ្សោយនៃភាពជាមនុស្ស។) តើវាជាចំណុចខ្សោយដែរឬទេ? (វាគឺជាបញ្ហានៃចរិតលក្ខណៈអន់។) ចរិតលក្ខណៈអន់មានន័យថា ភាពជាមនុស្សអាក្រក់។ តើភាពមុខក្រាស់ឥតអៀនខ្មាសពាក់ព័ន្ធនឹងទិដ្ឋភាពអ្វីខ្លះនៃភាពជាមនុស្ស? វាពាក់ព័ន្ធនឹងមនសិការ និងវិចារណញ្ញាណ ព្រមទាំងសេចក្ដីទៀងត្រង់ និងសេចក្ដីថ្លៃថ្នូរ។ នេះពាក់ព័ន្ធនឹងទិដ្ឋភាពនៃចរិតលក្ខណៈរបស់មនុស្សម្នាក់។ តើការសម្ដែងចេញជាក់លាក់នៃភាពមុខក្រាស់ឥតអៀនខ្មាសមានអ្វីខ្លះ? តើរឿងអ្វីខ្លះដែលបង្ហាញថាមនុស្សម្នាក់មានភាពមុខក្រាស់ឥតអៀនខ្មាស? រាល់ទង្វើឥតអៀនខ្មាសដែលគេធ្វើ ច្បាស់ណាស់ថាជាការសម្ដែងចេញនៃភាពមុខក្រាស់ឥតអៀនខ្មាស។ ការបញ្ចើចបញ្ចើ និងការអែបអបដោយមិនមានអារម្មណ៍ថាគួរឱ្យខ្មាសអៀន តើនេះមិនមែនជាភាពមុខក្រាស់ឥតអៀនខ្មាសទេឬអី? (មែនហើយ។) ហេតុអ្វីបានជាយើងនិយាយថា នេះគឺជាភាពមុខក្រាស់ឥតអៀនខ្មាស? ពីព្រោះការធ្វើបែបនេះបង្ហាញថា មនុស្សម្នាក់គ្មានអារម្មណ៍ខ្មាសអៀនឡើយ។ គេអាចនិយាយពាក្យសម្ដីមួយចំនួនដែលបំពានលើមនសិការនៃភាពជាមនុស្សធម្មតា ឬដែលមិនស្របនឹងការពិត មិនថាពាក្យសម្ដីទាំងនោះគួរឱ្យខ្មាសអៀន ឬមិនគួរឱ្យចង់ស្ដាប់យ៉ាងណានោះទេ គេមិនក្រហមមុខ ឬបេះដូងលោតញាប់ឡើយ ហើយគេមិនខ្វល់ថាអ្នកដទៃយល់ឃើញយ៉ាងណាចំពោះគេ បន្ទាប់ពីបានឮពាក្យទាំងនោះទេ សូម្បីតែអ្នកដទៃសើចចំអកឱ្យគេ ក៏គេមិនខ្វល់ដែរ។ គេខ្វះអារម្មណ៍ខ្មាសអៀន មែនទេ? (មែនហើយ។) តើការគ្មានអារម្មណ៍ខ្មាសអៀន មិនមែនជាភាពមុខក្រាស់ឥតអៀនខ្មាសទេឬអី? ម្យ៉ាងទៀត នៅពេលដែលនរណាម្នាក់ច្បាស់ជាគ្មានតម្លៃអ្វីសោះ ប៉ុន្តែនៅតែដណ្ដើមឋានៈ និងដណ្ដើមធ្វើជាអ្នកដឹកនាំជាសាធារណៈ តើនេះមិនមែនជាភាពមុខក្រាស់ឥតអៀនខ្មាសទេឬអី? (មែនហើយ។) គេមិនត្រឹមតែដណ្ដើមជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក្នុងអំឡុងពេលបោះឆ្នោត គេថែមទាំងក្លែងបន្លំសន្លឹកឆ្នោតទៀតផង។ ខណៈពេលដែលអ្នកដទៃបោះឆ្នោត១សន្លឹកក្នុងម្នាក់ គេបែរជាបោះឆ្នោត២សន្លឹកឱ្យខ្លួនឯង តើនេះមិនមែនជាភាពមុខក្រាស់ឥតអៀនខ្មាសទេឬអី? (មែនហើយ។) នៅពេលដែលអ្នកដទៃមិនបោះឆ្នោតឱ្យគេ គេបោះឆ្នោតឱ្យខ្លួនឯង។ មនុស្សបែបនេះដណ្ដើមធ្វើជាអ្នកដឹកនាំដោយឥតអៀនខ្មាស និងគ្មានអារម្មណ៍ខ្មាសអៀនសោះ គេពិតជាមុខក្រាស់ឥតអៀនខ្មាសខ្លាំងណាស់! ជាទូទៅ អ្នកដែលស្រឡាញ់ឋានៈ និងមានមហិច្ឆតា សុទ្ធតែប្រាថ្នាចង់បង្ហាញខ្លួនឯងឱ្យបានល្អ ដើម្បីឱ្យអ្នកដទៃអាចជ្រើសរើសពួកគេជាអ្នកដឹកនាំ។ នៅពេលដែលពួកគេត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ពួកគេមានអារម្មណ៍ថាមានមោទនភាពខ្លាំងគួរសម ប៉ុន្តែប្រសិនបើពួកគេមិនត្រូវបានជ្រើសរើសទេ ពួកគេមានអារម្មណ៍ថាមិនសប្បាយចិត្ត និងមិនពេញចិត្តឡើយ។ នេះគឺជាការសម្ដែងចេញធម្មតា។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមុខក្រាស់ឥតអៀនខ្មាសមិនមែនបែបនេះទេ។ ពួកគេនឹងប្រើគ្រប់មធ្យោបាយចាំបាច់ទាំងអស់ ដើម្បីក្លាយជាអ្នកដឹកនាំ។ ពួកគេនិយាយថា៖ «មនុស្សគ្រប់គ្នាមិនចូលចិត្តខ្ញុំ ហើយមិនបោះឆ្នោតឱ្យខ្ញុំទេ ប៉ុន្តែខ្ញុំនឹងរកវិធីដើម្បីក្លាយជាអ្នកដឹកនាំ។ ទោះបីជាខ្ញុំត្រូវបោកប្រាស់ និងប្រើមធ្យោបាយទុច្ចរិតក៏ដោយ ក៏ខ្ញុំនឹងធ្វើឱ្យមនុស្សគ្រប់គ្នាបោះឆ្នោតឱ្យខ្ញុំជាអ្នកដឹកនាំដែរ!» អ្នកដទៃនិយាយថា៖ «ទោះបីជាអ្នកក្លាយជាអ្នកដឹកនាំក៏ដោយ ក៏មនុស្សគ្រប់គ្នានៅតែមិនចូលចិត្តអ្នកដដែល។ ពួកយើងមិនមានការយល់ឃើញល្អចំពោះអ្នកទេ ហើយកេរ្តិ៍ឈ្មោះរបស់អ្នកក៏អាក្រក់ដែរ។ ប្រសិនបើអ្នករៀបចំកិច្ចការអ្វីមួយ នោះគ្មាននរណាម្នាក់ស្ដាប់អ្នកឡើយ»។ ពួកគេឆ្លើយតបថា៖ «ទោះបីជាអ្នកមិនស្ដាប់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមធ្វើជាអ្នកដឹកនាំដែរ!» មនុស្សបែបនេះពិតជាមុខក្រាស់ឥតអៀនខ្មាសខ្លាំងណាស់! បើវិនិច្ឆ័យតាមចំណុចនេះ តើមនុស្សបែបនេះមិនខ្វះការស្គាល់ខ្លួនឯងទេឬអី? (មែនហើយ។) ពួកគេខ្វះការស្គាល់ខ្លួនឯង ហើយមានលក្ខណៈហិង្សាបន្តិចនៅក្នុងខ្លួនពួកគេ។ បើវិនិច្ឆ័យតាមគំនិត និងទស្សនៈរបស់មនុស្សមុខក្រាស់ឥតអៀនខ្មាសទាក់ទងនឹងការប្រព្រឹត្តខ្លួនរបស់ពួកគេ ពួកគេគ្មានអារម្មណ៍ខ្មាសអៀននៅក្នុងភាពជាមនុស្សរបស់ពួកគេទេ ពួកគេមិនខ្វល់ពីសេចក្ដីទៀងត្រង់ ឬចរិតលក្ខណៈ មនសិការ ឬអារម្មណ៍ខ្មាសអៀនឡើយ ហើយពួកគេក៏មិនខ្វល់ពីសីលធម៌ និងកម្រិតអប្បបរមាសម្រាប់ការប្រព្រឹត្តខ្លួនរបស់ពួកគេដែរ ពួកគេមិនអើពើនឹងរឿងទាំងអស់នេះឡើយ។ បើវិនិច្ឆ័យតាមគំនិត និងការយល់ដឹងរបស់ពួកគេ ពួកគេពិតជាល្ងង់ខ្លៅ គ្មានការយល់ដឹង និងថោកទាបខ្លាំងណាស់។ ហេតុដូច្នេះហើយទើបគេនិយាយថា ពួកគេមានចរិតលក្ខណៈអន់ និងអាក្រក់។ ដូច្នេះ រាល់ទង្វើឥតអៀនខ្មាសដែលពួកគេធ្វើ ច្បាស់ណាស់ថាត្រូវបានជំរុញដោយគំនិត និងទស្សនៈខុសឆ្គងរបស់ពួកគេ។ ក្នុងអំឡុងពេលបោះឆ្នោតក្នុងពួកជំនុំ ពួកគេទទូចចង់ជ្រើសរើសខ្លួនឯង បោះឆ្នោតឱ្យខ្លួនឯង និងក្លាយជាអ្នកដឹកនាំ។ ការមិនបានក្លាយជាអ្នកដឹកនាំ គឺជារឿងដែលពួកគេមិនអាចទទួលយកបានឡើយ ហើយប្រសិនបើពួកគេមិនបានក្លាយជាអ្នកដឹកនាំទេ ពួកគេនឹងស្អប់បងប្អូនប្រុសស្រីព្រោះបងប្អូនប្រុសស្រីមិនបានបោះឆ្នោតឱ្យពួកគេ។ នៅពេលដែលពួកគេដឹងថាអ្នកមិនបានបោះឆ្នោតឱ្យពួកគេ ពួកគេយល់ថាអ្នកគួរឱ្យទើសភ្នែក។ មិនថាអ្នកនិយាយអ្វីទេ ពួកគេតែងតែនិយាយអ្វីមួយតបតវិញ។ ពួកគេប្រើពាក្យសម្ដីគំរោះគំរើយខ្លាំងណាស់នៅពេលនិយាយជាមួយអ្នក ហាក់ដូចជាពួកគេកំពុងព្រួសភ្លើងអីចឹង។ ពួកគេក៏គិតពីរបៀបសងសឹក និងធ្វើបាបអ្នកផងដែរ ហើយថែមទាំងអាចបដិសេធមិននិយាយជាមួយអ្នកអស់១ជីវិតទៀតផង។ អ្វីដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងសកម្មភាពជាក់លាក់ទាំងនេះរបស់មនុស្សបែបនេះ គឺជានិស្ស័យពុករលួយ។ តើវាជានិស្ស័យពុករលួយប្រភេទអ្វី? (ទង្វើកាចសាហាវ។) បើនិយាយឱ្យស្រាលទៅ វាគឺជាភាពក្រអឺតក្រទម និងការវាយតម្លៃសមត្ថភាពខ្លួនឯងខ្ពស់ពេក។ ពួកគេគ្រាន់តែចង់ធ្វើជាអ្នកដឹកនាំប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ បើវិនិច្ឆ័យតាមមធ្យោបាយនៃការធ្វើកិច្ចការ និងការសម្ដែងចេញផ្សេងៗរបស់ពួកគេ ពួកគេគឺជាមនុស្សដែលមាននិស្ស័យកាចសាហាវ។ និស្ស័យពុករលួយរបស់មនុស្សមុខក្រាស់ឥតអៀនខ្មាសទាំងនេះ ដែលមានភាពជាមនុស្សថោកទាប គឺច្បាស់ក្រឡែតតែម្ដង។ រាល់សកម្មភាពរបស់ពួកគេអាចឈានដល់កម្រិតនៃនិស្ស័យពុករលួយ។ ភាពមុខក្រាស់ឥតអៀនខ្មាស គឺជាការសម្ដែងចេញ១នៃចរិតលក្ខណៈរបស់ពួកគេ ដូច្នេះ នៅក្នុងពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ ពួកគេត្រូវបានគ្រប់គ្រងដោយទិដ្ឋភាពនៃចរិតលក្ខណៈរបស់ពួកគេនេះ ហើយជាលទ្ធផល ពួកគេប្រព្រឹត្តទង្វើឥតអៀនខ្មាសជាច្រើន ព្រមទាំងបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយផ្សេងៗ ដូចជាភាពក្រអឺតក្រទម និងទង្វើកាចសាហាវ។ ហេតុដូច្នេះ ក្នុងកម្រិតណាមួយ ការសម្ដែងចេញដ៏ថោកទាបដែលត្រូវបានបញ្ចេញឱ្យឃើញពីចរិតលក្ខណៈរបស់មនុស្សម្នាក់ គឺស្ថិតក្នុងប្រភេទនិស្ស័យពុករលួយ ការសម្ដែងចេញទាំងនេះសុទ្ធតែមានទំនាក់ទំនង និងជាប់ពាក់ព័ន្ធនឹងសារជាតិធម្មជាតិរបស់គេ ហើយការបង្ហាញឱ្យឃើញជាក់លាក់នូវនិស្ស័យពុករលួយណាមួយរបស់គេ គឺមានប្រភពចេញពីចរិតលក្ខណៈដ៏ថោកទាបរបស់គេ។ ដូច្នេះ ចរិតលក្ខណៈថោកទាប និងនិស្ស័យពុករលួយ គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក។ និស្ស័យពុករលួយរបស់មនុស្ស ត្រូវបានបង្កើតឡើងបន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ឧទាហរណ៍៖ ទិដ្ឋភាពនៃចរិតលក្ខណៈថោកទាបនៅក្នុងភាពជាមនុស្សរបស់មនុស្ស ដូចជាការចចេស ចិត្តចង្អៀត និងភាពមុខក្រាស់ឥតអៀនខ្មាស សុទ្ធតែជាលទ្ធផលនៃការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ និងធ្វើកិច្ចការលើពួកគេ។ មុនពេលទទួលយកសេចក្ដីពិត មនុស្សទាំងអស់សុទ្ធតែទទួលយកការធ្វើឱ្យពុករលួយ និងការបំភាន់នៃគំនិត និងទស្សនៈជាច្រើនដែលខុសទំនង អាក្រក់ និងអវិជ្ជមានជាមុនសិន។ ពួកគេទទួលយករឿងដែលខុសទំនងទាំងនេះចូលទៅក្នុងដួងចិត្តរបស់ពួកគេជាជីវិតរបស់ពួកគេ ហើយនេះមានន័យថា និស្ស័យពុករលួយក្លាយជាជីវិតរបស់ពួកគេ។
ភាពមុខក្រាស់ឥតអៀនខ្មាស មានការសម្ដែងចេញផ្សេងៗទៀត។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការខ្លះ ធ្វើសកម្មភាពដែលបង្កការបង្អាក់ និងការរំខានយ៉ាងច្បាស់ក្រឡែត បោកប្រាស់អ្នកដែលនៅពីលើពួកគេ ព្រមទាំងលាក់បាំងរឿងរ៉ាវពីអ្នកដែលនៅពីក្រោមពួកគេ ឬប្រឆាំងនឹងការរៀបចំកិច្ចការ ហើយសកម្មភាពរបស់ពួកគេថែមទាំងបង្កការខូចខាតយ៉ាងធំធេងដល់កិច្ចការពួកជំនុំទៀតផង។ ប៉ុន្តែ ពួកគេមិនត្រឹមតែមិនឆ្លុះបញ្ចាំង និងស្គាល់ពីបញ្ហារបស់ខ្លួន ឬទទួលស្គាល់ការពិតនៃអំពើអាក្រក់របស់ពួកគេក្នុងការរំខានដល់កិច្ចការពួកជំនុំប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេថែមទាំងជឿថាពួកគេបានធ្វើកិច្ចការបានល្អ ហើយចង់ស្វែងរកការទទួលស្គាល់គុណបំណាច់ និងរង្វាន់ ដោយអួតអាង និងធ្វើបន្ទាល់នៅគ្រប់ទីកន្លែងអំពីទំហំកិច្ចការដែលពួកគេបានធ្វើ ទុក្ខលំបាកប៉ុនណាដែលពួកគេបានស៊ូទ្រាំ ការចូលរួមចំណែកប៉ុនណាដែលពួកគេបានធ្វើក្នុងអំឡុងពេលធ្វើកិច្ចការរបស់ពួកគេ ចំនួនមនុស្សប៉ុន្មាននាក់ដែលពួកគេទទួលបានតាមរយៈការផ្សាយដំណឹងល្អក្នុងពេលកំពុងធ្វើកិច្ចការ និងរឿងជាច្រើនទៀត។ ពួកគេមិនទទួលស្គាល់ទាល់តែសោះថា ពួកគេបានប្រព្រឹត្តអំពើអាក្រក់ប៉ុនណា ឬបានបង្កការខូចខាតធំធេងប៉ុនណាដល់កិច្ចការពួកជំនុំ។ ជាការពិតណាស់ ពួកគេក៏មិនប្រែចិត្តដែរ ហើយរឹតតែមិនកែប្រែផ្លូវដែលខ្លួនកំពុងដើរនោះផង។ ចូរប្រាប់ខ្ញុំមើល តើមនុស្សបែបនេះមិនមែនមុខក្រាស់ឥតអៀនខ្មាសទេឬអី? (មែនហើយ។) ប្រសិនបើអ្នកសួរពួកគេថា៖ «តើអ្នកបានអនុវត្តកិច្ចការពួកជំនុំស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? តើកិច្ចការរបស់អ្នកស្របតាមការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ?» ពួកគេគេចវេះពីប្រធានបទនេះ។ បន្ទាប់មក ប្រសិនបើអ្នកដទៃលាតត្រដាងថា ពួកគេបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់តង្វាយរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលធ្វើកិច្ចការរបស់ពួកគេ ការខាតបង់ខ្លះមានចំនួនរាប់រយយ័ន ខ្លះរាប់ពាន់យ័ន និងខ្លះទៀតរហូតដល់រាប់ម៉ឺនយ័ន តើពួកគេមានប្រតិកម្មយ៉ាងណា នៅពេលដែលគេទាមទារឱ្យពួកគេសងការខាតបង់នោះ? មនុស្សធម្មតាដែលមានមនសិការ វិចារណញ្ញាណ និងអារម្មណ៍ខ្មាសអៀន នឹងបាក់ស្មារតីនៅពេលឮរឿងនេះ ដោយមានអារម្មណ៍អាម៉ាស់ និងខ្មាសអៀនចេញពីជម្រៅដួងចិត្តរបស់ពួកគេ។ ពួកគេនឹងជឿថា ពួកគេមិនបានធ្វើកិច្ចការរបស់ខ្លួនបានល្អទេ ហើយថាពួកគេជំពាក់ព្រះជាម្ចាស់យ៉ាងខ្លាំង ដូច្នេះ ពួកគេនឹងមិនព្យាយាមដោះសារឱ្យខ្លួនឯងឡើយ សូម្បីតែពួកគេបានធ្វើកិច្ចការជាក់ស្ដែងខ្លះ និងបានស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើនក៏ដោយ ក៏ពួកគេមិនគិតថាវាជារឿងដែលគួរលើកយកមកនិយាយនោះដែរ។ ប្រសិនបើកិច្ចការរបស់ពួកគេពិតជាធ្វើបានល្អមែន តើវាអាចបង្កការខូចខាតយ៉ាងច្រើនដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បានដែរឬទេ? វាច្បាស់ជាមិនអាចឡើយ។ គ្រាន់តែវិនិច្ឆ័យតាមការខូចខាតដែលពួកគេបានបង្ក វាអាចបញ្ជាក់បានថា កិច្ចការរបស់ពួកគេត្រូវបានធ្វើឡើងយ៉ាងអន់ ដូច្នេះ ពួកគេគួរតែទទួលស្គាល់កំហុស និងប្រែចិត្ត។ មិនថាការខាតបង់ដែលពួកគេបានបង្ក តម្រូវឱ្យមានការសងវិញឬយ៉ាងណានោះទេ យ៉ាងហោចណាស់ ពួកគេត្រូវតែទទួលស្គាល់ការពិតថា កិច្ចការរបស់ពួកគេបានបង្កការរំខាន និងការបង្អាក់ដល់កិច្ចការពួកជំនុំ។ មានតែមនុស្សដែលឥតអៀនខ្មាសទាំងស្រុងប៉ុណ្ណោះ ដែលបដិសេធមិនទទួលស្គាល់ការពិតនេះ។ ពួកគេនឹងនិយាយថា៖ «ទោះបីជាខ្ញុំសងការខាតបង់ក៏ដោយ ក៏ខ្ញុំនឹងមិនទទួលស្គាល់ថា ខ្ញុំបានធ្វើខុស ឬបានធ្វើអ្វីខុសឆ្គងនៅក្នុងកិច្ចការរបស់ខ្ញុំដែរ។ ទោះបីជាខ្ញុំសងបំណុលក៏ដោយ ក៏ខ្ញុំនៅតែជាមនុស្សដែលមានគុណបំណាច់ ជាមនុស្សដែលប្រសើរជាងមនុស្សទូទៅនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដដែល។ ខ្ញុំមានប្រវត្តិដ៏រុងរឿង!» តើនេះជាភាពជាមនុស្សប្រភេទអ្វី? ចូរប្រាប់ខ្ញុំមើល តើមនុស្សប្រភេទនេះមានអារម្មណ៍ខ្មាសអៀនដែរឬទេ? តើពួកគេចេះប្រកបសូម្បីតែពាក្យថា «អារម្មណ៍ខ្មាសអៀន» ដែរឬទេ? ប្រសិនបើពួកគេពិតជាគ្មានអារម្មណ៍ខ្មាសអៀនមែន នោះវាគឺជាបញ្ហាហើយ។ ប្រសិនបើពួកគេដឹងយ៉ាងច្បាស់នៅក្នុងដួងចិត្តរបស់ពួកគេថា ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ប៉ុន្តែនៅតែរឹងរូសបដិសេធមិនព្រមទទួលស្គាល់វាដោយពាក្យសម្ដី តើមនុស្សបែបនេះមិនមែនរឹងទទឹងខ្លាំងណាស់ទេឬអី? ប្រសិនបើពួកគេទទួលស្គាល់នៅក្នុងដួងចិត្តរបស់ពួកគេថា ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ហើយក៏អាចទទួលស្គាល់វាដោយពាក្យសម្ដីបានដែរ នោះពួកគេនៅតែត្រូវបានចាត់ទុកថាមានមនសិការ ពួកគេនៅតែមានអារម្មណ៍ខ្មាសអៀននៅក្នុងខ្លួនពួកគេ។ ប្រសិនបើពួកគេមិនត្រឹមតែបដិសេធមិនទទួលស្គាល់វាដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចិត្តប្រឆាំងនៅក្នុងដួងចិត្តរបស់ពួកគេ ដោយតែងតែទាស់ទទឹង និងថែមទាំងផ្សព្វផ្សាយការអះអាងនៅគ្រប់ទីកន្លែងថា ដំណាក់របស់ព្រះជាម្ចាស់កំពុងប្រព្រឹត្តចំពោះពួកគេដោយអយុត្តិធម៌ ហើយថាពួកគេគឺជាជនរងគ្រោះដោយសារសំណាងអាក្រក់ នោះបញ្ហារបស់ពួកគេគឺធ្ងន់ធ្ងរហើយ។ តើធ្ងន់ធ្ងរប៉ុនណា? ពួកគេគ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ។ មនសិការត្រូវតែរួមបញ្ចូលទាំងស្មារតីយុត្តិធម៌ និងសេចក្ដីសប្បុរស។ ទិដ្ឋភាពមួយនៃស្មារតីយុត្តិធម៌ គឺមនុស្សត្រូវតែមានអារម្មណ៍ខ្មាសអៀន។ មានតែនៅពេលដែលមនុស្សចេះខ្មាសអៀនប៉ុណ្ណោះ ទើបពួកគេអាចជាមនុស្សទៀងត្រង់ មានស្មារតីយុត្តិធម៌ ព្រមទាំងស្រឡាញ់អ្វីៗដែលវិជ្ជមាន និងប្រកាន់ខ្ជាប់នូវរឿងទាំងនោះបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកខ្វះអារម្មណ៍ខ្មាសអៀននៅក្នុងមនសិការរបស់អ្នក និងនៅក្នុងស្មារតីយុត្តិធម៌របស់អ្នក ហើយអ្នកមិនចេះខ្មាសអៀន ហើយប្រសិនបើ សូម្បីតែបន្ទាប់ពីធ្វើរឿងខុសឆ្គងរួច អ្នកមិនមានអារម្មណ៍ខ្មាសអៀនចំពោះរឿងនោះ ហើយមិនដឹងថាត្រូវឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្អប់ខ្លួនឯង ហើយមិនមានអារម្មណ៍ស្ដាយក្រោយ ហើយមិនខ្វល់ថាអ្នកដទៃលាតត្រដាងអ្នកយ៉ាងណានោះទេ ព្រមទាំងមិនក្រហមមុខ និងគ្មានអារម្មណ៍ខ្មាសអៀនសោះ នោះមនសិការរបស់អ្នកក្នុងនាមជាមនុស្សម្នាក់ គឺមានបញ្ហាហើយ ហើយវាក៏អាចនិយាយបានថា អ្នកគ្មានមនសិការដែរ។ ក្នុងករណីនោះ វាពិបាកនឹងនិយាយណាស់ថា តើដួងចិត្តរបស់អ្នកមិនល្អ ឬអាក្រក់។ វាអាចទៅរួចដែលថាដួងចិត្តរបស់អ្នកអាក្រក់ ថាវាជាដួងចិត្តរបស់សត្វចចក។ មិនមែនវិជ្ជមានទេ គឺអវិជ្ជមាន។ មនុស្សដែលគ្មានមនសិការ និងគ្មានភាពជាមនុស្ស គឺជាអារក្ស។ ប្រសិនបើអ្នកធ្វើរឿងខុសឆ្គង ហើយមិនមានអារម្មណ៍ខ្មាសអៀនទាល់តែសោះ ហើយមិនមានវិប្បដិសារី ឬអារម្មណ៍ថាមានកំហុស ហើយអ្នកមិនត្រឹមតែមិនឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រកែក ប្រឆាំង ព្រមទាំងព្យាយាមការពារ និងដោះសារឱ្យខ្លួនឯង ដោយបង្កើតសំបកក្រៅដែលមើលទៅល្អសម្រាប់ខ្លួនឯង នោះប្រសិនបើវាស់ស្ទង់ធៀបនឹងភាពជាមនុស្សដែលត្រូវតាមស្ដង់ដា ភាពជាមនុស្សរបស់អ្នកគឺមានបញ្ហាហើយ។ មិនថាវិចារណញ្ញាណរបស់អ្នកយ៉ាងណានោះទេ ប្រសិនបើអ្នកមិនឈានដល់ស្ដង់ដានៃមនសិការទេ នោះវាពិបាកនឹងនិយាយណាស់ថា តើអ្នកពិតជាមានភាពជាមនុស្ស ឬអត់នោះ។ យើងកុំនិយាយអំពីថាតើវិញ្ញាណខាងក្នុងរបស់អ្នកជាអ្វី តើអ្នកមកពីណា ឬតើអ្នកបានប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះកាលពីអតីតកាល។ យើងកុំនិយាយអំពីជាតិមុនរបស់អ្នកអី។ គ្រាន់តែនិយាយក្នុងន័យនៃមនសិការដែលអ្នកគួរតែមាននៅក្នុងជាតិនេះ ប្រសិនបើអ្នកខ្វះអារម្មណ៍ខ្មាសអៀន នោះអ្នកមិនឈានដល់ស្ដង់ដាក្នុងនាមជាមនុស្សម្នាក់ឡើយ។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំមុខក្រាស់ឥតអៀនខ្មាស ដូច្នេះខ្ញុំគ្រាន់តែយកអ្វីក៏ដោយដែលខ្ញុំចង់បាន»។ ប៉ុន្តែវាអាស្រ័យលើកន្លែងដែលអ្នកធ្វើរឿងនោះ៖ ការធ្វើបែបនោះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នឹងមិនអាចទៅរួចឡើយ។ ដំណាក់របស់ព្រះជាម្ចាស់ មិនមែនជាកន្លែងដែលអ្នកអាចរស់នៅពឹងលើបានឡើយ។ ប្រសិនបើអ្នកនៅតែទទូចចង់រស់នៅពឹងលើទីនេះ អ្នកច្បាស់ជានាំគ្រោះមហន្តរាយដាក់ខ្លួនមិនខាន។ មនុស្សខ្លះគិតថា៖ «ខ្ញុំមុខក្រាស់ដូចក្រពើអីចឹង។ មិនថាខ្ញុំទៅទីណាទេ ខ្ញុំប្រព្រឹត្តបែបនេះ ដោយដើរអួតក្អេងក្អាងហាក់ដូចជាខ្ញុំជាម្ចាស់កន្លែងអីចឹង! ខ្ញុំមិនខ្វល់ថាអ្នកដទៃនិយាយយ៉ាងណាពីខ្ញុំទេ។ តើនរណាអាចធ្វើអ្វីខ្ញុំបាន?» មនុស្សប្រហែលជាមិនអាចធ្វើអ្វីអ្នកបានទេ ប៉ុន្តែដោយសារតែអ្នកជឿលើព្រះជាម្ចាស់ អ្នកគួរតែយកចិត្តទុកដាក់ចំពោះរបៀបដែលព្រះជាម្ចាស់វាស់ស្ទង់ និងវាយតម្លៃរាល់អ្វីៗដែលអ្នកធ្វើ របៀបដែលព្រះជាម្ចាស់កំណត់លក្ខណៈអ្នក និងការវិនិច្ឆ័យអ្វីខ្លះដែលព្រះអង្គធ្វើចំពោះអ្នក។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះរឿងនេះទេ តើអ្នកនៅតែជាមនុស្សដែលជឿលើព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកមិនខ្វល់សូម្បីតែរឿងនេះទេ នោះអ្នកគឺជាអ្នកមិនជឿហើយ។ អ្នកអាចមិនអើពើនឹងអ្វីដែលមនុស្សនិយាយអំពីអ្នក ប៉ុន្តែតើអ្នកមិនគួរខ្វល់ពីការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះអ្នក ទស្សនៈរបស់ព្រះអង្គចំពោះអ្នក និងការវិនិច្ឆ័យដែលព្រះអង្គធ្វើចំពោះអ្នកទេឬអី? ប្រសិនបើការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះអ្នក គឺថាអ្នកមុខក្រាស់ឥតអៀនខ្មាស មិនចេះអៀនខ្មាសទាល់តែសោះ និងគ្មានអារម្មណ៍ខ្មាសអៀន ថាភាពជាមនុស្សរបស់អ្នកខ្វះខាតរឿងជាច្រើន ហើយថាអ្នកកំពុងខ្វះរឿងដ៏សំខាន់ខ្លាំងមួយចំនួន នោះអ្នកគួរតែចាប់ផ្ដើមប្រព្រឹត្តខ្លួនជាថ្មី។ អ្នកត្រូវតែប្រែចិត្ត និងឈប់បង្កើតហេតុផលផ្ទាល់ខ្លួនរបស់អ្នកទៀត។ ទោះបីជាអ្នកមានលេសរាប់ពាន់រាប់ម៉ឺនក៏ដោយ ក៏ការពិតតែមួយគត់ដែលថាអ្នកមុខក្រាស់ឥតអៀនខ្មាស គឺគ្រប់គ្រាន់ដើម្បីកំណត់ថា មានបញ្ហាដ៏ធំសម្បើមនៅក្នុងភាពជាមនុស្ស និងមនសិការរបស់អ្នកហើយ។ បើវាស់ស្ទង់តាមចំណុចនេះតែមួយ នោះបញ្ហារបស់អ្នកគឺធ្ងន់ធ្ងរណាស់។ ប្រសិនបើអ្នកអាចយល់ពីអ្វីដែលខ្ញុំកំពុងនិយាយ អ្នកគួរតែប្រែចិត្ត និងឈប់បង្កើតហេតុផលផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់អ្នកទៀត។ ហេតុផលរបស់អ្នកកើតចេញពីភាពឆេវឆាវ ពីមនោសញ្ចេតនា ពីសាតាំង។ ទោះបីជាអ្នកជឿថាហេតុផលរបស់អ្នកមិនខុសក៏ដោយ ក៏វាមិនមែនជាសេចក្ដីពិតដែរ។ ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះអ្នក មិនមែនផ្អែកទាំងស្រុងលើនិស្ស័យពុករលួយរបស់អ្នកឡើយ។ មុននឹងពិចារណាពីនិស្ស័យពុករលួយរបស់អ្នក ព្រះជាម្ចាស់ទតមើលភាពជាមនុស្សរបស់អ្នកជាមុនសិន។ ថាតើភាពជាមនុស្សរបស់អ្នកយ៉ាងណា និងថាតើអាកប្បកិរិយារបស់អ្នកចំពោះរឿងនីមួយៗយ៉ាងណា គឺត្រូវបានកំណត់ដោយចរិតលក្ខណៈរបស់អ្នក។ អ្វីដែលព្រះជាម្ចាស់ទតពិនិត្យ គឺពិតជាត្រឹមត្រូវ ហើយស្ដង់ដាដែលព្រះអង្គប្រើដើម្បីវាស់ស្ទង់អ្នក ក៏ស្របនឹងសេចក្ដីពិតដែរ។ មិនថាព្រះអង្គវាស់ស្ទង់នរណានោះទេ គឺមិនដែលផ្អែកលើរូបរាងខាងក្រៅរបស់គេឡើយ ប៉ុន្តែផ្អែកលើអ្វីដែលគេធ្វើជាក់ស្ដែង ការបង្ហាញឱ្យឃើញ និងការសម្ដែងចេញរបស់គេនៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ គំនិត ទស្សនៈ និងអាកប្បកិរិយារបស់ពួកគេនៅពេលដោះស្រាយរឿងនីមួយៗ ក៏ដូចជាអាកប្បកិរិយារបស់គេចំពោះអ្វីៗដែលវិជ្ជមាន ចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់។ មិនថាទីបំផុតព្រះជាម្ចាស់កំណត់លក្ខណៈ ឬវាយតម្លៃអ្នកយ៉ាងណានោះទេ អ្នកនឹងមិនរងភាពអយុត្តិធម៌ឡើយ។ វាមិនមែនផ្អែកលើការសម្ដែងចេញបណ្ដោះអាសន្ន ឬអំពើរំលងម្ដងម្កាលរបស់អ្នកឡើយ។ វាគឺជាការវាយតម្លៃដែលផ្អែកលើការសម្ដែងចេញជារួមរបស់អ្នក។ ហេតុដូច្នេះ ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ គឺត្រឹមត្រូវ និងសត្យានុម័ត។ តើមិនអ៊ីចឹងទេឬអី? (មែនហើយ។) ការសម្ដែងចេញនៃភាពមុខក្រាស់ឥតអៀនខ្មាស ពាក់ព័ន្ធនឹងចរិតលក្ខណៈរបស់មនុស្សម្នាក់។ ជាការពិតណាស់ ក្នុងកម្រិតណាមួយ វាក៏ឈានដល់កម្រិតនៃនិស្ស័យពុករលួយផងដែរ។ ដោយសារតែមនុស្សបែបនេះមានទិដ្ឋភាពនៃភាពជាមនុស្សនេះ វាបណ្ដាលឱ្យពួកគេឱ្យធ្វើរឿងមួយចំនួន ហើយនៅពេលដែលពួកគេធ្វើរឿងទាំងនេះ ពួកគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់ពួកគេ។ មិនថានិស្ស័យពុករលួយប្រភេទណាត្រូវបានបញ្ចេញឱ្យឃើញនោះទេ និស្ស័យពុករលួយដែលត្រូវបានបញ្ចេញឱ្យឃើញ និងសកម្មភាពដែលមនុស្សមុខក្រាស់ឥតអៀនខ្មាសបានធ្វើ គឺមិនអាចបំបែកចេញពីភាពជាមនុស្សរបស់ពួកគេបានឡើយ។ ដូច្នេះ ថាតើនិស្ស័យពុករលួយរបស់មនុស្សម្នាក់អាចផ្លាស់ប្ដូរ និងត្រូវបានបោះបង់ចោលបានឬអត់ គឺអាស្រ័យលើថាតើចរិតលក្ខណៈរបស់គេយ៉ាងណា។ ប្រសិនបើចរិតលក្ខណៈរបស់គេអាក្រក់ ប្រសិនបើគេទាស់ទទឹងនឹងសេចក្ដីពិត ខ្ពើមរអើម និងស្អប់ខ្ពើមសេចក្ដីពិត ព្រមទាំងបដិសេធមិនទទួលយកសេចក្ដីពិត នោះនិស្ស័យពុករលួយរបស់គេនឹងពិបាកបោះបង់ចោលណាស់ ហើយគេនឹងមិនអាចសម្រេចបានសេចក្ដីសង្គ្រោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនិយាយពីចរិតលក្ខណៈរបស់គេ គេមិនមែនជាមនុស្សអាក្រក់ទេ ហើយគេអាចយល់ និងទទួលយកសេចក្ដីពិត មិនចចេស និងមិនមានបញ្ហានៃចរិតលក្ខណៈថោកទាប នោះនិស្ស័យពុករលួយរបស់គេអាចត្រូវបានបោះបង់ចោលបាន។ មនុស្សគ្រប់រូបសុទ្ធតែមាននិស្ស័យពុករលួយ ប៉ុន្តែតើអ្វីទៅដែលកំណត់ថា នរណាម្នាក់អាចបោះបង់ចោលសេចក្ដីពុករលួយ និងសម្រេចបានសេចក្ដីសង្គ្រោះបានឬអត់នោះ? (វាអាស្រ័យលើថាតើចរិតលក្ខណៈរបស់គេយ៉ាងណា។) ត្រឹមត្រូវហើយ។ វាអាស្រ័យលើថាតើភាពជាមនុស្សរបស់គេល្អ ឬអាក្រក់។
ការងាយនឹងមានការសង្ស័យ
បន្ទាប់មកទៀត ចូរយើងពិភាក្សាអំពីការងាយនឹងមានការសង្ស័យ។ តើការសម្ដែងចេញមួយណាដែលយើងទើបតែបានពិភាក្សា មានលក្ខណៈស្រដៀងគ្នាបន្តិចទៅនឹងការងាយនឹងមានការសង្ស័យនេះ? (ភាពរសើប។) តើភាពរសើបគឺជាបញ្ហាប្រភេទអ្វី? (ចំណុចខ្សោយនៃភាពជាមនុស្ស។) ការងាយនឹងមានការសង្ស័យ គឺខ្ពស់ជាងភាពរសើបមួយកម្រិត។ បញ្ហានេះគឺធ្ងន់ធ្ងរជាង។ ភាពរសើប គ្រាន់តែជាសញ្ញានៃភាពជាមនុស្សដែលមិនសូវចាស់ទុំប៉ុណ្ណោះ ដូចជាកូនក្មេងអ៊ីចឹង ចំណែកឯការងាយនឹងមានការសង្ស័យវិញ គឺពាក់ព័ន្ធនឹងការគិត និងទស្សនៈជាក់លាក់មួយចំនួន ដែលជាទូទៅគេស្គាល់ថាជាការគិតច្រើនហួសហេតុ ដែលបញ្ជាក់ពីចរិតលក្ខណៈមិនល្អ។ ឧទាហរណ៍ មានគេពឹងមនុស្សដែលឆាប់សង្ស័យគេម្នាក់ ឱ្យជួយទិញអីវ៉ាន់មួយដែលមានតម្លៃ១០យន់ ហើយបានសង្កត់ធ្ងន់ជាពិសេសថា៖ «អ្នកដាច់ខាតមិនត្រូវទិញលើសពី១០យន់ទេ។ បើវាថ្លៃពេក កុំទិញអី»។ ក្រោយពីបានឮដូច្នេះ គេក៏រិះគិតថា៖ «តើអ្នកគ្រាន់តែគួរសមទេឬអី? តាមពិត អ្នកចង់បានអីវ៉ាន់តម្លៃ១០០យន់ ប៉ុន្តែអ្នកខ្មាសអៀនមិនហ៊ាននិយាយ។ បើអ៊ីចឹង ខ្ញុំនឹងទិញវាឱ្យអ្នក ដើម្បីឱ្យអ្នកសប្បាយចិត្ត និងធ្វើឱ្យអ្នកមានអារម្មណ៍ល្អចំពោះខ្ញុំ»។ បន្ទាប់មក ក្រោយពេលដែលគេទិញវាយកមកវិញ ស្រាប់តែអ្នកនោះនិយាយថា៖ «វាថ្លៃពេកហើយ។ ខ្ញុំមានលុយតែ១០យន់ទេ ខ្ញុំគ្មានលុយច្រើនដល់ថ្នាក់ហ្នឹងឡើយ»។ ដូច្នេះ តាមរយៈការទិញអីវ៉ាន់តម្លៃ១០០យន់ឱ្យអ្នកនោះ តើគេមិនបានធ្វើឱ្យអ្នកនោះខាតបង់ទេឬអី? ក៏ប៉ុន្តែ គេមិនអាចយល់ពីអ្នកនោះបានឡើយ ហើយបែរជាមានការសង្ស័យថា អ្នកនោះមិនចង់ចំណាយលុយបន្ថែម និងកំពុងព្យាយាមកេងចំណេញពីគេទៅវិញ។ ប្រាប់ខ្ញុំមកមើល តើមនុស្សដែលឆាប់សង្ស័យគេបែបនេះ មិនបង្កការលំបាកខ្លាំងទេឬអី? (មែនហើយ។) តើពួកគេបង្កការលំបាកតាមរបៀបណា? (ការគិតរបស់ពួកគេស្មុគស្មាញពេក។) មនុស្សដែលមានការគិតស្មុគស្មាញពេក គឺពិបាកនឹងទាក់ទងជាមួយណាស់។ ប្រាប់ខ្ញុំមកមើល តើមនុស្សដែលមានបុគ្គលិកលក្ខណៈត្រង់ៗ សុខចិត្តទាក់ទងជាមួយមនុស្សបែបនេះដែរឬទេ? (ទេ។) អ្នកមិនដឹងថាពួកគេកំពុងគិតអ្វីនៅក្នុងចិត្ត ឬការគិតរបស់ពួកគេកំពុងឆ្ពោះទៅរកទិសដៅណានោះទេ ហើយអ្នកមិនអាចមើលធ្លុះពីចេតនារបស់ពួកគេ ឬដឹងថាពួកគេកំពុងសង្ស័យអ្នកដោយរបៀបណានោះឡើយ។ ដូច្នេះ នៅពេលដែលអ្នកផ្ទុកផ្ដាក់រឿងអ្វីមួយឱ្យពួកគេចាត់ចែង ទោះបីជាវាច្បាស់ជារឿងតូចតាចដ៏សាមញ្ញមួយក៏ដោយ ក៏ពួកគេធ្វើឱ្យវាក្លាយជារឿងដ៏ស្មុគស្មាញ និងសាំញ៉ាំខ្លាំងដែរ។ ដោយសារនៅក្នុងដំណើរការនេះ ពួកគេធ្វើឱ្យរឿងរ៉ាវកាន់តែស្មុគស្មាញហួសហេតុ សូម្បីតែអ្នកក៏មានអារម្មណ៍ថាហត់នឿយ ហើយគិតថា យកល្អគួរតែធ្វើវាដោយខ្លួនឯងវិញ។ អ្នកមិនចង់ទាក់ទងជាមួយមនុស្សបែបនេះទេ ហើយគ្រាន់តែចង់គេចចេញពីពួកគេប៉ុណ្ណោះ។ ឧទាហរណ៍ ឧបមាថាអ្នកមានរបស់អ្វីមួយដែលអ្នកលែងត្រូវការ ហើយការទុកវាចោលនៅទីនោះ គឺជារឿងខ្ជះខ្ជាយ ហើយវាក៏គួរឱ្យស្ដាយដែរប្រសិនបើបោះវាចោល ដូច្នេះ អ្នកក៏ឱ្យវាទៅមនុស្សប្រភេទនេះ។ គេមិនត្រឹមតែមិនដឹងគុណប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងសង្ស័យនៅក្នុងចិត្តទៀតថា៖ «ហេតុអ្វីបានជាអ្នកឱ្យរបស់នេះមកខ្ញុំ? ច្បាស់ជាមានរឿងអ្វីនៅពីក្រោយរឿងនេះមិនខាន។ តើអ្នកកំពុងព្យាយាមធ្វើឱ្យខ្ញុំគិតថាអ្នកជាមនុស្សល្អ ដើម្បីឱ្យខ្ញុំជំពាក់គុណអ្នក ឬមួយក៏អ្នកកំពុងព្យាយាមពឹងខ្ញុំឱ្យធ្វើអ្វីមួយសម្រាប់អ្នកមែនទេ?»។ អ្នកនឹកស្មានមិនដល់សោះថា គេនឹងគិតច្រើនដល់ថ្នាក់នេះចំពោះរឿងតូចតាចបែបនេះ សូម្បីតែការឱ្យរបស់បន្តិចបន្តួចទៅគេ ក៏អាចនាំឱ្យមានការសង្ស័យច្រើនយ៉ាងនេះដែរ។ អ្នកត្រូវនិយាយរឿងជាច្រើន ដើម្បីបំបាត់ការសង្ស័យរបស់គេ។ តើនេះមិនមែនជារឿងដែលបង្កការលំបាកខ្លាំងទេឬអី? អ្នកចាប់ផ្ដើមមានអារម្មណ៍ខ្ពើមរអើមចំពោះមនុស្សនេះ ហើយបន្ទាប់ពីនោះមក ប្រសិនបើអ្នកមានរបស់សល់ អ្នកសុខចិត្តបោះវាចោល ជាជាងឱ្យវាទៅគេ។ ហេតុអ្វីបានជាមិនឱ្យវាទៅគេ? វាមិនមែនដោយសារតែអ្នកជាមនុស្សគ្មានមេត្តានោះទេ ប៉ុន្តែដោយសារតែអ្នកមិនចង់បង្កបញ្ហា។ កាលពីមុន មានអ្នកម្នាក់ទើបតែជួលកន្លែងមួយ ហើយនៅទីនោះគ្មានសម្ភារៈសម្អាតទេ។ ដូច្នេះ ខ្ញុំក៏បានយកសម្ភារៈសម្អាតមួយចំនួនពីផ្ទះទៅឱ្យ។ ទឹកថ្នាំសម្អាតខ្លះនៅពេញដប ចំណែកឯខ្លះទៀតនៅសល់កន្លះដប។ អ្នកដែលជួលកន្លែងនោះបានមើលរបស់ទាំងនោះ ហើយនិយាយថា៖ «ទោះបីជាព្រះអង្គបានឱ្យរបស់ទាំងនេះមកខ្ញុំដោយឥតគិតថ្លៃក៏ដោយ ក៏ខ្ញុំមិនអរគុណព្រះអង្គដែរ របស់ទាំងនេះសុទ្ធតែជារបស់ប្រើរួច។ ប្រសិនបើវាជារបស់ថ្មី តើព្រះអង្គនឹងឱ្យវាមកខ្ញុំដែរឬទេ?»។ តើពាក្យសម្ដីទាំងនេះមិនធ្វើឱ្យឈឺចាប់ទេឬអី? (មែនហើយ។) ហេតុអ្វីបានជាវាធ្វើឱ្យឈឺចាប់? (បំណងល្អមួយ ត្រូវបានគេបំភ្លៃបែបនេះ។) គេបានចាត់ទុកបំណងល្អរបស់ខ្ញុំ ថាជាចេតនាអាក្រក់ទៅវិញ។ ខ្ញុំមិនបានសុំឱ្យអ្នកអរគុណខ្ញុំទេ ហើយខ្ញុំក៏មិនបានសុំឱ្យអ្នកបង់លុយថ្លៃរបស់ទាំងនោះដែរ។ គ្រាន់តែថាអ្នកកំពុងជួលកន្លែងមួយ ហើយនៅទីនោះគ្មានសម្ភារៈសម្អាតសោះ ហើយវាក៏មិនងាយស្រួលសម្រាប់អ្នកក្នុងការចេញទៅក្រៅដើម្បីទិញវាដែរ។ ខ្ញុំគ្រាន់តែយករបស់ខ្លះដែលខ្ញុំមានទៅឱ្យអ្នក ដើម្បីជួយសម្រួលដល់អ្នកប៉ុណ្ណោះ។ ខ្ញុំមិនបានព្យាយាមផ្គាប់ផ្គុនអ្នក តាមរយៈការឱ្យអ្នកប្រើប្រាស់របស់ទាំងនេះឡើយ។ ខ្ញុំមិនបានជំពាក់អ្វីអ្នកទេ ហើយខ្ញុំក៏មិនបានសុំឱ្យអ្នកជំពាក់គុណខ្ញុំដែរ។ គេបែរជាមានការសង្ស័យចំពោះរឿងដ៏សាមញ្ញបែបនេះទៅវិញ៖ «ហឹស! តើមានអ្វីអស្ចារ្យទៅ? ព្រះអង្គយករបស់បន្តិចបន្តួចមកឱ្យខ្ញុំ ហើយឥឡូវនេះ ព្រះអង្គគិតថាខ្ញុំជំពាក់គុណព្រះអង្គហើយ! យ៉ាងណាមិញ របស់ដែលព្រះអង្គយកមកឱ្យ មិនមែនជារបស់ល្អអីទេ។ តើវាអាចជារបស់ល្អបានយ៉ាងម៉េចទៅ បើព្រះអង្គគ្រាន់តែឱ្យវាទទេៗបែបនេះនោះ?»។ មនុស្សនេះពិតជាពិបាកទាក់ទងជាមួយណាស់។ ខ្ញុំមិនបានអះអាងថា របស់ទាំងនេះជាថ្នាំទិព្វដ៏កម្រអ្វីនោះទេ វាគ្រាន់តែជាផលិតផលសម្អាតធម្មតាប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនចង់ប្រើវាទេ អ្នកមិនបាច់ប្រើក៏បានដែរ។ ហេតុអ្វីត្រូវធ្វើឱ្យរឿងរ៉ាវស្មុគស្មាញដល់ម្ល៉េះ? ខ្ញុំបានដឹងថា មនុស្សនេះគឺពិបាកចុះសម្រុង និងពិបាកទាក់ទងជាមួយណាស់។ តើវានឹងមិនសូវមានបញ្ហាទេឬអី ប្រសិនបើខ្ញុំមិនបានយកអ្វីទៅឱ្យសោះនោះ? វាមិនប្រាកដនោះទេ។ ការមិនយកអ្វីទៅឱ្យសោះ ក៏ប្រហែលជានឹងបង្កជាបញ្ហាដែរ។ គេប្រហែលជានៅតែគិតថា៖ «ខ្ញុំកំពុងជួលកន្លែងនេះ ហើយព្រះអង្គមិនទាំងបានយកសម្ភារៈសម្អាតណាមួយមកឱ្យខ្ញុំផង។ យើងជាបងប្អូននឹងគ្នា ប៉ុន្តែព្រះអង្គមិនបានបង្ហាញសេចក្ដីស្រឡាញ់ណាមួយដល់ខ្ញុំទាល់តែសោះ!»។ គេនៅតែមានរឿងត្រូវនិយាយដដែល។ ចរិតលក្ខណៈរបស់មនុស្សបែបនេះ គឺអន់ខ្លាំងណាស់។ ពួកគេតែងតែប្រើចំណូលចិត្ត និងស្ដង់ដារបស់ខ្លួនឯង ដើម្បីវាស់ស្ទង់ថាតើអ្នកដទៃល្អ ឬអាក្រក់។ ពួកគេតែងតែពិនិត្យពិច័យ និងវាស់ស្ទង់អ្នកដទៃដោយក្រសែភ្នែកដ៏តឹងរ៉ឹង ដោយគិតថាពួកគេមានសីលធម៌ខ្ពង់ខ្ពស់ជាងគេ ចំណែកឯអ្នកដទៃសុទ្ធតែមានផ្នែកងងឹតនៅក្នុងខ្លួន ហើយថាអ្នកដទៃតែងតែមានចេតនារបស់ខ្លួនជានិច្ច ទោះបីជាពួកគេប្រព្រឹត្តបែបណាក៏ដោយ មានតែពួកគេប៉ុណ្ណោះដែលមិនពុករលួយ និងល្អឥតខ្ចោះ។
មនុស្សដែលងាយនឹងមានការសង្ស័យ មានចរិតលក្ខណៈអន់។ ដោយសារពួកគេមានចរិតលក្ខណៈអន់ ពួកគេច្បាស់ជានឹងប្រព្រឹត្តនៅក្រោមការគ្របដណ្ដប់នៃចរិតលក្ខណៈនេះមិនខាន។ អ្វីដែលពួកគេបញ្ចេញឱ្យឃើញ គឺជានិស្ស័យពុករលួយ វាច្បាស់ជាមិនមែនជាភាពជាមនុស្សធម្មតាឡើយ។ ប្រសិនបើវាមិនមែនជាភាពជាមនុស្សធម្មតាទេ តើវាជាអ្វីឱ្យប្រាកដទៅ? នេះគឺពាក់ព័ន្ធនឹងនិស្ស័យពុករលួយ។ នៅពេលនិយាយដល់ការងាយនឹងមានការសង្ស័យ និស្ស័យពុករលួយជាតំណាងដែលមនុស្សបែបនេះបញ្ចេញឱ្យឃើញ នៅក្នុងសកម្មភាព និងការទាក់ទងជាមួយអ្នកដទៃ ច្បាស់ណាស់គឺជាសេចក្ដីទុច្ចរិត និងភាពបោកបញ្ឆោត។ ការគិតរបស់ពួកគេ គឺស្មុគស្មាញបែបនេះឯង ទុច្ចរិត និងពិសពុលលាក់ពុតបែបនេះឯង។ ដោយសារតែពួកគេផ្ទាល់មិនព្រមធ្វើអ្វីសោះ លុះត្រាតែមានផលប្រយោជន៍សម្រាប់ខ្លួន ពួកគេក៏គិតថាអ្នកដទៃគ្រប់គ្នាសុទ្ធតែដូចគ្នាដែរ។ ទោះបីជាអ្នកមិនមែនជាមនុស្សប្រភេទនោះក៏ដោយ ក៏ពួកគេមិនជឿដែរ ហើយទោះបីជាអ្នកព្យាយាមពន្យល់ក៏ដោយ ក៏វាមិនបានការអ្វីដែរ នោះគឺជារបៀបដែលពួកគេមើលមកអ្នក។ ពួកគេប្រើវិធីសាស្ត្រទុច្ចរិត និងនិស្ស័យទុច្ចរិត ដើម្បីមើលទៅលើអ្វីៗទាំងអស់ គ្រប់រឿងរ៉ាវ និងមនុស្សគ្រប់គ្នា។ ទោះបីជាអ្វីដែលអ្នកធ្វើគឺត្រឹមត្រូវ ស្របតាមតម្រូវការនៃភាពជាមនុស្ស ស្របតាមភាពមានវិចារណញ្ញាណនៃភាពជាមនុស្ស ឬស្របតាមគោលការណ៍សេចក្ដីពិតក៏ដោយ ក៏ពួកគេនឹងដាក់សញ្ញាសួរជាបន្តបន្ទាប់នៅពីក្រោយរឿងនោះ ហើយសួរអ្នកថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះ? តើអ្នកមានចេតនាអ្វី?»។ អ្នកនិយាយថា៖ «ខ្ញុំគ្មានចេតនាអ្វីទេ» ប៉ុន្តែពួកគេពិតជាមិនជឿឡើយ ពួកគេទទូចចោទថាអ្នកមានចេតនាណាមួយ ហើយបង្ខំឱ្យអ្នកសារភាពពីចេតនានោះឱ្យទាល់តែបាន។ តើមនុស្សបែបនេះ មិនគួរឱ្យធុញថប់ទេឬអី? (មែនហើយ។) វាជារឿងពិបាកណាស់ សម្រាប់មនុស្សដែលងាយនឹងមានការសង្ស័យ ក្នុងការចុះសម្រុងជាមួយអ្នកដទៃ។ មនុស្សបែបនេះ ច្បាស់ជាមិនសាមញ្ញ និងបើកចំហទេ ហើយជាការពិតណាស់ ពួកគេមិនមែនជាមនុស្សស្មោះត្រង់ឡើយ។ នៅក្នុងចរិតលក្ខណៈរបស់ពួកគេ ធាតុផ្សំនៃភាពស្មោះត្រង់ សេចក្ដីសប្បុរស និងភាពមានវិចារណញ្ញាណ គឺស្ទើរតែគ្មានទាំងអស់។ ដូច្នេះ តើសមាសធាតុចម្បងនៃចរិតលក្ខណៈរបស់ពួកគេមានអ្វីខ្លះ? គឺភាពសង្ស័យជ្រុល ភាពបោកបញ្ឆោត សេចក្ដីទុច្ចរិត ការខ្វះភាពសាមញ្ញ និងភាពមិនស្មោះត្រង់។ ពួកគេយល់ឃើញថា មនុស្សគ្រប់គ្នា និងបញ្ហាទាំងអស់ ថាមានភាពស្មុគស្មាញខ្លាំងណាស់។ ទោះបីជាអ្នកនិយាយដោយស្មោះត្រង់ទៅកាន់ពួកគេក៏ដោយ ក៏ពួកគេនឹងវិភាគ និងរិះគិតថា ហេតុអ្វីបានជាអ្នកនិយាយបែបនេះដែរ។ ទោះបីជាពួកគេបានទាក់ទងជាមួយអ្នកជាយូរមកហើយ និងដឹងថាចរិតលក្ខណៈរបស់អ្នកយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែឧស្សាហ៍ប្រកាន់យកអាកប្បកិរិយាសង្ស័យចំពោះអ្នក នៅពេលសន្ទនា ចាត់ចែងរឿងរ៉ាវ ឬទាក់ទងជាមួយអ្នកដែរ។ ដូច្នេះ មនុស្សបែបនេះគឺគួរឱ្យធុញថប់ខ្លាំងណាស់។ ការទាក់ទងជាមួយពួកគេ បន្ថែមបន្ទុក និងបែបបទជាច្រើន ហើយអ្នកក៏ត្រូវស្វែងយល់ជាមុនឱ្យបានច្រើន និងស្គាល់ពីពួកគេផងដែរ ពោលគឺត្រូវស្វែងយល់ថាតើមានរឿងអ្វីខ្លះដែលពួកគេមិនចូលចិត្ត ហើយអ្វីដែលពួកគេមិនចូលចិត្តធ្វើ ឬមិនចូលចិត្តនិយាយ។ បើពុំនោះទេ ប្រសិនបើអ្នកមិនប្រយ័ត្ន អ្នកអាចនឹងធ្វើឱ្យពួកគេអាក់អន់ចិត្ត ឬតាមការយល់ឃើញរបស់ពួកគេ គឺធ្វើឱ្យពួកគេឈឺចាប់។ ពួកគេប្រព្រឹត្តចំពោះមនុស្សតាមរបៀបនេះ ចុះតើពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់យ៉ាងដូចម្ដេចដែរ? (ពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមរបៀបដូចគ្នា។) តើពួកគេនឹងប្រព្រឹត្តចំពោះព្រះជាម្ចាស់ដោយភាពស្មោះស្ម័គ្រដែរឬទេ? (ទេ។) ឧទាហរណ៍ នៅពេលដែលពួកជំនុំរៀបចំឱ្យពួកគេបំពេញភារកិច្ច ពួកគេចាប់ផ្ដើមរិះគិតថា៖ «តើព្រះជាម្ចាស់ជ្រាបទេថា ខ្ញុំកំពុងបំពេញភារកិច្ចនេះ? តើព្រះអង្គនឹងនឹកចាំពីវាដែរឬទេ? តើខ្ញុំគួរប្រឹងប្រែងកម្រិតណា ដើម្បីគ្រាន់តែឱ្យរួចពីដៃ ហើយដើម្បីឱ្យព្រះជាម្ចាស់នឹកចាំពីវា?»។ បន្ទាប់ពីបំពេញភារកិច្ចរបស់ពួកគេបានមួយរយៈ ពួកគេក៏ស្ទាបស្ទង់មើលថាតើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ មើលមកពួកគេយ៉ាងដូចម្ដេច ហើយថាតើអ្នកទាំងនោះមានការវាយតម្លៃអវិជ្ជមានណាមួយចំពោះពួកគេដែរឬទេ។ តើនេះជាភាពជាមនុស្សប្រភេទអ្វីទៅ? បើវិនិច្ឆ័យមើលលើភាពជាមនុស្សដែលបានសម្ដែងចេញតាមរយៈអាកប្បកិរិយារបស់ពួកគេក្នុងការចាត់ចែងរឿងរ៉ាវ មនុស្សបែបនេះគឺគួរឱ្យធុញថប់ខ្លាំងណាស់ ហើយវាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការទទួលយកសេចក្ដីពិត។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះវាជារឿងពិបាកសម្រាប់ពួកគេក្នុងការធ្វើជាមនុស្សស្មោះត្រង់។ មនសិការរបស់ពួកគេខ្វះស្មារតីយុត្តិធម៌ វិចារណញ្ញាណរបស់ពួកគេមិនប្រក្រតី ហើយរបៀបដែលពួកគេវិនិច្ឆ័យរឿងរ៉ាវ គឺគ្មានវិចារណញ្ញាណឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាគ្មានវិចារណញ្ញាណ? ពីព្រោះពួកគេមានភាពជ្រុលហួសហេតុគួរសម ងាយនឹងប្រកាន់គំនិតស្លាប់ក្រឡាលើរឿងរ៉ាវ និងថោកទាប។ ពួកគេមិនមើលរឿងរ៉ាវដោយប្រើរបៀបគិតនៃភាពជាមនុស្សធម្មតាឡើយ។ ពួកគេមិនបើកចំហ និងត្រង់ៗនោះទេ ប៉ុន្តែបែរជារស់នៅក្នុងរបៀបដ៏ងងឹតជាពិសេសទៅវិញ។ ក៏ប៉ុន្តែ ពួកគេមិនដែលមានអារម្មណ៍ថាពួកគេរស់នៅក្នុងរបៀបដ៏ងងឹតឡើយ ហើយថែមទាំងគិតថាពួកគេឆ្លាតជាងអ្នកដទៃ និងគិតថាពួកគេរស់នៅដោយមានភាពល្អិតល្អន់ និងយកចិត្តទុកដាក់លើចំណុចលម្អិតជាងអ្នកដទៃទៀតផង។ ពួកគេកោតសរសើរភាពឆ្លាតវៃរបស់ខ្លួនឯងជាពិសេស។ នេះហៅថា ការគិតថាខ្លួនឯងឆ្លាត។ មនុស្សដែលគិតថាខ្លួនឯងឆ្លាត គឺខ្វះខាតយ៉ាងខ្លាំងទាក់ទងនឹងវិចារណញ្ញាណនៃភាពជាមនុស្សរបស់ពួកគេ និងទាក់ទងនឹងស្មារតីយុត្តិធម៌នៅក្នុងមនសិការរបស់ពួកគេ។ ហេតុដូច្នេះ ភាពជាមនុស្សរបស់មនុស្សបែបនេះគឺអាក្រក់ ហើយអ្នកដទៃមិនសុខចិត្តទាក់ទងជាមួយពួកគេឡើយ។ មិនថាអ្នកណានិយាយអ្វីនោះទេ មនុស្សបែបនេះនឹងយកវាធ្វើជាបញ្ហាមិនខាន។ អ្វីដែលពួកគេបកស្រាយ សុទ្ធតែជារឿងជ្រុលហួសហេតុ ដែលវៀចខុសទំនង ជារឿងនៃភាពឆេវឆាវ ជារឿងរបស់សាតាំង និងជារឿងនៃមនោសញ្ចេតនា។ ទាំងនោះសុទ្ធតែជារឿងដែលងងឹត និងអវិជ្ជមាន ជារឿងដែលផ្ទុយនឹងសេចក្ដីពិត និងទាស់ទទឹងនឹងសេចក្ដីពិត។ រឿងទាំងនេះមិនអាចដឹកនាំមនុស្សឱ្យដើរលើផ្លូវត្រូវទាល់តែសោះ។ ដូច្នេះ មនុស្សប្រភេទនេះគឺគួរឱ្យស្អប់ខ្ពើម និងគួរឱ្យខ្ពើមរអើមខ្លាំងណាស់។ ពួកគេរស់នៅក្នុងជ្រុងងងឹត និងនៅក្នុងពិភពលោកតូចចង្អៀតរបស់ពួកគេផ្ទាល់។ ពួកគេងប់ងល់នឹងខ្លួនឯង និងកោតសរសើរខ្លួនឯងជាពិសេស ដោយគិតថាពួកគេរស់នៅក្នុងជីវិតដ៏ល្អប្រណីត ខ្ពង់ខ្ពស់ មានកិត្តិយស និងមានសេចក្ដីថ្លៃថ្នូរជាងអ្នកដទៃ ហើយគ្មាននរណាម្នាក់អាចប៉ះពាល់ពួកគេបានឡើយ។ តាមពិតទៅ ចរិតលក្ខណៈរបស់មនុស្សបែបនេះគឺថោកទាបណាស់ ហើយពួកគេគ្មានសេចក្ដីថ្លៃថ្នូរពិតប្រាកដឡើយ។ អ្វីដែលហៅថាការខ្វះសេចក្ដីថ្លៃថ្នូរពិតប្រាកដ គឺមានន័យថា ចរិតលក្ខណៈរបស់ពួកគេគឺអន់ជាពិសេស ពីព្រោះអ្វីដែលកើតចេញពីភាពជាមនុស្សរបស់ពួកគេ សុទ្ធតែជារឿងងងឹត ដែលមិនអាចយកមកបង្ហាញជាសាធារណៈបាន មិនមែនជារឿងសុចរិត និងត្រង់ៗនោះទេ។ ហេតុដូច្នេះ មនុស្សបែបនេះគ្មានសេចក្ដីថ្លៃថ្នូរទាល់តែសោះ។ តើការងាយនឹងមានការសង្ស័យរបស់មនុស្ស អាចបង្កឱ្យមានផលវិបាកអ្វីខ្លះ? និយាយឱ្យងាយស្ដាប់ទៅ មនុស្សបែបនេះពោរពេញទៅដោយល្បិចកលបោកបញ្ឆោត។ ការងាយនឹងមានការសង្ស័យ មានន័យថា មនុស្សទាំងនេះមានល្បិចកលយ៉ាងច្រើនក្នុងចិត្ត។ ចូរមើលរបៀបដែលស្ដេចអារក្សជិះជាន់ និងចាប់ខ្លួនរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកគេមានល្បិចកលយ៉ាងច្រើនក្នុងចិត្ត ដែលទីបំផុតបានធ្វើបាបមនុស្សដល់ថ្នាក់គ្រួសាររបស់ពួកគេត្រូវបែកបាក់ ដោយសមាជិកខ្លះត្រូវស្លាប់ និងត្រូវព្រាត់ប្រាស់គ្នា។ នោះគឺជាទង្វើរបស់ពួកអារក្ស និងស្ដេចអារក្ស។ ហេតុដូច្នេះ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលងាយនឹងមានការសង្ស័យ ជាមនុស្សល្អឡើយ។ អ្នកជឿលើព្រះជាម្ចាស់ គួរតែមើលមនុស្ស និងរឿងរ៉ាវដោយផ្អែកលើគោលការណ៍សេចក្ដីពិត ពួកគេមិនត្រូវមានការសង្ស័យផ្ដេសផ្ដាសឡើយ ហើយត្រូវតែមានភស្តុតាងគាំទ្រអ្វីដែលពួកគេនិយាយ។ ការគិតដែលអ្នកបង្កើតឡើងនៅពេលពិចារណាអំពីមនុស្ស ឬរឿងណាមួយ យ៉ាងហោចណាស់គួរតែមានភាពវិជ្ជមាន និងអាចឱ្យអ្នកដទៃទទួលយកបាន។ អ្វីដែលកាន់តែប្រសើរនោះគឺ ការគិតទាំងនោះគួរតែស្របតាមគោលការណ៍សេចក្ដីពិត មានប្រយោជន៍ដល់អ្នកដទៃ និងមានឥទ្ធិពលវិជ្ជមានលើពួកគេ។ ទោះជាយ៉ាងណាក៏ដោយ គ្មានការគិត និងទស្សនៈណាមួយដែលបង្កើតឡើងដោយមនុស្សដែលងាយនឹងមានការសង្ស័យ ស្របតាមសេចក្ដីពិតឡើយ យ៉ាងហោចណាស់ វាមិនមែនជាអ្វីៗដែលវិជ្ជមានទេ ពោលគឺ ទស្សនៈដែលមនុស្សបែបនេះប្រើដើម្បីពិចារណាលើបញ្ហា ឬការគិត និងគំនិតដែលពួកគេបង្កើតឡើង គឺពិតជាមិនស្របតាមសេចក្ដីពិតឡើយ។ ហេតុដូច្នេះ មនុស្សប្រភេទនេះរស់នៅក្នុងជ្រុងងងឹត និងគ្មានសេចក្ដីទៀងត្រង់ ឬសេចក្ដីថ្លៃថ្នូរទាល់តែសោះ។ រឿងដែលកើតចេញពីការគិតរបស់ពួកគេ សុទ្ធតែងងឹត និងទុច្ចរិត។ រឿងទាំងនេះមិនស្របតាមគោលការណ៍សេចក្ដីពិតទេ ហើយនឹងមិនមានឥទ្ធិពលវិជ្ជមានលើមនុស្ស ឬជីវិតរបស់ពួកគេឡើយ។ ប្រសិនបើអ្នកទទួលយកការគិត និងទស្សនៈផ្សេងៗដែលកើតចេញពីការសង្ស័យរបស់មនុស្សបែបនេះ អ្នកនឹងត្រូវបំពុល និងត្រូវពួកគេទាញទម្លាក់។ នេះគឺស្មើនឹងការត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកអាចញែកដឹងមនុស្សបែបនេះ និងចាត់ទុកពួកគេជាគំរូអវិជ្ជមាន អ្នកអាចមានការរីកចម្រើនខ្លះ និងទទួលបានការញែកដឹងខ្លះ ក្នុងការយល់ដឹងពីរឿងអវិជ្ជមាន។ នេះគឺជាការបញ្ចប់ការពិភាក្សារបស់យើងអំពីការងាយនឹងមានការសង្ស័យ។
ភាពអន់ខ្សោយ
បន្ទាប់មកទៀត ចូរយើងនិយាយអំពីភាពអន់ខ្សោយ។ អ្នកគ្រប់គ្នាយល់ពីអត្ថន័យនៃភាពអន់ខ្សោយ វាសំដៅទៅលើការចាត់ចែងរឿងអ្វីក៏មិនបានល្អ មើលទៅដូចជាគ្មានសមត្ថភាព ដូចដែលមនុស្សតែងតែនិយាយថា៖ «ហេតុអ្វីបានជាអ្នកអន់ខ្សោយម៉្លេះ? អ្នកពិតជាគ្មានអនាគតមែន!»។ តើភាពអន់ខ្សោយជារឿងល្អដែរឬទេ? (ទេ។) បើដូច្នេះ ចូរយើងចាត់ថ្នាក់វា តើវាជាអ្វី? (វាគឺជាចំណុចខ្សោយនៃភាពជាមនុស្ស។) ភាពអន់ខ្សោយ ច្បាស់ណាស់គឺជាចំណុចខ្សោយនៃភាពជាមនុស្ស។ ភាពអន់ខ្សោយ មានន័យថា មនុស្សម្នាក់មានប្រាជ្ញាទាបខ្លាំងក្នុងការចាត់ចែងរឿងរ៉ាវ និងមានសមត្ថភាពរស់រានមានជីវិតខ្សោយ នេះហើយដែលហៅថាភាពអន់ខ្សោយ។ មនុស្សខ្លះនិយាយស្ដីមិនប៉ិនប្រសប់ មិនអាចបង្ហាញគំនិតរបស់ខ្លួនតាមពាក្យសម្ដីបាន មនុស្សខ្លះទៀតថែមទាំងមានបុគ្គលិកលក្ខណៈអៀនខ្មាស និងមិនសូវចូលចំណោមគេ នៅពេលដែលពួកគេត្រូវនិយាយនៅចំពោះមុខមនុស្សជាច្រើន ឬត្រូវក្លាយជាទីចាប់អារម្មណ៍របស់គេ ពួកគេមានការភ័យខ្លាច មានអារម្មណ៍ខ្លាចញញើត និងមិនហ៊ាននិយាយ ហើយពួកគេតែងតែត្រូវអ្នកដទៃសម្លុតធ្វើបាប។ មនុស្សអាក្រក់ខ្លះជឿថា ការសម្លុតធ្វើបាបមនុស្សបែបនេះគឺជារឿងត្រឹមត្រូវ ហើយថាវាជារឿងសប្បាយ និងគួរឱ្យរីករាយខ្លាំងណាស់ ពួកគេតែងតែចំអក និងចំអន់មនុស្សប្រភេទនេះជារៀងរាល់ថ្ងៃ។ មនុស្សអន់ខ្សោយ មានសមត្ថភាពខ្សោយក្នុងការចាត់ចែងរឿងរ៉ាវ។ វាអាចទៅរួចដែលថា ពួកគេខ្លះក៏មានសមត្ថភាពរស់រានមានជីវិតខ្សោយ មិនអាចរកលុយបាន ហើយតែងតែមានភាពខ្លាចញញើតខ្លាំង និងប្រុងប្រយ័ត្នជ្រុលនៅពេលនៅក្បែរអ្នកដទៃ។ នៅពេលដែលពួកគេឃើញមនុស្សដែលគួរឱ្យខ្លាចញញើត ពួកគេក៏គេចចេញពីអ្នកទាំងនោះ ហើយមិនហ៊ាននិយាយស្ដីឡើយ។ សូម្បីតែនៅពេលដែលពួកគេត្រូវគេសម្លុតធ្វើបាបក៏ដោយ ក៏ពួកគេមិនហ៊ានតបតវិញដែរ ដោយខ្លាចថាពួកគេអាចនឹងធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។ បើវិនិច្ឆ័យមើលលើការសម្ដែងចេញនៃភាពអន់ខ្សោយនៅក្នុងភាពជាមនុស្សរបស់មនុស្សប្រភេទនេះ នេះគ្រាន់តែជាប្រភេទនៃចំណុចខ្សោយនៃភាពជាមនុស្សប៉ុណ្ណោះ។ ភាពអន់ខ្សោយរបស់នរណាម្នាក់ មិនដែលបណ្ដាលឱ្យគេបង្កើតការគិត និងទស្សនៈខុសឆ្គង ឬនាំមកនូវផលប៉ះពាល់អវិជ្ជមានណាមួយដល់ខ្លួនឯង ឬអ្នកដទៃឡើយ ហេតុដូច្នេះ ភាពអន់ខ្សោយគ្រាន់តែជាចំណុចខ្សោយនៃភាពជាមនុស្សប៉ុណ្ណោះ។ តើមាននរណាម្នាក់ចង់ធ្វើជាមនុស្សអន់ខ្សោយដែរឬទេ? (ទេ។) គ្មាននរណាម្នាក់ចង់ធ្វើជាមនុស្សអន់ខ្សោយឡើយ តើហេតុអ្វីបានជាដូច្នេះ? មនុស្សអន់ខ្សោយ ត្រូវគេសម្លុតធ្វើបាប ហើយមនុស្សគ្រប់គ្នាមើលងាយពួកគេ មែនទេ? (ត្រូវហើយ។) ប្រសិនបើគេឱ្យអ្នកជ្រើសរើសរវាងការធ្វើជាមនុស្សអាក្រក់ និងការធ្វើជាមនុស្សអន់ខ្សោយ អ្នកច្បាស់ជានឹងជ្រើសរើសធ្វើជាមនុស្សអាក្រក់ ជាជាងធ្វើជាមនុស្សអន់ខ្សោយមិនខាន។ អ្នកនឹងគិតក្នុងចិត្តថា៖ «ខ្ញុំនឹងមិនធ្វើជាមនុស្សអន់ខ្សោយជាដាច់ខាត! នៅក្នុងសង្គមនេះ មនុស្សអន់ខ្សោយត្រូវគេធ្វើបាប និងសម្លុត ពួកគេមិនសូវមានគេចូលចិត្តទេ មិនថាពួកគេទៅទីណាឡើយ ពួកគេត្រូវអ្នកដទៃមើលងាយ និងជាន់ឈ្លី។ ពួកគេមិនត្រឹមតែគ្មានអ្នកណាអើពើនឹងវត្តមានរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែសិទ្ធិរស់រានមានជីវិតរបស់ពួកគេ ក៏អាចនឹងត្រូវគេដកហូតយកដែរ។ ប៉ុន្តែ ការធ្វើជាមនុស្សអាក្រក់គឺខុសគ្នា មិនថាមនុស្សអាក្រក់ទៅទីណាទេ អ្នកដទៃខ្លាចពួកគេ និងប្រព្រឹត្តចំពោះពួកគេដោយក្ដីគោរពយ៉ាងខ្លាំង។ គ្មាននរណាម្នាក់ហ៊ានរករឿងពួកគេឡើយ។ មិនថាពួកគេទៅទីណាទេ ពួកគេទទួលបានឯកសិទ្ធិ ហើយថែមទាំងអាចជិះជាន់អ្នកដទៃទៀតផង។ មនុស្សអាក្រក់រស់នៅបានយ៉ាងរុងរឿង មិនថាពួកគេនៅទីណាក្នុងពិភពលោកនេះឡើយ»។ ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសនៅពេលនេះ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងជ្រើសរើសធ្វើជាមនុស្សអន់ខ្សោយឡើយ អ្នករាល់គ្នានឹងជ្រើសរើសធ្វើជាមនុស្សអាក្រក់ទាំងអស់គ្នា។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? (ទេ។) ហេតុអ្វីបានជាវាមិនត្រឹមត្រូវ? តើវាផ្ទុយនឹងគោលការណ៍សេចក្ដីពិតមួយណា? ភាពអន់ខ្សោយ គឺជាចំណុចខ្សោយនៃភាពជាមនុស្ស។ ការសម្ដែងចេញទូទៅបំផុត គឺការចាត់ចែងរឿងអ្វីក៏មិនបានល្អ ការត្រូវគេរើសអើង និងផាត់ចេញ។ ដោយសារតែមនុស្សអន់ខ្សោយត្រូវគេសម្លុតធ្វើបាប និងជាន់ឈ្លីនៅក្នុងសង្គម ទើបគ្មាននរណាម្នាក់សុខចិត្តធ្វើជាមនុស្សអន់ខ្សោយឡើយ។ មនុស្សគ្រប់គ្នាសុទ្ធតែច្រណែននឹងអ្នកដែលមានសមត្ថភាព និងជំនាញ ហើយពួកគេថែមទាំងប្រាថ្នាចង់លេចធ្លោជាងអ្នកដទៃ ចង់ទទួលបានអំណាច និងឥទ្ធិពល និងចង់ជិះជាន់អ្នកដទៃ ចង់មានឯកសិទ្ធិ និងកិត្យានុភាពនៅក្នុងក្រុមណាមួយ ដោយមិនត្រឹមតែអាចគេចផុតពីការសម្លុតធ្វើបាបពីអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចសម្លុតធ្វើបាបអ្នកដទៃតាមអំពើចិត្តទៀតផង។ តើការគិត និងទស្សនៈបែបនេះត្រឹមត្រូវដែរឬទេ? តើវាស្របតាមសេចក្ដីពិតដែរឬទេ? (ទេ។) អ្នករាល់គ្នាបានស្ដាប់សេចក្ដីពិតជាច្រើនមកហើយ ប៉ុន្តែសូម្បីតែពេលនេះ អ្នករាល់គ្នានៅតែគាំទ្រមនុស្សអាក្រក់ដដែល នេះមានន័យថា និស្ស័យរបស់អ្នករាល់គ្នាក៏ទុច្ចរិតខ្លាំងគួរសមដែរ។ មិនថាអ្នករាល់គ្នាឃើញនរណាម្នាក់អាក្រក់នោះទេ អ្នករាល់គ្នាតែងតែច្រណែន និងកោតសរសើរគេ។ អ្នករាល់គ្នាដឹងច្បាស់នៅក្នុងចិត្តថា មនុស្សអាក្រក់គឺមិនល្អទេ ប៉ុន្តែអ្នករាល់គ្នានៅតែទប់ចិត្តមិនបាន ហើយដើរតាមពួកគេ ដោយមានអារម្មណ៍ថា ការធ្វើបែបនេះផ្ដល់ឱ្យអ្នករាល់គ្នានូវកន្លែងពឹងផ្អែក និងការពារអ្នករាល់គ្នាមិនឱ្យត្រូវគេសម្លុតធ្វើបាប។ នៅពេលដែលអ្នករាល់គ្នាឃើញមនុស្សអន់ខ្សោយ អ្នករាល់គ្នាមានអារម្មណ៍ខ្ពើមរអើមចំពោះពួកគេ ហើយមើលងាយពួកគេ ថែមទាំងចង់ជាន់ឈ្លីពួកគេទៀតផង។ ប៉ុន្តែ តើអ្នកធ្លាប់គិតទេថា តើអ្នកនឹងប្រព្រឹត្តអំពើអាក្រក់ប៉ុនណា ហើយតើអ្នកនឹងទទួលផលកម្មប៉ុនណា ប្រសិនបើអ្នកដើរតាមមនុស្សអាក្រក់នោះ? តើឱកាសដែលអ្នកនឹងសម្រេចបានសេចក្ដីសង្គ្រោះមានកម្រិតណា ប្រសិនបើអ្នកដើរតាមមនុស្សអាក្រក់នោះ? តើអ្នកអាចគេចផុតពីការប្រព្រឹត្តអំពើអាក្រក់បានដែរឬទេ ប្រសិនបើអ្នកដើរតាមមនុស្សអាក្រក់នោះ? ឧបមាថាអ្នកដើរតាមមនុស្សអាក្រក់ ដោយបម្រើពួកគេយ៉ាងស្មោះត្រង់ និងធ្វើជាកូនចៅរបស់ពួកគេ។ ពួកគេអាចនឹងចែករំលែកផលប្រយោជន៍ខ្លះដល់អ្នក ហើយអ្នកអាចនឹងដើរតាមពួកគេដើម្បីជិះជាន់អ្នកដទៃ និងមានអាហារ និងភេសជ្ជៈល្អបំផុត ដោយទទួលបានការសោយសុខយ៉ាងខ្លាំង គេចផុតពីការសម្លុតធ្វើបាប និងទទួលបានឋានៈនៅក្នុងចំណោមអ្នកដទៃនៅក្នុងជាតិនេះ។ ប៉ុន្តែ អ្នកត្រូវតែប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន ដើម្បីសោយសុខនឹងរឿងទាំងនេះ! តើអ្នកដឹងទេថា តើអ្នកនឹងទទួលផលកម្មប៉ុនណា និងទទួលការដាក់ទោសធ្ងន់ធ្ងរប៉ុនណា? តើនេះជាផ្លូវត្រូវដែរឬទេ? (ទេ។) ដូច្នេះ តើអ្នករាល់គ្នានៅតែសុខចិត្តលះបង់ ដោយជ្រើសរើសប្រព្រឹត្តអំពើអាក្រក់ និងទទួលការដាក់ទោស គ្រាន់តែដើម្បីកុំឱ្យក្លាយជាមនុស្សអន់ខ្សោយ និងគេចផុតពីការត្រូវគេសម្លុតធ្វើបាប ដោយលះបង់គោលដៅ និងវាសនារបស់អ្នករាល់គ្នា ដើម្បីដោះដូរយកការសោយសុខនៅក្នុងជាតិនេះមែនទេ? តើនេះជាការគិត និងទស្សនៈរបស់អ្នករាល់គ្នាឬ? មនុស្សខ្លះពិតជាមានទស្សនៈបែបនេះមែន ពួកគេសុខចិត្តជ្រើសរើសធ្វើជាមនុស្សអាក្រក់ ជាជាងធ្វើជាមនុស្សអន់ខ្សោយ និងត្រូវគេសម្លុតធ្វើបាប។ តើនេះមិនមែនជាការចង់ដើរលើផ្លូវរបស់មនុស្សអាក្រក់ទេឬអី? ភាពអន់ខ្សោយ គ្រាន់តែជាចំណុចខ្សោយនៃភាពជាមនុស្សប៉ុណ្ណោះ តើវាមានអ្វីអាក្រក់ទៅ? តើការសម្លុតធ្វើបាបអ្នកដទៃ និងការប្រព្រឹត្តអំពើអាក្រក់ ពិតជាជម្រើសដ៏ល្អជាងមែនទេ? ប្រសិនបើព្រះជាម្ចាស់មិនបណ្ដោយឱ្យអ្នកអត់ឃ្លាន ហើយប្រទានអាហារឱ្យអ្នកបរិភោគ តើអ្នកពិតជាអាចដាច់ពោះស្លាប់បានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់អនុញ្ញាតឱ្យអ្នករស់នៅដោយក្ដីអំណរ សេរីភាព សុភមង្គល សេចក្ដីរីករាយ និងសេចក្ដីសុខសាន្ត នោះអ្នកនឹងមិនខ្វះខាតរឿងទាំងនេះឡើយ។ ចុះទោះបីជាអ្នកដទៃសម្លុតធ្វើបាបអ្នក តើវាថ្វីទៅ? គ្មាននរណាម្នាក់អាចដកហូតរឿងទាំងនេះពីអ្នកបានឡើយ អ្វីដែលព្រះជាម្ចាស់ប្រទានដល់អ្នក គ្មាននរណាម្នាក់អាចដកហូតយកបានទេ។ ប្រសិនបើអ្នកដើរតាមមនុស្សអាក្រក់ និងដើរលើផ្លូវរបស់មនុស្សអាក្រក់ ការសោយសុខដែលអ្នកទទួលបាន សុទ្ធតែជាការសោយសុខដែលមានបាប។ បន្ថែមពីនេះ លុយកាក់ ឬការសោយសុខខាងសម្ភារៈណាមួយដែលអ្នកទទួលបានតាមរយៈការប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវទទួលបានដោយការដណ្ដើមយកដោយបង្ខំ ការសោយសុខដែលអ្នកទទួលបាននៅក្នុងជាតិនេះ នឹងលើសពីអ្វីដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហេតុដូច្នេះ អ្នកនឹងត្រូវសងវាវិញជាច្រើនជាតិនាពេលអនាគត។ ការទទួលបានការសោយសុខខាងសាច់ឈាមនៅក្នុងជាតិនេះ ដោយត្រូវដោះដូរនឹងការទទួលការដាក់ទោស តើនេះមិនមែនជាការដើរខុសផ្លូវទេឬអី? អ្នករាល់គ្នាសុខចិត្តជ្រើសរើសធ្វើជាមនុស្សអាក្រក់ ជាជាងត្រូវគេសម្លុតធ្វើបាប នេះឆ្លុះបញ្ចាំងពីការយល់ឃើញ និងការឱ្យតម្លៃរបស់អ្នករាល់គ្នាចំពោះសេចក្ដីអាក្រក់នៅក្នុងជម្រៅព្រលឹងរបស់អ្នករាល់គ្នា។ ដូច្នេះ តើការធ្វើជាមនុស្សអន់ខ្សោយ មានអ្វីអាក្រក់ទៅ? បើមើលពីទស្សនៈនៃភាពជាមនុស្ស វាគឺជាប្រភេទនៃចំណុចខ្សោយមួយ ប៉ុន្តែវាក៏ជាលក្ខខណ្ឌពីកំណើតផងដែរ ដែលជារឿងមនុស្សមិនអាចផ្លាស់ប្ដូរបាន។ មនុស្សអន់ខ្សោយ មិនមែនក្លាយជាមនុស្សអន់ខ្សោយដោយការជ្រើសរើសរបស់ពួកគេផ្ទាល់ឡើយ។ ទោះបីជាវាជាចំណុចខ្សោយក៏ដោយ ក៏វាមិនមែនជានិស្ស័យពុករលួយដែរ វាមិនមែនជាបញ្ហានៃចរិតលក្ខណៈរបស់មនុស្សឡើយ។ ដូច្នេះ តើវាមានអ្វីអាក្រក់ទៅ? ប្រសិនបើ ដោយសារតែភាពអន់ខ្សោយ និងឋានៈទាបរបស់អ្នក អ្នកតែងតែត្រូវគេសម្លុតធ្វើបាប ហើយអាចយល់យ៉ាងស៊ីជម្រៅពីភាពអយុត្តិធម៌ និងសេចក្ដីអាក្រក់នៃពិភពលោកនេះ ព្រមទាំងភាពងងឹតនៃសង្គមនេះ ហើយជាលទ្ធផល អ្នកក៏មកចំពោះព្រះជាម្ចាស់ដោយស្មោះស្ម័គ្រ ដើម្បីទទួលយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយសុខចិត្តចុះចូលនឹងការត្រួតត្រា និងការចាត់ចែងរបស់ព្រះជាម្ចាស់ ដោយទុកឱ្យព្រះជាម្ចាស់គ្រប់គ្រងវាសនារបស់អ្នក តើភាពអន់ខ្សោយនេះមិនមែនជាទម្រង់នៃការការពារសម្រាប់អ្នកទេឬអី? ភាពអន់ខ្សោយ មិនមែនជារឿងអវិជ្ជមានទេ វាគ្រាន់តែជាប្រភេទនៃចំណុចខ្សោយនៃភាពជាមនុស្សប៉ុណ្ណោះ។ តើចំណុចខ្សោយសំដៅលើអ្វី? វាមានន័យថា ភាពខ្វះខាត បញ្ហាតូចតាច ចំណុចខ្វះខាត វាគ្រាន់តែជារឿងដែលមិនល្អឥតខ្ចោះ មានការខ្វះខាតបន្តិចបន្តួច មិនត្រូវចិត្តទាំងស្រុង ឬមិនល្អតាមដែលចង់បាន ប៉ុន្តែវាមិនបញ្ជាក់ពីចរិតលក្ខណៈអន់ ឬថោកទាបឡើយ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចអត់ឱនចំពោះចំណុចខ្សោយដ៏តូចតាចនេះបាន? លើសពីនេះទៅទៀត ចំណុចខ្សោយដ៏តូចតាចនេះ អាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ការចូលទៅក្នុងជីវិតរបស់អ្នក។ ឬអាចនិយាយបានថា មនុស្សខ្លះ ដោយសារតែពួកគេមានចំណុចខ្សោយនៃភាពជាមនុស្សនេះ មានលក្ខខណ្ឌពីកំណើតនេះ ទើបពួកគេកាន់តែមានសមត្ថភាពក្នុងការដើរតាមព្រះជាម្ចាស់អស់ពីចិត្តរហូតដល់ទីបញ្ចប់។ ទីបំផុត ដោយសារតែពួកគេអាចទទួលយកសេចក្ដីពិត ចុះចូលនឹងព្រះជាម្ចាស់ និងមានចិត្តកោតខ្លាចព្រះជាម្ចាស់ ពួកគេអាចបោះបង់និស្ស័យពុករលួយរបស់ពួកគេចោល និងសម្រេចបានសេចក្ដីសង្គ្រោះ។ បើមើលពីទស្សនៈនេះ វាគឺជាពរជ័យមួយ មនុស្សមិនគួរបដិសេធក្នុងការធ្វើជាមនុស្សអន់ខ្សោយឡើយ។ តើការធ្វើជាមនុស្សអន់ខ្សោយ មានអ្វីអាក្រក់ទៅ? និស្ស័យពុករលួយរបស់មនុស្សម្នាក់ នឹងមិនកាន់តែអាក្រក់ទៅៗដោយសារតែភាពអន់ខ្សោយឡើយ។ ព្រះជាម្ចាស់នឹងមិនមើលងាយនរណាម្នាក់ ឬបដិសេធមិនសង្គ្រោះគេ ដោយសារតែគេអន់ខ្សោយឡើយ ហើយភាពអន់ខ្សោយក៏នឹងមិនប៉ះពាល់ដល់ការទទួលយកសេចក្ដីពិត ឬការត្រូវបានសង្គ្រោះរបស់គេដែរ។ ដូច្នេះ ការគិត និងទស្សនៈរបស់អ្នករាល់គ្នាត្រូវតែផ្លាស់ប្ដូរ វានៅតែឆ្ងាយពីភាពត្រឹមត្រូវណាស់។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំសុខចិត្តធ្វើជាមនុស្សអាក្រក់ ជាជាងធ្វើជាមនុស្សអន់ខ្សោយ។ មនុស្សអន់ខ្សោយគ្មានអនាគតទេ ពួកគេត្រូវមនុស្សគ្រប់គ្នាមើលងាយ ហើយសូម្បីតែពួកគេខ្លួនឯង ក៏មើលងាយខ្លួនឯងដែរ។ ការធ្វើជាមនុស្សអន់ខ្សោយ គឺគ្មានន័យទេ ការធ្វើជាមនុស្សអាក្រក់ទើបអស្ចារ្យ អ្នកអាចធ្វើអ្វីក៏បានតាមចិត្ត សម្លុតធ្វើបាបអ្នកណាដែលមើលទៅងាយនឹងសម្លុត ហើយគ្មាននរណាម្នាក់ហ៊ានតបតឡើយ។ ការរស់នៅបែបនោះ ពិតជាហ៊ឺហាណាស់!»។ តើភាពហ៊ឺហានេះមានប្រយោជន៍អ្វីទៅ? ប្រសិនបើអ្នកមានបាន និងរស់នៅយ៉ាងហ៊ឺហានៅក្នុងពិភពលោកនេះ នោះអនាគត និងគោលដៅរបស់អ្នក នឹងត្រូវបំផ្លាញមិនខាន។ អ្នកនឹងលែងអាចមកចំពោះព្រះជាម្ចាស់បានទៀតហើយ ហើយអ្នកនឹងលែងមានអារម្មណ៍ជាប់ចិត្តនឹងព្រះជាម្ចាស់ទៀតដែរ ព្រះជាម្ចាស់នឹងលែងទាក់ទាញចិត្តអ្នកទៀតហើយ ហើយបរិយាកាសរស់នៅ និងបរិយាកាសធ្វើការនៃដំណាក់របស់ព្រះជាម្ចាស់ ក៏នឹងលែងទាក់ទាញចិត្តអ្នកទៀតដែរ។ អ្នកនឹងចាកចេញពីព្រះជាម្ចាស់ ហើយស្វែងរកបរិយាកាសរស់នៅមួយ ដែលអ្នកអាចប្រើចំណុចខ្លាំងរបស់អ្នក និងសម្រេចបាននូវគុណតម្លៃរបស់អ្នក។ ដំណាក់របស់ព្រះជាម្ចាស់រឹតត្បិតការប្រព្រឹត្តអំពើអាក្រក់របស់មនុស្ស ហើយគ្មានមនុស្សអាក្រក់ណាម្នាក់អាចទៅមុខរួច ឬឈររឹងមាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកចូលចិត្តមនុស្សអាក្រក់ ហើយចង់ក្លាយជាមនុស្សបែបនោះ តើអ្នកនៅតែអាចបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានដែរឬទេ? មិនយូរមិនឆាប់ អ្នកនឹងត្រូវជម្រះចេញមិនខាន។ អ្នកមិនត្រឹមតែមិនទទួលបានគោលដៅដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីស្លាប់ទៅ អ្នកក៏នឹងទទួលការដាក់ទោសចំពោះអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តផងដែរ។ ហេតុដូច្នេះ ទោះបីជាភាពអន់ខ្សោយគឺជាចំណុចខ្សោយនៃភាពជាមនុស្សក៏ដោយ ក៏វាមិនមែនជានិស្ស័យពុករលួយដែរ ហើយវាក៏មិនមានន័យថា ភាពជាមនុស្សរបស់អ្នកនោះអាក្រក់ដែរ។ តើមាននរណាដែលគ្មានចំណុចខ្វះខាតនោះ? ភាពអន់ខ្សោយ គឺដូចទៅនឹងមនុស្សខ្លះដែលកើតមកនិយាយរអាក់រអួល ឬមនុស្សខ្លះដែលកើតមករាងអាក្រក់មើលបន្តិចអ៊ីចឹង ទាំងនេះសុទ្ធតែជាចំណុចខ្សោយពីកំណើត។ មនុស្សមានពណ៌សម្បុរខុសៗគ្នា មនុស្សខ្លះកើតមកមានសម្បុរស មនុស្សខ្លះកើតមកមានសម្បុរលឿង ហើយមនុស្សខ្លះកើតមកមានសម្បុរខ្មៅ។ នេះគឺជាលក្ខខណ្ឌពីកំណើត។ មនុស្សដែលមានសម្បុរលឿង អាចមើលទៅមិនសូវមានសុខភាពល្អ ដោយមានសម្បុរមិនសូវល្អ នេះគឺជាចំណុចខ្សោយតូចតាចមួយ។ មនុស្សដែលមានសម្បុរខ្មៅ មើលទៅរាងមាំមួនជាង ប៉ុន្តែគ្មាននរណាម្នាក់ចង់មានសម្បុរខ្មៅឡើយ។ មនុស្សដែលមានសម្បុរស ជាទូទៅតែងតែត្រូវគេច្រណែន ប៉ុន្តែសូម្បីតែក្នុងចំណោមពួកគេ ក៏មានអ្នកខ្លះមានអារម្មណ៍ថាស្លេកពេកមិនល្អដែរ ដូច្នេះ ពួកគេចូលចិត្តហាលថ្ងៃឱ្យស្បែករបស់ពួកគេឡើងពណ៌ទង់ដែង ដោយជឿថាវាធ្វើឱ្យពួកគេមើលទៅមានសុខភាពល្អ និងធ្វើឱ្យស្បែករបស់ពួកគេភ្លឺរលោង។ អ្នកឃើញទេ ភាពអន់ខ្សោយ គឺដូចគ្នាទៅនឹងលក្ខខណ្ឌពីកំណើតផ្សេងៗរបស់មនុស្សដែរ វាគ្រាន់តែជាប្រភេទនៃចំណុចខ្សោយមួយប៉ុណ្ណោះ។ ដូច្នេះ តើវាជាបញ្ហាធំដុំដែរឬទេ? (ទេ។) ហេតុដូច្នេះ ទោះបីជាបញ្ហានេះគឺជាចំណុចខ្សោយនៃភាពជាមនុស្សក៏ដោយ ក៏វាមិនប៉ះពាល់ដល់ការទទួលយកសេចក្ដីពិត ឬការយល់ដឹងពីសេចក្ដីពិតរបស់អ្នកឡើយ។ ដូច្នេះ តើអ្នករាល់គ្នានៅតែទាស់ទទឹងនឹងការធ្វើជាមនុស្សអន់ខ្សោយទៀតដែរឬទេ? (លែងទៀតហើយ។) តើអ្នករាល់គ្នានឹងនៅតែសម្លុតធ្វើបាបមនុស្សអន់ខ្សោយ នៅពេលដែលអ្នករាល់គ្នាឃើញពួកគេទៀតដែរឬទេ? (ទេ។) កាលពីមុន អ្នករាល់គ្នាធ្លាប់សម្លុតធ្វើបាបពួកគេច្រើនគួរសមដែរ មែនទេ? ឥឡូវនេះ នៅពេលដែលអ្នករាល់គ្នាឃើញមនុស្សអន់ខ្សោយ តើអ្នករាល់គ្នានឹងនៅតែមើលងាយ និងបន្ទាបបន្ថោកពួកគេទៀតដែរឬទេ? (ទេ។) ប្រសិនបើអ្នកផ្ទាល់ជាមនុស្សអន់ខ្សោយ អ្នករឹតតែមិនគួរមើលងាយខ្លួនឯងទៀត។ ប្រសិនបើអ្នកអន់ខ្សោយ ក៏អន់ខ្សោយចុះ ចូរអនុវត្តការធ្វើជាមនុស្សស្មោះត្រង់ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាអ្នកអាចនឹងអន់ខ្សោយក៏ដោយ ក៏អ្នកគួរតែស្មោះត្រង់ និងមិនបោកបញ្ឆោតដែរ ហើយព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សប្រភេទនេះ។ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វី? វាមិនមែនជាភាពអន់ខ្សោយរបស់អ្នកទេ។ គឺត្រង់ថា ដោយសារតែភាពអន់ខ្សោយរបស់អ្នក ទើបអ្នកសុខចិត្តធ្វើជាមនុស្សស្មោះត្រង់ គឺត្រង់ថា ដោយសារតែអ្នកត្រូវគេមើលងាយ និងមិនអាចទទួលបានការពេញចិត្តពីមនុស្ស ទើបអ្នកគិតរកវិធីធ្វើជាមនុស្សស្មោះត្រង់ ដើម្បីធ្វើឱ្យព្រះជាម្ចាស់សប្បាយព្រះហឫទ័យ និងដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកធ្វើអ្វីក៏ដោយដែលព្រះជាម្ចាស់មានបន្ទូល។ តាមរបៀបនេះ ភាពអន់ខ្សោយរបស់អ្នកក្លាយជាអត្ថប្រយោជន៍មួយ មែនទេ? (មែនហើយ។) តើទស្សនៈរបស់អ្នករាល់គ្នាបានផ្លាស់ប្ដូរហើយឬនៅពេលនេះ? (មែនហើយ។) ជាការពិតណាស់ មិនមែនមនុស្សអន់ខ្សោយទាំងអស់ សុទ្ធតែអាចទទួលយកសេចក្ដីពិតបាននោះទេ។ មនុស្សខ្លះ ក្រៅពីមានចំណុចខ្សោយនៃភាពអន់ខ្សោយនៅក្នុងភាពជាមនុស្សរបស់ពួកគេ ពួកគេក៏មានបញ្ហាផ្នែកចរិតលក្ខណៈរបស់ពួកគេផងដែរ។ រឿងនេះមិនអាចធ្វើការសន្និដ្ឋានទូទៅបានឡើយ។ ភាពអន់ខ្សោយ មិនមែនជាបញ្ហាធំដុំនោះទេ ប៉ុន្តែអ្នកក៏ត្រូវមើលផងដែរថាតើមនុស្សម្នាក់មានចរិតលក្ខណៈបែបណាដែរ។ ប្រសិនបើនរណាម្នាក់ជាមនុស្សបោកបញ្ឆោត ឬមានចរិតលក្ខណៈថោកទាប ប្រសិនបើគេមុខក្រាស់ឥតអៀនខ្មាស ងាយនឹងមានការសង្ស័យ រសើប ប្រកាន់តឹង ឬសូម្បីតែមាននិស្ស័យកាចសាហាវ នោះមនុស្សនោះមិនមែនជាមនុស្សល្អឡើយ។ ដូច្នេះ មនុស្សអន់ខ្សោយ មិនប្រាកដថាជាមនុស្សដែលមានចរិតលក្ខណៈល្អនោះទេ។ បានហើយ ការពិភាក្សារបស់យើងអំពីភាពអន់ខ្សោយ គឺមានតែប៉ុណ្ណឹងឯង។
ភាពមានចិត្តសប្បុរស
ការសម្ដែងចេញបន្ទាប់ គឺភាពមានចិត្តសប្បុរស។ ការសម្ដែងចេញនេះ គឺជាចំណុចល្អនៃភាពជាមនុស្ស។ បន្ទាប់ពីយើងបានពិភាក្សាគ្នាយ៉ាងច្រើនមក ទីបំផុតយើងក៏បានឈានមកដល់ចំណុចល្អនៃភាពជាមនុស្សហើយ។ តាមពិតទៅ ចំណុចល្អនៃភាពជាមនុស្ស ពិតជាមិនមានច្រើននោះទេ។ ភាពមានចិត្តសប្បុរស គឺជាចំណុចល្អមួយប្រភេទនៃភាពជាមនុស្ស។ ដោយសារវាគឺជាចំណុចល្អ យើងត្រូវតែនិយាយអំពីវាឱ្យបានលម្អិត ពីព្រោះមនុស្សភាគច្រើនមិនមានការសម្ដែងចេញនូវចំណុចល្អនៃភាពជាមនុស្សដ៏តិចតួច ដែលអាចរកឃើញនៅក្នុងមនុស្សនោះទេ។ ដូច្នេះ ចូរយើងក្រឡេកមើល តើចំណុចល្អនៃភាពមានចិត្តសប្បុរសស្ថិតនៅត្រង់ណា? (ភាពមានចិត្តសប្បុរស មានន័យថា បុគ្គលណាម្នាក់មានភាពស្មោះត្រង់គួរសម។ នៅពេលដែលគេចាត់ចែងរឿងរ៉ាវ អ្នកដទៃមានអារម្មណ៍ស្ងប់ចិត្តគួរសម។ គេមានបន្ទុកក្នុងការចាត់ចែងភារកិច្ចដែលអ្នកដទៃបានផ្ទុកផ្ដាក់ដល់គេឱ្យបានល្អ។) (មនុស្សដែលមានចិត្តសប្បុរស មានការប្រព្រឹត្តផ្នែកសីលធម៌ល្អគួរសម ចេះគិតគូរដល់អ្នកដទៃ និងគិតជំនួសអ្នកដទៃ។) ការគិតជំនួសអ្នកដទៃ នេះគឺជារបៀបដ៏ថ្លៃថ្នូរ! មនុស្សបែបនេះគឺថ្លៃថ្នូរ ប៉ុន្តែ តើភាពមានចិត្តសប្បុរសពិតជាថ្លៃថ្នូរបែបនេះដែរឬទេ? (ទេ។) ភាពមានចិត្តសប្បុរស គ្រាន់តែមានន័យថា គំនិតរបស់មនុស្សម្នាក់មិនសូវស្មុគស្មាញនោះទេ គឺសាមញ្ញគួរសម មិនបោកបញ្ឆោតឡើយ។ គេមានចិត្តទូលាយ និងមិនតឹងរ៉ឹងហួសហេតុចំពោះអ្នកដទៃ ហើយគេមិនគិតគូរពីការចំណេញ និងការខាតបង់ផ្ទាល់ខ្លួនឡើយ នៅពេលទាក់ទងជាមួយអ្នកដទៃ។ មានអ្នកដទៃប្រមាថគេ ហើយគេមានអារម្មណ៍អន់ចិត្តមួយរយៈ ប៉ុន្តែបន្ទាប់មក គេគិតថា៖ «ចោលវាទៅ» រួចក៏បណ្ដោយឱ្យរឿងនោះកន្លងផុតទៅ។ មានអ្នកដទៃជំពាក់លុយគេជាយូរមកហើយដោយមិនសង ហើយគេគិតពីរឿងនេះថា៖ «វាជារឿងគួរឱ្យខ្មាសអៀន ក្នុងការដាស់តឿនឱ្យគេសងលុយ។ ម្យ៉ាងវិញទៀត គេកំពុងជួបការលំបាក ហើយនៅពេលនោះ ខ្ញុំមានជីវភាពធូរធារជាងគេ។ ខ្ញុំបានឱ្យខ្ចី ហើយរឿងវាចប់ត្រឹមហ្នឹងទៅ។ ខ្ញុំគ្រាន់តែចាត់ទុកថា វាជាការជួយដល់អ្នកក្រីក្រចុះ»។ អ្នកឃើញទេ គេគិតដោយមានចិត្តទូលាយ និងអត់ឱនគួរសម។ ឧទាហរណ៍ នៅពេលដែលអ្នកដទៃយល់ច្រឡំលើគេ គេមិនប្រកាន់ ហើយក៏មិនការពារខ្លួនឯងដែរ។ នៅពេលដែលអ្នកដទៃវិនិច្ឆ័យគេ និងហៅគេថាល្ងង់ គេមិនខ្វល់ឡើយ។ នៅពេលបំពេញភារកិច្ចរបស់ខ្លួន គេមិនមានអារម្មណ៍ថាហត់នឿយនោះទេ ហើយធ្វើរឿងដែលអ្នកដទៃមិនព្រមធ្វើ។ មានអ្នកដទៃចំអកឱ្យគេ ដោយនិយាយថា៖ «អ្នកផ្សេងទៀតទាំងអស់កំពុងសម្រាក អ៊ីចឹងហេតុអ្វីបានជាអ្នកនៅតែធ្វើការ?» គេឆ្លើយតបថា៖ «តើមានខាតបង់អ្វីទៅ បើធ្វើការងារច្រើនជាងមុនបន្តិចនោះ? វាមិនធ្វើឱ្យខ្ញុំហត់នឿយនោះទេ។ តើការធ្វើការពិតជាអាចធ្វើឱ្យមនុស្សហត់នឿយខ្លាំងមែនទេ? បើអ្នកដទៃមិនធ្វើទេ ទុកឱ្យពួកគេនៅអ៊ីចឹងចុះ។ ដោយសារខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើបន្ថែមបន្តិចទៀត»។ គេមិនប្រកាន់ចំពោះរឿងបែបនេះទេ ហើយក៏ចុះដៃធ្វើការងារនោះទៅ។ គេមិនសូវប្រកាន់ច្រើនចំពោះការចំណេញ និងការខាតបង់ទេ ហើយគេក៏មិនសូវប្រកាន់ច្រើនចំពោះមុខមាត់ ឬឋានៈដែរ។ សូម្បីតែនៅពេលដែលគេខ្លួនឯងទទួលរងការខាតបង់ ក៏គេមិននិយាយពីវាដែរ។ នៅពេលដែលអ្នកដទៃជួបប្រទះការលំបាក គេចេញមុខជួយដោយស្ម័គ្រចិត្ត។ ការជួយរបស់គេ គឺគ្មានចេតនា និងគោលបំណងផ្ទាល់ខ្លួនឡើយ ហើយប្រសិនបើអ្នកដទៃចង់សងគុណគេវិញ គេមានអារម្មណ៍ថា ការជួយបន្តិចបន្តួចនេះមិនមែនជារឿងធំដុំនោះទេ ហើយវាជារឿងដែលគេគួរតែធ្វើ។ សូម្បីតែអ្នកដទៃមិនដឹងគុណចំពោះការជួយរបស់គេ បន្ទាប់ពីគេបានជួយរួចហើយក៏ដោយ ក៏គេមិនប្រកាន់ចំពោះរឿងបែបនេះដែរ។ នៅពេលដល់ពេលដែលត្រូវជួយអ្នកដទៃ គេនៅតែជួយដដែល។ តើមានមនុស្សបែបនេះច្រើនដែរឬទេ? (មិនច្រើនទេ។) មិនមានមនុស្សបែបនេះច្រើនទេ។ ទោះបីជាពួកគេមានចិត្តសប្បុរសក៏ដោយ ក៏ពួកគេមានព្រំដែនជាក់លាក់នៅក្នុងរបៀបដែលពួកគេប្រព្រឹត្តខ្លួនដែរ។ ឧទាហរណ៍ មនុស្សមួយចំនួនតែងតែចង់កេងចំណេញពីបុគ្គលបែបនេះ ដោយចាត់ទុកគេថាល្ងង់។ បន្ទាប់ពីកេងចំណេញរួច ពួកគេនិយាយពាក្យពីរោះៗមួយចំនួនដើម្បីលួងលោមគេ ហើយមួយសន្ទុះក្រោយមក ពួកគេក៏កេងចំណេញពីគេម្ដងទៀត។ នៅពេលដែលមនុស្សមានចិត្តសប្បុរសឃើញថា រឿងនេះនឹងមិនចេះចប់មិនចេះហើយ គេមិនប្រកាន់ មិនឈ្លោះប្រកែក ឬមិនវែកញែករកហេតុផលជាមួយពួកគេឡើយ។ នៅក្នុងចិត្តរបស់គេ គេដឹងថា មនុស្សបែបនេះមិនល្អទេ ហើយមិនស័ក្តិសមនឹងទាក់ទងជាមួយឡើយ ដូច្នេះ គេក៏ឈប់អើពើនឹងអ្នកទាំងនោះចាប់ពីពេលនោះមក។ ទោះជាយ៉ាងណាក៏ដោយ គេមិនវិនិច្ឆ័យអ្នកទាំងនោះនៅពីក្រោយខ្នងឡើយ។ យ៉ាងច្រើនបំផុត នៅពេលដែលមានអ្នកណាសួរអំពីមនុស្សប្រភេទនេះ គេនិយាយថា៖ «មនុស្សនោះគ្រាន់តែចូលចិត្តកេងចំណេញបន្តិចបន្តួចប៉ុណ្ណោះ»។ គេមិននិយាយបំប៉ោងរឿងទេ ហើយគេក៏មិនវិនិច្ឆ័យមនុស្សដោយភាពឆេវឆាវដែរ គេគ្រាន់តែនិយាយទៅតាមរឿងជាក់ស្ដែងនោះប៉ុណ្ណោះ។ ភាពជាមនុស្សរបស់មនុស្សដែលមានចិត្តសប្បុរស គឺពិតជាល្អគួរសម។ ចំណុចល្អរបស់ពួកគេ គឺពួកគេមិនសូវប្រកាន់ច្រើនចំពោះរឿងរ៉ាវនានាឡើយ។ ទោះពួកគេធ្វើអ្វីក៏ដោយ ពួកគេមិនធ្វើសកម្មភាពដោយផ្អែកលើភាពឆេវឆាវ អារម្មណ៍ ឬមនោសញ្ចេតនាឡើយ ពួកគេគ្រាន់តែធ្វើអ្វីដែលមនុស្សគួរធ្វើ និងបំពេញការទទួលខុសត្រូវដែលមនុស្សគួរតែបំពេញប៉ុណ្ណោះ។ នៅក្នុងរង្វង់នៃទំនាក់ទំនងធម្មតារវាងបុគ្គល ពួកគេធ្វើអ្វីដែលពួកគេគួរធ្វើ។ អ្វីក៏ដោយដែលពួកគេអាចធ្វើបាន ពួកគេព្យាយាមធ្វើវាឱ្យអស់ពីសមត្ថភាព ដោយខិតខំជួយអ្នកដទៃ ហើយពួកគេធ្វើដូច្នេះដោយស្មោះស្ម័គ្រ និងយ៉ាងយកចិត្តទុកដាក់។ អ្នកខ្លះក្នុងចំណោមពួកគេ សូម្បីតែរង្វាន់ក៏មិនស្វែងរកផង ដោយគិតថា៖ «ខ្ញុំគ្រាន់តែជួយយកអាសារប៉ុណ្ណោះ។ អ្នកមិនចាំបាច់មានអារម្មណ៍ថា អ្នកជំពាក់ខ្ញុំច្រើននោះទេ ហើយអ្នកក៏មិនចាំបាច់មានអារម្មណ៍ថា អ្នកមិនអាចសងគុណខ្ញុំបានជាដាច់ខាត ដោយសារតែអ្នកជំពាក់ខ្ញុំបន្តិចបន្តួចនេះ ដោយតែងតែធ្វើខ្លួនឱនលំទោន និងគោរពខ្ញុំជ្រុលនៅចំពោះមុខខ្ញុំនោះដែរ។ នោះជារឿងមិនចាំបាច់ទេ»។ បុគ្គលបែបនេះ មានភាពជាមនុស្សល្អបំផុតនៅក្នុងចំណោមមនុស្ស។ ពួកគេមិនមានល្បិចកលទេ ហើយពួកគេក៏មិនតឹងរ៉ឹងចំពោះអ្នកដទៃដែរ។ ពួកគេមានចិត្តកក់ក្ដៅ ហើយភាពជាមនុស្សរបស់ពួកគេមានផ្នែកដែលសប្បុរស។ ពួកគេធ្វើអ្វីក៏ដោយដែលពួកគេមានសមត្ថភាពអាចធ្វើបាន មិនសូវប្រកាន់ច្រើនចំពោះការចំណេញ និងការខាតបង់ផ្ទាល់ខ្លួន ហើយក៏មិនសូវខ្វល់ពីរង្វាន់ដែរ។ នេះគឺជាចំណុចល្អនៃភាពជាមនុស្ស។ ចូរអ្នករាល់គ្នាក្រឡេកមើលជុំវិញខ្លួន ហើយមើលថាតើនរណាមានចំណុចល្អបែបនេះ។ ប្រសិនបើបុគ្គលណាម្នាក់មានចរិតលក្ខណៈបែបនេះ នោះគេអាចចាត់ទុកថាជាមនុស្សល្អ ជាមនុស្សត្រឹមត្រូវ នៅក្នុងចំណោមមនុស្សជាតិដែលពុករលួយ។ គេមិនប្រកាន់ច្រើនចំពោះរឿងរ៉ាវ មិនមានល្បិចកល មិនតឹងរ៉ឹងចំពោះអ្នកដទៃ ហើយជួយអ្នកដទៃដោយមិនស្វែងរកផលចំណេញឡើយ។ ជាពិសេស គេចេះអត់ឱនចំពោះអ្នកដទៃ និងមានចិត្តទូលាយខ្លាំងណាស់នៅក្នុងការប្រព្រឹត្តខ្លួនរបស់គេ។ តើការមានចិត្តទូលាយខ្លាំង មានន័យដូចម្ដេច? វាមានន័យថា មិនប្រកាន់ច្រើនមិនចេះចប់មិនចេះហើយចំពោះរឿងកំប៉ិកកំប៉ុក និងមិនគុំកួននៅពេលដែលអ្នកដទៃកេងចំណេញពីគេ។ នេះហៅថាការមានចិត្តទូលាយ ហើយវាគឺជាចំណុចល្អដ៏ធំមួយនៃភាពជាមនុស្ស។ ភាពមានចិត្តសប្បុរស ក៏ជាចំណុចល្អមួយដែរ ហើយភាពមានចិត្តទូលាយ ក៏ជាចំណុចល្អមួយដូចគ្នា។ នេះគឺខុសពីអ្នកដែលមានចិត្តចង្អៀត ចូលចិត្តសង្ស័យ មានភាពរសើប និងមិនរឹងចចេស។ មនុស្សទាំងនេះប្រកាន់ច្រើនចំពោះរឿងកំប៉ិកកំប៉ុកមិនចេះចប់មិនចេះហើយ ឆាប់ខឹង ខឹងសន្ធោសន្ធៅ ធ្វើមុខស្ងួតគួរឱ្យខ្លាច មិនអើពើនឹងអ្នកណាដែលនិយាយទៅកាន់ពួកគេ ហើយមិនគិតអ្វីក្រៅពីរបៀបសងសឹកអ្នកដទៃឡើយ។ ទាំងនេះមិនមែនជារឿងដែលមនុស្សធម្មតាគួរតែមានឡើយ។ មនុស្សដែលមានចិត្តសប្បុរស មិនមានរឿងស្មុគស្មាញទាំងនោះនៅក្នុងគំនិតរបស់ពួកគេទេ ហើយពួកគេក៏មិនមានគំនិតសង្ស័យលើអ្នកដទៃដែរ។ អ្វីៗគ្រប់យ៉ាងនៅក្នុងចិត្តរបស់ពួកគេ គឺជាអ្វីដែលមនុស្សធម្មតាគួរតែមាន។ ជាពិសេស វាស្របទៅនឹងមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្ស ក៏ដូចជាស្របទៅនឹងស្ដង់ដានៃស្មារតីយុត្តិធម៌ និងសេចក្ដីសប្បុរសនៅក្នុងភាពជាមនុស្សផងដែរ។ នៅពេលដែលអ្នកទាក់ទងជាមួយពួកគេ អ្នកមានអារម្មណ៍ថាស្រួលចិត្តខ្លាំងណាស់ ហើយអ្នកមានអារម្មណ៍ថារឿងរ៉ាវគឺសាមញ្ញណាស់ គឺមិនមានរឿងរំខានច្រើននោះទេ ហើយអ្នកមិនចាំបាច់ប្រុងប្រយ័ត្នចំពោះអ្វីឡើយ។ អ្នកមិនចាំបាច់ស្មានពីគំនិតរបស់ពួកគេ ឬទាយចុះទាយឡើងនោះទេ។ សូម្បីតែអ្នកធ្វើឱ្យពួកគេឈឺចាប់ដោយអចេតនាក៏ដោយ ក៏អ្នកមិនចាំបាច់បារម្ភពីផលវិបាកអ្វីដែរ ហើយជាការពិតណាស់ អ្នកក៏មិនចាំបាច់ទទួលរងផលវិបាកអ្វីដែរ។ វាអាចទៅរួចដែលថានៅពេលអ្នកខឹង អ្នកមានភាពឆេវឆាវ ហើយស្រែកគំហកពាក្យសម្ដីធ្ងន់ៗមួយចំនួនដាក់ពួកគេ ហើយនៅពេលនោះ ពួកគេក៏ឈ្លោះប្រកែក និងតវ៉ាជាមួយអ្នកដែរ ប៉ុន្តែបន្ទាប់ពីការឈ្លោះប្រកែកគ្នារួច ពួកគេមិនគុំកួនឡើយ ហើយពួកគេក៏មិនប្រើល្បិចប្រឆាំង ឬសងសឹកអ្នកដែរ។ អ្នកមិនចាំបាច់បារម្ភថា ប្រសិនបើពួកគេទទួលបានឋានៈ ពួកគេនឹងធ្វើឱ្យអ្នកមានការលំបាក ឬចាប់កំហុសតូចតាចរបស់អ្នកនោះទេ ហើយអ្នកក៏មិនចាំបាច់បារម្ភថា ពួកគេនឹងរករឿងអ្នកអ្នកដោយគ្មានហេតុផលនោះដែរ។ ពួកគេមិនមានរឿងបែបនេះនៅក្នុងខ្លួនពួកគេទេ ពួកគេគ្រាន់តែសាមញ្ញបែបនេះឯង។ ពួកគេច្បាស់ជាមិនបន្តប្រកាន់ទោសអ្នកចាប់ពីពេលនោះមកឡើយ។ ពេលរឿងនោះចប់ គឺចប់ហើយ។ ក្រោយមក នៅពេលដែលពួកគេនិយាយជាមួយអ្នក ពួកគេនៅតែប្រព្រឹត្តចំពោះអ្នកជាធម្មតា។ សូម្បីតែពួកគេខឹងនៅពេលនោះ ហើយបានឈ្លោះប្រកែកជាមួយអ្នកក៏ដោយ ក៏ពួកគេមិនគុំកួននឹងអ្នកនៅពេលក្រោយដែរ។ ពួកគេដឹងថា អ្នកគ្រាន់តែនិយាយពាក្យសម្ដីខឹងសម្បាមួយចំនួនប៉ុណ្ណោះ ហើយពួកគេអាចយល់ពីវាបាន៖ «តើមានអ្នកណាដែលមិននិយាយពាក្យសម្ដីធ្ងន់ៗខ្លះនៅពេលដែលពួកគេខឹងនោះ? វាមិនមែនជាចេតនាទេ។ ម្យ៉ាងវិញទៀត មនុស្សគ្រប់រូបសុទ្ធតែមាននិស្ស័យពុករលួយ មនុស្សគ្រប់រូបសុទ្ធតែមានពេលដែលពួកគេមានអារម្មណ៍មិនល្អ ហើយមនុស្សគ្រប់រូបសុទ្ធតែមានភាពឆេវឆាវ។ ក្រោយមក ដរាបណាមនុស្សគ្រប់គ្នាស្ងប់ចិត្ត ទទួលស្គាល់កំហុសរបស់ខ្លួន ហើយឆ្លុះបញ្ចាំងពីការពិតដែលថា ពួកគេបានបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ និងមិនបានប្រព្រឹត្តតាមគោលការណ៍ នោះវាមិនអីទេ»។ ពួកគេនឹងអភ័យទោសឱ្យអ្នក ខុសពីមនុស្សអាក្រក់ ដែលតាមយាយីអ្នកមិនឈប់ឈរ ហើយនឹងមិនឈប់ឡើយ រហូតទាល់តែពួកគេបំផ្លាញអ្នក។ ជាទូទៅ មនុស្សដែលមានចិត្តសប្បុរស មិនមានចិត្តចង់សងសឹកឡើយ។ ប្រសិនបើអ្នកធ្វើអ្វីមួយដែលធ្វើឱ្យពួកគេទើសចិត្ត ជួនកាលពួកគេអាចនឹងស្អប់អ្នក ប៉ុន្តែពួកគេច្បាស់ជាមិនបំពានសីលធម៌នៃភាពជាមនុស្ស ហើយប្រើមធ្យោបាយដ៏ថោកទាបដើម្បីធ្វើបាបអ្នកឡើយ។ ទោះបីជាពួកគេមាននិស្ស័យពុករលួយ ហើយអាចនិយាយ ឬធ្វើរឿងមួយចំនួនដោយផ្អែកលើនិស្ស័យពុករលួយទាំងនោះក៏ដោយ ដូចជាការលើកឡើងពីកំហុសដែលអ្នកធ្លាប់បានធ្វើកាលពីអតីតកាល ឬលួសកាត់អ្នកជាដើម ក៏ពួកគេមិនប្រឌិតរឿងឡើងទាំងគ្មានមូលដ្ឋាន ឬប្រើអំណាចដែលពួកគេមាន ដើម្បីវាយប្រហារ ឬសងសឹកអ្នកឡើយ។ សូម្បីតែពួកគេចង់វាយប្រហារ ឬសងសឹកអ្នក ហើយពួកគេមាននិស្ស័យពុករលួយប្រភេទនេះក៏ដោយ ដោយសារតែភាពជាមនុស្សរបស់ពួកគេមានចំណុចល្អនៃភាពមានចិត្តសប្បុរស នៅពេលដែលពួកគេចង់សងសឹក ពួកគេនឹងទប់ខ្លួន ហើយពួកគេនឹងអាចរក្សារឿងរ៉ាវឱ្យស្ថិតក្នុងព្រំដែនដ៏ត្រឹមត្រូវ។ ប្រសិនបើមនុស្សពុករលួយដែលមានអំណាចនៅតែអាចសម្រេចបានដល់កម្រិតនេះ វាគឺជារឿងគួរឱ្យសរសើរណាស់ទៅហើយ។ មនុស្សភាគច្រើន ប្រសិនបើពួកគេមិនមានចំណុចល្អនេះទេ ពួកគេមិនអាចសម្រេចបានសូម្បីតែកម្រិតនៃការទប់ខ្លួននេះ ហើយមិនអាចទប់ខ្លួនមិនឱ្យវាយប្រហារ និងសងសឹកអ្នកដទៃបានឡើយ។
ការសម្ដែងចេញ ឬការបង្ហាញឱ្យឃើញនូវភាពមានចិត្តសប្បុរស គឺជាចំណុចល្អនៃភាពជាមនុស្ស។ ចំណុចល្អនៃភាពជាមនុស្សនេះ នឹងទប់ ឬជំរុញមនុស្សក្នុងកម្រិតដ៏ធំមួយ ដោយធ្វើឱ្យពួកគេអាចគ្រប់គ្រង និងទប់ខ្លួនបានក្នុងកម្រិតណាមួយ នៅពេលដែលនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបញ្ចេញឱ្យឃើញ។ ប្រសិនបើមនុស្សដែលមានចិត្តសប្បុរសបែបនេះ គឺជាអ្នកដែលមានការយល់ដឹងខាងវិញ្ញាណ ដែលអាចយល់ពីសេចក្ដីពិត និងទទួលយកសេចក្ដីពិតបាន នោះចំណុចល្អនៃភាពជាមនុស្សរបស់គេនេះ អាចធ្វើឱ្យគេប្រកាន់ខ្ជាប់កាន់តែតឹងរ៉ឹងចំពោះគោលការណ៍សេចក្ដីពិត នៅពេលមើលមនុស្ស និងរឿងរ៉ាវ ព្រមទាំងនៅពេលប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព តើមែនទេ? (មែនហើយ។) ផ្ទុយទៅវិញ មនុស្សដែលមានល្បិចកល គឺរឹតតែមានល្បិចកលខ្លាំងជាងនេះទៅទៀត ហើយខុសពីមនុស្សដែលមានចិត្តសប្បុរស។ បន្ទាប់ពីបានធ្វើរឿងអាក្រក់រួច គេមិនត្រឹមតែមិនឆ្លុះបញ្ចាំងមើលខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងបង្កើនការធ្វើខុសរបស់គេកាន់តែខ្លាំង ហើយបន្តធ្វើវាទាល់តែដល់ទីបញ្ចប់ទៀតផង។ នេះធ្វើឱ្យគេក្លាយជាអារក្ស ដែលផ្ទុយស្រឡះពីគោលការណ៍ដែលមនុស្សមានចិត្តសប្បុរសប្រព្រឹត្តតាម។ ឧទាហរណ៍ ប្រសិនបើបុគ្គលណាម្នាក់ជាមនុស្សដែលមានចិត្តសប្បុរស ហើយមានចំណុចល្អនៃភាពជាមនុស្សនេះ នោះនៅពេលឈ្លោះប្រកែកជាមួយអ្នក គេនឹងនិយាយដោយផ្អែកលើការពិត។ គេនឹងមិននិយាយបំប៉ោងរឿង ប្រឌិតរឿងអវិជ្ជមានមួយចំនួនអំពីអ្នកទាំងគ្មានមូលដ្ឋាន ឬបរិហារកេរ្តិ៍អ្នក និងប្រមាថដល់សេចក្ដីទៀងត្រង់របស់អ្នក ដោយសារតែគេខឹងនឹងអ្នកឡើយ។ គេច្បាស់ជាមិនធ្វើរឿងបែបនេះដាច់ខាត។ នៅពេលឈ្លោះប្រកែកជាមួយអ្នក គេអាចនឹងបញ្ចេញឱ្យឃើញនូវនិស្ស័យក្រអឺតក្រទម ឬកាចសាហាវ ប៉ុន្តែពាក្យសម្ដីដែលគេនិយាយ ពិតជាត្រូវបានទប់ដោយមនសិការ វិចារណញ្ញាណ និងភាពជាមនុស្សដ៏សប្បុរសរបស់គេ។ តាមរបៀបនេះ នៅក្នុងកម្រិតណាមួយ ទំហំនៃការធ្វើឱ្យអ្នកឈឺចាប់ ត្រូវបានកាត់បន្ថយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សអាក្រក់ខ្វះទិដ្ឋភាពនៃភាពមានចិត្តសប្បុរសក្នុងភាពជាមនុស្ស។ តើមនុស្សអាក្រក់ឈ្លោះប្រកែកគ្នាយ៉ាងដូចម្ដេច? «នាងឯងជាស្រីសំផឹង ជាស្រីពេស្យា! អញជេរប្រមាថដល់ដូនតាឯង៨ជំនាន់ ហើយដាក់បណ្ដាសាដល់ដូនតាឯង៨ជំនាន់!» ពួកគេនឹងនិយាយពាក្យសម្ដីធ្ងន់ៗ និងពាក្យព្យាបាទគ្រប់ប្រភេទ។ នេះហើយជាលក្ខណៈរបស់មនុស្សអាក្រក់ ចរិតលក្ខណៈរបស់ពួកគេគឺថោកទាបណាស់។ មនុស្សមួយចំនួនដែលមានចរិតលក្ខណៈថោកទាប មិនជេរប្រមាថដោយផ្អែកលើការពិតឡើយ។ ហេតុអ្វីបានជាពួកគេមិនផ្អែកលើការពិត? ពីព្រោះពួកគេខ្វះមនសិការ ហើយមិនបំពេញតាមស្ដង់ដានៃមនសិការឡើយ។ នៅពេលដែលពួកគេជេរប្រមាថអ្នកដទៃ ពួកគេមិនត្រូវបានរឹតត្បិតដោយមនសិការរបស់ពួកគេឡើយ។ ពួកគេជេរប្រមាថដោយមិនគិតគូរ ដោយនិយាយពាក្យជេរប្រមាថអ្វីក៏ដោយដែលផុសឡើងក្នុងគំនិតរបស់ពួកគេ។ ពាក្យសម្ដីអ្វីក៏ដោយដែលអាចបញ្ចេញសេចក្ដីស្អប់របស់ពួកគេ ធ្វើឱ្យដួងចិត្តរបស់អ្នកឈឺចាប់យ៉ាងខ្លាំង និងធ្វើឱ្យអ្នកខឹងរហូតដល់ឆ្កួតបាន នោះគឺជាពាក្យសម្ដីដែលពួកគេនឹងនិយាយហើយ។ ការជេរប្រមាថរបស់ពួកគេ អាចធ្វើឱ្យអ្នកខឹងស្ទើរតែស្លាប់បាន។ មនុស្សបែបនេះគ្មានសេចក្ដីសប្បុរសនៅក្នុងចិត្តរបស់ពួកគេទេ ហើយពោរពេញទៅដោយការព្យាបាទ។ អ្វីដែលមនុស្សអាក្រក់បញ្ចេញឱ្យឃើញ ជាចម្បងគឺភាពក្រអឺតក្រទម និងភាពកាចសាហាវ ដែលជានិស្ស័យទាំង២ប្រភេទនេះ។ ជាសារជាតិ ពាក្យសម្ដីដែលពួកគេជេរប្រមាថ គឺមានផ្ទុកនូវបណ្ដាសា ពោរពេញទៅដោយការព្យាបាទរបស់សាតាំង និងមានថាមពលបំផ្លិចបំផ្លាញគ្រប់គ្រាន់។ ពួកគេថែមទាំងអាចជេរប្រមាថដោយពាក្យបណ្ដាសាដ៏មានគំនុំព្យាបាទបំផុតទៀតផង។ ប្រសិនបើអ្នកមានភាពជាមនុស្ស ឬប្រសិនបើភាពជាមនុស្សរបស់អ្នកមានចិត្តសប្បុរស នោះអ្នកមិនអាចនិយាយពាក្យជេរប្រមាថបែបនេះបានឡើយ លើសពីនេះទៅទៀត អ្នកមិនអាចប្រឌិតរឿងឡើងទាំងគ្មានមូលដ្ឋានបានទេ។ នេះគឺដោយសារតែអ្នកមានស្មារតីនៃមនសិការ ហើយអ្នកប្រកបដោយភាពមានវិចារណញ្ញាណ ហើយទិដ្ឋភាពនៃការមានចរិតស្លូតបូត និងមានចិត្តសប្បុរសនៅក្នុងមនសិការរបស់អ្នក បានទប់ និងគ្រប់គ្រងអ្នកយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកមិនអាចនិយាយពាក្យជេរប្រមាថបែបនេះបានឡើយ។ នៅពេលដែលមានគេជេរប្រមាថអ្នក អ្នកមានអារម្មណ៍ខឹង ហើយចង់ជេរប្រមាថដល់ដូនតាគេ៨ជំនាន់ និងដាក់បណ្ដាសាគេ ដោយនិយាយថា គេគួរតែធ្លាក់នរក ប៉ុន្តែអ្នកគិតពិចារណាថា៖ «តើខ្ញុំមានសិទ្ធិអ្វីទៅដាក់បណ្ដាសាគេនោះ? ខ្ញុំមិនមែនជាព្រះជាម្ចាស់ទេ ហើយខ្ញុំក៏មិនមែនជាអ្នកសម្រេចចុងក្រោយដែរ»។ អ្នកក៏ចង់ជេរប្រមាថគេតបវិញដោយពាក្យអសុរោះដែរ ប៉ុន្តែអ្នកគិតពិចារណាថា៖ «ប្រសិនបើខ្ញុំប្រើពាក្យអសុរោះ សូម្បីតែខ្ញុំខ្លួនឯងក៏មានអារម្មណ៍ខ្ពើមរអើមដែរ ចុះទម្រាំមនុស្សជុំវិញខ្លួនខ្ញុំ តើពួកគេនឹងគិតយ៉ាងណាពីខ្ញុំ? តើនោះមិនមានន័យថា ខ្ញុំគ្មានសេចក្ដីទៀងត្រង់ ឬសេចក្ដីថ្លៃថ្នូរទេឬអី? តើខ្ញុំមិនកំពុងតែធ្វើខ្លួនដូចជាស្រីមាត់ឆៅទេឬអី? ខ្ញុំនឹងមិនធ្វើជាមនុស្សប្រភេទនោះឡើយ»។ អ្នកមិនអាចដាច់ចិត្តជេរប្រមាថគេបានឡើយ។ ដូច្នេះ ក្នុងកម្រិតដ៏ធំមួយ ការនិយាយស្ដីរបស់អ្នកត្រូវបានទប់ ហើយអ្វីដែលអ្នកអាចដាច់ចិត្តនិយាយចេញមក គឺមានកម្រិតខ្លាំងណាស់។ យ៉ាងច្រើនបំផុត អ្នកប្រហែលជានិយាយថា៖ «អ្នកគឺជាសាតាំង និស្ស័យពុករលួយរបស់អ្នកគឺធ្ងន់ធ្ងរណាស់ អ្នកមិនអាចសម្រេចបានសេចក្ដីសង្គ្រោះទេ ហើយព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងអ្នកឡើយ»។ អ្នកប្រហែលជាអាចនិយាយរឿងបែបនេះបានយ៉ាងច្រើនបំផុតតែពីរបីម៉ាត់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មក អ្នកគិតពិចារណាថា៖ «តើព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងនរណាម្នាក់ឬអត់ មិនមែនស្រេចតែលើខ្ញុំជាអ្នកសម្រេចទេ» ដូច្នេះ អ្នកខ្វះភាពជឿជាក់នៅពេលដែលអ្នកនិយាយបែបនោះ។ នៅពេលដែលមានគេជេរប្រមាថអ្នក និងដាក់បណ្ដាសាអ្នក ដោយប្រាប់ឱ្យអ្នកធ្លាក់ទៅនរកជាន់ទី១៨ អ្នកគិតក្នុងចិត្តថា៖ «ការដាក់បណ្ដាសានរណាម្នាក់ ដោយប្រាប់ឱ្យគេធ្លាក់ទៅនរកជាន់ទី១៨ ពាក្យសម្ដីទាំងនោះគឺធ្ងន់ធ្ងរពេកហើយ! ខ្ញុំមិនអាចនិយាយរឿងបែបនោះបានទេ។ ខ្ញុំត្រូវតែប្រើពាក្យសម្ដីឱ្យទន់ភ្លន់ជាងនេះ!»។ ហេតុអ្វីបានជាអ្នកអាចមានគំនិតទាំងនេះបាន? ពីព្រោះអ្វីដែលមាននៅក្នុងភាពជាមនុស្សរបស់អ្នក គឺខុសពីអ្វីដែលមាននៅក្នុងភាពជាមនុស្សរបស់មនុស្សអាក្រក់។ ប្រសិនបើអ្នកមានចិត្តសប្បុរស និងមានចរិតស្លូតបូត ហើយអ្នកមានមនសិការ និងវិចារណញ្ញាណ នោះពាក្យសម្ដីដែលអ្នកនិយាយ នឹងប្រកបដោយវិចារណញ្ញាណណាស់។ នៅក្នុងព្រំដែននៃមនសិការរបស់អ្នក អ្នកប្រហែលជានិយាយពាក្យសម្ដីខឹងសម្បាមួយចំនួន ឬភ្លាត់មាត់និយាយពាក្យអសុរោះខ្លះ ប៉ុន្តែបន្ទាប់ពីនិយាយរួច អ្នកខ្លួនឯងមានអារម្មណ៍មិនស្រួលក្នុងចិត្តយ៉ាងខ្លាំង ហើយមិនបានធ្វើឱ្យអ្នកម្ខាងទៀតឈឺចាប់ពិតប្រាកដឡើយ។ ពាក្យសម្ដីរបស់អ្នកខ្វះថាមពលបំផ្លិចបំផ្លាញ។ មនុស្សអាក្រក់កាន់តែត្រេកអរ នៅពេលដែលពួកគេជេរប្រមាថអ្នកដទៃកាន់តែខ្លាំង ចំណែកឯអ្នកវិញ កាន់តែមានអារម្មណ៍មិនល្អ នៅពេលដែលអ្នកជេរប្រមាថអ្នកដទៃកាន់តែខ្លាំង។ អ្នកគិតក្នុងចិត្តថា៖ «ចោលវាទៅ ការបន្ទាបខ្លួនឱ្យស្មើនឹងមនុស្សដែលមានចរិតលក្ខណៈដ៏ថោកទាប និងអាក្រក់បែបនេះ គឺគ្មានតម្លៃ និងគ្មានន័យអ្វីឡើយ។ ខ្ញុំនឹងមិនឈ្លោះប្រកែកជាមួយគេទៀតទេ»។ ការឈ្លោះប្រកែកជាមួយមនុស្សអាក្រក់ គឺគ្មានប្រសិទ្ធភាពទាល់តែសោះ ដូចជាការព្យាយាមនិយាយអំពីសេចក្ដីពិតជាមួយសាតាំងអ៊ីចឹង។ មិនចាំបាច់ឈ្លោះប្រកែក ឬប្រកាន់ច្រើនចំពោះរឿងរ៉ាវជាមួយពួកគេឡើយ។ គ្រាន់តែនៅឱ្យឆ្ងាយពីមនុស្សបែបនេះទៅនៅថ្ងៃក្រោយ។ តើអ្នកនឹងគិតចង់ធ្វើបាបពួកគេដែរឬទេ? តើអ្នកនឹងគិតចង់សងសឹកពួកគេ ហើយរកឱកាសដើម្បីប្រដៅពួកគេដែរឬទេ? អ្នកមិនមានចិត្តឃោរឃៅបែបនោះទេ។ អ្នកគ្រាន់តែបន្តប្រាប់ខ្លួនឯងថា៖ «ចោលវាទៅ។ ការជេរប្រមាថពីរបីម៉ាត់ពីពួកគេ មិនបានធ្វើឱ្យខ្ញុំខាតបង់អ្វីឡើយ ខ្ញុំនឹងមិនប្រកាន់ច្រើនជាមួយពួកគេទេ»។ មនុស្សមួយចំនួនថែមទាំងលួងលោមខ្លួនឯង ដោយនិយាយថា៖ «ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនបានដាក់បណ្ដាសាខ្ញុំទេ។ បណ្ដាសារបស់ពួកគេគ្មានឥទ្ធិពលអ្វីឡើយ»។ តាមពិត ដោយសារតែអ្នកមានមនសិការ និងវិចារណញ្ញាណ ហើយអ្នកមានចិត្តសប្បុរស និងមានចរិតស្លូតបូតនៅក្នុងភាពជាមនុស្សរបស់អ្នក ទើបអ្នកមិនអាចនិយាយពាក្យជេរប្រមាថទាំងនោះបាន។ អ្នកយល់ថាពាក្យទាំងនោះកខ្វក់ និងគួរឱ្យអាប់ឱន។ ប្រសិនបើពាក្យទាំងនោះចេញពីមាត់របស់អ្នក អ្នកនឹងមានអារម្មណ៍ថា វាផ្ទុយពីមនសិការរបស់អ្នក។ ជាពិសេស នៅពេលនិយាយដល់ការប្រឌិតរឿង ឬរឿងដែលគ្មានមូលដ្ឋាន អ្នករឹតតែមិនអាចនិយាយវាបានទៅទៀត។ ការដែលមិនអាចនិយាយវាបាន គឺជាការការពារមួយសម្រាប់អ្នក។ ពាក្យសម្ដីរបស់ពួកគេមានអានុភាពបំផ្លិចបំផ្លាញយ៉ាងខ្លាំង ហើយបានធ្វើឱ្យអ្នកឈឺចាប់។ នេះគឺជាអំពើអាក្រក់របស់ពួកគេ។ តើអំពើអាក្រក់នេះកើតឡើងដោយរបៀបណា? គឺដោយសារតែភាពជាមនុស្សរបស់ពួកគេមានផ្ទុកនូវលក្ខណៈដ៏ថោកទាប។ នៅពេលដែលពួកគេមានជម្លោះ ឬការឈ្លោះប្រកែកជាមួយអ្នក និស្ស័យពុករលួយរបស់ពួកគេរីកធំឡើងដោយគ្មានព្រំដែន ហើយពួកគេអាចជេរប្រមាថអ្នកតាមអំពើចិត្ត។ ពួកគេមានចរិតលក្ខណៈដ៏ថោកទាបប្រភេទនេះ ដូច្នេះ ជាធម្មតា ពួកគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកជាមនុស្សដែលមានចិត្តសប្បុរស និងមានចរិតស្លូតបូត ព្រមទាំងមានមនសិការ វិចារណញ្ញាណ និងភាពជាមនុស្ស នោះនៅក្នុងស្ថានភាពបែបនេះ អ្នកមិនត្រឹមតែមិនបញ្ចេញនិស្ស័យពុករលួយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែភាពជាមនុស្សរបស់អ្នក នឹងទប់ការបង្ហាញឱ្យឃើញនូវនិស្ស័យពុករលួយរបស់អ្នកក្នុងកម្រិតដ៏ធំមួយ។ នេះមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នក។ មើលពីសំបកក្រៅ ហាក់ដូចជាអ្នកទទួលរងការខាតបង់ ស្ថិតក្នុងស្ថានភាពចាញ់ប្រៀបគេ ហើយមិនអាចឈ្នះពួកគេក្នុងការឈ្លោះប្រកែកគ្នា ដោយក្លាយជាទីសើចចំអករបស់អ្នកដទៃ។ តាមពិត ភាពជាមនុស្សរបស់អ្នកបានការពារអ្នក ដោយរារាំងអ្នកមិនឱ្យប្រព្រឹត្តអំពើអាក្រក់ មិនឱ្យធ្វើរឿងដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ ឬមិនឱ្យនិយាយពាក្យសម្ដីដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ។ តាមរបៀបនេះ តើវាមិនបានការពារអ្នកក្នុងកម្រិតណាមួយទេឬអី? (មែនហើយ។) ចំណុចល្អនៃភាពជាមនុស្សនេះ បានការពារអ្នកក្នុងកម្រិតដ៏ធំមួយ ដោយរារាំងអ្នកមិនឱ្យបន្តធ្វើរឿងដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ ឬស្អប់ខ្ពើម ឬមិនឱ្យនិយាយពាក្យសម្ដីដែលព្រះជាម្ចាស់ស្អប់ខ្ពើម និងថ្កោលទោស នៅពេលបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ។ ទោះបីជានេះមិនត្រូវបានចាត់ទុកថាជាអំពើល្អក៏ដោយ ក៏យ៉ាងហោចណាស់ អ្នកមិនបានប្រព្រឹត្តអំពើអាក្រក់ដែរ។ អ្វីដែលអ្នកបានធ្វើនៅក្នុងស្ថានភាពនេះ នឹងមិនត្រូវបានថ្កោលទោសឡើយ ហើយអ្នកនឹងមិនត្រូវបានដាក់ទោសចំពោះរឿងនេះទេ។ ផ្ទុយទៅវិញ មនុស្សអាក្រក់មិនត្រឹមតែត្រូវបានថ្កោលទោសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានដាក់ទោសចំពោះរឿងដែលពួកគេធ្វើនៅក្រោមការត្រួតត្រានៃចរិតលក្ខណៈដ៏ថោកទាបរបស់ពួកគេទៀតផង។ ពួកគេនឹងត្រូវទទួលរងផលវិបាក និងទទួលខុសត្រូវ។ ដូច្នេះ មនុស្សដែលមានចំណុចល្អផ្សេងៗនៅក្នុងភាពជាមនុស្សរបស់ពួកគេ អាចមើលទៅហាក់ដូចជាបាត់បង់មុខមាត់ ឋានៈ និងសេចក្ដីថ្លៃថ្នូរនៅក្នុងរឿងមួយចំនួន ហើយជាពិសេសបាត់បង់ឱកាសក្នុងការចេញមុខវែកញែករកហេតុផលរបស់ពួកគេ ប៉ុន្តែនេះមិនមែនជាការទទួលរងការខាតបង់ឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើវាមិនមែនជាការទទួលរងការខាតបង់ទេ តើវាមានន័យថាជាការកេងចំណេញឬ?»។ វាមិនអាចវាស់វែងក្នុងន័យនៃការទទួលរងការខាតបង់ ឬការកេងចំណេញបានឡើយ។ ដូច្នេះ តើវាគួរត្រូវបានវាស់វែងដោយរបៀបណា? វាគួរត្រូវបានវាស់វែងបែបនេះ៖ ការទទួលរងការខាតបង់នៅក្នុងស្ថានភាពណាមួយ មិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺថា អ្នកអាចទទួលបានអត្ថប្រយោជន៍ពីវា។ នៅក្នុងស្ថានភាពនេះ គឺចំណុចល្អនៃភាពជាមនុស្សរបស់អ្នកហើយ ដែលបានការពារអាកប្បកិរិយារបស់អ្នក ដោយរារាំងអ្នកមិនឱ្យប្រព្រឹត្តអំពើអាក្រក់ និងធានាថាអ្នកមិនត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ តើនេះមិនមែនជាការទទួលបានអត្ថប្រយោជន៍ទេឬអី? ឥឡូវនេះ អ្នកមិនអាចទទួលរងការដាក់ទោសជាលទ្ធផលនៃការប្រព្រឹត្តអំពើអាក្រក់បានឡើយ។ តើនេះមិនមែនជារឿងល្អសម្រាប់អ្នកទេឬអី? (មែនហើយ។) ទោះបីជាអ្វីដែលអ្នកបានធ្វើនោះ មិនមែនជាអំពើល្អដែលអ្នកបានផ្ដួចផ្ដើមធ្វើដោយខ្លួនឯង ហើយក៏មិនមែនជាសកម្មភាពដែលអ្នកបានធ្វើដោយសកម្ម ដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិតក៏ដោយ ប៉ុន្ដែបើពិនិត្យពីគុណសម្បត្តិខាងភាពជាមនុស្សរបស់អ្នក អ្នកបានធ្វើអ្វីមួយដែលមិនបំពានលើគោលការណ៍សេចក្ដីពិតទេ។ តាមរបៀបនេះ អ្នកត្រូវបានការពារ។ ទោះបីជាវានឹងមិនត្រូវបានចងចាំក៏ដោយ ក៏យ៉ាងហោចណាស់ វាមិនត្រូវបានថ្កោលទោសដែរ។ ដូច្នេះ អ្នកមិនចាំបាច់ទទួលខុសត្រូវ ឬទទួលរងការដាក់ទោសអ្វីឡើយ។ តើនេះមិនមែនជារឿងល្អទេឬអី? (មែនហើយ។) នៅក្នុងដំណើរនៃការដើរតាមព្រះជាម្ចាស់ មិនថាអ្វីដែលអ្នកធ្វើស្របទៅនឹងសេចក្ដីពិត ឬយ៉ាងណានោះទេ ហើយមិនថាព្រះជាម្ចាស់ទតមើលរឿងនេះយ៉ាងណានោះទេ យ៉ាងហោចណាស់ អ្នកមានមនសិការជ្រះថ្លា។ សូម្បីតែព្រះជាម្ចាស់មិនចងចាំវាក៏ដោយ ក៏យ៉ាងហោចណាស់ អ្នកគួរតែជៀសវាងកុំឱ្យត្រូវបានព្រះជាម្ចាស់ថ្កោលទោស ឬធ្វើឱ្យព្រះជាម្ចាស់ស្អប់អ្នកឡើយ។ នេះគឺជាគោលការណ៍ជាមូលដ្ឋានបំផុតដែលអ្នកគួរតែធ្វើតាម។ តើចំណុចល្អនៃភាពជាមនុស្ស មិនមានសារៈសំខាន់ខ្លាំងចំពោះមនុស្សទេឬអី? (មែនហើយ។) ដូច្នេះ កុំតែងតែមានអារម្មណ៍ថាមិនសុខចិត្ត គ្រាន់តែដោយសារតែអ្នកគិតថា ការមានចំណុចល្អនៃភាពជាមនុស្សមួយចំនួន ធ្វើឱ្យអ្នកមិនសូវមានគេចូលចិត្តនៅក្នុងចំណោមមនុស្ស អ្នកនឹងតែងតែបាត់បង់ឱកាសក្នុងការកេងចំណេញ ឬទទួលបានផលប្រយោជន៍ ហើយផលចំណេញទាំងអស់នឹងត្រូវអ្នកដទៃយកអស់ ខណៈដែលអ្នកនឹងតែងតែជាអ្នកដែលទទួលរងការខាតបង់នោះឡើយ។ តើការទទួលរងការខាតបង់ មានអ្វីអាក្រក់ទៅ? យ៉ាងហោចណាស់ អ្វីដែលអ្នកកំពុងសោយសុខ គឺជាអ្វីដែលព្រះជាម្ចាស់បានប្រទានដល់អ្នកតាំងពីដើមដំបូងមក ហើយអ្នកមិនបានយកអ្វីដែលជារបស់អ្នកដទៃឡើយ។ ប្រសិនបើអ្នកកេងចំណេញ នោះគឺជារឿងមិនត្រឹមត្រូវទេ វាមានន័យថា អ្នកបានយកចំណែករបស់អ្នកដទៃហើយ។ ប្រសិនបើអ្នកយកអ្វីដែលមិនមែនជារបស់អ្នក អ្នកនឹងត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ មនុស្សមិនគួរធ្វើរឿងដែលព្រះជាម្ចាស់ថ្កោលទោសឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនដឹងថា ខ្ញុំគួរធ្វើសកម្មភាពបែបណា ដែលនឹងត្រូវបានព្រះជាម្ចាស់ចងចាំនោះទេ»។ ប៉ុន្តែ តើអ្នកដឹងទេថាសកម្មភាពណាខ្លះដែលត្រូវបានព្រះជាម្ចាស់ថ្កោលទោស? ប្រសិនបើអ្នកដឹង នោះយ៉ាងហោចណាស់ អ្នកគួរតែប្រកាន់ខ្ជាប់នូវព្រំដែននេះ៖ កុំធ្វើរឿងដែលព្រះជាម្ចាស់ថ្កោលទោសឱ្យសោះ។ តើអ្នកយល់ទេ? (យល់ហើយ។) ឥឡូវនេះ ដោយសារយើងបានពិភាក្សាពីរឿងទាំងនេះកាន់តែច្រើន អ្នកគួរតែយល់ហើយ។
ចំណុចល្អនៃភាពមានចិត្តសប្បុរសនៅក្នុងភាពជាមនុស្ស គឺមិនមាននៅក្នុងមនុស្សភាគច្រើនឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបុគ្គលណាម្នាក់ពិតជាមានចំណុចល្អនេះមែន នោះគេពិតជាមនុស្សល្អនៅក្នុងចំណោមមនុស្សជាតិដែលពុករលួយហើយ មនុស្សបែបនេះគឺកម្រមានណាស់។ ប្រសិនបើអ្នកពិតជាមានចំណុចល្អនេះមែន ព្រះជាម្ចាស់នឹងប្រទានពរដល់អ្នក ព្រះជាម្ចាស់នឹងផ្ដល់ព្រះគុណដល់អ្នកនៅគ្រប់កាលៈទេសៈ។ និយាយតាមភាសាមនុស្ស វាមានន័យថា ព្រះជាម្ចាស់នឹងថែរក្សាអ្នកនៅគ្រប់កាលៈទេសៈ។ តើព្រះអង្គថែរក្សាអ្នកដោយរបៀបណា? ការថែរក្សារបស់ព្រះជាម្ចាស់ចំពោះអ្នក គឺថា ទោះបីជាអ្នកតែងតែគិតដល់អ្នកដទៃ និងលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកដទៃកេងចំណេញពីអ្នកក៏ដោយ ក៏ពួកគេមិនអាចទទួលបានព្រះពររបស់ព្រះជាម្ចាស់ឡើយ។ ពួកគេអាចរស់នៅបានត្រឹមតែដោយការកេងចំណេញពីអ្នកដទៃប៉ុណ្ណោះ ហើយនឹងត្រូវសងវិញចំពោះការកេងចំណេញនេះនៅជាតិក្រោយ។ ទោះជាយ៉ាងណាក៏ដោយ អ្នករស់នៅដោយព្រះពររបស់ព្រះជាម្ចាស់។ ទោះបីជាអ្នកដទៃអាចកេងចំណេញពីអ្នកក៏ដោយ តែតាមពិតទៅ អ្នកមិនខាតបង់អ្វីឡើយ។ ប្រាប់ខ្ញុំមក តើនេះជារឿងល្អដែរឬទេ? (មែនហើយ។) អ្នកឃើញទេ មើលពីសំបកក្រៅ មនុស្សដែលមានចិត្តសប្បុរស ហាក់ដូចជាតែងតែទទួលរងការខាតបង់ជានិច្ច។ អ្នកដទៃមើលឃើញថាពួកគេសាមញ្ញ និងគ្មានល្បិច ដូច្នេះ នៅពេលនិយាយស្ដី និងធ្វើសកម្មភាព អ្នកដទៃតែងតែកេងចំណេញពីអ្នកទាំងនោះ ដោយប្រព្រឹត្តចំពោះពួកគេដូចជាមនុស្សល្ងង់ ធ្វើបាបពួកគេ យកទាំងលុយ និងផលប្រយោជន៍ពីពួកគេ ហើយដណ្ដើមយកទ្រព្យសម្បត្តិរបស់ពួកគេជាច្រើន។ ប៉ុន្តែ តើអ្នកឃើញមនុស្សដែលមានចិត្តសប្បុរសខ្វះខាតអ្វីដែរឬទេ? ពួកគេមិនខ្វះខាតអ្វីឡើយ។ ពួកគេត្រូវបានផ្គត់ផ្គង់យ៉ាងបរិបូរណ៍នៅក្នុងគ្រប់រឿងទាំងអស់។ នៅពេលធ្វើកិច្ចការ ពួកគេមានភាពឈ្លាសវៃ និងប្រាជ្ញា ហើយមិនព្រួយបារម្ភឡើយ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ចាត់តាំងភារកិច្ចអ្វីដល់ពួកគេក៏ដោយ ក៏ពួកគេមិនប្រកាន់ច្រើនចំពោះការចំណេញ និងការខាតបង់ដែរ ហើយពួកគេក៏មិនឈ្លោះប្រកែក ឬប្រកួតប្រជែងឡើយ។ ពួកគេគ្រាន់តែធ្វើអ្វីក៏ដោយដែលគេប្រាប់ឱ្យធ្វើ។ មិនថាជាកិច្ចការអ្វីនោះទេ ពួកគេកម្រនឹងធ្វើខុសណាស់។ សូម្បីតែជួនកាលមានបញ្ហាតូចតាច ឬកំហុសតូចតាចកើតឡើងក៏ដោយ ក៏ពួកគេមិនមានចេតនាដែរ។ ពួកគេធ្វើអ្វីៗអស់ពីចិត្ត ពួកគេបំពេញតាមស្ដង់ដាអប្បបរមាទាក់ទងនឹងមនសិការ និងវិចារណញ្ញាណរបស់ពួកគេ ហើយពួកគេអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បាន។ ហេតុដូច្នេះ មនុស្សបែបនេះអាចទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ដោយសារអ្នករាល់គ្នាដឹងថា ភាពមានចិត្តសប្បុរសគឺជាចំណុចល្អនៃភាពជាមនុស្ស តើអ្នករាល់គ្នាគួរតែខិតខំឈានទៅរកចំណុចនេះនៅក្នុងការប្រព្រឹត្តខ្លួនរបស់អ្នករាល់គ្នាដែរឬទេ? (មែនហើយ។) កុំប្រកាន់ច្រើនចំពោះរឿងកំប៉ិកកំប៉ុក ហើយកុំធ្វើខ្លួនដូចជាមនុស្សដែលឆាប់ប្រកាន់ខឹង រហូតដល់គ្មាននរណាម្នាក់ហ៊ានចូលទៅជិត ឬរករឿងគេឡើយ កុំធ្វើជាមនុស្សប្រភេទនោះឱ្យសោះ។ ប្រសិនបើអ្នកដទៃកេងចំណេញពីអ្នកបន្តិចបន្តួច កុំតែងតែមានអារម្មណ៍ថា ពួកគេកំពុងធ្វើបាបអ្នកឡើយ។ តើមានអ្វីអាក្រក់ទៅ បើធ្វើជាមនុស្សសាមញ្ញ និងគ្មានល្បិចជាងមុនបន្តិចនោះ? មនុស្សមួយចំនួនឆ្លាតវាងវៃជ្រុល ហើយតែងតែចង់បញ្ជាក់ថាពួកគេមិនល្ងង់ទេ ដោយនិយាយថា៖ «កុំចាត់ទុកខ្ញុំថាល្ងង់ឱ្យសោះ។ ខ្ញុំមានខួរក្បាល! ខ្ញុំអាចមើលដឹងថា អ្នកណាមិនចូលចិត្តខ្ញុំ ឬប្រព្រឹត្តមិនល្អដាក់ខ្ញុំ។ ខ្ញុំអាចមើលដឹងថា អ្នកណាមើលងាយខ្ញុំ ហើយពាក្យសម្ដីរបស់អ្នកណាដែលពោរពេញទៅដោយការចំអក ឬការចាក់ដោតលាក់កំបាំង»។ ការដែលអាចមើលឃើញ និងឮរឿងបែបនេះ គឺគ្មានប្រយោជន៍ឡើយ។ នេះគ្រាន់តែជាភាពឆ្លាតវៃកំប៉ិកកំប៉ុក និងភាពវាងវៃប៉ុណ្ណោះ។ ការមានភាពវាងវៃបន្តិចបន្តួចនេះ មិនមានន័យថាអ្នកមានប្រាជ្ញា ឬថាអ្នកពិតជាឆ្លាតនោះទេ។ ផ្ទុយទៅវិញ មនុស្សនឹងមើលងាយអ្នក ពីព្រោះសូម្បីតែសត្វក៏មានភាពវាងវៃ និងគំនិតកំប៉ិកកំប៉ុកប្រភេទនេះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វ សុទ្ធតែដឹងរឿងនេះ៖ សូម្បីតែសត្វតូចៗក៏អាចយល់បានដែរ នៅពេលដែលអ្នកនិយាយរឿងល្អ ឬមិនល្អអំពីពួកវា។ ឧទាហរណ៍ ប្រសិនបើឆ្កែមួយក្បាលឮអ្នកនិយាយពាក្យមិនល្អ វានឹងមិនសប្បាយចិត្តភ្លាមៗ ប៉ុន្តែបើអ្នកនិយាយពាក្យល្អៗដែលស្ដាប់ទៅពីរោះ វាក៏អាចដឹងបានដែរ។ ប្រសិនបើមនុស្សតែងតែប្រើអ្វីដែលសូម្បីតែសត្វតូចៗក៏មាន មកវាស់វែងខ្លួនឯង តើនោះមិនមែនជាការបន្ទាបតម្លៃលក្ខណៈជាមនុស្សរបស់ពួកគេទេឬអី? តាមរយៈការបន្ទាបស្ដង់ដាសម្រាប់វាស់វែងមនុស្សជាតិដែលព្រះបានបង្កើត អ្នកកំពុងតែបន្ទាបតម្លៃខ្លួនឯងហើយ។ កុំចេះតែនិយាយរឿងដូចជា៖ «កុំគិតថាខ្ញុំល្ងង់ ហើយប្រព្រឹត្តចំពោះខ្ញុំដូចជាក្មេងអាយុ៣ឆ្នាំឱ្យសោះ។ ប្រសិនបើអ្នកឱ្យនំប៉័ងពោតមកខ្ញុំ ខ្ញុំច្បាស់ជាមិនញ៉ាំទេ យកនំគាវមកឱ្យខ្ញុំវិញមក។ តើមានអ្នកណាដែលមិនដឹងថានំគាវឆ្ងាញ់នោះ?»។ កុំប្រើពាក្យសម្ដីល្ងង់ខ្លៅបែបនេះ ដើម្បីព្យាយាមបញ្ជាក់ថាអ្នកមិនល្ងង់ឱ្យសោះ។ ប្រសិនបើអ្នកពិតជាមិនល្ងង់មែន នោះត្រូវខិតខំដើម្បីបំពេញតាមស្ដង់ដានៃភាពជាមនុស្ស។ អ្វីដែលគួរតែមាននៅក្នុងមនសិការ និងវិចារណញ្ញាណរបស់មនុស្ស អ្វីដែលជាការសម្ដែងចេញនូវចំណុចល្អនៃភាពជាមនុស្ស អ្វីដែលជាការសម្ដែងចេញនូវចំណុចខ្សោយនៃភាពជាមនុស្ស និងចរិតលក្ខណៈមិនល្អ ត្រូវប្រកបគ្នា និងស្វែងយល់ពីទិដ្ឋភាពទាំងនេះ។ ត្រូវប្រកបគ្នាបន្តិចអំពីអ្វីដែលមនុស្សគួរតែមាននៅក្នុងភាពជាមនុស្សរបស់ពួកគេ និងអ្វីដែលមនុស្សជាតិដែលព្រះបានបង្កើតគួរតែមាន បន្ទាប់មក ខិតខំឈានទៅរកចំណុចទាំងនោះ ហើយខិតខំប្រឹងប្រែងដើម្បីឱ្យមានលក្ខណៈទាំងនេះ។ តើនេះមិនមែនជាការលើកកម្ពស់តម្លៃផ្ទាល់ខ្លួនរបស់អ្នកទេឬអី? តើអ្នកនឹងអាចរីកចម្រើនទៅមុខបានដែរឬទេ តាមរយៈការប្រៀបធៀបភាពឆ្លាតវៃរបស់អ្នកជានិច្ច ទៅនឹងភាពឆ្លាតវៃរបស់ក្មេងអាយុ៣ឆ្នាំនោះ? តើអ្នកអាចក្លាយជាមនុស្សចាស់ទុំតាមរបៀបនោះបានដែរឬទេ? ក្មេងអាយុ៣ឆ្នាំម្នាក់និយាយថា៖ «ខ្ញុំអាចបៅទឹកដោះគោពីដបបៅផ្លាស្ទិចបាន» ហើយអ្នកនិយាយថា៖ «ខ្ញុំអាចផឹកពីដបកែវបាន ហើយខ្ញុំមិនខ្លាចរលាកដៃទេ»។ ក្មេងអាយុ៣ឆ្នាំនិយាយថា៖ «ខ្ញុំអាចបែងចែកឆ្វេង និងស្ដាំ នៅពេលពាក់ស្បែកជើង» ហើយអ្នកនិយាយថា៖ «ខ្ញុំអាចបែងចែកខាងមុខ និងខាងក្រោយ នៅពេលពាក់អាវរងា។ តើអ្នកអាចធ្វើបែបនោះបានទេ?»។ តើអ្នកនឹងអាចរីកចម្រើនទៅមុខបានដែរឬទេ បើធ្វើបែបនេះ? ប្រសិនបើភាពឆ្លាតវៃ ចរិតលក្ខណៈ និងសមត្ថភាពផ្សេងៗរបស់អ្នក ដែលភាពជាមនុស្សរបស់អ្នកគួរតែមាន នៅតែជាប់គាំងនៅត្រឹមកម្រិតជាក្មេងអាយុ៣ឆ្នាំ ឬជាអនីតិជន នោះវានឹងពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការក្លាយជាមនុស្សចាស់ទុំ ឬឱ្យអ្នកដទៃប្រព្រឹត្តចំពោះអ្នកដូចជាមនុស្សពេញវ័យ។ តើអ្នកអាចធ្វើឱ្យអ្នកដទៃប្រព្រឹត្តចំពោះអ្នកដូចជាមនុស្សពេញវ័យដោយរបៀបណា? អ្នកត្រូវតែធ្វើរឿងដែលមនុស្សពេញវ័យគួរធ្វើ និងរឿងដែលមនុស្សដែលព្រះបានបង្កើតគួរធ្វើ។ អ្នកត្រូវតែមានភាពជាមនុស្សដែលមនុស្សដែលព្រះបានបង្កើតគួរតែមាន។ តើយ៉ាងហោចណាស់ ភាពជាមនុស្សនេះគួរតែមានអ្វីខ្លះ? មនសិការ វិចារណញ្ញាណ និងទិដ្ឋភាពផ្សេងៗនៃចរិតលក្ខណៈល្អ។ តាមរបៀបនេះ អ្នកនឹងកែលម្អ និងរីកចម្រើនបន្តិចម្ដងៗ ទាក់ទងនឹងចំណុចខ្សោយ និងបញ្ហានៃភាពជាមនុស្សរបស់អ្នក។ បន្ទាប់មក វានឹងកាន់តែងាយស្រួលខ្លាំងក្នុងការចូលទៅក្នុងសេចក្ដីពិត ហើយវានឹងមានឧបសគ្គកាន់តែតិច។
ចំណុចល្អនៃភាពមានចិត្តសប្បុរសនៅក្នុងភាពជាមនុស្ស គឺកម្រមានណាស់ ហើយមិនមាននៅក្នុងមនុស្សភាគច្រើនឡើយ។ ដូច្នេះ តើមនុស្សម្នាក់អាចសម្រេចបានចំណុចល្អនេះដោយរបៀបណា? នៅពេលដែលអ្នកមិនយល់ពីសេចក្ដីពិតណាមួយទេ វាពិតជាពិបាកខ្លាំងណាស់ក្នុងការមានចំណុចល្អនៃភាពជាមនុស្សនេះ និងក្នុងការធ្វើជាមនុស្សបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកយល់ពីសេចក្ដីពិតមួយចំនួន អ្នកនឹងមានផ្លូវដើម្បីក្លាយជាមនុស្សបែបនេះ ហើយអ្នកនឹងមានសង្ឃឹមក្នុងការសម្រេចបានរឿងនេះ។ ចំពោះការដែលថាតើអ្នកអាចសម្រេចវាបាន និងទទួលបានលទ្ធផលនៅទីបញ្ចប់ឬអត់នោះ វាអាស្រ័យលើថាតើអ្នកអាចទទួលបានសេចក្ដីពិត និងមានការចូលទៅក្នុងជីវិតដែរឬទេ។ តើមនុស្សម្នាក់គួរអនុវត្តដោយរបៀបណា ដើម្បីសម្រេចបានចំណុចល្អនេះ? មិនថាមាននរណាម្នាក់ធ្វើ ឬនិយាយអ្វីដាក់អ្នកនោះទេ កុំដោះស្រាយរឿងនោះដោយផ្អែកលើភាពឆេវឆាវ ឬមនោសញ្ចេតនាឡើយ។ កុំវិភាគថាតើគេមានចេតនាអ្វីចំពោះអ្នក តើគេបានធ្វើឱ្យអ្នកផ្ទាល់ឈឺចាប់កម្រិតណា ឬតើគេបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកកម្រិតណានោះឡើយ។ កុំដោះស្រាយរឿងរ៉ាវទាំងនេះដោយផ្អែកលើគំនិតរបស់អ្នក ឆន្ទៈរបស់មនុស្ស ឬទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ឡើយ។ ដូច្នេះ តើអ្នកគួរដោះស្រាយរឿងទាំងនោះដោយរបៀបណា? ត្រូវដោះស្រាយរឿងគ្រប់យ៉ាងដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត។ ត្រូវខិតខំធានាថា នៅក្នុងគ្រប់មជ្ឈដ្ឋាន និងនៅពេលប្រឈមមុខនឹងមនុស្សគ្រប់រូប មិនថាពេលនិយាយជាមួយគេ ទាក់ទងជាមួយគេ ឬចាត់ចែងរឿងរ៉ាវជាក់លាក់ណាមួយនោះទេ អ្នកស្វែងរកគោលការណ៍សេចក្ដីពិត ហើយធ្វើសកម្មភាពស្របតាមគោលការណ៍ទាំងនោះ។ វិធីសាស្ត្រនេះ នឹងមានឥទ្ធិពលក្នុងការធ្វើឱ្យភាពជាមនុស្សរបស់អ្នកកាន់តែប្រសើរឡើង ក្នុងកម្រិតដ៏ធំមួយ។ ពោលគឺ វាផ្តល់នូវការគាំទ្រក្នុងកម្រិតណាមួយដល់មនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សរបស់អ្នក ដោយជួយអ្នកឱ្យអភិវឌ្ឍស្មារតីយុត្តិធម៌ និងធ្វើឱ្យអ្នកអាចមើលមនុស្ស និងរឿងរ៉ាវពីជំហរ និងទស្សនៈដ៏ត្រឹមត្រូវ។ នេះហើយដែលហៅថា ការធ្វើឱ្យប្រសើរឡើង។ ការធ្វើឱ្យប្រសើរឡើង គឺការធ្វើឱ្យភាពជាមនុស្សរបស់អ្នកដែលដើមឡើយអាក្រក់ ក្លាយជាល្អ ធ្វើឱ្យវាក្លាយជាប្រក្រតី។ ដូច្នេះ តើភាពជាមនុស្សរបស់អ្នកដែលដើមឡើយអាក្រក់ កើតឡើងដោយរបៀបណា? វាបណ្ដាលមកពីឥទ្ធិពល និងការត្រួតត្រានៃនិស្ស័យពុករលួយ។ ឥឡូវនេះ ប្រសិនបើអ្នកប្រព្រឹត្តខ្លួន និងធ្វើសកម្មភាពដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត នោះនៅពេលដែលអ្នកធ្វើសកម្មភាព ភាពជាមនុស្សរបស់អ្នកនឹងទទួលឥទ្ធិពលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ក្នុងកម្រិតដ៏ធំមួយ។ ឥទ្ធិពលនេះហើយដែលហៅថា ការធ្វើឱ្យប្រសើរឡើង។ ជាការពិតណាស់ ការធ្វើឱ្យប្រសើរឡើងនេះ មិនមានន័យថា ភាពជាមនុស្សរបស់អ្នកនឹងផ្លាស់ប្ដូរ ហើយចរិតលក្ខណៈរបស់អ្នកនឹងក្លាយជាថ្លៃថ្នូរ តាមរយៈព្រឹត្តិការណ៍តែមួយដងនោះទេ។ ផ្ទុយទៅវិញ វាកើតចេញពីការអនុវត្ត និងការដកបទពិសោធ ដោយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ជាលក្ខណៈវិនិច្ឆ័យ ជារបៀប និងជាទិសដៅសម្រាប់ធ្វើសកម្មភាព ក្នុងរយៈពេលដ៏យូរ ដែលក្នុងអំឡុងពេលនោះ អ្នកនឹងកាន់តែយល់ពីសេចក្ដីពិត និងចាត់ចែងរឿងរ៉ាវដោយកាន់តែប្រកាន់ខ្ជាប់នូវគោលការណ៍។ តាមរបៀបនេះ ភាពជាមនុស្សរបស់អ្នកនឹងផ្លាស់ប្ដូរបន្តិចម្ដងៗ ហើយអភិវឌ្ឍទៅរកទិសដៅវិជ្ជមាន។ អ្នកនឹងកាន់តែមានមនសិការ កាន់តែមានចិត្តសប្បុរស និងកាន់តែមានស្មារតីយុត្តិធម៌។ វិចារណញ្ញាណរបស់អ្នកនឹងកាន់តែប្រក្រតី ហើយអ្នកនឹងលែងធ្វើសកម្មភាពដោយផ្អែកលើភាពឆេវឆាវ ឬធ្វើតាមតែអារម្មណ៍មួយឆាវទៀតហើយ។ ដូច្នេះ ភាពជាមនុស្សរបស់អ្នកនឹងកាន់តែអាចទប់ស្កាត់និស្ស័យពុករលួយរបស់អ្នកបានខ្លាំងឡើងៗ ក្នុងកម្រិតដ៏ធំ។ នៅលើមូលដ្ឋាននៃស្ថានភាពនៃភាពជាមនុស្សបែបនេះ ការទប់ស្កាត់ការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់អ្នក នឹងកាន់តែរឹងមាំ និងកាន់តែមានកម្លាំងខ្លាំងឡើង។ ដូច្នេះ ការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់អ្នក នឹងកាន់តែថយចុះ ហើយកម្រិតរបស់វានឹងកាន់តែស្រាលទៅៗ។ សកម្មភាពដែលអ្នកធ្វើ ឬទស្សនៈដែលអ្នកបញ្ចេញឱ្យឃើញ នឹងកាន់តែស្របទៅនឹងអ្វីៗដែលវិជ្ជមាន និងគោលការណ៍សេចក្ដីពិត។ បាតុភូតប្រភេទនេះ ការបង្ហាញឱ្យឃើញប្រភេទនេះ បង្ហាញថា ជីវិតរបស់មនុស្សម្នាក់កំពុងឆ្លងកាត់ការផ្លាស់ប្ដូរ។ និយាយឱ្យជាក់លាក់ទៅ ប្រសិនបើអ្នកមើលមនុស្ស និងរឿងរ៉ាវ ព្រមទាំងប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយយកសេចក្ដីពិតជាលក្ខណៈវិនិច្ឆ័យរបស់អ្នក នោះភាពជាមនុស្សរបស់អ្នកនឹងកាន់តែប្រក្រតី ហើយការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់អ្នក នឹងកាន់តែថយចុះ។ បន្តិចម្ដងៗ អ្នកនឹងបោះបង់និស្ស័យពុករលួយរបស់អ្នកចោល។ នេះគឺជាវដ្ដវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមើលមនុស្ស និងរឿងរ៉ាវ ព្រមទាំងប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ស្របតាមតក្កវិជ្ជារបស់សាតាំង នោះក្នុងកម្រិតដ៏ធំមួយ វានឹងធ្វើឱ្យភាពជាមនុស្សរបស់អ្នកសៅហ្មង និងពុកផុយ។ និស្ស័យពុករលួយរបស់អ្នកនឹងកាន់តែរីកធំឡើង និងកាន់តែធ្ងន់ធ្ងរឡើង។ នេះគឺជាវដ្ដដ៏អាក្រក់។ ការយល់ឃើញចំពោះមនុស្ស និងរឿងរ៉ាវ ព្រមទាំងការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាព ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាវដ្ដវិជ្ជមាន។ ការយល់ឃើញចំពោះមនុស្ស និងរឿងរ៉ាវ ព្រមទាំងការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាព ស្របតាមតក្កវិជ្ជារបស់សាតាំង អាចត្រឹមតែដឹកនាំអ្នកឱ្យវិលវល់មិនចេះចប់មិនចេះហើយ នៅក្នុងជីវិត និងស្ថានភាពនៃវដ្ដដ៏អាក្រក់ ដោយមិនអាចរំដោះខ្លួនបានឡើយ។ ប្រសិនបើអ្នកចង់ចូលទៅក្នុងវដ្ដវិជ្ជមាន វិធីសាស្ត្រដ៏សាមញ្ញ និងមិនស្មុគស្មាញបំផុត គឺត្រូវចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង និងស្វែងយល់ពីខ្លួនឯង ដោយចាប់ផ្ដើមពីចំណុចខ្សោយនៃភាពជាមនុស្សរបស់អ្នក និងការបញ្ចេញឱ្យឃើញនូវសេចក្ដីពុករលួយរបស់អ្នក ហើយដោះស្រាយនិស្ស័យពុករលួយរបស់អ្នក ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិតជាមូលដ្ឋាន ឈានទៅសម្រេចបានលទ្ធផលនៃការអាចអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់។ តាមរបៀបនេះ ជីវិតរបស់អ្នកនឹងចូលទៅក្នុងវដ្ដវិជ្ជមាន ភាពជាមនុស្សរបស់អ្នកនឹងកាន់តែប្រក្រតី ហើយនិស្ស័យពុករលួយរបស់អ្នកនឹងត្រូវបានផ្លាស់ប្ដូរ និងបោះបង់ចោលបន្តិចម្ដងៗ។ នេះគឺជាដំណើរការនៃការចូលទៅក្នុងជីវិត ហើយក៏ជាដំណើរការដ៏ចាំបាច់សម្រាប់មនុស្សក្នុងការបោះបង់និស្ស័យពុករលួយរបស់ពួកគេចោល និងសម្រេចបានសេចក្ដីសង្គ្រោះផងដែរ។ ជាការពិតណាស់ នេះក៏ជាផ្លូវឆ្ពោះទៅរកការចូលទៅក្នុងជីវិតផងដែរ។ ចំណុចខ្សោយ និងចំណុចខ្វះខាតនៃភាពជាមនុស្ស ក៏ដូចជាបញ្ហានៃចរិតលក្ខណៈដ៏ថោកទាប និងការខ្វះសេចក្ដីទៀងត្រង់ ដែលយើងបានពិភាក្សាគ្នា ប្រសិនបើអ្នករកឃើញបញ្ហាទាំងនេះនៅក្នុងខ្លួនអ្នក អ្នកគួរតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ។ បន្ទាប់មក ជំនួសវាវិញដោយការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត។ តាមរបៀបនេះ អ្នកនឹងចូលទៅក្នុងវដ្ដវិជ្ជមាន។ នៅទីបញ្ចប់ អ្វីដែលអ្នកទទួលបាន មិនត្រឹមតែជាការផ្លាស់ប្ដូរភាពជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបោះបង់និស្ស័យពុករលួយរបស់អ្នកចោលទៀតផង។ មូលដ្ឋាននៃនិស្ស័យពុករលួយរបស់អ្នក ដែលអ្នកពឹងផ្អែកដើម្បីរស់រានមានជីវិត នឹងត្រូវបានផ្លាស់ប្ដូរ។ ការអនុវត្តតាមរបៀបនេះ ផ្ដល់ឱ្យអ្នកនូវក្ដីសង្ឃឹមក្នុងការសម្រេចបានសេចក្ដីសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិត ឬមិនអនុវត្តសេចក្ដីពិតតាមរបៀបនេះទេ ហើយអ្នកគិតក្នុងចិត្តរបស់អ្នកថា៖ «អ្នកនិយាយថា ខ្ញុំមានចិត្តចង្អៀត ថាខ្ញុំមានចំណុចខ្សោយ និងចំណុចខ្វះខាតនៅក្នុងភាពជាមនុស្សរបស់ខ្ញុំ ដូចជាការមិនរឹងចចេស មុខក្រាស់មិនចេះខ្មាសអៀន និងងាយសង្ស័យ។ អ៊ីចឹង ខ្ញុំគឺបែបនេះឯង ហើយខ្ញុំនឹងរស់នៅបែបនេះ។ ខ្ញុំមិនផ្លាស់ប្ដូរទេ។ ចង់និយាយអ្វីក៏និយាយទៅ! ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគ្រាន់តែមិនចង់ទទួលរងការខាតបង់ប៉ុណ្ណោះ។ ដរាបណាខ្ញុំអាចកេងចំណេញបាន ខ្ញុំមិនអីទេ!» ប្រសិនបើទាំងនេះគឺជាគំនិត និងទស្សនៈរបស់អ្នក នោះគួរឱ្យស្ដាយណាស់ អ្នកនឹងធ្លាក់ចូលទៅក្នុងវដ្ដដ៏អាក្រក់ និងគួរឱ្យខ្លាច ដោយមិនអាចរំដោះខ្លួនបានឡើយជារៀងរហូត។ តើផលវិបាកចុងក្រោយនឹងទៅជាយ៉ាងណា? វានឹងក្លាយជារឿងមួយដែលអ្នកប្រហែលជាមិនចង់ឃើញឡើយ៖ និស្ស័យពុករលួយរបស់អ្នក នឹងនៅតែជាជីវិតរបស់អ្នកជារៀងរហូត។ ពួកវានឹងចងរឹតអ្នកយ៉ាងតឹងអស់មួយជីវិតរបស់អ្នក ដោយចាក់ឫសយ៉ាងជ្រៅនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងជម្រៅព្រលឹងរបស់អ្នក ហើយវានឹងមិនអាចទៅរួចឡើយសម្រាប់អ្នកក្នុងការបោះបង់ពួកវាចោល។ តើការដែលមិនអាចបោះបង់ពួកវាចោលបាន មានន័យដូចម្ដេច? វាមានន័យថា អ្នកគ្មានសង្ឃឹមក្នុងការសម្រេចបានសេចក្ដីសង្គ្រោះឡើយ ហើយអ្នកគ្មានចំណែកនៅក្នុងគោលដៅដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិឡើយ។ នេះគឺជាផលវិបាក។ ប្រសិនបើអ្នកមិនចង់ឃើញផលវិបាកនេះទេ នោះត្រូវចាប់ផ្ដើមចូលទៅតាមផ្លូវដែលខ្ញុំបានរៀបរាប់ និងអនុវត្តតាមផ្លូវនោះ ហើយសម្រេចឱ្យបាននូវវដ្ដវិជ្ជមាន ហើយនៅទីបញ្ចប់ អ្នកច្បាស់ជាទទួលបានលទ្ធផលមិនខាន។ តើអ្នកយល់ទេ? (យល់ហើយ។)
ទោះបីជាយើងមិនបានលើកយកប្រធានបទផ្សេងៗជាច្រើនមកនិយាយនៅក្នុងការប្រកបគ្នានៅថ្ងៃនេះក៏ដោយ ក៏យើងបានពិភាក្សាអំពីខ្លឹមសារជាច្រើនដែរ។ ចូរយើងបញ្ចប់ការប្រកបគ្នានៅថ្ងៃនេះ ត្រឹមនេះសិនចុះ។ យើងនឹងបន្តប្រកបគ្នាអំពីប្រធានបទ និងខ្លឹមសារផ្សេងទៀតនៅពេលក្រោយ។ លាហើយ!
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣